Reading Article
Public date : 27, Jul 2019 (15,310 Read)
រឿងនាងអសិតាភូ

|
រឿងនាងអសិតាភូ
(ចាក អ. ទុ.) (ប្រាថ្នាហួសហេតុ នាំឪ្យអន្តរាយ) កាលកន្លងទៅហើយ មានព្រះរាជបុត្រ ព្រះចៅពារាណសីមួយអង្គ ព្រះរាជបិតាមិនគាប់ព្រះរាជហឫទ័យ ទ្រង់បំបោះបង់ព្រះរាជនិវេសន៏ បាននាំព្រះរាជទេពី របស់ទ្រង់ព្រះនាមអសិតាភូចូលទៅក្នុងព្រៃហេមពាន្ភ សោយត្រីសាច់និងផ្លែឈើ មើមឈើជាអាហារ ។ ព្រះនាងអសិតាភូ ជាព្រះទេពី ខំគោរពប្រតិបត្តិដោយបំរើដោយឥតមានធ្វេសប្រហែលឡើយ ។
ថ្ងៃមួយព្រះរាជបុត្រជាព្រះភស្តា របស់នាងបានឃើញកិន្នរីមានរូបឆោមល្អ ក៏លះបង់ចោលព្រះនាងខំស្វះស្វែងទៅតាម កិន្នរីនោះ ។ ព្រះនាងគិតថាព្រះរាជបុត្រមិនអើពើនឹងអញ ស៊ូទៅតាមនាងកិន្នរីវិញ ។ លុះគិតហើយក៏ចូលទៅរក តាបសម្នាក់សុំរៀនចំរើនកសិណ មិនយូរប៉ុន្មានក៏បណ្តាលអោយអភិញ្ញាកើតឡើង ទើបមកនៅក្នុងបណ្ណសាលារបស់ខ្លួនវិញ ។ ព្រះរាជបុត្រនោះកាលបើរកផ្លូវ ទៅតាមនាងកិន្នរីមិនឃើញ ក៏អស់សង្ឃឹមក៏ត្រឡប់មករកព្រះនាងវិញ ។ ព្រះនាងអសិតាភូ ឃើញព្រះរាជបុត្រយាងមកវិញ ក៏ហោះទៅអាកាសទៅនៅក្នុងទីដទៃបាត់ ។ ព្រះរាជបុត្រកាលបើព្រះទេពី លះបង់លែងត្រូវការហើយក៏ ខ្សឹកខ្សួលទួញយំសង្រែងសង្រៃថា ៖ អត្រិច្ឆំ អតិលោភេន អតិលោភមេតេន ច ឯវំ ហាយតិ អត្ថម្ហា អហំវ អសិតាភុយា ។ សេចក្តីថា បុគ្គលដែលប្រាថ្នាហួសកំរិត ចង់បានខ្លាំងពេក ព្រោះស្រវឹងងប់ដោយចំណង់ រមែងសាបសូន្យចាកប្រយោជន៏យ៉ាងណា ខ្ញុំឯងកាលប្រាថ្នា ក៏ទៅជាអ្នកសាបសូន្យចាកព្រះទេពីឈ្មោះ អសិតាភូយ៉ាងនោះដែរ ។ ព្រះរាជបុត្រតាំងពីថ្ងៃនោះមក នៅក្នុងព្រៃតែម្នាក់ឯង លុះអស់ពីព្រះបិតាទៅ បានសោយរាជ្យជាស្តេចស្នងអង្គ ព្រះរាជបិតា ។ គ្រានោះមានទេវតាមួយអង្គ បានសូត្រគាថាថ្វាយជាព្រះសណ្តាប់ថា ៖ អត្រិច្ឆំ អតិលោភេន អតិលោភមតេន ច ឯវំ សោ ហាយតត្តានំ ចន្ទំវ អសិតាភុយា ។
សេចក្តីថា បុគ្គលដែលប្រាថ្នាហួសកំរិត ចង់បានខ្លាំងពេកព្រោះស្រវឹងងប់ដោយចំណង់ បុគ្គលនោះតែងនាំឪ្យប្រយោជន៏ របស់ខ្លួនសាបសូន្យយ៉ាងនេះ ដូចជាព្រះរាជបុត្រកាលប្រាថ្នានូវ នាងកិន្នរី ឈ្មោះចន្ទាហើយ ជាអ្នកសាបសូន្យចាកព្រះទេពី ឈ្មោះអសិតាភូ ។ ព្រះរាជាទ្រង់អៀនខ្មាស ហើយតាំងព្រះទ័យលែងប្រព្រឹត្តយ៉ាងនេះតទៅទៀត ទ្រង់គ្រងរាជសម្បត្តិជាសុខក្សេមក្សាន្តដរាបទៅ ។ វាយអត្តបទដោយ កញ្ញា ហេង សំដាណែត ដកស្រង់ចេញពីសៀវភៅ ប្រជុំនិទានជាតក ដោយ៥០០០ឆ្នាំ |