ថ្ងៃ សៅរ៍ ទី ០២ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច







ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៥១,៥១៣
Today
ថ្ងៃម្សិលមិញ ២១៥,៥៧៧
ខែនេះ ២៦៧,០៩០
សរុប ៣៧៩,៥៥៣,៧៨៣
ធម៌ជំនួយស្មារតី
images/articles/3210/__________________________________________.jpg
ផ្សាយ : ០១ មីនា ឆ្នាំ២០២៤ (អាន: ១,៧៤៦ ដង)
ម្នាលអានន្ទ អ្នកគប្បីដឹងសេចក្តីនោះ ដោយបរិយាយនេះចុះថា នេះជា​ព្រហ្មចរិយធម៌ទាំងមូល គឺការមានមិត្តល្អ ការមានសំឡាញ់ល្អ និងការមានក្លើល្អ។ ម្នាលអានន្ទ ព្រោះអាស្រ័យតថាគត ដែលជាមិត្តល្អ បានជាពួកសត្វ ដែលមានជាតិជាធម្មតា រួចស្រឡះ ចាកជាតិទៅបាន ពួកសត្វ ដែលមានជរា ជាធម្មតា រួចស្រឡះ ចាក​ជរាទៅបាន ពួកសត្វ ដែលមានមរណៈ ជាធម្មតា រួចស្រឡះ ចាកមរណៈ​ទៅ​បាន ពួក​សត្វ ដែលមានសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្តី​ចង្អៀត​ចង្អល់​ចិត្ត ជាធម្មតា រួចស្រឡះ ចាកសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និង​សេចក្តី​ចង្អៀតចង្អល់ចិត្តទៅបាន។ ម្នាលអានន្ទ អ្នកគប្បីដឹងសេចក្តីនុ៎ះ​ដោយបរិយាយ​នេះ​ចុះថា នេះជាព្រហ្មចរិយធម៌ទាំងមូល គឺការមានមិត្តល្អ ការមាន​សំឡាញ់ល្អ និងការ​មានក្លើល្អ ។ ព្រះត្រៃបិដកលេខ ៣៧ ទិសដៅនៅក្នុងព្រះពុទ្ធសាសនាដែលត្រូវបង្ហាញប្រាប់ដល់សត្វលេាក មានពីរចំណុច គឺ៖ ទី ១. ផ្លូវទៅកាន់ ជាតិ ជរា មរណៈ ។ ទី ២. ផ្លូវទៅកាន់ ព្រះនិព្វាន ។ រថដែលប្រកបដេាយអង្គ ៨ ប្រកា គឺជារថមិនឮ ផ្លូវដែលប្រកបដេាយអង្គ ៨ ប្រកា គឺជាផ្លូវត្រង់ ។ (ទិសដែលអត់មានភ័យ គឺព្រះនិព្វាន) ដោយ៥០០០ឆ្នាំ
images/articles/3209/______________________________.jpg
ផ្សាយ : ០១ មីនា ឆ្នាំ២០២៤ (អាន: ៣,៥៨៧ ដង)
ជរាសូត្រ ទី១ ទេវតាទូលថា អ្វីហ្ន៎ ជាគុណជាតញុំាងប្រយោជន៍ឲ្យសម្រេច ដរាបដល់ជរា អ្វីហ្ន៎ ដែលបុគ្គលតម្កល់ទុកហើយ ញុំាងប្រយោជន៍ឲ្យសម្រេចបាន អ្វីហ្ន៎ ជាកែវ​របស់ជន​ទាំងឡាយ អ្វីហ្ន៎ ដែលពួកចោរនាំទៅមិនបាន ។ ព្រះមានព្រះភាគត្រាស់ថា សីល ជាគុណជាត ញុំាង​ប្រយោជន៍​ឲ្យសម្រេច ដរាបដល់ជរា សទ្ធា ដែលបុគ្គលតម្កល់ទុកហើយ ញុំាងប្រយោជន៍​ឲ្យសម្រេចបាន បញ្ញា ជាកែវ​របស់ជន​ទាំងឡាយ បុណ្យ ពួកចោរនាំទៅមិនបាន។ សីលជាយាន ទានជាស្បៀងគួរខំរកទុកបង្ការ ឥទ្ធិពល​សីល​មាន​អានុភាព​ច្រើន​ណាស់​មិន​អាច​គណនា​បាន​ទេ ហើយ​កម្លាំង​សីល​នេះ​អាច​រុញច្រាន​កំណើត​មនុស្ស​ឱ្យទៅ​ជា​កំណើត​ទេវតា ព្រះឥន្ទ្រ ព្រះព្រហ្ម​បាន​តាម​ការ​ប្រាថ្នា​ឱ្យ​តែ​បុគ្គល​នោះ​ប្រព្រឹត្ត​រក្សា​បាន​ល្អ កុំ​ធ្វើ​ឱ្យ​សីល​របស់​ខ្លួន​ពព្រុះ​ពពាល​សៅហ្មង ។ កាលដែល​បុគ្គល​ប្រតិបត្តិ​សីល​បាន​ល្អ​គ្រប់​សិក្ខាបទ​ហើយ លោក​ឱ្យឈ្មោះ​ថា មាន​ព្រហ្មចរិយធម៌​រមែង​រស់នៅ​ជា​សុខ​ក្នុង​លោក​នេះ​ផង និង​លោក​ខាង​មុខ​ផង ។ អ្វី​ទៅ​ជា​ព្រហ្មចរិយធម៌ ? ពាក្យ​ថា​ព្រហ្មចរិយៈ​ឬ​ព្រហ្មចរិយធម៌​ប្រែ​ថា​បែបបទ ឬ​សណ្តាប់ធ្នាប់​របស់​ព្រហ្មចារី ឬ​ព្រហ្មចារិនី អ្នក​ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ​។ តាម​ន័យ​ខាង​ព្រះពុទ្ធ​សាសនា ការ​ឱ្យទាន​ការ​ខ្វល់​ខ្វាយ​ ឬ​ខ្នះខ្នែង​ចំពោះ​អំពើ​ជា​កុសល​, ការ​រក្សាសីល​៥, សីល​៨, ការ​ចម្រើន​ព្រហ្ម​វិហារធម៌​៤, ការ​សម្តែងធម៌ ឬ​ណែនាំ​ពន្យល់​ឱ្យ​អ្នក​ដទៃ​កាន់​អំពើ​សុចរិត​, កុំ​រុកកួន​គ្នា​, កុំ​បៀត​បៀន​គ្នា​,​កុំ​ពោល​ពាក្យចាកដោត​គ្នា​, កុំ​ញុះញង់​គ្នា​, ការ​វៀរចាក​មេថុនធម្ម​, សេចក្តី​សន្តោស​ចំពោះ​ភរិយា​របស់​​ខ្លួន​, សេចក្តី​ព្យាយាម​ដ៏​ខ្ជាប់ខ្ជួន​ក្នុង​កង​ការ​កុសល​, ការ​រក្សា​ឧបោសថសីល​តាម​ការ​កំណត់​ជាដើម លោក​ឱ្យឈ្មោះ​ថា ព្រហ្មចរិយៈ ឬ​ហៅ​ថា​ព្រហ្មចរិយធម៌ ។ ដោយសារ​តែ​សេចក្តីស្លាប់​នៃ​រូប​កាយ​យើង​នៅ​ប្រចាំការ​គ្រប់​ដង្ហើម​ចេញចូល​រាល់ថ្ងៃ​រាល់​យប់​គ្រប់​វេលា គួរ​សប្បុរស​គ្រប់​រូប​ទោះជា​អ្នក​ធ្វើស្រែ​ចម្ការ​ក្តី អ្នក​ធ្វើ​ជំនួញ​ក្តី អ្នកធ្វើការ​ឈ្នួល​ក្តី អ្នកបម្រើ​រាជការ​ក្តី បុគ្គលិក​ស្ថាប័នឯកជន​នានា​ក្តី គប្បី​លៃលក​រក​ឱកាស​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ពោល​គឺ​ប្រឹងប្រែង​ធ្វើ​កង​ការ​កុសល​ឱ្យ​បាន​ច្រើន​ទៅ​តាម​លទ្ធភាព​រៀង​ៗ​ខ្លួន ព្រោះ​សីល​ជា​យាន ទាន​ជា​ស្បៀង​ទុក​បង្ការ​ផ្លូវ​ទៅ​មុខ​ឱ្យ​ហើយ​ទោះបី​តិច ​ឬ​ច្រើន​កុំឱ្យ​ខកខាន​ខូច​វេលា​។ ធ្វើ​ទាន​សីល​ភាវនា​ដើម្បី​នឹង​បានជា​ឧបនិស្ស័យ​ទៅ​កាន់​បរមលោក​ក្សេម​ផុត​ចាក​ទុក្ខ​ទាំងពួង៕ ដោយ៥០០០ឆ្នាំ
images/articles/3207/______________________________.jpg
ផ្សាយ : ០១ មីនា ឆ្នាំ២០២៤ (អាន: ២,២៩៩ ដង)
គោចរ ៣ យ៉ាងគឺ កន្លែងជាទីត្រេចទៅ របស់ឥន្ទ្រិយទាំង ៦ មានចក្ខុន្ទ្រិយ ជាដើម ហៅថា គោចរ ។ ក្នុង​ន័យនេះ លោកសំដៅយកតែអារម្មណ៍ដែលជាហេតុនាំឲ្យកើតគុណ មានសីលគុណ​ជាដើម ។ គោចរ មាន ៣គឺ៖ ១.ឧបនិស្សយគោចរ អារម្មណ៍ជាឧបនិស្ស័យនៃសីលគុណជាដើម បានដល់​កល្យាណមិត្ត។ ២.អារក្ខគោចរ អារម្មណ៍ជាគ្រឿងរក្សាទុកនូវចក្ខុទ្វារជាដើម បានដល់ សតិ។ ៣.ឧបនិពន្ធគោចរ អារម្មណ៍ជាគ្រឿងចងទុកនូវចិត្ត បានដល់ សតិប្បដ្ឋាន។ អធិប្បាយ៖ ១. ឧបនិស្សយគោចរ កល្យាណមិត្ត បរិបូណ៌ដោយគុណ មានកថាវត្ថុ ១០ បរិបូណ៌ដោយ​សីល សុតៈ ចាគៈ បញ្ញា តែងណែនាំ​អ្នកដែលចូលទៅអាស្រ័យនឹងលោក ឲ្យឆ្លងផុត​ចាក​សេចក្តីសង្ស័យក្នុងធម៌ យល់ត្រង់ ជ្រះថ្លា បរិបូណ៌ដោយគុណទាំងនោះ​តាម​កល្យាណមិត្ត​ទាំងនោះ។ ២. អារក្ខគោចរ ព្រះសម្មាសម្ពុទ្ធត្រាស់ថា ភិក្ខុក្នុងសាសនានេះ វេលាចូលទៅកាន់​ស្រុកក្តី ដើរទៅតាមផ្លូវក្តី តែងមានចក្ខុសំឡឹងចុះក្រោម ក្រឡេកមើលចម្ងាយមួយជួរនឹម មិនអើត ឈ្ងោក មិនក្រឡេកមើលទិសផ្សេងៗ។ ៣. ឧបនិពន្ធ សំដៅយកសតិប្បដ្ឋាន ៤ ដែលជាអារម្មណ៍ចងទុកនូវចិត្តក្នុងកម្មដ្ឋាន។ ព្រះពុទ្ធដីកា ម្នាលភិក្ខុទាំងឡាយ កាលបេីអ្នកទាំងឡាយប្រព្រឹត្តក្នុងគេាចរ ជាវិស័យដែលមានមកអំពីបិតារបស់ខ្លួន មារក៏មិនបាននូវឱកាស មិនបាននូវអារម្មណ៍ឡេីយ ។ អដ្ឋកថា៖ គេាចរ ជាវិស័យនៃ បិតារបស់ខ្លួន គឺ សតិប្បដ្ឋាន ៤ ។ ដោយ៥០០០ឆ្នាំ
images/articles/3202/__________________________________________.jpg
ផ្សាយ : ០១ មីនា ឆ្នាំ២០២៤ (អាន: ២,៣៧៣ ដង)
ពិចារណា​៖ ដូចម្តេច​ ហៅថា​ ព្រាហ្មណ៍​? បុគ្គល​មិនមានកង្វល់ មិនមានសេចក្តីប្រកាន់មាំ ទើប​តថាគតពោលថា ជាព្រាហ្មណ៍។ បុគ្គលណា កាត់បង់នូវសំយោជនៈ​ទាំងអស់ ហើយមិន​បានតក់ស្លុត ដោយតណ្ហា តថាគត ពោលនូវបុគ្គលនោះ ដែលជាអ្នកកន្លងបង់ នូវសេចក្តី​ចំពាក់ ជាអ្នកប្រាសចាកកិលេស ថាជាព្រាហ្មណ៍។ បុគ្គលណា កាត់បង់នូវខ្សែរឹត គឺការចង​គំនុំ និងព្រ័ត្រ គឺតណ្ហា និងទី-ត គឺកិលេស គ្រឿងស្ទាក់ គឺទិដ្ឋិ ព្រមទាំងទិដ្ឋានុស័យចេញ​បាន តថាគត ពោលនូវបុគ្គលនោះ ដែលមានបង្គោល គឺអវិជ្ជាដកចេញហើយ អ្នកត្រាស់​ដឹង នូវចតុរារិយសច្ច ថាជាព្រាហ្មណ៍។ បុគ្គលណា មិនបានប្រទូស្ត អត់សង្កត់ នូវពាក្យជេរ និង​ការវាយដំ និងចំណងបាន តថាគត ពោលនូវបុគ្គលនោះ ដែលមាន​អធិវាសនក្ខន្តី​ជាកំឡាំង មានពួកពល គឺខន្តី ថាជាព្រាហ្មណ៍។ បុគ្គលណា មិនមានសេចក្តីក្រោធ មាន​ធុតង្គវត្ត មានសីលគុណ មិនប៉ោងដោយរាគាទិក្កិលេស មិនមានពុតត្បុត មាន​សរីរៈ​តាំងនៅក្នុងទីបំផុត តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។ បុគ្គលណា ​មិនជាប់ ក្នុង​កាមទាំងឡាយ ដូចទឹកមិនជាប់លើស្លឹកឈូក ឬដូចគ្រាប់ស្ពៃ មិនជាប់​លើចុង​នៃដែក​ស្រួច តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។ បុគ្គលណា ក្នុងលោកនេះ ដឹងច្បាស់​នូវការអស់ទៅ នៃទុក្ខរបស់ខ្លួន តថាគត ពោលនូវបុគ្គលនោះ ដែលមាន​ភារៈ​ដាក់ចុះហើយ ប្រាសចាកកិលេសហើយ ថាជាព្រាហ្មណ៍។ បុគ្គលណា ជាអ្នកប្រាជ្ញ មាន​ប្រាជ្ញាជ្រាលជ្រៅ ឈ្លាសវៃ ក្នុងមគ្គ និងមិនមែនមគ្គ មានប្រយោជន៍ដ៏ខ្ពស់​សម្រេចហើយ តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។ បុគ្គលណា មិនច្រឡំដោយបុគ្គលទាំង​ពីរ​ពួក គឺគ្រហស្ថ និងបព្វជិត មិនបានជាប់នៅក្នុងអាល័យ គឺកាមគុណ ទាំងមិនមាន​សេចក្តី​ប្រាថ្នា តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។ បុគ្គលណា ដាក់ចុះនូវអាជ្ញា ក្នុង​ពួកសត្វ អ្នកដែលនៅមានសេចក្តីតក់ស្លុត គឺតណ្ហា មានសេចក្តីខ្ជាប់ខ្ជួន គឺមិនមាន​តណ្ហា មិនសំឡាប់ដោយខ្លួនឯង មិនប្រើអ្នកដទៃ​ឲ្យសំឡាប់ តថាគត ពោលនូវបុគ្គលនោះ ថា​ជាព្រាហ្មណ៍។ បុគ្គលណា មិនខឹង ក្នុងពួកសត្វដែលខឹង មានសេចក្តីត្រជាក់ ទៅលើ​ពួក​សត្វ ដែលមានអាជ្ញាក្នុងខ្លួន ជាអ្នកមិនមានសេចក្តីប្រកាន់ក្នុងពួកបុគ្គល ដែលមានសេចក្តី​ប្រកាន់ តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។ រាគៈ ទោសៈ មានះ និងសេចក្តី​លុបគុណ របស់បុគ្គលណា ជ្រុះចេញហើយ បីដូចជាគ្រាប់ស្ពៃ ធ្លាក់អំពីចុង នៃ​ដែកស្រួច តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។ បុគ្គលណា ពោលវាចាឥតទោស ជាវាចា​ញុំាងបុគ្គលឲ្យស្គាល់ប្រយោជន៍ ជាវាចាពិត ទាំងមិនបាន​ធ្វើបុគ្គលណាមួយ ឲ្យ​ចំពាក់​ដោយវាចាណាឡើយ តថាគត ពោលនូវបុគ្គលនោះ ថាជា​ព្រាហ្មណ៍។ បុគ្គលណា មិនបាន​បង្អោនរបស់វែង ឬខ្លី តូចឬធំ ល្អឬអាក្រក់ ដែលគេមិនបានឲ្យ ក្នុងលោកនេះ តថាគត​ ពោល​នូវបុគ្គលនោះ ថាជាព្រាហ្មណ៍។ បុគ្គលណា មិនមានសេចក្តីប្រាថ្នា ក្នុងលោកនេះ និងលោកខាងមុខ តថាគត ពោលនូវបុគ្គល ដែលមិនមានសេចក្តីប្រាថ្នា ជាអ្នក​ប្រាសចាក​កិលេសនោះ ថាជា​ព្រាហ្មណ៍។ បុគ្គលណា មិនមានសេចក្តីអាល័យ ជាអ្នកដឹងច្បាស់ មិនមាន​សេចក្តីសង្ស័យ តថាគត ពោលនូវបុគ្គល ដែល​បានសម្រេច នូវ​ល្វែងនៃ​ព្រះនិព្វាននោះ ថាជាព្រាហ្មណ៍។ បុគ្គលណា ក្នុងលោកនេះ កន្លងបង់ ​នូវសេចក្តី​ចំពាក់ទាំងពីរ គឺបុណ្យ និងបាប​ចេញបានហើយ តថាគត ពោលនូវបុគ្គល ដែល​មិនមានសោក ប្រាសចាកធូលី គឺកិលេស ជាអ្នកបរិសុទ្ធស្អាតនោះ ថាជាព្រាហ្មណ៍។ បុគ្គលណា ឥតមានមន្ទិលសៅហ្មង ជាបុគ្គលស្អាតផូរផង់ មិនល្អក់ដោយកិលេស មាន​តម្រេកក្នុងភពអស់ហើយ ដូចព្រះចន្ទប្រាសចាកមន្ទិល តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។ បុគ្គលណា ឆ្លងផុតនូវផ្លូវវៀច ផ្លូវផុង ដែលនាំសត្វ ឲ្យអន្ទោលទៅ នាំសត្វ​ឲ្យវង្វេងនេះ បានដល់​ត្រើយ គឺព្រះនិព្វាន ជាអ្នកដុតបង់នូវកិលេស ឥតមានតណ្ហា ឥតមាន​សេចក្តីសង្ស័យ ឥតមានប្រកាន់អ្វីបន្តិចបន្តួច​ ហើយបរិនិព្វាន តថាគត​ ពោលនូវ​បុគ្គលនោះ ថាជា​ព្រាហ្មណ៍។ បុគ្គលណា ក្នុងលោកនេះ លះបង់នូវកាមទាំងឡាយចេញ​បាន ហើយបួសជាបុគ្គលមិនមានផ្ទះ តថាគត ពោលនូវបុគ្គល ដែលមានកាម និងភព​អស់ហើយនោះ ថាជាព្រាហ្មណ៍។ បុគ្គលណា ក្នុងលោកនេះ លះបង់នូវតណ្ហាចេញបាន ហើយបួស ជាបុគ្គលមិនមានផ្ទះ តថាគត ពោលនូវបុគ្គល ដែលមានកាម [បើជាតណ្ហា ទើបគួរ។] និងភពអស់ហើយនោះ ថាជាព្រាហ្មណ៍។ បុគ្គលណា លះបង់នូវធម៌ ជាគ្រឿង​ប្រកប គឺកាមគុណ៥ ជារបស់មនុស្ស និងធម៌ ជាគ្រឿងប្រកប គឺកាមគុណ ៥ ជារបស់ទិព្វ តថាគត ពោលនូវបុគ្គល ដែលប្រាសចាកធម៌ ជាគ្រឿងប្រកបទាំងអស់នោះ ថាជាព្រាហ្មណ៍។ បុគ្គលណា លះបង់នូវតម្រេក (ក្នុងកាមគុណ ៥ផង) នូវ​សេចក្តី​អផ្សុកផង ជាអ្នកត្រជាក់ត្រជំ​ មិនមានកិលេស គ្របសង្កត់នូវខន្ធលោកទាំងអស់បាន ជាអ្នក​មានព្យាយាម តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។ បុគ្គលណា ដឹងនូវចុតិ និងបដិសន្ធិ របស់សត្វទាំងឡាយ ដោយប្រការទាំងពួង តថាគត ពោលនូវបុគ្គល ដែល​មិនចំពាក់ (ក្នុងអារម្មណ៍) មានដំណើរល្អ អ្នកត្រាស់ដឹង នូវចតុរារិយសច្ចនោះ ថាជាព្រាហ្មណ៍។ ទេវតា គន្ធព និងមនុស្សទាំងឡាយ មិនដឹងនូវគតិរបស់បុគ្គលណា តថាគត ពោលនូវបុគ្គលនោះ ដែល​ជាអ្នកមានអាសវៈ​អស់ហើយ ជាអរហន្ត ថាជាព្រាហ្មណ៍។ បុគ្គលណា មិនមានកង្វល់ គឺកិលេស ក្នុងអតីត អនាគត និងបច្ចុប្បន្នទេ តថាគត ពោលនូវបុគ្គល ដែលមិនមានកង្វល់ មិនមានសេចក្តី​ប្រកាន់នោះ ថាជាព្រាហ្មណ៍។ បុគ្គលណា ជាឧសភៈ (អស់អាច) ជាអ្នកប្រសើរ អ្នកមាន​សេចក្តីព្យាយាម អ្នកស្វែងរកគុណដ៏ធំ អ្នកមានជ័យជំនះ អ្នកមិនមានសេចក្តី​ញាប់ញ័រ (ដោយតណ្ហា) អ្នកលាងបង់នូវកិលេស អ្នកត្រាស់ដឹង នូវចតុរារិយសច្ច តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។ បុគ្គលណា ដឹងនូវខន្ធ ដែលខ្លួនអាស្រ័យនៅ ក្នុងភពមុនផង ឃើញសួគ៌ និងអបាយផង ដល់នូវការអស់ទៅ នៃជាតិផង តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។ (សុតន្តបិដក មជ្ឈិម​និកាយ​ ភាគទី​២៥) ដោយ៥០០០ឆ្នាំ
images/articles/3200/______________________________.jpg
