images/articles/2203/Untitled-1-Recovered.jpg
យ៉ាងណាដែលហៅថាសមាទាន
ផ្សាយ : ១៨ មករា ឆ្នាំ២០២៤
យ៉ាងណាដែលហៅថាសមាទាន "សីល" ?
សីល គឺជាវិន័យសម្រាប់អប់រំ ហ្វឹកហ្វឺន ហាត់ពត់ លត់ដំ កិរិយា ចរិយាមារយាទ សម្អាតការប្រព្រឹត្ត តាមផ្លូវកាយ វាចា ចិត្ត របស់ខ្លួនយើងម្នាក់ ៗ ឲ្យមានរបៀបរៀបរយ មានសីលធម៌ មានគុណធម៌ល្អប្រសើរត្រឹមត្រូវ វៀរចាកនូវអកុសលធម៌ទាំងឡាយ ( ដែលជាអំពើបាប អំពើអាក្រក់ ) ដែមាន អវិជ្ជា តណ្ហា និង ឧបាទាន ជាប្រភព ។
images/articles/2241/Untitled-1-Recovered.jpg
ទានក្នុងសប្បុរិយបញ្ញត្តិធម៌
ផ្សាយ : ១៨ មករា ឆ្នាំ២០២៤
ទានក្នុងសប្បុរិយបញ្ញត្តិធម៌
សប្បុរិសបញ្ញត្តិធម៌ មានន័យថា ធម៌ដែលសប្បុរស ប្រកាសឲ្យមនុស្សលោកដឹង ឬ ធម៌ដែលសប្បុរសបញ្ញត្តិ ទុកមកក្នុងលោក។
សប្បុរិសបញ្ញត្តិធម៌មាន ៣ យ៉ាងគឺ៖
១- ទាន ការបរិច្ចាគ,
២- បព្វជ្ជា ការបួសជាភិក្ខុ សាមណេរ,
៣- មាតាបិតុឧបដ្ឋាន ការបំរើមាតាបិតា។
ពាក្យថា សប្បុរស បានដល់អ្នកប្រាជ្ញទាំងឡាយ មានព្រះពុទ្ធជាដើម។
images/articles/2247/Untitled-1-Recovered.jpg
សប្បុរិសទាន
ផ្សាយ : ១៨ មករា ឆ្នាំ២០២៤
សប្បុរិសទាន
សប្បុរិសទាន ប្រែថា អំណោយរបស់ជនសប្បុរស ឬអំណោយរបស់ជនអ្នកមានចិត្តស្ងប់ចាកបាប។ សប្បុរសធ្វើទានដោយស្មារតីខ្ពស់ក្នុងរបៀប ៥ យ៉ាងគឺ៖
១- សទ្ធា ទានំ ទេតិ ឲ្យទានដោយសទ្ធាគឺឲ្យដោយចិត្តជឿកម្ម និងផលវិបាករបស់កម្ម ជឿថាសត្វទាំងឡាយ មានកម្មដែលខ្លួនបានធ្វើហើយជារបស់ខ្លួន...។
២- សក្កច្ចំ ទានំ ទេតិ ឲ្យទានដោយគោរព គឺគោរពទេយ្យវត្ថុផង គោរព
images/articles/2342/23rfsd.jpg
កូនចាបចៀបកប្បាសដែលមិនទាន់ចេះហើរ
ផ្សាយ : ១៨ មករា ឆ្នាំ២០២៤
កាលពីព្រេងនាយ មានព្រះពោធិសត្វមួយអង្គទ្រង់បានយោនយកកំណើតជាកូនចាបចៀបកប្បាស ។ កូនចាបចៀបកប្បាសនោះមានជើង និងស្លាបតូច ៗ នៅឡយ, មិនទាន់ចេះដើរឬហោះហើរបាននៅឡើយទេ ។
មេបាវាទាំងពីរខិតខំប្រឹងប្រែងជាខ្លាំងដើម្បីស្វែងរកចំណីយកមកសម្បុកដើម្បីបញ្ចុកចំណីវាតាមចំពុះ ។ នៅតំបន់ព្រៃដែលចាបចៀបកប្បាសបានយោនយកកំណើតនោះ ជាភូមិមួយក្នុងលោកយើងនេះដែលតែងតែមានភ្លើងឆេះព្រៃជារៀងរាល់ឆ្នាំ ។
នាកាលវេលាឆ្នាំនោះឯង ក៏មានភ្លើងចាប់ឆាបឆេះព្រៃម្តងទៀត ។ បក្សាបក្សីទាំងអស់ដែលមានលិទ្ធភាព ក៏បាននាំគ្នាហើរទៅឆ្ងាយចាប់តៃងតែមានផ្សែងជាដម្បូងមកម្លេះ ។ ដោយហេតុថា ភ្លើងកាន់តែឆាបឆេះមកជិតសម្បុកកូនចាបចៀបកប្បាសបន្តិចម្តង ៗ ហើយនោះ ។
មេ និងបាទាំងពីរនាំគ្នាបន្សល់ខ្លួននៅជាមួយនឹងកូន ។ នៅទីបំផុត ភ្លើងបានឆាបឆេះមកជិតមែនទែន ដែលបានធ្វើឲ្យមេបាទាំងពីរបង្ខំចិត្តហើរចាកចេញយករួចតែជីវិតខ្លួន ចោលកូនចាបសម្លាញ់ទាំងចិត្តក្តុកក្តួលជាអនេក ។
ដើមឈើទាំងអស់ ទាំងតូចទាំងធំត្រូវបានភ្លើងឆេះរលំដួល ជាមួយនឹងសម្លេងផ្ទុះរប៉េះរប៉ោះជាខ្លាំង ។ កូនចាបចៀបកប្បាសបានឃើញអ្វី ៗ ត្រូវបានភ្លើងឆេះបំផ្លាញយ៉ាងសាហាវ ដោយគ្មានអ្វីអាចគ្រប់គ្រងបានឡើយ ។
វាមិនអាចធ្វើអ្វី ដើម្បីជួយដល់ជីវិតខ្លួនបានឡើយ ។ នៅក្នុងខណៈនេះ ចិត្តកូនចាបចៀបកប្បាសមានអារម្មណ៍ពោរពេញទៅដោយសេចក្តីអស់សង្ឃឹមជាខ្លាំង ។
ប៉ុន្តែរំពេចនោះ កូនចាបចៀបបាននឹងភ្នកក្នុងចិត្តថា ៖ " មេនិងបាខ្ញុំ លោកអាណិតស្រឡាញ់ខ្ញុំខ្លាំងណាស់ ។ ដោយមិនខ្លាចនឿយហត់អ្វីទាំងអស់ លោកបានធ្វើសម្បុកមួយសម្រាប់ខ្ញុំ និងចិញ្ចឹមបំប៉នរក្សាខ្ញុំ ដោយគ្មានការលោភលន់អ្វីសោះឡើយ ។ នៅពេលភ្លើងបានឆាបឆេះជិតមកដល់ លោកទាំងពីរបាននាំគ្នាបន្សល់ខ្លួននៅជាមួយខ្ញុំ រហូតដល់នាទីចុងក្រោយបំផុត ។
បក្សាបក្សីទាំងអស់ដែលមានលទ្ធភាពអាចហោះហើរបាន គេបាននាំគ្នាហើរចេញទៅឆ្ងាយ តាំងតែពីមុនយូរណាស់មកហើយ ។ អញ្ជឹងហើយ មេត្តាធម៌របស់មេ និងបាដែលលោកមានចំពោះខ្ញុំធំធេងណាស់ ។
លោកបានបន្សល់ខ្លួននៅជាមួយខ្ញុំដោយផ្សងព្រេងនឹងគ្រោះថ្នាក់នៃជីវិតរបស់លោកទាំងពីរ ។ តែ ទោះជាយ៉ាងណាក៏ដោយ ក៏លោកនៅតែគ្មានសង្ឃឹមថានឹងអាចជួយយកអាសារជីវិតខ្ញុំបាន ។
ដូច្នេះហើយ ដោយសារតែលោកមិនអាចបីពរយកខ្ញុំទៅជាមួយបាន ទើបលោកដាច់ចិត្តហោះហើរចេញទៅតែខ្លួន ។ ខ្ញុំសូមអរគុណដល់លោកទាំងពីរ ចំពោះសេចក្តីស្រឡាញ់របស់លោក ដែលមានចំពោះរូបខ្ញុំ ទោះជាលោកទាំងពីរដល់ទីណាក៏ដោយ ។ ខ្ញុំសូមផ្សងដោយអស់ពីចិត្ត សូមឲ្យលោកទាំងពីរបានរួចផុតពីគ្រោះថ្នាក់ មានសុខមាលភាព និងសុភមង្គល ។ "
" ឥឡូវនេះ ខ្ញុំនៅតែម្នាក់ឯងតែលតោល ។ គ្មានអ្នកណាមនាក់ដែលខ្ញុំទៅរកឲ្យជួយបានទេ ។ ខ្ញុំមានតែស្លាប តែខ្ញុំមិនអាចហើរឲ្យរួចខ្លួនបាន ។ ខ្ញុំមានជើង តែខ្ញុំមិនអាចរត់គេចចេញបាន ។
ប៉ុន្តែ ខ្ញុំនៅអាចគិតបាន ។ សល់តែចិត្តប៉ុណ្ណោះ ដែលខ្ញុំនៅប្រើបាន គឺជាចិត្តដែលបរិសុទ្ធ ។ ក្នុងជិវិតដ៏ខ្លីរបស់ខ្ញុំ សត្វលោកដែលខ្ញុំស្គាល់ មានតែមេ និងបារបស់ខ្ញុំតែប៉ុណ្ណោះ ។
ហើយចិត្តរបស់ខ្ញុំសោត ក៏ពោរពេញទៅដោយក្តីមេត្តាករុណាចំពោះលោកទាំងពីរ ។ ខ្ញុំមិនដែលបានធ្វើអំព៉ើអាក្រក់ ដល់អ្នកណាម្នាក់ឡើយ ។ ខ្ញុំមានតែសច្ចភាពនៃទារកនិរទោសតែប៉ុណ្ណោះ ។
រំពេចនោះ បាដិហារដ៏មហស្ចារ្យមួយបានកើតឡើង ។ សច្ចភាពនៃទិរទោសនេះបានរីកធំឡើង ៗ រហូតដល់បានធំជាងខ្លួនកូនចាបចៀបកប្បាស ។ ចំណេះដឹងចំពោះសច្ចធម៌នេះ មានកម្រិតខ្ពស់ហួសឆ្ងាយផុតពីជីវិតរស់នៅរបស់បុគ្គលម្នាក់ ៗ ។
ចំណេះដឹងនេះព្រះពោធិសត្វ លោកមិនត្រឹមតែយល់ដឹងតែនៅក្នុងជាតិនេះទេ គឺលោកក៏មានចំណេះដឹងនេះតាំងតែពីគ្រប់ជាតិមុន ៗ មកផងដែរ ចំណេះដឹងនេះ ហៅថា បុព្វេជាតិស្សរញ្ញាណ ប្រែថា ( ប្រាជ្ញារលឹកជាតិកំណើត ពីក្នុងអតីតកាលបាន ) ។
នរជនដែលបានយោនយកកំណើតពីជាតិមុនយ៉ាងនេះបាននាំ្យមនុស្សជាតិស្គាល់ថា ជាព្រះពុទ្ធមួយអង្គ ដែលលោកជាអ្នកបានសម្រេចសម្មាសម្ពោធិញ្ញាណ ស្គាល់សច្ចធម៌ច្បាស់លាស់ លោកជាអ្នកមានអនុភាព នៃសច្ចធម៌, ភាពបរិសុទ្ធនៃកុសលធម៌ និងគោលបំណងនៃមេត្តាធម៌ ។
ដូច្នេះហើយ ព្រះពោធិសត្វដែលជាកូនចាបចៀបកប្បាស លោកបានអធិដ្ឋានតាំងមាំក្នុងចិត្តថា ៖ " សូមឲ្យសច្ចភាពនៃនិរទោសនេះបានជួបជុំជាមួយភាពបរិសុទ្ធនៃកុសលធម៌ និងអានុភាពនៃសច្ចធម៌ដ៏បុរាណផងចុះ ។
