ថ្ងៃ សៅរ៍ ទី ២៣ ខែ តុលា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៤២,៣២៧
Today
ថ្ងៃម្សិលមិញ ២០៤,៤៨១
ខែនេះ ៤,១៩៧,៩៧៨
សរុប ២២៨,៩៧២,៧៦១
free counters
កំពុងទស្សនា ចំនួន
ធម៌ជំនួយស្មារតី
images/articles/2666/_______________xtpic.jpg
ផ្សាយ : ០៦ តុលា ឆ្នាំ២០២១ (អាន: ២៧៨១៨ ដង)
ផ្កាឈូកជាបុព្វនិមិត្តនៃសុញ្ញកប្ប និង អសុញ្ញកប្ប ។ ការកំណត់រយៈកាលនៃអាយុផែនដី ឈ្មោះថា កប្ប ក្នុងទីនេះ ។ កប្បមានពីរប្រភេទគឺ សុញ្ញកប្ប ១ អសុញ្ញកប្ប ១ ។ ១. សុញ្ញកប្ប ។ សុញ្ញកប្បមាន ៤ យ៉ាងគឺ ៖ 1. សុញ្ញមហាកប្ប បានដល់មហាកប្បដែលមិនមានព្រះពុទ្ធត្រាស់ដឹង 2. សុញ្ញអសង្ខេយ្យ បានដល់សំវដ្ដអសង្ខេយ្យកប្ប សំវដ្ដដ្ឋាយីអសង្ខេយ្យ វិវដ្ដអសង្ខេយ្យ 3. សុញ្ញអន្តរកប្ប បានដល់អន្តរកប្បដែលមិនមានព្រះពុទ្ធត្រាស់ដឹង 4. សុញ្ញអាយុកប្ប បានដល់ក្នុងរវាងមនុស្សមានអាយុវែងច្រើនជាងមួយសែនឆ្នាំឡើងទៅ និងតិចជាងមួយរយឆ្នាំចុះមក ។ តើសុញ្ញកប្បសំដៅដល់កប្បយ៉ាងណា ? ក្នុងអដ្ឋកថាបញ្ជាក់ច្បាស់ថា «ដែលឈ្មោះថា សុញ្ញកប្ប សំដៅដល់កប្បដែលមិនមានព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ និងស្ដេចចក្រពត្តិ កើតក្នុងកប្បនោះ» ។ ២. អសុញ្ញកប្ប ។ អសុញ្ញកប្ប មានន័យថា កប្បដែលមិនសូន្យចាកបុគ្គល សម្បូរដោយគុណធម៌ មានព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ និងស្ដេចចក្រពត្តិ តែងកើតក្នុងកប្បនោះ ។ អសុញ្ញកប្បនេះមាន ៥ យ៉ាងគឺ ៖ សារកប្ប១ មណ្ឌកប្ប១ វរកប្ប១ សារមណ្ឌកប្ប១ និងភទ្ទកប្ប១ ។ សមដូចបរមត្ថទីបនីអដ្ឋកថាគម្ពីរអបទានបញ្ជាក់ថា ៖ • សារកប្ប មានព្រះពុទ្ធ ១ ព្រះអង្គត្រាស់ដឹងក្នុងកប្បនោះ • មណ្ឌកប្ប មានព្រះពុទ្ធ ២ ព្រះអង្គត្រាស់ដឹងក្នុងកប្បនោះ • វរកប្ប មានព្រះពុទ្ធ ៣ ព្រះអង្គត្រាស់ដឹងក្នុងកប្បនោះ • សារមណ្ឌកប្ប មានព្រះពុទ្ធ ៤ ព្រះអង្គត្រាស់ដឹងក្នុងកប្បនោះ • ភទ្ទកប្ប មានព្រះពុទ្ធ ៥ ព្រះអង្គត្រាស់ដឹងក្នុងកប្បនោះ ។ សមដូចបោរាណាចារ្យប្រព័ន្ធជាគាថាថា ៖ ព្រះពុទ្ធ ១ អង្គប៉ុណ្ណោះ កើតឡើងក្នុងសារកប្ប ។ ព្រះពុទ្ធត្រឹម ២ អង្គប៉ុណ្ណោះមានក្នុងមណ្ឌកប្ប ។ ព្រះពុទ្ធ ៣ អង្គកើតឡើងក្នុងវរកប្ប ។ ក្នុងសារមណ្ឌកប្ប មានព្រះពុទ្ធ ៤ ព្រះអង្គ ។ ចំណែកភទ្ទកប្ប ជាកប្បដ៏ចម្រើនមានព្រះពុទ្ធត្រាស់ដឹងរហូតដល់ទៅ ៥ ព្រះអង្គ ព្រះជិនស្រីទ្រង់មិនត្រាស់ដឹងក្នុងកប្បដទៃដែលជាសុញ្ញកប្បឡើយ ។ នៅក្នុងអដ្ឋកថាអនាគតវង្សថា «ក្នុងមហាកប្បនីមួយៗនឹងមានព្រះពុទ្ធត្រាស់ដឹងឡើង ៦ ឬ ៧ ព្រះអង្គនោះ មិនមានឡើយ» ។ (សេចក្ដីខាងលើនេះដកស្រង់ចាកមាគ៌ាជីវិតនៃព្រះពោធិសត្វ) ។ សេចក្ដីពន្យល់ក្នុងគម្ពីរអដ្ឋកថាសុមង្គលវិលាសិនី បទថា ភទ្ទកប្បេ សេចក្តីថា ក្នុងសុន្ទរកប្ប គឺ ក្នុងសារកប្ប ព្រោះប្រដាប់ដោយការកើតឡើងនៃព្រះពុទ្ធទាំងឡាយ ៥ ព្រះអង្គ ព្រោះហេតុនោះ ព្រះមានព្រះភាគកាលទ្រង់ សរសើរកប្បនេះ ទើបត្រាស់ថា ភទ្ទកប្ប យ៉ាងនេះ ។ ដូចបានជ្រាបមកថា តាំងពីព្រះមានព្រះភាគរបស់យើងទាំងឡាយ ទ្រង់បំពេញអភិនិហារ រមែងមិនមានសូម្បីក្នុងកប្បមួយ ក្នុងចន្លោះនោះ ដែលព្រះពុទ្ធ ៥ ព្រះអង្គ ទ្រង់ឧប្បត្តិឡើង ។ ប៉ុន្តែមុនអភិនិហាររបស់ព្រះមានព្រះភាគរបស់យើងទាំងឡាយ ព្រះពុទ្ធ ៤ ព្រះអង្គ គឺ ព្រះតណ្ហង្ករ ព្រះមេធង្ករ ព្រះសរណង្ករ ព្រះទីបង្ករទ្រង់ឧប្បត្តិហើយ ក្នុងកប្ប តែមួយ ។ ក្នុងចំណែកដែលផុតអំពីព្រះពុទ្ធទាំង (បួននេះ) ហើយ បានសូន្យទទេចាកព្រះពុទ្ធ ដល់ទៅមួយអសង្ខេយ្យ ។ ក្នុងទីបំផុតនៃមួយអសង្ខេយ្យកប្ប ព្រះពុទ្ធព្រះនាមថា កោណ្ឌញ្ញៈ តែមួយព្រះអង្គប៉ុណ្ណោះ ទ្រង់ឧប្បត្តិឡើងក្នុងកប្បមួយ ។ តអំពីនោះ ក៏សូន្យចាកព្រះពុទ្ធអស់ មួយអសង្ខេយ្យកប្បទៀត ។ ក្នុងទីបំផុតនៃមួយអសង្ខេយ្យកប្ប មានព្រះពុទ្ធ ៤ ព្រះអង្គ គឺព្រះសុមង្គលៈ ព្រះសុមនៈ ព្រះរេវតៈ ព្រះសោភិតៈ ទ្រង់ឧប្បត្តិឡើងក្នុងកប្បមួយ ។ បន្ទាប់ ពីនោះ ក៏សូន្យចាកព្រះពុទ្ធអស់មួយអសង្ខេយ្យទៀត ។ ក្នុងទីបំផុតនៃមួយអសង្ខេយ្យកប្ប តអំពីនោះទៀត អសង្ខេយ្យក្រៃលែងដោយមួយសែនកប្ប មានព្រះពុទ្ធ ៣ ព្រះអង្គ គឺ ព្រះអនោមទស្សី ព្រះបទុមៈ ព្រះនារទៈ ទ្រង់ឧប្បត្តិឡើង ក្នុងកប្បមួយ ។ សូម្បីអំពីនោះ ក៏សូន្យចាកព្រះពុទ្ធអស់មួយអសង្ខេយ្យ ។ ក្នុងបំផុតអសង្ខេយ្យកប្ប និងថែមសែនកប្ប ព្រះដ៏មានព្រះភាគព្រះនាមថា ព្រះបទុមុត្តរៈ តែមួយព្រះអង្គប៉ុណ្ណោះ ទ្រង់ឧប្បត្តិឡើងក្នុង កប្បមួយ ។ តអំពីនេះទៀត បីម៉ឺនកប្ប មានព្រះពុទ្ធពីរព្រះអង្គ គឺ ព្រះសុមេធៈ ព្រះសុជាតៈ ទ្រង់ឧប្បត្តិឡើងក្នុងកប្បមួយ ។ ក្នុងចំណែកដ៏សេសអំពីនេះ តទៅទៀត ១៨០០០ កប្ប មានព្រះពុទ្ធ ៣ ព្រះអង្គ គឺព្រះបិយទស្សី ព្រះអត្ថទស្សី ព្រះធម្មទស្សី ទ្រង់ឧប្បត្តិឡើងក្នុងកប្ប មួយ ។ តពីនេះទៅ ៩៤ កប្ប ព្រះពុទ្ធព្រះនាមសិទ្ធត្ថៈ ព្រះផុស្សៈ ទ្រង់ឧប្បត្តិឡើងក្នុងកប្ប មួយ ។ តពីនេះទៅ ៩១ កប្ប មានព្រះមានព្រះភាគព្រះនាមថា វិបស្សី ទ្រង់ឧប្បត្តិឡើង ។ តអំពីនេះ ៣១ កប្ប មានព្រះពុទ្ធពីរព្រះអង្គ គឺ ព្រះសិខី ព្រះវេស្សភូ ទ្រង់ឧប្បត្តិឡើង ។ ក្នុងភទ្ទកប្បនេះ មានព្រះពុទ្ធ ៤ ព្រះអង្គ គឺ ព្រះកកុសន្ធៈ ព្រះកោណាគមនៈ ព្រះកស្សបៈ និងព្រះគោតមរបស់យើងទាំងឡាយ ទ្រង់ឧប្បត្តិឡើង ឯព្រះមេត្តេយ្យៈ ទ្រង់នឹងឧប្បត្តិ ឡើងជាខាងក្រោយ ។ កប្បនេះ ជាសុន្ទរកប្ប ជាសារកប្ប ព្រោះប្រដាប់ដោយការកើតឡើងណៃព្រះពុទ្ធទាំងឡាយ ៥ ព្រះអង្គ ដោយប្រការយ៉ាងនេះ ព្រោះហេតុនោះ ព្រះមានព្រះភាគជាម្ចាស់ កាលទ្រង់សរសើរកប្បនេះ ទើបត្រាស់យ៉ាងនេះ ។ សួរថា ហេតុការណ៍ដែលថា ព្រះពុទ្ធប្រមាណប៉ុណ្ណេះឧប្បត្តិឡើងហើយក្តី នឹងឧប្បត្តិ ឡើងក្តី ក្នុងកប្បនេះ រមែងប្រាកដដល់ព្រះពុទ្ធទាំងឡាយតែប៉ុណ្ណោះ ឬថា ប្រាកដសូម្បីដល់ អ្នកដទៃដែរ ? ឆ្លើយថា រមែងប្រាកដសូម្បីដល់អ្នកដទៃផង ។ សួរថា ប្រាកដដល់នរណា ? ឆ្លើយថា រមែងប្រាកដដល់ព្រហ្មជាន់សុទ្ធាវាស ។ ពិតមែន ក្នុងកាលជាទីសាងឡើងនៃកប្បនោះ កាលលោកសន្និវាសតាំងនៅអស់មួយ សំវដ្ដដ្ឋាយីអសង្ខេយ្យកប្ប ភ្លៀងក៏ចាប់ផ្តើមធ្លាក់ដើម្បីប្រយោជន៍ដល់ការសាងឡើងនៃលោក ។ មុនដំបូងគ្រាប់ភ្លៀងនោះប្រាកដូចទឹកសន្សើមដែលធ្លាក់ក្នុងទីបំផុតនៃដែន ។ តពីនោះ ក៏មានជាតំណក់ទឹក ប្រមាណប៉ុនគ្រាប់ល្ង ប៉ុនកន្ទក់ ប៉ុនគ្រាប់អង្ករ ប៉ុនគ្រាប់សណ្តែក បាយ ប៉ុនគ្រាប់សណ្តែករាជមាស ប៉ុនផ្លែពុទ្រា ប៉ុនផ្លែកន្ទួតព្រៃ ប៉ុនផ្លែល្ពៅ ប៉ុនផ្លែត្រឡាច ប៉ុនផ្លែឃ្លោក ជាខ្សែទឹកចម្រើនឡើងដោយលំដាប់ មានប្រមាណមួយឧសភៈ (មួយឧសភៈស្មើនឹង ២០ ម៉ែត្រ) ពីរឧសភៈ កន្លះគាវុត មួយគាវុត ពីរគាវុត កន្លះយោជន៍ មួយយោជន៍ ពីរយោជន៍ ។ល។ មួយរយយោជន៍ មួយពាន់យោជន៍ មួយសែនយោជន៍ តាំងនៅបរិបូណ៌ក្នុងចន្លោះមួយសែនកោដិចក្រវាឡដរាបដល់អវិនដ្ឋព្រហ្មលោក (គឺ អាភស្សរព្រហ្មលោក, សុភកិណ្ហព្រហ្មលោក, វេហប្ផលព្រហ្មលោក) ។ លំដាប់នោះ ទឹកនោះស្រកចុះតាមលំដាប់ កាលទឹកស្រកចុះ ទេវលោកទាំងឡាយរមែងតាំងនៅក្នុងទីរបស់ទេវលោកជាប្រក្រតី ។ វិធីសាងលោកទាំងនោះ លោកពោលទុកហើយ ក្នុងបុព្វេនិវាសកថា ក្នុងវិសុទ្ធិមគ្គ ។ ចំណែកឋានដែលត្រូវសាងជាតាំងនៃមនុស្សលោក រមែងតាំងនៅលើទឹកនោះ ដោយអំណាចខ្យល់ ហាក់បីដូចទឹកដែលចូលទៅក្នុងមាត់ធម្មក្រកដែលបិទជិត ។ ផែនដីរមែងតាំងនៅ ហាក់បីដូចស្លឹកឈូកនៅលើផ្ទៃទឹក ។ ស្ថានទីមហាពោធិបល្ល័ង្ក កាលលោកវិនាស ក៏វិនាសក្រោយ កាលលោកតាំងឡើង ក៏ប្រាកដឡើងមុន ។ ក្នុងស្ថានទីមហាពោធិបល្ល័ង្កនោះ មានឈូកមួយគុម្ព បានកើតឡើងជាបុព្វនិមិត្ត ប្រសិនបើក្នុងកប្បនោះ មានព្រះពុទ្ធនឹងឧប្បត្តិ ផ្កាឈូករមែងកើតឡើង (ជានិមិត្ត) បើព្រះពុទ្ធមិនឧប្បត្តិទេ ផ្កាឈូកនឹងមិនកើតដែរ ។ បើព្រះពុទ្ធនឹងឧប្បត្តិឡើង ១ អង្គ ផ្កាឈូកក៏កើតឡើង ១ ផ្កា ។ បើព្រះពុទ្ធ ២ អង្គ ៣ អង្គ ៤ អង្គ ៥ អង្គ ផ្កាឈូកក៏កើត (២, ៣, ៤) ៥ ផ្កា ។ មួយទៀត ផ្កាឈូកទាំងនោះ ជាផ្កាមានចង្កោមជាប់គ្នាក្នុងទងតែមួយប៉ុណ្ណោះ ។ សុទ្ធាវាព្រហ្មទាំងឡាយបបួលគ្នាថា ម្នាលអ្នកនិរទុក្ខទាំងឡាយ ពួកយើងចូរមក នឹងឃើញនូវបុព្វនិមិត្ត ហើយនាំគ្នាកាន់ស្ថានទីមហាពោធិបល្ល័ង្ក ។ បើក្នុងកប្បដែលព្រះពុទ្ធទាំងឡាយមិនឧប្បត្តិឡើង ផ្កាឈូកក៏មិនមានដែរ ។ ពួកព្រហ្មទាំងឡាយនោះឃើញគុម្ពឈូកមិនមានផ្កា ក៏មានសេចក្តីសង្វេគថា ម្នាលគ្នាយើង លោកនឹងងងឹតឈឹងហ្ម៎, សត្វទាំងឡាយត្រូវភាពងងឹតគ្របសង្កត់ហើយ នឹងពេញក្នុងអបាយ, ទេវលោក ៦ ព្រហ្មលោក ៩ នឹងទំនេរ ។ កាលបានឃើញផ្កាឈូកក្នុងវេលារីកឡើង នាំគ្នាសប្បាយចិត្តថា កាលព្រះសព្វញ្ញូពោធិសត្វទ្រង់ឈានចុះកាន់គភ៌ព្រះមាតា ទ្រង់ប្រសូត ទ្រង់ត្រាស់ដឹង ទ្រង់ញុំាងធម្មចក្រឲ្យប្រព្រឹត្តទៅ ទ្រង់ធ្វើយមកបាដិហារ្យ ទ្រង់យាងចុះចាកទេវលោក ទ្រង់ដាក់អាយុសង្ខារ ស្តេចរំលត់ខន្ធបរិនិព្វាន ពួកយើងនឹងឃើញបាដិហារ្យ ដែលធ្វើឲ្យម៉ឺនចក្រវាឡញាប់ញ័រ ហើយក៏មានចិត្តគិតថា អបាយទាំង ៤ នឹងវិនាសសាបសូន្យ, ទេវលោក ៦ ព្រហ្មលោក ៩ នឹងបរិបូណ៌ ដូច្នេះហើយក៏នាំគ្នាថ្លែងឧទានទៅកាន់ព្រហ្មលោករបស់ខ្លួនរៀងៗខ្លួន ។ ម្យ៉ាងទៀត ផ្កាឈូកទាំងឡាយ ៥ កើតឡើងហើយក្នុងភទ្ទកប្បនេះ ។ ព្រះពុទ្ធទាំងឡាយ ៤ អង្គបានកើតឡើងដោយអានុភាពនៃនិមិត្តទាំងឡាយនោះ ហើយអង្គទី ៥ នឹងកើតឡើង ។ សូម្បីសុទ្ធាវាសព្រហ្មទាំងឡាយបានឃើញផ្កាឈូកទាំងនោះ ទើបដឹងនូវសេចក្ដីនោះ ។ ព្រោះហេតុនោះ លោកទើបពោលថា សេចក្តីនោះជាការប្រាកដ សូម្បីដល់បុគ្គលដទៃដោយប្រការដូច្នេះ ។ (សុមង្គលវិលាសិនី អដ្ឋកថា ទីឃនិកាយ មហាវគ្គ មហាបទានសុត្តវណ្ណនា បុព្ពេនិវាសបដិសំយុត្តកថា) ដោយ ខេមរ អភិធម្មាវតារ ។ ដោយ៥០០០ឆ្នាំ
images/articles/2669/est443pic.jpg
ផ្សាយ : ០៦ តុលា ឆ្នាំ២០២១ (អាន: ៥០០២៦ ដង)
អាយុវឌ្ឍនកុមារវត្ថុ (រឿងកុមារដែលចម្រើនដោយអាយុឬកុមារដែលមានអាយុវែង) សេចក្ដីផ្ដើម ព្រះសាស្តាកាលទ្រង់គងនៅនាកុដិក្នុងព្រៃ ដែលអាស្រ័យនឹងទីឃលង្ឃិកនគរ ទ្រង់ ប្រារព្ធអាយុវឌ្ឍនកុមារ បានត្រាស់ព្រះធម្មទេសនានេះថា “អភិវាទនសីលិស្ស“ ដូច្នេះ (ជាដើម) ។ ព្រាហ្មណ៍ជាសម្លាញ់​ពីរនាក់ចេញបួសបានឮថា ព្រាហ្មណ៍ពីរនាក់ ដែលមានប្រក្រតីនៅក្នុងទីឃលង្ឃិកនគរ បួសក្នុង លទ្ធិខាងក្រៅព្រះពុទ្ធសាសនា ហើយបានបំពេញតបៈអស់រយកាល ៤៨ ឆ្នាំ ។ បណ្តា ព្រាហ្មណ៍ទាំងពីរនាក់នោះ ព្រាហ្មណ៍ម្នាក់គិតថា (ប្រសិនបើយើងបួសដូច្នេះរហូត) ប្រពៃណីរបស់យើងនឹងសាបសូន្យ (ដើម្បីកុំឲ្យប្រពៃណីរបស់យើងសាបសូន្យ) យើងត្រូវតែ សឹក លុះគិតដូច្នេះហើយ ក៏លក់បរិក្ខារដែលសម្រាប់ធ្វើតបៈនោះឲ្យដល់បុគ្គលដទៃ (ហើយក៏សឹកទៅ មិនយូរប៉ុន្មាន) ព្រាហ្មណ៍នោះបានភរិយាព្រមទាំងគោ ១០០ ក្បាល និងទ្រព្យ ១០០ កហាបណៈ ហើយគាត់ក៏ញ៉ាំងទ្រព្យឲ្យតាំងនៅ (ដោយប្រការដូច្នេះ) ។ ក្នុងកាលជាខាងក្រោយមក ភរិយារបស់គាត់ប្រសូត្របានបុត្រមួយ ។ ចំណែកសម្លាញ់របស់គាត់ ទៅកាន់នគរផ្សេងហើយក៏ត្រឡប់មកកាន់នគរនោះវិញ ។ គាត់បានឮថា សម្លាញ់នោះមក ក៏នាំបុត្រនិងភរិយាទៅជួប, លុះទៅដល់ហើយក៏បានឲ្យបុត្រទៅភរិយា ហើយចូលទៅថ្វាយបង្គំមុន ។ ចំណែកស្រ្តីដែលជាភរិយាក៏ឲ្យបុត្រទៅស្វាមី ហើយក៏ចូលទៅថ្វាយបង្គំដែរ ។ សម្លាញ់នោះពោលថា ទីឃាយុកា ហោថ សូមអ្នកទាំងពីរចូរជាអ្នកមានអាយុ វែង ។ ប៉ុន្តែ កាលព្រាហ្មណ៍ជាស្វាមី និងភរិយា ឲ្យបុត្រថ្វាយបង្គំ សម្លាញ់នោះនៅស្ងៀម ។ ព្រាហ្មណ៍សួរហេតុដែលសម្លាញ់មិនឲ្យពរដល់បុត្រ គ្រានោះ ព្រាហ្មណ៍បានពោលនឹងសម្លាញ់នោះថា បពិត្រលោកម្ចាស់ដ៏ចម្រើន ព្រោះហេតុអ្វី កាលខ្ញុំថ្វាយបង្គំ លោកម្ចាស់ពោលថា សូមឲ្យអ្នកមានអាយុវែង លុះ ក្មេងនេះថ្វាយបង្គំ លោកម្ចាស់មិនបានពោលពាក្យអ្វីៗ សោះ ? សម្លាញ់នោះពោលថា ម្នាលព្រាហ្មណ៍ អន្តរាយអ្វីមួយនឹងកើតឡើងដល់ក្មេងនេះ ។ ព្រាហ្មណ៍ពោលថា បពិត្រលោកម្ចាស់ដ៏ចម្រើន ក្មេងនេះនឹងរស់នៅបានកាលប៉ុន្មាន ថ្ងៃ ? សម្លាញ់ពោលថា ម្នាលព្រាហ្មណ៍ ក្មេងនេះរស់នៅបាន ៧ ថ្ងៃ ។ ព្រាហ្មណ៍ពោលថា បពិត្រលោកម្ចាស់ ហេតុដែលជាគ្រឿងការពារមានដែរឬទេ ? សម្លាញ់ពោលថា យើងមិនដឹងហេតុដែលជាគ្រឿងការពារទេ ។ ព្រាហ្មណ៍ពោលថា បពិត្រលោកម្ចាស់ បុគ្គលណាទើបដឹង ? សម្លាញ់ពោលថា ម្នាលព្រាហ្មណ៍ មានតែព្រះសមណគោតមមួយព្រះអង្គប៉ុណ្ណោះ ដែលទ្រង់ជាអ្នកដឹង លោកចូរទៅកាន់សំណាក់របស់ព្រះសមណគោតមនោះ ហើយសួរចុះ ។ ព្រាហ្មណ៍ពោលថា ខ្ញុំទៅកាន់ទីនោះ ខ្លាចតែសាបសូន្យតបៈ ។ សម្លាញ់ពោលថា បើអ្នកស្រឡាញ់បុត្ររបស់អ្នក អ្នកកុំគិតដល់ការសាបសូន្យនៃតបៈ ឡើយ ចូរទៅកាន់សំណាក់របស់ព្រះសមណគោតមនោះ ហើយទូលសួរចុះ ។ ព្រាហ្មណ៍ជាបិតារបស់ក្មេងនោះទៅគាល់ព្រះសាស្តា ព្រាហ្មណ៍នោះ ទៅកាន់សំណាក់ព្រះសាស្តាហើយ ថ្វាយបង្គំខ្លួនឯងមុន ។ ព្រះសាស្តាត្រាស់ថា ទីឃាយុកោ ហោហិ “សូមអ្នកចូរជាអ្នកមានអាយុវែងចុះ“ សូម្បីក្នុងកាលដែលបជាបតិ (ប្រពន្ធ) របស់ព្រាហ្មណ៍ថ្វាយបង្គំ ក៏ត្រាស់ដូច្នោះដែរ ក្នុងពេល ដែលគាត់ឲ្យបុត្ររបស់គាត់ថ្វាយបង្គំ ព្រះសាស្តាទ្រង់គង់នៅស្ងៀម ។ គាត់ក៏ទូលសួរ ព្រះសាស្តា ដោយន័យដូចមុននោះឯង ។ សូម្បីព្រះសាស្តាក៏ទ្រង់ព្យាករដល់គាត់យ៉ាងនោះ ដូច្នោះដែរ ។ បានឮថា ព្រាហ្មណ៍នោះមិនត្រាស់ដឹងនូវសព្វញ្ញុតញ្ញាណ ទើបប្រៀបផ្ទឹមមន្តរបស់ ខ្លួននឹងសព្វញ្ញុតញ្ញាណរបស់ព្រះសម្មាសម្ពុទ្ធ ប៉ុន្តែគាត់មិនដឹងឧបាយ ដែលជាគ្រឿង ការពារនូវអន្តរាយនោះ ។ ព្រះសាស្តាត្រាស់ប្រាប់ឧបាយជាគ្រឿងការពារអន្តរាយ ព្រាហ្មណ៍ទូលសួរព្រះសាស្តាថា បពិត្រព្រះអង្គដ៏ចម្រើន ចុះឧបាយដែលជាគ្រឿង ការពារមានដែរឬទេ ព្រះអង្គ ? ព្រះសាស្តាត្រាស់ថា ម្នាលព្រាហ្មណ៍ ឧបាយនោះ មាន ។ ព្រាហ្មណ៍ពោលថា បពិត្រព្រះអង្គដ៏ចម្រើន តើត្រូវធ្វើដូចម្តេច ? ព្រះសាស្តាត្រាស់ថា បើអ្នកអាចធ្វើមណ្ឌប (បារាំ, រោងលាត ដែលសម្រាប់ប្រើការបណ្ដោះអាសន្នមួយដងមួយកាល) ជិតទ្វារផ្ទះរបស់អ្នក ហើយឲ្យគេធ្វើតាំង (តុតូចទាប សម្រាប់អង្គុយឬថ្កល់អ្វីៗ) តម្កល់ទុកត្រង់កណ្តាលមណ្ឌបនោះ រួចក្រាលអាសនៈ ៨ ឬ ១៦ កន្លែង ព័ទ្ធជុំវិញតាំងនោះ ហើយឲ្យសាវករបស់តថាគតអង្គុយលើអាសនៈទាំងនោះ សូធ្យ ព្រះបរិត្ត ៧ ថ្ងៃ កុំឲ្យមានចន្លោះ, អន្តរាយរបស់ក្មេងនោះ គប្បីវិនាសទៅដោយឧបាយ យ៉ាងនេះ ។ ព្រាហ្មណ៍ពោលថា បពិត្រព្រះគោតមដ៏ចម្រើន ខ្ញុំព្រះអង្គអាចធ្វើមណ្ឌបជាដើមបាន, ប៉ុន្តែ ខ្ញុំព្រះអង្គមិនដឹងធ្វើវិធីយ៉ាងណា ដើម្បីបានសាវករបស់ព្រះអង្គ ? ព្រះសាស្តាត្រាស់ថា កាលបើអ្នកធ្វើកិច្ចទាំងនេះរួចស្រេចហើយ តថាគតនឹងបញ្ជូន សាវករបស់តថាគតទៅកាន់ទីនោះ ។ ព្រាហ្មណ៍យល់ព្រមថា ប្រពៃហើយ ព្រះគោតមដ៏ចម្រើន ហើយក៏ធ្វើកិច្ចទាំងអស់ នោះនៅជិតទ្វារផ្ទះរបស់ខ្លួនរួចហើយ បានទៅកាន់សម្នាក់ព្រះសាស្តា ។ ពួកភិក្ខុទៅសូធ្យព្រះបរិត្ត ព្រះសាស្តា ទ្រង់បញ្ជូនភិក្ខុទាំងឡាយទៅកាន់ទីនោះ ។ ភិក្ខុទាំងនោះក៏គង់ក្នុង មណ្ឌបនោះ ។ ព្រាហ្មណ៍​ទាំងពីរនាក់ គឺស្វាមី និងភរិយា ឲ្យក្មេងដេកលើតាំងនោះ ។ ភិក្ខុទាំងឡាយ សូធ្យព្រះបរិត្ត អស់ ៧ យប់ ៧ ថ្ងៃ មិនមានពេលចន្លោះ ។ ក្នុងថ្ងៃទី ៧ ព្រះសាស្តា ស្តេចយាងទៅកាន់ទីនោះដោយព្រះអង្គឯង ។ កាលព្រះសាស្តាស្តេច យាងទៅកាន់ទីនោះ ពួកទេវតាក្នុងចក្រវាឡទាំងអស់ ក៏បានមកប្រជុំគ្នាក្នុងទីនោះដែរ ។ យក្សមួយឈ្មោះអវរុទ្ធកយក្ស បម្រើព្រះបាទវេស្សវ័ណអស់ ១២ ឆ្នាំ កាលបានពរអំពី សម្នាក់ស្តេចវេស្សវ័ណនោះថា ក្នុងថ្ងៃទី ៧ អំពីថ្ងៃនេះ អ្នកគប្បីចាប់យកក្មេងនោះ, ព្រោះហេតុនោះ យក្សនោះ ទើបបានមកឈរនៅទីនោះ ។ កាលព្រះសាស្តាស្តេចយាង ទៅកាន់មណ្ឌបនោះ ពួកទេវតាអ្នកដែលមានសក្តិធំប្រជុំគ្នា ពួកទេវតាដែលមានសក្តិតូច ក៏ថយចេញទៅ មិនបានឱកាសនឹងនៅ ហើយចៀសចេញទៅរហូត ១២ យោជន៍ ។ សូម្បី អវរុទ្ធកយក្ស ក៏បានចៀសចេញទៅឈរនៅទីឆ្ងាយ ដូចគ្នា ។ ក្មេងផុតអន្តរាយត្រឡប់មានអាយុវែង សូម្បីព្រះសាស្តា ក៏ទ្រង់ធ្វើព្រះបរិត្ត រហូតអស់មួយរាត្រី ។ ពេលវេលាបាន កន្លងទៅ ៧ ថ្ងៃ, អវរុទ្ធកយក្សមិនមានឱកាសចាប់ក្មេងនោះ ។ លុះអរុណថ្ងៃទី ៨ រះឡើងភ្លាម ពីរនាក់ស្វាមីភរិយា ក៏នាំក្មេងនោះមកថ្វាយបង្គំព្រះសាស្តា ។ ព្រះសាស្តាត្រាស់ថា ទីឃាយុកោ ហោហិ “សូមអ្នកចូរជាអ្នកមានអាយុវែងចុះ“ ។ ព្រាហ្មណ៍ពោលថា បពិត្រព្រះគោតមដ៏ចម្រើន តើក្មេងនេះនឹងរស់នៅបានយូរ ប៉ុន្មានឆ្នាំ ? ព្រះសាស្តាត្រាស់ថា ម្នាលព្រាហ្មណ៍ ក្មេងនេះនឹងរស់នៅបាន ១២០ ឆ្នាំ ។ គ្រានោះ ពីរនាក់ស្វាមីភរិយា បានដាក់នាមក្មេងនោះថា អាយុវឌ្ឍនកុមារ ។ អាយុវឌ្ឍនកុមារនោះ ធំពេញវ័យហើយ មានឧបាសក ៥០០ នាក់ ជាបរិវារ ។ ការក្រាបថ្វាយបង្គំលោកអ្នកដែលមានគុណធ្វើឲ្យមានអាយុវែង ថ្ងៃមួយ ភិក្ខុទាំងឡាយសន្ទនាគ្នា ក្នុងសាលធម្មសភាថា “ ម្នាលអាវុសោទាំងឡាយ លោកទាំងឡាយចូរមើលចុះ បានឮថា អាយុវឌ្ឍនកុមារត្រូវស្លាប់ក្នុងថ្ងៃទី ៧ ប៉ុន្តែ ឥឡូវនេះ អាយុវឌ្ឍនកុមារនោះនឹងរស់នៅបានរហូត ១២០ ឆ្នាំ ទាំងមានឧបាសក ៥០០ នាក់ជាបរិវារ ហេតុជាគ្រឿងចម្រើនអាយុរបស់សត្វទាំងនេះប្រហែលជាមានហើយមែនទេ ។ ព្រះសាស្តា ស្តេចយាងមកហើយ ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ អង្គុយប្រជុំគ្នាអំពីរឿងអ្វី ? កាលភិក្ខុទាំងនោះក្រាបទូលថា អំពីរឿងនេះ, ព្រះសាស្ដាទើប ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនអាយុតែម្យ៉ាងប៉ុណ្ណោះទេ ដែលត្រូវចម្រើនឡើងនោះ សត្វទាំងឡាយណាថ្វាយបង្គំលោកអ្នកមានគុណ រមែងចម្រើនដោយហេតុ ៤ ប្រការ និង រួចផុតចាកអន្តរាយ ហើយនឹងតាំងនៅរហូតអស់អាយុ ជាយ៉ាងពិតប្រាកដ លុះត្រាស់ ដូច្នេះហើយ កាលនឹងទ្រង់បន្តអនុសន្ធិ (ការតភ្ជាប់សេចក្ដី) ដើម្បីសម្តែងធម៌ ទើបត្រាស់ ព្រះគាថានេះថា ៖ អភិវាទនសីលិស្ស និច្ចំ វុឌ្ឍាបចាយិនោ ចត្តារោ ធម្មា វឌ្ឍន្តិ អាយុ វណ្ណោ សុខំ ពលំ។ ធម៌ ៤ ប្រការ គឺ អាយុ ១ វណ្ណៈ ១ សុខៈ ១ ពលៈ ១ រមែងចម្រើនដល់អ្នក ដែលមាន សេចក្តីឱនកាយថ្វាយបង្គំជាប្រក្រតី មានសេចក្តីកោតក្រែងដល់បុគ្គលដែលចម្រើនជាងខ្លួន អស់កាលជានិច្ច ។ (ប្រែតាមបែបព្រះសង្ឃសូធ្យឲ្យពរ ដូច្នេះថា ធម៌ គឺពរទាំងឡាយ ៤ ប្រការ គឺអាយុ ១ ពណ៌សម្បុរកាយ ១ សេចក្តីសុខ ១ កម្លាំង ១ រមែងចម្រើនអស់កាលជានិច្ច ដល់អ្នកដែលមានសេចក្តីឱនកាយ ថ្វាយ​បង្គំដល់ព្រះរតនត្រ័យជាប្រក្រតី និងអ្នកដែលមានសេចក្តីគោរពកោតក្រែងដល់បុគ្គល ដែលជាអ្នកមាន​សេចក្តីចម្រើនដោយគុណ មានសីលគុណជាដើម ឬដែលចម្រើនដោយវ័យ គឺចាស់ព្រឹទ្ធាចារ្យ ។) អធិប្បាយគាថា បណ្តាបទទាំងនោះ បទថា អភិវាទនសីលិស្ស គឺអ្នកថ្វាយបង្គំជាប្រក្រតី បានដល់ អ្នកខ្វល់ខ្វាយក្នុងកិច្ចគឺការថ្វាយបង្គំជារឿយៗ ។ បទថា វុឌ្ឍាបចាយិនោ សេចក្តីថា ដល់គ្រហស្ថអ្នកឱនលំទោន ឬអ្នកបូជាជានិច្ច ដោយការថ្វាយបង្គំ សូម្បីដល់ភិក្ខុកំលោះ ឬសាមណេរដែលបួសក្នុងថ្ងៃនោះ ម្យ៉ាងទៀតដល់បព្វជិតអ្នកឱនលំទោន ឬអ្នកបូជាជានិច្ច ដោយការថ្វាយបង្គំចំពោះលោកអ្នកដែល ចាស់ជាងដោយបព្វជ្ជា ឬឧបសម្បទា (មានវស្សាច្រើនជាអ្នកបួសមុនខ្លួបន) ឬចំពោះលោក អ្នកដែលចម្រើនដោយគុណ ។ ពីរបទថា ចត្តារោ ធម្មា សេចក្តីថា កាលអាយុចម្រើន អាយុនោះរមែង ចម្រើន អស់កាលប៉ុណ្ណា, ធម៌ទាំងឡាយក្រៅនេះ ក៏ចម្រើនអស់កាលប៉ុណ្ណោះដែរ ព្រោះថា បុគ្គល ណាធ្វើបានបុណ្យដែលញុំាងអាយុ ៥០ ឆ្នាំឲ្យប្រព្រឹត្តទៅ អន្តរាយនៃជីវិតរបស់បុគ្គលនោះ អាចកើតឡើងក្នុងកាលដែលមានអាយុ ២៥ ឆ្នាំ អន្តរាយនោះរមែងស្ងប់ទៅបាន ដោយភាពជាអ្នកថ្វាយបង្គំជាប្រក្រតី ។ បុគ្គលនោះ រមែងរស់នៅបាន រហូតអស់អាយុ ។ សូម្បីវណ្ណៈជាដើមរបស់អ្នកនោះ រមែងចម្រើនព្រមជាមួយនឹងអាយុដែរ ។ ន័យដ៏ក្រៃលែងជាងនេះ ក៏យ៉ាងនេះឯង ។ ដែលឈ្មោះថា ការចម្រើននៃអាយុ ដែលប្រព្រឹត្តទៅដោយមិនមានអន្តរាយ រមែង មិនមានឡើយ ។ អានិសង្សនៃការស្ដាប់ធម៌ លុះវេលាចប់ទេសនា អាយុវឌ្ឍនកុមារតាំងនៅក្នុងសោតាបត្តិផល មួយអន្លើដោយ ឧបាសក ៥០០ រូប ។ សូម្បីជនដទៃជាច្រើនទៀត ក៏សម្រេចអរិយផលទាំងឡាយមាន សោតាបត្តិផលជាដើមដែរ ៕ ៚ អាយុវឌ្ឍនកុមារវត្ថុ ចប់ (ធម្មបទដ្ឋកថា អដ្ឋកថា ខុទ្ទកនិកាយ ធម្មបទ សហស្សវគ្គទី ៨ អាយុវឌ្ឍនកុមារវត្ថុទី ៨) ដោយ៥០០០ឆ្នាំ
images/articles/2671/t448ic.jpg
ផ្សាយ : ០៦ តុលា ឆ្នាំ២០២១ (អាន: ៧០៦៧០ ដង)
បុណ្យ៥យ៉ាងដែលបុរសស្ត្រីគប្បីធ្វើដោយខានមិនបាន ៖ ១- មិនសំលាប់សត្វ--> សាងបារមីរំងាប់ក្តីក្រោធ ខន្តិបារមី និងព្រហ្មវិហារធម៌៤ ។ ២- មិនលូចទ្រព្យគេ--> គោរពកម្មសិទ្ធិអ្នកដទៃ នាំមកនូវភាពរីកចំរើន។ ៣- មិនផិតក្បត់ស្វាមីភរិយា--> រក្សាចរិយាធម៌ ។ ៤- ពោលតែពាក្យពិត និងវាចាមានប្រយោជន៍ --> នាំមកនូវសុខសន្តិភាព ។ ៥- មិនសេពគ្រឿងញៀនស្រវឹង --> ថែរក្សាសុខភាពកាយចិត្ត ។ បើទោះជាត្រូវធ្លាក់ខ្លួនជាស្រីរងកម្ម ប្រុសទាបថោកបែបណាក៏ដោយ ក៏មិនត្រូវភ្លេចរក្សាបុណ្យនេះ ព្រោះមានតែបុណ្យនេះមួយប៉ុណ្ណោះដែលអាចលើកស្ទួយអ្នកឲ្យរួចផុតពីអបាយភូមិបាន មិនត្រូវលិចចុះដោយសារតែលោកនេះ ដែលគ្មានអ្នកណាអាចយកអីទៅតាមបាននោះទេ សូមត្រឹមតែម៉ារួចខ្លួនឲ្យបានទៅចុះ ។ កាលបើធ្លាក់ខ្លួនលំបាកហើយ ឥតសីលទ្រទ្រង់ទៀតគឺដូចជាត្រូវគេជាន់ពន្លិចងើបមុខមិនរួចរហូតទៅអបាយភូមិនៅបរលោកហើយ ! ។ កុំព្រោះហេតុតែជីវិតអ្នកដទៃ សុខចិត្តធ្វើខ្លួនឲ្យធ្លាក់នរកឲ្យសោះ ត្រូវចេះរក្សាខ្លួនផង ! ។ បើយើងចែកចាយក្តីស្រឡាញ់ ឲ្យលឿនដូចជាចែកចាយក្តីស្អប់ លោកនេះមិនដឹងជាស្រស់ស្អាតយ៉ាងណានោះទេ ! ។ សេចក្តីជឿជាក់និងភាពស្មោះត្រង់ដែលល្អបំផុត គឺការធ្វើឲ្យជីវិតខ្លួនឯងបានរួចផុតពីអំពើអបាយមុខផ្សេងៗ ធ្វើបុណ្យក្នុងសីល សមាធិ គឺជាកំពូលបុណ្យក្នុងពុទ្ធសាសនានេះឯង មិនអស់ប្រាក់ហើយបានរួចចាកទុក្ខទៀតផង ។ ប្រភពហ្វេសប៊ុក Thong Nidamony ដោយ៥០០០ឆ្នាំ
images/articles/2670/tecvvfpic.jpg
ផ្សាយ : ០៦ តុលា ឆ្នាំ២០២១ (អាន: ៥៦៧៤៧ ដង)
គួរឲ្យសង្វេគណាស់ ! អត់អំពីព្រះពុទ្ធទៅ ភាពចំរូងចំរាស់បានកើតឡើងក្នុងសាសនាជាប់មិនដាច់ ដោយហោចទៅសូម្បីតែគ្រូនិងសិស្សក៏មានបញ្ហានិងគ្នាដែរ ។ លោកគ្រូជាសុតពុទ្ធជាអ្នកទ្រទ្រង់ព្រះត្រៃបិដក វេលាលោកកំពុងទេស លោកបានពោលថា សតិប្បដ្ឋាន៤គឺជាលោកុត្តរមគ្គតែម៉្យាង សិស្សដែលគង់នៅក្បែរគ្រែទេសបានលបខ្សឹបលោកគ្រូថាមិនមែនទេលោកម្ចាស់គឺជាបុព្វភាគនៃមគ្គទេ គឺចាប់ពីលោកិយមគ្គទៅលោកុត្តរមគ្គ ធ្វើសភាពព្រងើយ លោកគ្រូនៅតែមិនស្តាប់ ។ វេលាស្រង់ទឹកទើបលោកសូត្រស្វាធ្យាយពីដើមដល់ចប់ លោកយល់ត្រង់ពាក្យថា សតិប្បដ្ឋាន៤ បើបដិបត្តិដល់៧ឆ្នាំ ៧ខែ ដោយហោចទៅត្រឹម៧ថ្ងៃគង់បានសម្រេចមគ្គផល ពីមុនលោកយល់ថាអរិយមគ្គតែកើតឡើងហើយមិនដែលរង់ចាំដល់៧ឆ្នាំ ទើបលោកយល់ស្របនឹងសិស្សថាគឺជាបុព្វភាគនៃអរិយមគ្គ ។ សេចក្តីនេះចង់បញ្ជាក់ថា អំណឹះបើអស់លោកសុទ្ធតែជាអ្នកទ្រទ្រង់បិដកផងនៅភ្លាំងភ្លាត់បាន ទំរាំបញ្ញារបស់មនុស្សសព្វថ្ងៃ គឺជៀសមិនផុតពីការខ្វែងគំនិតគ្នា ហើយប្រឹងអូសទាញគ្នាតាមការយល់ឃើញរបស់ខ្លួនជាមិនខាន ហេតុនេះវិវាទគង់មានជាធម្មតា យើងមិនបាច់ហួងហែងទើសទាស់គ្នាខ្លាំងពេកទេ ត្រង់ណាកាន់យកបានក៏កាន់យកទៅ រួបរួមគ្នាស្វែងរកវិធីលះការប្រកាន់ទៅ។ធម៌ព្រះគឺបានអីលះនឹងទេ ! មានឧបាទាន នាំឲ្យមានភព មានភពនាំឲ្យមានជាតិកំណើត នាំឲ្យមានទុក្ខដោយជរាព្យាធិមរណៈ ហេតុនេះដកតែឧបាទាន(ការប្រកាន់)ចេញទៅ ជាតិរលត់ ទុក្ខរលត់ នេះហើយជានិព្វាននោះ មិនមាននិព្វានអីនៅក្រៅធម៌នេះទេ ។ ឧបាយដើម្បីលះឧបាទាន មិនមានអ្វីក្រៅពីសីល សមាធិ វិបស្សនានេះឡើយ ! ។ មនុស្សកាលបើខ្សោយការមានៈប្រកាន់ហើយ រមែងជាមនុស្សហ៊ានទទួលយកកំហុសហើយកែប្រែ ហ៊ានទទួលយកហេតុផលដែលត្រឹមត្រូវ យកមកប្រើដោយឥតលាក់លៀម មិនខ្លាចខ្លួនថោកឬខ្លាចគេថាខ្លួនអន់ មិនចេះលាក់បាំងទោសកំហុស ដោយចង់បានតែពីខាងត្រូវសម្រាប់ខ្លួនឯងឡើយ។តើធ្វើដូចម្តេចដើម្បីអាចទំលាក់ការមានៈប្រកាន់បាន? ចូរអង្គុយពែនភ្នែន បិទភ្នែកហើយពិចារណាអំពីសេចក្តីស្លាប់ៈ ១- សត្វលោកសុទ្ធតែមានសេចក្តីស្លាប់ជាមរតក អាត្មាអញគឺជាអ្នកស្លាប់ទេ(សំឡុតកិលេស) ២- យាយតាម៉ែឪសុទ្ធតែជាអ្នកស្លាប់ អញកើតពីគាត់ដែលជាអ្នកស្លាប់តើជៀសពីស្លាប់ម្តេចនឹងបាន?