ថ្ងៃ អង្គារ ទី ២២ ខែ មិថុនា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១២៧,៣២១
Today
ថ្ងៃម្សិលមិញ ១៦៧,៧៥៩
ខែនេះ ៨,០០៦,៣០៦
សរុប ២០៤,១៩៦,៥២២
free counters
កំពុងទស្សនា ចំនួន
ប្រកាសថ្មីៗ សៀវភៅធម៌ សំឡេងធម៌ វីដេអូធម៌
images/articles/3040/2021-06-12_10_09_49-buddha_-_Google_Search.jpg
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ១១៨ ដង)
៙.បញ្ច កាមគុណេ ហិត្វា បិយរូបេ មនោរមេ សទ្ធាយ ឃរា និក្ខម្ម ទុក្ខស្សន្តករោ ភវ ។ ( ព្រះមានព្រះភាគ ទ្រង់ត្រាស់ចំពោះព្រះរាហុល ) ៙.អ្នកចូរលះនូវកាមគុណ ៥ ដែលមានសភាពជាទីស្រឡាញ់ ជាទីត្រេកអរនៃចិត្ត ចេញចាកផ្ទះចូលកាន់ផ្នួស បួសដោយសទ្ធា ហើយធ្វើនូវទីបំផុតនៃសេចក្ដីទុក្ខចុះ ៕៚ ( បិ.៥៤/ទំ.១០៨ ) ៙.ទាំងមនុស្ស ទាំងសត្វ តែងគិតពីខ្លួនឯង ទោះបីទេវតា យក្ខ មារ ក៏ដោយ នេះពោលអំពីអានុភាពនៃអត្តានុទិដ្ឋិ ។ មនុស្សយើង បើលះអត្តានុទិដ្ឋិនេះចេញបាន មិនខ្វល់នឹងអត្តា តួខ្លួនហើយនោះ រមែងមានសីលបរិសុទ្ធបរិបូណ៌គ្រប់ចំណុច មិនថាជាគ្រហស្ថ ឬជាបព្វជិតឡើយ ។ ៙.មនុស្សយើង ស្រឡាញ់ខ្លួនឯងខ្លាំងណាស់ ហើយចេះខឹងស្អប់អ្នកដទៃ ក៏ខ្លាំងណាស់ដែរ ។ តាមពិត ខ្លួនឯងក្ដី អ្នកដទៃក្ដី ពោលដល់បរមត្ថធម៌ គឺចិត្ត ចេតសិក រូប មិនមានអត្តា តួខ្លួន យើងគេទេ ។ ការដែលមិនមានកង្វល់ដោយអត្តានុទិដ្ឋិ មិនប្រកាន់បញ្ចក្ខន្ធ ថាជា អត្តា តួខ្លួន នេះឯងគឺព្រះនិព្វាន ៕៚ ៙.រូបមារ មិនមែនដូចរូបដែលគេគូរ ឬគេសាងឡើងគួរឱ្យខ្លាចនោះទេ ។ រូបកាចអាក្រក់មានចង្កូមនោះៗ គេគូរ គេសាង ជាតំណាងនៃចិត្តអាក្រក់ ក៏គឺជាចិត្តបាបទូទៅហ្នឹងឯង ។ ចំណែករូបមារពិតប្រាកដ គឺ រូប សំឡេង... ដែលគេស្វែងរកដោយការពេញចិត្ត យ៉ាងមនោរម្យ ប្រកបដោយកាមជាទីតាំងនៃតម្រេក ៕៚ ៙.មិនមែនថារូបនៅទីណា ខ្លួនយើងនៅទីនោះ នោះទេ ។ គ្រាន់តែសន្មតប៉ុណ្ណោះ ព្រោះអត្តាមិនមាននៅក្នុងរូប មានតែវេទនា សញ្ញា សង្ខារ វិញ្ញាណ អាស្រ័យនឹងវត្ថុរូបកើតរលត់ តៗ គ្នា ។ មនុស្សយើង ខំប្រឹងរកអ្វីៗ ឱ្យខ្លួនឯង ទោះជាបានច្រើនប៉ុនណា ក៏មិនអស់ខ្វល់ដែរ ព្រោះមេខ្វល់គឺការយល់ខុស ប្រកាន់ថាមានខ្លួនយើង ខ្លួនគេហ្នឹងឯង ។ ៙.គប្បីបដិបត្តិ រលឹករឿយៗ ចំពោះលក្ខណៈនៃបរមត្ថធម៌ ជាការសាងគ្រឹះវិបស្សនា ។ ការឃ្លានជារោគដ៏ក្រៃលែង សង្ខារទាំងពួង ជាទុក្ខដ៏ក្រៃលែង វិបស្សនា បានដឹងសេចក្ដីនោះតាមពិត ក៏កាត់ផ្ដាច់វដ្ដៈដោយមគ្គ ជាក់ច្បាស់នូវព្រះនិព្វាន ៕៚ ដោយ​៥០០០​ឆ្នាំ​
images/articles/3039/2021-05-14_09_22_32-buddhist_lady_burma_-_Google_Search.jpg
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ១២៣២០ ដង)
បឋព្យា សាលិយវកំ គវាស្សំ ទាសបោរិសំ ទត្វាបិ នាលមេកស្ស ឥតិ វិទ្ធា សមំ ចរេ ។ ទោះបីគេឱ្យស្រូវខ្សាយ ដំណើប គោ សេះ បុរសជាទាសៈ ពេញទាំងផែនដី ( អដ្ឋកថា ប្រាប់ថា ទ្រព្យសម្បត្តិមានវិញ្ញាណក្ដី អត់វិញ្ញាណក្ដី ពេញទាំងផែនដី ថែមទាំងរតនបុរី ) ក៏មិនល្មមដល់បុគ្គលម្នាក់ឡើយ បណ្ឌិតដឹងដូច្នេះហើយ គប្បីប្រព្រឹត្តឱ្យស្មើ ( អដ្ឋកថា ប្រាប់ថា មិនគប្បីលុះក្នុងអំណាចនៃតណ្ហាឡើយ ត្រូវបំពេញកាយសុចរិត ជាដើមឱ្យបិរបូណ៌ គប្បីប្រព្រឹត្តឱ្យស្មោះស្មើ ) ។ កុំលុះក្នុងតណ្ហា ទម្លាយសីលរបស់ខ្លួនឱ្យសោះ ៕៚ ខ្លឹមសារនៅក្នុង កាមជាតក ( បិដក ៥៩ ទំព័រ ២៤៦ ) ដោយ៥០០០ឆ្នាំ
images/articles/1886/Untitled-1-Recovered.jpg
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ១១៨៧៨ ដង)
រឿង​វិសមលោមរាជកុមារ (ផល​នៃ​ការ​ធ្វើ​ទាន​ដោយ​សេចក្ដី​ជ្រះថ្លា) កាល​សាសនា​ព្រះសម្ពុទ្ធ​ព្រះនាម​កស្សប មាន​បុរសម្នាក់​បាន​ស្ដាប់​ធម៌​ទេសនា ព្រះសម្ពុទ្ធ​មាន​សេចក្ដី​ជ្រះថ្លា​បាន​ធ្វើ​ទាន​ប្រគេន​ចង្ហាន់​ចំពោះ​ព្រះសង្ឃ​មាន​ព្រះពុទ្ធ​ជា​ប្រធាន លុះ​ស្លាប់ទៅ​បាន​កើត​ក្នុង​សុគតិភព អស់​កាល​ជា​យូរ​អង្វែង​ដល់​មក សាសនា​ព្រះសម្ពុទ្ធគោតម បរមគ្រូ​របស់​យើង​នេះ ព្រះអង្គ​បរិនិព្វាន​ផុត​ទៅ​ហើយ​បាន
images/articles/1865/Untitled-1-Recovered.jpg
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ៧៥៤៨ ដង)
រឿងព្រាហ្មណ៍ចាស់ (​កូន​មិន​ដឹង​គុណ​មាតាបិតា អន់​ជាង​ឈើ​ច្រត់) ក្នុង​ពុទ្ធសម័យ មាន​ព្រហ្មណ៍​មហាសាល​ម្នាក់​នៅ​ក្នុង​ក្រុង​សាវត្ថី​មាន​ទ្រព្យ ៨ សែន​កហាបណៈ មាន​កូន​ប្រុស​៤នាក់។ កាល​កូន​នោះ​មាន​វ័យ​ធំ​ឡើង បាន​រៀប​អាវាហមង្គល​ហើយ​ចែក​ទ្រព្យ​សម្បត្តិ​ឲ្យ​កូន​ម្នាក់ៗ ១សែន​កហាបណៈ។ ខាង​ក្រោយ​មក​នាង​ព្រាហ្មណី ជា​ភរិយា​របស់ ព្រាហ្មណ៍​នោះ​ស្លាប់​ទៅ គាត់​នៅ​ពោះ​ម៉ាយ​តែ​ម្នាក់​ឯង។ កូន​ទាំង​៤នាក់​ប្រឹក្សា​គ្នា​ថា​បើ​ឪពុក យើង​មាន​ប្រពន្ធ​ទៀត​មុខ​ជា​មាន​កូន​មិន​ខាន ទ្រព្យ​៤សែន​នឹង​កេរ្តិ៍​អាករ​ផ្សេងៗ​ ដែល​នៅ​សល់​ក្នុង​កណ្ដាប់​ដៃ​គាត់ គាត់​មុខ​ជា​ចែក​ឲ្យ កូន​ចុង​ទាំង​អស់ បើ​ដូច្នេះ​គួរ​តែ​យើង​ទៅ​នាំ​យក​គាត់​មក​ចិញ្ចឹម​ជប់​លៀង​គាត់។ ថ្ងៃ​មួយ​ ព្រាហ្មណ៍​ក្រោក​ពី​ដេក​ក្នុង​វេលា​ថ្ងៃ​កូន​ទៅ​ជួប​ជុំ​គ្នា​ហើយ​និយាយ​អំពី​ទោស នៅ​គ្រប់​គ្រង​ផ្ទះ​ដោយ​ឡែក​ៗ​ពី​គ្នា រួច​និយាយ​អង្វរ​ថាៈ លោក​ឪពុក​យើង​ខ្ញុំ​ជា​កូន​ទាំង​អស់​គ្នា នឹង​បំរើ​ទំនុក​បម្រុង​លោក​ឪពុក​ដោយ​គោរព​ដរាប​ដល់​អស់ជីវិត សូម​លោក​ឪពុក​ប្រគល់​ទ្រព្យ​សម្បត្តិ​ដែល​នៅ​សល់ទាំង​ប៉ុន្មាន មក​យើង​ខ្ញុំ​ទាំង​អស់​គ្នា​ឱ​អស់​មក កុំ​រវល់​នឹង​ទុកដាក់​ថែរក្សា​ព្រោះ​ចាស់ហើយ ។ ព្រាហ្មណ៍​ក៏​ប្រគល់​ទ្រព្យ​ឲ្យ​ដល់​កូន ទាំង​៤​នាក់​ម្នាក់​ត្រូវ​បាន​១សែន​កហាបណៈ​ទៀត ខ្លួន​នៅ​សល់​តែ​សំពត់​១​ចង្កេះ ប៉ុណ្ណោះ ទៅ​នៅ​ជាមួយ​នឹង​កូន ច្បង​​បង្អស់​មិន​យូរ​ប៉ុន្មាន​កូន​ប្រសារ​កើត​សេចក្ដី​ធុញ​ទ្រាន់​ក៏​និយាយ ដៀប​ដាម​ថា លោក​ឪពុក​ ប្រហែល​ជា​មិនស្គាល់​ផ្លូវ​ទៅ​ផ្ទះ​ដទៃ​ទៀត​ទេដឹង បាន​ជា​ក្រាញ​នៅ​តែ​ផ្ទះ​ខ្ញុំ។ ព្រាហ្មណ៍​ឮ​ដូច្នោះ​តូច​ចិត្ត​ណាស់​ក៏​បាន​ដើរ​ទៅ​នៅ​គ្រប់​ផ្ទះ​កូន​ទាំង ៤នាក់​គេ​ចេះ​តែ​បណ្ដេញ​ដូចៗ​គ្នា គាត់​ទ្រាំ​នៅ​មិន​បាន​ ក៏​ចេញ​ទៅ​ដើរ​សូម​ទាន​គេ​តាម ច្រក​ល្ហក​ផ្ទះ​បុគ្គល​ដទៃ​ទៅ​ជា​ស្គម​ស្គាំង ព្រោះ​បរិភោគ​អាហារ​និង​ដេកមិន​ស្រួល​នឹក អាណិត​អាសូរ​ខ្លួន​ថាៈ ឱ! អាត្មា​អញ​ហើយ​ចាស់ ឡើង​កាន់​តែ​លំបាក​ខ្លាំង​ឡើង​មិន​សម បើ​កូន​អញ​វា​មិន​នឹក​អាណិត​អញ​បន្តិច​បន្តួច​សោះ វា​លះ​បង់​ចោល​អញ​ដូច​ជា​គោ​ចាស់ បើ​ដូច្នេះ​អញ​ចូល​ទៅ​រក ព្រះសមណគោរតម​ចុះ ក្រែង​លោ បាន​សុខ​ស្រួស​បន្តិច លុះ​គិត​ដូច្នេះ​ហើយ​ក៏​ទៅ​កាន់​សំណាក់​ព្រះសម្ពុទ្ធៗ ត្រាស់​សួរ​ថាៈ នែព្រាហ្មណ៍​ហេតុ​អ្វី​បាន​ជា​អ្នក​ស្គម​ស្លេកស្លាំង​ម្លេះ? ។ បពិត្រ​ព្រះអង្គដ៏​ចម្រើន ខ្ញុំ​ព្រះអង្គ​មាន​កូន​៤​នាក់ ឥឡូវ នេះ​វា​ត្រូវ​គំនិត​គ្នា​នឹង​ប្រពន្ធវា​បណ្ដេញ​ខ្ញុំ​ព្រះ​អង្គ​​ចោល។ ម្នាល​ព្រាហ្មណ៍​បើ​ដូច្នោះ​អ្នក​ចូរ​រៀន​មន្ត​ពី តថាគត​ហើយ​សូត្រ​ក្នុង​ទី​ប្រជុំជន​ដែល​មាន​កូន​របស់​អ្នកទាំង​នោះ​អង្គុយ នៅ​ជា​មួយ​ផង​មន្ត​នោះ​ថាៈ ខ្ញុំ​ត្រេក​អរ​ដោយ​កូន​ឯណា​ដែល​កើត​ហើយ​ផង ប្រាថ្នានូវ សេចក្ដី​ចំរើន​ដល់​កូន​ឯណា​ផង កូន​នោះ សមគំនិតជាមួយ​ប្រពន្ធវា ហើយ​បណ្ដេញ​ខ្ញុំ ចោល​ដូច ជា​ឆ្កែ​បណ្ដេញ​ជ្រូក កូន​ជា​អសប្បុរស លាមក គ្រាន់​តែ​ហៅ​ឪៗ ប៉ុណ្ណោះ​វា​លះ​បង់​ខ្ញុំ​ដែល​មាន វ័យ​ចាស់​ជ្រុល​ហើយ កូន​ខ្ញុំ​នោះ​ប្រៀប​ដូច​អារក្ស​ទឹក​មក​ក្លែង​ធ្វើ​ជា​កូន ឪ​ពុក​ចាស់របស់​កូន​ពាល តែង​ដើរ​សូម​ទាន​ប្រប​ផ្ទះ​អ្នក​ដទៃ ដូច​ជា​សេះ​ចាស់​ប្រើ​មិន កើត​គេ​នាំ​ចេញ​ចាក​ចំណី ឈើ​ច្រត់​របស់​ខ្ញុំ​នេះ​ប្រសើរ​ ឯ​កូន​ដែល​មិន​ស្ដាប់​បង្គាប់​មិនប្រសើរ​ឡើយ ត្បិត​ឈើ​ច្រត់​នេះ អាច​ការ​ពារ​គោកាច ឆ្កែកាច​ក៏​បាន ច្រត់​ទៅ​ខាង​មុខ ក្នុង​ទីងងឹត​ក៏​បាន ស្ទង់​ចុះ​ទៅ​ក្នុង​ទឹក​ជ្រៅ​ក៏​បាន បុគ្គល​ភ្លាត់​រអិល​គង់​ទប់​ខ្លួន​បាន​ដោយអានុភាព​នៃ​ឈើ​ច្រត់ ។ លុះ​ព្រាហ្មណ៍​ចាស់ រៀន​មន្ត​នេះ​អំពី​សំណាក់​ព្រះមានព្រះភាគ ចប់​ហើយ​ក៏​ចូល​ទៅ​កាន់​ទីប្រជុំ​ដែល​មាន​កូន​៤នាក់ អង្គុយ​នៅ​ទី​នោះ​ផង ហើយ​សូត្រ​មន្ត​នោះ។ សម័យ​នោះ​ទំនៀម​ទំលាប់​របស់​អ្នក ស្រុក​ប្រកាន់​ថា បើ​កូន​ណា​បាន ទទួល​មត៌ក​ពី​មាតាបិតា​ ហើយ​មិន​ចិញ្ចឹម​វិញ​ត្រូវ​អ្នក ស្រុក​ប្រហារជីវិត ។គ្រាន់​តែ​ព្រាហ្មណ៍​ចាស់​សូត្រ​មន្តចប់ មហាជន​ផ្អើល​ឆោឡោរក​ដំបង​ព្រនង់​ប្រុង វាយ​កូន​ទាំង​៤ នោះ​សម្លាប់​ចោល។ កូន​ព្រាហ្មណ៍​ទាំង​៤ នាក់​ភ័យ​ខ្លាំង​ស្ទុះ​ទៅ​ក្រាប​ទៀប​បាទា​បិតា សូម​ខមាទោស​រ៉ាប់​រង​ទំនុក​បម្រុង​ដោយ​គោរព ត​ទៅ​កូន​ម្នាក់ៗ បាន​ជូល សំពត់១ គូ​នឹង​និច្ច​ភត្ត​ទៀត។ ព្រាហ្មចាស់​កាល​បើ​បាន​សុខ​ហើយ នឹក​ឃើញ​គុណ របស់​ព្រះសាស្ដា។ ទើប​នាំ​យក​សំពត់​៣គូ​និង​និច្ចភត្ត​ជាច្រើន​ទៅ​ថ្វាយ​ព្រះសាស្ដាៗ ទ្រង់​ទទួល​ដោយ​អនុគ្រោះ។ ដកស្រង់ចេញពីសៀវភៅ ខំសាងកុសល ដោយ៥០០០ឆ្នាំ
images/articles/1713/Untitled-1-Recovered.jpg
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ១៦១៦៤ ដង)
រឿង ភិក្ខុ​៣០​រូប វិន័យបិដកកឋិនក្ខន្ធកៈមាន​ចែង​អំពី​ប្រភព​នៃ​កឋិនចីវ​ថា​ក្នុង​បឋម​ពោធិកាល​ព្រះបរមសាស្ដា ទ្រង់​ឲ្យ​ភិក្ខុ​ប្រើប្រាស់​តែ​បង្សុកូលចីវរ ពុំ​ទាន់​ទ្រង់​អនុញ្ញាត​ឲ្យ​ប្រើ​គហបតីចីវរ​នៅ​ឡើយ។ សម័យ​មួយ​កាល​ដែល​ទ្រង់​គង់​ចាំ​វស្សា​នៅ​វត្ត​ជេតពន​ជិត​ដល់​ថ្ងៃ​ចូល​វស្សា​ភិក្ខុ​៣០​អង្គ​ទៅ​ស្រុក​បាវាគឺ​ប្រាថ្នា​ចង់​មក​ថ្វាយ​បង្គំ​ព្រះអង្គ​មុន​ថ្ងៃ​ចូល​វស្សា​តែ​មក​មិន​ទាន់​ក៏​ចូល​វស្សា​
images/articles/1659/Untitled-1-Recovered.jpg
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ២១២៤៩ ដង)
រឿង ចុន្ទសូករិកៈ ចុន្ទសូករិកៈនោះ ជា​អ្នក​សម្លាប់​តែ​ជ្រូកយក​សាច់​លក់​ចិញ្ចឹម​ជីវិត​ពេញ ៥៥ ឆ្នាំ។ កាល​ដែល​សម្លាប់​ម្ដងៗ នោះ គាត់​យក​ទឹក​កំពុង​ពុះ​ក្ដៅ​ទៅចាក់​បង្អក​ក្នុង​មាត់​ជ្រូក លុះ​ជ្រូក​នោះ​ស្លាប់​ទៅ​ហើយ គាត់​យក​ដំបង ៤​ ជ្រុងទៅវាយ​ដំ​ឲ្យ​ណែន​សាច់​ដើម្បី​ថ្លឹង​ឲ្យ​មាន​ទម្ងន់ លក់​បាន​ថ្លៃ។ ដល់​សម័យ​គាត់​មាន​ជម្ងឺ អំពើ​នោះ​ក៏​បណ្ដាល់​ឲ្យ​ភ្លើង​អំពី​អវីចិមហានរក​ឆេះ​ឡើង​មក ដុត​រោល​
images/articles/2914/_________tpic.jpg
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ៨១៩០ ដង)
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធបញ្ញាបារមី បានត្រាស់ព្រះធម្ម​ទេសនានេះ មានពាក្យថា ឧម្មុជ្ជន្តិ និមុជ្ជន្តិ ដូច្នេះជាដើម ។ ក្នុងសាយណ្ហសម័យថ្ងៃមួយ កាលភិក្ខុទាំងឡាយអង្គុយ រងចាំការចេញយាងមក ដើម្បីនឹងសម្ដែងធម៌របស់ព្រះតថាគត ក្នុងធម្មសភា បានពោលសរសើរមហាបញ្ញាបារមីរបស់ព្រះទសពលថា ម្នាលអាវុសោ អស្ចារ្យណាស់ ព្រះសាស្ដាមានមហាបញ្ញា (បញ្ញាច្រើន) មានបុថុបញ្ញា (បញ្ញាក្រាស់) មាន​ហាសបញ្ញា (បញ្ញាផូរផង់) មានជវនបញ្ញា (បញ្ញារហ័ស) មានតិក្ខបញ្ញា (បញ្ញាមុតស្រួច) មាននិព្វេធិក​បញ្ញា (បញ្ញាវាងវៃ) ដល់ព្រមដោយបញ្ញាជាឧបាយក្នុងបញ្ហានោះៗ ក្រាស់ស្មើដូចផែនដី ជ្រៅដូចមហាសមុទ្រ ធំដូចអាកាស បញ្ហាដែលតាំងឡើងសូម្បីក្នុងជម្ពូទ្វីបទាំងមូល ដែលឈ្មោះថា អាចនឹងកន្លងព្រះទសពល រមែងមិនមានឡើយ ។ រលកទាំងឡាយរមែងមិនកន្លងនូវច្រាំងក្នុងមហាសមុទ្រ កាលដល់ច្រាំងហើយតែងបែកខ្ចាយ យ៉ាង​ណា បញ្ហាយ៉ាងណាមួយ រមែងមិនកន្លងនូវព្រះទសពល កាលដល់បាទមូលរបស់ព្រះសាស្ដាហើយ តែង​បែកទៅ ក៏យ៉ាងនោះដែរ ។ ព្រះសាស្ដាយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់​មិញ​នេះ តើអ្នកទាំងឡាយអង្គុយប្រជុំគ្នាដោយរឿងអ្វី កាលពួកភិក្ខុទូលថា ដោយរឿងឈ្មោះនេះ ព្រះ​អង្គ​ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែកាលឥឡូវនេះទេ ដែលតថាគតជាអ្នកមានបញ្ញានោះ ​សូម្បីក្នុងកាលមុន ពេលដែលមិនទាន់មានញាណចាស់ក្លា តថាគតក៏ជាអ្នកមានបញ្ញាដែរ សូម្បីតែតថាគតជាមនុស្សងងឹត ក៏អាចដឹងថា រតនៈឈ្មោះនេះ មានក្នុងសមុទ្រឈ្មោះនេះ ត្រង់កន្លែងនេះៗ ដោយការសម្គាល់នូវទឹកក្នុងមហាសមុទ្រ ដូច្នេះហើយ ទ្រង់ក៏នាំអតីតនិទានមកថាៈ ក្នុងអតីតកាល ព្រះរាជាព្រះនាមកុរុ សោយរាជសម្បត្តិក្នុងដែនកុរុ ហើយមានស្រុកដែលជាកំពង់ទូកមួយ ឈ្មោះ កុរុកច្ឆៈ ក្នុងដែនកុរុនោះ ។ ក្នុងគ្រានោះ ព្រះពោធិសត្វបានកើតជាបុត្ររបស់ប្រធាននិយា​មកៈ (អ្នកកាន់ចង្កូតទូក) លោកមានពណ៌សម្បុរដូចមាស គួរជាទីជ្រះថ្លា មាតាបិតាទើបដាក់ឈ្មោះឲ្យ​ថា សុប្បារកកុមារ ។ សុប្បារកកុមារនោះចម្រើនទៅដោយបរិវារដ៏ច្រើន ក្នុងពេលដែលលោកមានអាយុត្រឹ​ម​តែ ១៦ ឆ្នាំ ក៏បានសម្រេចនូវនិយាមកវិជ្ជា (វិជ្ជាបើកបរនាវា) ។ ក្នុងកាលដែលបិតាកន្លងផុតទៅ លោកបានជាប្រធាននិយាមកៈ ហើយធ្វើនិយាមកកម្ម (ការបើកបរនាវា) លោកជាបណ្ឌិតដល់ព្រមដោយបញ្ញា ។ ព្រោះហេតុនោះ ឈ្មោះថាវិបត្តិរបស់អ្នកដែលឡើងទូក ទើបមិនមាន ។ ក្នុងកាលខាងក្រោយមក ភ្នែកទាំង ២ របស់លោកត្រូវទឹកប្រៃប្រហារ ក៏វិនាសទៅ ។ ចាប់តាំងពីពេលនោះមក ព្រះពោធិសត្វមិនបានធ្វើនិយាមកកម្មទៀតឡើយ លោកគ្រាន់តែជាប្រធាននិយាមកៈប៉ុណ្ណោះ ហើយបានចូលគាល់ព្រះរាជាថា ខ្ញុំព្រះអង្គនឹងរស់នៅដោយអាស្រ័យព្រះអង្គ ។ លំដាប់នោះ ព្រះរាជាតាំងទុកព្រះពោធិសត្វនោះក្នុងការងារជាអ្នកវាយតម្លៃ ។ ចាប់តាំងពីពេលនោះមក លោកក៏បានវាយតម្លៃហត្ថិរតន៍ អស្សរតន៍ កែវមុក្ដា កែវមណីជាដើមរបស់ព្រះរាជា ។ ថ្ងៃមួយ មនុស្សទាំងឡាយនាំដំរីមួយ ដែលមានសម្បុរដូចដុំថ្មខ្មៅ ដោយគិតថា នឹងធ្វើជាដំរីមង្គលរបស់ព្រះរាជា ។ ព្រះរាជាទតមើលដំរីនោះហើយ ត្រាស់ថា អ្នកទាំងឡាយចូរឲ្យលោកបណ្ឌិតពិនិត្យចុះ ។ លំដាប់នោះ ពួកមនុស្សទាំងនោះ ក៏បាននាំទៅកាន់សម្នាក់ព្រះពោធិសត្វ ។ សុប្បារកបណ្ឌិតបានស្ទាបអង្អែលសរីរៈរបស់ដំរីនោះដោយដៃ ហើយពោលថា ដំរីនេះមិនសមគួរនឹងជាមង្គលហត្ថីឡើយ ជើងទាំងឡាយនោះខ្លី ព្រោះថា កាលដែលដំរីនេះកើតមក មាតារបស់វាមិនអាចនឹងទទួលដោយចង្កេះ ព្រោះហេតុនោះ កាលជើងវាធ្លាក់ចុះលើផែនដី ជើងខាងក្រោយរបស់វាទើបខ្លី ។ មនុស្សទាំងឡាយបានសួរអ្នកនាំដំរីមក ។ អ្នកនាំដំរីនោះពោលថា លោកបណ្ឌិតពោលពិតហើយ ។ ព្រះរាជាបានស្ដាប់ហេតុនោះហើយ ទ្រង់មានព្រះទ័យត្រេកអរ ហើយប្រទាន ៨ កហាបណៈដល់ព្រះពោធិសត្វ ។ ថ្ងៃស្អែកឡើង មនុស្សទាំងឡាយបាននាំសេះមួយ មកដោយគិតថា សេះនេះនឹងជាសេះមង្គលរបស់ព្រះរាជា ។ ព្រះរាជាបានបញ្ជូនសូម្បីនូវសេះនោះ ទៅកាន់សម្នាក់របស់បណ្ឌិត ។ ព្រះពោធិសត្វក៏បានស្ទាបអង្អែលសូម្បីនូវសេះនោះ ហើយពោលថា សេះនេះមិនប្រកបដើម្បីនឹងជាសេះមង្គលបានឡើយ ព្រោះថា មាតារបស់សេះនេះបានស្លាប់ក្នុងថ្ងៃដែលសេះនេះកើត ព្រោះហេតុនោះ កាលមិនបានទឹកដោះស្រស់របស់មាតា សេះនេះទើបធំធាត់មិនល្អ ។ ពួកមនុស្សដែលនាំសេះនោះមកពោលថា ពាក្យរបស់បណ្ឌិតនោះ ពិតហើយ ។ ព្រះរាជាបានស្ដាប់ពាក្យនោះហើយ ទ្រង់ត្រេកអរ បានឲ្យគេប្រទាន ៨ កហាបណៈ ។ ថ្ងៃមួយទៀត មនុស្សទាំងឡាយបាននាំរថមកដោយគិតថា នឹងធ្វើជាមង្គលរថរបស់ព្រះរាជា ។ ព្រះរាជាបញ្ជូនរថនោះ ទៅកាន់សម្នាក់ព្រះពោធិសត្វ ។ ព្រះពោធិសត្វស្ទាបអង្អែលរថនោះដោយដៃ ហើយពោលថា រថនេះធ្វើដោយឈើប្រហោង ព្រោះហេតុនោះ ទើបមិនសមគួរដល់ព្រះរាជាឡើយ ។ ពួកមនុស្សដែលនាំរថនោះ ពោលថា ពាក្យរបស់លោកបណ្ឌិត ពិតហើយ ។ ព្រះរាជាស្ដាប់រឿងនោះហើយ ក៏បានឲ្យគេប្រទាន ៨ កហាបណៈ ។ លំដាប់នោះ មានគេនាំសំពត់កម្ពល ដែលមានតម្លៃថ្លៃមក ។ ព្រះរាជាក៏បានបញ្ជូនសំពត់កម្ពលនោះ ឲ្យដល់ព្រះពោធិសត្វ ។ ព្រះពោធិសត្វស្ទាបអង្អែលសំពត់កម្ពលនោះដោយដៃ ហើយពោលថា សំពត់កម្ពលនេះមានប្រហោងមួយដែលត្រូវកណ្ដុរកាត់ ។ មនុស្សទាំងនោះកាលជម្រះបានឃើញប្រហោងនោះទើបក្រាបទូលព្រះរាជា ។ ព្រះរាជាស្ដាប់រឿងនោះហើយ ក៏បានឲ្យគេប្រទាន ៨ កហាបណៈ ។ ព្រះពោធិសត្វគិតថា ព្រះរាជានេះបានឃើញភាពអស្ចារ្យទាំងឡាយ សូម្បីដែលមានសភាពយ៉ាងនេះហើយ ឲ្យគេប្រទានទ្រព្យតែ ៨ កហាបណៈប៉ុណ្ណោះ រង្វាន់នេះជារង្វាន់សម្រាប់ជាងកំណោរ (អ្នកកោរកាត់) កំណើតជាងកោរកាត់នឹងមានដល់យើង ដោយការបម្រើព្រះរាជាយ៉ាងនេះឬ យើងនឹងទៅកាន់លំនៅរបស់ខ្លួនវិញ ។ សុប្បារកបណ្ឌិតបានត្រឡប់ទៅកំពង់កុរុកច្ឆៈនោះវិញ ។ កាលព្រះពោធិសត្វនៅក្នុងទីនោះ ពួកពាណិជបានរៀបចំនាវាហើយប្រឹក្សាគ្នាថា យើងនឹងធ្វើអ្នកណាឲ្យជានិយាមកៈ ទើបមូលមតិគ្នាថា នាវាដែលសុប្បារកបណ្ឌិតឡើងជិះហើយ រមែងមិនលិច លោកគឺជាបណ្ឌិត ជាអ្នកឈ្លាសក្នុងឧបាយ សូម្បីលោកជាមនុស្សខ្វាក់ សុប្បារកបណ្ឌិតប៉ុណ្ណោះដែលប្រសើរ ដូច្នេះហើយ ទើបចូលទៅរកព្រះពោធិសត្វ ហើយពោលថា សូមលោកជានិយាមកៈរបស់ពួកខ្ញុំ កាលព្រះពោធិសត្វពោលថា នែអ្នកទាំងឡាយ យើងជាមនុស្សខ្វាក់ នឹងធ្វើការបើកបរ ដូចម្ដេចបាន ពួកពាណិជពោលថា បពិត្រលោកម្ចាស់ លោកសូម្បីជាមនុស្សខ្វាក់ ក៏ប្រសើរជាងពួកខ្ញុំ ដូច្នេះហើយកាលពួកពាណិជនោះសូមអង្វររឿយៗ ទើបទទួលថា ល្អហើយអ្នកទាំងឡាយ យើងនឹងជានិយាមកៈរបស់ពួកលោក ដោយសញ្ញាដែលពួកលោកប្រាប់ចុះ រួចទើបឡើងនាវារបស់ពាណិជទាំងនោះ ។ ពួកពាណិជបើកបរនាវាទៅកាន់មហាសមុទ្រ ។ នាវាទៅដោយមិនមានឧបទ្ទវៈអស់ ៧ ថ្ងៃ បន្ទាប់ពីនោះ ខ្យល់មិនមែនរដូវកាលបានកើតឡើង នាវាក៏ត្រាច់ទៅលើខ្នងសមុទ្រធម្មតាអស់ ៤ ខែ ទើបដល់សមុទ្រឈ្មោះ ខុរមាលី ។ ក្នុងសមុទ្រនោះ មានហ្វូងត្រីដែលមានសរីរៈដូចមនុស្ស មានច្រមុះស្រួច (ប្រហែលជាទេពមច្ឆា) ធ្វើការផុសឡើង មុជចុះ ក្នុងទឹក ។ ពួកពាណិជឃើញហ្វូងត្រីនោះហើយ កាលសួរនូវឈ្មោះសមុទ្រនោះនឹងព្រះមហាសត្វ ទើបពោលគាថាទី ១ ថា ឧម្មុជ្ជន្តិ និមុជ្ជន្តិ, មនុស្សា ខុរនាសិកា; សុប្បារកំ តំ បុច្ឆាម, សមុទ្ទោ កតមោ អយំ។ មនុស្សទាំងឡាយ មានច្រមុះដូចកាំបិតកោរ ងើបមុជ (ក្នុងសមុទ្រនេះ) ពួកយើង សូមសួរលោកឈ្មោះសុប្បារកៈ សមុទ្រនេះ តើឈ្មោះអ្វី ។ ព្រះមហាសត្វត្រូវពួកពាណិជទាំងនោះសួរហើយ បានប្រៀបធៀបដោយតម្រាអ្នកនាំផ្លូវ រួចទើបពោលគាថាទី ២ ថា កុរុកច្ឆា បយាតានំ, វាណិជានំ ធនេសិនំ; នាវាយ វិប្បនដ្ឋាយ, ខុរមាលីតិ វុច្ចតិ។ កាលសំពៅរបស់ពួកពាណិជ អ្នកសែ្វងរកទ្រព្យចេញទៅអំពីកំពង់កុរុកច្ឆៈ លឿនទៅកាន់ប្រទេសផ្សេង សមុទ្រនេះ ហៅថា ខុរមាលី ។ បណ្ដាបទទាំងនោះ បទថា បយាតានំ សេចក្ដីថា កាលចេញពីកំពង់កុរុកច្ឆៈហើយទៅ ។ បទថា ធនេសិនំ សេចក្ដីថា ពួកពាណិជអ្នកសែ្វងរកទ្រព្យ ។ បទថា នាវាយវិប្បនដ្ឋាយ ​សេចក្ដីថា ម្នាលអ្នកទាំងឡាយ កាលនាវារបស់ពួកអ្នកត្រូវកម្មធ្វើឲ្យស្ទុះទៅកាន់ផ្លូវខុស កន្លងហួសបកតិសមុទ្រ (សមុទ្រធម្មតា) ហើយដល់សមុទ្រនេះ សមុទ្រនេះលោកហៅថា ខុរមាលី បណ្ឌិតទាំងឡាយរមែងពោលយ៉ាងនេះ ។ ចំណែកក្នុងសមុទ្រនោះ មានពេជ្រដុះច្រើន ។ ព្រះមហាសត្វគិតថា បើយើងប្រាប់ពាណិជទាំងនោះថា នេះជាវជិរសមុទ្រ ដូច្នេះ ពួកពាណិជនឹងកាន់យកពេជ្រដ៏ច្រើនដោយសេចក្ដីល្មោភ ហើយនឹងញ៉ាំងនាវាឲ្យលិចជាមិនខាន គិតដូច្នេះហើយ លោកទើបមិនប្រាប់ដល់ពាណិជទាំងនោះ ហើយឲ្យពាណិជទាំងនោះបញ្ឈប់នាវា ឲ្យកាន់យកខ្សែមួយដោយឧបាយ ឲ្យបោះសំណាញចុះទៅ ដោយទំនងដូចជាការចាប់ត្រី ហើយស្រង់ដុំពេជ្រឡើងមកដាក់លើនាវា ឲ្យបោះភណ្ឌៈដទៃដែលមិនមានតម្លៃចោល ។ នាវាបានកន្លងផុតនូវសមុទ្រនោះ ហើយទៅកាន់សមុទ្រ ដែលមានឈ្មោះថា អគ្គិមាលី នៅខាងមុខ ។ សមុទ្រនោះកាលបញ្ចេញពន្លឺ បីដូចជា ព្រះអាទិត្យដែលរះកណ្ដាលថ្ងៃ ឬដូចជាគំនរភ្លើងដែលឆេះឡើង ។ ពួកពាណិជបានសួរព្រះពោធិសត្វដោយគាថានេះថា យថា អគ្គីវ សូរិយោវ, សមុទ្ទោ បដិទិស្សតិ; សុប្បារកំ តំ បុច្ឆាម, សមុទ្ទោ កតមោ អយំ។ សមុទ្រដែលប្រាកដចំពោះមុខ ហាក់ដូចជាភ្លើង និងព្រះអាទិត្យ ពួកយើងសូមសួរលោកសុប្បារកៈ សមុទ្រនេះ តើឈ្មោះអ្វី ។ ចំណែកព្រះមហាសត្វក៏ពោលគាថាដោយមិនមានចន្លោះដល់ពាណិជទាំងនោះថា កុរុកច្ឆា បយាតានំ, វាណិជានំ ធនេសិនំ; នាវាយ វិប្បនដ្ឋាយ, អគ្គិមាលីតិ វុច្ចតិ។ កាលសំពៅរបស់ពួកពាណិជ អ្នកស្វែងរកទ្រព្យ ចេញទៅអំពីកំពង់កុរុកច្ឆៈ លឿនទៅកាន់ប្រទេសផ្សេង សមុទ្រនេះ ហៅថា អគ្គិមាលី ។ ក្នុងសមុទ្រនេះមានមាសដុះច្រើន ។ ព្រះមហាសត្វបានឲ្យពាណិជទាំងនោះកាន់យកមាសអំពីសមុទ្រនោះ ដោយន័យដូចមុននោះឯង ហើយឲ្យដាក់លើសំពៅ ។ សំពៅបានឆ្លងផុតសមុទ្រនោះ ហើយដល់សមុទ្រឈ្មោះ ទធិមាលី ដែលមានពន្លឺដូចជាទឹកដោះស្រស់ និងទឹកដោះជូរ ។ ពួកពាណិជបានសួរឈ្មោះសមុទ្រនោះដោយគាថានេះថា យថា ទធីវ ខីរំវ, សមុទ្ទោ បដិទិស្សតិ; សុប្បារកំ តំ បុច្ឆាម, សមុទ្ទោ កតមោ អយំ។ សមុទ្រដែលប្រាកដចំពោះមុខ ហាក់ដូចជាទឹកដោះជូរទឹកដោះស្រស់ ពួកយើងសូមអ្នកសួរលោកសុប្បារកៈ សមុទ្រនេះ តើឈ្មោះអ្វី ។ ព្រះមហាសត្វបានប្រាប់ដោយគាថាបន្ទាប់ថា កុរុកច្ឆា បយាតានំ, វាណិជានំ ធនេសិនំ; នាវាយ វិប្បនដ្ឋាយ, ទធិមាលីតិ វុច្ចតិ។ កាលសំពៅ របស់ពួកពាណិជ អ្នកស្វែងរកទ្រព្យ ចេញទៅអំពីកំពង់កុរុកច្ឆៈ លឿនទៅកាន់ប្រទេសផ្សេង សមុទ្រនេះ ហៅថា ទធិមាលី ។ ក្នុងសមុទ្រនោះមានប្រាក់ដុះច្រើន ។ ព្រះពោធិសត្វក៏បានឲ្យពាណិជទាំងនោះកាន់យកប្រាក់នោះហើយដាក់លើសំពៅ ដោយឧបាយ ។ សំពៅបានឆ្លងផុតសមុទ្រនោះ ហើយដល់សមុទ្រឈ្មោះ កុសមាលី ដែលមានពណ៌ខៀវ មានពន្លឺដូចស្បូវភ្លាំងពណ៌ខៀវ និងដូចសន្ទូងដែលកំពុងលូតលាស់ ។ ពួកពាណិជបានសួរឈ្មោះសមុទ្រនោះដោយគាថានេះថា យថា កុសោវ សស្សោវ, សមុទ្ទោ បដិទិស្សតិ; សុប្បារកំ តំ បុច្ឆាម, សមុទ្ទោ កតមោ អយំ។ សមុទ្រដែលប្រាកដចំពោះមុខ ហាក់ដូចជាស្បូវភ្លាំង និងសំទូង ពួកយើងសូមសួរលោកសុប្បារកៈ សមុទ្រនេះ តើឈ្មោះអ្វី ។ ព្រះមហាសត្វបានប្រាប់ដោយគាថាបន្ទាប់ថា កុរុកច្ឆា បយាតានំ, វាណិជានំ ធនេសិនំ; នាវាយ វិប្បនដ្ឋាយ, កុសមាលីតិ វុច្ចតិ។ កាលសំពៅពួកពាណិជ អ្នកស្វែងរកទ្រព្យ ចេញទៅអំពីកំពង់កុរុកច្ឆៈ លឿនទៅកាន់ប្រទេសផ្សេង សមុទ្រនេះ ហៅថា កុសមាលី ។ ក្នុងសមុទ្រនោះមានកែវមណីខៀវដុះច្រើន ។ ព្រះមហាសត្វបានឲ្យពាណិជទាំងនោះកាន់យកកែវមណីនោះហើយដាក់លើសំពៅ ដោយឧបាយនោះឯង ។ សំពៅបានឆ្លងផុត សមុទ្រនោះ ហើយដល់សមុទ្រឈ្មោះ នឡមាលី ដែលដូចជាព្រៃបបុស និងដូចព្រៃឫស្សី ។ ពួកពាណិជបានសួរឈ្មោះសមុទ្រនោះដោយគាថានេះថា យថា នឡោវ វេឡូវ, សមុទ្ទោ បដិទិស្សតិ; សុប្បារកំ តំ បុច្ឆាម, សមុទ្ទោ កតមោ អយំ។ សមុទ្រដែលប្រាកដចំពោះមុខ ហាក់ដូចជាបបុស និងឫស្សី ពួកយើងសូមសួរលោកសុប្បារកៈ សមុទ្រនេះ តើឈ្មោះអ្វី ។ ព្រះមហាសត្វបានពោលប្រាប់ដោយគាថាបន្ទាប់ថា កុរុកច្ឆា បយាតានំ, វាណិជានំ ធនេសិនំ; នាវាយ វិប្បនដ្ឋាយ, នឡមាលីតិ វុច្ចតិ។ កាលសំពៅពួកពាណិជ អ្នកស្វែងរកទ្រព្យ ចេញទៅអំពីកំពង់កុរុកច្ឆៈ លឿនទៅកាន់ប្រទេសផ្សេង សមុទ្រនេះ ហៅថា នឡមាលី ។ ក្នុងសមុទ្រនោះ មានកែវពព្រុះ ឬពេជ្រភ្នែកឆ្មាដុះច្រើន ។ ព្រះមហាសត្វបានឲ្យពាណិជទាំងនោះកាន់យកកែវពព្រុះ ឬពេជ្រភ្នែកឆ្មានោះហើយដាក់លើសំពៅ ដោយឧបាយ ។ ន័យដទៃទៀត ពាក្យថា បបុស បានដល់ សូម្បីបបុសខ្ទួយ បបុសក្ដាម បបុសនោះ មានពណ៌ក្រហម ។ ពាក្យថា ឫស្សី ជាឈ្មោះនៃកែវប្រពាឡនោះឯង កែវប្រពាឡនោះ និងសមុទ្រដែលមានកែវប្រពាឡដុះ មានពន្លឺពណ៌ក្រហម ព្រោះហេតុនោះ ពួកពាណិជទើបសួរថា ដូចបបុស ដូចឫស្សី យ៉ាងណា ។ ព្រះមហាសត្វបានឲ្យពាណិជទាំងនោះកាន់យកកែវប្រពាឡអំពីសមុទ្រនោះ ។ ពួកពាណិជកាលកន្លងសមុទ្រនឡមាលី ក៏បានឃើញសមុទ្រឈ្មោះ ពលវាមុខី ។ ទឹកក្នុងសមុទ្រនោះ កួចហើយៗ ខ្ពុរឡើងលើដោយចំណែកជុំវិញ ។ ទឹកដែលខ្ពុរឡើងដោយចំណែកជុំវិញក្នុងសមុទ្រនោះ ប្រាកដដូចអន្លង់ធំ ដែលត្រូវទឹកជ្រោះទម្លុះដោយជុំវិញ កាលរលកទឹកខ្ពុរឡើង ប្រាកដដូចអន្លង់ទឹកតែមួយ សំឡេងដែលគួរឲ្យភ័យខ្លាចបានកើតឡើង ហាក់បីដូចជាទម្លាយនូវត្រចៀក និងដូចជាបំបែក​បេះដូង ​។ ពួកពាណិជបានឃើញសមុទ្រនោះហើយ មានសេចក្ដីភិតភ័យ ទើបសួរឈ្មោះសមុទ្រនោះដោយគាថានេះថា មហព្ភយោ ភិំសនកោ, សទ្ទោ សុយ្យតិមានុសោ; យថា សោព្ភោ បបាតោវ, សមុទ្ទោ បដិទិស្សតិ; សុប្បារកំ តំ បុច្ឆាម, សមុទ្ទោ កតមោ អយំ។ សំឡេងរបស់អមនុស្ស គួរឲ្យភ័យខ្លាំង គួរឲ្យស្បើម ដែលពួកយើងបានឮជាក់ សមុទ្រដែលបា្រកដចំពោះមុខ ហាក់ដូចជារណ្តៅ និងជ្រោះ ពួកយើងសូមសួរលោកសុប្បារកៈ សមុទ្រនេះ តើឈ្មោះអ្វី ។ បណ្ដាបទទាំងនោះ បទថា សុយ្យតិមានុសោ សេចក្ដីថា សំឡេងដែលស្ដាប់ជាសំឡេងអមនុស្ស ។ ព្រះពោធិសត្វបានប្រាប់ឈ្មោះសមុទ្រនោះដោយគាថាបន្ទាប់ថា កុរុកច្ឆា បយាតានំ, វាណិជានំ ធនេសិនំ; នាវាយ វិប្បនដ្ឋាយ, ពលវាមុខីតិ វុច្ចតិ។ កាលសំពៅពួកពាណិជ អ្នកស្វែងរកទ្រព្យ ចេញទៅអំពីកំពង់កុរុកច្ឆៈ លឿទៅកាន់ប្រទេសផ្សេង សមុទ្រនេះ ហៅថា ពលវាមុខី ។ ដូច្នេះហើយលោកទើបពោលទៀតថា នែអ្នកទាំងឡាយ សំពៅដែលដល់សមុទ្រ ពលវាមុខីនេះហើយ ឈ្មោះថាសំពៅដែលអាចនឹងត្រឡប់ទៅវិញ រមែងមិនមាន សមុទ្រនេះនឹងញ៉ាំងសំពៅដែលបរមកដល់ហើយឲ្យលិចចុះ ធ្វើឲ្យដល់សេចក្ដីវិនាស ។ ក៏ក្នុងសំពៅនោះមានមនុស្ស ៧០០ នាក់ឡើងជិះ ។ ពួកមនុស្សទាំងអស់ មានការភ័យខ្លាចចំពោះសេចក្ដីស្លាប់ នាំគ្នាបញ្ចេញសំឡេង ដែលគួរឲ្យអាណិតដោយសំឡេងតែមួយ ហាក់ដូចជាសត្វទាំងឡាយដែលត្រូវចម្អិនក្នុងអវីចិនរក ។ ព្រះមហាសត្វគិតថា វៀរចាកយើងហើយ មនុស្សដទៃដែលអាចធ្វើសេចក្ដីសួស្ដីដល់មនុស្សទាំងនោះ រមែងមិនមាន យើងនឹងធ្វើសេចក្ដីសួស្ដីដល់មនុស្សទាំងនោះ ដោយសច្ចកិរិយា ដូច្នេះហើយ ទើបហៅមនុស្សទាំងនោះហើយពោលថា នែអ្នកទាំងឡាយ ពួកលោកចូរឲ្យយើងងូតដោយទឹកក្រអូប