សូមឲ្យបក្សាបក្សា និងសត្តនិករទាំងអស់ ដែលនៅជាប់អន្ទាក់ភ្លើងឆេះព្រៃនេះ បានរួចផុតពីគ្រោះភ័យ ។ និងសូមឲ្យទីកន្លែងត្រង់នេះបានចៀសរួចផុតពីភ្លើងព្រៃមួយលានឆ្នាំទៅហោង ។ " ហើយអ្វី ៗ ក៏បានសម្រេចដូចសេចក្តីអធិដ្ឋានតាំងចិត្តសច្ចាប្រាថ្នារបស់ព្រះពោធិសត្វមែន ។
ដំបូន្មានៈ សច្ចធម៌, កុសលធម៌ និងករុណាធម៌អាចសង្រ្គោះពិភពលោកបាន ។
ដកស្រង់ចេញពីសៀវភៅៈ ព្រហ្មចរិយេសនា
វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា
ដោយ៥០០០ឆ្នាំ
images/articles/1959/Untitled-1-Recovered.jpg
សបរិវារច្ឆត្តទាយកត្ថេរាបទាន
ផ្សាយ : ១៨ មករា ឆ្នាំ២០២៤
សបរិវារច្ឆត្តទាយកត្ថេរាបទាន
ព្រះសម្ពុទ្ធព្រះនាមបទុមុត្តរៈ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់គួរទទួលនូវគ្រឿងបូជា ទ្រង់បង្អុរនូវភ្លៀងគឺព្រះធម៌ ដូចជាទឹកភ្លៀង បង្អុរចុះអំពីអាកាស ។
ខ្ញុំបានឃើញនូវព្រះសម្ពុទ្ធអង្គនោះ កំពុងសម្តែងអមតបទ ខ្ញុំញ៉ាំងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា ហើយបានទៅកាន់ផ្ទះរបស់ខ្លួនវិញ ។ ខ្ញុំកាន់ឆត្រដែលស្អិតស្អាងហើយ ដើរចូលទៅរកព្រះសម្ពុទ្ធដ៏ប្រសើរជាងពួកនរៈ
images/articles/1974/Untitled-1-Recovered.jpg
ឧបដ្ឋាយិកត្ថេរាបទាន
ផ្សាយ : ១៨ មករា ឆ្នាំ២០២៤
ឧបដ្ឋាយិកត្ថេរាបទាន
ខ្ញុំបានឃើញព្រះមហានាគ ព្រះអង្គជាធំជាងសត្វជើងពីរ ជាច្បងក្នុងលោក ទ្រង់ជានរាសភៈ គួរទទួលនូវគ្រឿងបូជា ស្តេចទៅតាមច្រក ។ ខ្ញុំបានថ្វាយឧបដ្ឋាកម្នាក់ដល់ព្រះមហេសី ព្រះនាមសិទ្ធត្ថ ដែលខ្ញុំបានឲ្យគេនិមន្ត ព្រះអង្គស្វែងរកនូវប្រយោជន៍ ដល់សត្វលោកទាំងពួង ។ ព្រះសម្ពុទ្ធជាអ្នកប្រាជ្ញប្រសើរ ទ្រង់ទទួលហើយប្រគល់ឲ្យខ្ញុំវិញទ្រង់ក្រោកចាកអាសនៈនោះ
images/articles/1999/Untitled-1-Recovered.jpg
កិរិយាបរិច្ចាគទាន
ផ្សាយ : ១៨ មករា ឆ្នាំ២០២៤
កិរិយាបរិច្ចាគទាន
ការធ្វើប្រយោជន៍ដល់សង្គម ជាកាតព្វកិច្ចរបស់មនុស្សគ្រប់រូប ព្រះពុទ្ធប្រៀនប្រដៅយើងឲ្យចេះធ្វើប្រយោជន៍ក្នុងសង្គម ។ មនុស្សយើងតាំងពីតូចមកដល់ធំ រស់នៅបានដោយសារទាន បានដល់ការឲ្យចំណីចំណុក ចិញ្ចឹមបីបាច់ថែរក្សាពីឪពុកម្តាយ បើគាត់មិនឲ្យយើងទេ យើងនឹងស្លាប់ ។ យើងអាចចេះដឹង អានអក្សរកើត ដោយសារលោកគ្រូអ្នកគ្រូបានប្រគល់ឲ្យនូវចំណេះដឹងដល់យើង ។
images/articles/1983/Untitled-1-Recovered.jpg
ការឲ្យទានដែលមានផលច្រើន
ផ្សាយ : ១៨ មករា ឆ្នាំ២០២៤
តតិយវគ្គ ទានសូត្រ
នៅក្នុងបិដកលេខ ៥៣ ទំព័រ ២៥ព្រះអង្គទ្រង់ត្រាស់អំពី (ការឲ្យទានដែលមានផលច្រើន) ដោយមានសេចក្តីថា ៖
ខ្ញុំបានស្តាប់មកថា ព្រះមានព្រះភាគទ្រង់ត្រាស់ហើយ ព្រះអរហន្តសម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ បើពួកសត្វដឹងផលនៃការចែកទាន ដូចជាតថាគតដឹងដូច្នោះ បើមិនទាន់ឲ្យទានទេ ក៏មិនហ៊ានបរិភោគឡើង ម៉្យាងទៀត មន្ទិលគឺសេចក្តីកំណាញ់របស់សត្វទាំងនោះ
images/articles/2831/jhmhgngfbds.jpg
បញ្ហាក្នុងជីវិតអាស្រ័យលោភៈ
ផ្សាយ : ១៥ មករា ឆ្នាំ២០២៤
ចំណង់លោភៈ បាននាំជីវិតចូលទៅរកបញ្ហារាប់មិនអស់ រវល់តែដោះស្រាយបញ្ហាដែលលោភៈខ្លួនឯងបានសាងឡើង មិនចេះចប់ មិនចេះហើយ ទាំងលោភៈនេះទៀតសោត បានសាងកម្ម ដែលជាពូជនៃភពថ្មី កាលដែលភពថ្មីកើតហើយ ត្រូវបានជរា និងមរណៈ កម្ចាត់ចោលអស់ ត្រូវសាងថ្មីទៀត នេះជាអំពើខាតទុន ប្រកបដោយភាពល្ងង់ខ្លៅ របស់យើងខ្លួនឯង ។
ដើម្បីការមិនចាប់ប្រកាន់អ្វីៗទៅបាន ត្រូវហ្វឹកហាត់ដកចិត្តចេញអំពីរបស់ដែលប្រែប្រួល ដូចជាការដកចិត្តចេញអំពីមនុស្សដែលមិនស្មោះត្រង់ ដូច្នោះឯង ។ ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា របស់ណា មិនទៀង របស់នោះ ជាទុក្ខ របស់ណាដែលជាទុក្ខ មានការប្រែប្រួលជាធម្មតា ត្រូវឃើញថា នោះមិនមែនជារបស់យើងឡើយ ។ កាលដែលវិបស្សនាឃើញថា របស់ណា មិនមែនជារបស់យើង ក៏មិនចាប់យកនូវរបស់នោះដោយសេចក្ដីប្រកាន់មាំឡើយ នេះឯង បដិបទាជាទីសប្បាយ ។
ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២
ដោយ៥០០០ឆ្នាំ
images/articles/2834/44rrxtpic.jpg
ភូមិ ៣ កំណើត ៤ គតិ ៥ វិញ្ញាណដ្ឋិតិ ៧ សត្តាវាស ៩
ផ្សាយ : ១៥ មករា ឆ្នាំ២០២៤
ភូមិ ៣
១. កាមភូមិ ១១ បានដល់ អបាយភូមិ ៤ មនុស្សភូមិ ១ ទេវភូមិ ៦
២. រូបភូមិ ១៦ បានដល់ រូបព្រហ្ម ១៦
៣. អរូបភូមិ ៤ បានដល់ អរូបព្រហ្ម ៤ ។
កំណើត ៤
១. អណ្ឌជយោនិ កំណើតក្នុងពង
២. ជលាពុជយោនិ កំណើតក្នុងគភ៌
៣. សំសេទជយោនិ កំណើតក្នុងញើសក្អែល
៤. ឱបបាតិកយោនិ កំណើតកើតឯង ។
គតិ ៥
១. និរយោ នរក
២. តិរច្ឆានយោនិ កំណើតតិរច្ឆាន
៣. បេត្តិវិសយោ ប្រេតវិស័យ
៤. មនុស្សា ពួកមនុស្ស
៥. ទេវា ពួកទេវតា ។
វិញ្ញាណដ្ឋិតិ ៧
១. សត្តា នានត្តកាយា នានត្តសញ្ញិនោ ពួកសត្វមានកាយផ្សេងគ្នា មានសញ្ញាផ្សេងគ្នា (ដូចពួកមនុស្ស ទេវតាពួកខ្លះ និងវិនិបាតិកៈពួកខ្លះ នេះជាវិញ្ញាណដិ្ឋតិទី ១) ។
២. សត្តា នានត្តកាយា ឯកត្តសញ្ញិនោ ពួកសត្វមានកាយផ្សេងគ្នា មានសញ្ញាដូចគ្នា (ដូចទេវតាក្នុងពួកព្រហ្មដែលកើតក្នុងជាន់បឋមជ្ឈានភូមិ នេះជា វិញ្ញាណដ្ឋិតិ ទី ២) ។
៣. សត្តា ឯកត្តកាយា នានត្តសញ្ញិនោ ពួកសត្វមានកាយដូចគ្នា មានសញ្ញាផ្សេងគ្នា (ដូចពួកទេវតាក្នុងជាន់អាភស្សរៈ នេះជាវិញ្ញាណដ្ឋិតិ ទី ៣) ។
៤. សត្តា ឯកត្តកាយា ឯកត្តសញ្ញិនោ ពួកសត្វមានកាយដូចគ្នា មានសញ្ញាដូចគ្នា (ដូចពួកទេវតាក្នុងជាន់សុភកិណ្ហៈ នេះជា វិញ្ញាណដ្ឋិតិ ទី ៤) ។
៥. សត្តា សព្វសោ រូបសញ្ញានំ សមតិក្កមា បដិឃសញ្ញានំ អត្ថង្គមា នានត្តសញ្ញានំ អមនសិការា អនន្តោ អាកាសោតិ អាកាសានញ្ចាយតនូបគា ពួកសត្វចូលកាន់អាកាសានញ្ចាយតនជ្ឈាន ដោយគិតថា អាកាសមិនមានទីបំផុត ព្រោះកន្លងបង់នូវពួករូបសញ្ញា ព្រោះវិនាសទៅនៃពួកបដិឃសញ្ញា ព្រោះមិនធ្វើទុកក្នុងចិត្តនូវពួកនានត្តសញ្ញា ដោយប្រការទាំងពួង(នេះជា វិញ្ញាណដ្ឋិតិ ទី ៥) ។
