30
Thursday, 28 Mar B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read






Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Counter Clicks
Today 85,975
Today
Yesterday 164,507
This Month 6,083,776
Total ៣៨៥,៣៧០,៤៦៩
Articles
images/articles/3186/rteyu7565weewww.jpg
Public date : 14, Mar 2024 (2,951 Read)
ទុតិយវគ្គ [១៨១] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងមើលមិនឃើញធម៌ដទៃ សូម្បីតែធម៌មួយ ដែល ជាហេតុនាំឲ្យពួកអកុសលធម៌ ដែលមិនទាន់កើត ឲ្យកើតឡើង ឬពួកអកុសលធម៌ ដែលកើតឡើងហើយ ឲ្យប្រព្រឹត្តទៅ យ៉ាងធំទូលាយក្រៃលែង ដូចមិច្ឆាទិដ្ឋិនេះឡើយ ភិក្ខុទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ពួកអកុសលធម៌ ដែលមិនទាន់កើតឡើង រមែងកើតឡើង ឬពួកអកុសលធម៌ ដែលកើតឡើងហើយ ក៏រមែងប្រព្រឹត្តទៅ យ៉ាងធំទូលាយក្រៃលែង ដល់បុគ្គលជាមិច្ឆាទិដ្ឋិ។ [១៨២] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងមើលមិនឃើញធម៌ដទៃ សូម្បីតែធម៌មួយ ដែលជាហេតុនាំពួកកុសលធម៌ ដែលមិនទាន់កើត ឲ្យកើតឡើង ឬពួកកុសលធម៌ ដែល កើតឡើងហើយ ឲ្យប្រព្រឹត្តទៅ យ៉ាងធំទូលាយក្រៃលែង ដូចសម្មាទិដ្ឋិនេះឡើយ ភិក្ខុទាំង ឡាយ។ ម្នាលភិក្ខុទាំងឡាយ ពួកកុសលធម៌ ដែលមិនទាន់កើត រមែងកើតឡើង ពួកកុសលធម៌ ដែលកើតឡើងហើយ ក៏ប្រព្រឹត្តទៅ យ៉ាងធំទូលាយក្រៃលែង ដល់បុគ្គលជាសម្មាទិដ្ឋិ។ [១៨៣] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងមើលមិនឃើញធម៌ដទៃ សូម្បីតែធម៌មួយ ដែលជាហេតុនាំពួកកុសលធម៌ ដែលមិនទាន់កើត មិនឲ្យកើតឡើង ឬពួកកុសលធម៌ ដែលកើតឡើងហើយ ឲ្យសាបសូន្យទៅវិញ ដូចមិច្ឆាទិដ្ឋិនេះឡើយ ភិក្ខុទាំងឡាយ។ ម្នាលភិក្ខុ ទាំងឡាយ ពួកកុសលធម៌ ដែលមិនទាន់កើតឡើង រមែងមិនកើតឡើង ពួកកុសលធម៌ ដែល កើតឡើងហើយ រមែងសាបសូន្យទៅវិញ ដល់បុគ្គលជាមិច្ឆាទិដ្ឋិ។ [១៨៤] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងមើលមិនឃើញធម៌ដទៃ សូម្បីតែធម៌មួយ ដែលជាហេតុនាំឲ្យពួកអកុសលធម៌ ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើង ឬពួកអកុសល ធម៌ ដែលកើតឡើងហើយ ឲ្យសាបសូន្យទៅ ដូចសម្មាទិដ្ឋិនេះឡើយ ភិក្ខុទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ពួកអកុសលធម៌ ដែលមិនទាន់កើតឡើង រមែងមិនកើតឡើង ពួកអកុសលធម៌ ដែលកើតឡើងហើយ រមែងសាបសូន្យទៅ ដល់បុគ្គលជាសម្មាទិដ្ឋិ។ [១៨៥] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងមើលមិនឃើញធម៌ដទៃ សូម្បីតែធម៌មួយ ដែលជាហេតុនាំឲ្យមិច្ឆាទិដ្ឋិ ដែលមិនទាន់កើត ឲ្យកើតឡើង ឬមិច្ឆាទិដ្ឋិ ដែលកើតឡើងហើយ ឲ្យរឹងរឹតតែចំរើនឡើង ដូចគំនិតដែលត្រិះរិះមិនត្រូវផ្លូវនេះឡើយ ភិក្ខុទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ មិច្ឆាទិដ្ឋិ ដែលមិនទាន់កើត ក៏កើតឡើង មិច្ឆាទិដ្ឋិ ដែលកើតឡើងហើយ ក៏រមែងរឹងរឹតតែចំរើនឡើង ដល់បុគ្គលមានគំនិតត្រិះរិះមិនត្រូវផ្លូវ។ [១៨៦] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងមើលមិនឃើញធម៌ដទៃ សូម្បីតែធម៌មួយ ដែល ជាហេតុនាំសម្មាទិដ្ឋិ ដែលមិនទាន់កើត ឲ្យកើតឡើង ឬសម្មាទិដ្ឋិ ដែលកើតឡើងហើយ ឲ្យ រឹងរឹតតែចំរើនឡើង ដូចគំនិតដែលត្រិះរិះត្រូវផ្លូវនេះឡើយ ភិក្ខុទាំងឡាយ។ ម្នាលភិក្ខុទាំង ឡាយ សម្មាទិដ្ឋិ ដែលមិនទាន់កើត ក៏កើតឡើង សម្មាទិដ្ឋិ ដែលកើតឡើងហើយ ក៏រមែងរឹង រឹតតែចំរើនឡើង ដល់បុគ្គលមានគំនិតត្រិះរិះត្រូវផ្លូវ។ [១៨៧] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងមើលមិនឃើញធម៌ដទៃ សូម្បីតែធម៌មួយ ដែលជាហេតុនាំពួកសត្វ ដែលបែកធ្លាយរាងកាយស្លាប់ទៅ ឲ្យទៅកើតជាតិរច្ឆាន ប្រេត វិស័យ អសុរកាយ នរក ដូចយ៉ាងមិច្ឆាទិដ្ឋិនេះឡើយ ភិក្ខុទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលប្រកបដោយមិច្ឆាទិដ្ឋិ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតជាតិរច្ឆាន ប្រេត វិស័យ អសុរកាយ នរក។ [១៨៨] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងមើលមិនឃើញធម៌ដទៃ សូម្បីតែធម៌មួយ ដែល ជាហេតុនាំពួកសត្វ ដែលបែកធ្លាយរាងកាយស្លាប់ទៅ ឲ្យទៅកើតក្នុងសុគតិសួគ៌ ទេវលោក ដូចយ៉ាងសម្មាទិដ្ឋិនេះឡើយ ភិក្ខុទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលប្រកបដោយសម្មាទិដ្ឋិ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងកើតក្នុងសុគតិសួគ៌ ទេវលោក។ [១៨៩] ម្នាលភិក្ខុទាំងឡាយ កាយកម្មណាក្តី ដែលបុរសបុគ្គលជាមិច្ឆាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយ វចីកម្មណាក្តី ដែលបុរសបុគ្គលជាមិច្ឆាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយ មនោកម្មណាក្តី ដែលបុរសបុគ្គលជាមិច្ឆាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយ ចេតនាណាក្តី សេចក្តីប្រាថ្នាណាក្តី សេចក្តី​ប្រណិធាន​ណា​ក្តី សង្ខារទាំងឡាយណាក្តី ធម៌ទាំងអស់នោះ សុទ្ធតែប្រព្រឹត្តទៅ ដើម្បីមិនជាទីប្រាថ្នា មិន​ជាទីត្រេកអរ មិនជាទីគាប់ចិត្ត មិនជាប្រយោជន៍ ជាទុក្ខ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះទិដ្ឋិជាធម្មជាតិដ៏លាមក។ ម្នាលភិក្ខុទាំងឡាយ ដូចជាពូជស្តៅក្តី ពូជននោងព្រៃក្តី ពូជត្រសក់ក្អែកក្តី ដែលបុគ្គលដាំក្នុងដីសើម តែងស្រូបយករសដីណាក្តី ស្រូបយករសទឹកណាក្តី រសជាតិទាំងអស់នោះ តែងប្រព្រឹត្តទៅ ដើម្បីល្វីង ហាងមិនឆ្ងាញ់។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះពូជជារបស់មិនល្អ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ កាយកម្មណាក្តី ដែលបុរសបុគ្គលជាមិច្ឆាទិដ្ឋិ បានបំពេញ បានសមាទាន​កាន់តាមទិដ្ឋិហើយ វចីកម្មណាក្តី ដែលបុរសបុគ្គលជាមិច្ឆាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយ មនោកម្មណាក្តី ដែលបុរសបុគ្គល ជាមិច្ឆាទិដ្ឋិ បានបំពេញ បាន​សមាទាន កាន់តាមទិដ្ឋិហើយ ចេតនាណាក្តី សេចក្តីប្រាថ្នាណាក្តី សេចក្តី​ប្រណិធាន​ណា​ក្តី សង្ខារទាំងឡាយណាក្តី ធម៌ទាំងអស់នោះ តែងប្រព្រឹត្តទៅ ដើម្បីមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទី គាប់ចិត្ត មិនជាប្រយោជន៍។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះទិដ្ឋិ ជា ធម្មជាតិអាក្រក់ ក៏យ៉ាងនោះឯង។ [១៩០] ម្នាលភិក្ខុទាំងឡាយ កាយកម្មណាក្តី ដែលបុរសបុគ្គលជាសម្មាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយ វចីកម្មណាក្តី ដែលបុគ្គល ជាសម្មាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយ មនោកម្មណាក្តី ដែលបុរសបុគ្គល ជាសម្មាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយ ចេតនាណាក្តី សេចក្តីប្រាថ្នាណាក្តី សេចក្តីប្រណិធាន ណាក្តី សង្ខារទាំងឡាយណាក្តី ធម៌ទាំងអស់នោះ តែងប្រព្រឹត្តទៅ ដើម្បីជាទីប្រាថ្នា ជាទី ត្រេកអរ ជាទីគាប់ចិត្ត ជាប្រយោជន៍ ជាសុខ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំង ឡាយ ព្រោះទិដ្ឋិជាធម្មជាតិចំរើន។ ម្នាលភិក្ខុទាំងឡាយ ដូចពូជអំពៅក្ដី ពូជស្រូវសាលីក្តី ពូជចន្ទន៍ក្តី ដែលបុគ្គលដាំក្នុងដីសើម តែងស្រូបយករសដីណាក្តី ស្រូបយករសទឹកណាក្តី រសជាតិទាំងអស់នោះ តែងប្រព្រឹត្តទៅ ដើម្បីរសផ្អែម មិនច្រឡំដោយរសឯទៀត។ ដំណើរ នោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះពូជជារបស់ចំរើន យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ កាយកម្មណាក្តី ដែលបុរសបុគ្គល ជាសម្មាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយ វចីកម្មណាក្តី ដែលបុរសបុគ្គល ជាសម្មាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយ មនោកម្មណាក្តី ដែលបុរសបុគ្គល ជាសម្មាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយ ចេតនាណាក្តី សេចក្តីប្រាថ្នាណាក្តី សេចក្តីប្រណិធានណាក្តី សង្ខារទាំងឡាយណាក្តី ធម៌ទាំងអស់នោះ តែងប្រព្រឹត្តទៅ ដើម្បីជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ជាប្រយោជន៍ ជាសុខ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះទិដ្ឋិ ជាធម្មជាតិចំរើន ក៏យ៉ាងនោះដែរ។ ចប់ វគ្គ ទី២។ ទុតិយវគ្គ ឬ ធម៌ដែលនាំឲ្យពួកអកុសលចម្រើនឡើង - បិដកភាគ ៤០ ទំព័រ ៦៩ ឃ្នាប ១៨១ ដោយ៥០០០ឆ្នាំ
images/articles/3187/ewfew32we2___.jpg
Public date : 14, Mar 2024 (2,154 Read)
[២៧៥] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយពីរប្រការនេះ ជាចំណែកនៃវិជ្ជា។ ធម៌ពីរ ប្រការ តើដូចម្តេច។ គឺ សមថៈ ១ វិបស្សនា ១។ ម្នាលភិក្ខុទាំងឡាយ សមថៈ ដែលបុគ្គលចំរើនហើយ នឹងសម្រេចប្រយោជន៍អ្វី។ នឹងញ៉ាំងចិត្តឲ្យចំរើន។ ចិត្តដែលចំរើនហើយ នឹងសម្រេចប្រយោជន៍អ្វី។ នឹងលះបង់ នូវរាគៈចេញបាន។ ម្នាលភិក្ខុទាំងឡាយ វិបស្សនា ដែលបុគ្គលចំរើនហើយ នឹងសម្រេចប្រយោជន៍អ្វី។ នឹងញុំាងបញ្ញាឲ្យចំរើន។ បញ្ញាដែល ចំរើនហើយ នឹងសម្រេចប្រយោជន៍អ្វី។ នឹងលះនូវអវិជ្ជាចេញបាន។ [២៧៦] ម្នាលភិក្ខុទាំងឡាយ ចិត្តដែលសៅហ្មងដោយរាគៈហើយ រមែងមិនរួចផុតស្រឡះ ឬបញ្ញាដែលសៅហ្មង ដោយអវិជ្ជាហើយ រមែងមិនចំរើនឡើយ។ ម្នាលភិក្ខុទាំងឡាយ ចេតោវិមុតិ្តកើត ព្រោះប្រាសចាករាគៈ បញ្ញាវិមុតិ្តកើត ព្រោះប្រាសចាកអវិជ្ជា ដោយប្រការ ដូច្នេះ។ ចប់ ពាលវគ្គ ទី៣។ ពាលវគ្គ ទី ៣ ឬ ធម៌ ២ ប្រការនេះ ជាចំណែកនៃវិជ្ជា - បិដកភាគ ៤០ ទំព័រ ១៣៥ ឃ្នាប ២៧៥ ដោយ៥០០០ឆ្នាំ
images/articles/3192/45wrrtuu755666.jpg
Public date : 14, Mar 2024 (4,597 Read)
ចុន្ទីសូត្រ ទី២ [៣២] សម័យមួយ ព្រះដ៏មានព្រះភាគ គង់នៅវត្តវេឡុវន ជាកលន្ទកនិវាបដ្ឋាន ទៀបក្រុងរាជគ្រិះ។ គ្រានោះ នាងចុន្ទីរាជកុមារី មានរថ ៥០០ និងកុមារី ៥០០ ហែហម ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយប្រថាប់ក្នុងទីសមគួរ។ លុះនាងចុន្ទីរាជកុមារី ប្រថាប់ក្នុងទីសមគួរហើយ បានក្រាបទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន រាជកុមារឈ្មោះចុន្ទៈ ជាបងខ្ញុំព្រះអង្គនោះ និយាយយ៉ាងនេះថា តាមតែបុគ្គលណាក៏ដោយ ទោះស្រ្តីក្តី បុរសក្តី ដល់នូវព្រះពុទ្ធជាទីពឹង ដល់នូវព្រះធម៌ជាទីពឹង ដល់នូវព្រះសង្ឃជាទីពឹងហើយ វៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកសុរាមេរយ មជ្ជប្បមាទដ្ឋាន បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតក្នុងសុគតិ មិនទៅកើតក្នុងទុគ្គតិទេ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ សូមសួរព្រះដ៏មានព្រះភាគថា បុគ្គលជ្រះថ្លា ក្នុងព្រះសាស្តា មានសភាពដូចម្តេច លុះបែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើតក្នុងសុគតិ មិនទៅកើតក្នុងទុគ្គតិ ជ្រះថ្លាក្នុងព្រះធម៌ មានសភាពដូចម្តេច លុះបែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើតក្នុងសុគតិ មិនទៅកើតក្នុងទុគ្គតិ ជ្រះថ្លាក្នុងព្រះសង្ឃ មានសភាពដូចម្តេច លុះបែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើតក្នុងសុគតិ មិនទៅកើតក្នុងទុគ្គតិ បំពេញក្នុងសីល មានសភាពដូចម្តេច លុះបែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើតក្នុងសុគតិ មិនទៅកើតក្នុងទុគ្គតិទេ។ ម្នាលនាងចុន្ទី រាប់តាំងពីពួកសត្វឥតជើងក្តី មានជើង២ក្តី ជើង៤ក្តី ជើងច្រើនក្តី មានរូបក្តី ឥតរូបក្តី មានសញ្ញាក្តី ឥតសញ្ញាក្តី មិនមែនជាមិនមានសញ្ញាក្តី ព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធ ប្រាកដជាប្រសើរជាងពួកសត្វទាំងនោះ។ ម្នាលនាងចុន្ទី ពួកបុគ្គលណា ជ្រះថ្លាក្នុងព្រះពុទ្ធ ពួកបុគ្គលនោះ ឈ្មោះថា ជ្រះថ្លា ក្នុងបុគ្គលដ៏ប្រសើរ ផលដ៏ប្រសើរ រមែងមានដល់ពួកបុគ្គលអ្នកជ្រះថ្លា ក្នុងបុគ្គលដ៏ប្រសើរ។ ម្នាលនាងចុន្ទី ពួកសង្ខតធម៌ក្តី អសង្ខតធម៌​ក្តី ​ទាំងប៉ុន្មាន វិរាគធម៌ គឺធម៌ញ៉ាំងសេចក្តីស្រវឹង ឲ្យទ្រុឌទ្រោម នាំបង់នូវសេចក្តីស្រេកឃ្លាន គាស់រំលើងនូវសេចក្តីអាល័យ ផ្តាច់បង់នូវវដ្ដៈ អស់តណ្ហា ប្រាសចាកតម្រេក រលត់ទុក្ខ មិនមានគ្រឿងចាក់ដោត ប្រាកដជាប្រសើរជាងពួកធម៌ទាំងនោះ។ ម្នាលនាងចុន្ទី ពួកបុគ្គលណាជ្រះថ្លា ក្នុងវិរាគធម៌ ពួកបុគ្គលនោះ ឈ្មោះថាជ្រះថ្លាក្នុងធម៌ដ៏ប្រសើរ ផលដ៏ប្រសើរ រមែងមានដល់ពួកបុគ្គលអ្នកជ្រះថ្លា ក្នុងធម៌ដ៏ប្រសើរ។ ម្នាលនាងចុន្ទី សង្ឃក្តី គណៈក្តី ទាំងប៉ុន្មាន សង្ឃសាវករបស់តថាគត បើរាប់ជាគូនៃបុរស មាន៤គូ បើរាប់រៀងជាបុរសបុគ្គល មាន៨ សង្ឃទាំងនុ៎ះ ជាសង្ឃសាវក នៃព្រះដ៏មានព្រះភាគ ជាអ្នកគួរទទួលចតុប្បច្ច័យ ដែលគួរឧទ្ទិសចំពោះ ហើយនាំមកបូជា គួរទទួលអាគន្តុកទាន គួរទទួលនូវទាន ដែលបុគ្គលជឿនូវកម្ម និងផលនៃកម្ម ហើយបូជា គួរដល់អញ្ជលិកម្ម ដែលសត្វលោកគប្បីធ្វើ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក ប្រាកដជាប្រសើរជាងសង្ឃ ឬគណៈទាំងនោះ ម្នាលនាងចុន្ទី ពួកបុគ្គលណាជ្រះថ្លា ក្នុងព្រះសង្ឃ ពួកបុគ្គលនោះ ឈ្មោះថាជ្រះថ្លា ក្នុងព្រះសង្ឃដ៏ប្រសើរ ផលដ៏ប្រសើរ រមែងមានដល់ពួកបុគ្គលអ្នកជ្រះថ្លា ក្នុងព្រះសង្ឃដ៏ប្រសើរ។ ម្នាលនាងចុន្ទី សីលដែលព្រះអរិយៈសរសើរ ទាំងអម្បាលម៉ាន ជាសីលមិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុស ជាសីលអ្នកជា ដែលវិញ្ញូជនសរសើរហើយ មិនប៉ះពាល់ ដោយតណ្ហា និងទិដ្ឋិ ប្រព្រឹត្តទៅ ដើម្បីសមាធិ នេះប្រាកដជាប្រសើរជាងសីលទាំងនោះ។ ម្នាលនាងចុន្ទី ពួកបុគ្គលណា ជាអ្នកបំពេញក្នុងពួកសីល ដែលព្រះអរិយៈសរសើរហើយ ពួកបុគ្គលទាំងនោះ ឈ្មោះថា បានបំពេញ ក្នុងសីលដ៏ប្រសើរ ផលដ៏ប្រសើរ រមែងមានដល់ពួកបុគ្គលអ្នកបំពេញ ក្នុងសីលដ៏ប្រសើរ។ បុណ្យ គឺអាយុដ៏ប្រសើរផង យសស័ក្តិដ៏ប្រសើរផង កេរ្តិ៍ឈ្មោះដ៏ប្រសើរផង សុខដ៏ប្រសើរផង កម្លាំងដ៏ប្រសើរផង រមែងចំរើនដល់ពួកបុគ្គលអ្នកជ្រះថ្លានឹងវត្ថុដ៏ប្រសើរ ដឹងច្បាស់នូវធម៌ដ៏ប្រសើរ ជ្រះថ្លាក្នុងព្រះពុទ្ធដ៏ប្រសើរ ជាទក្ខិណេយ្យបុគ្គល រកបុគ្គលដទៃក្រៃលែងជាងគ្មាន ជ្រះថ្លា ក្នុងព្រះធម៌ដ៏ប្រសើរ ជាធម៌ប្រាសចាករាគៈ ជាធម៌ស្ងប់រម្ងាប់ នាំមកនូវសុខ ជ្រះថ្លា ក្នុងព្រះសង្ឃដ៏ប្រសើរ ជាបុញ្ញក្ខេត្ត រកខេត្តដទៃក្រៃលែងជាងគ្មាន ជាអ្នកឲ្យនូវទាន ចំពោះបុគ្គលដ៏ប្រសើរ បុគ្គលអ្នកមានប្រាជ្ញា មានចិត្តដំកល់ ក្នុងធម៌ដ៏ប្រសើរ ជាអ្នកឲ្យនូវទាន ចំពោះបុគ្គលដ៏ប្រសើរ តែងបានទៅកើតជាទេវតា ឬមនុស្ស ដល់នូវសេចក្តីប្រសើរ រមែងរីករាយ។ បុគ្គលជ្រះថ្លានូវព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃដូចម្ដេច ទើបមិនទៅកាន់ទុគ្គតិ - បិដកភាគ ៤៤ ទំព័រ ៦៧ ឃ្នាប ៣២ ដោយ៥០០០ឆ្នាំ
images/articles/3279/32323rwef422.jpg
Public date : 14, Mar 2024 (10,261 Read)
ទសពិធរាជធម៌ ទសពិធរាជធម៌ រាជធម៌ ១០យ៉ាង គឺធម៌ ១០ ប្រការ សម្រាប់ព្រះរាជាទ្រង់ប្រព្រឹត្ត ព្រមទាំងណែនាំពួកសេនាបតីមន្ត្រីធំតូច នឹងពួកប្រជារាស្ត្រឲ្យប្រព្រឹត្តផង។ ទសពិធរាជធម៌ ជាក្រឹត្យក្រមច្បាប់វិន័យដែលព្រះមហាក្សត្រ​ ឬអ្នកដឹកនាំប្រទេសជាតិខ្មែរត្រូវតែប្រកាន់គោរព និងអនុវត្តតាមដោយហ្មត់ចត់ខ្ជាប់ខ្ជួននិងត្រឹមត្រូវជាទីបំផុត។ បើពុំនោះសោតទេ​ ប្រទេសជាតិ ប្រជានុរាស្រ្តនឹងជួបប្រទះវិបត្តិអន្តរាយ​ ក្តៅក្រហាយ រំជើបរំជួល ចលាចល អសន្តិសុខ សង្រ្គាម ទុក្ខសោកសង្រេង ភ័យព្រួយ ព្រាត់ប្រាស់ក្រុមគ្រួសារញាតិសន្តានជាមិនខាន។ ឯព្រះមហាក្សត្រនិងអ្ន​កដឹកនាំគេចផុតយករួចខ្លួនបានដែរ។ ដូចក្នុងន័យពាក្យពេចន៍បានបញ្ជាក់ស្រាប់ទសពិធរាជធម៌ គឺច្បាប់ទាំង១០ប្រការដែលចែងបញ្ញត្តិអំពីករណីកិច្ច របស់ព្រះមហាក្សត្រ និងអ្នកដឹកនាំប្រទេសខ្មែរ។ ទសពិធរាជធម៌ទាំងដប់មាន៖​ ១. ទាន ព្រះមហាក្សត្រ ឬអ្នកដឹកនាំជាតិត្រូវតែធ្វើទានចែកអំណោយដល់ប្រជាជនគ្រប់មជ្ឍដ្ឋានដោយគ្មានគំនិតគិតកេងប្រវ័ញ្ចធ្វើប្រជាភិថុតឡើយ គឺមានន័យថាទាននោះត្រូវមានភាពបរិសុទ្ឋល្អប្រសើរ គ្មានជាប់ជំពាក់ប្រឡាក់ប្រឡូសនឹងបាបកម្ម។ បើយើងពោលអោយចំទៅព្រះមហាក្សត្រ ឬអ្នកដឹកនាំត្រូវរៀបចំគ្រប់គ្រងនគរធើ្វដូចម្តេចចេះចែកចាយផ្តល់ប្រជាពលរដ្ឋនិងជាតិនូវលទ្ឋភាពគ្រប់គ្រាន់ ដើម្បីជំរុញអោយមានធនធានមានចំណេះវិជ្ជាអាចរស់នៅក្នុងសភាពថ្លៃថ្នូរ ពេញលេញជាមនុស្សម្នាមានកិតិ្តយសរុងរឿងថ្កុំថ្កើង។ ២. សីល ព្រះមហាក្សត្រ ឬ​អ្នកដឹកនាំត្រូវតែប្រកាន់និងរក្សាអោយមានសីលធម៌ដក់ជាប់ក្នុងខ្លួនជានិច្ច។ សីលធម៌នេះគឺបញ្ចសីលា ឬសីល៥ និងព្រហ្មវិហារធម៌ចំពោះប្រជានុរាស្រ្ត។ ក្នុងបញ្ចសីលា គេកត់សំគាល់ឃើញមានការមិនប្រមាថឬសំលាប់ជីវិតមិនលួចប្លន់មិនលួចលាក់មានសាហាយស្មន់ មិនភូតភរកុហសបោកប្រាស់ និងមិនភ្លើតភ្លើនបណ្តោយខ្លួនអោយលង់លក់ទៅដោយគ្រឿងស្រវឹង។ ចំណែកក្នុងព្រហ្មវិហារធម៌វិញ មានធម៌ទាំងអស់៤គឺ៖ មេត្តា ជាការស្រលាញ់រាប់អានដែលមានចំពោះមនុស្សគ្រប់រូបគ្រប់ប្រភេទ ករុណា ដែលជាការផ្សព្វផ្សាយនូវការអាណិតអាសូរសន្តោស មុទិតា ដែលជាការត្រេកអរសាទរនៅពេលដែលប្រជាពលរដ្ឋបានសុខសប្បាយចំរុងចំរើនក្សេមក្សាន្ត និង ឧបេក្ខា ដែលជាការរាប់រកអស់គ្រប់សព្វសត្វដោយក្តីស្មោះស្ម័គ្រស្មើគ្នា គ្មានរើសអើងប្រកាន់វណ្ណះ ឬ ពណ៌សម្បុរ។ ៣. បរិច្ចាគ ព្រះមហាក្សត្រឬអ្នកដឹកនាំត្រូវយកព្រះរាជទ្រព្យឬសម្បត្តិរដ្ឋទៅចែកជួយប្រទេសជាតិ។​​ គឺក្នុងន័យត្រូវចេះប្រើប្រាក់កាសធនធានរដ្ឋដោយយុត្តិធម៌ត្រឹមត្រូវឥតលំអៀងកេងបន្លំយកទៅកសាងអភិវឌ្ឍប្រទេសជាតិអោយបានជឿនលឿនឆ្ពោះទៅរកវឌ្ឍនភាពនិងសុភមង្គលវិធីនេះ គឺការបែងចែកភោគផលធនធាននគរអោយទៅដល់ប្រជាជនគ្រប់ស្រទាប់ជាន់ថ្នាក់ដោយគ្មានរើសអើងវណ្ណ។ពីព្រោះជាសិទ្ឋិរបស់ប្រជាពលរដ្ឋគ្រប់រូប មិនមែនជាអំណោយឬជាការនាំ និងអ្នកនយោបាយម្នាក់ៗត្រូវតែគោរពនឹងប្រតិបត្តិធ្វើតាមដែរ។ ៤. អាជ្ជវៈ (មានសេចក្ដីត្រង់)​ ការទៀងត្រង់មិនវៀចវេរដែលព្រះមហាក្សត្រនិងអ្នកដឹកនាំត្រូវតែគោរពនិងប្រកាន់ខ្ជាប់ខ្ជួនជាដាច់ខាត។ក្នុងពាក្យទៀងត្រង់អត្ថន័យមានទំហំធំធេងណាស់គឺជាជំពាក់​ទៅនឹងកាយវាចាចិត្តរបស់អ្នកដឹកនាំ។ បើនិយាយឱ្យចំទៅគឺគេមិនត្រូវក្បត់ប្រជាជននិងប្រទេសជាតិឯងមិនប្រើអំណាចផ្តាច់ការ មិនអយុត្តិធម៌មិនបំរើផលប្រយោជន៍ផ្ទាល់ខ្លួន ក្រុមគ្រួសារ​ បក្សពួក និង បរទេស។ ៥. មទ្ទវៈ (មានសេចក្ដីទន់ភ្លន់ស្លូតសុភាពរាបសា) ព្រះមហាក្សត្រឬអ្នកដឹកនាំជាតិត្រូវតែរៀបចំ​ឬក​ពារ ​អាកប្បកិរិយា​​ ពាក្យសម្តី ចិត្តគំនិតអោយបានទន់ភ្លន់សុភាពរាបសារល្អត្រឹមត្រូវថ្លៃថ្នូរយុត្តិ​ធម៌ ដោយមិនបញ្ចេញអាការះឬកពារច្រងេងច្រងាងច្រឡោង ខាមច្រឡើសបើស ហារស្រែកឡើងរកតែកាប់ចាក់ប្រើកំលាំងបាយជាមួយនិងប្រជារាស្ត្រទន់ខ្សោយ។ព្រះមហាក្សត្រ ឬ អ្នកដឹកនាំជាតិជាតំណាងប្រជាជាតិមួយទាំងមូល។ បើអ្នកតំណាងប្រជាជាតិទាំងនេះមានកាយវាចារចិត្តមិនល្អសមរម្យនោះគឺប្រទេសជាតិ និង ប្រជាជនទាំងអស់គ្នាដែលត្រូវបាត់បង់កិត្តិយសត្រូវគេមើលងាយនិងទទួលនូវផលវិបាករងគ្រោះថ្នាក់គ្រប់បែបយ៉ាង។ ៦. តបៈ (ការកាន់ឧបោសថសីលតាមកាលកំណត់ម្ដងៗ) ព្រះមហាក្សត្រ ឬ អ្នកដឹកនាំជាតិតាមកាលកំនត់ត្រូវតែចូលកាន់ឧបោថសីលដើម្បីដុសខាត់អប់រំចិត្តអារម្មណ៍​មនោសញ្ចេតនាអោយភ្លឺស្វាងចៀសវៀងអវិជ្ជាដែលជាប្រភពនៃ ក្តីវិនាសការចូលកាន់ឧបោថសីលអាចចាត់ទុកជាការដកឃ្លាមួយរយះពីភាពជាប់ជំពាក់ជំពីនក្នុងបញ្ហាបច្ចុប្បន្នដើម្បីយកពេល​យក​ឪកាស​សំរាប់សញ្ជប់សញ្ជឹងរិះគិតពិចារណា ឆ្លុះពិនិត្យមើលអស់សព្វគ្រប់សកម្មភាពនិងអំពើទាំងប៉ុន្មានដែលខ្លួនផ្ទាល់បានប្រព្រឹត្ត។ អាកប្បកិរិយានិងកាយវិការរបៀបនេះអាចនាំអោយអ្នកដឹកនាំឬអ្នកនយោបាយមាន ពេលវេលានិងរកផ្លូវល្អឃើញហើយអាចផ្លាស់ប្តូរលុបលាងកែប្រែកំហុសអាក្រក់ល្អទាំងប៉ុន្មានដែលខ្លួនបានប្រព្រឹត្តដែរ។ ៧. អក្កោធនៈ (មិនក្តៅក្រហាយអ្នកដទៃ) ព្រះមហាក្សត្រឬអ្នកដឹកនាំជាតិមិនត្រូវដើរឆ្កិះឆ្កៀលដុតរោលបំបែកបំបាក់អ្នកដទៃអោយកើតមានកំហឹងដើម្បីគ្រប់គ្រងតាំងខ្លួនមានតែមួយគត់ប៉ុណ្ណោះទេ។ ការបង្កបង្កើតអោយមានរឿងសៅហ្មងអោយមានការក្តៅក្រហលក្រហាយដូច្នេះបណ្តាល​ធ្វើអោយបែកបាក់ប្រេះឆាសាមគ្គីផ្ទៃក្នុងហើយអាចក្លាយជាចលាចលច្របូកច្របល់ និង​ជាសង្រ្គាមបង្ហូរឈាម។ អ្នកដឹកនាំជាតិត្រូវតែចេះរំងាប់ចិត្តមិនអោយមានកំហឹងគំនុំនិងមានការសងសឹកឆេះឆាបដក់គុំក្នុងខ្លួនឡើយ។ ការកសាងប្រទេសជាតិមិន មែនស្ថិតនៅលើការបំបែកបំបាក់សាមគ្គីបង្កើតអោយមានជំលោះឈ្លោះមើលមុខគ្នាមិនត្រង់នោះទេ។ ៨. អវិហឹសា (មិនបៀតបៀនអ្នកដទៃ) ព្រះមហាក្សត្រឬអ្នកដឹកនាំជាតិមិនត្រូវយកហឹង្សាឬកម្លាំងបាយនឹងអាវុធមកធើ្វជាត្រីមុខទេក្នុងការត្រិះរិះពិចារណានិងដោះស្រាយបញ្ហាអាយុជីវិតប្រទេសជាតិ។ បើយើងគ្មានគំនិតអាក្រក់មិនប្រើកំលាំងអាវុធមិនប្រៀនគេគេក៏មិនបៀតបៀនមកលើយើងដែរ។ គោលការណ៍ធំត្រូវស្ថិតនៅលើទស្សន:សន្តិវិធីក្នុងការដោះស្រាយគ្រប់បញ្ហាកសាងប្រទេសជាតិ។ទស្សនះសន្តិភាពត្រូវស្ថិតនៅជាមូលដ្ឋានជាគោលដៅធំចំបងដែលព្រះមហាក្សត្រនិងអ្នកដឹកនាំជាតិត្រូវតែនាំគ្នាខំស្វែងទៅរកឈោងហក់ចាប់អោបក្រសោបយកមកអោយបានជាចាំបាច់ពីព្រោះប្រទេសជាតិនីមួយៗត្រូវការសន្តិភាពដើម្បីកសាងដើរឆ្ពោះទៅរកអី្វដែលជាការអភិវឌ្ឍន៍ជាការរីកចំរើនលូតលាស់និងជីវភាពរុងរឿងរស់នៅដោយសុខសន្តិភាពក្សេមក្សាន្ត។ ៩. ខន្តី (មានសេចក្ដីអត់ធន់) ព្រះមហាក្សត្រឬអ្នកដឹកនាំជាតិត្រូវតែមានចិត្តអំនត់អត់ធន់ហើយមិនលោតទៅតាមកំលាំងខ្យល់ព្រឹត្តិការណ៍ដែលបោកបក់នោះទេ។ ការស្ទុះហក់លោតទាំងកម្រោលទៅតាមភ្លើងកំហឹងទៅតាមចំណង់់ចិត្តមានះទៅតាមការលោភលន់រំជើបរំជូលត្រេកត្រអាលអាចនាំមកនូវការវិនាសអន្តរាយនូវផលអាក្រក់ដែលពុំអាចប៉ាន់ស្មានបានដល់ការត្រិះរិះពិចារណារកយល់ហេតុផលការរៀបចំនិងអនុវត្តគោលដៅគម្រោងផែនការណ៍ផ្សេងៗជាអត្ថប្រយោជន៍សំរាប់ប្រទេសជាតិ។ ការប្រកាន់ចិត្តនឹងនមិនឆេវឆាវព្យាយាមសំភីអំណត់អាចណែនាំអោយយើងចេះរង់ចាំពេលវេលាឱកាសល្អដើម្បីអនុវត្តគោលការណ៍អោយបានសំរេច។ ការប្រកាន់ខន្តីអំណត់ធ្មត់សង្កត់ចិត្តនិងព្យាយាមជាគុណសម្បត្តិមួយដ៏កម្ររកបានក្នុងសម្បត្តិមនុស្ស។ ១០. អវិរោធនៈ (មិនបំពានលើធម៌លើច្បាប់)​​ ព្រះមហាក្សត្រឬអ្នកដឹកនាំជាតិត្រូវគោរពច្បាប់ជាធរមាន។ គេត្រូវតែដាក់ច្បាប់ជាធំអោយខ្ពស់បំផុតលើបុគ្គល។ គេត្រូវទុកដាក់ច្បាប់វិន័យធម៌ជាមូលដ្ឋាននិងជាគ្រឹះរបស់ជាតិសំរាប់រៀបចំស្ថាប័នអោយកើតមានជានិតិរដ្ឋ។ គេត្រូវធ្វើដូចម្តេចអោយច្បាប់ធម្មវិន័យក្រឹត្យក្រមកា្លយទៅជារបងសំរាប់ការពារធានារ៉ាប់រងសុខសន្តិភាពរបស់ប្រជាពលរដ្ឋទន់ខ្សោយ។ជាដាច់ខាតគេមិនត្រូវរំលោភបំពានដើរជាន់ឈ្លីលើច្បាប់លើធម៌លើវិន័យក្រឹត្យក្រមដែលធ្លាប់មានក្នុងសង្គមជាតិ​នោះឡើយ។ ទោះស្តេចទោះមន្ត្រីទោះសេចក្តីគហបតីនិងក្រុមគ្រួសារក៏ត្រូវតែទទួលទោសដែរនៅចំពោះមុខច្បាប់។ បើក្សត្រនោះអ្នកដឹកនាំជាតិនោះមិនគោរពច្បាប់សង្គម ហើយបែរជានាំគ្នាបង្កើតច្បាប់ថ្មីតម្រូវតម្រង់សំរាប់បំរើអំណាចនិងផលប្រយោជន៍របស់ខ្លួនពេលនោះប្រទេសជាតិនិងជួបប្រទះនូវភាពអនាធិបតេយ្យរំជើបរំជួល ចលាចលអសន្តិសុខអន្តរាយហើយប្រជារាស្រ្តនឹងរងទុក្ខវេទនាព្រាត់ប្រាសបែកបាក់ក្រុមញាតិសន្តានជាមិនខានគឺបានសេចក្តីថានរណាដែលគ្មានច្បាប់ គ្មានសីលធម៌ គ្មានគុណធម៌ គ្មានវិន័យក្រឹត្យក្រមនគរនោះមិនអាចនឹងចំរើនរុងរឿងរស់ក្នុងសន្តិភាពបានឡើយ។ នគរនោះនឹងត្រូវរលេះរលួយទ្រុឌទ្រោមចុះអោនថយខ្សោយដើរថយក្រោយចាញ់គេជាលំដាប់។ ចំណែកព្រះមហាក្សត្រនិងអ្នកដឹកនាំជាតិទាំងនោះវិញក៏រត់មិនរួចពីប្រជានុរាស្រ្តផ្តន្ទាទោសដែរ។ ដកស្រង់ពី Kh Wiki សំឡេង YouTube: yun tong ដោយ៥០០០ឆ្នាំ
images/articles/3218/_________________________________.jpg
Public date : 14, Mar 2024 (6,415 Read)
ទេាសៈនេះខ្លាំងកម្លាំងក្រៃលែង តែឲ្យដុះវែងគ្មានអ្វីខ្លាំងដូច ត្រូវកាត់ពីតិចត្រូវក្តិចពីតូច ត្រូវរត់ឲ្យរួចពីទេាសដែលខឹង ។ អ្នកប្រាជ្ញបុរាណតែងឲ្យដំណឹង ថាបេីមិនខឹងទេីបហៅខន្តី ឲ្យគេឈ្នះចុះយេីងកុំខ្មាសអ្វី មិនខឹងមិនស្តីខន្តីបានយេីង ។ ខន្តីជាទ្រព្យគួរគាប់ថ្កុំថ្កេីន លេីសទ្រព្យកេីតឡេីងក្នុងលេាកទាំងមូល ខន្តីជាប្ញសដុះជាបណ្តូល ខន្តីជាមូលមេធម៌ទាំងអស់ ។ អ្នកមានខន្តីជាអ្នកមានមេត្តា ជាអ្នកមានលាភ ជាអ្នកមានយស ជាអ្នកមានសេចក្តីសុខជាប្រក្រតី អ្នកមានខន្តី រមែងជាទីស្រឡាញ់ ជាទីគាប់ចិត្តនៃទេវតា និងមនុស្សទាំងឡាយ។ ខន្តី ជាេហតុជាទីតាំងនៃគុណ គឺសីលនិងសមាធិទាំងឡាយ ធម៌ទាំងឡាយជាកុសលទាំងអស់នេាះ តែងចម្រេីនដេាយសេចក្តីអត់ធន់មែនពិត។ ខន្តី តែងកាត់បង់បាននៅប្ញសនៃបាបទាំងឡាយទាំងអស់ បុគ្គលអ្នកអត់ធន់ឈ្មេាះថា​ជីក​រំលេីងនូវប្ញសនៃទេាសទាំងឡាយ មានពាក្យតិះដៀលនិងការឈ្លេាះប្រកែកជាដេីម។ ខន្តី ជាគ្រឿងអលង្ការបស់អ្នកប្រាជ្ញ ខន្តី ជាគ្រឿងដុតនូវបាបរបស់អ្នកប្រព្រឹត្តធម៌ ខន្តី ជាគុណជាតិនាំមកនូវប្រយេាជន៍ និងសេចក្តីសុខ ។ អ្នកមានខន្តី ជាអ្នកនាំមកនូវប្រយេាជន៍ដល់ខ្លួនផង ដល់ជនទាំងឡាយឯទៀតផង អ្នកមានខន្តីជាអ្នកបានឡេីង កាន់ផ្លូវជាទីស្ថានសួគ៌និងព្រះនិព្វាន ។ អ្នកមានខន្តី ឈ្មេាះថាធ្វេីតាមនូវព្រះពុទ្ធដីកាឱវាទរបស់ព្រះសាស្តាមែន អ្នកមានខន្តី ឈ្មេាះថាបានបូជានូវព្រះជិនស្រីដេាយការបូជាដ៏ឧត្តម។ ខន្តីជាធម៌ដ៏ឧត្តមក្នុងលេាក ខន្តីធម៌ ជាប្រធានក្នុងលេាក ក៏បុណ្យទាំងអស់រមែងមានក្នុងខន្តី។ បេីប្រាសចាកខន្តីហេីយរមែងជួបប្រទះតែនឹងសេចក្តីទុក្ខ លំបាកក្រីក្រ ថេាកទាបជានិច្ច ។ ព្រេាះហេតុនេាះ លេាកអ្នកសប្បុរសទាំងឡាយគួរខំចម្រេីនខន្តីធម៌ឲ្យមានឡេីងគ្រប់ៗគ្នា។ ដោយ៥០០០ឆ្នាំ
images/articles/3313/4565yuuiyo9886654444444444.jpg
Public date : 13, Mar 2024 (3,422 Read)
កុសីតវត្ថុ (ហេតុនៃបុគ្គលខ្ជិល) ៨ ១. ភិក្ខុ​មានសេចក្ដីត្រិះរិះយ៉ាងនេះថា ការងារដែលអញត្រូវធ្វើ មុខជានឹងមាន តែ​កាលបើ​អញធ្វើការងារ (នោះ) កាយនឹងលំបាក បើដូច្នោះ មានតែអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បី​ត្រាស់ដឹង នូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែល​ខ្លួនមិន​ទាន់​ធ្វើ​ឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ១។ ២. ភិក្ខុមានសេចក្ដីត្រិះរិះយ៉ាងនេះថា អញបានធ្វើការងាររួចហើយ តែ​កាលដែល​អញ​កំពុង​ធ្វើការងារ កាយលំបាកទៅហើយ បើដូច្នោះ មានតែអញ​ដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់ នូវធម៌ដែលខ្លួនមិនទាន់​ដល់ ដើម្បីត្រាស់ដឹង នូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់នូវ ធម៌ដែលខ្លួនមិនទាន់​ធ្វើ​ឲ្យ​ជាក់ច្បាស់ នេះ កុសីតវត្ថុទី ២។ ៣. ភិក្ខុនោះមានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញនឹងត្រូវដើរផ្លូវ តើបើ​អាត្មាអញ​ដើរផ្លូវ កាយនឹងលំបាក បើដូច្នោះ មានតែអញដេកសិន ភិក្ខុនោះ ក៏ ដេក មិនប្រារព្ធ​ព្យាយាម ដើម្បីដល់ នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹង នូវធម៌ដែល​ខ្លួន​មិន​ទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលខ្លួនមិនទាន់​ធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៣។ ៤. ភិក្ខុមានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញបានដើរផ្លូវរួចហើយ តែកាលដែល​អាត្មាអញដើរផ្លូវ កាយលំបាកទៅហើយ បើដូច្នោះ មានតែអាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បី​ត្រាស់ដឹង នូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែល​ខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៤។ ៥. ភិក្ខុត្រាច់ទៅកាន់​ស្រុកក្តី និគមក្ដី ដើម្បីបិណ្ឌបាត តែមិនបានភោជនដ៏សៅហ្មង ឬថ្លៃថ្លា ឲ្យបរិបូណ៌ ដរាបដល់ឆ្អែតទេ ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញ កាលដែល ដើរទៅកាន់ស្រុក ឬនិគមក្ដី ដើម្បីបិណ្ឌបាត មិនបានភោជន ដ៏សៅ​ហ្មង ឬថ្លៃថ្លា ឲ្យបរិបូណ៌ ដរាបដល់ឆ្អែតសោះ កាយរបស់អាត្មាអញនោះ លំបាកទៅហើយ ធ្វើការងារមិនកើតទេ បើដូច្នោះ មានតែអាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បី​ត្រាស់ដឹងនូវធម៌ ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែល​ខ្លួនមិនទាន់ធ្វើ ឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៥។ ៦. ភិក្ខុដើរទៅកាន់​ស្រុក ឬនិគម ដើម្បីបិណ្ឌបាត បានភោជនដ៏សៅហ្មង ឬថ្លៃថ្លា បរិបូណ៌ដរាប​ដល់ឆ្អែត ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញ កាល​ដែល​ដើរទៅ​កាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត បានភោជនដ៏សៅហ្មង ឬថ្លៃថ្លា បរិបូណ៌ ដរាបដល់ឆ្អែតដែរហើយ តែកាយរបស់អាត្មាអញនោះធ្ងន់ ធ្វើការងារ​មិនកើត ទំនងដូចជាសណ្តែកដែល ត្រូវទឹក បើដូច្នោះ មានតែអាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់ នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹង​ នូវធម៌ដែលខ្លួនមិនទាន់ បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលខ្លួនមិន​ទាន់បានធ្វើឲ្យជាក់ ច្បាស់ នេះ កុសីតវត្ថុទី ៦។ ៧. ភិក្ខុកើតអាពាធបន្តិច​បន្តួច ភិក្ខុនោះ មាន សេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញ​កើត​អាពាធបន្តិចបន្តួច​នេះហើយ អាត្មាអញ គួរតែដេក បើដូច្នោះ អាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បី​ត្រាស់ដឹង នូវធម៌​ដែលខ្លួនមិនទាន់ បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌​ដែលខ្លួនមិនទាន់​បានធ្វើឲ្យជាក់ ច្បាស់ នេះ កុសីតវត្ថុទី ៧។ ៨. ភិក្ខុជាសះស្បើយអំពីជម្ងឺ​ហើយ តែទើប នឹងសះស្បើយមិនយូរប៉ុន្មាន ភិក្ខុនោះមាន​សេចក្ដីត្រិះរិះយ៉ាងនេះ​ថា អាត្មាអញសះ ស្បើយអំពីជម្ងឺហើយ តែសះស្បើយមិន​ទាន់យូរ​ប៉ុន្មាន កាយ​របស់អាត្មាអញ នោះនៅមិនទាន់មានកម្លាំង ធ្វើការងារមិន​ទាន់កើត បើដូច្នោះ អាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់ នូវធម៌ដែល​ខ្លួនមិនទាន់ដល់ ដើម្បី ត្រាស់ដឹងនូវធម៌ដែល​ខ្លួនមិនទាន់​បាន​ត្រាស់ដឹង ដើម្បីធ្វើឲ្យ​ជាក់ច្បាស់ នូវធម៌ ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៨។ (បិ.៨២, ឃ.២៤៧) ដោយ៥០០០ឆ្នាំ
images/articles/2767/sdreew44extpic.jpg
Public date : 12, Mar 2024 (7,676 Read)
អតីតេ ក្នុងអតីតកាល ព្រះរាជាព្រះនាម ពកៈ ទ្រង់សោយរាជ្យប្រកបដោយធម៌ ក្នុងក្រុងពារាណសី ។ ក្នុងសម័យនោះ មានធីតា ឈ្មោះ បញ្ចបាបី របស់មនុស្សក្រីក្រម្នាក់ រស់នៅទិសខាងកើតទ្វារក្រុងពារា​ណ​សី ។ កិរ បានឮមកថា សូម្បីក្នុងជាតិមុន នាងបញ្ចបាបីនោះ ក៏កើតជាទលិទ្ទធីតា (ធីតារបស់អ្នក​ក្រម្នាក់) នាងជាន់នូវដីស្អិត ដើម្បីបូកលាបនូវជញ្ជាំងផ្ទះ ។ លំដាប់នោះ ព្រះបច្ចេកពុទ្ធមួយអង្គ គិតដើម្បី​ប្រយោជន៍ដល់ការធ្វើនូវគ្រឿងបរិភណ្ឌដល់ញកភ្នំរបស់ខ្លួនថា យើងនឹងបាននូវដីស្អិតក្នុងទីណា ទើបគិតថា អាចបានក្នុងក្រុងពារាណសី ដូច្នេះហើយ ឃ្លុំនូវចីវរ ជាអ្នកមានដៃកាន់នូវបាត្រ ចូលទៅកាន់នគរ ហើយឈរនៅក្នុងទីមិនឆ្ងាយអំពីនាងនោះ ។ នាងទលិទ្ទធីតានោះ ក្រោធហើយ កាលសម្លឹងមើលដោយចិត្តប្រទូស្តទើបពោលថា គ្រាន់តែដីស្អិតក៏សូមដែរ ។ ព្រះបច្ចេកពុទ្ធបានជាអ្នកនៅស្ងៀម មិនកម្រើកញាប់ញ័រ ។ លំដាប់នោះ នាងទលិទ្ទធីតានោះ ឃើញនូវភាពនៃព្រះបច្ចេកពុទ្ធដែលមិនកម្រើកញាប់ញ័រ ក៏ញ៉ាំងចិត្តឲ្យជ្រះថ្លាឡើងហើយពោល​ថា បពិត្រសមណៈ លោកម្ចាស់មិនបាននូវដីស្អិតឬ ដូច្នេះហើយ នាងបាននាំយកនូវដីស្អិតមួយដុំធំមកដាក់ក្នុងបាត្រ ។ ព្រះបច្ចេកពុទ្ធបានធ្វើនូវការប្រោសព្រំលាបបូកញកភ្នំដោយដីស្អិតនោះ ។ មិនយូរប៉ុន្មាន នាងទលិទ្ទធីតានោះបានចុតិចាកអត្តភាពនោះ ហើយកាន់យកនូវបដិសន្ធិក្នុងផ្ទៃនៃស្ត្រីទុគ៌តក្នុងស្រុកមួយ ដែលនៅខាងក្រៅទ្វារព្រះនគរ ។ ដោយកាលកន្លងទៅ ១០ ខែ នាងក៏ប្រសូត្រចាក​ផ្ទៃ​នៃមាតា ។ ដោយផលនៃការថ្វាយដុំដីស្អិត សរីរៈរបស់នាងក៏ដល់ព្រមដោយសម្ផស្ស (ដ៏អស្ចារ្យ​) ​តែព្រោះសេចក្ដីក្រោធ មើលងាយព្រះបច្ចេកពុទ្ធ នាងជាអ្នកមានរូបវិកលអាក្រក់ (៥ កន្លែង គឺ) ដៃ ជើង មុខ ភ្នែក និង ច្រមុះ ។ ដោយហេតុនោះ មនុស្សទាំងឡាយទើបស្គាល់នាងក្នុងឈ្មោះថាថា បញ្ចបាបី (ស្ត្រីមានរូបអាក្រក់ ៥) ។ ក្នុងថ្ងៃមួយ ព្រះបាទពារាណសី កាលនឹងឃ្លាំមើលព្រះនគរដោយភេទដែលអ្នកដទៃមិនស្គាល់ (ក្លែងខ្លួនជាមនុស្សសាមញ្ញដោយស្លៀកពាក់ស៊ីវិល) ទ្រង់បានយាងទៅកាន់ប្រទេសនោះ ក្នុងវេលារាត្រី ។ សូម្បីនាងបញ្ចបាបីនោះ កាលលេងជាមួយនឹងក្មេងស្រីទាំងឡាយក្នុងស្រុក បានចាប់កាន់ដៃរបស់ព្រះរាជា ព្រោះតែមិនស្គាល់ ។ ព្រះរាជានោះ មិនអាចនឹងឋិតនៅដោយសភាពរបស់ខ្លួនបានឡើយ ដោយសម្ផស្សដៃរបស់នាងបញ្ចបាបីនោះ ហាក់បីដូចជាអ្នកបានពាល់ត្រូវដោយសម្ផស្សជាទិព្វ ។ ព្រះរាជានោះ បានជាអ្នកមានតម្រេកត្រេកអរនឹងសម្ផស្ស ទ្រង់ក៏ចាប់នូវនាងបញ្ចបាបីសូម្បីមានរូបអាក្រក់យ៉ាងនោះ ត្រង់ដៃ ហើយសួរនាងថា នាងជាធីតារបស់អ្នកណា ? នាងបញ្ចបាបីពោលថា ខ្ញុំជាធីតារបស់អ្នកនៅត្រង់ទ្វារនគរនេះឯង ព្រះរាជាសួរនូវនាងដល់ភាពជាអ្នកមិនមានម្ចាស់ (សួរថាមានប្ដីនៅ) ដូច្នេះហើយ ទើត្រាស់ថា យើងនឹងជាស្វាមីរបស់នាង