30
ថ្ងៃ ច័ន្ទ ទី ០៤ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច







ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៥២៨,២៧៧
Today
ថ្ងៃម្សិលមិញ ៣៣១,៨៤១
ខែនេះ ១,២៩១,២៧៨
សរុប ៣៨០,៥៧៧,៩៧១
រឿងនិទានអប់រំចិត្ត
images/articles/2881/____________xtpic.jpg
សីលានិសំសជាតក
ផ្សាយ : ២៧ វិច្ឆិកា ឆ្នាំ២០២៣
ព្រះបរមសាស្តា កាលស្ដេចគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធឧបាសកអ្នកមានសទ្ធាម្នាក់ ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា បស្ស សទ្ធាយ សីលស្ស ដូច្នេះជាដើម ។ បានឮថា ឧបាសកនោះ ជាអរិយសាវក ជាអ្នកមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ថ្ងៃមួយ គាត់ដើរទៅកាន់វត្តជេតពន ដល់ឆ្នេរស្ទឹងអចិរវតី ក្នុងពេលរសៀល កាលមិនឃើញទូកត្រង់ច្រាំងស្ទឹង ព្រោះម្ចាស់ទូកទៅស្តាប់ធម៌ ទើបចម្រើនបីតិដែលមាន ព្រះពុទ្ធជាអារម្មណ៍ឲ្យមាំ ហើយចុះកាន់ស្ទឹង ជើងរបស់គាត់មិនលិចទឹកទេ ដូចដើរលើ ផែនដី ពេលដើរទៅដល់កណ្តាលស្ទឹងគាត់ឃើញរលក បីតិដែលមានព្រះពុទ្ធជា អារម្មណ៍របស់គាត់ក៏ខ្សោយទៅ ជើងរបស់គាត់ផ្តើមលិចចុះ គាត់ក៏ផ្គងបីតិដែលមានព្រះពុទ្ធជាអារម្មណ៍ឲ្យមាំ ដើរលើខ្នងទឹកទៅដល់វត្តជេតពន ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរមួយ ។ ព្រះបរមសាស្តា ទ្រង់ធ្វើបដិសណ្ឋារៈហើយត្រាស់សួរថា ម្នាលឧបាសក អ្នកធ្វើ ដំណើរតាមផ្លូវមកដល់ទីនេះ ប្រហែលជាហត់នឿយបន្តិចហើយមើលទៅ ។ឧបាសកនោះក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គកាន់យកបីតិមានព្រះពុទ្ធជាអារម្មណ៍ ទើបបានទីពឹងលើខ្នងទឹក ដូចជាន់ផែនដីដើរមក ។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលឧបាសក មិនមែនតែអ្នកប៉ុណ្ណោះទេ ដែល រឭកដល់ពុទ្ធគុណហើយបាននូវទីពឹងនោះ សូម្បីក្នុងកាលមុន ឧបាសកទាំងឡាយក៏មានរឭកដល់ពុទ្ធគុណហើយបាននូវទីពឹងក្នុងពេលដែលទូកលិចកណ្តាលសមុទ្ទដែរ ។ កាល ឧបាសកនោះក្រាបបង្គំអារាធនា ទើបទ្រង់នាំយកអតីតនិទានមកសម្តែងដូចតទៅថា ៖ ក្នុងអតីតកាល ក្នុងសាសនាព្រះសម្មាសម្ពុទ្ធកស្សប ព្រះអរិយសាវកថ្នាក់សោតា បន្នមួយរូប ឡើងជិះទូកទៅជាមួយកុដុម្ពិកៈដែលជាជាងកោរកាត់ម្នាក់ ។ ភរិយារបស់ ជាងកោរកាត់នោះ ប្រគល់ជាងកោរកាត់ដល់ឧបាសកនោះថា បពិត្រអ្នកអើយ សុខទុក្ខ ស្វាមីរបស់ខ្ញុំ សូមប្រគល់ឲ្យជាភារៈរបស់អ្នកហើយ ។ លុះដល់ថ្ងៃទី ៧ ទូករបស់ជាងកោរកាត់នោះបានលិចកណ្តាលសមុទ្ទ ។ ជនទាំង ពីរនាក់នោះ បានតោងបន្ទះក្តារមួយផ្ទាំងអណ្តែតមកដល់កោះមួយ ។ ជាងកោរកាត់ នោះ បានសម្លាប់បក្សីអាំងស៊ី ហើយឲ្យឧបាសកនោះ ។ ឧបាសកមិនព្រមបរិភោគដោយ ពោលថា កុំបន្សល់ទុកសម្រាប់ខ្ញុំឡើយ ។ ឧបាសកនោះគិតថា ក្រៅពីព្រះរតនត្រៃហើយ មិនមានទីអ្វីដទៃសម្រាប់អញទេ ទើបគាត់រឭកគុណព្រះរតនត្រៃ ។ គ្រានោះ កាលគាត់ កំពុងរឭកគុណព្រះរតនត្រៃ ស្តេចនាគដែលកើតក្នុងកោះនោះ ក៏និម្មិតរាងកាយរបស់ ខ្លួនជាទូកធំ មានទេវតាប្រចាំសមុទ្ទជាមាណពនៅក្បាលទូក ។ ទូកនោះពេញទៅដោយ រតនៈ ៧ ប្រការ សសរក្តោងទាំង ៣ សម្រេចអំពីកែវមណីពណ៌ឥន្ទនិល ទូកសម្រេច អំពីមាស ខ្សែសម្រេចអំពីប្រាក់ ច្រវាសម្រេចអំពីមាស ។ ទេវតារក្សាសមុទ្ទឈរនៅលើទូកស្រែកប្រកាសថា អត្ថិ ជម្ពុទីបំ គមិកា មានអ្នកចង់ទៅជម្ពូទ្វីបទេ ? ឧបាសកឆ្លើយថា មយំ គមិស្សាម ពួកយើងចង់ទៅ ។ ទេវតាពោលថា បើដូច្នោះ ចូរឡើងទូកមក ។ឧបាសកឡើងទូក ហើយហៅជាងកោរកាត់ឲ្យឡើងទូកដែរ ។ ទេវតាប្រចាំសមុទ្ទពោលថា បានតែអ្នកម្នាក់ប៉ុណ្ណោះ អ្នកនោះមិនបានទេ ។ ឧបាសកសួរថា ព្រោះហេតុអ្វី ? ទេវតាប្រចាំសមុទ្ទឆ្លើយថា ព្រោះបុរសនោះមិនមានគុណ គឺសីលនិងអាចារៈ ព្រោះហេតុនោះ ទើបខ្ញុំនាំទូកមកដើម្បីអ្នក មិនមែនដើម្បីបុរសម្នាក់នោះទេ ។ (កាល ទេវតាពោលដូច្នេះហើយ ឧបាសកក៏ពោលថា) ណ្ហើយចុះ ខ្ញុំនឹងឲ្យចំណែកបុណ្យដល់ បុរសនេះ ដោយទានដែលខ្ញុំបានឲ្យហើយ ដោយសីលដែលខ្ញុំបានរក្សាហើយ ដោយ ភាវនាដែលខ្ញុំបានអប់រំហើយ ។ ជាងកោរកាត់ឆ្លើយថា អនុមោទាមិ សាមិ បពិត្រលោកម្ចាស់ ខ្ញុំសូម អនុមោទនា ។ ទេវតារក្សាសមុទ្ទពោលថា ខ្ញុំនឹងនាំទៅឥឡូវនេះ ហើយបីឧបាសកនិងជាងកោរកាត់ទាំងពីរនាក់ទៅ (ដាក់ក្នុងទូក) ចេញអំពីសមុទ្ទទៅដល់នគរពារណសីតាមស្ទឹង ហើយញ៉ាំងទ្រព្យឲ្យតាំងនៅក្នុងផ្ទះ របស់អ្នកទាំងពីរ ដោយអានុភាពរបស់ខ្លួន ។ (សមុទ្ទទេវតានោះ) បានពោលអំពីគុណនៃការសេពគប់បណ្ឌិតថា ឈ្មោះ​ថា​សេចក្តី ស្និទ្ធស្នាលនឹងបណ្ឌិតទាំងឡាយ គឺគេគួរធ្វើមែនពិត ប្រសិនបើជាងកោរកាត់នេះ មិនបាន​សេព​គប់នឹងឧបាសកនេះទេ ត្រូវវិនាសកណ្តាលសមុទ្ទនេះឯង ទើបពោល គាថាទាំងនោះថា បស្ស សទ្ធាយ សីលស្ស, ចាគស្ស ច អយំ ផលំ; នាគោ នាវាយ វណ្ណេន, សទ្ធំ វហតុបាសកំ។ អ្នកចូរឃើញផលនៃសទ្ធា សីល ចាគៈ នាគនេះ មានភេទដូចជាសំពៅ នាំ ឧបាសកមានសទ្ធា ។ សព្ភិរេវ សមាសេថ, សព្ភិ កុព្ពេថ សន្ថវំ; សតញ្ហិ សន្និវាសេន, សោត្ថិំ គច្ឆតិ ន្ហាបិតោ។ បុគ្គលគប្បីសេពគប់ជាមួយនឹងពួកសប្បុរស គប្បីធ្វើនូវសេចក្តីសិទ្ធជាមួយនឹងពួក សប្បុរស ដូចជាងផ្ងូតទឹកដល់នូវសួស្តី ព្រោះនៅរួមជាមួយនឹងពួកសប្បុរស ។ បណ្តាបទទាំងនោះ បទថា បស្ស បានដល់ (ទេវតា) ហៅថាចូរមើលចុះ មិនកំណត់បុគ្គលណាមួយ ។ បទថា សទ្ធាយ គឺដោយលោកិយសទ្ធា និងលោកុត្តរសទ្ធា ។សូម្បីសីលក៏មានន័យដូច្នេះដែរ ។ បទថា ចាគស្ស បានដល់ ទេយ្យធម្មបរិចា្ចគ និង កិលេសបរិច្ចាគ ។ បទថា អយំ ផលំ បានដល់ នេះជាផល គឺជាគុណ ជាអានិសង្ស ។ ម្យ៉ាងទៀត គប្បីឃើញសេចក្តីអធិប្បាយក្នុងបទនេះយ៉ាងនេះថា ចូរមើលផលនៃការបរិច្ចាគចុះ ស្តេចនាគនេះក្លែងភេទជាទូក ។ បទថា នាវាយ វណ្ណេន គឺដោយសណ្ឋានជាទូក ។ បទាថា សទ្ធំ គឺសទ្ធាដែលតាំងនៅក្នុងព្រះរតនត្រៃ ។ បទថា សព្ភិរេវ គឺពួកបណ្ឌិតនោះឯង ។ បទថា សមាសេថ បានដល់ ចូរមកនៅ គឺមកនៅជាមួយគ្នា រស់នៅជាមួយគ្នា ។ បទថា កុព្វេថ បានដល់ គប្បីធ្វើ ។ បទថា សន្ថវំ បានដល់ សិទ្ធស្នាលក្នុងឋានៈជាមិត្ត ប៉ុន្តែមិនគួរធ្វើសេចក្តីស្និទ្ធស្នាលដោយតណ្ហានឹងបុគ្គលណាឡើយ ។ បទថា ន្ហាបិតោ បានដល់ ក្ដុម្ពីជាជាងកោរកាត់ ។ បាលីខ្លះថា នហាបិតោ ក៏មាន ។ ទេវតាប្រចាំសមុទ្ទឈរនៅលើអាកាសសម្តែងធម៌ទូន្មានយ៉ាងនេះហើយ ទើបនាំ ស្តេចនាគត្រឡប់ទៅកាន់វិមានរបស់ខ្លួនវិញ ។ ព្រះបរមសាស្តា លុះទ្រង់នាំយកព្រះធម្មទេសនានេះមកសម្តែងហើយ ទើបទ្រង់ ប្រកាសសច្ចធម៌ កាលចប់សច្ចធម៌ ឧបាសកនោះបានសម្រេចសកទាគាមិផល ហើយទ្រង់ប្រជុំជាតកថា ឧបាសកជាសោតាបន្នបុគ្គលក្នុងកាលនោះ (លុះចម្រើនមគ្គខ្ពស់ៗ ឡើងទៅ) ក៏បានបរិនិព្វានហើយ សេ្តចនាគបានមកជាព្រះសារីបុត្រ ចំណែកទេវតា ប្រចាំសមុទ្ទ គឺ តថាគត នេះឯង ៕ ចប់ សីលានិសំសជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ទុកនិបាត អសទិសវគ្គ បិដកលេខ ៥៨ ទំព័រ ៩៣) ដោយ៥០០០ឆ្នាំ
images/articles/2892/texttpic.jpg
បានីយជាតក
ផ្សាយ : ២៨ កញ្ញា ឆ្នាំ២០២៣
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធដល់ការសង្កត់សង្កិនកិលេស បានត្រាស់ព្រះធម្មទេនានេះ មានពាក្យថា មិត្តោ មិត្តស្ស ដូច្នេះ ជាដើម ។ សម័យមួយ គ្រហស្ថដែលជាមិត្តសម្លាញ់នឹងគ្នា ដែលរស់នៅក្នុងនគរសាវត្ថី មានប្រមាណ ៥០០ នាក់ បានស្ដាប់ព្រះធម្មទេសនារបស់ព្រះតថាគតហើយបានបួសជាឧបសម្បន្ន នៅក្នុងកោដិសន្ថារ ពេលដល់វេលាពាក់កណ្ដាលអធ្រាត្រ ក៏ត្រិះរិះដល់កាមវិតក្កៈ ។ រឿងទាំងអស់ បណ្ឌិតគប្បីឲ្យពិស្ដារ ដោយន័យដែលពោលហើយក្នុងទីខាងក្រោមនោះឯង ។ ពេលព្រះអានន្ទឲ្យភិក្ខុសង្ឃប្រជុំគ្នា ដោយការបង្គាប់របស់ព្រះភគវា ។ ព្រះសាស្ដាប្រថាប់គង់លើអាសនៈដែលគេចាត់ចែងថ្វាយ ទ្រង់មិនបានធ្វើការចុះចំពោះ មិនត្រាស់ថា ពួកអ្នកនាំគ្នាត្រិះរិះកាមវិតក្កៈ ទ្រង់ត្រាស់ដោយអំណាចនៃការសង្គ្រោះដល់ភិក្ខុទាំងពួងថា ម្នាលភិក្ខុទាំង​ឡាយ ឈ្មោះថាកិលេស មិនមែនជារបស់តិចតួចឡើយ ធម្មតាភិក្ខុត្រូវសង្កត់សង្កិនកិលេសដែលកើត​ឡើងហើយ សូម្បីបណ្ឌិតក្នុងកាលមុន កាលព្រះពុទ្ធនៅមិនទាន់កើតឡើង ក៏សង្កត់សង្កិនកិលេសទាំងឡាយ ហើយបានដល់នូវបច្ចេកពោធិញាណ ដូច្នេះហើយ ទើបទ្រង់នាំយកអតីតនិទានមកសម្ដែងដូចតទៅថា ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី មានសម្លាញ់ ២ នាក់ ក្នុងស្រុកមួយក្នុងដែលកាសី កាន់យកនូវក្អមទឹកផឹកទៅកាន់ចម្ការ ដាក់ទុកក្នុងកន្លែងមួយហើយកាប់ចម្ការ ក្នុងវេលាស្រេកទឹកក៏នាំគ្នាមកផឹកទឹក ។ ក្នុងមនុស្សទាំង ២ នាក់នោះ មនុស្សម្នាក់កាលមកក៏រក្សាទឹក​ផឹក​របស់ខ្លួនទុក ផឹកទឹកអំពីក្អមរបស់មនុស្សមា្នក់ទៀត ដល់វេលាស្ងាចទើបចេញអំពីព្រៃ ឈរមុជទឹក​ពិចារណាថា ថ្ងៃនេះយើងបានធ្វើបាបអ្វីខ្លះ ដោយកាយទ្វារជាដើម តើមានឬទេ ក៏ឃើញថា បាន​លួចទឹករបស់មិត្តផឹក ហើយក៏ដល់នូវសេចក្ដីសង្វេគថា តណ្ហានេះ កាលចម្រើនឡើង គង់នឹងបោះយើងចូលទៅក្នុងអបាយទាំងឡាយជាយ៉ាងពិតប្រាកដ យើងនឹងសង្កត់សង្កិនកិលេសនេះឲ្យបាន ដូច្នេះហើយ ធ្វើការលួចទឹកផឹករបស់មិត្តនោះមកជាអារម្មណ៍ ចម្រើនវិបស្សនា ញ៉ាំងបច្ចេកពោធិញាណឲ្យកើតឡើង ឈរពិចារណាដល់គុណដែលខ្លួនបាន ។ លំដាប់នោះ មនុស្សម្នាក់ទៀតមុជទឹករួចហើយក៏ឡើងមក ពោលនឹងគេថា នែសម្លាញ់ ចូរមក យើងនាំគ្នាទៅផ្ទះ ។ គាត់ប្រាប់ថា អ្នកទៅចុះ កិច្ចដោយផ្ទះមិនមានដល់ យើងឈ្មោះថាជាព្រះបច្ចេកពុទ្ធហើយ ។ ម្នាក់ទៀតពោលថា ព្រះបច្ចេកពុទ្ធទាំងឡាយមិនមែនដូចអ្នកទេ ។ លំដាប់នោះ លោកទើបសួរម្នាក់ទៀតថា ព្រះបច្ចេកពុទ្ធនឹងជាយ៉ាងណា ? ម្នាក់ទៀតឆ្លើយថា ព្រះបច្ចេកពុទ្ធទាំងឡាយ មានសក់ត្រឹម ២ អង្គុលី (២ធ្នាប់) គ្រងសំពត់កាសាយៈ នាំគ្នានៅក្នុងញកភ្នំនន្ទមូលក៍ ក្នុងព្រៃហិមពាន្តនៅទិសខាងជើង ។ លោកទើបស្ទាបសីសៈ ក្នុងពេលនោះឯង ភេទគ្រហស្ថរបស់លោកក៏អន្តរធានទៅ ត្រឡប់ក្លាយជាគ្រងសំពត់កាសាវៈ ២ ជាន់ដែលជ្រលក់ហើយ ក្រវ៉ាត់វត្ថពន្ធចង្កេះដូចផ្លេកបន្ទោរ ធ្វើនូវចីវរឆៀងស្មាម្ខាង ដែលមានពណ៌ដូចអាចម៍ល័ក្តក្រហមភ្លាវ មានសំពត់បង្សុកូល ចីវរពណ៌មេឃ ស្ពាយលើស្មាខាងស្តាំង មានបាត្រដីពណ៌ដូចកន្លង់ពាក់នៅស្មាខាងឆ្វេង ។ លោកស្ថិតនៅលើអាកាស សម្ដែងធម៌ហើយ ហោះទៅចុះត្រង់ញកភ្នំនន្ទមូលក៍ ក្នុងពេលនោះឯង ។ មានកុដុម្ពិកៈម្នាក់ក្នុងកាសិគ្រាមនោះឯង អង្គុយនៅលើរានផ្សារ ឃើញបុរសម្នាក់នាំភរិយារបស់ខ្លួនដើរទៅ គាត់ទម្លាយនូវឥន្ទ្រិយ សម្លឹងមើលស្ត្រីដែលល្អស្រស់នោះ ហើយ​ត្រឡប់គិត​​វិញថា លោភៈនេះ កាលចម្រើនឡើង នឹងបោះយើងចូលទៅក្នុងអបាយទាំងឡាយ មានចិត្តតក់ស្លុត ចម្រើនវិបស្សនា ញ៉ាំង​បច្ចេកពោធិញាណឲ្យកើតឡើង ស្ថិតលើអាកាសសម្ដែងធម៌ ហោះទៅកាន់ញកភ្នំនន្ទមូលក៍ដូចគ្នា ។ មានបិតា និងបុត្រមួយគូ ជាអ្នកនៅក្នុងកាសិគ្រាមនោះឯង ដើរផ្លូវទៅជាមួយគ្នា ។ ពួកចោរព្រៃនាំគ្នាពួនស្ទាកនៅមាត់ព្រៃ ។ ពួកចោរទាំងនោះចាប់បិតានិងបុត្រនោះបាន ហើយចាប់បុត្រទុក ដោះលែងបិតា ដោយបង្គាប់ថា លោកចូរទៅយកទ្រព្យមកលោះបុត្ររបស់លោក បើចាប់បងប្អូនប្រុស ២ នាក់បាន ចាប់ប្អូនទុក ដោះលែងបង ។ បើចាប់អាចារ្យ (គ្រូ) និង អន្តេវាសិក (សិស្ស) បាន ចាប់អាចារ្យទុក ដោះលែងអន្តេវាសិក អន្តេវាសិកត្រូវទៅនាំទ្រព្យមកលោះអាចារ្យ ដោយសេចក្ដីលោភក្នុងសិល្បៈ ។ លំដាប់នោះ បិតានិងបុត្រនោះដឹងថា ពួកចោរស្ទាក់ផ្លូវត្រង់កន្លែងនោះ ទើបធ្វើកតិកាគ្នាថា កូនកុំហៅយើងថាឪពុក សូម្បីយើងក៏មិនហៅអ្នកថាកូនដែរ ក្នុងវេលាត្រូវពួកចោរចាប់បាន ត្រូវចោរសួរថា អ្នកជាអ្វីនឹងគ្នា បិតានិងកូននោះក៏ធ្វើនូវសម្បជានមុសាវាទ (និយាយកុហកទាំងដែលដឹងខ្លួន) ថា យើងមិនជាអ្វីនឹងគ្នាឡើយ ។ កាលបិតានិងបុត្ររួចផុតចាកព្រៃហើយ បានទៅមុជទឹកក្នុងវេលាល្ងាច បុត្រកាលជម្រះសីលរបស់ខ្លួន ឃើញមុសាវាទនោះ គិតថា បាបនេះកាលចម្រើនឡើងហើយនឹងបោះយើងចូលទៅ ក្នុងអបាយទាំងឡាយ យើងនឹងសង្កត់សង្កិនកិលេសនេះ ឲ្យបាន ដូច្នេះហើយ ទើបចម្រើនវិបស្សនា ញ៉ាំងបច្ចេកពោធិញាណឲ្យកើតឡើង ស្ថិតនៅលើអាកាសសម្ដែងធម៌ដល់បិតា រួចហោះទៅកាន់ញកភ្នំនន្ទមូលក៍នោះឯង ។ នៅមានមួយនាក់ទៀត ជាមេស្រុកក្នុងកាសិគ្រាមនោះឯង បង្គាប់ឲ្យគេសម្លាប់សត្វ ។ ក្នុងវេលាធ្វើពលីកម្ម មហាជនប្រជុំគ្នាពោលនឹងគាត់ថា បពិត្រលោកម្ចាស់ ពួកយើងត្រូវការសម្លាប់ម្រឹគ និងជ្រូកជាដើម ដើម្បីធ្វើពលីកម្មដល់ពួកយក្ស ពេលនេះជាកាលនៃពលីកម្ម ។ គាត់ក៏ពោលថា ពួកលោកចូរធ្វើតាមដែលធ្លាប់ធ្វើក្នុងកាលមុនចុះ ។ ពួកមនុស្សបានធ្វើបាណាតិបាតយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ គាត់ឃើញត្រី និងសាច់ជាច្រើន ធ្វើនូវសេចក្ដីក្ដៅក្រហាយថា មនុស្សទាំងនេះ សម្លាប់សត្វមានប្រមាណប៉ុណ្ណេះដោយសម្លាប់តាមពាក្យរបស់យើងតែម្នាក់ប៉ុណ្ណោះ ដូច្នេះហើយ ទើបឈរដោយអាស្រ័យវាតបាន (ឈរផ្អែកបង្អួច) ចម្រើនវិបស្សនា ញ៉ាំងបច្ចេកពោធិញាណឲ្យកើតឡើង ស្ថិតនៅលើអាកាសសម្ដែងធម៌ដល់មាហជន ហើយហោះទៅកាន់ញកភ្នំនន្ទមូលក៍ដូចគ្នា ។ នៅមានមួយនាក់ទៀត ជាមេស្រុកក្នុងដែនកាសីនោះឯង បានហាមការលក់ដូរទឹកស្រវឹង ត្រូវមហាជននាំគ្នាសួរថា លោកម្ចាស់ កាលមុនពេលនេះជាពេលលេងមហោស្រព ហៅថា សុរាឆ័ណ (សុរាដែលផឹកក្នុងថ្ងៃមហោស្រព) ពួកខ្ញុំនឹងធ្វើយ៉ាងណា ។ មេស្រុកទើបពោលថា ពួកលោកចូរធ្វើតាមទម្លាប់ដូចកាលពីមុនចុះ ។ ពួកមនុស្សនាំគ្នាលេងមហោស្រព ផឹកសុរាហើយ កាលធ្វើនូវជម្លោះ ទើបបាក់ដៃជើង បែកក្បាល ដាច់ត្រចៀក និងចងដោយរបស់ពិន័យជាច្រើន ។ មេស្រុកឃើញពួកមនុស្សទាំងនោះហើយ គិតថា កាលយើងមិនអនុញ្ញាត មនុស្សទាំងនេះក៏មិនត្រូវទទួលទុក្ខ ។ គាត់ធ្វើនូវសេចក្ដីក្ដៅក្រហាយចិត្តដោយ​ហេតុ​ត្រឹមប៉ុណ្ណេះ ថិតនៅដោយអាស្រ័យនឹងវាតបាន (ឈរផ្អែកបង្អួច) ចម្រើនវិបស្សនា បានញ៉ាំងបច្ចេក​ពោធិញាណឲ្យកើតឡើង ស្ថិតនៅលើអាកាសសម្ដែងថា អប្បមត្តាហោថ ​ពួកលោកចូរជាអ្នកមិនប្រមាទ ហើយហោះទៅកាន់ញកភ្នំនន្ទមូលក៍ដូចគ្នា ។ ក្នុងកាលជាចំណែកខាងក្រោយមក ព្រះបច្ចេកពុទ្ធទាំង ៥ ព្រះអង្គ ហោះមកចុះត្រង់ទ្វារក្រុងពារាណសី ​ដើម្បីភិក្ខាចារ ស្លៀកដណ្ដប់សំពត់យ៉ាងរៀបរយ ត្រាច់ប្រោសសត្វ ដោយឥរិយាបថមានការឈាន​ទៅមុខជាដើម ដែលគួរជ្រះថ្លា រហូតដល់ទ្វារព្រះរាជវាំង ។ ព្រះរាជាទតឃើញព្រះបច្ចេកពុទ្ធទាំងនោះ ទ្រង់មានចិត្តជ្រះថ្លា និមន្តឲ្យចូលទៅកាន់ព្រះរាជនិវេសន៍ លាងព្រះបាទ និងលាបដោយប្រេងក្រអូប ហើយអង្គាសដោយខាទនីយៈនិងភោជនីយៈដ៏ប្រណីត ប្រថាប់ក្នុងទីដ៏សមគួរមួយ ត្រាស់សួរថា បពិត្រព្រះគុណម្ចាស់ទាំងឡាយ ការបព្វជ្ជាក្នុងបឋមវ័យរបស់លោកម្ចាស់ទាំងឡាយ គួរឲ្យជ្រះថ្លាពិត ការបព្វជ្ជាក្នុងវ័យនេះ លោកម្ចាស់ទាំងឡាយ ឃើញទោសក្នុងកាមទាំងឡាយដូចម្ដេច អ្វីជាអារម្មណ៍របស់លោកម្ចាស់ ? ព្រះបច្ចេកពុទ្ធទាំងនោះ កាលនឹងទូលដល់ព្រះរាជានោះ ទើបសម្ដែងជាគាថា (ម្ដងមួយអង្គ ៗ ) ថា (ព្រះបច្ចេកពុទ្ធ ទី ១ បានសំដែងថា) មិត្តោ មិត្តស្ស បានីយំ, អទិន្នំ បរិភុញ្ជិសំ; តេន បច្ឆា វិជិគុច្ឆិំ, តំ បាបំ បកតំ មយា; មា បុន អករំ បាបំ, តស្មា បព្ពជិតោ អហំ។ អាត្មាភាពជាមិត្រ (នៃមិត្រម្នាក់) បានប្រើប្រាស់ទឹក ដែលមិត្រនោះ មិនឲ្យហើយ ហេតុនោះ អាត្មាភាពខ្ពើមរអើម ក្នុងកាលជាខាងក្រោយ អាត្មាភាពបានធ្វើបាបនោះហើយ អាត្មាភាពលែងធ្វើបាបទៀតហើយ ព្រោះហេតុនោះ បានជាអាត្មាភាពបួស ។ (ព្រះបច្ចេកពុទ្ធ ទី ២ បានសំដែងថា) បរទារញ្ច ទិស្វាន, ឆន្ទោ មេ ឧទបជ្ជថ; តេន បច្ឆា វិជិគុច្ឆិំ, តំ បាបំ បកតំ មយា; មា បុន អករំ បាបំ, តស្មា បព្ពជិតោ អហំ។ សេចក្តីបា្រថា្ន (ក្នុងកាម) កើតឡើងដល់អាត្មាភាព ព្រោះឃើញនូវប្រពន្ធរបស់បុគ្គលដទៃ ព្រោះហេតុនោះ អាត្មាភាពខ្ពើមរអើម ក្នុងកាលជាខាងក្រោយ អាត្មាភាពបានធ្វើបាបនោះហើយ អាត្មាភាព លែងធ្វើបាបទៀតហើយ ព្រោះហេតុនោះ បានជាអាត្មាភាពបួស ។ (ព្រះបច្ចេកពុទ្ធ ទី ៣ បានសំដែងថា) បិតរំ មេ មហារាជ, ចោរា អគណ្ហុ កាននេ; តេសាហំ បុច្ឆិតោ ជានំ, អញ្ញថា នំ វិយាករិំ។ តេន បច្ឆា