៦. សត្តា សព្វសោ អាកាសានញ្ចាយតនំ សមតិក្កម្ម អនន្តំ វិញ្ញាណន្តិ វិញ្ញាណញ្ចាយតនូបគា ពួកសត្វកន្លងបង់នូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់វិញ្ញាណញ្ចាយតនជ្ឈាន ដោយគិតថា វិញ្ញាណមិនមានទីបំផុត (នេះជាវិញ្ញាណដ្ឋិតិ ទី ៦) ។
៧. សត្តា សព្វសោ វិញ្ញាណញ្ចាយតនំ សមតិក្កម្ម នត្ថិ កិញ្ចីតិ អាកិញ្ចញ្ញាយតនូបគា ពួកសត្វកន្លងបង់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់អាកិញ្ចញ្ញាយតនជ្ឈាន ដោយគិតថាវត្ថុតិចតួចមិនមាន (នេះជាវិញ្ញាណដ្ឋិតិ ទី៧) ។
សត្តាវាស ៩
១. សត្តា នានត្តកាយា នានត្តសញ្ញិនោ ពួកសត្វមានកាយផ្សេងគ្នា មានសញ្ញាផ្សេងគ្នា ដូចពួកមនុស្ស ទេវតាពួកខ្លះ និងវិនិបាតិកៈពួកខ្លះ (នេះជា
សត្តាវាស ទី ១) ។
២. សត្តា នានត្តកាយា ឯកត្តសញ្ញិនោ ពួកសត្វមានកាយផ្សេងគ្នា មានសញ្ញាដូចគ្នា ដូចពួកទេវតាក្នុងជាន់ព្រហ្មលោក ដែលកើតក្នុងជាន់បឋមជ្ឈានភូមិ (នេះជាសត្តាវាសទី ២) ។
៣. សត្តា ឯកត្តកាយា នានត្តសញ្ញិនោ ពួកសត្វមានកាយដូចគ្នា មានសញ្ញាផ្សេងគ្នា ដូចពួកទេវតាក្នុងជាន់អាភស្សរៈ (នេះជាសត្តាវាសទី ៣) ។
៤. សត្តា ឯកត្តកាយា ឯកត្តសញ្ញិនោ ពួកសត្វមានកាយដូចគ្នា មានសញ្ញាដូចគ្នា ដូចពួកទេវតាក្នុងជាន់សុភកិណ្ហៈ (នេះជាសត្តាវាស ទី ៤) ។
៥. សត្តា អសញ្ញិនោ អប្បដិសំវេទិនោ ពួកសត្វឥតសញ្ញា មិនដឹងច្បាស់ (នូវអារម្មណ៍) (ដូចពួកទេវតាជា អសញ្ញិសត្វ នេះជា សត្តាវាស ទី ៥) ។
៦. សត្តា សព្វសោ រូបសញ្ញានំ សមតិក្កមា បដិឃសញ្ញានំ អត្ថង្គមា នានត្តសញ្ញានំ អមនសិការា អនន្តោ អាកាសោតិ អាកាសាន-ញ្ចាយតនូបគា ពួកសត្វចូលកាន់អាកាសានញ្ចាយតនជ្ឈាន ដោយបរិកម្មថា អាកាសមិនមានទីបំផុតដូច្នេះ ព្រោះកន្លងបង់នូវពួករូបសញ្ញា ព្រោះវិនាសទៅនៃពួកបដិឃសញ្ញា ព្រោះមិនធ្វើទុកក្នុងចិត្តនូវពួកនានត្តសញ្ញាដោយប្រការទាំងពួង (នេះជាសត្តាវាស ទី ៦) ។
៧. សត្តា សព្វសោ អាកាសានញ្ចាយតនំ សមតិក្កម្ម អនន្តំ វិញ្ញាណន្តិ វិញ្ញាណញ្ចាយតនូបគា ពួកសត្វកន្លងបង់នូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់វិញ្ញាណញ្ចាយតនជ្ឈាន ដោយបរិកម្មថា វិញ្ញាណមិនមានទីបំផុតដូច្នេះ (នេះជា សត្តាវាស ទី ៧) ។
៨. សត្តា សព្វសោ វិញ្ញាណញ្ចាយតនំ សមតិក្កម្ម នត្ថិ កិញ្ចីតិអាកិញ្ចាញ្ញាយតនូបគា ពួកសត្វកន្លងបង់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលទៅកាន់អាកិញ្ចញ្ញាយតនជ្ឈាន ដោយបរិកម្មថា វត្ថុបន្តិចបន្តួចមិនមានដូច្នេះ (នេះជា សត្តាវាស ទី ៨) ។
៩. សត្តា សព្វសោ អាកិញ្ចញ្ញាយតនំ សមតិក្កម្ម វសញ្ញានាសញ្ញាយតនូបគា ពួកសត្វកន្លងបង់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់នេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយបរិកម្មថា វត្ថុនេះស្ងប់រម្ងាប់ វត្ថុនេះប្រសើរ ដូច្នេះ (នេះជា សត្តាវាស ទី ៩) ។
(សុត្តន្តបិដក ទីឃនិកាយ បាដិកវគ្គ សង្គីតិសូត្រ)
ដោយខេមរ អភិធម្មាវតារ
ដោយ៥០០០ឆ្នាំ
images/articles/2840/poilumkjmgbfv.jpg
ចង្កីសូត្រ
ផ្សាយ : ១៥ មករា ឆ្នាំ២០២៤
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ចារិកក្នុងដែនកោសល ព្រមដោយភិក្ខុសង្ឃជាច្រើនព្រះអង្គ ព្រះអង្គទ្រង់គង់ក្នុងសាលវ័ន ជិតឱបាសាទគ្រាម ។ សម័យនោះឯង មានព្រាហ្មណ៍ម្នាក់ ឈ្មោះចង្កី នៅអាស្រ័យនឹងឱបាសាទគ្រាម ដែលជាស្រុកកុះករដោយសត្វនិងមនុស្ស បរិបូណ៌ដោយស្មៅឧសនិងទឹក ទាំងធញ្ញាហារក៏សម្បូណ៌ដែរ ជាស្រុកព្រះរាជទ្រព្យ ដែលព្រះរាជាបសេនទិកោសល ទ្រង់ព្រះរាជទាន ជាព្រះរាជអំណោយដ៏ប្រសើរ គឺទ្រង់ប្រទានដោយដាច់ខាត ។
បន្ទាប់អំពីពួកព្រាហ្មណ៍ក្នុងស្រុក បានសន្ទនាគ្នាអំពីព្រះគុណនៃព្រះដ៏មានព្រះភាគរួចមក ចង្កីព្រាហ្មណ៍ ព្រមទាំងពួកព្រាហ្មណ៍ដ៏ច្រើន បានចូលគាល់ព្រះដ៏មានព្រះភាគ ។ ក្នុងកាលនោះ មានព្រាហ្មណ៍កំលោះម្នាក់ ឈ្មោះកាបទិកៈ អាយុទើបតែ ១៦ ឆ្នាំ បានចេះចាំគម្ពីរព្រាហ្មណ៍យ៉ាងច្រើន ហើយកាបទិកៈនេះឯង បានជាប្រមុខក្នុងការទូលសួរបញ្ហាចំពោះព្រះដ៏មានព្រះភាគ ។ បញ្ហាដែលកាបទិកៈទូលសួរព្រះដ៏មានព្រះភាគ គឺ
-ការរក្សាសច្ចៈតើត្រឹមប៉ុន្មាន ។
-ការត្រាស់ដឹងសច្ចៈតើត្រឹមប៉ុន្មាន ។
-ការកើតឡើងនៃសច្ចៈតើត្រឹមប៉ុន្មាន ។
-ធម៌មានឧបការច្រើនដល់ការកើតឡើងនៃសច្ចៈ ។
-ធម៌មានឧបការច្រើនដល់បធានគឺសេចក្ដីព្យាយាម ។
-ធម៌មានឧបការច្រើនដល់ការថ្លឹងថ្លែងពិចារណា ។
-ធម៌មានឧបការច្រើនដល់ឧស្សាហៈគឺការប្រឹងប្រែង ។
-ធម៌មានឧបការច្រើនដល់ឆន្ទៈគឺការពេញចិត្តនឹងធ្វើ ។
-ធម៌មានឧបការច្រើនដល់ការសម្លឹងមើលធម៌ ។
-ធម៌មានឧបការច្រើនដល់ការពិចារណាអត្ថ ។
-ធម៌មានឧបការច្រើនដល់ការចេះចាំធម៌ ។
-ធម៌មានឧបការច្រើនដល់ការស្ដាប់ធម៌ ។
-ធម៌មានឧបការច្រើនដល់ការផ្ចង់ត្រចៀក ។
-ធម៌មានឧបការច្រើនដល់ការចូលទៅអង្គុយជិត ។
-ធម៌មានឧបការច្រើនដល់ការចូលទៅរក ។
ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា សទ្ធាមានឧបការច្រើនដល់ការចូលទៅរក ការចូលទៅរកមានឧបការច្រើនដល់ការចូលទៅអង្គុយជិត ការចូលទៅអង្គុយជិតមានឧបការច្រើនដល់ការផ្ចង់ត្រចៀក ការផ្ចង់ត្រចៀកមានឧបការច្រើនដល់ការស្ដាប់ធម៌ ការស្ដាប់ធម៌មានឧបការច្រើនដល់ការចេះចាំនូវធម៌ ការចេះចាំនូវធម៌មានឧបការច្រើនដល់ការពិចារណានូវអត្ថ ការពិចារណានូវអត្ថមានឧបការច្រើនដល់ការសម្លឹងមើលធម៌ គឺសម្លឹងដឹងថា សីលព្រះអង្គទ្រង់ត្រាស់ទុកក្នុងទីនេះ សមាធិព្រះអង្គទ្រង់ត្រាស់ទុកក្នុងទីនេះ ជាដើម ការសម្លឹងមើលធម៌មានឧបការច្រើនដល់ឆន្ទៈ គឺការពេញចិត្តនឹងធ្វើ ឆន្ទៈមានឧបការដល់ឧស្សាហៈគឺការប្រឹងប្រែង ឧស្សាហៈមានឧបការដល់ការថ្លឹងថ្លែងពិចារណា ( តុលេតីតិ ) គឺថ្លឹងថ្លែងពិចារណាការមិនទៀងជាដើមក្នុងសង្ខារធម៌ ការថ្លឹងថ្លែងពិចារណាមានឧបការច្រើនបធានគឺតាំងសេចក្ដីព្យាយាមក្នុងមគ្គ បធាន បទហិត ការតាំងសេចក្ដីព្យាយាមក្នុងមគ្គមានឧបការច្រើនដល់ការកើតឡើងនៃសច្ចៈគឺសច្ចានុប្បត្តិយា បានដល់ការសម្រេចនូវផលដែលជាលោកុត្តរវិបាក ។
