images/articles/3173/_____________________________________________.jpg
សេចក្តីព្រមព្រៀងនៃសង្ឃនាំមកនូវសេចក្តីសុខ
ផ្សាយ : ១៣ មករា ឆ្នាំ២០២៣
ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ១ កាលកើតឡើងក្នុងលោក តែងកើតឡើង ដើម្បីជាប្រយោជន៍ដល់ជនច្រើន ដើម្បីជាសុខដល់ជនច្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្ដីចំរើនដល់ជនច្រើន ដើម្បីជាសុខដល់ទេវតា និងមនុស្សទាំងឡាយ។ ធម៌ ១ តើដូចម្ដេច។ គឺសេចក្ដីព្រមព្រៀងរបស់សង្ឃ។
ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃព្រមព្រៀងគ្នាហើយ ការឈ្លោះប្រកែកគ្នានឹងគ្នា ក៏មិនកើតមាន ការប្រទេចផ្ដាសាគ្នានឹងគ្នា ក៏មិនកើតមាន ការបោកបោះពាក្យសំដីដល់គ្នានឹងគ្នា ក៏មិនកើតមាន ការលះបង់គ្នានឹងគ្នា ក៏មិនកើតមាន ជនទាំងឡាយ ដែលមិនជ្រះថ្លាក្នុងសង្ឃនោះ ក៏រមែងជ្រះថ្លា ពួកជនដែលជ្រះថ្លាស្រាប់ហើយ ក៏រឹងរឹតតែជ្រះថ្លាឡើង។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។
ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា សេចក្ដីព្រមព្រៀងនៃសង្ឃ ជាហេតុនាំសេចក្ដីសុខមកឲ្យ ការអនុគ្រោះបុគ្គលទាំងឡាយ ដែលមានសេចក្ដីព្រមព្រៀងគ្នា (ជាហេតុនាំសេចក្ដីសុខមកឲ្យ) បុគ្គលត្រេកអរ ក្នុងជនដែលព្រមព្រៀងគ្នា តាំងនៅក្នុងធម៌ រមែងមិនសាបសូន្យ ចាកធម៌ជាទីក្សេមចាកយោគៈ បុគ្គលធ្វើសង្ឃ ឲ្យព្រមព្រៀងគ្នា រមែងរីករាយ ក្នុងឋានសួគ៌ អស់ ១ កប្ប។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ ត្រាស់ទុកហើយ។ សូត្រ ទី៩។
បិដក ភាគ ៥៣ - ទំព័រទី ១៧
ដោយ៥០០០ឆ្នាំ
images/articles/3171/____________________________________.jpg
មាតាបិតាទាំងឡាយឈ្មោះថាព្រហ្ម
ផ្សាយ : ១៣ មករា ឆ្នាំ២០២៣
ម្នាលភិក្ខុទាំងឡាយ ត្រកូលទាំងឡាយណា ដែលកូនបូជាមាតាបិតា ក្នុងផ្ទះរបស់ខ្លួន ត្រកូលទាំងឡាយនោះ ឈ្មោះថា នៅរួមជាមួយនឹងព្រហ្ម។ ម្នាលភិក្ខុទាំងឡាយ ត្រកូលទាំងឡាយណា ដែលកូនបូជាមាតាបិតា ក្នុងផ្ទះរបស់ខ្លួន ត្រកូលទាំងឡាយនោះ ឈ្មោះថា នៅរួមជាមួយនឹងបុព្វទេវតា (ទេវតាដើម)។ ម្នាលភិក្ខុទាំងឡាយ ត្រកូលទាំងឡាយណា ដែលកូនបូជាមាតាបិតាក្នុងផ្ទះរបស់ខ្លួន ត្រកូលទាំងឡាយនោះ ឈ្មោះថា នៅរួមជាមួយនឹងបុព្វាចារ្យ (អាចារ្យដើម)។
ម្នាលភិក្ខុទាំងឡាយ ត្រកូលទាំងឡាយណា ដែលកូនបូជាមាតាបិតាក្នុងផ្ទះរបស់ខ្លួន ត្រកូលទាំងឡាយនោះ ឈ្មោះថា នៅរួមជាមួយនឹងអាហុនេយ្យបុគ្គល (បុគ្គលគួរបូជា)។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ព្រហ្មនុ៎ះ ជាឈ្មោះរបស់មាតាបិតា។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា បុព្វទេវតានុ៎ះ ជាឈ្មោះរបស់មាតាបិតា។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា បុពា្វចារ្យនុ៎ះ ជាឈ្មោះរបស់មាតាបិតា។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា អាហុនេយ្យៈនុ៎ះ ជាឈ្មោះរបស់មាតាបិតា។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ (ព្រោះ) មាតាបិតា មានឧបការៈច្រើន ជាអ្នកបីបាច់ (ឲ្យគង់ជីវិត) ជាអ្នកចិញ្ចឹម (ឲ្យបៅទឹកដោះ) ទាំងជាអ្នកបង្ហាញនូវលោកនេះ ដល់កូនទាំងឡាយ។
មាតាបិតាទាំងឡាយ ដែលហៅថា ព្រហ្មក្តី បុព្វាចារ្យក្តី អាហុនេយ្យៈក្តី (សុទ្ធតែ) ជាអ្នកអនុគ្រោះដល់ពួកសត្វ គឺកូន។ ព្រោះហេតុនោះឯង អ្នកប្រាជ្ញ គួរនមស្ការ គួរធ្វើសក្ការៈដល់មាតាបិតាទាំងនោះ ដោយបាយ ទឹក សំពត់ គ្រឿងដេក គ្រឿងអប់ គ្រឿងផ្ងូតទឹក និងទឹកសម្រាប់លាងជើង។ ព្រោះការដែលបានទំនុកបំរុងមាតាបិតានោះហើយ បានជាអ្នកប្រាជ្ញទាំងឡាយ សរសើរនូវបុគ្គលនោះ ក្នុងលោកនេះឯង បុគ្គលនោះ លុះលះលោកនេះទៅហើយ រមែងរីករាយក្នុងឋានសួគ៌។ សូត្រ ទី៧។
បិដក ភាគ ៥៣ - ទំព័រទី ១៤១
ដោយ៥០០០ឆ្នាំ
images/articles/3172/_______________________________________.jpg
ចិត្តប្រទូស្តរបស់បុគ្គលធ្វើមរណកាល
ផ្សាយ : ១៣ មករា ឆ្នាំ២០២៣
ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ តថាគត កំណត់ចិត្តដោយចិត្តហើយ ដឹងច្បាស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដែលមានចិត្តប្រទូស្ដយ៉ាងនេះថា បើបុគ្គលនេះ ធ្វើមរណកាលទៅ ក្នុងសម័យនេះ មុខជាទៅកើតក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ រឿងនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះបុគ្គលនោះ មានចិត្តប្រទូស្ដ។ ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ ហេតុតែមានចិត្តប្រទូស្ដ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត និងនរក។
លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា ព្រះពុទ្ធ ទ្រង់ជ្រាបបុគ្គលពួកខ្លះ ក្នុងលោកនេះ ដែលមានចិត្តប្រទូស្ដ ទើបទ្រង់ព្យាករសេចក្ដីនុ៎ះ ក្នុងសំណាក់ភិក្ខុទាំងឡាយថា បើបុគ្គលនេះ ធ្វើមរណកាលទៅ ក្នុងសម័យនេះ មុខជាទៅកើតក្នុងនរក ព្រោះតែបុគ្គលនោះ មានចិត្តប្រទូស្ដ បុគ្គលបែបនោះ ដូចជាគេនាំយកទៅទំលាក់យ៉ាងនេះឯង សត្វទាំងឡាយ រមែងទៅកាន់ទុគ្គតិ ព្រោះហេតុតែមានចិត្តប្រទូស។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី១០។
បិដក ភាគ ៥៣ - ទំព័រទី ១៨
ដោយ៥០០០ឆ្នាំ
images/articles/3190/rf434feee3333ee.jpg
ភរិយា ៧ ពួក
ផ្សាយ : ១៣ មករា ឆ្នាំ២០២៣
ភរិយាសូត្រ ទី១០
[៦០] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅលំនៅរបស់អនាថបិណ្ឌិកគហបតី លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ សម័យនោះឯង មនុស្សទាំងឡាយ មានសម្លេងហ៊ោកញ្ជ្រៀវ ក្នុងលំនៅនៃអនាថបិណ្ឌិកគហបតី។ លំដាប់នោះ អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះអនាថបិណ្ឌិកគហបតី អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ក៏ទ្រង់ត្រាស់ដូច្នេះថា ម្នាលគហបតី មនុស្សទាំងឡាយ មានសំឡេងហ៊ោកញ្ជ្រៀវ ក្នុងលំនៅនៃអ្នក ទំនងដូចជាញ្រនសន្ទូចចាប់ត្រី ដូចម្តេចហ្ន៎។ បពិត្រព្រះអង្គដ៏ចំរើន នាងសុជាតានេះ ជាឃរសុណ្ហា (កូនប្រសាស្រ្តីក្នុងផ្ទះ) ខ្ញុំព្រះអង្គបាននាំមកអំពីត្រកូលស្តុកស្តម្ភ នាងសុជាតានោះ មិនអើពើនឹងឪពុកក្មេក មិនអើពើនឹងម្តាយក្មេក មិនអើពើនឹងស្វាមី ទាំងមិនបានធ្វើសក្ការ មិនបានគោរព មិនបានរាប់អាន មិនបានបូជាព្រះដ៏មានព្រះភាគ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅនាងសុជាតា ជាឃរសុណ្ហាថា ម្នាលនាងសុជាតា ចូរនាងមកនេះ។ នាងសុជាតា ជាឃរសុណ្ហា បានទទួលព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះនាងសុជាតា ជាឃរសុណ្ហា អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលនាងសុជាតា ភរិយារបស់បុរសនេះ មាន ៧ ពួក។ ភរិយា ៧ ពួក តើដូចម្តេចខ្លះ។ គឺ វធសមាភរិយា (ភរិយាស្មើដោយអ្នកសម្លាប់) ១ ចោរសមាភរិយា (ភរិយាស្មើដោយចោរ) ១ អយ្យសមាភរិយា (ភរិយាស្មើដោយម្ចាស់) ១ មាតុសមាភរិយា (ភរិយាស្មើដោយមាតា) ១ ភគិនិសមាភរិយា (ភរិយាស្មើដោយប្អូនស្រី) ១ សខីសមាភរិយា (ភរិយាស្មើដោយសំឡាញ់) ១ ទាសីសមាភរិយា (ភរិយាស្មើដោយខ្ញុំស្រី) ១។ ម្នាលនាងសុជាតា នេះជាភរិយា ៧ ពួក របស់បុរស។ បណ្តាភរិយាទាំង ៧ ពួកនោះ នាងជាភរិយាដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនបានដឹងនូវអត្ថនៃភាសិតនេះ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងដោយសេចក្តីសង្ខេប ឲ្យពិស្តារបានទេ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ គប្បីដឹងនូវអត្ថនៃភាសិតនេះ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដោយសេចក្តីសង្ខេប ឲ្យពិស្តារបាន យ៉ាងណា សូមព្រះដ៏មានព្រះភាគ សំដែងនូវធម៌ឲ្យប្រពៃ ដល់ខ្ញុំព្រះអង្គ យ៉ាងនោះ។ ម្នាលនាងសុជាតា បើដូច្នោះ ចូរនាងចាំស្តាប់ ចូរធ្វើទុកក្នុងចិត្ត ដោយប្រពៃ តថាគតនឹងសំដែង។ នាងសុជាតា ជាឃរសុណ្ហា បានទទួលព្រះពុទ្ធដីកា ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា
ភរិយាដែលស្វាមីលោះមកដោយទ្រព្យ ស្រ្តីមានចិត្តប្រទូស្ត (នឹងស្វាមី) មានសេចក្តីមិនអនុគ្រោះនូវប្រយោជន៍ ជាអ្នកត្រេកត្រអាលក្នុងបុរសដទៃ មើលងាយប្តី ខ្វល់ខ្វាយដើម្បីសម្លាប់ (ប្តី) ស្រ្តីណាជាភរិយានៃបុរស មានសភាពដូច្នេះ ស្រ្តីនោះហៅថា វធកាភរិយា។ ស្វាមីនៃស្រ្តី បាននូវទ្រព្យណា ហើយដំកល់ទុក ដើម្បីធ្វើនូវសិល្បៈក្តី នូវជំនួញក្តី នូវកសិកម្មក្តី ស្ត្រីនោះ ប្រាថ្នាដើម្បីលួចកិបយកនូវទ្រព្យ សូម្បីបន្តិចបន្តួចអំពីទ្រព្យនោះ ស្ត្រីណា ជាភរិយានៃបុរស មានសភាពដូច្នេះ ស្រ្តីនោះ ហៅថា ចោរីភរិយា។ ស្ត្រីមិនមានសេចក្តីប្រាថ្នា នឹងធ្វើនូវការងារ ជាអ្នកខ្ជិលច្រអូស ស៊ីច្រើន រឹងរូស កាច ពោលនូវពាក្យអាក្រក់ ប្រព្រឹត្តគ្របសង្កត់នូវស្វាមី ដែលមានព្យាយាម ប្រឹងប្រែង ស្ត្រីណា ជាភរិយានៃបុរសមានសភាពដូច្នេះ ស្ត្រីនោះ ហៅថា អយ្យាភរិយា។ ស្ត្រីណា មានសេចក្តីអនុគ្រោះនូវប្រយោជន៍សព្វ ៗកាល ចេះរក្សាប្តី ដូចជាមាតារក្សាកូន ទាំងរក្សានូវទ្រព្យដែលស្វាមីនោះ បានមកអំពីទីនោះ ៗ ស្រ្តីណាជាភរិយានៃបុរស មានសភាពដូច្នេះ ស្រ្តីនោះ ហៅថា មាតាភរិយា។ ស្រ្តីមានសេចក្តីគោរព ក្នុងស្វាមីរបស់ខ្លួន ដូចប្អូនស្រីគោរពបងប្រុស មានសេចក្តីអៀនខ្មាស ប្រព្រឹត្តទៅតាមអំណាចនៃភស្តា ស្រ្តីណា ជាភរិយានៃបុរស មានសភាពដូច្នេះ ស្ត្រីនោះ ហៅថា ភគិនីភរិយា។ ស្ត្រីណា ក្នុងលោកនេះ បានឃើញនូវប្តីហើយ ក៏រីករាយ ដូចជាសំឡាញ់ បានឃើញសំឡាញ់ ដែលមកអស់កាលយូរ ស្រ្តីនោះ បរិបូណ៌ដោយត្រកូល មានសីលធម៌ ជាស្រ្តីមានវត្តប្រតិបត្តិក្នុងប្តី ស្រ្តីណា ជាភរិយានៃបុរស មានសភាពដូច្នេះ ស្រ្តីនោះ ហៅថា សខីភរិយា។ ស្រ្តីដែលស្វាមីជេរ វាយ គំរាមដោយដំបង មិនមានចិត្តប្រទូស្តវិញ ចេះអត់សង្កត់ដល់ប្តី មិនក្រោធ ប្រព្រឹត្តទៅតាមអំណាចនៃភស្តា ស្ត្រីណាជាភរិយានៃបុរស មានសភាពដូច្នេះ ស្ត្រីនោះ ហៅថា ទាសីភរិយា។ ភរិយាណា ក្នុងលោកនេះ ដែលហៅថា វធកាក្តី ហៅថា ចោរីក្តី ហៅថា អយ្យាក្តី ភរិយាទាំងនោះ មានសភាពជាស្ត្រីទ្រុស្តសីល រឹងរូស មិនមានសេចក្តីគោរព លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកាន់នរក។ ភរិយាណា ក្នុងលោកនេះ ដែលហៅថាមាតាក្តី ភគិនីក្តី សខីក្តី ទាសីក្តី ភរិយាទាំងនោះ ជាស្រ្តីសង្រួមអស់កាលជាយូរអង្វែង ព្រោះតាំងនៅក្នុងសីលធម៌ លុះបែកធ្លាយរាង កាយស្លាប់ទៅ រមែងទៅកាន់សុគតិ។
ម្នាលនាងសុជាតា នេះជាភរិយារបស់បុរស ៧ ពួក បណ្តាភរិយា ទាំង ៧ ពួកនោះ នាងតើជាភរិយាដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ សំគាល់ទុកនូវខ្ញុំព្រះអង្គ ថាជាភរិយាស្មើដោយទាសីរបស់ស្វាមី ចាប់ដើមអំពីថ្ងៃនេះតទៅ។
ភរិយា ៧ ពួក - បិដកភាគ ៤៧ ទំព័រ ១៦៧ ឃ្នាប ៦០
ដោយ៥០០០ឆ្នាំ
images/articles/3187/ewfew32we2___.jpg
ធម៌ ២ ប្រការនេះ ជាចំណែកនៃវិជ្ជា
ផ្សាយ : ១៣ មករា ឆ្នាំ២០២៣
[២៧៥] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយពីរប្រការនេះ ជាចំណែកនៃវិជ្ជា។ ធម៌ពីរ ប្រការ តើដូចម្តេច។ គឺ សមថៈ ១ វិបស្សនា ១។ ម្នាលភិក្ខុទាំងឡាយ សមថៈ ដែលបុគ្គលចំរើនហើយ នឹងសម្រេចប្រយោជន៍អ្វី។ នឹងញ៉ាំងចិត្តឲ្យចំរើន។ ចិត្តដែលចំរើនហើយ នឹងសម្រេចប្រយោជន៍អ្វី។ នឹងលះបង់ នូវរាគៈចេញបាន។ ម្នាលភិក្ខុទាំងឡាយ វិបស្សនា ដែលបុគ្គលចំរើនហើយ នឹងសម្រេចប្រយោជន៍អ្វី។ នឹងញុំាងបញ្ញាឲ្យចំរើន។ បញ្ញាដែល ចំរើនហើយ នឹងសម្រេចប្រយោជន៍អ្វី។ នឹងលះនូវអវិជ្ជាចេញបាន។
[២៧៦] ម្នាលភិក្ខុទាំងឡាយ ចិត្តដែលសៅហ្មងដោយរាគៈហើយ រមែងមិនរួចផុតស្រឡះ ឬបញ្ញាដែលសៅហ្មង ដោយអវិជ្ជាហើយ រមែងមិនចំរើនឡើយ។ ម្នាលភិក្ខុទាំងឡាយ ចេតោវិមុតិ្តកើត ព្រោះប្រាសចាករាគៈ បញ្ញាវិមុតិ្តកើត ព្រោះប្រាសចាកអវិជ្ជា ដោយប្រការ ដូច្នេះ។
ចប់ ពាលវគ្គ ទី៣។
ពាលវគ្គ ទី ៣ ឬ ធម៌ ២ ប្រការនេះ ជាចំណែកនៃវិជ្ជា - បិដកភាគ ៤០ ទំព័រ ១៣៥ ឃ្នាប ២៧៥
ដោយ៥០០០ឆ្នាំ
images/articles/3189/45wedffghjklyttt.jpg
កុលបុត្រមិនងាយនឹងធ្វើការតបគុណ ដល់បុគ្គលពីរពួកបានទេ
ផ្សាយ : ១៣ មករា ឆ្នាំ២០២៣
សមចិត្តវគ្គ ទី៤
[២៧៨] ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា កុលបុត្តមិនងាយនឹងធ្វើការតបគុណ ដល់បុគ្គលពីរពួកបានទេ។ បុគ្គលពីរពួក តើនរណាខ្លះ។ គឺមាតា ១ បិតា ១។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តមានអាយុ ១០០ ឆ្នាំ រស់នៅអស់រវាង ១០០ ឆ្នាំ គប្បីបញ្ជិះមាតា ដោយស្មាម្ខាង បញ្ជិះបិតា ដោយស្មាម្ខាង កុលបុត្តនោះ បម្រើមាតាបិតាទាំងពីរនោះ ដោយការដុសជម្រះបំបាត់ក្លិនអាក្រក់ រិតនួតដៃ ផ្ងូតទឹក គក់ច្របាច់ដៃជើង ឯមាតាបិតាទាំងពីរនោះ ក៏បន្ទោបង់មូត្រ ករីស លើស្មាកុលបុត្តនោះឯង ម្នាលភិក្ខុទាំងឡាយ (ហេតុមានប្រមាណប៉ុណ្ណេះ) គង់មិនទាន់ហៅថា ធ្វើ ឬ ថា ធ្វើតបដល់មាតា និងបិតាឡើយ។ ម្នាលភិក្ខុទាំងឡាយ កុលបុត្ត តម្កើងមាតា និងបិតា ឲ្យតាំងនៅក្នុងរាជសម្បត្តិ មានឥស្សរភាពជាអធិបតី លើផែនដីធំ ដែលមានកែវ ទាំង ៧ ប្រការ ច្រើននេះ ម្នាលភិក្ខុទាំងឡាយ (ហេតុមានប្រមាណប៉ុណ្ណេះ) គង់មិនទាន់ហៅថា ធ្វើ ឬថា ធ្វើតបដល់មាតា និងបិតាឡើយ។ ដំណើរនោះ ព្រោះហេតុអី្វ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា មាតា និងបិតា មានឧបការៈច្រើន ដល់បុត្រទាំងឡាយ ព្រោះជាអ្នកថែរក្សា ចិញ្ចឹម បង្ហាញនូវលោកនេះ។ ម្នាលភិក្ខុទាំងឡាយ (បើ) កុលបុត្តណាមួយ ដឹកនាំមាតា និងបិតា ដែលមិនមានសទ្ធា ឲ្យកាន់យក ឲ្យអាស្រ័យនៅ ឲ្យតាំងនៅក្នុងសទ្ធាសម្បទា បើទ្រុស្តសីល ឲ្យកាន់យក ឲ្យអាស្រ័យនៅ ឲ្យតាំងនៅក្នុងសីលសម្បទា បើកំណាញ់ ឲ្យកាន់យក ឲ្យអាស្រ័យនៅ ឲ្យតាំងនៅក្នុងចាគសម្បទា បើឥតបញ្ញា ឲ្យកាន់យក ឲ្យអាស្រ័យនៅ ឲ្យតាំងនៅក្នុងបញ្ញាសម្បទា ម្នាលភិក្ខុទាំងឡាយ ហេតុមានប្រមាណប៉ុណ្ណេះ ទើបហៅថា ធ្វើ ឬថា ធ្វើតបដល់មាតា និងបិតាមែន។
