Thursday, 21 Sep B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 200,753
Today
Yesterday 207,425
This Month 3,936,497
Total ៣៤០,៤៨៥,៨២៩
Flag Counter
Articles
images/articles/286/U______ntitled-1.jpg
Public date : 06, Jun 2023 (48,744 Read)
ហេតុ​ដូច​ម្ដេច​បាន​ជា​អង្គ​ប្រជុំ ចាស់ទុំ ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ សិល្បករ​បាន​សម្រេច​យក​ប្រភេទ​សិល្បៈ​ទេវៈ​ទី​៣ គឺ​សំដៅ​យក​គុណ​ធម៌​៧ យ៉ាង​គឺ វិសុទ្ធិទាំង ៧ ? វិសុទ្ធិ​ទាំង​ ៧ នេះ​អាច​នាំ​មនុស្ស​លោក​ឲ្យ​ទៅ​ដល់​ត្រើយ​នាយ​ព្រះមហា​បរិនិព្វាន​បាន ឬ​ក៏​យ៉ាង​ហោច​ណាស់ គឺ​ធ្វើ​ឲ្យ​មនុស្ស​បន្ថយ​នូវ​កិលេស គ្រឿង​សៅ​ហ្មង បន្ថយ​ភាព​ភាន់​ច្រឡំ ភាព​សង្ស័យ​ មើល​ឃើញ​វត្ថុ និង​បាតុភូត​តាម​សភាវៈ​ពិត សភាវៈ​មែន​។ ឧទាហរណ៍ : លោកិយ​បញ្ញា​របស់​មនុស្ស ធ្វើ​ឲ្យ​ពិភព​លោក​រីក​ចម្រើន​សំបូរ​បែប ដោយ​សម្ភារៈ​ផ្សេង​ៗ ធ្វើ​ឲ្យ​ជីវិត​រស់​នៅ​ប្រកប​ដោយ​ប្រណីត​ភាព ធ្វើ​ឲ្យ​សន្មតិ​សច្ចៈ ឬ (បញ្ញ​ត្តិ​សច្ចៈ) មាន​កម្លាំង​ខ្ឡាំង​ក្លា ។ លោកុត្តរ​សច្ចៈ (ធម្ម​បញ្ញា) គឺ​បញ្ញា​ផ្លូវ​ធម៌ ជា​បញ្ញា​ខ្ពស់​បំផុត​សម្រាប់​ឆ្លុះ​បញ្ចាំង សភាវ​ធម៌​ពិត សភាវ​ធម៌​មែន​របស់​វា អាច​បន្ថយ​បាន​នូវ អំណាច​កិលេស លោភៈ ទោសៈ មោហៈ កម្ចាត់​នូវ​ចំណង់​លោកិយ​ជា​បណ្ដើរ​ៗ ​។ ១- សីលវិសុទ្ធិ : ការរក្សាសីលមានភាពបរិសុទ្ធប្រពៃនេះ ជាគ្រឹះ ជា​មូល​ដ្ឋាន​ដ៏​រឹង​មាំ​បំផុត​សម្រាប់​ធ្វើ​ឲ្យ​សមាធិ​បាន​សម្រេច​។ សីល គឺ​ជា​ការ​គ្រប់​គ្រង​កាយ និង​វាចាឲ្យ​មាន​វិន័យ មាន​សណ្ដាប​ធ្នាប់ មាន​របៀប​រៀប​រយ សម្រាប់​អប់​រំចិត្ត ប្រដៅចិត្ត ត្រួតចិត្ត បញ្ជា​លើ​ចិត្ត​បាន​គ្រប់​ពេល​វេលា ។ ២- ចិត្តវិសុទ្ធិ: ការ​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់ ក្នុង​អប្បនាសមាធិ (បាន​ឈាន) ឬ​ក្នុង​ឧប្ប​ចារៈ (ជិត​បាន​ឈាន) ទាប​បំផុត​ជា​ខណិ​ក​សមាធិ (ស្ងប់​ជា​ខណៈៗ ) សុទ្ធ​តែ​ជា​គ្រឹះ​សម្រាប់​ឈាន​ទៅ​ធ្វើ​វិបស្សនា​បញ្ញា វិបស្សនា​ញាណ​។ ៣- ទិដ្ឋិវិសុទ្ធិ: សេចក្ដី​បរិសុទ្ធ​ដោយ​ការ​ឃើញ ។ គឺ​ឃើញ​នូវ​ឃើញ​ដោយ​បរិសុទ្ធ ឃើញ​ហួស​ពី​អ្វី​ៗ ដោយ​សន្មត ពីអ្វី​ៗ​ដោយ​​ឡែក ពី​អ្វី​ជា​ខាង​ក្រៅ ។ តាម​ធម្មតា​មនុស្ស​យើង តែង​មើល​ឃើញ​អ្វី​​ៗ ទៅ​តាម​បញ្ញត្តិ ឬ​តាម​សន្មត ដូច​ជា​គេ​សន្មត​ថា នេះ​ជា​មនុស្ស ជា​សត្វ ឈ្មោល ញី ស ខ្មៅ ធាត់ ស្គម​ ស្រី​ ប្រុស​ ក្មេង ចាស់ មាន ក្រ ធំ តូច ខ្មែរ យួន ចិន ចាម ជាដើម សុទ្ធតែជាសន្មតិសច្ចៈ ។ ដូច្នេះ គេ​ស្គាល់​ពិត ដឹង​ពិត ត្រឹម​តែ​ការ​ស​ន្មតិប៉ុណ្ណោះ ព្រោះ​គេ​ថា​បុថុជ្ជន គេ​ប្រើ​ត្រឹម​តែ​បញ្ញា​លោកិយ​។ ការ​ពិត​សុទ្ធ​តែ​ជា​របស់​រួម​ផ្សំ​គ្នា ប្រមូល​បញ្ចូល​គ្នា ផ្ដុំគ្នា ជា​សង្ខារ​ធម៌​ទាំង​ឡាយ​តែ​ប៉ុណ្ណោះ គឺ​គ្រាន់​តែ​ជា​រូប​ៗ រូប​បូក​នឹង​រូប រូប​បូក​នឹង​នាម នាម​បូក​នឹង​នាម ហើយ​ទាំង​អស់​ស្ថិត​នៅ​ក្រោម​អំណាច​ក្រិត្យ​ក្រម​ធម្មជាតិ​តែ​ប៉ុណ្ណោះ ។ ចំណែក​អ្នក​ចម្រើន​វិបស្សនា គេ​ស្គាល់​តាម​ការ​សន្មតិ​នោះ​ដែរ តែ​គេ​យក​បញ្ញា​ពិចារណា​ទៅ​ឆ្លុះ​វែក​ញែក មើល​សភាវ​ធម៌​ពិត ដែល​ស្ថិត​នៅ​កប់​ជ្រៅ​ក្នុង​សន្មតិ​នោះថែម​ទៀត ។ ការ​វែក​ញែក ពិចារណា​ល្អិត​ល្អន់​នេះ នាំ​ឲ្យ​អ្នក​វិបស្សនា​ឃើញ​ច្បាស់​ថា មិន​មែន​ជាមនុស្ស ជាសត្វ ឈ្មោល ញី ស ខ្មៅ ជា​ដើម​ទេ គឺ​បែរ​ជា​ឃើញ​ថា ជា​ធាតុ ៤ ជា​ខន្ធ ៥ គឺ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ឬ​ជា​រូប និង​នាម​ប៉ុណ្ណោះ ។ មុន​ពុទ្ធ​កាល អ្នក​ចម្រើន​វិបស្សនា​យល់​ច្បាស់​ថា​រូប និង​នាម ជា​របស់​ផ្សេង​គ្នា​ផង រួម​គ្នា​ផង ។ ការ​យល់​យ៉ាង​នេះ លោក​ហៅ​​ថា ទិដ្ឋិវិសុទ្ធិ គឺ​បរិសុទ្ធដោយ​ការ​ពិចារ​ណា​ឃើញ​ថា មិន​មែន​សត្វ បុគ្គលឬមនុស្ស ប្រុសស្រី​ជា​​​​​ដើម​ឡើយ គឺ​គ្រាន់​តែ​ជា​ធាតុ ជា​ខន្ធឬ​ជា​រូបនិង​នាមដែល​ផ្សេង​គ្នា​ផង និង​រួម​គ្នា​ផង​តែ​ប៉ុណ្ណោះ។ ៤- កង្ខាវិ​តរណ​វិសុទ្ធិៈ សេចក្ដី​បរិសុទ្ធ​ដោយ​ញណ ជា​គ្រឿង​ឆ្លង​ផុត​សេចក្ដី​សង្ស័យ ។ សង្ស័យ​អំពី​អ្វី ? សង្ស័យ​អំ​ពី​ខន្ធ​៥ ឬ​នាម​រូប ដោយ​ឆ្ងល់​ថា : តើ​ខន្ធ​៥ ឬ នាម​រូប​កើត​មក​ពី​ណា? មាន​អ្វី​ជា​ហេតុ​បច្ច័យ ? មុន​ពុទ្ធ​កាល គេ​យល់​ថា នាម​រូប​កើត​ពី​អាទិ​ទេព ដូច​ជា​ព្រះ​ព្រហ្ម ព្រះ​ឥសូរ ជា​ដើម ជា​អ្នក​បង្កើត​ ។ ក្នុង​ពុទ្ធកាល​ដោយ​ការ​ខិត​ខំ​ពិចារណា​របស់​អ្នក​ចម្រើន​វិបស្សនា បាន​យល់​ច្បាស់​ថា នាម​រូប​គឺ​កើត​មក​ពី : +អវិជ្ជា : ការ​មិន​ដឹង​សច្ច​ធម៌ ។ +តណ្ហា : ការ​ចង់​ជួប​ស្និទ្ធ​ស្នាល នឹង​កាម​គុណ ៥ គឺ រូប សម្លេង ក្លិន រស សម្ផស្ស ។ +ឧបាទាន : ការ​ប្រកាន់​ខ្ជាប់​នូវ​កាម​គុណ ៥ ថា​ជា​របស់​ខ្លួន ។ +កម្ម : ការ​បញ្ចេញ​សកម្មភាព កាយ វាចា ចិត្ត ប្រព្រឹត្ត​ធ្វើ អំពើ​កុសល និង អកុសល +អាហារ : ឱ​ជា​រស ដែល​សម្រាប់​ទ្រ​ទ្រង់​ជីវិត ។ ការ​យល់​ដឹង​អំពី​ដើម​កំណើត ឬ​ហេតុ​បច្ច័យ នៃ​នាម​រូប ទាំង​អតីត អនាគត បច្ចុប្បន្ន​យ៉ាង​នេះ លោក​ហោ​ថា : កង្ខាវិតរណវិសុទ្ធិ គឺ​សេចក្ដី​បរិសុទ្ធ ដោយ​រក​ឆ្លង​ផុត​នូវ​សេចក្ដី​សង្ស័យ ​។ ៥- មគ្គា​មគ្គ​ញ្ញាណ​ទស្សន​វិសុទ្ធិ : សេចក្ដី​បរិសុទ្ធ​ដោយ​ញាណ ជា​គ្រឿង​ពិចារណា នេះ​ជា​ផ្លូវ នេះ​មិន​មែន​ជា​ផ្លូវ ។ ការ​ពិចារណា​នាម​រូប ឬ​បញ្ចក្ខ​ន្ធ​គឺ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ឯ​ណា​នី​មួយ​ជា​អតីត​ក្ដី អនាគត​ក្ដី បច្ចុប្បន្នក្ដី ឲ្យ​ឃើញ​សុទ្ធ​តែ អនិច្ចំ ទុក្ខំ អនត្តា ចិត្ត ក៏​ចុះ​ស៊ប់​តាំង​នៅ​ក្នុង​ការ​ពិចារ​ណា អារម្មណ៍​របស់​វិបស្សនា ហើយ​ពេល​នោះស្រាប់​តែ​ឧបកិលេស​ទាំង ១០ ណា​មួយ​កើត​ឡើង ហើយ​រីករាយ​សប្បាយ ដោយ​សម្គាល់​ថា ខ្លួន​បាន​សម្រេច​ធម៌​វិសេស​ហើយ បណ្ដោយ​ឲ្យ​ទិដ្ឋិ មានៈ តណ្ហា កើតឡើង មិនប្រឹងបដិបត្តិ ពិចារណាតទៅទៀតក៏ឈប់ផ្អាកត្រឹមប៉ុណ្ណោះ ។ ការ​បណ្ដោយ​ចិត្ត​ឲ្យ​រីក​រាយ​សប្បាយ ស្និទ្ធស្នាល​និង​ឧបកិលេស​ទាំង ១០ ណា​មួយ​នេះ មិន​មែន​ជា​មគ្គ​ទេ ។ ឯ​មគ្គ​នោះ លុះ​ត្រា​តែ​អ្នក​ចម្រើន​វិបស្សនា លើក​យក​ឧបកិលេស​ទាំង​នោះ​មក​ពិចារណា​ឲ្យ​ឃើញ​ថា សុទ្ធ​តែ អនិច្ចំ ទុក្ខំ អនត្តា មួយ​ជាន់​ទៀត ទើប​អាច​ឃើញ​មគ្គ​ទៅ​កាន់​និព្វាន ​។ ការ​យល់​ច្បាស់ ដឹងច្បាស់ ឃើញ​ច្បាស់​បែប​ណេះ លោក​ហៅ​ថា មគ្គា​មគ្គ​ញ្ញាណ​ទស្សន​វិសុទ្ធិ ឬ​សេចក្ដី​បរិសុទ្ធ​ដោយ​ញាណ ពិចារណា​ឃើញ​ថា ឧបកិ​លេស ជា​ឧបសគ្គ​រាំង​រា​វិបស្សនា មិន​ឲ្យ​ឆ្លង​ទៅ​ដល់​មគ្គ ។ ៦- បដិប​ទា​ញាណ​ទស្សន​វិសុទ្ធិ : សេចក្ដី​​បរិសុទ្ធ​​ដោយ​​ញាណ ជា​គ្រឿង​ឃើញ​បដិបទា ។ វិសុទ្ធិ​នេះ កើត​ឡើង​បន្ទាប់​ពី​ឧប​កិលេស រលត់​បាត់​អស់​ទៅ​ហើយ​ញាណ​ពិចារណា​ស្គាល់​មគ្គ និង​មិន​មែន​មគ្គ​កើត​ឡើង​ប្រាកដ ។ បដិបទា ក្នុង​ទី​នេះ សំដៅ​យក​ការ​ឃើញ​អរិយ​សច្ចៈ ៤ ហើយ​ដំណើរ​ចិត្ត​ពិចារណា បាន​ប្រព្រឹត្ត​ទៅ​តាម​លំដាប់​វិបស្សនា​ញាណ​៩ ចាប់​តាំង​ពី​ឧទយព្វយញ្ញាណ ​ត​រៀង​ទៅ​​ដរាប​​ដល់​​បាន​​សម្រេច មគ្គផល​ជា​ព្រះ​អរិយ​បុគ្គល ៤ ពួក​ថ្នាក់​ណា​មួយ​តាម​ឧប​និស្ស័យ ។ អ្នក​វិបស្សនា​ខ្លះ សម្រេច​ត្រឹម​ថ្នាក់ សោតា ខ្លះ​ថ្នាក់ សកទា​គា​មី ខ្លះ​បាន​សម្រេច​ដល់​ថ្នាក់​អរហន្ត ។ ការ​ខិត​ខំ​ពិចារណា​រហូត​ដល់​បាន​សម្រេច​មគ្គ​ផល​និព្វាន​បែប​នេះ លោក​ហៅ​ថា បដិបទា​ញាណ​ទស្សន​វិសុទ្ធិ ។ ៧- ញាណ​ទស្សនវិសុទ្ធិ : សេចក្ដី​បរិសុទ្ធ​ដោយ​ញាណ​ទស្សនៈ ។ វិសុទ្ធិ​នេះ​កើត​បន្ទាប់​អ្នក​ចម្រើន​វិបស្សនា បាន​សម្រេច​មគ្គផល​ជា​ព្រះអរិយ​បុគ្គល​ថ្នាក់​ណា​មួយ​ហើយ ។ លោក​ដឹង​ច្បាស់​ដោយ​ខ្លួន​ឯង ដោយ​បច្ចវេក្ខណ​ញាណថា អាត្មា អញ​បាន​សម្រេច​ត្រឹម​ថ្នាក់​សោតា ថ្នាក់​សក​ទាគាមី អនាគាមី ឬ​ថ្នាក់​អហរន្ត ។ ថ្នាក់​សោតា សកទាគាមី អនាគាមី មាន​បច្ចវេក្ខណញាណ​ ៥ សម្រាប់​ពិចារណា​គឺ : ១- បហីនកិលេស បច្ចវេក្ខតិ ពិចារណា​កិលេស​ដែល​លះ​បង់​អស់​ហើយ ។ ២- អវសិដ្ឋ​កិលេសំ បច្ច​វេក្ខតិ ពិចារណា​កិលេស​ដែល​សេស​សល់ ។ ៣- មគ្គំ បច្ចវេក្ខតិ ពិចារណា​មគ្គ ។ ៤- ផលំ បច្ចវេក្ខតិ ពិចារ​ណា​ផល ។ ៥- និព្វានំ បច្ចវេក្ខតិ ពិចារណា​ព្រះ​និព្វាន ។ ឯព្រះអរហន្ត មានបច្ចវេក្ខតិញាណ ៤ គឺ ១- បហីនកិលេស បច្ចវេក្ខតិ ពិចារណា​កិលេស ដែល​លះ​បង់​អស់​ហើយ ។ ២- មគ្គំ បច្ចវេក្ខតិ ពិចារណាមគ្គ ។ ៣- ផលំ បច្ចវេក្ខតិ ពិចារណាផល ។ ៤- និព្វានំ បច្ចវេក្ខតិ ពិចារណា​ព្រះ​និព្វាន ។ ព្រោះ​លោក​មិន​មាន​កិលេស​នៅ​សេស​សល់​ទេ​។ បញ្ញា​ដែល​ពិចារណា​ដឹង​ច្បាស់ ឃើញ​ច្បាស់ នូវ​មគ្គផល និព្វាន ដោយ​បច្ចវេក្ខណញាណ​ផ្ទាល់​ខ្លួន​ឯង​បែប​នេះ ជា​លោកុត្តរប្បញ្ញា ជា​បញ្ញា​កម្ទេច​នាម​រូប​លែង​ឲ្យ​មាន​ជាតិ ជរា ព្យាធិ មរណៈ​ទៀត​ហើយ ។ នេះ​ហើយ​ដែល​លោក​ឲ្យ​ឈ្មោះ​ថា និព្វាន ។ «ពាលោ ពាលាខ្លាំង បានធម្មំ ហើយចោលទៅ អ្នកប្រាជ្ញប្រែជាខ្លៅ ព្រោះកម្លៅ ពុំជឿបុណ្យ ។» ព្រះមហាសុមេធាធិបតី សង្ឃនាយកគណៈមហានិកាយ ចន្ទត្ថេរោ ប្រាក់ ហ៊ិន ——————— រៀបរៀងដោយ : ព្រឹទ្ធាចារ្យ ឆេង ផុន ដោយ៥០០០ឆ្នាំ
images/articles/288/Un322rqtitled-1.jpg
Public date : 06, Jun 2023 (46,754 Read)
ព្រះ​បរម​សាស្តា​កាល​ដែល​ទ្រង់​គង់​ប្រថាប់​ក្នុង​ព្រះ​គន្ធកុដិ នា​ដែន​ដី​នៃ​ព្រៃ​ហេមពាន្ត ព្រះ​អង្គ​ទ្រង់​ប្រារព្ធ​មារា​ធិរាជ​។ក្នុង​កាល​នោះ​មារ​បាន​មក​អារាធនា​សូម​ឲ្យ​ព្រះ​អង្គ​ត្រឡប់​ទៅ​គ្រប់​គ្រង​រាជ​សម្បត្តិ​វិញ​ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ទៅ​កាន់​មារ​ថា ភ្នំ​មាស​២​ ក៏​មិន​អាច​ធ្វើ​ឲ្យ​បុគ្គល​ម្នាក់​គ្រប់​គ្រាន់​បាន​ដែរ​ បុគ្គល​ជ្រាប​ដូច្នេះ​ហើយ​ គប្បី​ប្រព្រឹត្ត​ធម៌​សន្តោស​ ដូច្នេះ​ជា​ដើម។ ជា​បន្ត​ព្រះ​អង្គ​ទ្រង់​ត្រាស់​នូវ​គាថា​ដូច្នេះ​ថា៖ អត្ថម្ហិ ជាតម្ហិ សុខា សហាយា តុដ្ឋី សុខា យា ឥតរីតរេន បុញ្ញំ សុខំ ជីវិតសង្ខយម្ហិ សព្វស្ស ទុក្ខស្ស សុខំ បហានំ។ កាល​បើ​សេចក្តី​ត្រូវ​ការ​កើត​ឡើង​ហើយ​ សម្លាញ់​ទាំង​ឡាយ​នាំ​សេចក្តី​សុខ​មក​ឲ្យ​ សេចក្តី​ត្រេក​អរ​ដោយ​បច្ច័យ​តាម​មាន​តាម​បាន​ ជា​ហេតុ​នាំ​សេចក្តី​សុខ​មក​ឲ្យ​ បុណ្យ​នាំ​សេចក្តី​សុខ​មក​ឲ្យ​ក្នុង​កាល​អស់​ជិវិត​ ការ​លះ​បង់​ទុក្ខ​ទាំង​អស់​បាន​ ជា​ហេតុ​នាំ​សេចក្តី​សុខ​មក​ឲ្យ​។ សុខា មត្តេយ្យតា លោកេ អថោ បេត្តេយ្យតា សុខា សុខា សាមញ្ញតា លោកេ អថោ ព្រហ្មញ្ញតា សុខា សុខំ យាវ ជរា សីលំ សុខា សទ្ធា បតិដ្ឋិតា សុខោ បញ្ញាបដិលោភោ បាបានំ អករណំ សុខំ។ ការ​ប្រតិបត្តិល្អដល់មាតា នាំសេចក្តីសុខមកឲ្យក្នុងលោក ម៉្យាងទៀត ការប្រតិបត្តិល្អដល់បិតា នាំសេចក្តីសុខមកឲ្យ។ ការ​ប្រតិបត្តិ​ល្អ​ដល់​សមណៈ​​នាំ​សេចក្តីសុខ​មក​ឲ្យក្នុង​លោក​ ម៉្យាងទៀត ការ​ប្រតិបត្តិល្អ​ដល់​ព្រាហ្មណ៍(អ្នក​ដែល​មាន​បាប​បណ្តែត​ចោល​ហើយ​) នាំ​សេចក្តី​សុខ​មក​ឲ្យ​។ សីល​នាំ​សេចក្តី​សុខ​មក​ឲ្យ​ដរាប​ដល់​ចាស់​ សទ្ធា​ដែល​បុគ្គល​តំកល់​ស៊ប់​ហើយ នាំ​សេចក្តី​សុខ​មក​ឲ្យ​ ការ​បាន​ចំពោះ​នូវ​បញ្ញា​ នាំ​សេចក្តី​សុខ​មក​ឲ្យ​ ការ​មិន​ធ្វើ​បាប​ទាំង​ឡាយ​នាំ​សេចក្តី​សុខ​មក​ឲ្យ​៕ [ស្រង់ចេញពីសៀវភៅ "ព្រះពុទ្ធភាសិត"​រៀប​រៀង​ដោយ​អគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស] ដោយ ៥០០០ឆ្នាំ
images/articles/291/image.jpeg
Public date : 06, Jun 2023 (84,767 Read)