ផ្សាយ : ០១ មីនា ឆ្នាំ២០២៤ (អាន: ៣,៩៧៥ ដង)
នៅក្នុងបឋមសក្កនមស្សនសូត្រ ព្រះត្រៃបិដកលេខ ៣០ ទំព័រ ២៨៧ ព្រះមានព្រះភាគជាម្ចាស់ទ្រង់ត្រាស់អំពីសក្កទេវរាជ ដែលជាស្តេចនៃទេវតាជាន់តាវតឹង្ស ចេញមកអំពីជយន្តប្រាសាទថ្វាយបង្គំទិសទាំងបួន ដែលមានសេចក្តីថា៖ សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយសក្កទេវានមិន្ទ បានហៅមាតលីសង្គាហកៈមកប្រាប់ថា ម្នាលមាតលីសំឡាញ់ អ្នកចូរទឹមរថអាជានេយ្យដែលទឹមសេះមួយពាន់ យេីងនឹងទៅកាន់ឧយ្យានភូមិ ដេីម្បីេមីលនូវភូមិដ៏សប្បាយ ។ ម្នាលភិក្ខុទាំងឡាយ មាតលីសង្គាហកទេវបុត្រទទួលស្តាប់ពាក្យសក្កទេវានមិន្ទថា សូមទ្រង់ព្រះមេត្តាប្រេាស ហេីយទឹមរថអាជានេយ្យដែលទឹមសេះមួយពាន់ ក្រាបទូលដល់សក្កទេវានមិន្ទថា បពិត្រព្រះអង្គអ្នកនិរទុក្ខ រថអាជានេយ្យដែលទឹមសេះមួយពាន់ ខ្ញុំព្រះអង្គបានទឹមបម្រុងព្រះអង្គហេីយ សូមទ្រង់សំគាល់នូវកាលគួរនឹងសេ្តចទៅក្នុងកាលឥឡូវនេះចុះ ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នេាះឯង សក្កទេវានមិន្ទស្តេចចុះចាកវេជយន្តប្រាសាទធ្វេីអពា្ជលីនមស្ការគ្រប់ទិស ។ ម្នាលភិក្ខុទាំងឡាយ គ្រានេាះឯងមាតលីសង្គាហកទេវបុត្រ បានក្រាបទូលសួរសក្កទេវានមិន្ទដេាយគាថាថា៖ តំ នមស្សន្តិ តេវិជ្ជា សព្វេ ភុម្មា ច ខត្តិយា ចត្តារេា ច មហារាជា តិនសា ច យសស្សិនេា អថ កេា នាម សេា តក្ខេា យំ ត្វំ សក្ក នមស្សសីតិ ។ ពួកអ្នកមានវិជ្ជាបីផង ពួកក្សត្រិយ៍ទាំងអស់ដែលគង់នៅលេីផែនដីផង ពួកមហារាជទាំងបួនផង ពួកទេវតាមានយសក្នុងឋានតាវត្តិង្សផង តែងថ្វាយបង្គំព្រះអង្គ បពិត្រសក្កទេវរាជ កាលបេីយ៉ាងនេះ ព្រះអង្គនឹងថ្វាយបង្គំអ្នកណា អ្នកនេាះជាបុគ្គលគួរគេបូជា តេីជាអ្នកណា? សក្កទេវរាជត្រាស់ថា៖ តំ នមស្សន្តិ តេវិជ្ជា សព្វេ ភុម្មា ច ខត្តិយា ចត្តារេា ច មហារាជា តិនសា ច យសស្សិនេា អហព្ចា សីលសម្បន្នេ ចិររត្តសមាហិតេ សម្មា បព្វជិតេ វន្ទេ ព្រហ្មចរិយបរាយនេ យេ គហដ្ឋា បុញ្ញាករា សីលវនេា ឧបាសកា ធម្មេន ទារំ បេាសេន្តិ តេ នមស្សមិ មាតលីតិ ។ ពួកអ្នកមានវិជ្ជាបីផង ពួកក្សត្រយ៍ទាំងអស់ដែលគង់នៅលេីផែនដីផង ពួកមហារាជទាំងបួនផង ពួកទេវតាមានយសក្នុងឋានតាវត្តឹង្សផង តែងថ្វាយបង្គំខ្ញុំ ពិតមែន ឯខ្ញុំថ្វាយបង្គំដេាយប្រពៃចំពេាះពួកបព្វជិតដែលបរិបូណ៌ដេាយសីល មានចិត្តតំកល់មាំអស់រាត្រីដ៏យូរអង្វែង មានព្រហ្មចារ្យជាទីប្រព្រឹត្តទៅក្នុងខាងមុខ ពួកគ្រហស្ថណាជាអ្នកធ្វេីបុណ្យ ជាឧបាសកមានសីល ចិព្ចាឹមកូនប្រពន្ធដេាយធម៌ ម្នាលមាតលី ខ្ញុំក៏ថ្វាយបង្គំចំពេាះពួកគ្រហស្ថនេាះដែរ ។ មាតលីទូលថា៖ សេដ្ឋា ហិ កិរ លេាកស្មឹ យេត្វំ សក្ក នមស្សសិ អហម្បី តេ នមស្សាមិ យេ នមស្សសិ វាសវាតិ ។ បពិត្រសក្កទេវរាជ ព្រះអង្គថ្វាយបង្គំពួកបុគ្គលណា ពួកបុគ្គលនេាះប្រសេីរបំផុតក្នុងលេាកដេាយពិត បពិត្រវាសវៈ ព្រះអង្គថ្វាយបង្គំពួកបុគ្គលណា ខ្ញុំព្រះអង្គក៏ថ្វាយបង្គំពួកបុគ្គលនេាះដែរ ។ លុះមឃទេវរាជ ព្រះនាមសុជម្បតិជាប្រធានរបស់ទេវតា បានពេាលពាក្យនេះហេីយ ក៏ថ្វាយបង្គំគ្រប់ទិសរួចឡេីងគង់លេីរថទៅ ។ ៚ អដ្ឋកថា៖ បទថា បុថុទ្ទិសា បានដល់ ទិសធំ ៤ និងទិសតូច ៤ ។ បទថា ភុម្មា បានដល់ អ្នកនៅលេីផែនដី ។ បទថា ចិររត្តសមាហិតេ បានដល់ អ្នកមានចិត្តតាំងមាំ ហេីយដេាយឧបចារៈ និងអប្បនាអស់រាត្រីយូរ ។ បទថា វន្ទេ បានដល់ ខ្ញុំសូមសំពះ ។ បទថា ព្រហ្មចរិយបរាយនេ អធិប្បាយថា៖ នៅប្រព្រឹត្តព្រហ្មចរិយដែលជាការប្រព្រឹត្តប្រសេីរបំផុតជាដេីមថា ដេកមួយពេលឆាន់មួយ ពេលក្នុងទីបំផុតជីវិតរហូតអស់ ១០ ឆ្នាំខ្លះ ២០ ឆ្នាំខ្លះ ។ល។ ៦០ ឆ្នាំខ្លះ ។ បទថា បុញ្ញករា បានដល់ អ្នកធ្វេីបុណ្យមានជាដេីមយ៉ាងនេះថាថ្វាយបច្ច័យ៤ បូជាដេាយផ្កាម្លិះក្រពុំអុជប្រទីបមួយពាន់។ បទថា សីលវន្តេា សេចក្តីថា តាំងនៅក្នុងភាពជា ឧបាសកប្រកបដេាយសីល ៥ ខ្លះ សីល ១០ ខ្លះ ។បទថា ធម្មេន ទារំ បេាសេន្តិ បានដល់ មិនធ្វេីចេារកម្ម មានការទម្លាយឧម្មង្គជាដេីម ហេីយចិពា្ចឹមរក្សាបុត្រភរិយាដេាយកសិកម្ម គេារក្ខកម្ម និងពាណិជ្ជកម្មជាដេីម ។ បទថា បមុខេា រថមារុហិ បានដល់ ជាប្រមុខ គឺជាអ្នកប្រសេីររបស់ទេវតាទាំងឡាយ ស្តេចឡេីងរថ ។ សីលប្រសើរជាងសម្បត្តិទ្រព្យ !!! សីលប្រសើរជាងរូបសម្បត្តិ ព្រោះនាំមកនូវសេចក្ដីជ្រះថ្លាដល់ជនទាំងពួង និងព្រោះជរា ព្យាធិជាដើមគ្របសង្កត់មិនបាន ។ សីលប្រសើរជាងវិមានប្រាសាទ ព្រោះនាំមកនូវការត្រជាក់ចិត្តពោលគឺសីលជាវិមានប្រាសាទរបស់ចិត្ត ។ សីលប្រសើរជាងក្រុមញាតិ ព្រោះឱ្យសម្រេចនូវសម្បត្តិខ្ពស់ៗដែលពពួកញាតិមិនអាចឱ្យសម្រេចទៅបាន ។ សីលប្រសើរជាងកងទ័ព មន្តអាគម និងថ្នាំវិសេសណាៗទាំងអស់ ក្នុងការរក្សាខ្លួនឱ្យឋិតនៅក្នុងភាពជាមនុស្សពិតៗ មិនឱ្យភាពជាមនុស្សក្នុងចិត្តវិនាសឡើយ ។ សីលធើ្វឱ្យអ្នកមានសីលបានជាទីពឹងនៃខ្លួនឯង។ សីលរមែងរក្សាអ្នកមានសីល ក្រៃលែងជាងមាតារក្សាបុត្រនិងក្រៃលែងជាងទេវតារក្សាមនុស្សលោក ។ ដោយ៥០០០ឆ្នាំ
images/articles/3291/4654y6rtrrer444.jpg
ផ្សាយ : ០១ មីនា ឆ្នាំ២០២៤ (អាន: ៤,០២៣ ដង)
ការចម្រេីន អានាបាណស្សតិ » (វគ្គ១) បុគ្គលបានចម្រេីនអានាបានស្សតិប្រកបដោយសតិផង ញ្ញាណផង គឺកំពុងព្យាយាម ព្យាបាលចិត្តឲ្យជាសះស្បេីយពីមេរោគ កាមវិតក្ក ព្យាបាទវិតក្ក និងវិហិង្សាវិតក្ក មេរោគនេះវាជាអកុសលលាមកដ៏មានកំលាំងធ្វេីឲ្យជីវិតមានជម្ងឺផ្លូវចិត្តប្រចាំនៅក្នុងវដ្ត ។ ពោរពេញដោយសេចក្តីទុក្ខ ឈឺចាប់ ខ្លោចផ្សា ភ័យខ្លាច សោកសៅបំផុត។ ដូច្នេះការចម្រេីនអានាបាត្រូវព្យាយាមប្រឹងប្រែងឲ្យមុតមាំដូចមុខកាំបិតត្រូវមានស្មារតីប្រុងប្រយ័ត្នរលឹកទាន់កំណត់ដឹងទាន់នូវអារម្មណ៍របស់ចិត្តឲ្យបានតម្កល់មាំប្រាកដពេលកំពុងចម្រេីនត្រូវរក្សាចិត្ត យ៉ាងនេះ៖ ១.មិនឲ្យចិត្តស្ទុះទៅកាន់អារម្មណ៍ជាអតីត ២.មិនឲ្យចិត្តស្ទុះទៅកាន់អារម្មណ៍ជាអនាគត ៣.មិនឲ្យចិត្តរួញរា ធ្លាក់ក្នុងក្តីខ្ជិលច្រអូសកាយ ចិត្ត ៤.មិនឲ្យចិត្តរាយមាយ ផ្គងហួសពេក ប្រឹងហួសពេកនាំឲ្យច្រាលចិត្ត អស់សង្ឃឹម ៥.មិនឲ្យចិត្តជាប់ស្អិតត្រេកត្រអាលក្នុងអារម្មណ៍គាប់ចិត្តពេកនាំឲ្យកេីតរាគៈ ៦.មិនឲ្យចិត្តចង្អៀតចង្អល់ បដិឃៈ ថ្នាំងថ្នាក់ពេកនាំកេីតព្យាបាទ។ ត្រូវមានប្រាជ្ញាគ្រប់គ្រងរក្សាចិត្តឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ព្រះពុទ្ធទេីបឈ្មោះថាយេីងបានបំពេញកិច្ចការដែលមានសារសំខាន់ក្នុងដំណេីរជីវិតមានទីពឹងដ៏ប្រសេីរឆ្ពោះទៅកាន់ភាពជោគជ័យនៃការអស្តង្គតនៃកិលេសទាំងស្រុងបានទៅដល់គោលដៅមួយដែលយេីងមិនធ្លាប់ទៅដល់ គឺព្រះនិព្វានជាបរមសុខដែលយេីងប្រាថ្នាចង់បាន។ ដេាយព្រះអង្គគ្រូ៖ ព្រះភិក្ខុ ធម្មត្ថេរោ អាន វគ្គ២ ដោយ៥០០០ឆ្នាំ
images/articles/3289/_________________________________.jpg
ផ្សាយ : ០១ មីនា ឆ្នាំ២០២៤ (អាន: ៤,៧៦០ ដង)
មិនមែនអានតែសៀវភៅទេ ត្រូវអានជីវិតខ្លួនឯងផងពោលគឺត្រូវសិក្សាអំពីជីវិត តើជីវិតគឺជាអ្វី? កើតបានយ៉ាងណា? ហើយប្រព្រឹត្តទៅយ៉ាងណា? ត្រូវសិក្សាឱ្យឃើញច្បាស់ដោយបញ្ញាចក្ខុ ។ មិនមែនមានតែអ្នកដទៃទេជាគ្រូនោះ ខ្លួនឯងហ្នឹងហើយដែលត្រូវបង្រៀនខ្លួនឯង អប់រំទូន្មានខ្លួន ។ ប្រារព្ធសុខសាមណេរ ព្រះសាស្រ្ដទ្រង់ត្រាស់ថា (ធម្មតាអ្នកស្រែតែងបាចទឹកបញ្ចូលទៅក្នុងស្រែ ជាងព្រួញតែងពត់ព្រួញ ជាងឈើតែងចាំឈើ ឯអ្នកមានវត្តបដិបត្តិល្អ តែងអប់រំទូន្មានខ្លួន) ។ ក្នុងបណ្ដាពួកមនុស្សទាំងឡាយ មនុស្សល្អគឺជាមនុស្សដែលចេះអប់រំទូន្មានខ្លួនឯង ។ សៀវភៅ មេរៀនជីវិត ដោយ៥០០០ឆ្នាំ
images/articles/3250/__________________________________________.jpg
ផ្សាយ : ០១ មីនា ឆ្នាំ២០២៤ (អាន: ៣,៥៥៤ ដង)
កាយគតាសតិ ៩ យ៉ាង របស់ព្រះសារីបុត្រ មានដូចជា៖ ១. ពួកអ្នកផងដាក់វត្ថុស្អាតក្តី ដាក់វត្ថុមិនស្អាតក្តី ដាក់លាមកក្តី ដាក់មូត្រក្តី ដាក់ទឹកមាត់ក្តី ដាក់ខ្ទុះក្តី ដាក់ឈាមក្តី លើផែនដី ផែនដីមិនធុញទ្រាន់ មិននឿយណាយ មិនខ្ពើមរអើម ដោយវត្ថុនោះទេ យ៉ាងណាមិញ បពិ្រតព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានចិត្តស្មើដោយផែនដី ជាចិត្តទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ យ៉ាងនោះឯង ។ ២. ពួកអ្នកផង លាងវត្ថុស្អាតក្តី លាងវត្ថុមិនស្អាតក្តី លាងលាមកក្តី មូត្រក្តី ទឹកមាត់ក្តី ខ្ទុះក្តី ឈាមក្តី ក្នុងទឹក ទឹករមែងមិនធុញទ្រាន់ ឬនឿយណាយ ឬក៏ខ្ពើមរអើមដោយវត្ថុនោះទេ យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានចិត្តស្មើដោយទឹក ជាចិត្តធំទូលាយប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ក៏យ៉ាងនោះឯង ។ ៣. ភ្លើងតែងឆេះវត្ថុស្អាតក្តី ឆេះវត្ថុមិនស្អាតក្តី ឆេះលាមកក្តី មូត្រក្តី ទឹកមាត់ក្តី ខ្ទុះក្តី ឈាមក្តី ភ្លើងរមែងមិនធុញទ្រាន់ ឬនឿយណាយ ឬខ្ពើមរអើមដោយវត្ថុនោះ យ៉ាងណាមិញ បពិត្រ ព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានចិត្តស្មើដោយភ្លើង ជាចិត្តធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ក៏យ៉ាងនោះឯង ។ ៤. ខ្យល់បក់វត្ថុស្អាតក្តី បក់វត្ថុមិនស្អាតក្តី បក់លាមកក្តី មូត្រក្តី ទឹកមាត់ក្តី ខ្ទុះក្តី ឈាមក្តី ខ្យល់រមែងមិនធុញទ្រាន់ ឬនឿយណាយ ឬក៏ខ្ពើមរអើម ដោយវត្ថុនោះ យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានចិត្តស្មើដោយខ្យល់ ជាចិត្តធំលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ក៏យ៉ាងនោះឯង ។ ៥. បុគ្គលជូតវត្ថុស្អាតក្តី ជូតវត្ថុមិន ស្អាតក្តី ជូតលាមកក្តី មូត្រក្តី ទឹកមាត់ក្តី ខ្ទុះក្តី ឈាមក្តី ដោយសំពត់សម្រាប់ជូតធូលី ៗ រមែងមិនធុញទ្រាន់ ឬនឿយណាយ ឬក៏ខ្ពើមរអើមនឹងវត្ថុនោះទេ យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានចិត្តស្មើដោយសំពត់សម្រាប់ជូតធូលី ជាចិត្តធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនព្យាបាទ ក៏យ៉ាងនោះឯង ។ ៦. ចណ្ឌាលកុមារក្តី ចណ្ឌាលកុមារីក្តី មានដៃកាន់កព្ចើា ស្លៀកពាក់សំពត់រេចជាយ ចូលទៅកាន់ស្រុកក្តី និគមក្តី រមែងដាក់ចិត្តឲ្យទាប ហើយចូលទៅ យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានចិត្តស្មើដោយចណ្ឌាលកុមារ ជាចិត្តធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ក៏យ៉ាងនោះឯង ។ ៧. គោឧសភបាក់ស្នែងជាសត្វស្លូត ដែលគេទូន្មានហើយ បង្ហាត់ល្អហើយ ដើរទៅកាន់ច្រកតាមច្រក ដើរទៅកាន់ផ្លូវបែក តាមផ្លូវបែក មិនដែលបៀតបៀនអ្វី ៗ ដោយជើងក្តី ដោយស្នែងក្តី យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានចិត្តស្មើដោយគោឧសភបាក់ស្នែង ជាចិត្តធំ ទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ក៏យ៉ាងនោះឯង ។ ៨. ស្រ្តី ឬបុរសកំលោះ ឬជំទង់ ប្រកបដោយជាតិជាអ្នកស្អិតស្អាង គប្បីធុញទ្រាន់ នឿយណាយ ខ្ពើមរអើម នឹងសាកសពពស់ ឬសាកសពកូនសុនខ ដែលជាប់ត្រង់ក យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គរមែងធុញទ្រាន់ នឿយណាយ ខ្ពើមរអើមនឹងកាយស្អុយនេះ ក៏យ៉ាងនោះឯង ។ ៩. បុរសរក្សាភាជនៈសម្រាប់ដាក់ខ្លាញ់ ដែលមានរន្ធតូច-ធំ ហូរចេញចូល យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គរក្សានូវកាយនេះ ដែលមានរន្ធតូច-ធំហូរចេញចូល ក៏យ៉ាងនោះឯង ។ (សុត្តន្តបិដក អង្គុត្តរនិកាយ នវកនិបាត បឋមបណ្ណាសក សីហនាទវគ្គ សីហនាទសូត្រ បិដកលេខ ៤៩ ទំព័រ ៤៦) ដោយសដវថ ដោយ៥០០០ឆ្នាំ
images/articles/3248/466u7i878677555.jpg
ផ្សាយ : ០១ មីនា ឆ្នាំ២០២៤ (អាន: ២,៦៦៩ ដង)
បុគ្គលដែលជាអ្នកប្រាជ្ញ គប្បីជាអ្នកមាននូវសច្ច (សច្ចបានដល់ វចីសច្ច)។ ត្រូវនិយាយអ្វី ត្រូវនិយាយការពិត រក្សាការពិតដែលយេីងនិយាយ។ (ព្រះអង្គសំដែងថា បុគ្គលត្រូវរក្សានូវសច្ច) ការរក្សានូវសច្ចទេីបអាចត្រាស់ដឹងនូវសច្ចបាន ហេីយការត្រាស់ដឹងនូវសច្ចហេីយមិនមែនគ្រប់គ្រាន់ទៀត ជួនកាលបានតែការត្រាស់ដឹងនូវសច្ចក៏ប៉ុន្តែ មិនអាចញាុំងនូវសច្ចឲ្យកេីតឡេីងបានទេ។ ចឹងបានជាព្រះអរិយបុគ្គលខ្លះ បានពាល់ត្រូវនូវព្រះនិព្វានមែន ក៏ប៉ុន្តែលេាកអត់ដឹងទេ ទៅសួរលេាកយ៉ាងមិចៗលេាកអត់ដឹងទេ ។ ក៏ប៉ុន្តែលេាកបានពាល់នូវសម្ជស្សនៃព្រះនិពា្វន ហេីយទៅសួរលេាកៗអត់ដឹងទេ ពីព្រេាះលេាកគ្រាន់តែបានត្រាស់ដឹងនូវសច្ច មិនបានឃេីញនូវការកេីតឡេីងនៃសច្ច ។ ចឹងបានជាយេីងត្រូវសិក្សានេះឲ្យបានល្អិតល្អន់ណាស់ហ្នឹង មិនមែនអ្នកដែលត្រាស់ដឹងៗហ្នឹងសុទ្ធតែអាចពន្យល់យេីងទាំងអស់គ្នាបានទេ អត់មែនទេ។ ដូចជាព្រះសម្មាសម្ពុទ្ធ ព្រះបច្ចេកពុទ្ធចឹង ព្រះបច្ចេកពុទ្ធអាចពន្យល់ដូចជាព្រះសម្មាសម្ពុទ្ធបានដែរ គឺអត់បានទេ គ្រាន់តែបានសម្តែងបន្តិចបន្តួចហ្នឹង បានចឹង អត់ដឹងថាយ៉ាងមិចៗ អត់ដឹងៗក្រសែរនៃក្បួននៃការបដិបត្តិរំលត់កិលេស សមុច្ឆេទកិលេស យ៉ាងមិចៗលេាកអត់ដឹង។ ប៉ុន្តែលេាកបានសមុច្ឆេទកិលេសហេីយនៅ ថាបានហេីយ ក៏ប៉ុន្តែការពន្យល់អត់ដឹង ដូចចាបចេះធ្វេីសំបុកចឹង តេីយេីងចេះធ្វេីសំបុកដូចចាបដែរ ឲ្យចាបវាពន្យល់ឲ្យយេីងធ្វេីសំបុកដូចចេះមួយៗ វាពន្យល់មិចបាន បេីវាពាំតែ១សសៃទាញហូតចុះហូតឡេីងអូសចុះអូសឡេីង ក៏ប៉ុន្តែយេីងឃេីញហូតចុះហូតឡេីងមួយសន្ទុះ១អាទិត្យមកចេញជាសំបុកល្មមវាពង កូនវានៅម៉ាស្រួលចឹងទៅ។ ចឹងយេីងត្រូវសិក្សាព្រះឱសព្រះអង្គហ្នឹងឲ្យទូលំទូលាយឲ្យទាស់តែមែនទែន ។ បុគ្គលដែលជាអ្នកប្រាជ្ញគប្បីជាអ្នកមាននូវសច្ច បានដល់វចីសច្ច មានវចីសច្ចហេីយ ត្រូវមានញ្ញាណសច្ចៗ សំដៅយកវិបស្សនា សំដៅយកសតិប្បដ្ឋាន សតិទល់ជាមួយនឹងសភាវៈ ។ ហេីយបន្តមកទៀតមគ្គសច្ច សំដៅយកសោតាបដិមគ្គ ជាដេីមហ្នឹងឯង ។ ចឹងបុគ្គលជាអ្នកប្រាជ្ញគប្បីជាអ្នកមាននូវសច្ច គឺបានសេចក្តីថា គឺជាអ្នកបដិបត្តិតែម្តង ត្រូវបដិបត្តិឲ្យឃេីញនូវសច្ចធម៌តាមសេចក្តីពិត ដែលមិនមែនជាយេីង ។ លេីកមុនយេីងច្រឡំថាជាយេីង ប្រកាន់ថាជាយេីង ឥឡូវវាអត់មែនយេីង ។ ចំពេាះអ្នកប្រាជ្ញ មុនី ហ្នឹង គឺជាអ្នកមាននូវសច្ច ហេីយមាននូវសច្ចហេីយ នូវមានអ្វីទៀត គឺជាអ្នកមិនឃ្នេីសឃ្នង់ៗគឺដេាយអំណាចនៃមានៈហ្នឹងឯង ជាអ្នកមិនពុតត្បុត លះបង់នូវពាក្យ ញុះ ញុង មិនក្រេវក្រេាធ (មុនីបេីយេីងតាំងចិត្តចេញហេីយ តេីយេីងនៅតាំងចិត្តខឹងជាមួយនណាទៀត) បេីយេីងនៅក្រេាធឈ្មេាះថា តេីយេីងចេញឬក៏នៅ គឺយេីងនៅ ។ ចឹងបេីយេីងជាមុនី គឺត្រូវកុំក្រេវក្រេាធ ពាក្យសេាកសៀតចាក់ដេាត ញុះញុង ហេីយកុំមានសេចក្តីទ្វេសប្រហែសទ្វេស ឆ្លងឲ្យផុតនៅលេាភៈដ៏លាមក និងមច្ឆរិយៈ ។ នេះសុទ្ធតែយកកិលេស ហ្នឹងសុទ្ធតែកាត់ហេីយណា កុំក្រេវក្រេាធ កាត់សេចក្តីក្រេាធ ដេាយអទេាសៈ ដេាយខន្តី នេះសុទ្ធតែកាត់ហេីយ ។ ហេីយកាលណាកាត់ទៅរសាត់ទៅដែរ រសាត់ទៅហេីយហ្នឹង។ ក៏ប៉ុន្តែកាត់ហ្នឹងសុទ្ធតែទៅដេាយអំណាចនៃបញ្ញា ថ្នាក់វិបស្សនា។ បន្តមកទៀត នរជនដែលជាអ្នកមានចិត្តបង្អេានទៅកាន់ព្រះនិព្វានៗដែលយេីងបានស្តាប់ពីព្រះអង្គគឺឲ្យផុតពីខន្ធបព្ចាកៈ អ្វីដែល ឲ្យតែបង្អេាន កុំទាក់ទិនជាមួយខន្ធបពា្ចកៈ គឺព្រះនិព្វាន មិនចឹង ព្រះនិព្វានគឺជាអ្វី ព្រះនិពា្វនគឺជាការផុតចាកខន្ធមិនចឹង ។ ខណៈដែលយេីងមិនបង្អេានទៅរកខន្ធនេាះ ខណៈហ្នឹងតេីយេីងបង្អេានទៅរកទីណា ការមិនបង្អេានទៅរកខន្ធនេះឯងគឺជាការបង្អេានទៅរកព្រះនិព្វាន ។ តែបេីយេីងបង្អេានទៅរកខន្ធ ខណៈដែលកំពង់ឃេីញ ជាខន្ធឬក៏ព្រះនិព្វាន គឺជាខន្ធ ចឹងយេីងកុំបង្អេានទៅរកវា ខណៈដែលឃេីញនូវរូបអាហ្នឹងមិនជាខន្ធ បេីយេីងមិនបង្អេានទៅរករូប កំណត់ដឹងរូបតាមសេចក្តីពិត ហេីយមិនជាប់ជំពាក់មានការរលាស់ចេញអំពីរូប ហ្នឹងចេញទៅរកនិព្វានដែរ គឺទៅរកព្រះនិព្វាន គឺត្រង់ព្យពា្ជនៈដែលយេីងបានស្តាប់ អំពីព្រះអង្គចឹងការឃេីញនូវទេាសខន្ធបពា្ចកៈហ្នឹង ហេីយកាន់យកនូវសន្តិបទៗ សំដៅទៅលេីអ្វី គឺព្រះនិព្វាន ។ ខន្ធបពា្ចកៈហ្នឹងវាមានការប្រព្រឹត្តទៅគឺជាសុខ ឬក៏ជាទុក្ខ វាគឺជាទុក្ខ ចឹងអ្វីដែលអត់មានខន្ធ គឺជាសុខ ឬក៏ជាទុក្ខ គឺជាសុខ ដូចជាអ្នកកំពង់នៅកណ្តាលភ្លេីងចឹង កំពង់នៅកណ្តាលភ្លេីងក្តៅឬក៏ត្រជាក់ ក្តៅ ។ ចឹងកំពង់ដែលនៅផុតភ្លេីង ដឹងថាត្រជាក់ដែរ ដឹងតេីស ។ បង្អេានសភាពទាំងអស់ហ្នឹងទៅរកព្រះនិព្វាន ត្រង់ដែលដាច់អំពីខន្ធនេះឯង។ រៀនចឹងទៅទេីបយេីងបានស្ងប់ ។ ដកស្រងពី MP3 សំដែងព្រះធម៌ដេាយ៖ លេាកគ្រូ រស់ សុផាត ដោយ៥០០០ឆ្នាំ
images/articles/3218/_________________________________.jpg
ផ្សាយ : ០១ មីនា ឆ្នាំ២០២៤ (អាន: ៦,១៣៧ ដង)
ទេាសៈនេះខ្លាំងកម្លាំងក្រៃលែង តែឲ្យដុះវែងគ្មានអ្វីខ្លាំងដូច ត្រូវកាត់ពីតិចត្រូវក្តិចពីតូច ត្រូវរត់ឲ្យរួចពីទេាសដែលខឹង ។ អ្នកប្រាជ្ញបុរាណតែងឲ្យដំណឹង ថាបេីមិនខឹងទេីបហៅខន្តី ឲ្យគេឈ្នះចុះយេីងកុំខ្មាសអ្វី មិនខឹងមិនស្តីខន្តីបានយេីង ។ ខន្តីជាទ្រព្យគួរគាប់ថ្កុំថ្កេីន លេីសទ្រព្យកេីតឡេីងក្នុងលេាកទាំងមូល ខន្តីជាប្ញសដុះជាបណ្តូល ខន្តីជាមូលមេធម៌ទាំងអស់ ។ អ្នកមានខន្តីជាអ្នកមានមេត្តា ជាអ្នកមានលាភ ជាអ្នកមានយស ជាអ្នកមានសេចក្តីសុខជាប្រក្រតី អ្នកមានខន្តី រមែងជាទីស្រឡាញ់ ជាទីគាប់ចិត្តនៃទេវតា និងមនុស្សទាំងឡាយ។ ខន្តី ជាេហតុជាទីតាំងនៃគុណ គឺសីលនិងសមាធិទាំងឡាយ ធម៌ទាំងឡាយជាកុសលទាំងអស់នេាះ តែងចម្រេីនដេាយសេចក្តីអត់ធន់មែនពិត។ ខន្តី តែងកាត់បង់បាននៅប្ញសនៃបាបទាំងឡាយទាំងអស់ បុគ្គលអ្នកអត់ធន់ឈ្មេាះថា​ជីក​រំលេីងនូវប្ញសនៃទេាសទាំងឡាយ មានពាក្យតិះដៀលនិងការឈ្លេាះប្រកែកជាដេីម។ ខន្តី ជាគ្រឿងអលង្ការបស់អ្នកប្រាជ្ញ ខន្តី ជាគ្រឿងដុតនូវបាបរបស់អ្នកប្រព្រឹត្តធម៌ ខន្តី ជាគុណជាតិនាំមកនូវប្រយេាជន៍ និងសេចក្តីសុខ ។ អ្នកមានខន្តី ជាអ្នកនាំមកនូវប្រយេាជន៍ដល់ខ្លួនផង ដល់ជនទាំងឡាយឯទៀតផង អ្នកមានខន្តីជាអ្នកបានឡេីង កាន់ផ្លូវជាទីស្ថានសួគ៌និងព្រះនិព្វាន ។ អ្នកមានខន្តី ឈ្មេាះថាធ្វេីតាមនូវព្រះពុទ្ធដីកាឱវាទរបស់ព្រះសាស្តាមែន អ្នកមានខន្តី ឈ្មេាះថាបានបូជានូវព្រះជិនស្រីដេាយការបូជាដ៏ឧត្តម។ ខន្តីជាធម៌ដ៏ឧត្តមក្នុងលេាក ខន្តីធម៌ ជាប្រធានក្នុងលេាក ក៏បុណ្យទាំងអស់រមែងមានក្នុងខន្តី។ បេីប្រាសចាកខន្តីហេីយរមែងជួបប្រទះតែនឹងសេចក្តីទុក្ខ លំបាកក្រីក្រ ថេាកទាបជានិច្ច ។ ព្រេាះហេតុនេាះ លេាកអ្នកសប្បុរសទាំងឡាយគួរខំចម្រេីនខន្តីធម៌ឲ្យមានឡេីងគ្រប់ៗគ្នា។ ដោយ៥០០០ឆ្នាំ
images/articles/3217/______________________________.jpg
ផ្សាយ : ០១ មីនា ឆ្នាំ២០២៤ (អាន: ៨,១៦៦ ដង)
