Reading Article
Public date : 04, Apr 2022 (57,786 Read)
ឯសុការីសូត្រ

|
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ប្រថាប់នៅនាព្រះជេតវនារាម របស់លោកអនាថបណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះ ព្រាហ្មណ៍ឈ្មោះឯសុការី បានចូលគាល់ព្រះដ៏មានព្រះភាគ បានក្រាបទូលព្រះដ៏មានព្រះភាគនូវការបញ្ញត្តរបស់ពួកព្រាហ្មណ៍ ដែលព្រាហ្មណ៍បានបញ្ញត្តនូវការបម្រើ ៤ យ៉ាង ទៅតាមវណ្ណៈទាំង ៤ គឺវណ្ណៈព្រាហ្មណ៍ វណ្ណៈក្សត្រិយ៍ វណ្ណៈវេស្សៈ និងវណ្ណៈសុទ្ទៈ ។ ពួកព្រាហ្មណ៍បានបញ្ញត្តថា ៈ
ដោយ៥០០០ឆ្នាំ![]() -ព្រាហ្មណ៍ត្រូវបម្រើព្រាហ្មណ៍ ក្សត្រិយ៍ក៏ត្រូវបម្រើព្រាហ្មណ៍ដែរ វេស្សៈ សុទ្ទៈ ត្រូវបម្រើព្រាហ្មណ៍ទាំងអស់ ។ -ក្សត្រិយ៍ ត្រូវបម្រើក្សត្រិយ៍ វេស្សៈ និងសុទ្ទៈ ត្រូវបម្រើក្សត្រិយ៍ ។ -វេស្សៈត្រូវបម្រើវេស្សៈ សុទ្ទៈត្រូវបម្រើវេស្សៈ ។ -សុទ្ទៈត្រូវបម្រើសុទ្ទៈ ។ ឯសុការីព្រាហ្មណ៍ បានក្រាបទូលសួរព្រះដ៏មានព្រះភាគថា បពិត្រព្រះគោតមដ៏ចម្រើន ទ្រង់ត្រាស់សម្ដែងនូវដំណើរនោះ ថាដូចម្ដេច ? ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលព្រាហ្មណ៍ចុះលោកទាំងមូលយល់ព្រមដាច់ស្រេច នូវការបញ្ញត្ត របស់ពួកព្រាហ្មណ៍នុ៎ះថា ចូរពួកព្រាហ្មណ៍បញ្ញត្តនូវការបម្រើទាំង ៤ យ៉ាងនេះចុះ ដូច្នេះដែរឬ ។ បពិត្រព្រះគោតមដ៏ចម្រើន លោកទាំងមូលមិនយល់ព្រម នូវការបញ្ញត្តនេះទេ ។ ម្នាលព្រាហ្មណ៍ បុរសកំសត់ ឥតយស មិនស្ដុកស្ដម្ភ ពួកឈ្មួញរទេះ យកចំណែកសាច់ ( គោរបស់ខ្លួនដែលស្លាប់តាមផ្លូវ ) ផ្ដែកវេរឲ្យដល់បុរសកំសត់នោះ ដែលមិនចង់បានដោយបង្ខំថា នែវ៉ឺយបុរស ឯងត្រូវតែស៊ីសាច់នេះ ទាំងត្រូវសងថ្លៃផង សេចក្តីនេះមានឧបមាយ៉ាងណា ម្នាលព្រាហ្មណ៍ ដោយការដែលពួកសមណព្រាហ្មណ៍នោះ មិនបានយល់ព្រមសោះ ស្រាប់តែពួកព្រាហ្មណ៍ មកបញ្ញត្តការបម្រើទាំង ៤ យ៉ាងនេះ ក៏មាន ឧបមេយ្យយ៉ាងនោះដែរ ។ ![]() ម្នាលព្រាហ្មណ៍ តថាគតមិនពោលថាត្រូវតែបម្រើអ្នកទាំងអស់ ( នោះ ) ទេ ម្នាលព្រហ្មណ៍ តែតថាគតនឹងបានពោលថាមិនត្រូវបម្រើទាំងអស់ក៏ទេដែរ ។ ម្នាលព្រាហ្មណ៍ ព្រោះថាកាលបើគេបម្រើបុគ្គលណា ត្រឡប់ជាបានបាបក្រៃពេក មិនបានប្រយោជន៍ ព្រោះហេតុការបម្រើ តថាគតមិនពោលថាត្រូវបម្រើបុគ្គលនោះទេ ម្នាលព្រាហ្មណ៍ តែថាកាលគេបម្រើបុគ្គលណា បានប្រយោជន៍មិនបានបាប ព្រោះហេតុតែការបម្រើទេ តថាគតពោលថាត្រូវបម្រើបុគ្គលនោះចុះ ។ ម្នាលព្រាហ្មណ៍ ប្រសិនបើគេសួរ ក្សត្រិយ៍យ៉ាងនេះថា កាលបើព្រះអង្គបម្រើបុគ្គលណា ទ្រង់ក្លាយទៅជាមនុស្សលាមកក្រៃពេក មិនបានជាមនុស្សប្រសើរវិសេស ព្រោះហេតុតែការបម្រើ មួយទៀត កាលបើព្រះអង្គបម្រើបុគ្គលណា បានជាបុគ្គលគាប់ប្រសើរ មិនក្លាយជាបុគ្គលថោកថយ ព្រោះហេតុតែការបម្រើទេ បណ្ដាបុគ្គលទាំង ២ នុ៎ះ តើព្រះអង្គត្រូវបម្រើបុគ្គលណា ។ ម្នាលព្រាហ្មណ៍ កាលបើក្សត្រិយ៍ឆ្លើយតបដោយត្រឹមត្រូវ គួរឆ្លើយតបយ៉ាងនេះថា កាលខ្ញុំបម្រើបុគ្គលណា ក្លាយខ្លួនទៅជាមនុស្សលាមកក្រៃពេក មិនបានជាមនុស្សប្រសើរវិសេស ព្រោះហេតុតែការបម្រើទេ ខ្ញុំមិនត្រូវបម្រើបុគ្គលនោះឡើយ លុះតែខ្ញុំបម្រើបុគ្គលណា បានការគាប់ប្រសើរ មិនបានការអាក្រក់ ព្រោះហេតុតែការបម្រើ ទើបខ្ញុំត្រូវបម្រើបុគ្គលនោះ ។ ម្នាលព្រាហ្មណ៍ បើគេសួរព្រាហ្មណ៍... ម្នាលព្រាហ្មណ៍ បើគេសួរវេស្សៈ... ម្នាលព្រាហ្មណ៍ បើគេសួរសុទ្ទៈយ៉ាងនេះថា កាលបើអ្នកបម្រើបុគ្គលណា ត្រឡប់ជាបានបាប មិនបានការគាប់ប្រសើរ ព្រោះការបម្រើជាហេតុទេ មួយទៀត កាលបើអ្នក បម្រើបុគ្គលណា បានការគាប់ប្រសើរ មិនបានការអាក្រក់ ព្រោះការបម្រើជាហេតុទេ បណ្ដាបុគ្គលទាំង ២ នុ៎ះ តើអ្នកត្រូវបម្រើបុគ្គលណា ។ ម្នាលព្រាហ្មណ៍ កាលបើសុទ្ទៈឆ្លើយតបដោយត្រឹមត្រូវ គប្បីឆ្លើយតបយ៉ាងនេះថា កាលបើខ្ញុំបម្រើបុគ្គលណា បានការអាក្រក់ មិនបានការគាប់ប្រសើរ ព្រោះហេតុតែការបម្រើទេ ខ្ញុំមិនត្រូវបម្រើបុគ្គលនោះឡើយ កាលបើខ្ញុំបម្រើបុគ្គលណា បានការគាប់ប្រសើរ មិនមែនជាការអាក្រក់ ព្រោះហេតុតែការបម្រើទេ ទើបខ្ញុំត្រូវបម្រើបុគ្គលនោះ ។ ម្នាលព្រាហ្មណ៍ តថាគតមិនពោលថា បុគ្គលគាប់ប្រសើរ ព្រោះតែមានត្រកូលខ្ពស់ទេ ម្នាលព្រាហ្មណ៍ ទាំងតថាគតនឹងបានពោលថាបុគ្គលថោកថយ ព្រោះតែមានត្រកូលខ្ពស់ក៏ទេដែរ ។ ម្នាលព្រាហ្មណ៍ តថាគតមិនពោលថាបុគ្គលគាប់ប្រសើរ ព្រោះតែមានជាតិថ្លៃថ្លាទេ ម្នាលព្រាហ្មណ៍ ទាំងតថាគតនឹងបានពោលថាបុគ្គលថោកទាប