វិជិគុច្ឆិំ, តំ បាបំ បកតំ មយា; មា បុន អករំ បាបំ, តស្មា បព្ពជិតោ អហំ។ បពិត្រមហារាជ ពួកចោរបានចាប់បិតារបស់អាត្មាភាពក្នុងព្រៃ អាត្មាភាពដែលពួកចោរនោះសួរហើយ ទុកជាដឹង ក៏បា្រប់ហេតុនោះ ដោយចំណែកដទៃវិញ ។ ព្រោះហេតុនោះ អាត្មាភាពខ្ពើមរអើម ក្នុងកាលជាខាងក្រោយ អាត្មាភាពបានធ្វើបាបនោះហើយ អាត្មាភាពលែងធ្វើបាបទៀតហើយ ព្រោះហេតុនោះ បានជាអាត្មាភាពបួស ។ (ព្រះបច្ចេកពុទ្ធ ទី ៤ បានសំដែងថា) បាណាតិបាតមករុំ, សោមយាគេ ឧបដ្ឋិតេ; តេសាហំ សមនុញ្ញាសិំ។ តេន បច្ឆា វិជិគុច្ឆិំ, តំ បាបំ បកតំ មយា; មា បុន អករំ បាបំ, តស្មា បព្ពជិតោ អហំ។ ការសែនព្រេន ឈ្មោះសោមយាគ តាំងឡើងហើយ ពួកមនុស្សបានធ្វើបាណាតិបាត អាត្មាភាពក៏អនុញ្ញាតឲ្យពួកមនុស្សនោះ ។ ព្រោះហេតុនោះ អាត្មាភាពខ្ពើមរអើម ក្នុងកាលជាខាងក្រោយ អាត្មាភាពបានធ្វើបាបនោះហើយ អាត្មាភាពលែងធ្វើបាបទៀតហើយ ព្រោះហេតុនោះ បានជាអាត្មាភាពបួស ។ (ព្រះបច្ចេកពុទ្ធ ទី ៥ បានសំដែងថា) សុរាមេរយមាធុកា, យេ ជនា បឋមាសុ នោ; ពហូនំ តេ អនត្ថាយ, មជ្ជបានមកប្បយុំ; តេសាហំ សមនុញ្ញាសិំ។ តេន បច្ឆា វិជិគុច្ឆិំ, តំ បាបំ បកតំ មយា; មា បុន អករំ បាបំ, តស្មា បព្ពជិតោ អហំ។ ពួកជនណា (ក្នុងស្រុក) របស់យើង ដែលសម្គាល់សុរា និងមេរ័យ ថាដូចទឹកឃ្មុំ ជាជន (មានសភាពយ៉ាងនេះ) ជាដំបូង ពួកជននោះ បានចាត់ចែងទឹកស្រវឹង ដើម្បីសេចក្តីវិនាសដល់ពួកជនច្រើន អាតា្មភាពបានអនុញ្ញាត ឲ្យពួកជននោះ ។ ព្រោះហេតុនោះ អាត្មាភាពខ្ពើមរអើម ក្នុងកាលជាខាងក្រោយ អាត្មាភាពបានធ្វើបាបនោះហើយ អាត្មាភាពលែងធ្វើបាបទៀតហើយ ព្រោះហេតុនោះ បានជាអាត្មាភាពបួស ។ ព្រះបច្ចេកពុទ្ធទាំងឡាយបានសម្ដែងទាំង ៥ គាថានេះ ដោយលំដាប់ ។ ចំណែកព្រះរាជាស្ដាប់ពាក្យរបស់ព្រះបច្ចេកពុទ្ធមួយអង្គៗហើយ ទ្រង់សរសើរថា បពិត្រព្រះគុណម្ចាស់ទាំងឡាយ បព្វជ្ជានេះសមគួរដល់លោកម្ចាស់ទាំងឡាយហើយ។ បណ្ដាបទទាំងនោះ បទថា មិត្តោ មិត្តស្ស សេចក្ដីថា បពិត្រមហារាជ អាត្មាភាពជាមិត្ត របស់មិត្ត បាន​ផឹកទឹករបស់មិត្តនោះ ដោយនិយាមនេះ ។ បទថា តស្មា សេចក្ដីថា ឈ្មោះថា បុថុជ្ជនទាំងឡាយតែងធ្វើ​នូវបាបកម្ម ព្រោះហេតុណា អាត្មាភាពមិនធ្វើបាបកម្មនោះទៀត ព្រោះហេតុនោះ ។ បទថា បាបំ សេចក្ដី​ថា អាត្មាភាពបានធ្វើបាបនោះ ឲ្យជាអារម្មណ៍ហើយបួស ។ បទថាឆន្ទោ សេចក្ដីថា បពិត្រមហារាជ ព្រោះឃើញភរិយារបស់អ្នកដទៃ ដោយទំនងនេះ សេចក្ដីពេញចិត្តទើបកើតឡើងដល់អាត្មាភាព ។ បទ​ថា អគណ្ហុ ប្រែថា បានរួមគ្នាចាប់ ។ បទថា ជានំ សេចក្ដីថា អាត្មាភាពត្រូវពួកចោរនោះសួរថា អ្នកនេះជាអ្វីនឹងលោក ទាំងដែលដឹងហើយ ក៏ឆ្លើយជាយ៉ាងដទៃថា មិនជាអ្វីនឹងខ្ញុំទេ ។ បទថាសោម​យាគេ សេចក្ដីថា កាលមហោស្រពប្រាកដឡើង ពួកមនុស្សនាំគ្នាធ្វើពលីកម្មដល់ យក្ស ឈ្មោះថា ពិធី​សោម​យាគៈ ពេលពិធីនោះប្រាកដហើយ អាត្មាភាពក៏អនុញ្ញាត ។ បទថា សុរាមេរយមាធុកា សេច​ក្ដី​ថា ពួកជនដែលសម្គាល់សុរាមានសុរាដែលលាយដោយម្សៅជាដើមនិងមេរ័យមានទឹកត្រាំដោយផ្កា​ឈើ​ជាដើមថា ដូចជាទឹកឃ្មុំ ។ បទថា យេ ជនាបឋមាសុ នោ សេចក្ដីថា ពួកជននោះមានហើយ គឺមានមកយូរហើយក្នុងស្រុករបស់ពួកយើង ។ បទថា ពហូនំ តេ សេចក្ដីថា ពួកជនទាំងនោះ កាលលេងមហោស្រពហើយ មានការផឹកសុរា សេចក្ដីវិនាសមានដល់ជនដ៏ច្រើនក្នុងមួយថ្ងៃ ។ ព្រះរាជាស្ដាប់ព្រះធម្មទេសនារបស់ព្រះបច្ចេកពុទ្ធទាំងនោះហើយ មានចិត្តជ្រះថ្លា ទ្រង់ថ្វាយសំពត់ចីវរនិងភេសជ្ជៈ ហើយទ្រង់បញ្ជូនព្រះបច្ចេកពុទ្ធទាំងនោះទៅ ។ សូម្បីព្រះបច្ចេកពុទ្ធទាំងនោះ ក៏ធ្វើអនុមោទនាដល់ព្រះរាជាហើយនាំគ្នាទៅក្នុងពេលនោះឯង ។ តាំងតែពីពេលនោះមក ព្រះរាជាទ្រង់នឿយនាយ ជាអ្នកមិនមានការសម្លឹងក្នុងវត្ថុកាមទាំងឡាយ ទ្រង់សោយព្រះក្រយាហារដែលមានរសដ៏លើសផ្សេងៗ ទ្រង់មិនហៅ មិនទតមើលពួកស្ត្រី មានចិត្តនឿយនាយ ស្ដេចយាងចូលបន្ទប់ដ៏មានសិរី ប្រថាប់អង្គុយធ្វើកសិណបរិកម្មត្រង់ជញ្ជាំងដែលមានពណ៌ស ទ្រង់បានធ្វើឈានឲ្យកើតឡើងហើយ ។ ព្រះអង្គបានដល់នូវឈានហើយ កាលនឹងតិះដៀលកាមទាំងឡាយ ទើបត្រាស់ព្រះគាថាថា ធិរត្ថុ សុពហូ កាមេ, ទុគ្គន្ធេ ពហុកណ្ដកេ; យេ អហំ បដិសេវន្តោ, នាលភិំ តាទិសំ សុខំ។ គួរឲ្យតិះដៀលកាមដ៏ច្រើន ដែលមានក្លិនអាក្រក់ មានសត្រូវច្រើន ព្រោះថា អាត្មាអញបានសេពហើយ ក៏មិនបានសេចក្តីសុខ (ក្នុងឈាន) បា្រកដដូច្នោះ ។ បណ្ដាបទទាំងនោះ បទថា ពហុកណ្ដកេ សេចក្ដីថា ពួកបច្ចាមិត្រច្រើន ។ បាលីថា យេ អហំ គឺ យោ អហំ បាលីនេះឯង ។ បទថា តាទិសំ បានដល់ សេចក្ដីសុខក្នុងឈាន គឺវៀចាកកិលេស ។ លំដាប់នោះ ព្រះអគ្គមហេសីរបស់ព្រះរាជាត្រិះរិះថា ព្រះរាជាអង្គនេះទ្រង់ស្ដាប់ធម្មកថារបស់ព្រះបច្ចេកពុទ្ធទាំងឡាយហើយ ទ្រង់មានឥរិយាបថនឿយនាយ មិនត្រាស់នឹងយើង ស្ដេចចូលព្រះដំណាក់ដ៏ទ្រង់សិរី យើងនឹងរង់ចាំចាប់ព្រះអង្គ ដូចនេះហើយ ព្រះនាងទើបយាងទៅទ្វារព្រះដំណាក់ ឈរទ្រង់ទ្វារហើយស្ដាប់ព្រះឧទាន របស់ព្រះរាជាដែលកំពុងតិះដៀលកាមទាំងឡាយ ទើបត្រាស់ថា បពិត្រមហារាជ ព្រះអង្គតិះដៀលកាម តែឈ្មោះថាសេចក្ដីសុខដែលស្មើដោយកាម មិនមាន កាលនឹងទ្រង់ពណ៌នាដល់សេចក្ដីសុខក្នុងកាម ទើបត្រាស់ព្រះគាថាថា មហស្សាទា សុខា កាមា, នត្ថិ កាមា បរំ សុខំ; យេ កាមេ បដិសេវន្តិ, សគ្គំ តេ ឧបបជ្ជរេ។ កាមទាំងឡាយ មានសេចក្តីរីករាយច្រើន ជាសុខ សេចក្តីសុខក្រៅអំពីកាម មិនមានទេ ពួកជនណាបានសេពកាមទាំងឡាយ ពួកជននោះ តែងកើតក្នុងឋានសួគ៌ ។ បណ្ដាបទទាំងនោះ បទថា មហស្សាទា សេចក្ដីថា បពិត្រមហារាជ ធម្មតាថា កាមទាំងនេះមានសេចក្ដីរីករាយច្រើន សេចក្ដីសុខដទៃដែលក្រៃលែងជាងនេះ មិនមាន ព្រោះអ្នកសេពកាមជាប្រក្រតី នឹងមិនចូលដល់អបាយទាំងឡាយ នឹងនាំគ្នាទៅកើតក្នុងឋានសួគ៌ ។ ព្រះពោធិសត្វស្ដាប់ព្រះសវនីយ៍នោះហើយ កាលនឹងទ្រង់តិះដៀលថា នែវសលិ នាងនិយាយអ្វី ឈ្មោះថា សេចក្ដីសុខក្នុងកាមនឹងមានមកពីណា កាមទាំងនេះជាវិបរិណាមទុក្ខ ទើបទ្រង់ត្រាស់ព្រះគាថាដ៏សេសថា អប្បស្សាទា ទុខា កាមា, នត្ថិ កាមា បរំ ទុខំ; យេ កាមេ បដិសេវន្តិ, និរយំ តេ ឧបបជ្ជរេ។ កាមទាំងឡាយ មានសេចក្តីរីករាយតិច ជាទុក្ខ សេចក្តីទុក្ខក្រៅអំពីកាម មិនមានទេ ពួកជនណា សេពកាមទាំងឡាយ ពួកជននោះ តែងកើតក្នុងនរក ។ អសី យថា សុនិសិតោ, នេត្តិំសោវ សុបាយិកោ; សត្តីវ ឧរសិ ខិត្តា, កាមា ទុក្ខតរា តតោ។ កាមទាំងឡាយ មានសេចក្តីទុក្ខ លើសជាងដាវ ដែលសំលៀងហើយ ជាងព្រះខាន់ដែលលាបដោយថ្នាំពិស ទាំងជាងលំពែងដែលពួយត្រង់ទ្រូង ។ អង្គារានំវ ជលិតំ, កាសុំ សាធិកបោរិសំ; ផាលំវ ទិវសំតត្តំ, កាមា ទុក្ខតរា តតោ។ កាមទាំងឡាយ មានសេចក្តីទុក្ខ លើសជាងរងើកភ្លើង ដ៏ច្រាលឆ្អៅ ជាងរណ្តៅរងើកភ្លើង មានជម្រៅមួយទ្រទូង ឬអណ្តាតភ្លើង ដែលក្តៅពេញមួយថ្ងៃ ។ វិសំ យថា ហលាហលំ, តេលំ បក្កុថិតំ យថា; តម្ពលោហវិលីនំវ, កាមា ទុក្ខតរា តតោ។ កាមទាំងឡាយ មានសេចក្តីទុក្ខ លើសជាងថ្នាំពុលដ៏ក្លៀវក្លា ឬប្រេងកំពុងពុះ ឬក៏ទង់ដែងរលាយ ។ បណ្ដាបទទាំងនោះ បទថា នេត្តិំសោ សេចក្ដីថា ស្មើគ្នានឹង នេត្តិសោ ។ ពាក្យថានេត្តិំសោ ​សូម្បីនេះជាឈ្មោះនៃព្រះខាន់ប្រភេទនោះ ។ បទថា ទុក្ខតរា សេចក្ដីថា សេចក្ដីទុក្ខពួកណា ដែលនឹងកើតដល់បុគ្គល ព្រោះអាស្រ័យរណ្ដៅធ្យូងភ្លើងដែលឆេះឡើង ឬអន្ទាក់សំណាញ់ដែកដែលត្រូវអាំងរហូតថ្ងៃយ៉ាងនេះ កាមទាំងឡាយនេះឯង នៅជាទុក្ខក្រៃលែងជាងសេចក្ដីទុក្ខនេះទៀត ។ ក្នុងគាថាតទៅ មានសេចក្ដីថា ថ្នាំពិសជាដើមពួកនោះ ឈ្មោះថា ជាទុក្ខ ព្រោះនាំសេចក្ដីទុក្ខមកឲ្យយ៉ាង​ណា សូម្បីកាមទាំងឡាយក៏ជាទុក្ខយ៉ាងនោះដែរ តែសេចក្ដីទុក្ខនោះជាសេចក្ដីទុក្ខដែលក្រៃលែងជាងសេចក្ដីទុក្ខទាំងពួង ។ ព្រះមហាសត្វសម្ដែងធម៌ ដល់ព្រះទេវី យ៉ាងនេះហើយ ទ្រង់ឲ្យពួកអាមាត្យប្រជុំគ្នា ហើយត្រាស់ថា ម្នាលអាមាត្យទាំងឡាយ ពួកអ្នកចូរទទួលរាជសម្បត្តិចុះ យើងនឹងបួស ក្នុងពេលដែលមហាជនកំពុងកន្ទក់កន្ទេញនោះឯង ស្ដេចក្រោកឡើង ទៅប្រថាប់លើអាកាស ប្រទានព្រះឱវាទ ហើយស្ដេចទៅកាន់ព្រៃហិមពាន្តនៅទិសខាងជើង តាមផ្លូវអាកាសនោះឯង ទ្រង់សាងអាស្រមក្នុងទីដែលគួររីករាយ បួសជាឥសី ក្នុងទីបំផុតនៃព្រះជន្ម ជាអ្នកមានព្រហ្ម-លោកប្រព្រឹត្តទៅក្នុងទីខាងមុខ ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឈ្មោះថាកិលេសដែលជារបស់តិចតួច មិនមានឡើយ សូម្បីមានប្រមាណតិច ក៏បណ្ឌិតទាំងឡាយ នាំគ្នាសង្កត់សង្កិនដែរ ដូច្នេះហើយ ទើបទ្រង់ប្រកាសសច្ចៈទាំងឡាយ កាលចប់សច្ចៈ ភិក្ខុទាំង ៥០០ រូបនោះ ក៏បានតាំងនៅក្នុងព្រះអរហត្ត រួចហើយប្រជុំជាតកថា តទា បច្ចេកពុទ្ធា បរិនិព្ពាយិំសុ ព្រះបច្ចេកពុទ្ធទាំងឡាយក្នុងកាលនោះបរិនិព្វានហើយ ។ ទេវី រាហុលមាតា អហោសិ ព្រះទេវីបានមកជារាហុលមាតា ។ រាជា បន អហមេវ អហោសិំ ចំណែកព្រះរាជា គឺ តថាគត នេះឯង ។ ចប់ បានីយជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកាទសកនិបាត បិដកលេខ ៥៩ ទំព័រ ២២៤) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2913/_____________________.jpg
ឧទយជាតក
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០២៣
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធឧក្កណ្ឋិតភិក្ខុមួយរូប បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា ឯកា និសិន្នា ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ជាតកនេះ នឹងមានជាក់ច្បាស់ក្នុងកុសជាតក (ខុទ្ទកនិកាយ ជាតក សត្តតិនិបាត បិដក​លេខ​ ៦១ ទំព័រ ៦៤) ឯណោះ ។ ព្រះសាស្ដាសួរភិក្ខុនោះថា ម្នាលភិក្ខុ បានឮថា អ្នកអផ្សុកពិតមែនឬ កាល​ភិក្ខុនោះឆ្លើយថា បពិត្រព្រះអង្គ ពិតមែនហើយ ទ្រង់ទើបត្រាស់ថា ម្នាលភិក្ខុ អ្នកបួសក្នុងសាសនា​ដែលដឹកនាំឲ្យរួចផុតចាកទុក្ខមានសភាពបែបនេះហើយ ព្រោះហេតុអ្វី បានជាអ្នកអផ្សុក ? បុរាណ​បណ្ឌិតទាំងឡាយ កាលសោយរាជសម្បត្តិក្នុងសុរុន្ធននគរ ដែលមានទំហំ ១២ យោជន៍ សម្រេច​ហើយ សូម្បីនៅក្នុងបន្ទប់តែមួយជាមួយនឹងស្ត្រីដែលស្រដៀងនឹងទេពធីតា អស់កាល ៧០០ ឆ្នាំ ក៏​មិនឲ្យបែកធ្លាយឥន្ទ្រិយទាំងឡាយ មិនបានសម្លឹងមើលដោយអំណាចនៃលោភៈ ដូច្នេះហើយ ទ្រង់​បាននាំអតីតនិទានមកសម្ដែងថា ក្នុងអតីតកាល ព្រះរាជាកាសីសោយរាជសម្បត្តិ នៅសុរុន្ធននគរ ក្នុងដែនកាសី ព្រះរាជានោះមិនមានព្រះឱរស មិនមានព្រះធីតាឡើយ ។ ព្រះរាជាកាសីត្រាស់នឹងព្រះទេវីរបស់ខ្លួនថា នាងចូរប្រាថ្នាបុត្រ ។ សូម្បីព្រះអគ្គមហេសីទទួលពាក្យរបស់ព្រះរាជាហើយ ក៏ធ្វើយ៉ាងនោះ ។ គ្រានោះ ព្រះពោធិសត្វចុតិពីព្រហ្មលោក បានកើតក្នុងផ្ទៃនៃព្រះអគ្គមហេសី របស់ព្រះរាជានោះ ។ លំដាប់នោះ ហឫទ័យរបស់មហាជនបានចម្រើនឡើងដោយកំណើតរបស់ព្រះពោធិសត្វនោះ ដូច្នេះទើបនាំគ្នាធ្វើព្រះនាមថ្វាយទ្រង់ថា ឧទយភទ្ទ ។ ក្នុងកាលព្រះរាជកុមារចេះដើរ មានសត្វសូម្បីដទៃបានចុតិពីព្រហ្មលោក កើតជាកុមារិកាក្នុងផ្ទៃនៃព្រះទេវីដទៃរបស់ព្រះរាជាកាសីនោះ មហាជនទាំងឡាយបានធ្វើព្រះនាមថ្វាយ សូម្បីដល់ព្រះនាងថា ឧទយភទ្ទា ។ ព្រះកុមារកាលចម្រើនវ័យធំហើយ ដល់នូវការសម្រេចក្នុងសិល្បសាស្ត្រទាំងពួង តែទ្រង់ជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរដោយកំណើត មិនស្គាល់នូវមេថុនធម្មសូម្បីដោយការយល់សប្តិ ចិត្តរបស់ព្រះអង្គមិនជាប់ក្នុងកិលេសទាំងឡាយ ។ ព្រះរាជបិតាប្រាថ្នានឹងអភិសេកនូវបុត្រក្នុងរាជសម្បត្តិ បានបញ្ជូនសារទៅថា ឥឡូវនេះ ជាកាលនៃការសោយសុខក្នុងរាជសម្បត្តិ របស់ព្រះរាជកុមារហើយ អ្នកទាំងឡាយចូរតម្កល់នូវស្ត្រីរបាំទាំងឡាយចំពោះព្រះកុមារ ។ ព្រះពោធិសត្វហាមឃាត់ដោយពោលថា ខ្ញុំមិនត្រូវការដោយរាជសម្បត្តិ ចិត្តរបស់ខ្ញុំមិនជាប់ជំពាក់ក្នុងកិលេសទាំងឡាយ ដូច្នេះហើយ កាលពោលហាមរឿយៗ ក៏បានញ៉ាំងគេឲ្យរូបស្ត្រី ដែលសម្រេចអំពីមាសជម្ពូទនពណ៌ក្រហម (ឈ្មោះមាសវិសេសមួយប្រភេទ កើតអំពីកករដីដែលជ្រាបជោកដោយទឹកផ្លែព្រីងប្រចាំទ្វីប, ជាមាសបរិសុទ្ធឥតមានមន្ទិល មានសាច់ល្អបំផុតជាងមាសទាំងពួង, មាសនេះ សូម្បី​ព្រះសម្មាសម្ពុទ្ធ ក៏ទ្រង់ត្រាស់សរសើរដែរ; ខ្មែរយើងហៅក្លាយមកជា មាសជម្ពូនុទ) ហើយបញ្ជូនទៅឲ្យព្រះរាជមាតាបិតាដោយពាក្យថា កាលបានស្ត្រីដែលមានរូបយ៉ាងនេះ ទើបខ្ញុំនឹងទទួលរាជសម្បត្តិ ។ ព្រះរាជមាតាបិតាឲ្យគេនាំរូបមាសនោះទៅកាន់ជម្ពូទ្វីបទាំងមូល កាលមិនបានស្ត្រីដែលមានរូបយ៉ាងនោះ ទើបប្រដាប់តាក់តែងនាងឧទយភទ្ទា យកមកតម្កល់ទុកក្នុងសម្នាក់រូបមាសនោះ ។ រូបនាង​ឧទយ​ភទ្ទាគ្របសង្កត់នូវរូបមាសនោះ ហើយឋិតនៅ ។ លំដាប់នោះ ព្រះមាតាព្រះបិតាបានធ្វើព្រះនាងឧទយភទ្ទាកុមារីដែលជាប្អូនស្រីមានមាតាផ្សេងគ្នា ឲ្យជាអគ្គមហេសី (របស់ឧទយភទ្ទកុមារ) ទាំងដែលអ្នកទាំង ២ នោះមិនប្រាថ្នា ហើយអភិសេកព្រះពោធិសត្វក្នុងរាជសម្បត្តិ ។ ចំណែកព្រះឧ​ទយ​ភទ្ទ​កុមារ និង ព្រះឧទយភទ្ទាកុមារីទាំង ២ នោះ (ជាអ្នក) នៅក្នុងព្រហ្មចរិយៈប៉ុណ្ណោះ ។ ក្នុងកាលខាងក្រោយមក កាលដែលព្រះរាជមាតាបិតាកន្លងផុតទៅ ព្រះពោធិសត្វបានគ្រប់គ្រងរាជសម្បត្តិ ។ ព្រះអង្គទាំងពីរសូម្បីនៅក្នុងបន្ទប់តែមួយ ក៏ទ្រង់មិនទម្លាយឥន្ទ្រិយ សម្លឹងមើលគ្នានឹងគ្នា ដោយអំណាចនៃលោភៈឡើយ ។ តែព្រះអង្គបានធ្វើការប្ដេជ្ញាគ្នាថា បណ្ដាយើងទាំងពីរ បើអ្នកណាធ្វើកាលកិរិយាមុន អ្នកនោះត្រូវមកអំពីស្ថានទីកើត ហើយប្រាប់ថា ខ្ញុំបានកើតក្នុងទីឈ្មោះឯណោះ ។ លំដាប់នោះ ព្រះពោធិសត្វក៏បានធ្វើកាលកិរិយា ដោយកាលកន្លង ៧០០ ឆ្នាំ អំពីឆ្នាំអភិសេក ។ មិនមានអ្នកដទៃឡើងសោយរាជ្យឡើយ អំណាចរាជការប្រព្រឹត្តទៅក្នុងព្រះនាងឧទយភទ្ទានោះឯង ។ អាមាត្យ​ទាំងឡាយ (រួមគ្នា) គ្រប់គ្រងរាជ្យ ។ ចំណែកព្រះពោធិសត្វក្នុងខណៈចុតិ (កាលចុតិហើយ) បានដល់ភាពជាស្ដេចសក្កៈក្នុងភពតាវត្តិង្ស មិនអាចនឹងរលឹកអស់ ៧ ថ្ងៃ ព្រោះភាពជាអ្នកមានយសធំ ។ ព្រោះហេតុដូច្នេះ ទើបជាកាលកន្លងទៅ ៧០០ ឆ្នាំ ដោយការរាប់ឆ្នាំមនុស្ស ព្រះឥន្ទនោះក៏រឭកបាន ទើបគិតថា យើងនឹងសាកល្បងព្រះរាជធីតាឧទយភទ្ទាដោយទ្រព្យ ញ៉ាំងឲ្យនាងបន្លឺសីហនាទ យើងនឹងសម្ដែងធម៌ កាលបានរួចចាកការប្ដេជ្ញាហើយសឹមត្រឡប់មក ។ គ្រានោះ បានឮមកថា ជាកាល​ដែល​មនុស្ស​មានអាយុ ១ ម៉ឺនឆ្នាំ ។ សូម្បីព្រះរាជធីតាទ្រង់គង់នៅស្ងៀមតែមួយអង្គឯង ក្នុងបន្ទប់ដ៏មានសិរីដែលប្រដាប់តាក់តែងហើយ លើប្រាសាទដ៏ប្រសើរជាន់ទី ៧ ដែលបានតម្កល់ការរក្សា ត្រង់ទ្វារដែលបានបិទហើយ ក្នុងពេលរាត្រី កាលពិចារណាសីលរបស់ខ្លួន ទើបអង្គុយ អស់ថ្ងៃនោះ ។ លំដាប់នោះ ស្ដេចសក្កៈកាន់យកភាជនៈមាសមួយដែលពេញទៅដោយមាសកៈមាស មកប្រាកដក្នុងបន្ទប់ផ្ទំ ហើយឋិតនៅកន្លែងមួយ កាលនឹងចរចាជាមួយព្រះរាជធីតា ទើបត្រាស់គាថាទី ១ ថា ឯកា និសិន្នា សុចិ សញ្ញតូរូ, បាសាទមារុយ្ហ អនិន្ទិតង្គី; យាចាមិ តំ កិន្នរនេត្តចក្ខុ, ឥមេករត្តិំ ឧភយោ វសេមា។ ម្នាលនាងមានចក្ខុប្រាកដស្មើដោយភ្នែកនៃកិន្នរ នាងស្លៀកសំពត់ដ៏ស្អាត មានភ្លៅរៀបស្រួលបួល មានអវយវៈតិះដៀលមិនបាន ឡើងកាន់ប្រាសាទ អង្គុយតែម្នាក់ឯង បងសូមអង្វរនាង សូមយើងទាំងពីរនាក់នៅ (ជាមួយគ្នា) អស់មួយយប់នេះ ។ លំដាប់នោះ ព្រះរាជធីតាបានត្រាស់ ២ ព្រះគាថា ថា ឱកិណ្ណន្តរបរិខំ, ទឡ្ហមដ្ដាលកោដ្ឋកំ; រក្ខិតំ ខគ្គហត្ថេហិ, ទុប្បវេសមិទំ បុរំ។ បុរីនេះ មានគូខណ្ឌ ជាសង្កាត់ ៗ មានប៉មនិងខ្លោងទ្វារ យ៉ាងមាំ (មានទាហាន ១០០០០ នាក់) កាន់ព្រះខាន់គ្រប់ដៃ រក្សាហើយ គេចូលបានដោយក្រ ។ ទហរស្ស យុវិនោ ចាបិ, អាគមោ ច ន វិជ្ជតិ; អថ កេន នុ វណ្ណេន, សង្គមំ ឥច្ឆសេ មយា។ មិនមានប្រុសជំទង់ ឬប្រុសកំលោះមក (ក្នុងទីនេះ ទាំងថ្មើរណេះទេ) បើយ៉ាងនេះ តើហេតុអ្វី បានជាអ្នកចង់មកជួបនឹងខ្ញុំ (ទាំងថ្មើរណេះ) ។ លំដាប់នោះ ស្ដេចសក្កៈទើបត្រាស់គាថាទី ៤ ថា យក្ខោហមស្មិ កល្យាណិ, អាគតោស្មិ តវន្តិកេ; ត្វំ មំ នន្ទយ ភទ្ទន្តេ, បុណ្ណកំសំ ទទាមិ តេ។ ម្នាលនាងកល្យាណី យើងជាយក្ខ (បុគ្គលដែលគេតែងបូជា) មកក្នុងសម្នាក់នាង ម្នាលនាងដ៏ចម្រើន