កុលបុត្រមិនងាយនឹងធ្វើការតបគុណ ដល់បុគ្គលពីរពួកបានទេ - បិដកភាគ ៤០ ទំព័រ ១៣៧ ឃ្នាប ២៧៨
ដោយ៥០០០ឆ្នាំ
images/articles/3191/4rtyurtrer333334.jpg
ប្រពន្ធត្រូវគោរពប្រតិបត្តិប្ដី
ផ្សាយ : ១៣ មករា ឆ្នាំ២០២៣
ឧគ្គហសូត្រ ទី៣
[៣៣] សម័យមួយ ព្រះដ៏មានព្រះភាគ គង់នៅក្នុងជាតិយាវន ទៀបក្រុងភទ្ទិយៈ។ គ្រានោះ ឧគ្គហមេណ្ឌកនត្តា (ជាចៅមេណ្ឌកសេដ្ឋី) ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះឧគ្គហមេណ្ឌកនត្តា អង្គុយក្នុងទីសមគួររួចហើយ បានក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ មានភិក្ខុជាគម្រប់ ៤ នឹងព្រះអង្គ ទទួលភត្តខ្ញុំព្រះអង្គ ក្នុងថ្ងៃស្អែក។ ព្រះដ៏មានព្រះភាគ ទទួលដោយតុណ្ហីភាព។ គ្រានោះ ឧគ្គហមេណ្ឌកនត្តាដឹងច្បាស់ថា ព្រះដ៏មានព្រះភាគ ទទួលនិមន្តហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណចេញទៅ។ ដល់វេលារាត្រីកន្លងហើយ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ស្តេចចូលទៅឯលំនៅ របស់ឧគ្គហមេណ្ឌកនត្តា លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ។
លំដាប់នោះ ឧគ្គហមេណ្ឌកនត្តា អង្គាសព្រះដ៏មានព្រះភាគ ឲ្យឆ្អែតស្កប់ស្កល់ ដោយខាទនីយភោជនីយាហារដ៏ថ្លៃថ្លា ដោយដៃខ្លួនឯង ត្រាតែព្រះដ៏មានព្រះភាគ ទ្រង់ឃាត់។ លុះឧគ្គហមេណ្ឌកនត្តា (ឃើញ) ព្រះដ៏មានព្រះភាគឆាន់រួច លែងលូកព្រះហស្តក្នុងបាត្រហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះឧគ្គហមេណ្ឌកនត្តា អង្គុយក្នុងទីសមគួរហើយ ទើបក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ពួកកុមារីរបស់ខ្ញុំព្រះអង្គទាំងអម្បាលនេះ មុខជានឹងទៅកាន់ត្រកូលប្តី បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទូន្មានពួកកុមារីទាំងនោះឲ្យទាន បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ប្រៀនប្រដៅពួកកុមារីទាំងនោះ ដោយឱវាទានុសាសនៈណា ដែលនាំឲ្យបានប្រយោជន៍ និងសេចក្តីសុខ អស់កាលដ៏វែង ដល់កុមារីទាំងនោះ។
លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងពួកកុមារីទាំងនោះ យ៉ាងនេះថា ម្នាលកុមារីទាំងឡាយ ហេតុដូច្នោះ ពួកកុមារីក្នុងលោកនេះ ត្រូវសិក្សាយ៉ាងនេះថា មាតា និងបិតា ជាអ្នកប្រាថ្នាសេចក្តីចំរើន ជាអ្នកស្វែងរកប្រយោជន៍ ជាអ្នកអនុគ្រោះ អាស្រ័យសេចក្តីអនុគ្រោះហើយ ឲ្យដល់បុរសជាស្វាមីណា យើងទាំងឡាយ ជាស្រីភ្ញាក់ឡើងមុនគេ ដេកក្រោយគេ ប្រុងខ្លួននឹងទទួលកិច្ចការអ្វីៗ ប្រព្រឹត្តផ្គាប់ផ្គុន និយាយពាក្យផ្អែមល្ហែម ដល់ស្វាមីនោះ ម្នាលកុមារីទាំងឡាយ ឲ្យនាងត្រូវសិក្សា យ៉ាងនេះចុះ។
ម្នាលកុមារីទាំងឡាយ ហេតុដូច្នោះ ពួកកុមារីក្នុងលោកនេះ ត្រូវសិក្សាយ៉ាងនេះថា បុគ្គលណា ជាទីគោរពនៃស្វាមី ទោះជាមាតាក្តី បិតាក្តី សមណព្រាហ្មណ៍ក្តី យើងទាំងឡាយ នឹងធ្វើសក្ការៈ គោរព រាប់អាន បូជាដល់បុគ្គលទាំងនោះ ទាំងទទួលគួរសម រៀបចំដោយអាសនៈ និងទឹកលាងជើង ចំពោះជនទាំងឡាយ ដែលមកដល់ហើយ ម្នាលកុមារីទាំងឡាយ ពួកនាងត្រូវសិក្សាយ៉ាងនេះ។
ម្នាលកុមារីទាំងឡាយ ហេតុដូច្នោះ ពួកកុមារី ក្នុងលោកនេះ ត្រូវសិក្សាយ៉ាងនេះថា ការងារទាំងឡាយណា ខាងក្នុងផ្ទះរបស់ប្តី ទោះរោមចៀមក្តី កប្បាសក្តី ពួកយើងនឹងជាស្រីឈ្លាសវៃ ក្នុងការងារទាំងនោះ មិនខ្ជិលច្រអូស បរិបូណ៌ដោយឧបាយ និងការត្រិះរិះ ក្នុងកិច្ចការទាំងនោះថា គួរធ្វើ គួរចាត់ចែង ម្នាលកុមារីទាំងឡាយ ពួកនាងត្រូវសិក្សាយ៉ាងនេះ។ ម្នាលកុមារីទាំងឡាយ ហេតុដូច្នោះ ពួកកុមារី ក្នុងលោកនេះ ត្រូវសិក្សាយ៉ាងនេះថា ជនណា ជាជនខាងក្នុងផ្ទះរបស់ស្វាមី ទោះខ្ញុំក្តី អ្នកបម្រើក្តី អ្នកធ្វើការងារក្តី ពួកយើងដឹងការងារ ដែលជនទាំងនោះធ្វើហើយ ព្រោះការងារដែលជនទាំងនោះ ធ្វើហើយផង ដឹងការងារ ដែលជនទាំងនោះមិនបានធ្វើ ព្រោះការងារ ដែលជនទាំងនោះ មិនបានធ្វើផង ដឹងថាឈឺធ្ងន់ ឈឺស្រាលផង ហើយចែករំលែក ខាទនីយភោជនីយាហារ ជាចំណែកៗ ដល់ជនទាំងនោះផង ម្នាលកុមារីទាំងឡាយ ពួកនាងត្រូវសិក្សារយ៉ាងនេះ។
ម្នាលកុមារីទាំងឡាយ ហេតុដូច្នោះ ពួកកុមារីក្នុងលោកនេះ ត្រូវសិក្សារយ៉ាងនេះថា ស្វាមីនាំរបស់ណាមក ទោះទ្រព្យក្តី ស្រូវក្តី ប្រាក់ក្តី មាសក្តី យើងទាំងឡាយ នឹងធ្វើរបស់នោះ ឲ្យសម្រេច ដោយការរក្សា និងការគ្រប់គ្រង មិនជាស្រីអ្នកលេង មិនជាស្រីអ្នកលួច មិនជាស្រីអ្នកផឹកសុរា មិនមែនជាស្រីអ្នកបំផ្លាញរបស់ទ្រព្យ ដែលខ្លួនគ្រប់គ្រងនោះ ម្នាលកុមារីទាំងឡាយ ពួកនាងត្រូវសិក្សារយ៉ាងនេះ។ ម្នាលនាងកុមារីទាំងឡាយ មាតុគ្រាម ប្រកបដោយធម៌ទាំង ៥ យ៉ាងនេះឯង លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើត ក្នុងពួកទេវតា មានកាយជាគាប់ចិត្ត។
ស្វាមីណា ចិញ្ចឹមភរិយានោះសព្វកាល មានព្យាយាម ខ្វល់ខ្វាយជានិច្ច ភរិយាមិន ត្រូវមើលងាយស្វាមីអ្នកចិញ្ចឹម អ្នកបំពេញសេចក្តីប្រាថ្នាទាំងពួង (នោះ) ឡើយ ស្រ្តីល្អមិនត្រូវក្រោធខឹងនឹងស្វាមី ដោយកិរិយាប្រព្រឹត្តឫស្យាផង ស្រ្តីអ្នកចេះដឹង រមែងគួរសមនឹងពួកជនទាំងពួង អ្នកជាទីគោរព របស់ស្វាមីផង ភរិយាជាស្រ្តីមានព្យាយាម មិនខ្ជិលច្រអូស សង្រ្គោះជនជាខាងក្នុងផ្ទះស្វាមី ប្រព្រឹត្តកិច្ចការជាទីគាប់ចិត្តរបស់ស្វាមី រក្សាទុកនូវសម្បត្តិ ដែលស្វាមីបានមកហើយ ដោយប្រពៃ។ នារីណាបានប្រព្រឹត្តិយ៉ាងនេះ លុះតាមអំណាចសេចក្តីប្រាថ្នារបស់ស្វាមី នារីនោះ រមែងទៅកើតក្នុងពួកទេវតាទាំងនោះ ដែលមានកាយជាទីពេញចិត្ត។
ប្រពន្ធត្រូវគោរពប្រតិបត្តិប្ដី - បិដកភាគ ៤៤ ទំព័រ ៧១ ឃ្នាប ៣៣ ( 5000 )
ដោយ៥០០០ឆ្នាំ
images/articles/3222/_________________________________.jpg
បច្ចេកពុទ្ធាបទាន ទី ២
ផ្សាយ : ១៣ មករា ឆ្នាំ២០២៣
អ្នកទាំងឡាយ ចូរស្តាប់បច្ចេកពុទ្ធាបទាន ដូចតទៅនេះ
នតង្គៈ ជាអ្នកប្រាជ្ញ ជាបុត្រនៃនាងទេវីក្នុងដែនវេទហៈ បានសួរព្រះតថាគត កាលគង់នៅក្នុងវត្តជេតពនថា ឮថាព្រះ បច្ចេកពុទ្ធទាំងឡាយរមែងមាន តើព្រះបច្ចេកពុទ្ធជាអ្នកប្រាជ្ញ ទាំងនោះ រមែងកើតឡើង ដោយហេតុដូចម្តេចខ្លះ ។ គ្រានោះ ព្រះសព្វញ្ញុពុទ្ធដ៏ប្រសើរ ព្រះអង្គស្វែងរកនូវគុណដ៏ធំ ទ្រង់បែរ ទៅត្រាស់នឹងព្រះអានន្ទដ៏ចម្រើន ដោយព្រះសូរសៀងដ៏ពីរោះ ថា ពួកជនណា មានការកសាងបានធ្វើទុកហើយ ក្នុងសំណាក់នៃព្រះពុទ្ធទាំងពួង តែមិនទាន់បានមោក្ខធម៌ក្នុងសាសនានៃព្រះជិនស្រីទេ ។
ជនទាំងនោះ ជាអ្នកប្រាជ្ញ ជាអ្នកមាន ប្រាជ្ញាមុតថ្លាវៀរលែងតែព្រះពុទ្ធទាំងឡាយ រមែងបាននូវបច្ចេក ពោធិញ្ញាណ ដោយប្រធាន នៃសង្វេគនោះផង ដោយអារម្មណ៍ ដ៏ស្តើងស្តួចនោះផង ក្នុងលោកទាំងមូល វៀរលែងតែតថាគត ចេញ មិនមានបុគ្គលណាស្មើ នឹងព្រះបច្ចេកពុទ្ធឡើយ តថាគត នឹងសម្តែងនូវគុណ ត្រឹមតែសង្ខេបនេះ របស់ព្រះបច្ចេកពុទ្ធទាំង ឡាយនោះ ( អ្នកទាំងឡាយចូរស្តាប់នូវគុណ ) របស់ពួកព្រះ បច្ចេកពុទ្ធ ជាមហាមុនី ដោយប្រពៃចុះ ។
អ្នកទាំងឡាយ កាល ប្រាថ្នានូវភេសជ្ជៈ ដ៏ប្រសើរផុតគឺព្រះនិញ្វន ចូរមានចិត្តជ្រះថ្លា ទាំងអស់គ្នា ស្តាប់នូវពាក្យដ៏ពីរោះ ដូចជាទឹកឃ្មុំផ្លឹត របស់ព្រះ មហាឥសី ដែលត្រាស់ដឹងឯង ។ ព្រះបច្ចេកពុទ្ធទាំងឡាយ ដែលមកប្រជុំគ្នា មានព្យាករណ៍ មានទោស មានវត្ថុ នៃសេចក្តី រសាយចិត្ត ទាំងមានហេតុដែលបានសម្រេច នូវពោធិញ្ញាណ ផ្សេង ៗ គ្នា ។
( ព្រះបច្ចេកពុទ្ធទាំងនោះ ) មានសេចក្តីសំគាល់ ក្នុងការរសាយចិត្ត ក្នុងវត្ថុដែលប្រកបដោយរាគៈ មានចិត្តរសាយក្នុងលោក ដែលគេត្រេកអាល លះបង់នូវបបញ្ចធម៌ និងកិលេសជាត ដែលញុំាងសត្វឲ្យអន្ទះសារ ហើយបាន សម្រេចនូវពោធិញ្ញាណ ក្នុងទីនោះឯង ។ បុគ្គលទម្លាក់ចោល នូវអាជ្ញា ចំពោះសត្វទាំងពួង មិនបៀតបៀននូវសត្វទាំងនោះ សូម្បីសត្វណាមួយទេ ទាំងជាអ្នកអនុគ្រោះ ចំពោះប្រយោជន៍ ដោយមេត្តាចិត្ត គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។
បុគ្គលទម្លាក់ចោលនូវអាជ្ញា ចំពោះពួកសត្វទាំងពួង មិនបៀត បៀន ចំពោះសត្វទាំងនោះ សូម្បីសត្វណាមួយទេ មិនបាន ប្រាថ្នានូវបុត្រ ( ទៅហើយ ) តើនឹងប្រាថ្នានូវសម្លាញ់អំពីណា គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ សេចក្តីស្រលាញ់ របស់សត្វដែលនៅច្រឡូកច្រឡំគ្នា រមែងមាន ឯសេចក្តីទុក្ខនេះមានឡើង ព្រោះអាស្រ័យសេចក្តីស្រឡាញ់ បុគ្គលកាលឃើញទោស ដែលកើតអំពីសេចក្តីស្រលាញ់ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។
បុគ្គលមានចិត្តជាប់ជំពាក់ កាលអនុគ្រោះចំពោះពួកមិត្តនិងសំឡាញ់ រមែងញុំាងប្រយោជន៍ឲ្យវិនាស បុគ្គលកាលឃើញនូវភ័យ ក្នុងសេចក្តីសិ្នទ្ធស្នាលនុ៎ះ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ សេចក្តីស្រឡាញ់ ក្នុងបុត្រនិងភរិយា ដូចជាឫស្សីមានមែកចាក់កណ្តាញ់ បុគ្គល កាលមិនជាប់ជំពាក់ ដូចជាទំពាំងឫស្សី គប្បីប្រព្រឹត្តតែម្នាក់ ឯង ដូចកុយរមាស ។ ម្រឹគក្នុងព្រៃ មិនជាប់ចំណង ដើរទៅ រកចំណីតាមចំណង់បាន យ៉ាងណា វិញ្ញូជនកាលបើប្រាថ្នា សេរីភាព ( យ៉ាងនោះ ) គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ ការហៅរក រមែងមានក្នុងកណ្តាលនៃសម្លាញ់ គឺ ក្នុងលំនៅ ក្នុងទីបំរើ ក្នុងការដើរ ក្នុងការត្រាច់ចារិក បុគ្គល កាលប្រាថ្នានូវសេរីភាព ដែលពួកជនពាលមិនប្រាថ្នា គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស ។ ល្បែងនិងតម្រេក រមែងមាន ក្នុងកណ្តាលនៃសម្លាញ់ ទាំងសេចក្តីស្រលាញ់ដ៏ធំទូលាយ រមែងមានក្នុងបុត្រទាំងឡាយ បុគ្គលកាលខ្ពើមរអើម ចំពោះ ការញ្រត់ប្រាសចាកសត្វនិងសង្ខារជាទីស្រលាញ់ គប្បីប្រព្រឹត្ត តែម្នាក់ឯង ដូចកុយរមាស ។
បុគ្គលជាអ្នកនៅជាសុខ ក្នុង ទិសទាំង ៤ មិនមានថ្នាំងថ្នាក់ចិត្ត ត្រេកអរក្នុងវត្ថុតាមមាន តាមបាន ជាអ្នកអត់ធន់ ចំពោះអន្តរាយ ជាអ្នកមិនតក់ស្លុត គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ បព្វជិតពួកខ្លះ ឬពួក គ្រហស្ថ ដែលនៅគ្រប់គ្រងផ្ទះខ្លះ គេសង្រ្គោះបានដោយកម្រ បុគ្គលអ្នកមិនមានសេចក្តីខ្វល់ខ្វាយ ចំពោះពួកកូននៃបុគ្គលដទៃ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ វីរបុគ្គលលះបង់ នូវវត្ថុទាំងឡាយ ជាគ្រឿងប្រាកដរបស់គ្រហស្ថ កាត់បង់នូវ ចំណង របស់គ្រហស្ថទាំងឡាយ ដូចដើមរលួសផ្អុងជម្រុះ ស្លឹក គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។
បើបុគ្គលបាន សម្លាញ់ជាអ្នកប្រាជ្ញ មានបញ្ញាខ្ជាប់ខ្ជួន ជាអ្នកប្រព្រឹត្តត្រូវគ្នា មានធម៌ជាគ្រឿងនៅដ៏ល្អ គប្បីជាអ្នកមានស្មារតីគ្របសង្កត់ នូវអន្តរាយទាំងពួង ហើយមានចិត្តរីករាយ ប្រព្រឹត្តជាមួយ សម្លាញ់នោះចុះ ។ បើបុគ្គលមិនបានសម្លាញ់ ជាអ្នកប្រាជ្ញ មាន បញ្ញាខ្ជាប់ខ្ជួន ជាអ្នកប្រព្រឹត្តត្រូវគ្នា មានធម៌ជាគ្រឿងនៅដ៏ ល្អទេ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចព្រះរាជាទ្រង់លះបង់នូវដែន ដែលទ្រង់ឈ្នះហើយ ឬដូចដំរីឈ្មោះមាតង្គៈ ( លះបង់នូវហ្វូង កាលត្រាច់ទៅ ) ក្នុងព្រៃ ។
តាមពិតយើងសរសើរនូវការបរិបូណ៌ ដោយសម្លាញ់ហើយ តែបុគ្គលគួរគប់រកសម្លាញ់ ដែល មានគុណប្រសើរជាងខ្លួន ឬសម្លាញ់មានគុណស្មើនឹងខ្លួន បើ រកមិនបានពួកសម្លាញ់ទាំងនុ៎ះទេ គប្បីជាអ្នកបរិភោគនូវចតុប្បច្ច័យដែលមិនទោស ហើយប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលឃើញនូវកងមាសទាំងពីរ ដែលកូនជាងមាស ធ្វើសម្រេចល្អហើយ រណ្តំគ្នាត្រង់កដៃ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ ឯការឆ្លើយឆ្លងដោយវាចាក្តី ការជាប់ជំពាក់ក្តី ជាមួយនឹងបុគ្គលគម្រប់ពីរ របស់អញ ដូចកងមាស មួយគូមានយ៉ាងនុ៎ះ បុគ្គលកាលរំពឹងឃើញ នូវភ័យនុ៎ះ ក្នុង កាលខាងមុខ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។
ពិតណាស់ កាមទាំងឡាយដ៏វិចិត្រ មានរសផ្អែម ជាទីរីករាយនៃ ចិត្ត រមែងញាំញីនូវចិត្ត ដោយសភាពដ៏ប្លែក ៗ បុគ្គលឃើញ ទោស ក្នុងកាមគុណទាំងឡាយហើយ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលឃើញនូវភ័យនុ៎ះ ក្នុងកាមគុណទាំង ឡាយថា នេះជាចង្រៃ ជាបូស ជាឧបទ្រព ជារោគ ជាសរ ទាំង ជាភ័យ របស់អញហើយ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលគ្របសង្កត់ នូវសត្រូវទាំងអស់នុ៎ះ គឺ ត្រជាក់ ក្តៅ គម្លាន សម្រេក ខ្យល់និងកំដៅថ្ងៃ របោមនិងសត្វលូន ហើយ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ ដំរីមានខ្លួន សមរម្យមាំមួន មានសម្បុរដូចផ្កាឈូក កាលលះបង់ហ្វូង ហើយនៅក្នុងព្រៃ គួរដល់អធ្យាស្រ័យ យ៉ាងណា បុគ្គលគប្បី ប្រព្រឹត្តតែម្នាក់ ឯងដូចកុយរមាសយ៉ាងនោះឯង ។