ព្រះពុទ្ធអង្គត្រាស់សម្ដែងធម៌ ១២ ប្រការ ចាប់ពីសទ្ធាមកដល់បធាន អនុលោមក្នុងការពោលដល់មគ្គគឺការត្រាស់ដឹងសច្ចៈ ( សច្ចានុពោធោតិ មគ្គានុពោធោ ) ។ នៅក្នុងវារៈនៃការត្រាស់ដឹងសច្ចៈ គឺការសម្រេចអរិយមគ្គ ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា បហិតត្តោ សមានោ កាយេន ចេវ បរមត្ថសច្ចំ សច្ឆិករោតិ បញ្ញាយ ច តំ អតិវិជ្ឈ បស្សតិ ។ ឯត្តាវតា ខោ ភារទ្វាជ សច្ចានុពោធោ ហោតិ ។ ជាអ្នកមានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ( បហិតត្តោ ) ទើបធ្វើឲ្យជាក់ច្បាស់នូវបរមត្ថសច្ច ដោយនាមកាយផង បានចាក់ធ្លុះឃើញច្បាស់នូវបរមត្ថសច្ចនោះ ដោយបញ្ញាផង ។ ម្នាលភារទ្វាជៈ ការត្រាស់ដឹងនូវសច្ចៈមានត្រឹមប៉ុណ្ណេះឯង ។
អដ្ឋកថា ប្រាប់ថា ធ្វើឲ្យជាក់ច្បាស់នូវបរមត្ថសច្ច ដោយកាយ ដោយសេចក្ដីថា ធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន ដោយនាមកាយ ដែលជាសហជាតិ ហើយបានចាក់ធ្លុះ ឃើញច្បាស់នូវព្រះនិព្វាននោះ ដោយបញ្ញាក្នុងការលះបង់នូវកិលេសហ្នឹងឯង ។ ត្រង់បទថា ការត្រាស់ដឹងនូវសច្ចៈ គឺការត្រាស់ដឹងនូវមគ្គ ( សច្ចានុពោធោតិ មគ្គានុពោធោ ) ។
ការរក្សាសច្ចៈ គឺបុគ្គលមានជំនឿក្ដី មានការគាប់ចិត្តក្ដី មានការស្ដាប់តាមគ្នាក្ដី មានការត្រិះរិះនូវអាការណាក្ដី មានការសម្លឹងពិនិត្យយល់ចូលចិត្តក្ដី កាលដែលនិយាយ ក៏និយាយទៅតាមដែលខ្លួនឯងមានជំនឿជាដើមនោះ ៗ ឈ្មោះថារក្សាសច្ចៈ តែមិនដល់ថ្នាក់ដាច់ខាតថា ពាក្យនេះពិត ពាក្យដទៃជាមោឃៈឡើយ ។
នៅក្នុងទំព័រ ១៣៤ ព្រះដ៏មានព្រះភា ទ្រង់ត្រាស់សម្ដែងថា ម្នាលភារទ្វាជៈ មានសេចក្ដីតំណាលថា ភិក្ខុក្នុងសាសនានេះ ចូលទៅអាស្រ័យនៅក្នុងស្រុក ឬក្នុងនិគមណាមួយ ។ អដ្ឋកថា ប្រាប់ថាព្រះពុទ្ធអង្គទ្រង់សំដៅដល់ព្រះអង្គឯង នូវពាក្យថា ឥធ កិរ ភារទ្វាជ ភិក្ខុ ...។ គហបតី ឬកូនគហបតី បានញ៉ាំងសទ្ធាឲ្យកើតឡើងក្នុងព្រះតថាគត ទើបចូលទៅរកហើយអង្គុយជិត ។ល។
នៅខាងចុងនៃព្រះសូត្រ កាបទិកមាណព បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគថា យើងខ្ញុំបានសួរនូវការរក្សាសច្ចៈធម៌នឹងព្រះគោតមដ៏ចម្រើន ព្រះគោតមដ៏ចម្រើន ក៏បានព្យាករនូវការរក្សាសច្ចៈហើយ ក៏ការព្យាករនោះ គាប់ចិត្តផង គួរផង ដល់យើងខ្ញុំ ទាំងយើងខ្ញុំសោត ក៏មានចិត្តត្រេកអ ដោយការព្យាករនោះ យើងខ្ញុំបានសួរនូវការត្រាស់ដឹងនូវសច្ចៈ នឹងព្រះគោតមដ៏ចម្រើន ព្រះគោតមដ៏ចម្រើ ក៏បានព្យាករនូវការត្រាស់ដឹងសច្ចៈហើយ ការព្យាករនោះ គាប់ចិត្តផង គួរផង ដល់យើងខ្ញុំ ទាំងយើងខ្ញុំសោត ក៏មានចិត្តត្រេកអរ ដោយការព្យាករនោះ យើងខ្ញុំបានសួរនូវការកើតសច្ចៈ នឹងព្រះគោតមដ៏ចម្រើន ព្រះគោតមដ៏ចម្រើន ក៏បានព្យាករនូវការកើតសច្ចៈហើយ ក៏ការព្យាករនោះ គាប់ចិត្តផង គួរផង ដល់យើងខ្ញុំ ទាំងយើងខ្ញុំសោត ក៏មានចិត្តត្រេកអរ ដោយការព្យាករនោះ យើងខ្ញុំបានសួរនូវធម៌មានឧបការច្រើន ដល់ការកើតសច្ចៈ នឹងព្រះគោតមដ៏ចម្រើន ព្រះគោតមដ៏ចម្រើន ក៏បានព្យាករនូវធម៌មានឧបការច្រើន ដល់ការកើតសច្ចៈហើយ ក៏ការព្យាករនោះ គាប់ចិត្តផង គួរផង ដល់យើងខ្ញុំ ទាំងយើងខ្ញុំសោត ក៏មានចិត្តត្រេកអរ ដោយការព្យាករនោះ យើងខ្ញុំបានសួរ នូវប្រស្នាណា ៗ នឹងព្រះគោតមដ៏ចម្រើន ព្រះគោតមដ៏ចម្រើន ក៏បានព្យាករនូវប្រស្នានោះ ៗ ហើយ ក៏ការព្យាករនោះ គាប់ចិត្តផង គួរផង ដល់យើងខ្ញុំ ទាំងយើងខ្ញុំសោតក៏មានចិត្តត្រេកអរដោយការព្យាករនោះ បពិត្រព្រះគោតមដ៏ចម្រើន ព្រោះថាកាលពីដើមយើងខ្ញុំបានដឹងយ៉ាងនេះថា បុគ្គលពួកណា ជាសមណៈត្រងោល ជាគហបតិជាតិ មានសម្បុរខ្មៅ ជាកូនកើតមកអំពីព្រះបាទនៃមហាព្រហ្ម បុគ្គលពួកណា ជាអ្នកដឹងច្បាស់នូវ ធម៌ ឱហ្ន៎ ! ( ឥឡូវនេះ ) ព្រះគោតមដ៏ចម្រើន បាននាំខ្ញុំឲ្យមាន សេចក្ដីស្រឡាញ់ក្នុងពួកសមណៈ ឲ្យមានសេចក្ដីជ្រះថ្លាក្នុងពួកសមណៈ ឲ្យមានសេចក្ដីគោរព ក្នុងពួកសមណៈ បពិត្រព្រះគោតមដ៏ចម្រើន ភ្លឺច្បាស់ណាស់ ។ បេ ។ សូមព្រះគោតមដ៏ចម្រើនទ្រង់ជ្រាប នូវខ្ញុំព្រះអង្គថាជាឧបាសក អ្នកដល់នូវត្រៃសរណគមន៍ ស្មើដោយជីវិត តាំងពីថ្ងៃនេះជាដើមតទៅ ។
ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២
ដោយ៥០០០ឆ្នាំ
images/articles/2841/tyfhvgvd.jpg
មនុស្សគួរដល់ការហ្វឹកហាត់
ផ្សាយ : ១៥ មករា ឆ្នាំ២០២៤
ការលះបង់នូវសេចក្ដីទុក្ខទាំងពួងបាន គឺជាសុខ ។ ត្រូវប្រយ័ត្នការស្វែងរកសុខ ដែលជាការបង្កហេតុនៃសេចក្ដីទុក្ខទៅវិញ។ គួរហ្វឹកហាត់ ៧ យ៉ាង នឹងបានក្សេមក្សាន្តក្នុងចិត្ត គឺ
១-ហ្វឹកហាត់ មើលខ្លួនឯងឲ្យឃើញតូចទៅ ៗ ។ គប្បីជាមនុស្សខ្លួនតូចដោយសតិ កុំជាមនុស្សខ្លួនធំដោយកិលេស ចូរជាមនុស្សធម្មតា ៗ ។ កុំប្រកាន់ថា អញជាមនុស្សសំខាន់ គេត្រូវគោរពយើងយ៉ាងនេះ យ៉ាងនោះឲ្យសោះ គប្បីសំខាន់ណាស់ក្នុងការជួយខ្លួនឯងឲ្យរួចពីសេចក្តីសៅហ្មងទៅ បានហើយ ។ ត្រូវចាំថា ធម្មតាជីវិតគឺធម្មតាធម៌ ។
២-ហ្វឹកហាត់ ឲ្យខ្លួនឯងជាអ្នកមិនសន្សំ ។ ការសន្សំអ្វី ៗ គ្រប់យ៉ាង គឺជាភារៈ មិនមានអ្វីដែលយើងសន្សំហើយ មិនមែនជាភារៈនោះឡើយ វៀរលែងតែសេចក្ដីល្អក្នុងការលះបាបប៉ុណ្ណោះ ក្រៅពីហ្នឹងសុទ្ធតែជាភារៈទាំងអស់ បើមិនច្រើនក៏តិចដែរ ។
៣-ហ្វឹកហាត់ ឲ្យខ្លួនឯងជាមនុស្សសប្បាយ ៗ ។ មានបុគ្គលជាទីសប្បាយ មានធម៌ស្ដាប់ជាទីសប្បាយ និងមានបដិបទាជាទីសប្បាយជាដើម ។ កុំទៅវង្វេងជាមួយនឹងរបស់សម្បូណ៌បែប ព្រោះតាមពិត របស់សម្បូណ៌បែបនោះមិនមានទេ វាគ្រាន់តែជាអារម្មណ៍នៃឆន្ទរាគៈតែប៉ុណ្ណោះ មានតែបុគ្គលល្ងង់ខ្លៅទេដែលលិចចុះក្នុងរបស់សម្បូណ៌បែប ព្រោះយល់ច្រឡំថា មានពិតក្នុងមាយាធម៌នោះៗ ចំណែកអ្នកចេះដឹង មិនលិចចុះឡើយ ។
៤-ហ្វឹកហាត់ ឲ្យខ្លួនឯងដឹងធម្មជាតិថា អ្វី ៗ សុទ្ធតែមានការកន្លងទៅ ។ ពេលដែលសុខ ត្រូវដឹងថា បន្តិចវានឹងកន្លងទៅ ពេលដែលមានទុក្ខ ក៏ត្រូវដឹងថា វានឹងកន្លងទៅដូចគ្នាដែរ ។ នៅពេលដែលស្ថានការណ៍លំបាកយ៉ាកយ៉ាប់មកដល់ ត្រូវដឹងឲ្យទាន់ថា រឿងរ៉ាវទាំងនេះ វាមិនបាននៅជាមួយយើងរហូតទៅនោះឡើយ ហើយយើងត្រូវតែឈរនៅខាងសេចក្ដីល្អជានិច្ច ។
៥-ហ្វឹកហាត់ ឲ្យខ្លួនឯងចេះលះបង់ និងចេះព្រមចាញ់ប្រៀបអ្នកដទៃផង ។ ការដែលមនុស្សយើងព្រមចាញ់ប្រៀបអ្នកដទៃ ជាការចាំបាច់ ព្រោះបើយើងទាមទារតែពីត្រូវ អាងហេតុ អាងផល យ៉ាងនេះ យ៉ាងនោះ ដោយមិនព្រមចាញ់ប្រៀបគេ ចង់តែពីត្រូវគ្រប់យ៉ាង ចង់តែពីឈ្នះគេ ប៉ុន្តែបែរទៅជាមិនមានសេចក្ដីសុខក្នុងជីវិតទៅវិញ ព្រោះត្រូវតស៊ូជាមួយនឹងមនុស្សជុំវិញខ្លួន ដើម្បីទាមទាររកឲ្យខ្លួនឯងត្រូវ និងឈ្នះគេតែម្យ៉ាង ដូច្នេះមានតែការព្រមចាញ់ប្រៀបអ្នកដទៃហ្នឹងឯង ដើម្បីសេចក្ដីសុខក្នុងជីវិតផង និងដើម្បីបានឈ្នះនូវមានៈក្នុងខ្លួនឯងផង ។
៦-ហ្វឹកហាត់ ឲ្យខ្លួនឯងជាមនុស្សស្ងៀមស្ងាត់ មិននិយាយច្រើនអត់ប្រយោជន៍ ។ កាលបើត្រូវនិយាយ គប្បីនិយាយដោយសតិសម្បជញ្ញៈ មិនទម្លាយសេចក្ដីស្ងប់ក្នុងចិត្តរបស់ខ្លួន មិននិយាយបៀតបៀនអ្នកដទៃដោយពាក្យសម្តីរបស់ខ្លួនឡើយ ត្រូវដកចង្កូម គឺវចីទុច្ចរិតទាំង ៤ អំពីមាត់របស់ខ្លួនចេញ ត្រូវនឹករលឹកដល់ព្រះពុទ្ធដីកា ដែលព្រះអង្គទ្រង់ត្រាស់អំពីសម្ដីល្អ ៥ យ៉ាង គឺ ១-ពាក្យពិត ២-ពាក្យពីរោះ ៣-ពាក្យមានប្រយោជន៍ ៤-ពោលតាមកាលៈទេសៈត្រឹមត្រូវ ៥-ពោលដោយមេត្តាចិត្ត ។ ត្រូវប្រយ័ត្នសម្ដីមិនល្អ ៥ យ៉ាងផ្ទុយគ្នា ប្រយ័ត្នម្យ៉ាង គឺខ្លួនឯងកុំពោលឲ្យសោះ និងប្រយ័ត្នម្យ៉ាងទៀត ត្រូវតាំងមេត្តាចិត្តឲ្យបានល្អ នៅពេលបានស្ដាប់ឮពីអ្នកដទៃនូវសម្ដីមិនល្អ ៥ យ៉ាងនេះ ត្រូវចាំថា សម្ដីមិនល្អទាំងនេះ រមែងមានក្នុងលោក ដូច្នោះឯង ។
៧-ហ្វឹកហាត់ ឲ្យខ្លួនឯងរួចផុតអំពីភាពជាទាសៈនៃមាសប្រាក់ ។ ពាក្យថាទាសៈ គឺជាសកម្មភាពនៃសេចក្ដីញាប់ញ័រក្នុងចិត្ត ។ ដើម្បីភាពជាឥស្សរៈនេះ ត្រូវហ្វឹកហាត់ឲ្យចេះល្មមជាមួយនឹងរបស់បរិភោគប្រើប្រាស់ កាលបើចេះល្មម ចេះសន្តោសហើយ ទើបមានឱកាសមកទទួលយកព្រះធម៌ ដើម្បីសិក្សាបដិបត្តិ ដែលការសិក្សាបដិបត្តិតាមព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធនេះ គឺជាការងារមានសារៈសំខាន់បំផុត ។
ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២
ដោយ៥០០០ឆ្នាំ
images/articles/2844/3dddd44.jpg
ធនញ្ជានិសូត្រ
ផ្សាយ : ១៥ មករា ឆ្នាំ២០២៤
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ប្រថាប់នៅនាព្រះមហាវិហារវេឡុវ័ន ជិតក្រុងរាជគ្រឹះ ។ សម័យនោះ ព្រះសារីបុត្ត មួយអន្លើដោយភិក្ខុសង្ឃច្រើនព្រះអង្គ បាននិមន្តមកដល់ទក្ខិណាគិរិជនបទ ។ ទក្ខិណាគិរិជនបទ ឋិតនៅខាងត្បូងក្រុងរាជគ្រឹះ ជាស្រុករបស់នន្ទមាតាវេឡុកណ្ដកី ជាឧបាសិកាគម្រូល្អ ដែលព្រះពុទ្ធអង្គទ្រង់ត្រាស់សរសើរ ជាគូជាមួយនឹងឧបាសិកាខុជ្ជុត្តរា ។
នៅក្នុងព្រះសូត្រនេះ ព្រះសារីបុត្តបានទូន្មាន ណែនាំអប់រំដល់ធនញ្ជានិព្រាហ្មណ៍ ដែលមិនទាន់មានសីល ប្រកបដោយសេចក្ដីប្រមាទ បោកប្រាស់អ្នកស្រុក កុហកព្រះរាជាក្នុងក្រុងរាជគ្រឹះ ឲ្យជាព្រាហ្មណ៍មានសីល មានសេចក្ដីមិនប្រមាទ ចម្រើនព្រហ្មវិហារធម៌ ចូលទៅកាន់ព្រហ្មលោកដោយបដិសន្ធិ ។
ធនញ្ជានិព្រាហ្មណ៍ គាត់អាស្រ័យនៅក្នុងក្រុងរាជគ្រឹះ ផ្នែកខាងតណ្ឌុលបាលទ្វារ ។ តណ្ឌុលបាលទ្វារនេះ គឺជាទ្វារតូចមួយក្នុងបណ្ដាទ្វារតូចចំនួន ៦៤ ទ្វារ ។ ក្នុងអដ្ឋកថាប្រាប់ថា ក្រុងរាជគ្រឹះមានទ្វារធំ ៣២ ទ្វារ និងទ្វារតូច ៗ ចំនួន ៦៤ ទ្វារទៀត ។
កាលដែលព្រះសារីបុត្ត គង់នៅទក្ខិណាគិរិជនបទ បានជ្រាបដំណឹងថា ធនញ្ជានិព្រាហ្មណ៍មានសេចក្ដីប្រមាទហើយ ក៏បាននិមន្តមកវត្តវេឡុវ័ន បិណ្ឌបាតក្នុងក្រុងរាជគ្រឹះ ឆាន់រួចហើយក៏បាននិមន្តចូលទៅរកធនញ្ជានិព្រាហ្មណ៍ ដើម្បីប្រទានឱវាទហ្នឹងឯង ។
ព្រះសារីបុត្តបានសួរព្រាហ្មណ៍ថា ម្នាលធនញ្ជានិ អ្នកជាបុគ្គលមិនប្រមាទទេឬ ? ព្រាហ្មណ៍បានឆ្លើយថា បពិត្រព្រះសារីបុត្តដ៏ចម្រើន សេចក្ដីមិនប្រមាទរបស់ខ្ញុំព្រះករុណា នឹងមានមកអំពីណា ព្រោះខ្ញុំព្រះករុណា ត្រូវចិញ្ចឹមមាតាបិតា ត្រូវចិញ្ចឹមកូនប្រពន្ធ ទាសកម្មករ ត្រូវធ្វើកិច្ចដល់មិត្តអាមាត្យ ញាតិសាលោហិត ពួកភ្ញៀវ បុព្វបេត ពួកទេវតា ទាំងដែលត្រូវធ្វើកិច្ចដល់ព្រះរាជា និងត្រូវចិញ្ចឹមរូបកាយនេះឲ្យធាត់ចម្រើនផងដែរ ។ ព្រះសារីបុត្ត បានដាស់តឿនព្រាហ្មណ៍ ឲ្យយល់អំពីការទ្រុស្តសីលរបស់ព្រាហ្មណ៍នោះ មានទោសនាំឲ្យធ្លាក់នរក ដោយមិនអាចអាងនៅលើការចិញ្ចឹមអ្នកដទៃជាដើម ឬថាអ្នកដទៃណានោះ អាចជួយការពារព្រាហ្មណ៍បានឡើយ ។
ការងារទាំងឡាយផ្សេងទៀត ត្រូវតាមធម៌ មិនទ្រុស្តសីល មិនបាច់ធ្វើនូវបាបកម្មផង អាចប្រតិបត្តិនូវបដិបទា ដែលជាហេតុឲ្យកើតបុណ្យបានផង មានដែរតើ ។ ធនញ្ជានិព្រាហ្មណ៍ បានត្រេកអរ អនុមោទនានូវភាសិតរបស់ព្រះសារីបុត្តដ៏មានអាយុ ។ ក្រោយមក ព្រាហ្មណ៍ក៏បានដល់រោគាពាធ មានជំងឺជាទម្ងន់ គាត់បានឲ្យបុរសម្នាក់ទៅនិមន្តព្រះសារីបុត្តមក ក្នុងបំណងដើម្បីបានស្ដាប់នូវឱវាទអំពីព្រះសារីបុត្តហ្នឹងឯង ។
ព្រះសារីបុត្តបានណែនាំឲ្យព្រាហ្មណ៍ដកចិត្តចេញអំពីកាមភព ដោយការសម្ដែងផ្លូវ ដើម្បីឲ្យព្រាហ្មណ៍បានកើតរួមនឹងព្រហ្មទាំងឡាយ ទើបបានប្រកាសនូវព្រហ្មវិហារធម៌ មេត្តា ករុណា មុទិតា ឧបេក្ខា ផ្សាយទៅកាន់លោកទាំងមូល ក្នុងទិសទាំងពួង មានចិត្តធំទូលាយ មិនមានពៀរ មិនមានព្យាបាទ ។ ធនញ្ជានិព្រាហ្មណ៍ បានពោលថា បពិត្រព្រះសារីបុត្តដ៏ចម្រើន បើដូច្នោះ សូមលោកម្ចាស់ក្រាបថ្វាយបង្គំព្រះបាទានៃព្រះដ៏មានបុណ្យដោយត្បូង តាមពាក្យរបស់ខ្ញុំព្រះករុណាថា បពិត្រព្រះអង្គដ៏ចម្រើន ធនញ្ជានិព្រាហ្មណ៍ មានអាពាធ ដល់នូវទុក្ខវេទនា មានជំងឺជាទម្ងន់ គាត់ក្រាបថ្វាយបង្គំព្រះបាទានៃព្រះដ៏មានព្រះភាគដោយត្បូង ។
គ្រានោះ ព្រះសារីបុត្តដ៏មានអាយុ កាលបើមានកិច្ច ដែលលោកត្រូវធ្វើតទៅទៀត ក៏ញ៉ាំងធនញ្ជានិព្រាហ្មណ៍ឲ្យតម្កល់នៅត្រឹមព្រហ្មលោកថោកទាប រួចក្រោកចាកអាសនៈហើយក៏ចេញទៅ ។ គ្រានោះឯង ធនញ្ជានិព្រាហ្មណ៍ កាលបើព្រះសារីបុត្តមានអាយុនិមន្តចេញទៅ មិនយូរប៉ុន្មាន ក៏ធ្វើមរណកាលហើយទៅកើត ឯព្រហ្មលោក ។ គ្រានោះ ព្រះមានបុណ្យ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ សារីបុត្តនុ៎ះ កាលបើមានកិច្ចដែលខ្លួនត្រូវធ្វើតទៅទៀត ក៏ញ៉ាំងធនញ្ជានិព្រាហ្មណ៍ ឲ្យតម្កល់នៅត្រឹមព្រហ្មលោកថោកទាប រួចក្រោកចាកអាសនៈ ចេញមក ។