នាងចូរទៅសូមអនុញ្ញាតមាតាបិតាចុះ។ នាងបញ្ចបាបីនោះ បានចូលទៅរកមាតាបិតាហើយពោលថា បពិត្រលោកឪពុកអ្នកម្ដាយ មានបុរសម្នាក់ចង់បានខ្ញុំ ។ មាតាបិតារបស់នាងគិតថា បុរសនោះប្រហែលជាមនុស្សទុគ៌តហើយ ទើបពោលថា បើគេចង់បានមនុស្សដូចកូនយ៉ាងនេះ ល្អហើយ ។ នាងបញ្ចបាបីទើបត្រឡប់មកវិញហើយប្រាប់នូវភាពនៃខ្លួនដែលមាតាបិតាអនុញ្ញាត (ដល់ព្រះរាជា) ។ ព្រះរាជានោះក៏បាននៅជាមួយនាងបញ្ចបាបីនោះក្នុងផ្ទះនោះឯង ហើយទ្រង់ក៏ត្រឡប់ចូលរាជនិវេសន៍អំពីព្រលឹម ។ ចាប់តាំងអំពីពេលនោះមក ព្រះរាជាតែងយាងទៅជានិច្ចដោយភេទដែលមិនមានគេស្គាល់ ទ្រង់លែងប្រាថ្នាសូម្បីតែការមើលនូវស្ត្រីដទៃ ។ ក្នុងថ្ងៃមួយ បិតារបស់នាងបញ្ចបាបី បានកើតនូវរោគ លោហិតបក្ខន្ទិកាពាធ (ជំងឺធ្លាក់ឈាម) ។ ថ្នាំដែលនឹងព្យាបាលរោគនោះ គឺ បាយបាយាសលាយជាមួយទឹកដោះស្រស់ ទឹកដោះថ្លា ទឹកឃ្មុំ និងស្ករក្រួស តែថ្នាំនោះ មិនអាចនឹងកើតឡើងដល់ពួកគេដែលមនុស្សក្រីក្រឡើយ ។ លំដាប់នោះ មាតានាងបញ្ចបាបីពោលនឹងធីតាថា នែកូន ស្វាមីរបស់កូនអាននឹងញ៉ាំងបាយបាយាសឲ្យកើតឡើងឬ ? នាងបញ្ចបាបីពោលថា បពិត្រអ្នកម៉ែ ស្វាមីរបស់ខ្ញុំគប្បីជាមនុស្សក្រជាងពួកយើងទៀត តែមិនអីទេ ចាំខ្ញុំសួរគាត់សិន ម៉ែកុំគិតច្រើនអី ។ ក្នុងវេលាដែលព្រះរាជាយាងមក នាងបញ្ចបាបីបានជាអ្នកមានចិត្តទោមនស្សហើយអង្គុយ។ គ្រានោះ ព្រះរាជាយាងមករកនាងហើយសួរថា ហេតុអ្វីបាននាងទោមនស្ស ? នាងក៏ប្រាប់សេចក្ដីនោះ ។ ព្រះរាជាបានស្ដាប់ពាក្យនោះហើយ ក៏ត្រាស់ថា ហៃអូនសម្លាញ់ ថ្នាំដែលមានរសវិសេសយ៉ាងនេះ បងនឹងបានមកអំពីណា គ្រាត្រាស់យ៉ាងនេះហើយ ទ្រង់គិតថា យើងមិនអាចនឹងទៅមកយ៉ាងនេះរហូតឡើយ ប្រាកដជានឹងជួបអន្តរាយតាមផ្លូវ ហើយបើយើងនឹងនាំនាងមកកាន់រាជនិវេសន៍ខាងក្នុង អ្នកដែលមិនដឹងនូវការដល់ព្រមដោយសម្ផស្សរបស់នាង ពួកគេនឹងធ្វើនូវការសើចចំអកឲ្យយើងថា ព្រះរាជារបស់យើងកាន់យក យក្ខិនីនាំមក ចឹងយើងនឹងធ្វើឲ្យអ្នកនគរទាំងអស់បានដឹងនូវសម្ផស្សរបស់នាងជាមុនសិន ដូច្នេះយើងនឹងរួចផុតពីការតិះដៀល ។ លំដាប់នោះ ព្រះរាជាត្រាស់នឹងនាងថា ហៃអូនសម្លាញ់ សូមកុំគិតឡើយ ចាំបងនឹងនាំយកបាយាសដើម្បីឪពុករបស់អូន ដូច្នេះហើយ ក៏ទ្រង់អភិរម្យត្រេកអរសប្បាយរីករាយជាមួយនឹងនាងបញ្ចបាបីនោះ ហើយមកកាន់រាជនិវេសន៍ ។ ក្នុងថ្ងៃស្អែក ទ្រង់បញ្ជាឲ្យគេចម្អិនបាយាសដូចនោះ ហើយទ្រង់ឲ្យនាំស្លឹកឈើមក ឲ្យធ្វើនូវកញ្ចប់ ២ ដាក់នូវបាយាសក្នុងកញ្ចប់មួយ ដាក់នូវចូឡាមណី (ស្នៀតសក់) ក្នុងកញ្ចប់មួយ ចងជាប់ហើយ យាងទៅក្នុងពេលរាត្រី (បានដល់ហើយ) ត្រាស់នឹងនាងបញ្ចបាបីថា ហៃអូនសម្លាញ់ ពួកយើងជាមនុស្សក្រ កិច្ចដោយការញ៉ាំងបាយនេះឲ្យកើតលំបាកណាស់ អូនចូរប្រាប់ឪពុកថា ថ្ងៃនេះ ពុកចូរពិសាបាយមួយកញ្ចប់នេះ ចាំស្អែកពិសាមួយកញ្ចប់នេះ ។ នាងបញ្ចបាបីក៏បានធ្វើតាមយ៉ាងនោះ ។ ល្មមតែឪពុកនាងបញ្ចបាបីបរិភោគបាយបាយាសតែបន្តិចប៉ុណ្ណោះ គាត់ក៏ឆ្អែតស្កប់ស្កល់ ព្រោះភាវៈនៃបាយនោះដែលដល់ព្រមដោយឱជារស ។ នាងបញ្ចបាបីក៏ឲ្យនូវចំណែកសល់ដល់ម្ដាយ ហើយទើបបរិភោគខ្លួនឯង ។ សូម្បីទាំងបីនាក់ក៏បានឆ្អែតស្កប់ស្កល់ ។ ចំណែកកញ្ចប់ចូឡាមណី ពួកគេយកទុកដើម្បីប្រយោជន៍ក្នុងថ្ងៃស្អែក ។ ព្រះរាជាមកកាន់និវេសន៍ ទ្រង់ជម្រះនូវមុខហើយ ត្រាស់ថា អ្នកទាំងឡាយចូរនាំមកនូវចូឡាមណីដល់យើង ។ ពួកអ្នកបម្រើទូលថា បពិត្រព្រះសម្មតិទេព ពួកខ្ញុំព្រះអង្គមិនឃើញទេ ។ ព្រះរាជាត្រាស់ អ្នកទាំងឡាយចូរឆែកមើលអស់ទូទាំងនគរទាំងមូល ។ ពួកគេសូម្បីឆែករកមើលហើយក៏មិនបានឃើញឡើយ ។ ព្រះរាជាបញ្ជាថា អ្នកទាំងឡាយឆែកមើលឲ្យអស់ សូម្បីត្រឹមតែកញ្ចប់បាយធ្វើពីស្លឹកឈើ ក្នុងផ្ទះរបស់មនុស្សក្រីក្រខាងក្រៅនគរ ។ កាលពួករាជបុរសឆែកមើលក៏បានឃើញនូវចូឡាមណីក្នុងឆ្នាំងនោះ ហើយចងនូវមាតាបិតារបស់នាងបញ្ចបាបីដោយចោទថា ជាចោរ ហើយនាំទៅ ។ លំដាប់នោះ បិតារបស់នាង បញ្ចបាបីពោលថា បពិត្រលោកជាម្ចាស់ ពួកខ្ញុំមិនមែនជាចោរទេ ចូឡាមណីនេះអ្នកដទៃនាំមក ។ រាជបុរសសួរថា អ្នកណា នាំមក ? គាត់ប្រាប់ថា ជាមាតរៈ (កូនប្រសាប្រុស) របស់ខ្ញុំ ។ រាជបុរសសួរថា ចុះគេនោះនៅឯណា ? គាត់ប្រាប់ថា ទាល់កូនស្រីរបស់ខ្ញុំទើបដឹង ។ លំដាប់នោះ ឪពុកនាងបញ្ចបាបីពោលនឹងកូនស្រីថា ម្នាលកូន នាងស្គាល់ស្វាមីរបស់នាងទេ ។ នាងបញ្ចបាបីពោលថា ខ្ញុំមិនស្គាល់ទេ ។ ឪពុកនាងពោលថា បើយ៉ាងនោះ ជីវិតរបស់ឪពុកមិនមានទេ ។ នាងបញ្ចបាបីពោលថា បពិត្រលោកឪពុក គាត់មកក្នុងពេលងងឹត ហើយត្រឡប់ទៅវិញក្នុងពេលងងឹត ខ្ញុំមិនដែលបានឃើញរូបគាត់ច្បាស់ទេ តែខ្ញុំអាចស្គាល់ ចំណាំគាត់បានដោយសម្ផស្សដៃ ។ ឪពុកនាងបញ្ចបាបីនោះក៏ប្រាប់ដល់រាជបុរស ។ សូម្បីពួករាជបុរសក៏ទូលព្រះរាជា ។ ព្រះរាជាធ្វើហាក់បីដូចជាមិនដឹង ត្រាស់ថា បើយ៉ាងនោះ អ្នកទាំងឡាយចូរដាក់ស្ត្រីនោះក្នុងវាំងនន ក្នុងព្រះលានហ្លួង ហើយធ្វើនូវវាំងននឲ្យមានប្រហោងប្រមាណប៉ុនដៃ ហើយឲ្យអ្នកនគរមកប្រជុំគ្នា រួចអ្នកទាំងឡាយចូរចាប់នូវចោរដោយសម្ផស្សនៃដៃ ។ ពួករាជបុរសក៏ធ្វើយ៉ាងនោះ ឲ្យមនុស្សទាំងឡាយទៅកាន់សម្នាក់នាងបញ្ចបាបីនោះ បានឃើញរូបនាងហើយ ជាអ្នកមានសេចក្ដីក្ដៅក្រហាយចិត្ត ខ្ពើមរអើមថា ធី, ធី បិសាចិ ថ្វើយ ថ្វើយ មីបិសាច ដូច្នេះហើយ មិនហ៊ានដើម្បីនឹងពាល់ឡើយ ។ ពួករាជបុរសនាំនាងបញ្ចបាបីមកដាក់ក្នុងវាំងនន ក្នុងព្រះលានហ្លួងហើយ ក៏ឲ្យអ្នកនគរទាំងអស់មកប្រជុំគ្នា ។ នាងបញ្ចបាបីនោះបានចាប់ដៃរបស់បុរសដែលលូកមកហើយតាមប្រហោង នៃអ្នកដែលមកហើយមកហើយ រួចពោលថា មិនមែនស្វាមីខ្ញុំទេ ។ បុរសទាំងឡាយបានដឹងសម្ផស្សរបស់នាងបញ្ចបាបីនោះ ហាក់បីដូចជាសម្ផស្សជាទិព្វ មិនអាចដើម្បីនឹងគេចទៅ ម្នាក់ៗគិតថា បើស្ត្រីនេះគួរដល់អាជ្ញាហើយ យើងសូម្បីត្រូវអាជ្ជា និងចូលដល់ភាពជាអ្នកធ្វើនូវទាសកម្ម យើងនឹងធ្វើនូវនាងនោះឲ្យនៅក្នុងផ្ទះ ។ លំដាប់នោះ រាជបុរសទាំងឡាយ វាយដោយដំបងឲ្យ ហើយដេញឲ្យរត់ទៅ ។ ធ្វើហើយយ៉ាងនេះតាំងតែឧបរាជជាដើម បុរសទាំងអស់ហាក់ដូចជាមនុស្សឆ្កួត ។ លំដាប់នោះ ព្រះរាជាត្រាស់ថា នឹងគប្បីជាយើងឬ ហើយទ្រង់ក៏លូកព្រះហស្តទៅ ។ នាងបញ្ចបាបីចាប់នូវព្រះហស្តនោះហើយ ធ្វើនូវសំឡេងដ៏ខ្លាំងថា ចោរគឺខ្ញុំចាប់បានហើយ ។ ព្រះរាជាត្រាស់មនុស្សទាំងនោះថា កាលនាងចាប់ដៃអ្នកទាំងឡាយ អ្នកទាំងឡាយគិតដូចម្ដេច ។ បុរសទាំងនោះក៏ទូលតាមសេចក្ដីពិត ។ លំដាប់នោះ ព្រះរាជាត្រាស់ថា កាលដែលយើងឲ្យធ្វើយ៉ាងនេះ ក៏ដើម្បីនឹងនាំស្ត្រីនេះមកក្នុងវាំងរបស់យើង កាលនៅគិតថា បើអ្នកទាំងឡាយមិនដឹងនូវសម្ផស្សរបស់នាងទេ នឹងតិះដៀលយើង ព្រោះហេតុនោះ អ្នកទាំងអស់គ្នាគឺយើងបានឲ្យដឹងហើយ ចូរនិយាយមកមើលថា ស្ត្រីនេះគួរដើម្បីនឹងនៅក្នុងផ្ទះរបស់អ្នកណា ? បុរសទាំងនោះពោលថា បពិត្រទេវៈ ក្នុងព្រះរាជវាំងរបស់ព្រះអង្គ ។ គ្រានោះ ព្រះរាជាក៏អភិសេកនូវនាងបញ្ចបាបីនោះហើយ ធ្វើឲ្យជាព្រះអគ្គមហេសី និង ព្រះរាជទានឥស្សិយយសដល់មាតាបិតារបស់នាងបញ្ចបាបី ។ តាំងអំពីពេលនោះមក ព្រះរាជាទ្រង់ស្រវឹងងប់ងុលឈ្លក់វង្វេងនឹងនាងបញ្ចបាបីនោះណាស់ មិនតាំងនូវការវិនិច្ឆ័យក្ដី មិនមើលនូវស្ត្រីដទៃ ។ ពួកស្រីស្នំទាំងឡាយទើបស្វែងរកទោសជាចន្លោះរបស់នាងបញ្ចបាបីនោះ ។ ថ្ងៃមួយ នាងបញ្ចបាបីឃើញនូវមិនិត្តក្នុងសុបិននៃភាពជាអគ្គមហេសីនៃព្រះរាជាពីរអង្គ បានប្រាប់ដល់ព្រះរាជា ។ ព្រះរាជាប្រកាសឲ្យហៅអ្នកទាយសុបិនមក ហើយសួរថា សុបិនឃើញយ៉ាងនេះ នឹងកើតរឿងអ្វី ? ហោរានោះបានកាន់សំណូកអំពីសម្នាក់របស់ស្ត្រីទាំងឡាយនោះ ក៏ពោល​ថា បពិត្រមហារាជ ការដែលព្រះទេវីសុបិនឃើញថា បានអង្គុយលើកដំរីសទាំងអស់នេះ ជាបុព្វនិមិត្តនៃមរណៈរបស់ព្រះអង្គ, ដែលព្រះនាងសុបិនថា បានស្ទាបព្រះចន្ទ្រដោយការទៅដោយកដំរីនេះ ជាបុព្វនិមិត្តនៃការនាំមកនូវព្រះរាជាជាសត្រូវរបស់ព្រះអង្គ ។ ព្រះរាជាត្រាស់ថា ឥឡូវនេះ នឹងគប្បីធ្វើដូចម្ដេច គេទូលថា បពិត្រទេវៈ មិនអាចនឹងសម្លាញ់ព្រះនាងនេះឡើយ គួរដាក់ព្រះនាងលើនាវាហើយបណ្ដែតតាមទន្លេចុះ ។ ព្រះរាជាឲ្យគេដាក់នាងបញ្ចបាបីនោះ មួយអន្លើដោយអាហារនិងគ្រឿងអលង្ការលើនាវា ក្នុងពេលរាត្រី ឲ្យគេបោះបង់បណ្ដែតតាមទន្លេ ។ នាងបញ្ចបាបីនោះ កាលអណ្ដែតតាមទន្លេ ក៏បានដល់ខាងមុខនៃព្រះរាជាពាវរិកៈ ដែលទ្រង់កំពុងលេងទឹក នៅខាងក្រោមនៃខ្សែទឹករបស់នាវានោះ ។ សេនាបតីរបស់ព្រះបាទពាវរិកៈនោះឃើញហើយពោលថា នាវានេះជារបស់ខ្ញុំ ។ ព្រះរាជាពាវរិកៈត្រាស់ថា ភណ្ឌៈរបស់នាវាជារបស់យើង ព្រះរាជាបានឃើញនូវនាងបញ្ចបាបីដោយនាវាដែលមកដល់ហើយ ក៏សួរថា នាងមានឈ្មោះអ្វី មានរូបដូចជាបិសាច ? នាងបញ្ចបាបីធ្វើនូវការញញឹមបានពោលប្រាប់នូវភាពជាអគ្គមហេសីរបស់ព្រះរាជាពកៈ ហើយប្រាប់សេចក្ដីទាំងអស់ដល់ព្រះរាជានោះ ។ នាងបញ្ចបាបីនោះ មានឈ្មោះប្រាកដទូទាំងជម្ពូទ្វីបទាំងអស់ថា បញ្ចបាបី ។ លំដាប់នោះ ព្រះរាជាក៏ចាប់នូវនាងត្រង់ដៃ ហើយលើកឡើង ព្រមគ្នានឹងការចាប់នោះឯង ព្រះរាជាមានសេចក្ដីត្រេកអរដោយសម្ផស្ស មិនធ្វើនូវឥត្ថិសញ្ញាក្នុងស្ត្រីដទៃ តែងតាំងនាងបញ្ចបាបីនោះជាអគ្គមហេសី ។ នាងបញ្ចបាបីនោះបានជាអ្នកស្មើដោយជីវិតរបស់ព្រះរាជាពាវរិកៈនោះ ។ ព្រះបាទពកៈទ្រង់ស្ដាប់ការប្រព្រឹត្តទៅនោះហើយ គិតថា យើងនឹងមិនឲ្យអគ្គមហេសីរបស់ព្រះរាជានោះឡើយ ដូច្នេះហើយ ទើបរួបរួមសេនា ធ្វើនូវនិវេសន៍ត្រង់កំពង់ម្ខាងនៃនគរព្រះបាទពាវរិកៈនោះ ឲ្យបញ្ជូលសារទៅថា ព្រះបាទពាវរិកៈចូរឲ្យភរិយាដល់យើង ឬច្បាំងគ្នា ។ ព្រះបាទពាវរិកៈតបថា យើងមិនឲ្យភរិយាឡើយ នឹងច្បាំងគ្នា ហើយរៀបចាំការច្បាំង ។ អាមាត្យទាំងឡាយរបស់ព្រះរាជាទាំងពីរ ប្រឹក្សាគ្នាថា មរណកិច្ចមិនមានដោយអាស្រ័យមាតុគ្រាមឡើយ នាងបញ្ចបាបីនេះគួរដល់ព្រះរាជាពកៈព្រោះទ្រង់ជាស្វាមីដំបូង តែក៏គួរដល់ព្រះរាជាពាវរិកៈព្រោះទ្រង់បាននាវា ព្រោះហេតុនោះ នាងបញ្ចបាបីនេះ គួរនៅក្នុងសម្នាក់របស់ព្រះរាជាមួយអង្គៗ ៧ ថ្ងៃ ៗ ចុះ ដូច្នេះហើយ ទើបក្រាបទូលដល់ព្រះរាជាទាំងពីរឲ្យទ្រង់យល់ព្រម ។ ព្រះរាជាទាំងពីរអង្គនោះ ពេញព្រះទ័យ (យល់ស្របតាម) ទ្រង់ឲ្យគេកសាងនគរត្រង់កំពង់ម្ខាង និងកំពង់ម្ខាង ហើយស្ដេចគង់នៅ ។ នាងបញ្ចបាបីក៏បានជាអគ្គមហេសីនៃព្រះរាជាទាំងពីរអង្គនោះ ។ សូម្បីព្រះរាជាទាំងពីរអង្គនោះ ទ្រង់បានជាអ្នកឈ្លក់វង្វេងនឹងនាងបញ្ចបាបី ។ ចំណែកនាងបញ្ចបាបីនោះបាននៅអស់ ៧ ថ្ងៃ ក្នុងរាជដំណាក់របស់ព្រះរាជាមួយហើយ កាលទៅកាន់រាជដំណាក់របស់ព្រះរាជាមួយអង្គទៀតដោយនាវា ក៏បានធ្វើនូវអំពើបាប (ស្រឡាញ់គ្នា) ក្នុងទីពាក់កណ្ដាលទន្លេ ជាមួយនឹងអ្នកបុរសគមចាស់ដែលជាអ្នកអ៊ំទូកម្នាក់ទៀត ក្នុងពេលដែលគេចៀវទូកនាំនាងទៅ ។ តទា កុណាលោ សកុណរាជា ពកោ អហោសិ ក្នុងពេលនោះ កុណាលសកុណៈ គឺជាព្រះបាទ ពកៈ ព្រោះហេតុនោះ បាននាំយកនូវរឿងដែលខ្លួនបានឃើញមក កាលនឹងសម្ដែងទើបពោលគាថា​ថាពកស្ស ច ពាវរិកស្ស ច រញ្ញោ, អច្ចន្តកាមានុគតស្ស ភរិយា; អវាចរី ដ្ឋវសានុគស្ស, កំ វាបិ ឥត្ថី នាតិចរេ តទញ្ញំ។ ភរិយារបស់ព្រះបាទពកៈ និងព្រះបាទពាវរិតៈ ជាព្រះរាជាល្មោភ​កាម​ដ៏ក្រៃលែង បានប្រព្រឹត្តក្បត់ចំពោះបុរស អ្នកលុះក្នុងអំណាចដែលខ្លួនប្រាថ្នា ស្រីមិនប្រព្រឹត្តកន្លងស្វាមីនិងបុរសដទៃនោះឯណាកើត ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៧២-១៧៣)ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2768/texssss55tpic.jpg
Public date : 12, Mar 2024 (5,377 Read)
អតីតេ ក្នុងអតីតកាលដ៏យូរលង់ណាស់មកហើយ អគ្គមហេសីរបស់ព្រះបាទ ព្រហ្មទត្តមានព្រះនាមថា បិង្គិយានី បានបើកនូវសីហបញ្ជរ កាលព្រះនាងសម្លឹងទៅបានឃើញបុរសអ្នកគង្វាលសេះមង្គលម្នាក់ (ក៏មានព្រះហ្ឫទ័យប្រតិព័ទ្ធស្នេហា) គ្រាកាលដែលព្រះរាជស្វាមីទ្រង់កំពុងដំណើរការនិទ្រាលង់លក់ហើយ ព្រះនាងក៏ចុះតាមវាតបានគឺបង្អួច ទៅប្រព្រឹត្តអំពើក្បត់ (លបលួចស្រឡាញ់គ្នា) ជាមួយនឹងអ្នកគង្វាលសេះនោះ រួចរាល់ស្រេចបាច់ហើយ ទើបឡើងមកកាន់ប្រាសាទ ហើយជម្រះនូវសរីរៈដោយគ្រឿងក្រអូប ទើបបានចូលទៅដេកជាមួយព្រះរាជស្វាមីវិញ ។ អថេកទិវសំ លំដាប់នោះ ក្នុងថ្ងៃមួយ ព្រះរាជាទ្រង់ត្រិះរិះថា ហេតុអ្វីហ្ន៎ បានជាក្នុងវេលាពាក់កណ្ដាលអធ្រាត្រ សរីរៈរបស់ព្រះទេវីទើបត្រជាក់ជានិច្ចចឹង យើងនឹងឃ្លាំមើលនូវនាង ដូច្នេះហើយ ក្នុងថ្ងៃមួយនោះ ព្រះរាជាទ្រង់ធ្វើហាក់ដូចជាផ្ទំលក់ ពេលព្រះនាងក្រោកទៅ ព្រះរាជាទ្រង់ក៏យាងទៅតាមក្រោយ ទ្រង់បានឃើញព្រះនាងប្រព្រឹត្តអំពើក្បត់ជាមួយនឹងអ្នកគង្វាលសេះ ហើយទ្រង់ត្រឡប់មក ស្ដេចក៏ឡើងកាន់ទីសយ្យាសនៈ ។ សូម្បីព្រះនាងទេវី កាលបានប្រព្រឹត្តរួចរាល់ហើយ ទើបយាងមកហើយចូលផ្ទំលើទីដេកដ៏តូចមួយ ។ បុនទិវសេ ក្នុងថ្ងៃស្អែក ព្រះរាជាបញ្ជាឲ្យនាងបិង្គិយានីមកក្នុងកណ្ដាលពួកអាមាត្យ ទ្រង់បង្ហាញនូវកិច្ចនោះ ហើយត្រាស់ថា ស្ត្រីទាំងពួងរមែងមានធម៌ដ៏លាមក ដូច្នេះហើយ ទ្រង់បានលើកលែងទោសសម្លាប់ ចាប់ចង កាត់អវយវៈ ទម្លាយ (ដាក់ទោសត្រឹមតែ) ញ៉ាំងព្រះនាងឲ្យឃ្លាតចាកតំណែង ហើយទ្រង់បានតែងតាំងស្ត្រីដទៃធ្វើជាអគ្គមហេសី ។ តទា កុណាលោ រាជា ព្រហ្មទត្តោ អហោសិ ក្នុងកាលនោះ កុណាលសកុណៈ គឺជាព្រះបាទព្រហ្មទត្តនោះ ។ ព្រោះហេតុនោះ កាលនឹងសម្ដែងហេតុដែលខ្លួនឃើញមក ទើបពោលនូវគាថាថាបិង្គិយានី សព្ពលោកិស្សរស្ស, រញ្ញោ បិយា ព្រហ្មទត្តស្ស ភរិយា; អវាចរី បដ្ឋវសានុគស្ស, តំ វាបិ សា នាជ្ឈគា កាមកាមិនី ។នាងបិង្គិយានីជាភរិយា ជាទីស្រឡាញ់នៃព្រះបាទព្រហ្មទត្ត ព្រះអង្គជាធំ ក្នុងលោកទាំងមូល បានប្រព្រឹត្តក្បត់ចំពោះបុរសអ្នកលុះក្នុងអំណាចដែលខ្លួនប្រាថ្នា នាងបិង្គិយានី ជាអ្នកល្មោភក្នុងកាមនោះ មិនបាននូវបុរសគង្វាលសេះនោះផង (នូវទីអគ្គមហេសីផង) ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៧៣) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2769/32wwtpic.jpg
Public date : 12, Mar 2024 (6,550 Read)
កាលពីព្រេងនាយ មានព្រះរាជាមួយព្រះអង្គព្រះនាម កណ្ឌរី១ សោយរាជសម្បត្តិក្នុងនគរពារាណសី ទ្រង់មានព្រះរូបឆោមលោមពណ៌ល្អឆើតឆាយ ។ ពួកអាមាត្យទាំងឡាយតែងនាំយកគ្រឿងក្រអូបមកថ្វាយដល់ព្រះរាជានោះរាល់ៗថ្ងៃ ។ កាលប្រោះព្រំគ្រឿងក្រអូបក្នុងព្រះរាជនិវេសន៍សព្វគ្រប់ហើយ ក៏ពុះឈើក្រអូប ចម្អិននូវព្រះក្រយាដើម្បី (ថ្វាយ) ព្រះរាជានោះ ។ សូម្បីព្រះអគ្គមហេសីរបស់ព្រះបាទកណ្ឌរីនោះ ក៏ជាអ្នកមានរូបល្អស្អាតក្រៃលែង ព្រះនាងមានព្រះនាម កិន្នរា២ ។ សូម្បីបុរោហិតរបស់ព្រះចៅកណ្ឌរីនោះ ក៏ជាអ្នកដល់ព្រមដោយបញ្ញាហើយមានវ័យស្មើនឹងព្រះរាជាដែរ លោកមានឈ្មោះថា បញ្ចាលចណ្ឌៈ ។ ខាងក្នុងស្ថានទី ដែលអាស្រ័យនឹងប្រាសាទរបស់ព្រះរាជានោះ មានដើមព្រីងមួយដើមដុះនៅខាងក្នុងកំពែងវាំង ហើយមានមែកសាខាឱនសំយុងចុះទៅលើកំពែងវាំងនោះ ។ មានបុរសខ្វិនមួយមានរូបរាងអាក្រក់គួរខ្ពើមអាស្រ័យនៅនឹងម្លប់ព្រីងនោះ ។ ក្នុងថ្ងៃមួយព្រះនាងកិន្នរាទេវី កាលព្រះនាងសម្លឹងមើលតាមវាតបាន (សីហបញ្ជរ) ឆៀងព្រះនេត្រទតឃើញបុរសនោះ ក៏ជាប់ព្រះទ័យប្រតិព័ទ្ធស្នេហាឥតរសាយ លុះវេលាដែលញ៉ាំងព្រះរាជាឲ្យទ្រង់ រីក​រាយ​ឆ្អែតស្កប់ស្កល់ដោយកិលេស និងឲ្យទ្រង់ផ្ទំលក់ហើយ ព្រះនាងទើបក្រោកឡើង វេចខ្ចប់អាហារដែលប្រណីតៗមានរសឆ្ងាញ់ដាក់ក្នុងផ្តិលមាស ធ្វើឲ្យជាប់នឹងចង្កេះ ហើយឆ្លងតាមវាតបានដោយខ្សែធ្វើអំពីសំពត់ ឡើងទៅកាន់ដើមព្រីង ហើយចុះទៅតាមមែក ញ៉ាំងបុរសខ្វិននោះឲ្យបរិភោគរួចហើយ ទើបធ្វើនូវអំពើអាក្រក់(ប្រព្រឹត្តអំពើក្បត់) ជាមួយនឹងបុរសនោះ រួចរាល់ហើយ ទើបព្រះនាងឡើងមកប្រាសាទដោយផ្លូវដែលខ្លួនមកនោះឯង ជម្រះនូវសរីរកាយដោយគ្រឿងក្រអូបហើយ ទើបចូលទៅផ្ទំជាមួយនឹងព្រះរាជាវិញ ។ ព្រះនាងកិន្នរានោះតែងប្រព្រឹត្តអំពើបាបជាមួយនឹងបុរសខ្វិននោះជាប់ជានិច្ចដោយឧបាយនេះឯង ។ ចំណែកឯព្រះរាជាទ្រង់មិនបានដឹងឡើយ ។ ថ្ងៃមួយ ព្រះរាជាទ្រង់ប្រទក្សិណព្រះនគររួចហើយ កាលនឹងចូលកាន់ព្រះរាជនិវេសន៍ ទ្រង់ទតឃើញបុរសខ្វិន ដែលមានអាការៈគួរអាណិតក្រៃលែង ដែលនៅអាស្រ័យនឹងម្លប់ដើមព្រីងនោះ ទើបទ្រង់ត្រាស់សួរបុរោហិតថា ឃើញមនុស្សប្រេតនោះដែរឬទេ ? បុរោ​ហិត​ទូលថា ព្រះករុណាព្រះអង្គ ខ្ញុំឃើញ ។ ព្រះចៅកណ្ឌរីក៏សួរទៀតថា ម្នាលសម្លាញ់ ចុះបុរសដែលមានរូបរាងអាក្រក់គួរខ្ពើមយ៉ាងនេះ នឹងមានស្ត្រីណាមកស្រឡាញ់ដោយឆន្ទរាគៈដែរនោះ ? បុរសខ្វិនបានស្ដាប់ព្រះរាជតម្រាស់នោះហើយ ក៏កើតមានះហើយគិតថា ព្រះរាជានេះនិយាយស្អី មិនដឹងថាមហេសីរបស់ខ្លួនមកកាន់សម្នាក់យើង ហើយលើកដៃសំពះដើមព្រីងពោលវាចាថា ឱ ទេព្តាដែលនៅនឹងដើមព្រីងនេះអើយ វៀរលែងតែអ្នកចេញហើយ មនុស្សដទៃមិនដឹងនូវហេតុការណ៍នោះឡើយ ។ បុរោហិតឃើញកិរិយារបស់បុរសខ្វិននោះ ហើយគិតថា ព្រះអគ្គមហេសីរបស់ព្រះរាជាប្រាកដជាមកតាមដើមព្រីងនេះ ហើយធ្វើកម្មលាមកជាមួយនឹងបុរសនេះ ។ បុរោហិតទើបទូលសួរព្រះរាជាថា បពិត្រមហារាជ ក្នុងវេលារាត្រី សម្ផស្សសរីរៈនៃព្រះទេវីនោះ មានសភាពដូចម្ដេចដែរ ព្រះអង្គ ?