ឲ្យយើងស្លៀកសំពត់ថ្មី ចូររៀបចំភាជនៈទឹក ហើយតម្កល់នៅនឹងក្បាលសំពៅ ដោយប្រញាប់ ។ មនុស្សទាំងនោះបានធ្វើយ៉ាងនោះ ដោយរហ័ស ។ ព្រះមហាសត្វកាន់ភាជនៈទឹកដោយដៃទាំងពីរ ឈរនៅនឹងក្បាលសំពៅ កាលនឹងធ្វើសច្ចកិរិយា ទើបពោលគាថាចុងក្រោយថា យតោ សរាមិ អត្តានំ, យតោ បត្តោស្មិ វិញ្ញុតំ; នាភិជានាមិ សញ្ចិច្ច, ឯកបាណម្បិ ហិំសិតំ; ឯតេន សច្ចវជ្ជេន, សោត្ថិំ នាវា និវត្តតុ។ តាំងពីកាលដែលខ្ញុំរលឹកឃើញនូវខ្លួន តាំងពីកាលដែលខ្ញុំដល់នូវភាពជាអ្នកដឹងក្តី ខ្ញុំមិនចេះក្លែង ដើម្បីបៀតបៀនសត្វ សូម្បីតែមួយឡើយ សូមឲ្យសំពៅត្រឡប់ទៅកាន់ទីមាន សួស្តី ដោយការពោលពាក្យសច្ចៈនេះចុះ ។ បណ្ដាបទទាំងនោះ បទថា យតោ (តាំងពី) សេចក្ដីថា ខ្ញុំរលឹកនូវខ្លួនចាប់តាំងពីកាលណា អធិប្បាយថា ខ្ញុំដល់ការដឹងខ្លួនចាប់តាំងពីកាលណា ។ បទថា ឯកបាណម្បិហិំសិតំ (បៀតបៀនសត្វ សូម្បីតែមួយ) សេចក្ដីថា ក្នុងរវាងនេះ ខ្ញុំមិនដឹងនូវភាពដែលខ្លួនបានបៀតបៀន សូម្បីសត្វមានស្រមោចក្រហមត្រឹមតែមួយ ដោយការក្លែងឡើយ ។ ពាក្យនេះគ្រាន់តែជាប្រមាណនៃទេសនាប៉ុណ្ណោះ ចំណែកព្រះពោធិសត្វ ក៏បានធ្វើសច្ចកិរិយាដោយអំណាចនៃសីលទាំង ៥ យ៉ាងនេះថា វត្ថុជារបស់អ្នកដទៃសូម្បីត្រឹមតែស្មៅមួយ ក៏យើងមិនដែលកាន់យកដែរ, ប្រពន្ធអ្នកដទៃ ក៏មិនធ្លាប់សម្លឹងមើលដោយអំណាចនៃលោភៈ, មុសាវាទ ក៏យើងមិនធ្លាប់ពោលដែរ, យើងមិនធ្លាប់ផឹកទឹកស្រវឹងសូម្បីដោយចុងស្មៅ កាលព្រះពោធិសត្វធ្វើសច្ចកិរិយាហើយ ក៏ស្រោចទឹកក្នុងភាជនៈទៅលើក្បាលសំពៅ ។ សំពៅដែលបរខុសផ្លូវអស់ ៤ ខែនោះ ក៏ត្រឡប់ ហើយទៅដល់កំពង់កុរុកច្ឆៈត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ដោយអំណាចនៃពាក្យសច្ចៈ ហាក់បីដូចជា អ្នកមានឫទ្ធិបណ្ដាល ។ គ្រាទៅដល់ហើយ សំពៅក៏ស្ទុះទៅកាន់ដីគោកប្រមាណ ៨ ឧសភៈ (៤០០ម៉ែត្រ) ហើយឈប់នៅត្រង់ទ្វារផ្ទះរបស់នាវិកពោធិសត្វ ។ ព្រះមហាសត្វឲ្យគេបែងចែកមាស ប្រាក់ កែវមណី កែវប្រពាឡ កែវមុក្ដា ពេជ្រហើយឲ្យដល់ពាណិជទាំងនោះ ។ ព្រះពោធិស្វបានឲ្យឱវាទដល់ពាណិជទាំងនោះថា រតនៈប៉ុណ្ណេះក៏ល្មមដល់អ្នកទាំងឡាយហើយ ពួកអ្នកចូរកុំចុះសមុទ្រទៀត ដូច្នេះហើយ កាលធ្វើបុណ្យទាំងឡាយមានឲ្យទានជាដើមរហូតអស់ជីវិត ក៏បានកើតក្នុងទេវបុរី ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងកាលមុន តថាគតក៏ជាអ្នកមានបញ្ញាច្រើនយ៉ាងនេះ ហើយព្រះអង្គប្រជុំជាតកថា តទា បរិសា ពុទ្ធបរិសា អហេសុំ បរិស័ទក្នុងកាលនោះ បានមកជាពុទ្ធបរិស័ទ ។ សុប្បារកបណ្ឌិតោ បន អហមេវ អហោសិំ ចំណែកសុប្បារកបណ្ឌិត គឺ តថាគត នេះឯង ។ ចប់ សុប្បារកជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ជាតក ឯកាទសកនិបាត បិដកលេខ ៥៩ ទំព័រ ២៣៣) ដោយខេមរ អភិធម្មាវតារ ព.ស. ២៥៦១ ដោយ៥០០០ឆ្នាំ
images/articles/2915/___extpic.jpg
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ៧៩៩៩ ដង)
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធឧបាសកទាំងឡាយ ដែលសមាទានឧបោសថ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា អព្ភុតោ វត លោកស្មិំ ដូច្នេះជាដើម ។ គ្រានោះ ព្រះសាស្ដាត្រាស់ថា ម្នាលឧបាសកទាំងឡាយ បោរាណបណ្ឌិតបានអាស្រ័យឧបោសថកម្មរបស់ខ្លួន ហើយទៅកាន់ទេវលោកដោយសរីរៈជារបស់មនុស្ស និងនៅអស់កាលយូរ ដូច្នេះហើយ ទ្រង់ដែលឧបាសកទាំងឡាយនោះសូមអង្វរហើយ ទើបនាំអតីតនិទានមកថា ក្នុងអតីតកាល ព្រះរាជាព្រះនាម សាធិនៈ សោយរាជសម្បត្តិ ប្រកបដោយធម៌ ក្នុងនគរមិថិលា ។ ព្រះរាជានោះឲ្យគេកសាងសាលា ៦ កន្លែង គឺ ត្រង់ទ្វារនគរ ៤ កន្លែង ត្រង់កណ្ដាលនគរ ១ កន្លែង និង ទ្រង់ទ្វារនិវេសន៍ ១ កន្លែង ទ្រង់ធ្វើជម្ពូទ្វីបទាំងមូលឲ្យលើកនង្គលឡើង (រក្សានង្គ័លលែងភ្ជួររាស់) ញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅ ដោយចំណាយព្រះរាជទ្រព្យ ៦០០០០០ រាល់ៗថ្ងៃ ទ្រង់រក្សាសីល ៥ និង ឧបោសថ ។ សូម្បីអ្នកដែនក៏ឋិតនៅក្នុងឱវាទរបស់ព្រះរាជានោះ ធ្វើបុណ្យទាំងឡាយមានឲ្យទានជាដើម កាលធ្វើកាលកិរិយាហើយបានកើតក្នុងទេវនគរ ។ ទេវតាទាំងឡាយដែលអង្គុយត្រៀបត្រាក្នុងសុធម្មទេវសភា នាំគ្នាពណ៌នាសីលគុណជាដើម របស់ព្រះរាជាសាធិនៈ ។ សូម្បីទេវតាដ៏សេសស្ដាប់ពាក្យនោះហើយជាអ្នកប្រាថ្នានឹងឃើញព្រះរាជានោះ ។ សក្កទេវរាជបានដឹងចិត្តរបស់ទេវតាទាំងនោះ ហើយពោលថា អ្នកទាំងឡាយប្រាថ្នានឹងឃើញនូវសាធិនរាជ ឬ ? ពួកទេវតាពោលថា ព្រះករុណា ទេវរាជ ។ ស្ដេចសក្កៈបញ្ជាមាតលីថា អ្នកចូរទៅ ដោយប្រកបវេជយន្តរថ ហើយនាំសាធិនរាជ មក ។ ព្រះមាតលីទទួលថា សាធុ ហើយប្រកបនូវរថទៅកាន់វិទេហរដ្ឋ ពេលនោះជាថ្ងៃពេញបូណ៌មី ។ ព្រះមាតលីបររថ ឲ្យទៅជាមួយនឹងមណ្ឌលព្រះចន្ទ ក្នុងកាលដែលមនុស្សទាំងឡាយបរិភោគអាហារពេលល្ងាចរួច អង្គុយប្រជុំគ្នាពោលកថា ដែលជាសុខត្រង់ទ្វារផ្ទះ ។ នុស្សទាំងឡាយពោលថា ព្រះចន្ទ ២ ដួងតាំងឡើង ពេលឃើញរថដែលកំពុងមក ដោយការលះបង់មណ្ឌលព្រះចន្ទហើយ ទើបពោលម្ដងទៀតថា នេះមិនមែនព្រះចន្ទទេ នោះគឺជារថ ប្រាកដជាទេវបុត្រនាំរថជាទិព្វ ដែលប្រកបដោយសិន្ធពមនោម័យមក ដើម្បីអ្នកណា មិនដើម្បីអ្នកដទៃឡើយ ដើម្បីព្រះរាជារបស់យើង ព្រោះថា ព្រះរាជារបស់យើងជា ធម្មិករាជ ជាធម្មរាជា ដូច្នេះហើយ មានសេចក្ដីសោមនស្ស ផ្គងអញ្ជលី ពោលគាថាទី ១ ថា អព្ភុតោ វត លោកស្មិំ, ឧប្បជ្ជិ លោមហំសនោ; ទិព្ពោ រថោ បាតុរហុ, វេទេហស្ស យសស្សិនោ។ ចម្លែកណាស់តើ គួរ្យឲ្យព្រឺរោម កើតឡើងក្នុងលោក រថជាទិព្យបានកើតប្រាកដដល់ស្តេចវិទេហៈ ព្រះអង្គមានយស ។ គាថានោះមានសេចក្ដីថា ឱហ្ន៎អស្ចារ្យណាស់ ព្រះរាជារបស់យើង ការព្រឺរោមកើតឡើងក្នុងលោក រថជាទិព្វរមែងប្រាកដដល់ព្រះបាទវិទេហៈដ៏ទ្រង់យស ។ ចំណែកព្រះមាតលីនាំរថនោះមកហើយ កាលមនុស្សទាំងឡាយបូជា ដោយគ្រឿងក្រអូបនិងកម្រងផ្កាជាដើម ក៏ធ្វើប្រទក្សិណនគរ ៣ ជុំ រួចទៅកាន់ទ្វាររាជនិវេសន៍របស់ព្រះរាជា ញ៉ាំងរថឲ្យបែរត្រឡប់ ទើបឋិតនៅត្រង់ធរណីទ្វារសីហបញ្ជរ ដោយចំណែកខាងក្រោយ ធ្វើការត្រៀមជណ្ដើរ ។ ថ្ងៃនោះ សូម្បីព្រះ​រាជា កាលទ្រង់សម្លឹងសាលាទានជាដើម បានបញ្ជាថា អ្នកទាំងឡាយចូរឲ្យទានដោយនិយាមនេះ ហើយទ្រង់សមាទានឧបោសថ ញ៉ាំងថ្ងៃឲ្យកន្លងទៅ ទ្រង់ឡោមព័ទ្ធដោយពួកអាមាត្យ ប្រថាប់ដោយ​បែរ​ព្រះភក្ត្រឆ្ពោះទៅសីហបញ្ជរទិសខាងកើត សម្ដែងកថាប្រកបដោយធម៌ ក្នុងសាលាដែលគេប្រដាប់តាក់តែងហើយ ។ លំដាប់នោះ ព្រះមាតលីទូលអញ្ជើញព្រះអង្គឲ្យឡើងលើរថ ហើយនាំទៅ ។ ព្រះសាស្ដាកាលប្រកាសសេចក្ដីនោះ បានត្រាស់ព្រះគាថាទាំងឡាយថា ទេវបុត្តោ មហិទ្ធិកោ, មាតលិ ទេវសារថិ; និមន្តយិត្ថ រាជានំ, វេទេហំ មិថិលគ្គហំ។ ទេវបុត្រឈ្មោះមាតលី ជាទេវសារថី មានប្ញទ្ធិច្រើនបានអញ្ជើញព្រះបាទវិទេហៈ ព្រះអង្គគ្រប់គ្រងក្រុងមិថិលាថា ឯហិមំ រថមារុយ្ហ, រាជសេដ្ឋ ទិសម្បតិ; ទេវា ទស្សនកាមា តេ, តាវតិំសា សឥន្ទកា; សរមានា ហិ តេ ទេវា, សុធម្មាយំ សមច្ឆរេ។ បពិត្រព្រះរាជាដ៏ប្រសើរ ជាម្ចាស់នៃទិស សូមព្រះអង្គយាងឡើងកាន់រថនេះ ទេវតាទាំងឡាយជាន់តាវត្តិង្សព្រមទាំងព្រះឥន្ទ ចង់ឃើញព្រះអង្គ ព្រោះទេវតាទាំងឡាយរលឹកព្រះអង្គ នៅរងចាំក្នុរោងឈ្មោះសុធម្មា ។ តតោ ច រាជា សាធិនោ, វេទេហោ មិថិលគ្គហោ; សហស្សយុត្តមារុយ្ហ, អគា ទេវាន សន្តិកេ; តំ ទេវា បដិនន្ទិំសុ, ទិស្វា រាជានមាគតំ។ លំដាប់នោះឯង ព្រះបាទវិទេហៈ ព្រះនាមសាធិន ព្រះអង្គគ្រប់គ្រងក្រុងមិថិលា ទ្រង់យាងឡើងកាន់រថ ទឹមដោយសេះច្រើន ហើយបានយាងទៅក្នុងសំណាក់នៃទេវតាទាំងឡាយ (ព្រះរាជាជាធំ ទ្រង់ប្រថាប់លើទិព្វយានឈ្មោះហយវាហី ដែលទឹមដោយសេះច្រើន កំពុងយាងទៅក៏បានទតឃើញទេវសភានេះ) ពួកទេវតាបានឃើញព្រះរាជានោះមកដល់ហើយ ក៏ត្រេកអរស្មោះចំពោះថា ស្វាគតំ តេ មហារាជ, អថោ តេ អទុរាគតំ; និសីទ ទានិ រាជីសិ, ទេវរាជស្ស សន្តិកេ។ បពិត្រមហារាជ ព្រះអង្គយាងមកស្រួលហើយ មិនមែនយាងមកដោយមិនស្រួលទេ បពិត្រព្រះរាជាអ្នកស្វែងរកគុណដ៏ប្រសើរ ឥឡូវនេះ សូម្បីព្រះអង្គទ្រង់គង់ក្នុងសំណាក់នៃទេវរាជចុះ ។ សក្កោបិ បដិនន្ទិត្ថ, វេទេហំ មិថិលគ្គហំ; និមន្តយិត្ថ កាមេហិ, អាសនេន ច វាសវោ។ ឯព្រះឥន្ទក៏ទទួលរាក់ទាក់ចំពោះព្រះបាទវិទេហៈ ព្រះអង្គគ្រប់គ្រងក្រុងមិថិលា ព្រះឥន្ទបានអញ្ជើញដោយកាមទាំងឡាយផង ដោយអាសនៈផងថា សាធុ ខោសិ អនុប្បត្តោ, អាវាសំ វសវត្តិនំ; វស ទេវេសុ រាជីសិ, សព្ពកាមសមិទ្ធិសុ; តាវតិំសេសុ ទេវេសុ, ភុញ្ជ កាមេ អមានុសេ។ ប្រពៃណាស់ហើយ ព្រះអង្គបានដល់អាវាសរបស់ទេវតាទាំងឡាយ ដែលញ៉ាំងគេឲ្យប្រព្រឹត្តក្នុងអំណាចខ្លួន បពិត្រព្រះរាជាអ្នកស្វែងរកគុណដ៏ប្រសើរ សូមព្រះអង្គគង់នៅក្នុងពួកទេវតាដែលសម្រេចនូវកាមគ្រប់យ៉ាងបាន សូមព្រះអង្គសោយនូវកាមទាំងឡាយ ដែលមិនមែនជារបស់មនុស្ស ក្នុងពួកទេវតាជាន់តាវត្តិង្សចុះ ។ បណ្ដាបទទាំងនោះ បទថា សមច្ឆរេ សេចក្ដីថា នៅរងចាំ ។ បទថា អគា ទេវាន សន្តិកេ សេចក្ដីថា ទៅកាន់សម្នាក់ទេវតា ។ ក្នុងពេលនោះ កាលព្រះរាជាឡើងកាន់រថហើយឋិតនៅ រថបានស្ទុះទៅកាន់អាកាស ព្រះរាជានោះ ដែលមហាជនកំពុងមើល ក៏បានបាត់ទៅ ។ ព្រះមាតលីនាំព្រះរាជាទៅកាន់ទេវលោក ។ ទេវតា និងស្ដេចសក្កៈបានឃើញព្រះរាជាហើយ មានចិត្តត្រេកអរ នាំគ្នាក្រោកទទួល និងធ្វើបដិសណ្ឋារៈ ។ ដើម្បីសម្ដែងសេចក្ដីនោះ លោកទើបពោលថា តំ ទេវ ដូច្នេះជាដើម ។ បទថា បដិនន្ទិំសុ សេចក្ដីថា ត្រេកអររឿយៗ ។ បទថា អាសនេន ច សេចក្ដីថា ព្រះឥន្ទឱបព្រះរាជា ហើយអញ្ជើញដោយបណ្ឌុកម្ពលសិលាសនៈ និងដោយកាមទាំងឡាយរបស់ខ្លួនថា សូមអង្គុយទីនេះ រួចហើយក៏បែងចែករាជសម្បត្តិពាក់កណ្ដាល ឲ្យព្រះរាជាអង្គុយលើអាសនៈជាមួយគ្នា ។ កាលព្រះបាទសាធិនៈសោយរាជសម្បត្តិ ដែលសក្កទេវរាជបែងចែកទេវនគរ ដែលមានទំហំ ១០០០០ យោជន៍ ស្រីទេពអប្សរ ២ កោដិកន្លះ និងវេជយន្តប្រាសាទ ពាក់កណ្ដាល ប្រទានឲ្យ អស់កាល ៧០០ ឆ្នាំដោយការរាប់ឆ្នាំមនុស្ស ឲ្យកន្លងទៅ ។ ព្រះអង្គនៅក្នុង ទេវលោកដោយអត្តភាពនោះ កាលអស់បុណ្យហើយ ក៏កើតសេចក្ដីមិនត្រេកអរ ព្រោះហេតុនោះ កាលចរចាជាមួយនឹងស្ដេចសក្កៈ ទើបពោលគាថា ថា អហំ បុរេ សគ្គគតោ រមាមិ, នច្ចេហិ គីតេហិ ច វាទិតេហិ; សោ ទានិ អជ្ជ ន រមាមិ សគ្គេ, អាយុំ នុ ខីណោ មរណំ នុ សន្តិកេ; ឧទាហុ មូឡ្ហោស្មិ ជនិន្ទសេដ្ឋ។ កាលពីដើម ខ្ញុំមកនៅក្នុងឋានសួគ៌ រីករាយដោយរបាំ ចម្រៀង និងប្រគុំទាំងឡាយ ឥឡូវនេះ ក្នុងថ្ងៃនេះ ខ្ញុំមិនត្រេកអរក្នុងឋានសួគ៌ទេ បពិត្រព្រះជនិន្ទដ៏ប្រសើរ អាយុ (របស់ខ្ញុំ) នឹងអស់ឬ ឬសេចក្តីស្លាប់ (ឋិតនៅ) ក្នុងទីជិត ឬក៏ខ្ញុំជាបុគ្គលវង្វេង ។ បណ្ដាបទទាំងនោះ បទថា អាយុំ នុ ខីណោ សេចក្ដីថា ព្រះបាទសាធិនៈសួរថាជីវិតិន្ទ្រិយ៍ក្នុងសរីរៈរបស់ខ្ញុំអស់ហើយឬ ឬថា ជីវិតិន្ទ្រិយ៍នឹងកើតក្នុងទីជិតនៃមរណៈដោយអំណាចនៃឧបច្ឆេទកកម្ម ។ បទថា ជនិន្ទសេដ្ឋ សេចក្ដីថា បពិត្រព្រះអង្គដែលប្រសើរជាងជន និងទេវតាទាំងឡាយ ។ លំដាប់នោះ ស្ដេចសក្កៈពោលថា ន តាយុ ខីណំ មរណញ្ច ទូរេ, ន ចាបិ មូឡ្ហោ នរវីរសេដ្ឋ; តុយ្ហញ្ច បុញ្ញានិ បរិត្តកានិ, យេសំ វិបាកំ ឥធ វេទយិត្ថោ។ បពិត្រព្រះអង្គដ៏ប្រសើរ មានព្យាយាមជាងជន អាយុរបស់ព្រះអង្គមិនទាន់អស់ទេ ទាំងសេចក្តីស្លាប់របស់ព្រះអង្គ (ក៏ឋិតនៅ) ក្នុងទីឆ្ងាយ មួយវិញទៀត ព្រះអង្គ មិនមែនជាមនុស្សវង្វេងទេ តែថា ព្រះអង្គសោយនូវផលនៃបុណ្យណា ក្នុងទេវលោកនេះ បុណ្យរបស់ព្រះអង្គតិច ។ វស ទេវានុភាវេន, រាជសេដ្ឋ ទិសម្បតិ; តាវតិំសេសុ ទេវេសុ, ភុញ្ជ កាមេ អមានុសេ។ បពិត្រព្រះរាជាដ៏ប្រសើរ ជាម្ចាស់នៃទិស សូមព្រះអង្គគង់នៅដោយទេវានុភាពចុះ សូមព្រះអង្គសោយនូវកាមទាំងឡាយ មិនមែនជារបស់មនុស្ស ក្នុងទេវលោកជាន់តាវត្តិង្សចុះ ។ បណ្ដាបទទាំងនោះ បទថា បរិត្តកានិ សេចក្ដីថា សក្កទេវរាជពោលសំដៅយកបុណ្យទាំងឡាយដែលឲ្យវិបាក ក្នុងទេវលោកដោយអត្តភាពនោះ តែថាបុណ្យដទៃទៀតរបស់ព្រះបាទសាធិនៈច្រើនប្រមាណមិនបាន បីដូចជាធូលីក្នុងផែនដី ។ បទថា វសទេវានុភាវេន សេចក្ដីថា សក្កទេវរាជលួងលោមព្រះពោធិសត្វដោយពោលថា ខ្ញុំចែកបុណ្យទាំងឡាយពាក់កណ្ដាលរបស់ខ្ញុំដល់ព្រះអង្គ សូមព្រះអង្គនៅដោយទេវានុភាពរបស់ខ្ញុំចុះ ។ លំដាប់នោះ ព្រះមហាសត្វកាលហាមឃាត់ ទើបពោលថា យថា យាចិតកំ យានំ, យថា យាចិតកំ ធនំ; ឯវំសម្បទមេវេតំ, យំ បរតោ ទានបច្ចយា។ យានដែលខ្ចីគេ និងទ្រព្យដែលខ្ចីគេ មានឧបមាយ៉ាងណាមិញ ទ្រព្យណាដែលគេបាន ព្រោះបុគ្គលដទៃឲ្យជាបច្ច័យ ទ្រព្យនុ៎ះឯង ក៏មានឧបមេយ្យយ៉ាងនោះដែរ ។ ន ចាហមេតមិច្ឆាមិ, យំ បរតោ ទានបច្ចយា; សយំកតានិ បុញ្ញានិ, តំ មេ អាវេណិកំ ធនំ។ ទ្រព្យណាដែលគេបាន ព្រោះបុគ្គលដទៃឲ្យជាបច្ច័យ ខ្ញុំមិនចង់បានទ្រព្យនុ៎ះឡើយ បុណ្យទាំងឡាយ ដែលខ្ញុំបានធ្វើហើយដោយខ្លួនឯង បុណ្យនោះទុកជាទ្រព្យ របស់ខ្ញុំជាប់តាមខ្លួន ។ សោហំ គន្ត្វា មនុស្សេសុ, កាហាមិ កុសលំ ពហុំ; ទានេន សមចរិយាយ, សំយមេន ទមេន ច; យំ កត្វា សុខិតោ ហោតិ, ន ច បច្ឆានុតប្បតិ។ ខ្ញុំនោះនឹងទៅធ្វើកុសលច្រើនក្នុងពួកមនុស្ស ដោយឲ្យទានផង កិរិយាប្រព្រឹត្តធម៌ស្មើផង កិរិយាសង្រួមដោយសីលផង កិរិយាទូន្មាននូវឥទ្រ្ទិយផង ព្រោះថា បុគ្គលធ្វើកុសលហើយ រមែងដល់នូវសេចក្តីសុខ ទាំងមិនក្តៅក្រហាយរឿយៗ ក្នុងកាលជាខាងក្រោយ ។ លំដាប់នោះ សក្កទេវរាជបានស្ដាប់ពាក្យរបស់ព្រះរាជានោះហើយ ទើបបញ្ជាមាតលីថា ម្នាលអ្នក ចូរទៅ ហើយនាំសាធិនរាជទៅកាន់ក្រុងមិថិលា ឲ្យស្ដេចចុះក្នុងឧទ្យាន ។ ព្រះមាតលីក៏បានធ្វើយ៉ាងនោះ ។ ព្រះរាជាយាងចង្ក្រមក្នុងឧទ្យាន ។ គ្រានោះ នាយឧទ្យានបាល ឃើញព្រះរាជាហើយ ទូលសួរ រួចហើយក៏ទៅប្រាប់ដល់ព្រះបាទនារទៈ។ ព្រះបាទនារទៈនោះ ស្ដាប់នូវការមក របស់ព្រះរាជាហើយ ទ្រង់បញ្ជូនឧទ្យានបាលថា អ្នកចូរទៅមុនចុះ ចូររៀបចំឧទ្យាន និងចាត់ចែងអាសនៈ ២ សម្រាប់យើង និងព្រះរាជាសាធិនៈ ។ នាយឧទ្យានបាលបានធ្វើយ៉ាងនោះ ។ លំដាប់នោះ ព្រះរាជាសាធិនៈសួរឧទ្យានបាលថា អ្នករៀបចំអាសនៈ ២ ដើម្បីអ្នកណា ? ឧទ្យានបាលពោលថា ដើម្បីព្រះអង្គ ១ ដើម្បីព្រះរាជារបស់ខ្ញុំ ១ ។ ព្រះរាជាពោលថា សត្វដទៃណា នឹងអង្គុយលើអាសនៈក្នុងសម្នាក់យើង ដូច្នេះហើយ ទើបទ្រង់អង្គុយលើអាសនៈមួយ ហើយដាក់ព្រះបាទលើអាសនៈមួយ ។ ព្រះបាទនារទៈយាងមកហើយ ថ្វាយបង្គំព្រះបាទរបស់ព្រះបាទសាធិនៈ រួចក៏អង្គុយនៅកន្លែងមួយ ។ បានឮមកថា ព្រះបាទនារទៈនោះត្រូវជាចៅ (ជំនាន់) ទី ៧ របស់ព្រះបាទសាធិនៈ បានឮមកទៀតថា ក្នុងសម័យនោះ ជាកាលនៃមនុស្សដែលមានអាយុ ១០០ ឆ្នាំ ។ ចំណែកព្រះមហាសត្វបានញ៉ាំងកាលដែលមានប្រមាណប៉ុណ្ណេះ ឲ្យកន្លងទៅ ដោយកម្លាំងបុណ្យរបស់ខ្លួន ។ ព្រះពោធិសត្វកាន់ដៃព្រះបាទនារទៈ ហើយត្រាច់ទៅក្នុងឧទ្យាន រួចក៏ពោល ៣ គាថា ថា ឥមានិ តានិ ខេត្តានិ, ឥមំ និក្ខំ សុកុណ្ឌលំ; ឥមា តា ហរិតានូបា, ឥមា នជ្ជោ សវន្តិយោ។ ស្រែទាំងឡាយនេះផង ទទឹកប្រកបដោយកុណ្ឌលដ៏ល្អនេះផង ផែនដីដ៏ដេរដាស ដោយស្មៅពណ៌ខៀវនេះផង ស្ទឹងទាំងឡាយដែលកំពុងហូរនេះផង ។ ឥមា តា បោក្ខរណី រម្មា, ចក្កវាកបកូជិតា; មន្ទាលកេហិ សញ្ឆន្នា, បទុមុប្បលកេហិ ច; យស្សិមានិ មមាយិំសុ, កិំ នុ តេ ទិសតំ គតា។ ស្រះបោក្ខរណីទាំងឡាយ ជាទីរីករាយ មានសត្វចាក្រពាក (សត្វប្រវឹក, ព្រវែក : សត្វចាក្រពាក [ច្រើនប្រើតែក្នុងកាព្យ] ) យំហើយ ដ៏ដេរដាសដោយចង្កុលណី (ឈ្មោះវារិជជាតិមួយប្រភេទ ពួកឈូក, មានកេសរផ្កាច្រើនស្រទាប់, ផ្កាបែកជាខ្នែងតពីគ្នាជាបី ឬជាបួនទៅទៀតក៏មាន) ដោយផ្កាឈូក និងផ្កាឧប្បលនេះផង ពួកជនណា រាប់អាននូវទីទាំងឡាយនេះថាជារបស់អញ អស់ផងទាំងនោះ ទៅកាន់ទិសណាហ្ន៎ ។ តានីធ ខេត្តានិ សោ ភូមិភាគោ, តេយេវ អារាមវនូបចារា; តមេវ មយ្ហំ ជនតំ អបស្សតោ, សុញ្ញំវ មេ នារទ ខាយតេ ទិសា។ ម្នាលនារទៈ ស្រែទាំងឡាយ នៅជាស្រែទាំងនោះដដែល ភូមិភាគនៅជាភូមិភាគដដែល ឧបចារៈនៃសួនច្បារទាំងឡាយ ក៏នៅជាឧបចារៈនោះដដែល តែថាកាលយើងមិនឃើញនូវជនទាំងនោះ ទិសប្រាកដដល់យើង ហាក់ដូចជាសូន្យឈឹង ។ លំដាប់នោះ ព្រះបាទនារទៈពោលថា បពិត្រព្រះសម្មតិទេព ឥឡូវនេះ ជា ៧០០ ឆ្នាំ នៃកាលដែលព្រះអង្គយាងទៅកាន់ទេវលោក ខ្ញុំត្រូវជាចៅជំនាន់ទី ៧ របស់ព្រះអង្គ ឧបដ្ឋាក និងអ្នករស់នៅក្នុងវាំងទាំងឡាយរបស់ព្រះអង្គ បានដល់មាត់នៃសេចក្ដីស្លាប់ នេះជារាជសម្បត្តិក្នុងសម្នាក់របស់ខ្លួនព្រះអង្គ សូមទ្រង់យាងសោយរាជ្យចុះ ។ ព្រះរាជាសាធិនៈ ពោលថា ម្នាលចៅនារទៈ យើងកាលមកក្នុងទីនេះ មិនមែនមកដើម្បីប្រយោជន៍ដល់រាជសម្បត្តិទេ យើងមកក្នុងទីនេះដើម្បីធ្វើបុណ្យ យើងនឹងធ្វើបុណ្យប៉ុណ្ណោះ ដូច្នេះហើយ ទ្រង់ទើបពោលគាថាថា ទិដ្ឋា មយា វិមានានិ, ឱភាសេន្តា ចតុទ្ទិសា; សម្មុខា ទេវរាជស្ស, តិទសានញ្ច សម្មុខា។ វិមានទាំងឡាយ ញ៉ាំងទិសទាំង ៤ ឲ្យភ្លឺចិញ្ចែងចំពោះមុខទេវរាជផង ចំពោះមុខ ទេវតាជាន់ត្រៃត្រិង្សផង យើងបានឃើញហើយ ។ វុត្ថំ មេ ភវនំ ទិព្យំ, ភុត្តា កាមា អមានុសា; តាវតិំសេសុ ទេវេសុ, សព្ពកាមសមិទ្ធិសុ។ ភពជាទិព្យយើងបាននៅរួចហើយ កាមទាំងឡាយមិនមែនជារបស់មនុស្ស