Wednesday, 22 Sep B.E.2565  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 69,889
Today
Yesterday 167,951
This Month 3,911,980
Total ២២៣,៥០៣,៥៥៥
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 04, May 2020 (51475 Read)

ទីឃីតិកោសលជាតក



Audio
 
ទីឃីតិកោសលជាតក
( ពៀរ រម្ងាប់​ដោយ​ការ​មិន​ចង​ពៀរ )

ព្រះបរមសាស្តា កាល​ដែល​ព្រះអង្គ​ទ្រង់​គង់​ប្រថាប់​នៅ​នាង​មហា​វិហារ​ព្រះជេតពន ទ្រង់​ប្រារព្ធ​ពួក​ភិក្ខុ​ក្រុង កោសម្ពី​ដែល​ឈ្លោះ​ទាស់​ទែង​គ្នា ទើប​ព្រះ​អង្គ​ត្រាស់​សម្តែង​នូវ​ព្រះធម៌ទេសនា​នេះ ដោយ​ពាក្យ​ថា ឯវំ ភូតស្ស តេ រាជ ដូច្នេះ​ជាដើម ។

បាន​ស្តាប់​មក​ថា ក្នុង​កាល​ដែល​ភិក្ខុ​ទាំង​នោះ និមន្ត​មក​កាន់​ព្រះជេតពន​មហា​វិហារ ដើម្បី​សូម​នូវ​ការ​អត់​ទោស​ពី ព្រះបរមសាស្តា ព្រះ​ដ៏​មាន​ព្រះភាគ ត្រាស់​ហៅ​ភិក្ខុ​ទាំង​នោះ​មក​ហើយ ទ្រង់​ត្រាស់​ដូច្នេះ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំង​ឡាយ ជា​ឱរស​របស់​តថាគត គឺ​ជា​កូន​ដែល​កើត​អំពី​មាត់ ។ ធម្មតា​ដែល​ជា​ឱរស គឺ​មិន​គួរ​ទម្លាយ​នូវ​ឱវាទ ដែល​បិតា​ទុក​ឲ្យ​ហើយ ប៉ុន្តែ​អ្នក​ទាំង​ឡាយ បែរ​ទៅ​ជា​អ្នក​មិន​ធ្វើ​តាម​ឱវាទ​របស់​តថាគត គឺ​ជា​អ្នក​ទម្លាយ​នូវ​ឱវាទ ទៅ​វិញ ។
 
បណ្ឌិត​ទាំង​ឡាយ​ពី​បុរាណ សូម្បី​ចោរ​ដែល​ជា​អ្នក​សម្លាប់​មាតា​បិតា​របស់​ខ្លួន ហើយ​ប្លន់​យក​នូវ រាជសម្បត្តិ បាន​​ធ្លាក់​ចូល​ក្នុង​កណ្តាប់​ដៃ​ក្នុង​ព្រៃ ក៏នៅ​តែ​ឲ្យ​អភ័យ មិន​សង​សឹក ដោយ​គិត​ថា យើង​នឹង​មិន ទម្លាយ​ឱវាទ​ដែល​មាតា​បិតា​ទុក​ឲ្យ ។ រួច​ហើយ ព្រះ​អង្គ​ទ្រង់​នាំ​យក​រឿង​ក្នុង​អតីត​កាល​មក​សម្តែង ។ រឿង ដោយ​ពិស្តារ​មាន​ក្នុង​វិនយបិដក រឿង​ដោយ​សង្ខេប​មាន​ដូច​ត​ទៅ ៖

ក្នុង​អតីត​កាល ស្តេច​ក្រុង​ពារាណសី​ទ្រង់​ព្រះ​នាម​ព្រហ្មទត្ត ជា​ស្តេច​ស្តុកស្តម្ភ​មាំមួន បាន​លើក​ទ័ព​ចេញ​ទៅ​ច្បាំង នឹង​ស្តេច​ទីឃីតិកោសល ។ ស្តេច​ក្នុង​ដែន​កោសល​ព្រះនាមទីឃីតិ ជា​ស្តេច​កម្សត់ មាន​សម្បត្តិ​តិច មាន​កម្លាំង​ទ័ព តិច បាន​នាំ​មហេសី​លប​រត់​ចេញ​ពី​ក្រុង​ជា​មុន ។
 
