Reading Article
Public date : 27, Jul 2019 (22,037 Read)
រឿងព្រាហ្មណ៍ចាស់

|
រឿងព្រាហ្មណ៍ចាស់
ចាក ធ ខុ) (កូនមិនដឹងគុណមាតាបិតា អន់ជាងឈើច្រត់) ក្នុងពុទ្ធសម័យ មានព្រាហ្មណ៍មហាសាលម្នាក់នៅក្នុងក្រុងសាវត្ថីមានទ្រព្យ ៨ សែនកហាបណៈ មានកូនប្រុស ៤ នាក់។ កាលកូននោះមានវ័យធំឡើង បានរៀបអាវាមង្គលហើយចែកទ្រព្យសម្បតិ្តឲ្យកូនម្នាក់ៗ ១ សែនកហាបណៈ។ ខាងក្រោយមកនាងព្រាហ្មណីជាភរិយារបស់ព្រាហ្មណ៍នោះស្លាប់ទៅ គាត់នៅពោះម៉ាយតែម្នាក់ឯង។
កូនទាំង៤នាក់ប្រឹក្សាគ្នាថា បើឱពុកយើងមានប្រពន្ធទៀត មុខជាមានកូនមិនខានទ្រព្យ ៤ សែននឹងកេរ្តិ៍អាករផ្សេងៗ ដែលនៅសល់ក្នុងកន្តាប់ដៃគាត់ គាត់មុខជាចែកឲ្យកូនទាំងអស់ បើដូច្នេះគួរតែយើងទៅនាំគាត់យកមកចិញ្ចឹមជប់លៀងគាត់។ ថ្ងៃមួយព្រាហ្មណ៍បានក្រោកពីដំណេកក្នុងវេលាថ្ងៃ កូនទៅជួបជុំគ្នាហើយនិយាយអំពីទោសនៅគ្រប់គ្រងផ្ទះ ដោយឡែកៗពីគ្នា រួចនិយាយអង្វរថាៈ លោកឱពុកយើងខ្ញុំជាកូនទាំងអស់គ្នានឹងបំរើទំនុកបំរុងលោកឱពុកដោយគោរពដរាបដល់អស់ជីវិត សូមលោកឱពុកប្រគល់ទ្រព្យសម្បតិ្តដែលនៅសល់ទាំងប៉ុន្មាន មកយើងខ្ញុំទាំងអស់គ្នាឲ្យអស់មក កុំរវល់ទុកថែរក្សាព្រោះចាស់ហើយ។ ព្រាហ្មណ៍ក៏ប្រគល់ទ្រព្យសម្បត្តិឲ្យដល់កូនទាំង ៤ នាក់ ម្នាក់ត្រូវបាន ១ សែនកហាបណៈទៀត ខ្លួននៅសល់តែសំពត់មួយ ១ ចង្កេះប៉ុណ្ណោះ ទៅជាមួយនឹងកូនច្បងបង្អស់មិនយូរប៉ុន្មានកូនប្រសារកើតមានសេចក្តីធុញទ្រាន់ និយាយដៀមដាមថាៈ ឱពុកប្រហែលជាមិនស្គាល់ផ្លូវទៅផ្ទះកូនដ៏ទៃទៀតទេដឹង បានជាក្រាញនៅតែផ្ទះខ្ញុំ។ ព្រាហ្មណ៍ដូច្នោះតូចចិត្តណាស់ ក៏ដើរទៅនៅគ្រប់ផ្ទះកូនទាំង ៤ នាក់គេចេះតែបណ្តេញដូចៗគ្នា គាត់ទ្រាំនៅមិនបាន ក៏ចេញទីដើរសូមទានគេតាមច្រកល្ហកផ្ទះបុគ្គលដ៏ទៃទៅជាស្គមស្គាំង ព្រោះបរិភោគអាហារនិងដេកមិនស្រួលនឹកអាណិតអាសូរខ្លួនថាៈឱ! អាត្មាអញចាស់ឡើងកាន់លំបាកខ្លាំងឡើងមិនសមបើកូនអញវាមិននឹកអាណិតអញបន្តិចបន្តួចសោះ វាលះបង់ចោលអញដូចជាគោចាស់ បើដូច្នេះអញចូលទៅរកព្រះសមណគោតមចុះក្រែងលោបានសុខស្រួលបន្តិច លុះគិតដូច្នេះហើយក៏ទៅកាន់សំណាក់ព្រះសម្ពុទ្ធៗ ត្រាស់សួរថាៈ នែព្រាហ្មណ៍ហេតុអ្វីបានជាអ្នកស្គមស្លេកស្លាំងម៉េ្លះ?