យើងបានបរិភោគរួចហើយក្នុងពួកទេវតាជាន់តាវត្តិង្ស អាចសម្រេចនូវសេចក្តីប្រាថ្នាគ្រប់យ៉ាងបាន ។ សោហំ ឯតាទិសំ ហិត្វា, បុញ្ញាយម្ហិ ឥធាគតោ; ធម្មមេវ ចរិស្សាមិ, នាហំ រជ្ជេន អត្ថិកោ។ យើងនោះបានលះបង់សម្បត្តិទិព្យប្រាកដដូច្នោះហើយ មកក្នុងទីនេះ ដើម្បីធ្វើបុណ្យ យើងនឹងប្រព្រឹត្តធម៌តែម្យ៉ាង យើងមិនមានសេចក្តីត្រូវការដោយរាជសម្បត្តិទេ ។ អទណ្ឌាវចរំ មគ្គំ, សម្មាសម្ពុទ្ធទេសិតំ; តំ មគ្គំ បដិបជ្ជិស្សំ, យេន គច្ឆន្តិ សុព្ពតា។ ព្រះពុទ្ធទាំងឡាយដែលមានវត្តល្អ ស្តេចយាងទៅតាមផ្លូវណា យើងនឹងដើរទៅតាមផ្លូវនោះ ដែលព្រះសម្មាសម្ពុទ្ធសំដែងហើយ ជាផ្លូវដែលបុគ្គលមិនមានអាជ្ញាគប្បីត្រាច់ទៅ ។ ព្រះពោធិសត្វពោលគាថាទាំងឡាយនេះ ដាក់ចុះក្នុងសព្វញ្ញុតញ្ញាណ ដោយប្រការយ៉ាងនេះ ។ ព្រះបាទនារទៈពោលទៀតថា បពិត្រព្រះសម្មតិទេព សូមព្រះអង្គគ្រងរាជសម្បត្តិ ។ ព្រះពោធិសត្វត្រាស់ថា នែចៅ យើងមិនត្រូវការដោយរាជសម្បត្តិ យើងទៅអស់កាល ៧០០ ឆ្នាំ ដូច្នេះយើងប្រាថ្នានឹងឲ្យទានដោយ ៧ ថ្ងៃ ។ ព្រះបាទនារទៈ ទទួលពាក្យរបស់ព្រះរាជានោះថា សាធុ ហើយ ឲ្យគេចាត់ចែងមហាទាន ។ ព្រះរាជាសាធិនៈឲ្យទានអស់ ៧ ថ្ងៃ ក្នុងទី ៧ ទ្រង់ក៏ធ្វើកាលកិរិយា ហើយកើតក្នុងភពត្រៃត្រិង្សនោះឯង ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់សម្ដែងថា ឈ្មោះថា ឧបោសថកម្ម គឺអ្នកទាំងឡាយគប្បីប្រកបយ៉ាងនេះ ដូច្នេះហើយ ទើបព្រះអង្គប្រកាសសច្ចៈទាំងឡាយ និងប្រជុំជាតក ក្នុងកាលជាទីបញ្ចប់នៃសច្ចៈ បណ្ដាឧបាសកទាំងឡាយដែលប្រកបដោយឧបោសថនោះ ពួកខ្លះតាំងនៅក្នុងសោតាបត្តិផល ពួកខ្លះបានតាំងនៅក្នុងសកទាគាមិផល ពួកខ្លះបានតាំងនៅក្នុងអនាគាមិផល ។តទា នារទរាជា សារិបុត្តោ អហោសិ ព្រះបាទនារទៈក្នុងកាលនោះបានមកជា សារីបុត្រ ។មាតលិ អានន្ទោ ព្រះមាតលីបានមកជាអានន្ទ ។ សក្កោ អនុរុទ្ធោ ស្ដេចសក្កៈបានមកជាអនុរុទ្ធ ។ សាធិនរាជា បន អហមេវ អហោសិំ ចំណែកសាធិនរាជ គឺ តថាគត នេះឯង ។ ចប់ សាធិនរាជជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាកត បកិណ្ណកនិបាត បិដកលេខ ៦០ ទំព័រ ៤៤) ដោយខេមរ អភិធម្មាវតារ ព.ស. ២៥៦១ ដោយ៥០០០ឆ្នាំ
images/articles/2934/xxpic.jpg
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ៣៨៨០ ដង)
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តឃោសិតារាម ដែលអាស្រ័យនឹងក្រុងកោសម្ពី ទ្រង់ប្រារព្ធភិក្ខុទាំងឡាយ ដែលបង្កជម្លោះគ្នាក្នុងក្រុងកោសម្ពី បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា បុថុសទ្ទោ ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ភិក្ខុទាំងនោះ មានមកក្នុងកោសម្ពកក្ខន្ធកៈ (វិនយបិដក មហាវគ្គ បិដកលេខ ៨ ទំព័រ ៣០៤​) នោះឯង ។ ចំណែកសេចក្ដី (ខាងក្រោម) នេះជារឿងរ៉ាវសង្ខេប ក្នុងជាតកនេះ ។ បានឮមកថា ក្នុងពេលនោះ ភិក្ខុ ២ រូប គឺព្រះវិនយធរ (អ្នកទ្រទ្រង់វិន័យ) មួយរូប ព្រះសុត្តន្តិកៈ (អ្នកទ្រទ្រង់ព្រះសូត្រ) មួយរូប នៅក្នុងអាវាសមួយជាមួយគ្នា ។ ក្នុងបណ្ដាភិក្ខុ ២ រូបនោះ ថ្ងៃមួយ ព្រះសុត្តន្តិកៈបន្ទោបង់ឧច្ចារៈ ដាក់ភាជនៈដែលបន្សល់ទឹកសម្រាប់ជម្រះក្នុងផើងទឹក ហើយចេញទៅ ។ ព្រះវិនយធរចូលទៅក្នុងទីនោះតាមក្រោយ ឃើញទឹកនោះ រួចចេញមកសួរថា អាវុសោ លោកបន្សល់ទឹកឬ ? ព្រះសុត្តន្តិកៈពោលថា ពិតមែនហើយ អាវុសោ ។ ព្រះវិនយធរពោលថា លោកមិនដឹងភាពជាអាបត្តិក្នុងចំណុចនេះឬ? ព្រះសុត្តន្តិកៈ ពោលថា ពិតមែនហើយ អាវុសោ ខ្ញុំមិនដឹងទេ ។ ព្រះវិនយធរពោលថា អាវុសោ ការដែលលោកបន្សល់ទឹកទុកក្នុងភាជនៈជាអាបត្តិ ។ ព្រះសុត្តន្តិកៈពោលថា បើយ៉ាងនោះ ខុំនឹងសម្ដែងអាបត្តិនោះ ។ ព្រះវិនយធរពោលថា អាវុសោ បើលោកមិនក្លែង ទៅដោការមិនមានសតិ រមែងមិនមានអាបត្តិ ។ ព្រះសុត្តន្តិកៈនោះក៏យល់ថា មិនជាអាបត្តិ ក្នុងអាបត្តិនោះ ។ ចំណែកព្រះវិនយធរប្រាប់កូនសិស្សរបស់ខ្លួនថា ព្រះសុត្តន្តិកៈនេះ សូម្បីត្រូវអាបត្តិហើយ ក៏មិនដឹង ។ សិស្សទាំងនោះឃើញសិស្សរបស់ព្រះសុត្តន្តិកៈនោះហើយពោលថា ឧបជ្ឈាយ៍របស់លោក សូម្បីត្រូវអាបត្តិហើយ ក៏មិនដឹងភាពជាអាបត្តិ ។ សិស្សទាំងនោះ ទៅប្រាប់ឧបជ្ឈាយ៍របស់ខ្លួន ។ ព្រះសុត្តន្តិកៈនោះពោលយ៉ាងនេះថា ព្រះវិនយធរនេះ ក្នុងកាលមុនពោលថា មិនជាអាបត្តិ តែឥឡូវមកពោលថា ជាអាបត្តិ លោកនោះជាអ្នកនិយាយកុហក ។ សិស្សរបស់ព្រះសុត្តន្តិកៈនាំគ្នាទៅ ពោលថា ឧបជ្ឈាយ៍របស់លោក ជាមនុស្សនិយាយកុហក ដូច្នេះហើយ សិស្សរបស់ព្រះវិនយធរនិងរបស់ព្រះសុត្តន្តិកៈ ក៏បង្កជម្លោះដល់គ្នានឹងគ្នា យ៉ាងនេះឯង ។ លំដាប់នោះ ព្រះវិនយធរបានឱកាស ធ្វើឧក្ខេបនីកម្ម (ការលើកវត្ត) ដោយការមិនឃើញអាបត្តិដល់ព្រះសុត្តន្តិកៈនោះ ។ ចាប់ពីពេលនោះមក សូម្បីឧបាសកឧបាសិកាទាំងឡាយដែលជាអ្នកថ្វាយបច្ច័យដល់ភិក្ខុទាំងនោះ ក៏បែកគ្នាជាពីរចំណែក ។ សូម្បីភិក្ខុនីទាំងឡាយដែលជាអ្នកទទួលឱវាទ ក៏បែកគ្នាជាពីរចំណែក សូម្បីពួកអារក្ខទេវតា ក៏បែកគ្នាជាពីរចំណែក ។ សូម្បីអាកាសដ្ឋទេវតាដែលជាមិត្រធ្លាប់ឃើញគ្នារបស់អារក្ខទេវតា និង ទេវតាជាបុថុជ្ជនទាំងឡាយ ដរាបដល់ព្រហ្មលោក ក៏បែកជាពីរចំណែក ។ កោលាហលនេះបានប្រព្រឹត្តដរាបដល់ឋានអកនិដ្ឋភព ។ លំដាប់នោះ ភិក្ខុមួយរូបចូលគាល់ព្រះតថាគត ក្រាបទូលលទ្ធិរបស់ភិក្ខុអ្នកលើកទោសថា ព្រះសុត្តន្តិកៈនេះត្រូវយើងលើកទោសដោយកម្មដែលជាធម៌ និងលទ្ធិរបស់អ្នកប្រព្រឹត្តតាមភិក្ខុដែលគេលើកវត្តថា ឧបជ្ឈាយ៍របស់យើងត្រូវគេលើកទោសដោយកម្មមិនជាធម៌ និងភាពដែលភិក្ខុទាំងនោះសូម្បីភិក្ខុអ្នកលើកទោសទាំងឡាយហាម ក៏នៅត្រាច់តាម ឡោមព័ទ្ធព្រះសុត្តន្តិកៈនោះ ឲ្យព្រះសាស្ដាជ្រាប ។ ព្រះភគវាទ្រង់បញ្ជូនព្រះតម្រាស់ទៅអស់វារៈ ២ ដងថា អ្នកទាំងឡាយចូរសាមគ្គីគ្នា ។ ព្រះអង្គបានស្ដាប់ថា ភិក្ខុមិនប្រាថ្នានឹងសាមគ្គីគ្នា។ ក្នុងវារៈទី ៣ ទ្រង់បានឮថា ភិក្ខុសង្ឃបែកគ្នាហើយ ទើបស្ដេចយាងទៅកាន់សម្នាក់ភិក្ខុទាំងនោះ ហើយសម្ដែងទោសក្នុងការលើកទោសរបស់ភិក្ខុអ្នកលើកទោស និងសម្ដែងទោសក្នុងការមិនឃើញអាបត្តិរបស់ភិក្ខុដទៃដែលក្លែង ហើយព្រះអង្គក៏យាងចេញទៅ ។ ព្រះមានព្រះភាគទ្រង់បញ្ញត្តភត្តគ្គវត្ត (វត្តក្នុងរោងភត្ត) ថា ភិក្ខុគប្បីអង្គុយក្នុងរវាងអាសនៈ ដូច្នេះ ដល់ភិក្ខុទាំងនោះ ដែលធ្វើឧបោសថជាដើម ក្នុងសីមាជាមួយគ្នា ក្នុងវត្ត ឃោសិតារាមនោះ រួចហើយទ្រង់បានស្ដាប់ថា សូម្បីឥឡូវនេះ ភិក្ខុទាំងឡាយនៅតែឈ្លោះគ្នាទៀត ទើបព្រះអង្គយាងទៅក្នុងទីនោះរួចត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយកុំឈ្លោះគ្នា ដូច្នេះហើយ កាលភិក្ខុជាធម្មវាទីមួយរូប ដែលមិនប្រាថ្នាឲ្យព្រះមានព្រះភាគលំបាក ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះ​ភាគ​ជាធម្មាសាមី ទ្រង់នៅស្ងៀមចុះ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះអង្គចូរមានសេចក្ដីខ្វល់ខ្វាយតិចចុះ ព្រះមានព្រះភាគចូរប្រកបដោយការនៅជាសុខក្នុងបច្ចុប្បន្ន ហើយប្រព្រឹត្តទៅចុះ ពួកយើងខ្ញុំព្រះ​អង្គ​នឹងបង្កហេតុ បង្កជម្លោះ បង្កសេចក្ដីប្រកួតប្រកាន់ បង្កវិវាទ ទើបព្រះសាស្ដាត្រាស់ថាម្នាល​​ភិក្ខុទាំងឡាយ រឿងធ្លាប់មានមកហើយយ៉ាងនេះថា មានព្រះរាជាព្រះនាម ព្រហ្មទត្ត ជាស្ដេចសោយរាជ្យក្នុងនគរពារាណសី ដូច្នេះហើយ ទ្រង់ត្រាស់រឿងដែលព្រះបាទព្រហ្មទត្តដណ្ដើមរាជ្យរបស់ព្រះបាទ​ទីឃីតិកោសល ហើយសម្លាប់ព្រះបាទទីឃីតិកោសល ដែលទ្រង់ក្លែងខ្លួនមិនឲ្យអ្នកណាស្គាល់ និងរឿងដែលទីឃាវុកុមារឲ្យជីវិត ដល់ព្រះបាទ ព្រហ្មទត្តនោះ ហើយស្ដេចទាំង ២ ក៏ផ្ដើមសាមគ្គីគ្នាចាប់ពីពេលនោះមក ព្រះមានព្រះភាគឲ្យឱវាទថា ម្នាលភិក្ខុទាំងឡាយ សូម្បីព្រះរាជាអ្នកមានអាជ្ញា ក៏គង់នៅមានខន្តិ និងសោរច្ចៈ (សេចក្តីស្ងប់ស្ងៀម) ម្នាលភិក្ខុទាំងឡាយ ចុះអ្នកទាំងឡាយបួសក្នុងធម្មវិន័យ ដែលតថាគតសម្ដែងល្អហើយនេះ ក៏គួរមានខន្តី និងសោរច្ចៈ ដូច្នេះហើយ ទ្រង់ហាមជាគម្រប់ពីរ ជាគម្រប់បីដងថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយកុំបង្កជម្លោះឈ្លោះទាស់ទែងគ្នា ដូច្នេះហើយ ទ្រង់ឃើញការមិនធូរថយ ទ្រង់ត្រិះរិះថា មោឃបុរសទាំងនេះត្រូវកិលេសគ្របសង្កត់ មិនអាចនឹងឲ្យដឹងបានឡើយ ដូច្នេះហើយ ទើបទ្រង់ចៀសចេញទៅ ។ ក្នុងថ្ងៃស្អែក កាលព្រះសាស្ដាយាងត្រឡប់ពីបិណ្ឌបាត ទ្រង់សម្រាកបន្តិច ទ្រង់រៀបចំសេនាសនៈ ហើយកាន់យកបាត្រនិងចីវរ ទ្រង់ឋិតនៅលើអាកាស កណ្ដាលសង្ឃ ត្រាស់ព្រះគាថាទាំងឡាយនេះថា បុថុសទ្ទោ សមជនោ, ន ពាលោ កោចិ មញ្ញថ; សង្ឃស្មិំ ភិជ្ជមានស្មិំ, នាញ្ញំ ភិយ្យោ អមញ្ញរុំ។ ជនសុទ្ធតែមានសំឡេងខ្លាំងស្មើគ្នា មិនមានជនណាមួយដឹងថា អាត្មាអញជាបុគ្គលពាលឡើយ កាលបើសង្ឃកំពុងបែកគ្នា ក៏មិនមានជនណាមួយ ដឹងនូវហេតុដទៃ ឲ្យក្រៃលែងជាងនេះទៅទៀត ។ បរិមុដ្ឋា បណ្ឌិតាភាសា, វាចាគោចរភាណិនោ; យាវិច្ឆន្តិ មុខាយាមំ, យេន នីតា ន តំ វិទូ។ ពួកជនអ្នកភ្លេចស្មារតី មានអាការស្រដៀងនឹងបណ្ឌិត មានវាចាជាអារម្មណ៍ ចេះតែល្មោភនិយាយ តាមដែលខ្លួនចង់និយាយឲ្យតែរួចពីមាត់ មានគេដឹកនាំ ដោយជម្លោះណា ក៏នៅតែមិនស្គាល់នូវជម្លោះនោះឡើយ ។ អក្កោច្ឆិ មំ អវធិ មំ, អជិនិ មំ អហាសិ មេ; យេ ច តំ ឧបនយ្ហន្តិ, វេរំ តេសំ ន សម្មតិ។ ពួកជនណា ចងសេចក្តីក្រោធនោះទុក ដោយគិតថា ជនឯណោះ បានជេរអញ បានវាយអញ បានផ្ចាញ់អញ បានលួចយក (ទ្រព្យ) អញ ដូច្នេះ ពៀររបស់ជនទាំងនោះ រមែងមិនស្ងប់រម្ងាប់បានឡើយ ។ អក្កោច្ឆិ មំ អវធិ មំ, អជិនិ មំ អហាសិ មេ; យេ ច តំ នុបនយ្ហន្តិ, វេរំ តេសូបសម្មតិ។ លុះតែពួកជនណា មិនចងសេចក្តីក្រោធនោះទុក ដោយគិតថា ជនឯណោះ បានជេរអញ បានវាយអញ បានផ្ចាញ់អញ បានលួចយក (ទ្រព្យ) អញ ដូច្នេះ ទើបពៀររបស់ជននោះ ស្ងប់រម្ងាប់បាន ។ ន ហិ វេរេន វេរានិ, សម្មន្តីធ កុទាចនំ; អវេរេន ច សម្មន្តិ, ឯស ធម្មោ សនន្តនោ។ ពៀរទាំងឡាយក្នុងលោកនេះ មិនស្ងប់រម្ងាប់ដោយពៀរក្នុងកាលណាម្តងឡើយ មានតែស្ងប់រម្ងាប់ ដោយមិនមានពៀរ នេះជាធម៌មានមកតាំងអំពីដើម ។ បរេ ច ន វិជានន្តិ, មយមេត្ថ យមាមសេ; យេ ច តត្ថ វិជានន្តិ, តតោ សម្មន្តិ មេធគា។ ពួកជនក្រៅពីបណ្ឌិត មិនដឹងច្បាស់ថា ពួកយើងនឹងដល់នូវសេចក្តីវិនាសក្នុងកណ្តាល សង្ឃនេះទេ បណ្តាជនទាំងនោះ លុះតែពួកជនណាដឹងច្បាស់ (យ៉ាងនេះថា ពួកយើងនឹងដល់នូវសេចក្តីវិនាស) ទើបកលហធម៌ គឺការឈ្លោះប្រកែកទាំងឡាយ ស្ងប់រម្ងាប់អំពីសម្នាក់ពួកជននោះទៅបាន ។ អដ្ឋិច្ឆិន្នា បាណហរា, គវាស្សធនហារិនោ; រដ្ឋំ វិលុម្បមានានំ, តេសម្បិ ហោតិ សង្គតិ; កស្មា តុម្ហាក នោ សិយា។ អម្បាលពួកជនដែលបានកាត់ឆ្អឹងគ្នា បានសម្លាប់គ្នា បានលួចយកគោ សេះ និងទ្រព្យ ប្លន់យកទាំងដែន គេគង់រួមគ្នាបាន ហេតុអ្វីក៏ពួកអ្នករួមគ្នាមិនបាន ។ សចេ លភេថ និបកំ សហាយំ, សទ្ធិំចរំ សាធុវិហារិធីរំ; អភិភុយ្យ សព្ពានិ បរិស្សយានិ, ចរេយ្យ តេនត្តមនោ សតីមា។ បើបុគ្គលបានសម្លាញ់ ដែលមានប្រាជ្ញា ជាគ្រឿងរក្សាខ្លួន ជាអ្នកប្រាជ្ញត្រាច់ទៅជាមួយ មានវិហារធម៌ដ៏ប្រពៃ គប្បីគ្របសង្កត់ នូវសេចក្តីអន្តរាយទាំងឡាយទាំងពួង ហើយមានចិត្តត្រេកអរ មានស្មារតី ត្រាច់ទៅជាមួយនឹងសម្លាញ់នោះចុះ ។ នោ ចេ លភេថ និបកំ សហាយំ, សទ្ធិំចរំ សាធុវិហារិធីរំ; រាជាវ រដ្ឋំ វិជិតំ បហាយ, ឯកោ ចរេ មាតង្គរញ្ញេវ នាគោ។ បើបុគ្គលមិនបានសម្លាញ់ ដែលមានប្រាជ្ញា ជាគ្រឿងរក្សាខ្លួន ជាអ្នកប្រាជ្ញត្រាច់ទៅជាមួយគ្នា មានវិហារធម៌ដ៏ល្អទេ គប្បីត្រាច់ទៅតែម្នាក់ឯង ដូចជាព្រះរាជាលះបង់ដែនដែលឈ្នះហើយ (ពុំនោះសោត) ដូចដំរីដ៏ប្រសើរ ដែលត្រាច់ទៅតែម្នាក់ឯងក្នុងព្រៃ ។ ឯកស្ស ចរិតំ សេយ្យោ, នត្ថិ ពាលេ សហាយតា; ឯកោ ចរេ ន បាបានិ កយិរា, អប្បោស្សុក្កោ មាតង្គរញ្ញេវ នាគោ។ ការត្រាច់ទៅម្នាក់ឯង ប្រសើរជាង (ព្រោះ) សហាយតាគុណមិនមានក្នុងបុគ្គលពាលទេ បុគ្គលគួរត្រាច់ទៅតែម្នាក់ឯង តែថាត្រូវជាអ្នកខ្វល់ខ្វាយតិច កុំធ្វើបាបទាំងឡាយឡើយ ដូចជាដំរីដ៏ប្រសើរ ដែលត្រាច់ទៅក្នុងព្រៃ ។ បទថា អដ្ឋិច្ឆិន្នា សេចក្ដីថា គាថានេះ ព្រះមានព្រះភាគត្រាស់សំដៅដល់ព្រះបាទព្រហ្មទត្ត និងទីឃាវុកុមារ ។ សូម្បីព្រះរាជាទាំងនោះក៏ត្រឡប់មកសាមគ្គីគ្នាបាន ។ ព្រោះហេតុអ្វី ពួកអ្នកដែលមិនបានកាត់ឆ្អឹងមាតាបិតារបស់គ្នា មិនបានសម្លាប់គ្នា មិនបានលួចទ្រព្យគ្នា មិនអាចនឹងសាមគ្គីគ្នាចឹង ។ ព្រះទសពលទ្រង់អធិប្បាយថា ម្នាលភិក្ខុទាំងឡាយ ព្រះរាជាអ្នកមានអាជ្ញាក៏នៅសាមគ្គីគ្នា ធ្វើនូវអាវាហវិវាហៈឲ្យជាសម្ព័ន្ធភាព ផឹកទឹក និងសោយភោជនជាមួយគ្នា ចំណែកពួកអ្នកបានបួស ក្នុងសាសនាដែលមានសភាពបែបនេះ ម្ដេចក៏មិនអាចនឹងលះបង់សូម្បីតែពៀរវេរារបស់ខ្លួន ភាវៈជាភិក្ខុរបស់ពួកអ្នក តើដូចម្ដេច ។ បទថា រាជាវ រដ្ឋំ វិជិតំ បហាយ សេចក្ដីថា គប្បីត្រាច់ទៅតែឯង ដូចព្រះបាទ មហាជនក និងព្រះបាទអរិន្ទមៈ ដែលលះបង់ដែនរបស់ខ្លួនហើយត្រាច់ទៅដូច្នោះ ។ បទថា មាតង្គរញ្ញេវ នាគោ សេចក្ដីថា ដំរីមាតង្គក្នុងព្រៃ ។ បទថា មាតង្គោ សេចក្ដីថា ជាឈ្មោះនៃដំរី ។ បទថា នាគោ សេចក្ដីថា ជាឈ្មោះនៃដីរីធំ ។ លោកអធិប្បាយថា ដំរីមាតង្គៈជាអ្នកចិញ្ចឹមមាតាត្រាច់ទៅតែឯងក្នុងព្រៃ យ៉ាងណា ដំរីសីលវហត្ថីមិនធ្វើបាបទាំងឡាយ យ៉ាងណា ដំរីបាលិលេយ្យកៈមិនធ្វើបាបទាំងឡាយត្រាច់ទៅតែឯង យ៉ាងណា អ្នកគប្បីមិនធ្វើបាប ហើយត្រាច់ទៅតែឯង ក៏យ៉ាងនោះដែរ ។ ព្រះសាស្ដា សូម្បីត្រាស់យ៉ាងនេះហើយ កាលមិនអាចនឹងឲ្យភិក្ខុទាំងឡាយនោះសាមគ្គីគ្នាបាន ទើបយាងទៅកាន់ស្រុកពាលកលោណកៈ ហើយសម្ដែងអានិសង្សនៃភាពជាអ្នកត្រាច់ទៅតែឯង ដល់ព្រះភគុត្ថេរ បន្ទាប់មកព្រះអង្គក៏យាងទៅកាន់លំនៅរបស់កុលបុត្រទាំង ៣ សម្ដែងអានិសង្សនៃការនៅដោយសាមគ្គីដល់កុលបុត្រទាំងនោះ បន្ទាប់ពីនោះ យាងទៅព្រៃបាលិលេយ្យក៍ ហើយគង់នៅទីនោះអស់ ៣ ខែ ទ្រង់មិនមកនគរកោសម្ពីម្ដងទៀតឡើយ ស្ដេចយាងទៅកាន់ក្រុងសាវត្ថី ។ ចំណែកឧបាសកឧបាសិកាទាំងឡាយ អ្នករស់នៅនគរកោសម្ពីប្រឹក្សាគ្នាថា ភិក្ខុទាំងឡាយដែលនៅក្រុងកោសម្ពីនេះ ធ្វើមិនជាប្រយោជន៍ដល់ពួកយើងច្រើន ព្រះមានព្រះភាគត្រូវភិក្ខុទាំងឡាយនេះបៀតបៀនហើយទ្រង់យាងចេញទៅ ពួកយើងនឹងមិនធ្វើការអភិវាទជាដើម ដល់ភិក្ខុទាំងនេះ នឹងមិនឲ្យបិណ្ឌបាតដល់ភិក្ខុ ដែលចូលទៅបិណ្ឌបាត កាលធ្វើយ៉ាងនេះ ភិក្ខុទាំងនេះនឹងគេចទៅខ្លះ នឹងរម្ងាប់ពៀរខ្លះ នឹងឲ្យព្រះភគវន្តជ្រះថ្លាខ្លះ ប្រឹក្សាគ្នាដូច្នេះហើយ ក៏បាននាំគ្នាធ្វើយ៉ាងនោះ ។ ភិក្ខុទាំងនោះត្រូវឧបាសកឧបាសិកាទាំងឡាយបៀតបៀន ដោយទណ្ឌកម្មនោះហើយ បាននាំគ្នាទៅក្រុងសាវត្ថី ឲ្យព្រះមានព្រះភាគអត់ទោសឲ្យ ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតថាបិតា សុទ្ធោទនមហារាជា អហោសិ បិតាបានមកជាព្រះសុទ្ធោទនមហារាជមាតា មហាមាយា មាតាបានមកជាព្រះនាងមហាមាយា ទីឃាវុកុមារោ បន អហមេវ អហោសិំ ចំណែកទីឃាវុកុមារ គឺ តថាគត នេះឯង ។ ចប់ កោសម្ពិយជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក នវកនិបាត បិដកលេខ ៥៩ ទំព័រ ១៣៧) ថ្ងៃច័ន្ទ ៩ កើត ខែវិសាខ ឆ្នាំច សំរិទ្ធិស័ក ច.ល. ១៣៨០ ថ្ងៃទី ២៣ ខែមេសា ព.ស. ២៥៦១ គ.ស.២០១៨ ដោយ ស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
images/articles/2935/otpic.jpg
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ២៨៦៣ ដង)
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុមួយរូប បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា ទុមោ យទា ហោតិ ដូច្នេះជាដើម ។ បានឮមកថា ភិក្ខុនោះកាន់យកកម្មដ្ឋានក្នុងសម្នាក់ព្រះសាស្ដា ហើយទៅនៅក្នុងព្រៃ ដែលអាស្រ័យនឹងបច្ចន្តគ្រាមមួយ ក្នុងកោសលជនបទ ។ មនុស្សទាំង​ឡាយតាក់តែងកសាងទីនៅក្នុងពេលយប់ ទីនៅក្នុងថ្ងៃដល់លោក និងធ្វើសេនាសនៈក្នុងទីដែលដល់ព្រមដោយ គមនាគម ហើយទំនុកបម្រុងដោយសេចក្ដីគោរព ។ កាលភិក្ខុនោះកំពុងចាំ ក្នុងខែដំបូងនោះឯង ក៏មានភ្លើងឆេះស្រុក សូម្បីត្រឹមតែគ្រាប់់ពូជរបស់មនុស្សទាំងឡាយ ក៏មិនមាន​សេស​សល់ ​។ ពួកគេទើបមិនអាចនឹងថ្វាយបិណ្ឌបាតប្រណីតដល់ភិក្ខុនោះ ។ ភិក្ខុនោះ សូម្បីបានសេនាសនៈសប្បាយ តែកាលលំបាកដោយចង្ហាន់បិណ្ឌបាត ទើបមិនអាចនឹងញ៉ាំងមគ្គ និងផលឲ្យកើតឡើង ។ លំដាប់នោះ ដោយកាលកន្លងទៅ ៣ ខែ ភិក្ខុនោះក៏ធ្វើដំណើរមក ដើម្បីនឹងថ្វាយបង្គំព្រះសាស្ដា ។ ព្រះសាស្ដាធ្វើបដិសណ្ឋារៈនឹងភិក្ខុនោះ ហើយត្រាស់សួរថា ម្នាលភិក្ខុ អ្នកមិនលំបាកដោយបិណ្ឌបាតទេឬ សេនាសនៈជាទីសប្បាយទេឬ ។ ភិក្ខុនោះប្រាប់សេចក្ដីនោះ ។ ព្រះសាស្ដាដឹងថា សេនាសនៈសប្បាយមានដល់លោក ដូច្នេះហើយ ត្រាស់ថា ម្នាលភិក្ខុ ឈ្មោះថា សមណៈ កាលមានសេនាសនៈជាទីសប្បាយហើយ គួរលះសេចក្ដីល្មោភក្នុងអាហារចេញ ត្រូវបរិភោគបច្ច័យតាមដែលមានបាននោះឯង គួរដើម្បីនឹងធ្វើសមណធម៌ ដោយសេចក្ដីសន្តោស ។ បោរាណកបណ្ឌិតទាំងឡាយ សូម្បីកើតក្នុងកំណើតសត្វតិរច្ឆាន ទំពាស៊ីកម្ទេចឈើស្ងួតដែលខ្លួននៅ លះសេចក្ដីល្មោភក្នុងអាហារ ជាអ្នកសន្តោស