គ្រា​នោះ ស្តេច​ក្នុង​ដែន​កាសិ​ព្រះនាម​ព្រហ្មទត្ត បាន​ដណ្តើម​យក ពួកពល ពាហនៈ ជនបទ ឃ្លាំង ជង្រុក​របស់​ស្តេច​ក្នុង​ដែន​កោសល​ព្រះនាម​ទីឃីតិ ហើយ​គ្រប់​គ្រង​រក្សា ។ ចំណែក​ស្តេច​ទីឃីតិ​បាន​នាំ​មហេសី​ទៅ​អាស្រ័យ​នៅ​ក្នុង​ផ្ទះ​ស្មូន​ឆ្មាំង ដែល​ឋិត​នៅ​ជាយ​ក្រុង​ពារាណសី ដោយ​ក្លែង ភេទ​មិន​ឲ្យ​អ្នក​ដទៃ​ស្គាល់​បាន ទ្រង់​ស្លៀក​ដណ្តប់​ជា​បរិព្វាជក ។
 
ក្រោយ​មក​មិន​យូរ​ប៉ុន្មាន ព្រះមហេសី​នៃ​ព្រះ បាទ​ទីឃីតិ​ក៏​ទ្រង់​គភ៌ លុះ​ដល់​គភ៌​ចាស់​ហើយ ក៏​បាន​ប្រសូត​នូវ​ព្រះបរមពោធិ​សត្វ ព្រះ​មាតា​បិតា​ទ្រង់​ប្រទាន​នាម ថា ទីឃាវុ ។ លុះ​ដល់​ទី​ឃាវុ​កុមារ​ដឹង​ក្តី បិតា​ក៏​បញ្ជុន​បុត្រ​ឲ្យ​ទៅ​នៅ​ក្រៅ​ក្រុង ក្រែង​ថ្ងៃ​មុខ​ថ្ងៃ​ក្រោយ ស្តេច​ដែន កាសី​ជ្រាប​ដំណឹង​នឹង​សម្លាប់​ទាំង​អស់​គ្នា ។
 
ទីឃាវុ​កុមារ កាល​ដែល​នៅ​ក្រៅ​ក្រុង មិន​យូរ​ប៉ុន្មាន​ក៏​បាន​សិក្សា​ចេះ ដឹង​នូវ​សិល្បសាស្ត្រ​សព្វ​គ្រប់ ។ ពិត​មែន ដោយ​មាន​អ្នក​ក្រាប​ទូល​ដល់​ព្រះបាទព្រហ្មទត្ត​ជា​ស្តេច​ដែន​កាសី ព្រះបាទ​ទីឃីតិ​និង​ព្រះអគ្គមហេសី ក៏ ត្រូវ​ចាប់​ខ្លួន​បាន គេ​ចង​ដើម​ដៃ​ទ្រង់​ទាំង ២ ព្រះអង្គ​ទៅ​ខាង​ក្រោយ​ដោយ​ចំណង​ដ៏​មាំ កោរ​ក្បាល​ឲ្យ​រលីង ទូង ស្គរ​បណ្តើរ​សព្វ​ច្រក សព្វ​ផ្លូវ​ត្រឡែង​កែង ។
 
កាល​នោះ ទី​ឃាវុ​កុមារ​មាន​សេចក្តី​ត្រិះរិះ​យ៉ាង​នេះ​ថា អាត្មា​អញ​ខាន ឃើញ​មាតាបិតា​យូរ​ណាស់​ហើយ បើ​ដូច្នោះ​គួរ​តែ​អាត្មា​អញ​ទៅ​មើល​មាតា​បិតា​បាន​ម្តង​សិន ។ ទី​ឃាវុ​កុមារ ចូល ទៅ​ដល់​ក្រុងពារាណសី​ហើយ បាន​ឃើញ​មាតា​បិតា​ដែល​គេ​កំពុង​តែ​ចង​ស្លាប​សេក​បណ្តើរ​គ្រប់​ច្រក​ល្ហក និង​គ្រប់ ផ្លូវ លុះ​ឃើញ​ហើយ ក៏​ចូល​ទៅ​រក​មាតា​បិតា ។