នាងចូរត្រេកអរនឹងយើង យើងនឹងឲ្យភាជន៍មាសដ៏ពេញដោយមាស ដល់នាង ។ គាថានោះមានសេចក្ដីថា ម្នាលនាងកល្យាណី ស្រីមានរូបគួរទស្សនា បងជាទេវតា (រូបសង្ហា)មួយ មកក្នុងទីនេះដោយអានុភាពនៃទេវតា ក្នុងថ្ងៃនេះ អូនចូរត្រេកអរនឹងបង បងនឹងឲ្យភាជនៈមាសដែលពេញទៅដោយមាសកៈមាសនេះដល់អូន ។ ព្រះនាងស្ដាប់ពាក្យនោះហើយ ទើបត្រាស់គាថាទី ៥ ថា ទេវំវ យក្ខំ អថ វា មនុស្សំ, ន បត្ថយេ ឧទយមតិច្ច អញ្ញំ; គច្ឆេវ ត្វំ យក្ខ មហានុភាវ, មា ចស្សុ គន្ត្វា បុនរាវជិត្ថ។ ម្នាលទេវបុត្រ មានអានុភាពច្រើន ខ្ញុំមិនប្រាថ្នាបុគ្គលដទៃ ទោះបីជាទេវតា យក្ស ឬមនុស្ស លើសជាងព្រះបាទឧទយៈទេ អ្នកចូរទៅចុះ លុះអ្នកទៅហើយ កុំត្រឡប់មកវិញឡើយ ។ គាថានោះមានសេចក្ដីថា បពិត្រទេវរាជ ខ្ញុំកាលកន្លងផុតពីព្រះបាទឧទយៈហើយ ខ្ញុំមិនប្រាថ្នាបុរសដទៃ សូម្បីជាទេវតាក៏ដោយ យក្សក៏ដោយ លោកចូរទៅចុះ កុំឋិតនៅក្នុងទីនេះ ខ្ញុំមិនត្រូវការដោយបណ្ណាការដែលលោកនាំមក ចូរទៅ ហើយកុំត្រឡប់មកទីនេះម្ដងទៀត ។ សក្កទេវរាជស្ដាប់សីហនាទរបស់នាងហើយ មិនឋិតនៅ ធ្វើដូចជាទៅ បាត់ទៅក្នុងទីនោះឯង ហើយឋិតនៅ ។ ថ្ងៃស្អែក ក្នុងវេលានោះឯង ព្រះអង្គកាន់យកភាជនៈប្រាក់ដែលពេញដោយមាសកៈមាស កាលនឹងចរចាជាមួយព្រះនាង ទើបត្រាស់គាថាទី ៦ ថា យា សា រតិ ឧត្តមា កាមភោគិនំ, យំហេតុ សត្តា វិសមំ ចរន្តិ; មា តំ រតិំ ជីយិ តុវំ សុចិម្ហិតេ, ទទាមិ តេ រូបិយំ កំសបូរំ។ សេចក្តីត្រេកត្រអាលណាដ៏ឧត្តម របស់ពួកសត្វអ្នកបរិភោគកាម ពួកសត្វប្រព្រឹត្តមិនស្មើ ព្រោះហេតុនៃសេចក្តីត្រេកត្រអាលណា នាងកុំផ្ចាញ់សេចក្តីត្រេកត្រអាលនោះ ក្នុងធម្មជាតិស្អាតរបស់នាង យើងនឹងឲ្យភាជន៍បា្រក់ ដ៏ពេញដោយមាស ដល់នាង ។ គាថានោះមានសេចក្ដីថា ម្នាលរាជធីតាដ៏ចម្រើន បណ្ដាសេចក្ដីត្រេកអរទាំងឡាយណា របស់សត្វអ្នកបរិភោគកាម សេចក្ដីត្រេកអរក្នុងមេថុន ឈ្មោះថា ជាសេចក្ដីត្រេកអរដ៏ថ្លៃថ្លា សត្វទាំងឡាយតែងប្រព្រឹត្តមិនស្មើមានកាយទុច្ចរិតជាដើម ដោយហេតុនៃសេចក្ដីត្រេកអរណា ម្នាលនាងដ៏ចម្រើន សូមនាងកុំផ្ចាញ់សេចក្ដីត្រេកអរនោះ ក្នុងចិត្តដែលត្រេកអរ ក្នុងធម្មជាតិស្អាតរបស់នាង ។ សូម្បីយើង កាលមក មិនមែនមកដោយដៃទទេ ថ្ងៃម្សិលមិញ យើងបាននាំនូវភាជនៈមាសដែលពេញទៅដោយមាសកៈមាស ថ្ងៃនេះ យើងនាំនូវភាជនៈប្រាក់ដែលពេញទៅដោយមាសកៈមាស យើងនឹងឲ្យភាជនៈប្រាក់ ដែលពេញដោយ មាសកៈមាសនេះដល់នាង ។ ព្រះរាជធីតាគិតថា ទេវបុត្រនេះ កាលបានការសន្ទនា តែងមករឿយៗ យើងនឹងមិននិយាយជាមួយគេ ដូច្នេះហើយ ទើបមិនពោលនូវពាក្យអ្វីឡើយ ។ សក្កទេវរាជដឹងនូវភាពមិននិយាយស្ដីរបស់ព្រះនាង ទើបបាត់ទៅក្នុងទីនោះឯង ថ្ងៃស្អែក ក្នុងវេលានោះឯង ទ្រង់កាន់យកភាជនៈលោហៈដែលពេញដោយកហាបណៈ មកហើយពោលថា ហៃអូនសម្លាញ់ដ៏ចម្រើន អូនចូរត្រេកអរដោយតម្រេកក្នុងកាមជាមួយនឹងបង បងនឹងឲ្យភាជនៈលោហៈដែលពេញដោយកហាបណៈនេះដល់អូន ។ ព្រះរាជធីតាស្ដាប់ពាក្យនោះ ទើបត្រាស់គាថាទី ៧ ថា នារិំ នរោ និជ្ឈបយំ ធនេន, ឧក្កំសតី យត្ថ ករោតិ ឆន្ទំ; វិបច្ចនីកោ តវ ទេវធម្មោ, បច្ចក្ខតោ ថោកតរេន ឯសិ។ បុរសកាលលួងលោមស្ត្រី ដោយទ្រព្យ ធ្វើនូវសេចក្តីពេញចិត្ត ក្នុងស្ត្រីណា ក៏លើកតម្កើងស្ត្រីនោះ ទេវធម៌របស់អ្នកខុសគេ (ព្រោះថា) អ្នកមកដោយវត្ថុរឹតតែតិច ដោយពិតប្រាកដ ។ គាថានោះមានសេចក្ដីថា នែបុរសល្ងង់ខ្មៅ នរជនឈ្មោះថា កាលលួងលោមស្ត្រីដោយទ្រព្យ ព្រោះហេតុនៃសេចក្ដីត្រេកអរដោយកិលេស រមែងធ្វើឆន្ទៈរបស់ស្ត្រីឲ្យយល់ព្រម តែងញ៉ាំងនាងឲ្យខ្ពង់ខ្ពស់ តែងពោល តែងសរសើ និងលួងលោមដោយទ្រព្យឲ្យច្រើនឡើង សភាពទេវតារបស់លោកខុសគេ ព្រោះថា លោកនាំទ្រព្យឲ្យតិចជាងមុន មកប្រាដកដល់ខ្ញុំ ក្នុងថ្ងៃទី ១ លោកនាំភាជនៈមាសដែលពេញដោយមាសមក, ថ្ងៃទី ២ នាំភាជនៈប្រាក់ដែលពេញដោយមាសមក, ថ្ងៃទី ៣ លោកនាំភាជនៈលោហៈដែលពេញដោយកហាបណៈមក ។ សក្កទេវរាជស្ដាប់ពាក្យនោះហើយ ពោលថា ម្នាលរាជកុមារីដ៏ចម្រើន យើងជាពាណិជដ៏ឆ្លាត យើងមិនឲ្យប្រយោជន៍វិនាសដោយវត្ថុមិនមានប្រយោជន៍ឡើយ បើនាងចេះតែចម្រើនដោយអាយុ (នៅមានវ័យក្មេង) ឬដោយពណ៌សម្បុរ យើងនឹងបន្ថែមបណ្ណាការឲ្យច្រើន ហើយនាំមកឲ្យនាង ប៉ុន្តែនាងមានតែការអស់ទៅប៉ុណ្ណោះ ព្រោះហេតុនោះ សូម្បីយើងក៏ត្រូវបន្ថយទ្រព្យឲ្យអស់ទៅដែរ ដូច្នេះហើយ ទើបត្រាស់គាថាទាំងឡាយ ៣ ថា អាយុ ច វណ្ណោ ច មនុស្សលោកេ, និហីយតិ មនុជានំ សុគត្តេ; តេនេវ វណ្ណេន ធនម្បិ តុយ្ហំ, និហីយតិ ជិណ្ណតរាសិ អជ្ជ។ ម្នាលនាងមានខ្លួនល្អ អាយុ និងវណ្ណៈរបស់ពួកមនុស្ស ក្នុងមនុស្សលោក រមែងសាបសូន្យទៅ ព្រោះហេតុនោះឯង បានជាទ្រព្យរបស់នាងក៏សាបសូន្យដែរ នាងរឹតតែចាស់ទៅក្នុងថ្ងៃនេះ ។ ឯវំ មេ បេក្ខមានស្ស, រាជបុត្តិ យសស្សិនិ; ហាយតេវ តវ វណ្ណោ, អហោរត្តានមច្ចយេ។ ម្នាលរាជបុត្រី មានយស កាលយើងរមិលមើលយ៉ាងនេះ ពណ៌សម្បុររបស់នាងក៏សាបសូន្យទៅ ក្នុងកាលកន្លងទៅនៃថ្ងៃនិងយប់ទាំងឡាយ ។ ឥមិនាវ ត្វំ វយសា, រាជបុត្តិ សុមេធសេ; ព្រហ្មចរិយំ ចរេយ្យាសិ, ភិយ្យោ វណ្ណវតី សិយា។ ម្នាលរាជបុត្រី មានប្រាជ្ញាល្អ នាងគប្បីប្រព្រឹត្តព្រហ្មចារ្យដោយវ័យនេះ នាងមុខជានឹងមានពណ៌សម្បុរដ៏ក្រៃលៃង ។ បន្ទាប់មក ព្រះរាជធីតាត្រាស់គាថាដទៃថា ទេវា ន ជីរន្តិ យថា មនុស្សា, គត្តេសុ តេសំ វលិយោ ន ហោន្តិ; បុច្ឆាមិ តំ យក្ខ មហានុភាវ, កថំ នុ ទេវាន សរីរទេហោ។ ទេវតាទាំងឡាយ មិនចាស់ដូចពួកមនុស្សទេ ការជ្រួញជ្រីវក្នុងខ្លួនរបស់ទេវតាទាំងនោះ មិនមានទេឬ បពិត្រយក្ខ ខ្ញុំសូមសួរលោក ដែលមានអានុភាពច្រើន រាងកាយ គឺសរីរៈរបស់ទេវតាទាំងឡាយ (មិនចាស់) តើដោយហេតុអ្វី ។ លំដាប់នោះ សក្កទេវរាជកាលនឹងឆ្លើយប្រាប់នាង ទើបពោលគាថាដទៃថា ទេវា ន ជីរន្តិ យថា មនុស្សា, គត្តេសុ តេសំ វលិយោ ន ហោន្តិ; សុវេ សុវេ ភិយ្យតរោវ តេសំ, ទិព្ពោ ច វណ្ណោ វិបុលា ច ភោគា។ ទេវតាទាំងឡាយមិនចាស់ ដូចពួកមនុស្សទេ ការជ្រួញជ្រីវក្នុងខ្លួនរបស់ទេវតាទាំងនោះ មិនមានឡើយ ពណ៌សម្បុរជាទិព្វ និងភោគៈដ៏ច្រើន របស់ទេវតាទាំងឡាយនោះ រឹងរឹតតែចម្រើនឡើង រាល់ ៗ ថ្ងៃ ។ ព្រះនាងបានស្ដាប់គុណរបស់ទេវលោកហើយ កាលនឹងសួរផ្លូវ ជាទីទៅទេវលោកនោះ ទើបពោលគាថាដទៃទៀតថា កិំសូធ ភីតា ជនតា អនេកា, មគ្គោ ច នេកាយតនំ បវុត្តោ; បុច្ឆាមិ តំ យក្ខ មហានុភាវ, កត្ថដ្ឋិតោ បរលោកំ ន ភាយេ។ ប្រជុំជនដ៏ច្រើនក្នុងលោកនេះ ខ្លាចអ្វី (ទើបមិនទៅកាន់ទេវលោក) ម្យ៉ាងទៀត ផ្លូវ (ទៅទេវលោក) បណ្ឌិតសំដែងដោយអណ្តូង គឺកំពង់ច្រើន (ផ្លូវណា ជាផ្លូវទៅទេវលោក) បពិត្រយក្ខ មានអានុភាពច្រើន ខ្ញុំសូមសួរលោក បុគ្គល (កាលទៅ) កាន់បរលោក តើឋិតនៅក្នុងផ្លូវណា ទើបមិនខ្លាច ។ លំដាប់នោះ ស្ដេចសក្កៈកាលនឹងប្រាប់ដល់ព្រះនាង ទើបពោលគាថាដទៃទៀតថា វាចំ មនញ្ច បណិធាយ សម្មា, កាយេន បាបានិ អកុព្ពមានោ; ពហុន្នបានំ ឃរមាវសន្តោ, សទ្ធោ មុទូ សំវិភាគី វទញ្ញូ; សង្គាហកោ សខិលោ សណ្ហវាចោ, ឯត្ថដ្ឋិតោ បរលោកំ ន ភាយេ។ បុគ្គលបានតាំងវាចា និងចិត្ត ដោយត្រឹមត្រូវ មិនធ្វើបាបទាំងឡាយដោយកាយ នៅគ្រប់គ្រងផ្ទះ ដែលមានបាយ និងទឹកដ៏ច្រើន ជាអ្នកមានសទ្ធា មានចិត្តទន់ បានចែករំលែកនូវទាន ជាអ្នកដឹងនូវពាក្យស្មូម ជាអ្នកសង្គ្រោះគេ មានវាចាផ្អែម មានវាចាល្អិតល្អ បានឋិតនៅក្នុងគំនរនៃគុណនេះហើយ (កាលនឹងទៅ) កាន់បរលោក មិនខ្លាចឡើយ ។ គាថានោះមានសេចក្ដីអធិប្បាយថា ម្នាលនាងដ៏ចម្រើន បុគ្គលណាតាំងវាចា និងចិត្តដោយប្រពៃ សូម្បីទាំងកាយក៏មិនបានធ្វើបាបផ្សេងៗ គឺប្រព្រឹត្តមាំមួនក្នុងកុសលកម្មបថ ១០ កាលនៅគ្រប់គ្រងផ្ទះមានបាយនិងទឹកច្រើន គឺមានទេយ្យធម៌ល្មម ប្រកបដោយការជឿដ៏មាំថា វិបាកនៃទានមាន មានចិត្តទន់, បានឈ្មោះថា អ្នកបរិច្ចាគព្រោះចេះចែកទាន, បានឈ្មោះថា អ្នកដឹងពាក្យសូម ព្រោះដឹងនូវការឲ្យបច្ច័យដល់ពួកបព្វជិត, បានឈ្មោះថា អ្នកសង្គ្រោះ ព្រោះចូលចិត្តសង្គ្រោះដោយសង្គហវត្ថុ ៤ ប្រការ, បានឈ្មោះថា មានវាចាផ្អែម ព្រោះជាអ្នកនិយាយវាចាគួរជាទីស្រឡាញ់, បានឈ្មោះថា មានវាចាល្អិតល្អន់ ព្រោះពោលវាចាដែលមានប្រយោជន៍ បុគ្គលនោះតាំងនៅក្នុងគុណធម៌ទាំងនេះ គឺមានប្រមាណប៉ុណ្ណេះ កាលនឹងទៅកាន់បរលោក រមែងមិនខ្លាច ។ បន្ទាប់ពីព្រះរាជធីតាបានស្ដាប់ពាក្យរបស់សក្កទេវរាជហើយ កាលនឹងធ្វើការសរសើរ ទើបពោលគាថាដទៃទៀតថា អនុសាសសិ មំ យក្ខ, យថា មាតា យថា បិតា; ឧឡារវណ្ណ បុច្ឆាមិ, កោ នុ ត្វមសិ សុព្រហា។ បពិត្រទេវបុត្រ លោកប្រៀនប្រដៅខ្ញុំ ដូចជាមាតា ដូចជាបិតា បពិត្រលោកមានសម្បុរដ៏លើសលុប ខ្ញុំសូមសួរ លោកមានសរីរៈ សមរម្យល្អ លោកជាអ្វី ។ គាថានោះមានសេចក្ដីថា មាតាបិតាប្រៀនប្រដៅបុត្រយ៉ាងណា លោកបានប្រៀនប្រដៅខ្ញុំយ៉ាងនោះដែរ ។ បពិត្រលោកដែលមានពណ៌សម្បុរដ៏ក្រៃលែង មានរូបដែលដល់ភាពស្រស់ស្អាត តើលោកជាអ្នកណា ទើបមានសរីរៈស្អាតយ៉ាងនេះ ។ លំដាប់នោះ ព្រះពោធិសត្វទើបពោលគាថាដទៃទៀតថា ឧទយោហមស្មិ កល្យាណិ, សង្គរត្តា ឥធាគតោ; អាមន្ត ខោ តំ គច្ឆាមិ, មុត្តោស្មិ តវ សង្គរា។ ម្នាលនាងកល្យាណី យើងឈ្មោះឧទយៈ បានមកក្នុងទីនេះ ដើម្បីដោះពាក្យប្តេជា្ញ យើងបា្រប់នាងហើយនឹងទៅ យើងរួចចាកពាក្យប្តេជ្ញា របស់នាងហើយ ។ គាថានេះមានសេចក្ដីអធិប្បាយថា ម្នាលនាងមានរូបល្អគួរទស្សនា ក្នុងភពមុន យើងជាស្វាមីរបស់នាង ឈ្មោះ ឧទយៈ យើងបានកើតជាស្ដេចសក្កៈក្នុងភពតាវត្តិង្ស មកក្នុងទីនេះ មិនមែនមកដោយអំណាចកិលេស យើងរឭកនូវនាងហើយនឹងរួចផុតពាក្យប្ដេជ្ញា ទើបមកដោយភាពជាអ្នកធ្វើតាមពាក្យប្ដេជ្ញា ដែលបានប្ដេជ្ញាក្នុងកាលមុន ឥឡូវនេះ យើងប្រាប់នាងហើយ នឹងសូមលាទៅ យើងរួចផុតពីការប្ដេជ្ញារបស់នាងហើយ ។ ព្រះរាជធីតាត្រេកអរហើយ ដោយពោលថា បពិត្រព្រះស្វាមី ព្រះអង្គជាឧទយភទ្ទ ដូច្នេះកាលទឹកនេត្រាហូរស្រក់ ទើបពោលថា ខ្ញុំម្ចាស់មិនអាចនឹងនៅដោយវៀចាកព្រះអង្គបានឡើយ តើខ្ញុំម្ចាស់នឹងនៅក្នុងសម្នាក់ព្រះអង្គបានយ៉ាងណា សូមទ្រង់ប្រៀនប្រដៅខ្ញុំម្ចាស់យ៉ាងនោះ ដូច្នេះហើយ ទើបពោលគាថាដទៃទៀតថា សចេ ខោ ត្វំ ឧទយោសិ, សង្គរត្តា ឥធាគតោ; អនុសាស មំ រាជបុត្ត, យថាស្ស បុន សង្គមោ។ បពិត្រព្រះរាជបុត្រ ប្រសិនបើព្រះអង្គ ព្រះនាមឧទយៈ បានមកក្នុងទីនេះ ដើម្បីប្រយោជន៍ដល់ពាក្យប្តេជា្ញ សូមព្រះអង្គប្រៀនប្រដៅខ្ញុំ ឲ្យបានជួបគា្នទៀត ។ លំដាប់នោះ ព្រះមហាសត្វកាលនឹងទូន្មានព្រះនាង ទើបពោលគាថាទាំង ៤ ថា អតិបតតិ វយោ ខណោ តថេវ, ឋានំ នត្ថិ ធុវំ ចវន្តិ សត្តា; បរិជីយតិ អទ្ធុវំ សរីរំ, ឧទយេ មា បមាទ ចរស្សុ ធម្មំ។ វ័យកន្លងទៅឆាប់ ខណៈចិត្តក៏កន្លងទៅឆាប់ដូចគ្នា ការតាំងនៅ (នៃសង្ខារទាំងឡាយ) មិនមាន ពួកសត្វតែងច្យុតទៅដោយពិត សរីរៈមិនទៀង តែងទ្រុឌទ្រោមទៅ ម្នាលនាងឧទយភទ្ទា នាងកុំប្រមាទ ចូរប្រព្រឹត្តធម៌ចុះ ។ កសិណា បថវី ធនស្ស បូរា, ឯកស្សេវ សិយា អនញ្ញធេយ្យា; តំ ចាបិ ជហតិ អវីតរាគោ, ឧទយេ មា បមាទ ចរស្សុ ធម្មំ។ ផែនដីទាំងមូលរបស់សេ្តចតែមួយព្រះអង្គ ដ៏ពេញដោយទ្រព្យ ជាផែនដីដែលអ្នកដទៃទ្រទ្រង់មិនបាន ឯបុគ្គលដែលមិនទាន់ប្រាសចាករាគៈ រមែងលះបង់នូវទ្រព្យនោះ ម្នាលនាងឧទយភទ្ទា នាងកុំប្រមាទ ចូរប្រព្រឹត្តធម៌ចុះ ។ មាតា ច បិតា ច ភាតរោ ច, ភរិយា យាបិ ធនេន ហោតិ កីតា; តេ ចាបិ ជហន្តិ អញ្ញមញ្ញំ, ឧទយេ មា បមាទ ចរស្សុ ធម្មំ។ មាតា បិតា បងប្អូនប្រុស បងប្អូនស្ត្រី និងប្រពន្ធក្តី ប្តីក្តី ព្រមទាំងទ្រព្យ ឯជនទាំងនោះ រមែងលះបង់នូវគ្នានឹងគ្នា ម្នាលនាងឧទយភទ្ទា នាងកុំប្រមាទ ចូរប្រព្រឹត្តធម៌ចុះ ។ កាយោ បរភោជនន្តិ ញត្វា, សំសារេ សុគតិញ្ច ទុគ្គតិញ្ច; ឥត្តរវាសោតិ ជានិយាន, ឧទយេ មា បមាទ ចរស្សុ ធម្មំ។ ម្នាលនាងឧទយភទ្ទា នាងដឹងថា កាយជាចំណីនៃពួកសត្វដទៃ ដឹងថា សុគតិ និងទុគ្គតិក្នុងសង្សារ ជាលំនៅរបស់សត្វថោកទាប ដូច្នេះហើយ កុំប្រមាទ ចូរប្រព្រឹត្តធម៌ចុះ ។ ព្រះមហាសត្វបានឲ្យឱវាទយ៉ាងនេះដល់ព្រះនាង ។ សូម្បីព្រះនាងឧទយភទ្ទា ក៏ត្រេកអរនឹងធម្មកថារបស់ព្រះមហាសត្វ កាលនឹងសរសើរ ទើបពោលគាថាចុងក្រោយថា សាធុ ភាសតិយំ យក្ខោ, អប្បំ មច្ចាន ជីវិតំ; កសិរញ្ច បរិត្តញ្ច, តញ្ច ទុក្ខេន សំយុតំ; សាហំ ឯកា បព្ពជិស្សាមិ, ហិត្វា កាសិំ សុរុន្ធនំ។ យក្ខនោះ ពោលពីរោះណាស់ ជីវិតរបស់ពួកសត្វខ្លី លំបាកផង តិចផង ព្រោះជីវិតនោះ ប្រកបដោយទុក្ខ ខ្ញុំនោះនឹងលះដែនកាសី និងក្រុងសុរុន្ធនៈ បួសតែម្នាក់ឯង ។ ព្រះពោធិសត្វឲ្យឱវាទដល់ព្រះនាងហើយ ទើបយាងទៅកាន់លំនៅរបស់ខ្លួន ។ សូម្បីព្រះនាងក៏បានឲ្យអាមាត្យទាំងឡាយ ទទួលរាជសម្បត្តិ ហើយទ្រង់បួសជាឥសីក្នុងព្រះរាជឧទ្យានដែលជាទីគួររីករាយ ដែលនៅខាងក្នុងនគរនោះឯង កាលបានប្រព្រឹត្តធម៌ ក្នុងទីបំផុតនៃអាយុ ព្រះនាងក៏កើតជាបាទបរិចារិការបស់ព្រះពោធិសត្វ ក្នុងភពតាវត្តិង្ស ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចៈទាំងឡាយ រួចប្រជុំជាតក ក្នុងកាលជាទីបញ្ចប់នៃសច្ចៈ ឧក្កណ្ឋិតភិក្ខុបានតាំងនៅក្នុងសោតាបត្តិផល ។ តទា រាជធីតា រាហុលមាតា អហោសិ រាជធីតាក្នុងកាលនោះ បានមកជា រាហុលមាតា ។ សក្កោ បន អហមេវ អហោសិំ ចំណែកស្ដេចសក្កៈ គឺ តថាគត នេះឯង ។ (ជាតកដ្ឋកថា សុត្តន្តបិដក ជាតក ឯកាទសកនិបាត បិដកលេខ ៥៩ ទំព័រ ២១៩) ដោយខេមរ អភិធម្មាវតារ ព.ស.២៥៦១ ដោយ៥០០០ឆ្នាំ
images/articles/2914/_________tpic.jpg
សុប្បារកជាតក
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០២៣
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធបញ្ញាបារមី បានត្រាស់ព្រះធម្ម​ទេសនានេះ មានពាក្យថា ឧម្មុជ្ជន្តិ និមុជ្ជន្តិ ដូច្នេះជាដើម ។ ក្នុងសាយណ្ហសម័យថ្ងៃមួយ កាលភិក្ខុទាំងឡាយអង្គុយ រងចាំការចេញយាងមក ដើម្បីនឹងសម្ដែងធម៌របស់ព្រះតថាគត ក្នុងធម្មសភា បានពោលសរសើរមហាបញ្ញាបារមីរបស់ព្រះទសពលថា ម្នាលអាវុសោ អស្ចារ្យណាស់ ព្រះសាស្ដាមានមហាបញ្ញា (បញ្ញាច្រើន) មានបុថុបញ្ញា (បញ្ញាក្រាស់) មាន​ហាសបញ្ញា (បញ្ញាផូរផង់) មានជវនបញ្ញា (បញ្ញារហ័ស) មានតិក្ខបញ្ញា (បញ្ញាមុតស្រួច) មាននិព្វេធិក​បញ្ញា (បញ្ញាវាងវៃ) ដល់ព្រមដោយបញ្ញាជាឧបាយក្នុងបញ្ហានោះៗ ក្រាស់ស្មើដូចផែនដី ជ្រៅដូចមហាសមុទ្រ ធំដូចអាកាស បញ្ហាដែលតាំងឡើងសូម្បីក្នុងជម្ពូទ្វីបទាំងមូល ដែលឈ្មោះថា អាចនឹងកន្លងព្រះទសពល រមែងមិនមានឡើយ ។ រលកទាំងឡាយរមែងមិនកន្លងនូវច្រាំងក្នុងមហាសមុទ្រ កាលដល់ច្រាំងហើយតែងបែកខ្ចាយ យ៉ាង​ណា បញ្ហាយ៉ាងណាមួយ រមែងមិនកន្លងនូវព្រះទសពល កាលដល់បាទមូលរបស់ព្រះសាស្ដាហើយ តែង​បែកទៅ ក៏យ៉ាងនោះដែរ ។ ព្រះសាស្ដាយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់​មិញ​នេះ តើអ្នកទាំងឡាយអង្គុយប្រជុំគ្នាដោយរឿងអ្វី កាលពួកភិក្ខុទូលថា ដោយរឿងឈ្មោះនេះ ព្រះ​អង្គ​ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែកាលឥឡូវនេះទេ ដែលតថាគតជាអ្នកមានបញ្ញានោះ ​សូម្បីក្នុងកាលមុន ពេលដែលមិនទាន់មានញាណចាស់ក្លា តថាគតក៏ជាអ្នកមានបញ្ញាដែរ សូម្បីតែតថាគតជាមនុស្សងងឹត ក៏អាចដឹងថា រតនៈឈ្មោះនេះ មានក្នុងសមុទ្រឈ្មោះនេះ ត្រង់កន្លែងនេះៗ ដោយការសម្គាល់នូវទឹកក្នុងមហាសមុទ្រ ដូច្នេះហើយ ទ្រង់ក៏នាំអតីតនិទានមកថាៈ ក្នុងអតីតកាល ព្រះរាជាព្រះនាមកុរុ សោយរាជសម្បត្តិក្នុងដែនកុរុ ហើយមានស្រុកដែលជាកំពង់ទូកមួយ ឈ្មោះ កុរុកច្ឆៈ ក្នុងដែនកុរុនោះ ។ ក្នុងគ្រានោះ ព្រះពោធិសត្វបានកើតជាបុត្ររបស់ប្រធាននិយា​មកៈ (អ្នកកាន់ចង្កូតទូក) លោកមានពណ៌សម្បុរដូចមាស គួរជាទីជ្រះថ្លា មាតាបិតាទើបដាក់ឈ្មោះឲ្យ​ថា សុប្បារកកុមារ ។ សុប្បារកកុមារនោះចម្រើនទៅដោយបរិវារដ៏ច្រើន ក្នុងពេលដែលលោកមានអាយុត្រឹ​ម​តែ ១៦ ឆ្នាំ ក៏បានសម្រេចនូវនិយាមកវិជ្ជា (វិជ្ជាបើកបរនាវា) ។ ក្នុងកាលដែលបិតាកន្លងផុតទៅ លោកបានជាប្រធាននិយាមកៈ ហើយធ្វើនិយាមកកម្ម (ការបើកបរនាវា) លោកជាបណ្ឌិតដល់ព្រមដោយបញ្ញា ។ ព្រោះហេតុនោះ ឈ្មោះថាវិបត្តិរបស់អ្នកដែលឡើងទូក ទើបមិនមាន ។ ក្នុងកាលខាងក្រោយមក ភ្នែកទាំង ២ របស់លោកត្រូវទឹកប្រៃប្រហារ ក៏វិនាសទៅ ។ ចាប់តាំងពីពេលនោះមក ព្រះពោធិសត្វមិនបានធ្វើនិយាមកកម្មទៀតឡើយ លោកគ្រាន់តែជាប្រធាននិយាមកៈប៉ុណ្ណោះ ហើយបានចូលគាល់ព្រះរាជាថា ខ្ញុំព្រះអង្គនឹងរស់នៅដោយអាស្រ័យព្រះអង្គ ។ លំដាប់នោះ ព្រះរាជាតាំងទុកព្រះពោធិសត្វនោះក្នុងការងារជាអ្នកវាយតម្លៃ ។ ចាប់តាំងពីពេលនោះមក លោកក៏បានវាយតម្លៃហត្ថិរតន៍ អស្សរតន៍ កែវមុក្ដា កែវមណីជាដើមរបស់ព្រះរាជា ។ ថ្ងៃមួយ មនុស្សទាំងឡាយនាំដំរីមួយ ដែលមានសម្បុរដូចដុំថ្មខ្មៅ ដោយគិតថា នឹងធ្វើជាដំរីមង្គលរបស់ព្រះរាជា ។ ព្រះរាជាទតមើលដំរីនោះហើយ ត្រាស់ថា អ្នកទាំងឡាយចូរឲ្យលោកបណ្ឌិតពិនិត្យចុះ ។ លំដាប់នោះ ពួកមនុស្សទាំងនោះ ក៏បាននាំទៅកាន់សម្នាក់ព្រះពោធិសត្វ ។ សុប្បារកបណ្ឌិតបានស្ទាបអង្អែលសរីរៈរបស់ដំរីនោះដោយដៃ ហើយពោលថា ដំរីនេះមិនសមគួរនឹងជាមង្គលហត្ថីឡើយ ជើងទាំងឡាយនោះខ្លី ព្រោះថា កាលដែលដំរីនេះកើតមក មាតារបស់វាមិនអាចនឹងទទួលដោយចង្កេះ ព្រោះហេតុនោះ កាលជើងវាធ្លាក់ចុះលើផែនដី ជើងខាងក្រោយរបស់វាទើបខ្លី ។ មនុស្សទាំងឡាយបានសួរអ្នកនាំដំរីមក ។ អ្នកនាំដំរីនោះពោលថា លោកបណ្ឌិតពោលពិតហើយ ។ ព្រះរាជាបានស្ដាប់ហេតុនោះហើយ ទ្រង់មានព្រះទ័យត្រេកអរ ហើយប្រទាន ៨ កហាបណៈដល់ព្រះពោធិសត្វ ។ ថ្ងៃស្អែកឡើង មនុស្សទាំងឡាយបាននាំសេះមួយ មកដោយគិតថា សេះនេះនឹងជាសេះមង្គលរបស់ព្រះរាជា ។ ព្រះរាជាបានបញ្ជូនសូម្បីនូវសេះនោះ ទៅកាន់សម្នាក់របស់បណ្ឌិត ។ ព្រះពោធិសត្វក៏បានស្ទាបអង្អែលសូម្បីនូវសេះនោះ ហើយពោលថា សេះនេះមិនប្រកបដើម្បីនឹងជាសេះមង្គលបានឡើយ ព្រោះថា មាតារបស់សេះនេះបានស្លាប់ក្នុងថ្ងៃដែលសេះនេះកើត ព្រោះហេតុនោះ កាលមិនបានទឹកដោះស្រស់របស់មាតា សេះនេះទើបធំធាត់មិនល្អ ។ ពួកមនុស្សដែលនាំសេះនោះមកពោលថា ពាក្យរបស់បណ្ឌិតនោះ ពិតហើយ ។ ព្រះរាជាបានស្ដាប់ពាក្យនោះហើយ ទ្រង់ត្រេកអរ បានឲ្យគេប្រទាន ៨ កហាបណៈ ។ ថ្ងៃមួយទៀត មនុស្សទាំងឡាយបាននាំរថមកដោយគិតថា នឹងធ្វើជាមង្គលរថរបស់ព្រះរាជា ។ ព្រះរាជាបញ្ជូនរថនោះ ទៅកាន់សម្នាក់ព្រះពោធិសត្វ ។ ព្រះពោធិសត្វស្ទាបអង្អែលរថនោះដោយដៃ ហើយពោលថា រថនេះធ្វើដោយឈើប្រហោង ព្រោះហេតុនោះ ទើបមិនសមគួរដល់ព្រះរាជាឡើយ ។ ពួកមនុស្សដែលនាំរថនោះ ពោលថា ពាក្យរបស់លោកបណ្ឌិត ពិតហើយ ។ ព្រះរាជាស្ដាប់រឿងនោះហើយ ក៏បានឲ្យគេប្រទាន ៨ កហាបណៈ ។ លំដាប់នោះ មានគេនាំសំពត់កម្ពល ដែលមានតម្លៃថ្លៃមក ។ ព្រះរាជាក៏បានបញ្ជូនសំពត់កម្ពលនោះ ឲ្យដល់ព្រះពោធិសត្វ ។ ព្រះពោធិសត្វស្ទាបអង្អែលសំពត់កម្ពលនោះដោយដៃ ហើយពោលថា សំពត់កម្ពលនេះមានប្រហោងមួយដែលត្រូវកណ្ដុរកាត់ ។ មនុស្សទាំងនោះកាលជម្រះបានឃើញប្រហោងនោះទើបក្រាបទូលព្រះរាជា ។ ព្រះរាជាស្ដាប់រឿងនោះហើយ ក៏បានឲ្យគេប្រទាន ៨ កហាបណៈ ។ ព្រះពោធិសត្វគិតថា ព្រះរាជានេះបានឃើញភាពអស្ចារ្យទាំងឡាយ សូម្បីដែលមានសភាពយ៉ាងនេះហើយ ឲ្យគេប្រទានទ្រព្យតែ ៨ កហាបណៈប៉ុណ្ណោះ រង្វាន់នេះជារង្វាន់សម្រាប់ជាងកំណោរ (អ្នកកោរកាត់) កំណើតជាងកោរកាត់នឹងមានដល់យើង ដោយការបម្រើព្រះរាជាយ៉ាងនេះឬ យើងនឹងទៅកាន់លំនៅរបស់ខ្លួនវិញ ។ សុប្បារកបណ្ឌិតបានត្រឡប់ទៅកំពង់កុរុកច្ឆៈនោះវិញ ។ កាលព្រះពោធិសត្វនៅក្នុងទីនោះ ពួកពាណិជបានរៀបចំនាវាហើយប្រឹក្សាគ្នាថា យើងនឹងធ្វើអ្នកណាឲ្យជានិយាមកៈ ទើបមូលមតិគ្នាថា នាវាដែលសុប្បារកបណ្ឌិតឡើងជិះហើយ រមែងមិនលិច លោកគឺជាបណ្ឌិត ជាអ្នកឈ្លាសក្នុងឧបាយ សូម្បីលោកជាមនុស្សខ្វាក់ សុប្បារកបណ្ឌិតប៉ុណ្ណោះដែលប្រសើរ ដូច្នេះហើយ ទើបចូលទៅរកព្រះពោធិសត្វ ហើយពោលថា សូមលោកជានិយាមកៈរបស់ពួកខ្ញុំ កាលព្រះពោធិសត្វពោលថា នែអ្នកទាំងឡាយ យើងជាមនុស្សខ្វាក់ នឹងធ្វើការបើកបរ ដូចម្ដេចបាន ពួកពាណិជពោលថា បពិត្រលោកម្ចាស់ លោកសូម្បីជាមនុស្សខ្វាក់ ក៏ប្រសើរជាងពួកខ្ញុំ ដូច្នេះហើយកាលពួកពាណិជនោះសូមអង្វររឿយៗ ទើបទទួលថា ល្អហើយអ្នកទាំងឡាយ យើងនឹងជានិយាមកៈរបស់ពួកលោក ដោយសញ្ញាដែលពួកលោកប្រាប់ចុះ រួចទើបឡើងនាវារបស់ពាណិជទាំងនោះ ។ ពួកពាណិជបើកបរនាវាទៅកាន់មហាសមុទ្រ ។ នាវាទៅដោយមិនមានឧបទ្ទវៈអស់ ៧ ថ្ងៃ បន្ទាប់ពីនោះ ខ្យល់មិនមែនរដូវកាលបានកើតឡើង នាវាក៏ត្រាច់ទៅលើខ្នងសមុទ្រធម្មតាអស់ ៤ ខែ ទើបដល់សមុទ្រឈ្មោះ ខុរមាលី ។ ក្នុងសមុទ្រនោះ មានហ្វូងត្រីដែលមានសរីរៈដូចមនុស្ស មានច្រមុះស្រួច (ប្រហែលជាទេពមច្ឆា) ធ្វើការផុសឡើង មុជចុះ ក្នុងទឹក ។ ពួកពាណិជឃើញហ្វូងត្រីនោះហើយ កាលសួរនូវឈ្មោះសមុទ្រនោះនឹងព្រះមហាសត្វ ទើបពោលគាថាទី ១ ថា ឧម្មុជ្ជន្តិ និមុជ្ជន្តិ, មនុស្សា ខុរនាសិកា; សុប្បារកំ តំ បុច្ឆាម, សមុទ្ទោ កតមោ អយំ។ មនុស្សទាំងឡាយ មានច្រមុះដូចកាំបិតកោរ ងើបមុជ (ក្នុងសមុទ្រនេះ) ពួកយើង សូមសួរលោកឈ្មោះសុប្បារកៈ សមុទ្រនេះ តើឈ្មោះអ្វី ។ ព្រះមហាសត្វត្រូវពួកពាណិជទាំងនោះសួរហើយ បានប្រៀបធៀបដោយតម្រាអ្នកនាំផ្លូវ រួចទើបពោលគាថាទី ២ ថា កុរុកច្ឆា បយាតានំ, វាណិជានំ ធនេសិនំ; នាវាយ វិប្បនដ្ឋាយ, ខុរមាលីតិ វុច្ចតិ។ កាលសំពៅរបស់ពួកពាណិជ អ្នកសែ្វងរកទ្រព្យចេញទៅអំពីកំពង់កុរុកច្ឆៈ លឿនទៅកាន់ប្រទេសផ្សេង សមុទ្រនេះ ហៅថា ខុរមាលី ។ បណ្ដាបទទាំងនោះ បទថា បយាតានំ សេចក្ដីថា កាលចេញពីកំពង់កុរុកច្ឆៈហើយទៅ ។ បទថា ធនេសិនំ សេចក្ដីថា ពួកពាណិជអ្នកសែ្វងរកទ្រព្យ ។ បទថា នាវាយវិប្បនដ្ឋាយ ​សេចក្ដីថា ម្នាលអ្នកទាំងឡាយ កាលនាវារបស់ពួកអ្នកត្រូវកម្មធ្វើឲ្យស្ទុះទៅកាន់ផ្លូវខុស កន្លងហួសបកតិសមុទ្រ (សមុទ្រធម្មតា) ហើយដល់សមុទ្រនេះ សមុទ្រនេះលោកហៅថា ខុរមាលី បណ្ឌិតទាំងឡាយរមែងពោលយ៉ាងនេះ ។ ចំណែកក្នុងសមុទ្រនោះ មានពេជ្រដុះច្រើន ។ ព្រះមហាសត្វគិតថា បើយើងប្រាប់ពាណិជទាំងនោះថា នេះជាវជិរសមុទ្រ ដូច្នេះ ពួកពាណិជនឹងកាន់យកពេជ្រដ៏ច្រើនដោយសេចក្ដីល្មោភ ហើយនឹងញ៉ាំងនាវាឲ្យលិចជាមិនខាន គិតដូច្នេះហើយ លោកទើបមិនប្រាប់ដល់ពាណិជទាំងនោះ ហើយឲ្យពាណិជទាំងនោះបញ្ឈប់នាវា ឲ្យកាន់យកខ្សែមួយដោយឧបាយ ឲ្យបោះសំណាញចុះទៅ ដោយទំនងដូចជាការចាប់ត្រី ហើយស្រង់ដុំពេជ្រឡើងមកដាក់លើនាវា ឲ្យបោះភណ្ឌៈដទៃដែលមិនមានតម្លៃចោល ។ នាវាបានកន្លងផុតនូវសមុទ្រនោះ ហើយទៅកាន់សមុទ្រ ដែលមានឈ្មោះថា អគ្គិមាលី នៅខាងមុខ ។ សមុទ្រនោះកាលបញ្ចេញពន្លឺ បីដូចជា ព្រះអាទិត្យដែលរះកណ្ដាលថ្ងៃ ឬដូចជាគំនរភ្លើងដែលឆេះឡើង ។ ពួកពាណិជបានសួរព្រះពោធិសត្វដោយគាថានេះថា យថា អគ្គីវ សូរិយោវ, សមុទ្ទោ បដិទិស្សតិ; សុប្បារកំ តំ បុច្ឆាម, សមុទ្ទោ កតមោ អយំ។ សមុទ្រដែលប្រាកដចំពោះមុខ ហាក់ដូចជាភ្លើង និងព្រះអាទិត្យ ពួកយើងសូមសួរលោកសុប្បារកៈ សមុទ្រនេះ តើឈ្មោះអ្វី ។ ចំណែកព្រះមហាសត្វក៏ពោលគាថាដោយមិនមានចន្លោះដល់ពាណិជទាំងនោះថា កុរុកច្ឆា បយាតានំ, វាណិជានំ ធនេសិនំ; នាវាយ វិប្បនដ្ឋាយ, អគ្គិមាលីតិ វុច្ចតិ។ កាលសំពៅរបស់ពួកពាណិជ អ្នកស្វែងរកទ្រព្យ ចេញទៅអំពីកំពង់កុរុកច្ឆៈ លឿនទៅកាន់ប្រទេសផ្សេង សមុទ្រនេះ ហៅថា អគ្គិមាលី ។ ក្នុងសមុទ្រនេះមានមាសដុះច្រើន ។ ព្រះមហាសត្វបានឲ្យពាណិជទាំងនោះកាន់យកមាសអំពីសមុទ្រនោះ ដោយន័យដូចមុននោះឯង ហើយឲ្យដាក់លើសំពៅ ។ សំពៅបានឆ្លងផុតសមុទ្រនោះ ហើយដល់សមុទ្រឈ្មោះ ទធិមាលី ដែលមានពន្លឺដូចជាទឹកដោះស្រស់ និងទឹកដោះជូរ ។ ពួកពាណិជបានសួរឈ្មោះសមុទ្រនោះដោយគាថានេះថា យថា ទធីវ ខីរំវ, សមុទ្ទោ បដិទិស្សតិ; សុប្បារកំ តំ បុច្ឆាម, សមុទ្ទោ កតមោ អយំ។ សមុទ្រដែលប្រាកដចំពោះមុខ ហាក់ដូចជាទឹកដោះជូរទឹកដោះស្រស់ ពួកយើងសូមអ្នកសួរលោកសុប្បារកៈ សមុទ្រនេះ តើឈ្មោះអ្វី ។ ព្រះមហាសត្វបានប្រាប់ដោយគាថាបន្ទាប់ថា កុរុកច្ឆា បយាតានំ, វាណិជានំ ធនេសិនំ; នាវាយ វិប្បនដ្ឋាយ, ទធិមាលីតិ វុច្ចតិ។ កាលសំពៅ របស់ពួកពាណិជ អ្នកស្វែងរកទ្រព្យ ចេញទៅអំពីកំពង់កុរុកច្ឆៈ លឿនទៅកាន់ប្រទេសផ្សេង សមុទ្រនេះ ហៅថា ទធិមាលី ។ ក្នុងសមុទ្រនោះមានប្រាក់ដុះច្រើន ។ ព្រះពោធិសត្វក៏បានឲ្យពាណិជទាំងនោះកាន់យកប្រាក់នោះហើយដាក់លើសំពៅ ដោយឧបាយ ។ សំពៅបានឆ្លងផុតសមុទ្រនោះ ហើយដល់សមុទ្រឈ្មោះ កុសមាលី ដែលមានពណ៌ខៀវ មានពន្លឺដូចស្បូវភ្លាំងពណ៌ខៀវ និងដូចសន្ទូងដែលកំពុងលូតលាស់ ។ ពួកពាណិជបានសួរឈ្មោះសមុទ្រនោះដោយគាថានេះថា យថា កុសោវ សស្សោវ, សមុទ្ទោ បដិទិស្សតិ; សុប្បារកំ តំ បុច្ឆាម, សមុទ្ទោ កតមោ អយំ។ សមុទ្រដែលប្រាកដចំពោះមុខ ហាក់ដូចជាស្បូវភ្លាំង និងសំទូង ពួកយើងសូមសួរលោកសុប្បារកៈ សមុទ្រនេះ តើឈ្មោះអ្វី ។ ព្រះមហាសត្វបានប្រាប់ដោយគាថាបន្ទាប់ថា កុរុកច្ឆា បយាតានំ, វាណិជានំ ធនេសិនំ; នាវាយ វិប្បនដ្ឋាយ, កុសមាលីតិ វុច្ចតិ។ កាលសំពៅពួកពាណិជ អ្នកស្វែងរកទ្រព្យ ចេញទៅអំពីកំពង់កុរុកច្ឆៈ លឿនទៅកាន់ប្រទេសផ្សេង សមុទ្រនេះ ហៅថា កុសមាលី ។ ក្នុងសមុទ្រនោះមានកែវមណីខៀវដុះច្រើន ។ ព្រះមហាសត្វបានឲ្យពាណិជទាំងនោះកាន់យកកែវមណីនោះហើយដាក់លើសំពៅ ដោយឧបាយនោះឯង ។ សំពៅបានឆ្លងផុត សមុទ្រនោះ ហើយដល់សមុទ្រឈ្មោះ នឡមាលី ដែលដូចជាព្រៃបបុស និងដូចព្រៃឫស្សី ។ ពួកពាណិជបានសួរឈ្មោះសមុទ្រនោះដោយគាថានេះថា យថា នឡោវ វេឡូវ, សមុទ្ទោ បដិទិស្សតិ; សុប្បារកំ តំ បុច្ឆាម, សមុទ្ទោ កតមោ អយំ។ សមុទ្រដែលប្រាកដចំពោះមុខ ហាក់ដូចជាបបុស និងឫស្សី ពួកយើងសូមសួរលោកសុប្បារកៈ សមុទ្រនេះ តើឈ្មោះអ្វី ។ ព្រះមហាសត្វបានពោលប្រាប់ដោយគាថាបន្ទាប់ថា កុរុកច្ឆា បយាតានំ, វាណិជានំ ធនេសិនំ; នាវាយ វិប្បនដ្ឋាយ, នឡមាលីតិ វុច្ចតិ។ កាលសំពៅពួកពាណិជ អ្នកស្វែងរកទ្រព្យ ចេញទៅអំពីកំពង់កុរុកច្ឆៈ លឿនទៅកាន់ប្រទេសផ្សេង សមុទ្រនេះ ហៅថា នឡមាលី ។ ក្នុងសមុទ្រនោះ មានកែវពព្រុះ ឬពេជ្រភ្នែកឆ្មាដុះច្រើន ។ ព្រះមហាសត្វបានឲ្យពាណិជទាំងនោះកាន់យកកែវពព្រុះ ឬពេជ្រភ្នែកឆ្មានោះហើយដាក់លើសំពៅ ដោយឧបាយ ។ ន័យដទៃទៀត ពាក្យថា បបុស បានដល់ សូម្បីបបុសខ្ទួយ បបុសក្ដាម បបុសនោះ មានពណ៌ក្រហម ។ ពាក្យថា ឫស្សី ជាឈ្មោះនៃកែវប្រពាឡនោះឯង កែវប្រពាឡនោះ និងសមុទ្រដែលមានកែវប្រពាឡដុះ មានពន្លឺពណ៌ក្រហម ព្រោះហេតុនោះ ពួកពាណិជទើបសួរថា ដូចបបុស ដូចឫស្សី យ៉ាងណា ។ ព្រះមហាសត្វបានឲ្យពាណិជទាំងនោះកាន់យកកែវប្រពាឡអំពីសមុទ្រនោះ ។ ពួកពាណិជកាលកន្លងសមុទ្រនឡមាលី ក៏បានឃើញសមុទ្រឈ្មោះ ពលវាមុខី ។ ទឹកក្នុងសមុទ្រនោះ កួចហើយៗ ខ្ពុរឡើងលើដោយចំណែកជុំវិញ ។ ទឹកដែលខ្ពុរឡើងដោយចំណែកជុំវិញក្នុងសមុទ្រនោះ ប្រាកដដូចអន្លង់ធំ ដែលត្រូវទឹកជ្រោះទម្លុះដោយជុំវិញ កាលរលកទឹកខ្ពុរឡើង ប្រាកដដូចអន្លង់ទឹកតែមួយ សំឡេងដែលគួរឲ្យភ័យខ្លាចបានកើតឡើង ហាក់បីដូចជាទម្លាយនូវត្រចៀក និងដូចជាបំបែក​បេះដូង ​។ ពួកពាណិជបានឃើញសមុទ្រនោះហើយ មានសេចក្ដីភិតភ័យ ទើបសួរឈ្មោះសមុទ្រនោះដោយគាថានេះថា មហព្ភយោ ភិំសនកោ, សទ្ទោ សុយ្យតិមានុសោ; យថា សោព្ភោ បបាតោវ, សមុទ្ទោ បដិទិស្សតិ; សុប្បារកំ តំ បុច្ឆាម, សមុទ្ទោ កតមោ អយំ។ សំឡេងរបស់អមនុស្ស គួរឲ្យភ័យខ្លាំង គួរឲ្យស្បើម ដែលពួកយើងបានឮជាក់ សមុទ្រដែលបា្រកដចំពោះមុខ ហាក់ដូចជារណ្តៅ និងជ្រោះ ពួកយើងសូមសួរលោកសុប្បារកៈ សមុទ្រនេះ តើឈ្មោះអ្វី ។ បណ្ដាបទទាំងនោះ បទថា សុយ្យតិមានុសោ សេចក្ដីថា សំឡេងដែលស្ដាប់ជាសំឡេងអមនុស្ស ។ ព្រះពោធិសត្វបានប្រាប់ឈ្មោះសមុទ្រនោះដោយគាថាបន្ទាប់ថា កុរុកច្ឆា បយាតានំ, វាណិជានំ ធនេសិនំ; នាវាយ វិប្បនដ្ឋាយ, ពលវាមុខីតិ វុច្ចតិ។ កាលសំពៅពួកពាណិជ អ្នកស្វែងរកទ្រព្យ ចេញទៅអំពីកំពង់កុរុកច្ឆៈ លឿទៅកាន់ប្រទេសផ្សេង សមុទ្រនេះ ហៅថា ពលវាមុខី ។ ដូច្នេះហើយលោកទើបពោលទៀតថា នែអ្នកទាំងឡាយ សំពៅដែលដល់សមុទ្រ ពលវាមុខីនេះហើយ ឈ្មោះថាសំពៅដែលអាចនឹងត្រឡប់ទៅវិញ រមែងមិនមាន សមុទ្រនេះនឹងញ៉ាំងសំពៅដែលបរមកដល់ហើយឲ្យលិចចុះ ធ្វើឲ្យដល់សេចក្ដីវិនាស ។ ក៏ក្នុងសំពៅនោះមានមនុស្ស ៧០០ នាក់ឡើងជិះ ។ ពួកមនុស្សទាំងអស់ មានការភ័យខ្លាចចំពោះសេចក្ដីស្លាប់ នាំគ្នាបញ្ចេញសំឡេង ដែលគួរឲ្យអាណិតដោយសំឡេងតែមួយ ហាក់ដូចជាសត្វទាំងឡាយដែលត្រូវចម្អិនក្នុងអវីចិនរក ។ ព្រះមហាសត្វគិតថា វៀរចាកយើងហើយ មនុស្សដទៃដែលអាចធ្វើសេចក្ដីសួស្ដីដល់មនុស្សទាំងនោះ រមែងមិនមាន យើងនឹងធ្វើសេចក្ដីសួស្ដីដល់មនុស្សទាំងនោះ ដោយសច្ចកិរិយា ដូច្នេះហើយ ទើបហៅមនុស្សទាំងនោះហើយពោលថា នែអ្នកទាំងឡាយ ពួកលោកចូរឲ្យយើងងូតដោយទឹកក្រអូប ឲ្យយើងស្លៀកសំពត់ថ្មី ចូររៀបចំភាជនៈទឹក ហើយតម្កល់នៅនឹងក្បាលសំពៅ ដោយប្រញាប់ ។ មនុស្សទាំងនោះបានធ្វើយ៉ាងនោះ ដោយរហ័ស ។ ព្រះមហាសត្វកាន់ភាជនៈទឹកដោយដៃទាំងពីរ ឈរនៅនឹងក្បាលសំពៅ កាលនឹងធ្វើសច្ចកិរិយា ទើបពោលគាថាចុងក្រោយថា យតោ សរាមិ អត្តានំ, យតោ បត្តោស្មិ វិញ្ញុតំ; នាភិជានាមិ សញ្ចិច្ច, ឯកបាណម្បិ ហិំសិតំ; ឯតេន សច្ចវជ្ជេន, សោត្ថិំ នាវា និវត្តតុ។ តាំងពីកាលដែលខ្ញុំរលឹកឃើញនូវខ្លួន តាំងពីកាលដែលខ្ញុំដល់នូវភាពជាអ្នកដឹងក្តី ខ្ញុំមិនចេះក្លែង ដើម្បីបៀតបៀនសត្វ សូម្បីតែមួយឡើយ សូមឲ្យសំពៅត្រឡប់ទៅកាន់ទីមាន សួស្តី ដោយការពោលពាក្យសច្ចៈនេះចុះ ។ បណ្ដាបទទាំងនោះ បទថា យតោ (តាំងពី) សេចក្ដីថា ខ្ញុំរលឹកនូវខ្លួនចាប់តាំងពីកាលណា អធិប្បាយថា ខ្ញុំដល់ការដឹងខ្លួនចាប់តាំងពីកាលណា ។ បទថា ឯកបាណម្បិហិំសិតំ (បៀតបៀនសត្វ សូម្បីតែមួយ) សេចក្ដីថា ក្នុងរវាងនេះ ខ្ញុំមិនដឹងនូវភាពដែលខ្លួនបានបៀតបៀន សូម្បីសត្វមានស្រមោចក្រហមត្រឹមតែមួយ ដោយការក្លែងឡើយ ។ ពាក្យនេះគ្រាន់តែជាប្រមាណនៃទេសនាប៉ុណ្ណោះ ចំណែកព្រះពោធិសត្វ ក៏បានធ្វើសច្ចកិរិយាដោយអំណាចនៃសីលទាំង ៥ យ៉ាងនេះថា វត្ថុជារបស់អ្នកដទៃសូម្បីត្រឹមតែស្មៅមួយ ក៏យើងមិនដែលកាន់យកដែរ, ប្រពន្ធអ្នកដទៃ ក៏មិនធ្លាប់សម្លឹងមើលដោយអំណាចនៃលោភៈ, មុសាវាទ ក៏យើងមិនធ្លាប់ពោលដែរ, យើងមិនធ្លាប់ផឹកទឹកស្រវឹងសូម្បីដោយចុងស្មៅ កាលព្រះពោធិសត្វធ្វើសច្ចកិរិយាហើយ ក៏ស្រោចទឹកក្នុងភាជនៈទៅលើក្បាលសំពៅ ។ សំពៅដែលបរខុសផ្លូវអស់ ៤ ខែនោះ ក៏ត្រឡប់ ហើយទៅដល់កំពង់កុរុកច្ឆៈត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ដោយអំណាចនៃពាក្យសច្ចៈ ហាក់បីដូចជា អ្នកមានឫទ្ធិបណ្ដាល ។ គ្រាទៅដល់ហើយ សំពៅក៏ស្ទុះទៅកាន់ដីគោកប្រមាណ ៨ ឧសភៈ (៤០០ម៉ែត្រ) ហើយឈប់នៅត្រង់ទ្វារផ្ទះរបស់នាវិកពោធិសត្វ ។ ព្រះមហាសត្វឲ្យគេបែងចែកមាស ប្រាក់ កែវមណី កែវប្រពាឡ កែវមុក្ដា ពេជ្រហើយឲ្យដល់ពាណិជទាំងនោះ ។ ព្រះពោធិស្វបានឲ្យឱវាទដល់ពាណិជទាំងនោះថា រតនៈប៉ុណ្ណេះក៏ល្មមដល់អ្នកទាំងឡាយហើយ ពួកអ្នកចូរកុំចុះសមុទ្រទៀត ដូច្នេះហើយ កាលធ្វើបុណ្យទាំងឡាយមានឲ្យទានជាដើមរហូតអស់ជីវិត ក៏បានកើតក្នុងទេវបុរី ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងកាលមុន តថាគតក៏ជាអ្នកមានបញ្ញាច្រើនយ៉ាងនេះ ហើយព្រះអង្គប្រជុំជាតកថា តទា បរិសា ពុទ្ធបរិសា អហេសុំ បរិស័ទក្នុងកាលនោះ បានមកជាពុទ្ធបរិស័ទ ។ សុប្បារកបណ្ឌិតោ បន អហមេវ អហោសិំ ចំណែកសុប្បារកបណ្ឌិត គឺ តថាគត នេះឯង ។ ចប់ សុប្បារកជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ជាតក ឯកាទសកនិបាត បិដកលេខ ៥៩ ទំព័រ ២៣៣) ដោយខេមរ អភិធម្មាវតារ ព.ស. ២៥៦១ ដោយ៥០០០ឆ្នាំ
images/articles/2915/___extpic.jpg
សាធិនជាតក
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០២៣