មិនទម្លាយមិត្តធម៌ មិនទៅកាន់ទីដទៃ ព្រោះហេតុអ្វី អ្នកទើបគិតថា បិណ្ឌបាតតិច សៅហ្មង ហើយលះសេនាសនៈសប្បាយ ដូច្នេះហើយ ព្រះអង្គដែលភិក្ខុទូលអារាធនាហើយ ទើបនាំអតីតនិទានមកថា ក្នុងអតីតកាល នៅនឹងច្រាំងទន្លេគង្គាក្នុងព្រៃហិមពាន្ត មានសត្វសេកច្រើនសែន នៅក្នុងព្រៃឧទុម្ពរ (ព្រៃល្វារ) មួយ ។ បណ្ដាសេកទាំងនោះ ស្ដេចសេកមួយ កាលដើមឈើរបស់ខ្លួនអស់ផ្លែហើយ វត្ថុណាដែលនៅសល់ ទោះជាពន្លកក្ដី ស្លឹកក្ដី សំបកក្ដី ក្រម៉ក្ដី ក៏ទំពាស៊ីវត្ថុទាំងនោះ ផឹកទឹកទន្លេគង្គា ជាអ្នកប្រាថ្នាតិច និងមានសេចក្ដីសន្តោសដ៏ក្រៃលែង មិនទៅកាន់ទីដទៃ ។ ព្រោះគុណនៃភាពជាអ្នកប្រាថ្នាតិច និងសន្តោសរបស់ស្ដេចសេកនោះ ភពរបស់សក្កទេវរាជក៏កម្រើកញាប់ញ័រ ។ ស្ដេចសក្កៈកាលពិចារណាមើល បានឃើញហេតុនោះ ដើម្បីនឹងសាកល្បងចិត្តរបស់សេកនោះ ព្រះអង្គក៏បណ្ដាលឲ្យដើមឈើនោះ ស្វិតក្រៀមស្រពោនដោយអានុភាពរបស់ខ្លួន ។ ដើមឈើបានក្លាយជាដង្គត់ កាលខ្យល់បក់មកត្រូវ ក៏មានប្រហោងតូចធំ តាំងនៅដូចជាមានគេមកវាយ ។ លម្អិតទាំងឡាយហូរចេញតាមប្រហោងដើមឈើនោះ ។ សេកសុវរាជបរិភោគលម្អិតនោះផឹកទឹកក្នុងទន្លេគង្គា មិនទៅកាន់ទីដទៃ មិនអើពើនឹងខ្យល់និងកម្ដៅ អង្គុយលើដង្គត់ដើមឧទុម្ពរ ។ សក្កទេវរាជបានដឹងភាពជាអ្នកប្រាថ្នាតិចដ៏ក្រៃលែងរបស់សេកនោះហើយ ទ្រង់គិតថា យើងនឹងមក ឲ្យស្ដេចសេកសម្ដែងគុណនៃមិត្តធម៌ ហើយនឹងឲ្យពរដល់សេកនោះ និងធ្វើឲ្យដើមឧទុម្ពរនោះមានផ្លែរហូត ដូច្នេះហើយ ទើបព្រះអង្គក្លែងខ្លួនជាស្ដេចហង្ស ធ្វើនាងសុជាអសុរកញ្ញាឲ្យនៅខាងមុខ យាងមកព្រៃឧទុម្ពរនោះ អង្គុយលើមែកដើមឈើមួយ ក្នុងទីមិនឆ្ងាយ កាលនឹងញ៉ាំងកថាឲ្យតាំងឡើងជាមួយនឹងស្ដេចសេកនោះ ទើបពោលគាថាទី ១ ថា ទុមោ យទា ហោតិ ផលូបបន្នោ, ភុញ្ជន្តិ នំ វិហង្គមា សម្បតន្តា; ខីណន្តិ ញត្វាន ទុមំ ផលច្ចយេ, ទិសោទិសំ យន្តិ តតោ វិហង្គមា។ កាលណា ឈើមានផ្លែបរិបូណ៌ ពួកសត្វស្លាបក៏ហើរសំដៅទៅបរិភោគផ្លែឈើនោះ លុះពួកសត្វស្លាបបានដឹងថា ឈើអស់ផ្លែហើយ ក៏ហើរចេញអំពីដើមឈើនោះ ទៅកាន់ទិសផ្សេង ៗ ក្នុងវេលាជាទីអស់ទៅនៃផ្លែ ។ អ្នកសិក្សាគប្បីជ្រាបសេចក្ដីនៃគាថានោះថា បពិត្រស្ដេចសេក កាលណាដើមឈើដែលមានផ្លែបរិបូណ៌ កាលនោះ ហ្វូងបក្សីទាំងឡាយនាំគ្នាមកបរិភោគផ្លៃនោះ អំពីមែកមួយទៅមែកមួយ កាលដឹងថា ដើមឈើនេះអស់ផ្លែហើយ ហ្វូងបក្សីនាំគ្នាហើរចេញពីដើមនោះ ទៅកាន់ទិសតូចទិសធំ ។ កាលពោលយ៉ាងនេះហើយ ដើម្បីបញ្ជូនស្ដេចសេកនោះ ចេញពីទីនោះ ស្ដេចហង្សទើបពោលគាថាទី ២ ថា ចរ ចារិកំ លោហិតតុណ្ឌ មា មរិ, កិំ ត្វំ សុវ សុក្ខទុមម្ហិ ឈាយសិ; តទិង្ឃ មំ ព្រូហិ វសន្តសន្និភ, កស្មា សុវ សុក្ខទុមំ ន រិញ្ចសិ។ ម្នាលសេកមានចំពុះក្រហម អ្នកចូរត្រាច់ទៅកាន់ចារិក កុំឲ្យខ្លួនអ្នកស្លាប់ឡើយ ម្នាលសេក ម្តេចក៏អ្នកនៅសញ្ជប់សញ្ជឹងលើដើមឈើងាប់ (នេះ) ម្នាលសេកមានសម្បុរខៀវ ស្រដៀងនឹងឈើ ក្នុងវស្សន្តរដូវ យើងសូមដាស់តឿនអ្នក អ្នកចូរថាមកមើល ព្រោះហេតុអ្វី ក៏បានជាអ្នកមិនលះបង់នូវឈើងាប់នេះ ។ បណ្ដាបទទាំងនោះ បទថា ឈាយសិ សេចក្ដីថា ព្រោះហេតុអ្វី អ្នកទើបសញ្ជប់សញ្ជឹង ឋិតនៅលើកំពូលដើមឈើស្ងួត ។ បទថា ឥង្ឃ សេចក្ដីថា ជានិបាត ចុះក្នុងអត្ថដាស់តឿន ។ បទថា វសន្តសន្និភ សេចក្ដីថា ក្នុងរដូវភ្លៀង ព្រៃសណ្ឌៈ នឹងមានពណ៌ខៀវ ដូចដេរដាសដោយហ្វូងសេក ព្រោះហេតុនោះ ស្ដេចហង្សទើបហៅស្ដេចសេកថា វសន្តសន្និភៈ ។ បទថា ន រិញ្ចសិ ប្រែថា អ្នកមិនលះ ។ លំដាប់នោះ ស្ដេចសេកពោលថា បពិត្រហង្ស ខ្ញុំមិនលះដើមឈើនេះ ព្រោះភាពជា កតញ្ញុកតវេទី របស់ខ្លួន ដូច្នេះទើបពោល ២ គាថា ថា យេ វេ សខីនំ សខារោ ភវន្តិ, បាណច្ចយេ ទុក្ខសុខេសុ ហំស; ខីណំ អខីណម្បិ ន តំ ជហន្តិ, សន្តោ សតំ ធម្មមនុស្សរន្តា។ ម្នាលហង្ស ពួកសប្បុរសណា រលឹករឿយ ៗ នូវធម៌របស់ពួកសប្បុរស លោកជាសម្លាញ់ និងពួកសម្លាញ់ (ទៅវិញទៅមកហើយ) ពួកសប្បុរសនោះ សូម្បីដល់នូវការអស់ទៅនៃជីវិត ក៏មិនលះបង់សម្លាញ់នោះចោល ដោយគិតថាអស់ ឬមិនអស់ ក្នុងកាលដែលបានសុខ និងទុក្ខឡើយ ។ សោហំ សតំ អញ្ញតរោស្មិ ហំស, ញាតី ច មេ ហោតិ សខា ច រុក្ខោ; តំ នុស្សហេ ជីវិកត្ថោ បហាតុំ, ខីណន្តិ ញត្វាន ន ហេស ធម្មោ។ ម្នាលហង្ស ខ្ញុំជាសប្បុរសដែរ ដើមឈើនេះ ទុកជាញាតិ ឬជាសម្លាញ់របស់ខ្ញុំក៏បាន ខ្ញុំជាអ្នកត្រូវការដោយជីវិត ក៏មិនអាចនឹងលះបង់នូវដើមឈើនោះចោលឡើយ (បើខ្ញុំដឹងថា ឈើនោះអស់ហើយ ៗ លះបង់ចោល) នុ៎ះ មិនមែនជាធម៌របស់សប្បុរសទេ ។ ស្ដេចសក្កៈបានស្ដាប់ពាក្យរបស់ស្ដេចសេកនោះហើយ មានចិត្តត្រេកអរ ត្រាស់សរសើរ កាលប្រាថ្នានឹងឲ្យពរ ទើបពោល ២ គាថា ថា សាធុ សក្ខិ កតំ ហោតិ, មេត្តិ សំសតិ សន្ថវោ; សចេតំ ធម្មំ រោចេសិ, បាសំសោសិ វិជានតំ។ ម្នាលបក្សី សេចក្តីមេត្រី សេចក្តីជួបជុំ និងសេចក្តីស្និទ្ធស្នាល ដែលអ្នកបានធ្វើហើយ ជាការប្រពៃណាស់ បើអ្នកពេញចិត្តនឹងធម៌នោះ អ្នកនឹងបានជាទីសរសើរនៃពួកវិញ្ញូជន ។ សោ តេ សុវ វរំ ទម្មិ, បត្តយាន វិហង្គម; វរំ វរស្សុ វក្កង្គ, យំ កិញ្ចិ មនសិច្ឆសិ។ ម្នាលសេក អ្នកមានស្លាបជាយាន ហើរទៅព្ធដ៏អាកាស យើងឲ្យពរដល់អ្នក ម្នាលបក្សី បើអ្នកមានចិត្តប្រាថ្នានូវពរណាមួយ ចូរទទួលយកនូវពរនោះចុះ ។ ស្ដេចសេកស្ដាប់ពាក្យនោះហើយ កាលទទួលពរ ទើបពោលគាថាទី ៧ ថា វរញ្ច មេ ហំស ភវំ ទទេយ្យ, អយញ្ច រុក្ខោ បុនរាយុំ លភេថ; សោ សាខវា ផលិមា សំវិរូឡ្ហោ, មធុត្ថិកោ តិដ្ឋតុ សោភមានោ។ ម្នាលហង្ស អ្នកគប្បីឲ្យពរដល់ខ្ញុំ សូមឲ្យដើមឈើនេះ ត្រឡប់មានអាយុរស់វិញ សូមឲ្យដើមឈើនោះ មានមែក មានផ្លែ លូតលាស់ល្អ មានផ្លែ មានរសផ្អែមល្អ ។ លំដាប់នោះ សក្កទេវរាជកាលឲ្យពរ ទើបពោលគាថាទី ៨ ថា តំ បស្ស សម្ម ផលិមំ ឧឡារំ, សហាវ តេ ហោតុ ឧទុម្ពរេន; សោ សាខវា ផលិមា សំវិរូឡ្ហោ, មធុត្ថិកោ តិដ្ឋតុ សោភមានោ។ ម្នាលសម្លាញ់ អ្នកចូរមើលដើមឈើ ដែលមានផ្លែដ៏លើសលុបនេះចុះ ទីលំនៅរបស់អ្នកចូរកើតជាមួយនឹងដើមល្វា ដើមល្វានោះ ចូរមានមែក មានផ្លែលូតលាស់ល្អ មានផ្លែ មានរសផ្អែមល្អ ។ បណ្ដាបទទាំងនោះ បទថា សហាវ តេ ហោតុ ឧទុម្ពរេនា សេចក្ដីថា ការនៅជាមួយនឹងដើមល្វាចូរមានដល់លោក ។ ស្ដេចសក្កៈកាលពោលយ៉ាងនេះហើយ ក៏លះបង់អត្តភាពនោះ សម្ដែងអានុភាពរបស់ខ្លួន និងនាងសុជា កាន់យកទឹកដោយដៃពីទន្លេគង្គា ស្រោចដង្គត់ដើមល្វា ។ ក្នុងពេលនោះឯង ដើមល្វាក៏ដល់ព្រមដោយមែកនិងប្រគាប មានផ្លែផ្អែម តាំងឡើង ឋិតនៅយ៉ាងស្រស់បំព្រង ហាក់ដូចជាមុណ្ឌមណិបព៌ត ។ ស្ដេចសេកឃើញដើមឈើនោះហើយ ក៏មានសេចក្ដីសោមនស្ស កាលធ្វើការសរសើរដល់សក្កទេវរាជ ទើបពោលគាថាទី ៩ ថា ឯវំ សក្ក សុខី ហោហិ, សហ សព្ពេហិ ញាតិភិ; យថាហមជ្ជ សុខិតោ, ទិស្វាន សផលំ ទុមំ។ បពិត្រសក្កៈ កាលបើយ៉ាងនេះ សូមឲ្យព្រះអង្គបានសេចក្តីសុខ ព្រមទាំងពួកញាតិទាំងអស់ ឲ្យដូចខ្ញុំដែលបានសេចក្តីសុខ ព្រោះបានឃើញដើមឈើ ប្រកបដោយផ្លែ ក្នុងថ្ងៃនេះឯង ។ ចំណែកសក្កទេវរាជកាលឲ្យពរដល់ស្ដេចសេកនោះហើយ ក៏បានធ្វើដើមល្វាឲ្យមានផ្លែជាប់ជានិច្ច ហើយទើបទៅកាន់ឋានរបស់ខ្លួន ជាមួយនឹងនាងសុជា ។ ព្រះសាស្ដាកាលសម្ដែងសេចក្ដីនោះ ទ្រង់ក៏តម្កល់អភិសម្ពុទ្ធគាថា ថា សុវស្ស ច វរំ ទត្វា, កត្វាន សផលំ ទុមំ; បក្កាមិ សហ ភរិយាយ, ទេវានំ នន្ទនំ វនំ។ ព្រះឥន្ទបានឮពាក្យសេកហើយ ក៏ធ្វើនូវដើមឈើនោះ ឲ្យមានផ្លែ រួចចៀសចេញទៅកាន់នន្ទនវនឧទ្យានរបស់ពួកទេវតា ជាមួយនឹងភរិយា ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ត្រាស់ថា ម្នាលភិក្ខុ បោរាណកបណ្ឌិតទាំងឡាយសូម្បីកើតក្នុងកំណើតសត្វតិរច្ឆាន ក៏លះសេចក្ដីល្មោភក្នុងអាហារ ។ ព្រោះហេតុអ្វី អ្នកដែលបានបួសក្នុងសាសនាមានសភាពបែបនេះហើយ ក៏នៅប្រព្រឹត្តល្មោភអាហារទៀត អ្នកចូរទៅ ហើយនៅក្នុងទីនោះចុះ ដូច្នេះហើយ ទ្រង់សម្ដែងកម្មដ្ឋានដល់ភិក្ខុនោះ ហើយប្រជុំជាតក ។ ភិក្ខុនោះ ទៅក្នុងទីនោះ កាលចម្រើនវិបស្សនា ក៏បានសម្រេចព្រះអរហត្ត ។ តទា សក្កោ អនុរុទ្ធោ អហោសិ ស្ដេចសក្កៈក្នុងកាលនោះ បានមកជា អនុរុទ្ធ សុវរាជា បន អហមេវ អហោសិំ ចំណែកស្ដេចសេក គឺ តថាគត នេះឯង ។ ចប់ មហាសុវរាជ ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក នវកនិបាត បិដកលេខ ៥៩ ទំព័រ ១៣៩) ថ្ងៃអង្គារ ១០ កើត ខែវិសាខ ឆ្នាំច សំរិទ្ធិស័ក ច.ល. ១៣៨០ ថ្ងៃទី ២៤ ខែមេសា ព.ស. ២៥៦១ គ.ស.២០១៨ ដោយ ស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
វីដេអូធម៌តាមហ្វេសប៊ុក
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