35
ថ្ងៃ អង្គារ ទី ២៨ ខែ ឧសភា ឆ្នាំរោង ឆស័ក, ព.ស.​២៥៦៨  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១១៧,៩៤៩
Today
ថ្ងៃម្សិលមិញ ១៨៣,៤៤១
ខែនេះ ៧,៨៤៧,៥៩០
សរុប ៤០០,១០៦,០៣៤
ធម៌ជំនួយស្មារតី
images/articles/3250/__________________________________________.jpg
កាយគតាសតិ ៩ យ៉ាង របស់ព្រះសារីបុត្រ 
ផ្សាយ : ១៩ ឧសភា ឆ្នាំ២០២៤
កាយគតាសតិ ៩ យ៉ាង របស់ព្រះសារីបុត្រ មានដូចជា៖ ១. ពួកអ្នកផងដាក់វត្ថុស្អាតក្តី ដាក់វត្ថុមិនស្អាតក្តី ដាក់លាមកក្តី ដាក់មូត្រក្តី ដាក់ទឹកមាត់ក្តី ដាក់ខ្ទុះក្តី ដាក់ឈាមក្តី លើផែនដី ផែនដីមិនធុញទ្រាន់ មិននឿយណាយ មិនខ្ពើមរអើម ដោយវត្ថុនោះទេ យ៉ាងណាមិញ បពិ្រតព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានចិត្តស្មើដោយផែនដី ជាចិត្តទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ យ៉ាងនោះឯង ។ ២. ពួកអ្នកផង លាងវត្ថុស្អាតក្តី លាងវត្ថុមិនស្អាតក្តី លាងលាមកក្តី មូត្រក្តី ទឹកមាត់ក្តី ខ្ទុះក្តី ឈាមក្តី ក្នុងទឹក ទឹករមែងមិនធុញទ្រាន់ ឬនឿយណាយ ឬក៏ខ្ពើមរអើមដោយវត្ថុនោះទេ យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានចិត្តស្មើដោយទឹក ជាចិត្តធំទូលាយប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ក៏យ៉ាងនោះឯង ។ ៣. ភ្លើងតែងឆេះវត្ថុស្អាតក្តី ឆេះវត្ថុមិនស្អាតក្តី ឆេះលាមកក្តី មូត្រក្តី ទឹកមាត់ក្តី ខ្ទុះក្តី ឈាមក្តី ភ្លើងរមែងមិនធុញទ្រាន់ ឬនឿយណាយ ឬខ្ពើមរអើមដោយវត្ថុនោះ យ៉ាងណាមិញ បពិត្រ ព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានចិត្តស្មើដោយភ្លើង ជាចិត្តធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ក៏យ៉ាងនោះឯង ។ ៤. ខ្យល់បក់វត្ថុស្អាតក្តី បក់វត្ថុមិនស្អាតក្តី បក់លាមកក្តី មូត្រក្តី ទឹកមាត់ក្តី ខ្ទុះក្តី ឈាមក្តី ខ្យល់រមែងមិនធុញទ្រាន់ ឬនឿយណាយ ឬក៏ខ្ពើមរអើម ដោយវត្ថុនោះ យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានចិត្តស្មើដោយខ្យល់ ជាចិត្តធំលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ក៏យ៉ាងនោះឯង ។ ៥. បុគ្គលជូតវត្ថុស្អាតក្តី ជូតវត្ថុមិន ស្អាតក្តី ជូតលាមកក្តី មូត្រក្តី ទឹកមាត់ក្តី ខ្ទុះក្តី ឈាមក្តី ដោយសំពត់សម្រាប់ជូតធូលី ៗ រមែងមិនធុញទ្រាន់ ឬនឿយណាយ ឬក៏ខ្ពើមរអើមនឹងវត្ថុនោះទេ យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានចិត្តស្មើដោយសំពត់សម្រាប់ជូតធូលី ជាចិត្តធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនព្យាបាទ ក៏យ៉ាងនោះឯង ។ ៦. ចណ្ឌាលកុមារក្តី ចណ្ឌាលកុមារីក្តី មានដៃកាន់កព្ចើា ស្លៀកពាក់សំពត់រេចជាយ ចូលទៅកាន់ស្រុកក្តី និគមក្តី រមែងដាក់ចិត្តឲ្យទាប ហើយចូលទៅ យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានចិត្តស្មើដោយចណ្ឌាលកុមារ ជាចិត្តធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ក៏យ៉ាងនោះឯង ។ ៧. គោឧសភបាក់ស្នែងជាសត្វស្លូត ដែលគេទូន្មានហើយ បង្ហាត់ល្អហើយ ដើរទៅកាន់ច្រកតាមច្រក ដើរទៅកាន់ផ្លូវបែក តាមផ្លូវបែក មិនដែលបៀតបៀនអ្វី ៗ ដោយជើងក្តី ដោយស្នែងក្តី យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានចិត្តស្មើដោយគោឧសភបាក់ស្នែង ជាចិត្តធំ ទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ក៏យ៉ាងនោះឯង ។ ៨. ស្រ្តី ឬបុរសកំលោះ ឬជំទង់ ប្រកបដោយជាតិជាអ្នកស្អិតស្អាង គប្បីធុញទ្រាន់ នឿយណាយ ខ្ពើមរអើម នឹងសាកសពពស់ ឬសាកសពកូនសុនខ ដែលជាប់ត្រង់ក យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គរមែងធុញទ្រាន់ នឿយណាយ ខ្ពើមរអើមនឹងកាយស្អុយនេះ ក៏យ៉ាងនោះឯង ។ ៩. បុរសរក្សាភាជនៈសម្រាប់ដាក់ខ្លាញ់ ដែលមានរន្ធតូច-ធំ ហូរចេញចូល យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គរក្សានូវកាយនេះ ដែលមានរន្ធតូច-ធំហូរចេញចូល ក៏យ៉ាងនោះឯង ។ (សុត្តន្តបិដក អង្គុត្តរនិកាយ នវកនិបាត បឋមបណ្ណាសក សីហនាទវគ្គ សីហនាទសូត្រ បិដកលេខ ៤៩ ទំព័រ ៤៦) ដោយសដវថ ដោយ៥០០០ឆ្នាំ
images/articles/1959/Untitled-1-Recovered.jpg
សបរិវារ​ច្ឆត្តទាយក​ត្ថេរាបទាន
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៤
សបរិវារ​ច្ឆត្តទាយក​ត្ថេរាបទាន ព្រះ​សម្ពុទ្ធ​ព្រះ​នាម​បទុមុត្តរៈ​ ទ្រង់​ជ្រាប​ច្បាស់​នូវ​ត្រៃ​លោក​ ទ្រង់​គួរ​ទទួល​នូវ​គ្រឿង​បូជា​ ទ្រង់​បង្អុរ​នូវ​ភ្លៀង​គឺ​ព្រះ​ធម៌​ ដូច​ជា​ទឹក​ភ្លៀង​ បង្អុរ​ចុះ​អំពី​អា​កាស​ ។ ខ្ញុំ​បាន​ឃើញ​នូវ​ព្រះ​សម្ពុទ្ធ​អង្គ​នោះ​ កំ​ពុង​សម្តែង​អមត​បទ​ ខ្ញុំ​ញ៉ាំង​ចិត្ត​របស់​ខ្លួន​ឲ្យ​ជ្រះ​ថ្លា​ ហើយ​បាន​ទៅ​កាន់​ផ្ទះ​របស់​ខ្លួន​វិញ ។ ខ្ញុំ​កាន់​ឆត្រ​ដែល​ស្អិត​ស្អាង​ហើយ ដើរ​ចូល​ទៅ​រក​ព្រះ​សម្ពុទ្ធ​ដ៏​ប្រសើរ​ជាង​ពួក​នរៈ​
images/articles/1962/Untitled-1-Recovered.jpg
មិល​ក្ខុផល​ទាយក​ត្ថេរាប​ទាន​
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៤
មិល​ក្ខុផល​ទាយក​ត្ថេរាប​ទាន​ ខ្ញុំ​បាន​ឃើញ​ព្រះ​ពុទ្ធ​ ព្រះ​អង្គ​យល់​ឃើញ​នូវ​ប្រយោជន៍​ មាន​យស​ធំ ត្រង់​ចន្លោះ​ព្រៃ​ ក៏​មាន​ចិត្ត​ជ្រះ​ថ្លា​ មាន​ចិត្ត​រីក​រាយ​ បាន​ថ្វាយ​​ផ្លៃមិ​លក្ខុ​ព្រឹក្ស (ដីប្លី) ។ ក្នុង​កប្ប​ទី​ ១៨០០ ក្នុង​កាល​នោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​ថ្វាយ​ផ្លៃ​ ខ្ញុំ​មិន​ដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​ នៃ​ផល​ទាន ។ ឱ! ដំណើរ​ដែល​ខ្ញុំ​មក​ក្នុង​សំណាក់​ព្រះ​ពុទ្ធ​របស់​ខ្ញុំ​ ល្អណាស់ហ្ន៎! វិជ្ជា​ ៣ ខ្ញុំ​បាន​ដល់​ហើយ​ដោយ​លំដាប់ ពុទ្ធ​សាសនា​
images/articles/1964/Untitled-1-Recovered.jpg
បុដក​បូជក​ត្ថេរា​បទាន​
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៤
បុដក​បូជក​ត្ថេរា​បទាន​ ព្រះ​ពុទ្ធ​ព្រះ​នា​ម​វិបស្សី​ ជា​នាយក​នៃ​លោក​ ទ្រង់​ស្តេច​ចេញ​ពី​បង្ហារ​សម្រាប់​សម្រាក​ ក្នុង​វេលា​ថ្ងៃ​ ទ្រង់​ធ្វើ​ព្រះ​ដំណើរ​ទៅដើម្បី​ភិក្ខា បាន​ទ្រង់​ចូល​សំដៅ​ទៅ​រក​ខ្ញុំ ។ លំដាប់​នោះ ខ្ញុំមាន​បិតិ​សោមនស្ស​ ក៏​បាន​ប្រគេន​នូវ​កញ្ចប់​អំបិល​ ដល់​ព្រះ​ពុទ្ធ​ជា​បុគ្គល​ប្រសើរ​ ប្រកប​ដោយ​តាទិគុណ​ ដោយ​សារ​កុសល​នេះ ក៏​បាន​រីករាយ​ក្នុង​ឋាន​សួគ៌​ អស់​មួយ​កប្ប​ ។
images/articles/1974/Untitled-1-Recovered.jpg
ឧបដ្ឋា​យិក​ត្ថេរា​ប​ទាន​
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៤
ឧបដ្ឋា​យិក​ត្ថេរា​ប​ទាន​ ខ្ញុំ​បាន​ឃើញ​ព្រះ​មហា​នាគ ព្រះ​អង្គ​ជា​ធំ​ជាង​សត្វ​ជើង​ពីរ​ ជា​ច្បង​ក្នុង​លោក​ ទ្រង់​ជា​នរាសភៈ គួរ​ទទួល​នូវ​គ្រឿង​បូជា​ ស្តេច​ទៅ​តាម​ច្រក​ ។ ខ្ញុំ​បាន​ថ្វាយ​​ឧបដ្ឋាក​ម្នាក់​ដល់​ព្រះ​មហេ​សី ព្រះ​នាម​សិទ្ធ​ត្ថ​ ដែល​ខ្ញុំ​បាន​ឲ្យ​គេ​និ​មន្ត​ ព្រះ​អង្គ​ស្វែង​រក​នូវ​ប្រ​យោជន៍​ ដល់​សត្វ​លោក​ទាំង​ពួង​ ។ ព្រះសម្ពុទ្ធ​ជា​អ្នក​ប្រាជ្ញ​ប្រ​សើរ​ ទ្រង់​ទទួល​ហើយ​ប្រ​គល់​ឲ្យ​ខ្ញុំ​​វិញ​ទ្រង់​ក្រោក​ចាក​អា​សនៈ​នោះ
images/articles/1983/Untitled-1-Recovered.jpg
ការ​ឲ្យ​ទាន​ដែល​មាន​ផល​ច្រើន
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៤
តតិ​យ​វគ្គ​ ទាន​សូត្រ​ នៅ​ក្នុង​បិដកលេខ​ ៥៣ ទំព័រ​ ២៥ព្រះ​អង្គ​ទ្រង់​ត្រាស់​អំពី​ (ការ​ឲ្យ​ទាន​ដែល​មាន​ផល​ច្រើន​) ដោយ​មាន​សេចក្តី​ថា​ ៖ ខ្ញុំ​បាន​ស្តាប់​មក​ថា ព្រះ​មាន​ព្រះ​​ភាគ​​ទ្រង់​​ត្រាស់​ហើយ​ ព្រះ​អរហន្ត​សម្តែង​ហើយ ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បើ​ពួក​សត្វ​ដឹង​ផល​នៃ​ការ​ចែក​ទាន​ ដូច​ជា​តថា​គត​ដឹង​ដូច្នោះ​ បើ​មិន​ទាន់​ឲ្យ​ទាន​ទេ ក៏​មិន​ហ៊ាន​បរិ​ភោគ​​ឡើង​ ម៉្យាង​ទៀត​ មន្ទិល​គឺ​សេចក្តី​កំណាញ់​របស់​សត្វ​ទាំង​នោះ
images/articles/1999/Untitled-1-Recovered.jpg
កិរិយា​បរិ​ច្ចាគ​ទាន​
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៤
កិរិយា​បរិ​ច្ចាគ​ទាន​ ការ​ធ្វើ​ប្រ​យោជន៍​ដល់​សង្គម​ ជា​កា​ត​ព្វ​កិច្ច​របស់​មនុស្ស​គ្រប់​រូប​ ព្រះ​ពុទ្ធ​ប្រៀន​ប្រ​ដៅ​យើង​ឲ្យ​ចេះ​ធ្វើ​ប្រ​យោជន៍​​ក្នុង​សង្គម​ ។ មនុស្ស​យើង​តាំង​ពី​តូច​មក​ដល់​ធំ​ រស់​នៅ​បាន​ដោយសារ​ទាន បាន​ដល់​ការ​ឲ្យ​ចំណី​ចំណុក​ ចិញ្ចឹម​បី​បាច់​ថែរក្សា​ពី​ឪ​ពុក​ម្តាយ​ បើ​គាត់​មិន​ឲ្យ​យើង​ទេ យើង​នឹង​ស្លាប់ ។ យើង​អាច​ចេះ​ដឹង​ អាន​អក្ស​រ​កើត​ ដោយ​សារ​លោក​គ្រូ​អ្នក​គ្រូ​បាន​ប្រ​គល់​ឲ្យ​នូវ​ចំ​ណេះ​ដឹង​ដល់​យើង​ ។
images/articles/3213/____________________________________.jpg
កាមគុណ​ ៥ប្រ​ការ​ តើ​ដូចម្តេច? 