ព្រះ​បាទ​ទីឃីតិ ទ្រង់​ទត​ឃើញ​បុត្រ​មក​អំពី​ចម្ងាយ ក៏​ស្រែក​ផ្តាំ​បុត្រ ដូច្នេះ​ថា នែ​ទីឃាវុ​កូន ! ចូរ​កូន​កុំ​ឃើញ​កាល​វែង កុំ​ឃើញ​កាល​ខ្លី នែ​ទីឃាវុ​កូន ! ធម្មតា​ពៀរ​មិន​ដែល​រម្ងាប់​ដោយ ការ​ចង​ពៀរ​ទេ គឺ​ពៀរ​តែង​រម្ងាប់​ដោយ​ការ​មិន​ចង​ពៀរ ។ ពួក​ជន​ទាំង​ឡាយ បាន​សម្គាល់​ព្រះអង្គ​ថា​ឆ្កួត​រវើរវាយ និយាយ​ផ្តេស​ផ្តាស ហើយ​បាន​នាំ​ព្រះអង្គ​ចេញ​ទៅ​តាម​ទ្វារ​ខាង​ត្បូង កាត់​ខ្លួន​ព្រះអង្គ​ជា ៤ កំណាត់ ។

លុះ​ដល់ ពេល​ស្ងាត់ ព្រះបរមពោធិសត្វទីឃាវុ​កុមារ ក៏​បាន​ចូល​ដល់​ទី​ប្រហារ​ជីវិត ប្រមូល​កំណាត់​ឈើ​ហើយ​លើក​សរីរៈ មាតា​បិតា​ដាក់​លើ​ជើង​ថ្ករ រួច​ក៏​បូជា​ដោយ​ភ្លើង ផ្គង​អញ្ជលី​ធ្វើ​ប្រទក្សិណ​ជើង​ថ្ករ ៣ ជុំ ។ គ្រា​នោះ ទី​ឃាវុ​កុមារ​ទៅ ឯព្រៃ ហើយ​ខ្សឹក​ខ្សួល​ទួញ​យំ ដោយ​សេចក្តី​អាល័យ​អួល​ណែន​ក្នុង​ទ្រូង យំ​អស់​ចិត្ត​ហើយ ទើប​ជូត​ទឹក​ភ្នែក ត្រឡប់​ចូល​ក្រុង​ពារាណសី​វិញ ទៅ​សូម​រៀន​សិល្បៈ​នឹង​ហ្មដំរី នៅ​ជិត​ព្រះ​រាជវាំង ។

ទី​ឃាវុ​កុមារ ក្រោក​ឡើង​ក្នុង បច្ចូស​សម័យ​នៃ​រាត្រី ស្រែក​ច្រៀង​ដោយ​សំឡេង​ដ៏​ពី​រោះ ព្រម​ទាំង​ដេញ​ពិណ​ផង​ក្នុង​រោង​ដំរី ដែល​ធ្វើ​ឲ្យ​ព្រះរាជា ពេញ​ព្រះរាជហឫទ័យ ឲ្យ​នៅ​បម្រើ​ព្រះអង្គ ។ ដោយ​ទី​ឃាវុ​កុមារ​ពូកែ​ផ្គាប់​ចិត្ត​ព្រះរាជា មិន​យូរ​ប៉ុន្មាន​ព្រះរាជា​ក៏​ បាន​តែង​តាំង​ទី​ឃាវុ​កុមារ ក្នុង​ភាព​ជា​អ្នក​សិទ្ធ​ស្នាល​ខាង​ក្នុង ។

ថ្ងៃ​មួយ​ព្រះ​រាជា បាន​ត្រាស់​បង្គាប់​ឲ្យ​ទីឃាវុ​កុមារ​ទឹម​រាជរថ នាំ​ព្រះអង្គ​ទៅ​ប្រពាតម្រឹគ​ក្នុង​ព្រៃ ។ ព្រះ​រាជា​នឿយ ហត់​ព្រះកាយ​ដោយ​ផ្លូវ​ឆ្ងាយ​បាន​ត្រាស់​ឲ្យ​ទី​ឃាវុ​កុមារ​ដាក់​រាជ​រថ​សិន ហើយ​ផ្ទំ​កើយ​ព្រះ​សីសៈ​លើ​ភ្លៅ​ទី​ឃាវុ​កុមារ ក្រោម​ម្លប់​ឈើ ក៏​លង់​លក់​មួយ​រំពេច​ទៅ ។​
 
លំដាប់​នោះ ទី​ឃាវុ​កុមារ ​ក៏​មាន​សេចក្តី​ត្រិះ​រិះ​យ៉ាង​នេះ​ថា ស្តេច​ក្នុង ដែន​កាសី​ព្រះនាម​ព្រហ្មទត្ត​នេះ បាន​ធ្វើ​នូវ​សេចក្តី​វិនាស​ជា​ច្រើន​ដល់​អាត្មា​អញ ទាំង​ពលពាហនៈ ជនបទ ឃ្លាំង និង ជង្រុក របស់​អាត្មា​អញ ស្តេច​នេះ​រឹប​ជាន់​យក​អស់ មិន​តែ​ប៉ុណ្ណោះ ទាំង​មាតា​បិតា​របស់​អាត្មា​អញ ក៏​ត្រូវ​សេ្តច នេះ​សម្លាប់​ចោល​អស់​ទៀត វេលា​នេះ គួរ​អាត្មា​អញ​សង​ពៀរ​ដល់​ស្តេច​នេះវិញ ហើយ​ក៏​ហូត​ព្រះខាន់​ចេញ​ពី ស្រោម ។