(ប្រាប់ហេតុផលដល់ចិត្ត) ៣- សូម្បីតែព្រះពុទ្ធលោកមានឬទ្ធិដល់ម៉្លោះគង់កន្លងសេចក្តីវិនាសនេះមិនបាន ចុះអាត្មាអញជាជនថយថោកយ៉ាងនេះ តើនឹងកន្លងសេចក្តីវិនាសនេះបានដូចម្តេចទៅ?(លួងលោមចិត្តឲ្យព្រម ព្រោះមិនមែនស្លាប់តែឯងនោះទេ)។ រួចហើយភាវនាមរណំៗ អាចារ្យខ្លះលោកឲ្យពិចារណាហើយទើបពិនិត្យខ្យល់ដង្ហើមតាមក្រោយក៏បាន ! ធ្វើរាល់ថ្ងៃក្នុងរយះមួយខែយ៉ាងតិច រួចចាំពិនិត្យសភាពចិត្តតាមក្រោយ តើមានការកែប្រែស្បើយការមានះប្រកាន់ខ្លះទេ? ។ ប្រភពហ្វេសប៊ុក Thong Nidamony ដោយ៥០០០ឆ្នាំ
images/articles/3083/206earch.jpg
ផ្សាយ : ០២ តុលា ឆ្នាំ២០២១ (អាន: ៧៧៧ ដង)
បច្ចេកពុទ្ធ (បុំ.) [បច្ចេក+ពុធ៑+ត] អ្នកត្រាស់ដឹងដោយចំណែកមួយ ។ បច្ចេកពុទ្ធ (ន.) [ប៉័ច-ចេកៈពុទ្ធ] លោកអ្នកត្រាស់ដឹងចំពោះបានតែខ្លួន មួយ សម្ដែងធម៌ប្រៀនប្រដៅអ្នកដទៃផងមិនកើត : ព្រះបច្ចេកពុទ្ធ ។ ១. បញ្ញាធិកបច្ចេកពុទ្ធ បច្ចេកពោធិសត្វដែលក្រៃលែងដោយបញ្ញា ត្រូវបំពេញបារមី ចំនួន ២ អសង្ខេយ្យ ១ សែនកប្ប ទើបបានត្រាស់ដឹងបច្ចេកពោធិញ្ញាណ ។ ២. សទ្ធាធិកបច្ចេកពុទ្ធ បច្ចេកពោធិសត្វដែលក្រៃលែងដោយសទ្ធា ត្រូវបំពេញបារមី ច្រើនជាង ២ អសង្ខេយ្យ ១ សែនកប្ប តែមិនដល់ ៣ អសង្ខេយ្យទេ ទើបបានត្រាស់ដឹងបច្ចេកពោធិញ្ញាណ ។ ៣. វីរិយាធិកបច្ចេកពុទ្ធ បច្ចេកពោធិសត្វដែលក្រៃលែងដោយ វីរិយៈ ត្រូវបំពេញបារមី ច្រើនជាងចំនួនរបស់សទ្ធាធិកបច្ចេកពុទ្ធ តែមិនដល់ ៣ អសង្ខេយ្យទេ ទើបបានត្រាស់ដឹងបច្ចេកពោធិញ្ញាណ ។ (អត្ថន័យចាក បរមត្ថទីបនី អដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ថេរគាថា និទានគាថាវណ្ណនា) ។ ដោយ​៥០០០​ឆ្នាំ​
images/articles/3084/202___r.jpg
ផ្សាយ : ០២ តុលា ឆ្នាំ២០២១ (អាន: ៥៧០ ដង)
បាបធម៌(សំ.), (បា.) (បាប៉ៈធ័រ) (បាបធម្ម) ធម៌លាមក, អាក្រក់ គឺសភាវៈដែលជាជំនួយចិត្ត នាំចិត្តឲ្យហ៊ានធ្វើអំពើអាក្រក់ ដូចយ៉ាងសេចក្ដីច្រណែនឈ្នានីស, ឥតអៀនខ្មាស ឥតរាងរអាទៅរកអំពើអាក្រក់ ជាដើម ។ បាបធម៌ ៥ នោះគឺ ៖ 1. កុហនា ការកុហកដោយឫកពា ។ 2. លបនា ការនិយាយរាក់ទាក់ដោយវាចា ។ 3. នេមិត្តិកតា ការធ្វើនិមិត្ដ គឺប្រើឧបាយកល ដោយកាយខ្លះ ដោយវាចារខ្លះ ។ 4. និប្បេសិកតា ការពោលគំរាម ឬសង្កត់ប្រើសំដីជាខ្នោសសំរាប់កោសកាវយកលាភ ។ 5. លាភេន លាភំ និជិគីសនតា ការរកលាភដោយលាភ គឺការយកលាភទៅទាក់លាភ ។ (វិសុទ្ធិមគ្គ សីលនិទ្ទេស សីលប្បភេទកថា ចតុត្ថចតុក្ក) ខេមរ អភិធម្មាវតារ ដោយ​៥០០០​ឆ្នាំ​
images/articles/3085/202______er.jpg
ផ្សាយ : ០២ តុលា ឆ្នាំ២០២១ (អាន: ៣៧៩ ដង)
- ពុទ្ធោ សោ ភគវា ពោធាយ ធម្មំ ទេសេតិ ព្រះមានព្រះភាគអង្គនោះ ទ្រង់ត្រាស់ដឹង (ដោយព្រះអង្គឯង) ហើយទ្រង់សម្តែងធម៌ដើម្បីញុំាងបុគ្គលដទៃឲ្យត្រាស់ដឹងផង ។ - ទន្តោ សោ ភគវា ទមថាយ ធម្មំ ទេសេតិ ព្រះមានព្រះភាគអង្គនោះ ទ្រង់ទូន្មានព្រះអង្គបានហើយ ទ្រង់សម្តែងធម៌ដើម្បីទូន្មានអ្នកដទៃផង ។ - សន្តោ សោ ភគវា សមថាយ ធម្មំ ទេសេតិ ព្រះមានព្រះភាគអង្គនោះទ្រង់ស្ងប់ហើយ ទើបសម្តែងធម៌ ដើម្បីសេចក្តីស្ងប់ដល់អ្នកដទៃ ។ - តិណ្ណោ សោ ភគវា តរណាយ ធម្មំ ទេសេតិ ព្រះមានព្រភាគអង្គនោះ ទ្រង់ឆ្លងផុតហើយ ទើបសម្តែងធម៌ ដើម្បីការឆ្លងដល់អ្នកដទៃ ។ - បរិនិព្ពុតោ សោ ភគវា បរិនិព្ពានាយ ធម្មំ ទេសេតិ ព្រះមានព្រះភាគអង្គនោះ ទ្រង់រំលត់កិលេសបានហើយ ទើបសម្តែងធម៌ ដើម្បីសេចក្តីរំលត់កិលេសដល់អ្នកដទៃ ។ (សុត្តន្តបិដក ទីឃនិកាយ បាថិកវគ្គ ឧទុម្ពរិកសូត្រ ) ដោយ​៥០០០​ឆ្នាំ​
images/articles/2479/image.jpeg
ផ្សាយ : ២៧ កញ្ញា ឆ្នាំ២០២១ (អាន: ៩៥០៦១ ដង)
មនុស្សដែលមានសេចក្ដីសុខ មិនមែនថាគេចេះតែបាននូវអារម្មណ៍ ល្អ ៗ ឯង ៗ ទៅនោះទេ នេះមកអំពីអ្នកនោះឯង ចេះសិក្សាត្រូវតាមសេចក្ដីពិតនៃអារម្មណ៍ ចេះឲ្យអភ័យ និងចេះគិតរកចំណុចល្អ ដើម្បីសេចក្ដីសុខស្ងប់នៃចិត្ត ។ អ្វី ៗ ដែលយើងជួបប្រទះរាល់ថ្ងៃ ទាំងអារម្មណ៍ក្នុងគំនិត បើយើងមិនចេះគិតឲ្យបានសុខខ្លួនឯងទេ យើងក៏រមែងកើតទុក្ខរាល់ថ្ងៃហ្នឹងឯង ។ យើងតែងស្វែងរករបស់ដែលមានតម្លៃ ថ្លៃ ៗ ក្រៅខ្លួន បណ្ដោយឲ្យខ្លួនឯងកើតទុក្ខ ព្រោះការស្វែងរកចង់បាននោះ ដោយប្រការផ្សេង ៗ ទៅវិញ ប៉ុន្តែ បើយើងស្វែងរកឃើញតម្លៃនៃជីវិតខ្លួនឯង នៅត្រង់ការឈ្នះសេចក្ដីទុក្ខ យើងមានតែការរស់នៅដោយសេចក្ដីស្ងប់ចិត្ត ជាមួយនឹងគ្រប់អារម្មណ៍នោះឯង ៕៚ ប.ស.វ. ដោយ៥០០០ឆ្នាំ
images/articles/2480/image.jpeg
ផ្សាយ : ២៧ កញ្ញា ឆ្នាំ២០២១ (អាន: ៧៨៩៧៧ ដង)
បើយើងរៀនចេះអំពីលោកនេះ គឺលោកនេះមិនបានបង្រៀនឲ្យយើងមកគ្រប់គ្រងហួងហែងឡើយ សត្វលោកសោកសៅព្រោះហេតុតែការហួងហែងថារបស់យើងហ្នឹងឯង ដូច្នេះការដែលយើងរស់នៅយ៉ាងមានសេចក្ដីសុខ មិនមែនព្រោះការគ្រប់គ្រងហួងហែងទេ គឺព្រោះការចេះលះបង់ទេតើ ។ បើអ្នកដែលយើងស្រឡាញ់ទៅចោលយើង គឺយើងកុំឃុំឃាំងគាត់អី ឲ្យអភ័យទៅ ហើយក៏មិនលំបាកនឹងឃុំឃាំងខ្លួនឯងទុកក្នុងសេចក្ដីសោកសៅដែរ មិនចាំបាច់បរិភោគស្រាបំភ្លេចទុក្ខនោះឡើយ ត្រូវចេះរស់នៅជាមួយនឹងខ្លួនឯងឲ្យបានល្អ រស់នៅជាមួយនឹងការមានស្មារតី ប្រសើរណាស់ ៕៚ ប.ស.វ ដោយ៥០០០ឆ្នាំ
images/articles/2483/image.jpeg
ផ្សាយ : ២៧ កញ្ញា ឆ្នាំ២០២១ (អាន: ៥៦៦៦៦ ដង)
៙ មិនមានអ្នកណាស្លាប់ ព្រោះហេតុបាត់បង់នូវសេចក្ដីស្រឡាញ់ពីអ្នកដទៃ ដែលអ្នកដទៃនោះ ជ្រើសរើសយកការដើរចេញអំពីជីវិតរបស់យើងនោះឡើយ ប៉ុន្តែ ដែលបានឮដំណឹងក្នុងពិភពលោកថា អ្នកនេះ អ្នកនោះ ស្លាប់ ព្រោះហេតុបាត់បង់នូវសេចក្ដីស្រឡាញ់ ហ្នឹងមកអំពីអ្នកនោះឯង បាត់បង់នូវសេចក្ដីស្រឡាញ់ខ្លួនឯងទេតើ ពោលគឺមិនចេះស្រឡាញ់ខ្លួនឯង ។ យើងកុំចេះតែចង់រស់នៅដូចមុន ត្រូវរៀនរស់នៅជាមួយនឹងការពិតដោយប្រាជ្ញា កុំខ្លាចការព្រាត់ប្រាសប្រែប្រួល កុំខ្លាចថា នឹងរស់នៅមិនបាន ជឿចុះថា បើយើងអត់ធន់បានហើយ គ្រប់យ៉ាងនឹងល្អឡើង ។ ត្រូវចាំថា មិនមានអ្នកណាជួយយើងបានទេ ដូច្នេះ យើងត្រូវតែព្រមទទួល និងត្រូវរស់នៅជាមួយឲ្យបាន ពេលវេលា នឹងជួយឲ្យយើងកន្លងផុតអំពីទឹកភ្នែក ហើយរីករាយជាមួយនឹងសេចក្ដីល្អ ជាទីពឹងក្នុងដំណើរជីវិតរបស់យើង ។ នៅពេលដែលយើងមានសេចក្ដីល្អជាទីពឹងហើយ ទើបយើងបានយល់ដឹងថា យើងមានការបាត់បង់មកពីការហួងហែង បើយើងមិនមានអ្វីហួងហែងទេ ក៏យើងមិនមានអ្វីបាត់បង់ដែរ ។ យើងបានយល់ដឹងទៀតថា យើងកើតមកតែងមានទុក្ខ ប៉ុន្តែ មិនមែនកើតមក ដើម្បីលិចចុុះក្នុងសេចក្ដីទុក្ខទេ សេចក្ដីល្អ គឺជានាវាជីវិត នឹងនាំឲ្យយើងបានដល់កោះត្រើយ បរមសុខ សាធុ សាធុ ៕៚ ប.ស.វ ដោយ៥០០០ឆ្នាំ
images/articles/2484/image.jpeg
ផ្សាយ : ២៧ កញ្ញា ឆ្នាំ២០២១ (អាន: ៥៥៤៩៧ ដង)
៙ បុថុជ្ជន លះបង់ជីវិតមួយថ្ងៃ ២៤ ម៉ោង មួយខែ ៣០ ថ្ងៃ ដើម្បីរកទ្រព្យសម្បត្តិ ដល់ពេលឈឺ ក៏ត្រូវលះបង់ទ្រព្យសម្បត្តិដើម្បីរក្សាជីវិត ទីបំផុត ទាំងជីវិតទាំងទ្រព្យក៏ត្រូវអស់ នៅសល់តែវដ្ដសង្សារ ដែលប្រាសចាកទីពឹង នេះហៅថា បុថុជ្ជនអាស្រ័យវដ្ដៈ ៕៚ ប.ស.វ. ដោយ៥០០០ឆ្នាំ
images/articles/2486/image.jpeg
ផ្សាយ : ២៧ កញ្ញា ឆ្នាំ២០២១ (អាន: ៨៣២១៨ ដង)
៙ បើយើងប្រឆាំងមិនព្រមទទួលយកការពិតនៃធម្មជាតិ យើងរមែងរស់នៅជាទុក្ខ ។ ការអប់រំចិត្ត ចម្រើនប្រាជ្ញាចូលឲ្យដល់សភាវៈ ដែលអាស្រ័យបច្ច័យកើតឡើង បង្គាប់បញ្ជាមិនបាន ទាមទារមិនបាន ទាំងដែលជាសភាវៈ មិនគួរដល់ការហួងហែង បើជីវិត រស់នៅប្រកបដោយប្រាជ្ញាដូច្នេះ រមែងរស់នៅជាសុខ ។ មនុស្សយើងដោយច្រើន តែងតែគិតរកអ្វី ៗ ឲ្យខ្លួនឯង សឹងតែមិនដែលគិតអំពីអ្វី ដែលខ្លួនឯងមានហើយនោះ ហើយរស់នៅជាមួយឲ្យបានសុខស្កប់ស្កល់នោះឡើយ ។ តាមពិត ក្នុងលោកនេះ អ្វី ៗ ទោះធំប៉ុនមេឃ ប៉ុនផែនដី ជាមាស ជាប្រាក់ ឬ រតនៈ ច្រើនដូចទឹកមហាសមុទ្រក៏ដោយ នឹងមកធ្វើបុគ្គលដែលមិនចេះស្កប់ស្កល់នោះ ឲ្យគ្រប់គ្រាន់ទៅបាន គឺមិនមានឡើយ ។ អ្វីដែលអស្ចារ្យ មានប្រាកដក្នុងព្រះពុទ្ធសាសនា គឺប្រាជ្ញាដែលបានដឹងថា នេះត្រឹមតែជានាមរូប ដែលអាស្រ័យបច្ច័យកើតឡើងប៉ុណ្ណោះ នាមរូបនេះកើតឡើងហើយ មានតែការរលត់បាត់ទៅវិញ មិនមានការចាំបាច់ត្រូវហួងហែង ឬ ត្រូវការប្រាថ្នាអ្វី ៗ អំពីលោកនេះឡើយ ៕៚ ប.ស.វ. ដោយ៥០០០ឆ្នាំ
images/articles/2490/image.jpeg
ផ្សាយ : ២៧ កញ្ញា ឆ្នាំ២០២១ (អាន: ៤៧២៣៧ ដង)
៙. មេត្តាប្រែថាការរាប់អាន សូមសត្វគ្រប់ប្រាណបានសុខា គ្រប់គ្នាយកខ្លួនជាឧបមា សត្វក្នុងលោកកាប្រាថ្នាសុខ ។ យើងស្រឡាញ់ខ្លួនមាំមួនពិត ដូច្នេះត្រូវគិតកុុំសាងទុក្ខ កុំយកខឹងស្អប់ជាប់ជាមុខ ត្រូវចេះឲ្យសុខសព្វសត្តា ។ អធ្យាស្រ័យសត្វចាត់ផ្សេងគ្នា បែងចែកការងារជាធម្មតា ប៉ុន្តែបំណងប៉ងប្រាថ្នា គ្រប់គ្នាត្រូវការប្រាថ្នាត្រើយ ។ ព្រោះសត្វលោកលង់ក្នុងសង្សារ ស្រវេស្រវាលិចខ្លះហើយ សត្វខ្លះខ្សោយខ្សោះឆ្ងាយកោះត្រើយ សត្វខ្លះបានស្បើយពីទុក្ខា ។ ព្រះធម៌ទីពឹងពំនឹងសត្វ ដឹកនាំឆ្លងកាត់វដ្ដសង្សារ យើងត្រូវនាំគ្នាស្ដាប់ទេស្នា ចម្រើនមេត្តារក្សាគ្នា ។ មានសីលមានទានទក្ខិណា មេត្តាប្រៀបដូចច្រូចគង្គា អ្នកស្លាប់អ្នករស់រួចវេរា អហោសិគ្នាជាសុខហោង៕៚ ប.ស.វ. ដោយ៥០០០ឆ្នាំ
images/articles/2492/image.jpeg
ផ្សាយ : ២៧ កញ្ញា ឆ្នាំ២០២១ (អាន: ៦៩៥៥២ ដង)
៙ អារម្មណ៍ទាំង ៦ គឺ រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ និងធម្មារម្មណ៍ ជាធម្មជាតិកណ្ដាល ៗ មិនមានពុល មិនមានពិសអ្វីក្នុងខ្លួនឯងទេ ប៉ុន្តែចិត្តដែលដឹងអារម្មណ៍នោះ លុះនៅក្នុងអំណាចតណ្ហា ប្រៀបបីដូចជារោងចក្រផលិតចេញនូវសេចក្ដីទុក្ខ ដោយយកអារម្មណ៍ទាំង ៦ នោះឯងជាវត្ថុធាតុដើម ។ ដរាបណាដែលនៅមិនទាន់បានលះតណ្ហាជាហេតុនាំឲ្យទុក្ខកើតទេ រោងចក្រនៅតែផលិតសេចក្ដីទុក្ខរឿយ ៗ តែបើលះតណ្ហាបានពេលណា រោងចក្រក៏ត្រូវបិទ ចំណែកអារម្មណ៍ទាំង ៦ មានការប្រព្រឹត្តទៅជាធម្មជាតិសុទ្ធ ៗ មិនមានការផលិតកែច្នៃអ្វីឡើយ ជាអារម្មណ៍របស់ វិបស្សនា និងជាអារម្មណ៍ក្នុងជីវិតព្រះអរហន្ត ៕៚ ប.ស.វ. ដោយ៥០០០ឆ្នាំ
images/articles/2494/IMG_30201793941.jpg
ផ្សាយ : ២៧ កញ្ញា ឆ្នាំ២០២១ (អាន: ៧២៤៣៤ ដង)
ក្នុងលោកនេះមិនមានអ្នកណា គាំទ្រយើង ជួយយើង ស្រឡាញ់យើង ស្មោះនឹងយើង ឲ្យដូចជាខ្លួនយើងគោរពធ្ងន់ក្នុងការងារល្អនោះឡើយ , ការងារល្អ ជាមន្តស្នេហ៍របស់មនុស្ស ។ ឧបសគ្គ សម្រាប់ឲ្យមានព្យាយាម មិនមែនសម្រាប់ឲ្យចុះចាញ់ទេ , ខ្វះសេចក្ដីអត់ធន់ ការងារមិនបានល្អ , ខ្វះការតស៊ូ ការងារមិនសម្រេច , រវល់តែរឿងស្នេហា កាន់ការងារធំមិនបាន , ព្រោះសេចក្ដីប្រមាទ ការងារដែលចេះស្ទាត់ហើយ ត្រូវបរាជ័យ ដូចបុគ្គលល្ងង់ខ្លៅ ៕ ប.ស.វ. ដោយ៥០០០ឆ្នាំ
images/articles/2495/IMG_30201793319.jpg
ផ្សាយ : ២៧ កញ្ញា ឆ្នាំ២០២១ (អាន: ១១០៧១៨ ដង)
