Reading Article
Public date : 27, Jul 2019 (28,985 Read)
រឿងនាងវេស្សាមិត្តា

|
រឿងនាងវេស្សាមិត្តា
( ចាក ម. វា. ) ( ទីពឹងទាំងពួងក្នុងលោកមិនស្មើទីពឹងព្រះរតនត្រ័យឡើយ ) កាលកន្លងទៅហើយ មានព្រះរាជាមួយអង្គព្រះនាមកោសម្តិរាជ ព្រះអគ្គមហេសីព្រះនាមវេស្សាមិត្តា សោយរាជសម្បត្តិក្នុងក្រុងសម្ពិយ ។ ថ្ងៃមួយព្រះនាងវេស្សាមិត្តា បានស្តាប់ធម៌ព្រះសម្ពុទ្ធកើតសេចក្តីជ្រះថ្លា ថ្វាយខ្លួនជាឧបាសិកាយកព្រះរតនត្រ័យជាទីពឹង ទីរលឹកស្មើដោយជីវិត តែងទំនុកបំរុងភិក្ខុសង្ឃដោយបច្ឆ័យទាំងបួនពុំដែលដាច់ ។
ចំណេរកាលខាងក្រោយមក មានស្តេចបច្ចន្តរាជ មួយអង្គប្រាថ្នាចង់បានរាជសម្បត្តិ លើកទ័ពមកបំរុងឡោមចាប់ព្រះបាទកោសម្ពិរាជ ៗ ទ្រង់ជ្រាបហើយក៏លើកទ័ពទៅចំច្បាំង យកព្រះអគ្គមហេសីទៅជាមួយផង រៀបចំព្រះអគ្គមហេសី ឲ្យរៀបចំព្រះពន្លាស្នាក់ទ័ពនៅឆ្ងាយពីសមរភូមិ ទុកព្រះអគ្គមហេសីឲ្យនៅក្នុងទីនោះហើយទ្រង់មានព្រះរាជឪង្ការប្រាប់ព្រះនាងជាអគ្គមហេសីថា បើឃើញលើកទង់ក្រហម ឲ្យនាងរត់ទៅពួនក្នុងទីណាឲ្យបានសុខចុះគឺបងចាញ់បច្ចាមិត្រហើយ ទ្រង់មានព្រះរាជឪង្កាដូច្នេះហើយស្តេចយាងចេញទៅកាន់ទីសមរភូមិច្បាំងជាមួយស្តេចបច្ចន្តរាជ ក៏បរាជ័យចាញ់ស្តេចបច្ចន្តរាជ ទើបប្រាប់ឲ្យសេនាលើកទង់ក្រហម ស្តេចបច្ចន្តរាជក៏ចាប់ព្រះអង្គធ្វើគត់ទៅ ។ ឯនាងវេស្សាមិត្តាជាអគ្គមហេសី ត្រូវពួកទាហានខាងស្តេចបច្ចន្តរាជ ចាប់បាននាំយកទៅថ្វាយស្តេចបច្ចន្តរាជ ៗ ទតឃើញរូបឆោមល្អស្រស់ ក៏និយាយលួងលោមនាងដើម្បីមហេសី ព្រះនាងមិនព្រមទ្រង់មានព្រះសុវណ្ណិយថា ខ្ញុំជាស្រ្តីមានយសស័ក្កធំ ដោយសារព្រះស្វាមីខ្ញុំព្រះរាជទានឲ្យ ឥឡូវព្រះអង្គសម្លាប់ស្វាមីខ្ញុំ ហើយឲ្យខ្ញុំរីករាយជាមួយព្រះអង្គដូចម្តេចកើត ខ្ញុំមានតែសេចក្តីក្រោធចំពោះព្រះអង្គតែម្យ៉ាង ។ ព្រះបាទបច្ចន្តរាជទ្រង់ព្រះសណ្តាប់ហើយ ក្រោធជាខ្លាំងបង្គាប់ឲ្យអមាត្យដុតភ្លើងឆេះសន្ធោរសន្ធៅ ហើយបង្គាប់ឲ្យនាងចូលទៅក្នុងភ្លើង ព្រះនាងមិនព្រមចូល ទ្រង់មានសុវណ្ណិយតបថា ព្រះអង្គមានព្រះទ័យអាក្រក់ផុតជាងជនទាំងពួងក្នុងលោក សម្លាប់ស្វាមីគេហើយ ដុតសម្លាប់មហេសីគេទៀត ខ្ញុំគ្មានសត្រូវនឹងព្រះអង្គទេ មិនគួរធ្វើទោសបានឡើយ ។ ព្រះបាទបច្ចន្តរាជឲ្យអាមាត្យចងបោះចូលក្នុងភ្លើង ។ ក្នុងពេលដែលគេចាប់ចងព្រះនាងវេស្សាមិត្តា ទ្រង់រំពឹងថាអាត្មាអញគ្មានអ្វីជាទីពឹងទេ មានតែព្រះរតនត្រ័យទាំងបីជាទីពឹងដ៏ប្រសើររបស់អញ គិតដូច្នេះហើយនាងរំពឹងក្នុងហទ័យថា ពុទ្ធំ សរណំ គច្ឆាមិ ធម្មំ សរណំ គច្ឆាមិ សង្ឃំ សរណំ គច្ឆាមិ ដូច្នេះពុំដាច់ ។ ដោយគុណនុភាពព្រះរតនត្រ័យភ្លើងឥតមានក្តៅក្រហាយដល់ព្រះនាងឡើយ ទោះបីនៅក្នុងគំនរភ្លើងដ៏ដោយ ក៏ហាក់ដូចជានៅក្នុងត្របកឈូក ។ ព្រះបាទបច្ចន្តរាជទតឃើញអស្ចារ្យដូច្នោះហើយ ក៏ស្ទុះទៅយកនាងពីគំនរភ្លើងហើយថ្វាយបង្គំនាងសុំធ្វើជាមាតាបង្កើត ទំនុកបំរុងនាងសព្វគ្រប់ឥតមានខ្វះ ។ ព្រះនាងវេស្សាមិត្តាទ្រង់រំលឹកទូន្មានព្រះបាទបច្ចន្តរាជ និងមហាជនឲ្យធ្វើទានរក្សាសីលគ្រប់ ៗ គ្នា ដល់ព្រះនាងអស់អាយុបានកើតក្នុងទេវលោក បរិបូរណ៍ដោយសម្បត្តិយ៉ាងអស្ចារ្យ ឯពូកមហាជនដែលប្រតិបត្តិតាមនាង ដល់អស់អាយុក៏បានទៅកើតក្នុងទេវលោកដែរ។ អត្តបទនេះវាយបញ្ចូលដោយកញ្ញា ហេង សំដាណែត ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅ ប្រជុំនិទានជាតក ភាគទី២ ។ ដោយ៥០០០ឆ្នាំ |