ផ្សាយ : ១៤ ឧសភា ឆ្នាំ២០២៤
កាមគុណ​ ៥ប្រ​ការ​ ១. រូបា រូប ទាំងឡាយ ជាទីពេញចិត្តតាមផ្លូវ ភ្នែក។ ២. សទ្ទា សំឡេង ទាំងឡាយ ជាទីពេញចិត្តតាមផ្លូវ ត្រចៀក។ ៣. គន្ធា ក្លិន ទាំងឡាយ ជាទីពេញចិត្តតាមផ្លូវ ច្រមុះ។ ៤. រសា រស ទាំងឡាយ ជាទីពេញចិត្តតាមផ្លូវ អណ្តាត។ ៥. ផេាដ្ឋព្វា ផ្សព្វ ទាំងឡាយ ជាទីពេញចិត្តតាមផ្លូវ កាយ។ ក្នុងកាមគុណទាំង៥នេះ តែងជាទីជាប់ជំពាក់នៃមនុស្សសត្វគ្រប់រូប ដែលនៅមានកិលេស, ចំណែកវត្ថុកាមដែលនាំអេាយបុរសទាំងឡាយជាប់ជំពាក់ជាងគេ ព្រះអង្គទ្រង់សម្តែងថា “ តថាគតរកមិនឃេីញនូវ រូប សម្លេង ក្លិន រស សម្ជស្ស សូម្បី តែមួយដែលគ្របសង្កត់ចិត្ត​បុរសហេីយស្ថិតនៅអេាយដូចរូបសម្លេងក្លិនរស សម្ជស្ស របស់ស្រ្តីនេះសេាះឡេីយ”។ ម្នាល​ភិក្ខុ​ទាំង​​ឡាយ​​​នេះឯង កាមគុណ​​មាន ៥ យ៉ាង ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សមណៈ ឬ ព្រាហ្មណ៍​ ណា​​មួយ ជា​អ្នក​​មាន​ចិត្ត​​ងោក​ជ្រប់ លង់​ស៊ប់ ជា​អ្នក​មិន​​ឃើញ​ ទោស​មិនមាន​ប្រាជ្ញា​ជា​គ្រឿង​រលាស់​ខ្លួន​ចេញ << បច្ចវេក្ខណ​ញ្ញាណ >> តែង​បរិភោគ​កាម​គុណទាំង ៥ នេះ សមណៈ ឬ ព្រាហ្មណ៍​ទាំងនោះ បណ្ឌិត​គប្បី​ជ្រាប​យ៉ាង​នេះ​ថា ជាអ្នក​ដល់​នូវ​សេច​ក្តី​មិន​ចម្រើន ដល់​នូវ​សេចក្តី​វិ​នាស ជា​អ្នក​ត្រូវ មារ​មាន​ចិត្ត​បាប នឹង​ធ្វើ​តាម​សេចក្តី​ប្រាថ្នា​បាន។ (មជ្ឈិម​និកាយ បិ​ដក​លេខ ២១ ទំព័រ​ ១៦៣) ធម្មសុភាសិត ខ្លឹមចន្ទន៍ក្រស្នា ស្វិតក្រៀមយ៉ាងណា គង់ក្លិនក្រអូប រីជនបណ្ឌិត តែងលះខឹងក្រេាធ ទេាះជួបទុក្ខសេាក ស៊ូឱបព្រះធម៌ថ្លៃ។ សួនមច្ចុរាជ! កាមគុណជាផ្ការីកបង្អួតខ្លួន ដុះនៅក្នុងសួនមច្ចុរាជរក្សា ជានុយ ជាធ្នាក់អន្ទាក់តណ្ហា ឥតមានខ្លឹមសារទាក់ដេាយសម្រស់។ កាមគុណជាគ្រឿងបេាកបពេា្ឆាតសត្វ បិទបាំងវិបត្តិបង្អួតលាភយស សត្វលេាកលិចលង់ព្រេាះជាប់នឹងរស ស្វែងរកលាភយសព្រេាះតែកាមគុណ។ មិនគោរពច្បាប់ចរាចរ នាំឱ្យមានគ្រោះថ្នាក់ យ៉ាងណាមិញជីវិតយើង បើមិនគោរពក្នុងសីលទេ ក៏នាំឱ្យមានគ្រោះថ្នាក់ យ៉ាងនោះដែរ។ សីលរមែងរក្សាអ្នកមានសីល សីល ជាគុណភាពនៃជីវិត ជាកុសលសម្បត្តិ ដ៏ខ្ពង់ខ្ពស់ ព្រោះសូម្បីកើតក្នុងត្រកូលទាប ក៏ជាទីគោរពនៃមនុស្ស និងទេវតា សីល ជាជណ្ដើរឡើងទៅកាន់ ទេវលោក សីល ជាឧបាយឱ្យ សម្រេចសមាធិ សីល ជាផ្លូវទៅដល់អមតមហានគរ។ សីល ជាភូមិ ប្រតិស្ឋាននូវសាវកពោធិញ្ញាណ បច្ចេកពោធិញ្ញាណ និងសម្មាសម្ពោធិញ្ញាណ…៕ ដោយ៥០០០ឆ្នាំ
images/articles/3217/______________________________.jpg
បុណ្យកេីតអំពីការរក្សាសីល
ផ្សាយ : ១៤ ឧសភា ឆ្នាំ២០២៤
សីលមយៈ. (បុណ្យកេីតអំពីការរក្សាសីល) ក្នុងអដ្ឋកថាបរមត្ថទីបនីថា ពាក្យថា សីលមយៈ បានដល់ចេតនាដែលប្រព្រឹត្តទៅហេីយដល់​បុគ្គលអ្នកសមាទានសីល ៥ សីល ៨ ឬសីល ១០ ដេាយអំណាចនៃការកំណត់ឲ្យជានិច្ច​សីល និង ឧបេាសថសីលជាដេីម ឬអ្នកគិតថា យេីងនឹងបួសដេីម្បីបំពេញសីលឲ្យបរិបូរណ៌ ហេីយទៅកាន់វិហារបួស និងញាំងមនេារថឲ្យដល់ទីបំផុតរលឹកថា យេីងបួស​ហេីយ​​ជាការល្អ ហេីយអប់រំបំពេញបាតិមេាក្ខសំវរសីលឲ្យបរិបូរណ៌ដេាយសទ្ធា ពិចារណាបច្ច័យ ៤ មានចីវរជាដេីម ដេាយបញ្ញាសង្រួមចក្ខុទ្វារជាដេីម ក្នុងរូបជាដេីមដែលមកកាន់កន្លងដេាយសតិ និងជម្រះអាជីវបារិសុទ្ធិសីលដេាយសេចក្តីព្យាយាម រមែងតាំងមាំ ព្រេាះដូច្នេាះ ចេតនានេាះ ទេីបឈ្មេាះថា បុញ្ញកិរិយាវត្ថុសម្រេចដេាយសីល។ ម្យ៉ាងទៀត កាលឲ្យទានដេាយតាំងនៅក្នុងវត្តបដិបត្តិ បុញ្ញកិរិយាវត្ថុ ជាសីលមយៈ ។ ក្នុងបរមត្ថជេាតិកថាៈ សីល សម្តែងវចនត្ថៈថា៖ សីលយតិ កាយវចីកម្មនា សម្មា ទហតីតិ=សីលំ ធម្មជាតិណារមែងធ្វេីឲ្យកាយកម្ម និងវចីកម្មតាំងទុកដេាយល្អដូច្នេាះ ធម្មជាតិនេាះឈ្មេាះថា សីល, បានដល់ កិរិយារួបរួមទុកនូវកម្មទាំងឡាយ មានកាយកម្មជាដេីម មិនរាត់រាយដេាយអំណាចភាវៈនៃបុគ្គលអ្នកមានសីល ឬកិរិយាចូលទៅទ្រទ្រង់ទូទៅដេាយអំណាចនៃកិរិយាស្ថាននៃធម៌ទាំងឡាយ ជាកុសលម្យ៉ាង ដេីម្បីឲ្យកុសលកេីត, ទានចេតនា គឺចេតនាដែលទាក់ទងនឹងការបរិច្ចាគទាន សីលចេតនាគឺចេតនាដែលទាក់ទងនឹងការរក្សាសីលទាំងនេះ កេីតឡេីងដល់ព្រះអរហន្តទាំងឡាយក៏មាន តែចេតនាទាំងនេះនៅក្នុងមហាកិរិយាចិត្តុប្បាទទាំងអស់។ សេចក្តីនេះអធិប្បាយថា ពាក្យថា សីលនេាះ ជាតួចេតនាដែលមានការជំរុញនូវកាយ វាចា ឲ្យតាំងនៅក្នុងកិរិយាមារយាទដែលល្អទាំងបិទចន្លេាះមិនឲ្យអកុសលផ្សេងៗ ដេាយអំណាចកាយទុច្ចរិត វចីទុច្ចរិតប្រាកដឡេីងបាន សេចក្តីនេះសម្តែងឲ្យដឹងបានថា សីលនេាះមាននាទីរក្សាកាយ វាចាមិនឲ្យប្រព្រឹត្តទៅក្នុងទុច្ចរិតដែលកេីតមកអំពីអកុសលផ្សេងៗប៉ុណ្ណេាះ, ចំណែកការរក្សាផ្លូវចិត្តដេីម្បីមិនឲ្យមនេាទុច្ចរិតផ្សេងៗកេីតឡេីងនេាះជានាទីរបស់ភាវនាដេាយចំពេាះ។ វចនត្ថៈមួយទៀតថា សីលយតិ កុសលធម្មេ ឧបធារេតីតិ=សីលំ ធម្មជាតិណារមែងទ្រទ្រង់ទុកនូវកុសលធម៌ មានសមាធិ បញ្ញានិងវិមុត្តិជាដេីម ដូច្នេាះ ធម្មជាតិនេាះ ឈ្មេាះថា សីល។ អធិប្បាយថា សីលចេតនា គឺការរក្សាសិក្ខាបទផ្សេងៗ មានបាណាតិបាត វិរតិជាដេីមទាំងនេះ អាចឲ្យសមាធិបញ្ញា និងមគ្គផលកេីតឡេីងបាន ឧបមាដូចជាផ្ទៃផែនដី ដែលជាទីអាស្រ័យរបស់វត្ថុផ្សេងៗ ទាំងមានជីវិត និងមិនមានជីវិត បេីខ្វះផែនដីដែលជាទីអាស្រ័យហេីយវត្ថុផ្សេងៗទាំងមានជីវិត និងមិនមានជីវិតទាំងឡាយនេាះ ក៏រមែងកេីតឡេីង និងចម្រេីនឡេីងមិនបាន សេចក្តីឧបមានេះយ៉ាងណា សមាធិ បញ្ញា មគ្គផល ទាំងនេះរមែងអាស្រ័យកេីត​ឡេីង​ បេីវៀរចាកសីលកុសលចេញ ហេីយវត្ថុ (ធម៌) ទាំងនេះ រមែងកេីតឡេីងមិនបាន។ ដូច្នេះ ព្រះមានព្រះភាគជាម្ចាស់ ទេីបវិសជ្ជនាសេចក្តីសម្គាល់របស់សីល ក្នុងការបដិបត្តិ​ដេីម្បី​ផុតចាកទុក្ខ ដែលមានសេចក្តីវិលវល់ ដេាយលំបាក ទាំងខាងក្នុងទាំងខាងក្រៅហេីយចូល​កាន់ព្រះនិព្វាននេាះថា៖ សីលេ បតិដ្ឋាយ នរេា សបញ្ញេា ចិត្តំ បញ្ញពា្ច ភាវយំ អាតាបី និបកេា ភិក្ខុ សេា ឥមំ វិជដយេ ជដំ ។ នរជនមានប្រាជ្ញា បានតាំងមាំក្នុងសីលហេីយ ចម្រេីននូវ សមាធិ ចិត្តនិងវិបស្សនា ជាអ្នកមានព្យាយាមដុតកំដៅកិលេស ប្រកប​ដេាយ​បារិហារិយប្បញ្ញា ជាអ្នកឃេីញភ័យក្នុងសង្សារ បុគ្គលនេាះ ទេីបកាប់ឆ្កានូវតណ្ហាជាគ្រឿងចាក់ស្រែះនេះបាន។ ក្នុងគាថានេះសម្តែងអំពីធម៌ ៦ យ៉ាង គឺ សីល ១ សមាធិ ១ បញ្ញា ៣ អាតបៈ គឺសេចក្តីព្យាយាម ១ ។ -បញ្ញា ៣ គឺសជាតិប្បញ្ញា បញ្ញាជាប់មកជាមួយនឹង បដិសន្ធិជាត្រៃហេតុ កេីតអំពីកម្មចាស់ដែលបានកសាងទុកមកក្នុងអតីតជាតិ ១។ -វិបស្សនាបញ្ញា បញ្ញាសម្រេចមកអំពីការពិចារណាឃេីញតាមការណ៍ពិត ក្នុងបច្ចុប្បន្ន ១, -នេបកប្បញ្ញា បញ្ញាដែលរក្សាខ្លួនទុក ចាកធម៌ដែលជាសត្រូវ ឬបារិហារិកប្បញ្ញា បញ្ញាដែលអាចកំណត់នូវកិច្ចទាំងពួងមានកិរិយាឈានចូល និងឈានថយជាដេីម ហេីយនាំទៅកាន់តែអំពេីដែលមានប្រយេាជន៍ តែងប្រកបមិនដាច់ក្នុងកិរិយារក្សាទុកនូវកម្មដ្ឋាន ១។ ក្នុងគាថានេះ នរជននេះដែលព្រះមានព្រះភាគទ្រង់ត្រាស់សម្តែងថា ប្រកបដេាយបញ្ញាដូច្នេះ ដេាយបញ្ញាញាណ កិច្ចដែលនរជននេាះ គប្បីធ្វេីមិនមានក្នុងបញ្ញានេាះ។ ព្រេាះថា បញ្ញានេាះសម្រេចហេីយដល់បុគ្គលនេាះ ដេាយអានុភាពនៃកម្មដែលមានមកក្នុងកាលមុនតែម្យ៉ាង ។ ក៏នរជននេាះដែលជាអ្នកធ្វេីរឿយៗ និងជាអ្នកធ្វេីនូវការដឹងខ្លួនដេាយអំណាចនៃវិរិយៈ ដេាយអំណាចនៃបញ្ញាដែលព្រះអង្គទ្រង់សម្តែងត្រង់បទនេះថា អ្នកមានអាតបៈ គឺសេចក្តីព្យាយាម, អ្នកមាននេបកៈ គឺបញ្ញាចាស់ក្លា, ដូច្នេះគប្បីប្រតិស្ថានក្នុងសីល ហេីយចម្រេីននូវសមថៈ ដូច្នេះគប្បីប្រតិបត្តិ វិបស្សនា ដែលព្រះអង្គទ្រង់សម្តែងដេាយអំណាចនៃចិត្ត និងបញ្ញា ។ ចាកពីសៀវភៅ»សីលមយៈ ដេាយ៖ (ព្រះភិក្ខុសីលប្បញ្ញេា ឆៃ សុផល្លី) វត្តនិគ្រេាធវ័ន គល់ទទឹង ………………… ធម្មតាអ្នកបង្ហូរទឹក តែងបង្ហូរទឹកទៅ អ្នកធើ្វព្រួញតែងពត់ព្រួញ(ឱ្យត្រង់) អ្នកចាំងឈើ តែងចាំងឈើ ឯបណ្ឌិតទាំងឡាយ តែងទូន្មានខ្លួន (ដូច្នោះឯង)។ ដោយ៥០០០ឆ្នាំ
images/articles/3291/4654y6rtrrer444.jpg
ការចម្រេីន អានាបាណស្សតិ (វគ្គ១)
ផ្សាយ : ១៤ ឧសភា ឆ្នាំ២០២៤
ការចម្រេីន អានាបាណស្សតិ » (វគ្គ១) បុគ្គលបានចម្រេីនអានាបានស្សតិប្រកបដោយសតិផង ញ្ញាណផង គឺកំពុងព្យាយាម ព្យាបាលចិត្តឲ្យជាសះស្បេីយពីមេរោគ កាមវិតក្ក ព្យាបាទវិតក្ក និងវិហិង្សាវិតក្ក មេរោគនេះវាជាអកុសលលាមកដ៏មានកំលាំងធ្វេីឲ្យជីវិតមានជម្ងឺផ្លូវចិត្តប្រចាំនៅក្នុងវដ្ត ។ ពោរពេញដោយសេចក្តីទុក្ខ ឈឺចាប់ ខ្លោចផ្សា ភ័យខ្លាច សោកសៅបំផុត។ ដូច្នេះការចម្រេីនអានាបាត្រូវព្យាយាមប្រឹងប្រែងឲ្យមុតមាំដូចមុខកាំបិតត្រូវមានស្មារតីប្រុងប្រយ័ត្នរលឹកទាន់កំណត់ដឹងទាន់នូវអារម្មណ៍របស់ចិត្តឲ្យបានតម្កល់មាំប្រាកដពេលកំពុងចម្រេីនត្រូវរក្សាចិត្ត យ៉ាងនេះ៖ ១.មិនឲ្យចិត្តស្ទុះទៅកាន់អារម្មណ៍ជាអតីត ២.មិនឲ្យចិត្តស្ទុះទៅកាន់អារម្មណ៍ជាអនាគត ៣.មិនឲ្យចិត្តរួញរា ធ្លាក់ក្នុងក្តីខ្ជិលច្រអូសកាយ ចិត្ត ៤.មិនឲ្យចិត្តរាយមាយ ផ្គងហួសពេក ប្រឹងហួសពេកនាំឲ្យច្រាលចិត្ត អស់សង្ឃឹម ៥.មិនឲ្យចិត្តជាប់ស្អិតត្រេកត្រអាលក្នុងអារម្មណ៍គាប់ចិត្តពេកនាំឲ្យកេីតរាគៈ ៦.មិនឲ្យចិត្តចង្អៀតចង្អល់ បដិឃៈ ថ្នាំងថ្នាក់ពេកនាំកេីតព្យាបាទ។ ត្រូវមានប្រាជ្ញាគ្រប់គ្រងរក្សាចិត្តឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ព្រះពុទ្ធទេីបឈ្មោះថាយេីងបានបំពេញកិច្ចការដែលមានសារសំខាន់ក្នុងដំណេីរជីវិតមានទីពឹងដ៏ប្រសេីរឆ្ពោះទៅកាន់ភាពជោគជ័យនៃការអស្តង្គតនៃកិលេសទាំងស្រុងបានទៅដល់គោលដៅមួយដែលយេីងមិនធ្លាប់ទៅដល់ គឺព្រះនិព្វានជាបរមសុខដែលយេីងប្រាថ្នាចង់បាន។ ដេាយព្រះអង្គគ្រូ៖ ព្រះភិក្ខុ ធម្មត្ថេរោ អាន វគ្គ២ ដោយ៥០០០ឆ្នាំ
images/articles/3289/_________________________________.jpg
ជីវិតគឺជាកន្លែងសិក្សា