សីលមយៈ. (បុណ្យកេីតអំពីការរក្សាសីល) ក្នុងអដ្ឋកថាបរមត្ថទីបនីថា ពាក្យថា សីលមយៈ បានដល់ចេតនាដែលប្រព្រឹត្តទៅហេីយដល់​បុគ្គលអ្នកសមាទានសីល ៥ សីល ៨ ឬសីល ១០ ដេាយអំណាចនៃការកំណត់ឲ្យជានិច្ច​សីល និង ឧបេាសថសីលជាដេីម ឬអ្នកគិតថា យេីងនឹងបួសដេីម្បីបំពេញសីលឲ្យបរិបូរណ៌ ហេីយទៅកាន់វិហារបួស និងញាំងមនេារថឲ្យដល់ទីបំផុតរលឹកថា យេីងបួស​ហេីយ​​ជាការល្អ ហេីយអប់រំបំពេញបាតិមេាក្ខសំវរសីលឲ្យបរិបូរណ៌ដេាយសទ្ធា ពិចារណាបច្ច័យ ៤ មានចីវរជាដេីម ដេាយបញ្ញាសង្រួមចក្ខុទ្វារជាដេីម ក្នុងរូបជាដេីមដែលមកកាន់កន្លងដេាយសតិ និងជម្រះអាជីវបារិសុទ្ធិសីលដេាយសេចក្តីព្យាយាម រមែងតាំងមាំ ព្រេាះដូច្នេាះ ចេតនានេាះ ទេីបឈ្មេាះថា បុញ្ញកិរិយាវត្ថុសម្រេចដេាយសីល។ ម្យ៉ាងទៀត កាលឲ្យទានដេាយតាំងនៅក្នុងវត្តបដិបត្តិ បុញ្ញកិរិយាវត្ថុ ជាសីលមយៈ ។ ក្នុងបរមត្ថជេាតិកថាៈ សីល សម្តែងវចនត្ថៈថា៖ សីលយតិ កាយវចីកម្មនា សម្មា ទហតីតិ=សីលំ ធម្មជាតិណារមែងធ្វេីឲ្យកាយកម្ម និងវចីកម្មតាំងទុកដេាយល្អដូច្នេាះ ធម្មជាតិនេាះឈ្មេាះថា សីល, បានដល់ កិរិយារួបរួមទុកនូវកម្មទាំងឡាយ មានកាយកម្មជាដេីម មិនរាត់រាយដេាយអំណាចភាវៈនៃបុគ្គលអ្នកមានសីល ឬកិរិយាចូលទៅទ្រទ្រង់ទូទៅដេាយអំណាចនៃកិរិយាស្ថាននៃធម៌ទាំងឡាយ ជាកុសលម្យ៉ាង ដេីម្បីឲ្យកុសលកេីត, ទានចេតនា គឺចេតនាដែលទាក់ទងនឹងការបរិច្ចាគទាន សីលចេតនាគឺចេតនាដែលទាក់ទងនឹងការរក្សាសីលទាំងនេះ កេីតឡេីងដល់ព្រះអរហន្តទាំងឡាយក៏មាន តែចេតនាទាំងនេះនៅក្នុងមហាកិរិយាចិត្តុប្បាទទាំងអស់។ សេចក្តីនេះអធិប្បាយថា ពាក្យថា សីលនេាះ ជាតួចេតនាដែលមានការជំរុញនូវកាយ វាចា ឲ្យតាំងនៅក្នុងកិរិយាមារយាទដែលល្អទាំងបិទចន្លេាះមិនឲ្យអកុសលផ្សេងៗ ដេាយអំណាចកាយទុច្ចរិត វចីទុច្ចរិតប្រាកដឡេីងបាន សេចក្តីនេះសម្តែងឲ្យដឹងបានថា សីលនេាះមាននាទីរក្សាកាយ វាចាមិនឲ្យប្រព្រឹត្តទៅក្នុងទុច្ចរិតដែលកេីតមកអំពីអកុសលផ្សេងៗប៉ុណ្ណេាះ, ចំណែកការរក្សាផ្លូវចិត្តដេីម្បីមិនឲ្យមនេាទុច្ចរិតផ្សេងៗកេីតឡេីងនេាះជានាទីរបស់ភាវនាដេាយចំពេាះ។ វចនត្ថៈមួយទៀតថា សីលយតិ កុសលធម្មេ ឧបធារេតីតិ=សីលំ ធម្មជាតិណារមែងទ្រទ្រង់ទុកនូវកុសលធម៌ មានសមាធិ បញ្ញានិងវិមុត្តិជាដេីម ដូច្នេាះ ធម្មជាតិនេាះ ឈ្មេាះថា សីល។ អធិប្បាយថា សីលចេតនា គឺការរក្សាសិក្ខាបទផ្សេងៗ មានបាណាតិបាត វិរតិជាដេីមទាំងនេះ អាចឲ្យសមាធិបញ្ញា និងមគ្គផលកេីតឡេីងបាន ឧបមាដូចជាផ្ទៃផែនដី ដែលជាទីអាស្រ័យរបស់វត្ថុផ្សេងៗ ទាំងមានជីវិត និងមិនមានជីវិត បេីខ្វះផែនដីដែលជាទីអាស្រ័យហេីយវត្ថុផ្សេងៗទាំងមានជីវិត និងមិនមានជីវិតទាំងឡាយនេាះ ក៏រមែងកេីតឡេីង និងចម្រេីនឡេីងមិនបាន សេចក្តីឧបមានេះយ៉ាងណា សមាធិ បញ្ញា មគ្គផល ទាំងនេះរមែងអាស្រ័យកេីត​ឡេីង​ បេីវៀរចាកសីលកុសលចេញ ហេីយវត្ថុ (ធម៌) ទាំងនេះ រមែងកេីតឡេីងមិនបាន។ ដូច្នេះ ព្រះមានព្រះភាគជាម្ចាស់ ទេីបវិសជ្ជនាសេចក្តីសម្គាល់របស់សីល ក្នុងការបដិបត្តិ​ដេីម្បី​ផុតចាកទុក្ខ ដែលមានសេចក្តីវិលវល់ ដេាយលំបាក ទាំងខាងក្នុងទាំងខាងក្រៅហេីយចូល​កាន់ព្រះនិព្វាននេាះថា៖ សីលេ បតិដ្ឋាយ នរេា សបញ្ញេា ចិត្តំ បញ្ញពា្ច ភាវយំ អាតាបី និបកេា ភិក្ខុ សេា ឥមំ វិជដយេ ជដំ ។ នរជនមានប្រាជ្ញា បានតាំងមាំក្នុងសីលហេីយ ចម្រេីននូវ សមាធិ ចិត្តនិងវិបស្សនា ជាអ្នកមានព្យាយាមដុតកំដៅកិលេស ប្រកប​ដេាយ​បារិហារិយប្បញ្ញា ជាអ្នកឃេីញភ័យក្នុងសង្សារ បុគ្គលនេាះ ទេីបកាប់ឆ្កានូវតណ្ហាជាគ្រឿងចាក់ស្រែះនេះបាន។ ក្នុងគាថានេះសម្តែងអំពីធម៌ ៦ យ៉ាង គឺ សីល ១ សមាធិ ១ បញ្ញា ៣ អាតបៈ គឺសេចក្តីព្យាយាម ១ ។ -បញ្ញា ៣ គឺសជាតិប្បញ្ញា បញ្ញាជាប់មកជាមួយនឹង បដិសន្ធិជាត្រៃហេតុ កេីតអំពីកម្មចាស់ដែលបានកសាងទុកមកក្នុងអតីតជាតិ ១។ -វិបស្សនាបញ្ញា បញ្ញាសម្រេចមកអំពីការពិចារណាឃេីញតាមការណ៍ពិត ក្នុងបច្ចុប្បន្ន ១, -នេបកប្បញ្ញា បញ្ញាដែលរក្សាខ្លួនទុក ចាកធម៌ដែលជាសត្រូវ ឬបារិហារិកប្បញ្ញា បញ្ញាដែលអាចកំណត់នូវកិច្ចទាំងពួងមានកិរិយាឈានចូល និងឈានថយជាដេីម ហេីយនាំទៅកាន់តែអំពេីដែលមានប្រយេាជន៍ តែងប្រកបមិនដាច់ក្នុងកិរិយារក្សាទុកនូវកម្មដ្ឋាន ១។ ក្នុងគាថានេះ នរជននេះដែលព្រះមានព្រះភាគទ្រង់ត្រាស់សម្តែងថា ប្រកបដេាយបញ្ញាដូច្នេះ ដេាយបញ្ញាញាណ កិច្ចដែលនរជននេាះ គប្បីធ្វេីមិនមានក្នុងបញ្ញានេាះ។ ព្រេាះថា បញ្ញានេាះសម្រេចហេីយដល់បុគ្គលនេាះ ដេាយអានុភាពនៃកម្មដែលមានមកក្នុងកាលមុនតែម្យ៉ាង ។ ក៏នរជននេាះដែលជាអ្នកធ្វេីរឿយៗ និងជាអ្នកធ្វេីនូវការដឹងខ្លួនដេាយអំណាចនៃវិរិយៈ ដេាយអំណាចនៃបញ្ញាដែលព្រះអង្គទ្រង់សម្តែងត្រង់បទនេះថា អ្នកមានអាតបៈ គឺសេចក្តីព្យាយាម, អ្នកមាននេបកៈ គឺបញ្ញាចាស់ក្លា, ដូច្នេះគប្បីប្រតិស្ថានក្នុងសីល ហេីយចម្រេីននូវសមថៈ ដូច្នេះគប្បីប្រតិបត្តិ វិបស្សនា ដែលព្រះអង្គទ្រង់សម្តែងដេាយអំណាចនៃចិត្ត និងបញ្ញា ។ ចាកពីសៀវភៅ»សីលមយៈ ដេាយ៖ (ព្រះភិក្ខុសីលប្បញ្ញេា ឆៃ សុផល្លី) វត្តនិគ្រេាធវ័ន គល់ទទឹង ………………… ធម្មតាអ្នកបង្ហូរទឹក តែងបង្ហូរទឹកទៅ អ្នកធើ្វព្រួញតែងពត់ព្រួញ(ឱ្យត្រង់) អ្នកចាំងឈើ តែងចាំងឈើ ឯបណ្ឌិតទាំងឡាយ តែងទូន្មានខ្លួន (ដូច្នោះឯង)។ ដោយ៥០០០ឆ្នាំ
images/articles/3313/4565yuuiyo9886654444444444.jpg
ផ្សាយ : ០១ មីនា ឆ្នាំ២០២៤ (អាន: ៣,១៨៨ ដង)
កុសីតវត្ថុ (ហេតុនៃបុគ្គលខ្ជិល) ៨ ១. ភិក្ខុ​មានសេចក្ដីត្រិះរិះយ៉ាងនេះថា ការងារដែលអញត្រូវធ្វើ មុខជានឹងមាន តែ​កាលបើ​អញធ្វើការងារ (នោះ) កាយនឹងលំបាក បើដូច្នោះ មានតែអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បី​ត្រាស់ដឹង នូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែល​ខ្លួនមិន​ទាន់​ធ្វើ​ឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ១។ ២. ភិក្ខុមានសេចក្ដីត្រិះរិះយ៉ាងនេះថា អញបានធ្វើការងាររួចហើយ តែ​កាលដែល​អញ​កំពុង​ធ្វើការងារ កាយលំបាកទៅហើយ បើដូច្នោះ មានតែអញ​ដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់ នូវធម៌ដែលខ្លួនមិនទាន់​ដល់ ដើម្បីត្រាស់ដឹង នូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់នូវ ធម៌ដែលខ្លួនមិនទាន់​ធ្វើ​ឲ្យ​ជាក់ច្បាស់ នេះ កុសីតវត្ថុទី ២។ ៣. ភិក្ខុនោះមានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញនឹងត្រូវដើរផ្លូវ តើបើ​អាត្មាអញ​ដើរផ្លូវ កាយនឹងលំបាក បើដូច្នោះ មានតែអញដេកសិន ភិក្ខុនោះ ក៏ ដេក មិនប្រារព្ធ​ព្យាយាម ដើម្បីដល់ នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹង នូវធម៌ដែល​ខ្លួន​មិន​ទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលខ្លួនមិនទាន់​ធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៣។ ៤. ភិក្ខុមានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញបានដើរផ្លូវរួចហើយ តែកាលដែល​អាត្មាអញដើរផ្លូវ កាយលំបាកទៅហើយ បើដូច្នោះ មានតែអាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បី​ត្រាស់ដឹង នូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែល​ខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៤។ ៥. ភិក្ខុត្រាច់ទៅកាន់​ស្រុកក្តី និគមក្ដី ដើម្បីបិណ្ឌបាត តែមិនបានភោជនដ៏សៅហ្មង ឬថ្លៃថ្លា ឲ្យបរិបូណ៌ ដរាបដល់ឆ្អែតទេ ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញ កាលដែល ដើរទៅកាន់ស្រុក ឬនិគមក្ដី ដើម្បីបិណ្ឌបាត មិនបានភោជន ដ៏សៅ​ហ្មង ឬថ្លៃថ្លា ឲ្យបរិបូណ៌ ដរាបដល់ឆ្អែតសោះ កាយរបស់អាត្មាអញនោះ លំបាកទៅហើយ ធ្វើការងារមិនកើតទេ បើដូច្នោះ មានតែអាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បី​ត្រាស់ដឹងនូវធម៌ ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែល​ខ្លួនមិនទាន់ធ្វើ ឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៥។ ៦. ភិក្ខុដើរទៅកាន់​ស្រុក ឬនិគម ដើម្បីបិណ្ឌបាត បានភោជនដ៏សៅហ្មង ឬថ្លៃថ្លា បរិបូណ៌ដរាប​ដល់ឆ្អែត ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញ កាល​ដែល​ដើរទៅ​កាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត បានភោជនដ៏សៅហ្មង ឬថ្លៃថ្លា បរិបូណ៌ ដរាបដល់ឆ្អែតដែរហើយ តែកាយរបស់អាត្មាអញនោះធ្ងន់ ធ្វើការងារ​មិនកើត ទំនងដូចជាសណ្តែកដែល ត្រូវទឹក បើដូច្នោះ មានតែអាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់ នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹង​ នូវធម៌ដែលខ្លួនមិនទាន់ បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលខ្លួនមិន​ទាន់បានធ្វើឲ្យជាក់ ច្បាស់ នេះ កុសីតវត្ថុទី ៦។ ៧. ភិក្ខុកើតអាពាធបន្តិច​បន្តួច ភិក្ខុនោះ មាន សេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញ​កើត​អាពាធបន្តិចបន្តួច​នេះហើយ អាត្មាអញ គួរតែដេក បើដូច្នោះ អាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បី​ត្រាស់ដឹង នូវធម៌​ដែលខ្លួនមិនទាន់ បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌​ដែលខ្លួនមិនទាន់​បានធ្វើឲ្យជាក់ ច្បាស់ នេះ កុសីតវត្ថុទី ៧។ ៨. ភិក្ខុជាសះស្បើយអំពីជម្ងឺ​ហើយ តែទើប នឹងសះស្បើយមិនយូរប៉ុន្មាន ភិក្ខុនោះមាន​សេចក្ដីត្រិះរិះយ៉ាងនេះ​ថា អាត្មាអញសះ ស្បើយអំពីជម្ងឺហើយ តែសះស្បើយមិន​ទាន់យូរ​ប៉ុន្មាន កាយ​របស់អាត្មាអញ នោះនៅមិនទាន់មានកម្លាំង ធ្វើការងារមិន​ទាន់កើត បើដូច្នោះ អាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់ នូវធម៌ដែល​ខ្លួនមិនទាន់ដល់ ដើម្បី ត្រាស់ដឹងនូវធម៌ដែល​ខ្លួនមិនទាន់​បាន​ត្រាស់ដឹង ដើម្បីធ្វើឲ្យ​ជាក់ច្បាស់ នូវធម៌ ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៨។ (បិ.៨២, ឃ.២៤៧) ដោយ៥០០០ឆ្នាំ
images/articles/2670/tecvvfpic.jpg
ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២៤ (អាន: ៥៨,៧៤២ ដង)
គួរឲ្យសង្វេគណាស់ ! អត់អំពីព្រះពុទ្ធទៅ ភាពចំរូងចំរាស់បានកើតឡើងក្នុងសាសនាជាប់មិនដាច់ ដោយហោចទៅសូម្បីតែគ្រូនិងសិស្សក៏មានបញ្ហានិងគ្នាដែរ ។ លោកគ្រូជាសុតពុទ្ធជាអ្នកទ្រទ្រង់ព្រះត្រៃបិដក វេលាលោកកំពុងទេស លោកបានពោលថា សតិប្បដ្ឋាន៤គឺជាលោកុត្តរមគ្គតែម៉្យាង សិស្សដែលគង់នៅក្បែរគ្រែទេសបានលបខ្សឹបលោកគ្រូថាមិនមែនទេលោកម្ចាស់គឺជាបុព្វភាគនៃមគ្គទេ គឺចាប់ពីលោកិយមគ្គទៅលោកុត្តរមគ្គ ធ្វើសភាពព្រងើយ លោកគ្រូនៅតែមិនស្តាប់ ។ វេលាស្រង់ទឹកទើបលោកសូត្រស្វាធ្យាយពីដើមដល់ចប់ លោកយល់ត្រង់ពាក្យថា សតិប្បដ្ឋាន៤ បើបដិបត្តិដល់៧ឆ្នាំ ៧ខែ ដោយហោចទៅត្រឹម៧ថ្ងៃគង់បានសម្រេចមគ្គផល ពីមុនលោកយល់ថាអរិយមគ្គតែកើតឡើងហើយមិនដែលរង់ចាំដល់៧ឆ្នាំ ទើបលោកយល់ស្របនឹងសិស្សថាគឺជាបុព្វភាគនៃអរិយមគ្គ ។ សេចក្តីនេះចង់បញ្ជាក់ថា អំណឹះបើអស់លោកសុទ្ធតែជាអ្នកទ្រទ្រង់បិដកផងនៅភ្លាំងភ្លាត់បាន ទំរាំបញ្ញារបស់មនុស្សសព្វថ្ងៃ គឺជៀសមិនផុតពីការខ្វែងគំនិតគ្នា ហើយប្រឹងអូសទាញគ្នាតាមការយល់ឃើញរបស់ខ្លួនជាមិនខាន ហេតុនេះវិវាទគង់មានជាធម្មតា យើងមិនបាច់ហួងហែងទើសទាស់គ្នាខ្លាំងពេកទេ ត្រង់ណាកាន់យកបានក៏កាន់យកទៅ រួបរួមគ្នាស្វែងរកវិធីលះការប្រកាន់ទៅ។ធម៌ព្រះគឺបានអីលះនឹងទេ ! មានឧបាទាន នាំឲ្យមានភព មានភពនាំឲ្យមានជាតិកំណើត នាំឲ្យមានទុក្ខដោយជរាព្យាធិមរណៈ ហេតុនេះដកតែឧបាទាន(ការប្រកាន់)ចេញទៅ ជាតិរលត់ ទុក្ខរលត់ នេះហើយជានិព្វាននោះ មិនមាននិព្វានអីនៅក្រៅធម៌នេះទេ ។ ឧបាយដើម្បីលះឧបាទាន មិនមានអ្វីក្រៅពីសីល សមាធិ វិបស្សនានេះឡើយ ! ។ មនុស្សកាលបើខ្សោយការមានៈប្រកាន់ហើយ រមែងជាមនុស្សហ៊ានទទួលយកកំហុសហើយកែប្រែ ហ៊ានទទួលយកហេតុផលដែលត្រឹមត្រូវ យកមកប្រើដោយឥតលាក់លៀម មិនខ្លាចខ្លួនថោកឬខ្លាចគេថាខ្លួនអន់ មិនចេះលាក់បាំងទោសកំហុស ដោយចង់បានតែពីខាងត្រូវសម្រាប់ខ្លួនឯងឡើយ។តើធ្វើដូចម្តេចដើម្បីអាចទំលាក់ការមានៈប្រកាន់បាន? ចូរអង្គុយពែនភ្នែន បិទភ្នែកហើយពិចារណាអំពីសេចក្តីស្លាប់ៈ ១- សត្វលោកសុទ្ធតែមានសេចក្តីស្លាប់ជាមរតក អាត្មាអញគឺជាអ្នកស្លាប់ទេ(សំឡុតកិលេស) ២- យាយតាម៉ែឪសុទ្ធតែជាអ្នកស្លាប់ អញកើតពីគាត់ដែលជាអ្នកស្លាប់តើជៀសពីស្លាប់ម្តេចនឹងបាន?(ប្រាប់ហេតុផលដល់ចិត្ត) ៣- សូម្បីតែព្រះពុទ្ធលោកមានឬទ្ធិដល់ម៉្លោះគង់កន្លងសេចក្តីវិនាសនេះមិនបាន ចុះអាត្មាអញជាជនថយថោកយ៉ាងនេះ តើនឹងកន្លងសេចក្តីវិនាសនេះបានដូចម្តេចទៅ?(លួងលោមចិត្តឲ្យព្រម ព្រោះមិនមែនស្លាប់តែឯងនោះទេ)។ រួចហើយភាវនាមរណំៗ អាចារ្យខ្លះលោកឲ្យពិចារណាហើយទើបពិនិត្យខ្យល់ដង្ហើមតាមក្រោយក៏បាន ! ធ្វើរាល់ថ្ងៃក្នុងរយះមួយខែយ៉ាងតិច រួចចាំពិនិត្យសភាពចិត្តតាមក្រោយ តើមានការកែប្រែស្បើយការមានះប្រកាន់ខ្លះទេ? ។ ប្រភពហ្វេសប៊ុក Thong Nidamony ដោយ៥០០០ឆ្នាំ
images/articles/2689/876pic.jpg
ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២៤ (អាន: ៧៤,៣៧៩ ដង)