ព្រះបាទកណ្ឌរីត្រាស់ថា ម្នាលសម្លាញ់ យើងមិនឃើញអ្វីដទៃឡើយ តែក្នុងមជ្ឈិមយាម សរីរៈព្រះទេវីមានសភាពត្រជាក់ប្លែក ។ បុរោហិតទើបទូលថា បពិត្រទេវៈ បើសិនយ៉ាងនោះ ស្ត្រីទាំងឡាយដទៃចូរលើកទុកសិនចុះ ព្រះនាងកិន្នរាទេវីអគ្គមហេសីរបស់ព្រះអង្គ បានធ្វើកម្មលាមកជាមួយនឹងបុរសខ្វិននេះហើយ ។ ព្រះរាជាត្រាស់ថា ម្នាលសម្លាញ់ អ្នកនិយាយអ្វី ព្រះនាងកិន្នរាទេវីដែលជាអ្នកដល់ព្រមដោយរូបឆោម លោមពណ៌ ស្រស់ឆើតឆាយយ៉ាងនេះ នឹងមកអភិរម្យជាមួយនឹងបុរសដែលមានរូបអាក្រក់គួរខ្ពើមយ៉ាងនេះដូចម្ដេចកើត ។ បុរោហិតត្រាស់ថា បពិត្រទេវៈ សូមទ្រង់ចាំចាប់ចុះ ។ ព្រះចៅកណ្ឌរីនោះទទួលថា ល្អហើយចឹង គ្រាសោយព្រះក្រយាហើយក៏ចូលផ្ទំជាមួយនឹងព្រះនាងកិន្នរាដោយតាំងព្រះទ័យថា យើងនឹងចាប់ព្រះនាង ។ វេលាដល់ពេលដែលទ្រង់ធ្លាប់ផ្ទំតាមប្រក្រតីក៏ទ្រង់ធ្វើជាផ្ទំលក់ធម្មតា ។ សូម្បីព្រះនាងកិន្នរានោះក៏បានក្រោកឡើងហើយធ្វើតាមដែលបានធ្វើហើយយ៉ាងនោះ ។ ព្រះរាជាទ្រង់ទៅតាមខាងក្រោយព្រះនាង ហើយបានឈរនៅក្រោមម្លប់ដើមព្រីង ។ ថ្ងៃនោះ បុរសខ្វិនខឹងព្រះទេវី បាននិយាយគំហកថា ថ្ងៃនេះហេតុអ្វីទើបនាងយូរមកម្លេះ ហើយលើក​ដៃទះនូវថ្ពាល់ព្រះនាងមួយដៃ ។ ព្រះនាងនិយាយថា បពិត្រអ្នកជាម្ចាស់ បងកុំខឹងអី អូននៅចាំមើលឲ្យព្រះរាជាផ្ទំលក់សិន ដូច្នេះហើយព្រះនាងក៏ប្រព្រឹត្តហាក់បីដូចជាភរិយាក្នុងផ្ទះរបស់បុរសនោះ ។ ព្រោះការទះនោះ សីហមុខកុណ្ឌល (ទុំហូមានមុខរាជសីហ៍) ក៏របូតចាកត្រចៀកខ្ទាតធ្លាក់ទៅក្បែរជើងរបស់ព្រះរាជា ។ ព្រះរាជាកាន់យកទុំហូនោះដោយគិតថា នឹងជាភ័ស្តុតាង ហើយទ្រង់ក៏ចេញទៅ ។ ចំណែកព្រះនាងកិន្នរាបានប្រព្រឹត្តអនាចារជាមួយនឹងបុរសខ្វិននោះហើយ ក៏ត្រឡប់ទៅដោយន័យមុននោះឯង ហើយក៏ប្រារព្ធនឹងផ្ទំជាមួយនឹងព្រះរាជា ។ ព្រះរាជាទ្រង់ហាមឃាត់ ។ ក្នុងថ្ងៃស្អែកឡើង ទ្រង់បញ្ជាឲ្យអ្នកបម្រើទៅប្រាប់ព្រះនាងថា ព្រះនាងកិន្នរាទេវីចូរតាក់តែងគ្រឿងអលង្ការទាំងពួងដែលយើងប្រទានឲ្យហើយមក ។ ព្រះនាងកិន្នរាប្រាប់ទៅវិញថា សីហមុខកុណ្ឌលនោះ យើងបានបញ្ជូនទៅឲ្យជាងមាសធ្វើហើយ ដូច្នេះហើយ យើងនឹងមិនបានទៅគាល់ព្រះអង្គទេ ព្រះរាជាត្រាស់បញ្ជាមកទៀត ព្រះនាងទើបប្រដាប់កុណ្ឌលម្ខាងចូលមកគាល់ ។ ព្រះចៅកណ្ឌរីត្រាស់សួរថា កុណ្ឌលរបស់នាងនៅឯណា ? ព្រះនាងទូលថា នៅក្នុងសម្នាក់ជាងមាស ។ ព្រះរាជាទើបបញ្ជាឲ្យហៅជាងមាសមក ហើយសួរថា ហេតុអ្វីបានជាអ្នកមិនឲ្យកុណ្ឌលដល់ព្រះនាង ? ជាងមាសទូលថា បពិត្រទេវៈ ខ្ញុំព្រះករុណាមិនបានទទួលទេ ព្រះអង្គ ។ ព្រះរាជាក្រោធនឹងព្រះនាងនោះ ហើយពោលថា នែស្រីចង្រៃ ការងារដូច្នេះនឹងគប្បីមានដោយជាងមាសនោះ ហើយក៏បោះនូវកុណ្ឌលនោះទៅខាងមុខព្រះនាង ហើយត្រាស់នឹងបុរោហិតថា ម្នាលសម្លាញ់ អ្នកនិយាយនោះពិតហើយ អ្នកចូរទៅកាត់ក្បាលរបស់នាងភ្លាម ។ បុរោហិតនោះ ឲ្យគេយកព្រះនាងទៅទុកក្នុងកន្លែងមួយខាងក្នុងព្រះរាជវាំង ហើយចូលទៅគាល់ព្រះរាជាទូលថា បពិត្រព្រះសម្មតិទេព សូមទ្រង់កុំខឹងនឹងព្រះនាងកិន្នរាទេវីឡើយ ស្ត្រីទាំងឡាយយ៉ាងនេះឯង ។ បើព្រះអង្គមិនជឿ ហើយមានសេចក្ដីប្រាថ្នាដើម្បីនឹងដឹងនូវភាពទ្រុស្តសីលរបស់ស្ត្រីទាំង​ឡាយ ខ្ញុំព្រះអង្គនឹងសម្ដែងប្រាប់ឲ្យទ្រង់ឃើញនូវសេចក្ដីអាក្រក់លាមក និងភាពមាយាលាក់ពុតរបស់ស្ត្រីទាំងឡាយនោះ សូមទ្រង់ចូរយាងមក ពួកយើងនឹងត្រាច់ទៅកាន់ជនបទ ដោយភេទនៃខ្លួនគឺបុគ្គលដទៃមិនស្គាល់ (ស្លៀកពាក់ស៊ីវិល)។ ព្រះរាជាទទួលថា ល្អហើយបុរោហិត ដូច្នេះហើយទ្រង់ប្រគល់រាជ្យឲ្យព្រះមាតាគ្រប់គ្រង ទ្រង់ក៏ចេញទៅកាន់ចារិកមួយអន្លើដោយបុរោហិតនោះ ។ កាលព្រះបាទកណ្ឌរីនិងបុរោហិតទៅបានប្រមាណមួយយោជន៍ ទ្រង់គង់សម្រាកនៅនឹងផ្លូវធំមួយ ។ (ក្នុងពេលនោះ) មានក្ដុម្ពីម្នាក់ធ្វើនូវមង្គលដើម្បីប្រយោជន៍ដល់កូនប្រុស បានឲ្យនាងកុមារីម្នាក់ អង្គុយ​លើ​យានដែលបិទបាំង ហើយធ្វើដំណើរទៅដោយបរិវារដ៏ច្រើន ។ បុរោហិតបានឃើញហើយទូលថា បពិត្រ​ទេវៈ បើព្រះអង្គប្រាថ្នា ខ្ញុំអាចនឹងឲ្យនាងកុមារីនោះធ្វើអជ្ឈាចារជាមួយនឹងព្រះអង្គបាន ។ ព្រះបាទ​កណ្ឌរីត្រាស់ថា នែសម្លាញ់ អ្នកនិយាយអ្វី នាងមកជាមួយនឹងបរិវារដ៏ច្រើន មិនអាចនឹងធ្វើយ៉ាងនេះឡើយ ។ បុរោហិតទូលថា បើយ៉ាងនោះ សូមព្រះអង្គចូរចាំមើលចុះ ហើយប្រញាប់ត្រាច់ស្កាត់ទៅខាងមុខ បិទបាំងវាំងននក្នុងទីមិនឆ្ងាយអំពីផ្លូវ ធ្វើព្រះរាជាឲ្យនៅខាងក្នុងវាំងនននោះ ហើយខ្លួនឯងទៅអង្គុយយំនៅចំណែកមួយនៃផ្លូវ ។ លំដាប់នោះ ក្ដុម្ពីនោះបានឃើញបុរោហិតហើយសួរថា នែលោក ព្រោះហេតុអ្វី បានជាអ្នកអង្គុយយំ ។ បុរោហិតប្រាប់ថា ភរិយារបស់ខ្ញុំជាអ្នកមានភារៈធ្ងន់ (មានគភ៌ចាស់) ខ្ញុំនាំនាងទៅកាន់ត្រកូលរបស់នាង ពេលដល់ពាក់កណ្ដាលផ្លូវ នាងក៏ឈឺពោះរកកល់នឹងប្រសូតបុត្រ នាងកំពុងលំបាកនៅក្នុងវាំងនននោះឯង ឥឡូវនេះមិនមានស្ត្រីឯណានីមួយក្នុងសម្នាក់របស់នាងឡើយ សូម្បីខ្ញុំក៏មិនអាចដើម្បីនឹងទៅក្នុងទីនោះ ខ្ញុំមិនដឹងថា នាងនឹងទៅជាយ៉ាងណាឡើយ នាងគួរដើម្បីបានស្ត្រីម្នាក់ ។ ក្ដុម្ពីនោះទើបតបថា បើយ៉ាងនោះលោកកុំយំឡើយ ពួកស្ត្រីរបស់យើងមកជាមួយច្រើនដែរ ល្មមនឹងទៅជួយបានម្នាក់ ។ បុរោហិតពោលថា បើយ៉ាងនោះ សូមឲ្យនាងកុមារីនេះទៅចុះ នឹងបានជាសិរីសួស្ដីដល់នាងផង ។ ក្ដុម្ពីនោះគិតថា បុរសនេះនិយាយត្រូវ មង្គលនឹងកើតមានដល់កូនប្រសារបស់យើង និងដោយនិមិត្តនេះ នាងនឹងចម្រើនទៅដោយបុត្រធីតាទាំងឡាយ គិតដូច្នេះហើយទើបបញ្ជូននាងកុមារីនោះទៅ ។ នាងកុមារីនោះចូលទៅហើយ បានឃើញព្រះរាជា មានចិត្តប្រតិព័ទ្ធស្នេហាហើយក៏បានធ្វើអជ្ឈាការនោះទៅ ។ ចំណែកព្រះរាជា (ទ្រង់ដោះ) ព្រះទម្រង់ប្រទានដល់នាង ។ គ្រានោះ នាងកុមារីបានសម្រេច​កិច្ចហើយ ក៏ចេញមកក្រៅ ជនទាំងឡាយសួរថា នាងនោះប្រសូតបានកូនប្រុស ឬស្រី ? នាងកុមារីឆ្លើយថា ជាកូនប្រុស ស្អាតដូចមាសចឹង ។ ក្ដុម្ពីក៏នាំកុមារីនោះទៅ ។ ចំណែកបុរោហិតត្រឡប់ចូលមកគាល់ព្រះរាជាហើយទូលថា បពិត្រទេវៈ ព្រះអង្គឃើញហើយមែនទេ សូម្បីនាងកុមារីនេះ គង់ប្រព្រឹត្តធ្វើអំពើយ៉ាងនេះ នឹងនិយាយអ្វីដល់ស្ត្រីដទៃនោះ ហើយព្រះអង្គបានប្រទានអ្វីដល់នាងអត់ ? ព្រះចៅកណ្ឌរីត្រាស់ថា យើងឲ្យចិញ្ចៀនដែលជាប់នឹងដៃដល់នាង ។ បុរោហិតទូលថា ព្រះអង្គប្រទានចិញ្ចៀនឲ្យនាងធ្វើអ្វី ថាហើយក៏រត់យ៉ាងលឿនទៅបញ្ឈប់យាន មនុស្សទាំងឡាយសួរថា មានរឿងអ្វីលោក ? បុរោហិតពោលថា នាងកុមារីនេះកាន់យកចិញ្ចៀនដែលទុកនៅលើក្បាលនាងព្រាហ្មណីភរិយារបស់ខ្ញុំហើយមក នែនាង ចូរឲ្យចិញ្ចៀននោះមកវិញ ។ នាងកុមារីនោះ កាលឲ្យនូវចិញ្ចៀននោះ ក៏បានចាក់នូវដៃព្រាហ្មណ៍ដោយក្រចក ហើយឲ្យដោយកំហកថា អាចោរយកចុះ ។ ព្រាហ្មណ៍បុរោហិតបានសម្ដែងស្ត្រីទាំងឡាយជាច្រើន ដែលប្រព្រឹត្តក្រៅចិត្តដទៃ ដោយឧបាយវិធីផ្សេងៗ យ៉ាងនេះហើយ ទើបទូលព្រះរាជាថា បពិត្រព្រះសម្មតិទេព ប៉ុណ្ណេះក៏ល្មមហើយ សូមស្ដេច​យាង​ទៅកាន់ទីដទៃចុះ ។ ព្រះបាទកណ្ឌរីត្រាស់ថា សូម្បីនឹងត្រាច់ទៅអស់ទូទាំងជម្ពូទ្វីប ស្ត្រីទាំងពួងនឹងជាយ៉ាងនេះដូចគ្នា ។ យើងនឹងត្រូវទៅធ្វើអ្វី ពួកយើងនឹងត្រឡប់ទៅវិញ ហើយស្ដេចក៏ត្រឡប់ចូលកាន់ក្រុងពារាណាសី ។ បុរោហិតទូលសូមប្រទានទោសដល់ព្រះនាងកិន្នរាថា បពិត្រមហារាជ ឈ្មោះ​ថា ស្ត្រីទាំងឡាយជាអ្នកមានបាបធម៌យ៉ាងនេះ នោះជាប្រក្រតីរបស់ស្ត្រីទាំងនោះឯង សូមព្រះអង្គអត់ទោសឲ្យព្រះនាងកិន្នរាចុះ ព្រះរាជាទ្រង់ក៏លើកលែងទោសឲ្យព្រះនាង ហើយត្រាស់បញ្ជាឲ្យនិរទេសចេញចាកព្រះរាជនិវេ​ស​ន៍​ ​កាលទ្រង់ដកនូវព្រះនាងកិន្នរានោះចេញចាកតំណែង បានតែងតាំងស្ត្រីដទៃក្នុងតំណែងអគ្គម​ហេ​សី ​។ ព្រះបាទកណ្ឌរីបញ្ជាឲ្យបណ្ដេញបុរសខ្វិននោះឲ្យចេញ ហើយឲ្យគេកាត់នូវមែកព្រីងនោះចេញ ។ តទា កុណាលោ បញ្ចាលចណ្ឌោ អហោសិ ក្នុងពេលនោះ ស្ដេចបក្សី កុណាល គឺជាបុរោហិតបញ្ចាលចណ្ឌៈ ។ (កុណាលោហំ តទា អាសិំ បក្សីកុណាលក្នុងកាលនោះមកជាតថាគត ) កាលនាំរឿងដែលខ្លួនបានឃើញហើយមកសម្ដែងទើបពោលគាថាថា យំ វេ ទិស្វា កណ្ឌរីកិន្នរានំ សព្វិត្ថិយោ ន រមន្តិ អគារេ តំ តាទិសំ មច្ចំ ចជិត្វា ភរិយា អញ្ញំ ទិស្វា បុរិសំ បីឋសប្បិំ។បុគ្គលឃើញ (នូវហេតុនៃសេចក្តីនឿយណាយ) របស់ព្រះរាជាព្រះនាមកណ្ឌរី និងព្រះនាងកិន្នរា (គប្បីដឹងចុះ) ពួកស្រីទាំងអស់ រមែងមិនត្រេកអរក្នុងផ្ទះ (របស់ស្វាមីទេ) ដូចជាភរិយា (របស់ព្រះរាជាកណ្ឌរី) លះបង់នូវសត្វគឺ (ស្វាមី) បែបនោះ ព្រោះឃើញនូវបុរសផ្តេសផ្តាសដទៃជាបុរសខ្វិន ។ អធិប្បាយសេចក្ដីនៃគាថានោះថា បណ្ឌិតឃើញហេតុនៃសេចក្ដីនឿយណាយរបស់ព្រះបាទកណ្ឌរីនឹងព្រះនាងកិន្នរានេះ ។ ស្ត្រីទាំងពួងរមែងមិនត្រេកអរក្នុងផ្ទះនៃស្វាមីរបស់ខ្លួន ។ ពិតមែនហើយ ព្រះនាងកិន្នរាទេវីដែលជាអគ្គមហេសីរបស់ព្រះបាទកណ្ឌរីឃើញបុរសខ្វិនដទៃ សុខចិត្តលះបង់ព្រះរាជាអង្គនោះដែលបុរសឈ្លាសក្នុងការអភិរម្យយ៉ាងនេះ ហើយមកធ្វើកម្មលាមកនឹងមនុស្សប្រេតនោះ ។ (កិន្នរាទេវីវត្ថុ និដ្ឋិតា ) (រឿងព្រះនាងកិន្នរាទេវី ចប់ ) (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៧២) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2836/7ttxtpic.jpg
Public date : 12, Mar 2024 (5,407 Read)
ព្រះសាស្ដាកាលគង់នៅក្នុងវត្តជេតវ័ន ទ្រង់ប្រារព្ធកុដុម្ពិកៈដែលមានបិតា ស្លាប់មួយរូប បានត្រាស់ធម្មទេសនានេះ មានពាក្យផ្ដើមថា ឯថ លក្ខណសីតា ច ដូចនេះ ។ សេចក្ដីពិស្ដារថា កុដុម្ពិកៈនោះ កាលបិតាធ្វើកាលកិរិយាហើយត្រូវសេចក្ដីសោក​គ្របសង្កត់ ទើបបោះ​បង់​កិច្ចទាំងពួង បណ្ដោយទៅតាមសេចក្ដី សោកសៅ ។ ព្រះសាស្ដាទ្រង់ប្រមើលមើលសត្វលោកក្នុងបច្ចូសសម័យ (ក្នុង វេលាជិតភ្លឺ) ទតឃើញឧបនិស្ស័យសោតាបត្តិផលរបស់កុដុម្ពិកៈនោះ ព្រឹកឡើងទើប​ស្ដេចត្រាច់ទៅដើម្បីបិណ្ឌបាត្រ ក្នុងក្រុងសាវត្ថី សោយក្រយាហារ ស្រេចហើយ ទ្រង់បញ្ជូនភិក្ខុទាំង​ឡាយឲ្យត្រឡប់ ទ្រង់កាន់យកសមណបច្ឆាមួយរូបទៅកាន់ផ្ទះរបស់កុដុម្ពិកៈនោះ កាលព្រះសា​ស្ដា​ត្រាស់ហៅកុដុម្ពិកៈដែលថ្វាយបង្គំហើយអង្គុយចុះ ដោយពាក្យដ៏ពីរោះទើបត្រាស់ថា កិំ សោចសិ ឧបាសក ម្នាលឧបាសក អ្នកសោយសោកព្រោះអ្វី ? កាលកុដុម្ពិកៈទូលថា អាម, ភន្តេ, បិតុសោកោ មំ ពាធតិ ករុណា ព្រះអង្គដ៏ចម្រើន ! សេចក្ដីសោកព្រោះបិតាកំពុងបៀតបៀនខ្ញុំព្រះករុណា ព្រះសាស្ដាត្រាស់ថា ម្នាល ឧបាសក បណ្ឌិតក្នុងកាលមុនបានដឹងលោកធម៌ ៨ ប្រការ តាមសេចក្ដីពិត កាលបិតាធ្វើកាលកិរិយាហើយ ក៏មិនបានប្រសព្វសេចក្ដីសោក សូម្បីបន្តិចបន្តួចឡើយ កុដុម្ពិកៈក៏ក្រាបទូលអារាធនា ទើបទ្រង់នាំអតីតនិទានមកត្រាស់ថាៈ អតីតេ ពារាណសិយំ ទសរថមហារាជា នាម ក្នុងអតីតកាល ព្រះរាជាព្រះនាម ទសរថមហារាជ ទ្រង់លះបង់នូវអគតិ សោយរាជ្យសម្បត្តិប្រកបដោយធម៌ ក្នុងក្រុងពារាណសី ។ ព្រះអគ្គហមេសីដែលជាធំជាងស្ត្រី ១៦,០០០ របស់ព្រះបាទទសរថមហារាជនោះ ប្រសូតព្រះឱរស ២ ព្រះអង្គ ព្រះធីតា ១ ព្រះ​អង្គ ​។ ព្រះឱរសច្បងព្រះនាមថា រាមបណ្ឌិត ព្រះឱរសទីពីរ ព្រះនាមថា លក្ខណកុមារ ព្រះធីតាព្រះនាម​ថា សីតាទេវី១ ។ ក្នុងកាលជាចំណែកខាងមុខ ព្រះអគ្គមហេសីទ្រង់សោយព្រះពិលាល័យ (ព្រះអគ្គ​មហេសីអស់ព្រះជន្ម) ។ ព្រះរាជាទ្រង់ដល់អំណាចនៃសេចក្ដីសោក អស់កាលដ៏យូរព្រោះការ​សោយ​​ព្រះ​ពិលាល័យនៃព្រះអគ្គមហេសីនោះ ពួកអាមាត្យបាន នាំគ្នាក្រាបទូលឲ្យទ្រង់ស្រាកស្រាន្ត ទ្រង់ធ្វើការបរិហារដែលគប្បីធ្វើដល់ព្រះនាងហើយ ទ្រង់តាំងស្ត្រីដទៃទុកក្នុងតំណែងជាអគ្គមហេសី ។ ព្រះអគ្គមហេសីថ្មីនោះជាស្រឡាញ់ ជាទីគាប់ព្រះហឫទ័យនៃព្រះរាជា ។ ក្នុងកាលជាខាងក្រោយមក សូម្បីព្រះអគ្គមហេសីនោះក៏ទ្រង់គភ៌ ទ្រង់បានទទួលព្រះរាជទានគ្រឿងរក្សាគភ៌ បានប្រសូតនូវព្រះឱ​រស​ ព្រះញាតិវង្សបានដាក់ព្រះនាមរបស់ព្រះឱរសនោះថា ភរតកុមារ ។ ព្រះរាជាត្រាស់ថា ម្នាលនាងដ៏ចម្រើន យើងសូមឲ្យពរដល់នាង នាងចូរទទួលពរចុះ ដោយទ្រង់ស្រឡាញ់ក្នុងព្រះឱរស ។ ព្រះនាងធ្វើការ​ទទួលហើយ ក្នុងពេលដែលព្រះកុមារមានព្រះជន្មាយុបាន ៧-៨ វស្សា ទើបចូលទៅគាល់ព្រះរាជាក្រាបទូលថា បពិត្រព្រះសម្មតិទេព ព្រះអង្គបានព្រះរាជទានពរដល់បុត្ររបស់ខ្ញុំម្ចាស់ ឥឡូវនេះ សូមទ្រង់ព្រះករុណា មេត្តាព្រះរាជទានពរនោះដល់បុត្ររបស់ខ្ញុំម្ចាស់នោះ ។ កាលព្រះរាជាត្រាស់ថា ម្នាលនាងដ៏ចម្រើន ចូរទទួលចុះ ព្រះនាងទើបក្រាបទូលថា បពិត្រព្រះសម្មតិ-ទេព សូមទ្រង់ព្រះរាជទានរាជសម្បត្តិដល់បុត្ររបស់ខ្ញុំម្ចាស់ ។ ព្រះរាជាទ្រង់ ទះព្រះហស្តត្រាស់គម្រាមថា នែស្រីថោកទាប នាងចូរវិនាសទៅ បុត្រទាំងឡាយ ២ របស់យើងរមែងរុងរឿងបីដូចជាគំនរភ្លើង នាងនឹងឲ្យយើងសម្លាប់បុត្រទាំង ២ ហើយ សូមរាជសម្បត្តិឲ្យបុត្ររបស់នាង ។ ព្រះអគ្គមហេសី នោះភិតភ័យហើយចូលកាន់ដំណាក់ដ៏មានសិរី សូម្បីក្នុងថ្ងៃដទៃៗ ក៏គង់ទូលសុំរាជសម្បត្តិប៉ុណ្ណោះនឹងព្រះរាជារឿយៗ ។ ព្រះរាជាគ្រាមិនប្រទានដល់ព្រះនាង ទើបទ្រង់ត្រិះរិះថា ឈ្មោះថា មាតុគ្រាម ជាមនុស្សអកតញ្ញូ ទ្រុស្តមិត្ត នាងនេះនឹងក្លែងសារ ឬ ជួលឲ្យគេសម្លាប់បុត្រទាំង ២ របស់យើង ។ ព្រះអង្គ ទើបត្រាស់ឲ្យហៅព្រះឱរសទាំង ២ ចូលគាល់ ទ្រង់ប្រាប់សេចក្ដីនោះ មានព្រះតម្រាស់ថា ម្នាលបុត្រ អន្តរាយគង់នឹងមានដល់អ្នកដែលនៅក្នុងទីនេះ អ្នក ចូរនាំគ្នាទៅកាន់ដែននៃសាមន្តរដ្ឋ ឬ កាន់ព្រៃ និងត្រឡប់មកវិញក្នុងពេលដែលបិតាចូលទិវង្គត គប្បីកាន់យករាជសម្បត្តិរបស់ត្រកូលចុះ ដូចនេះហើយ ត្រាស់បញ្ជាឲ្យពួកព្រាហ្មណ៍ចូលគាល់ម្ដងទៀត ត្រាស់សួរនូវការកំណត់ព្រះជន្មាយុរបស់ព្រះអង្គ ទ្រង់ស្ដាប់ថា នឹងប្រព្រឹត្តទៅដល់ ១២ ឆ្នាំខាងមុខ ទើបត្រាស់ថា ម្នាលបុត្រ ដោយកន្លងទៅ ១២ ឆ្នាំអំពីនេះទៅ ពួកអ្នកចូរនាំគ្នា មកឲ្យមហាជនលើកស្វេតច្ឆត្រថ្វាយ ។ ព្រះឱរសទាំងនោះក្រាបទូលថា ល្អ ហើយ នាំគ្នាថ្វាយបង្គំព្រះបិតា ទ្រង់ព្រះកន្សែង ហើយស្ដេចចេញចាកប្រាសាទ ព្រះនាងសីតាទេវីទ្រង់ព្រះតម្រិះថា សូម្បីយើងក៏នឹងទៅជាមួយព្រះម្ចាស់បង ថ្វាយបង្គំព្រះបិតាហើយទ្រង់ព្រះកន្សែងស្ដេចចេញទៅ ។ ក្សត្រទាំង ៣ ព្រះ អង្គនោះ ឡោមព័ទ្ធដោយមហាជនចេញចាកព្រះនគរ ទ្រង់ឲ្យមហាជននាំគ្នា ត្រឡប់ ស្ដេចចូលកាន់ហិមវន្តប្រទេសដោយលំដាប់ សាងអាស្រមក្នុងប្រទេស ដែលមានទឹកនិងមូលផលាផលសម្បូរណ៍ ទ្រង់ចិញ្ចឹមជីវិតដោយផលាផល បានអាស្រ័យនៅហើយក្នុងទីនោះ ។ ចំណែកព្រះលក្ខណបណ្ឌិត និងព្រះនាងសីតា បានទូលសុំព្រះរាម​បណ្ឌិត​ហើយទទួលប្ដេជ្ញាថា សូមព្រះអង្គតាំងនៅក្នុងឋានៈនៃព្រះបិតារបស់យើងខ្ញុំព្រះអង្គ ហេតុនោះ សូមទ្រង់ប្រថាប់នៅក្នុងអាស្រមប៉ុណ្ណោះ យើងខ្ញុំនឹងនាំផលាផលទំនុកបម្រុងព្រះអង្គ ។ ចាប់ផ្ដើមអំពីនោះមក ព្រះរាមបណ្ឌិតគង់នៅជាប្រចាំក្នុងអាស្រមប៉ុណ្ណោះ ។ ព្រះលក្ខណបណ្ឌិត និងព្រះសីតាទាំង ២ នាំគ្នាស្វែងរកផលាផលមកទំនុកបម្រុងព្រះរាមបណ្ឌិត ។ កាល​ក្សត្រទាំង ៣ ព្រះអង្គនោះ ទ្រង់ចិញ្ចឹមជីវិតដោយផលាផលយ៉ាងនេះ ព្រះបាទទសរថមហារាជ ស្ដេចបានសោយទិវង្គតក្នុងឆ្នាំទី ៩ ដោយសេចក្ដីសោកសៅព្រោះ (ព្រាត់ប្រាស) ព្រះឱរស ។ ព្រះទេវីក៏ធ្វើសរីរកិច្ច (ថ្វាយព្រះភ្លើង) នៃព្រះរាជានោះហើយ ទ្រង់ត្រាស់ថា សូមពួកលោកចូរថ្វាយស្វេត​ច្ឆត្រដល់​ភរតកុមារដែលជាបុត្រយើង ។ តែពួកអាមាត្យទូលថា ម្ចាស់របស់ស្វេតច្ឆត្រនេះនៅក្នុងព្រៃ ដូចនេះហើយទើបមិនព្រមថ្វាយ ។ ព្រះភរតកុមារត្រាស់ថា យើងនឹងនាំយកព្រះរាមបណ្ឌិត ដែលជាព្រះភាតារបស់យើងមកអំពីព្រៃ នឹងឲ្យទ្រង់លើកឡើងនូវស្វេតច្ឆត្រ ទ្រង់កាន់នូវបញ្ចរាជកកុធភណ្ឌ ៥ យ៉ាង១ ព្រមដោយសេនា ៤ ពួក ចូលដល់ទីប្រថាប់របស់ព្រះរាមបណ្ឌិតនោះ ឲ្យតាំងបន្ទាយក្នុងទីមិនឆ្ងាយ ស្ដេចចូលទៅអាស្រមជាមួយអាមាត្យ ២-៣ នាក់ ក្នុងវេលាដែលព្រះលក្ខណបណ្ឌិត និងព្រះនាងសីតាស្ដេច ទៅព្រៃ ចូលទៅគាល់ព្រះរាមបណ្ឌិត អ្នកប្រាសចាកសេចក្ដីសង្ស័យ ប្រថាប់គង់ជាសុខ ហាក់បី ដូចរូបមាសដែលតាំងទុកជិតទ្វារអាស្រម ថ្វាយបង្គំហើយ ឋិតនៅក្នុងទីសមគួរមួយ ក្រាបទូលនូវការប្រព្រឹត្តទៅរបស់ព្រះរាជា ហើយក៏ដួលចុះជិតព្រះបាទ (របស់ព្រះរាម) ទ្រង់ព្រះកន្សែងអន្លើដោយពួកអាមាត្យ ។ ព្រះរាមបណ្ឌិតទ្រង់មិនបានសោយសោក មិនបានព្រះកន្សែងឡើយ ។ សូម្បីអាការៈខុសប្រក្រតីនៃឥន្ទ្រិយ ក៏មិនបានមានដល់ព្រះអង្គឡើយ ។ ក្នុងវេលាដែលព្រះភរតៈប្រថាប់គង់ព្រះកន្សែងនោះ ជាវេលាសាយន្ហសម័យ ព្រះលក្ខណបណ្ឌិត និងព្រះនាងសីតាទាំង ២ ព្រះអង្គ ទ្រង់នាំគ្នាកាន់ផលាផលស្ដេច​មកដល់ ។ ព្រះរាមបណ្ឌិតទ្រង់ត្រិះរិះថា ប្អូនលក្ខណ៍ និងនាងសីតានៅ ក្មេងខ្ចី មិនមានប្រាជ្ញាកំណត់​ពិចារណាដូចយើង បានទទួលដំណឹងថា បិតារបស់របស់ខ្លួនសោយទិវង្គតដោយរហ័ស កាលមិនអាចនឹងទប់ទល់សេចក្ដីសោកបាន សូម្បីបេះដូងរបស់គេក៏អាចនឹងបែកទៅ យើងត្រូវធ្វើឧបាយឲ្យ ប្អូនលក្ខណ៍ និងនាងសីតាចូលទៅកាន់ត្រាំទឹកហើយ យើងនឹងប្រាប់ដំណឹងនោះ ។ លំដាប់នោះ ទ្រង់ចង្អុលបង្ហាញឧទកដ្ឋានមួយខាងមុខនៃក្សត្រទាំង ២ ទើបត្រាស់ថា អ្នកទាំង ២ ត្រឡប់​មកយូរណាស់ នេះជាទណ្ឌកម្មរបស់អ្នក អ្នកចូរចុះទៅត្រាំទឹក ហើយឋិតនៅ ដូចនេះហើយ ទើប​ត្រាស់កន្លះគាថាថាៈម្នាលលក្ខណៈ និងនាងសីតា អ្នកទាំងឡាយចូរមក អ្នកទាំង ២ នាក់ចូរចុះទឹក ។ ពាក្យដែលជាគាថានោះ មានអធិប្បាយថា មកនេះប្អូនលក្ខណ៍ និងនាង សីតា ចូរនាំគ្នាមក ចូរចុះ​កាន់ទឹកទាំង ២ នាក់ ។ ព្រះលក្ខណៈ និង ព្រះនាងសីតាទាំង ២ ព្រះអង្គនោះ ចូរនាំគ្នាទៅឈរ (ក្នុង​ទឹក) ដោយព្រះតម្រាស់មួយគ្រាប៉ុណ្ណោះ ។ លំដាប់នោះ ព្រះរាមបណ្ឌិត កាលនឹងប្រាប់ដំណឹងរបស់ព្រះបិតាដល់ក្សត្រទាំង ២ ព្រះអង្គនោះ ទើបត្រាស់កន្លះគាថាដ៏សេសថាភរតកុមារ បាននិយាយយ៉ាងនេះថា ព្រះបាទទសរថទ្រង់ទិវង្គតហើយ ។ ព្រះលក្ខណ៍ និងព្រះនាងសីតាទាំង ២ ព្រះអង្គនោះ បានស្ដាប់ដំណឹងថា ព្រះរាជបិតាសោយទិវង្គតប៉ុណ្ណោះ ក៏ដល់វិសញ្ញិភាព (សន្លប់បាត់ទៅ) ។ (ពេលភ្ញាក់ដឹងខ្លួនឡើង) ព្រះរាមបណ្ឌិតត្រាស់ប្រាប់ម្ដងទៀត ព្រះលក្ខណ៍ និងព្រះនាងសីតានោះ ក៏សន្លប់ម្ដងទៀត ។ ពួកអាមាត្យជួយលើកក្សត្រទាំង ២ ដែលទ្រង់ដល់វិសញ្ញី ដរាបដល់គ្រាទី ៣ ដោយអាការៈនេះ ចេញចាកទឹកឲ្យឋិតនៅលើដី ។ កាលក្សត្រ​ទាំង ២ បានខ្យល់អស្សាសបស្សាសៈហើយ គ្រប់អង្គ នាំគ្នាអង្គុយព្រះកន្សែងសោយសោករឿយ​ៗ ​។ គ្រានោះ ព្រះភរតកុមារទ្រង់ត្រិះរិះថា ព្រះភាតារបស់យើង លក្ខណកុមារ និងព្រះភគិនីសីតាទេវីស្ដាប់ដំណឹងថា ព្រះបាទទសរថសោយទិវង្គតហើយ មិនអាចទប់ទល់សេចក្ដីសោកបាន តែព្រះរាម​បណ្ឌិត​ទ្រង់មិនបានសោយសោក មិនបានគ្រាំគ្រាឡើយ អ្វីហ្ន៎ ជាហេតុនៃសេចក្ដីមិនសោក របស់ព្រះ​អង្គ ​ត្រូវសួរព្រះអង្គមើល ។ កាលព្រះភរតៈនឹងត្រាស់សួរ ទើបពោលគាថាទី ២ ថាបពិត្រព្រះរាម ដោយ​អានុភាពអ្វី ទើបទ្រង់បានឮថា ព្រះបិតាទិវង្គតហើយ មិនសោកសា្តយរបស់ដែលគួរសោកស្តាយ សេចក្តីទុក្ខមិនគ្របសង្កត់ទ្រង់ ។ លំដាប់នោះ ព្រះរាមបណ្ឌិត កាលនឹងសម្ដែងហេតុដែលរារាំងមិនឲ្យព្រះអង្គសោយសោកដល់ព្រះកុមារភរតៈនោះ ទើបត្រាស់ថាជីវិតណា (របស់ពួកសត្វ) បណ្តាពួកបុរសដែលរវើរវាយ បុរស (សូម្បីតែ មា្នក់) ក៏មិនអាចដើម្បីរក្សាជីវិតច្រើននោះបានទេ វិញ្ញូជនជាមេធាវីនោះ ធ្វើខ្លួនឲ្យក្តៅក្រហាយ ដើម្បីអ្វី ។ សេចក្តីពិតថា ជនទាំងឡាយណា ទាំងក្មេង ទាំងចាស់ ទាំងល្ងង់ ទាំងប្រាជ្ញ ទាំងអ្នកមាន ទាំងអ្នកក្រ ជនទាំងអស់នោះ សុទ្ធតែមានសេចក្តីស្លាប់ នៅខាងមុខ ។ ផ្លែឈើទុំទាំងឡាយ មានសេចក្តីខ្លាច អំពីកិរិយាជ្រុះជានិច្ច យ៉ាងណាមិញ ពួកសត្វកើតហើយ ក៏មានសេចក្តីខ្លាច អំពីសេចក្តីស្លាប់ជានិច្ច យ៉ាងនោះដែរ ។ ជនទាំងឡាយច្រើនពួកខ្លះ គេឃើញក្នុងវេលាព្រឹក វេលាល្ងាចមិនឃើញ ជនទាំងឡាយច្រើនពួកខ្លះ គេឃើញក្នុងវេលាល្ងាច វេលាព្រឹកមិនឃើញ ។ បើបុគ្គលអ្នកវង្វេង កាលខ្សឹកខ្សួល បៀតបៀនខ្លួន ហើយគប្បីនាំមកនូវប្រយោជន៍បន្តិចបន្តួចបាន អ្នកប្រាជ្ញ ក៏គប្បីធ្វើសេចក្តីខ្សឹកខ្សួលនោះដែរ ។ (បុគ្គល​ខ្សឹកខ្សួល) បៀតបៀនខ្លួនរបស់ខ្លួន ជាអ្នកស្គម មិនមានពណ៌សម្បុរ ពួកសត្វដែលទៅកាន់បរ​លោក ​មិនមែនញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយសេចក្តីខ្សឹកខ្សួលនោះឡើយ ព្រោះថាសេចក្តីខ្សឹក​ខ្សួល​ មិនមានប្រយោជន៍ទេ ។ (បណ្ឌិតបុរស) គប្បីញុំាងផ្ទះដែលភ្លើងឆេះឲ្យរលត់ ដោយទឹកបានយ៉ាងណាមិញ ធីរជន ជាមេធាវី​បណ្ឌិត​ បានស្តាប់ហើយ គប្បីញុំាងសេចក្តីសោក ដែលកើតហើយឲ្យរលត់ឆាប់ ដូចខ្យល់បក់ផាត់នូវប៉ុយ យ៉ាងនោះដែរ ។ សត្វរមែងទៅកាន់បរលោកតែម្នាក់ឯង កើតក្នុងត្រកូលក៏តែម្នាក់ឯង ការសមគប់នៃពួកសត្វទាំងអស់ គឺមានការជួបជុំ ជាការប្រសើរបំផុត ។ ព្រោះហេតុនោះ សេចក្តីសោកទាំងឡាយ សូម្បីធំ ក៏មិនដុតកម្ដៅនូវ ហទយវត្ថុ និងចិត្តរបស់អ្នកប្រាជ្ញ ជាពហុស្សូត ដែលឃើញច្បាស់នូវលោកនេះ និងលោកខាងមុខ ព្រោះដឹងច្បាស់នូវធម៌ ។ យើងនោះ នឹងរក្សានូវយសផង ភោគៈផង ភរិយាទាំងឡាយផង ញាតិទាំងឡាយផង និងជនដ៏វិសេស​ផង នេះជាកិច្ចរបស់អ្នកប្រាជ្ញ ។ ព្រះរាមបណ្ឌិតបានប្រកាស នូវអនិច្ចតាធម៌ ដោយគាថាទាំង​ឡាយ ១០ នេះ ។ ពួកជនស្ដាប់ធម្មទេសនា ដែលប្រកាសសេចក្ដីមិនទៀង របស់ព្រះរាមបណ្ឌិត​នេះហើយ នាំគ្នាស្រាកសោក ។ បន្ទាប់ពីនោះ ព្រះភរតកុមារថ្វាយបង្គំ ព្រះរាមបណ្ឌិតទូលថា សូមព្រះអង្គទ្រង់ទទួល​រាជសម្បត្តិ ក្នុងនគរពារាណសី ។ ម្នាលប្អូន អ្នកចូរនាំព្រះលក្ខណ៍ និងសីតាទេវីទៅគ្រងរាជសម្បត្តិ ចុះ ។ ព្រះភរតៈទូលថា ព្រះអង្គប៉ុណ្ណោះជាអ្នកគ្រងរាជសម្បត្តិ ។ ព្រះរាម ត្រាស់ថា ម្នាលប្អូន ព្រះបិតារបស់យើងបានត្រាស់ទុកនឹងបងថា តទៅដោយ កន្លង ១២ ឆ្នាំ អ្នកចូរមកគ្រងរាជសម្បត្តិ កាលបងនឹងទៅក្នុងកាលឥឡូវនេះ ក៏ឈ្មោះថា មិនធ្វើតាមព្រះតម្រាស់របស់ព្រះអង្គ តែក្នុងកាលផុតអំពី ៣ ឆ្នាំ ដទៃទៅ បង​នឹងទៅ ។ ព្រះភរតៈទូលសួរថា រហូតកាលត្រឹមប៉ុណ្ណេះ អ្នកណានឹងគ្រងរាជសម្បត្តិ ។ ព្រះរាមត្រាស់ថា ពួកអ្នកចូរគ្រងរាជសម្បត្តិចុះ ។ ព្រះភរតៈទូលថា ពួកខ្ញុំនឹងមិនគ្រងរាជសម្បត្តិទេ ។ ទើបព្រះរាម​ត្រាស់ថា បើយ៉ាងនោះ ទ្រនាប់ជើងទាំងនេះ នឹងគ្រងរាជសម្បត្តិរហូតដល់បងទៅ ហើយទ្រង់ដោះ​តិណបាទុកា (ទ្រនាប់ជើងដែលធ្វើដោយស្មៅ) របស់ព្រះអង្គប្រទានឲ្យ ។ ក្សត្រទាំង ៣ ព្រះអង្គទទួលទ្រនាប់ជើង ហើយថ្វាយបង្គំព្រះរាមបណ្ឌិត ឡោមព័ទ្ធដោយមហាជន ស្ដេច​​ទៅ​កាន់នគរពារាណសី ។ ទ្រនាប់ជើងគ្រងនូវរាជសម្បត្តិអស់ ៣ ឆ្នាំ ។ ពួកអាមាត្យនាំគ្នាតម្កល់​តិណ​​បាទុកា (ទ្រនាប់ជើងដែលធ្វើដោយស្មៅ) លើរាជបល្ល័ង្ក ហើយនាំគ្នាកាត់ក្ដី ។ បើកាត់ក្ដីមិនល្អ ទ្រនាប់​ជើង រមែងខ្ទាំងខ្ទប់នូវគ្នានឹងគ្នា ដោយសញ្ញានោះ ត្រូវនាំគ្នាកាត់ក្ដីជាថ្មី ។ ពេលដែលកាត់ក្ដីល្អប្រពៃហើយ ទ្រនាប់ជើងប្រាសចាកសំឡេង នឹងនៅស្ងៀម ។ ដោយកាលកន្លងទៅ ៣ ឆ្នាំ ព្រះរាម​បណ្ឌិត​ចេញចាកព្រៃ ហើយបានដល់នគរពារាណសី បានចូលទៅហើយកាន់ឧទ្យាន ។ ព្រះកុមារទាំងឡាយទ្រង់ជ្រាប សេចក្ដីដែលព្រះរាមស្ដេចមក មានពួកអាមាត្យឡោមព័ទ្ធទៅកាន់ព្រះឧទ្យាន ទ្រង់ធ្វើព្រះនាងសីតាឲ្យជាអគ្គមហេសី ហើយធ្វើនូវការអភិសេក សូម្បីដល់ក្សត្រទាំងពីរ ។ ព្រះមហា​សត្វទ្រង់ដល់ការអភិសេកយ៉ាងនេះហើយ ប្រថាប់ លើរាជរថដែលគេប្រដាប់តាក់តែងហើយ ស្ដេចចូលកាន់ព្រះនគរដោយបរិវារដ៏ច្រើន ទ្រង់ប្រទក្សិណនគរហើយស្ដេចឡើងកាន់ទីអាស្រ័យនៃចន្ទ​ក​ប្រាសាទ តាំងតែពេលនោះ ទ្រង់គ្រងរាជសម្បត្តិដោយធម៌អស់ ១៦០០០ ឆ្នាំក្នុងវេលាអស់ព្រះជន្មា​យុ ទ្រង់ញ៉ាំងសគ្គបុរីឲ្យពេញ (ទ្រង់កើតក្នុងស្ថានសួគ៌) ។ អភិសម្ពុទ្ធគាថានេះសម្ដែងសេចក្ដីនោះថាព្រះបាទរាមៈ មានព្រះសូរង្គ ដូចជារូបសំណាកមាស មានព្រះពាហុធំ បានសោយរាជ្យអស់ ១៦ ០០០ ឆ្នាំ ។ ព្រះសាស្ដាទ្រង់នាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចៈ ក្នុង វេលាចប់សច្ចៈ កុដុម្ពិកៈតាំងនៅក្នុងសោតាបត្តិផល ។ ទ្រង់ប្រជុំជាតកថា ព្រះបាទទសរថមហារាជគ្រានោះ បានមកជាព្រះបាទសុទ្ធោទនមហារាជ, ព្រះមាតាបានមកជាព្រះនាងមហាមាយាទេវី, នាងសីតាបានមកជារាហុលមាតា,ភតរៈបានមកជាអានន្ទ, លក្ខណកុមារបានមកជាសារីបុត្រ,បរិស័ទបានមកជា ពុទ្ធបរិស័ទ, រាមបណ្ឌិតបានមកជាតថាគតនេះឯង ។ ចប់ ទសរថជាតក ។ ដោយ៥០០០ឆ្នាំ
images/articles/2837/t323efwtpic.jpg
Public date : 12, Mar 2024 (6,993 Read)
វិរោចជាតក (រឿងភិក្ខុទេវទត្តធ្វើតាមពុទ្ធលីលា) ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត កកណ្ដកវគ្គ បិដកលេខ ៥៨ ទំព័រ ៦៣ ព.ស. ២៥៦១ ព្រះសាស្ដា កាលស្ដេចគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភាពដែលភិក្ខុទេវទត្តសម្ដែងអាកប្បកិរិយាដូចព្រះសុគតនៅគយាសីសប្រទេស បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា លសី ច តេ និប្ផលិតា ដូច្នេះជាដើម ។ សេចក្ដីពិស្ដារថា ភិក្ខុទេវទត្តមានឈានសាបសូន្យហើយ ក៏សាបសូន្យចាកលាភ​​សក្ការៈ​ផងដែរ បានគិតថា នៅមានឧបាយម្យ៉ាងទៀត លុះគិតដូច្នេះហើយ ទើបក្រាបទូលសូមវត្ថុ ៥ ប្រការ (សូមឲ្យភិក្ខុទាំងឡាយនៅតែក្នុងព្រៃជាវត្តអស់មួយជីវិត ភិក្ខុណានៅក្នុងស្រុក ភិក្ខុនោះនឹងត្រូវទោស ១ សូមឲ្យភិក្ខុទាំងឡាយកាន់បិណ្ឌបាតជាវត្តអស់មួយជីវិត ភិក្ខុណាត្រេកអរដោយការនិមន្តន៍ ភិក្ខុនោះនឹងត្រូវទោស ១ សូមឲ្យភិក្ខុទាំងឡាយប្រើប្រាស់តែសំពត់បង្សុកូលអស់មួយជីវិត ភិក្ខុណាត្រេកអរចំពោះគហ​បតិចីវរ ភិក្ខុនោះនឹងត្រូវទោស ១ សូមឲ្យភិក្ខុទាំងឡាយនៅទៀបគល់ឈើជាវត្តអស់មួយជីវិត ភិក្ខុណាចូល​ទៅនៅក្នុងទីប្រក់ទីបាំង ភិក្ខុនោះនឹងត្រូវទោស ១ សូមកុំឲ្យភិក្ខុទាំងឡាយឆាន់ត្រី និងសាច់អស់មួយ​ជីវិត ភិក្ខុណាឆាន់ត្រី និងសាច់ ភិក្ខុនោះនឹងត្រូវទោស១) អំពីព្រះសាស្ដា កាលមិនបាន ក៏បបួលភិក្ខុ ​៥០០ រូបដែលជាសទ្ធិវិហារិក (អ្នកនៅជាមួយ គឺភិក្ខុឬសាមណេរដែលជាសិស្សរបស់ឧបជ្ឈាយ៍ ត្រូវ​នៅក្នុងអំណាច ឧបជ្ឈាយ៍ឲ្យលោកមើលការខុសត្រូវស្ដីប្រដៅជានិច្ច)របស់ព្រះអគ្គសាវកទាំងពីរ ដែល​ទើបនឹងបួសថ្មី មិនទាន់ចេះដឹងក្នុងព្រះធម្មវិន័យ ទៅកាន់គយាសីសប្រទេស បំបែកសង្ឃ ធ្វើសង្ឃ​កម្មផ្សេងគ្នាក្នុងសីមាជាមួយគ្នា ។ ព្រះសាស្ដាទ្រង់ជ្រាបវេលានៃបញ្ញារបស់ភិក្ខុទាំងនោះចាស់ក្លាហើយ ទើបបញ្ជូនព្រះអគ្គសាវកទាំងពីរទៅកាន់ទីនោះ ។ ទេវទត្តឃើញព្រះអគ្គសាវកទាំងពីរភ្លាមក៏សប្បាយចិត្ត គិតថា កាលអញសម្ដែងធម៌មួយយប់ទល់ភ្លឺនឹងធ្វើ អាកប្បកិរិយាដូចព្រះពុទ្ធ លុះគិតដូច្នោះហើយ កាលនឹងសម្ដែងអាកប្បកិរិយាដូចព្រះសុគត ទើបពោលថា ម្នាលសារីបុត្រ ភិក្ខុសង្ឃមិនទាន់ងោកងុយនៅឡើយទេ អ្នកចូរសម្ដែងធម្មី​ក​ថាដល់ភិក្ខុទាំងឡាយចុះ តថាគតរោយខ្នងខ្លាំងណាស់ តថាគតនឹងតម្រង់ខ្នងបន្តិច ហើយក៏ចូល​ទៅសិង ។ ព្រះអគ្គសាវកទាំងពីរសម្ដែងធម៌ដល់ភិក្ខុទាំងនោះឲ្យភ្ញាក់ដោយមគ្គផលទាំងឡាយហើយ ​បាននាំត្រឡប់មកកាន់វត្តវេឡុវ័នទាំងអស់ ។ ភិក្ខុកោកាលិកឃើញវិហារសូន្យចាកភិក្ខុ ក៏ទៅកាន់​សម្នាក់ទេវទត្ត ហើយពោលថា នៃអាវុសោទេវទត្ត អគ្គសាវកទាំងពីររបស់លោក ទម្លាយបរិស័ទរបស់​​លោកហើយ នាំភិក្ខុទាំងនោះទៅអស់ នៅសល់តែវិហារទទេ ចំណែកលោករវល់តែសិងដល់ពេល​ណា​​ទៀត ហើយកន្ត្រាក់សំពត់ដណ្ដប់របស់ទេវទត្តចេញ យកកែងជើងធាក់កណ្ដាលទ្រូង ដូចដំដែក​គោល​​នឹងជញ្ជាំងផ្ទះ ភ្លាមនោះឯង ឈាមក៏ហូរចេញអំពីមាត់របស់ទេវទត្ត តាំងអំពីពេលនោះ​មក ទេវ​ទត្តក៏ធ្លាក់ខ្លួនឈឺ ។ ព្រះសាស្ដាត្រាស់សួរព្រះសារីបុត្រថា ម្នាលសារីបុត្រ វេលាដែលអ្នកនាំគ្នាទៅ ទេវទត្តកំពុងធ្វើអ្វី ? ព្រះថេរៈទូលថា បពិត្រព្រះអង្គដ៏ចម្រើន ទេវទត្តឃើញខ្ញុំព្រះអង្គទាំងពីរហើយ គិតនឹងធ្វើតាមព្រះអង្គ កាលសម្ដែងអាកប្បកិរិយាដូចព្រះសុគត ក៏ដល់នូវការវិនាសធំ ។ ព្រះសាស្ដាត្រាស់ថា ម្នាលសារីបុត្រ មិន​មែន​​តែពេលនេះប៉ុណ្ណោះទេ ដែលទេវទត្តធ្វើតាមតថាគតហើយដល់ការវិនាសនោះ សូម្បីក្នុងកាលមុនក៏ធ្លាប់ធ្វើតាមតថាគត ហើយដល់ការវិនាសដូចគ្នាដែរ កាលព្រះថេរៈទូលអារាធនា ទើបទ្រង់នាំអតីតនិទានមកសម្ដែងដូចតទៅៈ អតីតេ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វ​សោយ​ព្រះជាតិជាកេសររាជសីហ៍ នៅក្នុងគុហាមាស ក្នុងព្រៃហិមពាន្ត ។ ថ្ងៃមួយ ស្ដេចរាជសីហ័ពោធិ​សត្វ​ចេញអំពីគុហារលាស់កាយ សម្លឹងមើលទិសទាំង ៤ បន្លឺសីហនាទ ហើយចេញទៅរកចំណី បានសម្លាប់​ក្របីធំមួយស៊ីសាច់ ហើយចុះកាន់ស្រះ ផឹកទឹកដែលមានពណ៌ដូចកែវមណី ឆ្អែតពេញពោះហើយ ​ដើរសំដៅទៅគុហាវិញ ។ គ្រានោះ មានចចកមួយខ្វល់ខ្វាយស្វែងរកចំណី ពើបផ្លូវនឹងរាជសីហ៍ពោធិសត្វ កាលមិនអាចនឹងគេច​ចេញ​ទៅណាបាន ក៏ដេកក្រាបចុះជិតជើងខាងមុខរបស់រាជសីហ៍ កាលរាជសីហ៍សួរថា នែចចក អ្នកមាន​ការអ្វីហ្នឹង ? ចចកក៏ពោលថា បពិត្រលោកម្ចាស់ ខ្ញុំមកទីនេះ ដោយបំណងថា នឹងបម្រើលោក ។ រាជសីហ៍ពោលថា ល្អហើយចឹង អ្នកចូរបម្រើយើងចុះ យើងនឹងឲ្យអ្នកបានស៊ីសាច់ឆ្ងាញ់ៗ ហើយនាំចចកទៅកាន់គុហាមាស ។ ចាប់ពីពេលនោះមក ចចកក៏បានស៊ីសាច់ដែលសល់អំពីរាជសីហ៍ កន្លងទៅបានពីរបីថ្ងៃ ចចករៀងមានសាច់មានឈាមធំធាត់ ។ ក្រោយមករាជសីហ៍ដេកនៅក្នុងគុហាប្រាប់ចចកថា អ្នកចូរទៅចុះ ចូរឡើង​លើកំពូលភ្នំ ហើយបើចង់ស៊ីសាច់សត្វណា មានដំរី សេះ ក្របីជាដើម ដែលត្រាច់ទៅមកនៅជើងភ្នំនេះ ចូរ​ចំណាំសត្វនោះទុក ហើយមកប្រាប់យើងថា ខ្ញុំចង់ស៊ីសាច់សត្វឯណោះ ហើយចូរប្រាប់ថា សូមលោក​ម្ចាស់ចូរចម្រើន ដូច្នេះហើយ យើងនឹងសម្លាប់សត្វនោះ ស៊ីសាច់ឆ្ងាញ់ៗហើយនឹងចែកដល់អ្នក ។ ចចកក៏ឡើងទៅកាន់កំពូលភ្នំរកមើលហ្វូងម្រឹគផ្សេងៗ លុះនឹកចង់ស៊ីសាច់សត្វប្រភេទណា ក៏ចូលទៅកាន់គុហាមាសប្រាប់សត្វនោះដល់រាជសីហ៍ ហើយក្រាបចុះជិតជើងរាជសីហ៍ពោលថា បពិត្រលោក​ម្ចាស់ សូមលោកម្ចាស់ចូរចម្រើន ។ រាជសីហ៍រត់ទៅយ៉ាងលឿន ប្រសិនបើឃើញដំរីចុះប្រេង ក៏សម្លាប់ឲ្យស្លាប់នៅទីនោះតែម្ដង ហើយខ្លួនឯងស៊ីសាច់ល្អៗខ្លះ ឲ្យចចកខ្លះ ចចកស៊ីសាច់ឆ្អែតហើយចូលគុហាដេកលក់យ៉ាងស្រួល ។ លុះវេលាកន្លងយូរទៅ ចចកក៏កើតមានះថា សូម្បីយើងក៏ជាសត្វជើង ៤ ដែរ ហេតុអ្វីចាំបាច់ឲ្យអ្នកដទៃចិញ្ចឹមរាល់ៗថ្ងៃ ចាប់ពីថ្ងៃនេះទៅ យើងនឹងសម្លាប់ដំរីជាដើមស៊ីសាច់សូម្បីតែរាជសីហ៍ដែលជាស្ដេចម្រឹគ ក៏ត្រូវអាស្រ័យអញជួយពោលថា បពិត្រលោកម្ចាស់ សូមលោកម្ចាស់ចូរចម្រើន ដូច្នេះប៉ុណ្ណោះ ក៏សម្លាប់ដំរីបាន អញត្រូវឲ្យរាជសីហ៍និយាយនឹងអញខ្លះថា បពិត្រចចក សូមលោកចូរចម្រើន ដូច្នេះក៏នឹងសម្លាប់ដំរី ហើយស៊ីសាច់ដែរ ។ ចចកនោះ លុះគិតដូច្នោះហើយ ក៏ចូលទៅរករាជសីហ៍ហើយពោលថា បពិត្រលោកម្ចាស់ ខ្ញុំស៊ីសាច់ដំរីដែលលោកម្ចាស់សម្លាប់មកយូរហើយ ខ្ញុំចង់សម្លាប់ដំរីមួយស៊ីសាច់ដែរ ហេតុនោះ ខ្ញុំសូមដេកក្នុងគុហាមាសលើទីដេករបស់លោក សូមលោកជួយមើលដំរីដែលត្រាច់ទៅមកតាមជើងភ្នំ ហើយមកកាន់សម្នាក់ខ្ញុំប្រាប់ថា នែចចក សូមអ្នកចូរចម្រើន សូម្បីត្រឹមតែប៉ុណ្ណេះឯង លោកកុំកំណាញ់ឡើយ ។ ពេលនោះ រាជសីហ៍ប្រាប់ចចកនោះថា នែចចក អ្នកមិនអាចសម្លាប់ដំរីបានទេ ធម្មតា ចចកដែលកើតក្នុងត្រកូលសីហៈ អាចសម្លាប់ដំរីបានមិនមានក្នុងលោកឡើយ អ្នកកុំពេញចិត្តយ៉ាងនេះឡើយ រង់ចាំស៊ីសាច់ដំរីដែលយើងសម្លាប់បានហើយចុះ ។ សូម្បីរាជសីហ៍ប្រាប់យ៉ាងនេះហើយ ចចកនោះមិនលះបង់ការតាំងចិត្ត នៅតែរំអុកដដែល ។ រាជសីហ៍កាលមិនអាចហាមចចកបានក៏ទទួលពាក្យ ហើយពោល​ថា ​បើដូច្នោះ អ្នកចូរទៅកាន់លំនៅរបស់យើង ដេករង់ចាំចុះ ហើយឲ្យចចកដេកក្នុងគុហាមាស ខ្លួន​ឯង​រង់ចាំមើលដំរីចុះប្រេងដែលដើរនៅតាមជើងភ្នំ ហើយទៅកាន់មាត់ទ្វារគុហាប្រាប់ថា នែចចក សូមអ្នក​ចូរចម្រើន ។ ចចកចេញអំពីគុហារលាស់ខ្លួន សម្លឹងមើលទិសទាំង ៤ លូបីដង រួចគិតថា យើងត្រូវ​លោតចុះឲ្យចំត្រង់ក្បាលដំរីចុះប្រេង ក៏ភ្លាត់ធ្លាក់នៅក្បែរជើងដំរី ដំរីលើកជើងស្ដាំជាន់ក្បាលល​​លាដ៍​​ក្បាល​បែកជាលម្អិតតូចធំ ពេលនោះ ដំរីយកជើងជាន់ឈ្លីរាងកាយរបស់ចចកនោះធ្វើជាដុំៗហើយចុះអាចម៍ដាច់ចចក បន្លឺកោញ្ចនាទរួចចូលព្រៃទៅ ។ ព្រះពោធិសត្វឃើញការការប្រព្រឹត្តទៅដូច្នោះ ក៏ពោលថា នែចចក ពេលនេះ អ្នកចូរបន្លឺសំឡេងចុះ ដូច្នេះហើយ ទើបពោលគាថានេះថា លសី ច តេ និប្ផលិតា, មត្ថកោ ច បទាលិតោ; សព្ពា តេ ផាសុកា ភគ្គា, អជ្ជ ខោ ត្វំ វិរោចសិ។ ខួរក្បាលរបស់អ្នកធ្លាយចេញផង លលាដ៍ក្បាលរបស់អ្នកបែកធ្លាយផង ឆ្អឹងជំនីរទាំងអស់របស់អ្នកដំរីបំបាក់ហើយផង ក្នុងថ្ងៃនេះ អ្នកនៅរុងរឿងអ្វីទៀត ។ បណ្ដាបទទាំងនោះ បទថា លសី ប្រែថា ខួរក្បាល ។ បទថា និប្ផលិតា ប្រែថា ហូរចេញហើយ ។ ព្រះសាស្ដាទ្រង់នាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថា តទា សិង្គាលោ ទេវទត្តោ អហោសិ ចចកក្នុងកាលនោះ គឺ ទេវទត្ត ។ សីហោ បន អហមេវ អហោសិំ ចំណែករាជសីហ៍ គឺតថាគតនេះឯង ។ ចប់ វិរោចជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត កកណ្ដកវគ្គ បិដកលេខ ៥៨ ទំព័រ ៦៣ ) ដោយ៥០០០ឆ្នាំ
images/articles/2850/_________xtpic.jpg
Public date : 12, Mar 2024 (4,806 Read)