ផ្សាយ : ១៤ ឧសភា ឆ្នាំ២០២៤
មិនមែនអានតែសៀវភៅទេ ត្រូវអានជីវិតខ្លួនឯងផងពោលគឺត្រូវសិក្សាអំពីជីវិត តើជីវិតគឺជាអ្វី? កើតបានយ៉ាងណា? ហើយប្រព្រឹត្តទៅយ៉ាងណា? ត្រូវសិក្សាឱ្យឃើញច្បាស់ដោយបញ្ញាចក្ខុ ។ មិនមែនមានតែអ្នកដទៃទេជាគ្រូនោះ ខ្លួនឯងហ្នឹងហើយដែលត្រូវបង្រៀនខ្លួនឯង អប់រំទូន្មានខ្លួន ។ ប្រារព្ធសុខសាមណេរ ព្រះសាស្រ្ដទ្រង់ត្រាស់ថា (ធម្មតាអ្នកស្រែតែងបាចទឹកបញ្ចូលទៅក្នុងស្រែ ជាងព្រួញតែងពត់ព្រួញ ជាងឈើតែងចាំឈើ ឯអ្នកមានវត្តបដិបត្តិល្អ តែងអប់រំទូន្មានខ្លួន) ។ ក្នុងបណ្ដាពួកមនុស្សទាំងឡាយ មនុស្សល្អគឺជាមនុស្សដែលចេះអប់រំទូន្មានខ្លួនឯង ។ សៀវភៅ មេរៀនជីវិត ដោយ៥០០០ឆ្នាំ
images/articles/3313/4565yuuiyo9886654444444444.jpg
ហេតុនៃបុគ្គលខ្ជិល ៨
ផ្សាយ : ១៤ ឧសភា ឆ្នាំ២០២៤
កុសីតវត្ថុ (ហេតុនៃបុគ្គលខ្ជិល) ៨ ១. ភិក្ខុ​មានសេចក្ដីត្រិះរិះយ៉ាងនេះថា ការងារដែលអញត្រូវធ្វើ មុខជានឹងមាន តែ​កាលបើ​អញធ្វើការងារ (នោះ) កាយនឹងលំបាក បើដូច្នោះ មានតែអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បី​ត្រាស់ដឹង នូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែល​ខ្លួនមិន​ទាន់​ធ្វើ​ឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ១។ ២. ភិក្ខុមានសេចក្ដីត្រិះរិះយ៉ាងនេះថា អញបានធ្វើការងាររួចហើយ តែ​កាលដែល​អញ​កំពុង​ធ្វើការងារ កាយលំបាកទៅហើយ បើដូច្នោះ មានតែអញ​ដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់ នូវធម៌ដែលខ្លួនមិនទាន់​ដល់ ដើម្បីត្រាស់ដឹង នូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់នូវ ធម៌ដែលខ្លួនមិនទាន់​ធ្វើ​ឲ្យ​ជាក់ច្បាស់ នេះ កុសីតវត្ថុទី ២។ ៣. ភិក្ខុនោះមានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញនឹងត្រូវដើរផ្លូវ តើបើ​អាត្មាអញ​ដើរផ្លូវ កាយនឹងលំបាក បើដូច្នោះ មានតែអញដេកសិន ភិក្ខុនោះ ក៏ ដេក មិនប្រារព្ធ​ព្យាយាម ដើម្បីដល់ នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹង នូវធម៌ដែល​ខ្លួន​មិន​ទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលខ្លួនមិនទាន់​ធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៣។ ៤. ភិក្ខុមានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញបានដើរផ្លូវរួចហើយ តែកាលដែល​អាត្មាអញដើរផ្លូវ កាយលំបាកទៅហើយ បើដូច្នោះ មានតែអាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បី​ត្រាស់ដឹង នូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែល​ខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៤។ ៥. ភិក្ខុត្រាច់ទៅកាន់​ស្រុកក្តី និគមក្ដី ដើម្បីបិណ្ឌបាត តែមិនបានភោជនដ៏សៅហ្មង ឬថ្លៃថ្លា ឲ្យបរិបូណ៌ ដរាបដល់ឆ្អែតទេ ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញ កាលដែល ដើរទៅកាន់ស្រុក ឬនិគមក្ដី ដើម្បីបិណ្ឌបាត មិនបានភោជន ដ៏សៅ​ហ្មង ឬថ្លៃថ្លា ឲ្យបរិបូណ៌ ដរាបដល់ឆ្អែតសោះ កាយរបស់អាត្មាអញនោះ លំបាកទៅហើយ ធ្វើការងារមិនកើតទេ បើដូច្នោះ មានតែអាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បី​ត្រាស់ដឹងនូវធម៌ ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែល​ខ្លួនមិនទាន់ធ្វើ ឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៥។ ៦. ភិក្ខុដើរទៅកាន់​ស្រុក ឬនិគម ដើម្បីបិណ្ឌបាត បានភោជនដ៏សៅហ្មង ឬថ្លៃថ្លា បរិបូណ៌ដរាប​ដល់ឆ្អែត ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញ កាល​ដែល​ដើរទៅ​កាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត បានភោជនដ៏សៅហ្មង ឬថ្លៃថ្លា បរិបូណ៌ ដរាបដល់ឆ្អែតដែរហើយ តែកាយរបស់អាត្មាអញនោះធ្ងន់ ធ្វើការងារ​មិនកើត ទំនងដូចជាសណ្តែកដែល ត្រូវទឹក បើដូច្នោះ មានតែអាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់ នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹង​ នូវធម៌ដែលខ្លួនមិនទាន់ បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលខ្លួនមិន​ទាន់បានធ្វើឲ្យជាក់ ច្បាស់ នេះ កុសីតវត្ថុទី ៦។ ៧. ភិក្ខុកើតអាពាធបន្តិច​បន្តួច ភិក្ខុនោះ មាន សេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញ​កើត​អាពាធបន្តិចបន្តួច​នេះហើយ អាត្មាអញ គួរតែដេក បើដូច្នោះ អាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បី​ត្រាស់ដឹង នូវធម៌​ដែលខ្លួនមិនទាន់ បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌​ដែលខ្លួនមិនទាន់​បានធ្វើឲ្យជាក់ ច្បាស់ នេះ កុសីតវត្ថុទី ៧។ ៨. ភិក្ខុជាសះស្បើយអំពីជម្ងឺ​ហើយ តែទើប នឹងសះស្បើយមិនយូរប៉ុន្មាន ភិក្ខុនោះមាន​សេចក្ដីត្រិះរិះយ៉ាងនេះ​ថា អាត្មាអញសះ ស្បើយអំពីជម្ងឺហើយ តែសះស្បើយមិន​ទាន់យូរ​ប៉ុន្មាន កាយ​របស់អាត្មាអញ នោះនៅមិនទាន់មានកម្លាំង ធ្វើការងារមិន​ទាន់កើត បើដូច្នោះ អាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់ នូវធម៌ដែល​ខ្លួនមិនទាន់ដល់ ដើម្បី ត្រាស់ដឹងនូវធម៌ដែល​ខ្លួនមិនទាន់​បាន​ត្រាស់ដឹង ដើម្បីធ្វើឲ្យ​ជាក់ច្បាស់ នូវធម៌ ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៨។ (បិ.៨២, ឃ.២៤៧) ដោយ៥០០០ឆ្នាំ