វេលា​នោះ ទីឃាវុ​កុមារ មាន​សេចក្តិ​ត្រីះរិះ​យ៉ាង​នេះ​ថា បិតា​បាន​ផ្តាំ​អាត្មា​អញ​ក្នុង​ពេល​ដែល​ទៀប​នឹង ធ្វើ​មរណភាព​ថា នែ​ទីឃាវុ​កូន អ្នកឯង កុំ​ឃើញ​កាល​វែង កុំ​ឃើញ​កាល​ខ្លី នែ​ទីឃាវុ​កូន ធម្មតា​ពៀរ​មិន​ដែល​រំងាប់ ដោយ​ការ​ចងពៀរ​ទេ គឺ​ពៀរ​តែង​រំងាប់​ដោយ​ការ​មិន​ចងពៀរ បើ​អាត្មា​អញ​កន្លង​ពាក្យ​បិតា​ហើយ អំពើ​នេះ​ឈ្មោះ ថា មិន​សម​គួរ​ដល់​អាត្មា​អញ​ឡើយ ហើយ​ក៏​សៀត​ព្រះខាន់​ចូល​ទៅ​ក្នុង​ស្រោម​វិញ ។ ទី​ឃាវុ​កុមារ មាន​សេច​ក្តី ត្រិះរិះ​ឃើញ​ការ​សងពៀរ ជា​លើក​ទី ២ និង​ជា​លើក​ទី ៣ ប៉ុន្តែ​រាល់​លើក​មិន​បាន​សម្រេច​ឡើយ ដោយ​រលឹក​ឃើញ បណ្តាំ​ព្រះ​បិតា​មុន​នឹង​គេ​ធ្វើ​ឃាត​ព្រះអង្គ ។
 
គ្រា​នោះ ស្តេច​ព្រហ្មទត្ត​ទ្រង់​ភិត​ភ័យ​ភ្ញាក់​ផ្អើល ស្លើត​ស្លក់​តក់​ស្លុត ហើយ​ក៏​តើន​ឡើង​ភ្លាម ។ ទីឃាវុ​កុមារ ទូល​សួរ​ដូច្នេះ​ថា សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ទ្រង់ ភិត​ភ័យ​តក់​ស្លុត ហើយ​តើន​ឡើង​ដូច្នេះ ? ស្តេច​ក៏​តប​ថា នែ​នាយ​មាណព ព្រោះ​យើង​យល់​សប្តិ ឃើញ​ដូចជា ទីឃាវុ​កុមារ ជា​កូន​សេ្តច​ក្នុង​ដែន​កោសល ឈ្មោះ​ទីឃីតិ លើក​ព្រះខាន់​ឡើង​គំរាម​យើង​ក្នុង​ទីនេះ ព្រោះ​ហេតុ នោះ បាន​ជា​យើង​ភ័យ​ភ្ញាក់​ផ្អើល ស្លើត​ស្លក់​តក់​ស្លុត ហើយ​ក្រោក​ឡើង​ភ្លាម ។ ភ្លាម​នោះ ទីឃាវុ​កុមារ បាន​យក​ដៃ ខាង​ឆ្វេង​ចាប់​សង្កត់​ព្រះសីសៈ​នៃ​ស្តេច​ក្នុង​ដែនកាសី ព្រះនាម​ព្រហ្មទត្ត ហើយ​យក​ដៃ​ខាង​ស្តាំ​ហូត​ព្រះខាន់ រួច និយាយ​ពាក្យ​នេះ​នឹង​ស្តេច​ថា នែ​ព្រះអង្គ ! ទូល​ព្រះ​បង្គំ​នេះ​ហើយ ដែល​ឈ្មោះ​ទីឃាវុ​កុមារ ជា​កូន​ស្តេច​ក្នុង​ដែន កោសល​ព្រះនាម​ទីឃីតិ ព្រះអង្គ​បាន​ធ្វើ​សេចក្តី​វិនាស​ជា​ច្រើន​ដល់​ទូល​ព្រះ​បង្គំ ទាំង​ព្រះ​មាតា​បិតា​របស់​ទូលព្រះ បង្គំ ព្រះ​អង្គ​ក៏​ឲ្យ​គេ​ធ្វើ​ឃាត​ចោល​ទាំង​អស់ ពេលនេះ គួរ​តែ​ទូល​ព្រះ​បង្គំ​សង​ពៀរ​ដល់​ព្រះ​អង្គ​វិញ ។