គ្រានោះ ព្រះសារីបុត្តមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយក៏អង្គុយ ក្នុងទីដ៏សមគួរ ។ លុះព្រះសារីបុត្តមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ធនញ្ជានិព្រាហ្មណ៍ មានអាពាធដល់នូវទុក្ខវេទនា មានជំងឺជាទម្ងន់ គាត់ក្រាបថ្វាយបង្គំព្រះបាទានៃព្រះមានព្រះភាគដោយត្បូង ។
ព្រះមានព្រះភាគត្រាស់សួរថា ហៃសារីបុត្ត កាលបើកិច្ចដែលអ្នកត្រូវធ្វើតទៅទៀតនៅមាន ហេតុម្ដេចក៏អ្នកញ៉ាំងធនញ្ជានិព្រាហ្មណ៍ ឲ្យតម្កល់នៅត្រឹមព្រហ្មលោកថោកទាបរួចក្រោកចាកអាសនៈចេញមក ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានសេចក្ដីត្រិះរិះយ៉ាងនេះថា ពួកព្រាហ្មណ៍ទាំងនេះ មានចិត្តជឿស៊ប់នឹងព្រហ្មលោក បើដូច្នោះ គួរតែខ្ញុំព្រះអង្គសម្ដែងផ្លូវប្រព្រឹត្តទៅដើម្បីកើតរួមនឹងពួកព្រហ្ម ដល់ធនញ្ជានិព្រាហ្មណ៍ចុះ ។ ហៃសារីបុត្ត ធនញ្ជានិព្រាហ្មណ៍ស្លាប់ហើយ ទៅកើតឯព្រហ្មលោកហើយ ។
ព្រះអដ្ឋកថាសម្ដែងប្រាប់ថា ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ចំពោះព្រះសារីបុត្តថា ធនញ្ជានិព្រាហ្មណ៍ធ្វើកាលកិរិយាហើយ ទៅកើតឯព្រហ្មលោក ដូច្នេះដោយព្រះពុទ្ធបំណងឲ្យព្រះសារីបុត្តនិមន្តទៅកាន់ព្រហ្មលោក ហើយសម្ដែងធម៌ដល់ព្រាហ្មណ៍ដែលបានកើតជាព្រហ្មនោះឯង ។ ព្រះសារីបុត្តក៏បាននិមន្តទៅកាន់ព្រហ្មលោកក្នុងខណៈនោះភ្លាមដែរ ហើយបានសម្ដែងធម៌ដល់មហាព្រាហ្មណ៍ជាព្រះព្រហ្ម ។ ចាប់តាំងអំពីពេលនោះមក ព្រះសារីបុត្តសូម្បីសម្ដែងគាថា ៤ បាទ ក៏មិនសម្ដែងឲ្យផុតអំពីសច្ចៈ ៤ ឡើយ ។
ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២
ដោយ៥០០០ឆ្នាំ
images/articles/3059/2book.jpg
អត្ថន័យសីល និងអានិសង្ស
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣
សីលមានន័យថា ទំលាប់ ឬប្រក្រតី ដោយសេចក្តីពីរយ៉ាងគឺ
សមាធាន កិរិយាដម្កល់ដោយប្រពៃ គឺភាពមិនរាត់រាយនៃកាយកម្ម វចីកម្ម មនោកម្ម ដោយអំណាចនៃខ្លួនជាអ្នកមានសីលល្អបរិសុទ្ធ។
ឧបធារណៈ កិរិយាចូលទៅទ្រទ្រង់ គឺភាពទ្រទ្រង់ដោយអំណាចនៃការដម្កល់នៃធម៌ជាកុសលទាំងឡាយ កុសលទាំងនោះ ទុកជារូបាវចរកុសលក្តី អរូបាវចរកុសលក្តី ដែលតាំងនៅស្ថិតស្ថេរបាន អាស្រ័យមានសីលជាឫសគល់ បើគ្មានសីលជាឫសគល់ទេ កុសលទាំងនោះ ក៏រលត់រលាយបាត់ទៅ ព្រោះហេតុនោះ សាធុជន អ្នកចង់បានសេចក្តីសុខ ដែលត្រូវញុំាងកុសលជារូបាវចរ ឬលោកុត្តរ ឲ្យកើតឡើងក្នុងសន្តាននៃខ្លួន ក៏គប្បីជម្រះសីលដែលខ្លួនបានសមាទានហើយ ឲ្យស្អាតបរិសុទ្ធផូរផង់ កុំគប្បីឲ្យមានសេចក្តីសៅហ្មងឡើយ។
ន័យម្យ៉ាងទៀត សីលមានន័យ ៤ផ្សេងទៀតគឺសិរដ្ឋោ មានអត្ថថា កំពូល។ សីលជាគុណជាតិមួយ ជាគ្រឿងប្រក់រក្សាទុកនូវកុសលដទៃ មានកុសលថ្នាក់សមាធិ ឬកុសលថ្នាក់វិបស្សនាជាដើម ព្រោះហេតុថា កុសលទាំងអស់នោះ កាលបើគ្មានសេចក្តីសង្រួម គឺសីលជាខាងដើមទេ នោះក៏មិនកើតឡើងបាន។ ប្រសិនណាបើកុសលទាំងអស់នោះបានកើតឡើងហើយ ដោយមានសីលជាហេតុខាងដើម តែដល់ពេលក្រោយ សីលនោះរលត់បាត់ទៅ កុសលទាំងអស់នោះ ក៏ត្រូវសាបសូន្យទៅវិញដែរ។
សីសដ្ឋោ មានអត្ថថា ក្បាល។ សត្វទាំងឡាយ បើគ្មានក្បាលទេ ក៏ត្រូវស្លាប់អស់ជីវិតទៅ មានឧបមាយ៉ាងណា កុសលទាំងឡាយ មានកុសលថ្នាក់សមាធិ បញ្ញា និងលោកុត្តរ ដែលកើតឡើង និងមានការប្រព្រឹត្តរីកចំរើនទៅបាន ក៏ព្រោះតែសីល កាលបើគ្មានសីលហើយ កុសលទាំងនោះក៏ត្រូវរលត់សាបសូន្យទៅ ក៏មានសេចក្តីឧបមេយ្យយ៉ាងនោះដែរ។
សីតលដ្ឋោ សីលមានអត្ថថា ត្រជាក់។ សីលជាគុណជាតិមួយ បដិបក្ខនឹងទោសៈ កាលបើសីលកើតឡើងក្នុងសន្តានចិត្តហើយ ទោសៈ (ធម្មជាតិប្រទូស្តក្នុងអារម្មណ៍) ក៏រលត់ទៅ កិលេស គឺទោសៈនេះហើយ ដែលជាតួភ្លើងមួយ តែងដុតកំដៅនូវចិត្តសត្វឲ្យក្តៅក្រហល់ក្រហាយឆេះឡើងបណ្តាលឲ្យសត្វទាំងឡាយ សាងនូវអំពើបាបប្រកបដោយកាយ វាចា ចិត្ត មានការសម្លាប់សត្វ ជេរប្រទេចជាដើម ដែលឲ្យផលជាទុក្ខក្នុងសំសារវដ្ត។ សត្វទាំងអស់ កាលបើបានធ្វើនូវសេចក្តីសង្រួមកាយ វាចា ចិត្តឲ្យផុតចាកបាបកម្ម ជាង្នកមិនមានទោសៈ មានចិត្តស្ងប់ស្រួល កាយកម្មក៏ស្ងប់ វចីកម្ម ក៏ស្ងប់ មនោកម្មក៏ស្ងប់ ម្ល៉ោះហើយសត្វទាំងនោះ ក៏ដល់នូវការត្រជាក់សុខស្រួល ផុតចាកពៀរវេរាគ្រប់យ៉ាងដែលកើតអំពីបាបកម្ម រស់នៅជាសុខក្នុងបច្ចុប្បន្នជាតិនេះ នឹងបានសុខតទៅក្នុងលោកខាងមុខថែមទៀត។
សិវដ្ឋោ មានអត្ថថា ក្សេមក្សាន្ត។ មានព្រះពុទ្ធដីកាថា សីលេន និព្វុតឹ យន្តិ សត្វទាំងឡាយទៅដល់ព្រះនិព្វានជាទីរលត់បង់នូវសេចក្តីទុក្ខគ្រប់យ៉ាង ក៏ព្រោះសីល។ ព្រះនិព្វាន ជាទីសុខក្សេមក្សាន្ត ចាកសេចក្តីទុក្ខគ្រប់យ៉ាង ព្រះយោគាវចរ ដែលបានដល់ទីនោះ មិនមែនបានដោយហេតុដទៃឡើយ គឺដល់ព្រះនិព្វានដោយអាស្រ័យសេចក្តីប្រតិបត្តិក្នុងសមថវិបស្សនាកម្មដ្ឋាន ដែលមានការរក្សាសីលជាហេតុ។ ម្យ៉ាងទៀត សូម្បីសត្វទាំងឡាយ ដែលនៅអន្ទោលទៅមកក្នុងភពបី ដែលបានទទួលសោយនូវសេចក្តី សុខដ៏ច្រើន ក៏ព្រោះការរក្សាសីលជាហេតុ ដូចពុទ្ធដីកាថា សីលេន សុគតឹ យន្តិ សីលេន ភោគសម្បទា សត្វទាំងឡាយទៅកាន់សុគតិ ក៏ព្រោះសីល ការបរិបូណ៌ដោយភោគសម្បត្តិ ក៏ព្រោះសីល។
សត្វទាំងឡាយ ដែលមិនបានសេចក្តីសុខ តែងជួបនូវសេចក្តីទុក្ខលំបាក និងមហន្តរាយ មានការកើតក្នុងមហានរក ប្រេត អសុរកាយ តិរច្ឆាន ព្រោះតែគ្មានសីល។ សត្វទាំងឡាយដែលកើតក្នុងភពបី បានសោយនូវទោស ៥យ៉ាង គឺ អាយុខ្លី ១ វិនាសទ្រព្យ ១ ខ្ទើយ ឬច្រើនដោយការជាប់ចោទអំពីសំណាក់នៃជនដទៃ ១ ការពោលបង្កាច់បង្ខូចចំពោះពាក្យដែលខ្លួនពោលពិតហើយ ១ ការឆ្កួតលីលាវង្វេង ១ ព្រោះទោស គឺការមិនរក្សាសីលហ្នឹងឯង។
សីល មានធម៌ពីរយ៉ាង ជាហេតុពិត។
ហិរិ សេចក្តីខ្មាសបាប។ មានឧបមា ដូចជាបុរសខ្ពើមលាមក មិនចង់ចាប់ពាល់ដោយដៃយ៉ាងណា បាបធម៌ បុគ្គលគួរខ្ពើម មិនប្រព្រឹត្តអំពើបាបនោះ ក៏យ៉ាងនោះដែរ។
ឱត្តប្ប សេចក្តីតក់ស្លុតនឹងអំពើបាប។ មានឧបមា ដូចជាបុគ្គលមិនចាប់ពាល់នូវភ្លើងដែលកំពុងឆេះ ព្រោះខ្លាចរលាកយ៉ាងណា បុគ្គលមិនគួរប្រព្រឹត្តអំពើបាប ព្រោះខ្លាចទោសនៃអំពើបាបនោះឲ្យផល ក៏យ៉ាងនោះដែរ។
សេចក្តីពិតថា កាលដែលហិរិ និងឱត្តប្បមាន សីលរមែងកើតឡើងផង ស្ថិតនៅផង តែបើហិរិ និងឱត្តប្បមិនមានទេនោះ សីលកើតឡើង តែមិនស្ថិតនៅ។