កម្ម​បទ​ចែក​ចេញ​ជា​កម្ម​មាន​៣​យ៉ាង គឺ កាយកម្ម១, វចីកម្ម១ និង​មនោ​កម្ម១។ ចែក​​ប្រភេទ​​មាន​​ពីរ​យ៉ាង​​គឺ​ អកុសលកម្មបទ១ កុសលកម្មបទ១ ។ អកុសលកម្មបទ១០ * តើ​អ្វី​ទៅ​ជា​​អកុសលកម្ម​​បថ?​គន្លង ឬ​ផ្លូវ​នៃ​អំ​ពើ​ជា​អកុសល ហៅថា អកុសល​កម្មបថ​​មាន​​១០​​យ៉ាង​គឺ កាយទុច្ចរិត អំពើ​អាក្រក់​​ដែល​សំរេច​ដោយ​កាយ មាន ៣យ៉ាង, វចីទុច្ចរិត អំពើ​​អាក្រក់​​សម្រេច​ដោយ​​វា​ចា​​មាន​៤យ៉ាង, មនោ​ទុច្ចរិត អំពើ​អាក្រក់​​ដែល​សម្រេច​ដោយ​ចិត្ត​មាន​៣​យ៉ាង។ ​យ៉ាង​​នី​មួយ​​​​ៗ​​​មាន​​​​ដូច​​តទៅ​៖ កាយទុច្ចរិត​៣​​ ១-បាណាតិបាតា កិរិយា​​សម្លាប់​សត្វ​​មាន​ជីវិត​​ដោយ​​កាយ ឬ​​ប្រើ​​គេ​​ឲ្យ​​ធ្វើ​​ដោយ​​វាចា​។ ២-អទិន្នា​ទានា កិរិយា​​លួច​​យក​​នូវ​វត្ថុ​​ដែល​គេ​​មិន​​បាន​​ឲ្យ​​ដោយ​​កាយ ឬ​​ដោយ​​វាចា។ ៣- កាមេសុមិច្ឆាចារា កិរិយា​​ប្រព្រឹត្ដ​​ខុស​​ក្នុង​​កាម​​​ទាំងឡាយ​​ដែល​មិន​មែន​ជា​​កម្ម​សិទ្ធិ​​របស់​​ខ្លួន​​។ វចី​ទុច្ច​រិត​៤​ ១- មុសាវាទា​ កិរិយា​ពោល​ដោយ​ពាក្យកុហក។ ២- បិសុណាវាចា កិរិយា​ពោល​ពាក្យ​ញុះញង់ ស៊ក​សៀតបំបែកបំបាក់គេ។ ៣-ផរុសវាចា ករិយា​ពោលពាក្យអាក្រក់​ ទ្រគោះ​បោះបោក​ជេរ​ប្រទេច​ជាដើម។ ៤- សម្ផប្បលាបា កិរិយា​ពោល​ពាក្យ​រោយ​រាយ​ឥតប្រយោជន៍។ មនោទុច្ច​រិត​៣ ១- អភិជ្ឈា ចិត្ដ​សំឡឹង​រំពៃ​ចំពោះទ្រព្យ​របស់អ្នកដទៃ​ដោយ​គិត​បម្រុង​នឹង​ឲ្យ​បាន​មកជា​របស់ខ្លួន។ ២- ព្យាបាទ ចិត្ដ​ចង​គំនុំគំគួន គឺប៉ង​ចង់​ឲ្យ​អ្នកដទៃ​ដល់នូវ​សេចក្ដី​វិនាស។ ៣-មិច្ឆាទិដ្ឋិ គំនិត​យល់ខុស ហើយ​ប្រកាន់​ថា​ជាត្រូវ។ កុសលកម្មបទ១០ * តើអ្វីទៅជា​កុសលកម្ម​បថ? ​គន្លង ឬផ្លូវនៃអំពើជាកុសល ហៅថា កុសលកម្មបថ​មាន​១០​យ៉ាង​គឺ កាយសុចរិត អំពើល្អ​ដែល​សម្រេច​ដោយ​កាយ មាន ៣យ៉ាង, វចីសុចរិត អំពើ​ល្អសម្រេច​ដោយ​វាចា​មាន៤យ៉ាង, មនោសុចរិត អំពើល្អដែលសម្រេចដោយចិត្តមាន៣យ៉ាង។ ​យ៉ាង​នី​មួយ​​ៗ​​មាន​​​ដូច​តទៅ​៖ កាយសុចរិត​៣ ១- បាណាតិបាតា វេរមណី ចេតនា​ជា​ហេតុ​វៀរចាកកិរិយា​ធ្វើ​សត្វ​មាន​ជីវិត​ឲ្យធ្លាក់​ចុះកន្លង​ គឺ​ការ​សម្លាប់សត្វ។ ២- អទិន្នា​ទានា វេរមណី ចេតនា​ជា​ហេតុ​វៀរចាក​កិរិយា​កាន់យក​នូវ​របស់​ដែលគេ​មិន​បាន​ឲ្យ​ដោយ​កាយ ឬ​ដោយ​វាចា។ ៣- កាមេសុមិច្ឆាចារា វេរមណី ចេតនា​ជាហេតុ​វៀរ​ចាកកិរិយា​ប្រព្រឹត្ដ​ខុស​ក្នុងកាម​ទាំងឡាយ។ វចីសុចរិត​៤ ១- មុសា​វាទា វេរមណី ចេតនា​ជា​ហេតុ​វៀរចាក​កិរិយា​ពោលពាក្យកុហក។ ២- បិសុណាវាចា វេរមណី ចេតនា​ជាហេតុ​វៀរចាក​កិរិយា​ពោលពាក្យ​ញុះញង់​ ស៊កសៀត​បំបែក​បំបាក់​អ្នកដទៃ។ ៣- ផរុសវាចា វេរមណី ចេតនា​ជាហេតុវៀរចាក​កិរិយា​ពោលពាក្យ​អាក្រក់​ ទ្រគោះ​បោះបោក​ជេរ​ប្រទេច​​ជា​ដើម។ ៤- សម្ផប្បលាបា វេរមណី ចេតនាជាហេតុ​វៀរចាកកិរិយា​ពោលពាក្យ​រោយ​រាយ​ឥត​ប្រយោជន៍។ មនោសុចរិត៣ ១- អនភិជ្ឈា មិនមានចិត្ដ​សំឡឹង​រំពៃ​ចំពោះទ្រព្យ​របស់អ្នកដទៃ​ដោយ​គិត​បម្រុង​នឹង​ឲ្យ​មក​ជា​របស់ខ្លួន។ ២- អព្យាបាទ មិនមានចិត្ដ​ចង​គំនុំគុំគួន គឺ​ប៉ង​ចង់​ឲ្យអ្នកដទៃ​ដល់នូវ​សេចក្ដី​វិនាស។ ៣- សម្មាទិដ្ឋិ គំនិត​យល់ឃើញត្រូវ​ ហើយ​ប្រកាន់​ថាពិតជាត្រឹមត្រូវ​មែន។ កម្មបទ បើចែកតទៅទៀតមាន៨០ គឺកុសលកម្មបទ៤០ និងអកុសលកម្មបទ៤០។ ប្រភព ដោយ៥០០០ឆ្នាំ
images/articles/2270/Untitled-1-Recovered.jpg
Public date : 03, Jun 2023 (25,337 Read)
សិក្ខាបទទី១​ថា បាណាតិបាតា វេរមណី គឺ​ចេតនាវៀរចាក ការសម្លាប់​ជីវិតសត្វ។សត្វ​មាន​ជីវិត​សំដៅ​យក​ពួក​សត្វ​ទាំងអស់ ទោះ​តូច​ល្អិតក្ដី ធំក្ដី មានវិញ្ញាណ ឬមិនមានវិញ្ញាណ កាល​បើ​មាន​ចេតនា​ក្លែងសម្លាប់​ឲ្យ​ស្លាប់ហើយ ក៏ឈ្មោះ​ថា បែកធ្លាយ​ឬដាច់សីល​បាណាតិបាត។ ពួករុក្ខជាតិ តិណជាតិ ដូចជាដើមឈើ ស្មៅជាដើម ដែលវានៅ​ស្រស់​មិន​ទាន់ងាប់ ដែល​យើង​តែងហៅ​ថា"ដើមឈើ​រស់​នៅមានជីវិត" វត្ថុ​ទាំង​នេះ​មិន​រាប់​ចូល​ថាជាសត្វ​មាន​ជីវិត​ដែល​ជាវត្ថុ​នៃបាណាតិបាត​ទេ ព្រោះ​ជីវិត​ក្នុងទី​នេះសំដៅ​យកជីវិត​របស់​សព្វសត្វ​ដែល​កើតអំពី​កម្មជាបច្ច័យ​តែម្យ៉ាង ដូច្នេះ​អ្នករក្សាសីល​ក៏អាច​កាប់ដក ស្មៅឬដើមឈើ​បាន លើកលែង​តែភិក្ខុ​ជាបព្វជិត​ចេញ ដែល​លោកមានសិក្ខាបទ គឺព្រះពុទ្ធជាម្ចាស់​ទ្រង់​ហាម។ - ការទម្លាយ​មេកំណើត​បដិសន្ធិរបស់បុរស ការដែលគ្រូពេទ្យ​ទម្លាយ​មេកំណើត បដិសន្ធិ​របស់​បុរស​ដើម្បី​មិន​ឲ្យ​កើត​បដិសន្ធិ​ឡើង មិនឈ្មោះ​ថា បាណាតិបាត​ទេ ព្រោះមេពូជ​កំណើត​បដិសន្ធិ​របស់​បុរស​ដែល​ហៅ​ថា ស្ពែម៉ាតូសូអេ នេះ សូម្បី​ផ្លូវ​ពេទ្យ​ពោល​ថា​កម្រើក​បាន​ក៏​ពិត​មែន តែពូជ​នោះ​មិនមាន​វិញ្ញាណ​បដិសន្ធិ។ នៅក្នុងកាមភូមិត​នេះ សត្វ​ដែល​កើត​ឡើង​ប្រាសចាក​វិញ្ញាណ​រមែង​មិន​មាន ដូច្នេះក្នុង​ផ្លូវ​ព្រះពុទ្ធសាសនា​ទើប​មិន​រាប់​ថា​ជាសត្វ។ ពូជ​បដិសន្ធិបុរស​ឬស្ត្រី ត្រឹម​តែ​ជាឧតុជ្ជរូបកលាបៈ (សំណុំនៃ រូបកើត​អំពី​ឧតុ) ដែល​កើត​អំពី​លោភរបស់ បុរស ឬស្ត្រី ប៉ុណ្ណោះ ក្នុងការ​ដែល​ញ័រ​បាន​នោះ ក៏​ព្រោះរូបកលាបៈ​នោះ​មាន​វាយោធាតុ​ដែល​មាន​លក្ខណៈ​កម្រើក​ញ័រ​ទើប​ធ្វើ​ឲ្យ​ញ័រ​បាន ដូច​ជាកន្ទុយ​ជីងចក់​ដែល​ដាច់​ចេញអំពី​ខ្លួន ហើយ​អាច​នៅ​កម្រើក​បាន​ដូច្នោះ។បើ​ការ​ទម្លាយ​នោះ ជាការ​ទម្លាយ​ក្នុងកាល​ដែល​ពូជ​បដិសន្ធិ​របស់​បុរស​និង​ស្ត្រី​ដែល​បាន​ផ្សំ​គ្នា ហើយ​មាន​សត្វ​មក​ចាប់​កំណើត ហើយ​ការ​ធ្វើ​នោះ ចាត់​ជាបាណាតិបាត។ (ដកស្រង់ពីមតិរបស់អាចារ្យ​សទ្ធម្មជោតិកៈ) - អំពីការចាក់ថ្នាំបំបាត់រោគ លោកគ្រូ​ពេទ្យ​ចាក់ថ្នាំ​សម្លាប់​មេរោគផ្សេងៗ​នោះ មិនចាត់​ជាបាណាតិបាត​ទេ ព្រោះមេរោគ​ទាំង​នោះ​មិនមាន​វិញ្ញាណ​និង​ជីវិត​ដែល​កើត​ពីកម្ម គ្រាន់​តែ​ជា​ឧតុជ្ជរូបកលាបៈ​ជាប់ទាក់​ទង​ជាមួយ​អកុសលកម្ម​ខ្លះ កើត​អំពី​ឧតុខាង​ក្នុង​ខ្លះ ខាងក្រៅ​ខ្លះ និង​កើត​អំពី​អាហារ​ខ្លះ ក្នុងការ​ដែល​មេរោគ​នោះ​អាច​កម្រើក​បាន​ដូច​សត្វ​ខាង​ក្រៅ​ដែរ ក៏​ព្រោះ​អំណាច​នៃ​វាយោធាតុ​ដែល​មាន​នៅ​រូប​កលាបៈ​នោះៗ​ធ្វើ​ឲ្យ​រូបកលាបៈ​នោះ​កើត​ជាប់​គ្នា​មាន​ចំនួនច្រើន​ឡើង ប្រៀប​ដូច​ដើមឈើ​ដែល​បានទទួល​ធាតុត្រជាក់ និង​ក្ដៅអំពី​ដីជាដើម រមែង​ចម្រើន​លូតលាស់​បែកមែកសាខា​ចេញ​ទៅបានដូច្នោះ ម្យ៉ាង​ទៀត ត្រង់​ដែល​មេរោគ​ទាំង​នោះ​មិន​ចេះ​ស្លាប់​ដោយ​ខ្លួន​ឯង ក៏សម្ដែង​ឲ្យ​ឃើញ​ថា មេរោគនោះ​មិនមែន​សត្វ ព្រោះបើ​ជាសត្វ​ហើយ​ត្រូវ​តែស្លាប់​តាម​កំណត់​វេលា​ដូច្នេះ​មេរោគ​ទាំង​នោះ មានសភាព​ដូច​ច្រែះដែក​ស្នឹម​ដែក ឬស្លែទឹកតោងខឿន​ជញ្ជាំង​ដូច្នោះ។ - ​ការបរិភោគពងមាន់ឬពងទា​ដែល​មិនមាន​ពូជ​ឈ្មោល​ផ្សំ អ្នក​ដែល​បរិភោគ​នូវ​ពងមាន់​ឬពងទា ដែល​មិន​មានពូជឈ្មោល​ផ្សំ​នោះ រមែង​ឈ្មោះ​ថា ជាអ្នកបរិភោគ​នូវ​សត្វ​មានជីវិតគឺជា បាណាតិបាតកម្ម ព្រោះថា សូម្បីពង​នោះ​មិនមាន​ពូជ​ឈ្មោះ​ផ្សំ​ក៏ដោយ តែមាន​សត្វ​បដិសន្ធិ​ឡើង​ហើយ ទើប​កើត​ជាពង​ឡើង​បាន ព្រោះ​ហេតុ​ដែល​នាំឲ្យ​តាំងគគ៌​មាន ៨ យ៉ាង គឺ ១- ដោយការសេពមេថុនធម្ម ២- ដោយការ​យក​ទឹកអសុចិរបស់បុរស​មកដាក់​ត្រង់ទ្វារមគ្គ។ ៣- ដោយ​បុរសចាប់​ពាល់រាងកាយ ៤- ដោយបុរសស្ទាប​ផ្ចិត ៥- ដោយ​ស៊ីទឹកអសុចិរបស់បុរស ៦- ដោយឃើញ​រូបរាងរបស់បុរស ៧- ដោយឮសម្លេងរបស់​បុរស ៨- ដោយធំក្លិន​បុរស (ដកស្រង់អំពី​សមន្តប្បាសាទិកា អដ្ឋកថាព្រះវិន័យ) សេចក្ដី​នេះ​សម្ដែង​ឲ្យ​ឃើញ​ថា ការ​កើត​ឡើង​នៃ​សត្វក្នុងគគ៌ សូម្បី​មិនបាន​ផ្សំ​ដោយ​ពូជបុរស ក៏​អាច​មានហេតុដទៃៗ​ធ្វើឲ្យសត្វ​កើតឡើង​បាន​ដែរ ឧទាហរណ៍​ដូច​ជា​សត្វ​កុក ជាធម្មតា​មិនដែលមាន​សត្វ​កុកឈ្មោល តែ​កាល​មេកុក​ដល់​រដូវកាល​ហើយ គ្រាន់​តែឮសម្លេង​ផ្គរលាន់ មេសត្វ​កុក​ក៏តាំង​គគ៌ឡើង ឧទាហរណ៍​មួយ​ទៀត អំពី​មនុស្ស ដូចមាតារបស់​សុវណ្ណសាមពោធិសត្វ គ្រាន់​តែ​តាបស​ជាស្វាមី​យក​ដៃ​ស្ទាប​អង្អែល​ផ្ចិត​ប៉ុណ្ណោះ ក៏តាំងគគ៌ គឺសុវណ្ណសាម​ឡើង។តែបញ្ហា​នេះ តាមមតិវិទ្យាសាស្ត្របច្ចុប្បន្ន​ដោយ​ច្រើន​គេ​យល់​ថា មិនមាន​សត្វ តែសូមលោកអ្នករក្សាសីល​ទាំង​ឡាយ គួរពិចារណាឲ្យ​បាន​ល្អិតល្អន់​តទៅទៀតចុះ។ ដកស្រង់ចេញពីសៀវភៅ សីល៥ជាធម៌របស់មនុស្ស រៀប​រៀង​ដោយ មេត្តាបាលោ ទឹម សឿត ដោយ​៥០០០​ឆ្នាំ
images/articles/2388/45g4ft4e6th4wgtf4ef5ythegszsfrztf.jpg
Public date : 03, Jun 2023 (12,498 Read)
មនុស្ស​យើង​គ្រប់​គ្នា តែង​ចង់​ឲ្យ​ខ្លួន​ឯង​មាន​ជីវិត​រស់​នៅ​យូរ​អង្វែង ចង់​មាន​ទ្រព្យ​សម្បត្តិ​ស្តុក​ស្តម្ភ មិន​ចង់​ឲ្យ​មាន​រោគ​ផ្សេង ៗ ចង់​រស់​នៅ​ជួប​ជុំ​ភរិ​យា​ស្វា​មី កូន​ចៅ​ប្រុស​ស្រី ចង់​ឲ្យ​គេ​មាន​ភក្តី​ស្មោះ​ត្រង់​នឹង​ខ្លួន​ឯង មិន​ចង់​ឲ្យ​គេ​និយាយ​ភូត​ភរ​កុ​ហក​ បោក​ប្រាស់ ចង់​ឲ្យ​និយាយ​តែ​ពាក្យ​សច្ចៈ ពិត​ទៀង​ត្រង់ ចង់​​ឲ្យ​ខ្លួន​ឯង​បរិបូរ​ទៅ​ដោយ​បញ្ញា មិន​ចង់​ឲ្យ​ខ្លួន​ឯង​ក្លាយ​ខ្លួន​ទៅ​ជា​មនុស្ស​ឆ្គួត​ វិ​កល់​ចរិក​ មាន​សតិ​វិប្ប​លាស បាត់​បង់​បញ្ញា​ស្មា​រតី ចង់​ឲ្យ​ខ្លួន​ឯង​ពោរ​ពេញ​ទៅ​ដោយ​សេចក្តី​សុខ​គ្រប់​យ៉ាង . . . ។ បេ ។ យើង​ដែល​និយាយ​ថា​ចង់​បាន​ ៗ ៗ គ្រប់​គ្នា​នេះ ចុះ​ហេតុ​អ្វី​បាន​ជា​យើង​មិ​នព្រម​នាំ​គ្នា​ធ្វើ​នូវ​ប្រ​យោជន៍ ដែល​នាំ​ឲ្យ​បាន​នូវ​របស់​ទាំង​អស់​នោះ ចេះ​តែ​ស្រែង​ក្តែង ៗ ថា ចង់​បាន​នេះ ចង់​បាន​នោះ ចង់​ឲ្យ​ខ្លួន​ឯង​មាន​សេចក្តី​សុខ​ណាស់ តែ​មិន​ព្រម​នាំ​គ្នា​ធ្វើ​នូវ​ហេតុ​ដែល​នាំ​ឲ្យ​មាន​នូវ​សេចក្តី​សុខ តើ​នឹង​មាន​សេចក្តី​សុខ​ពី​ណា​មក ? ដោយ​ហេតុ​តែ​ចង់​ឲ្យ​ជី​វិត​របស់​ខ្លួន​រស់​នៅ​យើន​យូរ តែ​បែរ​ជា​ទៅ​បៀត​បៀន​ជី​វិត​អ្នក​ដទៃ តើ​នេះ​ឈ្មោះ​ថា យើង​កំពុង​តែ​សាង​នូវ​ភាព​ជា​អ្នក​មាន​អាយុ​វែង​ឬ ? ចង់​មាន​ទ្រព្យ​សម្បត្តិ​តែ​បែរ​ជា​ទៅ​លួច​ទ្រព្យ​អ្នក​ដទៃ ដើម្បី​ឲ្យ​ខ្លួន​ឯង​មាន ចង់​មាន​សេចក្តី​សុខ តែ​បែរ​ទៅ​ប្រព្រឹត្តិ​បំ​ពាន​លើ​សេចក្តី​សុខ​របស់​អ្នក​ដទៃ សួរ​ថា​តើ​អំពើ​ទាំង​អស់​នេះ​វា​សម​គួរ​ដែរ​ឬ ? ព្រះ​បរម​សា​ស្តា​ចារ្យ​ព្រះ​អង្គ​ទ្រង់​ត្រាស់​សម្តែង​ថា បើ​យើង​ចង់បាន​អាយុ​វែង ចង់​បាន​ទ្រព្យ​ស្តុក​ស្តម្ភ ចង់​ឲ្យ​ឯង​មាន​សេចក្តី​សុខ​នៅ​ក្នុង​ក្រុម​គ្រួសារ ចង់​ឲ្យ​គេ​មាន​ភាព​ស្មោះ​ត្រង់​នឹង​ខ្លួន​ឯង និង​ចង់​មាន​បញ្ញា គឺ​ត្រូវ​វៀក​ចាក​បញ្ច​វេ​រា​ទាំង ៥ គឺ​សីល​ ៥ នឹង​ឯង ពីព្រោះ​អ្នកមាន​សីល​ ៥ រមែង​បាន​ទទួល​នូវ​គុណ​ធម៌​ដូច្នេះ​គឺ -សីល​ទី ១ មិន​បៀត​បៀន​ជី​វិត​អ្នក​ដទៃ​គឺ​មិន​សម្លាប់​សត្វ​នាំ​ឲ្យ​មាន​ធម៌ មេត្តា ។ -សីល​ទី ២ មិន​លួច​ទ្រព្យ​គេ នាំ​ឲ្យ​មាន​ធម៌ សម្មា​អាជីវៈ ។ -សីល​ទី ៣ មិន​ប្រ​ព្រឹត្ត​ខុស​ក្នុង​កាម នាំ​ឲ្យ​យើង​មាន​នូវ​ធម៌ សទារន្តោសៈ ។ -សីល​ទី ៤ មិន​និយាយ​កុហក នាំ​ឲ្យ​មាន​ធម៌ សច្ចៈ ។ -សីល​ទី ៥ មិន​ផឹក​នូវ​ទឹក​ស្រ​វឹង នាំ​ឲ្យ​មាន​ធម៌ សតិ​សម្បជញ្ជៈ ។ សីល​ទាំង ៥ នេះ​ដែល​មនុស្ស​គួរ​តែ​ខំ​ប្រឹង​ប្រែង​រក្សា​ឲ្យ​ដូច​ជា​យើង​រក្សា​នូវ​ជី​វិត​របស់​​ដូច្នោះ​ដែរ ដើម្បី​បាន​ជា​មាគ៌ា​សម្រាប់​ជីវិត​របស់​យើង ដែល​ធ្វើ​ដំ​ណើរ​ទៅ​លោក​ខាង​មុខ​នឹង​បាន​ជា​គ្រឿង​ប្រដាប់​ សម្រាប់​តម្រែ​ តម្រង់ និង​កែ​តម្រូវ​ផ្លូវ​នៃ​ជី​វិត​របស់​ខ្លួន​ឲ្យ​ប្រ​កាន់​តែ​​ប្រ​សើរ​ ។ ដកស្រង់ចេញពីសៀវភៅៈ សមាធិ​សម្រាប់​កុមារា កុ​មារី យុវជន យុវតី រៀបរៀងដោយៈ ព្រះ​បាឡាក់ សម្បត្តិ​ចន្ទ​សុវណ្ណោ ( ម៉ៅ សុរិន ភិក្ខុ ) វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ
images/articles/3058/ima_______________ge.jpg
Public date : 03, Jun 2023 (7,853 Read)