ទីឃាវុ​កុមារ គិតថា យើង​នេះ​សូម្បី​ត្រូវ​លះ​បង់​ជីវិត ក៏​មិន​ទម្លាយ​នូវ​ឱវាទ​ព្រះបិតា​យើង​ឡើយ​ គ្រាន់​តែ​សម្លុត​ព្រះរាជា​ប៉ុណ្ណោះ ទើប​ពោល​គាថា​ដែល​មាន​សេច​ក្តី​ថា ៖ បពិត្រ​ព្រះរាជា ព្រះ​អង្គ​ធ្លាក់​មក​ក្នុង​អំណាច​របស់​ទូល​ព្រះបង្គំ យ៉ាង​នេះ​ហើយ តើ​ហេតុ​ណា​មួយ​ដែល​ញ៉ាំង​ព្រះ អង្គ​ឲ្យ​រួច​ចាក​ទុក្ខ មាន​ដែរ​ឬ ? ព្រះរាជា​ត្រាស់​នូវ​ព្រះ​គាថា​ឆ្លើយ​តប ដែល​មាន​សេចក្តី​ថា ៖ ម្នាល​អ្នក​អើយ យើង​ធ្លាក់​នៅ​ក្នុង​អំណាច​របស់​អ្នក បា្រកដ​យ៉ាង​នេះ​ហើយ ហេតុ​ណា​មួយ​ដែល​ញ៉ាំង​យើង​ឲ្យ​រួច ចាក​ទុក្ខ មិន​មាន​ឡើយ ។

វេលា​នោះ​ស្តេច​ក្នុង​ដែន​កាសី​ព្រះនាម​ព្រហ្មទត្ត ក៏​ឱន​ព្រះសិរ​ក្រាប​ទៀប​ជើង​ទីឃាវុ​កុមារ​ហើយ​មាន​ព្រះរាជ​ឱង្ការ ទៅ​នឹង​ទីឃាវុ​កុមារ​យ៉ាង​នេះ​ថា នែ​ទីឃាវុ​កូន ! សូម​អ្នក​អាណិត​ឲ្យ​ជីវិត​ដល់​យើង​ផង នែ​ទីឃាវុ​កូន ! សូម​អ្នក អាណិត​ឲ្យ​ជីវិត​ដល់​យើង​ផង ។ ទីឃាវុ​កុមារ​តប​វិញ​ថា ទូល​ព្រះ​បង្គំ​នឹង​ថ្វាយ​ជីវិត​ព្រះ​អង្គ​ដូច​ម្តេច​ទៅ គឺ​គួរ​តែ ព្រះអង្គ​ប្រទាន​ជីវិត​ទូល​ព្រះ​បង្គំ​ទៅ​វិញ​ទេ ។ ព្រះរាជា​ត្រាស់​ថា នែ​ទីឃាវុ​កូន ! បើ​ដូច្នោះ​អ្នក​ចូរ​ឲ្យ​ជីវិត​យើង​ចុះ ឯ​យើង​ក៏​ឲ្យ​ជីវិត​អ្នក​វិញ​ដែរ ។

កាលដែល​ទីឃាវុ​កុមារ ថ្វាយ​ជីវិត​ព្រះអង្គ​ហើយ លំដាប់​នោះ ទីឃាវុ​កុមារ​បាន​ពោល​គាថា ដូច្នេះ​ថា​ ៖ នាញ្ញំ សុចរិតំ រាជ    នាញ្ញំ រាជ សុភាសិតំ  តាយតេ មរណកាលេ    ឯវមេវិតរំ  ធនំ  ។ បពិត្រ​ព្រះរាជា អ្វី​ដទៃ​ក្រៅ​ពី​សុចរិត និង​វាចា​ដែល​ជា​សុភា​សិត គឺ​មិន​អាច​ការពារ​ព្រះជន្ម​របស់​ព្រះអង្គ កុំ​ឲ្យ​ដល់ នូវ​មរណៈ​ក្នុង​ពេល​នេះ​បាន​ឡើយ ទ្រព្យ​ក្រៅ​ពី​នេះ ក៏​យ៉ាង​នោះ​ដែរ ។

