ព្រះបាទសិវិពោធិសត្វបរិច្ចាគភ្នែកជាទាន

|
ព្រះសាស្ដាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធអសទិសទាន ត្រាស់ ធម្មទេសនានេះ មានពាក្យថា ទូរេ អបស្សំ ថេរោវា ដូចនេះជាដើម ។ រឿងរ៉ាវជាបច្ចុប្បន្ននិទាននោះ បានពោលពិស្ដារហើយក្នុងសិវិជាតក ក្នុង អដ្ឋកនិបាតនោះឯង ។ ក្នុងកាលនោះ ព្រះបាទបសេនទិកោសល ទ្រង់ថ្វាយបរិក្ខារគ្រប់យ៉ាង ក្នុងថ្ងៃទី ៧ ទូលសូមនូវការអនុមោទនា ។ ព្រះសាស្ដាមិនបានត្រាស់អ្វីឡើយ ស្ដេចទៅកាន់វិហារ ។ ព្រះរាជាទ្រង់យាងទៅកាន់វិហារកក្នុងវេលានៃភោជនគឺបុគ្គលគប្បីបរិភោគក្នុងវេលាព្រឹក (ក្នុងវេលាអាហារពេលព្រឹក) ហើយត្រាស់សួរថា បពិត្រព្រះអង្គដ៏ចម្រើន ព្រោះហេតុអ្វី ព្រះអង្គទើបមិនធ្វើការអនុមោទនា ? ព្រះសាស្ដាត្រាស់ថា បពិត្រមហារាជ ព្រោះបរិសទ្យមិនបរិសុទ្ធ ហើយទ្រង់សម្ដែងព្រះធម្មទេសនាដោយព្រះគាថាថា ន វេ កទរិយា ទេវលោកំ វជន្តិ បុគ្គលកំណាញ់ស្វិតស្វាញមិនបានទៅកាន់ទេវលោកទេ ជាដើម ។ ព្រះរាជាទ្រង់ជ្រះថ្លាបានបូជាព្រះតថាគតដោយសំពត់ឧត្តរាសង្គៈ (សំពត់ដណ្ដប់) ដែលជាសីវេយ្យកពស្ត្រមានតម្លៃ ១ សែន ហើយស្ដេចត្រឡប់ ទៅព្រះនគរ ។ |