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធឧបាសកទាំងឡាយ ដែលសមាទានឧបោសថ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា អព្ភុតោ វត លោកស្មិំ ដូច្នេះជាដើម ។ គ្រានោះ ព្រះសាស្ដាត្រាស់ថា ម្នាលឧបាសកទាំងឡាយ បោរាណបណ្ឌិតបានអាស្រ័យឧបោសថកម្មរបស់ខ្លួន ហើយទៅកាន់ទេវលោកដោយសរីរៈជារបស់មនុស្ស និងនៅអស់កាលយូរ ដូច្នេះហើយ ទ្រង់ដែលឧបាសកទាំងឡាយនោះសូមអង្វរហើយ ទើបនាំអតីតនិទានមកថាៈ ក្នុងអតីតកាល ព្រះរាជាព្រះនាម សាធិនៈ សោយរាជសម្បត្តិ ប្រកបដោយធម៌ ក្នុងនគរមិថិលា ។ ព្រះរាជានោះឲ្យគេកសាងសាលា ៦ កន្លែង គឺ ត្រង់ទ្វារនគរ ៤ កន្លែង ត្រង់កណ្ដាលនគរ ១ កន្លែង និង ទ្រង់ទ្វារនិវេសន៍ ១ កន្លែង ទ្រង់ធ្វើជម្ពូទ្វីបទាំងមូលឲ្យលើកនង្គលឡើង (រក្សានង្គ័លលែងភ្ជួររាស់) ញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅ ដោយចំណាយព្រះរាជទ្រព្យ ៦០០០០០ រាល់ៗថ្ងៃ ទ្រង់រក្សាសីល ៥ និង ឧបោសថ ។ សូម្បីអ្នកដែនក៏ឋិតនៅក្នុងឱវាទរបស់ព្រះរាជានោះ ធ្វើបុណ្យទាំងឡាយមានឲ្យទានជាដើម កាលធ្វើកាលកិរិយាហើយបានកើតក្នុងទេវនគរ ។ ទេវតាទាំងឡាយដែលអង្គុយត្រៀបត្រាក្នុងសុធម្មទេវសភា នាំគ្នាពណ៌នាសីលគុណជាដើម របស់ព្រះរាជាសាធិនៈ ។ សូម្បីទេវតាដ៏សេសស្ដាប់ពាក្យនោះហើយជាអ្នកប្រាថ្នានឹងឃើញព្រះរាជានោះ ។ សក្កទេវរាជបានដឹងចិត្តរបស់ទេវតាទាំងនោះ ហើយពោលថា អ្នកទាំងឡាយប្រាថ្នានឹងឃើញនូវសាធិនរាជ ឬ ? ពួកទេវតាពោលថា ព្រះករុណា ទេវរាជ ។ ស្ដេចសក្កៈបញ្ជាមាតលីថា អ្នកចូរទៅ ដោយប្រកបវេជយន្តរថ ហើយនាំសាធិនរាជ មក ។ ព្រះមាតលីទទួលថា សាធុ ហើយប្រកបនូវរថទៅកាន់វិទេហរដ្ឋ ពេលនោះជាថ្ងៃពេញបូណ៌មី ។ ព្រះមាតលីបររថ ឲ្យទៅជាមួយនឹងមណ្ឌលព្រះចន្ទ ក្នុងកាលដែលមនុស្សទាំងឡាយបរិភោគអាហារពេលល្ងាចរួច អង្គុយប្រជុំគ្នាពោលកថា ដែលជាសុខត្រង់ទ្វារផ្ទះ ។ មនុស្សទាំងឡាយពោលថា ព្រះចន្ទ ២ ដួងតាំងឡើង ពេលឃើញរថដែលកំពុងមក ដោយការលះបង់មណ្ឌលព្រះចន្ទហើយ ទើបពោលម្ដងទៀតថា នេះមិនមែនព្រះចន្ទទេ នោះគឺជារថ ប្រាកដជាទេវបុត្រនាំរថជាទិព្វ ដែលប្រកបដោយសិន្ធពមនោម័យមក ដើម្បីអ្នកណា មិនដើម្បីអ្នកដទៃឡើយ ដើម្បីព្រះរាជារបស់យើង ព្រោះថា ព្រះរាជារបស់យើងជា ធម្មិករាជ ជាធម្មរាជា ដូច្នេះហើយ មានសេចក្ដីសោមនស្ស ផ្គងអញ្ជលី ពោលគាថាទី ១ ថា អព្ភុតោ វត លោកស្មិំ, ឧប្បជ្ជិ លោមហំសនោ; ទិព្ពោ រថោ បាតុរហុ, វេទេហស្ស យសស្សិនោ។ ចម្លែកណាស់តើ គួរ្យឲ្យព្រឺរោម កើតឡើងក្នុងលោក រថជាទិព្យបានកើតប្រាកដដល់ស្តេចវិទេហៈ ព្រះអង្គមានយស ។ គាថានោះមានសេចក្ដីថា ឱហ្ន៎អស្ចារ្យណាស់ ព្រះរាជារបស់យើង ការព្រឺរោមកើតឡើងក្នុងលោក រថជាទិព្វរមែងប្រាកដដល់ព្រះបាទវិទេហៈដ៏ទ្រង់យស ។ ចំណែកព្រះមាតលីនាំរថនោះមកហើយ កាលមនុស្សទាំងឡាយបូជា ដោយគ្រឿងក្រអូបនិងកម្រងផ្កាជាដើម ក៏ធ្វើប្រទក្សិណនគរ ៣ ជុំ រួចទៅកាន់ទ្វាររាជនិវេសន៍របស់ព្រះរាជា ញ៉ាំងរថឲ្យបែរត្រឡប់ ទើបឋិតនៅត្រង់ធរណីទ្វារសីហបញ្ជរ ដោយចំណែកខាងក្រោយ ធ្វើការត្រៀមជណ្ដើរ ។ ថ្ងៃនោះ សូម្បីព្រះ​រាជា កាលទ្រង់សម្លឹងសាលាទានជាដើម បានបញ្ជាថា អ្នកទាំងឡាយចូរឲ្យទានដោយនិយាមនេះ ហើយទ្រង់សមាទានឧបោសថ ញ៉ាំងថ្ងៃឲ្យកន្លងទៅ ទ្រង់ឡោមព័ទ្ធដោយពួកអាមាត្យ ប្រថាប់ដោយ​បែរ​ព្រះភក្ត្រឆ្ពោះទៅសីហបញ្ជរទិសខាងកើត សម្ដែងកថាប្រកបដោយធម៌ ក្នុងសាលាដែលគេប្រដាប់តាក់តែងហើយ ។ លំដាប់នោះ ព្រះមាតលីទូលអញ្ជើញព្រះអង្គឲ្យឡើងលើរថ ហើយនាំទៅ ។ ព្រះសាស្ដាកាលប្រកាសសេចក្ដីនោះ បានត្រាស់ព្រះគាថាទាំងឡាយថា ទេវបុត្តោ មហិទ្ធិកោ, មាតលិ ទេវសារថិ; និមន្តយិត្ថ រាជានំ, វេទេហំ មិថិលគ្គហំ។ ទេវបុត្រឈ្មោះមាតលី ជាទេវសារថី មានប្ញទ្ធិច្រើនបានអញ្ជើញព្រះបាទវិទេហៈ ព្រះអង្គគ្រប់គ្រងក្រុងមិថិលាថា ឯហិមំ រថមារុយ្ហ, រាជសេដ្ឋ ទិសម្បតិ; ទេវា ទស្សនកាមា តេ, តាវតិំសា សឥន្ទកា; សរមានា ហិ តេ ទេវា, សុធម្មាយំ សមច្ឆរេ។ បពិត្រព្រះរាជាដ៏ប្រសើរ ជាម្ចាស់នៃទិស សូមព្រះអង្គយាងឡើងកាន់រថនេះ ទេវតាទាំងឡាយជាន់តាវត្តិង្សព្រមទាំងព្រះឥន្ទ ចង់ឃើញព្រះអង្គ ព្រោះទេវតាទាំងឡាយរលឹកព្រះអង្គ នៅរងចាំក្នុរោងឈ្មោះសុធម្មា ។ តតោ ច រាជា សាធិនោ, វេទេហោ មិថិលគ្គហោ; សហស្សយុត្តមារុយ្ហ, អគា ទេវាន សន្តិកេ; តំ ទេវា បដិនន្ទិំសុ, ទិស្វា រាជានមាគតំ។ លំដាប់នោះឯង ព្រះបាទវិទេហៈ ព្រះនាមសាធិន ព្រះអង្គគ្រប់គ្រងក្រុងមិថិលា ទ្រង់យាងឡើងកាន់រថ ទឹមដោយសេះច្រើន ហើយបានយាងទៅក្នុងសំណាក់នៃទេវតាទាំងឡាយ (ព្រះរាជាជាធំ ទ្រង់ប្រថាប់លើទិព្វយានឈ្មោះហយវាហី ដែលទឹមដោយសេះច្រើន កំពុងយាងទៅក៏បានទតឃើញទេវសភានេះ) ពួកទេវតាបានឃើញព្រះរាជានោះមកដល់ហើយ ក៏ត្រេកអរស្មោះចំពោះថា ស្វាគតំ តេ មហារាជ, អថោ តេ អទុរាគតំ; និសីទ ទានិ រាជីសិ, ទេវរាជស្ស សន្តិកេ។ បពិត្រមហារាជ ព្រះអង្គយាងមកស្រួលហើយ មិនមែនយាងមកដោយមិនស្រួលទេ បពិត្រព្រះរាជាអ្នកស្វែងរកគុណដ៏ប្រសើរ ឥឡូវនេះ សូម្បីព្រះអង្គទ្រង់គង់ក្នុងសំណាក់នៃទេវរាជចុះ ។ សក្កោបិ បដិនន្ទិត្ថ, វេទេហំ មិថិលគ្គហំ; និមន្តយិត្ថ កាមេហិ, អាសនេន ច វាសវោ។ ឯព្រះឥន្ទក៏ទទួលរាក់ទាក់ចំពោះព្រះបាទវិទេហៈ ព្រះអង្គគ្រប់គ្រងក្រុងមិថិលា ព្រះឥន្ទបានអញ្ជើញដោយកាមទាំងឡាយផង ដោយអាសនៈផងថា សាធុ ខោសិ អនុប្បត្តោ, អាវាសំ វសវត្តិនំ; វស ទេវេសុ រាជីសិ, សព្ពកាមសមិទ្ធិសុ; តាវតិំសេសុ ទេវេសុ, ភុញ្ជ កាមេ អមានុសេ។ ប្រពៃណាស់ហើយ ព្រះអង្គបានដល់អាវាសរបស់ទេវតាទាំងឡាយ ដែលញ៉ាំងគេឲ្យប្រព្រឹត្តក្នុងអំណាចខ្លួន បពិត្រព្រះរាជាអ្នកស្វែងរកគុណដ៏ប្រសើរ សូមព្រះអង្គគង់នៅក្នុងពួកទេវតាដែលសម្រេចនូវកាមគ្រប់យ៉ាងបាន សូមព្រះអង្គសោយនូវកាមទាំងឡាយ ដែលមិនមែនជារបស់មនុស្ស ក្នុងពួកទេវតាជាន់តាវត្តិង្សចុះ ។ បណ្ដាបទទាំងនោះ បទថា សមច្ឆរេ សេចក្ដីថា នៅរងចាំ ។ បទថា អគា ទេវាន សន្តិកេ សេចក្ដីថា ទៅកាន់សម្នាក់ទេវតា ។ ក្នុងពេលនោះ កាលព្រះរាជាឡើងកាន់រថហើយឋិតនៅ រថបានស្ទុះទៅកាន់អាកាស ព្រះរាជានោះ ដែលមហាជនកំពុងមើល ក៏បានបាត់ទៅ ។ ព្រះមាតលីនាំព្រះរាជាទៅកាន់ទេវលោក ។ ទេវតា និងស្ដេចសក្កៈបានឃើញព្រះរាជាហើយ មានចិត្តត្រេកអរ នាំគ្នាក្រោកទទួល និងធ្វើបដិសណ្ឋារៈ ។ ដើម្បីសម្ដែងសេចក្ដីនោះ លោកទើបពោលថា តំ ទេវ ដូច្នេះជាដើម ។ បទថា បដិនន្ទិំសុ សេចក្ដីថា ត្រេកអររឿយៗ ។ បទថា អាសនេន ច សេចក្ដីថា ព្រះឥន្ទឱបព្រះរាជា ហើយអញ្ជើញដោយបណ្ឌុកម្ពលសិលាសនៈ និងដោយកាមទាំងឡាយរបស់ខ្លួនថា សូមអង្គុយទីនេះ រួចហើយក៏បែងចែករាជសម្បត្តិពាក់កណ្ដាល ឲ្យព្រះរាជាអង្គុយលើអាសនៈជាមួយគ្នា ។ កាលព្រះបាទសាធិនៈសោយរាជសម្បត្តិ ដែលសក្កទេវរាជបែងចែកទេវនគរ ដែលមានទំហំ ១០០០០ យោជន៍ ស្រីទេពអប្សរ ២ កោដិកន្លះ និងវេជយន្តប្រាសាទ ពាក់កណ្ដាល ប្រទានឲ្យ អស់កាល ៧០០ ឆ្នាំដោយការរាប់ឆ្នាំមនុស្ស ឲ្យកន្លងទៅ ។ ព្រះអង្គនៅក្នុង ទេវលោកដោយអត្តភាពនោះ កាលអស់បុណ្យហើយ ក៏កើតសេចក្ដីមិនត្រេកអរ ព្រោះហេតុនោះ កាលចរចាជាមួយនឹងស្ដេចសក្កៈ ទើបពោលគាថា ថា អហំ បុរេ សគ្គគតោ រមាមិ, នច្ចេហិ គីតេហិ ច វាទិតេហិ; សោ ទានិ អជ្ជ ន រមាមិ សគ្គេ, អាយុំ នុ ខីណោ មរណំ នុ សន្តិកេ; ឧទាហុ មូឡ្ហោស្មិ ជនិន្ទសេដ្ឋ។ កាលពីដើម ខ្ញុំមកនៅក្នុងឋានសួគ៌ រីករាយដោយរបាំ ចម្រៀង និងប្រគុំទាំងឡាយ ឥឡូវនេះ ក្នុងថ្ងៃនេះ ខ្ញុំមិនត្រេកអរក្នុងឋានសួគ៌ទេ បពិត្រព្រះជនិន្ទដ៏ប្រសើរ អាយុ (របស់ខ្ញុំ) នឹងអស់ឬ ឬសេចក្តីស្លាប់ (ឋិតនៅ) ក្នុងទីជិត ឬក៏ខ្ញុំជាបុគ្គលវង្វេង ។ បណ្ដាបទទាំងនោះ បទថា អាយុំ នុ ខីណោ សេចក្ដីថា ព្រះបាទសាធិនៈសួរថាជីវិតិន្ទ្រិយ៍ក្នុងសរីរៈរបស់ខ្ញុំអស់ហើយឬ ឬថា ជីវិតិន្ទ្រិយ៍នឹងកើតក្នុងទីជិតនៃមរណៈដោយអំណាចនៃឧបច្ឆេទកកម្ម ។ បទថា ជនិន្ទសេដ្ឋ សេចក្ដីថា បពិត្រព្រះអង្គដែលប្រសើរជាងជន និងទេវតាទាំងឡាយ ។ លំដាប់នោះ ស្ដេចសក្កៈពោលថា ន តាយុ ខីណំ មរណញ្ច ទូរេ, ន ចាបិ មូឡ្ហោ នរវីរសេដ្ឋ; តុយ្ហញ្ច បុញ្ញានិ បរិត្តកានិ, យេសំ វិបាកំ ឥធ វេទយិត្ថោ។ បពិត្រព្រះអង្គដ៏ប្រសើរ មានព្យាយាមជាងជន អាយុរបស់ព្រះអង្គមិនទាន់អស់ទេ ទាំងសេចក្តីស្លាប់របស់ព្រះអង្គ (ក៏ឋិតនៅ) ក្នុងទីឆ្ងាយ មួយវិញទៀត ព្រះអង្គ មិនមែនជាមនុស្សវង្វេងទេ តែថា ព្រះអង្គសោយនូវផលនៃបុណ្យណា ក្នុងទេវលោកនេះ បុណ្យរបស់ព្រះអង្គតិច ។ វស ទេវានុភាវេន, រាជសេដ្ឋ ទិសម្បតិ; តាវតិំសេសុ ទេវេសុ, ភុញ្ជ កាមេ អមានុសេ។ បពិត្រព្រះរាជាដ៏ប្រសើរ ជាម្ចាស់នៃទិស សូមព្រះអង្គគង់នៅដោយទេវានុភាពចុះ សូមព្រះអង្គសោយនូវកាមទាំងឡាយ មិនមែនជារបស់មនុស្ស ក្នុងទេវលោកជាន់តាវត្តិង្សចុះ ។ បណ្ដាបទទាំងនោះ បទថា បរិត្តកានិ សេចក្ដីថា សក្កទេវរាជពោលសំដៅយកបុណ្យទាំងឡាយដែលឲ្យវិបាក ក្នុងទេវលោកដោយអត្តភាពនោះ តែថាបុណ្យដទៃទៀតរបស់ព្រះបាទសាធិនៈច្រើនប្រមាណមិនបាន បីដូចជាធូលីក្នុងផែនដី ។ បទថា វសទេវានុភាវេន សេចក្ដីថា សក្កទេវរាជលួងលោមព្រះពោធិសត្វដោយពោលថា ខ្ញុំចែកបុណ្យទាំងឡាយពាក់កណ្ដាលរបស់ខ្ញុំដល់ព្រះអង្គ សូមព្រះអង្គនៅដោយទេវានុភាពរបស់ខ្ញុំចុះ ។ លំដាប់នោះ ព្រះមហាសត្វកាលហាមឃាត់ ទើបពោលថា យថា យាចិតកំ យានំ, យថា យាចិតកំ ធនំ; ឯវំសម្បទមេវេតំ, យំ បរតោ ទានបច្ចយា។ យានដែលខ្ចីគេ និងទ្រព្យដែលខ្ចីគេ មានឧបមាយ៉ាងណាមិញ ទ្រព្យណាដែលគេបាន ព្រោះបុគ្គលដទៃឲ្យជាបច្ច័យ ទ្រព្យនុ៎ះឯង ក៏មានឧបមេយ្យយ៉ាងនោះដែរ ។ ន ចាហមេតមិច្ឆាមិ, យំ បរតោ ទានបច្ចយា; សយំកតានិ បុញ្ញានិ, តំ មេ អាវេណិកំ ធនំ។ ទ្រព្យណាដែលគេបាន ព្រោះបុគ្គលដទៃឲ្យជាបច្ច័យ ខ្ញុំមិនចង់បានទ្រព្យនុ៎ះឡើយ បុណ្យទាំងឡាយ ដែលខ្ញុំបានធ្វើហើយដោយខ្លួនឯង បុណ្យនោះទុកជាទ្រព្យ របស់ខ្ញុំជាប់តាមខ្លួន ។ សោហំ គន្ត្វា មនុស្សេសុ, កាហាមិ កុសលំ ពហុំ; ទានេន សមចរិយាយ, សំយមេន ទមេន ច; យំ កត្វា សុខិតោ ហោតិ, ន ច បច្ឆានុតប្បតិ។ ខ្ញុំនោះនឹងទៅធ្វើកុសលច្រើនក្នុងពួកមនុស្ស ដោយឲ្យទានផង កិរិយាប្រព្រឹត្តធម៌ស្មើផង កិរិយាសង្រួមដោយសីលផង កិរិយាទូន្មាននូវឥទ្រ្ទិយផង ព្រោះថា បុគ្គលធ្វើកុសលហើយ រមែងដល់នូវសេចក្តីសុខ ទាំងមិនក្តៅក្រហាយរឿយៗ ក្នុងកាលជាខាងក្រោយ ។ លំដាប់នោះ សក្កទេវរាជបានស្ដាប់ពាក្យរបស់ព្រះរាជានោះហើយ ទើបបញ្ជាមាតលីថា ម្នាលអ្នក ចូរទៅ ហើយនាំសាធិនរាជទៅកាន់ក្រុងមិថិលា ឲ្យស្ដេចចុះក្នុងឧទ្យាន ។ ព្រះមាតលីក៏បានធ្វើយ៉ាងនោះ ។ ព្រះរាជាយាងចង្ក្រមក្នុងឧទ្យាន ។ គ្រានោះ នាយឧទ្យានបាល ឃើញព្រះរាជាហើយ ទូលសួរ រួចហើយក៏ទៅប្រាប់ដល់ព្រះបាទនារទៈ។ ព្រះបាទនារទៈនោះ ស្ដាប់នូវការមក របស់ព្រះរាជាហើយ ទ្រង់បញ្ជូនឧទ្យានបាលថា អ្នកចូរទៅមុនចុះ ចូររៀបចំឧទ្យាន និងចាត់ចែងអាសនៈ ២ សម្រាប់យើង និងព្រះរាជាសាធិនៈ ។ នាយឧទ្យានបាលបានធ្វើយ៉ាងនោះ ។ លំដាប់នោះ ព្រះរាជាសាធិនៈសួរឧទ្យានបាលថា អ្នករៀបចំអាសនៈ ២ ដើម្បីអ្នកណា ? ឧទ្យានបាលពោលថា ដើម្បីព្រះអង្គ ១ ដើម្បីព្រះរាជារបស់ខ្ញុំ ១ ។ព្រះរាជាពោលថា សត្វដទៃណា នឹងអង្គុយលើអាសនៈក្នុងសម្នាក់យើង ដូច្នេះហើយ ទើបទ្រង់អង្គុយលើអាសនៈមួយ ហើយដាក់ព្រះបាទលើអាសនៈមួយ ។ ព្រះបាទនារទៈយាងមកហើយ ថ្វាយបង្គំព្រះបាទរបស់ព្រះបាទសាធិនៈ រួចក៏អង្គុយនៅកន្លែងមួយ ។ បានឮមកថា ព្រះបាទនារទៈនោះត្រូវជាចៅ (ជំនាន់) ទី ៧ របស់ព្រះបាទសាធិនៈ បានឮមកទៀតថា ក្នុងសម័យនោះ ជាកាលនៃមនុស្សដែលមានអាយុ ១០០ ឆ្នាំ ។ ចំណែកព្រះមហាសត្វបានញ៉ាំងកាលដែលមានប្រមាណប៉ុណ្ណេះ ឲ្យកន្លងទៅ ដោយកម្លាំងបុណ្យរបស់ខ្លួន ។ ព្រះពោធិសត្វកាន់ដៃព្រះបាទនារទៈ ហើយត្រាច់ទៅក្នុងឧទ្យាន រួចក៏ពោល ៣ គាថា ថា ឥមានិ តានិ ខេត្តានិ, ឥមំ និក្ខំ សុកុណ្ឌលំ; ឥមា តា ហរិតានូបា, ឥមា នជ្ជោ សវន្តិយោ។ ស្រែទាំងឡាយនេះផង ទទឹកប្រកបដោយកុណ្ឌលដ៏ល្អនេះផង ផែនដីដ៏ដេរដាស ដោយស្មៅពណ៌ខៀវនេះផង ស្ទឹងទាំងឡាយដែលកំពុងហូរនេះផង ។ ឥមា តា បោក្ខរណី រម្មា, ចក្កវាកបកូជិតា; មន្ទាលកេហិ សញ្ឆន្នា, បទុមុប្បលកេហិ ច; យស្សិមានិ មមាយិំសុ, កិំ នុ តេ ទិសតំ គតា។ ស្រះបោក្ខរណីទាំងឡាយ ជាទីរីករាយ មានសត្វចាក្រពាក (សត្វប្រវឹក, ព្រវែក : សត្វចាក្រពាក [ច្រើនប្រើតែក្នុងកាព្យ] ) យំហើយ ដ៏ដេរដាសដោយចង្កុលណី (ឈ្មោះវារិជជាតិមួយប្រភេទ ពួកឈូក, មានកេសរផ្កាច្រើនស្រទាប់, ផ្កាបែកជាខ្នែងតពីគ្នាជាបី ឬជាបួនទៅទៀតក៏មាន) ដោយផ្កាឈូក និងផ្កាឧប្បលនេះផង ពួកជនណា រាប់អាននូវទីទាំងឡាយនេះថាជារបស់អញ អស់ផងទាំងនោះ ទៅកាន់ទិសណាហ្ន៎ ។ តានីធ ខេត្តានិ សោ ភូមិភាគោ, តេយេវ អារាមវនូបចារា; តមេវ មយ្ហំ ជនតំ អបស្សតោ, សុញ្ញំវ មេ នារទ ខាយតេ ទិសា។ ម្នាលនារទៈ ស្រែទាំងឡាយ នៅជាស្រែទាំងនោះដដែល ភូមិភាគនៅជាភូមិភាគដដែល ឧបចារៈនៃសួនច្បារទាំងឡាយ ក៏នៅជាឧបចារៈនោះដដែល តែថាកាលយើងមិនឃើញនូវជនទាំងនោះ ទិសប្រាកដដល់យើង ហាក់ដូចជាសូន្យឈឹង ។ លំដាប់នោះ ព្រះបាទនារទៈពោលថា បពិត្រព្រះសម្មតិទេព ឥឡូវនេះ ជា ៧០០ ឆ្នាំ នៃកាលដែលព្រះអង្គយាងទៅកាន់ទេវលោក ខ្ញុំត្រូវជាចៅជំនាន់ទី ៧ របស់ព្រះអង្គ ឧបដ្ឋាក និងអ្នករស់នៅក្នុងវាំងទាំងឡាយរបស់ព្រះអង្គ បានដល់មាត់នៃសេចក្ដីស្លាប់ នេះជារាជសម្បត្តិក្នុងសម្នាក់របស់ខ្លួនព្រះអង្គ សូមទ្រង់យាងសោយរាជ្យចុះ ។ ព្រះរាជាសាធិនៈ ពោលថា ម្នាលចៅនារទៈ យើងកាលមកក្នុងទីនេះ មិនមែនមកដើម្បីប្រយោជន៍ដល់រាជសម្បត្តិទេ យើងមកក្នុងទីនេះដើម្បីធ្វើបុណ្យ យើងនឹងធ្វើបុណ្យប៉ុណ្ណោះ ដូច្នេះហើយ ទ្រង់ទើបពោលគាថាថា ទិដ្ឋា មយា វិមានានិ, ឱភាសេន្តា ចតុទ្ទិសា; សម្មុខា ទេវរាជស្ស, តិទសានញ្ច សម្មុខា។ វិមានទាំងឡាយ ញ៉ាំងទិសទាំង ៤ ឲ្យភ្លឺចិញ្ចែងចំពោះមុខទេវរាជផង ចំពោះមុខ ទេវតាជាន់ត្រៃត្រិង្សផង យើងបានឃើញហើយ ។ វុត្ថំ មេ ភវនំ ទិព្យំ, ភុត្តា កាមា អមានុសា; តាវតិំសេសុ ទេវេសុ, សព្ពកាមសមិទ្ធិសុ។ ភពជាទិព្យយើងបាននៅរួចហើយ កាមទាំងឡាយមិនមែនជារបស់មនុស្ស យើងបានបរិភោគរួចហើយក្នុងពួកទេវតាជាន់តាវត្តិង្ស អាចសម្រេចនូវសេចក្តីប្រាថ្នាគ្រប់យ៉ាងបាន ។ សោហំ ឯតាទិសំ ហិត្វា, បុញ្ញាយម្ហិ ឥធាគតោ; ធម្មមេវ ចរិស្សាមិ, នាហំ រជ្ជេន អត្ថិកោ។ យើងនោះបានលះបង់សម្បត្តិទិព្យប្រាកដដូច្នោះហើយ មកក្នុងទីនេះ ដើម្បីធ្វើបុណ្យ យើងនឹងប្រព្រឹត្តធម៌តែម្យ៉ាង យើងមិនមានសេចក្តីត្រូវការដោយរាជសម្បត្តិទេ ។ អទណ្ឌាវចរំ មគ្គំ, សម្មាសម្ពុទ្ធទេសិតំ; តំ មគ្គំ បដិបជ្ជិស្សំ, យេន គច្ឆន្តិ សុព្ពតា។ ព្រះពុទ្ធទាំងឡាយដែលមានវត្តល្អ ស្តេចយាងទៅតាមផ្លូវណា យើងនឹងដើរទៅតាមផ្លូវនោះ ដែលព្រះសម្មាសម្ពុទ្ធសំដែងហើយ ជាផ្លូវដែលបុគ្គលមិនមានអាជ្ញាគប្បីត្រាច់ទៅ ។ ព្រះពោធិសត្វពោលគាថាទាំងឡាយនេះ ដាក់ចុះក្នុងសព្វញ្ញុតញ្ញាណ ដោយប្រការយ៉ាងនេះ ។ ព្រះបាទនារទៈពោលទៀតថា បពិត្រព្រះសម្មតិទេព សូមព្រះអង្គគ្រងរាជសម្បត្តិ ។ ព្រះពោធិសត្វត្រាស់ថា នែចៅ យើងមិនត្រូវការដោយរាជសម្បត្តិ យើងទៅអស់កាល ៧០០ ឆ្នាំ ដូច្នេះយើងប្រាថ្នានឹងឲ្យទានដោយ ៧ ថ្ងៃ ។ ព្រះបាទនារទៈ ទទួលពាក្យរបស់ព្រះរាជានោះថា សាធុ ហើយ ឲ្យគេចាត់ចែងមហាទាន ។ ព្រះរាជាសាធិនៈឲ្យទានអស់ ៧ ថ្ងៃ ក្នុងទី ៧ ទ្រង់ក៏ធ្វើកាលកិរិយា ហើយកើតក្នុងភពត្រៃត្រិង្សនោះឯង ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់សម្ដែងថា ឈ្មោះថា ឧបោសថកម្ម គឺអ្នកទាំងឡាយគប្បីប្រកបយ៉ាងនេះ ដូច្នេះហើយ ទើបព្រះអង្គប្រកាសសច្ចៈទាំងឡាយ និងប្រជុំជាតក ក្នុងកាលជាទីបញ្ចប់នៃសច្ចៈ បណ្ដាឧបាសកទាំងឡាយដែលប្រកបដោយឧបោសថនោះ ពួកខ្លះតាំងនៅក្នុងសោតាបត្តិផល ពួកខ្លះបានតាំងនៅក្នុងសកទាគាមិផល ពួកខ្លះបានតាំងនៅក្នុងអនាគាមិផល ។តទា នារទរាជា សារិបុត្តោ អហោសិ ព្រះបាទនារទៈក្នុងកាលនោះបានមកជា សារីបុត្រ ។មាតលិ អានន្ទោ ព្រះមាតលីបានមកជាអានន្ទ ។ សក្កោ អនុរុទ្ធោ ស្ដេចសក្កៈបានមកជាអនុរុទ្ធ ។ សាធិនរាជា បន អហមេវ អហោសិំ ចំណែកសាធិនរាជ គឺ តថាគត នេះឯង ។ ចប់ សាធិនរាជជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាកត បកិណ្ណកនិបាត បិដកលេខ ៦០ ទំព័រ ៤៤) ដោយខេមរ អភិធម្មាវតារ ព.ស. ២៥៦១ ដោយ៥០០០ឆ្នាំ
images/articles/3242/_______________________________________.jpg
ចតុប្បោសថជាតក
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០២៣