បុគ្គលបាន នូវសាមយិកវិមុត្តិ ដោយហេតុណា ហេតុនោះ មិនមែនជាទី តាំងនៃបុគ្គលអ្នកត្រេកអរក្នុងពួកទេ បុគ្គលពិចារណានូវពាក្យ នៃព្រះពុទ្ធជាអាទិច្ចពន្ធុហើយ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលកន្លងចម្រូងគឺទិដ្ឋិ ដល់នូវធម៌ទៀង គឺមគ្គទី ១ មានមគ្គ ( ដ៏សេស ) បានហើយ មិនមានអ្នកដទៃដឹកនាំ ព្រោះ ដឹងថា អាត្មាអញមានញាណកើតឡើងហើយ គប្បីប្រព្រឹត្តតែ ម្នាក់ឯង ដូចកុយរមាស ។ បុគ្គលមិនជាប់ចិត្ត ( ក្នុងអាហារ ) មិនកុហក មិនស្រេកឃ្លាន មិនលុបគុណគេ កម្ចាត់បង់មោហៈ ដូចជាទឹកចត់ មិនមានទីអាស្រ័យនៅគឺតណ្ហា ក្នុងលោកទាំងពួងហើយ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។
បុគ្គល គប្បីវៀរស្រឡះ នូវសម្លាញ់អាក្រក់ អ្នកមិនឃើញនូវសេចក្តី វិនាស អ្នកអាស្រ័យនៅ ក្នុងកម្មមិនស្មើ មិនគប្បីគប់រកនូវ សម្លាញ់ ដែលជាប់ជំពាក់ ដែលស្រវឹង ( ក្នុងកាមគុណ ) ដោយខ្លួនឯង គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ បុគ្គល គប្បីគប់រកនូវបុគ្គល ជាពហុសូត្រ អ្នកទ្រទ្រង់ធម៌ អ្នកប្រកប ដោយគុណដ៏ក្រៃលែង មានប្រាជ្ញាវាងវៃ បុគ្គលដឹងច្បាស់នូវ ប្រយោជន៍ទាំងឡាយ គួរបន្ទោបង់សេចក្តីសង្ស័យ គប្បីប្រព្រឹត្ត តែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលមិនអើពើ មិនអាឡោះ អាល័យ នូវល្បែងផង តម្រេកផង កាមសុខក្នុងលោកផង ជា អ្នកវៀរស្រឡះចាកគ្រឿងស្អិតស្អាង អ្នកពោលនូវពាក្យសច្ចៈ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។
បុគ្គលលះបង់ នូវ កាមទាំងឡាយតាមចំណែក គឺបុត្រ ភរិយា បិតាមាតា ទ្រព្យ សម្បត្តិ ស្រូវ អង្ករ និងផៅពង្សហើយ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ កាមគុណនេះ ជាគ្រឿងជាប់ជំពាក់ ឯសេចក្តីសុខ ក្នុងកាមនុ៎ះ មានប្រមាណតិច កាមគុណនុ៎ះមាន សេចក្តីត្រេកអរតិច បុគ្គលអ្នកមានគំនិតប្រាជ្ញា លុះដឹងច្បាស់ ថា កាមគុណនុ៎ះ ដូចជាដំបៅពកដូច្នេះហើយ គប្បីប្រព្រឹត្តតែម្នាក់ ឯង ដូចកុយរមាស ។ បុគ្គលទម្លាយនូវសំយោជនៈ ដូចត្រី ក្នុងទឹកទម្លាយនូវសំណាញ់ មិនត្រឡប់មក រកសំយោជនៈ វិញ ដូចភ្លើងឆេះ ( មិនត្រឡប់វិញ ) គប្បីប្រព្រឹត្តតែម្នាក់ឯងដូចកុយ រមាស ។ បុគ្គលមានចក្ខុដាក់ចុះ មានជើងមិនរពឹស ជាអ្នក គ្រប់គ្រងឥន្រ្ទិយ រក្សាចិត្តទុក ( ដោយល្អ ) មិនជោកជាំ មិន រោលរាល ( ដោយកិលេស ) គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយ រមាស ។
បុគ្គលលះបង់នូវភេទគ្រហស្ថ ដូចដើមបារិច្ឆត្តព្រឹក្ស ដែលមានស្លឹកដាច់ហើយ មានសំពត់កាសាយៈ ចេញបួស ហើយ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលមិនធ្វើ នូវសេចក្តីប្រាថ្នា ក្នុងរសទាំងឡាយ ជាអ្នកមិនល្មោភ មិនចិញ្ចឹមនូវបុគ្គលដទៃ ជាអ្នកត្រាច់ទៅសព្វច្រក មិនជាប់ចិត្ត ក្នុង ត្រកូលមួយ ៗ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលលះបង់នូវហេតុ ជាគ្រឿងរារាំង ៥ យ៉ាង របស់ចិត្ត បន្ទោបង់នូវឧបក្កិលេសទាំងពួង ទាំងមិនអាស្រ័យ ( ដោយ តណ្ហានិងទិដ្ឋិ ) កាត់បង់នូវទោស នៃសេចក្តីស្រឡាញ់ហើយ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។
បុគ្គលធ្វើនូវសុខ ទុក្ខ សោមនស្សនិងទោមនស្ស ក្នុងកាលមុន ឲ្យនៅពីក្រោយខ្នង បាននូវឧបេក្ខាជាសមថៈដ៏ស្អាត គប្បីប្រព្រឹត្តតែម្នាក់ឯង ដូច កុយរមាស ។ បុគ្គលប្រារព្ធព្យាយាម ដើម្បីដល់នូវព្រះនិញ្វន មានចិត្តមិនរួញរា មានការប្រព្រឹត្តមិនខ្ជិលច្រអូស មានសេចក្តី ប្រឹងប្រែងដ៏មាំមួន ប្រកបដោយ កម្លាំងកាយនិងកម្លាំងបញ្ញា ហើយ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលកាល មិនលះបង់នូវឈានដ៏ស្ងប់ស្ងាត់ ( ចាកសត្វនិងសង្ខារ ) ជា អ្នកប្រព្រឹត្ត នូវធម៌ដ៏សមគួរក្នុងធម៌ទាំងឡាយ អស់កាលជានិច្ច ពិចារណានូវទោស ក្នុងភពទាំងឡាយហើយ គប្បីប្រព្រឹត្ត តែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលកាលប្រាថ្នា នូវការអស់ តណ្ហា ជាអ្នកមិនប្រហែល មិនល្ងង់ មានការចេះដឹង មានស្មារតី មានធម៌ពិចារណាហើយ ជាបុគ្គលទៀង មានសេចក្តី ខ្មីឃ្មាត គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។
បុគ្គលកាល មិនតក់ស្លុត ក្នុងលក្ខណៈ មានមិនទៀងជាដើម ដូចសីហៈមិន តក់ស្លុត ក្នុងសំឡេងទាំងឡាយ មិនជាប់ជំពាក់ ក្នុងធម៌ទាំង ឡាយ មានខន្ធជាដើម ដូចខ្យល់មិនជាប់នឹងសំណាញ់ មិនប្រឡាក់ដោយលោភៈជាដើម ដូចស្លឹកឈូក មិនប្រឡាក់ដោយ ទឹក គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ សីហៈជាសេ្តច សត្វ មានចង្កូមជាកម្លាំង ប្រព្រឹត្តគ្របសង្កត់ កំហែងនូវពួក ម្រឹគ យ៉ាងណា បុគ្គលគប់រកនូវសេនាសនៈដ៏ស្ងាត់ ( មានព្រៃ ជាគ្រឿងអាង ) ក៏យ៉ាងនោះដែរ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូច កុយរមាស ។
បុគ្គលកាលចម្រើន នូវមេត្តា ឧបេក្ខា ករុណា និងមុទិតា ជាហេតុរួចចាកកិលេស ក្នុងកាលដ៏គួរ មិនខឹង សម្បានឹងលោកទាំងពួង គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលលះបង់នូវ រាគៈផង ទោសៈផង មោហៈផង ហើយទំលាយចេញនូវសំយោជនៈ មិនតក់ស្លុត ក្នុងការអស់ ទៅនៃជីវិតហើយ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ ពួកជនមានប្រយោជន៍ជាហេតុ ទើបគប់រកផង បម្រើផង ឯ ពួកមិត្តដែលឥតហេតុ គេរកបានដោយក្រ ក្នុងថ្ងៃនេះ ឯពួក មនុស្សអ្នកមានបញ្ញា ប្រាថ្នាប្រយោជន៍ផ្ទាល់ខ្លួន ឈ្មោះថាជា មនុស្សមិនស្អាត បុគ្គលគប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។
ពួកព្រះបច្ចេកពុទ្ធ មានសីលបរិសុទ្ធ មានប្រាជ្ញាបរិសុទ្ធល្អ មានចិត្តតម្កល់មាំ ប្រកបរឿយ ៗ នូវព្យាយាមជា គ្រឿងភ្ញាក់រឭក អ្នកពិចារណានូវសង្ខារ ឃើញនូវធម៌ដ៏វិសេស ដឹងច្បាស់នូវធម៌ ដែលជាអង្គនៃមគ្គនិងពោជ្ឈង្គ ។ ពួក ជនជាអ្នកប្រាជ្ញណា ចម្រើននូវសុញ្ញតវិមោក្ខ អប្បណិហិតវិមោក្ខនិងអនិមិត្តវិមោក្ខ ក្នុងសាសនានៃព្រះជិនស្រីហើយ តែ មិនសម្រេច នូវភាពជាសាវ័កទេ ពួកជនជាអ្នកប្រាជ្ញនោះ គង់ បានជាព្រះបច្ចេកពុទ្ធ ត្រាស់ដឹងឯង ។
ពួកជននោះ ជាអ្នកមាន ធម៌ដ៏ច្រើន មានធម្មកាយដ៏សម្បូណ៌ មានចិត្តជាធំ ឆ្លងនូវទុក្ខ និង ឱឃៈទាំងពួង មានចិត្តខ្ពង់ខ្ពស់ផុត ជាអ្នកឃើញនូវប្រយោជន៍ដ៏ក្រៃលែង គឺព្រះនិញ្វន មានឧបមាដូចសីហៈ ( តែង ប្រព្រឹត្តតែម្នាក់ឯង ) ដូចកុយរមាស ។ ព្រះបច្ចេកពុទ្ធទាំង ឡាយ ជាបុគ្គលមានឥន្រ្ទិយស្ងប់ មានចិត្តស្ងប់ស្ងាត់ មានចិត្ត ជាសមាធិ ប្រព្រឹត្តដោយប្រាជ្ញា ចំពោះសត្វ ក្នុងទីបំផុតដែន ដូចប្រទីបឆ្លុះ បំភ្លឺក្នុងលោកខាងមុខ និងលោកនេះ ជាអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ដល់ពួកសត្វ ។ ព្រះបច្ចេកពុទ្ធទាំងឡាយ ជាធំជាងជន លះកិលេសជាគ្រឿងរារាំងទាំងពួងហើយ ជា ប្រទីបនៃលោក មានរស្មីដូចមាសដុំ ជាទក្ខិណេយ្យបុគ្គលដ៏ល្អ របស់សត្វលោក ដោយឥតសង្ស័យ ជាបុគ្គលសម្រេចដោយ និរោធសមាបត្តិ ជារឿយ ៗ ។
សុភាសិតរបស់ព្រះបច្ចេកពុទ្ធ ទាំងឡាយ រមែងប្រព្រឹត្តទៅ ក្នុងមនុស្សលោក ព្រមទាំងទេវ លោក ពួកជនណាស្តាប់ហើយ តែមិនបានធ្វើតាម សុភាសិត មានសភាពដូច្នោះទេ ពួកជនពាលនោះឯង រមែងធ្លាក់ទៅរង ទុក្ខទាំងឡាយ រឿយ ៗ ។ សុភាសិត របស់ព្រះបច្ចេកពុទ្ធទាំង ឡាយ ផ្អែមល្ហែមដូចទឹកឃ្មុំផ្លិតដែលហូរចុះ ពួកជនណាបាន ស្តាប់ហើយ ប្រកបនូវសេចក្តីប្រតិបត្តិតាមយ៉ាងនោះ ពួកជន នោះ ប្រកបដោយប្រាជ្ញា រមែងឃើញនូវសច្ចធម៌ ។
គាថាដ៏ ខ្ពង់ខ្ពស់ណា ដែលព្រះបច្ចេកពុទ្ធទាំងឡាយ ជាអ្នកឈ្នះកិលេស សម្តែងហើយនោះ ព្រះសម្ពុទ្ធជាសីហៈក្នុងសក្យវង្ស ទ្រង់ខ្ពង់ខ្ពស់ជាងជន ទ្រង់ចេញបព្វជ្ជាហើយ បានប្រកាសទុក ដើម្បី ការដឹងច្បាស់នូវធម៌ ។ សុភាសិតទាំងនេះ ដែលព្រះ បច្ចេកពុទ្ធទាំងនោះ សំដែងផ្សេង ៗ គ្នា ដើម្បីអនុគ្រោះដល់សត្វ លោក ព្រះសយម្ភូដូចជាសីហៈ ទ្រង់ប្រកាសទុកហើយ ដើម្បី ញុំាងសំវេគធម៌ សង្គហធម៌ និងឧបាយប្រាជ្ញា ឲ្យចម្រើនឡើង ។
ចប់ បច្ចេកពុទ្ធាបទាន ។
បិដក ភាគ ៧២ - ទំព័រទី ១៦
ដោយ៥០០០ឆ្នាំ
images/articles/3220/______________________________.jpg
បញ្ញាវគ្គ វិវេកកថា
ផ្សាយ : ១៣ មករា ឆ្នាំ២០២៣
សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការងារទាំងឡាយណាមួយដែលត្រូវធ្វើដោយកំឡាំង ការងារទាំងអស់នោះ បុគ្គលលុះតែអាស្រ័យផែនដី ឈរលើផែនដី ទើបធ្វើបាន ការងារទាំងឡាយ ដែលត្រូវធ្វើដោយកំឡាំងទាំងនុ៎ះ បុគ្គលតែងធ្វើយ៉ាងនេះ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូច ភិក្ខុលុះតែអាស្រ័យនូវសីល តាំងនៅក្នុងសីលហើយ ទើបចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន ទើបធ្វើឲ្យច្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន។
[១៧៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុលុះតែអាស្រ័យនូវសីល តាំងនៅក្នុងសីលហើយ ទើបចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន ទើបធ្វើឲ្យច្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនសម្មាទិដ្ឋិ ដែលអាស្រ័យវិវេក អាស្រ័យវិរាគៈ អាស្រ័យនិរោធ បង្អោនទៅដើម្បីលះ ចម្រើនសម្មាសង្កប្បៈ ចម្រើនសម្មាវាចា ចម្រើនសម្មាកម្មន្តៈ ចម្រើនសម្មាអាជីវៈ ចម្រើនសម្មាវាយាមៈ ចម្រើនសម្មាសតិ ចម្រើនសម្មាសមាធិ ដែលអាស្រ័យវិវេក អាស្រ័យវិរាគៈ អាស្រ័យនិរោធ បង្អោនទៅដើម្បីលះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុលុះតែអាស្រ័យសីល តាំងនៅក្នុងសីលហើយ ទើបចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន ទើបធ្វើឲ្យច្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន យ៉ាងនេះឯង។
ម្នាលភិក្ខុទាំងឡាយ ពីជគាម និងភូតគាមទាំងឡាយណាមួយ ពីជគាម និងភូតគាមទាំងអស់នោះ តែងអាស្រ័យផែនដី តាំងស៊ប់លើផែនដីហើយ ទើបដល់នូវការចម្រើន លូតលាស់ ធំទូលាយបាន ពីជគាម និងភូតគាមទាំងនុ៎ះ តែងដល់នូវការចម្រើនលូតលាស់ ធំទូលាយ ដោយហេតុយ៉ាងនេះ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូចភិក្ខុ កាលអាស្រ័យសីល តាំងនៅក្នុងសីលហើយ ចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ហើយធ្វើឲ្យច្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ទើបដល់នូវការចម្រើនលូតលាស់ ធំទូលាយ ក្នុងធម៌ទាំងឡាយបាន។
[១៧៤] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលអាស្រ័យសីល តាំងនៅក្នុងសីល ហើយចម្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ហើយធ្វើឲ្យច្រើននូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ទើបដល់នូវការចម្រើន លូតលាស់ធំទូលាយក្នុងធម៌ទាំងឡាយបាន តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនសម្មាទិដ្ឋិ ដែលអាស្រ័យវិវេក អាស្រ័យវិរាគៈ អាស្រ័យនិរោធ បង្អោនទៅដើម្បីលះ ចម្រើនសម្មាសង្កប្បៈ ចម្រើនសម្មាវាចា ចម្រើនសម្មាកម្មន្តៈ ចម្រើនសម្មាអាជីវៈ ចម្រើនសម្មាវាយាមៈ ចម្រើនសម្មាសតិ ចម្រើនសម្មាសមាធិ ដែលអាស្រ័យវិវេក អាស្រ័យវិរាគៈ អាស្រ័យនិរោធ បង្អោនទៅដើម្បីលះ។ សម្មាទិដ្ឋិ មានវិវេក ៥ មាន វិរាគៈ ៥ មាននិរោធ ៥ មានវោស្សគ្គៈ ៥ មាននិស្ស័យ ១២ សម្មាសង្កប្បៈ។បេ។ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ មានវិវេក ៥ មានវិរាគៈ ៥ មាននិរោធ ៥ មានវោស្សគ្គៈ ៥ មាននិស្ស័យ ១២។
[១៧៥] សម្មាទិដ្ឋិ មានវិវេក ៥ តើដូចម្តេច។ វិក្ខម្ភនវិវេក ១ តទង្គវិវេក ១ សមុច្ឆេទវិវេក ១ បដិប្បស្សទ្ធិវិវេក ១ និស្សរណវិវេក ១។ ឯវិក្ខម្ភនវិវេក សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈទាំងឡាយ ហើយចម្រើនបឋមជ្ឈាន តទង្គវិវេក សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិទាំងឡាយ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទវិវេក សម្រាប់បុគ្គល កាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិវិវេក មានក្នុងខណៈនៃផល និស្សរណវិវេក គឺ ជានិរោធ និញ្វន។ នេះសម្មាទិដ្ឋិ មានវិវេក ៥។ បុគ្គលណា មានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ហើយ ក្នុងវិវេកទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថា អធិដ្ឋានល្អហើយ។
[១៧៦] សម្មាទិដ្ឋិ មានវិរាគៈ ៥ តើដូចម្តេច។ វិក្ខម្ភនវិរាគៈ ១ តទង្គវិរាគៈ ១ សមុច្ឆេទវិរាគៈ ១ បដិប្បស្សទ្ធិវិរាគៈ ១ និស្សរណវិរាគៈ ១។ វិក្ខម្ភនវិរាគៈ សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈ ហើយចម្រើននូវបឋមជ្ឈាន តទង្គវិរាគៈ សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទវិរាគៈ សម្រាប់បុគ្គល កាលចម្រើនមគ្គ ជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិវិរាគៈ មានក្នុងខណៈនៃផល និស្សរណវិរាគៈ គឺជានិរោធ និញ្វន នេះសម្មាទិដ្ឋិ មានវិរាគៈ ៥។ បុគ្គលណា មានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ក្នុងវិរាគៈទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។
[១៧៧] សម្មាទិដ្ឋិ មាននិរោធ ៥ តើដូចម្តេច។ វិក្ខម្ភននិរោធ ១ តទង្គនិរោធ ១ សមុច្ឆេទនិរោធ ១ បដិប្បស្សទ្ធិនិរោធ ១ និស្សរណនិរោធ ១។ ឯវិក្ខម្ភននិរោធ សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈ ហើយចម្រើនបឋមជ្ឈាន តទង្គនិរោធ សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិ ហើយចម្រើននូវសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទនិរោធ សម្រាប់បុគ្គល កាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិនិរោធ មានក្នុងខណៈនៃផល និស្សរណនិរោធ គឺជាអមតធាតុ នេះសម្មាទិដ្ឋិមាននិរោធ ៥។ បុគ្គលណាមានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ក្នុងនិរោធទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។
[១៧៨] សម្មាទិដ្ឋិមានវោស្សគ្គៈ ៥ តើដូចម្តេច។ វិក្ខម្ភនវោសង្សគ្គៈ ១ តទង្គវោស្សគ្គៈ ១ សមុច្ឆេទវោស្សគ្គៈ ១ បដិប្បស្សទ្ធិវោស្សគ្គៈ ១ និស្សរណវោស្សគ្គៈ ១។ ឯវិក្ខម្ភនវោស្សគ្គៈ សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈទាំងឡាយ ហើយចម្រើនបឋមជ្ឈាន តទង្គវោស្សគ្គៈ សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិទាំងឡាយ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទវោស្សគ្គៈ សម្រាប់បុគ្គលកាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិវោស្សគ្គៈ មានក្នុងខណៈនៃផល និរោធវោស្សគ្គៈ គឺជានិរោធ និញ្វន នេះ សម្មាទិដ្ឋិ មានវោស្សគ្គៈ ៥។ បុគ្គលណា មានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ក្នុងវោស្សគ្គៈ ទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។
នេះសម្មាទិដ្ឋិ មានវិវេក ៥ មានវិរាគៈ ៥ មាននិរោធ ៥ មានវោស្សគ្គៈ ៥ មាននិស្ស័យ ១២។
[១៧៩] សម្មាសង្កប្បៈ។បេ។ សម្មាវាចា។បេ។ សម្មាកម្មន្តៈ។បេ។ សម្មាអាជីវៈ។បេ។ សម្មាវាយាមៈ។បេ។ សម្មាសតិ។បេ។
សម្មាសមាធិ មានវិវេក ៥ តើដូចម្តេច។ វិក្ខម្ភនវិវេក ១ តទង្គវិវេក ១ សមុច្ឆេទវិវេក ១ បដិប្បស្សទ្ធិវិវេក ១ និស្សរណវិវេក ១។ ឯវិក្ខម្ភនវិវេក សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈទាំងឡាយហើយ ចម្រើននូវបឋមជ្ឈាន តទង្គវិវេក សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិទាំងឡាយ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទវិវេក សម្រាប់បុគ្គល កាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិវិវេក មានក្នុងខណៈនៃផល និរោធវិវេក គឺជានិរោធ និញ្វន នេះសម្មាសមាធិ មានវិវេក ៥។ បុគ្គលណា មានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ក្នុងវិវេកទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។
[១៨០] សម្មាសមាធិ មានវិរាគៈ ៥ តើដូចម្តេច។ វិក្ខម្ភនវិរាគៈ ១ តទង្គវិរាគៈ ១ សមុច្ឆេទវិរាគៈ ១ បដិប្បស្សទ្ធិវិរាគៈ ១ និស្សរណវិរាគៈ ១។ វិក្ខម្ភនវិរាគៈ សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈទាំងឡាយ ហើយចម្រើននូវបឋមជ្ឈាន តទង្គវិរាគៈ សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិទាំងឡាយ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទវិរាគៈ សម្រាប់បុគ្គល កាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិវិរាគៈ មានក្នុងខណៈនៃផល និស្សរណវិរាគៈ គឺជានិរោធ និញ្វន នេះសម្មាសមាធិ មានវិរាគៈ ៥។ បុគ្គលណាមានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ ក្នុងវិរាគៈទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។
[១៨១] សម្មាសមាធិ មាននិរោធ ៥ តើដូចម្តេច។ វិក្ខម្ភននិរោធ ១ តទង្គនិរោធ ១ សមុច្ឆេទនិរោធ ១ បដិប្បស្សទ្ធិនិរោធ ១ និស្សរណនិរោធ ១។ ឯវិក្ខម្ភននិរោធ សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈទាំងឡាយ ហើយចម្រើននូវបឋមជ្ឈាន តទង្គនិរោធ សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិទាំងឡាយ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទនិរោធ សម្រាប់បុគ្គលកាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិនិរោធ មានក្នុងខណៈនៃផល និស្សរណនិរោធ គឺជានិរោធ និញ្វន នេះសម្មាសមាធិ មាននិរោធ ៥។ បុគ្គលណា មានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ ក្នុងនិរោធទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។
[១៨២] សម្មាសមាធិ មានវោស្សគ្គៈ ៥ តើដូចម្តេច។ វិក្ខម្ភនវោស្សគ្គៈ ១ តទង្គវោស្សគ្គៈ ១ សមុច្ឆេទវោស្សគ្គៈ ១ បដិប្បស្សទ្ធិវោស្សគ្គៈ ១ និស្សរណវោស្សគ្គៈ ១។ ឯវិក្ខម្ភនវោស្សគ្គៈ សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈហើយ ចម្រើននូវបឋមជ្ឈាន តទង្គវោស្សគ្គៈ សម្រាប់បុគ្គល (កាលលះបង់) នូវទិដ្ឋិ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទវោស្សគ្គៈ សម្រាប់បុគ្គល កាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិវោស្សគ្គៈ មានក្នុងខណៈនៃផល និរោធវោស្សគ្គៈ គឺជានិរោធ និញ្វន នេះ សម្មាសមាធិ មានវោស្សគ្គៈ ៥។ បុគ្គលណា មានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ ក្នុងវោស្សគ្គៈទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។
នេះ សម្មាសមាធិ មានវិវេក ៥ មានវិរាគៈ ៥ មាននិរោធ ៥ មានវោស្សគ្គៈ ៥ មាននិស្ស័យ ១២។
[១៨៣] ម្នាលភិក្ខុទាំងឡាយ ការងារទាំងឡាយណាមួយ ដែលត្រូវធ្វើដោយកម្លាំង ការងារទាំងអស់នោះ បុគ្គលលុះតែអាស្រ័យផែនដី ឈរលើផែនដី ទើបធ្វើបាន ការងារទាំងឡាយ ដែលត្រូវធ្វើដោយកំឡាំងនុ៎ះ បុគ្គលតែងធ្វើយ៉ាងនេះ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូច ភិក្ខុលុះតែអាស្រ័យសីល តាំងនៅក្នុងសីលហើយ ទើបចម្រើននូវពោជ្ឈង្គទាំង ៧ ធ្វើឲ្យច្រើននូវពោជ្ឈង្គទាំង ៧ បាន។បេ។ ភិក្ខុកាលចម្រើននូវពោជ្ឈង្គទាំង ៧ កាលធ្វើឲ្យច្រើននូវពោជ្ឈង្គទាំង ៧ រមែងដល់នូវការចម្រើន លូតលាស់ ធំទូលាយ ក្នុងធម៌ទាំងឡាយ។បេ។ ភិក្ខុចម្រើននូវពលៈ ៥ ធ្វើឲ្យច្រើននូវពលៈ ៥។បេ។ ភិក្ខុកាលចម្រើននូវពលៈ ៥ កាលធ្វើឲ្យច្រើននូវពលៈ ៥ រមែងដល់នូវការចម្រើន លូតលាស់ ធំទូលាយ ក្នុងធម៌ទាំងឡាយ។បេ។ ភិក្ខុចម្រើននូវឥន្ទ្រិយ ៥ ធ្វើឲ្យច្រើននូវឥន្ទ្រិយ ៥។បេ។ ម្នាលភិក្ខុទាំងឡាយ ពីជគាម និងភូតគាមឯណាមួយ ពីជគាម និងភូតគាមទាំងអស់នោះ តែងអាស្រ័យនូវផែនដី តាំងនៅលើផែនដី ទើបដល់នូវការចម្រើន លូតលាស់ ធំទូលាយបាន ពីជគាម និងភូតគាមនុ៎ះ តែងដល់នូវការចម្រើន លូតលាស់ ធំទូលាយ ដោយហេតុយ៉ាងនេះ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូច ភិក្ខុកាលអាស្រ័យសីល តាំងនៅក្នុងសីល ហើយចម្រើននូវឥន្ទ្រិយ ៥ ហើយធ្វើឲ្យច្រើននូវឥន្ទ្រិយ ៥ ទើបដល់នូវការចម្រើន លូតលាស់ធំទូលាយ ក្នុងធម៌ទាំងឡាយបាន។
[១៨៤] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលអាស្រ័យសីល តាំងនៅក្នុងសីល ហើយចម្រើននូវឥន្ទ្រិយ ៥ ហើយធ្វើឲ្យច្រើននូវឥន្ទ្រិយ ៥ ទើបដល់នូវការចម្រើនលូតលាស់ ធំទូលាយ ក្នុងធម៌ទាំងឡាយបាន តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនសទ្ធិន្ទ្រិយ ដែលអាស្រ័យវិវេក អាស្រ័យនិរោធ បង្អោនទៅដើម្បីលះ ចម្រើនវីរិយន្ទ្រិយ។បេ។ ចម្រើនសតិន្ទ្រិយ ចម្រើនសមាធិន្ទ្រិយ ចម្រើនបញ្ញិន្ទ្រិយ ដែលអាស្រ័យវិវេក អាស្រ័យវិរាគៈ អាស្រ័យនិរោធ បង្អោនទៅដើម្បីលះ។ សទ្ធិន្ទ្រិយ មានវិវេក ៥ មានវិរាគៈ ៥ មាននិរោធ ៥ មានវោស្សគ្គៈ ៥ មាននិស្ស័យ ១២។បេ។ វីរិយន្ទ្រិយ។បេ។ សតិន្ទ្រិយ។បេ។ សមាធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មានវិវេក ៥ មានវិរាគៈ ៥ មាននិរោធ ៥ មានវោស្សគ្គៈ ៥ មាននិស្ស័យ ១២។
[១៨៥] សទ្ធិន្ទ្រិយ មានវិវេក ៥ តើដូចម្តេច។ វិក្ខម្ភនវិវេក ១ តទង្គវិវេក ១ សមុច្ឆេទវិវេក ១ បដិប្បស្សទ្ធិវិវេក ១ និស្សរណវិវេក ១។ ឯវិក្ខម្ភនវិវេក សម្រាប់បុគ្គល (កាលលះបង់) នូវនីវរណៈទាំងឡាយ ហើយចម្រើននូវបឋមជ្ឈាន តទង្គវិវេក សម្រាប់បុគ្គល (កាលលះបង់)នូវទិដ្ឋិទាំងឡាយ ហើយចម្រើនសមាធិ ដែលជាចំណែកនៃសេចក្តីទំលុះទំលាយ សមុច្ឆេទវិវេក សម្រាប់បុគ្គល កាលចម្រើនមគ្គជាលោកុត្តរៈ ដែលដល់នូវការអស់ទៅ បដិប្បស្សទ្ធិវិវេក មានក្នុងខណៈនៃផល និស្សរណវិវេក គឺជានិរោធ និញ្វន នេះ សទ្ធិន្ទ្រិយ មានវិវេក ៥។ បុគ្គលណា មានឆន្ទៈកើតហើយ ជាអ្នកមានសទ្ធាចុះស៊ប់ក្នុងវិវេកទាំង ៥ នេះ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាអធិដ្ឋានល្អហើយ។ នេះសទ្ធិន្ទ្រិយ មានវិវេក ៥ មានវិរាគៈ ៥ មាននិរោធ ៥ មានវោស្សគ្គៈ ៥ មាននិស្ស័យ ១២។ វីរិយន្ទ្រិយ។បេ។ សតិន្ទ្រិយ។បេ។ សមាធិន្ទ្រិយ។បេ។
បញ្ញិន្ទ្រិយ មានវិវេក ៥ តើដូចម្តេច។ វិក្ខម្ភនវិវេក ១ តទង្គវិវេក ១ សមុច្ឆេទវិវេក ១ បដិប្បស្សទ្ធិវិវេក ១ និស្សរណវិវេក ១។បេ។ នេះ បញ្ញិន្ទ្រិយ មានវិវេក ៥ មានវិរាគៈ ៥ មាននិរោធ ៥ មាននិស្ស័យ ១២។
ចប់ វិវេកថា។
ខុទ្ទកនិកាយ បដិសម្ភិទាមគ្គ តតិយភាគ
(ព្រះត្រៃបិដក ភាគទី៧១)
ដោយ៥០០០ឆ្នាំ
images/articles/3266/675u6y5terfrt4t44.jpg
សោណទិន្នាវិមាន ទី៦
ផ្សាយ : ១២ មករា ឆ្នាំ២០២៣
(ព្រះមោគ្គល្លានសួរថា) ម្នាលទេវតា នាងមានសម្បុរល្អញុំាងទិសទាំងពួងឲ្យភ្លឺច្បាស់ដូចផ្កាយព្រឹក ឋិតនៅ នាងមានសម្បុរបែបនោះ ដោយហេតុអី្វ ផលសម្រេច ដល់នាងក្នុងទីនេះផង ភោគៈទាំងឡាយ ណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈ ទាំងនោះក៏កើតឡើងដល់នាងផង តើដោយហេតុអី្វ?
ម្នាលទេវធីតា មានអានុភាពច្រើន អាត្មាសូមសួរនាង នាងកាល ដែលកើតជាមនុស្សបានធ្វើបុណ្យអី្វ នាង មានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់នាងក៏ភ្លឺច្បាស់ សព្វទិស តើដោយ ហេតុអី្វ?
ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្ត ត្រេកអរ លុះព្រះមោគ្គល្លាន សួរប្រស្នាហើយ ក៏ដោះស្រាយនូវផលនៃកម្មនេះថា៖ ជនទាំងឡាយស្គាល់នូវខ្ញុំថា សោណទិន្នា ខ្ញុំជាឧបាសិកានៅក្នុងស្រុក នាលន្ទា ជាស្ត្រីបរិបូណ៌ដោយសទ្ធា និងសីល ត្រេកអរក្នុងការចែករំលែក នូវទាន សព្វកាល មានចិត្តជ្រះថ្លា ក្នុងពួកបុគ្គល មានចិត្តត្រង់ បានឲ្យគ្រឿងស្លៀកដណ្តប់ ភត្ត សេនាសនៈ និងគ្រឿងប្រទីប ខ្ញុំបានរក្សា ឧបោសថ ប្រកបដោយអង្គ ៨ អស់ថ្ងៃទី ១៤ ទី ១៥ និងទី ៨ នៃបក្ខផងអស់បាដិហារិយបក្ខ ផងបានសង្រួម ក្នុងសីលទាំងឡាយសព្វកាល ជាអ្នកវៀរចាក បាណាតិបាត សង្រួមចាក មុសាវាទ ឆ្ងាយចាក ការលួច ចាកការប្រព្រឹត្តិកន្លង (ចិត្តស្វាមី) និងការផឹកនូវទឹកស្រវឹង ត្រេកអរក្នុងសិក្ខាបទទាំង ៥ ឈ្លាសវៃ ក្នុងអរិយសច្ច ជាឧបាសិកា របស់ព្រះគោតម ព្រះអង្គមានបញ្ញាចក្ខុ មានយស ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរ បែបនោះ។បេ។ បានជាខ្ញុំមានសម្បុរ ភ្លឺច្បាស់ សព្វទិស។
ចប់ សោណទិន្នាវិមាន ទី៦។
ខុទ្ទកនិកាយ វិមានវត្ថុ ចតុត្ថភាគ
(ព្រះត្រៃបិដក ភាគទី៥៥)
ធម្មតាអ្នកបង្ហូរទឹក តែងបង្ហូរទឹកទៅ អ្នកធើ្វព្រួញតែងពត់ព្រួញ (ឱ្យត្រង់) អ្នកចាំងឈើ តែងចាំងឈើ ឯបណ្ឌិតទាំងឡាយ តែងទូន្មានខ្លួន (ដូច្នោះឯង) ។
ដោយ៥០០០ឆ្នាំ
images/articles/3089/TERR43.jpg
ព្រះបាទសង្ខចក្រពត្រាធិរាជ និងព្រះពុទ្ធមេត្តយ្យ (ព្រះសិអាមេត្រី)
ផ្សាយ : ១២ មករា ឆ្នាំ២០២៣
ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្ស មានអាយុ ៨ ម៉ឺនឆ្នាំ ពួកនាងកុមារិកា មានអាយុ ៥០០ ឆ្នាំ ទើបល្មមឲ្យមានប្តី ។
ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្សមានអាយុ ៨ ម៉ឺនឆ្នាំ នឹងមានអាពាធតែ ៣ យ៉ាង គឺចំណង់ក្នុងអាហារ ១ បរិភោគអាហារមិនបាន ១ សេចក្តីគ្រាំគ្រារាងកាយ ១ ។
ម្នាលភិក្ខុទាំងឡាយ កាលដែលពួកមនុស្សមានអាយុ ៨ ម៉ឺនឆ្នាំ ជម្ពូទ្វីបនេះ នឹងជាទ្វីបស្តុកស្តម្ភធំទូលាយ មានស្រុក និគម រាជធានី (តៗគ្នា) មួយរយៈមាន់ហើរធ្លាក់ ។
ម្នាលភិក្ខុទាំងឡាយ កាលបើ ពួកមនុស្សមានអាយុ ៨ ម៉ឺនឆ្នាំ ជម្ពូទ្វីបនេះនឹងពេញដោយមនុស្ស (រកចន្លោះគ្មាន) ដូចអវីចិនរក ពុំនោះសោត ដូចព្រៃបបុរ ឬព្រៃរាំងភ្នំ ។
ម្នាលភិក្ខុទាំងឡាយ កាលបើ ពួកមនុស្សមានអាយុ ៨ ម៉ឺនឆ្នាំ ក្រុងពារាណសីនេះ នឹងប្រែឈ្មោះ ជាកេតុមតីរាជធានីវិញ ជារាជធានីស្តុកស្តម្ភ ធំទូលាយ មានជនក៏ច្រើន មានមនុស្សកុះករ និងមានភិក្ខាហារ ដ៏សម្បូណ៍ ។
ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្ស មានអាយុ ៨ ម៉ឺនឆ្នាំ ក្នុងជម្ពូទ្វីបនេះ នឹងមាននគរ ៨ ម៉ឺន ៤ ពាន់ មានកេតុមតីរាជធានីឯង ជាប្រធាន ។
ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្ស មានអាយុ ៨ ម៉ឺនឆ្នាំ នឹងមានព្រះរាជា (១ព្រះអង្គ) ព្រះនាម សង្ខៈ ទ្រង់កើតឡើង ក្នុងកេតុមតីរាធានី ជាស្តេចចក្រពត្តិ ទ្រង់ជា ធម្មិកធម្មរាជ ជាឥស្សរៈលើផែនដី មានសមុទ្រទាំង ៤ ជាទីបំផុត ជាស្តេចឈ្នះសង្រ្គាម ទ្រង់មានជនបទដល់នូវថិរភាព ទ្រង់បរិបូណ៌ ដោយរ័តន៍ ៧ ប្រការ ។ ឯរ័តន៍ទាំង ៧ ប្រការរបស់ព្រះបាទសង្ខៈនោះ គឺ ចក្ករ័តន៍ ១ ហត្ថិរ័តន៍ ១ អស្សរ័តន៍ ១ មណិរ័តន៍ ១ ឥត្ថីរ័តន៍ ១ គហបតិរ័តន៍ ១ រាប់បរិនាយករ័តន៍ ១ ផង ជាគម្រប់ ៧ ។
ឯព្រះបាទសង្ខៈនោះ នឹងមានព្រះរាជបុត្រ ច្រើនជាងពាន់ សុទ្ធសឹងក្លៀវក្លា អង់អាច សង្កត់សង្កិននូវពួកសេនារបស់ស្តេចដទៃបាន ។ ព្រះបាទសង្ខៈនោះ ទ្រង់ត្រួតត្រា គ្រប់គ្រង នូវផែនដី ដែលមានសាគរជាទីបំផុត ដោយធម៌ មិនបាច់ប្រើអាជ្ញា មិនបាច់ប្រើគ្រឿងសស្រ្តាវុធទេ ។
ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្សមានអាយុ ៨ ម៉ឺនឆ្នាំ ព្រះមានព្រះភាគ ទ្រង់ព្រះនាមមេត្តេយ្យៈ នឹងកើតឡើងក្នុងលោក ទ្រង់ឆ្ងាយចាកកិលេស ទ្រង់ត្រាស់ដឹងញេយ្យធម៌ទាំងពួង ដោយប្រពៃចំពោះព្រះអង្គ ទ្រង់បរិបូណ៌ដោយវិជ្ជានិងចរណៈ ទ្រង់មានព្រះដំណើរល្អ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ ឥតមានបុគ្គលណាសើ្ម ទ្រង់ទូន្មាននូវបុរសដែលគួរទូន្មាន ទ្រង់ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ជ្រាបច្បាស់នូវចតុរារិយសច្ច ទ្រង់មានដំណើរទៅកាន់ត្រៃភពខ្ជាក់ចោលហើយ ដូចជាតថាគត ដែលឆ្ងាយចាកកិសេស ត្រាស់ដឹងញេយ្យធម៌ទាំងពួង ដោយប្រពៃចំពោះខ្លួនឯង
បរិបូណ៌ដោយវិជ្ជា និងចរណៈ មានដំណើរល្អ ជ្រាបច្បាស់នូវត្រៃលោក ប្រសើរដោយ
សីលាទិគុណ ឥតមានបុគ្គលណាស្មើ ទូន្មាននូវបុរសដែលគួរទូន្មាន ជាសាស្តានៃ ទេវតា និងមនុស្សទាំងឡាយ ជ្រាបច្បាស់នូវចតុរារិយសច្ច មានដំណើរទៅ កាន់ត្រៃភព ខ្ជាក់ចោលហើយ ដែលកើតឡើងក្នុងលោក ក្នុងកាលឥឡូវ នេះដែរ ។
ព្រះមេត្តេយ្យៈមានព្រះភាគអង្គនោះ ទ្រង់បានត្រាស់ដឹង បាន ធ្វើឲ្យជាក់ច្បាស់នូវព្រះនិញ្វនចំពោះព្រះអង្គ ហើយញុំាងលោកនេះ ព្រម ទាំងទេវលោក មារលោក ព្រហ្មលោក ញុំាងពពួកសត្វព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេពនិងមនុស្សដ៏សេស ឲ្យត្រាស់ដឹងផង ដូចតថាគត ដែលបានត្រាស់ដឹងហើយ ធ្វើឲ្យជាក់ច្បាស់នូវព្រះនិញ្វន ចំពោះខ្លួនឯង ហើយញុំាងលោកនេះព្រមទាំងទេវលោក មារលោក ព្រហ្មលោក ញុំាងពពួកសត្វព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេសឲ្យត្រាស់ដឹងផង ក្នុងកាលឥឡូវនេះដែរ ។
ព្រះមេត្តេយ្យៈមានព្រះភាគអង្គនោះ នឹងទ្រង់សម្តែងធម៌ ពីរោះបទដើម ពីរោះបទកណ្តាល ពីរោះបទចុង ទាំងទ្រង់ប្រកាសព្រហ្មចរិយធម៌ ព្រមទាំង អត្ថ និងព្យព្ជានៈ ដ៏ពេញបរិបូណ៌ បរិសុទ្ធទាំងអស់ ដូចតថាគតដែលសម្តែងធម៌ ពីរោះបទដើម ពីរោះបទកណ្តាល ពីរោះបទចុង ប្រកាសព្រហ្មចរិយធម៌ ព្រមទាំងអត្ថនិងព្យញ្ជនៈ ដ៏ពេញបរិបូណ៌ បរិសុទ្ធទាំងអស់ ក្នុងកាលឥឡូវ នេះដែរ ។
ព្រះមេត្តេយ្យៈមានព្រះភាគអង្គនោះ នឹងគ្រប់គ្រងនូវភិក្ខុសង្ឃ ច្រើនពាន់ ដូចតថាគតដែលគ្រប់គ្រងនូវភិក្ខុសង្ឃច្រើនរយ ក្នុងកាលឥឡូវ នេះដែរ ។ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ព្រះបាទសង្ខៈ ទ្រង់ត្រាស់ បង្គាប់ឲ្យលើកប្រាសាទ ដែលព្រះបាទមហាបនាទៈឲ្យកសាង ហើយទ្រង់ ប្រថាប់នៅ (ក្នុងប្រាសាទនោះ) ទ្រង់លះបង់ (ប្រាសាទនោះ) ឲ្យជាទាន ដល់ពួកសមណព្រាហ្មណ៍ កបណៈ (មនុស្សកំព្រា) អទ្ធិកៈ (អ្នកដំណើរ) វណិព្វកៈ (អ្នកនិយាយសរសើរហើយសូម) និងពួកយាចក (ស្មូម) រួចទ្រង់ ដាក់ព្រះកេសានិងព្រះមស្សុ ទ្រង់ស្លៀកដណ្តប់កាសាវព័ស្រ្ត ចេញចាក រាជាគារស្ថាន ចូលទៅកាន់ផ្នួស ក្នុងសម្នាក់នៃព្រះមេត្តេយ្យៈមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ។
កាលព្រះបាទសង្ខៈនោះ ទ្រង់ព្រះផ្នួសយ៉ាងនេះ ហើយ ទ្រង់គេចចេញទៅតែមួយព្រះអង្គឯង ឥតមានសេចក្តីប្រមាទឡើយ មានសេចក្តីព្យាយាម ជាគ្រឿងដុតនូវកិលេស មានព្រះហឫទ័យបែរ ឆ្ពោះ ទៅរកព្រះនិញ្វន ពួកកុលបុត្រ ដែលចេញចាកផ្ទះ ទៅបួសក្នុងភាពជា បុគ្គលមិនមានផ្ទះដោយប្រពៃ ដើម្បីប្រយោជន៍ដល់អនុត្តរធម៌ណា ពុំយូរ ប៉ន្មាន ក៏ព្រះសង្ខត្ថេរ បានត្រាស់ដឹង បានធ្វើឲ្យជាក់ច្បាស់នូវអនុត្តរធម៌នោះ ដែលជាទីបំផុតនៃព្រហ្មចារ្យ ដោយខ្លួនឯង ក្នុងបច្ចុប្បន្ននេះ ក៏សម្រាក សម្រាន្តនៅដោយឥរិយាបថទាំង ៤ ។
(សុត្តន្តបិដក ទីឃនិកាយ បាដិកវគ្គ ចក្កវត្តិសូត្រ បិដកលេខ ១៨ ទំព័រ ១៥២-១៥៦)
ដោយ៥០០០ឆ្នាំ
images/articles/3112/_______________.jpg
ចូឡសុញ្ញតសូត្រ
ផ្សាយ : ១២ មករា ឆ្នាំ២០២៣
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងប្រាសាទរបស់មិគារមាតា ក្នុងបុព្វារាម ទៀបក្រុងសាវត្ថី ។ ក្នុងសម័យនោះ ព្រះអានន្ទដ៏មានអាយុ បានធ្វើវត្តចំពោះព្រះដ៏មានព្រះភាគហើយ ចូលទៅកាន់ទីសម្នាក់របស់លោកពេលថ្ងៃ កំណត់ពេលវេលា គង់អង្គុយចម្រើនសុញ្ញតា ចូលកាន់ផលសមាបត្តិ មានព្រះនិព្វានជាអារម្មណ៍ រួចហើយចេញចាកតាមពេលវេលាដែលបានកំណត់ ។
លំដាប់នោះ សង្ខាររបស់លោកប្រាកដដោយភាពជារបស់សូន្យទទេ លោកប្រាថ្នាស្ដាប់សុញ្ញតាកថា បានចូលគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ក្រាបទូលព្រះអង្គដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន សម័យមួយ ព្រះដ៏មាន-ព្រះភាគ គង់ប្រថាប់នៅក្នុងនគរតូចមួយ ជានិគមរបស់ពួកសក្យ ក្នុងសក្កជនបទ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបានស្ដាប់ក្នុងទីចំពោះព្រះភក្ត្រ បានរៀនក្នុងទីចំពោះព្រះភក្ត្រ នៃព្រះដ៏មានព្រះភាគក្នុងទីនោះថា ម្នាលអានន្ទ ឥឡូវនេះ តថាគតនៅច្រើនទៅដោយ សេចក្ដីស្ងប់ស្ងាត់ជាវិហារធម៌ ។ បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនោះ ឈ្មោះថាខ្ញុំព្រះអង្គបានស្ដាប់ដោយប្រពៃ បានរៀនដោយប្រពៃ បានធ្វើទុកក្នុងចិត្តដោយប្រពៃ បានចងចាំដោយប្រពៃហើយឬ ។
ព្រះដ៏មានព្រះភាគទ្រង់ជ្រាបថា ព្រះអានន្ទមានបំណងនឹងស្ដាប់នូវសុញ្ញតាកថា ក្នុងសេចក្ដីនេះ បុគ្គលខ្លះអាចនឹងស្ដាប់ តែមិនអាចនឹងរៀនបាន បុគ្គលខ្លះទៀត អាចនឹងស្ដាប់ទាំងអាចនឹងរៀនបាន តែមិនអាចនឹងសម្ដែងបានឡើយ ទើបព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្ដែងនូវសុញ្ញតាកថានេះ ដល់ព្រះអានន្ទដ៏មានអាយុ ដោយចាប់ផ្ដើមថា អើអានន្ទ ពាក្យនោះ ឈ្មោះថា អ្នកបានស្ដាប់ដោយប្រពៃ រៀនដោយប្រពៃ ធ្វើទុកក្នុងចិត្តដោយប្រពៃ ចងចាំដោយប្រពៃហើយ ។ ម្នាលអានន្ទ កាលពីដើមក្ដី ឥឡូវនេះក្ដី តថាគតធ្លាប់នៅច្រើន ទៅដោយសេចក្ដីស្ងប់ស្ងាត់ជាវិហារធម៌ ។
ជាបន្ត ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្ដែងព្រះសូត្រដែលមានអត្ថជាសុញ្ញតៈនេះ ឱ្យព្រះអានន្ទដ៏មានអាយុមានសេចក្ដីត្រេកអររីករាយ ។
ជំនួយសតិ២៣
ដោយ៥០០០ឆ្នាំ
images/articles/3113/___________________________.jpg
មហាសុញ្ញតសូត្រ
ផ្សាយ : ១២ មករា ឆ្នាំ២០២៣
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅនានិគ្រោធារាម ជិតក្រុងកបិលវត្ថុ ។ ក្នុងសម័យនោះ ភិក្ខុទាំងឡាយ មានព្រះអានន្ទ-ដ៏មានអាយុជាដើម កំពុងតែធ្វើនូវចីវរ ក្នុងវិហាររបស់ឃដាយសក្កៈ ជិតនិគ្រោធារាមនោះឯង ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអានន្ទ ភិក្ខុដែលត្រេកអរនឹងពួក ចូលចិត្តនឹងពួក ប្រកបរឿយៗក្នុងសេចក្ដីត្រេកអរនឹងពួក ត្រេកអរនឹងគ្នីគ្នា ចូលចិត្តនឹងមានគ្នីគ្នា រីករាយនឹងគ្នីគ្នា មិនល្អឡើយ ។
ចំពោះភិក្ខុដែលត្រេកអរនឹងពួក នឹងគ្នីគ្នាយ៉ាងនេះ ព្រះអង្គទ្រង់ត្រាស់ថា បានមិនបាច់ប្រាថ្នា បានមិនលំបាក បានដោយស្រួល នូវនេក្ខម្មសុខ វិវេកសុខ ឧបសមសុខ សម្ពោធិសុខ ពាក្យដូច្នេះនេះ មិនសមហេតុឡើយ ។ ម្យ៉ាងទៀត ការដែលត្រេកអរនឹងពួក ត្រេកអរនឹងគ្នីគ្នាដូច្នេះ ហើយបានដោយមិនបាច់ប្រាថ្នា បានដោយមិនលំបាក បានដោយស្រួលនូវចេតោវិមុត្តិ តាមកាល តាមសម័យ គឺរូបជ្ឈាន៤ អរូបជ្ឈាន៤ ជាទីត្រេកអរក្ដី បានដោយស្រួលនូវ ចេតោវិមុត្តិ មិនតាមកាល មិនតាមសម័យ គឺលោកុត្តរមគ្គផល
ដែលមិនកម្រើកក្ដី ពាក្យនេះក៏មិនសមហេតុដែរ ។
ជាបន្ត ព្រះអង្គទ្រង់ត្រាស់សម្ដែងអំពីរូបដែលបុគ្គលត្រេកអរក្រៃលែងហើយ មិននាំឱ្យកើតទុក្ខសោក នៅពេលរូបនោះប្រែប្រួលទៅជាប្រការដទៃ គឺមិនមានឡើយ សូម្បីតែរូបមួយ ។
ព្រះអង្គត្រាស់សម្ដែង អំពីសុញ្ញតផលសមាបត្តិរបស់ព្រះអង្គ ទាំងដាស់តឿនឱ្យភិក្ខុទាំងឡាយ ធ្វើទុកក្នុងចិត្តនូវសុញ្ញតផល-សមាបត្តិក្នុងខ្លួនផងដែរ ។ ព្រះអង្គសម្ដែងអំពីកាមគុណ៥ សម្ដែងអំពីឧបាទានក្ខន្ធ៥ កថាវត្ថុ១០ ឧបទ្រពអាចារ្យ ឧបទ្រពកូនសិស្ស និងឧបទ្រពព្រហ្មចារ្យ ។
ជាចុងក្រោយនៃព្រះសូត្រ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលអានន្ទ ព្រោះហេតុនោះ អ្នកទាំងឡាយ គួររាប់អានតថាគត ដោយសេចក្ដីប្រតិបត្តិជាមិត្ត កុំរាប់អានតថាគតដោយសេចក្ដីប្រតិបត្តិជាសត្រូវឡើយ ការប្រតិបត្តិជាមិត្តនោះ នឹងប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដើម្បីសេចក្ដីសុខ ដល់អ្នកទាំងឡាយ អស់កាលជាអង្វែង។...ម្នាលអានន្ទ តថាគតបន្សាត់បង់ បំផ្លាញបង់នូវទោសចេញហើយ ប្រៀនប្រដៅថែមទៀត ដោយគិតថា នឹងឱ្យអ្នកទាំងឡាយ មានសារៈគឺមគ្គផលតាំងនៅក្នុងសន្ដាន ។
ជំនួយសតិ២៣
ដោយ៥០០០ឆ្នាំ
images/articles/3115/20______ook.jpg
សេចក្តីពិតរបស់ធម្មជាតិ
ផ្សាយ : ១២ មករា ឆ្នាំ២០២៣
អរិយសច្ចៈគឺៈ
១- សេចក្តីទុក្ខ មានពិត
២- សេចក្តីទុក្ខ កើតមកពីតណ្ហា
៣- សេចក្តីទុក្ខរលត់ កាលណាតណ្ហារលត់
៤- ការរួចអំពីទុក្ខ អាចធ្វើបាន ដោយការប្រតិបត្តិអដ្ឋង្គិកមគ្គ ។
ពាក្យបាលីថាសច្ចៈ និងពាក្យសំស្រ្កឹតថាសត្យ ទាំងពីរនេះមានន័យថា សេចក្តីពិត ឬរបស់ជាក់ស្តែង ។ ដោយទុកពាក្យនេះក្នុងចិត្ត អ្នកចេះដឹងម្នាក់ប្រកែកថា អរិយសច្ច៤ មិនគាំទ្រការអះអាង តាមខាងលើនេះ ថាជាសំណើការពិត ឬលទ្ធិជំនឿទេ ។ ប៉ុន្តែអរិយសច្ច៤នេះ អាចឃើញជារបស់ពិត ឬសេចក្តីពិត ដែលព្រះពុទ្ធពិសោធន៍ឃើញ ។ តាមសំយុក្តអាគមនៃសាលាសវ៌ាស្តិវាទ Saṃyukta Āgama of the Sarvāstivāda គ្រឹះនៃការបង្រៀនអរិយសច្ច៤ មានដូចតទៅៈ
១- អរិយសច្ចៈនៃទុក្ខ គឺដូច្នេះ
២- អរិយសច្ចៈនៃប្រភពនៃទុក្ខ គឺដូច្នេះ
៣- អរិយសច្ចៈនៃការរំលត់ទុក្ខ គឺដូច្នេះ
៤- អរិយសច្ចៈនៃផ្លូវ ដែលនាំឲ្យដល់ការរំលត់ទុក្ខ គឺដូច្នេះ ។
១- ធម្មជាតិនៃសេចក្តីទុក្ខ (ទុក្ខអរិយសច្ចៈ)
“នេះគឺអរិយសច្ចៈ នៃធម្មជាតិរបស់ទុក្ខ ជាតិជាទុក្ខ ជរាជាទុក្ខ ព្យាធិជាទុក្ខ មរណៈជាទុក្ខ សេចក្តី ស្តាយស្រណោះ សេចក្តីយំខ្សឹកខ្សួល សេចក្តីឈឺចាប់ សេចក្តីទោមនស្ស សេចក្តីអស់សង្ឃឹម គឺជាទុក្ខ ការជួបប្រសព្វជាមួយ របស់មិនជាទីពេញចិត្ត គឺជាទុក្ខ ការឃ្លាតចេញអំពីអ្វី ដែលជាទីពេញចិត្ត គឺជាទុក្ខ មិនបានអ្វីដែលចង់បាន គឺជាទុក្ខ ដោយសង្ខេប បញ្ចក្ខន្ធប្រកបដោយឧបាទាន (ការជាប់ជំពាក់ចិត្ត) គឺជាទុក្ខ ។
២- ប្រភពនៃសេចក្តីទុក្ខ (ទុក្ខសមុទយអរិយសច្ចៈ)
“នេះគឺអរិយសច្ចៈ នៃប្រភពនៃសេចក្តីទុក្ខ តណ្ហាដែលនាំឲ្យកើតភពថ្មី ប្រកប ដោយសេចក្តីត្រេកត្រអាល និងរាគៈ ស្វែងរកសេចក្តីត្រេកត្រអាល ជិតនិងឆ្ងាយ គឺកាមតណ្ហា ភវតណ្ហា និងវិភវតណ្ហា ។
៣- ការរលត់ទៅនៃទុក្ខ (ទុក្ខនិរោធអរិយសច្ចៈ)
“នេះគឺអរិយសច្ចៈ នៃការរលត់ទៅនៃទុក្ខ ការរលត់អស់ ឥតមានសេសសល់ និងការឈប់នៃតណ្ហានោះ ការបោះបង់ចោល ការរលាស់ចោលវា ការបាននូវសេរីភាព អំពីវា មិនអាស្រ័យដោយសាវា ។
៤- ផ្លូវទៅកាន់ការរំលត់ទុក្ខ (ទុក្ខនិរោធគាមិនីបដិបទា អរិយសច្ចៈ)
“នេះគឺអរិយសច្ចៈ នៃផ្លូវទៅកាន់ការរំលត់ទុក្ខ គឺអរិយដ្ឋង្គិកមគ្គ (មគ្គដ៏ប្រសើរ ប្រកបដោយអង្គ៨ប្រការ): សម្មាទិដ្ឋិ សម្មាសំកប្បៈ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ ។
វិសុទ្ធិមគ្គ
ដោយ៥០០០ឆ្នាំ
images/articles/3137/202____________ook.jpg
វីរិយាធិដ្ឋាន (ការតាំងចិត្តអធិដ្ឋាននូវសេចក្ដីព្យាយាម)
ផ្សាយ : ១២ មករា ឆ្នាំ២០២៣
ម្នាលភិក្ខុទាំងឡាយ តថាគតផ្គងទុកនូវសេចកី្តព្យាយាម មិនរួញរាថា
១,២,៣-‘កាមំ តចោ ច ន្ហារុ ច អដ្ឋិ ច អវសិស្សតុ, ស្បែក សរសៃ ឆ្អឹង សូមឲ្យសល់នៅចុះ
៤-សរីរេ ឧបសុស្សតុ មំសលោហិតំ, សាច់ និងឈាម ក្នុងសរីរៈ ចូរហួតហែងទៅចុះ
-យំ តំ បុរិសថាមេន បុរិសវីរិយេន បុរិសបរក្កមេន បត្តព្ពំ ន តំ អបាបុណិត្វា វីរិយស្ស សណ្ឋានំ ភវិស្សតី’តិ គុណវិសេសណាដែលបុគ្គលគួរបានដល់ ដោយកម្លាំងរបស់បុរស, ដោយព្យាយាមរបស់បុរស, ដោយសេចកី្តប្រឹងប្រែង របស់បុរស, (បើ) មិនទាន់បានដល់ នូវគុណវិសេសនោះទេ នឹងមិនបញ្ឈប់នូវសេចកី្តព្យាយាមទៅវិញឡើយ។
តស្ស មយ្ហំ, ភិក្ខវេ, អប្បមាទាធិគតា សម្ពោធិ, អប្បមាទាធិគតោ អនុត្តរោ យោគក្ខេមោ ម្នាលភិក្ខុទាំងឡាយ ពោធិញ្ញាណនៃតថាគត បានសម្រេចហើយដោយសេចកី្តមិនប្រមាទ ធម៌ជាគ្រឿងក្សេមចាកយោគៈដ៏ប្រសើរ ក៏តថាគតបានសម្រេច ដោយសេចកី្តមិនប្រមាទដែរ ។
(សុត្តន្តបិដក » អង្គុត្តរនិកាយ » ទុកនិបាតបាឡិ » កម្មករណវគ្គ ឧបញ្ញាតសូត្រ) «ក្នុងពេលនេះ រាងកាយរបស់យើងមានសេចក្ដីឈឺចាប់ ព្រោះមានរបួសស្លាកស្នាម ក៏ពិតមែនហើយ តែយើងមិនបណ្ដែតបណ្ដោយឲ្យចិត្តកម្រើកញាប់ញ័រទេ ព្រោះយើងដឹងថា អ្នកដែលទន់ខ្សោយ គ្មានខន្តី មិនចេះអត់ធន់ មុខជានឹងធ្លាក់ទៅរងទុក្ខក្នុងនរកពុំខាន, តើអ្នកណានឹងចង់ធ្លាក់ចុះទៅរងទុក្ខវេទនាក្នុងនរកដែលឥតមានទីបំផុតនុ៎ះ? មួយវិញទៀត បើយើងបានបំពេញមេត្តាចិត្តចំពោះសត្វលោកបរិបូណ៌ហើយ, យើងត្រូវរួសរាន់ ឲ្យឆាប់បានដល់សម្មាសម្ពោធិញ្ញាណកុំបង្អង់, យើងនឹងបានស្រោចស្រង់ចម្លងសត្វ ដែលប្រកបដោយទុក្ខលំបាកយ៉ាងនេះ យកទៅដាក់ដល់ឋានបរមសុខគឺព្រះនិព្វានដូចបំណង» ។
«នែចិត្ត ! ហេតុអ្វីក៏ឯងញាប់ញ័ររន្ធត់ ? ចូរឯងមានខន្តីប្រឹងអត់សង្កត់ចំពោះការឈឺចាប់យ៉ាងតិចតួចស្ដួចស្ដើងនេះឲ្យបាន ! សត្វលោកទាំងអស់សុទ្ធសឹងតែជាអ្នកព្យាធិទុក្ខ មានចំនួនរាប់រយពាន់និន្ទាយាយីជានិច្ច, ចូរឯងសម្លឹងមើលចុះ ! សត្វទាំងនោះមិនមានទីពឹង ពំនាក់ពាក់អាស្រ័យទេ សុទ្ធសឹងតែរស់នៅក្នុងអំណាចនៃតណ្ហាទាំងអស់ ។ ឱអាត្មាអញអើយ ! មានតែឯងនេះហើយតើ ដែលត្រូវជួយស្រោចស្រង់ចម្លងសត្វទាំងអស់នោះ, បើឯងបណ្ដែតបណ្ដោយខ្លួនឲ្យលុះក្នុងអំណាចនៃការឈឺចាប់បន្តិចបន្តួចយ៉ាងនេះ, តើឯងមិនអៀនខ្មាសទេឬ?»