អានិសង្សរបស់សីលក្នុងគម្ពីរវិសុទ្ធិមគ្គមានសេចក្តីថា កាលបើសីលបរិសុទ្ធហើយ ជាបច្ច័យកើតឡើងអវិប្បដិសារៈ (សេចក្តីមិនក្តៅក្រហាយស្តាយក្រោយ)។ អវិប្បដិសារៈកើតឡើង ជាបច្ច័យឲ្យកើតបាមោជ្ជៈ (សេចក្តីរីករាយទន់)។ បាមោជ្ជៈកើតឡើង ជាបច្ច័យឲ្យកើតបីតិ (សេចក្តីឆ្អែតចិត្ត)។ បីតិកើតឡើងហើយ ជាបច្ច័យឲ្យកើតបស្សទ្ធិ (សេចក្តីស្ងប់កាយស្ងប់ចិត្ត)។ បស្សទ្ធិកើតឡើងហើយ ជាបច្ច័យឲ្យកើតសុខ (សេចក្តីស្រួលកាយ ស្រួលចិត្ត)។ សុខកើតឡើងហើយ ជាបច្ច័យឲ្យកើតសមាធិ (ការតម្កល់ចិត្តនឹង)។ សមាធិកើតឡើងហើយ ជាបច្ច័យឲ្យកើតយថាភូតញ្ញាណទស្សន (ប្រាជ្ញាដែលដឹងច្បាស់ ឃើញច្បាស់នូវធម៌តាមពិត)។ យថាភូតញ្ញាណទស្សនកើតឡើងហើយ ជាបច្ច័យឲ្យកើតនិព្វិទា (សេចក្តីនឿយណា)។ និព្វិទាកើតឡើងហើយ ជាបច្ច័យឲ្យកើតវិរាគ (ការប្រាសចាកតម្រេក)។ វិរាគកើតឡើងហើយ ជាបច្ច័យឲ្យកើតវិមុត្តិ (ការរួចផុតស្រឡះចាកកិលេស)។ វិមុត្តិកើតឡើងហើយ ជាបច្ច័យឲ្យកើតវិមុត្តិញ្ញាណទស្សន (ប្រាជ្ញាដឹងច្បាស់ ឃើញច្បាស់ថា រួចផុតស្រឡះចាកកិលេស)។
អានិសង្សសីល ៥ទៀតគឺ
១. បុគ្គលអ្នកមានសីល មានសីលបរិបូណ៌ រមែងបាននូវគំនរភោគសម្បត្តិដ៏ច្រើន ដែលមានសេចក្តីមិនប្រមាទជាហេតុ។
២. កល្យាណកិត្តិស័ព្ទរបស់អ្នកមានសីល មានសីលពេញលេញ រមែងផុសផុលឡើយ។
៣. បុគ្គលអ្នកមានសីល មានសីលបរិបូណ៌ រមែងចូលទៅកាន់បរិស័ទណាមួយ ទុកជាខត្តិយបរិស័ទក្តី ព្រាហ្មណបរិស័ទក្តី គហបតិបរិស័ទក្តី សមណបរិស័ទក្តី ជាអ្នកក្លៀវក្លា មិនអៀនអន់ចូលទៅរក។
៤. បុគ្គលអ្នកមានសីល មានសីលបរិបូណ៌ ជាអ្នកមិនវង្វេង ធ្វើកាលកិរិយា (ស្លាប់)។
៥. បុគ្គលអ្នកមានសីល មានសីលបរិបូណ៌ បន្ទាប់អំពីបែកធ្លាយកាយទៅ រមែងចូលទៅកើតក្នុងសុគតិសួគ៌ទេវលោក។ (បិ. ៥៧, ឃ.២៤២)
សិក្ខាបទ ៥
បាណាតិបាតា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ។
អទិន្នាទានា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យដោយកាយ ឬដោយវាចា។
កាមេសុមិច្ឆាចារា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាប្រព្រឹត្តខុសក្នុងកាមទាំងឡាយ។
មុសាវាទា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក។
សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី ចេតនា ជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។
សិក្ខាបទ ១០
បាណាតិបាតា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ។
អទិន្នាទានា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យដោយកាយ ឬដោយវាចា។
អព្រហ្មចរិយា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាប្រព្រឹត្តនូវធម៌មិនប្រសើរ គឺសេពនូវមេថុនធម្ម។
មុសាវាទា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក។
សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី ចេតនា ជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។
វិកាលភោជនា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាបរិភោគនូវភោជនាហារក្នុងកាលខុស។
នច្ចគីតវាទិតវិសូកទស្សនា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយារាំ និងច្រៀង និងប្រគំ និងមើលនូវល្បែងដែលជាសត្រូវដល់កុសលធម៌។
មាលាគន្ធវិលេបន ធារណមណ្ឌន វិភូសនដ្ឋានា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាទ្រទ្រង់ និងប្រដាប់តាក់តែង និងស្អិតស្អាង (រាងកាយ) ដោយផ្កាកម្រង និងគ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ។
ឧច្ចាសយនមហាសយនា វេរមណី ចេតនា ជាហេតុវៀរចាកទីសេនាសនៈដ៏ខ្ពស់ហួសប្រមាណ និងសេនាសនៈដ៏ប្រសើរ។
ជាតរូបរជតប្បដិគ្គហនា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាទទួលកាន់យកនូវមាស និងប្រាក់ ដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យទទួលកាន់យកហើយត្រេកអរចំពោះមាស និងប្រាក់នោះ។
សិក្ខាបទ ៨
បាណាតិបាតា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ។
អទិន្នាទានា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យដោយកាយ ឬដោយវាចា។
អព្រហ្មចរិយា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាប្រព្រឹត្តនូវធម៌មិនប្រសើរ គឺសេពនូវមេថុនធម្ម។
មុសាវាទា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក។
សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី ចេតនា ជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។
វិកាលភោជនា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាបរិភោគនូវភោជនាហារក្នុងកាលខុស។
នច្ចគីតវាទិតវិសូកទស្សនា មាលាគន្ធវិលេបន ធារណមណ្ឌន វិភូសនដ្ឋានា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយារាំ និងច្រៀង និងប្រគំ និងមើលនូវល្បែងដែលជាសត្រូវដល់កុសលធម៌ និងទ្រទ្រង់ និងប្រដាប់តាក់តែង និងស្អិតស្អាង (រាងកាយ) ដោយផ្កាកម្រង និងគ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ។
ឧច្ចាសយនមហាសយនា វេរមណី ចេតនា ជាហេតុវៀរចាកទីសេនាសនៈដ៏ខ្ពស់ហួសប្រមាណ និងសេនាសនៈដ៏ប្រសើរ។
ដោយ៥០០០ឆ្នាំ
images/articles/3058/ima_______________ge.jpg
ឧបោសថសីល ៣យ៉ាង
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣
ឧបោសថសីល មាន៣យ៉ាងគឺៈ
១. បកតិឧបោសថ ឧបោសថតាមធម្មតា។ កាលនៃបកតិឧបោសថនេះ មាន៨ថ្ងៃក្នុងមួយខែគឺ ជុណ្ហបក្ខ (បក្សខ្នើត) ៤ថ្ងៃ កាលបក្ខ (បក្សរនោច) មាន៤ថ្ងៃ បក្សខ្នើត ៤ថ្ងៃគឺ ៥កើត ៨កើត ១៤កើត ១៥កើត។ បក្សរនោច ៤ថ្ងៃគឺ ៥រោច ៨រោច ១៤រោច ១៥រោច។ ថ្ងៃនៃបកតិឧបោសថនេះ ក្នុងសម័យពុទ្ធកាល មានតែ៦ថ្ងៃ។ ថ្ងៃ៥កើត និង៥រោច ជាកាលនៃការស្តាប់ធម៌ទេសនាក្នុងពេលនោះ ក្រោយមកព្រះសង្គាហកត្ថេរទាំងឡាយ លោកលើកឡើងរាប់បញ្ចូលជាថ្ងៃឧបោសថ ទើបបកតិឧបោសថមាន ៨ថ្ងៃក្នុងមួយខែ។
២. បដិជាគរុបោសថ ឧបោសថរបស់បុគ្គលអ្នកភ្ញាក់រលឹក ជនទាំងឡាយកាលរក្សានូវឧបោសថនេះ រមែងរក្សាដោយអំណាចនៃកិរិយាក្រោកឡើងទទួល និងជូនតាមនៃថ្ងៃឧបោសថនីមួយៗ (ឧបោសថ ៤ថ្ងៃ) ក្នុងកន្លះខែ។
