Reading Article
Public date : 30, Mar 2023 (5,521 Read)
ព្រហ្មទត្តមាតុវត្ថុ

|
កុណាលសកុណពោលថា សេចក្តីពិត រឿងដូចគ្នានេះ ខ្ញុំដឹងហើយយ៉ាងនេះថា ព្រះវរមាតារបស់ព្រះបាទព្រហ្មទត្ត លះបង់ព្រះបាទកោសល ទៅធ្វើអំពើដ៏លាមកជាមួយនឹងព្រាហ្មណកុមារ ឈ្មោះបញ្ចាលចណ្ឌៈ ។
វិត្ថារនិទាន អតីតេ ក្នុងអតីតកាលដ៏យូរលង់ណាស់មកហើយ ព្រះបាទកោសលបានកាន់យករាជសម្បត្តិរបស់ព្រះបាទពារាណសី ទ្រង់បានតែងតាំងព្រះអគ្គមហេសីរបស់ព្រះចៅក្រុង ពារាណសីដែលកំពុងមានគភ៌ជាអគ្គមហេសីរបស់ព្រះអង្គ ហើយស្ដេចយាងទៅនគររបស់ព្រះអង្គ ។ ក្នុងកាលជាបន្តបន្ទាប់មកទៀត ព្រះអគ្គមហេសីនោះក៏ប្រសូតបានព្រះឱរស ។ ចំណែកព្រះបាទកោសល ហេតុតែជាទ្រង់មិនមានបុត្រ ក៏បានចិញ្ចឹមព្រះឱរសនោះទុកដោយសេចក្ដីស្រឡាញ់ដូចបុត្ររបស់ខ្លួន ហើយបានញ៉ាំងព្រះកុមារដែលមានវ័យចម្រើនហើយនោះឲ្យសិក្សាសិល្បសាស្ត្រ ហើយទ្រង់បញ្ជូនទៅថា អ្នកចូរគ្រប់គ្រងនូវដែនក្នុងសម្នាក់បិតារបស់ខ្លួនចុះ ។ ព្រះរាជកុមារនោះក៏បានទៅគ្រប់គ្រងរាជសម្បត្តិ ។ ចំណេរកាលមកទៀត ព្រះមាតារបស់ព្រះរាជកុមារបានចូលទៅទូលលាព្រះបាទកោសលថា ខ្ញុំម្ចាស់មានសេចក្ដីប្រាថ្នានឹងឃើញនូវបុត្រ (ទៅលេងបុត្រ) ដូច្នេះហើយក៏នាំបរិវារជាច្រើនទៅកាន់ក្រុងពារាណសី ព្រះនាងបានកាន់នូវទីអាស្រ័យ (ដើម្បីឈប់សម្រាក)នៅក្នុងនិគមមួយដែលនៅរវាងនគរទាំងពីរ ។ មានព្រាហ្មណកុមារម្នាក់ដែលមានរូបរាងស្រស់សង្ហា ឈ្មោះ បញ្ចាលចណ្ឌៈ នៅក្នុងនិគមនោះ ។ បញ្ចាលចណ្ឌៈបាននាំបណ្ណាការមកថ្វាយព្រះនាង ។ ព្រះនាងពេលបានឃើញបញ្ចាលចណ្ឌៈនោះ ក៏មានចិត្តប្រតិព័ទ្ធស្នេហា ហើយបានធ្វើនូវអំពើបាប (ស្រឡាញ់គ្នា) ជាមួយនឹងបញ្ចាលចណ្ឌៈនោះ ហើយបានស្នាក់នៅក្នុងទីនោះអស់ពីរបីថ្ងៃ ទើបធ្វើដំណើរទៅកាន់ក្រុងពារាណសី (បន្ត) បានជួបបុត្រហើយ ក៏ប្រញាប់ត្រឡប់មកវិញ ហើយបានកាន់យកទីនៅ (ស្នាក់នៅ) ក្នុងនិគមនោះម្ដងទៀត ព្រះនាងបានប្រព្រឹត្តអនាចារជាមួយនឹងបញ្ចាលចណ្ឌៈនោះអស់បីរបីថ្ងៃ ទើបទៅកាន់នគរ កោសលវិញ ។ តាំងតែអំពីពេលនោះមក មិនយូរប៉ុន្មាន ព្រះនាងក៏ចូលទៅទូលនូវហេតុនោះៗ ប្រាប់ព្រះបាទកោសលថា ខ្ញុំម្ចាស់នឹងទៅកាន់សម្នាក់បុត្រ កាលទៅក្ដី កាលមកវិញក្ដី តែងប្រព្រឹត្តអនាចារជាមួយនឹងបញ្ចាលចណ្ឌៈក្នុងនិគមនោះអស់កាលកន្លះខែ ។ ម្នាលបុណ្ណមុខសម្លាញ់ ដែលឈ្មោះថា ស្ត្រីទាំងឡាយគឺជាអ្នកទ្រុស្តសីល មានប្រក្រតីពោលពាក្យមុសា កាលព្រះមហាសត្វសម្ដែងអតីតនិទាននេះហើយ ពោលពាក្យថា ជាសេចក្ដីពិតដែលយើងឃើញមក យ៉ាងនេះជាដើម ។ បណ្ដាបទទាំងនោះ បទថា ព្រះមាតារបស់ព្រះបាទព្រហ្មទត្ត បានដល់ ព្រះជននីរបស់ព្រហ្មទត្តកុមារដែលបានសោយរាជ្យក្នុងនគរពារាណសី ។ បានឮថា ក្នុងកាលនោះកុណាលបានជាព្រាហ្មណ៍ឈ្មោះចញ្ចាលចណ្ឌៈនោះ ព្រោះហេតុនោះ កាលនឹងសម្ដែងហេតុដែលខ្លួនបានដឹងមកនោះ ទើបទ្រង់ពោលយ៉ាងនេះ ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៦៤) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
|