ចតុប្បោសថជាតកនេះ មានពាក្យថា យោ កោបនេយ្យ ជាដើម នឹងមានជាក់ច្បាស់ ក្នុងបុណ្ណកជាតក (វិធុរជាតក បិដកលេខ ៦៣ ទំព័រ ៣៣) ។ ខាងក្រោមនេះជាសេចក្ដីដែលមានមកក្នុងព្រះបាលី ៖ (ព្រះបាទវរុណនាគរាជពោលថា) យោ កោបនេយ្យេ ន ករោតិ កោបំ, ន កុជ្ឈតិ សប្បុរិសោ កទាចិ; កុទ្ធោបិ សោ នាវិករោតិ កោបំ, តំ វេ នរំ សមណមាហុ លោកេ។ បុគ្គលណាជាសប្បុរស មិនធ្វើនូវសេចក្តីក្រោធ ក្នុងបុគ្គលគួរក្រោធ និងមិនក្រោធ ក្នុងកាលណាមួយ បុគ្គលជាសប្បុរសនោះ បើទុកជាក្រោធ ក៏មិនធ្វើសេចក្តីក្រោធឲ្យប្រាកដ បណ្ឌិតទាំងឡាយ ហៅជននោះឯងថាជាសមណៈ ក្នុងលោក ។ (សុបណ្ណរាជពោលថា) ឩនូទរោ យោ សហតេ ជិឃច្ឆំ, ទន្តោ តបស្សី មិតបានភោជនោ; អាហារហេតុ ន ករោតិ បាបំ, តំ វេ នរំ សមណមាហុ លោកេ។ ជនណា មានពោះធូរ អត់ទាំ្រនូវសេចក្តីស្រេកឃ្លានបាន ទូន្មាននូវឥន្ទ្រិយ ជាអ្នកមានតបធម៌ មានទឹក និងភោជនល្មមប្រមាណ មិនធ្វើនូវបាប ព្រោះហេតុនៃអាហារឡើយ បណ្ឌិតទាំងឡាយ ហៅជននោះថាជាសមណៈ ក្នុងលោក ។ (សក្កទេវរាជ ពោលថា) ខិឌ្ឌំ រតិំ វិប្បជហិត្វាន សព្ពំ, ន ចាលិកំ ភាសសិ កិញ្ចិ លោកេ; វិភូសដ្ឋានា វិរតោ មេថុនស្មា, តំ វេ នរំ សមណមាហុ លោកេ។ ជនណា លះបង់នូវល្បែង (ដោយកាយនិងវាចា) និងសេចក្តីត្រេកអរ (ក្នុងកាមគុណ) ទាំងពួង ទាំងមិនពោលនូវពាក្យឡេះឡោះ តិចតួចក្នុងលោក វៀរចាកហេតុជាទីតាំង នៃការស្អិតស្អាង និងមេថុនធម្ម បណ្ឌិតទាំងឡាយហៅជននោះឯង ថាជាសមណៈ ក្នុងលោក ។ (ព្រះបាទធនព្ជា័យ ពោលថា) បរិគ្គហំ លោភធម្មញ្ច សព្ពំ, យោ វេ បរិញ្ញាយ បរិច្ចជេតិ; ទន្តំ ឋិតត្តំ អមមំ និរាសំ, តំ វេ នរំ សមណមាហុ លោកេ។ ជនណា កំណត់ដឹង ហើយលះបង់នូវទ្រព្យសម្បត្តិផង លោភៈទាំងពួងផង បណ្ឌិតទាំងឡាយ ហៅជនដែលមានខ្លួនទូន្មាន មានសភាពខ្ជាប់ខ្ជួន មិនមានសេចក្តីប្រកាន់ថា អញមិនមានសេចក្តីប្រាថ្នានោះឯង ថាជាសមណៈ ក្នុងលោក ។ (ព្រះរាជាទាំង ៤ ព្រះអង្គនោះ ត្រាស់សួរថា) បុច្ឆាម កត្តារមនោមបញ្ញំ, កថាសុ នោ វិគ្គហោ អត្ថិ ជាតោ; ឆិន្ទជ្ជ កង្ខំ វិចិកិច្ឆិតានិ, តទជ្ជ កង្ខំ វិតរេមុ សព្ពេ។ ម្នាលអ្នកមានប្រាជ្ញាមិនថោកថយ យើងទាំងឡាយ សូមសួរចំពោះអ្នក ជាអ្នកធ្វើ (នូវហេតុដែលគួរធ្វើ) ការជជែកចំពោះពាក្យទាំងឡាយ កើតមានដល់យើង សូមអ្នកកាត់នូវ សេច​ក្តី​ងឿងឆ្ងល់ និងសេចក្តីសង្ស័យចេញ ក្នុងថ្ងៃនេះ យើងទាំងអស់គ្នា គប្បីឆ្លងនូវសេចក្តីសង្ស័យនោះ ក្នុងថ្ងៃនេះ ។ (វិធូរបណ្ឌិតពោធិសត្វ ពោលថា) យេ បណ្ឌិតា អត្ថទសា ភវន្តិ, ភាសន្តិ តេ យោនិសោ តត្ថ កាលេ; កថំ នុ កថានំ អភាសិតានំ, អត្ថំ នយេយ្យុំ កុសលា ជនិន្ទា។ បណ្ឌិតណា ជាអ្នកយល់សេចក្តី បណ្ឌិតនោះ រមែងពោលដោយឧបាយនៃប្រាជ្ញា ក្នុងកាលគួរ ក្នុងពាក្យជជែកនោះ បពិត្រព្រះអង្គជាធំជាងជនទាំងឡាយ ពួកជនអ្នកឈ្លាស គប្បីយល់នូវសេចក្តីនៃពាក្យពោលដែលគេមិនទាន់និយាយ ដោយប្រការដូចម្តេចបាន ។ កថំ ហវេ ភាសតិ នាគរាជា, គរុឡោ បន វេនតេយ្យោ កិមាហ; គន្ធព្ពរាជា បន កិំ វទេសិ, កថំ បន កុរូនំ រាជសេដ្ឋោ។ ស្តេចនាគ ពោលដូចម្តេច ស្តេចគ្រុឌវេនតេយ្យ ពោលដូចម្តេច ស្តេចគន្ធព្វ (ព្រះឥន្ទ) ពោលដូចម្តេច ស្តេចដ៏ប្រសើររបស់អ្នកដែនកុរុ ពោលដូចម្តេច ។ (ព្រះរាជាទាំងឡាយនោះ ឆ្លើយថា) ខន្តិំ ហវេ ភាសតិ នាគរាជា, អប្បាហារំ គរុឡោ វេនតេយ្យោ; គន្ធព្ពរាជា រតិវិប្បហានំ, អកិញ្ចនំ កុរូនំ រាជសេដ្ឋោ។ ស្តេចនាគ ពោលចំពោះខន្តិធម៌តែម្យ៉ាង សេ្តចគ្រុឌវេនតេយ្យ ពោលចំពោះអាហារតិច ស្តេចគន្ធព្វ ពោលចំពោះការលះបង់សេចក្តីត្រេកអរ ស្តេចដ៏ប្រសើររបស់អ្នកដែនកុរុ ពោលចំពោះការមិនមានកង្វល់ ។ (ព្រះវិធូរពោធិសត្វ ពោលថា) សព្ពានិ ឯតានិ សុភាសិតានិ, ន ហេត្ថ ទុព្ភាសិតមត្ថិ កិញ្ចិ; យស្មិញ្ច ឯតានិ បតិដ្ឋិតានិ, អរាវ នាភ្យា សុសមោហិតានិ; ចតុព្ភិ ធម្មេហិ សមង្គិភូតំ, តំ វេ នរំ សមណមាហុ លោកេ។ ពាក្យទាំងអស់នេះ ជាសុភាសិត ពាក្យជាទុពា្ភសិត សូម្បីបន្តិចបន្តួច ក៏មិនមាន ក្នុងប្រស្នានេះទេ ម្យ៉ាងទៀត ពាក្យទាំងនេះ តាំងនៅស៊ប់ ប្រជុំចុះដោយល្អ ក្នុងបុគ្គលណា ដូចជាកាំរទេះ ដែលគេបញ្ចុះស៊ប់ក្នុងដុំ បណ្ឌិតទាំងឡាយ ហៅបុគ្គលដែលព្រមព្រៀង ដោយធម៌ ៤ យ៉ាងនោះឯង ថាជាសមណៈ ក្នុងលោក ។ (ព្រះរាជាទាំង ៤ ព្រះអង្គពោលថា) តុវញ្ហិ សេដ្ឋោ ត្វមនុត្តរោសិ, ត្វំ ធម្មគូ ធម្មវិទូ សុមេធោ; បញ្ញាយ បញ្ហំ សមធិគ្គហេត្វា, អច្ឆេច្ឆិ ធីរោ វិចិកិច្ឆិតានិ; អច្ឆេច្ឆិ កង្ខំ វិចិកិច្ឆិតានិ, ចុន្ទោ យថា នាគទន្តំ ខរេន។ អ្នកជាបុគ្គលប្រសើរ អ្នកជាបុគ្គលមិនមានអ្នកណាវិសេសជាង អ្នកជាបុគ្គលដល់នូវត្រើយនៃធម៌ ចេះដឹងនូវធម៌ មានយោបល់ដ៏ល្អ កំណត់ដឹងនូវប្រស្នាដោយប្រាជ្ញា អ្នកជាអ្នកប្រាជ្ញ បានផ្តាច់សេចក្តីសង្ស័យចេញហើយ អ្នកបានកាត់នូវសេចក្តីសង្ស័យ និងសេចក្តីងឿងឆ្ងល់ ដូចជាគេកាត់នូវភ្លុកនៃដំរី ដោយរណារ ។ (សក្កទេវរាជ ពោលថា) នីលុប្បលាភំ វិមលំ អនគ្ឃំ, វត្ថំ ឥទំ ធូមសមានវណ្ណំ; បញ្ហស្ស វេយ្យាករណេន តុដ្ឋោ, ទទាមិ តេ ធម្មបូជាយ ធីរ។ បពិត្រអ្នកប្រាជ្ញ ខ្ញុំត្រេកអរនឹងការដោះនូវប្រស្នា ហើយជូនសំពត់នេះ មានពន្លឺដូចផ្កាឧប្បលខៀវ មិនមានមន្ទិល ជាសំពត់កាត់ថ្លៃមិនបាន មានពណ៌ស្មើដោយផ្សែង ដើម្បីបូជានូវធម៌របស់អ្នក ។ (សុបណ្ណរាជពោលថា) សុវណ្ណមាលំ សតបត្តផុល្លិតំ, សកេសរំ រត្នសហស្សមណ្ឌិតំ; បញ្ហស្ស វេយ្យាករណេន តុដ្ឋោ, ទទាមិ តេ ធម្មបូជាយ ធីរ។ បពិត្រអ្នកប្រាជ្ញ ខ្ញុំត្រេកអរនឹងការដោះនូវប្រស្នា ហើយជូននូវកម្រងផ្កាមាស ដែលរីកសំពោង ដោយត្របកច្រើនស្រទាប់ ប្រកបដោយលំអង ដ៏ប្រដាប់ដោយកែវដ៏ច្រើន ដើម្បីបូជានូវធម៌របស់អ្នក ។ (វរុណនាគរាជពោលថា) មណិំ អនគ្ឃំ រុចិរំ បភស្សរំ, កណ្ឋាវសត្តំ មណិភូសិតំ មេ; បញ្ហស្ស វេយ្យាករណេន តុដ្ឋោ, ទទាមិ តេ ធម្មបូជាយ ធីរ។ បពិត្រអ្នកប្រាជ្ញ ខ្ញុំត្រេកអរនឹងការដោះស្រាយនូវប្រស្នា ហើយជូននូវកែវមណី ដែលកាត់ថ្លៃមិនបាន ជាកែវដ៏រុងរឿង មានពន្លឺផ្លេក ៗ សម្រាប់ពាក់ព្ធដ៏ក ដែលស្អិតស្អាងដោយកែវមណី ដើម្បីបូជានូវធម៌របស់អ្នក ។ (ព្រះបាទធនញ្ជ័យពោលថា) គវំ សហស្សំ ឧសភញ្ច នាគំ, អាជញ្ញយុត្តេ ច រថេ ទស ឥមេ; បញ្ហស្ស វេយ្យាករណេន តុដ្ឋោ, ទទាមិ តេ គាមវរានិ សោឡស។ ខ្ញុំត្រេកអរនឹងការដោះស្រាយនូវប្រស្នា ហើយជូននូវគោមួយពាន់ ទាំងគោឧសភៈផង ដំរីផង រថ ១០ ដែលទឹមដោយសេះអាជានេយ្យនេះផង ស្រុកសួយ ១៦ ផង ដល់អ្នក ។ (អភិសម្ពុទ្ធគាថា) សារិបុត្តោ តទា នាគោ, សុបណ្ណោ បន កោលិតោ; គន្ធព្ពរាជា អនុរុទ្ធោ, រាជា អានន្ទ បណ្ឌិតោ; វិធុរោ ពោធិសត្តោ ច, ឯវំ ធារេថ ជាតកំ។ អ្នកទាំងឡាយ ចូរចាំទុកនូវជាតក យ៉ាងនេះថា សេ្តចនាគក្នុងកាលណោះ បានមកជាព្រះសារីបុត្ត សេ្តចគ្រុឌ បានមកជាកោលិតភិក្ខុ (មោគ្គល្លាន) សេ្តចគន្ធព្វ បានមកព្រះអនុរុទ្ធ ព្រះបាទធនញ្ជ័យបានមកជាអានន្ទបណ្ឌិត វិធុរបណ្ឌិត គឺតថាគត ។ ចប់ ចតុប្បោសថជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ទសកនិបាត បិដកលេខ ៥៩ ទំព័រ ១៦៧) ដោយ ស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
images/articles/3244/____________________________________.jpg
ចេតិយជាតក
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០២៣
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធការចូលទៅកាន់ផែនដី របស់ទេវទត្ត បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា ធម្មោ ហវេ ហតោ ហន្តិ ដូច្នេះជាដើម ។ រឿងរ៉ាវបច្ចុប្បន្នថា ក្នុងថ្ងៃមួយ ភិក្ខុទាំងឡាយញ៉ាំងកថាឲ្យតាំងឡើងក្នុងធម្មសភាថា ម្នាលអាវុសោ ទេវទត្តធ្វើមុសាវាទ ហើយចូលទៅកាន់ផែនដី កើតក្នុងអវីចិនរក។ ព្រះសាស្ដា យាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយប្រជុំគ្នានិយាយរឿងអ្វី ? កាលភិក្ខុទាំងឡាយទូលថា ដោយរឿងឈ្មោះនេះ ទើបព្រះសាស្ដា ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ សូម្បីក្នុងកាលមុន ក៏ទេវទត្តបានចូលទៅកាន់ផែនដីដែរ ដូច្នេះហើយ ទ្រង់នាំយកអតីតនិទានមកសម្ដែងថា ៖ ក្នុងអតីតកាល គ្រាកាលបឋមកប្ប មានព្រះរាជាមួយព្រះអង្គព្រះនាមថា មហាសម្មតៈ ទ្រង់មានព្រះជន្មាយុ ១ អសង្ខេយ្យ ។ បុត្ររបស់ព្រះបាទមហាសម្មតរាជ មានព្រះនាមថា រោជៈ ។ បុត្ររបស់ព្រះបាទរោជៈ ព្រះនាមថា វររោជៈ ។ បុត្ររបស់ព្រះបាទវររោជៈ ព្រះនាមថា កល្យាណ ។ បុត្ររបស់ព្រះបាទកល្យាណ ព្រះនាមថា វរកល្យាណ ។ បុត្ររបស់ព្រះបាទវរកល្យាណ ព្រះនាមថា ឧបោសថ ។ បុត្ររបស់ព្រះបាទឧបោសថ ព្រះនាមថា វរឧបោសថ ។ បុត្ររបស់ព្រះបាទវរឧបោសថ ព្រះនាមថា មន្ធាតុ ។ បុត្ររបស់ព្រះបាទមន្ធាតុ ព្រះនាមថា វរមន្ធាតុ ។ បុត្ររបស់ព្រះបាទវរមន្ធាតុ ព្រះនាមថា វរៈ ។ បុត្ររបស់ព្រះបាទវរៈ ព្រះនាមថា ឧបវរៈ តែមនុស្សទាំងឡាយហៅព្រះអង្គថា ឧបរិវរៈ ។ ព្រះបាទឧបរិវរៈនោះសោយរាជសម្បត្តិនៅសោត្ថិយនគរ ក្នុងដែនចេតិយរដ្ឋ, ទ្រង់មានរាជឫទ្ធិ ៤ យ៉ាង គឺ ១. ឧបរិចរោ អាកាសគាមី ត្រាច់ទៅខាងលើ ដើរលើអាកាសបាន ។ ២. ចត្តារោ នំ ទេវបុត្តា ចតូសុ ទិសាសុ ខគ្គហត្ថា រក្ខន្តិ មានទេវបុត្រ ៤ អង្គកាន់ព្រះខ័ននៅចាំរក្សាក្នុងទិសទាំង ៤ ។ ៣. កាយតោ ចន្ទនគន្ធោ វាយតិ មានក្លិនខ្លឹមចន្ទន៍ផ្សាយចេញអំពីកាយ ។ ៤. មុខតោ ឧប្បលគន្ធោ មានក្លិនឧប្បលផ្សាយចេញអំពីមាត់ ។ ព្រះបាទឧបរិវរៈនោះមានព្រាហ្មណ៍បុរោហិតម្នាក់ ឈ្មោះថា កបិល ។ កបិល-ព្រាហ្មណ៍នោះមានប្អូនមួយឈ្មោះថា កោរកលម្ពៈ គេជាសម្លាញ់ដ៏ជិតស្និទ្ធរបស់ព្រះបាទឧបរិវរៈ បានសិក្សាសិល្បសាស្ត្រ ជាក្នុងត្រកូលអាចារ្យតែមួយជាមួយនឹងព្រះអង្គ ។ ព្រះបាទឧបរិវរៈកាលនៅជាកុមារបានប្ដេជ្ញានឹងកោរកលម្ពៈនោះថា “កាលយើងបានរាជសម្បត្តិ នឹងប្រទានតំណែងបុរោហិតដល់អ្នក” ។ ព្រះអង្គកាលបានសោយរាជ្យហើយ មិនអាចនឹងដកកបិលព្រាហ្មណ៍ ដែលជាបុរោហិតរបស់ព្រះបិតា ឲ្យចេញពីតំណែងបុរោហិតឡើយ ។ ព្រះរាជាតែងសម្ដែងការកោតក្រែង ដោយសេចក្ដីគោរព ក្នុងកាលដែលបុរោហិតចូលមកគាល់ព្រះអង្គ ។ ព្រាហ្មណ៍បុរោហិតសង្កេតឃើញអាការៈនោះ ហើយគិតថា “ធម្មតាការគ្រប់គ្រងរាជសម្បត្តិ គួរដល់អ្នកដែលវ័យប្រហាក់ប្រហែលគ្នា ទើបសមគួរ អញនឹង​ទូល​លាព្រះរាជាហើយនឹងបួស” គិតដូច្នេះរួច ទើបទូលព្រះរាជាថា “បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំចាស់ហើយ កុមារក្នុងផ្ទះ (របស់ទូលព្រះបង្គំ) ក៏មាន សូមព្រះអង្គតែងតាំងកុមារនោះឲ្យជាបុរោហិតចុះ ទូលព្រះបង្គំនឹងបួស” យ៉ាងនេះហើយ ក៏បានសូមរាជានុញ្ញាតតែងតាំងបុត្រ (របស់ខ្លួន) ឲ្យជាបុរោហិត ហើយចូលទៅកាន់រាជឧទ្យាន បួសជាឥសី និងធ្វើឈានអភិញ្ញាឲ្យកើតឡើង ហើយសម្រេចការរស់នៅក្នុងឧទ្យាននោះ ដោយអាស្រ័យបុត្រ (ជាអ្នកទំនុកបម្រុង) ។ កោរកលម្ពៈចងអាឃាតនឹងបងប្រុសថា “កបិលព្រាហ្មណ៍នេះសូម្បីបួសហើយ មិនប្រគល់តំណែងបុរោហិតដល់យើង” ។ថ្ងៃមួយ កាលព្រះរាជាប្រថាប់ ហើយត្រាស់កថាជាសុខថា ម្នាលកោរកលម្ពៈ អ្នកមិនបានតំណែងបុរោហិតឬ ? កោរកលម្ពៈក៏ទូលថា បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំបានទេ បងប្រុសរបស់ខ្ញុំ គាត់បាន ។ព្រះរាជសួរថា ចុះក្រែង បងប្រុសរបស់អ្នកបួសហើយតើ ? កោរកលម្ពៈទូលថា ពិតមែនហើយព្រះអង្គ គាត់បួសហើយ តែគាត់ប្រគល់តំណែងបុរោហិតដល់កូនរបស់គាត់ ។ ព្រះរាជាត្រាស់ថា បើយ៉ាងនោះ អ្នកចូរធ្វើជាបុរោហិតចុះ ។ កោរកលម្ពៈទូលថា បពិត្រព្រះអង្គ ខ្ញុំមិនអាចឲ្យបងប្រុសឃ្លាតចាកតំណែង តាមប្រពៃណីឡើយ ។ព្រះរាជាត្រាស់ថា បើយ៉ាងនោះមែន យើងនឹងធ្វើអ្នកឲ្យជាបង ហើយធ្វើបងរបស់អ្នកឲ្យជាប្អូន ។ កោរកលម្ពៈទូលសួរថា ព្រះអង្គនឹងធ្វើដូចម្ដេច ? ព្រះរាជាត្រាស់ថា យើងធ្វើមុសាវាទ ។ កោរកលម្ពៈទូលថា បពិត្រព្រះរាជា ព្រះអង្គមិនដឹងឬ បងប្រុសរបស់ខ្ញុំជាអ្នកមានធម៌ដ៏ចម្លែកច្រើន ជាអ្នកទ្រទ្រង់វិជ្ជា ក្នុងកាលណា បងប្រុសរបស់ខ្ញុំនឹងបោកបញ្ឆោតព្រះអង្គដោយធម៌ដ៏ចម្លែក គឺ នឹងធ្វើដូចជា ទេវបុត្រទាំង ៤ ឲ្យបាត់ទៅ, នឹងធ្វើដូចជា ឲ្យមានក្លិនល្អ ក្លិនអាក្រក់ផ្សាយចេញអំពីកាយ និងមាត់, នឹងធ្វើដូចជា ឲ្យព្រះអង្គធ្លាក់ចុះពីអាកាស មកលើផែនដី, នឹងធ្វើដូចជា ឲ្យព្រះអង្គត្រូវផែនដីស្រូប ក្នុងកាលនោះ ព្រះអង្គមិនអាចនឹងតាំងក្នុងពាក្យរបស់ខ្លួនឡើយ ។ ព្រះរាជាត្រាស់ថា អ្នកកុំសម្គាល់យ៉ាងនេះឡើយ យើងអាចធ្វើបាន ។កោរកលម្ពៈទូលសួរថា ព្រះអង្គនឹងធ្វើពេលណា ? ព្រះបាទឧបរិវរៈត្រាស់ថា រាប់អំពីថ្ងៃនោះទៅ ៧ ថ្ងៃទៀត ។ សេចក្ដីថ្លែងការនោះ បានឮទូទៅ ក្នុងនគរទាំងអស់ ។សេចក្ដីត្រិះរិះកើតឡើងដល់មហាជនយ៉ាងនេះថា “បានឮថា ព្រះរាជាធ្វើមុសាវាទ ធ្វើអ្នកធំឲ្យជាអ្នកតូច ធ្វើអ្នកតូចឲ្យជាអ្នកធំ ហើយប្រទានតំណែងដល់អ្នកតូច ឈ្មោះថា មុសាវាទនោះ ដូចជាអ្វី ជាពណ៌ខៀវ ឬជាពណ៌ដទៃមានពណ៌លឿងជាដើម” ។ បានឮមកថា ក្នុងកាលនោះ ជាកាលដែលសត្វលោកពោលនូវពាក្យសច្ចៈ មនុស្សទាំងឡាយមិនស្គាល់ថា ឈ្មោះថា មុសាវាទ មានសភាពសដូចម្ដេចឡើយ ។ ចំណែកបុត្ររបស់បុរោហិតស្ដាប់ពាក្យនោះហើយ ក៏ទៅកាន់សំណាក់បិតា ប្រាប់បិតាថា បពិត្រលោកឪពុក បានឮថា ព្រះរាជាធ្វើមុសាវាទ ធ្វើលោកឪពុកឲ្យជាអ្នកតូច ហើយនឹងប្រទានតំណែងដល់ពូរបស់ខ្ញុំវិញ ។ កបិលឥសីពោលថា នែកូន ព្រះរាជាសូម្បីធ្វើមុសាវាទ ក៏មិនអាចដកហូតតំណែងរបស់ឪពុកបានដែរ ។ រួចគាត់សួរថា ព្រះរាជានឹងមុសាវាទក្នុងថ្ងៃណា ? បុត្ររបស់គាត់ពោលថា បានឮថា រាប់អំពីថ្ងៃនេះទៅ ៧ ថ្ងៃទៀត ។ កបិលតាបសពោលថា បើយ៉ាងនោះ កាលនោះ អ្នកចូរប្រាប់យើង ។ក្នុងថ្ងៃទី ៧ មហាជនមកជួបជុំគ្នាត្រង់ព្រះលានហ្លួង ដោយគិតថា “យើងនឹងមើលនូវមុសាវាទ” ដូច្នេះទើបចងគ្រែលើគ្រែ ហើយឋិតនៅ ។ បុត្របុរោហិតក៏ទៅប្រាប់បិតា ។ ព្រះរាជាប្រដាប់តាក់តែងហើយ យាងចេញទៅ ឋិតនៅលើអាកាស ត្រង់ព្រះលានហ្លួង នៅកណ្ដាលមហាជន ។ ចំណែកកបិលតាបសហោះមកតាមអាកាស ក្រាលសំពត់និសីទនៈ អង្គុយពែនភ្នែន នៅខាងមុខព្រះរាជា ហើយពោលថា បពិត្រមហារាជ បានឮថា ព្រះអង្គធ្វើមុសាវាទ ធ្វើអ្នកតូចឲ្យជាអ្នកធំ ហើយប្រទានតំណែងដល់អ្នកនោះ តើពិតឬទេ ?