(សិពិរាជវចន)
« បណ្ដាពពួកត្រីតូច ៗ ច្រើនមីរដេដាស, ត្រីដែលអាចធាត់ធំឡើងបាននោះ, មានតិចពេកណាស់ យ៉ាងណាមិញ, មួយវិញទៀត, បណ្ដាផ្លែស្វាយទាំងឡាយ ផ្លែដែលជាប់នៅមិនជ្រុះ លុះដល់ពេញចំណាស់បាននោះ កម្រមានណាស់ យ៉ាងណាមិញ ចំណែកខាងការបានសម្រេចរបស់ព្រះពោធិសត្វទាំងឡាយក៏យ៉ាងនោះដែរ ។ អ្នកដែលតាំងផ្ដើមសេចក្ដីប្រាថ្នាជាពោធិសត្វនោះ មានចំនួនច្រើនពិតមែនហើយ ប៉ុន្តែកម្រមានអ្នកណាបានដល់ទីបំផុតណាស់, ត្រាតែអ្នកដែលមានព្យាយាមមិនដាក់ធុរៈចុះ ខំប្រឹងប្រព្រឹត្តទុក្ករចរិយាយ៉ាងម៉ឺងម៉ាត់ ឥតរួញរាថយក្រោយវិញនោះ ទើបសន្មតថាជាព្រះពោធិសត្វក្នុងអនាគតកាលបាន ។ ហេតុនោះ អ្នកដែលត្រូវការចង់ឲ្យបានដល់ភាពជាព្រះពោធិសត្វពិត ៗ ត្រូវបញ្ចេញទឹកចិត្តខ្ជាប់ខ្ជួនមាំមួនឥតរួញរារំភើបញាប់ញ័រឃ្លេងឃ្លោង បង្ហាញដល់អ្នកដទៃឲ្យឃើញផង » ។
(ឥន្ទ្រាវចន)
ដោយសន្តិទេវ
ដោយ៥០០០ឆ្នាំ
images/articles/3118/20______ok.jpg
ឆវិសោធនសូត្រ
ផ្សាយ : ១២ មករា ឆ្នាំ២០២៣
សម័យមួយព្រះដ៏មានព្រះភាគ ទ្រង់គង់នៅនាមហាវិហារ-ព្រះជេតពន ព្រះអង្គទ្រង់ត្រាស់ចំពោះភិក្ខុទាំងឡាយ អំពីភិក្ខុក្នុងសាសនានេះព្យាករព្រះអរហត្តផល ដោយពាក្យថា ខីណា ជាតិ ( ខ្ញុំដឹងច្បាស់ថា ) ជាតិអស់ហើយ វុសិតំ ព្រហ្មចរិយំ ព្រហ្មចរិយ ខ្ញុំបានប្រព្រឹត្តហើយ ដូច្នេះជាដើម ។
ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវត្រេកអរ មិនត្រូវហាមឃាត់នូវភាសិតរបស់ភិក្ខុនោះឡើយ ។ នៅក្នុងព្រះសូត្រ ព្រះអង្គទ្រង់លើកយកពួកធម៌ ៦ មកជាបញ្ហាសាកសួរ ដើម្បីរកភាពបរិសុទ្ធហ្មត់ចត់ប្រាកដប្រជា ទើបព្រះសូត្រមានឈ្មោះថា ឆវិសោធនសូត្រ ។
ពួកធម៌ ៦
១-វោហារ ៤ គឺ ទិដ្ឋេ សុតេ មុតេ វិញ្ញាតេ ។
២-ឧបាទានក្ខន្ធ ៥ មានរូបូបាទានក្ខន្ធជាដើម ។
៣-ធាតុ ៦ មានបឋវីធាតុជាដើម ។
៤-អាយតនៈខាងក្នុង និងខាងក្រៅ ៦ ។
ចំពោះពួកធម៌ ៤ ពួកនេះ គប្បីសួរថា ចុះអ្នកដ៏មានអាយុដឹងដូចម្ដេច ឃើញដូចម្ដេច ទើបចិត្តផុតស្រឡះចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំក្នុងពួកធម៌នេះ ។
៥-កាយដែលប្រកបដោយវិញ្ញាណ ។
៦-និមិត្តទាំងអស់ជាខាងក្រៅ ។
ចំពោះពួកធម៌ពីរពួកខាងក្រោយនេះ គប្បីសួរថា ចុះអ្នកដ៏មានអាយុ ដឹងដូចម្ដេច ឃើញដូចម្ដេច បានជាដកនូវអហង្ការមមង្ការមានានុស័យក្នុងកាយដែលប្រកបដោយវិញ្ញាណនេះផង ក្នុងនិមិត្តទាំងអស់ជាខាងក្រៅនេះផង ។
នៅខាងចុងនៃព្រះសូត្រ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវត្រេកអរ អនុមោទនា នឹងភាសិតរបស់ភិក្ខុនោះថា សាធុ ។ លុះភិក្ខុត្រេកអរ អនុមោទនានឹងភាសិតរបស់ភិក្ខុនោះថា សាធុ ហើយ ត្រូវនិយាយថា ម្នាលអាវុសោ យើងពេញជាមានលាភ ម្នាលអាវុសោ អត្តភាពជាមនុស្សយើងបានល្អហើយ ដោយយើងបានឃើញលោកដ៏មានអាយុ ជាអ្នកប្រព្រឹត្តធម៌ល្អប្រាកដដូច្នោះ ។ សូមអនុមោទនា !
សិក្សាព្រះសូត្រភាគ១៥
ដោយ៥០០០ឆ្នាំ
images/articles/3147/m-original-art-for-sale.jpg
គាថានៃព្រះថេរៈ ១២ អង្គ
ផ្សាយ : ១២ មករា ឆ្នាំ២០២៣
ភិក្ខុទៅកាន់ទីស្មសាន បានឃើញសាកសពស្ត្រីដែលគេលះបង់ចោលក្នុងព្រៃស្មសាន ត្រូវពួកដង្កូវរុកជញ្ជែងស៊ីធ្លុះធ្លាយ។ ពួកជនខ្លះដែលឃើញសាកសពស្លាប់ដ៏លាមកក៏ខ្ពើមរអើម តែកាមរាគៈកើតឡើងប្រាកដ (ក្នុងសាកសពនោះ) ដូចជាបុគ្គលខ្វាក់ អសុចិហូរហៀរ (តាមទ្វារទាំង៩)។ តែអាត្មាអញចៀសចេញអំពីទីនោះ ថយជាងមួយចំអិនបាយ ជាអ្នកមានស្មារតីដឹងខ្លួន ចូលទៅកាន់ទីសមគួរ។ លំដាប់នោះ ការធ្វើទុកក្នុងចិត្តដោយឧបាយប្រាជ្ញា ក៏កើតឡើងដល់អាត្មាអញ ទោសក៏កើតប្រាកដ (ដល់អាត្មាអញ) សេចក្ដីនឿយណាយ ក៏តាំងនៅព្រម (ក្នុងហ្ឫទ័យនៃអាត្មាអញ) លំដាប់នោះ ចិត្តរបស់អាត្មាអញក៏រួចស្រឡះ (ចាកកិលេស) អ្នកចូរមើលនូវភាពនៃធម៌ ជាធម៌ល្អ វិជ្ជាទាំង ៣ អាត្មាអញបានដល់ដោយលំដាប់ហើយ សាសនានៃព្រះពុទ្ធ អាត្មាអញ ក៏បានធ្វើហើយ។ — រាជទត្តត្ថេរ។
បុរសអ្នកប្រាថ្នានូវកិច្ច ប្រកបខ្លួនក្នុងអំពើដែលមិនគួរប្រកប ប្រសិនបើត្រាច់ទៅ មិនគប្បីបាន (នូវប្រយោជន៍នោះទេ) នោះឯង ជាលក្ខណៈនៃចំណែកខាងអាក្រក់។ការដែលរស់នៅដោយលំបាក អាត្មាអញបានដកចោលហើយ បើបុគ្គលណា លះបង់ធម៌យ៉ាងឯក គឺអប្បមាទ បុគ្គលនោះ ទុកដូចជាមនុស្សចង្រៃ ម្យ៉ាងទៀត បើបុគ្គលណា លះបង់នូវឥន្ទ្រិយទាំងអស់ (សទ្ធា វីរិយៈ សតិ សមាធិ បញ្ញា) បុគ្គលនោះ ទុកដូចជាមនុស្សខ្វាក់ ព្រោះមិនឃើញនូវរបស់ដែលស្មើគ្នា និងមិនស្មើគ្នា។ពិតណាស់ បុគ្គលធ្វើអំពើណា ត្រូវនិយាយចំពោះតែអំពើនោះ មិនធ្វើនូវអំពើណា មិនត្រូវនិយាយចំពោះអំពើនោះទេ បណ្ឌិតទាំងឡាយ តែងកំណត់ដឹងនូវបុគ្គលអ្នកមិនធ្វើ បានតែនិយាយ។ ផ្កាដ៏រុងរឿង មានពណ៌ល្អ តែមិនមានក្លិនក្រអូបយ៉ាងណាវាចាជាសុភាសិត រមែងឥតផល ដល់បុគ្គលអ្នកមិនធ្វើតាម ក៏យ៉ាងនោះដែរ។ ផ្កាដ៏រុងរឿង មានពណ៌ល្អ ប្រកបដោយក្លិនក្រអូប យ៉ាងណា វាចាជាសុភាសិត រមែងមានផលដល់បុគ្គលអ្នកធ្វើតាម ក៏យ៉ាងនោះដែរ។ — សុភូតត្ថេរ។
ភ្លៀងបង្អុរចុះតាមសមគួរដល់ការគ្រហឹមនៃមេឃដ៏ពីរោះ កុដិអាត្មាប្រក់ស្រួលហើយ ឥតមានខ្យល់ចេញចូលបានទេ អាត្មាមានចិត្តស្ងប់រម្ងាប់ នៅក្នុងកុដិនោះ ម្នាលមេឃ ម្ដេចហ៎ បើអ្នកប្រាថ្នា ចូរបង្អុរភ្លៀងមកចុះ។ភ្លៀងបង្អុរចុះតាមសមគួរដល់ការគ្រហឹមនៃមេឃដ៏ពីរោះ កុដិអាត្មាប្រក់ស្រួលហើយ ឥតមានខ្យល់ចេញចូលបានទេ អាត្មាមានចិត្តស្ងប់រម្ងាប់ នៅក្នុងកុដិនោះ ម្នាលមេឃ ម្ដេចហ៎ បើអ្នកប្រាថ្នា ចូរបង្អុរភ្លៀងមកចុះ។បេ។ អាត្មាជាអ្នកប្រាសចាករាគៈ នៅក្នុងកុដិនោះ។បេ។ អាត្មាជាអ្នកប្រាសចាកទោសៈ នៅក្នុងកុដិនោះ។បេ។ អាត្មាជាអ្នកប្រាសចាកមោហៈ នៅក្នុងកុដិនោះ ម្នាលមេឃ ម្ដេចហ៎ បើអ្នកប្រាថ្នា ចូរបង្អុរភ្លៀងមកចុះ។ — គិរិមានន្ទត្ថេរ។
បណ្ដាធម៌ទាំងឡាយ ព្រះឧបជ្ឈាយ៍ប្រាថ្នាចំពោះធម៌ណា អនុគ្រោះខ្ញុំ អ្នកប្រាថ្នាព្រះនិព្វានឈ្មោះអមតៈ សោឡសកិច្ចដែលគួរធ្វើ ខ្ញុំក៏បានធ្វើហើយ។ មគ្គធម៌ ជាធម៌មិនមានអន្ដរាយ ខ្ញុំបានដល់ដោយលំដាប់ហើយ បានធ្វើឲ្យជាក់ច្បាស់ហើយដោយខ្លួនឯង ខ្ញុំមានញាណដ៏បរិសុទ្ធឥតសង្ស័យ បានធ្វើឲ្យជាក់ច្បាស់ក្នុងសំណាក់នៃលោក។ ខ្ញុំដឹងនូវបុព្វេនិវាស ទិព្វចក្ខុ ខ្ញុំបានជំរះស្អាតហើយ ប្រយោជន៍របស់ខ្លួន គឺព្រះអរហត្ដ ខ្ញុំបានដល់ដោយលំដាប់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ ខ្ញុំជាអ្នកមិនប្រមាទ បានស្ដាប់ បានរៀនល្អនូវសិក្ខាក្នុងពាក្យប្រៀនប្រដៅរបស់លោក អាសវៈទាំងពួងរបស់ខ្ញុំអស់ហើយ ឥឡូវភពថ្មីមិនមានទេ។ លោកប្រៀនប្រដៅខ្ញុំដោយវ័តដ៏ប្រសើរ ជាអ្នកអនុគ្រោះ ទំនុកបម្រុង (នូវខ្ញុំ) ឱវាទរបស់លោកមិនឥតអំពើឡើយ ខ្ញុំជាសិស្សបានរៀនសូត្រហើយ។ — សុមនត្ថេរ។
មានសេចក្ដីដំណាលថា ឱហ្ន៎ មាតាបានបង្ហាញនូវជន្លួន (ឱវាទ) ដល់អាត្មាអញអាត្មាអញដែលមាតាប្រៀនប្រដៅបានស្ដាប់ពាក្យរបស់លោកហើយ ជាអ្នកមានព្យាយាមមុតមាំហើយ មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន បានដល់នូវសម្ពោធិដ៏ឧត្ដម។ អាត្មាអញជាអរហន្ដ ទក្ខិណេយ្យបុគ្គល មានត្រៃវិជ្ជា ឃើញព្រះនិព្វានឈ្មោះអមតៈ អាត្មាអញឈ្នះសេនានៃមារ ជាអ្នកមិនមានអាសវៈ។ អាសវៈទាំងឡាយណារបស់អាត្មាអញ ខាងក្នុងក្ដី ខាងក្រៅក្ដី អាសវៈទាំងអស់នោះ អាត្មាអញកាត់ផ្ដាច់ហើយ ឥតមានសេសសល់ ទាំងមិនកើតទៀតទេ។ បងស្រីមានសេចក្ដីក្លៀវក្លា បានពោលនូវសេចក្ដីនេះ នាងទំនងជាមិនមានសេចក្ដីស្រឡាញ់ចំពោះអាត្មាដោយពិត ព្រៃ (មានអវិជ្ជាជាដើម) មិនមាន (ក្នុងសន្ដានរបស់នាង) ទេ។ សេចក្ដីទុក្ខ មានទីបំផុតជុំវិញ អាត្មាបានធ្វើហើយ រាងកាយនេះ ជាទីបំផុត (របស់អាត្មា) សង្សារ គឺជាតិ និងមរណៈមិនមាន ឥឡូវនេះ ភពថ្មីមិនមានទេ។ — វឌ្ឍត្ថេរ។
អាត្មាអញបានស្ដាប់ធម៌របស់ព្រះពុទ្ធណា ហើយវៀរបង់មិច្ឆាទិដ្ឋិ ព្រះពុទ្ធនោះ យាងមកហើយកាន់ស្ទឹងនេរញ្ជរា ដើម្បីប្រយោជន៍ដល់អញមែនពិត។ អាត្មាអញ បានបូជាយ័ញ្ញទាំងឡាយខ្ពស់ និងទាប បានបូជាភ្លើង កាលនៅជាបុថុជ្ជន ងងឹតងងល់ សំគាល់ថា ការបូជានេះឯងជាសេចក្ដីបរិសុទ្ធិ។ អាត្មាអញ ស្ទុះទៅកាន់ព្រៃស្បាត គឺទិដ្ឋិ ត្រូវសេចក្ដីស្ទាបអង្អែល (ខុស) ឲ្យដល់នូវសេចក្ដីវង្វេង ងងឹតមិនដឹង សំគាល់ផ្លូវមិនបរិសុទ្ធ ថាជាផ្លូវបរិសុទ្ធ។ មិច្ឆាទិដ្ឋិ អាត្មាអញបានលះបង់ហើយ ភពទាំងពួង អាត្មាអញបានទំលុះទំលាយហើយ អាត្មាអញបូជាភ្លើង គឺព្រះសម្មាសម្ពុទ្ធ ជាទក្ខិណេយ្យបុគ្គល ថ្វាយបង្គំនូវព្រះតថាគត។ មោហៈទាំងពួង អាត្មាអញបានលះបង់ហើយ ភវតណ្ហា អាត្មាអញបានទំលុះទំលាយចេញហើយ ជាតិសង្សារអស់រលីងហើយ ឥឡូវនេះ ភពថ្មីទៀតនៃអាត្មាអញមិនមានទេ។ — នទីកស្សបត្ថេរ។
អាត្មាអញចុះទឹកក្នុងកំពង់ឈ្មោះគយា ក្នុងមួយថ្ងៃ ៣ ដង គឺពេលព្រឹក ថ្ងៃត្រង់ ល្ងាច ក្នុងកាលមហោស្រពឈ្មោះគយផគ្គុ បាបណា ដែលអាត្មាអញធ្វើហើយ ក្នុងជាតិទាំងឡាយដទៃ អំពីកាលមុន ឥឡូវនេះ អាត្មាអញបណ្ដែតចោលនូវបាបនោះ ក្នុងកំពង់ឈ្មោះគយានេះ ទិដ្ឋិយ៉ាងនេះ មានហើយក្នុងកាលមុន។ អាត្មាអញ ស្ដាប់វាចាជាសុភាសិត ជាបទប្រកបដោយធម៌ និងអត្ថ ហើយពិចារណានូវសេចក្ដីតាមគួរដល់ការពិត ដោយឧបាយនៃប្រាជ្ញា។ អាត្មាអញ មានបាបទាំងពួងលាងចេញហើយ មិនមានមន្ទិល មានកិលេសលាងចេញហើយ ជាអ្នកស្អាតបរិសុទ្ធ ជាពុទ្ធទាយាទ (អ្នកគួរទទួលនូវមត៌កនៃព្រះពុទ្ធ) ជាកូនកើតអំពីព្រះឧរៈនៃព្រះពុទ្ធ។ អាត្មាអញ ចុះកាន់ខ្សែនៃមគ្គ ប្រកបដោយអង្គ ៨ ហើយ បណ្ដែតចោលនូវបាបទាំងពួង ដល់នូវវិជ្ជា ៣ ហើយ សាសនារបស់ព្រះពុទ្ធ អាត្មាអញ បានធ្វើហើយ។ — គយាកស្សបត្ថេរ។
(ព្រះមានព្រះភាគ ត្រាស់សួរថា) ម្នាលភិក្ខុ អ្នកត្រូវរោគដែលកើតអំពីខ្យល់គ្របសង្កត់ហើយ នៅក្នុងព្រៃធំ មានគោចរលះបង់ហើយ (ក្រចតុប្បច្ច័យ) ជាទីសៅហ្មងតើនឹងធ្វើដូចម្ដេច។(ព្រះវក្កលិត្ថេរ ក្រាបបង្គំទូលថា) ខ្ញុំព្រះអង្គ ផ្សាយចិត្តទៅកាន់កាយទាំងមូល ដោយសុខៈ ដែលកើតអំពីបីតិដ៏លើសលុប អត់ទ្រាំនូវបច្ច័យដ៏សៅហ្មងនៅក្នុងព្រៃធំ។ ខ្ញុំព្រះអង្គចំរើនសតិប្បដ្ឋានទាំងឡាយផង សម្មប្បធានផង ឥទ្ធិបាទផង ឥន្ទ្រិយផង ពលៈផង ចំរើនពោជ្ឈង្គផង អដ្ឋង្គិកមគ្គផង នៅក្នុងព្រៃធំ។ ខ្ញុំព្រះអង្គឃើញ (នូវសព្រហ្មចារីបុគ្គលទាំងឡាយ) អ្នកមានព្យាយាមតឹងតែងហើយ មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន មានព្យាយាមប្រឹងប្រែងដ៏មាំអស់កាលជានិច្ច មានសេចក្ដីព្រមព្រៀងគ្នា ប្រកបដោយភាពជាសមណៈនៅក្នុងព្រៃធំ។ ខ្ញុំព្រះអង្គនឹករឿយ ៗ នូវព្រះសម្ពុទ្ធ ព្រះអង្គមានខ្លួនទូន្មានបានហើយ មានព្រះទ័យតាំងមាំហើយ មិនខ្ជិលច្រអូសអស់យប់ និងថ្ងៃ នៅក្នុងព្រៃធំ។ — វក្កលិត្ថេរ។