។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានកូនប្រុស ៤ នាក់ ឥឡូវាត្រូវគំនិតនឹងប្រពន្ធវាបណ្តេញខ្ញុំព្រះអង្គចោល។ ម្នាលព្រាហ្មណ៍បើដូច្នោះ អ្នកចូររៀនមន្តពីតថាគត ហើយសូត្រក្នុងទីប្រជុំជនដែលមានកូនរបស់អ្នកទាំងនោះអង្គុយនៅជាមួយផង មន្តនោះថាៈ ខ្ញុំត្រេកអរដោយកូនឯណាដែលកើតហើយផង ប្រាថ្នានូវសេក្តីចំរើនដល់កូនឯណាផង កូននោះសមគំនិតជាមួយប្រពន្ធហើយបណ្តេញខ្ញុំចោលដូចជាឆ្កែបណ្តេញជ្រូក កូនជាអសប្បុរសលាមកគ្រាន់តែហៅឱៗ ប៉ុណ្ណោះវាលះបង់ខ្ញុំដែលមានវ័យចាស់ជ្រុលហើយ កូនខ្ញុំនោះប្រៀបដូចអារក្សទឹកមកក្លែងជាកូនឱពុកចាស់របស់កូនពាល តែងដើរសូមទានប្របផ្ទះអ្នកដទៃ ដូចជាសេះចាស់ប្រើមិនកើត គេនាំចេញចាកចំណី ឈើច្រត់របស់ខ្ញុំនេះប្រសើរ ឯកូនដែលមិនស្តាប់បង្គាប់មិនប្រសើរឡើយ ត្បិតឈើច្រត់នេះអាចការពារគោកាច ឆ្កែកាចក៏បាន ច្រត់ទៅខាងមុខក្នុងទីងងឹតក៏បាន ស្ទង់ចុះទៅក្នុងទឹកជ្រៅក៏បាន បុគ្គលភ្ញាក់រអិលគង់ទប់ខ្លួនបានដោយអនុភាពនៃឈើច្រត់។ លុះព្រាហ្មចាស់រៀនមន្តនេះអំពីសំណាក់ព្រះមានព្រះភាគចប់ហើយ ក៏ចូលទៅទីប្រជុំដែលមានកូន ៤ នាក់អង្គុយនៅទីនោះផង ហើយសូត្ររាយមន្តនោះ។ សម័យនោះទំនៀមរបស់អ្នកស្រុកប្រកាន់ថាៈ បើកូនណាបានទទួលមត៌កពីមាតាបិតាហើយ មិនចិញ្ចឹមវិញត្រូវអ្នកស្រុកប្រហារជីវិត។ គ្រាន់តែព្រាហ្មណ៍ចាស់សូត្រមន្តចប់ មហាជនផ្អើលឆោឡោរកដំបងព្រនង់ប្រុងវាយកូនទាំង ៤ នោះសម្លាប់ចោល។ កូនព្រាហ្មណ៍ទាំង ៤ នាក់ភ័យខ្លាំងស្ទុះទៅក្រាបទាបបាទាបិតា សូមខមាទោសរ៉ាប់រងទំនុកបំរុងដោយគោរពតទៅ កូនម្នាក់ៗ បានជូនសំពត់ ១ គូរនិងនិច្ចភក្តទៀត។ ព្រាហ្មណ៍ចាស់កាលបើបានសុខហើយ នឹកឃើញគុណរបស់ព្រះសាស្តា។ ទើបនាំយកសំពត់ ៣ គូរនិងនិច្ចភក្តជាច្រើនទៅថ្វាយព្រះសាស្តាៗ ទ្រង់ទទួលដោយសេចក្តីអនុគ្រោះ។ ដោយ៥០០០ឆ្នាំ |