images/articles/3302/56ergre3222.jpg
កុសលកម្មបថ១០យ៉ាង
ផ្សាយ : ១៤ ឧសភា ឆ្នាំ២០២៤
ពាក្យថាកម្មបថ មានន័យថា គន្លង ឬ ផ្លូវ នៃអំពើ ។ គន្លងនៃអំពើដែលគេធ្វើ មាន២ចំណែកគឺ ចំណែកខាងអកុសល១ និងចំណែកខាងកុសល១ ។ កម្មបថមានគន្លង៣ គឺ ផ្លូវកាយមាន៣ហៅថា កាយកម្ម៣ , ផ្លូវវាចាមាន៤ហៅថា វចីកម្ម៤, និងផ្លូវចិត្តមាន៣ ហៅថាមនោកម្ម៣ រួមត្រូវជា១០ហៅថា កម្មបថ១០ ។ អ្នករក្សាសីលត្រូវតែយល់ដឹង ។ ហើយប្រុងប្រយ័ត្នចំពោះកម្មបថ ព្រោះថាកាលបើដាច់កម្មបថត្រង់ប្រការណាមួយ សីលរបស់អ្នកនោះក៏នឹងត្រូវធ្លុះធ្លាយទៅដែរ ។ ក្នុងទីនេះ សូមលើកយកតែកុសលកម្មបថ មកបរិយាយ ឯការប្រព្រឹត្តផ្ទុយនឹងកុសលកម្មបថ គឺជា អកុសលកម្មបថហើយ ដែលត្រូវវៀរចាក ។ កុសលកម្មបថ១០យ៉ាង កាយកម្ម៣ ១- បាណាតិបាតា វេរមណីចេតនាជាហេតុវៀរចាកកិរិយា ធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ ។ ២- អទិន្នាទានា វេរមណីចេតនាជាហេតុវៀរចាកកិរិយា កាន់យកនូវវត្ថុដែលគេមិនឲ្យដោយកាយឬដោយវាចា ។ ៣- កាមេសុមិច្ឆាចារា វេរមណីចេតនាជាហេតុវៀរចាកកិរិយា ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ។ វចីកម្ម៤ ១- មុសាវាទា វេរមណីចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យកុហក ។ ២- បិសុណាយ វាចាយ វេរមណីចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យញុះញង់ស៊កសៀត បំបែកបំបាក់អ្នកដទៃ ។ បិសុណាវាចា មានអង្គ៤គឺៈ ១- ភិន្ទិតព្វោបរោ អ្នកដទៃដែលមានរូប គឺខ្លួនគប្បីញុះញង់បំបែក ។ ២- ភេទនបុរេក្ខាតោ គិតនឹងញុះញង់បំបែកបំបាក់អ្នកដទៃនោះ ។ ៣- តជ្ជោវាយាមោ ព្យាយាមបំបែកបំបាក់អ្នកដទៃនោះ ។ ៤- តស្សតទត្ថវិជ្ជាទនំ ញ៉ាំងអ្នកដទៃឲ្យដឹងច្បាស់នូវដំណើរដែលញុះញង់នោះ។ ៣- ផរុសាយ វាចាយ វេរមណី ចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យអាក្រក់ មានពាក្យទ្រគោះបោះបោក ជេរប្រទេចអ្នកដទៃជាដើម ។ ផរុសវាចា មានអង្គ៣គឺៈ ១- អក្កោសិតព្វោបរោ អ្នកដទៃដែលមានរូប គឺខ្លួនគប្បីជេរប្រទេច ។ ២- កុប្បិតចិត្តំ ចិត្តខឹងរន្ធត់ ។ ៣- អក្កោសនា បានជេរប្រទេច ។ ៤- សម្ផប្បលាបា វេរមណី ចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យរាយមាយឥតប្រយោជន៍ ។ សម្ផប្បលាប មានអង្គ២គឺៈ ១- ភារតយុទ្ធសិតាហរណាទិនិរត្ថកថា ពាក្យឥតប្រយោជន៍មានរឿងចម្បាំងនៃភារត និងរឿងរាពណ៍លួចនាងសេតាយកទៅជាដើម ។ ២- តថារូបឹកថាកថនំ បានពោលនូវពាក្យឥតប្រយោជន៍ មានសភាពដូច្នេះ ។ មនោកម្ម៣ ១- អនភិជ្ឈាមិនមានចិត្តគិតសម្លឹងរំពៃចំពោះទ្រព្យរបស់អ្នកដទៃ ដោយគិតបំរុងនឹងឲ្យបានមកជាទ្រព្យរបស់ខ្លួនឡើយ ។ អភិជ្ឈា មានអង្គ២គឺៈ ១- បរភណ្ឌំ ទ្រព្យជារបស់អ្នកដទៃ ។ ២- អត្តនោ បរិណាមនំ គិតចង់បង្អោនទ្រព្យរបស់អ្នកដទៃនោះ ឲ្យមកជាទ្រព្យរបស់ខ្លួន ដោយកលឧបាយផ្សេង ៗ ។ ២- អព្យាបាទោ មិនមានចិត្តចងគំនុំគុំគួន គិតប៉ងនឹងឲ្យអ្នកដទៃដល់នូវសេចក្តីវិនាសឡើយ ។ ព្យាបាទ មានអង្គ២គឺៈ ១- បរសត្តោ អ្នកដទៃក្រៅពីខ្លួន ។ ២- តស្សតំតំវិនាសចិន្តា គិតចងគំនុំគុំគួននឹងអ្នកនោះ ដល់នូវសេចក្តីវិនាសដោយហេតុនោះ ។ ៣- សម្មាទិដ្ឋិ គំនិតយល់ឃើញត្រូវពិត ហើយប្រកាន់ឡើងថាត្រូវមែន ។ មិច្ឆាទិដ្ឋិ មានអង្គ២គឺៈ ១- វត្ថុនោចគហិតាការវិបរិតតោ ចិត្តប្រែប្រួលដោយអាការៈខុស អំពីព្រះរតនត្រ័យជាដើម ។ ២- យថាចនំគណ្ហាគិតថាភាវេនតស្សបដ្ឋានំ គំនិតដែលយល់ខុសនោះ ឃើញខុសយ៉ាងណា ក៏ប្រកាន់សេចក្តីខុសនោះថាជាត្រូវវិញ ។ ដោយ៥០០០ឆ្នាំ
images/articles/3341/2024-04-01_14_26_06-Window.jpg
ឧបោសថកាល
ផ្សាយ : ១៤ ឧសភា ឆ្នាំ២០២៤
ឧបោសថកម្មរបស់ឧបាសកឧបាសិកា បើពោលដោយកាលដែលជាទី រក្សានូវឧបោសថសីល នោះមាន ពីរប្រការគឺ បកតិឧបោសថ១ បដិជាគរឧបោសថ១ ឧបោសថកម្ម ដែលប្រព្រឹត្តទៅ ដោយ ប្រក្រតី គឺឧបោសថកម្មដែលអ្នកប្រាជ្ញទាំងឡាយលោកធ្វើមកហើយអំពីដើមឈ្មោះថា បកតិឧបោសថ។ឧបោសថកម្មនៃបុគ្គលភ្ញាក់រលឹករឿយៗ គឺរលឹកដល់ឧបោសថសីល ដែលជា កុសលគឺខ្លួនត្រូវសន្សំ ឈ្មោះថា បដិជាគរឧបោសថ។ ឯកាលនៃបកតិឧបោសថនោះ ក្នុង១ខែមាន៨ថៃ្ង គឺថៃ្ងចំណែកខាងសុក្កបក្ខខ្នើត ៤ ថៃ្ង និង កាឡបក្ខរនោច ៤ថៃ្ង គឺត្រង់ថ្ងៃ ៥ កើត ៨កើត ១៤កើត ១៥កើត ៥ រោច ៨រោច ១៤រោច ១៥រោច បើខែដាច់ខ្លះត្រូវត្រង់១៤រោច ឧបោសថថៃ្ង១៤រោច ថយមក១៣រោជវិញ ត្រង់ថ្ងៃ ១៥ រោចថយ មក ១៤ រោចវិញ ក្នុង ១ខែ មានកាលនៃបកតិឧបោសថ ៨ថ្ងៃដូច្នេះ។ កាលនៃបដិជាគរឧបោសថក្នុង១ខែមាន១១ថៃ្ង គឺត្រូវត្រង់ ៤កើត ៦កើត ៧កើត ៩កើត ១៣កើត ១រោច ៤រោច ៦រោច ៧រោច ៩រោច ១៣រោច បើខែខ្លះត្រង់ថ្ងៃ ១៣រោច ថយមក១២ រោចវិញ ថ្ងៃ ទាំង ១១ ក្នុងខែមួយៗនេះ ជាថ្ងៃខាងដើម និង ខាងចុងនៃ បកតិឧបោសថ ឬថា ជាថ្ងៃអមនៃ បកតិឧបោសថ គឺជាកាលនៃបដិជាគរឧបោសថ។ ថៃ្ងឯទៀតក្រៅអំពីបកតិឧបោសថ និងបដិជាគរឧបោសថនោះ មាន១១ថៃ្ង គឺត្រង់ថ្ងៃ ១(១), ២, ៣,១០, ១១, ១២ កើត ១, ២, ៣, ១០, ១១, ១២ រោច បើខែខ្លះ មានតែ ១០ថ្ងៃ ព្រោះត្រង់ថ្ងៃ ១២រោច ទុកជាថ្ងៃបដិជាគរឧបោសថ ថ្ងៃទាំង ១១ ឬ ១០នេះ មិនមែនជាកាលនៃឧបោសថណាមួយឡើយ គ្រប់ៗខែទាំងអស់។ នឹងអធិប្បាយពីកិច្ចដែល នឹងធ្វើនូវឧបោសថកម្ម គឺបកតិឧបោសថ និងបដិជាគរឧបោសថ ជាសេចក្តីខ្លីៗបន្តិច គ្រាន់ជាទីចំណាំសំគាល់ របស់ឧបាសកឧបាសិកា ទាំងឡាយក្នុងព្រះពុទ្ធសា សនា ឯបកតិឧបោសថកម្មនោះ គឺឧបោសថសីលដែលឧបាសកឧបាសិកាត្រូវទទួលសមាទាន កាន់រក្សានូវសិក្ខាបទទាំង៨ ក្នុងថៃ្ងបកតិឧបោសថកាល កំណត់ត្រឹមតែ១ថៃ្ង១យប់ តាមលំដាប់ កាលនៃបកតិឧបោសថនោះឯបដិជាគរ ឧបោសថនោះ គឺឧបោសថសីល ដែលឧបាសក ឧបាសិកា ត្រូវដុសខាត់សំអាតចិត្តនឹករលឹកដល់សិក្ខាបទទាំង៨ ដែលជាអង្គនៃឧបោសថសីល តែឧបាសកឧបាសិកាមិនត្រូវសមាទានឡើយ គ្រាន់តែបណ្តោះចិត្តអោយ ឃ្លាតឆ្ងាយអំពី កាម គុណ ៥ ហើយបំរុងចាំដំណើរ នៃបកតិឧបោសថ សីល គឺគ្រាន់តែតាំងចិត្តវៀរគ្រប់សិក្ខាបទទាំង៨ មានបាណាតិបាតាជាដើម ដូចជារក្សានូវឧបោសថសីល ក្នុងថៃ្ងបកតិឧបោសថនោះដែរ បែ្លក គ្នាគ្រាន់តែមិនសមាទាន និងសមាទានប៉ុណ្ណោះ គឺថាបដិជាគរឧបោសថនោះមិន មាន សមាទាន ទេ គ្រាន់តែតាំងចិត្តវៀរគ្រប់សិក្ខាបទដែល ត្រូវវៀរអស់ថៃ្ង១ យប់១ជាកំណត់ ឯបកតិឧបោស ថសីលនោះ ត្រូវសមាទានទទួលកាន់យកនូវសិក្ខាបទទាំង ៨ រក្សាអស់ថៃ្ង១ និងយប់១ដែរ វេលា ដល់គ្រប់កំណត់កាល បកតិឧបោសថសីល ថយទៅហើយ ត្រូវតាំងចិត្តទៅជូន ដំណើរនៃ ឧបោ សថ សីលនោះអស់ថៃ្ង១ យប់១ ទៀត គឺតាំងចិត្តវៀរគ្រប់សិក្ខាបទទាំង៨ តែមិនបាច់ទទួល សមា ទានទេ គឺគ្រាន់តែ ញ៉ាំងចិត្តអោយប្រព្រឹត្តទៅតាមបកតិឧបោសថសីល ដែលខ្លួនទទួលសមាទាន អំពីថៃ្ងម្សិលប៉ុណ្ណោះឯង។ ឯបកតិឧបោសថកាលនោះកាលព្រះសម្មាសម្ពុទ្ធគង់ព្រះធរមាននៅឡើយ ព្រះអង្គសំដែង ទុកថាក្នុង១ខែមាន៦ថៃ្ងខាងខ្នើត៣ថៃ្ង ខាងរនោច៣ថៃ្ង គឺថៃ្ង៨កើត ៨រោច ហៅថាអដ្ឋមីឧបោសថ ថៃ្ង១៤កើត ១៤រោច ហៅថាចាតុទ្ធសីលឧបោសថ ថៃ្ង១៥កើត ១៥រោច ហៅថាបណ្ណរសីឧបោ សថ បើខែខ្លះត្រង់ថៃ្ង១៥រោចត្រូវថយចុះមកថៃ្ង១៤រោចវិញ លុះដល់ព្រះអង្គចូលបរិនិពា្វនទៅបាន ៣ខែ ព្រះអរហន្តទាំងឡាយ ៥០០ ព្រះអង្គ មានព្រះមហាកស្សបត្ថេរជាដើម លោកប្រជុំគ្នាធ្វើ បថម សង្គាយនាផ្ទៀងផ្ទាត់ធម៌វិន័យ លោកយល់ឃើញថា នៅរយាលថៃ្ងខាងដើមនោះពេក ណាស់ ទើបលោកលើកយកថៃ្ង៥កើត ៥ រោចមកកំណត់ទុកជាថៃ្ងបកតិឧបោសថផង រួមគ្នាជា បកតិ ឧបោសថកាល ក្នុង១ខែៗមាន ៨ ថៃ្ងព្រោះត្រង់ថៃ្ង៥កើត៥រោចជាថៃ្ងឧបោសថកាលដែរ ហៅថាបពា្ចមីឧបោសថ។ ចប់ឧបោសថកាលដោយសង្ខេប ៕ ដោយ​៥០០០​ឆ្នាំ​
images/articles/2895/____________tpic.jpg
សមណសក្យបុត្រតែងឆាន់បិណ្ឌបាតប្រកបដោយធម៌
ផ្សាយ : ២៣ មេសា ឆ្នាំ២០២៤
សូចិមុខីសូត្រ (សមណសក្យបុត្រតែងឆាន់បិណ្ឌបាតប្រកបដោយធម៌) សម័យមួយ ព្រះសារីបុត្តមានអាយុ គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ លំដាប់នោះ ព្រះសារីបុត្តមានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រនិងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅចូលកាន់ក្រុងរាជគ្រឹះ ដើម្បីបិណ្ខបាត លុះចូលទៅបិណ្ខបាតតាមលំដាប់ច្រកក្នុងរាជគ្រឹះហើយ បានទៅគង់អាស្រ័យក្បែរជើងជញ្ចាំងមួយ ឆាន់ចង្ហាន់បិណ្ខបាតនោះ ។ គ្រានោះ បរិព្វាជិកាឈ្មោះសូចិមុខី បានចូលទៅរកព្រះសារីបុត្តមានអាយុ លុះចូលទៅដល់ហើយ បាននិយាយនឹងព្រះសារីបុត្តមានអាយុដូច្នេះថា បពិត្រសមណៈ លោកឱនមុខឆាន់ឬអ្វី ។ នែប្អូនស្រី អាត្មាមិនមែនឱនមុខ ឆាន់ទេ ។ បពិត្រសមណៈ បើដូច្នោះ លោកងើយមុខឆាន់ឬ ។ ម្នាលប្អូនស្រី អាត្មាមិនមែនងើយមុខឆាន់ទេ ។ បពិត្រសមណៈ បើដូច្នោះ លោកបែរមុខទៅកាន់ទិសធំ (ទាំងបួន) ឆាន់ឬអ្វី ។ ម្នាលប្អូនស្រី អាត្មាមិនមែនបែរមុខទៅកាន់ទិសធំឆាន់ទេ ។ បពិត្រសមណៈ បើដូច្នោះ លោកងាកមុខទៅកាន់ទិសតូច (ទាំងបួន) ឆាន់ឬអ្វី ។ ម្នាលប្អូនស្រី អាត្មាមិនមែនងាកមុខទៅកាន់ទិសតូចឆាន់ទេ ។ ចុះព្រោះហេតុដូចម្តេច កាលដែលខ្ញុំសួរលោកថា បពិត្រសមណៈ លោកឱនមុខឆាន់ឬអ្វី លោកឆ្លើយថា នែប្អូនស្រី អាត្មាមិនមែនឱនមុខ ឆាន់ទេ កាលដែលខ្ញុំសួរលោកថា បពិត្រសមណៈ បើដូច្នោះ លោកងើយមុខឆាន់ឬអ្វី លោកឆ្លើយថា នែប្អូនស្រី អាត្មាមិន​មែន​ងើយមុខឆាន់ទេ កាលដែលខ្ញុំសួរលោកថា បពិត្រសមណៈ បើដូច្នោះ លោកបែរមុខទៅកាន់ទិសធំឆាន់ឬអ្វី លោកឆ្លើយថា នែប្អូនស្រី