តិលមុដ្ឋិជាតក (គប្បីហាមឃាត់អំពើអាក្រក់តាំងពីនៅតិចតួច) ព្រះបរមសាស្តា កាលដែលព្រះអង្គទ្រង់គង់ប្រថាប់នៅនាមហាវិហារព្រះជេតពន ទ្រង់ប្រារព្ធភិក្ខុមួយ អង្គ​ដែលច្រើនទៅដោយសេចក្តីក្រោធ ទើបត្រាស់រឿងនេះ មានព្រះបាលីថា អជ្ជាបិ មេ តំ មនសិ ដូច្នេះជា​ដើម ។ បានស្តាប់មកថា មានព្រះភិក្ខុ ១ អង្គ លោកច្រើនទៅដោយសេចក្តីក្រោធ និងសេចក្តីចង្អៀតចង្អល់​ចិត្ត គ្រាន់តែអ្នកដទៃថាអ្វីឲ្យបន្តិចបន្តួច ក៏ខឹងក្រោធភ្លាម ធ្វើការប្រទូសរ៉ាយ និងការអន់ចិត្តឲ្យប្រាកដ ។ ក្រោយមកថ្ងៃមួយ ភិក្ខុទាំងឡាយគង់អង្គុយសន្ទនាគ្នាក្នុងសាលាធម្មសភាថា លោកដ៏មានអាយុទាំង​ឡាយ ភិក្ខុអង្គនោះ ជាបុគ្គលច្រើនដោយសេចក្តីក្រោធ និងសេចក្តីចង្អៀតចង្អល់ចិត្ត ពេលក្រោធម្តងៗ មានសភាពដូចអំបិលដែលគេបាចក្នុងភ្លើងចង្ក្រាន ដូច្នោះឯង ។ លោកបួសក្នុងព្រះសាសនា ដែលប្រដៅ​​មិនឲ្យក្រោធ ជាសាសនានាំសត្វឲ្យរួចផុតចាកពីសេចក្តីសៅហ្មងគ្រប់យ៉ាង ប៉ុន្តែសូម្បីគ្រាន់​តែ​សេច​​ក្តីក្រោធ​ប៉ុណ្ណោះ ក៏មិនអាចគ្របសង្កត់បាន។ ព្រះបរមសាស្តាស្តេចយាងមកកាន់សាលាធម្ម​សភា​ ​ទ្រង់ជ្រាបអំពីការសន្ទនារបស់ភិក្ខុទាំងឡាយ ព្រះអង្គត្រាស់ឲ្យភិក្ខុ ១ អង្គទៅនិមន្តភិក្ខុដែលច្រើន​ទៅ ដោយសេចក្តីក្រោធនោះមក កាលដែលលោកនិមន្ត​មកដល់ហើយ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ មានដំណឹងថា លោកជាបុគ្គលក្រោធងាយ ពិតមែនឬ ? កាលដែលភិក្ខុអង្គនោះ ក្រាបទូលការពិតហើយ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិន​មែន​តែ​ក្នុងកាលឥឡូវនេះទេ សូម្បីក្នុងកាលមុន ភិក្ខុនេះក៏បានជាអ្នកច្រើនទៅដោយសេចក្តីក្រោធដូចគ្នាដែរ​។ កាលដែលភិក្ខុទាំងឡាយទូលអារាធនា ទើបព្រះភគវា នាំយករឿងក្នុងអតីតកាលមកសម្តែងតទៅ ៖ ក្នុងអតីតកាល គ្រាដែលព្រះបាទព្រហ្មទត្តគ្រងរាជសម្បត្តិក្នុងក្រុងពារាណសី ឱរសរបស់ព្រះបាទព្រហ្ម​ទត្ត​នោះ មាននាមថា ព្រហ្មទត្តកុមារ។ ក្នុងការអប់រំនិងបណ្តុះបណ្តាលបុត្រ ព្រះរាជាក្នុងគ្រាមុនៗ សូម្បី​​មានអាចារ្យទិសាបាមោក្ខក្នុងនគររបស់ខ្លួនក៏ដោយ ក៏នៅតែបញ្ជូនបុត្ររបស់ព្រះអង្គឲ្យទៅរៀនសិល្ប៍សាស្រ្តនៅទីឆ្ងាយ ក្រៅពីនគររបស់ខ្លួនដែរ ។ ដែលធ្វើយ៉ាងនេះ មកអំពីព្រះរាជាមានសេចក្តីសង្ឃឹមថា ព្រះរាជបុត្រទាំងនោះ នឹងកម្ចាត់នូវភាពក្រអឺតក្រអោងដោយមានះផង និងជាអ្នកចេះមាន​សេច​​ក្តី​អត់ធន់ចំពោះក្តៅរងាផង ព្រមទាំងនឹងបានដឹងនូវប្រពៃណី ទំនៀមទម្លាប់របស់មនុស្ស ក្នុងលោក​ផង​ដែរ ។ ព្រោះហេតុដូច្នោះ ទើបព្រះបាទព្រហ្មទត្ត ត្រាស់ហៅព្រហ្មទត្តកុមារជាព្រះរាជបុត្រ ដែលមានព្រះជន្ម​វ​ស្សា ១៦ ឆ្នាំ ឲ្យចូលមកគាល់ ហើយព្រះរាជទាននូវស្បែកព្រះបាទមួយគូ ឆត្រស្លឹកឈើមួយ និងទ្រព្យ ១ ពាន់កហាបណៈ ព្រមទាំងត្រាស់ប្រាប់ថា បុត្រចូរទៅកាន់នគរតក្កសិលា ប្រឹងប្រែងសិក្សាយកនូវសិល្ប៍​សាស្ត្រមក ។ ព្រហ្មទត្តកុមារទទួលព្រះរាជឱង្ការហើយថ្វាយបង្គំព្រះរាជមាតាបិតាលាចេញទៅ ។ ព្រហ្មទត្តកុមារ ក៏បានសួររកផ្ទះលោកអាចារ្យឃើញហើយ ក៏ដោះស្បែកព្រះបាទ និងដោះឆត្រ ចូលទៅសំពះលោកអាចារ្យ រួចឈរក្នុងទីដ៏សមគួរ ។ កាលដែលលោកអាចារ្យធ្វើបដិសណ្ឋារៈ និងសាកសួរដឹងហេតុការណ៍សព្វគ្រប់ហើយ ក៏ទទួលបង្ហាត់បង្រៀននូវសិល្ប៍៍សាស្ត្រដល់ព្រហ្មទត្តកុមារដោយពិស្តារ ចំណែកព្រះរាជកុមារ ក៏រៀនយកនូវសិល្ប៍​សាស្ត្រ​ដោយការតាំងចិត្ត ។ ថ្ងៃមួយ ព្រហ្មទត្តកុមារ និងសិស្សទាំងឡាយ ទៅងូតទឹកព្រមជាមួយនឹងលោកអាចារ្យ គ្រានោះមានស្ត្រីចាស់ជរាម្នាក់បកសំបកគ្រាប់ល្ងហើយយកមកហាល ទាំងដែលនៅអង្គុយ​ចាំមើលទៀតផង ព្រហ្មទត្តកុមារ ឃើញគ្រាប់ល្ងដែលយាយហាល ក៏នឹកចង់បរិភោគ ទើបចាប់​យក​មួយក្តាប់ដៃមកទំពាបរិភោគ ស្ត្រីចាស់ជរាគិតថា មាណពនេះចង់បរិភោគ ទើបអង្គុយស្ងៀមមិនបានពោលអ្វីឡើយ ។ ថ្ងៃបន្ទាប់មកទៀត ព្រះរាជកុមារនោះ ក៏បានធ្វើយ៉ាងនោះទៀត សូម្បីស្ត្រីចាស់​ជរា​ក៏មិនបានពោលថាអ្វីដែរ នៅស្ងៀមជាលើកទី ២ ។ លុះដល់ថ្ងៃទី ៣ ព្រះរាជកុមារក៏នៅតែចាប់យកល្ងរបស់ស្ត្រីចាស់ជរានោះដដែលទៀត លើកនេះ ស្ត្រីចាស់ជរាមិនអាចទ្រាំបាន គាត់ស្រែកយំហើយពោលរៀបរាប់ថា អាចារ្យទិសាបាមោក្ខ ប្រើឲ្យសិស្សរបស់​ខ្លួនប្លន់យើង ។ អាចារ្យត្រឡប់មកសួរថា តើមានរឿងអ្វីលោកយាយ ។ ស្ត្រីចាស់ជរាពោលថា លោក​អាចារ្យ សិស្សរបស់លោកបរិភោគគ្រាប់ល្ងខ្ញុំថ្ងៃនេះមួយក្តាប់ ម្សិលមិញ មួយក្តាប់ ម្សិលម្ង៉ៃមួយក្តាប់ បើសិស្សលោកអាចារ្យ ស៊ីល្ងរបស់ខ្ញុំយ៉ាងនេះ ទោះជាគ្រាប់ល្ងរបស់ខ្ញុំមាន ប៉ុន្មានក៏មិនសល់ដែរ ។ អាចារ្យទិសាបាមោក្ខពោលថា សូមលោកយាយ ឈប់យំទៅណ៎ា! ចាំខ្ញុំសងតម្លៃល្ងដល់លោក​យាយ ​។ ស្ត្រីចាស់ជរាពោលថា ខ្ញុំមិនត្រូវការតម្លៃអ្វីទេ ខ្ញុំត្រូវការឲ្យលោកប្រដៅសិស្សរបស់លោក កុំឲ្យថ្ងៃក្រោយ​ធ្វើអ៊‍ីចឹងទៀត ។ អាចារ្យពោលថា មិនអីទេលោកយាយ សូមលោក យាយកុំព្រួយ លោកយាយចាំមើលណ៎ា! ភ្លាមនោះ លោកអាចារ្យបានឲ្យមាណពពីរនាក់ ចាប់ដៃព្រះរាជកុមារម្ខាងម្នាក់ ហើយទើបយករំពាត់ឫស្សីមកវាយកណ្តាលខ្នងព្រះរាជកុមារ ៣ រំពាត់ ព្រមទាំង ពោលប្រដៅថា អ្នកកុំធ្វើយ៉ាងនេះតទៅទៀត ។ ព្រះរាជកុមារក្រោធចំពោះលោកអាចារ្យ មានភ្នែកក្រហមសម្លឹងមើលលោកអាចារ្យតាំងពីខ្នងជើងរហូតដល់ចុងសក់ ។ ព្រះរាជកុមារ ប្រឹងប្រែងរៀនសិល្ប៍សាស្ត្ររហូតដល់ចប់ ទាំងមានគំនុំទុកក្នុងហឫទ័យ ដោយចងអាឃាតថា យើងនឹងសម្លាប់អាចារ្យនេះ នៅពេលដែលយើងបានសោយរាជ្យ ។ ដល់ពេលដែលត្រូវចាក​ចេញទៅកាន់ព្រះនគរវិញ ព្រះរាជកុមារបានក្រាបសំពះលោកអាចារ្យ ធ្វើដូចជាមានសេចក្តីស្រឡាញ់ និងដឹងគុណគ្រូអាចារ្យណាស់ បានពោលផ្តាំថា បពិត្រលោកអាចារ្យ កាលណាដែលខ្ញុំបាននូវ​រាជ​សម្បត្តិក្នុងព្រះនគរពារាណសី ខ្ញុំនឹងបញ្ជូនដំណឹងមក កាលនោះសូមលោកអាចារ្យអញ្ជើញទៅ កុំខានឲ្យសោះ ពោលផ្តាំរួចហើយក៏ចាកចេញទៅ ។ ព្រហ្មទត្តកុមារ ធ្វើដំណើរដល់ក្រុងពារាណសី បានចូលទៅថ្វាយបង្គំព្រះជនកព្រះជននី ហើយសម្តែងសិល្ប៍សាស្ត្រឲ្យទ្រង់ទាំងពីរបានទតព្រះនេត្រ ។ ព្រះរាជាត្រាស់ថា យើងមានជីវិតនៅទាន់បុត្ររបស់យើងហ្ន៎ ! ដែលបុត្ររបស់យើងរុងរឿងក្នុងរាជសម្បត្តិ ទើបទ្រង់ស្ថាបនាព្រះរាជបុត្រ ឲ្យជាព្រះរាជាគ្រប់គ្រងព្រះនគរតទៅ ។ កាលបានគ្រងសិរីរាជសម្បត្តិហើយ ក៏រលឹកដល់រឿងដែលលោកអាចារ្យបានធ្វើ​មក​លើព្រះអង្គ កាលដែលទ្រង់នៅជាសិស្សក្នុងនគរតក្កសិលា ស្តេចទ្រង់វិរោធឆួលឆេះក្នុងព្រះឱរា ទើប​ចាត់ការបញ្ជួនទូតទៅ ដោយតាំងព្រះហឫទ័យថា យើងនឹងសម្លាប់អាចារ្យនោះ ។ លោកគ្រូអាចារ្យ បានទទួលការអញ្ជើញពីព្រះរាជាក្រុងពារាណសីហើយ ក៏គិតថា ក្នុងពេលដែលព្រះ​រាជា​នៅក្មេង ដូច្នេះ យើងមិនអាចឲ្យទ្រង់យល់បានឡើយ គិតហើយ គាត់ក៏មិនបានទៅក្នុងពេលនោះដែរ ។ លុះដល់វេលាដែលព្រះរាជានោះ ចូលដល់មជ្ឈិមវ័យហើយ ទើបលោកគ្រូអាចារ្យគិតថា ឥឡូវនេះ យើង​អាចធ្វើឲ្យព្រះរាជាក្រុងពារាណសីយល់បាន ទើបធ្វើដំណើររហូតចូលដល់ក្រុងពារាណសី ហើយឈរនៅនាខ្លោងទ្វារព្រះរាជវាំង ឲ្យគេក្រាបទូលថា អាចារ្យពីនគរតក្កសិលាមកហើយ ។ ព្រះរាជាទ្រង់​សោមនស្សត្រេកអរ បង្គាប់ឲ្យនាំលោកគ្រូអាចារ្យចូលមក គ្រាន់តែទ្រង់ទតព្រះនេត្រឃើញ​លោកគ្រូអាចារ្យដែលចូលមកគាល់ភ្លាម ទ្រង់ពិរោធរហូតដល់ព្រះនេត្រទាំងពីរឡើងក្រហម ហើយ​ត្រាស់ហៅអាមាត្យទាំងឡាយមកថា នែអាមាត្យទាំងឡាយ ! អាចារ្យនេះហើយវាយយើងឲ្យបែក​ខ្នង នៅស្នាមរហូតដល់សព្វថ្ងៃ ឥឡូវគេមករកសេចក្តីស្លាប់ដោយមិនដឹងខ្លួនថា អាត្មាអញ នឹងស្លាប់ក្នុងថ្ងៃនេះ ។ រួចហើយព្រះរាជាបានត្រាស់ទៅរកលោកគ្រូអាចារ្យ ដោយគាថា ដែលមានសេច​ក្តី​ថា អ្នកឲ្យគេចាប់យើងត្រង់ដើមដៃ ហើយអ្នកវាយយើងដោយរំពាត់ ព្រោះហេតុតែល្ងមួយក្តាប់ ការវាយយើងដោយរំពាត់ ព្រោះហេតុតែល្ងមួយក្តាប់ ការវាយនោះ ប្រាកដក្នុងចិត្តរបស់យើងដរាបដល់ថ្ងៃនេះ។ ម្នាលព្រាហ្មណ៍ អ្នកមិនត្រេកអរក្នុងជីវិតរបស់អ្នកហើយឬ ទើបបានជាមករកយើងដល់ទីនេះ អំពើដែលអ្នកឲ្យគេចាប់​ដៃ​យើង​ម្ខាងម្នាក់ ហើយអ្នកបានវាយយើងដល់ទៅ ៣ រំពាត់នោះ នឹងតបស្នងដល់អ្នកវិញក្នុងថ្ងៃនេះ​ឯង​ ។ លោកគ្រូអាចារ្យបានស្តាប់ហើយ ទើបពោលគាថា ដូច្នេះថា ៖ អរិយោ អនរិយំ កុព្ពន្តំ យោ ទណ្ឌេន និសេធតិ សាសនំ តំ ន តំ វេរំ ឥតិ នំ បណ្ឌិតា វិទូ។ អរិយជនណា ហាមឃាត់នូវបុគ្គលមិនប្រសើរ មានការដាក់ទោសដល់អ្នកដែលប្រព្រឹត្តអាក្រក់ អំពើរបស់​អរិយជននោះ រាប់ថាជាការប្រៀនប្រដៅ គឺមិនមែនជាពៀរឡើយ បណ្ឌិតទាំងឡាយ រមែងដឹងច្បាស់​នូវហេតុនោះ ដូច្នេះឯង ។ បពិត្រមហារាជ ព្រោះហេតុនោះ សូម្បីព្រះអង្គក៏សូមទ្រង់ជ្រាបយ៉ាងនេះចុះ ព្រះអង្គមិនគួរសាងកម្ម​ពៀរ​ក្នុងសភាពបែបនេះឡើយ ។ ប្រសិនបើក្នុងកាលនោះ ទូលព្រះបង្គំ មិនបានទូន្មានប្រៀនប្រដៅព្រះ​អង្គ​ទេ បន្តមកទៀត ទ្រង់នឹងលួចនំ លួចស្ករក្រួសនិងផ្លែឈើជាដើម ម៉្លោះហើយទ្រង់នឹងធ្លាក់ក្នុងចោរ​កម្ម​ផ្សេងៗ រហូតដល់លួចប្លន់សម្លាប់មនុស្សតាមផ្លូវ សម្លាប់អ្នកស្រុកទីបំផុត ត្រូវគេចាប់បានព្រមទាំងព័ស្តុតាងទូលដល់ព្រះរាជា ទ្រង់នឹងទទួលនូវភ័យគឺអាជ្ញា ដោយព្រះតម្រាស់ថា ពួកអ្នកចូរដាក់អាជ្ញា ឲ្យសមគួរដល់ទោសរបស់ចោរនេះ ដូច្នោះ តើសម្បត្តិមានសភាពបែបនេះ នឹងសម្រេចដល់ព្រះអង្គបានដូចម្តេចទៅ តាមពិត ទ្រង់បានដល់នូវសភាពជាធំយ៉ាងរៀបរយដូច្នេះ ក៏ព្រោះអាស្រ័យទូល​ព្រះបង្គំ​ជា​ខ្ញុំហ្នឹងឯង មិនមែនទេឬ ? លោកគ្រូអាចារ្យបានធ្វើឲ្យព្រះរាជាទទួលព្រមដោយប្រការដូចពោលមកនេះឯង ។ ក្នុងពេលនោះ អាមាត្យទាំងឡាយ ដែលឈរនៅជុំវិញ បានស្តាប់ពាក្យលោកគ្រូអាចារ្យហើយ ទើបក្រាប​ទូលថា ព្រះករុណាថ្ងៃវិសេស ពាក្យដែលលោកអាចារ្យពោលនេះជាការពិតណាស់ ភាពជាធំនេះ គឺជា​របស់លោកអាចារ្យរបស់ព្រះអង្គដោយពិត ។ ខណៈនោះ ព្រះរាជាទ្រង់កំណត់បាន ទ្រង់ដឹងគុណលោក​គ្រូអាចារ្យទើបត្រាស់ថា បពិត្រលោកអាចារ្យ ខ្ញុំសូមជូននូវភាពជាធំនេះដល់លោក សូមលោកទទួលនូវរាជសម្បត្តិនេះចុះ ។ លោកគ្រូអាចារ្យបដិសេធថា ទូលព្រះបង្គំជាខ្ញុំមិនត្រូវការនូវរាជសម្បត្តិឡើយ ។ ព្រះរាជាទ្រង់បានបញ្ជូនដំណឹងទៅកាន់នគរតក្កសិលា ឲ្យនាំបុត្រនិងភរិយារបស់លោកគ្រូអាចារ្យមក ហើយ​ទ្រង់ប្រទានឥស្សរិយយសដ៏ធំ ដោយទ្រង់តែងតាំងលោកគ្រូអាចារ្យនោះឯង ក្នុងតំណែងជាបុរោ​ហិត និងតាំងទុកក្នុងឋានៈជាបិតា ។ ព្រះរាជាតាំងនៅក្នុងឱវាទរបស់បុរោហិត បំពេញបុណ្យទាំង​ឡាយ​មានទានជាដើម និងមានសុគតិភពប្រព្រឹត្តទៅខាងមុខ ។ ព្រះបរមសាស្តា កាលដែលព្រះអង្គទ្រង់នាំយកនូវព្រះធម៌ទេសនានេះ មកសម្តែងរួចហើយ ព្រះអង្គទ្រង់​ប្រកាសចតុរារិយសច្ច និងប្រជុំជាតក ។ ក្នុងវេលាចប់សច្ចកថា ភិក្ខុដែលច្រើនទៅដោយសេចក្តីក្រោធ បានតាំងនៅក្នុងអនាគាមិផល បរិស័ទដទៃៗ បានជាព្រះសោតាបន្ន និងព្រះសកទាគាមី ។ព្រះ​រាជាក្នុងគ្រានោះ បានមកជាភិក្ខុដែលច្រើនទៅដោយសេចក្តីក្រោធនេះឯង ចំណែក​លោកគ្រូអាចារ្យ គឺបានមកជា តថាគត ៕ (អដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តិកនិបាត សង្កប្បវគ្គ បិដកលេខ ៥៨ ទំព័រ ១៣៩) ដោយ៥០០០ឆ្នាំ
images/articles/2862/ythvrdfcrgd.jpg
Public date : 12, Mar 2024 (10,736 Read)
ព្រះបរមសាស្តា កាលទ្រង់គង់នៅវត្តជេតពន ទ្រង់ប្រារព្ធព្រះលោឡុទាយិត្ថេរ ត្រាស់ព្រះធម្មទេសនានេះ មាន​ពាក្យផ្តើមថា អសព្វត្ថគាមិំ វាចំ ដូច្នេះជាដើម ។បានឮថា ព្រះថេរៈនោះ កាលពោលធម៌ មិនដឹងធម៌ដែល​គួរនិងមិនគួរថា ក្នុងទីនេះ គួរពោលធម៌នេះ ក្នុងទីនេះមិនគួរពោលធម៌នេះ ក្នុងមង្គលការក៏ពោល​អវ​មង្គល ធ្វើការអនុមោទនាអវមង្គលថា តិរោកុដ្ដេសុ តិដ្ឋន្តិ, សន្ធិសិង្ឃាដកេសុ ច ពួកប្រេតទាំងឡាយនាំគ្នាមកឈរនៅខាងក្រៅជញ្ជាំង ជិតទា្វរក្រុង និងទ្វារផ្ទះជាដើម ។ លុះដល់ អវមង្គល ក៏ធ្វើការអនុមោទ​នា​ថា ពហូ ទេវា មនុស្សា ច, មង្គលានិ អចិន្តយុំ ទេវតានិងមនុស្សទាំងឡាយជាច្រើន បានគិតរកនូវមង្គលទាំងឡាយជាដើម ហើយពោលដដែល ៗ ថា សូមឲ្យអ្នកទាំងឡាយអាចធ្វើមង្គលបែបនោះ​ឲ្យបាន ១ រយដង ១ ពាន់ដងចុះ ។ ថ្ងៃមួយ ភិក្ខុទាំងឡាយ លើករឿងនេះឡើងសន្ទនាគ្នាក្នុងធម្មសភាថា ម្នាលអ្នកមានអាយុទាំងឡាយ ព្រះលោឡុទាយិត្ថេរ មិនដឹងធម៌ដែលគួរនិងមិនគួរ ពោលវាចាដែលមិនគួរពោលទូទៅគ្រប់ទីកន្លែង ។ ព្រះបរមសាសា្ត ស្តេចយាងមកទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយប្រជុំសន្ទនាគ្នាអំពីរឿងអ្វី ? កាលភិក្ខុទាំងឡាយ​ក្រាប​ទូល​ឲ្យទ្រង់ជ្រាបហើយ ទើបទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ មិនមែនតែពេលនេះទេ ដែលលោឡុទាយីនេះមិនឈ្លាសវៃ កាលពោលធម៌ ក៏មិនដឹងធម៌ដែលគួរនិងមិនគួរនោះ សូម្បី​ក្នុង​កាលមុនក៏ជាអ្នកនិយាយផ្តេសផ្តាសដូច្នោះដែរ ហើយទ្រង់នាំយករឿងក្នុងអតីត​មកសម្តែងដូចតទៅថាៈ អតីតេ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះបរមពោធិ​សត្វ​បដិសន្ធិក្នុងត្រកូលព្រាហ្មណ៍មហាសាល ចម្រើនវ័យ ហើយ រៀនសព្វសិល្បវិទ្យា ក្នុងនគរតក្កសិលា បាន​ជាអាចារ្យទិសាបាមោក្ខក្នុងនគរពារាណសី បង្រៀនសិល្បវិទ្យាដល់មាណព ៥០០ រូប ។ គ្រានោះ បណ្តា​មាណពទាំងនោះ មានមាណពម្នាក់មិនឈ្លាសវៃ (បញ្ញាទន់ខ្សោយ) និយាយផ្តេសផ្តាស ជាធម្មន្តេ​វា​សិក (សិស្សដែលរៀនធម៌ឬសិល្បសាស្ត្រក្នុងសម្នាក់អាចារ្យ) ប៉ុន្តែមិនអាចរៀនបាន (រៀនមិនចេះ) ព្រោះជាអ្នកអាប់ឥតប្រាជ្ញា ប៉ុន្តែជាអ្នកមានឧបការៈចំពោះព្រះបរមពោធិសត្វ ធ្វើកិច្ចគ្រប់យ៉ាងដូចជាទាសៈ ។ ​ថ្ងៃមួយ ព្រះពោធិសត្វ បរិភោគអាហារល្ងាចហើយសម្រាន្តនៅលើគ្រែ ពោលនឹងមាណពដែលមកច្របាច់ដៃ ជើង និងខ្នងថា នែអ្នកដ៏ចម្រើន អ្នកជួយកល់ជើងគ្រែឲ្យបន្តិចសិន សឹមទៅ ។ មាណព​កល់ជើងគ្រែ ម្ខាងហើយ មិនមានអ្វីកល់ជើងគ្រែម្ខាងទៀត ក៏លើកដាក់លើភ្លៅរបស់ខ្លួនរហូតមួយ​យប់ ។ ព្រះបរមពោធិសត្វក្រោកឡើងពេលព្រឹក ឃើញមាណពនោះក៏សួរថា នែអ្នកដ៏ចម្រើន អ្នកអង្គុយ​ ធ្វើអ្វី ? មាណពឆ្លើយថា បពិត្រលោកអាចារ្យ ខ្ញុំរកអ្វីកល់ជើងគ្រែមិនមាន ទើបខ្ញុំលើកដាក់លើភ្លៅរបស់ខ្ញុំ​ហើយអង្គុយ ។ ព្រះបរមពោធិសត្វសង្វេគ គិតថា មាណពនេះមានឧបការៈគុណ ចំពោះអញក្រែ​លែ​ង​ណាស់ ក្នុងក្រុមមាណពមានប្រមាណប៉ុណ្ណេះ មាណពនេះល្ងង់ជាងគេ រៀនសិល្បៈមិនចេះ ធ្វើដូចម្តេចហ្ន៎ ទើបធ្វើឲ្យមាណពនេះឈ្លាសវែបាន លុះគិតដូច្នោះហើយ ក៏មានគំនិតថា មានឧបាយមួយ អញចាំ​សួរមាណពនេះ ពេលដែលមាណពនេះទៅរកឧសរកបន្លែមកថា ថ្ងៃនេះអ្នកឃើញអ្វី ? អ្នកធ្វើអី្វ ? កាលបើដូច្នោះ មាណពនេះនឹងប្រាប់អញថា ថ្ងៃនេះខ្ញុំឃើញវត្ថុឈ្មោះនេះ ធ្វើកិច្ចនេះ ពេលនោះអញនឹងសួរថា កន្លែងដែលអ្នកឃើញ កន្លែងដែលអ្នកធ្វើនោះ ដូចអ្វី ? មាណពនេះនឹងប្រាប់អញដោយឧបមានិង​ដោ​យ​​ហេតុថា យ៉ាងនេះ ដោយវិធីនេះអញឲ្យមាណពពោលឧបមានិងដោយហេតុហើយ នឹងធ្វើឲ្យ​មាណ​ព​​នោះឈ្លាសវៃ បានដោយឧបាយនេះ (គិតដូច្នេះហើយ) ទើបហៅមាណពនោះមកប្រាប់ថា នែមាណព ចាប់ពី ពេលនេះទៅ ក្នុងទីកន្លែងដែលអ្នកទៅរកឧសនិងរកបន្លែនោះ អ្នកបានឃើញ បានបរិ​ភោគ​ បានផឹក ឬ បានទំពាវត្ថុណាក្នុងទីនោះ ពេលមកដល់កន្លែងត្រូវប្រាប់វត្ថុនោះដល់យើង ។ មាណពនោះយល់ព្រមថា ប្រពៃហើយលោកអាចារ្យ ។ ថ្ងៃមួយ មាណពទៅព្រៃដើម្បីរកឧសជាមួយនឹងមាណព​ទាំងឡាយ ឃើញពស់ក្នុងព្រៃ ពេលត្រឡប់មកវិញប្រាប់អាចារ្យថា បពិត្រលោកអាចារ្យ ខ្ញុំឃើញ​ពស់ ។អាចារ្យ​សួរថា នែមាណព ដែលឈ្មោះថាពស់ ដូចអ្វី ?មាណពឆ្លើយថា ដូចដងនង្គ័ល ។អាចារ្យ​ត្រេកអរថា ល្អហើយ ល្អហើយ មាណព ឧបមាដែលអ្នកនាំមកថា ពស់ដូច ដងនង្គ័ល ជាទីពេញចិត្ត​យើង​​ហើយ ។គ្រានោះ ព្រះបរមពោធិសត្វត្រិះរិះថា ឧបមាគួរពេញចិត្ត មាណពនាំមកបាន អញអាចនឹង​ធ្វើ​​ឲ្យមាណពនេះឆ្លាតបាន ។ ថ្ងៃមួយ មាណពនោះបានឃើញដំរីក្នុងព្រៃ ក៏មកប្រាប់ថា បពិត្រលោកអាចារ្យ​ ខ្ញុំឃើញដំរី ។អាចារ្យសួរថា ដំរីដូចអ្វី ?មាណពឆ្លើយថា ក៏ដូចដងនង្គ័លដែរ ។ ព្រះបរមពោធិសត្វគិតថា ប្រមោយដំរីក៏ង ដូចដងនង្គ័ល អវយវៈដទៃៗ ដូចជាភ្លុកជាដើម អាចមានរូប​រាង​ដូច្នេះបាន ប៉ុន្តែមាណពនេះ មិនអាចចែកហើយពោលព្រោះខ្លួនល្ងង់ ប្រហែលនិយាយសំដៅយកប្រមោយ​ដំរី ហើយក៏នៅស្ងៀម ។ ថ្ងៃមួយ មាណពនោះបានបរិភោគអំពៅក្នុងទីដែលគេអញ្ជើញទៅ ក៏​មក​​ប្រាប់ថា បពិត្រលោកអាចារ្យ ថ្ងៃនេះខ្ញុំបានបរិភោគអំពៅ ។ កាលអាចារ្យសួរថា អំពៅដូចអ្វី ? ក៏ពោល​ថា ដូចដងនង្គ័ល ។ ព្រះបរមពោធិសត្វគិតថា មាណពនេះពោលហេតុផលសមគួរបន្តិច ហើយក៏នៅ​​ស្ងៀម ។ ថ្ងៃមួយទៀត ក្នុងទីដែលបានទទួលអញ្ជើញ មាណពពួកខ្លះបានបរិភោគស្ករអំពៅ និងទឹក​ដោះ​ជូរ ពួកខ្លះបរិភោគស្ករអំពៅ និងទឹកដោះស្រស់ ។ មាណព​នោះមកដល់កន្លែងវិញ ប្រាប់អាចារ្យថា បពិត្រលោកអាចារ្យ ថ្ងៃនេះ ខ្ញុំបរិភោគទឹកដោះជូរផង ទឹក​ដោះស្រស់ផង កាលត្រូវអាចារ្យសួរថា នែមាណព ទឹកដោះជូរនិងទឹកដោះស្រស់ដូចអ្វី ? ក៏ឆ្លើយថា ដូច​ដងនង្គ័ល ។ ព្រះបរមពោធិសត្វពោលថា មាណពនេះ កាលពោលថា ពស់ដូចដងនង្គ័ល ពោលបានត្រឹម​ត្រូវ សូម្បីពោលថា ដំរីដូចដងនង្គ័ល ក៏អាចពោលបាន ដោយសំដៅយកប្រមោយ សូម្បីដែលពោល​ថា​ អំពៅដូចដងនង្គ័លក៏នៅសមគួរ ប៉ុន្តែទឹកដោះជូរ ទឹកដោះស្រស់ ពណ៌សជានិច្ច ទ្រទ្រង់ខ្លួនដោយភាជនៈ​ មិនគួរនឹងពោលឧបមាក្នុងរឿងនេះបាន ដោយប្រការទាំងពួង អញមិនអាចឲ្យមនុស្សល្ងង់ម្នាក់នេះ ​សិក្សាបាន ទើបពោលគាថានេះថា អសព្ពត្ថគាមិំ វាចំ, ពាលោ សព្ពត្ថ ភាសតិ; នាយំ ទធិំ វេទិ ន នង្គលីសំ, ទធិប្បយំ មញ្ញតិ នង្គលីសំ។ បុគ្គលពាលរមែងពោលនូវវាចា ដែលមិនគួរពោលគ្រប់យ៉ាងបាន ក្នុងទីទាំងពួង មាណពនេះមិនស្គាល់ទឹកដោះជូរ មិនស្គាល់ដងនង្គ័លឡើយ ទើបសម្គាល់នូវទឹកដោះជូរ និងទឹកដោះស្រស់ថា ដូចដងនៃនង្គ័លទៅវិញ ។ ក្នុងគាថានោះ មានសេចក្តីសង្ខេបដូច្នេះថា វាចាណាដែលមិនសមគួរក្នុងទីទាំងពួងដោយអំណាចនៃឧបមា​ វាចាដែលមិនសមគួរក្នុងទីទាំងពួងនោះ បុគ្គលពាលតែងពោលបានក្នុងទីគ្រប់អន្លើ ដូចត្រូវសួរថា ទឹកដោះជូរដូចអ្វី ? ក៏ឆ្លើយភ្លាមថា ដូចដងនង្គ័ល កាលពោលយ៉ាងនេះ ព្រោះមិនស្គាល់ទឹកដោះជូរនិងទឹកដោះស្រស់ ។សួរថា ព្រោះហេតុអ្វី ?ឆ្លើយថា ព្រោះថា សូម្បីតែទឺកដោះជូរក៏គេសម្គាល់ថាជា ដង​នង្គ័ល​បាន ។ ន័យម៉្យាងទៀត ព្រោះគេសម្គាល់ទឺកដោះជូរនិងទឹកដោះស្រស់ថា ដូចដងនង្គ័ល មាណពនេះ​ល្ងង់ដល់កម្រិតនេះ ព្រះបរមពោធិសត្វគិតថា ប្រយោជន៍អ្វីដោយមាណពនេះ ទើបប្រាប់អន្តេវាសិកទាំង​ឡាយឲ្យស្បៀងហើយបញ្ជូនមាណពនេះ ឲ្យត្រឡប់ទៅផ្ទះវិញ ។ ព្រះបរមសាស្តា ទ្រង់នាំយកព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថាតទា លាឡកមាណវោ លាឡុទាយី អហោសិ មាណព ល្ងង់ក្នុងកាលនោះ បានមកជាលោឡុទាយី ។ទិសាបាមោក្ខោ អាចរិយោ បន អហមេវ អហោសិំ ចំណែកអាចារ្យ ទិសាបាមោក្ខ គឺ តថាគត នេះឯង ៕ ចប់ នង្គលីសជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត កុសនាឡិវគ្គ បិដកលេខ ៥៨ ទំព័រ ៥៥) ដោយ៥០០០ឆ្នាំ
