Reading Article
Public date : 27, Jul 2019 (18,680 Read)
រឿងឧត្តរសាមណេរ

|
រឿងឧត្តរសាមណេរ
( ចាក ម. វា. ) ( បុណ្យនិងបាបជាញាតិមិត្តរបស់សត្វទាំងឡាយ ) កាលសាសនាព្រះសម្ពុទ្ធព្រះនាមសុមេធៈ មានវិជ្ជាធរ១ រូបនៅក្នុងព្រៃហេមពាន្ភ ជាអ្នកមានសេចក្តីជ្រះថ្លាមុតមាំក្នុងព្រះពុទ្ធសាសនា ។
ថ្ងៃមួយព្រះអរហន្តសម្ពុទ្ធព្រះនាមសុមេធៈ ស្តេចយាងទៅព្រៃហេមពាន្ភ វិជ្ជាធរបានចូលទៅនមស្សការថ្វាយបង្គំបូជាផ្កាកណ្ណិកាបីទង ដោយអំណាចសេចក្តីជ្រះថ្លានិងពុទ្ធតេជៈ ផ្កាបីទងនោះ ក៏ប្រតិស្ថានលើអាកាសបាំងព្រះសម្ពុទ្ធ ហាក់ដូចជាបារាំទិព្វ ។ វិជ្ជាធរនោះ មានបីតិសោមនស្សដ៏ក្រៃពេក ចំពោះពុទ្ធបូជារបស់ខ្លួនលុះអស់អាយុទៅកើតក្នុងទេវលោក និងមនុស្សលោកសោយសេចក្តីសុខអស់កាលជាយូរអង្វែង ។ មិនដែលធ្លាក់ទៅក្នុងអបាយភូមិម្តងឡើយ លុះមកដល់សាសនាព្រះសម្ពុទ្ធបរមគ្រូរបស់យើងនេះ បានកើតជាត្រកូលព្រាហ្មណ៍ មហាសាលនាក្រុងរាជគ្រិះ មានរូបសម្បត្តិល្អឆើតឆាយជាងអ្នកនគរទាំងអស់ ។ ឧត្តរកុមារនេះមានអាយុ ១៦ឆ្នាំមានព្រាហ្មណ៍មា្នក់ឈ្មោះវស្សការប្រសារ បានឃើញឧត្តរកុមារមានរូបល្អ ចង់បានជាកូនប្រសារ បានប្រើអ្នកបំរើឲ្យទៅប្រាប់ដល់មាតាបិតារបស់ឧត្តរកុមារ ឲ្យចូលមកដណ្តឹងកូនក្រមុំរបស់ខ្លួន ។ ចំណែកខាងឧត្តរកុមារឮដំណឹងនោះហើយ ក៏ហាមឃាត់មាតាបិតា មិនឲ្យចូលទៅដណ្តឹង ព្រោះចង់ចេញទៅបួស មាតាបិតាក៏យល់ព្រម ។ មិនយូរប៉ុន្មានឧត្តរកុមារលាមាតាបិតា ចូលទៅបួសក្នុងសំណាក់ព្រះសារីបុត្រ ខំប្រឹងប្រតិបត្តិតាមសមណប្បវេណីដោយផ្ចិតផ្ចង់ ។ ថ្ងៃមួយព្រះសារីបុត្រជាឧបជ្ឈាយ៍មានអាពាធ ។ ឧត្តរសាមណេរ ក៏លាឧបជ្ឈាយ៍ទៅរកថ្នាំ ទៅដល់ស្រះមួយដាក់បាត្រក្រោមដើមឈើ ចុះទៅស្រង់ទឹកក្នុងវេលាព្រឹកព្រហាម ។ ពេលនោះជួនជាមានចោរយកបង្វិចទ្រព្យអ្នកនគរ ពួករាជអាមាត្យដេញតាម ចោរបានយកបង្វិចទ្រព្យទៅដាក់ក្នុងបាត្ររបស់សាមណេរ ហើយរត់ទៅបាត់ ។ ពួករាជអាមាត្យទៅដល់ឃើញបង្វិចទ្រព្យក្នុងបាត្រ ក៏ចាប់សាមណេរនោះមកយកឲ្យវស្សការព្រាហ្មណ៍ ជាមហាអាមាត្យ ដោយសំគាល់ថាសាមណេរនោះជាចោរពិត ។ វស្សាការមហាអាមាត្យនោះស្គាល់ជាក់ជាឧត្តរសាមណេរហើយ ក៏កើតសេចក្តីក្រោធខឹង ព្រោះចងគំនុំនឹងឧត្តរសាមណេរដែលមិនព្រមទទួលយកកូនក្រមុំរបស់ខ្លួន បានប្រើឲ្យពេជ្ឈឃាតចាប់សាមណេរចងស្លាបសេក យកទៅដោតលើចុងឈើចាក់មានឈាមហូរពេញខ្លួន ។ សាមណេរខំអត់ធន់មិនអើពើនឹងការចាក់ដោតនេះឡើយ ខំបញ្ចូលចិត្តឧបជ្ឈាយ៍នឹកថាបាននរណាយកថ្នាំទៅប្រគេន ឧបជ្ឈាយ៍របស់អញ ម៉្លេះលោកចាំមើលផ្លូវអញយ៉ាងណា ! កំពុងតែគិតដូច្នេះព្រះសារីបុត្រជាឧបជ្ឈាយ៍ លោកជ្រាបថាឧត្តរសាមណេរកំពុងត្រូវទោសជាទម្ងន់ ក៏ទៅក្រាបទូលដល់ ព្រះសម្ពុទ្ធ ៗ ទ្រង់ជ្រាបថាសាមណេរនេះមានឧបនិស្ស័យខ្ពស់ល្មមព្រះអង្គទៅជួយសង្គ្រោះបាន ក៏ទ្រង់យាងទៅដល់ទីនោះមួយរំពេច ជាមួយនឹងភិក្ខុជាច្រើនពាន់អង្គ ។ ឯឧត្តរសាមណេរកាលឃើញព្រះសម្ពុទ្ធទ្រង់យាងមកហើយ ក៏ថ្លែងសេចក្តីទុក្ខរបស់ខ្លួនថ្វាយព្រះសម្ពុទ្ធ ៗ ទ្រង់យកព្រះហស្ថស្ទាបសិរិសាឧត្តរសាមណេរ ដោយថ្នាក់ថ្នមមានពន្លឺរស្មីផ្សាយចេញពីព្រះហស្ថភ្លឺរន្ទោល ទើបមានព្រះពុទ្ធដិកាថា " ម្នាលសាមណេរ អ្នកកុំតូចចិត្តអំពើនេះជាអំពើអ្នកបានសន្សំទុកមកជាយូរហើយ អ្នកទទួលទុក្ខលំបាកម្តងនេះ ជាទីបំផុតហើយលែងមានតទៅទៀត " ទ្រង់រំលឹកយ៉ាងនេះហើយទ្រង់នាំអតីតនិទានមកសំដែងប្រាប់ថា៖ កាលកន្លងទៅយូរយារណាស់ហើយ នេនឯងនេះកើតជាកូនអ្នកស្រែ បានចាប់រុយយកបន្លាស្រួចមកដោត ហើយដោតជាប់និងសំបកស្តៅសើចលេងសប្បាយ មាតាបិតាស្តីបន្ទោសបាននិយាយចំអកឲ្យវិញថា បើមិនដោតរុយលេងមានតែដោតម៉ែឪឯងលេង ។ ដោយអំពើអាក្រក់នេះឯង បានជានេនឯងទទួលនូវសេចក្តីលំបាក ដោយគេដោតឲ្យដេកលើឈើអណ្តោតរាប់រយរាប់ពាន់ជាតិ ។ ម្យ៉ាងទៀតដែលតថាគតមកជួយសង្គ្រោះនេះដោយផលនេនឯងកើតជាវិជ្ជាធរ បានបូជាផ្កាកណ្ណិកាបីទងដល់ព្រះសម្ពុទ្ធ ព្រះនាមសុមេធៈ ។ កាលបើព្រះសម្ពុទ្ធមានព្រះដីកាចប់ហើយ ឧត្តរសាមណេរក៏បានសម្រេចព្រះអរហត្តផលព្រមទាំងបដិសម្ភិទា ហើយទៅព្ធដ៏អាកាសធ្វើបដិហារ្យថ្វាយព្រះសាស្តាយ៉ាងអស្ចារ្យ ដល់ទីបំផុតព្រះជន្មក៏បរិនិព្វានទៅ ។ អត្តបទនេះវាយបញ្ចូលដោយកញ្ញា ហេង សំដាណែត ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅ ប្រជុំនិទានជាតក ភាគទី២ ។ ដោយ៥០០០ឆ្នាំ |