ឧបោសថសីល មាន​៣យ៉ាង​គឺៈ ១. បកតិឧបោសថ ឧបោសថ​តាមធម្មតា។ កាលនៃ​បកតិឧបោសថ​នេះ ​មាន​៨ថ្ងៃ​​ក្នុង​មួយ​ខែគឺ ជុណ្ហបក្ខ (បក្សខ្នើត) ៤ថ្ងៃ កាលបក្ខ (បក្សរនោច) មាន​៤ថ្ងៃ បក្សខ្នើត ៤ថ្ងៃគឺ ៥កើត ៨កើត ១៤កើត ១៥កើត។ បក្សរនោច ៤ថ្ងៃគឺ ៥រោច ៨រោច ១៤រោច ១៥រោច។ ថ្ងៃ​នៃ​បកតិឧបោសថ​នេះ ក្នុងសម័យ​ពុទ្ធកាល មានតែ​៦ថ្ងៃ។ ​ថ្ងៃ​៥កើត និង​៥រោច ជាកាល​នៃ​ការស្តាប់​ធម៌ទេសនា​ក្នុង​ពេលនោះ ក្រោយមក​ព្រះសង្គាហកត្ថេរ​ទាំងឡាយ លោក​លើក​ឡើង​រាប់​បញ្ចូល​ជា​ថ្ងៃ​ឧបោសថ ទើប​បកតិឧបោសថ​មាន ៨ថ្ងៃក្នុង​មួយខែ។ ២. បដិជាគរុបោសថ ឧបោសថរបស់បុគ្គល​អ្នក​ភ្ញាក់រលឹក ជន​ទាំងឡាយ​កាល​រក្សា​នូវ​ឧបោសថនេះ រមែង​រក្សា​ដោយ​អំណាច​នៃ​កិរិយា​ក្រោក​ឡើង​ទទួល និង​ជូន​តាម​នៃ​ថ្ងៃ​ឧបោសថ​នីមួយៗ (ឧបោសថ ៤ថ្ងៃ) ក្នុង​កន្លះខែ។ កាលនៃបដិជាគរុបោសថ មាន​ចំនួន ១១ថ្ងៃក្នុង​មួយខែ។ ជុណ្ហបក្ខ (បក្សខ្នើត) មាន ៥ថ្ងៃ​គឺ ៤កើត ៦កើត ៧កើត ៩កើត ១៣កើត។ កាលបក្ខ (បក្សរនោច) បើខែ​ពេញ មាន​ ៦ថ្ងៃ គឺ​បាដិបទ (១រោច) ៤រោច ៦រោច ៧រោច ៩រោច ១៣រោច បើខែ​មិន​ពេញ មាន​៦ថ្ងៃ​គឺ បាដិបទ (១រោច) ៤រោច ៦រោច ៧រោច ៩រោច ១២រោច។ រួមឧបោសថទាំងជុណ្ហបក្ខ និងកាលបក្ខ គឺមួយខែមានថ្ងៃឧបោសថ ១៩ថ្ងៃ។ ៣.បាដិហារិយុបោសថ ឧបោសថដែលបុគ្គលគប្បីរក្សា។ ខែ​ប្រកប​ដោយ​រដូវ​ភ្លៀង ៤ខែ គឺ អាសាធ ១ ស្រាពណ៌ ១ ភទ្របទ ១ អស្សុជ ១ កត្តិក ១ ជា​កាល​នៃ​បាដិហារិយបក្ខ។ ក្នុងរាជសុត្តវណ្ណនា មាន​សេចក្តីថា និពទ្ធុបោសថ គឺឧបោសថ​ដែលគេ​រក្សា​ជាប់​ជានិច្ច មិន​ដាច់​អស់​កាល ៣ខែ ក្នុង​ខាង​ក្នុង​វស្សា​ក្តី ឧបោសថ​​ដែល​បុគ្គល​រក្សា​ជាប់​ជានិច្ច មិន​ដាច់​អស់​កាល ១ខែ ត្រង់​ចន្លោះ​បវារណា​ទាំង​ពីរ​ក្តី ឧបោសថ​​ដែល​គេ​រក្សា​ជាប់​ជានិច្ច មិន​ដាច់​ត្រឹម​កន្លះខែ ចាប់​ពី​ថ្ងៃ​បវារណា​ទី១ ទៅក្តី ហៅថា បាដិហារិយបក្ខ។ ក្នុងតដ្តិកា បាន​បញ្ជាក់ថា និពទ្ធុបោសថ ឈ្មោះថា បាដិហារិយបក្ខ​នោះ ព្រោះ​ជា​ឧបោសថ​ គឺ​បុគ្គល​គប្បីរក្សា គឺថា​ប្រព្រឹត្ត​ជាប់​រៀង​រាល់​ឆ្នាំ។ បាដិហារិយបក្ខ មានន័យថា បក្សនៃ​បាដិហារិយុបោសថ បាន​ដល់​បក្ស​ទាំងពីរ​យ៉ាង​គឺ ឧបនីហរណកបក្ខ ១ បាដិជគ្គនកបក្ខ ១។ ឧបនីហរណកបក្ខ បានដល់បក្សនៃការរក្សាបកតិឧបោសថ​ ជុណ្ហកបក្ស មាន​៤ថ្ងៃ កាលបក្ស មាន ៤ថ្ងៃ។ បដិជគ្គនកបក្ខ បានដល់បក្សនៃការរក្សានូវបាដិជាគរុបោសថ ជុណ្ហកបក្ស មាន ៥ថ្ងៃ កាលបក្ស មាន ៦ថ្ងៃ។ អាចារ្យដទៃពោលថា ខែ៣ គឺ អាសាធ ១ កត្តិក ១ ផល្គុណ ១ ជាបាដិហារិយបក្ខ។ អាចារ្យដទៃទៀតពោលថា ថ្ងៃ ៤ៗ ពោលគឺ ១៣កើត ១រោច ៧រោច ៩រោច រៀង​រាល់​បក្ស ដោយ​អំណាច​នៃ​ថ្ងៃ​ខាង​ដើម និង​ខាងចុង​នៃ​ថ្ងៃ​បក្ខុបោសថ ជា​បាដិហារិយបក្ខ។ ពាក្យ​ណា​គាប់ចិត្ត បុគ្គល​អ្នក​មាន​សេចក្តីប្រាថ្នា​នូវ​បុណ្យ គប្បី​កាន់​យក​ពាក្យ​នោះ​តាម​សេចក្តី​គាប់​ចិត្ត​ចុះ។ សេចក្តីសម្រេចក្នុងគម្ពីរ មង្គលត្ថទីបនី បានបញ្ជាក់អំពី​ឧបោសថ ដែល​មាន​ក្នុង​សម័យ​ពុទ្ធកាល​ថា កាលនៃ​បកតិឧបោសថ​ ក្នុងមួយខែ​មាន ៨ថ្ងៃ។ កាលនៃ​បដិជាគរុបោសថ ក្នុង​មួយខែ​មាន ១១ថ្ងៃ។ ខែប្រកប​ដោយ​រដូវ​ភ្លៀង​ទាំងអស់ ជាកាល​នៃ​បាដិហារិយុបោសថ។ ថ្ងៃដែលត្រូវរក្សាឧបោសថ​សីល ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បាន​កំណត់ហើយ​នោះ ពិត​ជា​មាន​ប្រយោជន៍ ហេតុដូច្នេះ ពុទ្ធបរិស័ទ​ដែល​ជា​អ្នក​ស្រឡាញ់​ព្រះពុទ្ធ​សាសនា ដើម្បី​កុំ​ឲ្យ​ធម៌​វិន័យ​នៃ​ព្រះពុទ្ធ​បរមគ្រូ​ជាម្ចាស់​សាបសូន្យ គួរតែ​គោរព​ប្រតិបត្តិ​តាម​កាល​កំណត់​នៃ​ថ្ងៃ​ឧបោសថ ដែល​ព្រះអង្គ​ទ្រង់​ត្រាស់​សំដែង​ហើយ។ បុគ្គលកាលរក្សានូវបដិជាគរុបោសថ ១ខែមាន ១១ថ្ងៃ។ ឯបុគ្គលរក្សានូវ​បាដិហារិយុបោសថ ត្រូវ​រក្សា​ឧបោសថសីល​គ្រប់​ថ្ងៃនៃ​ឧបោសថ​ទាំងអស់ តាម​បាដិហារបក្ស មិនបាន​លះបង់​នូវ​ថ្ងៃ​ឧបោសថ សូម្បី​តែ​មួយថ្ងៃ​ឡើយ ហើយ​ត្រូវ​ប្រកប​ដោយ​ខែ​ជារដូវ​ភ្លៀង​ ៤ខែផង។ ដោយ៥០០០ឆ្នាំ (ប្រភពដកស្រង់)
images/articles/3145/bvhj6645e.jpg
Public date : 03, Jun 2023 (5,408 Read)
សីលសូត្រ ទី៣ [១១៣] ម្នាលភិក្ខុទាំងឡាយ ទោសនៃសីលវិបត្តិរបស់បុគ្គលទ្រុស្តសីលនេះ មាន ៥ យ៉ាង។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទ្រុស្តសីល វិបត្តិចាកសីល ក្នុងលោកនេះ តែងដល់នូវសេចក្តីវិនាសសម្បត្តិដ៏ច្រើន ហេតុមកពីសេចក្តីប្រមាទ ម្នាលភិក្ខុទាំងឡាយ នេះជាទោស ទី១ នៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលទ្រុស្តសីល វិបត្តិចាកសីលហើយ តែងមានកិត្តិសព្ទដ៏អាក្រក់ខ្ចរខ្ចាយទៅ ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី២ នៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលទ្រុស្តសីល វិបត្តិចាកសីលហើយ (បើ) ចូលទៅកាន់បរិសទ្យណា ទោះបីជាខត្តិយបរិសទ្យក្តី ព្រាហ្មណបរិសទ្យក្តី គហបតិបរិសទ្យក្តី សមណបរិសទ្យក្តី ក៏គ្មានក្លៀវក្លា តែងមានមុខឱនចុះ ដើរចូលទៅ ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី៣ នៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលទ្រុស្តសីល វិបត្តិចាកសីល តែងស្លាប់វង្វេងស្មារតី ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី៤ នៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត បុគ្គលទ្រុស្តសីល វិបត្តិចាកសីលហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងកើតជាតិរច្ឆាន ប្រេត អសុរកាយ និងនរក ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី៥ នៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល។ ម្នាលភិក្ខុទាំងឡាយ ទោសនៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល មាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃសីលសម្បទា របស់បុគ្គលមានសីលនេះ មាន ៥ យ៉ាង។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសីល បរិបូណ៌ដោយសីល ក្នុងលោកនេះ តែងបាននូវគំនរសម្បត្តិដ៏ច្រើន ហេតុមកពីសេចក្តីមិនប្រមាទ ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្សទី ១ នៃសីលសម្បទា របស់បុគ្គលមានសីល។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលមានសីល បរិបូណ៌ដោយសីលហើយ តែងមានកិត្តិសព្ទដ៏ពីរោះខ្ចរខ្ចាយទៅ ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្សទី ២ នៃសីលសម្បទា របស់បុគ្គលមានសីល។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលមានសីល បរិបូណ៌ដោយសីលហើយ (បើ) ចូលទៅកាន់បរិសទ្យណា ទោះបីជាខត្តិយបរិសទ្យក្តី ព្រាហ្មណបរិសទ្យក្តី គហបតិបរិសទ្យក្តី សមណបរិសទ្យក្តី តែងក្លៀវក្លា មិនឱនមុខចុះដើរចូលទៅ ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្សទី ៣ នៃសីលសម្បទា របស់បុគ្គលមានសីល។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលមានសីល បរិបូណ៌ដោយសីល តែងស្លាប់ មិនវង្វេងស្មារតីឡើយ ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្សទី ៤ នៃសីលសម្បទា របស់បុគ្គលមានសីល។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត បុគ្គលមានសីល បរិបូណ៌ដោយសីល លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងសុគតិសួគ៌ ទេវលោក ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្សទី ៥ នៃសីលសម្បទា របស់បុគ្គលមានសីល។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស នៃសីលសម្បទា របស់បុគ្គលមានសីល មាន ៥ យ៉ាងនេះឯង។ សីលសូត្រ ទី ៣ ឬ ទោស ៥ យ៉ាង របស់បុគ្គលទ្រុស្តសីល បិដក ៤៥ ទំព័រ ២៤៧ ឃ្នាប ១១៣ ដោយ​៥០០០​ឆ្នាំ​
images/articles/3249/____________________________________.jpg
Public date : 27, May 2023 (4,060 Read)
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធការរម្ងាប់វិវាទ របស់មហាមាត្យ​​ទាំង ២ របស់ព្រះបាទកោសល បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា កោ នុ ឧទ្ធិតភត្តោវ ដូច្នេះជាដើម ។រឿងរ៉ាវបច្ចុប្បន្នបានពោលរួចហើយក្នុង (ឧរគជាតក) ទុកនិបាត ។ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលព្រាហ្មណ៍ ក្នុងដែនកាសី កាលចម្រើនវ័យធំហើយ បានសិក្សារៀនសូត្រសិល្បសាស្ត្រទាំងពួង ហើយលះបង់កាម បួសជាឥសី កសាងអាស្រមបទ ក្បែរច្រាំងទន្លេគង្គា ក្នុងហិមវន្តប្រទេស ញ៉ាំងអភិញ្ញា និងសមាបត្តិឲ្យកើតឡើង លេងឈានកីឡា សម្រេចការនៅក្នុងទីនោះ ។ បានឮមកថា ក្នុងជាតកនេះ ព្រះពោធិសត្វជាអ្នកមានចិត្តកណ្ដាលដ៏ក្រៃលែង បំពេញឧបេក្ខាបារមី ។ មានស្វាច្រឡើសបើសទ្រុស្តសីលមួយ មកធ្វើសលាកបវេសនកម្ម (ការសម្ដែងអាការៈធ្វើដូចជាសេពមេថុនធម្ម) ដោយអង្គជាត តាមប្រហោងត្រចៀក ដល់ព្រះពោធិសត្វ ដែលកំពុងអង្គុយទៀបទ្វារបណ្ណសាលា ។ ព្រះពោធិសត្វហាមឃាត់ហើយ លោកមានចិត្តជាកណ្ដាល អង្គុយនៅស្ងៀម ។ ថ្ងៃមួយ មានអណ្ដើកមួយងើបឡើងមកពីទឹក ដេកហាមាត់ កម្ដៅថ្ងៃនៅនឹងច្រាំងទន្លេគង្គា ។ ស្វាឡេះឡោះឃើញអណ្ដើក ក៏ធ្វើសលាកបវេសនកម្ម ដាក់មាត់អណ្ដើកនោះ ។ ពេលនោះ អណ្ដើកភ្ញាក់ឡើង ខាំអង្គជាតរបស់ស្វា ហាក់ដូចជាដាក់ចូលទៅក្នុងស្មុគ ធ្វើឲ្យស្វាមានទុក្ខវេទនាយ៉ាងខ្លាំង ។ ស្វាកំហូចកាលមិនអាចនឹងអត់ទ្រាំបាន ក៏គិតថា បុគ្គលណាគប្បីដោះយើងពីសេចក្ដីទុក្ខនេះ យើងនឹងទៅកាន់សម្នាក់បុគ្គលណា រួចគិតឃើញថា វៀរចាកព្រះតាបសចេញហើយ បុគ្គលដទៃដែលអាចដោះយើងចេញពីសេចក្ដីទុក្ខនេះ រមែងមិនមាន យើងគួរទៅកាន់សម្នាក់តាបស ដូច្នេះទើបយកដៃលើកអណ្ដើក ទៅកាន់សម្នាក់ព្រះពោធិសត្វ ។ ព្រះពោធិសត្វកាលលលេងនឹងស្វាទ្រុស្តសីលនោះ ទើបពោលគាថាទី ១ ថា កោ នុ ឧទ្ធិតភត្តោវ, បូរហត្ថោវ ព្រាហ្មណោ; កហំ នុ ភិក្ខំ អចរិ, កំ សទ្ធំ ឧបសង្កមិ។ បុគ្គលណាហ្ន៎ ដើរមក ហាក់ដូចជាបុគ្គលមានភត្តដួសស្រេចហើយ ឬដូចជាព្រាហ្មណ៍ មានលាភពេញដៃ អ្នកដើរទៅសូមក្នុងទីណា ឬអ្នកចូរទៅរកបុគ្គលណាដែលមានសទ្ធា ។ ស្វាទ្រុស្តសីលស្ដាប់ពាក្យនោះហើយ ពោលគាថាទី ២ ថា អហំ កបិស្មិ ទុម្មេធោ, អនាមាសានិ អាមសិំ; ត្វំ មំ មោចយ ភទ្ទំ តេ, មុត្តោ គច្ឆេយ្យ បព្ពតំ។ ខ្ញុំជាស្វាឥតប្រាជ្ញា បានប៉ះពាល់នូវវត្ថុទាំងឡាយ ដែលគេមិនគួរប៉ះពាល់ សូមលោកម្ចាស់ដោះខ្ញុំឲ្យរួច សូមសេចក្ដីចម្រើនចូរមានដល់លោក ខ្ញុំនោះបានរួចហើយ នឹងទៅកាន់ភ្នំវិញ ។ ដោយសេចក្ដីអាណិតស្វានោះ ព្រះពោធិសត្វកាលនឹងចរចាជាមួយអណ្ដើក ទើបពោលគាថាទី ៣ ថា កច្ឆបា កស្សបា ហោន្តិ, កោណ្ឌញ្ញា ហោន្តិ មក្កដា; មុញ្ច កស្សប កោណ្ឌញ្ញំ, កតំ មេថុនកំ តយា។ ពួកអណ្ដើកជាកស្សបគោត្ត ពួកស្វាជាកោណ្ឌញ្ញគោត្ត ម្នាលកស្សប អ្នកចូរលែង កោណ្ឌញ្ញ (ស្វាទ្រុស្តសីលនេះ) ដែលធ្វើមេថុនកម្មនឹងអ្នក ។ គាថានោះ មានសេចក្ដីថា ឈ្មោះថា អណ្ដើកទាំងឡាយ រមែងជាកស្សបគោត្រ ស្វាទាំងឡាយរមែងជាកោណ្ឌញ្ញគោត្រ ការចងអាវាហវិវាហៈនូវគ្នានឹងគ្នា របស់កស្សបគោត្រ និងកោណ្ឌញ្ញគោត្រ រមែងមាន ។ មេថុនពោលគឺកម្មទ្រុស្តសីល ដ៏សមគួរដល់មេថុនធម្ម ដែលស្វាឡេះឡោះទ្រុស្តសីលនោះធ្វើជាមួយអ្នក និងដែលអ្នកធ្វើជាមួយស្វានោះ រមែងមាន ព្រោះហេតុនោះ នែកស្សបៈ អ្នកចូរដោះលែងកោណ្ឌញ្ញៈ ។ អណ្ដើកស្ដាប់ពាក្យព្រះពោធិសត្វហើយ ជ្រះថ្លានឹងហេតុផល ក៏លែងអង្គជាតរបស់ស្វា ។ ស្វាគ្រាន់តែរួចភ្លាម ក៏ថ្វាយបង្គំព្រះពោធិសត្វ រួចរត់ចេញទៅ មិនក្រឡេកមើលទីនោះទៀតឡើយ ។ ចំណែកអណ្ដើកថ្វាយបង្គំព្រះពោធិសត្វហើយទៅកាន់លំនៅរបស់ខ្លួនវិញ ។ សូម្បីព្រះពោធិសត្វជាអ្នកមានឈានមិនសាបសូន្យ បានទៅកាន់ព្រហ្មលោក ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចធម៌ និងប្រជុំជាតកថាតទា កច្ឆបវានរា ទ្វេ មហាមត្តា អហេសុំ អណ្ដើកនិងស្វាក្នុងកាលនោះ បានមកជាមហាមាត្យទាំង ២ តាបសោ បន អហមេវ អហោសិំ ចំណែកតាបស គឺតថាគតនេះឯង ។ កច្ឆបជាតក ចប់ ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តិកនិបាត ឧទបានវគ្គ បិដកលេខ ៥៨ ទំព័រ ១៥៨) ថ្ងៃច័ន្ទ ១៣ កើត ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០ ថ្ងៃទី ២២ ខែ តុលា ព.ស. ២៥៦២ គ.ស.២០១៨ ដោយស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
images/articles/3214/_________________________________.jpg
Public date : 17, May 2023 (4,226 Read)