[ អធិប្បាយ​ថា បពិត្រ​ព្រះរាជា វៀរ​ចាក​សុចរិត និង​វាចា​ជា​សុភាសិត ពោល​គឺ​ឱវាទ​របស់​ព្រះបិតា​ទូល​បង្គំ​ចេញ ហើយ អ្វី​ដទៃ​អាច​ការពារ​ក្នុង​វេលា​អស់​ព្រះជន្ម រមែង​មិន​មានឡើយ ទ្រព្យ​ក្រៅ​ពី​នេះ​ក៏​ដូចគ្នា​ដែរ គឺ​មិន​មាន ប្រយោជន៍​ទេ ព្រោះ​ថា​ក្នុង​ពេល​នេះ ទោះ​ជា​ព្រះអង្គ​ឲ្យ​ទ្រព្យ​រាប់​សែន​កោដិ ដល់​ទូល​ព្រះបង្គំ ក៏​ព្រះអង្គ​មិន​អាច បាន​នូវ​ជីវិត​ដែរ ។ ]

ព្រះ​បរមពោធិសត្វ​បាន​សម្តែង​ព្រះ​គាថា​ជា​បន្ត ៖
អក្កោច្ឆិ  មំ  អវធិ  មំ      អជិនិ ​ មំ  អហាសិ  មេ    យេ   ច  តំ  ឧបនយ្ហន្តិ    វេរំ   តេសំ  ន  សម្មតិ ។ បុគ្គល​ទាំង​ឡាយ​ណា ចង​នូវ​ពៀរ​នោះ ដោយ​គិត​ថា អ្នក​ឯណោះ បាន​ជេរ​អញ បាន​វាយ​អញ បាន​ផ្ចាញ់​អញ បាន លួច​យក​ទ្រព្យ​របស់​អញ​ដូច្នេះ ពៀរ​របស់​បុគ្គល​ទាំង​ឡាយ​នោះ រមែង​មិន​រំងាប់​ឡើយ ។

អក្កោច្ឆិ  មំ  អវធិ  មំ        អជិនិ  មំ  អហាសិ  មេ        យេ  ច  តំ  នូបនយ្ហន្តិ      វេរំ  តេសូបសម្មតិ  ។ បុគ្គល​ទាំង​ឡាយ​ណា មិន​ចង​នូវ​ពៀរ​នោះ​ថា អ្នក​ឯ​ណោះ បាន​ជេរ​អញ បាន​វាយ​អញ បាន​ផ្ចាញ់​អញ បាន​លួច យក​ទ្រព្យ​របស់​អញ ដូច្នេះ ពៀរ​របស់​បុគ្គល​ទាំង​ឡាយ​នោះ ទើប​រំងាប់​បាន ។

ន  ហិ  វេរេន  វេរានិ       សមន្តីធ  កុទាចនំ     អវេរេន  ច  សម្មន្តិ         ឯស  ធម្មោ  សនន្តនោ ។ តាំង​ពី​ណា​ពី​ណី​មក ពៀរ​ទាំង​ឡាយ ក្នុង​លោក​នេះ រមែង​មិន​រំងាប់​ដោយ​ពៀរ​ទេ ពៀរ​ទាំង​ឡាយ រមែង​រំងាប់​បាន ដោយ​ការ​មិន​មាន​ពៀរ នេះ​ជា​បុរាណ​ធម៌ ។

គ្រា​នោះ​ស្តេច​ក្នុង​ដែន​កាសី និង​ទីឃាវុ​កុមារ បាន​ឲ្យ​ជីវិត​គ្នា​ទៅ​វិញ​ទៅ​មក បាន​ចាប់​ដៃ​គ្នា​ផង ធ្វើ​សម្បថ​ផង ដើម្បី​មិន​ឲ្យ​មាន​រឿង​ប្រទូស​គ្នា​ត​ទៅ​ទៀត ។ បន្ទាប់​ពី​ត្រឡប់​ចូល​ក្រុង​វិញ​ហើយ ព្រះរាជា​បាន​ប្រកាស​ឲ្យ​មនុស្ស ទាំង​ឡាយ​បាន​ដឹង​ថា នេះ​ជា​កូន​ស្តេច​ក្នុង​ដែន​កោសល ឈ្មោះ​ទីឃាវុ​កុមារ អ្នក​ទាំង​ឡាយ មិន​ត្រូវ​ធ្វើ​ទោស ចំពោះ​ទីឃាវុ​កុមារ​នេះ​ឡើយ ព្រោះ​ទីឃាវុ​កុមារ​បាន​ឲ្យ​ជីវិត​យើង ទាំង​យើង​ក៏​បាន​ឲ្យ​ជីវិត​ដល់​ទីឃាវុកុមារ​វិញ ដែរ ។

