Reading Article
Public date : 03, Jun 2022 (23,933 Read)
រឿងរាជគហទារិកា

|
រឿងរាជគហទារិកា
( ចាក វិ. ខុ. ) ( គុណនៃការប្រគេននំ ដល់ព្រះមោគ្គល្លាន ) កាលព្រះសម្ពុទ្ធបរមគ្រូគង់នៅក្នុងវត្តវេឡុវន នាក្រុងរាជគ្រឹះ ។ កាលនោះមាននាងទារិកាម្នាក់ នៅក្នុងក្រុងរាជគ្រឹះជាកូនរបស់ឧបដ្ឋាកព្រះមហាមោគ្គល្លាន ។ នាងនោះជាស្រ្តីមានសទ្ធាមាំក្នុងព្រះពុទ្ធសាសនា ដល់អាយយុ១៦ឆ្នាំ មាតាបិតាបានរៀបឲ្យមានស្វាមី ហើយបញ្ចូនឲ្យទៅនៅខាងសំណាក់មាតាបិតាក្មេក ។
ឯមាតាបិតាក្មេកនោះ ជាមនុស្សមិច្ឆាទិដិ្ឋ មានចិត្តរឹងរូសមិនជ្រះថ្លា ក្នុងព្រះពុទ្ធសាសនាឡើយ ។ ថ្ងៃមួយព្រះមហាមោគ្គល្លាន និមន្តទៅបិណ្ឌបាត្រក្នុងភូមិនោះ នាងកូនប្រសារបានឃើញក៏ចុះ ទៅនិមន្តឲ្យឈប់នៅមុខផ្ទះរបស់ខ្លួន ទើបនាងទៅប្រាប់ដល់ម្តាយក្មេក ៗ នោះធ្វើជាមិនឮ គេចចុះពីផ្ទះបាត់ទៅ ។ នាងដឹងហេតុនោះហើយ គិតពិចារណាថាក្នុងផ្ទះ នេះមានតែវត្ថុអ្វីល្មមប្រគេនលោក មានតែនំមួយដែលអ្នកម្តាយទុកពិសា ក៏យកនំនោះទៅកាត់ជាពីរចំណែក មួយចំណែកទុកជូនម្តាយ មួយចំណែកយកទៅប្រគេនព្រះមហាមោគ្គល្លាន ៗ ធ្វើភត្តានុមោទនាហើយ ក៏និមន្តបាត់ទៅ ។ ម្តាយក្មេកបានឃើញព្រះមហាមោគ្គល្លាន និមន្តទៅផុតហើយ ក៏ឡើងទៅលើផ្ទះ ។ នាងទេរិកាក៏ចូលទៅអង្គុយបត់ជើងលើកដៃ ប្រណម្យជូនបុណ្យដែលបានប្រគេននំនោះដល់ម្តាយក្មេក ៗ ខឹងណាស់ក្រឡេកមើលទៅគៀនជញ្ជាំងឃើញអង្រែមួយ ក៏ចាប់អង្រែនោះសំពងកូនប្រសា ត្រូវត្រង់ចង្អួយស្មា ស្លាប់ក្នុងពេលនោះទៅ ។ កូនប្រសារនោះបានកើតទៅក្នុងស្ថានតាវតឹង្ស បានឃើញនាងទេពធីតាស្ថិតនៅក្នុងវិមានមាស មានស្រីទេពអប្សរកំពុង ចោររោមបំរើ លោកក៏និមន្តទៅក្បែរវិមាននោះ ។ នាងទេពធីតាឃើញហើយមានសេចក្តីត្រេកអរណាស់ នឹកថាព្រះថេរៈនេះហើយដែលបានសង្គ្រោះដល់អញក្នុងជាតិមុន ក៏នាំបរិវារចុះទៅថ្វាយបង្គំ ។ ព្រះមហាមោគ្គល្លាន មានថេរៈដីកាថាសួរប្រវត្តិរបស់នាង ៗ បានរៀបរាប់ប្រគេនដោយសព្វគ្រប់ លោកក៏និមន្តមកស្ថានមនុស្សវិញ នាំដំណឹងនោះទៅក្រាបទូលដល់ព្រះមានព្រះភាគ ៗ ទ្រង់ប្រារព្ធរឿងនោះឲ្យជាហេតុហើយ ក៏សំដែងនូវអានិសង្ឃរបស់ទានជាភិយ្យោភាពក្នុងពេលនោះ ។ អត្តបទនេះវាយបញ្ចូលដោយកញ្ញា ហេង សំដាណែត ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅ ប្រជុំនិទានជាតក ។ ដោយ៥០០០ឆ្នាំ |