វិត្ថតូបោសថសូត្រ ទី២ ម្នាលភិក្ខុទាំងឡាយ ឧបោសថប្រកបដោយអង្គ ៨ ប្រការ ដែលបុគ្គលចាំរក្សាហើយ រមែងមាន ផលច្រើន មានអានិសង្សច្រើន មានសេចក្តី រុងរឿងច្រើន មានសេចក្តី ផ្សាយទៅច្រើន។ ម្នាលភិក្ខុទាំងឡាយ ឧបោសថប្រកបដោយអង្គ ៨ ប្រការ ដែលបុគ្គលចាំរក្សាហើយ រមែងមាន ផលច្រើន មានអានិសង្សច្រើន មានសេចក្តី រុងរឿងច្រើន មានសេចក្តីផ្សាយទៅច្រើន តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ពិចារណាថាព្រះអរហន្តទាំងឡាយ លះបង់ បាណាតិបាត មានអាជ្ញាដាក់ចុះហើយ មានគ្រឿងសស្រ្តា ដាក់ចុះហើយ មានសេចក្តី ខ្មាសបាប មានសេចក្តីអាណិត មានសេចក្តីអនុគ្រោះ ដោយប្រយោជន៍ ដល់សព្វសត្វ ដរាបអស់ជីវិត ក្នុងថ្ងៃនេះ ចំណែកខ្លួនអញ លះបង់បាណាតិបាត វៀរចាក បាណាតិបាត មានអាជ្ញា ដាក់ចុះហើយ មានគ្រឿងសស្រ្តា ដាក់ចុះហើយ មានសេចក្តី ខ្មាសបាប មាន សេចក្តីអាណិត មានសេចក្តី អនុគ្រោះ ដោយប្រយោជន៍ ដល់សព្វសត្វ អស់យប់នេះ និងថ្ងៃនេះ យកតម្រាប់ ព្រះអរហន្ត ទាំងឡាយផង ខ្លួនអញនឹងចាំរក្សា ឧបោសថផង ដោយអង្គនេះឯង។ ឧបោសថ ប្រកបដោយអង្គ ទី១ នេះឯង។ (សេចក្តីពិស្តារ ដូចអង្គ ទី១) ព្រះអរហន្ត ទាំងឡាយ លះបង់សេនាសនៈ ដ៏ខ្ពស់ហួសប្រមាណ និងសេនាសនៈ ដ៏ប្រសើរ វៀរចាក សេនាសនៈដ៏ខ្ពស់ ហួសប្រមាណ និង សេនាសនៈ ដ៏ប្រសើរ សម្រេចនូវទីដេក ដ៏ទាប លើគ្រែក្តី លើកម្រាល ដែលគេធ្វើដោយស្មៅក្តី ដរាប អស់ជីវិត ក្នុងថ្ងៃនេះ ចំណែកខ្លួនអញ លះបង់ សេនាសនៈ ដ៏ខ្ពស់ហួសប្រមាណ និងសេនាសនៈដ៏ប្រសើរ វៀរចាកសេនាសនៈដ៏ខ្ពស់ ហួសប្រមាណ និងសេនាសនៈ ដ៏ប្រសើរ សម្រេចនូវទីដេក ដ៏ទាប លើគ្រែក្តី លើកម្រាល ដែលធ្វើ ដោយស្មៅក្តី អស់យប់នេះ និងថ្ងៃនេះដែរ យកតម្រាប់ ព្រះអរហន្ត ទាំងឡាយផង អញនឹងចាំរក្សា ឧបោសថផង ដោយអង្គ នេះឯង។ ឧបោសថ ប្រកបដោយអង្គ ទី៨ នេះឯង។ ម្នាលភិក្ខុទាំងឡាយ ឧបោសថ ប្រកបដោយអង្គ ៨ ប្រការ ដែលបុគ្គលចាំរក្សា យ៉ាងនេះឯង រមែងមានផលច្រើន មានអានិសង្ស ច្រើន មានសេចក្តី រុងរឿងច្រើន មានសេចក្តី ផ្សាយទៅច្រើន។ ឧបោសថ មានផលច្រើនដូចម្តេច មានអានិសង្សច្រើន ដូចម្តេច មានសេចក្តី រុងរឿង ច្រើនដូចម្តេច មានសេចក្តី ផ្សាយទៅច្រើន ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចបុគ្គល សោយរាជ្យ ជាឥស្សរាធិបតី នៃមហាជនបទ ទាំង ១៦ នេះ ដែលជាជនបទ សម្បូរដោយកែវ ៧ ប្រការ គឺមហាជនបទ ឈ្មោះ អង្គៈ ១ មគធៈ ១ កាសី ១ កោសលៈ ១ វជ្ជី ១ មល្លៈ ១ ចេតី ១ វង្សៈ ១ កុរុ ១ បញ្ចាលៈ ១ មច្ឆៈ ១ សូរសេនៈ ១ អស្សកៈ ១ អវន្តី ១ គន្ធារៈ ១ កម្ពោជៈ ១ រាជសម្បត្តិនៃ មហាជនបទ ទាំងនុ៎ះ មិនដល់នូវចំណិត ១ ក្នុងចំណិត ទី១៦ៗ លើក នៃឧបោសថ ប្រកបដោយអង្គ ៨ ប្រការឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ រាជសម្បត្តិ របស់មនុស្ស ជារបស់ ស្តួចស្តើង ហើយយក ទៅប្រៀបធៀបនឹង សេចក្តីសុខ ជារបស់ ទិព្យ។ ម្នាលភិក្ខុ ទាំងឡាយ ៥០ ឆ្នាំ របស់មនុស្ស ត្រូវ ជា ១យប់ ១ថ្ងៃ របស់ចាតុម្មហារាជិក ទេវតា រាប់រាត្រីនោះ បាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែនោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ៥០០ឆ្នាំទិព្យ ត្រូវជា ប្រមាណ នៃអាយុ របស់ ចាតុម្មហារាជិកទេវតា។ ម្នាលភិក្ខុ ទាំងឡាយ ហេតុនេះ រមែងមាន ត្រង់ដែលស្រ្តី ឬ បុរស ពួកខ្លះ ក្នុងលោកនេះ ចាំរក្សានូវ ឧបោសថ ដែល ប្រកប ដោយអង្គ ៨ ប្រការ លុះបែកធ្លាយ រាងកាយស្លាប់ទៅ រមែងទៅកើត ជាមួយ នឹងពួក ចាតុម្មហារាជិកទេវតា។ ម្នាលភិក្ខុ ទាំងឡាយ រាជសម្បត្តិ របស់មនុស្សជារបស់ស្តួចស្តើង ហើយ យកទៅ ប្រៀបធៀប នឹង សេចក្តីសុខ ជារបស់ទិព្យ ដែលតថាគត សំដែងហើយ ព្រោះ អាស្រ័យ ហេតុនេះឯង។ ម្នាលភិក្ខុ ទាំងឡាយ ១០០ឆ្នាំ របស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ តាវត្តិង្សទេវតា រាប់រាត្រីនោះ បាន ៣០ ត្រូវជា ១ខែ រាប់ខែនោះ បាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ១០០០ឆ្នាំទិព្យ ត្រូវជា ប្រមាណ នៃអាយុ របស់ តាវត្តិង្ស ទេវតា។ ម្នាលភិក្ខុ ទាំងឡាយ ហេតុនេះរមែងមាន ត្រង់ដែលស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សា នូវឧបោសថ ប្រកបដោយអង្គ ៨ ប្រការ លុះបែកធ្លាយ រាងកាយស្លាប់ទៅ រមែងទៅកើត ជាមួយនឹងពួក តាវត្តិង្សទេវតា។ ម្នាលភិក្ខុ ទាំងឡាយ រាជសម្បត្តិ របស់មនុស្ស នេះឯងជារបស់ ស្តួចស្តើង ហើយយកទៅប្រៀបធៀប នឹងសេចក្តីសុខ ជារបស់ទិព្យ ដែលតថាគត សំដែងហើយ ព្រោះ អាស្រ័យហេតុនេះឯង។ ម្នាលភិក្ខុ ទាំងឡាយ ២០០ឆ្នាំ របស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ពួក យាមទេវតា រាប់ រាត្រីនោះបាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែនោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះ បាន ២០០០ ឆ្នាំទិព្យ ត្រូវជាប្រមាណ នៃអាយុ របស់យាមទេវតា។ ម្នាលភិក្ខុ ទាំងឡាយ ហេតុនេះ រមែងមានត្រង់ដែលស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សានូវឧបោសថ ប្រកប ដោយអង្គ ៨ ប្រការ លុះបែកធ្លាយ រាងកាយ ស្លាប់ទៅ រមែងទៅកើតជាមួយ នឹងពួកយាម ទេវតា។ ម្នាលភិក្ខុទាំងឡាយ រាជសម្បត្តិ របស់មនុស្ស នេះឯងជារបស់ ស្តួចស្តើង ហើយយក ទៅប្រៀបធៀប នឹងសេចក្តីសុខ ជារបស់ទិព្យ ដែលតថាគត សំដែងហើយ ព្រោះអាស្រ័យ ហេតុនេះឯង។ ម្នាលភិក្ខុ ទាំងឡាយ ៤០០ ឆ្នាំ របស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ពួក តុសិតទេវតា រាប់រាត្រីនោះបាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែ នោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះ បាន ៤០០០ឆ្នាំទិព្យ ត្រូវជា ប្រមាណ នៃអាយុ របស់ពួក តុសិតទេវតា។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ រមែងមាន ត្រង់ដែល ស្រ្តី ឬបុរស ពួកខ្លះ ក្នុងលោកនេះ ចាំរក្សា ឧបោសថ ប្រកប ដោយអង្គ ៨ ប្រការ លុះបែក ធ្លាយ រាងកាយ ស្លាប់ទៅ រមែងទៅកើត ជាមួយនឹង ពួក តុសិតទេវតា។ ម្នាលភិក្ខុ ទាំងឡាយ រាជសម្បត្តិ របស់មនុស្សនេះឯង ជារបស់ ស្តួចស្តើង ហើយយកទៅ ប្រៀបធៀប នឹង សេចក្តី សុខ ជារបស់ទិព្យ ដែល តថាគត សំដែងហើយ ព្រោះអាស្រ័យ ហេតុនេះឯង។ ម្នាលភិក្ខុ ទាំងឡាយ ៨០០ឆ្នាំ របស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ពួក និម្មានរតីទេវតា រាប់ រាត្រី នោះបាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែនោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំ នោះបាន ៨០០០ឆ្នាំទិព្យ ត្រូវជាប្រមាណ នៃអាយុរបស់ ពួក និម្មានរតី ទេវតា។ ម្នាលភិក្ខុ ទាំងឡាយ ហេតុនេះ រមែងមាន ត្រង់ដែលស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សានូវ ឧបោសថ ប្រកប ដោយអង្គ ៨ ប្រការ លុះបែកធ្លាយ រាងកាយស្លាប់ទៅ រមែងទៅកើត ជាមួយ នឹង ពួក និម្មានរតី ទេវតា។ ម្នាលភិក្ខុទាំងឡាយ រាជសម្បត្តិ របស់មនុស្សនេះឯង ជារបស់ ស្តួចស្តើង ហើយយក ទៅ ប្រៀបធៀប នឹង សេចក្តីសុខ ជារបស់ទិព្យ ដែលតថាគត សំដែងហើយ ព្រោះអាស្រ័យ ហេតុ នេះឯង។ ម្នាលភិក្ខុ ទាំងឡាយ ១៦០០ឆ្នាំ របស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ពួក បរនិម្មិតវសវត្តី ទេវតា រាប់រាត្រីនោះបាន ៣០ ត្រូវជា ១ខែ រាប់ខែ នោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ១៦០០០ឆ្នាំទិព្យ ត្រូវជា ប្រមាណ នៃអាយុ របស់ ពួក បរនិម្មិតវសវត្តី ទេវតា។ ម្នាលភិក្ខុ ទាំងឡាយ ហេតុនេះ រមែងមាន ត្រង់ដែលស្រ្តី ឬ បុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សា នូវឧបោសថ ប្រកប ដោយអង្គ ៨ ប្រការ លុះបែកធ្លាយ រាងកាយ ស្លាប់ទៅ រមែងទៅកើត ជាមួយ នឹងពួក បរនិម្មិត វសវត្តីទេវតា។ ម្នាលភិក្ខុ ទាំងឡាយ រាជសម្បត្តិ របស់មនុស្ស នេះឯង ជារបស់ ស្តួចស្តើង ហើយយកទៅប្រៀបធៀប នឹងសេចក្តីសុខ ជារបស់ទិព្យ ដែលតថាគត សំដែងហើយ ព្រោះអាស្រ័យហេតុនេះឯង។ បុគ្គលមិនគប្បីសម្លាប់សត្វ ១ មិនគប្បីកាន់ យកវត្ថុ ដែលគេ មិនបានឲ្យ ១ មិនគប្បី ពោលពាក្យ កុហក ១ មិនគប្បី ផឹកទឹកស្រវឹង ១ គប្បីវៀរចាក ការប្រព្រឹត្តិ មិនប្រសើរ គឺមេថុន ១ មិនគប្បី បរិភោគ ភោជន ក្នុងវេលារាត្រី និងក្នុងវេលា វិកាល ១ មិនគប្បីទ្រទ្រង់ ផ្កាកម្រង មិនគប្បី ប្រស់ព្រំ ដោយគ្រឿងក្រអូប ១ គប្បី ដេក លើគ្រែ លើផែនដី ឬលើកម្រាល ១ ព្រះពុទ្ធ ព្រះអង្គ ដល់នូវទីបំផុត នៃទុក្ខ ទ្រង់ប្រកាសហើយ នូវឧបោសថ ដែលប្រកបដោយអង្គ ៨ ប្រការ នេះឯង សភាវៈ ទាំងឡាយ ពីរគឺព្រះចន្ទ ១ ព្រះអាទិត្យ ១ ជាសភាវៈ ល្អមើល កាលបំភ្លឺលោករមែងចរ ទៅអស់ទីត្រឹមណា ព្រះចន្ទ និង ព្រះអាទិត្យ ទាំងនោះដែលកំចាត់បង់នូវងងឹត ចរទៅ ក្នុង អាកាស ញុំាងទិសឲ្យរុងរឿង ភ្លឺច្បាស់ ក្នុងអាកាសអស់ទី ត្រឹមនោះ ទ្រព្យណា មានក្នុង ចន្លោះនេះ គឺកែវមុក្តាក្តី កែវមណីក្តី កែវពិទូរ្យ ដ៏ល្អក្តី មាសឈ្មោះ សិង្គីក្តី ឈ្មោះសុវណ្ណ ក្តី ឬ មាសឈ្មោះ កាញ្ចនៈក្តី ឈ្មោះជាតរូប ក្តី ឈ្មោះ ហដកៈក្តី ទ្រព្យទាំង អម្បាលនោះ មិនដល់នូវ ចំណិតមួយក្នុង ចំណែក១៦ៗ លើក នៃឧបោសថ ដែលប្រកបដោយ អង្គ៨ ប្រការឡើយ ដូចជាពួកផ្កាយ ទាំងអស់មិនដល់នូវពន្លឺ នៃព្រះចន្ទ ហេតុដូច្នោះ ស្រ្តីក្តី បុរសក្តី ជាអ្នកមានសីល គួរចាំរក្សា នូវឧបោសថ ប្រកបដោយអង្គ ៨ ប្រការ ពួកជនដែលមិនមានគេនិន្ទា បំពេញនូវបុណ្យទាំងឡាយ ដែលមានសេចក្តី សុខជាកម្រៃ រមែងចូលទៅកាន់ ឋានសួគ៌បាន។ អង្គុត្តរនិកាយ អដ្ឋកនិបាត នវមភាគ (ព្រះត្រៃបិដក ភាគ ៤៨) ព្រះពុទ្ធដីកាៈ បក្សីត្រដេវវុិច ស៊ូប្រថុយលះបង់ជីវិតរក្សានូវពង យ៉ាងណា មេម្រឹកចាមរី ស៊ូប្រថុយលះបង់ជីវិត រក្សានូវរេាមកន្ទុយ យ៉ាងណា កុដុម្ពីក៏មានកូនសម្លាញ់តែមួយ រក្សានូវកូន យ៉ាងណា បុរសមានភ្នែកម្ខាង រក្សានូវភ្នែកមួយយ៉ាងណា, លេាកទាំងឡាយ ចូររក្សានូវសីល របស់ខ្លួនអេាយជាទីស្រលាញ់ពេញចិត្តអេាយណាស់ ចូរប្រកបដេាយសេចក្តីគេារព សព្វៗកាល (អេាយដូចជាបក្សី ត្រដេរវវុិច រក្សាពងជាដេីម) យ៉ាងដូច្នេាះចុះ។ ធម្មសុភាសិត ខ្លឹមចន្ទន៍ក្រស្នា ស្វិតក្រៀមយ៉ាងណា គង់ក្លិនក្រអូប រីជនបណ្ឌិត តែងលះខឹងក្រេាធ ទេាះជួបទុក្ខសេាក ស៊ូឱបព្រះធម៌ថ្លៃ។ ដោយ៥០០០ឆ្នាំ
images/articles/3215/_________________________________.jpg
Public date : 17, May 2023 (2,314 Read)
សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង។បេ។ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកថា សង្គ្រាមទេវតា និងអសុរ បានប្រទល់គ្នាហើយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង វេបចិត្តិអសុរិន្ទបាននិយាយនឹងសក្កទេវានមិន្ទយ៉ាងនេះថា នែទេវានមិន្ទ ជ័យជំនះចូរមានដោយសុភាសិតចុះ។ សក្កទេវរាជតបថា ម្នាលវេបចិត្តិ ជ័យជំនះ ចូរ មានដោយសុភាសិតចុះ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ពួកទេវតា និងពួកអសុរ បានតាំងពួកបរិស័ទ (ជាសាក្សី) ថាពួកបរិស័ទទាំងនេះ នឹងដឹងច្បាស់ នូវសុភាសិត ឬទុព្ភាសិតរបស់យើង។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលនោះ វេបចិត្តិ អសុរិន្ទ បាននិយាយ នឹងសក្កទេវានមិន្ទ យ៉ាងនេះថា នែទេវានមិន្ទ ចូរអ្នកពោលគាថាចុះ។ ម្នាលភិក្ខុទាំងឡាយ កាលវេបចិត្តិអសុរិន្ទ និយាយយ៉ាងនេះហើយ សក្កទេវានមិន្ទ បាននិយាយ នឹងវេបចិត្តិអសុរិន្ទ យ៉ាងនេះថា នែវេបចិត្តិ ពួកអ្នកជាទេវតា កើតមុនក្នុងឋាននេះ នែវេបចិត្តិ ចូរអ្នកពោលគាថាមុនចុះ។ [៣៥៨] ម្នាលភិក្ខុទាំងឡាយ កាលបើសក្កទេវានមិន្ទ និយាយយ៉ាងនេះហើយ វេបចិត្តិអសុរិន្ទ បានពោលគាថានេះថា បើបុគ្គលមិនឃាត់ហាមជនពាលទេ ពួកជនពាល នឹងរឹងរឹតតែឈ្លានពាន ឡើង ហេតុនោះអ្នកប្រាជ្ញត្រូវឃាត់ហាមជនពាល ដោយអាជ្ញាដ៏ខ្លាំង។ ម្នាលភិក្ខុទាំងឡាយ ពួកអសុរ សប្បាយរីករាយនឹងគាថា ដែលវេបចិត្តិអសុរិន្ទ បាន ពោលហើយ តែពួក ទេវតានៅស្ងៀម។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង វេបចិត្តិអសុរិន្ទ បានពោលនឹងសក្កទេវានមិន្ទ យ៉ាងនេះថា នែទេវានមិន្ទ អ្នកឯង ចូរ ពោលគាថាចុះ។ [៣៥៩] ម្នាលភិក្ខុទាំងឡាយ កាលបើវេបចិត្តិអសុរិន្ទ និយាយយ៉ាងនេះ ហើយ សក្កទេវានមិន្ទ បានពោលគាថានេះថា អ្នកណាមានស្មារតី ដឹងថា អ្នកដទៃក្រោធ ហើយទ្រាំអត់បាន ខ្ញុំសំគាល់ អ្នក នុ៎ះឯង ថាជាអ្នកឃាត់ហាមបុគ្គលពាល។ ម្នាលភិក្ខុទាំងឡាយ ពួកទេវតា សប្បាយរីករាយនឹងគាថា ដែលសក្កទេវានមិន្ទពោលហើយ តែពួកអសុរនៅស្ងៀម។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សក្កទេវានមិន្ទបានពោល នឹងវេបចិត្តិអសុរិន្ទ យ៉ាងនេះថា ម្នាលវេបចិត្តិ អ្នកចូរពោលគាថាចុះ។ [៣៦០] ម្នាលភិក្ខុទាំងឡាយ កាលបើសក្កទេវានមិន្ទ និយាយ យ៉ាងនេះហើយ វេបចិត្តិអសុរិន្ទ បានពោលគាថានេះថា នែវាសវៈ ខ្ញុំយល់ឃើញថា សេចក្តីអត់ធន់នុ៎ះឯង ជាទោសវិញទេ ដ្បិត បុគ្គលពាល តែងសំគាល់អ្នកអត់ធន់នោះថា អ្នកនេះអត់ធន់ ព្រោះតែខ្លាចអញ ហេតុនោះបានជាបុគ្គលឥតប្រាជ្ញា រឹងរឹតតែសង្កត់សង្កិនគេ ដូចជាគោព្រួតសង្កត់សង្កិនគោដែលចាញ់បោលទៅ។ ម្នាលភិក្ខុទាំងឡាយ ពួកអសុរសប្បាយរីករាយ នឹងគាថាដែលវេបចិត្តិអសុរិន្ទពោលហើយ តែពួកទេវតានៅស្ងៀម។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង វេបចិត្តិអសុរិន្ទ បានពោលនឹង សក្កទេវានមិន្ទ យ៉ាងនេះថា នែទេវានមិន្ទ អ្នកចូរពោលគាថាចុះ។ [៣៦១] ម្នាលភិក្ខុទាំងឡាយ កាលបើវេបចិត្តិអសុរិន្ទ និយាយយ៉ាងនេះហើយ សក្កទេវានមិន្ទ បានពោលគាថាទាំងឡាយនេះថា បុគ្គលពាលចង់សំគាល់ក្តី មិនសំគាល់ក្តីថា អ្នកនេះអត់ធន់ព្រោះតែខ្លាចអញ ក៏តាមការណ៍ចុះ តែថាប្រយោជន៍ទាំងឡាយ មានប្រយោជន៍ខ្លួនជាសំខាន់ ប្រយោជន៍ អ្វីឲ្យក្រៃលែងជាងខន្តិ មិនមានទេ ជនណាមានកំឡាំង ជាអ្នកស្ងប់ ហើយអត់ឱន ចំពោះ បុគ្គលមានកំឡាំងខ្សោយ បណ្ឌិតទាំងឡាយ សរសើរជននោះ ថាជាអ្នកមានសេចក្តីអត់ទ្រាំដ៏ក្រៃលែង ព្រោះថាបុគ្គលមានកំឡាំងថយ តែងអត់សង្កត់ ជានិច្ច កំឡាំងរបស់ជនណា ជាកំឡាំងពាល បណ្ឌិតទាំងឡាយ ពោលសំដៅ កំឡាំងជននោះថា មិនមែនជាកំឡាំងទេ ជនអ្នកតិះដៀល ចំពោះបុគ្គល អ្នកមានកំឡាំងជាអ្នកមានធម៌គ្រប់គ្រង មិនមានទេ អ្នកណាខឹងតបនឹងបុគ្គល អ្នកខឹង សេចក្តីអាក្រក់ រមែង មានដល់អ្នកនោះឯង ព្រោះសេចក្តី ខឹងតបនោះ ឯបុគ្គល អ្នកមិនខឹងតបនឹងបុគ្គលអ្នកខឹង ឈ្មោះថា ឈ្នះសង្គ្រាម ដែលឈ្នះបានដោយកម្រ បុគ្គល ណាមានស្មារតី ដឹងថាបុគ្គលដទៃ ខឹងហើយទ្រាំអត់បាន (បុគ្គលនោះ) ឈ្មោះថាប្រព្រឹត្តនូវប្រយោជន៍ ដល់ជនទាំងពីរខាង គឺខ្លួនឯង១ អ្នកដទៃ១ កាលជនទាំងពីរខាង គឺខ្លួនឯង និងអ្នកដទៃ កំពុងសះជានឹងគ្នា ពួកជនណាសំគាល់ ថាគេល្ងង់ (ពួកជននោះ) ឈ្មោះថា មិនយល់ធម៌ច្បាស់ទេ។ ម្នាលភិក្ខុទាំងឡាយ កាលបើសក្កទេវានមិន្ទ ពោលគាថាទាំងឡាយហើយ ពួក ទេវតាក៏អនុមោទនា តែពួកអសុរនៅស្ងៀម។ [៣៦២] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ពួកបរិស័ទរបស់ទេវតា និង អសុរ បាននិយាយគ្នា យ៉ាងនេះថា គាថាទាំងឡាយ ដែលវេបចិត្តិអសុរិន្ទ ពោលហើយ គាថាទាំងនោះ សុទ្ធតែប្រកបដោយការធ្លាក់ចុះក្នុងអាជ្ញា ប្រកបដោយ ការធ្លាក់ចុះក្នុងសស្ត្រា ឯសេចក្តី ប្រកួតប្រកាន់ ក៏ព្រោះហេតុនេះ សេចក្តីទាស់ទែង ក៏ព្រោះហេតុនេះ ការឈ្លោះ ក៏ព្រោះហេតុនេះ ចំណែក គាថាទាំងឡាយ ដែលសក្កទេវានមិន្ទ ពោល ហើយនោះឯង ជាគាថាមិនធ្លាក់ក្នុងអាជ្ញា មិនធ្លាក់ ចុះក្នុងសស្ត្រា ឯការមិនប្រកួតប្រកាន់ ក៏ព្រោះហេតុនេះ ការមិនទាស់ទែង ក៏ព្រោះហេតុ នេះ ការមិនឈ្លោះ ក៏ព្រោះហេតុនេះ សក្កទេវានមិន្ទ មានជ័យជំនះ ដោយសុភាសិត។ ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទ មានជ័យជំនះ ដោយសារសុភាសិត ដូច្នេះឯង។ សំយុត្តនិកាយ សគាថវគ្គ ទុតិយភាគ (ព្រះត្រៃបិដក លេខ ៣០) ដោយ៥០០០ឆ្នាំ
images/articles/3216/_________________________________.jpg
Public date : 17, May 2023 (1,737 Read)
បញ្ញាក្នុងការចេញ និងការ​វិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះ​ថា​មគ្គញាណ តើដូចម្តេច។ ​ក្នុងខណៈ​នៃសោតាបត្តិមគ្គ សម្មាទិដ្ឋិ ដោយអត្ថថា​ឃើញ រមែងចេញចាក​មិច្ឆាទិដ្ឋិ រមែងចេញ​ចាកកិលេស​ដែល​ប្រព្រឹត្តិតាម​​នូវ​មិច្ឆាទិដ្ឋិ​នោះផង ចាកខន្ធទាំងឡាយ​ផង រមែងចេញចាក​និមិត្តទាំងពួង​​ខាងក្រៅផង ហេតុ​នោះ លោក​ពោលថា បញ្ញា​ក្នុងការ​ចេញ និង​ការ​វិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថា មគ្គញាណ សម្មាសង្កប្បៈ ដោយអត្ថថា​លើកចិត្តឡើង (កាន់អារម្មណ៍) រមែងចេញ​ចាកមិច្ឆាសង្កប្បៈ ចេញចាក​កិលេសដែល​ប្រព្រឹត្តិតាម​​នូវ​មិច្ឆាសង្កប្បៈ​​នោះផង ចាកខន្ធ​ទាំងឡាយផង ចេញចាក​និមិត្តទាំងពួង​ខាងក្រៅផង ហេតុ​នោះ លោកពោលថា បញ្ញា​ក្នុង​ការ​​ចេញ ​និង​ការ​វិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថា មគ្គញាណ សម្មាវាចា ដោយ​អត្ថថា​​រក្សាទុក រមែងចេញ​ចាកមិច្ឆាវាចា ចេញចាក​កិលេស​ដែល​ប្រព្រឹត្តិតាម​​នូវ​មិច្ឆាវាចា​​នោះផង ចាកខន្ធ​ទាំងឡាយផង រមែងចេញចាកនិមិត្ត​ទាំងពួង​ខាង​ក្រៅផង ហេតុ​នោះ លោកពោលថា បញ្ញា​ក្នុង​ការ​ចេញ និង​ការ​វិលត្រឡប់ ចាកសភាវៈ​ទាំង ២ ឈ្មោះថា​​មគ្គញាណ សម្មាកម្មន្តៈ ដោយអត្ថថា​តាំងឡើង រមែងចេញចាក​មិច្ឆាកម្មន្តៈ ចេញចាក​កិលេស​ដែល​ប្រព្រឹត្តិតាម​​នូវ​មិច្ឆាកម្មន្តៈ​​នោះផង ចាកខន្ធទាំងឡាយផង​ រមែងចេញ​ចាក​និមិត្ត​ទាំងពួង​​ខាងក្រៅផង ហេតុ​នោះ លោកពោលថា បញ្ញា​ក្នុងការ​ចេញ និង​ការ​​វិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថា​មគ្គញាណ សម្មាអាជីវៈ ដោយ​អត្ថថាផូរផង់ រមែងចេញ​ចាកមិច្ឆាអាជីវៈ ចេញចាក​កិលេសដែល​​ប្រព្រឹត្តិតាម​​នូវ​មិច្ឆា​អាជីវៈ​នោះផង ចាកខន្ធ​ទាំងឡាយ​ផង រមែងចេញ​ចាកនិមិត្ត​ទាំងពួង​​ខាងក្រៅផង ហេតុ​នោះ លោកពោលថា បញ្ញា​ក្នុង​ការ​ចេញ និង​ការ​វិលត្រឡប់ ចាកសភាវៈ​ទាំង ២ ឈ្មោះថា​មគ្គញាណ សម្មាវាយាមៈ ដោយអត្ថថា​ផ្គងឡើង រមែងចេញចាក​មិច្ឆាវាយាមៈ ចេញចាក​កិលេស​ដែល​ប្រព្រឹត្តិ​តាម​នូវ​មិច្ឆាវាយាមៈ​​នោះផង ចាកខន្ធ​ទាំងឡាយផង រមែង​ចេញចាក​និមិត្ត​ទាំងពួង​​ខាងក្រៅផង ហេតុ​នោះ លោកពោលថា បញ្ញា​ក្នុងការ​ចេញ ​និង​ការ​វិលត្រឡប់ ចាកសភាវៈ​ទាំង ២ ឈ្មោះថា​មគ្គញ្ញាណ សម្មាសតិ ដោយអត្ថថា​ប្រុងប្រយ័ត្ន រមែងចេញចាក​មិច្ឆាសតិ ចេញចាក​កិលេសដែល​​ប្រព្រឹត្តិតាម​​នូវ​មិច្ឆាសតិ​នោះផង ចាកខន្ធទាំងឡាយផង រមែងចេញ​ចាកនិមិត្ត​ទាំងពួង​​ខាងក្រៅផង ហេតុ​នោះ លោកពោលថា បញ្ញា​ក្នុងការ​ចេញ និង​ការ​វិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញ្ញាណ សម្មាសមាធិ ដោយអត្ថថាមិន​រាយមាយ រមែងចេញចាក​មិច្ឆាសមាធិ ចេញចាកកិលេស​​ដែល​ប្រព្រឹត្តិ​តាម​នូវ​មិច្ឆាសមាធិ​នោះផង ចាកខន្ធ​ទាំងឡាយផង រមែងចេញ​ចាកនិមិត្ត​ទាំងពួង​​ខាងក្រៅផង ហេតុ​នោះ លោកពោលថា បញ្ញា​ក្នុងការ​ចេញ និង​ការ​វិលត្រឡប់​​ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញ្ញាណ។ [១៤៤] ក្នុងខណៈនៃសកទាគាមិមគ្គ សម្មាទិដ្ឋិ ដោយអត្ថថា​ឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថា​មិន​រាយមាយ រមែងចេញ​ចាកកាមរាគ​សញ្ញោជនៈ និង​​​បដិឃសញ្ញោជនៈ​ដ៏​គ្រោតគ្រាត ចាក​កាមរាគានុស័យ និង​បដិឃានុស័យ​ដ៏​គ្រោតគ្រាត ចេញចាក​កិលេសដែល​ប្រព្រឹត្តិតាម​សញ្ញោជនៈ និង​អនុស័យ​នោះផង ចាកខន្ធទាំងឡាយផង ចេញចាកនិមិត្តទាំងពួង​​ខាងក្រៅផង ហេតុ​នោះ លោកពោលថា បញ្ញា​ក្នុងការ​ចេញ​ និង​​ការ​វិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញាណ។ [១៤៥] ​ក្នុងខណៈនៃអនាគាមិមគ្គ សម្មាទិដ្ឋិ ដោយអត្ថថា​ឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថា​មិន​រាយមាយ រមែងចេញ​ចាក​កាមរាគសញ្ញោជនៈ និង​​បដិឃ​សញ្ញោជនៈ​ដ៏​ល្អិត ចាក​កាមរាគានុស័យ និង​បដិឃានុស័យដ៏​ល្អិត ចេញចាកកិលេស​ដែល​​ប្រព្រឹត្តិ​​​តាមសញ្ញោជនៈ និង​អនុស័យ​នោះផង ចាកខន្ធទាំងឡាយផង ចេញចាក​និមិត្ត​ទាំងពួង​​​ខាងក្រៅផង ហេតុ​នោះ លោកពោលថា បញ្ញា​ក្នុង​ការ​ចេញ និង​ការ​វិលត្រឡប់ ចាកសភាវៈ​​ទាំង ២ ឈ្មោះថាមគ្គញាណ។ [១៤៦] ក្នុងខណៈនៃអរហត្តមគ្គ សម្មាទិដ្ឋិ ដោយអត្ថថា​ឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថា​មិន​រាយមាយ រមែងចេញ​ចាករូបរាគៈ អរូបរាគៈ មានះ ឧទ្ធច្ចៈ អវិជ្ជា មានានុស័យ ភវរាគានុស័យ និង​អវិជ្ជានុស័យ ចេញចាក​កិលេសដែល​ប្រព្រឹត្តិតាម​នូវ​​អនុសយក្កិលេស​នោះផង ចាកខន្ធ​ទាំងឡាយផង ចេញចាក​និមិត្តទាំងពួង​ខាងក្រៅផង ហេតុ​នោះ លោកពោលថា បញ្ញា​ក្នុង​ការ​ចេញ និង​ការ​វិលត្រឡប់ ចាកសភាវៈ​ទាំង ២ ឈ្មោះថា​មគ្គញាណ។ [១៤៧] យោគីរមែងដុតបំផ្លាញ​​នូវ​កិលេសដែល​មិន​ទាន់កើត ដោយ​អង្គឈាន​ដែល​កើតហើយ​ ហេតុ​នោះ លោកហៅថា ឈាន យោគី​រមែងមិន​ញាប់ញ័រ​ក្នុង​ទិដ្ឋិផ្សេងៗ ព្រោះ​ភាព​ជាបុគ្គល​ឈ្លាសវៃ​ក្នុងឈាន និង​វិមោក្ខ។ បើយោគី​តម្កល់ចិត្ត​ហើយ​ពិចារណា រមែងឃើញ​ច្បាស់​យ៉ាងណា គប្បី​តម្កល់​ចិត្ត​ទុកយ៉ាង​​នោះ វិបស្សនា និង​សមថៈ​ជាធម៌មានចំណែក​ស្មើគ្នា ​ជាគូជាប់គ្នា រមែងប្រព្រឹត្តិ​ទៅ​ក្នុងកាល​ណោះ ​ការ​ឃើញថា សង្ខារ​ទាំងឡាយ​ជាទុក្ខ និរោធ​ជាសុខ បញ្ញាដែល​ចេញចាក​សភាវៈទាំង ២ រមែងពាល់​ត្រូវ​នូវ​ព្រះនិព្វាន ឈ្មោះអមតៈ យោគីអ្នក​ឈ្លាសវៃ​​ក្នុងភាព​នៃ​ធម៌​ផ្សេងគ្នា និង​ធម៌ដូចគ្នា រមែងដឹង​នូវ​កិរិយាប្រព្រឹត្តិ​ក្នុង​វិមោក្ខ រមែង​មិន​ញាប់​ញ័រ​ក្នុងទិដ្ឋិផ្សេងៗ ព្រោះ​ភាព​ជាបុគ្គល​ឈ្លាសវៃ​ក្នុង​ញាណ​ទាំងពីរ។ ដែលឈ្មោះថាញាណ ដោយអត្ថថាដឹង​​នូវ​ធម៌​នោះ ឈ្មោះថាបញ្ញា ដោយអត្ថថា​ដឹង​​ច្បាស់​នូវ​ធម៌​នោះ ហេតុ​នោះ លោកពោលថា បញ្ញា​ក្នុង​ការ​ចេញ និង​ការ​វិលត្រឡប់ ចាកសភាវៈ​ទាំង ២ ឈ្មោះថា​មគ្គញាណ។ ខុទ្ទកនិកាយ បដិសម្ភិទា​មគ្គ (​ព្រះត្រៃបិដកលេខ ៦៩) ដោយ៥០០០ឆ្នាំ
images/articles/3220/______________________________.jpg
Public date : 17, May 2023 (2,821 Read)
សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការងារទាំងឡាយណាមួយដែលត្រូវធ្វើដោយកំឡាំង ការងារទាំងអស់នោះ បុគ្គលលុះតែអាស្រ័យផែនដី ឈរលើផែនដី ទើបធ្វើបាន ការងារទាំង​ឡាយ ដែលត្រូវធ្វើដោយកំឡាំងទាំងនុ៎ះ បុគ្គលតែងធ្វើយ៉ាងនេះ មានឧបមាដូចម្តេច​មិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូច ភិក្ខុលុះតែអាស្រ័យនូវសីល តាំងនៅក្នុងសីលហើយ​ ទើបចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន ទើបធ្វើឲ្យច្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន។ [១៧៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុលុះតែអាស្រ័យនូវសីល តាំងនៅក្នុងសីលហើយ ទើបចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន ទើបធ្វើឲ្យច្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនសម្មាទិដ្ឋិ ដែលអាស្រ័យវិវេក អាស្រ័យវិរាគៈ អាស្រ័យនិរោធ បង្អោនទៅដើម្បីលះ ចម្រើនសម្មាសង្កប្បៈ ចម្រើនសម្មាវាចា ចម្រើនសម្មាកម្មន្តៈ ចម្រើនសម្មាអាជីវៈ ចម្រើនសម្មាវាយាមៈ ចម្រើនសម្មាសតិ ចម្រើនសម្មាសមាធិ ដែលអាស្រ័យវិវេក អាស្រ័យវិរាគៈ អាស្រ័យនិរោធ បង្អោនទៅដើម្បីលះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុលុះតែអាស្រ័យសីល តាំងនៅក្នុងសីលហើយ ទើបចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន ទើបធ្វើឲ្យច្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ពីជគាម និងភូតគាមទាំងឡាយណាមួយ ពីជគាម និងភូតគាមទាំងអស់នោះ តែងអាស្រ័យផែនដី តាំងស៊ប់លើផែនដីហើយ ទើបដល់នូវការចម្រើន លូតលាស់ ធំទូលាយបាន ពីជគាម និងភូតគាមទាំងនុ៎ះ តែងដល់នូវការចម្រើនលូតលាស់ ធំទូលាយ ដោយហេតុយ៉ាងនេះ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូចភិក្ខុ កាលអាស្រ័យសីល តាំងនៅក្នុងសីលហើយ ចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ហើយធ្វើឲ្យច្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ទើបដល់នូវការចម្រើនលូតលាស់ ធំទូលាយ ក្នុងធម៌ទាំងឡាយបាន។ [១៧៤] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលអាស្រ័យសីល តាំងនៅក្នុងសីល ហើយចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ហើយធ្វើឲ្យច្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ទើបដល់នូវការចម្រើន លូតលាស់ធំទូលាយក្នុងធម៌ទាំងឡាយបាន តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនសម្មាទិដ្ឋិ ដែលអាស្រ័យវិវេក អាស្រ័យវិរាគៈ អាស្រ័យ​និរោធ បង្អោនទៅដើម្បីលះ ចម្រើនសម្មាសង្កប្បៈ ចម្រើនសម្មាវាចា ចម្រើនសម្មាកម្មន្តៈ ចម្រើនសម្មាអាជីវៈ ចម្រើនសម្មាវាយាមៈ ចម្រើនសម្មាសតិ ចម្រើនសម្មាសមាធិ ដែលអាស្រ័យវិវេក អាស្រ័យវិរាគៈ អាស្រ័យនិរោធ បង្អោនទៅដើម្បីលះ។ សម្មាទិដ្ឋិ មានវិវេក ៥ មាន វិរាគៈ ៥ មាននិរោធ ៥ មានវោស្សគ្គៈ ៥ មាននិស្ស័យ ១២ សម្មាសង្កប្បៈ។បេ។ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ មានវិវេក ៥ មានវិរាគៈ ៥ មាននិរោធ ៥ មានវោស្សគ្គៈ ៥ មាននិស្ស័យ ១២។ [១៧៥] សម្មាទិដ្ឋិ មានវិវេក ៥ តើដូចម្តេច។ វិក្ខម្ភនវិវេក ១ តទង្គវិវេក ១ សមុច្ឆេទវិវេក ១ បដិប្បស្សទ្ធិវិវេក ១ និស្សរណវិវេក ១។ ឯវិក្ខម្ភនវិវេក សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈទាំងឡាយ ហើយចម្រើនបឋមជ្ឈាន តទង្គវិវេក សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិទាំងឡាយ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទវិវេក សម្រាប់បុគ្គល កាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិវិវេក មានក្នុងខណៈនៃផល និស្សរណវិវេក គឺ ជានិរោធ និញ្វន។ នេះសម្មាទិដ្ឋិ មានវិវេក ៥។ បុគ្គលណា មានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ហើយ ក្នុងវិវេកទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថា អធិដ្ឋានល្អហើយ។ [១៧៦] សម្មាទិដ្ឋិ មានវិរាគៈ ៥ តើដូចម្តេច។ វិក្ខម្ភនវិរាគៈ ១ តទង្គវិរាគៈ ១ សមុច្ឆេទវិរាគៈ ១ បដិប្បស្សទ្ធិវិរាគៈ ១ និស្សរណវិរាគៈ ១។ វិក្ខម្ភនវិរាគៈ សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈ ហើយចម្រើននូវបឋមជ្ឈាន តទង្គវិរាគៈ សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទវិរាគៈ សម្រាប់បុគ្គល កាលចម្រើនមគ្គ ជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិវិរាគៈ មានក្នុងខណៈនៃផល និស្សរណវិរាគៈ គឺជានិរោធ និញ្វន នេះសម្មាទិដ្ឋិ មានវិរាគៈ ៥។ បុគ្គលណា មានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ក្នុងវិរាគៈទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។ [១៧៧] សម្មាទិដ្ឋិ មាននិរោធ ៥ តើដូចម្តេច។ វិក្ខម្ភននិរោធ ១ តទង្គនិរោធ ១ សមុច្ឆេទនិរោធ ១ បដិប្បស្សទ្ធិនិរោធ ១ និស្សរណនិរោធ ១។ ឯវិក្ខម្ភននិរោធ សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈ ហើយចម្រើនបឋមជ្ឈាន តទង្គនិរោធ សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិ ហើយចម្រើននូវសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទនិរោធ សម្រាប់បុគ្គល កាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិនិរោធ មានក្នុងខណៈនៃផល និស្សរណនិរោធ គឺជាអមតធាតុ នេះសម្មាទិដ្ឋិមាននិរោធ ៥។ បុគ្គលណាមានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ក្នុងនិរោធទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។ [១៧៨] សម្មាទិដ្ឋិមានវោស្សគ្គៈ ៥ តើដូចម្តេច។ វិក្ខម្ភនវោសង្សគ្គៈ ១ តទង្គវោស្សគ្គៈ ១ សមុច្ឆេទវោស្សគ្គៈ ១ បដិប្បស្សទ្ធិវោស្សគ្គៈ ១ និស្សរណវោស្សគ្គៈ ១។ ឯវិក្ខម្ភនវោស្សគ្គៈ សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈទាំងឡាយ ហើយចម្រើនបឋមជ្ឈាន តទង្គវោស្សគ្គៈ សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិទាំងឡាយ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទវោស្សគ្គៈ សម្រាប់បុគ្គលកាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិវោស្សគ្គៈ មានក្នុងខណៈនៃផល និរោធវោស្សគ្គៈ គឺជានិរោធ និញ្វន នេះ សម្មាទិដ្ឋិ មានវោស្សគ្គៈ ៥។ បុគ្គលណា មានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ក្នុងវោស្សគ្គៈ ទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។ នេះសម្មាទិដ្ឋិ មានវិវេក ៥ មានវិរាគៈ ៥ មាននិរោធ ៥ មានវោស្សគ្គៈ ៥ មាននិស្ស័យ ១២។ [១៧៩] សម្មាសង្កប្បៈ។បេ។ សម្មាវាចា។បេ។ សម្មាកម្មន្តៈ។បេ។ សម្មាអាជីវៈ។បេ។ សម្មាវាយាមៈ។បេ។ សម្មាសតិ។បេ។ សម្មាសមាធិ មានវិវេក ៥ តើដូចម្តេច។ វិក្ខម្ភនវិវេក ១ តទង្គវិវេក ១ សមុច្ឆេទវិវេក ១ បដិប្បស្សទ្ធិវិវេក ១ និស្សរណវិវេក ១។ ឯវិក្ខម្ភនវិវេក សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈទាំងឡាយហើយ ចម្រើននូវបឋមជ្ឈាន តទង្គវិវេក សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិទាំងឡាយ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទវិវេក សម្រាប់បុគ្គល កាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិវិវេក មានក្នុងខណៈនៃផល និរោធវិវេក គឺជានិរោធ និញ្វន នេះសម្មាសមាធិ មានវិវេក ៥។ បុគ្គលណា មានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ក្នុងវិវេកទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។ [១៨០] សម្មាសមាធិ មានវិរាគៈ ៥ តើដូចម្តេច។ វិក្ខម្ភនវិរាគៈ ១ តទង្គវិរាគៈ ១ សមុច្ឆេទវិរាគៈ ១ បដិប្បស្សទ្ធិវិរាគៈ ១ និស្សរណវិរាគៈ ១។ វិក្ខម្ភនវិរាគៈ សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈទាំងឡាយ ហើយចម្រើននូវបឋមជ្ឈាន តទង្គវិរាគៈ សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិទាំងឡាយ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទវិរាគៈ សម្រាប់បុគ្គល កាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិវិរាគៈ មានក្នុងខណៈនៃផល និស្សរណវិរាគៈ គឺជានិរោធ និញ្វន នេះសម្មាសមាធិ មានវិរាគៈ ៥។ បុគ្គលណាមានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ ក្នុងវិរាគៈទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។ [១៨១] សម្មាសមាធិ មាននិរោធ ៥ តើដូចម្តេច។ វិក្ខម្ភននិរោធ ១ តទង្គនិរោធ ១ សមុច្ឆេទនិរោធ ១ បដិប្បស្សទ្ធិនិរោធ ១ និស្សរណនិរោធ ១។ ឯវិក្ខម្ភននិរោធ សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈទាំងឡាយ ហើយចម្រើននូវបឋមជ្ឈាន តទង្គនិរោធ សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិទាំងឡាយ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទនិរោធ សម្រាប់បុគ្គលកាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិនិរោធ មានក្នុងខណៈនៃផល និស្សរណនិរោធ គឺជានិរោធ និញ្វន នេះសម្មាសមាធិ មាននិរោធ ៥។ បុគ្គលណា មានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ ក្នុងនិរោធទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។ [១៨២] សម្មាសមាធិ មានវោស្សគ្គៈ ៥ តើដូចម្តេច។ វិក្ខម្ភនវោស្សគ្គៈ ១ តទង្គវោស្សគ្គៈ ១ សមុច្ឆេទវោស្សគ្គៈ ១ បដិប្បស្សទ្ធិវោស្សគ្គៈ ១ និស្សរណវោស្សគ្គៈ ១។ ឯវិក្ខម្ភនវោស្សគ្គៈ សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈហើយ ចម្រើននូវបឋមជ្ឈាន តទង្គវោស្សគ្គៈ សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទវោស្សគ្គៈ សម្រាប់បុគ្គល កាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិវោស្សគ្គៈ មានក្នុងខណៈនៃផល និរោធវោស្សគ្គៈ គឺជានិរោធ និញ្វន នេះ សម្មាសមាធិ មានវោស្សគ្គៈ ៥។ បុគ្គលណា មានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ ក្នុងវោស្សគ្គៈទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។ នេះ សម្មាសមាធិ មានវិវេក ៥ មានវិរាគៈ ៥ មាននិរោធ ៥ មានវោស្សគ្គៈ ៥ មាននិស្ស័យ ១២។ [១៨៣] ម្នាលភិក្ខុទាំងឡាយ ការងារទាំងឡាយណាមួយ ដែលត្រូវធ្វើដោយកម្លាំង ការងារទាំងអស់នោះ បុគ្គលលុះតែអាស្រ័យផែនដី ឈរលើផែនដី ទើបធ្វើបាន ការងារទាំងឡាយ ដែលត្រូវធ្វើដោយកំឡាំងនុ៎ះ បុគ្គលតែងធ្វើយ៉ាងនេះ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូច ភិក្ខុលុះតែអាស្រ័យសីល តាំងនៅក្នុងសីលហើយ ទើបចម្រើននូវពោជ្ឈង្គទាំង ៧ ធ្វើឲ្យច្រើននូវពោជ្ឈង្គទាំង ៧ បាន។បេ។ ភិក្ខុកាលចម្រើននូវពោជ្ឈង្គទាំង ៧ កាលធ្វើឲ្យច្រើននូវពោជ្ឈង្គទាំង ៧ រមែងដល់នូវការចម្រើន លូតលាស់ ធំទូលាយ ក្នុងធម៌ទាំងឡាយ។បេ។ ភិក្ខុចម្រើននូវពលៈ ៥ ធ្វើឲ្យច្រើននូវពលៈ ៥។បេ។ ភិក្ខុកាលចម្រើននូវពលៈ ៥ កាលធ្វើឲ្យច្រើននូវពលៈ ៥ រមែងដល់នូវការចម្រើន លូតលាស់ ធំទូលាយ ក្នុងធម៌ទាំងឡាយ។បេ។ ភិក្ខុចម្រើននូវឥន្ទ្រិយ ៥ ធ្វើឲ្យច្រើននូវឥន្ទ្រិយ ៥។បេ។ ម្នាលភិក្ខុទាំងឡាយ ពីជគាម និងភូតគាមឯណាមួយ ពីជគាម និងភូតគាមទាំងអស់នោះ តែងអាស្រ័យនូវផែនដី តាំងនៅលើផែនដី ទើបដល់នូវការចម្រើន លូតលាស់ ធំទូលាយបាន ពីជគាម និងភូតគាមនុ៎ះ តែងដល់នូវការចម្រើន លូតលាស់ ធំទូលាយ ដោយហេតុយ៉ាងនេះ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូច ភិក្ខុកាលអាស្រ័យសីល តាំងនៅក្នុងសីល ហើយចម្រើននូវឥន្ទ្រិយ ៥ ហើយធ្វើឲ្យច្រើននូវឥន្ទ្រិយ ៥ ទើបដល់នូវការចម្រើន លូតលាស់ធំទូលាយ ក្នុងធម៌ទាំងឡាយបាន។ [១៨៤] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលអាស្រ័យសីល តាំងនៅក្នុងសីល ហើយចម្រើននូវឥន្ទ្រិយ ៥ ហើយធ្វើឲ្យច្រើននូវឥន្ទ្រិយ ៥ ទើបដល់នូវការចម្រើនលូតលាស់ ធំទូលាយ ក្នុងធម៌ទាំងឡាយបាន តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនសទ្ធិន្ទ្រិយ ដែលអាស្រ័យវិវេក អាស្រ័យនិរោធ បង្អោនទៅដើម្បីលះ ចម្រើនវីរិយន្ទ្រិយ។បេ។ ចម្រើនសតិន្ទ្រិយ ចម្រើនសមាធិន្ទ្រិយ ចម្រើនបញ្ញិន្ទ្រិយ ដែលអាស្រ័យវិវេក អាស្រ័យវិរាគៈ អាស្រ័យនិរោធ បង្អោនទៅដើម្បីលះ។ សទ្ធិន្ទ្រិយ មានវិវេក ៥ មានវិរាគៈ ៥ មាននិរោធ ៥ មានវោស្សគ្គៈ ៥ មាននិស្ស័យ ១២។បេ។ វីរិយន្ទ្រិយ។បេ។ សតិន្ទ្រិយ។បេ។ សមាធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មានវិវេក ៥ មានវិរាគៈ ៥ មាននិរោធ ៥ មានវោស្សគ្គៈ ៥ មាននិស្ស័យ ១២។ [១៨៥] សទ្ធិន្ទ្រិយ មានវិវេក ៥ តើដូចម្តេច។ វិក្ខម្ភនវិវេក ១ តទង្គវិវេក ១ សមុច្ឆេទវិវេក ១ បដិប្បស្សទ្ធិវិវេក ១ និស្សរណវិវេក ១។ ឯវិក្ខម្ភនវិវេក សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈទាំងឡាយ ហើយចម្រើននូវបឋមជ្ឈាន តទង្គវិវេក សម្រាប់បុគ្គល (កាលលះបង់)នូវទិដ្ឋិទាំងឡាយ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទវិវេក សម្រាប់បុគ្គល កាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិវិវេក មានក្នុងខណៈនៃផល និស្សរណវិវេក គឺជានិរោធ និញ្វន នេះ សទ្ធិន្ទ្រិយ មានវិវេក ៥។ បុគ្គលណា មានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ក្នុងវិវេកទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។ នេះសទ្ធិន្ទ្រិយ មានវិវេក ៥ មានវិរាគៈ ៥ មាននិរោធ ៥ មានវោស្សគ្គៈ ៥ មាននិស្ស័យ ១២។ វីរិយន្ទ្រិយ។បេ។ សតិន្ទ្រិយ។បេ។ សមាធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មានវិវេក ៥ តើដូចម្តេច។ វិក្ខម្ភនវិវេក ១ តទង្គវិវេក ១ សមុច្ឆេទវិវេក ១ បដិប្បស្សទ្ធិវិវេក ១ និស្សរណវិវេក ១។បេ។ នេះ បញ្ញិន្ទ្រិយ មានវិវេក ៥ មានវិរាគៈ ៥ មាននិរោធ ៥ មាននិស្ស័យ ១២។ ចប់ វិវេកថា។ ខុទ្ទកនិកាយ បដិសម្ភិទាមគ្គ តតិយភាគ (ព្រះត្រៃបិដក ភាគទី៧១) ដោយ៥០០០ឆ្នាំ
images/articles/3219/___________________________.jpg
Public date : 17, May 2023 (1,729 Read)