ប្រកាស​ហើយ​ ព្រះរាជា​បាន​សួរ​ទៅ​ទីឃាវុ​កុមារ​យ៉ាង​នេះ​ថា នែ​ទីឃាវុ​កូន ! កាល​ដែល​ព្រះបិតា​របស់​អ្នក ជិត​នឹង​ធ្វើមរណភាព បាន​ផ្តាំ​បណ្តាំ​ណា​ចំពោះ​អ្នក​ថា ចូរ​កូន​កុំ​ឃើញ​កាល​វែង កុំ​ឃើញ​កាល​ខ្លី ធម្មតា​ពៀរ​មិន ដែល​រំងាប់​ដោយ​ការ​ចង​ពៀរ​ទេ គឺ​ពៀរ​តែង​រំងាប់​ដោយ​ការ​មិន​ចងពៀរ តើ​បណ្តាំ​នោះ​ព្រះបិតា​របស់​អ្នក​សំដៅ យក​ហេតុ​ត្រង់​ណា បាន​ជា​ផ្តាំ​ដូច្នេះ ? ទីឃាវុ​កុមារ បាន​ក្រាប​ទូល​ថា សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស កាល​ដែល​ព្រះ បិតា​របស់​ទូល​ព្រះ​បង្គំ ជិត​នឹង​ធ្វើ​មរណភាព បាន​ផ្តាំ​បណ្តាំ​ណា​ចំពោះ​ទូល​ព្រះ​បង្គំ​ថា ចូរ​កូន​កុំ​ឃើញ​កាល​វែង គឺ កុំ​ធ្វើ​ពៀរ​ឲ្យ​យូរ​អង្វែង​ឡើយ ឯ​បណ្តាំ​ដែល​ថា កុំ​ឃើញ​កាល​ខ្លី គឺ​កុំ​ប្រញាប់​បែក​ចាក​ពួក​មិត្ត​សម្លាញ់​ឡើយ ។

សូមទ្រង់​ព្រះ​មេត្តា​ប្រោស ចំណែក​បណ្តាំ​បន្ត​មក​ទៀត​ថា ធម្មតា​ពៀរ​មិន​ដែល​រំងាប់​ដោយ​ការ​ចង​ពៀរ​ទេ គឺ​ពៀរ​តែង រំងាប់​ដោយ​ការ​មិន​ចង​ពៀរ នោះ​សំដៅ​ត្រង់​មាតា​បិតា​របស់​ទូល​ព្រះបង្គំ ដែល​ទ្រង់​ឲ្យ​គេ​ប្រហារ​ជីវិត​ហើយ ព្រោះ ហេតុ​នោះ ប្រសិន​បើ​ទូល​ព្រះបង្គំ​នឹង​បំផ្លាញ​ព្រះអង្គ​ឲ្យ​ដាច់​ចាក​ជីវិត​វិញ គង់​មាន​ពួក​ជន​ដែល​ប្រាថ្នា​ប្រយោជន៍ ចំពោះ​ព្រះអង្គ នឹង​បំផ្លាញ​ទូល​ព្រះបង្គំ​ឲ្យ​ដាក់​ចាក​ជីវិត​វិញ​ដែរ ហើយ​ត​ទៅ​ទៀត ពួក​ជន​ដែល​ប្រាថ្នា​នូវ ប្រយោជន៍​ដល់​ទូល​ព្រះបង្គំ មុខ​តែ​បំផ្លាញ​ពួក​ជន​ទាំង​នោះ​ឲ្យ​ដាច់​ចាក​ជីវិត​មិន​ខាន​ឡើយ ពៀរ​នោះមិន​បាន រំងាប់​ដោយ​ការ​ចង​ពៀរ​យ៉ាង​នេះ​ឯង ។

