Reading Article
Public date : 08, Feb 2022 (34,211 Read)
តើការសម្លាប់ខ្លួន អាចរួចផុតពីទុក្ខដែរឬទេ?

|
តើការសម្លាប់ខ្លួន អាចរួចផុតពីទុក្ខដែរឬទេ?
នៅពេលដែលមានទុក្ខធរមាន មនុស្សភាគច្រើនចេះតែរកកលចង់សម្លាប់ខ្លួនឯង ដើម្បីរួចចាកផុតទុក្ខទាំងនោះ ។ តើការសម្លាប់ខ្លួនឯងនេះនឹងរួចចាកផុតទុក្ខដែរឬយ៉ាងណា? សូមមើលហេតុផលដែលសាមណៈ រេវតៈ ពន្យល់ដល់កុលធីតាដែលប្រាថ្នាផ្ដាច់ជីវិតរបស់ខ្លួននៅល្អាងជ្រោះ សូករខីណា ពីសៀវភៅ រឿង “បុប្ផាវត្តី” របស់ព្រះធម្ម ឃោសៈ ដើម្បីបានជាសតិបញ្ញាដូចតទៅ ៖ ក្នុងគ្រាដែលសាមណៈ រេវតៈ ចេញពីព្រះវេឡុវនារាម មកសំណាក់នៅល្អាង សូករខីណា ខណៈដែលកំពុងស្នាក់នៅលើទីលានថ្មជិតមាត់ល្អាងនៅវេលារសៀល មានស្ត្រីក្រមុំម្នាក់ដើរឡើងភ្នំមកពីឆ្ងាយតែម្នាក់ឯង លុះឡើងមកដល់ទីលានថ្មក្រោមម្លប់ដើមគគី នាងអង្គុយសម្រាកយកខ្នងផ្អែកដើមឈើធំ ហើយក៏លាតជើងចេញទៅមុខតាមសប្បាយ ។ នាងជាស្រីក្រមុំស្អាតម្នាក់ លក្ខណៈពណ៌សម្បុរ និង គ្រឿងតែងកាយ សឲ្យឃើញថា នាងមិនមែនជាមនុស្សជាន់ទាបឡើយ ។ វេលានោះ នាងមិនបានឃើញសាមណៈ រេវតៈ ទេ ចំណែកសាមណៈ រេវតៈ ក្លែងធ្វើជាមិនឃើញនាង ដោយបែរមុខមើលទៅទីដទៃ, មួយស្របក់កន្លងទៅ ទើបសាមណៈត្រឡប់មើលនាងម្ដងទៀត, គ្រានោះ សាមណៈប្លែកចិត្ត ព្រោះឃើញនាងកំពុងយំគួរឲ្យអាណិតបំផុត, ស្ដែងឲ្យឃើញថា នាងកំពុងមានសេចក្ដីទុក្ខក្រៀមក្រំ ។ តាមប្រក្រតី សាមណៈ រេវតៈ ជាមនុស្សមានចិត្តពេញទៅដោយមេត្តាករុណា កាលឃើញអ្នកណាមានទុក្ខ មិនអាចនៅស្ងៀមបានឡើយ ទើបចូលទៅប្រាស្រ័យសាកសួររឿងរ៉ាវផ្សេងៗ កាលបានដឹងរឿងរ៉ាវរបស់គេច្បាស់ហើយ ក៏រកផ្លូវជួយសង្គ្រោះដោយវត្ថុខ្លះ ដោយធម្មៈខ្លះតាមសមគួរដល់ករណី ។ ខណៈនោះ សាមណៈក៏គ្រហែមតិចៗ ដើម្បីជាសញ្ញាប្រាប់ឲ្យស្រីក្រមុំនោះដឹងថាក្នុងបរិវេណនេះ មិនមែនមានតែនាងម្នាក់ឯងទេ, នាងបែរមុខភ្លែតមករកសាមណៈ ព្រមទាំងយកជាយសំពត់ជូតទឹកភ្នែក ។ ខណៈដែលនាងកំពុងស្រឡាំងកាំងនោះ សាមណៈក៏ដើរចុះទៅឈររយៈឆ្ងាយពីនាងប្រមាណ ៣ព្យាម ហើយក៏សួរថា “ម្នាលកុលធីតា! នាងទៅធ្វើធុរៈសំខាន់អ្វីនៅឯណាឬ ទើបខំព្យាយាមឡើងភ្នំមកម្នាក់ឯងដូច្នេះ ?” ។ នាងមិនតបសំណួររបស់សាមណៈ តែត្រឡប់ជាយំសស្រិកសស្រាក់ឮខ្លាំងឡើង ។ សាមណៈក៏និយាយថា “កុលធីតាអើយ ! នាងប្រហែលកំពុងធ្លាក់នៅក្នុងអន្លង់ទុក្ខអ្វីម្យ៉ាងប្រាកដ ដែលជាហេតុឲ្យនាងអាចកាត់ចិត្តប្រុងនឹងសម្លាប់ខ្លួនឯងក៏បាន” ។ “ត្រូវហើយ ! ខ្ញុំកំពុងនឹងឡើងទៅលោតជ្រោះសម្លាប់ខ្លួនឯង” ស្រីក្រមុំតបដោយមើលមកសាមណៈដោយសេចក្ដីប្លែកក្នុងចិត្ត ដែលនិយាយដៅចិត្តនាងត្រូវ ។ “ព្រោះខ្ញុំមិនអាចនៅធន់នឹងសេចក្ដីទុក្ខសោកធរមានរបស់ជីវិតនេះបាន” ។ “ទុក្ខរបស់នាងប្រហែលជាធំណាស់ ! មើលនិយាយឲ្យអាត្មាស្ដាប់ផង រឿងរ៉ាវវាយ៉ាងណា ? អាត្មាមានចិត្តអាណិតនឹងឃើញចិត្តនាងសោកសៅដូច្នេះណាស់” ។ ស្រីក្រមុំបានបរិយាយរឿងរ៉ាវរបស់នាងឲ្យសាមណៈស្ដាប់ទាំងទឹកភ្នែកថា “ទុក្ខរបស់នាងធំណាស់ ! កើតពីសេចក្ដីអស់សង្ឃឹមក្នុងរឿងស្នេហាមុននេះ មិនយូរប៉ុន្មានមាតាបិតារបស់នាងបានបង្គាប់ឲ្យរៀបវិវាហ៍មង្គលជាមួយនឹងព្រាហ្មចាស់ អ្នកមានសម្បត្តិម្នាក់ តែនាងមិនព្រម ទើបគេចរត់ទៅរកកំលោះម្នាក់ដែលស្រឡាញ់នាង តែកំលោះនោះបានរៀបវិវាហ៍មង្គលជាមួយស្រីដទៃទៅហើយ មុនពេលដែលនាងទៅរកគេតែមួយថ្ងៃប៉ុណ្ណោះ, នាងមិនព្រមត្រឡប់ទៅផ្ទះរបស់ខ្លួនវិញឡើយ ព្រោះខូចចិត្ត ទើបដើរពនេចរប្រៀបដូចមនុស្សប្រាសចាកសតិ ៣ ថ្ងៃ មកហើយ កាលមិនអាចធន់ទុក្ខធរមានបាន ក៏កាត់ចិត្តមកលោតទម្លាក់ខ្លួនទៅក្នុងជ្រោះភ្នំឲ្យវាស្លាប់ទៅល្អជាងការរស់នៅមានសភាពយ៉ាងនេះ ។ “រឿងរ៉ាវរបស់នាងជារឿងគួរឲ្យខ្លោចចិត្តណាស់” សាមណៈពោលនៅពេលដែលបានស្ដាប់រឿងរបស់នាងចប់ហើយ “អ្នកណាក៏ដោយ បើធ្លាក់នៅក្នុងសភាពយ៉ាងដូចនាងនេះហើយ ក៏គង់នឹងកាត់ចិត្តប្រព្រឹត្តដូចនាងជាមិនខាន, ទុក្ខផ្លូវកាយជារបស់ល្មមនឹងទ្រាំធន់បាន, តែទុក្ខផ្លូវចិត្តធន់បានដោយលំបាកណាស់ ។ វិធីកែទុក្ខផ្លូវចិត្តនេះមាន ២ យ៉ាងប៉ុណ្ណោះ គឺស្លាប់ឲ្យហើយតែម្ដងទៅ និងអត់ធន់ដរាបទាល់តែទុក្ខរលត់អស់ទៅ ។ មនុស្សជាច្រើនបានរើសយកវិធីសម្លាប់ខ្លួនឯង, ឯការដែលរើសយកវិធីអត់ធន់ ក៏មានមិនតិចណាស់ ដូច្នេះនាងនឹងរើសយកវិធីណា ?” ។ “រើសយកវិធីស្លាប់” ស្រីក្រមុំតបយ៉ាងដាច់ខាត ។ “នាងជឿឬទេថា បើនាងស្លាប់ហើយ នឹងផុតទុក្ខ ?” ។ “ខ្ញុំជឿដូច្នេះ” ស្រីក្រមុំតបបែបមិនសូវជាក្លាហានប៉ុន្មាន ។ “នាងចូលចិត្តខុសហើយ នាងកំពុងទម្លាយខ្លួនឯងដោយសេចក្ដីចូលចិត្តខុស ទុក្ខរបស់នាងមិនបាននៅនឹង ជើង ដៃ បេះដូង សួត ថ្លើម ប្រម៉ាត់ លលាដ៍ក្បាល ឬនៅក្នុងចំណែកណាមួយរបស់រាងកាយឡើយ, តែវានៅនឹងចិត្ត… រាងកាយគ្រាន់តែជាវត្ថុគ្រោតគ្រាត មិនដឹងរឿងរ៉ាវអ្វីទាំងអស់ ។ គឺមានតែចិត្តនេះឯងជាអ្នករែកទុក្ខ កាលរាងកាយស្លាប់ទៅហើយ ក៏នៅមានការកភពកជាតិតទៅ, ហើយពេលកើតទៅអាចនាំយក សេចក្ដីសុខ សេចក្ដីទុក្ខ សេចក្ដីសៅហ្មង ឬសេចក្ដីបរិសុទ្ធទៅបានផង ដូច្នេះ សេចក្ដីស្លាប់ទើបមិនមែនជាទីបំផុតរបស់សុខ ឬទុក្ខនោះទេ, ការទម្លាយរាងកាយដែលមិនដឹងរឿងរ៉ាវអ្វីសោះឲ្យស្លាប់ទៅ ជាការឥតប្រយោជន៍ ការសម្លាប់ខ្លួនដើម្បីឲ្យផុតទុក្ខជាការកែទុក្ខខុសគោលដៅ, ប្រៀបដូចបុរសម្នាក់បានត្រូវគេជេរ ហើយឈឺចិត្តកើតទុក្ខក៏យកភ្លើងដុតផ្ទះដែលមិនដឹងរឿងរ៉ាវក្លាយទៅជាគំនរផេះធ្យូងអស់ទៅយ៉ាងនេះ គេផុតទុក្ខឬ ? មិនអ៊ីចឹងទេ បុរសនោះនឹងកើតទុក្ខរឹតតែធ្ងន់ណាស់ទៅទៀត, ទុក្ខព្រោះមិនមានផ្ទះនៅ, ទុក្ខវាមិនបាននៅនឹងផ្ទះ តែវានៅនឹងចិត្តរបស់បុរសនោះឯង, ដូច្នេះ កាលបើចិត្តកើតទុក្ខ តោងកែចិត្តកុំទៅទម្លាយរាងកាយដែលមិនបានដឹងរឿងរ៉ាវវិញ” ។ កាលសង្កេតឃើញស្រីក្រមុំអង្គុយស្ងៀម សាមណៈក៏សួរទៀតថា “ម្នាលកុលធីតា ! កាលបើសេចក្ដីស្លាប់មិនអាចធ្វើឲ្យនាងផុតទុក្ខបាន ដូច្នេះហើយការសម្លាប់ខ្លួនឯងក៏មិនមានប្រយោជន៍ គួរឲ្យស្ដាយដែលនាងប្រញាប់មកទម្លាយជីវិតរបស់ខ្លួនឯង អត់ធន់តទៅបន្តិចទៀតមិនបានឬ ?” ។ “ខ្ញុំយល់ឃើញហើយថាមិនបានដោយប្រាកដ” ស្រីក្រមុំតប ។ “នាងប្រសព្វទុក្ខនេះយូរប៉ុណ្ណាហើយ ?” “បីថ្ងៃហើយ…!” “នាងប្រាប់ថាអត់ធន់មិនបាន តែនាងក៏អត់ធន់បានមកដល់ ៣ ថ្ងៃហើយ ហើយក្នុងទីបំផុតក៏នឹងបាត់ទៅឯង !” ។ “លោកនិយាយយ៉ាងអ៊ីចឹង អ្នកណាៗក៏និយាយបាន” ស្រីក្រមុំប្រកែក “នាងខ្ញុំខំអត់ធន់មក ៣ ថ្ងៃ ក៏ស្ទើរតែមិនបានទៅហើយ សេចក្ដីអត់ធន់របស់ខ្ញុំ មិនមានទំនងថាវានឹងថយចុះបានឡើយ មានតែថែមឡើងរឿយៗ នាងខ្ញុំជឿថា វានឹងមិនមានពេលថយចុះដាច់ខាត” ។ “កុលធីតាអឺយ ! ក្មេងដែលមិនសូវដឹងអ្វី ទើបកើតមកក្នុងលោកត្រឹមរយៈវេលាខ្លី កាលបើឃើញព្រះអាទិត្យរះឡើងមកលើផែនប្រឹឋពី ។ ហើយសន្សឹមៗអណ្ដែតឡើងទៅលើផ្ទៃអាកាសបញ្ចេញរស្មីដ៏ក្ដៅខ្លាំងឡើងគ្រប់ខណៈ ក៏ភ័យខ្លាច ព្រោះចូលចិត្តថា ព្រះអាទិត្យនឹងរឹតតែខ្ពស់ឡើងមិនឈប់ឈរ មិនមានវេលានឹងបែររសៀលទាបចុះរស្មីក្ដៅខ្លាំង ក៏ចេះតែខ្លាំងឡើងរឿយៗ ទាល់តែគ្រប់យ៉ាងក្នុងលោកត្រូវឆេះខ្ទេចវិនាសអស់ទៅ ។ កាលក្មេងនោះកើតសេចក្ដីភ័យខ្លាច ចំពោះព្រះអាទិត្យហើយ ក៏រកផ្លូវចេញដោយការដណ្ដើមសម្លាប់ខ្លួនឯង បែបនេះក៏ជាទីគួរឲ្យស្ដាយ និងគួរឲ្យសង្វេគអាណិត, ព្រោះថា បើគេធន់នៅចាំមើលតទៅទៀតបន្តិច គេក៏នឹងបានឃើញថា កាលព្រះអាទិត្យឡើងដល់ចំណុចខ្ពស់បំផុតកណ្ដាលនភាកាសហើយ ក៏សន្សឹមៗទាបចុះមក, រស្មីក៏សន្សឹមៗត្រជាក់ចុះ ទាល់តែក្នុងទីបំផុត ក៏បាត់ចុះទៅក្នុងជើងមេឃ ។ រឿងដែលគេសម្គាល់ថាខ្លួននឹងត្រូវរស្មីព្រះអាទិត្យដុតកម្ដៅរោលរាលឲ្យស្លាប់ក៏នឹងមិនកើតមានឡើង, គឺគេគ្រាន់តែសាងទុក្ខឲ្យខ្លួនឯងតែប៉ុណ្ណោះ ។ កុលធីតាអឺយ ! ព្រះអាទិត្យយ៉ាងណា ទុក្ខរបស់នាងក៏ប្រៀបយ៉ាងនោះ, នាងអត់ធន់មកបាន ៣ ថ្ងៃហើយ តែនៅមិនទាន់ឃើញថា ទុក្ខនឹងថយចុះ ក៏ព្រោះវានៅមិនទាន់ដល់ចំណុចខ្ពស់បំផុតរបស់វា ដូចព្រះអាទិត្យដែលនៅមិនទាន់ដល់ចំណុចត្រង់ ដូចព្រះច័ន្ទដែលនៅមិនទាន់ពេញដួង តែមិនយូរវាក៏នឹងដល់ចំណុចខ្ពស់បំផុត ហើយក៏នឹងផ្ដើមថយចុះដូចទន្លេគង្គាចុងរដូវភ្លៀង” ។ “កុលធីតាអឺយ ! នាងចូរជ្រាបសេចក្ដីពិតចុះថា គ្រប់យ៉ាងមិនថាវត្ថុអ្វី ឬនាមធម៌ណាមួយឡើយ, កាលកើតឡើង និងចម្រើនដល់កម្រិតខ្ពស់បំផុតហើយ រមែងទ្រុឌទ្រោម និងរលត់បាត់ទៅក្នុងទីបំផុត នេះគឺជាល័ក្ខការនៃសច្ចធម៌, សេចក្ដីពិតរបស់ធម្មជាតិ ដែលមិនមានអ្វីមកធ្វើឲ្យប្រែប្រួលបាន ។ យើងទាំងពីរដែលកំពុងសន្ទនាគ្នានៅទីនេះ អាចមិនដល់មួយរយឆ្នាំផង ក៏នឹងក្លាយជាផេះធ្យូងគ្របផែនដីមិនខាន ។ នគររាជគ្រឹះ ដែលកំពុងរុងរឿងនេះ ថ្ងៃណាមួយខាងមុខ ក៏នឹងក្លាយទៅជាព្រៃ ព្រោះកើតរលត់ជារបស់គូគ្នា, កាលណាមានកើត ក៏រមែងមានរលត់, របស់នោះក៏នឹងត្រូវមានការរលត់ដូចគ្នាទាំងអស់, របស់ខ្លះ កើតហើយយូរទើបរលត់ តែនឹងនៅយូរប្រវែងណា ក៏ត្រូវតែរលត់ក្នុងទីបំផុត” ។ “ម្នាលកុលធីតា ! អាត្មានេះឯងក៏ធ្លាប់ប្រសព្វទុក្ខបែបនេះដូចគ្នានឹងនាងមកហើយ កាលនៅក្រុងសាវត្ថី អាត្មាកើតស្រឡាញ់ និងតាំងសេចក្ដីសង្ឃឹមក្នុងកុលស្ត្រីម្នាក់ តមកក៏មានប្រុសដទៃដណ្ដើមយកទៅពីអាត្មា ទុក្ខដ៏ធំក្រៃលែងបានកើតឡើងសង្កត់បេះដូងស្ទើរតែធន់មិនបាន អាត្មាបានគេចចេញពីក្រុងសាវត្ថី ចេះតែដើរទៅយ៉ាងឥតទីដៅ អាស្រ័យសេចក្ដីអត់ធន់, ថែមទាំងបានប្រសព្វហេតុការណ៍ផ្សេងៗក្នុងការដើរផ្លូវទុក៌ន្ដារ ដ៏វែងឆ្ងាយ ទុក្ខរបស់អាត្មាក៏សន្សឹមៗបាត់ទៅ ទោះបីនៅមិនទាន់បាត់ស្រឡះ ក៏ធ្វើឲ្យសប្បាយចិត្តបានច្រើន” ។ “កុលធីតាអឺយ ! ទុក្ខនាងជាទុក្ខធំ ទើបអាចរលត់យូរ តែនឹងត្រូវរលត់បានយ៉ាងពិតប្រាកដ, ដូច្នេះ នាងមិនបាច់ធ្វើអ្វីទាំងអស់ គ្រាន់តែសង្កត់ចិត្តសង្កត់ថ្លើមរង់ចាំប៉ុណ្ណោះ រង់ចាំទាល់តែទុក្ខរបស់នាងដល់ចំណុចរលត់ តពីនេះទៅ នាងក៏នឹងសប្បាយចិត្តដូចដើម” ។ “ទម្រាំតែទុក្ខរបស់ខ្ញុំរលត់ នាងខ្ញុំនឹងបែកទ្រូងស្លាប់មុនប៉ុណ្ណោះឯង” នាងពោលប្រកែកក្រោយពីស្ងៀមស្ដាប់មកយូរ ។ “អាត្មាកើតមកក្នុងលោកជាង ៣០ ឆ្នាំមកហើយ នៅមិនធ្លាប់ឃើញ និងមិនធ្លាប់បានឮថា មានអ្នកស្លាប់ព្រោះបែកទ្រូង តែដែលស្លាប់ព្រោះត្រូវគ្រឿងសាស្ត្រវុធទម្លាយឲ្យបែក នោះធ្លាប់ឃើញមកច្រើន, ដូច្នេះអាត្មាសូមរ៉ាប់រងថា ទ្រូងរបស់នាងនឹងមិនបែកទេ, ហើយនាងនឹងមិនមានថ្ងៃស្លាប់ព្រោះទ្រូងបែក, ក្រៅតែអំពីនាងទម្លាយឲ្យវាបែក” ។ លុះសាមណៈនិយាយមកដល់ត្រង់នេះ ស្រីអ្នកពេញទៅដោយទុក្ខហាក់ដូចជាមានស្មារតីឡើងវិញខ្លះ “នាងខ្ញុំខូចចិត្តខ្លាំងណាស់ រហូតដល់ឃើញថាជីវិតនេះជារបស់ឥតតម្លៃ ដឹងខ្លួនថាដូចជាស្លាប់ទៅហើយ នៅសល់តែរាងកាយ និងខ្យល់ដង្ហើមប៉ុណ្ណោះ” ។ “កុលធីតាអឺយ ! ហេតុដែលនាងខូចចិត្ត ព្រោះនាងមិនយល់ល័ក្ខការរបស់ អនិច្ចំ ទើបមើលឃើញរបស់ផ្សេងៗទៅជារបស់ល្អតែម្យ៉ាង ប្រគល់សេចក្ដីទុកចិត្ត, សេចក្ដីស្នេហា, សេចក្ដីសង្ឃឹមក្នុងរបស់ណាមួយ ឬមនុស្សណាមួយទាល់តែអស់រលីង ។ កាលបើរបស់នោះ ឬមនុស្សនោះស្ដែងបញ្ចេញ អនិច្ចំ ចេញមកតាមកាលរបស់វា, នាងក៏ខុសប្រាថ្នា ខូចចិត្ត និងកើតទុក្ខខ្លាំង ដូចដែលកំពុងកើតទុក្ខក្នុងវេលានេះ ។ ខ្ញុំឧបមាថា នាងមានប្រាក់ ១០០ កហាបណៈ ហើយយកទៅផ្ញើទុកនឹងមិត្តប្រុស ២៥ កហាបណៈ មិត្តស្រី ២៥ កកហាបណៈ បងប្រុស ២៥ កហាបណៈ ប្អូនស្រី ២៥ កហាបណៈ បើមិត្តប្រុសក្បត់យកប្រាក់របស់នាងទៅ នាងក៏ខូចបង់ប្រាក់ត្រឹម ២៥ កហាបណៈប៉ុណ្ណោះ ក៏នៅសល់ ៧៥ កហាបណៈ, បើបងប្រុសកេងយកទៅ ២៥ កហាបណៈទៀត ក៏នៅមានសល់នឹងប្អូនស្រី ២៥ កហាបណៈ លុះត្រាតែប្អូនស្រីកេងយកទៅទៀតនោះឯង នាងទើបសូន្យទ្រព្យអស់ពីខ្លួន, តែការដែលមនុស្សទាំង ៤ នឹងកេងប្រវ័ញ្ចយកប្រាក់ព្រមគ្នាទាំងអស់តែម្ដង អាចនឹងប្រព្រឹត្តទៅមិនបាន ។ ការផ្ញើប្រាក់ទុកបែបនេះ ជាវិធីឆ្លាត បើនាងយកប្រាក់ទាំង ១០០ កហាបណៈ ទៅផ្ញើទុកនឹងមនុស្សតែមួយគត់ បើគេកេងយកទៅ នាងក៏នឹងសូន្យខូចបង់ប្រាក់ទាំងរយកហាបណៈព្រមគ្នា ដែលជាការសូន្យដ៏គួរឲ្យស្ដាយ និងជាវិធីការមិនឆ្លាតឡើយ” ។ “ម្នាលកុលធីតា បេះដូងរបស់នាងក៏ដូចគ្នា ប្រសិនបើនាងយកបេះដូងរបស់នាងទាំងអស់ទៅឲ្យអ្នកណាម្នាក់ បើអ្នកនោះមិនស្មោះត្រង់នឹងនាង នាងក៏ខូចចិត្តទៅទាំងអស់ នាងនឹងអស់សង្ឃឹម, រស់នៅប្រៀបនឹងមនុស្សមិនមានបេះដូង ដូចដែលកំពុងកើតមានដល់នាងក្នុងវេលានេះ ផ្លូវដែលត្រូវគឺ ៖ នាងគួរបែងបេះដូងចេញជាចំណែកៗ មួយចំណែកប្រគល់ឲ្យបណ្ដាញាតិ មួយចំណែកជូនទៅឲ្យបងប្អូន មួយចំណែកជូនឲ្យមិត្តភក្ដិ មួយចំណែកជូនឲ្យគ្រូបាអាចារ្យ មានន័យថា ឲ្យសេចក្ដីស្នេហាគេតែបន្តិចមុនសិន បើគូសង្សារកើតទុយ៌សនឹងយើង យើងក៏នឹងមានការខូចចិត្តតិច, លុះត្រាជឿប្រាកដថា គេស្មោះត្រង់ចំពោះយើងពិតៗ សឹមស្រឡាញ់គេដោយបេះដូងទាំងអស់” ។ “លោកនិយាយហាក់ដូចជាបេះដូងរបស់មនុស្សជាវត្ថុ ដែលនឹងយកមកបែងចែកគ្នាបានងាយៗអ៊ីចឹង សេចក្ដីពិតវាគង់ធ្វើមិនបានទេដឹងទាន… មនុស្សបើបានស្រឡាញ់អ្នកណាហើយ លំបាកនឹងហាមចិត្តមិនឲ្យស្រឡាញ់ច្រើនបាន បើយើងស្រឡាញ់គេតិច គេក៏មិនពេញចិត្តយើង, គេថាយើងស្រឡាញ់គេមិនពិតប្រាកដ… យ៉ាងនេះ, សេចក្ដីស្រឡាញ់នឹងរៀបរយបានយ៉ាងណា ?” ស្រីក្រមុំឲ្យហេតុផលជំទាស់ដោយទឹកមុខថ្លាស្រស់ឡើងច្រើន ។ “ម្នាលកុលធីតា ! អាត្មានឹងលើកតួយ៉ាងឲ្យស្ដាប់… ឧបមាថា មានចោរកំណាចម្នាក់ចូលមកនៅក្នុងផ្ទះរបស់នាងដោយមានចេតនាអាក្រក់ចំពោះនាង នាងក៏ដឹងច្បាស់ថាគេជាចោរ ព្រមទាំងមានចេតនាអាក្រក់ចំពោះនាង, ដោយសារចោរនោះព្យាយាមធ្វើសេចក្ដីល្អគ្រប់យ៉ាងដើម្បីឲ្យនាងស្រឡាញ់ដោយសេចក្ដីសង្ឃឹមថា កាលបើនាងស្រឡាញ់គេច្រើនហើយ ក៏នឹងជាឱកាសឲ្យគេប្រទូស្ដរ៉ាយនាងរឹតតែបានងាយឡើង ។ តមកនាងក៏កើតមានចិត្តស្រឡាញ់គេ ព្រោះសេចក្ដីល្អរបស់គេ, តែក្នុងវេលាជាមួយគ្នានោះ នាងក៏នៅមានការសង្ស័យខ្លះៗជាមួយគេនោះ, កាលបើដូច្នេះ នាងក៏ព្រមស្រឡាញ់គេត្រឹមតែបន្តិចប៉ុណ្ណោះ ដោយមិនស្រឡាញ់គេឲ្យអស់ពីបេះដូង ព្រោះនាងមិនទាន់ទុកចិត្តគេមែនទែន” ។ “មែនហើយ” ស្រីក្រមុំទទួល ។ “ម្ដេចមិនស្រឡាញ់គេឲ្យអស់បេះដូងទៅ” សាមណៈសួរ ។ “ព្រោះខ្ញុំដឹងច្បាស់ថា គេមានចេតនាអាក្រក់ចំពោះនាងខ្ញុំ ការធ្វើល្អរបស់គេគ្រាន់តែជាការក្លែងធ្វើដើម្បីបញ្ឆោតឲ្យខ្ញុំស្លាប់ចិត្ត បើឱកាសឲ្យ គេប្រទូស្តរាយនាងខ្ញុំបានងាយប៉ុណ្ណោះ នាងខ្ញុំអាចនឹងពេញចិត្តគេខ្លះ ក្នុងរឿងដែលគេធ្វើល្អចំពោះនាងខ្ញុំ តែក៏មិនអាចស្រឡាញ់គេឲ្យអស់បេះដូងបាន ព្រោះនៅខ្លាចសង្ស័យគេខ្លះៗនៅឡើយ” ។ “ម្នាលកុលធីតា ! នេះក៏ស្ដែងឲ្យឃើញថា បេះដូងជារបស់បែងចែកគ្នាបាន យើងស្រឡាញ់តិចក៏បាន ច្រើនក៏បាន ។ បើយើងមើលគេទាំងពីរផ្នែក ទាំងផ្នែកល្អ និងផ្នែកអាក្រក់ ទោះបីគេសម្ដែងសេចក្ដីអាក្រក់ចេញមក យើងក៏មិនខូចចិត្តដោយប្រការណាមួយឡើយ, ព្រោះជារឿងដែលយើងបានគិតទុកជាមុនហើយ ។ បើយើងមើលគេក្នុងផ្នែកល្អតែម្យ៉ាង យើងច្រើនតែភ្លេចខ្លួនស្រឡាញ់គេយ៉ាងអស់ពីបេះដូង លុះគេបញ្ចេញផ្នែកអាក្រក់មក យើងក៏ ខូចចិត្តខ្លាំង ។ នាងកុំគិតឡើយថា គេមិនពេញចិត្តយើង, ថាយើងមិនពិត ។ យើងស្រឡាញ់គេពិតៗ តែថាត្រូវស្រឡាញ់ឲ្យតិច ទាំងនេះក៏ដើម្បីសេចក្ដីសប្បាយចិត្តរបស់យើង កាលណាគេអាចពិសោធឲ្យយើងឃើញបានដោយការធ្វើល្អស្មោះត្រង់នឹងយើងពិតៗ យើងក៏ព្រមនឹងស្រឡាញ់គេយ៉ាងពេញបេះដូងឲ្យបាន” ។ លុះសាមណៈនិយាយមកដល់ត្រង់នេះ ស្រីក្រមុំក៏ មើលមកសាមណៈដោយដួងភ្នែកសម្ដែងសេចក្ដីទុកចិត្ត និងសេចក្ដីគោរពរាប់អានច្រើនឡើង ។ នាងនិយាយដោយសំឡេងថ្លាច្បាស់ថា “ត្រូវដូចពាក្យរបស់លោកម្ចាស់តែម្ដង ! នាងខ្ញុំភ្លើ, ទៅទុកចិត្តគូស្នេហាច្រើនពេកទៅ ទើបប្រគល់ជីវិត ចិត្តគំនិតទាំងអស់ឲ្យគេ… លុះគេដោះដៃគេចទៅរៀបវិវាហ៍មង្គលនឹងស្រី ដទៃ ទើបខូចចិត្តខ្លាំង” ។ “កុលធីតាអឺយ ! ការមិនសមប្រាថ្នារបស់នាងគ្រានេះនឹងបានជាបទរៀនដ៏មានតម្លៃ បង្រៀនឲ្យនាងចេះមើលគ្រប់ទាំងពីរខាង” សាមណៈអប់រំនាងតទៅទៀត “គ្រប់យ៉ាងរមែងមានពីរខាងជាធម្មតា មានងងឹតត្រូវមានភ្លឺ, មានត្រជាក់ត្រូវមានក្ដៅ, មានខ្ពស់ត្រូវមានទាប, មានល្អត្រូវមានអាក្រក់, មានសុខ ត្រូវមានទុក្ខ, មានឈ្នះ ត្រូវមានចាញ់ និងមានសមប្រាថ្នា ត្រូវមានខុសប្រាថ្នា ។ យើងត្រូវមើលឲ្យឃើញទាំងពីរខាង បើមើលខាងល្អតែម្ខាងមិនត្រៀមខ្លួនទុកសម្រាប់ទទួលខាងអាក្រក់ កាលដល់ពេលប្រសព្វនឹងខាងអាក្រក់ក៏រើខ្លួនមិនរួច ។ អ្នកស្រឡាញ់ការលេងកីឡា ត្រូវត្រៀមខ្លួនទទួលទាំងចាញ់ ទាំងឈ្នះ, ស្រឡាញ់ការប្រឡងវិជ្ជា ត្រូវត្រៀមខ្លួនទាំងជាប់ទាំងធ្លាក់, ប្រាថ្នាអ្វីត្រូវត្រៀមខ្លួនទទួលទាំងសមប្រាថ្នា ទាំងខុសប្រាថ្នា ។ អ្នកមើលលោកទាំងពីរខាង រមែងត្រៀមខ្លួនព្រមគ្រប់កាល រមែងញញឹមដរាបទាំងពេលចាញ់ ទាំងពេលឈ្នះ, ទាំងពេលខុសប្រាថ្នា និងពេលសមប្រាថ្នា, ទាំងពេលសុខ និងពេលទុក្ខ, មានចិត្តរឹងប៉ឹងជាប់លាប់ អ្នកនោះរមែងបានប្រៀបគ្រប់ពេល និងគ្រប់ទីស្ថាន” ។ “កុលធីតាអឺយ ! ព្រោះនាងមើលលោកតែម្ខាង ទើបត្រូវប្រសព្វមហន្តទុក្ខគ្រានេះ ។ តទៅ នាងគួរមើលលោកទាំងពីរខាងជាដរាប គ្រានេះនាងបានដួលទៅហើយ ភ្លាំងភ្លាត់ទៅហើយ ចូរប្រញាប់ក្រោកឡើងដើរតទៅ កាលឃើញថាខ្លួនដួលចុះហើយ នៅដេកស្ងៀម ធ្វើព្រងើយមិនប្រញាប់ក្រោកឡើងដើរតទៅ មិនមែនជាទង្វើដ៏ឆ្លាតទេ” ។ ខណៈនេះ ហេតុផលបានត្រឡប់មកកាន់ស្រីក្រមុំបរិបូណ៌ហើយ នាងឱនក្រាបចុះទៀបនឹងជើងរបស់សាមណៈ រេវតៈ ដោយចិត្តសទ្ធាជ្រះថ្លា ហើយពោលថា “លោកអ្នករុងរឿងបញ្ញា ! ពាក្យណែនាំរបស់លោកចាប់ចិត្តរបស់នាងខ្ញុំពន់ពេកណាស់ ប៉ុនគ្នានឹងឱសថវិសេសជប់ជីវិតរបស់ខ្ញុំតែម្ដង, បើមិនមានលោកទេ នាងខ្ញុំច្បាស់ស្លាប់ជាខ្មោចនៅយាមភ្នំនេះទៅហើយ ។ តាំងពីពេលនេះទៅ នាងខ្ញុំនឹងមិនគិតធ្វើអ្វីល្ងង់ខ្លៅដូច្នេះទៀតទេ និងព្យាយាមចងចាំនូវពាក្យណែនាំរបស់លោកនាំយកទៅអប់រំខ្លួនដែលល្ងង់គិតនឹងសម្លាប់ខ្លួនតទៅ” ។ កាលបានទេសនាអប់រំស្ត្រីក្រមុំឲ្យមានចិត្តតាំងមាំក្នុងហេតុផលហើយ នាងក៏ក្រាបបង្គំលាសាមណៈដើរចុះពីភ្នំត្រឡប់ទៅផ្ទះដោយអាការប្រក្រតី ចំណែកសាមណៈត្រេកអរណាស់ដែលបានជួយជីវិតមនុស្សម្នាក់បាន ។ សាមណៈក៏ត្រឡប់ទៅកាន់ល្អាង សូករខីណា ហើយក៏បំពេញព្យាយាមទៅ ។ ប្រភព ដោយ៥០០០ឆ្នាំ |