គ្រប់យ៉ាងក្នុងលោកនេះ ក្នុងជីវិតនេះ គឺវាអ៊ីចឹងឯង , សេចក្ដីសុខនៅត្រង់យើងសប្បាយចិត្ត , រស់នៅទីណាក៏ល្អដែរ បើចិត្តចេះគិតឃើញរឿងល្អ ។ ជីវិតកើតមក និងជីវិតរស់នៅបានដោយលំបាក ដូច្នេះត្រូវចេះថែរក្សាជីវិតឲ្យមានតម្លៃ , អ្វីដែលត្រូវឈប់គឺត្រូវតែឈប់ អ្វីដែលត្រូវធ្វើគឺត្រូវតែធ្វើ ,ត្រូវដឹងអ្វីជាប្រយោជន៍ អ្វីដែលឥតប្រយោជន៍ , ជីវិតមានតម្លៃដោយសារគុណធម៌ , ត្រូវចាំថា អ្វីដែលត្រូវធ្វើ គឺតួនាទី ហើយអ្វីដែលត្រូវមាន គឺសេចក្ដីអត់ធន់ ព្យាយាម ៕៚ ប.ស.វ. ដោយ៥០០០ឆ្នាំ
images/articles/2496/IMG_30201792709.jpg
ផ្សាយ : ២៧ កញ្ញា ឆ្នាំ២០២១ (អាន: ៩៩៤១៨ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិតសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះ ព្រះមាលុង្ក្យបុត្តដ៏មានអាយុ បានចូលគាល់ព្រះដ៏មានព្រះភាគ ក្រាបទូលសូមឲ្យព្រះអង្គទ្រង់ប្រកាសសម្ដែងនូវមិច្ឆាទិដ្ឋិ គំនិត យល់ឃើញខុសផ្សេងៗ ១០ យ៉ាង ដែលពួកមនុស្សក្រៅព្រះពុទ្ធ សាសនាកាន់យកទីបំផុតរៀងៗខ្លួន ឈ្លោះប្រកែកគ្នាថាខ្លួនឯង យល់ត្រូវ អ្នកដទៃយល់ខុស ដូច្នេះតើព្រះដ៏មានព្រះភាគទ្រង់ ជ្រាបទិដ្ឋិមួយណាក្នុងទិដ្ឋិទាំង ១០ នោះ សូមព្រះអង្គទ្រង់ត្រាស់ សម្ដែងឲ្យទាន។ មិច្ឆាទិដ្ឋិ ១០ យ៉ាង ១ លោកទៀង (សស្សតោ លោកោ) ២ លោកមិនទៀង (អស្សស្សតោ លោកោ) ៣ លោកមានទីបំផុត (អន្តវា លោកោ) ៤ លោកមិនមានទីបំផុត (អនន្តវា លោកោ) ៥ ជីវៈនោះគឺសរីរៈនោះ (តំ ជីវំ សរីរំ) ៦ ជីវៈដទៃ សរីរៈដទៃ (អញ្ញំ ជីវំ អញ្ញំ សរីរំ) ៧ សត្វស្លាប់ហើយកើតទៀត ៨ សត្វស្លាប់ហើយមិនកើតទៀត ៩ សត្វស្លាប់ហើយកើតទៀតក៏មាន មិនកើតទៀតក៏មាន ១០ សត្វស្លាប់ហើយកើតទៀតក៏មិនមែន មិនកើតទៀតក៏ មិនមែន។ ព្រះដ៏មានព្រះភាគ ទ្រង់មិនត្រាស់ព្យាករនូវចំណុចមួយក្នុង មិច្ឆាទិដ្ឋិទាំង ១០ នេះឡើយ ព្រះអង្គទ្រង់ត្រាស់ថា កាលបើ មានការយល់ឃើញទៅតាមមិច្ឆាទិដ្ឋិទាំង ១០ នេះ ណាមួយ ការអប់រំព្រហ្មចរិយធម៌មិនមានឡើយ ប៉ុន្តែគឺជាការប្រព្រឹត្តទៅ នាំឲ្យមានជាតិ ជរា មរណៈ សោកខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្ដីចង្អៀតចង្អល់ចិត្តដោយពិត ព្រះតថាគត ទ្រង់បញ្ញត្តការកម្ចាត់បង់នូវកងទុក្ខទាំងអស់នេះ ដែលត្រូវបាន ឃើញច្បាស់ក្នុងបច្ចុប្បន្ន គឺថាព្រះអរិយសាវ័កទាំងឡាយ នឿយ ណាយក្នុងជរានិងមរណៈ ជាដើមហើយ ទើបសម្រេចនូវ ព្រះនិព្វានក្នុងព្រះសាសនានេះឯង។ ព្រោះហេតុទិដ្ឋិទាំង ១០ យ៉ាងនេះ មិនប្រកបដោយប្រយោជន៍ មិនមែនជាខាងដើមនៃព្រហ្មចរិយធម៌ មិនប្រព្រឹត្តទៅដើម្បីរួច ផុតចាកទុក្ខ ទើបព្រះអង្គទ្រង់មិនព្យាករ ប៉ុន្តែអ្វីដែលព្រះអង្គ ទ្រង់ត្រាស់ព្យាករសម្ដែងគឺអរិយសច្ចធម៌ ព្រោះការព្យាករសម្ដែង នូវអរិយសច្ចធម៌ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ ជាខាងដើមនៃ ព្រហ្មចរិយធម៌ ប្រព្រឹត្តទៅដើម្បីជាក់ច្បាស់នូវព្រះនិព្វានជា អសង្ខតធាតុ។ ស្រង់ពីសៀវភៅ ជំនួយសតិភាគ ២១ ដោយ៥០០០ឆ្នាំ
images/articles/2497/IMG_30201791541.jpg
ផ្សាយ : ២៧ កញ្ញា ឆ្នាំ២០២១ (អាន: ៩៦០០៥ ដង)
អនវជ្ជសុខ ចេះសប្បាយជាមួយនឹងនឹងការងារដែលប្រាសចាកទោស គឺជា សេចក្ដីសុខ។ត្រូវធ្វើការងារឲ្យសមនឹងសមត្ថភាព សមនឹងឋានៈ របស់ខ្លួន ធ្វើដោយពេញចិត្ត អត់ធន់ព្យាយាម...។ កុំមានការ លោភលន់ចង់ឲ្យដូចអ្នកដទៃដែលមានអ្វីច្រើនៗនោះឡើយ កុំ ឲ្យដូចក្អែកគោកធ្វើត្រាប់តាមក្អែកទឹក ឃើញក្អែកទឹករកចំណី បានស្រួលងាយ ខ្លួនឯងគ្មានជំនាញត្រូវទាក់កនឹងសារាយក្នុងទឹក ស្លាប់បាត់បង់ជីវិតទៅ។ កន្លែងសុខនៅនឹងចិត្តរបស់យើង មិនចាំបាច់ឈរកន្លែងល្អដូចអ្នកដទៃនោះទេ ត្រឹមតែមានសេចក្ដី សុខនៅត្រង់កន្លែងដែលយើងឈរហ្នឹងទៅបានហើយ។ ស្រង់ពីសៀវភៅ ជំនួយសតិ ភាគ២១ ដោយ៥០០០ឆ្នាំ
images/articles/2498/Unti____________tled-1.jpg
ផ្សាយ : ២៧ កញ្ញា ឆ្នាំ២០២១ (អាន: ៩៤៩១៣ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ប្រថាប់នៅនា ព្រះមហាវិហារវេឡុវ័ន ជិតក្រុងរាជគ្រឹះ ក្នុងវេលាសាយណ្ហ សម័យព្រះអង្គទ្រង់ចេញពីផលសមាបត្តិ ស្ដេចយាងចូលទៅ កាន់អម្ពលដ្ឋិកាវ័ន នៅពីខាងក្រោយវត្តវេឡុវ័ននោះឯង ដើម្បីប្រោសព្រះរាហុល។ បន្លារមែងស្រួចតាំងពីកើត យ៉ាង ណា ព្រះរាហុលក៏យ៉ាងនោះ គង់ចម្រើនទៅដោយវិវេកគឺ សេចក្ដីស្ងប់ស្ងាត់ក្នុងទីនោះតាំងពីព្រះជន្ម ៧ វស្សា។ អាយស្មន្តំ អាហុលំ អាមន្តេសិ ព្រះដ៏មានព្រះភាគទ្រង់ ត្រាស់ហៅព្រះរាហុល គឺត្រាស់ហៅដើម្បីប្រទានឱវាទ។ ពិតណាស់ ព្រះដ៏មានព្រះភាគ ទ្រង់សម្ដែងព្រះធម៌ទេសនា យ៉ាងច្រើនដល់ព្រះរាហុល ព្រះអង្គទ្រង់ត្រាស់សាមណេរប្បញ្ហា រាហុលសំយុត្តមហារាហុលោវាទសូត្រ ចូឡរាហុលោវាទ សូត្រ រួមទាំងអម្ពលដ្ឋិករាហុលោវាទសូត្រនេះផង (ដោយ ចូឡរាហុលោវាទសូត្រមានពីរសូត្រ មួយនៅក្នុងបិដកលេខ២៨ ដែលព្រះរាហុលស្ដាប់ហើយសម្រេចព្រះអរហត្ត ដូច្នេះទើប ព្រះសូត្រនេះ ព្រះអដ្ឋកថាហៅថា អម្ពលដ្ឋិករាហុលោវាទសូត្រ)។ ព្រះរាហុលមានព្រះជន្ម ៧ វាស្សា ព្រះដ៏មានព្រះភាគទ្រង់ ប្រគល់ឲ្យព្រះសារីបុត្តបំបួសជាសាមណេរ ក្នុងវស្សានោះឯង ដែលព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែងនូវព្រះសូត្រនេះ ដោយ ព្រះដ៏មានព្រះភាគទ្រង់ព្រះតម្រិះថា ព្រះរាហុលនៅកុមារ ជាធម្មតាក្មេងតូចរមែងនិយាយនូវពាក្យដែលគួរនិងមិនគួរ ​ដូច្នេះយើងនឹងឲ្យឱវាទដល់រាហុល។ ព្រះដ៏មានព្រះភាគ ទ្រង់សម្ដែងឧបមាដោយផ្ដិលទឹក ៤ លើកឧបមាដោយដំរី ២ លើក និងឧបមាដោយកញ្ចក់ ឆ្លុះមុខ ១លើក។ សេចក្ដីនៅក្នុងព្រះសូត្រនេះ គឺមាន ប្រយោជន៍ដើម្បីកុំឲ្យព្រះរាហុលពោលនូវសម្បជានមុសាវាទ (ពោលកុហកទាំងដឹងខ្លួនច្បាស់)។ ឧបមាដោយផ្ដិលទឹក ៤ លើក ១- ព្រះអង្គទ្រង់ទុកទឹកឲ្យសល់បន្តិចក្នុងផ្តិល ហើយត្រាស់សួរ...។ ២- ព្រះអង្គទ្រង់ចាក់ទឹកដែលសល់បន្តិចនោះចោល ហើយត្រាស់ សួរ...។ ៣- ព្រះអង្គទ្រង់ផ្កាប់ផ្តិលទឹកនោះ ហើយត្រាស់សួរ...