Reading Article
Public date : 13, Mar 2023 (70,041 Read)
ចូឡកុណាលជាតក

|
ជាតកនេះមានពាក្យថា លុទ្ធានំ លហុចិត្តានំ ដូច្នេះជាដើម នឹងមានប្រាកដជាក់ច្បាស់ក្នុងកុណាលជាតក (សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៥៤) ឯណោះ ។ (សេចក្ដីខាងក្រោមនេះជាខ្លឹមសារចូឡកុណាលជាតកក្នុងព្រះត្រៃបិដក ៖
ដោយ៥០០០ឆ្នាំសត្វតាវ៉ៅបានពោលថា លុទ្ធានំ លហុចិត្តានំ, អកតញ្ញូន ទុព្ភិនំ, នាទេវសត្តោ បុរិសោ, ថីនំ សទ្ធាតុមរហតិ។ បុរសដែលមិនជាប់ចំពាក់ ដោយទេវតា (ខ្មោចមិនចូល) មិនគួរជឿ (នូវសីលនិងវត្ត) របស់ពួកស្ត្រី ជាអ្នកឈ្លានពាន មានចិត្តរហ័ស មិនដឹងនូវឧបការគុណ ដែលគេធ្វើហើយ ជាអ្នកប្រទូស្តមិត្រទេ ។ ន តា បជានន្តិ កតំ ន កិច្ចំ, ន មាតរំ បិតរំ ភាតរំ វា, អនរិយា សមតិក្កន្តធម្មា, សស្សេវ ចិត្តស្ស វសំ វជន្តិ។ ស្ត្រីទាំងនោះមិនដឹងនូវឧបការគុណ ដែលគេធ្វើហើយដល់ខ្លួន មិនដឹងច្បាស់នូវកិច្ច (ដែលខ្លួនត្រូវធ្វើ) មិនដឹងច្បាស់នូវមាតាបិតា ឬបងប្អូន មិនអៀនខ្មាស តែងប្រព្រឹត្តកន្លងច្បាប់ជាធម្មតា លុះក្នុងអំណាចនៃចិត្តរបស់ខ្លួន ។ ចិរានុវុដ្ឋម្បិ បិយំ មនាបំ, អនុកម្បកំ បាណសមម្បិ ភត្តុំ, អាវាសុ កិច្ចេសុ ច នំ ជហន្តិ, តស្មាហមិត្ថីនំ ន វិស្សសាមិ។ ស្ត្រីទាំងនោះ តែងលះបង់នូវបុរសនោះ ដែលជាទីស្រឡាញ់ ជាទីគាប់ចិត្ត សូម្បីនៅជាមួយគ្នាអស់កាលយូរ ជាអ្នកអនុគ្រោះសូម្បីស្មើដោយជីវិត ក្នុងគ្រោះថា្នក់ទាំងឡាយផង ក្នុងកិច្ចការទាំងឡាយផង ព្រោះហេតុនោះ ខ្ញុំមិនស្និទ្ធស្នាលនឹងស្ត្រីទាំងឡាយឡើយ ។ ថីនញ្ហិ ចិត្តំ យថា វានរស្ស, កន្នប្បកន្នំ យថា រុក្ខឆាយា, ចលាចលំ ហទយមិត្ថិយានំ, ចក្កស្ស នេមិ វិយ បរិវត្តតិ។ ព្រោះថា ចិត្តរបស់ពួកស្ត្រីប្រែប្រួល ដូចជាសត្វស្វា ឬដូចជាម្លប់ឈើ ចិត្តរបស់ពួកស្ត្រី ច្រាស់ច្រាល់ វិលវង់ ដូចជាខ្នងកង់ កាលវិលទៅដូច្នោះ ។ យទា តា បស្សន្តិ សមេក្ខមានា, អាទេយ្យរូបំ បុរិសស្ស វិត្តំ, សណ្ហាហិ វាចាហិ នយន្តិ មេនំ, កម្ពោជកា ជលជេនេវ អស្សំ។ ក្នុងកាលដែលស្ត្រីទាំងនោះ សម្លឹងឃើញទ្រព្យរបស់បុរស មានសភាពគួរយកបាន ក៏នាំបុរសនុ៎ះទៅ (កាន់អំណាចខ្លួន) ដោយសំដីដ៏ផ្អែមល្ហែមទាំងឡាយ ដូចជាពួកជនអ្នកនៅក្នុងដែនកម្ពោជៈ កាលនាំសេះទៅកាន់អំណាចខ្លួន ដោយស្លែដូច្នោះ ។ យទា ន បស្សន្តិ សមេក្ខមានា, អាទេយ្យរូបំ បុរិសស្ស វិត្តំ, សមន្តតោ នំ បរិវជ្ជយន្តិ, តិណ្ណោ នទីបារគតោវ កុល្លំ។ ក្នុងកាលដែលស្ត្រីទាំងនោះ សម្លឹងមើលមិនឃើញទ្រព្យរបស់បុរស មានសភាពគួរយកបានទេ ក៏គេចចៀសបុរសនុ៎ះ ដោយជុំវិញ ដូចជាបុគ្គលអ្នកឆ្លង ទៅដល់ត្រើយស្ទឹងហើយ ក៏វៀរបង់នូវក្បូនដូច្នោះ ។ សិលេសូបមា សិខិរិវ សព្វភក្ខា, តិក្ខមាយា នទីរិវ សីឃសោតា, សេវន្តិ ហេតា បិយមប្បិយញ្ច, នាវា យថា ឱរកូលំ បរញ្ច។ ស្ត្រីទាំងឡាយនោះ មានសេចក្តីប្រៀបធៀបដោយជ័រ ដូចជាភ្លើងដែលស៊ីនូវវត្ថុគ្រប់យ៉ាង មានមាយាដ៏ក្លៀវក្លា ដូចជាស្ទឹងមានខ្សែទឹកដ៏រហ័ស ព្រោះថា ស្ត្រីទាំងនុ៎ះ តែងសេពនូវបុរសជាទីស្រឡាញ់ និងមិនជាទីស្រឡាញ់ ដូចជាទូកដែលអែបនូវច្រាំងទាំងខាងអាយ ទាំងច្រាំងខាងនាយ ដូច្នោះ ។ ន តា ឯកស្ស ន ទ្វិន្នំ, អាបណោវ បសារិតោ, យោ តា មយ្ហន្តិ មញ្ញេយ្យ, វាតំ ជាលេន ពាធយេ ។ ស្ត្រីទាំងនោះ មិនមែនរបស់បុរសម្នាក់ មិនមែនរបស់បុរសពីរនាក់ទេ ដូចជារានផ្សារ ដែលគេរៀបហើយ បុរសណា សម្គាល់នូវស្ត្រីទាំងនោះ ថាជារបស់អញ បុរសនោះ គប្បីចងខ្យល់ដោយសំណាញ់បាន ។ យថា នទី ច បន្ថោ ច, បានាគារំ សភា បបា, ឯវំ លោកិត្ថិយោ នាម, វេលា តាសំ ន វិជ្ជតិ ។ ស្ទឹង ផ្លូវ តៀមស្រា រោងសម្រាប់ប្រជុំ និងអណ្តូង យ៉ាងណា ធម្មតាស្ត្រីទាំងឡាយ ក្នុងលោក ក៏យ៉ាងនោះដែរ ឯវេលារបស់ស្ត្រីទាំងនោះ មិនមានឡើយ ។ ឃតាសនសមា ឯតា, កណ្ហសប្បសិរូបមា, គាវោ ពហិតិណស្សេវ, ឱមសន្តិ វរំ វរំ។ ស្ត្រីទាំងនោះ ស្មើដោយភ្លើងឆេះឆ្នាំងខ្លាញ់ ឧបមាដោយក្បាលពស់វែក ឬដូចជាពួកគោស៊ីច្បិចតែចុងស្មៅដ៏ប្រសើរ ៗ ខាងក្រៅ ។ ឃតាសនំ កុញ្ជរំ កណ្ហសប្បំ, មុទ្ធាភិសិត្តំ បមទា ច សព្វា, ឯតេ នរោ និច្ចយតោ ភជេថ, តេសំ ហវេ ទុព្វិទុ សព្វភាវោ ។ នរជនគប្បីសង្រួមជានិច្ច ហើយគប់រកនូវជនទាំងនេះ គឺភ្លើង ១ ដំរី ១ ពស់វែក ១ សេ្តចដែលបានមុទ្ធាភិសេកហើយ ១ ពួកស្ត្រីទាំងអស់ ១ ភាវៈទៀងទាត់ របស់ជនទាំងនោះ គេស្គាល់បានដោយក្រ ។ នច្ចន្តវណ្ណា ន ពហូនំ កន្តា, ន ទក្ខិណា បមទា សេវិតព្វា, ន បរស្ស ភរិយា ន ធនស្ស ហេតុ, ឯតិត្ថិយោ បញ្ច ន សេវិតព្វា។ ស្ត្រីមានសម្បុរល្អឆើត បុរសមិនគួរសេពទេ ស្ត្រីជាទីស្រឡាញ់នៃបុរសច្រើនគ្នា បុរសមិនគួរសេពទេ ស្ត្រីប្រសប់រាំច្រៀង បុរសមិនគួរសេពទេ ស្ត្រីជាប្រពន្ធរបស់បុគ្គលដទៃ បុរសមិនគួរសេពទេ ស្រ្តី (គប់រកបុរស) ព្រោះហេតុតែទ្រព្យ បុរសមិនគួរសេពទេ ស្ត្រីទាំង ៥ ពួកនេះ បុរសមិនគួរសេពឡើយ ។) (ជាតកដ្ឋកថា សុត្តន្តបដិក ខុទ្ទកនិកាយ ជាតក ទ្វាទសកនិបាត ចូឡកុណាលជាតក បិដកលេខ ៥៩ ទំព័រ ២៣៧) ថ្ងៃ សៅរ៍ ៩ រោច ខែ ផគ្គុន ឆ្នាំ រកា ព.ស.២៥៦១ នព្វស័ក ច.ស. ១៣៧៩ ម.ស. ១៩៣៩ ត្រូវនឹងថ្ងៃទី ១០ ខែ មីនា គ.ស. ២០១៨ ដោយខេមរ អភិធម្មាវតារ |