ព្រោះតែមានជាតិថ្លៃថ្លាក៏ទេដែរ ។ ម្នាលព្រាហ្មណ៍ តថាគតមិនពោលថា បុគ្គលប្រសើរវិសេស ព្រោះតែមានភោគៈលើសលប់ទេ ម្នាលព្រាហ្មណ៍ ទាំងតថាគតនឹងបានពោលថាបុគ្គលថោកទាប ព្រោះតែមានភោគៈលើសលប់ក៏ទេដែរ ។ ម្នាលព្រាហ្មណ៍ ព្រោះថាបុគ្គលពួកខ្លះ ក្នុងលោកនេះ សូម្បីមានត្រកូលខ្ពង់ខ្ពស់ តែជាអ្នកសម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តកាមេសុមិច្ឆា ប្រព្រឹត្តពោលពាក្យមុសា មានវាចាញុះញង់ មានវាចាទ្រគោះ និយាយតែពាក្យឥតប្រយោជន៍ ជាអ្នកមានអភិជ្ឈា មានចិត្តព្យាបាទ ជាមិច្ឆាទិដ្ឋិ ហេតុនោះបានជាតថាគតមិនពោលថា បុគ្គលប្រសើរវិសេស ព្រោះតែមានត្រកូលខ្ពង់ខ្ពស់ទេ ។ ម្នាលព្រាហ្មណ៍ ព្រោះថាបុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានត្រកូលខ្ពង់ខ្ពស់ ហើយបានវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ ក៏មាន ហេតុនោះ បានជាតថាគតមិនពោលថាបុគ្គលថោកទាប ព្រោះតែមានត្រកូលខ្ពង់ខ្ពស់ទេ ។ ម្នាលព្រាហ្មណ៍ មនុស្សពួកខ្លះក្នុងលោកនេះ ទុកជាមានជាតិថ្លៃថ្លាក៏ដោយ តែជាអ្នកសម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តកាមេសុមិច្ឆា ពោលពាក្យមុសា មានវាចាញុះញង់ មានសម្ដីអាក្រក់ និយាយពាក្យឥតប្រយោជន៍ មានអភិជ្ឈា មានចិត្តព្យាបាទ ជាមិច្ឆាទិដ្ឋិ ហេតុនោះ បានជាតថាគតមិនពោលថា បុគ្គលវិសេសវិសាល ព្រោះតែមានជាតិថ្លៃថ្លាទេ ។ ម្នាលព្រាហ្មណ៍ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានជាតិថ្លៃថ្លា ហើយបានវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិក៏មាន ហេតុនោះ បានជាតថាគតមិនពោលថា បុគ្គលថោកទាប ព្រោះតែមានជាតិថ្លៃថ្លាទេ ។ ម្នាលព្រាហ្មណ៍ បុគ្គលពួកខ្លះ ក្នុងលោកនេះ សូម្បីមានភោគៈលើសលុប តែជាអ្នកសម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តកាមេសុមិច្ឆា និយាយពាក្យមុសា មានវាចាញុះញង់ មានពាក្យអាក្រក់ និយាយពាក្យឥតប្រយោជន៍ មានអភិជ្ឈា មានចិត្តព្យាបាទ ជាមនុស្សមិច្ឆាទិដ្ឋិ ហេតុនោះ បានជាតថាគតមិនពោលថា បុគ្គលវិសេសវិសាល ព្រោះមានភោគៈលើសលុបទេ ។ ![]() ម្នាលព្រាហ្មណ៍ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានភោគៈដ៏លើសលុប ហើយបានវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិក៏មាន ហេតុនោះ បានជាតថាគតមិនពោលថា បុគ្គលថោកទាប ព្រោះតែមានភោគៈលើសលុបទេ ។ ម្នាលព្រាហ្មណ៍ តថាគតមិនពោលថា ត្រូវតែបម្រើអ្នកទាំងអស់ ( នោះ ) ទេ ម្នាលព្រាហ្មណ៍ ទាំងតថាគតនឹងបានពោលថា មិនត្រូវបម្រើអ្នកទាំងអស់ក៏ទេដែរ ។ ម្នាលព្រាហ្មណ៍ ព្រោះថាកាលបើគេបម្រើបុគ្គលណា សទ្ធាចម្រើន សីលចម្រើន សុតៈចម្រើន ចាគៈចម្រើន ប្រាជ្ញាក៏ចម្រើន ព្រោះការបម្រើ ( នោះ ) ជាហេតុ តថាគតទើបពោលថា ត្រូវបម្រើបុគ្គលនោះ ។ ឯសុការីព្រាហ្មណ៍ បានក្រាបទូលព្រះដ៏មានព្រះភាគមួយរឿងទៀត អំពីការបញ្ញត្តទ្រព្យរបស់ពួកព្រាហ្មណ៍ គឺការប្រព្រឹត្តសូមជាទ្រព្យរបស់ព្រាហ្មណ៍ ធ្នូនិងបំពង់ព្រួញជាទ្រព្យរបស់ក្សត្រិយ៍ ការភ្ជួររាស់និងការរក្សាគោជាទ្រព្យរបស់វេស្សៈ កណ្ដៀវនិងអម្រែកជាទ្រព្យរបស់សុទ្ទៈ ។ ក្នុងទ្រព្យទាំង ៤ ប្រការនេះ ប្រសិនបើវណ្ណៈណាមើលងាយនូវទ្រព្យរបស់ខ្លួន ឈ្មោះថា ជាអ្នកមិនធ្វើការងារដែលខ្លួនត្រូវធ្វើ ដូចអ្នករក្សាទ្រព្យ លួចយកទ្រព្យដែលគេមិនបានឲ្យ ។ ឯសុការីព្រាហ្មណ៍ បានក្រាបទូលសួរថា តើព្រះគោតមដ៏ចម្រើន សម្ដែងថាដូចម្ដេច ចំពោះរឿងនេះ ? សេចក្ដីនៅក្នុងព្រះសូត្រ គឺព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់បញ្ញត្តលោកុត្តរធម៌ដ៏ប្រសើរ ថាជាទ្រព្យសម្រាប់ខ្លួនរបស់បុរសស្ត្រី។ វណ្ណៈទាំង ៤ ចូលកាន់ផ្នួស អាស្រ័យធម្មវិន័យ ដែលព្រះតថាគតសម្ដែងហើយ វៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន ។ល។ មានសម្មាទិដ្ឋិ ជាបុគ្គលត្រេកអរនឹងកុសលធម៌ជាគ្រឿងនាំ ចេញចាកទុក្ខ ចម្រើនចិត្តមេត្តា មិនមានពៀរ មិនមានព្យាបាទ ប្រព្រឹត្តទៅបានគ្រប់វណ្ណៈទាំងអស់ មិនចំពោះតែវណ្ណៈព្រាហ្មណ៍ទេ ។ ព្រះដ៏មានព្រះភាគ ទ្រង់លើកអំពីការងូតទឹកជម្រះក្អែល អំពីការបង្កាត់ភ្លើង ដើម្បីឲ្យឯសុការីព្រាហ្មណ៍ បានយល់អំពីការប្រព្រឹត្តព្រហ្មចរិយធម៌ក្នុងព្រះពុទ្ធសាសនា ក្នុងការលះបង់នូវកិលេស ដោយមិនចំពោះវណ្ណៈណាមួយនោះឡើយ ។ ឯសុការីព្រាហ្មណ៍ បានជាឧបាសក អ្នកដល់នូវសរណគមន៍ ស្មើដោយជីវិត ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២ |