Reading Article
Public date : 13, Mar 2023 (4,345 Read)
គុណអ្នកមិនពោលពាក្យកុហក

|
បុគ្គលអ្នកមិនពោលពាក្យមុសាវាទហើយ ជាគុណនឹងឱ្យរួចអំពីមរណភ័យបាន ដូចសត្វកិន្នរ មួយគូរញីឈ្មោល ដែលមានសចក្ដីមកក្នុងគម្ពីរតេរសនិបាត តក្ការិយជាតក ។
មានរឿងដំណាលថា គ្រាកាលនោះមានព្រានព្រៃម្នាក់នៅក្នុងក្រុងពារាណសី ដើរទៅព្រៃហេមពាន្តដើម្បីបាញ់ម្រឹគ ព្រាននោះបានចាប់យកសត្វកិន្នរមួយគូញីឈ្មោល នាំមកថ្វាយព្រះបាទពារាណសី ៗ ទ្រង់ត្រាស់សួរថា កិន្និរនេះមានគុណដូចម្ដេចខ្លះ ព្រានព្រៃក្រាបទូលថា កិន្នរនេះចេះរាំផង ចេះច្រៀងផង រាំក៏ល្អមើល ច្រៀងក៏ពីរោះស្ដាប់ មនុស្សយើងចេះមិនដូចឡើយ ស្ដេចទ្រង់ព្រះសណ្ដាប់កិត្តិគុណ ដូច្នោះហើយ មានព្រះទ័យត្រេកអរទ្រង់ប្រទានទ្រព្យសម្បត្តិដល់ព្រានព្រៃមានប្រមាណច្រើន ហើយទ្រង់ត្រាស់ប្រើឱ្យកិន្នរទាំងពីរឱ្យច្រៀងរាំនិងទតកម្សាន្តព្រះទ័យ ។ ![]() ទើបកិន្នរទាំងពីរគិតថា កាលយើងច្រៀងក៏មិនពីរោះពីសាអ្វីកាលរាំសោតក៏មិនល្អមើលអ្វី នឹងទៅជារាំជាច្រៀងតែផ្ដេសផ្ដាស ទោសមុសាវាទក៏នឹងកើតមានដល់យើង ព្រោះតែពោលច្រើន ព្រោះតែធ្វើច្រើន សុទ្ធតែមិនពិត ។ ![]() កិន្នរទាំងពីរគិតដូច្នោះហើយ ក៏មិនច្រៀងមិនរាំ ស្ដេចប្រើហើយប្រើទៀត សត្វកិន្នរទាំងពីរនៅតែមិនច្រៀងមិនរាំទើបទ្រង់ខ្ញាល់ប្រើគេឱ្យយកទៅសម្លាប់ មេកិន្នរបានស្ដាប់ព្រះរាជឱង្ការដឹងថា ស្ដេចទ្រង់ខ្ញាល់នឹងឱ្យសម្លាប់អាត្មាដូច្នោះ ក៏មិនគិតថា គួរអញនឹងពោលពាក្យល្អក្នុងកាលឥឡូវនេះចុះ មេកិន្នរគិតហើយទើបសូត្រជាបទគាថាថា សតំ សហស្សានំទុព្ភាសិតានំ កល្លម្បិនាគ្ឃតិសុភាសិតស្ស ទុព្ភាសិតំ សង្កមានោ កិលេសេ តស្មា តុណ្ហី កឹ បុរិសោ ន ពាល្យាតិ ប្រែថា រយពាន់គុណន័យវាចាជាទុព្ភាសិត គង់មិនដល់មួយចំណិតនៃវាចាជាសុភាសិត កាលបុគ្គលពោលពាក្យឱ្យយាងចុះកាន់គន្លងទុព្ភាសិតហើយ នឹងបានសោយទុក្ខលំបាកនិងសៅហ្មងមិនលែងឡើយ ។ ហេតុនោះបានជាកិន្នរឈ្មោលនៅស្ងៀមមិនច្រៀងមិនរាំ ព្រោះខ្លាចទុព្ភាសិត មិនមែនស្ងៀមនៅដោយការល្ងង់ខ្លៅទេ ។ ព្រះបាទពារាណសី ទ្រង់ព្រះសណ្ដាប់ពាក្យមេកិន្នរហើយ មានព្រះទ័យរីករាយ ក៏ទ្រង់មានព្រះរាជឱង្ការបង្គាប់ឱ្យនាំមេកិន្នរទៅលេងឯព្រៃហិមពាន្ត