images/articles/2871/____________pic.jpg
Public date : 12, Mar 2024 (6,469 Read)
រឿងស្ដេចត្រីពោធិសត្វប្រកាសសច្ចវាចាហៅភ្លៀងឲ្យធ្លាក់ចុះ ព្រះបរមសាស្តា កាលស្ដេចគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភ្លៀងដែលទ្រង់ បណ្តាលឲ្យធ្លាក់​មក បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា អភិត្ថនយ បជ្ជុន្ន ដូច្នេះជាដើម ។ ​បានឮថា សម័យមួយ ក្នុងដែនកោសលមិនមានភ្លៀងសោះ សន្ទូងទាំងឡាយ ហួត​ហែង ​អណ្តូងទឹក ស្រះបោក្ខរណី និងស្រះក្នុងទីនោះៗ ក៏រីងស្ងួត សូម្បីស្រះ បោក្ខរណីជេតពនដែលនៅជិតខ្លោងទ្វារវត្តជេតពនក៏ដាច់ទឹកដែរ ។ ហ្វូងក្អែកនិងហ្វូង បក្សីជាដើម នាំគ្នាចោមរោមយកចំពុះចឹកត្រីនិងអណ្តើកដែលកប់ចូលទៅក្នុងភក់ ចេញ មកស៊ីទាំងដែលកំពុងរើបម្រះ ។ ព្រះបរមសាស្តា ទ្រង់ទតឃើញសេចក្តីវិនាសរបស់ត្រី និងអណ្តើក ត្រូវព្រះមហាករុណាដាស់​តឿន​ព្រះទ័យឲ្យទ្រង់មានឧស្សាហៈទើបទ្រង់ព្រះ តម្រិះថា ថ្ងៃនេះតថាគតគួរបណ្តាល​​ភ្លៀងឲ្យធ្លាក់ចុះមក ។ លុះរាត្រីកន្លងទៅ (ភ្លឺ) ទ្រង់បដិបត្តិសរីរៈស្រេចហើយ ទ្រង់​កំណត់​វេលាភិក្ខាចារ មានភិក្ខុសង្ឃមួយពួកធំ ហែហម ស្តេចចូលទៅបិណ្ឌបាតក្នុងនគរសាវត្ថីដោយព្រះពុទ្ធលីលា ក្រោយភត្តទ្រង់ ត្រឡប់មកអំពីបិណ្ឌបាតហើយ កាលទ្រង់​ត្រឡប់មកអំពី​នគរសាវត្ថី​ចូលកាន់ព្រះវិហារ ទ្រង់ប្រថាប់ឈរក្បែរជណ្តើរស្រះបោក្ខរណី​ជេតពន ត្រាស់ហៅព្រះអានន្ទថា ម្នាល អានន្ទ អ្នកចូរយកសំពត់ងូតទឹកមក តថាគតនឹងស្រង់ទឹកក្នុងស្រះបោក្ខរណីជេតពន ។ ព្រះអានន្ទកា្របទូលថា បពិត្រព្រះអង្គដ៏ចម្រើន ទឹកក្នុងស្រះបោក្ខរណីជេតពន រីងស្ងួតអស់​ហើយ នៅសល់ត្រឹមតែសើមដីប៉ុណ្ណោះមិនមែនឬ ព្រះអង្គ ?ព្រះសាស្តាត្រាស់ថា ម្នាល​អានន្ទ ធម្មតាកម្លាំងរបស់ព្រះពុទ្ធខ្លាំង អ្នកចូរទៅយក សំពត់ងូតទឹកមកចុះ ។ ព្រះអានន្ទក៏ទៅយកមកថ្វាយ ព្រះបរមសាស្តាទ្រង់ស្លៀកសំពត់ ឧទកសាដកដោយជាងម្ខាង ជាយម្ខាងទៀតទ្រង់ដណ្តប់ព្រះសរីរៈ ទ្រង់ប្រថាប់ឈរនៅ ក្បែរជណ្តើរ ទ្រង់តាំងព្រះ​ទ័យ​ថា តថាគតនឹងស្រង់ទឹកក្នុងស្រះបោក្ខរណីជេតពន ។ ភ្លាមនោះឯង បណ្ឌុកម្ពលសិលាសនៈរបស់សក្កទេវរាជ ក៏សម្តែងអាការៈក្តៅ សក្ក ទេវរាជទ្រង់ពិចារណាថា តើមានហេតុអ្វីហ្ន៎ ? ទ្រង់ជ្រាបហេតុនោះ ទើបមានទេវបញ្ជា ហៅវលា​ហក​ទេវរាជ ម្ចាស់ភ្លៀងមកគាល់ហើយត្រាស់ថា នែទេវបុត្រ ព្រះបរមសាស្តា ទ្រង់តាំងព្រះ​ទ័យថា តថាគតនឹងស្រង់ទឹកក្នុងស្រះបោក្ខរណីជេតពន ទ្រង់ប្រថាប់ឈរ នៅក្បែរ​ជណ្តើរ​​ស្រះ អ្នកចូរធ្វើដែនកោសលទាំងមូលឲ្យមានភ្លៀងធ្លាក់ជោកជាំ បណ្តាល ឲ្យភ្លៀងធ្លាក់​​ចុះ​មកឆាប់ៗចុះ ។ វលាហកទេវរាជទទួលទេវបញ្ជាហើយ ស្លៀកដុំពពក មួយដុំ ដណ្តប់​មួយដុំ ច្រៀងបទ​ចម្រៀង​ដែលមានឈ្មោះថា មេឃសង្គីត បែរមុខទៅរក លោកធាតុខាងកើត ហោះទៅកាន់ទិសខាងកើត ក៏ប្រាកដដុំពពកមួយដុំប៉ុនលានបញ្ជាន់ ស្រូវ ត្រួតលើគ្នាជាជាន់ៗទាំង​រយ​ជាន់ ពាន់ជាន់ ផ្គរលាន់ទ្រហឹងអឺងកង ផ្លេកបន្ទោរដាល ច្រវាត់ ភ្លៀងក៏ធ្លាក់ចុះមកដូចគេ​ផ្កាប់​ឆ្នាំង ដែនកោសលទាំងមូលជន់លិចដូចជំនន់ ទឹកហូរមក ភ្លៀងបង្អុរចុះមកមិនដាច់​ខ្សែ មួយភ្លែតប៉ុណ្ណោះ ក៏ពេញស្រះបោក្ខរណី ជេតពន ទឹកលិចរហូតដល់មាត់ជណ្តើរ ។ ព្រះបរមសាស្តា ទ្រង់ស្រង់ទឹកក្នុងស្រះបោក្ខរណីជេតពនហើយ ទ្រង់គ្រងសំពត់ ពីរជាន់​ពណ៌​ក្រហម ក្រវាត់វត្ថពន្ធចង្កេះ ទ្រង់គ្រងព្រះសុគតចីវរឆៀងស្មាម្ខាង ហែហម ដោយភិក្ខុសង្ឃ​ ស្តេច​យាងទៅ ទ្រង់គង់លើបវរពុទ្ធាសនៈ ដែលក្រាលទុកហើយក្នុង បរិវេណព្រះគន្ធកុដិ ​កាល​ភិក្ខុសង្ឃសម្តែងវត្តបដិបត្តិហើយ ស្តេចឧដ្ឋាការទ្រង់ប្រថាប់ ឈរលើផ្ទៃជណ្តើរ​កែវ​មណី ប្រទានឱវាទដល់ភិក្ខុសង្ឃ ហើយទ្រង់បញ្ជូនភិក្ខុសង្ឃឲ្យ ត្រឡប់ទៅវិញ ស្តេចយាងចូលកាន់ព្រះគន្ធកុដិដែលមានក្លិនជាប់ចិត្ត ទ្រង់ផ្ទំ​សីហ​សេយ្យាដោយបែរទៅខាងស្តាំ ។ លុះដល់ពេលរសៀល ពួកភិក្ខុអង្គុយប្រជុំគ្នាក្នុងធម្មសភាលើករឿងឡើងសន្ទនាគ្នាថា អ្នកមាន​អាយុ​ទាំងឡាយ អ្នកទាំងឡាយចូរមើល ព្រះគុណសម្បត្តិ គឺ ខន្តី មេត្តា និងព្រះករុណា​របស់ព្រះទសពល កាលសន្ទូងទាំងឡាយ កំពុងតែស្វិតស្រពោន ជលាល័យគ្រប់កន្លែង​ក៏រីងស្ងួត ហ្វូងត្រីនិងអណ្តើកជួបប្រសព្វ ទុក្ខធំ ទ្រង់អាស្រ័យព្រះករុណា ទ្រង់ស្លៀកសំពត់ឧទកសាដក ដោយព្រះពុទ្ធបំណង នឹងឲ្យមហាជនផុតចាកទុក្ខ ទ្រង់ប្រថាប់ឈរនៅក្បែរជណ្តើរនៃស្រះបោក្ខរណីជេតវន ទ្រង់បណ្តាលឲ្យភ្លៀងបង្អុរចុះមក ដូចជំនន់ទឹកធំហូរមក ជន់លិចកោសលរដ្ឋគ្រប់កន្លែង ដោយវេលាត្រឹមតែមួយភ្លែត ទ្រង់ដោះមហាជនឲ្យរួចផុតអំពីទុក្ខតាមផ្លូវកាយ ទុក្ខតាម ផ្លូវចិត្តហើយ ស្ដេចយាងចូលកាន់វិហារ ។ ព្រះបរមសាស្ដា ស្ដេចយាងចេញអំពីព្រះគន្ធ កុដិមកកាន់ធម្មសភាទ្រង់ត្រាស់សួរថា ម្នាល​ភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នក ទាំងឡាយអង្គុយប្រជុំសនន្ទនាគ្នាដោយរឿងអ្វី ? កាលភិក្ខុទាំងឡាយក្រាបទូលឲ្យទ្រង់ ជ្រាបហើយ ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំង​ឡាយ មិនមែនតែក្នុងកាលឥឡូវនេះ ប៉ុណ្ណោះទេ ដែលតថាគតធ្វើឲ្យភ្លៀងបង្អុរចុះមក ក្នុង​កាលមហាជនកំពុងតែជួបការ លំបាកដោយទឹកភ្លៀងនោះ សូម្បីក្នុងកាលមុន គឺ តថា​គត​កើតក្នុងកំណើតសត្វតិរច្ឆាន ក្នុងកាលជាស្ដេចនៃហ្វូងត្រី ក៏បានធ្វើភ្លៀងឲ្យបង្អុរចុះមកដែរ ​ហើយទ្រង់នាំយករឿងក្នុង អតីតមកសម្ដែងដូចតទៅនេះថាក្នុងអតីតកាល មានត្រពាំង​មួយព័ទ្ធជុំវិញដោយព្រៃកា្រស់នៃវល្លិត្រង់ស្រះ បោក្ខរណីជេតពន នាក្រុងសាវត្ថី​ដែន​​កោសលនេះឯង ។ គ្រានោះ ព្រះបរមពោធិសត្វ បដិសន្ធិក្នុងកំណើតត្រី មានហ្វូងត្រីជា​បរិវារនៅក្នុងត្រពាំងនោះ​ សូម្បីក្នុងកាលនោះ ដែននោះក៏គ្មានភ្លៀងធ្លាក់ចុះមកដូចពេលនេះដែរ សន្ទូងរបស់ពួក​អ្នកស្រុកក្រៀមស្វិត ខូចខាតអស់ ក្នុងបឹងជាដើមគ្មានទឹក ហ្វូងត្រីនិងអណ្តើកនាំគ្នាត្បុរ​ចូលភក់ ។ សូម្បីអូរ នោះ ហ្វូងត្រីក៏នាំគ្នាត្បុរចូលភក់ជ្រកក្នុងទីនោះៗ ហ្វូងក្អែកជា​ដើម​​ក៏​នាំគ្នាចឹកចេញមកស៊ី ដោយចំពុះ ។ ព្រះពោធិសត្វឃើញការវិនាសនៃពួកញាតិក៏ត្រិះ​រិះ​ថា អ្នកដទៃវៀរអាត្មា អញចេញហើយ មិនមានអ្នកណាអាចជួយដោះទុក្ខពួកត្រីទាំង​នេះ​បានឡើយ អញនឹង ធ្វើសច្ចកិរិយាឲ្យភ្លៀងបង្អុរចុះមក ដោះពួកញាតិអំពីទុក្ខគឺ​សេច​ក្តីស្លាប់ឲ្យទាល់តែបាន ហើយញែកភក់ពណ៌ខ្មៅចេញមក ស្តេចត្រីធំមានពណ៌ដូចត្របកផ្កាអញ្ជ័ន បើកភ្នែក ទាំងគូដែលប្រៀបបាននឹងកែវមណី មានពណ៌ក្រហមសម្លឹងមើលអាកាស បន្លឺសំឡេង ពោលទៅកាន់ទេវរាជឈ្មោះបជ្ជុន្នថា បពិត្រព្រះបជ្ជុន្នដ៏ចម្រើន ខ្ញុំអាស្រ័យពួកញាតិ បានក្តៅក្រហាយហើយ កាលខ្ញុំជាអ្នកទ្រទ្រង់សីល ដល់នូវសេចក្តីលំបាកយ៉ាងនេះ ហេតុដូចម្តេចលោកមិនជួយឲ្យភ្លៀងធ្លាក់ចុះមក ខ្ញុំកើតក្នុងឋានៈដែលអាចខាំសត្វដទៃស៊ី ប៉ុន្តែខ្ញុំមិនធ្លាប់មានឈ្មោះថាស៊ីមច្ឆជាតិ តាំងពីត្រីតូចប៉ុនគ្រាប់អង្ករ សូម្បីសត្វដទៃៗ ខ្ញុំក៏ មិនធ្លាប់ផ្តាច់ជីវិតដែរ ដោយសច្ចវាចានេះ សូមលោកញ៉ាំងភ្លៀងឲ្យធ្លាក់ចុះមកដោះពួក ញាតិរបស់ខ្ញុំឲ្យរួចផុតចាកទុក្ខចុះ កាលនឹងហៅទេវរាជឈ្មោះបជ្ជុន្ន ដូចប្រើបម្រើ ក៏ពោលគាថានេះថា អភិត្ថនយ បជ្ជុន្ន និធឹ កាកស្ស នាសយ កាកំ សោកាយ រន្ធេហិ មញ្ច សោកា បមោចយ ។ បពិត្រមេឃ សូមអ្នកញ៉ាំងផ្គរឲ្យលាន់ឡើង សូមបំផ្លាញកំណប់របស់ក្អែកឲ្យ វិនាស សូមធ្វើទុក្ខក្អែកឲ្យសោកសៅ សូមញ៉ាំងខ្ញុំ ( និងពួកញាតិខ្ញុំ ) ឲ្យរួចចាកសេចក្តី សោក ។ បណ្តាបទទាំងនោះ បទថា អភិត្ថនយ បជ្ជុន្ន សេចក្តីថា មេឃ ហៅថា ស្តេច បជ្ជុន្ន ក៏ស្តេចត្រីនេះហៅវលាហកទេវរាជថាជាម្ចាស់ភ្លៀង អ្នកមានឈ្មោះដោយ អំណាចនៃមេឃ ។​ បាន​ឮថា ស្តេចត្រីនោះមានបំណងដូច្នេះថា ធម្មតាភ្លៀងមិនគ្រហឹម មិនឲ្យមានផ្លេក​បន្ទោរ​ សូម្បីបង្អុរចុះមកក៏មិនល្អ ព្រោះដូច្នោះ អ្នកចូរគ្រហឹម ចូរឲ្យមាន ផ្លេកបន្ទោរ ហើយញ៉ាំង​ភ្លៀងឲ្យបង្អុរមកចុះ ។ បទថា និធឹ កាកស្ស នាសយ សេចក្តីថា ហ្វូងក្អែកនាំគ្នាចឹកហ្វូងត្រីដែលត្បុរ ចូលភក់ដើម្បីជ្រក ចេញមកដោយចំពុះស៊ីជាអាហារ ព្រោះហេតុនោះ ទើបហ្វូងត្រីដែល ត្បុរចូលភក់នោះ​ ហៅថាកំណប់ទ្រព្យរបស់ក្អែកជាដើមនោះ កាលលោកបណ្តាលឲ្យ ភ្លៀងបង្អុរចុះមកជាប្រក្រតីហើយ ក៏ជាការទម្លាយកំណប់ទ្រព្យរបស់ហ្វូងក្អែកនោះ ។ បទថា កាកំ សោកាយ រន្ធេហិ សេចក្តីថា ហ្វូងក្អែក កាលត្រពាំងមានទឹក ពេញហើយ មិនបានហ្វូងត្រីជាអាហារក៏ត្រូវសោកសៅ កាលអ្នកធ្វើឲ្យត្រពាំងនេះពេញ ប្រៀបដោយទឹក ក៏ជាការទម្លាយហ្វូងក្អែកនោះ ដោយសេចក្តីសោក អ្នកចូរញ៉ាំងភ្លៀងឲ្យ បង្អុរចុះមក ដើម្បីរម្ងាប់សេចក្តីសោក គឺដើម្បីការស្រឡះចិត្តរបស់ត្រីទាំងឡាយ ។ អធិប្បាយថា ហ្វូងក្អែកនឹងដល់នូវសេចក្តីសោកសៅ ដែលមានលក្ខណៈខ្លោចផ្សាខាង ក្នុងបានដោយវិធីណា អ្នកចូរធ្វើវិធីនោះចុះ ។ ច អក្សរក្នុងបទគាថា មញ្ច សោកោ បមោចយ នេះ មានការប្រមូលមកជា អត្ថ មាន​ន័យ​ថា ​អ្នកមេត្តាឲ្យខ្ញុំនិងពួកញាតិទាំងអស់រួចផុតអំពីសោក ដែលកើតអំពី សេចក្តីស្លាប់នេះចុះ ។ព្រះ​ពោធិសត្វហៅស្តេចបជ្ជុន្នដូចប្រើបម្រើយ៉ាងនេះ ឲ្យបណ្តាលភ្លៀងមួយមេធំ ធ្លាក់​ចុះមក ទូទៅពេញដែនកោសល ធ្វើឲ្យមហាជនរួចផុតអំពីមរណទុក្ខ ក្នុងបរិយោ​សាន​នៃ​ជីវិតក៏បានទៅតាមយថាកម្ម ។ ព្រះបរមសាស្តាទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលដែលតថាគតបណ្តាល ឲ្យភ្លៀងបង្អុរចុះមកនោះ មិនមែនមានតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ សូម្បីក្នុងកាល មុន កាល​ដែល​តថាគតកើតក្នុងកំណើតត្រីក៏បណ្តាលភ្លៀងបង្អុរចុះមកដែរ ។ លុះទ្រង់នាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថាតទា មច្ឆគណា ពុទ្ធបរិសា អហេសុំ ហ្វូងត្រីក្នុងកាលនោះ បានមកជា ពុទ្ធបរិស័ទក្នុងកាលឥឡូវនេះ បជ្ជុន្នទេវរាជា អានន្ទោ បជ្ជុន្នទេវរាជបានមកជាអានន្ទ មច្ឆរាជា បន អហមេវ អហោសិំ ចំណែកស្តេចត្រី គឺ តថាគត នេះឯង ៕ ចប់ មច្ឆជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត វរុណវគ្គ បិដកលេខ ៥៨ ទំព័រ ៣២) ដោយ៥០០០ឆ្នាំ
images/articles/2865/cxdscdsds.jpg
Public date : 12, Mar 2024 (10,626 Read)
(ក្អែកជាសត្វមិនមានខ្លាញ់រាវ) ព្រះបរមសាស្តា កាលទ្រង់គង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ញាតត្ថចរិយា គឺ ការប្រព្រឹត្តជាប្រយោជន៍ដល់ព្រះញាតិ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា និច្ចំ ឧព្វិគ្គហទយា ដូច្នេះជាដើម ។ រឿងក្នុងបច្ចុប្បន្ននឹងមានជាក់ច្បាស់នៅក្នុងភទ្ទសាលជាតក ទ្វាទសកនិបាត ។ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះបរមពោធិសត្វបដិ​សន្ធិ​ក្នុងកំណើតក្អែក ។ ថ្ងៃមួយបុរោហិតរបស់ព្រះរាជាងូតទឹកក្នុងស្ទឹងក្រៅនគរ ផាត់ម្សៅ តែងកាយ ប្រដាប់​កម្រងផ្កា ស្លៀកសំពត់សមនឹងយសសក្តិ កំពុងធ្វើដំណើរចូលនគរ ។ នៅលើចុងសសរបន្ទាយជិត​​នគរ​មានក្អែកពីរទំនៅទីនោះ បណ្តាក្អែកទាំងពីរនោះ ក្អែកមួយនិយាយនឹងក្អែកមួយទៀតថា នែសម្លាញ់ ខ្ញុំនឹងជុះអាចម៍ដាក់ក្បាលព្រាហ្មណ៍នេះ ។ ក្អែកមួយទៀតជំទាស់ថា អ្នកកុំនឹកចង់សប្បាយយ៉ាងនេះឡើយ ព្រាហ្មណ៍នេះជា អ្នកធំ ធម្មតាការបង្ក​ពៀរ​វេរានឹងឥស្សរជន អ្នកនឹងជួបប្រសព្វនឹងផលអាក្រក់ក្រៃលែង ណាស់ ព្រោះថាកាលបើព្រាហ្មណ៍នោះ​ក្រោធហើយ នឹងធ្វើក្អែកទាំងអស់ឲ្យវិនាសបាន ។ក្អែកមួយនោះពោលថា ខ្ញុំមិនអាចផ្លាស់ប្តូរចិត្តបាន ។ ក្អែកមួយទៀតពោលថា បើយ៉ាងនោះ អ្នកនឹងបានដឹងខ្លួនឯង ហើយក៏ហើរចៀសចេញទៅ ។ ក្អែកមួយនោះ ពេលព្រាហ្មណ៍មកដល់ខាងក្រោមសសរបន្ទាយ ក៏ធ្វើជាបន្ទន់ខ្លួនចុះ ហើយជុះអាចម៍ដាក់​ក្បាលព្រាហ្មណ៍នោះ ។ ព្រាហ្មណ៍ក្រោធ ចងពៀរ នឹងហ្វូងក្អែក ។ គ្រានោះ ទាសីបម្រើខាងបុកអង្ករម្នាក់ យកស្រូវហាលនៅក្បែរផ្ទះ អង្គុយយាម រួចក៏ដេកលក់ទៅ ពពែ​រោម​វែង​មួយដឹងថា ទាសីនោះធ្វេសប្រហែស ក៏មកស៊ីស្រូវ ទាសីនោះ ភ្ញាក់ឡើងឃើញពពែក៏ដេញទៅ ពពែលួចមកស៊ីស្រូវ ពេលដែលទាសីនោះដេកលក់ យ៉ាងនោះឯង អស់វារៈពីរបីដង ទាសីនោះក៏​ដេញ​ពពែនោះទៅទាំងបីដង ហើយគិតថា កាលពពែស៊ីរឿយ ៗ នឹងស៊ីស្រូវអស់ពាក់កណ្តាល អញនឹងខាតប្រយោជន៍ជាច្រើន ពេលនេះ ត្រូវធ្វើយ៉ាងណាកុំឲ្យពពែមកបានទៀត ។ នាងក៏កាន់ចន្លុះ (គ្រឿងអុជបំភ្លឺ ធ្វើដោយជ័រនិងស្លឹកឈើ ឬធ្វើដោយសំបកឈើមានជ័រ; មានច្រើនយ៉ាង : ចន្លុះស្លឹក, ចន្លុះក្រាក់, ចន្លុះស្មាច់...។ ) អង្គុយធ្វើដូចជាដេកលក់ កាលពពែចូលមកស៊ីស្រូវក៏ក្រោកឡើងគប់ពពែដោយចន្លុះ ពពែក៏ត្រូវភ្លើងឆេះ កាលរាងកាយត្រូវភ្លើងឆេះ ពពែគិតឲ្យភ្លើង រលត់ ទើបរត់ទៅយ៉ាងលឿន យកខ្លួនត្រដុសនឹងខ្ទមស្មៅមួយដែលនៅជិតរោងដំរី ខ្ទមនោះក៏ឆេះសន្ធោះសន្ធៅ អណ្តាតភ្លើងដែលកើតអំពីខ្ទមនោះ រាលទៅ​ឆេះ​រោង​ដំរី កាលរោងដំរីឆេះ ខ្នងដំរីក៏ឆេះដែរ ដំរីនីមួយ ៗ មានខ្លួនរបួសយ៉ាងដំណំ ។ ពួកហ្មដំរីមិនអាចនឹងព្យាបាល​ឲ្យជាបាន ក៏ក្រាបទូលព្រះរាជា ។ ព្រះរាជាក៏ត្រាស់នឹងបុរោហិតថា លោកអាចារ្យ ហ្មដំរីអស់ថ្វី​ដៃ ​ដែលនឹងរក្សាហ្វូងដំរីហើយ លោកល្មមនឹងស្គាល់ថ្នាំអ្វី ៗ ខ្លះឬ ? បុរោហិតទទួលព្រះរាជតម្រាស់​ថា​ ព្រះករុណាថ្លៃវិសេស ។ ព្រះរាជាត្រាស់សួរថា បានអ្វីទើបគួរ ? បុរោហិតក្រាបទូលថា បពិត្រ​មហារាជ ទាល់​តែ​បានខ្លាញ់ក្អែក ទើបអាចព្យាបាល បាន ។ ព្រះរាជាត្រាស់ថា បើដូច្នោះអ្នកទាំងឡាយ ចូរប្រើមនុស្សឲ្យទៅសម្លាប់ក្អែកយក ខ្លាញ់មកចុះ ។ ចាប់តាំងពីពេលនោះមក មនុស្សទាំងឡាយក៏នាំគ្នាទៅសម្លាប់ក្អែក មិនបានខ្ញាញ់ក៏បោះចោលជាគំនរ ៗ ក្នុងទីនោះ ៗ ។ មហាភ័យបានកើតឡើងដល់ហ្វូងក្អែក ។ គ្រានោះ ព្រះមហាបុរសមានហ្វូងក្អែក ៨ ម៉ឺនជាបរិវារនៅក្នុងព្រៃខ្មោច ។ មានក្អែកមួយមកប្រាប់ព្រះពោធិ​សត្វអំពីភ័យដែលកើតឡើងដល់ហ្វូងក្អែក ។ ព្រះមហាសត្វត្រិះរិះថា វៀរអាត្មាអញចេញហើយ អ្នកដទៃដែលអាចបំបាត់ភ័យ ដែលកំពុងកើតឡើង ដល់ពួកញាតិរបស់អញមិនមានឡើយ អញត្រូវកម្ចាត់​ភ័យ​នោះ ហើយរំពឹងនឹកដល់បារមី ១០ ប្រការ ធ្វើមេត្តាបារមីឲ្យជាបុរេចារិក (ប្រកបដោយកិរិយាប្រព្រឹត្តិទៅក្នុងខាងមុខ, ឱ្យជាចិត្តប្រកបដោយកិរិយាត្រាច់ទៅក្នុងខាមុខ) ហើយហើរទៅម្នាក់ឯងប៉ុណ្ណោះ ចូលទៅតាមប្រហោងបង្អួចដែលគេបើកទុក ចូលទៅលាក់ខ្លួននៅខាងក្រោមរាជាសនៈ ។ ពេលនោះ អាមាត្យម្នាក់ ធ្វើអាកប្បកិរិយា នឹងចាប់ស្តេចក្អែកពោធិសត្វ ព្រះរាជាត្រាស់ហាមឃាត់ថា ក្អែក​ចូលមករកទីពឹង កុំចាប់ក្អែកនោះឡើយ ។ ស្តេចក្អែកសម្រាកនៅទីនោះបន្តិច ហើយរំពឹងនឹកដល់ព្រះ​​បារមី ចេញអំពីអាសនៈ ក្រាបទូលព្រះរាជាថា បពិត្រមហារាជ ធម្មតាព្រះរាជាមិនត្រូវលុះក្នុងអំណាច​អគតិ មានឆន្ទាគតិជាដើម ទើបប្រពៃ កម្មណា ៗ ដែលនឹងត្រូវធ្វើ កម្មនោះ ៗ ត្រូវពិចារណា ឲ្យល្អិត​​ល្អន់ហើយសឹមធ្វើ ទើបប្រពៃ ម៉្យាងទៀត កម្មណាដែលនឹងធ្វើត្រូវបានផល កម្មនោះប៉ុណ្ណោះទើបគួរធ្វើ កម្មក្រៅអំពីនេះមិនគួរធ្វើ ប្រសិនបើព្រះរាជាទាំងឡាយ ទ្រង់ធ្វើកម្មដែលធ្វើទៅមិនសម្រេចផលនោះ មហាភ័យ មានមរណភ័យជាទីបំផុត រមែងកើតឡើងដល់មហាជន ត្បិតបុរោហិតឋិតនៅក្នុងអំណាចនៃការចងពៀរ បានក្រាបទូលកុហក ធម្មតាខ្ញាញ់រាវរបស់ក្អែកទាំងឡាយមិនមានឡើយ ។ ព្រះរាជាទ្រង់ព្រះសណ្តាប់ពាក្យនោះហើយ មានព្រះទ័យជ្រះថ្លា ឲ្យព្រះបរមពោធិសត្វទំនៅលើតាំង ឲ្យរាជបុរសលាបស្លាបដោយប្រេងដែលរម្ងាស់ហើយ ១ សែនដង ឲ្យបរិភោគអាហារដ៏ស្អាតដូចជាព្រះក្រយាហារ ឲ្យផឹកទឹក លុះស្តេចក្អែកសប្បាយចិត្ត