ភិក្ខុនីពីររូប ជាកុលធីតាក្នុងសាក្យត្រកូល ជាអ្នកមានគុណសម្បត្តិ ក្នុងនគរកុសុមបាដលិបុត្ត ដែលជាមណ្ឌលនៃដែនដី ។ បណ្ដាភិក្ខុនីទាំងពីរូបនោះ ភិក្ខុនី ១ រូប ឈ្មោះ ឥសិទាសី ភិក្ខុនីទី ២ ឈ្មោះ ពោធិ ជាអ្នកបរិបូណ៌ដោយសីល ជាអ្នកត្រេកអរដោយការរំពឹងក្នុងឈាន ជាពហុស្សូត មានកិលេសកម្ចាត់​បង់​ហើយ ។ ភិក្ខុនីទាំងពីររូបនោះ ត្រាច់ទៅបិណ្ឌបាត ហើយធ្វើនូវភត្តកិច្ច លុះលាងបាត្រហើយ អង្គុយ​ជាសុខក្នុងទីស្ងាត់ ទើបផ្ដើមនិយាយសម្ដីទាំងឡាយនេះថា៖ ម្នាលនាងម្ចាស់ ឈ្មោះឥសិទាសី នាងជាស្រីគួរជ្រះថ្លា ទាំងវ័យរបស់នាងក៏មិនទាន់សាបសូន្យ អើចុះនាងឃើញទោសដូចម្ដេច ទើបមកប្រកបខ្លួនក្នុងបព្វជ្ជា? ឥសិទាសីភិក្ខុនីនោះ ជាអ្នកឈ្លាសវៃក្នុងធម្មទេសនា កាលបើពោធិភិក្ខុនីសាកសួរ ក្នុងហេតុជាប្រយោជន៍យ៉ាងនេះហើយ ក៏បានពោលនូវពាក្យនេះថា ម្នាលនាងពោធិ នាងចូរស្ដាប់តាមដំណើរ ដែលខ្ញុំបួសចុះ ។ លំដាប់អំពីនេះទៅ គឺជាពាក្យវិសជ្ជនា សេដ្ឋីអ្នកសង្រួមក្នុងសីល ជាបិតារបស់ខ្ញុំ ក្នុងបុរីដ៏ប្រសើរឈ្មោះ ឧជ្ជេនី (ក្នុងដែនអវន្ដិ) ខ្ញុំជាធីតាម្នាក់ ជាទីស្រឡាញ់ពេញចិត្ត ជាអ្នកគួរទទួលសេចក្ដីអនុគ្រោះរបស់បិតានោះ ។ លុះចំណេរមកខាងក្រោយ សេដ្ឋីមានត្រកូលដ៏ឧត្តម មានទ្រព្យច្រើន មកអំពីនគរសាកេត ដណ្ដឹងខ្ញុំ បិតាក៏បានឲ្យខ្ញុំជាកូនប្រសារបស់សេដ្ឋីនោះ ។ ខ្ញុំចូលទៅក្រាបក្បាលថ្វាយបង្គំនូវជើងម្ដាយក្មេក និងឪពុកក្មេក រាល់ល្ងាចព្រឹក តាមដំណើរ ដែលមាតាបិតាប្រៀនប្រដៅ ។ ខ្ញុំឃើញនូវអ្នកដណ្ដឹងសូម្បីម្នាក់ ដែលជាបងប្អូនស្រី បងប្អូនប្រុស ឬជាបរិវាររបស់ស្វាមី ខ្ញុំក៏រលះរលាំង ក្រាលអាសនៈ ។ ខ្ញុំអង្គាសផ្គត់ផ្គង់ ឲ្យបាយ ទឹក និងបង្អែម ដែលមាននៅក្នុងលំនៅនោះ តាមសមគួរតាមវត្ថុដែលគេត្រូវការ ។ ខ្ញុំក្រោកឡើងតាមកាលគួរ ហើយចូលទៅកាន់ផ្ទះរបស់ប្ដី ជូតសម្អាតនូវធរណីទ្វារ (ជាដើម) នឹងដៃជើង ផ្គងអញ្ជលីចូលទៅរកប្ដី ។ ខ្ញុំយកស្និតសក់ ម្សៅសម្រាប់លាបមុខ ថ្នាំសម្រាប់បន្ដក់ភ្នែក និងកញ្ចក់ ស្អិតស្អាងឲ្យប្ដីដោយខ្លួនឯងហាក់ដូចជា (វណ្ណទាសី) អ្នកធ្វើនូវការបម្រើ ។ ខ្ញុំដាំបាយខ្លួនឯង លាងភាជន៍ខ្លួនឯង បម្រើភស្ដា ដូចជាមាតាថ្នមកូនខ្ចី ។ តែភស្ដាតែងខឹងសម្បានឹងខ្ញុំ ដែលជាស្រី្តបម្រើបាយ គ្មានស្រ្តីណាលើស ជាស្រ្តីធ្វើការ (គ្រប់យ៉ាង) ជាស្រី្តមិនមានសេចក្ដីប្រកាន់ មានសេចក្ដីព្យាយាម មិនខ្ជិលច្រអូស មានមារយាទយ៉ាងនេះ ។ ស្វាមីនោះនិយាយនឹងមាតាបិតារបស់គេថា ខ្ញុំសូមលា (អ្នកម្ដាយលោកឪពុក) ទៅ (ក្នុងទីណាមួយ) (ព្រោះ) ខ្ញុំមិនអាចនៅរួមគ្នាក្នុងផ្ទះមួយ ជាមួយនឹងនាងឥសិទាសីឡើយ ។ (មាតាបិតាពោលថា) នែកូន កុំពោលយ៉ាងនេះឡើយ នាងឥសិទាសី ជាបណ្ឌិត ឈ្លាសវៃ ជាស្រ្តីមានសេចក្ដីព្យាយាម មិនខ្ជិលច្រអូសទេ ម្នាលកូន ហេតុអ្វីក៏កូនឯងមិនពេញចិត្ត ។ (កូនពោលថា) នាងឥសិទាសី មិនបៀតបៀនអ្វី ៗ ដល់ខ្ញុំទេ ប៉ុន្តែខ្ញុំមិនអាចនៅជាមួយនឹងនាងឥសិទាសី ព្រោះថានាងឥសិទាសីជាស្រីសម្អប់របស់ខ្ញុំ ខ្ញុំមិនគួរនឹងនៅរួមទេ ខ្ញុំសូមលាទៅហើយ ។ ម្ដាយក្មេក និងឪពុកក្មេក បានស្ដាប់ពាក្យកូននោះហើយ សួរខ្ញុំថា នាងធ្វើខុសអ្វីទេ នាងចូរប្រាប់កំហុសដែលនាងធ្វើហើយ នាងចូរដោះស្រាយ តាមសេចក្ដីពិតមកចុះ។ (ខ្ញុំក៏ឆ្លើយថា) ខ្ញុំមិនបានប្រទូស្តអ្វី ៗ ទេ ខ្ញុំមិនបៀតបៀន មិនពោលពាក្យអាក្រក់ទេ (ដល់គាត់ទេ) ភស្ដាស្អប់ខ្ញុំ ឲ្យខ្ញុំអាចធ្វើអ្វីកើត ។ ម្ដាយក្មេកនិងឪពុកក្មេកទាំងឡាយនោះ ក៏អាក់អន់ចិត្ត ត្រូវសេចក្ដីព្រួយគ្របសង្កត់ ក៏នាំខ្ញុំត្រឡប់ទៅកាន់ផ្ទះបិតាវិញ រក្សានូវកូន (ដោយគិតថា) យើងនឹងរកឲ្យបាននូវស្រ្តីមានរូបឆោមដ៏មានសិរី ។ គ្រាក្រោយមក បិតាបានឲ្យខ្ញុំ ក្នុងផ្ទះនៃត្រកូលទី ២ ជាអ្នកស្ដុកស្ដម្ភ ដោយជំនូនពាក់កណ្ដាល អំពីជំនូនដែលសេដ្ឋីបានជូនមកខ្ញុំមុននោះ ។ ខ្ញុំបាននៅក្នុងផ្ទះនៃប្ដីទី ២ នោះ អស់ ១ ខែ គ្រានោះ គាត់ក៏បណ្ដេញខ្ញុំ ដែលជាស្រ្តីខ្នះខ្នែងបម្រើដូចជាទាសី ជាស្រីមិនប្រទូស្ត មានមារយាទល្អ ។ បិតារបស់ខ្ញុំ និយាយនឹងបុរសអ្នកទូន្មាន (ចិត្ត) អ្នកទូន្មាន (កាយនិងវាចា) ដែលកំពុងត្រាច់ទៅដើម្បីភិក្ខាថា អ្នកចូរជាកូនប្រសារបស់ខ្ញុំ អ្នកចូរបោះចោលនូវកំណាត់សំពត់ និងឆ្នាំង។ ស្វាមីទី ៣ នោះ បាននៅ (ជាមួយនឹងខ្ញុំ) អស់បក្ខ ១ (កន្លះខែ) ក៏និយាយនឹងបិតាខ្ញុំថា អ្នកចូរឲ្យ កំណាត់សំពត់ ឆ្នាំង និងអំបែងមកខ្ញុំវិញ ខ្ញុំនឹងត្រាច់ទៅដើម្បីភិក្ខាទៀត ។ គ្រានោះ បិតាមាតា និងពពួកញាតិទាំងអស់របស់ខ្ញុំ និយាយនឹងបុរសនោះថា អ្នកណាមិនធ្វើតាមអ្នកក្នុងទីនេះឬ អ្នកចូរប្រាប់ហេតុដែលគេធ្វើដល់អ្នកឲ្យឆាប់ ។ បុរសនោះ កាលបើគេពោលយ៉ាងនេះហើយ ក៏ពោលតបថា បើខ្លួនរបស់ខ្ញុំអាចនៅបាន (ក៏នាងឥសិទាសី) មិនគួរដល់ខ្ញុំ (ព្រោះហេតុនោះ) ខ្ញុំមិននៅជាមួយនាងឥសិទាសី ក្នុងផ្ទះមួយជាមួយគ្នាទេ ។ បុរសនោះ កាលបើ (បិតារបស់ខ្ញុំ) លះបង់ហើយ ក៏ទៅបាត់ទៅ ចំណែកខាងខ្ញុំជាស្រ្តីនៅតែម្នាក់ឯង គិតថា អាត្មាអញនឹងលាមាតាបិតាទៅស្លាប់ ឬទៅបួស។ គ្រានោះ នាងថេរីជាម្ចាស់ឈ្មោះជិនទត្តា ជាអ្នកទ្រទ្រង់នូវវិន័យ ជាពហុស្សូត បរិបូណ៌ដោយសីល កាល​ត្រាច់ទៅដើម្បីភិក្ខាហារ ក៏បាននិមន្ដមកកាន់ត្រកូលនៃបិតា (ខ្ញុំ) ។ ខ្ញុំឃើញនាងជិនទត្តាថេរីនោះ ក៏ក្រោកឡើង ក្រាលអាសនៈរបស់យើង ប្រគេននាងថេរីនោះ លុះព្រះនាងគង់ហើយ ខ្ញុំក៏ថ្វាយបង្គំនូវព្រះបាទា ហើយប្រគេនភោជន ។ ខ្ញុំញ៉ាំងជិនទត្តាថេរី ឲ្យឆ្អែតស្កប់ស្កល់ ដោយបាយ និងបង្អែម ដែលមានក្នុងលំនៅនោះ ហើយពោលថា បពិត្រព្រះនាងជាម្ចាស់ ខ្ញុំចង់បួស។ គ្រានោះ បិតាពោលនឹងខ្ញុំថា ម្នាលកូនស្រីតូច នាងចូរប្រព្រឹត្តធម៌នោះក្នុងផ្ទះនេះទៅចុះ ចូរញ៉ាំងសមណៈ​ទាំងឡាយផង ព្រាហ្មណ៍ទាំងឡាយផង ឲ្យឆ្អែតស្កប់ស្កល់ដោយបាយ និងទឹកចុះ ។ លំដាប់នោះ ​ខ្ញុំក៏ប្រណម្យអញ្ជលី យំពោលនឹងបិតាថា បពិត្របិតា សូមលោកអនុញ្ញាតខ្ញុំ ខ្ញុំនឹងញ៉ាំងបាបកម្មដែលខ្ញុំធ្វើហើយនោះឲ្យវិនាស ។ គ្រានោះ បិតាពោលនឹងខ្ញុំថា (ព្រះសម្មាសម្ពុទ្ធ) ព្រះអង្គប្រសើរជាសត្វជើងពីរ ទ្រង់ធ្វើឲ្យជាក់ច្បាស់នូវលោកុត្តរធម៌ណា នាងចូរបានលុះនូវពោធិញាណ និងអគ្គធម៌ និងព្រះនិព្វាននោះចុះ។ ខ្ញុំថ្វាយបង្គំលាបិតាមាតា និងពពួកនៃញាតិទាំងអស់ ហើយបួសបាន ៧ ថ្ងៃ ក៏សម្រេចវិជ្ជាបី ។ ខ្ញុំដឹងជាតិរបស់ខ្លួន បាន ៧ ជាតិ ផលវិបាកនេះរបស់កម្មណា ខ្ញុំនឹងប្រាប់កម្មនោះដល់នាង នាងចូរមានចិត្តតែមួយ ចាំផ្ទៀងស្ដាប់នូវកម្មនោះ ដូចតទៅនេះ ៖ ខ្ញុំជាជាងមាសមានទ្រព្យច្រើន ក្នុងនគរឈ្មោះ ឯក​កច្ឆៈ​ ខ្ញុំនោះជាមនុស្សស្រវឹង ព្រោះការស្រវឹងវ័យ បានប្រព្រឹត្តសេពសម្ភពនឹងប្រពន្ធបុគ្គលដទៃ ។ ខ្ញុំនោះ​លុះឃ្លាតចាក​អត្តភាពនោះហើយ ក៏ឆេះ​រោល​រាល​ក្នុងនរកអស់កាលយូរ លុះរួចចាកនរកនោះហើយ មកចាប់បដិសន្ធិក្នុងផ្ទៃនៃមេស្វា។ ស្វាឈ្មោលធំជាម្ចាស់នៃហ្វូង ខាំផ្ដាច់នូវជាតកម្ម គឺអង្គជាត (របស់ខ្ញុំ) ដែលទើបនឹងកើតបាន ៧ ថ្ងៃ នុ៎ះជាផលនៃកម្មរបស់ខ្ញុំនុ៎ះ ដែលគប់រកនូវប្រពន្ធនៃបុគ្គលដទៃ ។ ខ្ញុំនោះធ្វើ​មរណ​កាល ច្យុតចាកកំណើតនៃស្វានោះហើយ ក៏ចាប់បដិសន្ធិក្នុងផ្ទៃនៃមេពពែខ្វាក់ផង ខ្ចក​ផង ក្នុងដែននៃស្ដេចសិន្ធវៈ ។ ខ្ញុំត្រូវគេព្រនាក់កូនក្មេងអស់ ១២ ឆ្នាំ ត្រូវគេគ្រៀវ ត្រូវដង្កូវបៀតបៀន ឈឺចាប់ ព្រោះតែអំពើដែលខ្ញុំសេពនូវប្រពន្ធរបស់បុគ្គលដទៃ។ ខ្ញុំនោះច្យុតចាកកំណើតនៃពពែនោះហើយ ក៏កើតជាកូនគោ អំពីមេគោរបស់ឈ្មួញគោ បាន ១២ ខែ មានរោមក្រហមដូចជាជ្រលក់ល័ក្ត ហើយត្រូវគេគ្រៀវ ។ ខ្ញុំតែងទាញនូវនង្គ័ល និងរទេះ ខ្វាក់ ខ្ចក ឈឺ ព្រោះតែខ្ញុំសេពនូវប្រពន្ធរបស់បុគ្គលដទៃ ។ ខ្ញុំនោះជាសត្វច្យុតចាកកំណើត នៃគោនោះហើយ ក៏កើតក្នុងផ្ទៃនៃទាសីក្នុងផ្ទះក្បែរថ្នល់ មិនប្រាកដជាស្រី មិនប្រាកដជាប្រុស (ខ្ទើយ) ព្រោះតែសេពនូវប្រពន្ធនៃបុគ្គលដទៃ ។ ខ្ញុំស្លាប់ក្នុងអាយុ ៣០ ឆ្នាំ ហើយក៏កើតជាទារិកា ក្នុងត្រកូលនៃអ្នករទេះ ដែលជាត្រកូល​កំព្រា គ្មានភោគសម្បត្តិ ត្រូវបុរសជាម្ចាស់ទ្រព្យរឹបជាន់ច្រើន។ កាលការប្រាក់ចម្រើនច្រើនឡើងហើយ នាយឈ្មួញរទេះក៏អូសទាញខ្ញុំ អំពីផ្ទះនៃត្រកូល ដែលកំពុងយំខ្សឹកខ្សួល ។ គ្រានោះ បុត្ររបស់ឈ្មួញរទេះនោះ ឈ្មោះ គិរិទាសៈ បានឃើញខ្ញុំជាស្រ្តីនៅក្រមុំ មានវ័យចម្រើន ក្នុងឆ្នាំជាគម្រប់ ១៦ ក៏ហួងហែងទុក (ក្នុងផ្ទះរបស់ខ្លួន) ។ ប្រពន្ធដទៃរបស់គិរិទាសៈ ជាស្រ្ដីមានសីលផង មានគុណផង ជាស្រ្តីប្រព្រឹត្តតាមភស្ដា ខ្ញុំក៏បានធ្វើការស្អប់នូវប្រពន្ធរបស់គាត់ ។ ប្ដីទាំង​ឡាយ​ លះលែងខ្ញុំ ដែលជាអ្នកខ្នះខ្នែងបម្រើដូចជាទាសី ព្រោះផលនៃកម្មណា នុ៎ះជាផលកម្ម (របស់ខ្ញុំ) នោះ ទីបំផុតនៃបាបកម្មនោះឯង ខ្ញុំបានធ្វើហើយ។ ឥសិទាសីថេរី ចប់ (សុត្តន្តបិដក ខុទ្ទកនិកាយ ថេរីគាថា ចត្តាឡីសនិបាត បិដកលេខ ៥៧ ទំព័រ ២១៨) ដោយ៥០០០ឆ្នាំ
images/articles/3236/2022-03-25_10_08_46-______________________-_Word.jpg
Public date : 17, May 2023 (2,768 Read)
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធការចូលទៅកាន់ផែនដី របស់ទេវទត្ត បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា យត្ថ វេរី និវសតិ ដូច្នេះជាដើម ។ កាលទេវទត្តត្រូវផែនដីស្រូប ភិក្ខុទាំងឡាយញ៉ាំងកថាឲ្យតាំងឡើង ក្នុងធម្មសភាថា ម្នាលអាវុសោ ទេវទត្តត្រូវវិនាសមួយអន្លើដោយបរិស័ទ ។ ព្រះសាស្ដាយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយប្រជុំគ្នានិយាយរឿងអ្វី ? កាលភិក្ខុទាំងនោះទូលថា ដោយរឿងនេះ ទ្រង់ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ទេវទត្តវិនាសមួយអន្លើដោយបរិស័ទ មិនមែនក្នុងកាលឥឡូវនេះទេ សូម្បីក្នុងកាលមុន ក៏វិនាសដូចគ្នាដែរ ហើយព្រះអង្គនាំអតីតនិទានមកថា ៖ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងកំណើតសត្វស្វា មានស្វា ៥០០ ជាបរិវារ រស់នៅក្នុងព្រះរាជឧទ្យាន ។ សូម្បីទេវទត្តក៏កើតក្នុងកំណើតស្វា មានស្វា ៥០០ ជាបរិវារ រស់នៅក្នុងទីនោះដែរ ។ថ្ងៃមួយ បុរោហិតទៅកាន់ឧទ្យាន មុជទឹក រួចប្រដាប់តាក់តែង ហើយចេញទៅ (ក្នុងពេលនោះ) មានស្វាឡេះឡោះមួយទៅមុន ហើយអង្គុយលើកំពូលខ្លោងទ្វាររាជឧទ្យាន (ពេលបុរោហិតមកដល់) ក៏បន្ទោរ​បង់វច្ចៈដាក់ក្បាលបុរោហិតនោះ កាលបុរោហិតងើយមើលខាងលើ ស្វាកំហូចក៏បន្ទោរ​បង់ដាក់មុខបុរោហិតថែមមួយទៀត ។ បុរោហិតត្រឡប់ហើយ គំរាមស្វាថា យើងនឹងដឹងនូវកម្មដែល​គប្បីធ្វើដល់ឯង ដូច្នេះហើយគាត់ទៅមុជទឹកម្ដងទៀត រួចចៀសចេញទៅ ។ ពួកស្វាប្រាប់ភាពដែលបុរោហិតនោះចងពៀរដល់ព្រះពោធិសត្វ ។ ព្រះមហាសត្វគិតថា ឈ្មោះ​ថា ការនៅក្នុងលំនៅរបស់សត្រូវ រមែងមិនគួរ ហ្វូងស្វាទាំងអស់ត្រូវរត់ទៅក្នុងទីដទៃ ដូច្នេះទើបញ៉ាំងពួកស្វាឲ្យប្រាប់ដល់ស្វាទាំងមួយពាន់ ។ ស្វាដែលប្រដៅក្រ កាន់យកស្វាជាបរិវាររស់ខ្លួន (មិនចេញទៅដោយគិតថា) យើងនឹងដឹងក្នុងកាលខាងក្រោយ ដូច្នេះទើបអង្គុយ​ក្នុងទីនោះឯង ។ ព្រះពោធិសត្វនាំបរិវាររបស់ខ្លួនចូលទៅកាន់ព្រៃ ។ ថ្ងៃមួយ ទាសីអ្នកបុកស្រូវម្នាក់យកស្រូវមកហាលកម្ដៅថ្ងៃ មានពពែមួយមកស៊ីស្រូវដែលទាសីនោះហាល ហើយត្រូវប្រហារដោយអង្កត់ភ្លើង ពពែមានខ្លួនឆេះរត់ទៅ ហើយត្រដុសខ្លួននឹងខ្ទមស្មៅ ដែលអាស្រ័យនឹងរោងដំរីមួយកន្លែង ។ ភ្លើងក៏ឆេះខ្ទមស្មៅ បន្ទាប់មកឆាប់ឆេះរាលដាលដល់រោងដំរី ធ្វើឲ្យខ្នងដំរីរលាក ហ្មដំរីក៏នាំគ្នាព្យាបាលដំរី ។ ចំណែកបុរោហិតកំពុងតែពិចារណាឧបាយចាប់ស្វា ។ កាលព្រះរាជាត្រាស់សួរគាត់ដែលមកបម្រើ និងដែលបានអង្គុយហើយថា នែអាចារ្យ ដំរីទាំងឡាយរបស់យើងកើតដំបៅ ហ្មដំរីមិនដឹងការព្យាបាលសោះ តើលោកមានដឹងថ្នាំយ៉ាងណានីមួយទេ ? បុរោហិតទូលថា បពិត្រមហារាជ ទូលព្រះបង្គំ ដឹង ។ ព្រះរាជាសួរថា ថ្នាំនោះឈ្មោះអ្វី ? បុរោហិតទូលថា បពិត្រមហារាជ គឺ ខ្លាញ់ស្វា ។ ព្រះរាជាសួរថា ចុះយើងនឹងបានខ្លាញ់ស្វា ក្នុងទីណា ? បុរោហិតទូលថា ស្វាជាច្រើនមានក្នុងឧទ្យាន ។ ព្រះរាជាត្រាស់ថា អ្នកទាំងឡាយចូរសម្លាប់ស្វាក្នុងឧទ្យាន ហើយនាំយកខ្លាញ់មក ។ ពួកនាយខ្នាន់ធ្នូទៅហើយ បាញ់សម្លាប់ស្វាទាំង ៥០០ ។ ស្វាដែលជាប្រធានមួយ កាលរត់ទៅ បានត្រូវគ្រាប់ព្រួញ តែមិនដួលស្លាប់ ក្នុងទីនោះទេ ហើយទៅដល់លំនៅព្រះពោធិសត្វ ទើបដួលស្លាប់ ។ ពួកស្វាប្រាប់នូវការដែលស្វានោះត្រូវប្រហារនិងស្លាប់ហើយ ដល់ព្រះពោធិសត្វថា សត្វនោះមកដល់លំនៅរបស់ពួកយើង រួចក៏ស្លាប់ទៅ ។ ព្រះពោធិសត្វទៅអង្គុយកណ្ដាលហ្វូងស្វា ហើយពោលថា ធម្មតាបុគ្គលដែលមិនធ្វើតាមឱវាទរបស់បណ្ឌិត ហើយនៅក្នុងលំនៅរបស់សត្រូវ រមែងវិនាសយ៉ាងនេះឯង ដូច្នេះហើយ លោកក៏ពោលគាថាទាំងនេះ ដោយអំណាចពាក្យជាឱវាទដល់ហ្វូងស្វាថា យត្ថ វេរី និវសតិ, ន វសេ តត្ថ បណ្ឌិតោ; ឯករត្តំ ទ្វិរត្តំ វា, ទុក្ខំ វសតិ វេរិសុ។ បុគ្គលមានពៀរ អាស្រ័យនៅក្នុងទីណា បណ្ឌិតមិនគប្បីនៅក្នុងទីនោះទេ (ព្រោះ) នៅក្នុងពួកបុគ្គលមានពៀរ មួយយប់ក្តី ពីរយប់ក្តី ជាទុក្ខ ។ ទិសោ វេ លហុចិត្តស្ស, បោសស្សានុវិធីយតោ; ឯកស្ស កបិនោ ហេតុ, យូថស្ស អនយោ កតោ។ បុគ្គលអ្នកមានចិត្តស្រាល គប្បីជាសត្រូវដល់សត្វអ្នកប្រព្រឹត្តតាម សេចក្តីមិនចម្រើន ដែលព្រាហ្មណ៍ធ្វើហើយ ដល់ហ្វូងស្វា ព្រោះហេតុតែស្វាមួយ ។ ពាលោវ បណ្ឌិតមានី, យូថស្ស បរិហារកោ; សចិត្តស្ស វសំ គន្ត្វា, សយេថាយំ យថា កបិ។ បុគ្គលល្ងង់ តែប្រកាន់ខ្លួនឯងថាជាបណ្ឌិត ហើយរក្សាពួកក្រុម ជាអ្នកលុះអំណាចចិត្តរបស់ខ្លួន រមែងដេក (ស្លាប់) ដូចស្វានេះឯង ។ ន សាធុ ពលវា ពាលោ, យូថស្ស បរិហារកោ; អហិតោ ភវតិ ញាតីនំ, សកុណានំវ ចេតកោ។ បុគ្គលល្ងង់មានកម្លាំង ជាអ្នករក្សាពួកក្រុម មិនប្រពៃទេ មិនមានសេចក្តីចម្រើន ដល់ពួកញាតិ ដូចទទាធា្នក់ មិនជាប្រយោជន៍ដល់ពួកសត្វស្លាប (ដែលជាញាតិ) ។ ធីរោវ ពលវា សាធុ, យូថស្ស បរិហារកោ; ហិតោ ភវតិ ញាតីនំ, តិទសានំវ វាសវោ។ ឯបុគ្គលមានប្រាជា្ញ មានកម្លាំង រក្សាពួកក្រុមវិញ ទើបប្រពៃ រមែងចម្រើនដល់ពួកញាតិ ដូចជាវាសវៈ ទេវរាជ (ជាប្រយោជន៍) ដល់ពួកទេវតា ក្នុងឋានត្រៃត្រិង្ស ។ យោ ច សីលញ្ច បញ្ញញ្ច, សុតញ្ចត្តនិ បស្សតិ; ឧភិន្នមត្ថំ ចរតិ, អត្តនោ ច បរស្ស ច។ បុគ្គលណាមួយឃើញថា ខ្លួនឯងមានសីលផង មានបញ្ញាផង មានសុតៈផង (បុគ្គលនោះ) តែងប្រព្រឹត្តប្រយោជន៍ដើម្បីខ្លួន និងអ្នកដទៃ ទាំងពីរ ។ តស្មា តុលេយ្យ មត្តានំ, សីលបញ្ញាសុតាមិវ; គណំ វា បរិហរេ ធីរោ, ឯកោ វាបិ បរិព្ពជេ។ ព្រោះហេតុនោះ អ្នកប្រាជ្ញ កាលបើគ្នេរគ្នាន់មើលខ្លួន មានសីល មានបញ្ញា និងសុតៈហើយ គប្បីថែរក្សាពួកក្រុម ក៏បាន គប្បីប្រព្រឹត្តនៅតែម្នាក់ឯង ក៏បាន ។ ពាក្យថា បុគ្គលល្ងង់តែប្រកាន់ខ្លួនឯងថាជាបណ្ឌិត សេចក្ដីថា បុគ្គលណាជាមនុស្សល្ងង់ តែសម្គាល់ខ្លួនថា អាត្មាអញជាបណ្ឌិត ហើយមិនធ្វើតាមឱវាទបណ្ឌិត លុះក្នុងអំណាចចិត្តរបស់ខ្លួន បុគ្គលនោះកាលលុះក្នុងអំណាចចិត្តរបស់ខ្លួនហើយ រមែងដេកស្លាប់ ដូចស្វាដែលប្រដៅក្រ ដេកស្លាប់នេះឯង ។ ព្រះមហាសត្វជាស្ដេចស្វាពោលកិច្ចដែលជាវិន័យនិងបរិយត្តិយ៉ាងនេះឯង ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថាតទា ទុព្ពចកបិ ទេវទត្តោ អហោសិ ស្វាប្រដៅក្រ ក្នុងកាលនោះ បានមកជាទេវទត្តបរិសាបិស្ស ទេវទត្តបរិសា សូម្បីបរិស័ទរបស់ស្វានោះ បានមកជាបរិស័ទរបស់ទេវទត្ត បណ្ឌិតកបិរាជា បន អហមេវ អហោសិំ ចំណែកស្ដេចស្វាដែលជាបណ្ឌិត គឺ តថាគត នេះឯង ។ កបិជាតក ចប់ ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក សត្តកនិបាត កុក្កុវគ្គ បិដកលេខ ៥៩ ទំព័រ ៨៦) ថ្ងៃ អង្គារ ២ កើត ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០ ថ្ងៃទី ១១ ខែ កញ្ញា ព.ស. ២៥៦២ គ.ស.២០១៨ ដោយស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
images/articles/3240/ertretyuyti67654tr.jpg
Public date : 17, May 2023 (2,777 Read)
រស្មីពណ៌លឿង ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិវិរិយបណ្ឌិត កាល ណោះ ព្រះឥន្ទ្រាធិរាជនិម្មិតខ្លួនជាយក្សធ្វើជាជាងមាស ។ វិរិយបណ្ឌិតបានអារសាច់របស់ ខ្លួនឲ្យទៅជាងមាស ដើម្បីផែធ្វើជាមាសបិទព្រះពុទ្ធរូប ។ សេចក្តីលម្អិតមានដូចតទៅនេះ ៖ មានសេចក្តីតំណាលថា ព្រះរាជាដែនបញ្ចាល បានចាត់រាជបម្រើនាំសំពត់រ័ត្នកម្ពល់ មានតម្លៃច្រើន ទៅថ្វាយព្រះបាទមហារដ្ឋរាជ ។ ព្រះបាទមហារដ្ឋរាជទ្រង់ទតឃើញសំពត់ នោះហើយ ទ្រង់ព្រះចិន្តាថា មហាមិត្តអញបានផ្ញើរបស់មានតម្លៃមកឲ្យអញ គួរអញរក រតនវត្ថុដែលមានតម្លៃជាង ផ្ញើតបទៅវិញទើបគួរ ទ្រង់យល់ថា រតនវត្ថុមានតម្លៃ គ្មានអ្វីស្មើ នឹងពុទ្ធរតនៈឡើយ ដូច្នេះគួរអញសាងព្រះពុទ្ធបដិមា ទើបព្រះរាជាចាត់រាជទូតឲ្យនាំ ព្រះពុទ្ធបដិមាទៅថ្វាយព្រះបាទបញ្ជាលរាជ ដោយក្បួនដង្ហែតាមនាវា ។ ព្រះបាទមហារដ្ឋ ទ្រង់ថ្វាយបង្គំព្រះពុទ្ធបដិមា ទ្រង់ត្រាស់ថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះបាទបញ្ចាលរាជជា សម្លាញ់ខ្ញុំព្រះអង្គជាមនុស្សមច្ឆាទិដ្ឋិ សូមព្រះអង្គទ្រង់ព្រះមេត្តាប្រោសសង្គ្រោះ ស្តេចនោះ ឲ្យបានស្ថិតនៅក្នុងផ្លូវសម្មាទិដ្ឋិ បើព្រះអង្គយាងទៅដល់នគរបញ្ចាលហើយ សូមទ្រង់ធ្វើ បាដិហារ្យបង្កើតក្តីជ្រះថ្លាដល់ស្តេចនោះ ដោយក្តីមេត្តាសង្គ្រោះប្រោសប្រណីនៃព្រះអង្គ ។ ព្រះបាទមហារដ្ឋរាជ ទ្រង់បានបួងសួងយ៉ាងនេះ ទ្រង់យាងចុះជូនដំណើរព្រះពុទ្ធបដិមា ត្រាតែដល់ជម្រៅទឹកត្រឹមព្រះសូរង (ក) ។ ខណៈនោះ ផ្ទៃសមុទ្រមានធ្នារទឹករាបសាល្អ មានផ្កាបទុមបញ្ចពណ៌ធំផុស លេច ឡើងលើផ្ទៃទឹក ធ្វើសក្ការបូជាព្រះពុទ្ធបដិមា ។ ពួកនាគរាជក៏នាំគ្នាបូជាដោយគន្ធមាលា ផ្សេងៗ ហើយហក់ហែលចោមរោមជាបរិវារ ។ ពួកអាកាសទេវតា ក៏រោយរាយបាចសាច ទិព្វបុប្ផាផ្សេងៗ អំពីអាកាស ប្រគំតូរ្យតន្រ្តីឮសូររងំពីរោះល្វេងល្វើយគួរជាទីអស្ចារ្យ ។ រាជទូតទាំងឡាយ បានបើកភេត្រាដ៏មានសិរីដរាបដល់ទៅនគរបញ្ចាល នាំគ្នាចូល គាល់ក្រាបទូលតំណាលពីហេតុអស្ចារ្យផ្សេងៗ ។ ព្រះរាជាទ្រង់មានព្រះទ័យសោមនស្សក្រៃ លែង ទ្រង់បានចាត់ចែងគ្រឿងសក្ការបូជាជាអនេកប្រការ ស្តេចព្រមដោយអាមាត្យមន្ត្រី ចោមរោមជាបរិវារ និងមហាជនទៅទទួលព្រះពុទ្ធបដិមាអំពីភេត្រា ទ្រង់បានថ្វាយបង្គំ ទ្រង់ បានបូជាដោយទៀនធូបគន្ធមាលា ដោយសេចក្តីគោរព ទ្រង់ត្រាស់ថា “បពិត្រព្រះដ៏មាន បុណ្យអើយ ទូលព្រះបង្គំជាឧបាសកគោរពព្រះរតនត្រ័យតាំងអំពីថ្ងៃនេះជាដើមទៅ” ។ ព្រះពុទ្ធបដិមាទ្រង់បានសម្តែងបាដិហារ្យយ៉ាងអស្ចារ្យ អណ្តែតឡើងព្ធដ៏អាកាស បាន បញ្ចេញឆព្វណ្ណរង្សីរស្មីទាំងប្រាំមួយពណ៌ គឺ ខៀវ លឿង ក្រហម ស ហង្សបាទ និងពណ៌ ចម្រុះផ្សាយចេញឆ្វៀលឆ្វាត់ ភ្លឺព្រោងព្រាយ ពណ្ណរាយ ផ្សព្វផ្សាយចេញទៅសព្វទិស ទាំងពួង ។ ពួកទេពតានាំគ្នាធ្វើសក្ការបូជាឋិតព្ធដ៏អាកាស ។ ពួកមនុស្សម្នាមហាជនចេញ ពីទីតំបន់ផ្សេងៗ បានមើលគ្នាទៅវិញទៅមកដោយជាក់ច្បាស់ ។ ព្រះរាជាបានក្រាបទូលនិមន្តសូមឲ្យព្រះពុទ្ធបដិមាយាងចុះ មកលើសុពណ៌សិវិកា ដែលទ្រង់បានចាត់ចែងបម្រុងទុក លុះព្រះពុទ្ធបដិមាយាងចុះមកហើយ ទ្រង់ព្រមដោយ ចតុរង្គសេនា អាមាត្យមុខមន្ត្រី និងមហាជនបានដង្ហែចូលព្រះនគរ ។ ទ្រង់បានឲ្យជាងឆ្លាក់ ព្រះពុទ្ធរូបមួយទៀតធ្វើពីខ្លឹមច័ន្ទន៍ ហើយទ្រង់ឲ្យតម្កល់ទុកក្នុងសាលា ទ្រង់ឲ្យប្រកាស ផ្សាយដំណឹងថា “ជនណាមួយមានមាសតិចក្តី ច្រើនក្តី ចូរយកមកទិបព្រះពុទ្ធបដិមា ជាមួយនឹងយើង តាមសទ្ធាជ្រះថ្លារៀងខ្លួនចុះ” ។ កាលនោះ មានបុរសកម្សត់ម្នាក់ ឈ្មោះ វិរិយបណ្ឌិត ជាអ្នកមានសទ្ធាជ្រះថ្លាខ្លាំង មានបំណងនឹងលក់ខ្លួនទិញមាសទិបព្រះពុទ្ធរូបនោះ តែប្រពន្ធកូនពុំយល់ព្រមឲ្យស្វាមី និង បិតាធ្វើដូច្នោះទេ គឺអ្នកទាំងពីរក៏សុខចិត្តលក់ខ្លួនប្រាណជំនួស បានប្រាក់ប្រគល់ជូនស្វាមី ខ្លួន ឲ្យយកទៅទិញមាសទិបព្រះពុទ្ធបដិមា ។ គាត់បានមាសហើយចូលទៅក្នុងសាលា ប្រាថ្នានឹងទិបព្រះពុទ្ធរូប តែអ្នកយាមពុំយល់ព្រម ដោយអះអាងថា ព្រះរាជាពុំទាន់យាង មកទេ អ្នកដទៃទិបពុំបានឡើយ ដ្បិតខុសនឹងទំនៀមទម្លាប់ ។ វិរិយបណ្ឌិតនិយាយអង្វរ ខ្លាំងពេក អ្នកយាមរក្សាក៏ប្រាប់ថា ឲ្យអ្នកឯងចូលទៅក្រាបទូលសូមព្រះរាជានុញ្ញាតសិន ។ គាត់បានសុំចូលគាល់ក្រាបទូលយាងដំណើរ ។ ព្រះរាជាត្រាស់ថា “បើព្រះពុទ្ធបដិមាមាន ព្រះពុទ្ធដីកាអនុញាតឲ្យអ្នកឯង អ្នកចូរទិបចុះ” ។ វិរិយបណ្ឌិតក៏ក្រាបថ្វាយបង្គំលាព្រះរាជា រលះលាំងមកកាន់សាលាវិញ ហើយគាត់ តាំងចិត្តអធិដ្ឋាន ដោយពោលអាងពាក្យសច្ចៈផ្សេងៗ ដើម្បីសូមឲ្យព្រះពុទ្ធបដិមាបើកព្រះ ឱស្ឋមានព្រះពុទ្ធដីកា ឲ្យបានឃើញជាក់ស្តែងប្រាកដ ។ គ្រានោះ ទេវតារក្សាព្រះនគរបានចូលជ្រែកក្នុងអង្គព្រះពុទ្ធបដិមា ធ្វើឲ្យព្រះបដិមា ខ្លឹមច័ន្ទន៍ មានជីវិតរស់រវើកឡើងយ៉ាងអស្ចារ្យ បញ្ចេញព្រះពុទ្ធដីកាថា “នែវិរិយបណ្ឌិត ចូរអ្នក ទិបតថាគតតាមប្រាថ្នាចុះ” ហើយបានបញ្ចេញរស្មីទាំង ៦ ពណ៌ ដូចព្រះពុទ្ធបដិមា អង្គមុននោះដែរ ។ វិរិយបណ្ឌិតក៏បានទិបព្រះពុទ្ធបដិមាដោយមាស ដែលខ្លួនមានទាំង ប៉ុន្មាននោះ ។ ព្រះរាជាទ្រង់បានជ្រាបព័ត៌មាននោះ ក៏ឲ្យហៅវិរិយបណ្ឌិតមក ហើយទ្រង់ បានព្រះរាជទានសម្បត្តិផ្សេងៗច្រើនអនេក ។ អ្នកនគរក៏នាំមាស ប្រាក់ សំពត់ជាដើមមក ជូនយ៉ាងកកកុញ ។ គាត់បានរស់នៅរួបរួមជាមួយនឹងគ្រួសារជាសុខ ក្សេមក្សាន្ត ដរាបដល់ ក្ស័យជីវិត ។ ចប់ វិរិយបណ្ឌិតជាតក ៕ (ចាកបញ្ញាសជាតក របស់ជនជាតលាណា) ញ៉ុក-ថែម កំណាព្យឆព្វណ្ណរង្សីពណ៌លឿង រស្មីពណ៌លឿងភ្លឺថ្លា កាលដែលទ្រង់អារសាច់ផែរធ្វើមាស បិទពុទ្ធរូបភ្លឺល្អឱភាស ព្រះឥន្ទជាងមាសទ្រង់វៃបណ្ឌិត ។ កំណាព្យមួយបែបទៀត ពណ៌លឿងកាលអារសាច់ធ្វើមាស បិទលន់អង្គព្រះពុទ្ធបដិមា ព្រះឥន្ទជាជាងឆ្នៃរចនា ថ្វាយសាធុការពេញផែនដី ។ ដោយ៥០០០ឆ្នាំ
images/articles/3228/________________________________________________.jpg
Public date : 16, May 2023 (6,418 Read)
ខាងក្រោមនេះ ជាតំណទាញយកព្រះត្រៃបិដកខ្មែរ និងព្រះត្រៃបិដកអង់គ្លេស ។ ដែលក្នុងនោះ ព្រះត្រៃបិដកភាសាខ្មែរ ជាpdf scan មានចំនួន ២ច្បាប់ដូចនេះ គឺសន្លឹកពណ៌ស និងសន្លឹកពណ៌លឿង និងមានមួយច្បាប់ទៀតជាច្បាប់ pdf វាយអក្សរថ្មីឡើងវិញរបស់វត្តបញ្ញាធំ ។ និងច្បាប់ប្រែរួមជាមួយព្រះអដ្ឋកថា ។ និងមានច្បាប់ព្រះត្រៃបិដកជាភាសាអង់គ្លេសមួយច្បាប់ទៀត សម្រាប់លោកអ្នកដែលមិនអាចអានភាសាខ្មែរបាន អាចចូលអានច្បាប់pdf នេះ ។ ចុចទាញយក ប្រសិនបើលោកអ្នកលំបាកក្នុងការទាញយក អាចផ្ញើតេលេក្រាមមកលេខ 012 887 987 យើងនឹងព្យាយាមផ្ញើជូនតាមការគួរ ឬលោកអ្នកអាចទាញយកតាមក្រុមតេលេក្រាមរបស់៥០០០ឆ្នាំបាន ដោយគ្រាន់តែចុចចូល ទីនេះ ដោយ៥០០០ឆ្នាំ
images/articles/3230/202____________rce_Overlay.jpg
Public date : 16, May 2023 (3,270 Read)
គម្ពីរមហាបដ្ឋាន ជាគម្ពីរសម្តែងឡើងនូវធម៌ពិត សច្ចធម៌ និងការបង្ហាញផ្លូវបដិបត្តិទៅកាន់ការផុតទុក្ខគឺព្រះនិព្វាន ។ សត្វលោក កើតមកសុទ្ធតែមានអវិជ្ជា និងតណ្ហា ឧបាទានគ្រប់គ្នា មានតែព្រះពុទ្ធ និងព្រះបច្ចេកពុទ្ធប៉ុណ្ណោះដែល អាចត្រាស់ដឹងនូវសច្ចធម៌ដោយខ្លួនឯង ក្រៅអំពីនេះសត្វលោកសុទ្ធតែរង់ចាំការស្តាប់បដិបត្តិតាមព្រះពុទ្ធទើបអាច ស្វែងរកផ្លូវចេញចាកទុក្ខបាន ។ គម្ពីរមហាបដ្ឋាននេះ ជាគម្ពីរមានសេចក្តីទូលំទូលាយក្រៃលែង មានន័យល្អិតសុខុមជាទីបំផុត ពោលពេញទៅដោយហេតុនិងផល ដូច្នេះកាលពុទ្ធបរិស័ទបានសិក្សាគម្ពីរនេះហើយ រមែងដឹងច្បាស់នូវហេតុផល ជាឈ្មោះនៃបញ្ញាឃើញច្បាស់នូវសភាវពិត លះបង់សេចក្តីប្រកាន់ រមែងបាននូវសេចក្តីសុខ ។ ទាញយក ប្រសិនបើលោកអ្នកលំបាកក្នុងការទាញយក អាចផ្ញើតេលេក្រាមមកលេខ 012 887 987 យើងនឹងព្យាយាមផ្ញើជូនតាមការគួរ ឬលោកអ្នកអាចទាញយកតាមក្រុមតេលេក្រាមរបស់៥០០០ឆ្នាំបាន ដោយគ្រាន់តែចុចចូល ទីនេះ ដោយ៥០០០ឆ្នាំ
images/articles/3229/_______________________________________.jpg
Public date : 16, May 2023 (4,365 Read)
បច្ចុប្បន្ននេះ គម្ពីរព្រះអដ្ឋកថាខ្មែរ មិនទាន់ប្រែបានគ្រប់ភាគនៅឡើយ ប៉ុន្តែបានធ្វើហើយជាច្រើនភាគ ដូចដែល៥០០០ឆ្នាំបានបង្ហោះ និងដាក់បន្ថែមជារឿយ ខាងក្រោមនេះ ។ ក្រៅអំពីនេះ នៅមានអដ្ឋកថាផ្សេងៗទៀត សម្រាប់លោកអ្នកឈ្វេងយល់ និងសិក្សាបានដោយខ្លួនឯង ។ សូមចុចតំណខាងក្រោមដើម្បីមើលនិងទាញយក ។ ទាញយក ប្រសិនបើលោកអ្នកលំបាកក្នុងការទាញយក អាចផ្ញើតេលេក្រាមមកលេខ 012 887 987 យើងនឹងព្យាយាមផ្ញើជូនតាមការគួរ ឬលោកអ្នកអាចទាញយកតាមក្រុមតេលេក្រាមរបស់៥០០០ឆ្នាំបាន ដោយគ្រាន់តែចុចចូល ទីនេះ ដោយ៥០០០ឆ្នាំ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 2022 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ រស់នៅប្រទេសស្វីស 2022 ✿  ឧបាសិកា គង់-អ៊ា គីមហេង រស់នៅប្រទេសស្វីស  2022 ✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2022 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