អាត្មាមិនមែនបែរមុខទៅកាន់ទិសធំឆាន់ទេ កាលដែលខ្ញុំសួរលោកថា បពិត្រសមណៈ បើដូច្នោះ លោកងាកមុខកាន់ទិសតូចឆាន់ឬអ្វី លោកឆ្លើយថា នែប្អូនស្រី អាត្មាមិនមែនងាកមុខទៅកាន់ទិសតូចឆាន់ទេ បពិត្រសមណៈ ចុះលោកឆាន់ដូម្តេចវិញ ។ នែប្អូនស្រី ពួកសមណព្រាហ្មណ៍ណានីមួយ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាមើល​ទាយ​ចម្ការ​ទីដី ម្នាលប្អូនស្រី សមណព្រាហ្មណ៍ពួកនេះ ហៅថា អ្នកឱនមុខឆាន់ ។ ម្នាលប្អូនស្រី ពួក​សមណ​ព្រាហ្មណ៍​ណានីមួយចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាមើលខាងនក្ខត្តឫក្ស នែប្អូនស្រី សមណព្រាហ្មណ៍ពួកនេះ ហៅថា អ្នកងើយមុខឆាន់ ។ នែប្អូនស្រី ពួកសមណព្រាហ្មណ៍ណានីមួយ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះការប្រកបរឿយ ៗ នូវទូតកម្ម និងការបញ្ជូនដំណឹង នែប្អូនស្រី សមណព្រាហ្មណ៍ពួកនេះ ហៅថា បែរមុខទៅកាន់ទិសធំឆាន់ ។ នែប្អូនស្រី ពួកសមណព្រាហ្មណ៍ណានីមួយ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាមើលខាងអង្គសម្បត្តិ (ទាយលក្ខណៈ) នែប្អូនស្រី សមណព្រាហ្មណ៍ពួកនេះ ហៅថា បែរមុខទៅកាន់ទិសតូចឆាន់ ។ នែប្អូនស្រី អាត្មាមិនមែនចិញ្ចឹមជីវិតដោយ មិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាមើលទាយចម្ការទេ អាត្មាមិនមែនចិញ្ចឹមដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាមើលទាយនក្ខត្តឫក្ស អាត្មាមិនមែនចិញ្ចឹមដោយមិច្ឆាជីវៈ ព្រោះការប្រកបរឿយ ៗ នូវទូតកម្មនិងការបញ្ជូនដំណឹងទេ អាត្មាមិនមែនចិញ្ចឹមដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាទាយអង្គសម្បត្តិទេ អាត្មាតែងស្វែងរកភិក្ខាដោយធម៌ លុះស្វែងរកភិក្ខាបានដោយធម៌ហើយ ទើបឆាន់ ។ គ្រានោះ សូចិមុខីបរិព្វាជិកា ចេញអំពីច្រកចូលទៅកាន់ច្រកចេញពីផ្លូវត្រឡែងកែង ចូលទៅកាន់ផ្លូវត្រឡែងកែង ក្នុងក្រុងរាជគ្រឹះ បា្រប់គេយ៉ាងនេះថា សមណសក្យបុត្រទាំងឡាយ តែងឆាន់អាហារប្រកបដោយធម៌ សមណសក្យបុត្រ ទាំងឡាយ តែងឆាន់អាហារ ដែលមិនមានទោស អ្នកទាំងឡាយ ចូលប្រគេនដុំបាយដល់ពួក សមណសក្យបុត្រផងចុះ ។ ចប់ សូចិមុខីសូត្រ ៕ (សុត្តន្តបិដក សំយុត្តនិកាយ ខន្ធវគ្គ សារិបុត្តសំយុត្ត បិដកលេខ ៣៤ ទំព័រ ១៨៩) ដោយ៥០០០ឆ្នាំ
images/articles/2945/tpic.jpg
សារៈសំខាន់នៃថ្ងៃវិសាខបូជា
ផ្សាយ : ២៣ មេសា ឆ្នាំ២០២៤
វិសាខបូជា ពាក្យថា “វិសាខបូជា” មកពីពាក្យថា “វិសាខបុណ្ណមីបូជា” ប្រែថា ការបូជាក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ ថ្ងៃវិសាខបូជានេះ ព្រោះថ្ងៃនេះជាថ្ងៃដែលកត់សម្គាល់ដល់ហេតុការណ៍អស្ចារ្យ ៣ យ៉ាង កើតឡើងផ្ទួនគ្នាទាក់ទងនឹងខ្សែជីវិតរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ គឺមានន័យថា ថ្ងៃនេះ ពុទ្ធសាសនិកជននៅទូទាំងពិភពលោកនាំគ្នារឭកនឹក​ដល់ថ្ងៃប្រសូត ថ្ងៃត្រាស់ដឹង និងថ្ងៃបរិនិព្វានរបស់ព្រះបរមសាស្តា។ សារៈសំខាន់នៃថ្ងៃវិសាខបូជា ១. ថ្ងៃវិសាខបូជា ចាត់ជាថ្ងៃកំណើតរបស់ព្រះពុទ្ធសាសនា ២. ថ្ងៃវិសាខបូជា ចាត់ជាថ្ងៃដែលអង្គការសហប្រជាជាតិ ទទួលស្គាល់ជាផ្លូវការតាមសម្នើរបស់ពុទ្ធបរិស័ទនៅក្នុងថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ១៩៩៩​ ថាពិអីបុណ្យវិសាខបូជានេះ គឺជាពិធីបុណ្យអន្តរជាតិមួយ ដែលគេអាចប្រារព្ធធ្វើទៅតាមការិយាល័យទាំងឡាយរបស់អង្គការ សហប្រជាជាតិទូទាំងពិភពលោក ហើយក៏ជាបុណ្យអន្តរជាតិផងដែរ។ ក្នុងសម័យប្រជុំ​អន្តរជាតិ​នៃ​ក្រុមប្រឹក្សា​ផ្នែក​ពុទ្ធសាសនា ស្ដីអំពី “ទិវា-យូអិន-វិសាខា” ឬ “បុណ្យ​វិសាខបូជានៃ​អង្គការ​សហប្រជាជាតិ” នេះ បាន​ចាប់​ផ្ដើម​ដំបូង​នៅ​ក្នុង​ឆ្នាំ​ ២០០៤ នៅ​ក្នុង​ប្រទេស​ថៃ។ តាំង​ពី​ពេល​នោះ​មក សន្និសីទ​អន្តរជាតិ​នេះ បាន​ប្រព្រឹត្ត​ទៅ​ជា​រៀងរាល់​ឆ្នាំ ប៉ុន្តែ​ភាគច្រើនតែ​ធ្វើ​នៅមុន​ថ្ងៃ ១៥​ កើត ខែ​ពិសាខ ដែល​ជា​ថ្ងៃបុណ្យ​វិសាខបូជា។ ប្រទេស​ថៃ បាន​ទទួល​រៀបចំ​កិច្ច​ប្រជុំ​នេះជា​ច្រើន​លើក​មក​ហើយ។ រី​ឯ​ប្រទេស​វៀតណាម ក៏បាន​ស្ម័គ្រ​ទទួល​នាទី​រៀបចំនូវ​សន្និសីទ​ស្ដីអំពី “ទិវា-យូអិន-វិសាខា” នេះចំនួនពីរ​ដង ​រួច​មក​ហើយ​ដែរ គឺ​កាល​ពី​អំឡុងឆ្នាំ ​២០១៣ និង​ឆ្នាំ ​២០០៨។ ៣. ថ្ងៃវិសាខបូជានេះ គឺចាត់ជាថ្ងៃសន្តិភាពពិភពលោក ព្រោះព្រះសម្មាសម្ពុទ្ធជាម្ចាស់បង្រេ៳នមនុស្សជាតិឲ្យស្វែងរកសន្តិសុខ និង​សន្តិភាពទាំងខាងក្នុង និងខាងក្រៅ។ ៤. ថ្ងៃវិសាខបូជា ចាត់ជាថ្ងៃរំឭកគុណ គឺព្រះមហាករុណាគុណ ព្រះវិសុទ្ធិគុណ និង ព្រះបញ្ញាគុណរបស់ព្រះសមណគោតម ដែលជាព្រះបរមសាស្តានៃលោក។ ៥. ថ្ងៃវិសាខបូជា ចាត់ជាថ្ងៃព្រះពុទ្ធ ព្រោះទាក់ទងនឹងខ្សែជីវិតរបស់ព្រះពុទ្ធជាម្ចាស់។ ដោយ៥០០០ឆ្នាំ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.88
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