។ ៤- ព្រះអង្គទ្រង់ត្រាស់សួរព្រះរាហុលបញ្ជាក់អំពីផ្តិលទឹកនោះៗ ដោយការប្រៀបធៀបហើយ ទើបព្រះអង្គត្រាស់ថា ម្នាលរាហុល សមណធម៌របស់ពួកភិក្ខុ ដែលមិនមានសេចក្ដីអៀនខ្មាសក្នុង សម្បជានមុសាវាទ ដូចជាទឹកដែលមានប្រមាណតិច ដូចជាទឹក ដែលតថាគតចាក់ចោល ដូចជាផ្តិលទឹកដែលតថាគតផ្កាប់ និង ដូចជាផ្តិលទឹកដែលទទេរលីងធេង ដូច្នេះឯង។ ឧបមាដោយដំរី ២ លើក ១- ដំរីកាលបើចូលកាន់សង្រ្គាម រមែងប្រើអវយវៈទាំងពួងធ្វើការ សព្វគ្រប់ រក្សាទុកតែប្រមោយប៉ុណ្ណោះ ឈ្មោះថា មិនទាន់ហ៊ាន លះបង់ជីវិតនៅឡើយ។ ២- ដំរីកាលបើចូលកាន់សង្រ្គាម រមែងប្រើអវយវៈទាំងអស់ធ្វើ ការសព្វគ្រប់ មិនរក្សាទុកសូម្បីតែប្រមោយ ឈ្មោះថា ជាដំរី ហ៊ានលះបង់ជីវិត។ ម្នាលរាហុល មានឧបមេយ្យដូចភិក្ខុណាមួយ ដែលមិនមាន សេចក្ដីអៀនខ្មាសក្នុងសម្បជានមុសាវាទ តថាគត មិនពោលថា ភិក្ខុនោះមិនធ្វើបាបកម្មតិចតួចដូច្នេះទេ។ ម្នាលរាហុល ព្រោះ ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកគួរសិក្សាថា អាត្មាអញនឹង មិនពោលពាក្យកុហក សូម្បីគ្រាន់តែដើម្បីសើចលេងនោះ ឡើយ ម្នាលរាហុលអ្នកត្រូវសិក្សា យ៉ាងនេះចុះ។ បទថា នាហំ តស្ស កិញ្ចិ បាបំ គឺបុគ្គលណា ដែលមិនមាន សេចក្ដីអៀនខ្មាស ក្នុងការពោលកុហកទាំងដែលដឹងខ្លួន ច្បាស់ ថាបុគ្គលនោះឯង មិនធ្វើនូវបាបកម្មអ្វីតិចតួចនោះ មិនមានឡើយ (បានសេចក្ដីថា មិនមាននូវសម្បជាន មុសាវាទណា ដែលមិនមែនជាបាបសូម្បីត្រឹមតែបន្តិចបន្តួច នោះទេ គឺថា បើមិនបានធំក៏បាបតូចដែរ ដូចជាដំរីក្នុង ចំណុចទីពីរ ដែលថាមិនធ្វើកម្មដោយអវយវៈណាមួយនោះ មិនមានហ្នឹងឯង)។ ឧបមាអំពីកញ្ចក់ កញ្ចក់មានប្រយោជន៍ដូចម្ដេច? កញ្ចក់មានប្រយោជន៍ក្នុង ការឆ្លុះមើលមុខ។ ម្នាលរាហុល យ៉ាងនោះមែនហើយ អ្នកគប្បីពិចារណាត្រិះរិះ មើលរួចហើយ សឹមធ្វើកម្មដោយកាយ ពិចារណាត្រិះរិះមើល រួចហើយ សឹមធ្វើកម្មដោយវាចា ពិចារណាត្រិះរិះមើលរួចហើយ សឹមធ្វើកម្មដោយចិត្ត។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្ដែងអំពីការពិចារណានូវ កម្មទាំងបី ទាំងដែលនឹងធ្វើ កំពុងធ្វើ ទាំងដែលធ្វើរួចហើយ ដោយពិស្ដារ ដែលព្រះធម៌ទេសនានេះប្រព្រឹត្តទៅសមគួរ ដល់វេនេយ្យសត្វគឺបុគ្គលដែលគួរដល់ការណែនាំ។ ស្រង់ពីសៀវភៅ ជំនួយសតិ ភាគ២១ ដោយ៥០០០ឆ្នាំ
images/articles/2499/643r.jpg
ផ្សាយ : ២៧ កញ្ញា ឆ្នាំ២០២១ (អាន: ៨៦៣៤១ ដង)
សូម្បីតែគំនិតយល់ខុស (គឺយល់ខុសពីការពិត) ក៏ជាសភាវ ធម៌កើតពីបច្ច័យដែរ ជារបស់មិនទៀង ជាទុក្ខ ពួកអ្នកយល់ ខុសទាំងនោះមានការប្រកាន់ក្នុងទិដ្ឋិរបស់ខ្លួន ឈ្មោះថាលិច ចុះក្នុងទុក្ខ។ មិនលិចចុះក្នុងទុក្ខ សភាវធម៌ទាំងអស់ កើតពីបច្ច័យ មានបច្ច័យតាក់តែងឲ្យ កើតឡើងហើយ សុទ្ធតែមិនទៀង មានការអស់ទៅ សូន្យទៅ។ របស់ណាមិនទៀង របស់នោះជាទុក្ខ របស់ណាមិនទៀងជាទុក្ខ មានការប្រែប្រួល វិបស្សនាឃើញថា របស់នោះមិនមែនជា របស់យើង មិនមែនជាយើង មិនមែនជាខ្លួនរបស់យើងទេ។ ព្រះអរិយបុគ្គលទាំងឡាយ មិនប្រកាន់ក្នុងបញ្ចក្ខន្ធ ដឹងពីការ រលាស់ចោលនូវបញ្ចក្ខន្ធ រមែងមិនលិចចុះក្នុងទុក្ខឡើយ។ ដូចក្មេងមិនចូលសាលារៀន ពិតមែនតែអ្វីៗនោះមិនគាប់ចិត្តយើង ប៉ុន្តែយើងត្រូវឆាប់មាន ស្មារតីរលឹកដឹងថា អ្វីៗនោះសុទ្ធតែជាសភាវៈយ៉ាងត្រឹមត្រូវ ក្នុងការកើតឡើង គឺត្រឹមត្រូវតាមបច្ច័យ មិនថាកុសល អកុសល ឬអព្យាក្រឹតឡើយ។ ការដែលចេះតែចង់ឲ្យអ្វីៗផ្គាប់ចិត្តយើង វាជារឿងក្មេងៗទេ ពោលគឺក្មេងខ្ចីបញ្ញា កាលបើអ្វីៗជាបរមត្ថ សុទ្ធតែត្រឹមត្រូវ ម៉េចក៏មិនព្យាយាមសិក្សាចូលទៅដឹងថការពិត អប់រំបញ្ញាទទួលយករសនៃសច្ចធម៌ ស្ងប់ចិត្តរលត់តណ្ហា​ ការ ដែលចង់ឲ្យអ្វីៗត្រូវតាមចំណង់ គឺចង់ផ្គាប់កិលេសខ្លួនឯងតែ ប៉ុណ្ណោះ ដូចក្មេងដែលមិនចូលសាលារៀនអ៊ីចឹងឯង។ បៀតបៀនចិត្តខ្លួនឯង ដឹងថាខ្លួនឯងកើតទុក្ខសោកសៅមកពីអ្វីទេ? មកពីហួងហែង របស់មិនទៀងថាជារបស់ខ្លួនឯង។ តាមពិត ការមិនទៀងនៃ សង្ខារធម៌ជាអារម្មណ៍នៃវិបស្សនាល្អណាស់ ប៉ុន្តែព្រោះហេតុ តែការមិនយល់ ទើបបៀតបៀនចិត្តខ្លួន។ មានសេចក្ដីស្ងប់ជាទីពឹង នៅពេលណា ដែលយើងសម្រេចបាននូវសេចក្ដីសុខស្ងប់ ខាងក្នុងខ្លួនយើង នៅពេលនោះ គឺយើងមិនបានឲ្យសេចក្ដី សំខាន់ចំពោះកាមសុខ ដោយការខំប្រឹងប្រែងស្វែងរកយក មកសេពសោយនោះឡើយ ទាំងសេចក្ដីទុក្ខដែលកើតមក ពីការពឹងពាក់អ្នកដទៃ របស់ដទៃ​ ហើយមិនបានដូចចិត្ត នោះ ក៏ថយចុះទៅដែរ នេះចូលក្នុងបទថា មានខ្លួនឯងជា ទីពឹង។ មានទ្រព្យហើយមិនឲ្យទានព្រោះមោហៈ មានទ្រព្យសម្បត្តិជាទីពេញចិត្តហើយ មិនឲ្យទាន ព្រោះហេតុ មិនដឹងថា សត្វលោកប្រព្រឹត្តទៅតាមកម្ម។ បានទ្រព្យហើយ ធ្វើនូវការសន្សំទ្រព្យនោះៗដោយការជាប់ជំពាក់ រឹងតែប្រាថ្នា នូវវត្ថុកាមគុណឡើងទៀត។ មិនមានអ្នកណាអស់កិលេស ព្រោះមានមាសប្រាក់ច្រើននោះឡើយ ហើយក៏មិនមានអ្នក ណាអស់ទុក្ខព្រោះនៅមានកិលេសនោះដែរ។ បានជួបព្រះធម៌ហើយ ទៅជាថាអត់ពេល បានជួបព្រះពុទ្ធដីកាហើយ មិនស្ដាប់ មិនរៀនឲ្យបានចេះដឹង ត្រូវចំណាយពេលវេលាដើម្បីនេះ ដើម្បីនោះ តើនេះនោះហ្នឹង ក្រណាស់ទៅឬក្នុងវដ្ដសង្សារ កាលបានមកហើយឲ្យយើងអស់ កិលេសដែរទេ សំខាន់ជាងព្រះពុទ្ធដីកាទៅទៀតឬ? គ្រាន់តែមិនសូវកើតទុក្ខ ប៉ុណ្ណឹងល្អហើយ មនុស្សយើង តែកាលណាខ្លាចទុក្ខទាំងដែលមិនស្គាល់ទុក្ខ (ទុក្ខេ អញ្ញាណំ) រមែងប្រាថ្នាសេចក្ដីសុខដោយតណ្ហា ពោលគឺ ខ្លាចទុក្ខ ប្រាថ្នាសុខ ប៉ុន្តែសាងហេតុនៃសេចក្ដីទុក្ខឲ្យខ្លួនឯង ព្រោះអវិជ្ជាមិនដឹងក្នុងអរិយសច្ច។ តាមពិត មនុស្សយើងសព្វ ថ្ងៃនេះគ្រាន់តែមិនសូវកើតទុក្ខប៉ុណ្ណឹងប្រសើរណាស់ហើយ មិនចាំបាច់បានសុខអ្វីពីរបស់ក្នុងលោកនេះច្រើនពេកទៅនោះ ទេ ព្រោះថា សូម្បីតែព្រះនិព្វានដែលបរមសុខ ក៏ព្រោះទុក្ខមិន កើតឡើងហ្នឹងឯង។ ស្រង់ពីសៀវភៅ ជំនួយសតិ ភាគ២១ ដោយ៥០០០ឆ្នាំ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