សួរថា ព្រះពោធិសត្វបានទៅកាន់ទេវលោកអស់វារៈប៉ុន្មានដង ដោយអត្តភាពជាមនុស្ស ? ឆ្លើយថា ព្រះពោធិសត្វទៅកាន់ទេវលោកអស់វារៈ ៤ ដង ដោយអត្តភាពជាមនុស្ស គឺ ក្នុងកាលទ្រង់នៅជាព្រះបាទមន្ធាតុចក្រពត្រាធិរាជ ១ ក្នុងកាលនៅជាព្រះបាទសាធិនរាជ ១ ក្នុងកាលនៅជាគុត្តិលវីណាវាទកព្រាហ្មណ៍ ១ ក្នុងកាលនៅជាព្រះបាទនិមិរាជ ១ ។ ព្រះពោធិសត្វនោះកាលនៅជាព្រះបាទមន្ធាតុ ទ្រង់អាស្រ័យនៅក្នុងទេវលោកអស់កាលរាប់ចំនួនឆ្នាំមិនបាន ក្នុងពេលដែលព្រះអង្គនៅក្នុងទេវលោកនោះ សក្កទេវរាជចុតិអស់ ៣៦ អង្គ ។ កាលព្រះពោធិសត្វនៅជាព្រះបាទសាធិនរាជ ទ្រង់នៅអស់ ៧ ថ្ងៃ ត្រូវជា ៧០០ ឆ្នាំ ដោយការរាប់ឆ្នាំរបស់មនុស្ស ។ កាលព្រះពោធិសត្វនៅជាគុត្តិលវីណាវាទកព្រាហ្មណ៍ និង ព្រះបាទនិមិរាជ ទ្រង់នៅអស់ប្រមាណមួយរំពេច ត្រូវជា ៧ ថ្ងៃ ដោយការរាប់ថ្ងៃរបស់មនុស្សលោក ។ (បបញ្ចសូទនី អដ្ឋកថា មជ្ឈិមនិកាយ មជ្ឈិមបណ្ណាសក រាជវគ្គ មឃទេវសូត្រ) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2676/76fftpic.jpg
ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២៤ (អាន: ៥៨,១១១ ដង)
៨០%នៃស្ត្រី ជ្រើសរើសយកភាពស្ងប់ស្ងាត់ ដើម្បីបំភ្លេចការឈឺចាប់ ជាជាងជ្រើសរើសយកការត្អូញ​ត្អែរ ប៉ុន្តែអ្នកដឹងទេថា ការឈឺចាប់របស់នាងខ្លាំងបំផុតគឺនៅពេលមនុស្សដែលនាងស្រឡាញ់បានបោះ​បង់នាងចោល ហើយទៅអោបស្រីថ្មី តើគំនិតនេះពិតឬទេ ? វាផ្ទុយពីបុរស ដែលត្រូវស្រីបោះបង់ចោល គេមានការឈឺចាប់រយះពេលខ្លី ហើយមានដៃគូជាថ្មីភ្លាមមួយរំពេច ព្រោះការផ្លាស់ប្តូរគឺជានិស្ស័យរបស់គេស្រាប់ ។ តាមច្បាប់ធម្មជាតិឬច្បាប់កម្ម ជីវិតរបស់អ្នកវាជាការជ្រើសរើសរបស់អ្នក គូស្រករក៏ជាការជ្រើសរើសរបស់អ្នក បើអ្នកបែរជាមិនពេញចិត្តនឹងជីវភាពរបស់អ្នក អ្នកត្រូវបង្កើតជំរើសថ្មីទៀតទៅ ហេតុអីចាំបាច់បំផ្លាញវាចោលធ្វើអី ? ទុក្ខសោកមិនមែនត្រូវបានបញ្ចប់តាមតែការគិតរបស់អ្នកឯណា ! ព្រោះអ្វីៗនៅក្នុងលោកនេះវាគ្មានទីបញ្ចប់នោះទេ ។ ស្នេហាធំជាងមហាសមុទ្ទ ស្នេហាភ្លឺថ្លាជាងពេជ្រ ស្នេហាមានអំណាចជាងស្តេចចក្រពត្រ ស្នេហាស្រេក​ឃ្លានជាងជនអានាថា ស្នេហាមានជំរៅជ្រៅលើសមហាសាគរ ស្នេហាមានកំដៅក្តៅជាងពន្លឺព្រះអាទិត្យ ស្នេហាមានកម្លាំងខ្លាំងជាងអាប៉ូឡូ ស្នេហាខ្លាំងជាងជំងឺចុះក្អួត ស្នេហាកំណាញ់ជាងជនកំណាញ់នៅក្នុងលោក.....(ជួយរៀបរាប់ថែមទៀតផង) ។ ស្នេហាគឺជារឿងល្អ ព្រោះនាំមនុស្សឲ្យចេះគិត ឲ្យចេះអត់ធន់ ឲ្យចេះមានគំនិតក្នុងការបង្កើត មានគំនិតឆ្នៃប្រឌិត នាំមកនូវសុខភាពកាយចិត្ត នាំឲ្យមានសុភមង្គលក្នុងជីវិត នាំឲ្យមានភាពល្បីរន្ទឺ នាំឲ្យមានការត្រាស់ដឹងពីជីវិត ។ល។ ប៉ុន្តែបើគេប្រើវាខុស ឬ ដៃគូមិនទាន់បានយល់ពីរឿងនេះទេ វាបង្កើតឲ្យមានបញ្ហាច្រើនយ៉ាងណាស់ ! ពេលខ្លះវានាំឲ្យក្លាយជាពិរុទ្ធជនបានទៀតផង ! « ធ្លាក់នរកទាំងរស់ » ឬ រហេមរហាមដូចអណ្តើកចូលភ្លើងជាមិនខាន « ជីវិតអត់ធម៌មិនបានឡើយ »ព្រោះ ចិញ្ចឹមជីវិតគេត្រូវការចំណេះ តែចិញ្ចឹមគ្រួសារគេត្រូវការគុណធម៌ ! ។ អ្នកមានស្នេហា បើប្រាថ្នាជាអរិយបុគ្គលក្នុងពុទ្ធសាសនា បានដល់អានាគាមីបុគ្គលឯណោះ ហើយបានទ្រទ្រង់ពុទ្ធសាសនាបានយ៉ាងល្អទៀតផង ។ បើគ្មានអ្នកនៅដាំបាយទេ តើអ្នកបួសបានអីឆាន់ ? ប្រភពហ្វេសប៊ុក Thong Nidamony ដោយ៥០០០ឆ្នាំ
images/articles/2697/_________xtpic.jpg
ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២៤ (អាន: ២០,៤៧៨ ដង)
កំចាត់ចោលភាពអាត្មានិយមកាន់តែច្រើន អំណាចអ្នកនឹងកាន់តែខ្លាំង ! ស្វែងរកការចាប់ផ្តើមវាគ្មានទីបញ្ចប់ទេ កុំអនុញ្ញាត្តិឲ្យការភ័យខ្លាចមករំខានការងារត្រឹមត្រូវរបស់អ្នកឲ្យសោះ ។ របស់សព្វយ៉ាងដែលយើងកំពុងតែពេញចិត្ត និងមិនពេញចិត្ត វាគ្រាន់តែជាគ្រឿងផ្សំមកពីដី ទឹក ភ្លើង ខ្យល់ តែប៉ុណ្ណោះ បើអ្នកមិនបានពិចារណាឲ្យរឿយៗទេ អ្នកនឹងជាប់ជំពាក់ កាលបើជាប់ជំពាក់អ្នកមិនអាចចាកចេញពីលោកនេះបានឡើយ ។ អំពើអាក្រក់នៅក្នុងលោក បើទោះជាមនុស្សអាក្រក់ឲ្យតំលៃ ក៏វានៅតែជាអំពើអាក្រក់ ដែលសូម្បីតែមនុស្សអាក្រក់ដូចគ្នាក៏ស្អប់ខ្ពើម ព្រោះវាជាអំពើថោកទាប អំពើល្អទោះជាអ្នកណាមិនឲ្យតំលៃក៏នៅតែអាចកំចាត់សភាវៈអាក្រក់បានដែរ ។ និរន្តរភាពក្នុងលោកគឺជាអន្តរកម្មរវាង អំពើល្អនិងអំពើអាក្រក់ដែលប្រយុទ្ធដើម្បីសាងអត្ថិភាពនៃលោករៀងៗខ្លួន បើនិយាយឲ្យដល់ទីជំរៅ ជីវិតគឺជាសមរភូមិនៃអាតូមនេះឯង ! ។ កុំ ដប់យ៉ាងនាំចិត្តឲ្យរីករាយ ! ១- កុំប្រៀបធៀបៈ បើចង់ប្រៀបធៀបត្រូវគិតឲ្យឃើញថាខ្លួនខ្លាំង កុំប្រៀបធៀបឲ្យឃើញថាខ្លួនអន់ថោកទាបទន់ខ្សោយជាងគេ ។ ២- កុំប្រកួតប្រជែងៈ លទ្ធផលរបស់វានាំមកតែភាពក្តៅក្រហាយតែប៉ុណ្ណោះ ។ ៣- កុំរិះគន់ៈ វាជាអំពើរបស់មនុស្សទន់ខ្សោយទេ ជីវិតគ្មានអ្វីទៀងទាត់ឡើយ កង់ត្រាចកង់ធ្នង់ ម្តងគេម្តងយើងទេ ។ ៤- កុំខឹងច្រើនៈ វាបានត្រឹមតែបំផ្លាញខ្លួនឯង វាគ្មានបានជួយអ្វីដល់យើងឡើយ មិនចាំបាច់ខឹងក៏គេដោះស្រាយបញ្ហាបានដែរ ។ ៥- កុំសោកស្តាយៈ រឿងកន្លងហួសគឺវាហួសអស់ទៅហើយ យើងអាចកែប្រែបានគឺនៅថ្ងៃខាងមុខដើម្បីកុំឲ្យមានកំហុសតទៅទៀត ។ ៦- កុំបារម្ភច្រើនៈ ក្តីបារម្ភមិនបានជួយឲ្យបញ្ហានៅថ្ងៃស្អែកធូរស្រាលនោះទេ វាបានត្រឹមតែលួចយកភាពរីករាយនៅថ្ងៃនេះទៅតែប៉ុណ្ណោះ បើដេកឲ្យលក់ភ្ញាក់ឡើងមានកម្លាំងទុកដោះស្រាយបញ្ហានៅថ្ងៃស្អែកវិញល្អជាង ។ ៧- កុំស្តីបន្ទោសៈ ឲ្យតែជាមនុស្សគឺនៅតែមានកំហុសជាធម្មតា គេខុសហើយគេក៏ចេះឈឺចាប់នឹងកំហុសនេះដែរ យើងមិនចាំបាច់ស្តីបន្ទោសបន្ថែមទៀតនោះទេ ជួយគ្នាស្វែងរកដំណោះស្រាយកែប្រែកំហុសវិញល្អជាង ។ ៨- កុំតូចចិត្ត កុំបន្ទោសខ្លួនឯងៈ វាជារោគសញ្ញាធ្លាក់ទឹកចិត្តដែលនាំឲ្យខូចសុខភាពផ្លូវចិត្តខ្លួនឯងទេ ក្រោកឈរឡើង ហើយបន្តដំណើរទៅមុខទៀត លោកនេះមិនមែនត្រូវបញ្ចប់តែត្រឹមនេះទេ ។ ៩- កុំភ័យខ្លាចៈ វាមិនបានជួយឲ្យបញ្ហាបានធូរស្រាលនោះទេ វាកាន់តែធ្វើឲ្យបញ្ហាធំឡើងតែប៉ុណ្ណោះ ដោយសារការភ័យខ្លាច វានាំយើងឲ្យធ្វើខុសក៏មាន ឲ្យគ្រោះថ្នាក់ក៏មាន ។ ១០- ធ្វើចិត្តឲ្យរីករាយ សើចដោយការពេញចិត្តយ៉ាងតិចបានម្តងក្នុងមួយថ្ងៃ ពិសេសនៅពេលអ្នកមិនអាចព្រលែងចោលរឿងខាងលើណាមួយបាន ! ។ ប្រភព ហ្វេសប៊ុក Thong Nidamony ដោយ៥០០០ឆ្នាំ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.83
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