Reading Article
Public date : 30, Jun 2023 (3,361 Read)
សោណទិន្នាវិមាន ទី៦

|
(ព្រះមោគ្គល្លានសួរថា) ម្នាលទេវតា នាងមានសម្បុរល្អញុំាងទិសទាំងពួងឲ្យភ្លឺច្បាស់ដូចផ្កាយព្រឹក ឋិតនៅ នាងមានសម្បុរបែបនោះ ដោយហេតុអី្វ ផលសម្រេច ដល់នាងក្នុងទីនេះផង ភោគៈទាំងឡាយ ណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈ ទាំងនោះក៏កើតឡើងដល់នាងផង តើដោយហេតុអី្វ?
ម្នាលទេវធីតា មានអានុភាពច្រើន អាត្មាសូមសួរនាង នាងកាល ដែលកើតជាមនុស្សបានធ្វើបុណ្យអី្វ នាង មានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់នាងក៏ភ្លឺច្បាស់ សព្វទិស តើដោយ ហេតុអី្វ? ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្ត ត្រេកអរ លុះព្រះមោគ្គល្លាន សួរប្រស្នាហើយ ក៏ដោះស្រាយនូវផលនៃកម្មនេះថា៖ ជនទាំងឡាយស្គាល់នូវខ្ញុំថា សោណទិន្នា ខ្ញុំជាឧបាសិកានៅក្នុងស្រុក នាលន្ទា ជាស្ត្រីបរិបូណ៌ដោយសទ្ធា និងសីល ត្រេកអរក្នុងការចែករំលែក នូវទាន សព្វកាល មានចិត្តជ្រះថ្លា ក្នុងពួកបុគ្គល មានចិត្តត្រង់ បានឲ្យគ្រឿងស្លៀកដណ្តប់ ភត្ត សេនាសនៈ និងគ្រឿងប្រទីប ខ្ញុំបានរក្សា ឧបោសថ ប្រកបដោយអង្គ ៨ អស់ថ្ងៃទី ១៤ ទី ១៥ និងទី ៨ នៃបក្ខផងអស់បាដិហារិយបក្ខ ផងបានសង្រួម ក្នុងសីលទាំងឡាយសព្វកាល ជាអ្នកវៀរចាក បាណាតិបាត សង្រួមចាក មុសាវាទ ឆ្ងាយចាក ការលួច ចាកការប្រព្រឹត្តិកន្លង (ចិត្តស្វាមី) និងការផឹកនូវទឹកស្រវឹង ត្រេកអរក្នុងសិក្ខាបទទាំង ៥ ឈ្លាសវៃ ក្នុងអរិយសច្ច ជាឧបាសិកា របស់ព្រះគោតម ព្រះអង្គមានបញ្ញាចក្ខុ មានយស ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរ បែបនោះ។បេ។ បានជាខ្ញុំមានសម្បុរ ភ្លឺច្បាស់ សព្វទិស។ ចប់ សោណទិន្នាវិមាន ទី៦។ ខុទ្ទកនិកាយ វិមានវត្ថុ ចតុត្ថភាគ (ព្រះត្រៃបិដក ភាគទី៥៥) ធម្មតាអ្នកបង្ហូរទឹក តែងបង្ហូរទឹកទៅ អ្នកធើ្វព្រួញតែងពត់ព្រួញ (ឱ្យត្រង់) អ្នកចាំងឈើ តែងចាំងឈើ ឯបណ្ឌិតទាំងឡាយ តែងទូន្មានខ្លួន (ដូច្នោះឯង) ។ ដោយ៥០០០ឆ្នាំ
|