ព្រះបាទឧបរិវរៈពោលថា ពិតមែនហើយ លោកអាចារ្យ យើងនឹងពោលយ៉ាងនោះ ។ គ្រានោះ តាបសឲ្យឱវាទព្រះរាជាថា បពិត្រមហារាជ ឈ្មោះថា មុសាវាទ ជាកម្មកម្ចាត់គុណដ៏ធ្ងន់ នឹងញ៉ាំងព្រះអង្គឲ្យកើតក្នុងអបាយភូមិ ៤, ធម្មតា ព្រះរាជា កាលធ្វើមុសាវាទ រមែងសម្លាប់នូវធម៌ ព្រះរាជានោះកាលសម្លាប់ធម៌ហើយ ក៏រមែងសម្លាប់ខ្លួនឯងដែរ ដូច្នេះហើយ លោកក៏ពោលគាថាទី ១ ថា ធម្មោ ហវេ ហតោ ហន្តិ, នាហតោ ហន្តិ កិញ្ចនំ; តស្មា ហិ ធម្មំ ន ហនេ, មា ត្វំ ធម្មោ ហតោ ហនិ។ ធម៌ដែលបុគ្គលសម្លាប់ហើយ រមែងសម្លាប់វិញដោយពិត ធម៌ដែលបុគ្គលមិនបានសម្លាប់ រមែងមិនសម្លាប់វិញ តិចតួចឡើយ ព្រោះហេតុនោះ ព្រះអង្គមិនត្រូវសម្លាប់ធម៌ ព្រះអង្គកុំឲ្យធម៌ដែលព្រះអង្គសម្លាប់ហើយ ត្រឡប់សម្លាប់ព្រះអង្គវិញបានឡើយ ។ បណ្ដាបទទាំងនោះ បទថា ធម្មោ (ធម៌) លោកអធិប្បាយថា បានដល់ ជេដ្ឋាបចាយ-នធម៌ (ធម៌គឺសេចក្ដីគោរពកោតក្រែងបុគ្គលរៀមច្បង) ។ លំដាប់នោះ កបិលតាបសកាលនឹងឲ្យឱវាទព្រះរាជាឲ្យក្រៃលែងឡើងថែមទៀត ទើបពោលថា បពិត្រមហារាជ ប្រសិនបើព្រះអង្គធ្វើមុសាវាទ ឫទ្ធិទាំង ៤ នឹងអន្តរធាន ដូច្នេះហើយ ក៏ពោលគាថាទី ២ ថា អលិកំ ភាសមានស្ស, អបក្កមន្តិ ទេវតា; បូតិកញ្ច មុខំ វាតិ, សកដ្ឋានា ច ធំសតិ; យោ ជានំ បុច្ឆិតោ បញ្ហំ, អញ្ញថា នំ វិយាករេ។ កាលបើសេ្តច ពោលពាក្យកុហក ពួកទេវតារមែងគេចចេញ (លែងរក្សា) សេ្តចណាជា្របកាលគេសួរប្រស្នា ហើយព្យាករប្រស្នានោះ ដោយប្រការដទៃវិញ ព្រះឱស្ឋសេ្តចនោះ រមែងមានក្លិនស្អុយ ផ្សាយចេញទៅ ទាំងសេ្តចនោះទៀត រមែងឃ្លាតចាកកនែ្លងរបស់ខ្លួន ។ ព្រះរាជាស្ដាប់ពាក្យនោះហើយ ភ័យខ្លាច រួចសម្លឹងមើលកោរកលម្ពៈ ។ ពេលនោះ កោរក​លម្ពៈពោលនឹងព្រះរាជាថា បពិត្រមហារាជ សូមព្រះអង្គកុំភ័យឡើយ ខ្ញុំព្រះអង្គបានពោលពាក្យនោះនឹងព្រះអង្គជាដំបូងហើយតើ ។ ព្រះរាជាសូម្បីបានស្ដាប់ពាក្យរបស់កបិល តាបសហើយ ក៏មិនអើពើ កាលនឹងធ្វើនូវពាក្យដែលខ្លួនពោលឲ្យនៅខាងមុខ ទើបត្រាស់ថា បពិត្រលោកម្ចាស់ លោកត្រូវជាប្អូន កោរកលម្ពៈត្រូវជាបង ។ គ្រានោះ ទេវបុត្រទាំង ៤ គិតថា “ពួកយើងនឹងមិនរក្សានូវស្ដេចដែលពោលមុសាវាទឡើយ” ដូច្នេះទើបបោះព្រះខ័នចោលនៅនឹងបាទមូល ហើយអន្តរធានបាត់ទៅ ព្រមនឹងពេលដែលព្រះរាជាពោលមុសានោះ​ឯង,មាត់ក៏មានក្លិនអាក្រក់ផ្សាយចេញទៅ ហាក់ដូចជាក្លិនពងមាន់ស្អុយបែក និងកាយក៏មានក្លិនអាក្រក់ផ្សាយចេញទៅ ហាក់ដូចជាក្លិនវច្ចកុដិដែលបើកចំហ, ព្រះអង្គក៏ធ្លាក់ចុះអំពីអាកាស មកឋិតនៅលើផែនដី, សូម្បីឫទ្ធីទាំង ៤ ក៏វិនាសទៅ ។ លំដាប់នោះ មហាបុរោហិតពោលនឹងព្រះរាជាថា បពិត្រមហារាជ សូមព្រះអង្គកុំភ័យឡើយ បើព្រះអង្គពោលពាក្យពិត ខ្ញុំព្រះអង្គនឹងធ្វើព្រះអង្គឲ្យតាំងនៅដូចដើមវិញទាំាំងអស់ ដូច្នេះទើបពោលគាថាទី ៣ ថា សចេ ហិ សច្ចំ ភណសិ, ហោហិ រាជ យថា បុរេ; មុសា ចេ ភាសសេ រាជ, ភូមិយំ តិដ្ឋ ចេតិយ។ បពិត្រព្រះរាជា បើប្រសិនជាព្រះអង្គទ្រង់ពោលពាក្យពិត សូមឲ្យព្រះអង្គឋិតនៅដូចដើម បពិត្រព្រះបាទចេតិយៈ បើព្រះអង្គទ្រង់ពោលពាក្យកុហក សូមឲ្យព្រះអង្គឋិតនៅលើផែនដី ។ ព្រះរាជានោះ សូម្បីកបិលតាបសពោលថា “បពិត្រមហារាជ សូមទ្រង់មើលចុះ កាលព្រះអង្គពោលមុសាវាទតែម្ដងប៉ុណ្ណោះ ឫទ្ធិទាំង ៤ របស់ព្រះអង្គក៏អន្តរធានទៅ សូមទ្រង់ពិចារណាចុះ សូម្បីឥឡូវនេះ ទូលព្រះបង្គំអាចធ្វើព្រះអង្គឲ្យជាប្រក្រតីដូចដើមវិញបាន” ដូច្នេះហើយទ្រង់ពោលថា “លោកពោលយ៉ាងនេះ ប្រាថ្នានឹងបោកញ្ឆោតយើង” រួចព្រះអង្គពោលមុសាវាទជាលើកទី ២ (ធ្វើឲ្យ) ព្រះអង្គចូលទៅកាន់ផែនដីត្រឹមកជើង ។ លំដាប់នោះ ព្រាហ្មណ៍តាបសពោលនឹងព្រះរាជាម្ដងទៀតថា បពិត្រមហារាជ សូមទ្រង់កំណត់មើលចុះ សូម្បីឥឡូវនេះ ទូលបង្គំអាចធ្វើឲ្យព្រះអង្គតាំងនៅដូចប្រក្រតីវិញបាន រួចហើយលោកក៏ពោលគាថាទី ៤ ថា អកាលេ វស្សតី តស្ស, កាលេ តស្ស ន វស្សតិ; យោ ជានំ បុច្ឆិតោ បញ្ហំ, អញ្ញថា នំ វិយាករេ។ សេ្តចណាជា្រប កាលគេសួរប្រស្នាហើយ ក៏ព្យាករប្រស្នានោះ ដោយប្រការដទៃវិញ ភ្លៀងរមែងធ្លាក់ចុះ ក្នុងកាលមិនគួរ (ក្នុងដែន) របស់សេ្តចនោះ ភ្លៀងរមែងមិនធ្លាក់ចុះ ក្នុងកាលគួរ (ក្នុងដែនរបស់សេ្តចនោះ) ។ លំដាប់នោះ សូម្បីកបិលតាបសពោលនឹងព្រះរាជា ដែលកំពុងចូលទៅកាន់ផែនដីដរាបដល់ត្រឹមស្មងជើង ដោយផលមុសាវាទ ថា បពិត្រមហារាជ សូមទ្រង់កំណត់មើលចុះ ដូច្នេះហើយ ក៏ពោលគាថាទី ៥ ថា សចេ ហិ សច្ចំ ភណសិ, ហោហិ រាជ យថា បុរេ; មុសា ចេ ភាសសេ រាជ, ភូមិំ បវិស ចេតិយ។ បពិត្រព្រះរាជា បើព្រះអង្គទ្រង់ពោលនូវពាក្យពិត សូមឲ្យព្រះអង្គទ្រង់ឋិតនៅដូចដើម បពិត្រព្រះបាទចេតិយៈ បើព្រះអង្គទ្រង់ពោលពាក្យកុហក សូមព្រះអង្គចូលទៅកាន់ផែនដី (ត្រឹមព្រះជាណុ) ។ ព្រះបាទឧបរិវរៈនៅតែពោលមុសាវាទជាលើកទី ៣ ថា បពិត្រលោកម្ចាស់ លោកជាប្អូន កោរកលម្ពៈជាបង ដូច្នេះហើយ ទ្រង់ចូលទៅកាន់ផែនដីដរាបដល់ត្រឹមព្រះជាណុ ។ ពេលនោះ កបិលតាបសពោលនឹងព្រះរាជាម្ដងទៀតថា បពិត្រមហារាជ សូមទ្រង់កំណត់មើលចុះ ដូច្នេះហើយ ក៏ពោល ២ គាថា ថា ជិវ្ហា តស្ស ទ្វិធា ហោតិ, ឧរគស្សេវ ទិសម្បតិ; យោ ជានំ បុច្ឆិតោ បញ្ហំ, អញ្ញថា នំ វិយាករេ។ បពិត្រព្រះអង្គជាធំក្នុងទិស សេ្តចណាជា្របកាលគេសួរប្រស្នាហើយ ក៏ព្យាករប្រស្នានោះ ដោយប្រការដទៃវិញ អណ្តាតរបស់សេ្តចនោះ រមែងបែកជាពីរដូចជាអណ្តាតនៃពស់ ។ សចេ ហិ សច្ចំ ភណសិ, ហោហិ រាជ យថា បុរេ; មុសា ចេ ភាសសេ រាជ, ភិយ្យោ បវិស ចេតិយ។ បពិត្រព្រះរាជា បើព្រះអង្គទ្រង់ពោលពាក្យពិត សូមឲ្យព្រះអង្គឋិតនៅដូចដើម បពិត្រព្រះបាទចេតិយៈ បើព្រះអង្គទ្រង់ពោលពាក្យកុហក សូមឲ្យព្រះអង្គចូលទៅកាន់ផែនដីក្រៃលែង (ជាងនេះគឺត្រឹមចង្កេះ) ។ គ្រាតាបសពោល ២ គាថានេះហើយ លោកពោលទៀតថា ឥឡូវនេះ ទូលបង្គំអាចធ្វើព្រះអង្គឲ្យជាប្រក្រតីបាន ។ ព្រះរាជាសូម្បីស្ដាប់ពាក្យរបស់តាបសហើយ ក៏ទ្រងមិនអើពើ ពោលមុសាវាទជាគម្រប់ ៤ ថា បពិត្រលោកម្ចាស់ លោកត្រូវជាប្អូន កោរកលម្ពៈត្រូវជាបង ដូច្នេះហើយ ទ្រង់ចូលទៅក្នុងផែនដីដរាបត្រឹមចង្កេះ ។ លំដាប់នោះ ព្រាហ្មណ៍ពោលនឹងព្រះរាជាថា បពិត្រមហារាជ សូមទ្រង់កំណត់មើលចុះ ដូច្នេះហើយ ក៏ពោល ២ គាថា ថា ជិវ្ហា តស្ស ន ភវតិ, មច្ឆស្សេវ ទិសម្បតិ; យោ ជានំ បុច្ឆិតោ បញ្ហំ, អញ្ញថា នំ វិយាករេ។ បពិត្រព្រះអង្គជាធំក្នុងទិស ស្តេចណាជ្រាប កាលគេសួរប្រស្នាហើយ ក៏ព្យាករប្រស្នានោះ ដោយប្រការដទៃវិញ ស្តេចនោះ មិនមានអណ្តាត ដូចត្រី ។ សចេ ហិ សច្ចំ ភណសិ, ហោហិ រាជ យថា បុរេ; មុសា ចេ ភាសសេ រាជ, ភិយ្យោ បវិស ចេតិយ។ បពិត្រព្រះរាជា បើព្រះអង្គទ្រង់ពោលពាក្យពិត សូមឲ្យព្រះអង្គទ្រង់ឋិតនៅដូចដើម បពិត្រព្រះបាទចេតិយៈ បើព្រះអង្គទ្រង់ពោលពាក្យកុហក សូមព្រះអង្គចូលទៅកាន់ផែនដីក្រៃលែង (ជាងនេះគឺត្រឹមផ្ចិត) ។ ព្រះរាជាធ្វើមុសាវាទជាគម្រប់ ៥ ថា បពិត្រលោកម្ចាស់ លោកត្រូវជាប្អូន កោរកលម្ពៈត្រូវជាបង ដូច្នេះហើយ ទ្រង់ចូលទៅក្នុងផែនដីដរាបត្រឹមព្រះនាភី (ផ្ចិត) ។ លំដាប់នោះ ព្រាហ្មណ៍ពោលនឹងព្រះរាជាថា បពិត្រមហារាជ សូមទ្រង់កំណត់មើលចុះ ដូច្នេះហើយ ក៏ពោល ២ គាថា ថា ថិយោវ តស្ស ជាយន្តិ, ន បុមា ជាយរេ កុលេ; យោ ជានំ បុច្ឆិតោ បញ្ហំ, អញ្ញថា នំ វិយាករេ។ សេ្តចណាជ្រាប កាលគេសួរប្រស្នាហើយ ក៏ព្យាករប្រស្នានោះ ដោយប្រការដទៃវិញ ក្នុងត្រកូលស្តេចនោះ កើតតែកូនស្រី កូនប្រុសមិនកើតទេ ។ សចេ ហិ សច្ចំ ភណសិ, ហោហិ រាជ យថា បុរេ; មុសា ចេ ភាសសេ រាជ, ភិយ្យោ បវិស ចេតិយ។ បពិត្រព្រះរាជា បើព្រះអង្គទ្រង់ពោលពាក្យពិត សូមឲ្យព្រះអង្គទ្រង់ឋិតនៅដូចដើម បពិត្រព្រះបាទចេតិយៈ បើព្រះអង្គទ្រង់ពោលពាក្យកុហក សូមឲ្យព្រះអង្គ ចូលទៅកាន់ផែនដីក្រៃលែង (ជាងនេះ គឺត្រឹមដោះ) ។ ព្រះរាជាមិនអើពើនឹងពាក្យរបស់តាបស ពោលមុសាវាទជាគម្រប់ ៦ ទ្រង់ក៏ចូលទៅក្នុងផែនដីដរាបដល់ត្រឹមដោះ ។ លំដាប់នោះ ព្រាហ្មណ៍ពោលនឹងព្រះរាជាថា បពិត្រមហារាជ សូមទ្រង់កំណត់មើលចុះ ដូច្នេះហើយ ក៏ពោល ២ គាថា ថា បុត្តា តស្ស ន ភវន្តិ, បក្កមន្តិ ទិសោទិសំ; យោ ជានំ បុច្ឆិតោ បញ្ហំ, អញ្ញថា នំ វិយាករេ។ សេ្តចណាជា្រប កាលគេសួរប្រស្នាហើយ ក៏ព្យាករប្រស្នានោះ ដោយប្រការដទៃវិញ កូនប្រុសរបស់សេ្តចនោះ រមែងមិនមានឡើយ បើជាមាន រមែងគេចចេញទៅកាន់ទិសតូចទិសធំបាត់អស់ ។ សចេ ហិ សច្ចំ ភណសិ, ហោហិ រាជ យថា បុរេ; មុសា ចេ ភាសសេ រាជ, ភិយ្យោ បវិស ចេតិយ។ បពិត្រព្រះរាជា បើព្រះអង្គទ្រង់ពោលពាក្យពិត សូមឲ្យព្រះអង្គទ្រង់ឋិតនៅដូចដើម បពិត្រព្រះបាទចេតិយៈ បើព្រះអង្គទ្រង់ពោលពាក្យកុហក សូមឲ្យព្រះអង្គចូលទៅកាន់ផែនដីក្រៃលែង (ជាងនេះទៅទៀត គឺលិចផុត) ។ ដោយទោសនៃការសេពគប់បាបមិត្រ ធ្វើឲ្យព្រះរាជាមិនអើពើនឹងពាក្យតាបស ហើយទ្រង់ពោលមុសាវាទជាគម្រប់ ៧ យ៉ាងនោះទៀត ។ គ្រានោះ ផែនដីក៏បើកចំហ សំណាញ់អណ្ដាតភ្លើងតាំងឡើងពីអវីចិនរក ចាប់យកព្រះរាជា ។ ស រាជា ឥសិនា សត្តោ, អន្តលិក្ខចរោ បុរេ; បាវេក្ខិ បថវិំ ចេច្ចោ, ហីនត្តោ បត្វ បរិយាយំ។ សេ្តចនោះ កាលពីដើមត្រាច់ទៅ ក្នុងអាកាសបាន (ដល់មកខាងក្រោយ) ត្រូវឥសីផ្តាសា ហើយ ក៏បែរជាមានសភាពសាបសូន្យ ដល់វេនរបស់ខ្លួន ចូលទៅកាន់ផែនដី ។ តស្មា ហិ ឆន្ទាគមនំ, នប្បសំសន្តិ បណ្ឌិតា; អទុដ្ឋចិត្តោ ភាសេយ្យ, គិរំ សច្ចូបសំហិតំ។ ព្រោះហេតុនោះ អ្នកប្រាជ្ញទាំងឡាយ ទើបមិនសរសើរ នូវការលុះក្នុងអំណាចនៃ សេចក្តីប្រាថ្នា បុគ្គលគួរជាអ្នកមានចិត្តមិនប្រទូស្ត ហើយពោលនូវវាចាដ៏ប្រកបដោយសច្ចៈ ។ ពីរគាថានេះ ជាអភិសម្ពុទ្ធគាថា ។ មហាជនដល់នូវសេចក្ដីភ័យខ្លាច ដោយឃើញថា ព្រះបាទចេតិយរាជជេរឥសី ធ្វើមុសាវាទ ហើយចូលទៅកាន់អវីចិនរក ។ចំណែកព្រះរាជបុត្រទាំង ៥ របស់ព្រះរាជា មកហើយ ក្រាបចុះទាបជើងរបស់ព្រាហ្មណ៍ពោលថា សូមលោកជាទីពឹងរបស់ពួកយើង ។ ព្រាហ្មណ៍ពោលថា ម្នាលរាជបុត្រ បិតារបស់អ្នកញ៉ាំងធម៌ឲ្យវិនាស ធ្វើមុសាវាទ ជេរឥសី ក៏ចូលដល់អវីចិនរក ធម្មតាធម៌រមែងសម្លាប់អ្នកសម្លាប់ធម៌ សូម្បីអ្នកទាំងឡាយក៏មិនអាចនឹងនៅក្នុងទីនេះឡើយ ។ បណ្ដារាជបុត្រទាំងនោះ ឥសីពោលនឹងរាជបុត្រដែលបងគេបង្អស់ថា អ្នកចូរមក ហើយចេញទៅតាមទ្វារទិសខាងកើត ទៅត្រង់រហូត អ្នកនឹងឃើញហត្ថិ-រតន៍ ដែលមានសម្បុរសសុទ្ធ ហើយឲ្យគេកសាងនគរ រស់នៅក្នុងទីនោះ ដោយសញ្ញានោះ នគរនោះ នឹងមានឈ្មោះថា ហត្ថិបុរៈ ។ ហៅរាជបុត្រទី ២ មកប្រាប់ថា អ្នកចូរចេញទៅតាមទ្វារទិសខាងត្បូង ទៅត្រង់រហូត អ្នកនឹងឃើញអស្សរតន៍ ដែលមានសម្បុរសសុទ្ធ ហើយឲ្យគេកសាងនគរ រស់នៅក្នុងទីនោះ ដោយសញ្ញានោះ នគរនោះ នឹងមានឈ្មោះថា អស្សបុរៈ ។ ហៅរាជបុត្រទី ៣ មកប្រាប់ថា អ្នកចូរចេញទៅតាមទ្វារទិសខាងលិច ទៅត្រង់រហូត អ្នកនឹងឃើញកេសរសីហៈ ហើយឲ្យគេកសាងនគរ រស់នៅក្នុងទីនោះ ដោយសញ្ញានោះ នគរនោះ នឹងមានឈ្មោះថា សីហបុរៈ ។ ហៅរាជបុត្រទី ៤ មកប្រាប់ថា អ្នកចូរចេញទៅតាមទ្វារទិសខាងជើង ទៅត្រង់រហូត អ្នកនឹងឃើញចក្កបញ្ជរ ដែលសម្រេចដោយរតនៈទាំងពួង ហើយឲ្យគេកសាងនគរ រស់នៅក្នុងទីនោះ ដោយសញ្ញានោះ នគរនោះ នឹងមានឈ្មោះថា ឧត្តរបញ្ចាល ។ ហៅរាជបុត្រទី ៥ មកប្រាប់ថា នែរាជបុត្រ អ្នកមិនអាចនៅក្នុងទីនេះទេ, ចូរធ្វើមហាស្តូបក្នុងនគរនេះ រួចចេញទៅតាមទ្វារទិសខាងលិចឆៀងខាងជើង ទៅត្រង់រហូត អ្នកនឹងឃើញភ្នំពីរទង្គិចគ្នា ឮសំឡេងទទ្ទរៈ ហើយឲ្យគេកសាងនគរ រស់នៅក្នុងទីនោះ ដោយសញ្ញានោះ នគរនោះ នឹងមានឈ្មោះថា ទទ្ទរបុរៈ ។ ជនទាំង ៥ នោះ ទៅតាមសញ្ញានោះៗ ហើយកសាងនគរ និងរស់នៅក្នុងទីនោះៗ ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីកាលមុន ទេវទត្តក៏ធ្វើមុសាវាទ ហើយត្រូវផែនដីស្រូបដែរ ដូច្នេះហើយ ព្រះអង្គប្រជុំជាតកថា តទា ចេតិយរាជា ទេវទត្តោ អហោសិ ព្រះបាទចេតិយៈ ក្នុងកាលនោះ បានមកជាទេវទត្ត កបិលព្រាហ្មណោ បន អហមេវ អហោសិំ ចំណែកកបិលព្រាហ្មណ៍ គឺតថាគតនេះឯង ។ ចេតិយជាតក ៕ (ជាតកដ្ឋកថា ខុទ្ទកនិកាយ ជាតក អដ្ឋកនិបាត បិដកលេខ ៥៩ ទំព័រ ១២៣) ថ្ងៃ អង្គារ ៦ រោច ខែផល្គុន ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០ ថ្ងៃទី ២៦ ខែ មីនា ព.ស. ២៥៦២ គ.ស.២០១៨ ដោយស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
images/articles/2862/ythvrdfcrgd.jpg
នង្គលីសជាតក
ផ្សាយ : ០២ កក្តដា ឆ្នាំ២០២៣
ព្រះបរមសាស្តា កាលទ្រង់គង់នៅវត្តជេតពន ទ្រង់ប្រារព្ធព្រះលោឡុទាយិត្ថេរ ត្រាស់ព្រះធម្មទេសនានេះ មាន​ពាក្យផ្តើមថា អសព្វត្ថគាមិំ វាចំ ដូច្នេះជាដើម ។បានឮថា ព្រះថេរៈនោះ កាលពោលធម៌ មិនដឹងធម៌ដែល​គួរនិងមិនគួរថា ក្នុងទីនេះ គួរពោលធម៌នេះ ក្នុងទីនេះមិនគួរពោលធម៌នេះ ក្នុងមង្គលការក៏ពោល​អវ​មង្គល ធ្វើការអនុមោទនាអវមង្គលថា តិរោកុដ្ដេសុ តិដ្ឋន្តិ, សន្ធិសិង្ឃាដកេសុ ច ពួកប្រេតទាំងឡាយនាំគ្នាមកឈរនៅខាងក្រៅជញ្ជាំង ជិតទា្វរក្រុង និងទ្វារផ្ទះជាដើម ។ លុះដល់ អវមង្គល ក៏ធ្វើការអនុមោទ​នា​ថា ពហូ ទេវា មនុស្សា ច, មង្គលានិ អចិន្តយុំ ទេវតានិងមនុស្សទាំងឡាយជាច្រើន បានគិតរកនូវមង្គលទាំងឡាយជាដើម ហើយពោលដដែល ៗ ថា សូមឲ្យអ្នកទាំងឡាយអាចធ្វើមង្គលបែបនោះ​ឲ្យបាន ១ រយដង ១ ពាន់ដងចុះ ។ ថ្ងៃមួយ ភិក្ខុទាំងឡាយ លើករឿងនេះឡើងសន្ទនាគ្នាក្នុងធម្មសភាថា ម្នាលអ្នកមានអាយុទាំងឡាយ ព្រះលោឡុទាយិត្ថេរ មិនដឹងធម៌ដែលគួរនិងមិនគួរ ពោលវាចាដែលមិនគួរពោលទូទៅគ្រប់ទីកន្លែង ។ ព្រះបរមសាសា្ត ស្តេចយាងមកទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយប្រជុំសន្ទនាគ្នាអំពីរឿងអ្វី ? កាលភិក្ខុទាំងឡាយ​ក្រាប​ទូល​ឲ្យទ្រង់ជ្រាបហើយ ទើបទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ មិនមែនតែពេលនេះទេ ដែលលោឡុទាយីនេះមិនឈ្លាសវៃ កាលពោលធម៌ ក៏មិនដឹងធម៌ដែលគួរនិងមិនគួរនោះ សូម្បី​ក្នុង​កាលមុនក៏ជាអ្នកនិយាយផ្តេសផ្តាសដូច្នោះដែរ ហើយទ្រង់នាំយករឿងក្នុងអតីត​មកសម្តែងដូចតទៅថាៈ អតីតេ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះបរមពោធិ​សត្វ​បដិសន្ធិក្នុងត្រកូលព្រាហ្មណ៍មហាសាល ចម្រើនវ័យ ហើយ រៀនសព្វសិល្បវិទ្យា ក្នុងនគរតក្កសិលា បាន​ជាអាចារ្យទិសាបាមោក្ខក្នុងនគរពារាណសី បង្រៀនសិល្បវិទ្យាដល់មាណព ៥០០ រូប ។ គ្រានោះ បណ្តា​មាណពទាំងនោះ មានមាណពម្នាក់មិនឈ្លាសវៃ (បញ្ញាទន់ខ្សោយ) និយាយផ្តេសផ្តាស ជាធម្មន្តេ​វា​សិក (សិស្សដែលរៀនធម៌ឬសិល្បសាស្ត្រក្នុងសម្នាក់អាចារ្យ) ប៉ុន្តែមិនអាចរៀនបាន (រៀនមិនចេះ) ព្រោះជាអ្នកអាប់ឥតប្រាជ្ញា ប៉ុន្តែជាអ្នកមានឧបការៈចំពោះព្រះបរមពោធិសត្វ ធ្វើកិច្ចគ្រប់យ៉ាងដូចជាទាសៈ ។ ​ថ្ងៃមួយ ព្រះពោធិសត្វ បរិភោគអាហារល្ងាចហើយសម្រាន្តនៅលើគ្រែ ពោលនឹងមាណពដែលមកច្របាច់ដៃ ជើង និងខ្នងថា នែអ្នកដ៏ចម្រើន អ្នកជួយកល់ជើងគ្រែឲ្យបន្តិចសិន សឹមទៅ ។ មាណព​កល់ជើងគ្រែ ម្ខាងហើយ មិនមានអ្វីកល់ជើងគ្រែម្ខាងទៀត ក៏លើកដាក់លើភ្លៅរបស់ខ្លួនរហូតមួយ​យប់ ។ ព្រះបរមពោធិសត្វក្រោកឡើងពេលព្រឹក ឃើញមាណពនោះក៏សួរថា នែអ្នកដ៏ចម្រើន អ្នកអង្គុយ​ ធ្វើអ្វី ? មាណពឆ្លើយថា បពិត្រលោកអាចារ្យ ខ្ញុំរកអ្វីកល់ជើងគ្រែមិនមាន ទើបខ្ញុំលើកដាក់លើភ្លៅរបស់ខ្ញុំ​ហើយអង្គុយ ។ ព្រះបរមពោធិសត្វសង្វេគ គិតថា មាណពនេះមានឧបការៈគុណ ចំពោះអញក្រែ​លែ​ង​ណាស់ ក្នុងក្រុមមាណពមានប្រមាណប៉ុណ្ណេះ មាណពនេះល្ងង់ជាងគេ រៀនសិល្បៈមិនចេះ ធ្វើដូចម្តេចហ្ន៎ ទើបធ្វើឲ្យមាណពនេះឈ្លាសវែបាន លុះគិតដូច្នោះហើយ ក៏មានគំនិតថា មានឧបាយមួយ អញចាំ​សួរមាណពនេះ ពេលដែលមាណពនេះទៅរកឧសរកបន្លែមកថា ថ្ងៃនេះអ្នកឃើញអ្វី ? អ្នកធ្វើអី្វ ? កាលបើដូច្នោះ មាណពនេះនឹងប្រាប់អញថា ថ្ងៃនេះខ្ញុំឃើញវត្ថុឈ្មោះនេះ ធ្វើកិច្ចនេះ ពេលនោះអញនឹងសួរថា កន្លែងដែលអ្នកឃើញ កន្លែងដែលអ្នកធ្វើនោះ ដូចអ្វី ? មាណពនេះនឹងប្រាប់អញដោយឧបមានិង​ដោ​យ​​ហេតុថា យ៉ាងនេះ ដោយវិធីនេះអញឲ្យមាណពពោលឧបមានិងដោយហេតុហើយ នឹងធ្វើឲ្យ​មាណ​ព​​នោះឈ្លាសវៃ បានដោយឧបាយនេះ (គិតដូច្នេះហើយ) ទើបហៅមាណពនោះមកប្រាប់ថា នែមាណព ចាប់ពី ពេលនេះទៅ ក្នុងទីកន្លែងដែលអ្នកទៅរកឧសនិងរកបន្លែនោះ អ្នកបានឃើញ បានបរិ​ភោគ​ បានផឹក ឬ បានទំពាវត្ថុណាក្នុងទីនោះ ពេលមកដល់កន្លែងត្រូវប្រាប់វត្ថុនោះដល់យើង ។ មាណពនោះយល់ព្រមថា ប្រពៃហើយលោកអាចារ្យ ។ ថ្ងៃមួយ មាណពទៅព្រៃដើម្បីរកឧសជាមួយនឹងមាណព​ទាំងឡាយ ឃើញពស់ក្នុងព្រៃ ពេលត្រឡប់មកវិញប្រាប់អាចារ្យថា បពិត្រលោកអាចារ្យ ខ្ញុំឃើញ​ពស់ ។អាចារ្យ​សួរថា នែមាណព ដែលឈ្មោះថាពស់ ដូចអ្វី ?មាណពឆ្លើយថា ដូចដងនង្គ័ល ។អាចារ្យ​ត្រេកអរថា ល្អហើយ ល្អហើយ មាណព ឧបមាដែលអ្នកនាំមកថា ពស់ដូច ដងនង្គ័ល ជាទីពេញចិត្ត​យើង​​ហើយ ។គ្រានោះ ព្រះបរមពោធិសត្វត្រិះរិះថា ឧបមាគួរពេញចិត្ត មាណពនាំមកបាន អញអាចនឹង​ធ្វើ​​ឲ្យមាណពនេះឆ្លាតបាន ។ ថ្ងៃមួយ មាណពនោះបានឃើញដំរីក្នុងព្រៃ ក៏មកប្រាប់ថា បពិត្រលោកអាចារ្យ​ ខ្ញុំឃើញដំរី ។អាចារ្យសួរថា ដំរីដូចអ្វី ?មាណពឆ្លើយថា ក៏ដូចដងនង្គ័លដែរ ។ ព្រះបរមពោធិសត្វគិតថា ប្រមោយដំរីក៏ង ដូចដងនង្គ័ល អវយវៈដទៃៗ ដូចជាភ្លុកជាដើម អាចមានរូប​រាង​ដូច្នេះបាន ប៉ុន្តែមាណពនេះ មិនអាចចែកហើយពោលព្រោះខ្លួនល្ងង់ ប្រហែលនិយាយសំដៅយកប្រមោយ​ដំរី ហើយក៏នៅស្ងៀម ។ ថ្ងៃមួយ មាណពនោះបានបរិភោគអំពៅក្នុងទីដែលគេអញ្ជើញទៅ ក៏​មក​​ប្រាប់ថា បពិត្រលោកអាចារ្យ ថ្ងៃនេះខ្ញុំបានបរិភោគអំពៅ ។ កាលអាចារ្យសួរថា អំពៅដូចអ្វី ? ក៏ពោល​ថា ដូចដងនង្គ័ល ។ ព្រះបរមពោធិសត្វគិតថា មាណពនេះពោលហេតុផលសមគួរបន្តិច ហើយក៏នៅ​​ស្ងៀម ។ ថ្ងៃមួយទៀត ក្នុងទីដែលបានទទួលអញ្ជើញ មាណពពួកខ្លះបានបរិភោគស្ករអំពៅ និងទឹក​ដោះ​ជូរ ពួកខ្លះបរិភោគស្ករអំពៅ និងទឹកដោះស្រស់ ។ មាណព​នោះមកដល់កន្លែងវិញ ប្រាប់អាចារ្យថា បពិត្រលោកអាចារ្យ ថ្ងៃនេះ ខ្ញុំបរិភោគទឹកដោះជូរផង ទឹក​ដោះស្រស់ផង កាលត្រូវអាចារ្យសួរថា នែមាណព ទឹកដោះជូរនិងទឹកដោះស្រស់ដូចអ្វី ? ក៏ឆ្លើយថា ដូច​ដងនង្គ័ល ។ ព្រះបរមពោធិសត្វពោលថា មាណពនេះ កាលពោលថា ពស់ដូចដងនង្គ័ល ពោលបានត្រឹម​ត្រូវ សូម្បីពោលថា ដំរីដូចដងនង្គ័ល ក៏អាចពោលបាន ដោយសំដៅយកប្រមោយ សូម្បីដែលពោល​ថា​ អំពៅដូចដងនង្គ័លក៏នៅសមគួរ ប៉ុន្តែទឹកដោះជូរ ទឹកដោះស្រស់ ពណ៌សជានិច្ច ទ្រទ្រង់ខ្លួនដោយភាជនៈ​ មិនគួរនឹងពោលឧបមាក្នុងរឿងនេះបាន ដោយប្រការទាំងពួង អញមិនអាចឲ្យមនុស្សល្ងង់ម្នាក់នេះ ​សិក្សាបាន ទើបពោលគាថានេះថា អសព្ពត្ថគាមិំ វាចំ, ពាលោ សព្ពត្ថ ភាសតិ; នាយំ ទធិំ វេទិ ន នង្គលីសំ, ទធិប្បយំ មញ្ញតិ នង្គលីសំ។ បុគ្គលពាលរមែងពោលនូវវាចា ដែលមិនគួរពោលគ្រប់យ៉ាងបាន ក្នុងទីទាំងពួង មាណពនេះមិនស្គាល់ទឹកដោះជូរ មិនស្គាល់ដងនង្គ័លឡើយ ទើបសម្គាល់នូវទឹកដោះជូរ និងទឹកដោះស្រស់ថា ដូចដងនៃនង្គ័លទៅវិញ ។ ក្នុងគាថានោះ មានសេចក្តីសង្ខេបដូច្នេះថា វាចាណាដែលមិនសមគួរក្នុងទីទាំងពួងដោយអំណាចនៃឧបមា​ វាចាដែលមិនសមគួរក្នុងទីទាំងពួងនោះ បុគ្គលពាលតែងពោលបានក្នុងទីគ្រប់អន្លើ ដូចត្រូវសួរថា ទឹកដោះជូរដូចអ្វី ? ក៏ឆ្លើយភ្លាមថា ដូចដងនង្គ័ល កាលពោលយ៉ាងនេះ ព្រោះមិនស្គាល់ទឹកដោះជូរនិងទឹកដោះស្រស់ ។សួរថា ព្រោះហេតុអ្វី ?ឆ្លើយថា ព្រោះថា សូម្បីតែទឺកដោះជូរក៏គេសម្គាល់ថាជា ដង​នង្គ័ល​បាន ។ ន័យម៉្យាងទៀត ព្រោះគេសម្គាល់ទឺកដោះជូរនិងទឹកដោះស្រស់ថា ដូចដងនង្គ័ល មាណពនេះ​ល្ងង់ដល់កម្រិតនេះ ព្រះបរមពោធិសត្វគិតថា ប្រយោជន៍អ្វីដោយមាណពនេះ ទើបប្រាប់អន្តេវាសិកទាំង​ឡាយឲ្យស្បៀងហើយបញ្ជូនមាណពនេះ ឲ្យត្រឡប់ទៅផ្ទះវិញ ។ ព្រះបរមសាស្តា ទ្រង់នាំយកព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថាតទា លាឡកមាណវោ លាឡុទាយី អហោសិ មាណព ល្ងង់ក្នុងកាលនោះ បានមកជាលោឡុទាយី ។ទិសាបាមោក្ខោ អាចរិយោ បន អហមេវ អហោសិំ ចំណែកអាចារ្យ ទិសាបាមោក្ខ គឺ តថាគត នេះឯង ៕ ចប់ នង្គលីសជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត កុសនាឡិវគ្គ បិដកលេខ ៥៨ ទំព័រ ៥៥) ដោយ៥០០០ឆ្នាំ