កាលនៃបដិជាគរុបោសថ មានចំនួន ១១ថ្ងៃក្នុងមួយខែ។ ជុណ្ហបក្ខ (បក្សខ្នើត) មាន ៥ថ្ងៃគឺ ៤កើត ៦កើត ៧កើត ៩កើត ១៣កើត។ កាលបក្ខ (បក្សរនោច) បើខែពេញ មាន ៦ថ្ងៃ គឺបាដិបទ (១រោច) ៤រោច ៦រោច ៧រោច ៩រោច ១៣រោច បើខែមិនពេញ មាន៦ថ្ងៃគឺ បាដិបទ (១រោច) ៤រោច ៦រោច ៧រោច ៩រោច ១២រោច។
រួមឧបោសថទាំងជុណ្ហបក្ខ និងកាលបក្ខ គឺមួយខែមានថ្ងៃឧបោសថ ១៩ថ្ងៃ។
៣.បាដិហារិយុបោសថ ឧបោសថដែលបុគ្គលគប្បីរក្សា។ ខែប្រកបដោយរដូវភ្លៀង ៤ខែ គឺ អាសាធ ១ ស្រាពណ៌ ១ ភទ្របទ ១ អស្សុជ ១ កត្តិក ១ ជាកាលនៃបាដិហារិយបក្ខ។
ក្នុងរាជសុត្តវណ្ណនា មានសេចក្តីថា និពទ្ធុបោសថ គឺឧបោសថដែលគេរក្សាជាប់ជានិច្ច មិនដាច់អស់កាល ៣ខែ ក្នុងខាងក្នុងវស្សាក្តី ឧបោសថដែលបុគ្គលរក្សាជាប់ជានិច្ច មិនដាច់អស់កាល ១ខែ ត្រង់ចន្លោះបវារណាទាំងពីរក្តី ឧបោសថដែលគេរក្សាជាប់ជានិច្ច មិនដាច់ត្រឹមកន្លះខែ ចាប់ពីថ្ងៃបវារណាទី១ ទៅក្តី ហៅថា បាដិហារិយបក្ខ។
ក្នុងតដ្តិកា បានបញ្ជាក់ថា និពទ្ធុបោសថ ឈ្មោះថា បាដិហារិយបក្ខនោះ ព្រោះជាឧបោសថ គឺបុគ្គលគប្បីរក្សា គឺថាប្រព្រឹត្តជាប់រៀងរាល់ឆ្នាំ។
បាដិហារិយបក្ខ មានន័យថា បក្សនៃបាដិហារិយុបោសថ បានដល់បក្សទាំងពីរយ៉ាងគឺ ឧបនីហរណកបក្ខ ១ បាដិជគ្គនកបក្ខ ១។
ឧបនីហរណកបក្ខ បានដល់បក្សនៃការរក្សាបកតិឧបោសថ ជុណ្ហកបក្ស មាន៤ថ្ងៃ កាលបក្ស មាន ៤ថ្ងៃ។
បដិជគ្គនកបក្ខ បានដល់បក្សនៃការរក្សានូវបាដិជាគរុបោសថ ជុណ្ហកបក្ស មាន ៥ថ្ងៃ កាលបក្ស មាន ៦ថ្ងៃ។
អាចារ្យដទៃពោលថា ខែ៣ គឺ អាសាធ ១ កត្តិក ១ ផល្គុណ ១ ជាបាដិហារិយបក្ខ។
អាចារ្យដទៃទៀតពោលថា ថ្ងៃ ៤ៗ ពោលគឺ ១៣កើត ១រោច ៧រោច ៩រោច រៀងរាល់បក្ស ដោយអំណាចនៃថ្ងៃខាងដើម និងខាងចុងនៃថ្ងៃបក្ខុបោសថ ជាបាដិហារិយបក្ខ។ ពាក្យណាគាប់ចិត្ត បុគ្គលអ្នកមានសេចក្តីប្រាថ្នានូវបុណ្យ គប្បីកាន់យកពាក្យនោះតាមសេចក្តីគាប់ចិត្តចុះ។
សេចក្តីសម្រេចក្នុងគម្ពីរ មង្គលត្ថទីបនី បានបញ្ជាក់អំពីឧបោសថ ដែលមានក្នុងសម័យពុទ្ធកាលថា កាលនៃបកតិឧបោសថ ក្នុងមួយខែមាន ៨ថ្ងៃ។ កាលនៃបដិជាគរុបោសថ ក្នុងមួយខែមាន ១១ថ្ងៃ។ ខែប្រកបដោយរដូវភ្លៀងទាំងអស់ ជាកាលនៃបាដិហារិយុបោសថ។
ថ្ងៃដែលត្រូវរក្សាឧបោសថសីល ដែលព្រះសម្មាសម្ពុទ្ធទ្រង់បានកំណត់ហើយនោះ ពិតជាមានប្រយោជន៍ ហេតុដូច្នេះ ពុទ្ធបរិស័ទដែលជាអ្នកស្រឡាញ់ព្រះពុទ្ធសាសនា ដើម្បីកុំឲ្យធម៌វិន័យនៃព្រះពុទ្ធបរមគ្រូជាម្ចាស់សាបសូន្យ គួរតែគោរពប្រតិបត្តិតាមកាលកំណត់នៃថ្ងៃឧបោសថ ដែលព្រះអង្គទ្រង់ត្រាស់សំដែងហើយ។
បុគ្គលកាលរក្សានូវបដិជាគរុបោសថ ១ខែមាន ១១ថ្ងៃ។ ឯបុគ្គលរក្សានូវបាដិហារិយុបោសថ ត្រូវរក្សាឧបោសថសីលគ្រប់ថ្ងៃនៃឧបោសថទាំងអស់ តាមបាដិហារបក្ស មិនបានលះបង់នូវថ្ងៃឧបោសថ សូម្បីតែមួយថ្ងៃឡើយ ហើយត្រូវប្រកបដោយខែជារដូវភ្លៀង ៤ខែផង។
ដោយ៥០០០ឆ្នាំ
(ប្រភពដកស្រង់)
images/articles/3060/Buddhist-Hell-Garden-12.jpg
ទោសនៃការប្រព្រឹត្តខុសសីល
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣
សីលវិបត្តិ ការវិនាសនៃសីល ទោសនៃការវិនាសសីល របស់បុគ្គលអ្នកទ្រុស្តសីល គឺព្រះមានព្រះភាគទ្រង់សំដែងក្នុងព្រះសូត្រ មាន៥ប្រការ បុគ្គលអ្នកទ្រុស្តសីល តែងបាននូវទោស ៥យ៉ាងគឺ
១. មិនបាននូវគំនរទ្រព្យសម្បត្តិ (ទ្រព្យសម្បត្តិចេះតែវិនាស)។
២. កិត្តិស័ព្ទអាក្រក់ផុសអណ្តែតឡើង។
៣. តែងមានមុខអៀនអន់ ដាក់មុខសំយុងចុះ ក្នុងកាលចូលទៅកាន់ទីប្រជុំជន។
៤. វង្វេងស្មារតី ក្នុងពេលធ្វើកាលកិរិយា (ស្លាប់)។
៥. បន្ទាប់អំពីបែកធ្លាយ ទំលាយខន្ធទៅ តែងចូលទៅកើតក្នុងអបាយភូមិ។
ម្យ៉ាងទៀត ក្នុងសព្វលហុសូត្រ ព្រះមានព្រះភាគទ្រង់ត្រាស់សំដែងអំពីទោសរបស់បញ្ចវេរាដោយមានសេចក្តីថា
១. អំពើ គឺ ការសម្លាប់សត្វមានជីវិត តែងនាំសត្វឲ្យកើតក្នុងនរក កំណើតតិរច្ឆាន ប្រែតវិស័យ បើសិនជាកម្មនោះជាកម្មស្រាលបំផុត កាលបើកើតជាមនុស្ស នាំឲ្យអាយុខ្លី។
២. អំពើ គឺការលួចទ្រព្យគេ តែងនាំសត្វឲ្យកើតក្នុងនរក កំណើតតិរច្ឆាន ប្រែតវិស័យ បើកម្មនោះជាកម្មស្រាលបំផុត កាលបើកើតជាមនុស្ស ក៏នាំមកនូវសេចក្តីវិនាសទ្រព្យសម្បត្តិ។
៣. អំពើ គឺការប្រព្រឹត្តខុសក្នុងកាម តែងនាំសត្វឲ្យកើតក្នុងនរក កំណើតតិរច្ឆាន ប្រែតវិស័យ បើកម្មនោះជាកម្មស្រាលបំផុត កាលបើកើតជាមនុស្ស ក៏នាំមកនូវពៀរ មួយអន្លើដោយសត្រូវ។
៤. អំពើ គឺការពោលពាក្យកុហក តែងនាំសត្វឲ្យកើតក្នុងនរក កំណើតតិរច្ឆាន ប្រែតវិស័យ បើកម្មនោះជាកម្មស្រាលបំផុត កាលបើកើតជាមនុស្ស តែងជួបប្រទះនូវការពោលបង្កាច់អំពីសំណាក់នៃជនដទៃ។
៥. អំពើ គឺការផឹកទឹកស្រវឹង តែងនាំសត្វឲ្យកើតក្នុងនរក កំណើតតិរច្ឆាន ប្រែតវិស័យ បើកម្មនោះជាកម្មស្រាលបំផុត កាលបើកើតជាមនុស្ស ក៏នាំឲ្យទៅជាមនុស្សឆ្កួតលីលា។
ម្យ៉ាងទៀត ទោសរបស់សីលវិបត្តិ គឺបុគ្គលអ្នកទ្រុស្តសីល មិនជាទីគាប់ចិត្តរបស់ទេវតា និងមនុស្សទាំងឡាយ ជាបុគ្គល គឺសព្រហ្មចារីមិនគប្បីទូន្មានរឿយៗ ប្រកបដោយទុក្ខដល់សព្រហ្មចារី ដែលកើតវិប្បដិសារី ក្នុងពេលដែលគេតិះដៀល បុគ្គលអ្នកទ្រុស្តសីល និងសរសើរនូវបុគ្គលអ្នកមានសីល មានសម្បុរអាក្រក់ ដូចជាសំពត់សាដក ដែលគេធ្វើអំពីសំបកធ្មៃ មានកិរិយាប៉ះព្រមនូវទុក្ខ មានតម្លៃតិច មានការជម្រះលំបាក ដូចជារណ្តៅលាមក ដែលគេកប់អស់ឆ្នាំជាអនេក ជាអ្នកបួសខាងក្រៅអំពីឧភតោសង្ឃ ដូចជាអង្កត់ឧស ដែល
គេដុតខ្មោចហើយ សូម្បីប្តេជ្ញាខ្លួនឯងថាជាភិក្ខុ ក៏មិនមែនជាភិក្ខុ ដូចសត្វលា ជាប់តាមហ្វូងគោ មានសេចក្តីតក់ស្លុតរឿយៗ ដូចជាបុរសប្រកបដោយពៀរទាំងអស់ មិនគួររួមនៅជាមួយ ដូចជាសាកសព សូម្បីប្រកបដោយគុណ មានសុតៈជាដើម ក៏មិនគួរដល់ការបូជារបស់សព្រហ្មចារីទាំងឡាយ ដូចជាភ្លើងក្នុងព្រៃដុតខ្មោច មិនគួរដល់ការបូជារបស់ពួកព្រាហ្មណ៍ មិនគួរត្រាស់ដឹងនូវគុណវិសេស ដូចមនុស្សមិនគួរក្នុងកាលឃើញរូប អស់សង្ឃឹមក្នុងប្រះសទ្ធម្ម ឬដូចជាកុមារតូចនៃចណ្ឌាល អត់មានសង្ឃឹមក្នុងរាជ្យ សូម្បីកាលសំគាល់នូវខ្លួនថា អញជាអ្នកប្រកបដោយសេចក្តីសុខក្នុងរាជ្យ ក៏ប្រកបដោយសេចក្តីទុក្ខតែម្យ៉ាង មែនពិត។
ដោយ៥០០០ឆ្នាំ