បាត់ការហត់នឿយហើយ ទើបត្រាស់ពាក្យនេះថា នែបណ្ឌិត អ្នកពោលថា ធម្មតាខ្ញាញ់រាវរបស់ក្អែកទាំងឡាយមិនមាន ព្រោះហេតុដូចម្តេច ទើបក្អែកទាំងឡាយមិនមានខ្ញាញ់រាវ ? ព្រះមហាសត្វកាលនឹងក្រាបទូល ក៏ពន្យល់ថា បពិត្រមហារាជ ដោយហេតុឈ្មោះនេះ ដោយហេតុឈ្មោះនេះ ធ្វើព្រះរាជវាំងទាំងមូលឲ្យមានសំឡេងតែមួយ សម្តែងធម៌ពោលគាថានេះថា និច្ចំ ឧព្ពិគ្គហទយា, សព្ពលោកវិហេសកា; តស្មា នេសំ វសា នត្ថិ, កាកានម្ហាក ញាតិនំ។ ក្អែកទាំងឡាយ ជាសត្វមានហឫទ័យភ្ញាក់ផ្អើលជានិច្ច ជាសត្វបៀតបៀនមនុស្សលោកទាំងពួង ព្រោះហេតុនោះ បានជាខ្លាញ់រាវនៃពួកក្អែក ជាញាតិរបស់យើងទាំងនោះ មិនចេះមានឡើយ ។ ក្នុងគាថានោះ មានសេចក្តីសង្ខេបដូច្នេះ បពិត្រមហារាជ ធម្មតាហ្វូងក្អែកមានចិត្តភ្ញាក់ផ្លើល គឺធ្លាប់តែតក់​ស្លុតជានិច្ច ។ បទថា សព្វលោកវិហេសកា សេចក្តីថា ក្អែកទាំងឡាយជាសត្វចូលចិត្តបៀតបៀន គម្រាម​កំហែងមនុស្សដែលជាធំ មានក្សត្រជាដើមខ្លះ ស្ត្រីបុរសទូទៅខ្លះ ក្មេងប្រុសក្មេងស្រីជាដើមខ្លះ ហេតុ​នោះ គឺដោយហេតុពីរប្រការនេះ ខ្ញាញ់រាវរបស់ក្អែកទាំងឡាយដែលជាញាតិរបស់ទូលបង្គំទាំងនោះ ទើបមិនមាន សូម្បីក្នុងអតីតក៏មិនធ្លាប់មាន សូម្បីក្នុងអនាគតក៏នឹងមិនមាន ។ ស្តេច​ក្អែកពោធិសត្វចង្អុលបង្ហាញហេតុនេះ ដោយប្រការដូច្នេះហើយ ទូលដាស់តឿនព្រះរាជាថា បពិត្រ​មហា​​រាជ ធម្មតាព្រះរាជាមិនបានពិចារណាហើយ មិនគប្បីបដិបត្តិព្រះរាជកិច្ច ។ ព្រះរាជាទ្រង់ពេញព្រះ​ទ័យ​បូជា​ព្រះបរមពោធិសត្វដោយរាជសម្បត្តិ ។ ព្រះមហាសត្វថ្វាយរាជសម្បត្តិចំពោះព្រះរាជាវិញ ឲ្យព្រះ​រាជា​តាំងនៅក្នុងបញ្ចសីល ទូលសូមព្រះរាជទានអភ័យដល់សត្វទាំងពួង ។ ព្រះរាជាទ្រង់ព្រះសណ្តាប់​នូវព្រះធម្មទេសនាហើយ ទ្រង់ព្រះរាជទានអភ័យដល់សត្វទាំងពួង ទ្រង់តម្កល់និពទ្ធទាន គឺទានដែល​ឲ្យជាប្រចាំដល់ហ្វូងក្អែក ហើយបញ្ជាឲ្យដាំបាយប្រមាណមួយថាំង (ប្រដាប់ធ្វើដោយឈើសម្រាប់​ដង, សម្រាប់រែកទឹក ) លាយដោយវត្ថុដែលមានរសដ៏ប្រណីតផ្សេង ៗ ព្រះរាជទានដល់ហ្វូងក្អែករាល់ ៗ ថ្ងៃ ចំណែកព្រះបរមពោធិសត្វបានទទួលព្រះរាជទានព្រះក្រយាហារនោះឯង ។ ព្រះបរមសាស្តា ទ្រង់នាំយកព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថាតទា ពារាណសិរាជា អានន្ទោ អហោសិ ព្រះរាជានគរពារាណសីក្នុងកាលនោះ បានមកជាអានន្ទ ។កាករាជា បន អហមេវ អហោសិំ ចំណែកស្តេចក្អែក គឺ តថាគតនេះឯង ៕ កាកជាតក ចប់ ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត អសម្បទានវគ្គ បិដកលេខ ៥៨ ទំព័រ ៦១) ដោយ៥០០០ឆ្នាំ
images/articles/2887/_________red.jpg
Public date : 12, Mar 2024 (8,661 Read)
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធនូវមហាភិនេស្ក្រមណ៍ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា មិត្តាមច្ចបរិព្យូឡ្ហំ ដូច្នេះ (ជាដើម) ។ (សេចក្ដីពិស្ដារថា) ថ្ងៃមួយ ភិក្ខុទាំងឡាយប្រជុំគ្នាក្នុងសាលាធម្មសភាពោលពាក្យសរសើរព្រះគុណរបស់ព្រះសាស្ដាថា ម្នាលអ្នកមានអាយុទាំងឡាយ ប្រសិនបើព្រះទសពលស្ដេចនឹងនៅគ្រប់គ្រងផ្ទះសោត ព្រះអង្គនឹងជាស្ដេចចក្រពត្តិ ក្នុងផ្ទៃនៃសកលចក្រវាឡ ប្រកបដោយរតនៈ ៧ ប្រការ ទ្រង់សម្រេចដោយឫទ្ធិទាំង ៤ មានព្រះឱរស ១០០០ ជាបរិវារ តែព្រះអង្គបានលះរាជសម្បត្តិ ដែលមានសភាពបែបនេះ ទ្រង់ឃើញទោសក្នុងកាមទាំងឡាយ ឡើងកាន់សេះកណ្ដកៈ មាននាយឆន្នអាមាត្យជាមិត្រ ចេញចាកព្រះនគរក្នុងវេលាពាក់កណ្ដាលអធ្រាត្រ ទ្រង់ព្រះផ្នួសត្រង់ច្រាំងស្ទឹងអនោមា ធ្វើនូវទុក្ករការិកអស់ ៦ វស្សា បានដល់នូវសម្មាសម្ពោធិញ្ញាណ ។ ព្រះសាស្ដាស្ដេចយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយសន្ទនាគ្នាដោយរឿងអ្វី កាលភិក្ខុទាំងឡាយនោះក្រាបទូលឲ្យទ្រង់ជ្រាបហើយ ទើបព្រះអង្គត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ ដែលតថាគតចេញ​សាង​មហា​ភិនេស្ក្រមណ៍ សូម្បីក្នុងកាលមុន ក៏ធ្លាប់លះបង់រាជសម្បត្តិក្នុងនគរពារាណសី ដែលមានប្រមាណ ១២ យោជន៍ ចេញបួសដូចគ្នាដែរ ដូច្នេះហើយ ទើបទ្រង់នាំយកអតីតនិទានមកសម្ដែងដូចតទៅថាៈ ក្នុង​អតីត​កាល មានព្រះរាជាមួយព្រះអង្គ ទ្រង់ព្រះនាមថា សព្វទត្ត ក្នុងរម្មនគរ ។ ពិតមែនហើយ នគរពារាណសីនេះ ក្នុងឧទយជាតក មានឈ្មោះថា សុរុន្ធននគរ, ក្នុងចូឡសុតសោមជាតក មានឈ្មោះថា សុទស្សនៈ, ក្នុងសោណនន្ទជាតក មានឈ្មោះថា ព្រហ្មវឌ្ឍនៈ, ក្នុងខណ្ឌហាលជាតក មានឈ្មោះថា បុប្ផវតី ក្នុងសង្ខព្រាហ្មណជាតក មានឈ្មោះថាមោឡិនី តែក្នុងយុធញ្ជយជាតកនេះ មានឈ្មោះថា រម្មនគរ ។ ឈ្មោះរបស់នគរនេះ បានផ្លាស់ប្ដូរក្នុងសម័យខ្លះ ដោយប្រការដូច្នេះ ។ ព្រះបាទសព្វទត្តមានព្រះឱរសមួយពាន់អង្គ ទ្រង់ព្រះរាជទានស្ថាបនាព្រះឱរសច្បង ដែលមានព្រះនាមថា យុធញ្ជ័យ ជាឧបរាជ ។ ឧបរាជនោះបានញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅរាល់ៗថ្ងៃ ។ កាលកន្លងទៅហើយយ៉ាងនេះ ក្នុងថ្ងៃមួយ ព្រះពោធិសត្វបានឡើងជិះលើរថដ៏ប្រសើរអំពីព្រឹក ស្ដេចយាងទៅកាន់ឧទ្យានកីឡា ដោយសិរីសម្បត្តិដ៏ធំ ទតព្រះនេត្រឃើញដំណក់ទឹកសន្សើម ដែលជាប់នៅនឹងអន្ទាក់សំណាញ់ ដែលធ្វើដោយសរសៃអំបោះ ក្នុងទីផ្សេងៗ មានចុងស្លឹកឈើ ចុងស្មៅ ចុងមែកឈើ និងសរសៃពីងពាងជាដើម ទើបត្រាស់សួរថា នែសារថីសម្លាញ់ នេះជាអ្វី ទ្រង់បានស្ដាប់ថា បពិត្រទេវៈ នេះជាដំណក់ទឹកសន្សើមក្នុងហិមសម័យ ។ ព្រះពោធិសត្វបានលេងក្នុងព្រះរាជឧទ្យានរហូតអស់ចំណែកនៃថ្ងៃ ទើបស្ដេចយាងត្រឡប់ក្នុងវេលាល្ងាច ទ្រង់មិនបានឃើញដំណក់ទឹកសន្សើមទាំងនោះឡើយ ក៏ត្រាស់សួរថា ម្នាលសារថីសម្លាញ់ ដំណក់ទឹកសន្សើមទាំងនេះ បាត់ទៅណា ឥឡូវនេះយើងមិនឃើញឡើយ ទ្រង់បានស្ដាប់ថា បពិត្រព្រះអង្គ ដំណក់ទឹកសន្សើមនោះ កាលដួងព្រះអាទិត្យរះឡើង ក៏រលាយធ្លាក់ចុះលើផែនដីអស់ហើយ ដូច្នេះហើយ ទ្រង់ដល់ហើយនូវសេចក្ដីសង្វេគត្រិះរិះថា សូម្បីជីវិតនិងសង្ខាររបស់សត្វទាំងនេះ ក៏ដូចនឹងដំណក់ទឹកសន្សើមលើចុងស្មៅនេះដែរ យើងកាលមិនទាន់ត្រូវជរា ព្យាធិ មរណៈបៀតបៀន គួរនឹងលាព្រះមាតាព្រះបិតាទៅបួស ដូច្នេះហើយ ទ្រង់ទើបធ្វើដំណក់ទឹកសន្សើមនោះឯងឲ្យជាអារម្មណ៍ បានឃើញភ័យក្នុងភពទាំង ៣ ដូចត្រូវភ្លើងឆេះ ។ ស្ដេចមកដល់ព្រះដំណាក់របស់ព្រះអង្គហើយ ទ្រង់យាងទៅសម្នាក់របស់ព្រះរាជបិតា ដែលប្រថាប់នៅក្នុងសាលាវិនិច្ឆ័យ ដែលតាក់តែងល្អហើយ ថ្វាយបង្គំព្រះបិតា ហើយប្រថាប់គង់ក្នុងទីដ៏សមគួរមួយ កាលនឹងទូលសូមអនុញ្ញាតបព្វជ្ជាទើបត្រាស់ព្រះគាថាទី ១ ថាៈ មិត្តាមច្ចបរិព្យូឡ្ហំ, អហំ វន្ទេ រថេសភំ; បព្ពជិស្សាមហំ រាជ, តំ ទេវោ អនុមញ្ញតុ។ បពិត្រព្រះរាជា ជាធំលើរថ ខ្ញុំព្រះអង្គសូមថា្វយបង្គំ (ព្រះអង្គ) ដែលមិត្រ និងអាមាត្រចោមរោមហើយ ខ្ញុំព្រះអង្គនឹងបួស សូមព្រះសម្មតិទេពអនុញ្ញាតផ្នួសនោះ(ដល់ខ្ញុំព្រះអង្គ)។ បណ្ដាបទទាំងនោះ បទថា បរិព្យូឡ្ហំ ប្រែថា ឡោមព័ទ្ធហើយ ។ បទថា តំ ទេវោ សេចក្ដីថា សូមព្រះទេវៈមេត្តាអនុញ្ញាតការបព្វជ្ជាដល់ខ្ញុំព្រះអង្គ ។ លំដាប់នោះ ព្រះរាជាកាលនឹងហាមឃាត់ ទើបត្រាស់ព្រះគាថាទី ២ ថា សចេ តេ ឩនំ កាមេហិ, អហំ បរិបូរយាមិ តេ; យោ តំ ហិំ សតិ វារេមិ, មា បព្ពជ យុធញ្ចយ។ បើបុត្រឯងខ្វះកាមទាំងឡាយ បិតានឹងបំពេញឲ្យគ្រប់គ្រាន់ដល់អ្នក បុគ្គលណាបៀតបៀនអ្នក បិតានឹងឃាត់ (បុគ្គលនោះ) ម្នាលយុធព្ជា័យ អ្នកកុំបួសឡើយ ។ ព្រះរាជកុមារស្ដាប់ព្រះរាជតម្រាស់នោះហើយ ទើបត្រាស់ព្រះគាថាទី ៣ ថា ន មត្ថិ ឩនំ កាមេហិ, ហិំសិតា មេ ន វិជ្ជតិ; ទីបញ្ច កាតុមិច្ឆាមិ, យំ ជរា នាភិកីរតិ។ ខ្ញុំព្រះអង្គមិនមានសេចក្តីខ្វះកាមទាំងឡាយទេ បុគ្គលនីមួយបៀតបៀននូវខ្ញុំព្រះអង្គ ក៏មិនមានដែរ តែថាខ្ញុំព្រះអង្គប្រាថ្នានឹងធ្វើនូវទីពឹង(ដល់ខ្លួន)ដែលជរាកម្ចាត់បង់មិនបាន ។ បណ្ដាបទទាំងនោះ បទថា ទីបញ្ច សេចក្ដីថា បពិត្រព្រះអង្គ សេចក្ដីខ្វះដោយកាមទាំងឡាយរបស់ខ្ញុំព្រះអង្គមិនមានឡើយ អ្នកណាៗដែលនឹងបៀតបៀនខ្ញុំព្រះអង្គ ក៏មិនមានដែរ តែខ្ញុំព្រះអង្គប្រាថ្នានឹងសាងទីពឹងរបស់ខ្លួនដើម្បីដំណើរទៅកាន់បរលោក ។ បទថា យំ ជរា នាភិកីរតិ សេចក្ដីថា ខ្ញុំព្រះអង្គប្រាថ្នានឹងធ្វើកោះដែលជរាគ្របសង្កត់មិនបាន កម្ចាត់មិនបាន គឺនឹងស្វែងរកអមតមហានិព្វាន ខ្ញុំមិនត្រូវការដោយកាមទាំងឡាយ បពិត្រមហារាជ សូមទ្រង់អនុញ្ញាតឲ្យខ្ញុំព្រះអង្គបួសចុះ ។ ព្រះរាជកុមារទូលសូមរឿយៗ ដោយប្រការដូច្នេះ ព្រះរាជាត្រាស់ហាមថា កុំបួសឡើយបុត្រ ។ ព្រះសាស្ដាកាលនឹងប្រកាសសេចក្ដីនោះ ទើបត្រាស់កន្លះថា បុត្តោ វា បិតរំ យាចេ, បិតា វា បុត្តមោរសំ បុត្រអង្វរនូវបិតា បិតាក៏អង្វរនូវបុត្តឱរសដែរ ។ វាអក្សរក្នុងគាថានោះ ជាសម្បិណ្ឌត្ថៈ (មានការប្រមូលមកជាអត្ថ) ។ ចំណុចនេះមាន ពុទ្ធាធិប្បាយថា ម្នាលភិក្ខុទាំងឡាយ ព្រះឱរសអង្វរព្រះរាជបិតា និងព្រះរាជបិតាក៏អង្វរព្រះរាជឱរស ។ ព្រះរាជាត្រាស់កន្លះគាថាដ៏សេសថា នេគមោ តំ យាចេ តាត, មា បព្ពជ យុធញ្ចយ។ ម្នាលកូន ជនអ្នកនៅក្នុងនិគមអង្វរអ្នក ម្នាលយុធព្ជា័យ អ្នកកុំបួសឡើយ ។ ពាក្យនៃគាថាមានអធិប្បាយថា ម្នាលបុត្រ មហាជនដែលរស់នៅក្នុងនិគមនេះ នាំគ្នាអង្វរអ្នក សូម្បីអ្នកនគរក៏នាំគ្នាអង្វរអ្នកថា ព្រះអង្គកុំបួសឡើយ ។ ព្រះកុមារត្រាស់ព្រះគាថាទី ៤ ថា មា មំ ទេវ និវារេហិ, បព្ពជន្តំ រថេសភ; មាហំ កាមេហិ សម្មត្តោ, ជរាយ វសមន្វគូ។ បពិត្រព្រះបិតាជាធំក្នុងរថ សូមព្រះអង្គកុំឃាត់ផ្នួសខ្ញុំព្រះអង្គនោះ កុំឲ្យខ្ញុំព្រះអង្គពោរពេញដោយកាមទាំងឡាយ ឲ្យលុះក្នុងអំណាចជរាឡើយ ។ បណ្ដាបទទាំងនោះ បទថា វសមន្វគូ សេចក្ដីថា ខ្ញុំព្រះអង្គកុំជាមនុស្សពោរពេញដោយកាមទាំងឡាយ បានឈ្មោះថា ដើរទៅកាន់អំណាចរបស់ជរាឡើយ អធិប្បាយថា សូមព្រះអង្គមេត្តាទតទូលព្រះបង្គំដោយឋានៈដែលជាអ្នកញ៉ាំងវដ្ដទុក្ខឲ្យអស់ទៅ ត្រាស់ដឹងនូវព្រះសព្វញ្ញុតញ្ញាណចុះ ។ កាលព្រះពោធសិត្វក្រាបទូលយ៉ាងនេះហើយ ព្រះរាជាក៏ជាអ្នកអស់យោបល់ ។ ចំណែកព្រះរាជមាតារបស់ព្រះពោធិសត្វ បានស្ដាប់ថា បពិត្រព្រះទេវី ព្រះឱរសរបស់ព្រះនាង កំពុងទូលសូមឲ្យព្រះបិតាអនុញ្ញាតការបព្វជ្ជា ព្រះនាងក៏ត្រាស់ថា ពួកអ្នកនិយាយអ្វី ទាំងដែលព្រះភក្ត្រមិនមានសេចក្ដីត្រេកអរ ទ្រង់ប្រថាប់លើសុវណ្ណសិវិកា (គ្រែស្នែងមាស) ប្រញាប់យាងទៅទីវិនិច្ឆ័យ កាលនឹងអង្វរទើបត្រាស់ព្រះគាថាទី ៦ ថា អហំ តំ តាត យាចាមិ, អហំ បុត្ត និវារយេ; ចិរំ តំ ទដ្ឋុមិច្ឆាមិ, មា បព្ពជ យុធញ្ចយ។ ម្នាលកូន យើងសូមអង្វរអ្នក ម្នាលកូន យើងសូមឃាត់អ្នក យើងចង់ឃើញអ្នកអស់កាលយូរ ម្នាលយុធព្ជា័យ ចូរអ្នកកុំបួសឡើយ ។ ព្រះរាជកុមារបានស្ដាប់ព្រះរាជសវនីយ៍នោះហើយ ទើបត្រាស់ព្រះគាថាទី ៧ ថា ឧស្សាវោវ តិណគ្គម្ហិ, សូរិយុគ្គមនំ បតិ; ឯវមាយុ មនុស្សានំ, មា មំ អម្ម និវារយ។ ទឹកសន្សើមលើចុងស្មៅ តែងធ្លាក់ចុះ (លើផែនដី) ក្នុងកាលព្រះអាទិត្យរះឡើង យ៉ាងណាមិញ អាយុរបស់មនុស្សទាំងឡាយ ក៏យ៉ាងនោះដែរ បពិត្រព្រះមាតា សូមព្រះមាតា កុំឃាត់ខ្ញុំឡើយ ។ ពាក្យនៃគាថានោះមានអធិប្បាយថា បពិត្រព្រះមាតា ដំណក់ទឹកសន្សើមលើចុងស្មៅ កាលព្រះអាទិត្យរះឡើងក៏រលាយបាត់ទៅ មិនអាចនឹងតាំងនៅ គឺធ្លាក់ចុះទៅលើផែនដីទាំងអស់ យ៉ាងណាមិញ ជីវិតរបស់សត្វទាំងឡាយក៏យ៉ាងនោះ ជារបស់តិចតួច មិនអាចនឹងតាំងយូរបានឡើយ ក្នុងលោកសន្និវាសដែលមានសភាពបែបនេះ ព្រះមាតានឹងឃើញខ្ញុំព្រះអង្គយូរបានប៉ុណ្ណា សូមព្រះម៉ែម្ចាស់កុំឃាត់ខ្ញុំព្រះអង្គឡើយ ។ សូម្បីកាលព្រះពោធិសត្វក្រាបទូលយ៉ាងនេះហើយ ព្រះនាងក៏នៅតែអង្វរដដែលៗ ជារឿយៗ ។ លំដាប់នោះ ព្រះមហាសត្វ បានក្រាបទូលហៅព្រះរាជបិតា ទើបត្រាស់ព្រះគាថាទី ៨ ថា តរមានោ ឥមំ យានំ, អារោបេតុ រថេសភ; មា មេ មាតា តរន្តស្ស, អន្តរាយករា អហូ’’តិ។ បពិត្រព្រះបិតា ជាធំក្នុងរថ សូមឲ្យ (បុរស) ចម្លងព្រះមាតា (របស់ខ្ញុំព្រះអង្គ) ឲ្យឡើងកាន់ព្រះរាជយាននេះ កុំឲ្យមាតាធ្វើនូវសេចក្តីអន្តរាយ ដល់ខ្ញុំព្រះអង្គ ដែលកំពុងឆ្លង ។ ពាក្យនៃគាថានោះ មានអធិប្បាយថា បពិត្រព្រះបិតាអ្នកជាធំលើរថ សូមទ្រង់បញ្ជាឲ្យមនុស្សយាងព្រះមាតារបស់ខ្ញុំព្រះអង្គនេះ ឲ្យស្ដេចឡើងកាន់ព្រះរាជយាន គឺព្រះសុវណ្ណសិវិកា កុំឲ្យព្រះមាតាធ្វើសេចក្ដីអន្តរាយដល់ខ្ញុំព្រះអង្គ ដែលកំពុងឈានកន្លងដែនកន្តារគឺ ជាតិ ជរា ព្យាធិ និងមរណៈឡើយ ។ ព្រះរាជាស្ដាប់ព្រះតម្រាស់របស់ព្រះឱរសហើយ ត្រាស់ថា ម្នាលនាងដ៏ចម្រើន សូមអូនយាងទៅចុះ ចូរប្រថាប់លើសុវណ្ណសិវិការបស់អូន ហើយឡើងកាន់ប្រាសាទញ៉ាំងសេចក្ដីត្រេកអរឲ្យចម្រើនចុះ ។ ព្រះនាងស្ដាប់ព្រះរាជតម្រាស់របស់ព្រះរាជានោះហើយ កាលមិនអាចនឹងប្រថាប់នៅបាន ទ្រង់ឡោមព័ទ្ធដោយពួកនារី ស្ដេចយាងទៅកាន់ប្រាសាទ ទ្រង់ប្រថាប់ឈរទតមើលសាលាវិនិច្ឆ័យដោយទឹកព្រះទ័យ​ថា បុត្រជាទីស្រឡាញ់របស់យើង នឹងទៅជាយ៉ាងណាហ្ន៎ ។ ចំណែកព្រះពោធិសត្វ កាលព្រះមាតាស្ដេចទៅហើយ ទ្រង់ក៏អង្វរព្រះរាជបិតាម្ដងទៀត ។ ព្រះរាជាកាលមិនអាចនឹងហាមបាន ទ្រង់ក៏អនុញ្ញាតថា ម្នាលបុត្រ បើយ៉ាងនោះ ចូរធ្វើចិត្តរបស់អ្នកឲ្យដល់ទីបំផុត បុត្រចូរបួសចុះ ។ ក្នុងវេលាដែលព្រះរាជាអនុញ្ញាតហើយ ព្រះកនិដ្ឋារបស់ព្រះពោធិសត្វព្រះនាម យុធិដ្ឋិលកុមារ ថ្វាយបង្គំព្រះរាជបិតា ក្រាបទូលសូមអនុញ្ញាតថា បពិត្រព្រះបិតា សូមទ្រង់អនុញ្ញាតការបព្វជ្ជាដល់ខ្ញុំព្រះអង្គផង ។ ព្រះរាជកុមារទាំងពីរថ្វាយបង្គំព្រះរាជបិតាហើយ លះបង់នូវកាមទាំងឡាយ មានមហាជនឡោមព័ទ្ធស្ដេចយាងចេញចាកទីវិនិច្ឆ័យ ។ ចំណែកព្រះទេវីទតព្រះនេត្រមើលព្រះមហាសត្វ ទ្រង់ព្រះកន្សែងបរិទេវនាការថា កាលបុត្ររបស់យើងបួសហើយ រម្មនគរនឹងសោះសូន្យ ទើបត្រាស់ព្រះគាថាទាំង ២ ថា អភិធាវថ ភទ្ទន្តេ, សុញ្ញំ ហេស្សតិ រម្មកំ; យុធញ្ចយោ អនុញ្ញាតោ, សព្ពទត្តេន រាជិនា។ នាងទាំងឡាយចូរស្ទុះទៅ សេចក្តីចម្រើន (នឹងមាន) ដល់នាង នគររម្មកៈ មុខជានឹងសូន្យ (ព្រោះថា) យុធព្ជា័យកុមារ ព្រះរាជាសព្វទត្ត អនុញ្ញាត (ឲ្យបួសហើយ) ។ យោហុ សេដ្ឋោ សហស្សស្ស, យុវា កញ្ចនសន្និភោ; សោយំ កុមារោ បព្ពជិតោ, កាសាយវសនោ ពលិ។ ព្រះរាជកុមារណា នៅក្មេង មានសម្បុរផ្ទឹមនឹងមាស ប្រសើរបំផុតជាងព្រះរាជបុត្រ ១០០០ ព្រះរាជកុមារនោះ ជាអ្នកមានកម្លាំង ស្លៀកសំពត់កាសាយៈ បួសហើយ ។ បណ្ដាបទទាំងនោះ បទថា អភិធាវថ សេចក្ដីថា ព្រះនាងត្រាស់បញ្ជាពួកនារី ដែលឈរឡោមព័ទ្ធព្រះនាងថា នែនាងដ៏ចម្រើនទាំងឡាយ នាងទាំងឡាយចូរស្ទុះទៅចុះ ។ ដោយបទថា ភទ្ទន្តេ ព្រះនាងត្រាស់ថា សេចក្ដីចម្រើនព្រោះការទៅនោះ ចូរមានដល់នាង ។ បទថា រម្មកំ ព្រះនាងត្រាស់សំដៅដល់រម្មនគរ ។ បទថា យោហុ សេដ្ឋោ សេចក្ដីថា ព្រះឱរសរបស់ព្រះរាជាដ៏ប្រសើរជាងឱរសទាំងពាន់នោះ ទ្រង់បួសហើយ ទាំងនេះ ព្រះនាងត្រាស់សំដៅដល់ព្រះមហាសត្វដែលកំពុងយាងទៅដើម្បីបួស ដោយប្រការដូច្នេះ ។ ចំណែកព្រះពោធិសត្វទ្រង់មិនទាន់បួសភ្លាមទេ ព្រះអង្គថ្វាយបង្គំព្រះរាជមាតា ព្រះរាជបិតាហើយ ទ្រង់ដឹកនាំព្រះកនិដ្ឋាយុធិដ្ឋិលកុមារ ស្ដេចចេញចាកព្រះនគរ ឲ្យមហាជននាំគ្នាត្រឡប់ហើយ ព្រះកុមារទាំងពីរអង្គក៏ចូលទៅកាន់ព្រៃហិមពាន្ត ទ្រង់សាងអាស្រមក្នុងស្ថានទីដែលគួររីករាយ ទ្រង់បួសជាឥសី ធ្វើឈាននិងអភិញ្ញាឲ្យកើតឡើង រស់នៅដោយផ្លែឈើ មើមឈើ ក្នុងព្រៃជាដើម រហូតអស់ព្រះជន្មាយុ ជាអ្នកមានព្រហ្មលោកជាទីទៅខាងមុខ។ ព្រះសាស្ដាកាលនឹងប្រកាសសេចក្ដីនោះ ទើបត្រាស់ព្រះគាថាចុងក្រោយថា ឧភោ កុមារា បព្ពជិតា, យុធញ្ចយោ យុធិដ្ឋិលោ; បហាយ មាតាបិតរោ, សង្គំ ឆេត្វាន មច្ចុនោ។ កុមារទាំងពីរអង្គ គឺយុធព្ជា័យ ១ យុធិដ្ឋិលៈ ១ លះបង់នូវព្រះមាតា និងព្រះបិតា ផ្តាច់ចោលនូវគ្រឿងជាប់ចំពាក់របស់មច្ចុ បួសហើយ ។ បណ្ដាបទទាំងនោះ បទថា មច្ចុនោ ប្រែថា នៃមារ មានពុទ្ធាធិប្បាយថា ម្នាលភិក្ខុទាំងឡាយ ព្រះកុមារទាំងពីរអង្គនោះ គឺយុធញ្ជ័យ និង យុធិដ្ឋិលៈ ទ្រង់លះបង់ព្រះរាជមាតា ព្រះរាជបិតា កាត់ផ្ដាច់គ្រឿងចងគឺរាគៈ ទោសៈ និងមោហៈក្នុងសម្នាក់របស់មារ ហើយនាំគ្នាបួស ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចៈទាំងឡាយហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីក្នុងកាលមុន តថាគតក៏ធ្លាប់លះបង់រាជសម្បត្តិហើយបួសដូចគ្នា រួចទើបទ្រង់ប្រជុំជាតកថាតទា មាតាបិតរោ មហារាជកុលានិ អហេសុំ ព្រះរាជមាតាបិតាក្នុងកាលនោះ បានមកជាមហារាជត្រកូល ។ យុធិដ្ឋិលកុមារោ អានន្ទោ យុធិដ្ឋិលកុមារ បានមកជាអានន្ទ ។ យុធញ្ចយោ បន អហមេវ អហោសិំ ចំណែក យុធញ្ជ័យ គឺ តថាគត នេះឯង ។ ចប់ យុធព្ជាយជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកាទសកនិបាត បិដកលេខ ៥៩ ទំព័រ ២២៧)ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 6.2
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