ម្នាលចិត្ត អញនឹងហាមឃាត់ឯង ដូចជាគេបង្ខាំងដំរីទុកក្នុងក្រោល មានទ្វារប្រកបដោយរនុក ទាំងមិនបណ្ដោយឯង ដែលជាបណ្ដាញនៃកាមដែលកើតអំពីសរីរៈឲ្យទៅក្នុងបាបធម៌ទេ។ ឯង អញហាមឃាត់ហើយ នឹងទៅណាមិនបានទេ ដូចជាដំរីដែលមិនបាននូវចន្លោះទ្វារ (ដើម្បីចេញ) ម្នាលចិត្តខិលខូច ឯងនឹងប្រព្រឹត្តឈ្លានពាន ត្រេកអរក្នុងបាបធម៌រឿយ ៗ ទៀតមិនបានទេ។ ហ្មដំរី អ្នកមានកំឡាំង ធ្វើដំរីដែលមិនទាន់ពង្រាបទើបចាប់បានថ្មី ជាសត្វមិនប្រាថ្នាឲ្យត្រឡប់វិលបានយ៉ាងណា អញនឹងឲ្យឯងវិលត្រឡប់យ៉ាងនោះដែរ។ នាយសារថីដ៏ប្រសើរ ជាអ្នកឈ្លាសក្នុងការបង្ហាត់សេះដ៏ប្រសើរ បង្ហាត់សេះអាជានេយ្យយ៉ាងណា អញនឹងតាំងនៅក្នុងពលធម៌ ៥ ហើយទូន្មានឯងយ៉ាងនោះដែរ។ អញនឹងចងឯងដោយសតិ អញមានខ្លួនប្រុងប្រយ័ត្នហើយ នឹងទូន្មានឯង ម្នាលចិត្ត ឯង អញសង្កត់សង្កិនក្នុងធុរៈ គឺព្យាយាមកុំទៅឆ្ងាយអំពីទីនេះឡើយ។ — វិជិតសេនត្ថេរ។
បុគ្គលអ័ប្បឥតប្រាជ្ញា មានចិត្តប្រកួតប្រណាំង ទុកជាស្ដាប់ពាក្យប្រៀនប្រដៅរបស់ព្រះជិនស្រី គង់ជាអ្នកឆ្ងាយអំពីព្រះសទ្ធម្ម ដូចផែនដីឆ្ងាយអំពីមេឃ។ បុគ្គលអ័ប្បឥតប្រាជ្ញា មានចិត្តប្រកួតប្រណាំង ទុកជាស្ដាប់ពាក្យប្រៀនប្រដៅរបស់ព្រះជិនស្រី ក៏គង់សាបសូន្យចាកព្រះសទ្ធម្ម ដូចព្រះចន្ទ្រក្នុងកាឡប័ក្ខ (រនោច)។ បុគ្គលអ័ប្បឥតប្រាជ្ញា មានចិត្តប្រកួតប្រណាំង ទុកជាស្ដាប់ពាក្យប្រៀនប្រដៅរបស់ព្រះជិនស្រី ក៏គង់រីងស្ងួតក្នុងព្រះសទ្ធម្ម ដូចជាត្រីរីងស្ងួតក្នុងទីមានទឹកតិច។ បុគ្គលអ័ប្បឥតប្រាជ្ញា មានចិត្តប្រកួតប្រណាំង ទុកជាស្ដាប់ពាក្យប្រៀនប្រដៅរបស់ព្រះជិនស្រី គង់មិនលូតលាស់ក្នុងព្រះសទ្ធម្ម ដូចជាពូជស្អុយមិនដុះក្នុងស្រែ។ លុះតែបុគ្គលណា មានចិត្តគ្រប់គ្រងហើយ ស្ដាប់ពាក្យប្រៀនប្រដៅរបស់ព្រះជិនស្រី បុគ្គលនោះ ទើបញ៉ាំងអាសវៈទាំងពួងឲ្យអស់ទៅ ធ្វើឲ្យជាក់ច្បាស់នូវធម៌ មិនកំរើក (អរហត្តផល) ដល់នូវសេចក្ដីស្ងប់ដ៏ឧត្តម គឺអនុបាទិសេសនិព្វាន ជាអ្នកមិនមានអាសវៈ រមែងបរិនិព្វាន។ — យសទត្តត្ថេរ។
ខ្ញុំបានឧបសម្បទាផង បានផុតស្រឡះ ជាអ្នកមិនមានអាសវៈផង ខ្ញុំបានឃើញព្រះមានព្រះភាគអង្គនោះផង ទាំងបាននៅជាមួយក្នុងកុដិផង។ ព្រះមានព្រះភាគ ទ្រង់ធ្វើរាត្រីជាច្រើន (យប់ជ្រៅ) ឲ្យកន្លងទៅក្នុងទីវាល ព្រះសាស្ដាឈ្លាសក្នុងការនៅ បានស្ដេចចូលទៅកាន់កុដិក្នុងពេលនោះ។ ព្រះគោតមទ្រង់ក្រាលសង្ឃាដិ ហើយសម្រេចសីហសេយ្យា ដូចជាសត្វសីហៈ ដែលលះបង់សេចក្ដីភ័យស្ញប់ស្ញែង ដេកក្នុងគុហាថ្មកែវ។ លំដាប់នោះ ព្រះសោណៈ ជាសាវ័កនៃព្រះសម្មាសម្ពុទ្ធ អ្នកពោលពាក្យពីរោះ បានពោលនូវព្រះសទ្ធម្មចំពោះព្រះភក្ដ្រព្រះពុទ្ធដ៏ប្រសើរ។ បានកំណត់ដឹងនូវបញ្ចក្ខន្ធ បានចំរើននូវមគ្គដ៏ប្រសើរ ហើយដល់នូវទីស្ងប់ដ៏ឧត្តម ជាបុគ្គលមិនមានអាសវៈ នឹងបរិនិព្វាន។ — សោណកុដិកណ្ណត្ថេរ។
បុគ្គលណាជាអ្នកប្រាជ្ញ អ្នកដឹងឱវាទរបស់គ្រូទាំងឡាយ គប្បីនៅក្នុងឱវាទរបស់គ្រូនោះផង គប្បីញ៉ាំងសេចក្ដីស្រឡាញ់ឲ្យកើតផង បុគ្គលនោះ ឈ្មោះថាជាអ្នកមានភក្ដីផង ឈ្មោះថាជាអ្នកប្រាជ្ញផង ទាំងបុគ្គលនោះ មុខជានឹងមានសេចក្ដីវិសេសក្នុងធម៌ទាំងឡាយ ព្រោះដឹង (នូវសច្ចធម៌)។ អន្ដរាយទាំងឡាយដ៏ខ្លាំងក្លា កើតឡើងហើយ តែមិនបានគ្របសង្កត់នូវបុគ្គលណា ជាអ្នកពិចារណា បុគ្គលនោះ ឈ្មោះថាជាអ្នកមានកំឡាំងផង ឈ្មោះថាជាអ្នកមានប្រាជ្ញាផង ទាំងជាអ្នកវិសេសក្នុងធម៌ទាំងឡាយ ព្រោះដឹង (នូវសច្ចធម៌)។ បុគ្គលណា នឹងធឹងមិនញាប់ញ័រ ជាអ្នកមានបញ្ញាជ្រៅដូចសមុទ្រ ឃើញនូវសេចក្ដីដ៏ល្អិត បុគ្គលនោះ ឈ្មោះថាជាអ្នកដែលកិលេសដឹកនាំមិនបានផង ជាអ្នកប្រាជ្ញផង ទាំងជាអ្នកវិសេសក្នុងធម៌ទាំងឡាយ ព្រោះដឹង (នូវសច្ចធម៌)។បុគ្គលណា ជាអ្នកចេះដឹងច្រើន ជាអ្នកចងចាំនូវធម៌ ទាំងជាអ្នកប្រព្រឹត្តនូវធម៌ដ៏សមគួរដល់ធម៌ បុគ្គលនោះ ឈ្មោះថាជាអ្នកប្រាកដស្មើដោយគ្រូនោះផង ជាអ្នកប្រាជ្ញផង ទាំងជាអ្នកវិសេសក្នុងធម៌ទាំងឡាយ ព្រោះដឹង (នូវសច្ចធម៌)។បុគ្គលណា ដឹងនូវសេចក្ដីនៃភាសិតផង លុះដឹងនូវសេចក្តីនៃភាសិតហើយ ធ្វើតាមផង បុគ្គលនោះ ឈ្មោះថាជាអ្នកឆ្លងផុតនូវសេចក្ដីសង្ស័យផង ជាអ្នកប្រាជ្ញផង ទាំងជាអ្នកវិសេសក្នុងធម៌ទាំងឡាយ ព្រោះដឹង (នូវសច្ចធម៌)។ — កោសិយត្ថេរ។
ឧទ្ទាន
គាថា ៦៥ ក្នុងគាថាទាំងនោះ ព្រះថេរៈ ១២ អង្គ សំដែង គឺ រាជទត្តត្ថេរ ១ សុភូតត្ថេរ ១ គិរិមានន្ទត្ថេរ ១ សុមនត្ថេរ ១ វឌ្ឍត្ថេរ ១ នទីកស្សបត្ថេរ ១ គយាកស្សបត្ថេរ ១ វក្កលិត្ថេរ ១ វិជិតសេនត្ថេរ ១ យសទត្តត្ថេរ ១ សោណកុដិកណ្ណត្ថេរ ១ កោសិយត្ថេរ ១។
ចប់ បញ្ចកនិបាត។
ដោយ៥០០០ឆ្នាំ
images/articles/3148/____________________________________.jpg
ព្រះថេរៈ ១៤ អង្គ (បានពោល) គាថា ៨៤
ផ្សាយ : ១២ មករា ឆ្នាំ២០២៣
ខ្ញុំឃើញបាដិហារ្យរបស់ព្រះគោតម ព្រះអង្គមានយសដល់ម្ល៉ោះ ក៏នៅតែមិនក្រាបសំពះ ព្រោះតែសេចក្តីច្រណែន និងសេចក្តីប្រកាន់ឲ្យភាន់ច្រឡំ។ ព្រះសាស្តា ជាសារថីរបស់ជន ទ្រង់ជ្រាបសេចក្តីត្រិះរិះរបស់ខ្ញុំហើយ បានដាស់តឿន លំដាប់នោះ ខ្ញុំមានសេចក្តីសង្វេគ និងសេចក្តីព្រឺរោម ដែលមិនធ្លាប់កើត ៗ ហើយ។ កាលខ្ញុំនៅជាជដិលក្នុងកាលមុន ការសម្រេចលាភសក្ការៈណាតិចតួច គ្រានោះ ខ្ញុំលះបង់នូវការសំរេច គឺលាភសក្ការៈនោះហើយ មកបួសក្នុងសាសនាព្រះជិនស្រី។ កាលពីដើម ខ្ញុំជាអ្នកត្រេកអរដោយការបូជា ធ្វើកាមធាតុជាប្រធាន កាលខាងក្រោយមក ខ្ញុំបានដករាគៈ ទោសៈ និងមោហៈ ចោលហើយ។ ខ្ញុំដឹងខន្ធដែលធ្លាប់អាស្រ័យនៅក្នុងកាលពីដើម បានជម្រះទិព្វចក្ខុឲ្យស្អាត ជាអ្នកមានឫទ្ធិ ដឹងចិត្តអ្នកដទៃ ទំាំងបានសម្រេចទិព្វសោត។ មួយទៀត កុលបុត្រចេញចាកផ្ទះ មកបួសក្នុងធម្មវិន័យ ដើម្បីប្រយោជន៍ណា ប្រយោជន៍នោះ ខ្ញុំបានដល់ហើយតាមលំដាប់ ទំាំងធ្វើឲ្យអស់សំយោជនធម៌ទាំងពួង។ — ឧរុវេលកស្សបត្ថេរ។
(មារនិយាយថា) ស្រូវគេនំាំទៅទុកដាក់ហើយ ស្រូវគេគរទុកក្នុងលានហើយ ខ្ញុំនៅតែមិនបានដុំបាយ តើខ្ញុំនឹងធ្វើដូចម្តេច។
(ព្រះថេរៈនិយាយថា) អ្នកចូរជ្រះថ្លារព្ញកចំពោះព្រះពុទ្ធមានគុណមិនមានប្រមាណ អ្នកនឹងជាបុគ្គលមានសរីរៈដែលបីតិពាល់ត្រូវ មានចិត្តរីករាយរឿយ ៗ មិនខាន។ ចំពោះធម៌មានគុណមិនមានប្រមាណ។បេ។ ចំពោះសង្ឃមានគុណមិនមានប្រមាណ។បេ។
(មារនិយាយថា) លោកនៅក្នុងទីវាលល្ហល្ហេវផង រាត្រីនេះត្រជាក់ មានសន្សើមធ្លាក់ ចុះផង។ លោកកុំបណ្តោយឲ្យត្រជាក់គ្របសង្កត់ឲ្យលំបាកឡើយ ចូរលោកចូលទៅក្នុងកុដិ ដែលមានទ្វារគន្លឹះជាប់មាំ។
(ព្រះថេរៈតបថា) អាត្មាពាល់ត្រូវអប្បមញ្ញាទាំង ៤ ដល់នូវសេចក្តីសុខដោយសារអប្បមញ្ញាទាំងនោះ មិនញាប់ញ័រ មិនលំបាកដោយត្រជាក់ទេ។ — តេកិច្ឆកានិត្ថេរ។
បុគ្គលដែលមិនមានសេចក្តីគោរពក្នុងពួកសព្រហ្មចារី រមែងសាបសូន្យចាកព្រះសទ្ធម្ម ដូចត្រីក្នុងទីមានទឹកតិច។ បុគ្គលដែលមិនមានសេចក្តីគោរពក្នុងពួកសព្រហ្មចារី រមែងមិនលូតលាស់ក្នុងព្រះសទ្ធម្ម ដូចពូជស្អុយ (ដែលមិនលូតលាស់) ក្នុងស្រែ។ បុគ្គលដែលមិនមានសេចក្តីគោរព ក្នុងពួកសព្រហ្មចារី រមែងឆ្ងាយអំពីព្រះនិព្វាន ក្នុងសាសនានៃព្រះពុទ្ធជាស្តេចហេតុធម៌។ បុគ្គលដែលមានសេចក្តីគោរព ក្នុងពួកសព្រហ្មចារី រមែងមិនសាបសូន្យចាកព្រះសទ្ធម្ម ដូចត្រីនៅក្នុងទីមានទឹកច្រើន។ បុគ្គលដែលមានសេចក្តីគោរព ក្នុងពួកសព្រហ្មចារី ទើបដុះដាលក្នុងព្រះសទ្ធម្ម ដូចពូជដ៏ល្អ (លូតលាស់) ក្នុងស្រែ។ បុគ្គលដែលមានសេចក្តីគោរពក្នុងពួកសព្រហ្មចារី រមែងឋិតនៅក្នុងទីជិតព្រះនិព្វាន ក្នុងសាសនានៃព្រះពុទ្ធជាស្តេចហេតុធម៌។ — មហានាគត្ថេរ។
កុល្លភិក្ខុ ទៅកាន់ព្រៃខ្មោច បានឃើញខ្មោចស្រីដែលគេចោលបោះបង់ក្នុងព្រៃស្មសាន មានដង្កូវកំពុងតែប្រជែងគ្នាស៊ីដេរដាស។
(ព្រះសាស្តាត្រាស់ថា) ម្នាលកុល្លៈ អ្នកចូរមើលសរីរៈដែលក្តៅរោលរាលមិនស្អាត មានក្លិនស្អុយ មានវត្ថុមិនស្អាត ដែលហូរឡើង ហូរចុះ ជាសរីរៈដែលពួកមនុស្សពាល តែងត្រេកអរក្រៃពេក។
(ព្រះកុល្លត្ថេរពោលថា) ខ្ញុំកាន់កពា្ចក់ គឺធម៌ ឆ្លុះមើលកាយនេះ ជារបស់អសារឥតការទាំងខាងក្នុងខាងក្រៅ ព្រោះបានសម្រចដោយញាណទស្សនៈ។ សរីរៈនៃខ្ញុំនេះយ៉ាងណា សរីរៈនៃស្រីនុ៎ះយ៉ាងនោះដែរ សរីរៈស្រីនុ៎ះយ៉ាងណា សរីរៈនៃខ្ញុំនេះ ក៏យ៉ាងនោះដែរ សភាវៈខាងក្រោមយ៉ាងណា សភាវៈខាងលើយ៉ាងនោះ សភាវៈខាងលើយ៉ាងណា សភាវៈខាងក្រោមយ៉ាងនោះដែរ។ វេលាថ្ងៃយ៉ាងណា វេលាយប់យ៉ាងនោះដែរ វេលាយប់យ៉ាងណា វេលាថ្ងៃយ៉ាងនោះដែរ ខាងមុខយ៉ាងណា ខាងក្រោយយ៉ាងនោះដែរ ខាងក្រោយយ៉ាងណា ខាងមុខយ៉ាងនោះដែរ។ សេចក្តីត្រេកអរដោយតុរិយតន្រ្តីប្រកបដោយអង្គ ៥ បា្រកដដូច្នោះ ក៏មិនដូចសេចក្តីត្រេកអររបស់អ្នកមានចិត្តមូលតែមួយ ឃើញច្បាស់នូវធម៌ដោយប្រពៃទេ។ — កុល្លត្ថេរ។
តណ្ហាតែងចំរើនដល់មនុស្ស អ្នកប្រព្រឹត្តប្រមាទជាប្រក្រតី ដូចពួជ្រៃ បុគ្គលនោះ តែងស្ទុះទៅកាន់ភពតូចភពធំ ដូចស្វាកាលប្រាថ្នាផ្លែឈើ ស្ទុះទៅក្នុងព្រៃដូច្នោះ។ តណ្ហានុ៎ះ ជាទោសជាតិដ៏លាមក ផ្សាយទៅក្នុងអារម្មណ៍ផ្សេងៗ ក្នុងលោក គ្របសង្កត់បុគ្គលណា សេចក្តីសោក តែងចំរើនដល់បុគ្គលនោះ ដូចស្បូវរណ្តាសដែលត្រូវភ្លៀងធ្លាក់ចុះជញ្ជ្រំហើយ តែងចំរើនឡើងដូច្នោះ។ ចំណែកជនណា គ្របសង្កត់តណ្ហាដ៏លាមកក្នុងលោក ដែលឆ្លងដោយកម្រនុ៎ះបាន សេចក្តីសោក តែងធ្លាក់ចេញចាកជននោះឯង ដូចដំណក់ទឹក ធ្លាក់ចុះចាកស្លឹកឈូក។ ហេតុនោះ បានជាតថាគតប្រាប់ដល់អ្នកទាំងឡាយ អ្នកទំាំងឡាយ មានប៉ុន្មានរូប ដែលមកប្រជុំក្នុងទីនេះ សេចក្តីចំរើន ចូរមានដល់អ្នកទំាំងឡាយទាំងប៉ុណ្ណោះរូបចុះ អ្នកទំាំងឡាយ ចូររំលើងឫសនៃតណ្ហាចោលចេញ ដូចបុគ្គលដែលត្រូវការដោយស្បូវភ្លាំង ជីកស្បូវរណា្តសចោលចេញ មារកុំរុករានអ្នកទំាំងឡាយរឿយ ៗ ដូចខ្សែទឹកកាច់បំបាក់ដើមបបុសដូច្នោះឡើយ។ អ្នកទំាំងឡាយ ចូរធ្វើតាមនូវពុទ្ធវចនៈ កុំឲ្យខណៈកន្លងនូវអ្នកទាំងឡាយបាន ព្រោះថា បុគ្គលទំាំងឡាយ ដែលខណៈកន្លងហើយ តែងសោកសៅពេញបន្ទុកក្នុងនរក។ សេចក្តីប្រមាទទុកជាធូលី ធូលីកើតឡើង ព្រោះសេចក្តីប្រមាទ (ព្រោះហេតុនោះ) បុគ្គលគួរតែដកនូវសរ គឺសេចក្តីប្រមាទរបស់ខ្លួនចេញ ដោយសេចក្តីមិនប្រមាទដោយវិជ្ជា។ — មាលុង្ឃបុត្តត្ថេរ។
