Reading Article
Public date : 06, Jun 2023 (84,790 Read)
កុសលកម្មបទ និង អកុសលកម្មបទ

|
កម្មបទចែកចេញជាកម្មមាន៣យ៉ាង គឺ កាយកម្ម១, វចីកម្ម១ និងមនោកម្ម១។ ចែកប្រភេទមានពីរយ៉ាងគឺ អកុសលកម្មបទ១ កុសលកម្មបទ១ ។
![]() អកុសលកម្មបទ១០ * តើអ្វីទៅជាអកុសលកម្មបថ? គន្លង ឬផ្លូវនៃអំពើជាអកុសល ហៅថា អកុសលកម្មបថមាន១០យ៉ាងគឺ កាយទុច្ចរិត អំពើអាក្រក់ដែលសំរេចដោយកាយ មាន ៣យ៉ាង, វចីទុច្ចរិត អំពើអាក្រក់សម្រេចដោយវាចាមាន៤យ៉ាង, មនោទុច្ចរិត អំពើអាក្រក់ដែលសម្រេចដោយចិត្តមាន៣យ៉ាង។ យ៉ាងនីមួយៗមានដូចតទៅ៖ កាយទុច្ចរិត៣ ១- បាណាតិបាតា កិរិយាសម្លាប់សត្វមានជីវិតដោយកាយ ឬប្រើគេឲ្យធ្វើដោយវាចា។ ២- អទិន្នាទានា កិរិយាលួចយកនូវវត្ថុដែលគេមិនបានឲ្យដោយកាយ ឬដោយវាចា។ ៣- កាមេសុមិច្ឆាចារា កិរិយាប្រព្រឹត្ដខុសក្នុងកាមទាំងឡាយដែលមិនមែនជាកម្មសិទ្ធិរបស់ខ្លួន។ ![]() វចីទុច្ចរិត៤ ១- មុសាវាទា កិរិយាពោលដោយពាក្យកុហក។ ២- បិសុណាវាចា កិរិយាពោលពាក្យញុះញង់ ស៊កសៀតបំបែកបំបាក់គេ។ ៣- ផរុសវាចា ករិយាពោលពាក្យអាក្រក់ ទ្រគោះបោះបោកជេរប្រទេចជាដើម។ ៤- សម្ផប្បលាបា កិរិយាពោលពាក្យរោយរាយឥតប្រយោជន៍។ មនោទុច្ចរិត៣ ១- អភិជ្ឈា ចិត្ដសំឡឹងរំពៃចំពោះទ្រព្យរបស់អ្នកដទៃដោយគិតបម្រុងនឹងឲ្យបានមកជារបស់ខ្លួន។ ២- ព្យាបាទ ចិត្ដចងគំនុំគំគួន គឺប៉ងចង់ឲ្យអ្នកដទៃដល់នូវសេចក្ដីវិនាស។ ៣- មិច្ឆាទិដ្ឋិ គំនិតយល់ខុស ហើយប្រកាន់ថាជាត្រូវ។ កុសលកម្មបទ១០ * តើអ្វីទៅជាកុសលកម្មបថ? គន្លង ឬផ្លូវនៃអំពើជាកុសល ហៅថា កុសលកម្មបថមាន១០យ៉ាងគឺ កាយសុចរិត អំពើល្អដែលសម្រេចដោយកាយ មាន ៣យ៉ាង, វចីសុចរិត អំពើល្អសម្រេចដោយវាចាមាន៤យ៉ាង, មនោសុចរិត អំពើល្អដែលសម្រេចដោយចិត្តមាន៣យ៉ាង។ យ៉ាងនីមួយៗមានដូចតទៅ៖ ![]() កាយសុចរិត៣ ១- បាណាតិបាតា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺការសម្លាប់សត្វ។ ២- អទិន្នាទានា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាកាន់យកនូវរបស់ដែលគេមិនបានឲ្យដោយកាយ ឬដោយវាចា។ ៣- កាមេសុមិច្ឆាចារា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាប្រព្រឹត្ដខុសក្នុងកាមទាំងឡាយ។ វចីសុចរិត៤ ១- មុសាវាទា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាពោលពាក្យកុហក។ ២- បិសុណាវាចា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាពោលពាក្យញុះញង់ ស៊កសៀតបំបែកបំបាក់អ្នកដទៃ។ ៣- ផរុសវាចា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាពោលពាក្យអាក្រក់ ទ្រគោះបោះបោកជេរប្រទេចជាដើម។ ៤- សម្ផប្បលាបា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាពោលពាក្យរោយរាយឥតប្រយោជន៍។ មនោសុចរិត៣ ១- អនភិជ្ឈា មិនមានចិត្ដសំឡឹងរំពៃចំពោះទ្រព្យរបស់អ្នកដទៃដោយគិតបម្រុងនឹងឲ្យមកជារបស់ខ្លួន។ ២- អព្យាបាទ មិនមានចិត្ដចងគំនុំគុំគួន គឺប៉ងចង់ឲ្យអ្នកដទៃដល់នូវសេចក្ដីវិនាស។ ៣- សម្មាទិដ្ឋិ គំនិតយល់ឃើញត្រូវ ហើយប្រកាន់ថាពិតជាត្រឹមត្រូវមែន។ កម្មបទ បើចែកតទៅទៀតមាន៨០ គឺកុសលកម្មបទ៤០ និងអកុសលកម្មបទ៤០។ ប្រភព ដោយ៥០០០ឆ្នាំ
|