ឥឡូវ​ព្រះអង្គ​ទ្រង់​ប្រទាន​ជីវិត​ដល់​ទូល​ព្រះបង្គំ​ជា​ខ្ញុំ​ហើយ ឯ​ខ្ញុំ​ព្រះអង្គ​ក៏ បាន​ថ្វាយ​ជីវិត​ដល់​ព្រះអង្គ​វិញ​ដែរ ដូច្នោះ ពៀរ​នោះ​នឹង​រំងាប់​ដោយ​ការ​មិន​ចង​ពៀរ​យ៉ាង​នេះ​ឯង​ សូម​ព្រះអង្គ ទ្រង់​ជ្រាប ។ គ្រា​នោះ ស្តេច​ក្នុង​ដែន​កាសី ព្រះនាម​ព្រហ្មទត្ត ទ្រង់​ស្ញើច​ថា អើហ្ន៎ ! ហេតុ​នេះ​ហៅ​ពេញ​ជា​អស្ចារ្យ ណាស់ អើហ្ន៎ ! ហេតុ​នេះ​ហៅ​ពេញ​ជា​ចម្លែក​ណាស់ ទីឃាវុ​កុមារ​នេះពេញ​ជា​អ្នក​ប្រាជ្ញ​មែន ព្រោះ​ដឹង​សេចក្តី​ដែល បិតា​ពោល​ដោយ​សង្ខេប ដោយ​ពិស្តារ​បាន ។

ព្រះរាជា​បាន​ប្រគល់​ពល ពាហនៈ ជនបទ ឃ្លាំង និង​ជង្រុក ជា​កេរ ដំណែល​បិតា ទៅ​ទីឃាវុ​កុមារ​វិញ ព្រម​ទាំង​ប្រទាន​ធីតា​របស់​ព្រះអង្គ​ទៀត​ផង ឲ្យ​ទីឃាវុ​កុមារ​តាំង​នៅ​ក្នុង រាជសម្បតិ្ត គ្រប់​គ្រង​ដែន​កោសល ។ តាំង​តែ​ពី​ពេល​នោះ​មក ព្រះរាជា​ទាំង​ពីរ​ព្រះអង្គ​ទ្រង់​ស្ម័គ្រ​ស្មាគម រីករាយ ព្រះហឫទ័យ​គ្រង​រាជសម្បត្តិ ។

ព្រះបរមសាស្តា ទ្រង់​ត្រាស់​សម្តែង​នូវ​រឿង​នេះ​ហើយ ព្រះភគវា​ព្រះអង្គ​ទ្រង់​ប្រទាននូវ​ឱវាទ​ដូច្នេះ​ថា ម្នាល​ភិក្ខុ ទាំង​ឡាយ គួរ​កោត​ដែរ យ៉ាង​ពួក​ក្សត្រ​ទាំង​នោះ ធ្លាប់​តែ​កាន់​ដំបង កាន់​គ្រឿង​សស្ត្រា ហើយ​មក​ចេះ​មាន​អំណត់ ព្រម​ទាំង​ប្រព្រឹត្ត​ល្អ​បែប​នេះ​បាន ។ ព្រោះ​ហេតុ​ដូច្នោះ ម្នាល​ភិក្ខុ​ទាំង​ឡាយ ម្នាល​អ្នក​រាល់​គ្នា​បាន​មក​បួស​ក្នុង ធម្មវិន័យ​នេះ ដែល​តថាគត​បាន​សម្តែង​ដោយ​ល្អ​យ៉ាង​នេះ​ហើយ គួរ​តែ​អត់​ធន់ គួរ​តែ​ខំ​ប្រព្រឹត្ត​ល្អ ឲ្យ​ល្អ​ឡើង ។
 
ព្រះបរមសាស្តា ទ្រង់​ប្រជុំ​ជាតកថា មាតា​បិតា​ក្នុង​គ្រា​នោះ បាន​មក​ជា​ត្រកូល​មហារាជ ចំណែក​ទីឃាវុ​កុមារ បាន មកជា តថាគត ដូច្នេះ​ឯង ៕

ប្រភព
ដោយ៥០០០ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 30, Jul 2021 (80022 Read)
រឿង​នាង​អម្ពបាលី
Public date : 23, Jul 2021 (51741 Read)
រឿង​ពស់​ថ្លាន់​
Public date : 04, May 2020 (56881 Read)
រឿងមហាសាលព្រាហ្មណ៍
Public date : 22, May 2020 (2997 Read)
​​​​​​​ជវនហំសជាតក
Public date : 06, Nov 2020 (22477 Read)
រឿង​នាង​កាញ្ចនទេវី
Public date : 19, Sep 2021 (10505 Read)
រឿងព្រាហ្មណ៍ចាស់
Public date : 23, Jul 2021 (12037 Read)
រឿងត្មាតខ្វាក់ និងឆ្មា
Public date : 27, Jul 2019 (26278 Read)
រឿង​មណិ​កណ្ឋនាគរាជ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).