ចាប់ដើមតំាងពីខ្ញុំបួសមក ២៥ ឆ្នំា មិនដែលបានសេចក្តីស្ងប់ចិត្តអស់កាលសូម្បីត្រឹមតែ ១ ផ្ទាត់ម្រាមដៃសោះ។ ខ្ញុំត្រូវកាមរាគគ្របសង្កត់ មិនបាននូវឯកគ្គតាចិត្ត ផ្គងដៃកន្ទក់កន្ទេញ ហើយចេញពីលំនៅទៅ។ អាត្មាអញ (នឹងទម្លាក់ខ្លួនអំពីដើមឈើ) ឬនឹងយកកាំបិតមក (ចាក់សម្លាប់) ប្រយោជន៍អ្វី ដោយការរស់នៅរបស់អញ មនុស្សប្រហែលយ៉ាងអញ មិនសមបើធ្វើមរណកាលដោយការលាសិក្ខាទេ។ គ្រានោះ ខ្ញុំយកកំាបិតកោរ ចូលទៅអង្គុយលើគ្រែ ផ្ទាប់កាំបិតកោរ (ត្រង់បំពង់ក) ដើម្បីអារសរសៃបំពង់ក របស់ខ្លួន។ លំដាប់នោះ ខ្ញុំមានការធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ទោសកើតឡើងប្រាកដ សេចក្តីនឿយណាយ ក៏តំាងឡើងព្រម។ តពីនោះមក ចិត្តខ្ញុំក៏ផុតស្រឡះ អ្នកចូរឃើញធម៌ជាធម៌ល្អ វិជ្ជា ៣ អាត្មាអញបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ អាត្មាអញបានធ្វើស្រេចហើយ។ — សប្បទាសត្ថេរ។
(ព្រះសាស្តា ត្រាស់ថា) ម្នាលកាតិយាន ចូរអ្នកក្រោកអង្គុយឡើង កុំដេកច្រើនពេក ចូរភ្ញាក់រលឹកឡើង មច្ចុរាជជាមារ ចូរកុំឈ្នះអ្នកជាបុគ្គលខ្ជិលច្រអូស ដូចជានាយនេសាទ ប្រហារសត្វដោយញញួរ។ ជាតិ និងជរា តែងប្រព្រឹត្តកន្លងអ្នក ដូចជាកំឡាំងមហាសមុទ្រ អ្នកនោះ ចូរធ្វើនូវទីពឹងដ៏ល្អដល់ខ្លួន ព្រោះថា គ្រឿងការពារដទៃរបស់អ្នកក្នុងលោកនេះ មិនមានទេ។ ដ្បិតព្រះសាស្តា ទ្រង់ចង្អុលប្រាប់អរិយមគ្គនុ៎ះ ថាជាផ្លូវកន្លងចាកគ្រឿងជាប់ ចាកភ័យ គឺជាតិ និងជរា ចូរអ្នកកុំប្រមាទអស់រាត្រីខាងដើម និងខាងចុង ចូរប្រឹងធ្វើព្យាយាមឲ្យមាំមួន។ ខ្លួនអ្នកជាអ្នកទ្រទ្រង់សង្ឃាដិ កោរសក់ដោយកំាំបិតកោរ និងបរិភោគភិក្ខាហារ ចូរលះបង់កាមគុណ ដែលជាចំណងក្នុងកាលមុនចេញ ម្នាលកាតិយាន អ្នកកុំប្រកបការត្រេកអរក្នុងល្បែងផង កុំប្រកបការលក់ផង ចូរចំរើនឈាន។ ម្នាលកាតិយាន អ្នកចូរដុត ចូរឈ្នះ (នូវកិលេស) អ្នកជាមនុស្សឈ្លាសវៃ ក្នុងផ្លូវជាទីក្សេមចាកយោគៈ នឹងដល់នូវព្រះនិព្វានដ៏បរិសុទ្ធក្រៃលែង ហើយរលត់ដូចជាគំនរភ្លើងដែលរលត់ដោយទឹក។ ម្នាលឥន្ទសគោត្រ កាលបើអ្នកមិនប្រកាន់យ៉ាងនេះ ចូរកំចាត់បង់មារឲ្យអស់ចេញ ដូចប្រទីបដែលមានពន្លឺតិច ឬដូចវល្លិ៍តូច ដែលខ្យល់កំចាត់បង់បានដូច្នោះ។ អ្នកនោះប្រាសចាកតម្រេកក្នុងវេទនាទាំងឡាយ ដែលខ្លួនទទួលហើយ មានសេចក្ដីត្រជាក់ ចូររង់ចាំនិព្វានកាល ក្នុងទីនេះចុះ។ — កាតិយានត្ថេរ។
មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ដែលព្រះពុទ្ធជាអាទិច្ចពន្ធុ មានចក្ខុ ទ្រង់សំដែងហើយដោយប្រពៃ ជាធម៌កន្លងចាកសំយោជនៈទាំងអស់ ញុំាងវដ្តៈទាំងអស់ឲ្យវិនាសនាំសត្វចេញចាកវដ្តៈ ញុំាងសត្វឲ្យឆ្លងចាកឱឃៈ ញុំាងឫសគល់នៃទុក្ខ គឺតណ្ហាឲ្យរីងស្ងួត ទំលាយនូវតណ្ហា មានឫសជាពិស ជាគ្រឿងបៀតបៀន ញុំាងសត្វអោយដល់នូវទីរំលត់ទុក្ខ ជាគ្រឿងកំចាត់បង់នូវយន្ត គឺអត្តភាពដែលកើតអំពីកម្ម ព្រោះទំលាយនូវឫសគល់នៃអវិជ្ជាបាន ជាទីធ្លាក់ចុះនៃញាណដ៏មុត ដូចកែវវជីរ ក្នុងកិរិយាកំណត់នូវវិញ្ញាណ ញុំាងសត្វឲ្យដឹងនូវវេទនាទំាំងឡាយ ដោះសត្វអោយរួចចេញចាកឧបាទាន ជាគ្រឿងឃើញភពដូចជារណ្តៅរងើកភ្លើង ដោយបញ្ញាញាណ ជាធម៌មានរសដ៏ប្រសើរ ជាធម៌ជ្រៅ ជាធម៌ហាមឃាត់នូវជរា និងមច្ចុ ជាធម៌រម្ងាប់បង់នូវកងទុក្ខ ជាធម៌ដ៏ក្សេម ជាទីឃើញនូវពន្លឺតាមពិត ព្រោះដឹងនូវកម្ម ថាជាកម្ម នូវផលថាជាផលនៃធម៌ទំាងឡាយ អាស្រ័យបច្ច័យកើត ត ៗ គ្នា រមែងជាធម៌ដល់នូវទីដ៏ក្សេមប្រសើរ ជាធម៌ស្ងប់ចាកកិលេស ជាធម៌ចំរើនក្នុងទីបំផុត។ — មិគជាលត្ថេរ។
ខ្ញុំស្រវឹងដោយសេចក្ដីស្រវឹងព្រោះជាតិផង ដោយភោគៈ និងឥស្សរិយយសផង ដោយសណ្ឋានវណ្ណៈ និងរូប (ល្អ) ផង ខ្ញុំជាបុគ្គលប្រព្រឹត្តស្រវឹងជ្រប់ហើយ។ ខ្ញុំត្រូវអតិមានះកំចាត់បង់ហើយ ជាមនុស្សពាល ជាអ្នករឹងរូស មានមានះដូចជាទង់ជ័យ ដែលគេលើកឡើងហើយ មិនបានសំគាល់អ្នកណាមួយ ថាជាបុគ្គលស្មើនឹងខ្លួនផង ថាជាបុគ្គលក្រៃលែងជាងខ្លួនផង។ ខ្ញុំជាអ្នកមានមានះរឹងរូស មិនអើពើ មិនក្រាបសំពះអ្នកណាមួយ ទោះជាមាតាក្ដី បិតាក្ដី ឬអ្នកដទៃដែលសន្មតថាគួរគោរព។ ខ្ញុំបានឃើញព្រះសាស្ដា ជាអ្នកទូន្មានសត្វប្រសើរខ្ពង់ខ្ពស់ជាងនាយសារថីទាំងឡាយ ព្រះអង្គរុងរឿងដូចព្រះអាទិត្យ មានភិក្ខុសង្ឃចោមរោម ក៏មានចិត្តជ្រះថ្លា បានលះមានះ និងសេចក្ដីស្រវឹងចេញអស់ហើយ ទើបថ្វាយបង្គំព្រះសាស្ដា ព្រះអង្គខ្ពង់ខ្ពស់ជាងសព្វសត្វដោយត្បូង។ ខ្ញុំបានលះបង់ គាស់រំលើងនូវសេចក្ដីប្រកាន់ថា វិសេសជាងគេផង នូវសេចក្ដីប្រកាន់ថា ថោកទាបជាងគេផង បានផ្ដាច់ផ្ដិលអស្មិមានះចោលអស់ហើយ ទាំងមានះផ្សេង ៗ ទាំងអស់ ខ្ញុំក៏បានកំចាត់បង់ស្រឡះហើយ។ — ជេន្តបុរោហិតបុត្តត្ថេរ។
ខ្ញុំមានអាយុ ៧ ឆ្នាំ អំពីកំណើត ទើបនឹងបួសថ្មី ៗ បានសង្កត់សង្កិននាគរាជមានឫទ្ធិច្រើន ដោយឫទ្ធិ ហើយដងយកទឹកពីស្រះធំ ឈ្មោះអនោតត្ត មកប្រគេនព្រះឧបជ្ឈាយ៍ក្នុងគ្រាណា គ្រានោះ ព្រះសាស្ដាទ្រង់ទតឃើញខ្ញុំហើយ បានត្រាស់ព្រះពុទ្ធដីកានេះថា ម្នាលសារីបុត្ត អ្នកចូរមើលកុមារតូចនេះ កំពុងនាំយកនូវក្អមទឹកមក មានចិត្តតាំងខ្ជាប់ខ្ជួនខាងក្នុង។ សាមណេររបស់ព្រះអនុរុទ្ធ មានវត្តគួរជ្រះថ្លា មានឥរិយាបថបរិបូណ៌ និងជាអ្នកក្លៀវក្លាដោយឫទ្ធិ ជាបុរសអាជានេយ្យ ដែលព្រះអនុរុទ្ធ ជាបុរសអាជានេយ្យ ជាសប្បុរស ឲ្យធ្វើតែអំពើល្អ ណែនាំតែខាងផ្លូវល្អ មានកិច្ចធ្វើរួចហើយ មានសិក្ខាឲ្យសិក្សាហើយ សុមនសាមណេរនោះ បានដល់នូវព្រះនិព្វាន ជាទីស្ងប់រម្ងាប់ក្រៃលែង បានធ្វើឲ្យជាក់ច្បាស់នូវអរហត្តផល ជាធម៌មិនកម្រើក ប្រាថ្នាថា សូមកុំឲ្យជនណាមួយស្គាល់អញឡើយ។ — សុមនត្ថេរ។
(ព្រះសាស្ដាត្រាស់សួរថា) ម្នាលភិក្ខុ អ្នកត្រូវរោគខ្យល់គ្របសង្កត់ហើយ កាលនៅក្នុងព្រៃធំ មានគោចរលះបង់ហើយ ជាព្រៃសៅហ្មង នឹងធ្វើដូចម្ដេចកើត។
(ព្រះន្ហាតកមុនិត្ថេរទូលថា) ខ្ញុំព្រះអង្គមានបីតិ និងសុខៈបរិបូណ៌ផ្សាយទៅកាន់រាងកាយ ហើយអត់សង្កត់នូវអារម្មណ៍ដ៏សៅហ្មងទាំងនៅក្នុងព្រៃធំ។ ខ្ញុំព្រះអង្គចំរើនពោជ្ឈង្គ ៧ ផង ឥន្ទ្រិយផង ពលៈផង បរិបូណ៌ដោយឈានដ៏សុខុម ជាអ្នកមិនមានអាសវៈ។ ខ្ញុំព្រះអង្គបានពិចារណាឃើញចិត្តដ៏ស្អាត ផុតស្រឡះចាកកិលេស ជាចិត្តមិនល្អក់រឿយៗ ជាអ្នកមិនមានអាសវៈ។ អាសវៈទាំងឡាយណា ខាងក្នុងក្ដី ខាងក្រៅក្ដី ចាក់ដោតហើយដល់ខ្ញុំព្រះអង្គ អាសវៈទាំងអស់នោះ ខ្ញុំព្រះអង្គបានផ្ដាច់ផ្ដិលមិនឲ្យសេសសល់ មិនកើតទៅទៀតបានទេ។ បញ្ចក្ខន្ធ ខ្ញុំព្រះអង្គកំណត់ដឹងហើយ ខ្ញុំព្រះអង្គកាត់ឫសគល់ដាច់ហើយ ខ្ញុំព្រះអង្គបានដល់នូវការអស់ទុក្ខហើយ ឥឡូវនេះ ភពថ្មី មិនមានទៀតទេ។ — ន្ហាតកមុនិត្ថេរ។
បុគ្គលមិនមានសេចក្ដីក្រោធ បានទូន្មានចិត្ត ចិញ្ចឹមជីវិតស្មើ (ត្រូវ) មានចិត្តរួចចាកអាសវៈ ព្រោះដឹងដោយប្រពៃ មានចិត្តស្ងប់ចាកកិលេល មិនញាប់ញ័រ ដោយលោកធម៌ នឹងមានសេចក្ដីក្រោធពីណា។ បុគ្គលណាខឹងតបចំពោះបុគ្គលដែលខឹង បុគ្គលនោះ នឹងមានសេចក្ដីអាក្រក់ ព្រោះតែការខឹងតបនោះ បុគ្គលមិនខឹងតបនឹងបុគ្គលដែលខឹង ឈ្មោះថា ឈ្នះសង្រ្គាមដែលគេឈ្នះបានដោយក្រ។
បុគ្គលណាដឹងថា បុគ្គលដទៃខឹងហើយ មានស្មារតីខំអត់សង្កត់ បុគ្គលនោះ ឈ្មោះថាប្រព្រឹត្តនូវប្រយោជន៍ ដើម្បីជនទាំងពីរ គឺដើម្បីខ្លួន ១ ដើម្បីអ្នកដទៃ ១។ ពួកជនមិនឈ្លាសក្នុងធម៌ រមែងសំគាល់ជនទាំងពីរ គឺខ្លួន ១ អ្នកដទៃ ១ ដែលជាអ្នកព្យាបាលព្យាធិ គឺក្រោធបាន ថាជាមនុស្សពាល។ បើសេចក្ដីក្រោធកើតឡើងដល់អ្នក ចូរអ្នកពិចារណានូវឱវាទ ដែលឧបមាដោយរណារ បើចំណង់ក្នុងរសកើតឡើងដល់អ្នក ចូរអ្នករលឹកនូវឱវាទ ដែលឧបមាដោយការបរិភោគសាច់កូន។ បើចិត្តរបស់អ្នកស្ទុះទៅក្នុងកាមទាំងឡាយក្ដី ក្នុងភពទាំងឡាយក្ដី ចូរអ្នកប្រញាប់សង្កត់សង្កិនចិត្តនោះដោយសតិ ដូចជាបុរសសង្កត់សង្កិនគោកាចដែលស៊ីសំណាប។ — ព្រហ្មទត្តត្ថេរ។
ភ្លៀង គឺអាបត្តិ តែងធ្លាក់ស្រោចនូវបុគ្គលអ្នកបិទបាំងអាបត្តិទុក មិនធ្លាក់ស្រោចនូវបុគ្គលអ្នកបើកអាបត្តិ ព្រោះហេតុនោះ បុគ្គលត្រូវបើកអាបត្តិ ដែលខ្លួនបិទបាំងហើយ កាលបើធ្វើយ៉ាងនេះ ទើបភ្លៀង គឺអាបត្តិ មិនធ្លាក់ស្រោចនូវបុគ្គលនោះ។ សត្វលោកត្រូវមច្ចុកំចាត់បង់ហើយ ត្រូវជរាចោមរោមហើយ ត្រូវសរ គឺតណ្ហាមុតហើយ ត្រូវឥច្ឆា ឲ្យក្ដៅក្រហាយហើយសព្វកាល។ សត្វលោកត្រូវមច្ចុកំចាត់បង់ហើយ ត្រូវជរាបិទបាំងហើយ ជាសត្វឥតមានទីពឹង តែងលំបាកជានិច្ច ដូចជាមនុស្សអ្នកធ្វើកំហុសនោះដែលមានអាជ្ញាសំរេចហើយ។ មច្ចុ ព្យាធិ និងជរា ទាំង ៣ នេះ ដូចជាគំនរភ្លើងកំពុងរាលមក កំឡាំងដើម្បីទប់ទល់មិនមាន សន្ទុះសម្រាប់រត់ចេញ ក៏មិនមាន។ បុគ្គលគប្បីធ្វើថ្ងៃ កុំឲ្យឥតអំពើ ដោយកិច្ចតិចក្ដី ច្រើនក្ដី រាត្រីរមែងអស់ទៅយ៉ាងណា ៗ ជីវិតរបស់បុគ្គលនោះ រមែងថយទៅយ៉ាងនោះ ៗ ដែរ។ រាត្រីខាងក្រោយរបស់បុគ្គលអ្នកដើរក្ដី ឈរក្ដី អង្គុយក្ដី ដេកក្ដី រមែងកង្ខើញចូលមកជិត កាលនេះ មិនមែនជាកាលគួរអ្នកប្រមាទទេ។ — សិរិមណ្ឌត្ថេរ។
កាយមានជើងពីរនេះ មិនស្អាត មានក្លិនស្អុយ ពេញដោយសាកសពផ្សេង ៗ បង្ហូរ (នូវវត្ថុមិនស្អាត) ចេញតាមទ្វារនោះ ៗ ដែលមនុស្សខំរក្សាថែទាំ (ជានិច្ច)។ រូប សំឡេង ក្លិន រស និងផោដ្ឋព្វៈ ជាទីត្រេកអរនៃចិត្ត តែងបៀតបៀនបុថុជ្ជន ដូចអ្នកនេសាទធ្វើវត្ថុឲ្យកំបាំងហើយ (ចាប់) ម្រឹគដោយគ្រឿងចង [មានអន្ទាក់ និងបង្កាត់ជាដើម។] (ចាប់) ត្រីដោយសន្ទូច (ចាប់) ស្វាដោយជ័រ កាមគុណទាំង ៥ នេះឯង តែងប្រាកដក្នុងរូបនៃស្រី។ ពួកបុថុជ្ជនណា មានចិត្តត្រេកអរ ហើយចូលទៅគប់រកស្រីទាំងនុ៎ះ ពួកបុថុជ្ជននោះ ឈ្មោះថា ធ្វើសង្សារវដ្ដ ដែលមានទុក្ខដ៏ពន្លឹក ឲ្យចំរើនឡើង ទាំងឈ្មោះថា សន្សំនូវភពថ្មី។ មួយទៀត បុគ្គលណា វៀរចេញចាកស្រីទាំងនុ៎ះបាន ដូចគេជៀសវាងក្បាលពស់ដោយជើង បុគ្គលនោះ ឈ្មោះថា ជាអ្នកមានស្មារតី ប្រព្រឹត្តកន្លងនូវតណ្ហាជាគ្រឿងផ្សាយទៅក្នុងលោកនេះបាន។ ខ្ញុំឃើញទោសក្នុងកាមទាំងឡាយ ឃើញការចាកចេញកាម ដោយក្សេមក្សាន្ដ រលាស់ចេញចាកកាមទាំងអស់ បានដល់នូវការអស់អាសវៈហើយ។ — សព្វកាមត្ថេរ។
ឧទ្ទាន
និយាយអំពីឧរុវេលកស្សបត្ថេរ ១ តិកិច្ឆកានិត្ថេរ ១ មហានាគត្ថេរ ១ កុល្លត្ថេរ ១ មាលុង្ក្យបុត្តត្ថេរ ១ សប្បទាសត្ថេរ ១ កាតិយានត្ថេរ ១ មិគជាលត្ថេរ ១ ជេន្តបុរោហិតបុត្តត្ថេរ ១ សុមនត្ថេរ ១ ន្ហាតកមុនិត្ថេរ ១ ព្រហ្មទត្តត្ថេរ ១ សិរិមណ្ឌលត្ថេរ ១ សព្វកាមត្ថេរ ១ ក្នុងឆក្កនិបាតនេះ ព្រះថេរៈ ១៤ អង្គ (បានពោល) គាថា ៨៤។
ចប់ ឆក្កនិបាត។
ដោយ៥០០០ឆ្នាំ