ទ្រង់ព្រះបង្គាប់ឱ្យយកកិន្នរឈ្មោលទៅសម្លាប់ធ្វើព្រះស្ងោយក្នុងពេលព្រឹក ។ កិន្នរឈ្មោលបានឮហើយនឹកក្នុងចិត្តថា ទំនងជាស្ដេចឱ្យសម្លាប់អញដោយពិត បើដូច្នោះគួរអញនឹងពោលពាក្យពីរោះខ្លះក្នុងកាលឥឡូវនេះចុះ កិន្នរឈ្មោលគិតហើយ ក៏ពោលពាក្យជាវេយ្យាករណ៍ថា បណ្ដាសត្វទ្វេបាទទាំងអស់ តែងបរិភោគស្មៅជាចំណីមានផ្ទៃមេឃជាទីពឹងពំនាក់ បណ្ដាមនុស្សទាំងអស់ មានសត្វចិញ្ចឹមជាទីពឹងទីពំនាក់ ព្រោះថា មនុស្សតែងរស់នៅបាន ក៏អាស្រ័យនឹងបញ្ចគោរស ចំណែកខ្លួនខ្ញុំមានព្រះអង្គជាទីពឹងទីពំនាក់ ប្រពន្ធខ្ញុំមានជាទីពឹងទីពំនាក់ កាលខ្ញុំទាំងពីរនាក់មានជីវិតរស់នៅដរាបណា នឹងមិនបានលះចោលគ្នាដរាបនោះ ហេតុដូច្នោះ បើព្រះអង្គប្រាថ្នានឹងលែងមេកិន្នរ ឱ្យមេកិន្នរឱ្យទៅឯព្រៃហិមពាន្ត ត្រូវតែព្រះអង្គឱ្យសម្លាប់ខ្ញុំឱ្យហើយជាមុនទៅ សឹមលែងមេកិន្នរឱ្យទៅជាខាងក្រោយចុះ ។ ![]() ព្រះបាទពារាណសី បានទ្រង់ស្ដាប់សម្ដីនៃសត្វទាំងពីរ ពីរោះដូច្នោះ ក៏ត្រឡប់ជាស្រួលព្រះទ័យ ទ្រង់ប្រើព្រានព្រៃឱ្យនាំយកកិន្នរទាំងពីរទៅលេងឯព្រៃហិមពាន្ត ហើយទ្រង់ហាមមិនឱ្យអ្នកណាមួយសម្លាប់កិន្នរទាំងពីរ ចាប់ដើមតាំងពីរថ្ងៃនោះទៅ សត្វកិន្នរទាំងពីរបានរួចពីមរណភ័យ ព្រោះខ្លាចមុសាវាទ មិនហ៊ានពោលពាក្យទុព្ភាសិតតាំងនៅនឹងតែក្នុងពាក្យជាសុភាសិតតែម្យ៉ាង សមដូចបតគាថាថា តស្មា មរណតោ មោក្ខំ បត្ថយន្តេន ជន្តុនា បហាយ អលិកំ សច្ចំ ភាសិតព្វំ សុធិមតា ប្រែថា ជនជាបណ្ឌិតអ្នកមានបញ្ញា កាលប្រាថ្នាចង់ឱ្យរួចចាកមរណភ័យនោះ គប្បីលះចោលពាក្យកុហក ហើយពោលតែពាក្យសច្ចៈ មួយផ្នែកប៉ុណ្ណោះ ។ ព្រះវង្គីសត្ថេរលោកដឹងសេចក្ដីនេះពិតហើយ ទើបលោកសម្ដែងជាបទគាថាដរាបចូលក្នុងសុភាសិតសូត្រដូច្នេះថា សច្ចំ វេ អមតា វាចា ឯស ធម្មោ សនន្តនោ សច្ចេ អត្ថេ ច ធម្មេ ច អហុ សន្តោ បតិដ្ឋិតា ប្រែថា វចីសច្ចជាវាចាមិនស្លាប់ពិត វចីសច្ចនេះជាធម៌គឺអ្នកប្រាជ្ញទាំងឡាយតែងសន្សំហើយពីមុនៗ អ្នកប្រាជ្ញទាំងឡាយមានព្រះពុទ្ធជាដើម តែងស្ថិតនៅក្នុងសច្ចធម៌ គឺធម៌ជាប្រយោជន៍ខ្លួនផង ប្រយោជន៍អ្នកដទៃផង តាមធម្មតាមិនឃ្លៀងឃ្លាតឡើយ ។ ចប់រឿងកិន្នរ ។ ដោយ៥០០០ឆ្នាំ |