images/articles/2863/jhgfd.jpg
សុវណ្ណហំសជាតក
ផ្សាយ : ០២ កក្តដា ឆ្នាំ២០២៣
(សេចក្ដីលោភតែងញ៉ាំងបុគ្គលឲ្យវិនាស) ព្រះបរមសាស្តា កាលស្ដេចគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុនីឈ្មោះថុល្លនន្ទា បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា យំ លទ្ធំ តេន តុដ្ឋព្វំ ដូច្នេះ ជាដើម ។ សេចក្តីពិស្តារថា ឧបាសកម្នាក់នៅក្នុងនគរសាវត្ថី បវារណាខ្ទឹមចំពោះភិក្ខុនីសង្ឃ ហើយ ផ្តាំអ្នកចម្ការថា ប្រសិនបើអ្នកព្រះនាងម្ចាស់ទាំងឡាយមកយកខ្ទឹម ចូរប្រគេនមួយ អង្គ ពីរ-បីកញ្ចប់ចុះ ។ ចាប់ពីពេលនោះមក ភិក្ខុនីទាំងឡាយត្រូវការខ្ទឹម ក៏នាំគ្នាទៅកាន់ ផ្ទះឧបាសកនោះខ្លះ ទៅកាន់ចម្ការខ្លះ លុះដល់ថ្ងៃមហោស្រពមួយ ខ្ទឹមក្នុងផ្ទះរបស់ឧបាសកនោះអស់ទៅ ។ ភិក្ខុនីឈ្មោះ ថុល្លនន្ទា មួយអន្លើដោយបរិវារទៅកាន់ផ្ទះ ឧបាសកនោះ ហើយពោលថា នែអ្នកមានអាយុ អាត្មាត្រូវការខ្ទឹម ។ អ្នកបម្រើពោលថា បពិត្រអ្នកនាងម្ចាស់ ខ្ទឹមនៅផ្ទះមិនមានទេ អស់ហើយ និមន្តទៅចម្ការចុះ ទើបនាំគ្នាទៅ ចម្ការជញ្ជូនខ្ទឹមទៅដោយមិនស្គាល់ប្រមាណ ។អ្នកចាំចម្ការពោលទោសថា ព្រោះហេតុ អ្វី ទើបភិក្ខុនីទាំងឡាយ នាំគ្នាជញ្ជូនខ្ទឹមយកទៅដោយមិនស្គាល់ប្រមាណយ៉ាងនេះ ពួក ភិក្ខុនីដែលមានសេចក្តីប្រាថ្នាតិច បានស្តាប់ពាក្យរបស់អ្នកចាំចម្ការហើយ ពោលទោស ភិក្ខុនីទាំងនោះ ។ ពួកភិក្ខុលុះបានឮអំពីភិក្ខុនីទាំងនោះ ក៏នាំគ្នាពោលទោស ហើយ ក៏ក្រាបទូលរឿងនោះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះមានព្រះភាគទ្រង់តិះដៀលភិក្ខុនី ឈ្មោះថុល្លនន្ទាហើយ ទ្រង់សម្តែងធម៌ដ៏សមគួរដល់រឿងនោះ ដល់ភិក្ខុនីទាំងឡាយ ដោយន័យមានជាអាទិ៍ថា ម្នាលភិក្ខុទាំងឡាយ ធម្មតាបុគ្គលអ្នកមានសេចក្តីប្រាថ្នាច្រើន មិនជាទីស្រឡាញ់ មិនជាទីត្រេកអរ មិនជាទីចម្រើនចិត្ត សូម្បីដល់មាតាបិតាបង្កើត មិនអាចនឹងញ៉ាំងអ្នកដែលមិនទាន់ជ្រះថ្លា ឲ្យជ្រះថ្លាបាន មិនអាចញ៉ាំងអ្នកដែលជ្រះថ្លា ហើយឲ្យរឹងរឹតតែជ្រះថ្លាបានឡើងទេ មិនអាចញ៉ាំងលាភដែលមិនទាន់កើតឲ្យកើត ឬ លាភដែលកើតហើយ ក៏មិនអាចធ្វើឲ្យឋិតថេរគង់វង្សបាន ចំណែកអ្នកដែលប្រាថ្នាតិច រមែងញ៉ាំងលាភដែលមិនទាន់កើតឲ្យកើត លាភដែលកើតហើយក៏ធ្វើឲ្យឋិតថេរគង់វង្ស បាន ហើយទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែពេលនេះប៉ុណ្ណោះ​ទេ ដែល ភិក្ខុនីឈ្មោះថុល្លនន្ទាមានសេចក្តីប្រាថ្នាច្រើននោះ សូម្បីក្នុងកាលមុនក៏ធ្លាប់មានសេចក្តីច្រើនដែរ ហើយទ្រង់នាំយករឿងក្នុងអតីត មកសម្តែងដូចតទៅថា ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះបរមពោធិសត្វបដិ​សន្ធិក្នុងត្រកូលព្រាហ្មណ៍ កាលចម្រើនវ័យហើយ មាតាបិតារៀប ចំឲ្យមានភរិយាដែលមានជាតិត្រកូលស្មើគ្នា មានធីតាបីនាក់ ឈ្មោះ នន្ទា នន្ទវតី សុន្ទរីនន្ទា កាលធីតាទាំងនោះមានស្វាមីគ្រប់គ្នាហើយ ព្រះពោធិ​សត្វក៏ធ្វើកាលកិរិយាទៅ កើតជាសត្វហង្សមាស ហើយមានញាណរលឹកជាតិបានទៀត​ផង ហង្សមាសនោះធំ ឡើងហើយ ឃើញអត្តភាពដែលពេញបរិបូណ៌ដោយរោមដែលជាមាស ក៏គិតថា អញ ចុតិ​មក​អំពីទីណាហ្ន៎ ទើបមកកើតក្នុងទីនេះ ក៏ដឹងថា មកអំពីមនុស្សលោក ពិចារណា តទៅទៀតថា ព្រាហ្ម​ណី​និងពួកធីតារបស់អញ នៅមានជីវិតឬហ្ន៎ ? ក៏បានដឹងថា ទីទ័លក្រ ត្រូវស៊ីឈ្នួលគេចិញ្ចឹមជីវិតយ៉ាងលំបាក ទើបគិតថា រោមទាំងឡាយក្នុងសរីរៈ របស់អញជាមាសទាំងអស់ អញនឹងឲ្យ​រោម​អំពីសរីរៈនេះដល់នាងទាំងនោះ ម្តងមួយៗ ដោយហេតុនោះ ភរិយានិងធីតាទាំងបី របស់អញនឹងរស់នៅដោយមិនលំបាក គឺរស់នៅ ដោយសុខសប្បាយ ។ សុវណ្ណហង្សក៏ហើរទៅកាន់ទីនោះ ទំលើ​ត្បាល់​ជាន់ ។ ព្រាហ្ម​ណី និងធីតាឃើញព្រះមហាសត្វហើយក៏សួរថា បពិត្រអ្នកដ៏ចម្រើន តើអ្នកមកអំពីទីណា ? ហង្សមាសពោធិសត្វឆ្លើយថា យើងជាបិតារបស់អ្នកទាំងឡាយ ស្លាប់ទៅកើតជា ហង្សមាសមកដើម្បី​ជួប​អ្នកទាំងឡាយ តាំងពីពេលនេះទៅអ្នកទាំងឡាយមិនបាច់ទៅស៊ី ឈ្នួលអ្នកដទៃ ដើម្បីចិញ្ចឹមជីវិតដោយ​លំបាកទៀតទេ យើងនឹងឲ្យរោមដល់អ្នកទាំង ឡាយម្តងមួយៗ ចូរយកទៅលក់ចិញ្ចឹមជីវិតតាមសប្បាយចុះ ជម្រុះរោមទុកឲ្យមួយ ហើយទើបហើរទៅ ។ ហង្សមាសនោះមកជាចន្លោះៗ រលាស់ជម្រុះ​រោម​ឲ្យម្តងមួយដោយ ទំនងនេះ ព្រាហ្មណីនិងកូនៗ បានធូរធារឡើងៗ ចិញ្ចឹមជីវិតដោយសុខស្រួល មាន​ សេចក្តីសុខសប្បាយគ្រប់គ្នា ។ ថ្ងៃមួយព្រាហ្មណីប្រឹក្សាជាមួយកូនៗថា នែនាងទាំង ឡាយ ធម្មតាសត្វតិរច្ឆានស្គាល់ចិត្តបានដោយលំបាក ពេលខ្លះ បិតារបស់កូនមិនមកទី នេះ ពួកយើងនឹងធ្វើដូចម្តេច ឥឡូវនេះ ពេលដែលបិតារបស់កូនឯងមក ពួកយើងនាំគ្នា ចាប់ដករោមឲ្យអស់ចុះ ។ ពួកកូនស្រីនាំគ្នានិយាយថា ធ្វើយ៉ាងនោះ បិតារបស់ពួកខ្ញុំនឹង លំបាក ម្នាក់ៗក៏មិនយល់ព្រម ប៉ុន្តែនាងព្រាហ្មណីព្រោះតែមានសេចក្តីប្រាថ្នាធំ ថ្ងៃមួយ ពេលដែលស្តេចហង្សមាសមកក៏និយាយថា បពិត្រអ្នកជាម្ចាស់ មកនេះសិន លុះស្តេច ហង្សមាសចូលទៅជិតក៏ចាប់ដោយដៃទាំងពីរ ដករោមអស់ ប៉ុន្តែព្រោះចាប់ដកយក ដោយកម្លាំងល្មោភ ព្រះពោធិសត្វមិនបានឲ្យដោយសុទ្ធចិត្ត រោមទាំងនោះទើបដូចជា រោមកុកទាំងអស់ ។ ព្រះមហាសត្វមិនអាចនឹងត្រដាងស្លាបហើរទៅបាន ព្រាហ្មណីក៏ ចាប់ហង្សមាស​យក​ទៅដាក់ក្នុងពាងធំដើម្បីចិញ្ចឹមថែទាំ រោមដែលដុះឡើងថ្មីរបស់ហង្ស មាសនោះ ក្លាយជាពណ៌សទាំង​អស់ ។ ហង្សនោះលុះរោមដុះឡើងគ្រប់គ្រាន់ ហើយ ក៏លោតឡើងហើរទៅលំនៅរបស់ខ្លួនភ្លាម ហើយក៏មិនបានមកទៀតឡើយ ។ ព្រះបរមសាស្តា ទ្រង់នាំយករឿងក្នុងអតីតនេះមកសម្តែងហើយ ទើបទ្រង់ត្រាស់ ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែពេលនេះប៉ុណ្ណោះទេ ដែលថុល្លនន្ទាមានសេចក្តី ប្រាថ្នាច្រើន សូម្បីក្នុងកាលមុនក៏មានសេចក្តីប្រាថ្នាច្រើនដែរ ហើយព្រោះតែមានសេចក្តី ប្រាថ្នាច្រើន ទើបត្រូវវិនាសចាកមាស ពេលនេះព្រោះហេតុតែខ្លួនមានសេចក្តីប្រាថ្នា ច្រើននោះឯង នឹងត្រូវសាបសូន្យសូម្បីតែខ្ទឹម ព្រោះហេតុនោះ តាំងពីពេលនេះទៅ​នឹង​ មិនបានសូម្បីតែឆាន់ខ្ទឹម សូម្បីភិក្ខុនីដ៏សេសទាំងឡាយ ព្រោះអាស្រ័យថុល្លនន្ទានោះ ក៏នឹងមិនបានឆាន់​ខ្ទឹមដូចថុល្លនន្ទាដែរ (ទ្រង់បញ្ញត្តសិក្ខាបទថា ភិក្ខុនីណាមួយទំពាស៊ីខ្ទឹម ត្រូវអាបត្តិបាចិត្តិយ) ហេតុនោះ សូម្បីនឹងបានច្រើនក៏ត្រូវស្គាល់ ប្រមាណ ប៉ុន្តែបើបានតិច ក៏គប្បីត្រេកអរពេញចិត្តតាមដែលបានប៉ុណ្ណោះ មិនគួរប្រាថ្នា ឲ្យក្រៃលែងឡើងឡើយ ហើយទ្រង់ត្រាស់ព្រះគាថានេះថា យំ លទ្ធំ តេន តុដ្ឋព្ពំ, អតិលោភោ ហិ បាបកោ; ហំសរាជំ គហេត្វាន, សុវណ្ណា បរិហាយថា។ ទ្រព្យណា ដែលបុគ្គលបានមកហើយ បុគ្គលគប្បីត្រេកអរដោយទ្រព្យនោះ ព្រោះ ថាសេចក្តីល្មោភហួសជារបស់លាមក (ដូចនាងព្រាហ្មណី) ក៏សាបសូន្យ ចាកមាស ព្រោះចាប់ស្តេចហង្ស ។ បណ្តាបទទាំងនោះ បទថា តុដ្ឋព្វំ ប្រែថា គប្បីត្រេកអរ ។ ព្រះបរមសាស្តា លុះទ្រង់ត្រាស់ព្រះធម្មទេសនានេះហើយ ទ្រង់តិះដៀលដោយ អនេកបរិយាយ ហើយទ្រង់បញ្ញត្តសិក្ខាបទថា យា បន ភិក្ខុនី លសុណំ ខាទេយ្យ, បាចិត្តិយំ ភិក្ខុនីណា ឆាន់ខ្ទឹមត្រូវអាបត្តិបាចិត្តិយៈ (បិដកលេខ ៥ ទំព័រ ១៥៦) ដូច្នេះហើយ ទ្រង់​ប្រជុំជាតកថាតទា ព្រាហ្មណី អយំ ថុល្លនន្ទា អហោសិ ព្រាហ្មណីក្នុងកាលនោះ បានមកជា​ថុល្លន​ន្ទាភិក្ខុនី ។តិស្សោ ធីតរោ ឥទានិ តិស្សោយេវ ភគិនិយោ ធីតាទាំងបីបានមកជា បងប្អូនស្រីក្នុងកាលឥឡូវនេះ ។សុវណ្ណហំសរាជា បន អហមេវ អហោសិំ ចំណែកសុវណ្ណហង្សគឺ តថាគតនេះឯង ។ ចប់ សុវណ្ណហំសជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត អសម្បទានវគ្គ បិដកលេខ ៥៨ ទំព័រ ៦០) ដោយ៥០០០ឆ្នាំ
images/articles/2864/gfdsetry.jpg
កដាហកជាតក
ផ្សាយ : ០២ កក្តដា ឆ្នាំ២០២៣
ព្រះបរមសាស្តា កាលទ្រង់គង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុអ្នកច្រើនទៅ ដោយការអួតមួយរូប បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ពហុម្បិ សោ វិកត្ថេយ្យ ដូច្នេះជាដើម ។ រឿងរបស់ភិក្ខុនោះ ដូចរឿងដែលបានពោលហើយក្នុងកាលមុននោះឯង ។ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះបរមពោធិសត្វ​សោយ​ព្រះជាតិជាសេដ្ឋីអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ។ ភរិយារបស់ សេដ្ឋីប្រសូតបុត្ត ចំណែកទាសីរបស់​សេដ្ឋីក៏ប្រសូតបុត្តក្នុងថ្ងៃនោះដែរ ។ ក្មេងទាំងពីរ នោះ ធំឡើងជាមួយគ្នា កាលបុត្តសេដ្ឋីទៅរៀនអក្សរ​ កូនទាសីក៏កាន់ក្តារឈ្នួនទៅតាម រៀនអក្សរជាមួយបុត្តសេដ្ឋីនោះដែរ បានសរសេរ បានអានពីរ-បី​ដង​ កូនទាសីនោះ ក៏ចាំ ពាក្យនោះ ឈ្លាសវៃក្នុងវោហារដោយលំដាប់ ។ លុះធំពេញវ័យ កំលោះនោះ មាន​រូបរាង សង្ហាមានឈ្មោះថា កដាហកៈ ។ កូនទាសីនោះមាននាទីជាអ្នករក្សាឃ្លាំងក្នុងផ្ទះរបស់ សេដ្ឋី គេគិតថា មនុស្សទាំងនេះគង់នឹងមិនប្រើអញឲ្យធ្វើជាអ្នករក្សាឃ្លាំងរហូតទៅទេ ពេលឃើញទោសអ្វីបន្តិចបន្ទួច គង់នឹងវាយចាប់ចងបោះត្រា ដើម្បីជាគ្រឿង​សម្គាល់ ហើយប្រើប្រាស់ដូចជាទាសៈតទៅ នៅឯជាយដែនមានសេដ្ឋីម្នាក់ដែលជា សម្លាញ់នឹង សេដ្ឋី​នេះ បើដូច្នោះ អញកាន់សំបុត្រដែលជាពាក្យរបស់សេដ្ឋីទៅកាន់ទៅទីនោះ ប្រាប់ ថា អញជាកូនសេដ្ឋី ​កុហកសេដ្ឋី​នោះហើយ សូមធីតារបស់សេដ្ឋីនោះធ្វើជាគូគ្រង គប្បី នៅយ៉ាងសុខ ។ កូនទាសីនោះ សរសេរសំបុត្រដោយខ្លួនឯងថា ខ្ញុំបញ្ជូនកូនប្រុសខ្ញុំ ឈ្មោះនេះទៅកាន់សម្នាក់របស់លោក​ ធម្មតាសម្ព័ន្ធគ្នារវាងលោកជាមួយខ្ញុំ ខ្ញុំជា​មួយ លោកជាការសមគួរណាស់ ព្រោះហេតុនោះ សូមលោក​លើកធីតារបស់លោកឲ្យកុមារ នេះ ហើយឲ្យគេនៅទីនោះចុះ ចាំមានឱកាសខ្ញុំនឹងទៅលេងលោក ដូច្នេះ​ហើយ យកត្រា របស់សេដ្ឋី​មក​បោះ​លើសំបុត្រនោះ កាន់យកស្បៀងនិងគ្រឿងឧបភោគ និងសំពត់ជាដើម ទៅតាមការពេញចិត្ត ។ លុះទៅដល់បច្ចន្តជនបទជួបសេដ្ឋី ថ្វាយបង្គំហើយឈរក្នុង ទីដ៏សមគួរមួយ ។ ពេលនោះសេដ្ឋីសួរថា នែមាណព អ្នកមកអំពីណា? កដាហកៈឆ្លើយថា បពិត្រលោកសេដ្ឋី ខ្ញុំមកពីនគរពារាណសី ។ សេដ្ឋីសួរថា មាណពឯងជាកូនរបស់អ្នកណា ? កដាហកៈឆ្លើយថា ខ្ញុំជាបុត្តសេដ្ឋីនគរពារាណសី ។ សេដ្ឋីសួរថា មកទីនេះមានការអ្វី ? ពេលនោះកដាហកៈក៏ឲ្យសំបុត្រព្រមនឹង ពោលថា បពិត្រសេដ្ឋី លោក​​​មើល​សំបុត្រនេះហើយនឹងជ្រាប ។ សេដ្ឋីអានសំបុត្រហើយ សប្បាយចិត្តថា ពេលនេះអញនឹងរស់​នៅ​​យ៉ាងសុខសប្បាយ ចាត់ចែងលើកធីតាឲ្យ ។ សេដ្ឋីនោះមានបរិវារច្រើន កាលមានអ្នកនាំយាគូនឹង​​​រ​បស់​​បរិភោគជាដើមទៅឲ្យ ឬនាំ សំពត់ដែលអប់ដោយគ្រឿងក្រអូបចូលទៅឲ្យ កដាហកៈក៏តិះ​ដៀល​​​យា​គូ​ជា​ដើមថា ឱ អ្នកស្រុកក្រៅដាំយាគូស្អីបែបនេះ ធ្វើរបស់គួរបរិភោគស្អីបែបនេះ ដាំបាយស្អីបែប​នេះ តិះ​ដៀល​សំពត់និងកម្មករជាដើមថា ព្រោះជាមនុស្សស្រុកស្រែ ទើបមិនចេះប្រើប្រាស់ សំពត់ថ្មី ៗ មិនចេះប្រើ​ប្រាស់​គ្រឿង​ក្រអូប ​មិនចេះទ្រទ្រង់ផ្កាកម្រង ។ ព្រះបរមពោធិសត្វកាលមិនឃើញទាសៈក៏សួរថា យើងមិនបានឃើញកដាហកៈ វាទៅណា ? នាំគ្នាតាម​រកវាមើល៍ ដូច្នេះហើយប្រើឲ្យមនុស្សដើររកដោយជុំវិញ ។ បណ្តា មនុស្សទាំងនោះ បុរសម្នាក់ទៅកាន់ទី​នោះ បានឃើញកូនទាសីនោះហើយចាំបាន ។ កូន ទាសីនោះមិនបានដឹងថា មានគេឃើញខ្លួន ។ បុរសដែល​ឃើញកូនទាសីនោះ ទៅប្រាប់ សេដ្ឋីពោធិសត្វ ។ សេដ្ឋីពោធិសត្វស្តាប់រឿងនោះហើយគិតថា កដា​ហកៈ​នោះធ្វើយ៉ាង នោះមិនសមគួរឡើយ ត្រូវទៅចាប់វាមកក្រាបទូលព្រះរាជា ។ សេដ្ឋីពោធិសត្វចេញអំពី ផ្ទះទៅជាមួយបរិវារជាច្រើន ដំណឹងបានផ្សាយទូទៅថា បានឮថា លោកសេដ្ឋីទៅកាន់ បច្ចន្ត​ជន​បទ ។ កដាហកៈស្តាប់ឮថាសេដ្ឋីមក គិតថា សេដ្ឋីមកដោយរឿងដទៃក៏ទេ គឺមក ដោយរឿងអញនោះឯង ប្រសិន​​​​បើ​អញ​គេ​ច​ចេញទៅ មិនអាចត្រឡប់មកបានទៀតទេ ឧបាយនោះនៅមាន អញត្រូវទៅជួបសេដ្ឋីដែល​​​ជា​ចៅ​​ហ្វាយ​នាយ ហើយធ្វើកិច្ចរបស់ ទាសៈ ធ្វើឲ្យសេដ្ឋីអត់ទោសឲ្យទាល់តែបាន ។ ចាប់ពីពេលនោះមក កូនទាសីនោះពោល យ៉ាងនេះកណ្តាលបរិស័ទថា ពួកបុគ្គលពាលដទៃ ៗ មិនដឹងគុណមាតាបិតាព្រោះខ្លួនជា បុគ្គលពាល ពេលដែលមាតាបិតាបរិភោគ មិនមានការគោរព បរិភោគរួមជា​មួយ មាតាបិតាជានិច្ច ចំណែកយើងពេលមាតាបិតាបរិភោគតែងតែរង់ចាំលើកវត្ថុចូលទៅ លើកកន្ថោរចូល​ទៅ ពេលខ្លះក៏បក់ផ្លិតជូន ចូលទៅឈរជិតៗ លុះពោលដូច្នេះហើយ ប្រកាសកិច្ចដែលពួកទាសៈត្រូវ​ធ្វើចំពោះចៅហ្វាយនាយគ្រប់យ៉ាង រហូតដល់ការកាន់ ផ្តិលទឹកទៅកាន់ទីកំបាំងក្នុងពេលដែលចៅ​ហ្វាយនាយបន្ទោបង់ឧច្ចារៈបស្សាវៈជាដើម ។ លុះធ្វើឲ្យបរិស័ទដឹងយ៉ាងនេះហើយ ពេលដែលព្រះបរមពោធិ​សត្វមកជិតដល់បច្ចន្ត ជនបទក៏ប្រាប់សេដ្ឋីដែលជាឪពុកក្មេកថា បពិត្របិតា បានឮថា បិតារបស់ខ្ញុំមក​ដើម្បីជួប បិតា សូមបិតាបញ្ជាឲ្យគេត្រៀមខាទនីយភោជនីយាហារចុះ ខ្ញុំនឹងកាន់យកគ្រឿង បណ្ណា​ការ​ (ចេញទៅទទួលបិតារបស់ខ្ញុំ ) សេដ្ឋីពោលថា ប្រពៃហើយកូន ។ កដាហកៈកាន់បណ្ណាការធ្វើដំណើរទៅជាមួយបរិវារជាច្រើន ថ្វាយបង្គំសេដ្ឋី ពោធិសត្វហើយជូនបណ្ណា​ការ ។ ចំណែកសេដ្ឋីពោធិសត្វទទួលបណ្ណាការហើយធ្វើ បដិសណ្ឋារៈនឹងកូនទាសីនោះ ដល់វេលាបរិភោគ​អាហារពេលព្រឹកក៏ឲ្យបោះជំរំសម្រាក ហើយ ចូលទៅកាន់ទីកំបាំងដើម្បីបន្ទោបង់ឧច្ចារៈបស្សាវៈ កដាហកៈ​ឲ្យបរិវាររបស់ខ្លូន ត្រឡប់ហើយ កាន់ផ្តិលទឹកទៅកាន់សម្នាក់ព្រះបរមពោធិសត្វ ។ កាលសម្រេច​ឧទកកិច្ច ហើយ ក៏ក្រាបទៀបជើងទាំងពីរពោលថា បពិត្រលោកម្ចាស់ ខ្ញុំនឹងជូនទ្រព្យដល់លោក តាមដែលលោកត្រូវការ សូមមេត្តាកុំធ្វើយសរបស់ខ្ញុំឲ្យវិនាសឡើយ ។ ព្រះពោធិសត្វ ជ្រះថ្លាក្នុងការបរិបូណ៌ដោយវត្តរបស់កូនទាសីនោះ ក៏លួងលោមថា នែអ្នកដ៏ចម្រើន អ្នកកុំខ្លាចឡើយ អន្តរាយអំពីសម្នាក់របស់យើងមិនមានដល់អ្នកទេ ហើយចូលទៅកាន់ បច្ចន្តនគរ សក្ការៈយ៉ាងច្រើនមានដល់ព្រះមហាសត្វ ។ ចំណែកកដាហកៈ ក៏ធ្វើកិច្ចដែល ទាសៈត្រូវធ្វើដល់សេដ្ឋីពោធិសត្វរហូតគ្រប់វេលា ។ គ្រានោះ បច្ចន្តសេដ្ឋីពោលជាមួយនឹងព្រះពោធិសត្វដែលអង្គុយយ៉ាងសប្បាយក្នុងពេលមួយថា បពិត្រសេដ្ឋី ខ្ញុំឃើញ សំបុត្ររបស់លោកភ្លាម ក៏លើកកូនស្រីឲ្យកូនរបស់លោកភ្លាមដែរ ។ ព្រះមហាសត្វក៏ធ្វើ កដាហកៈឲ្យជាកូនដែរ ពោលពាក្យជាទីស្រឡាញ់ ពេញចិត្តឲ្យសេដ្ឋីត្រេកអរ តាំងពី ពេលនោះមកក៏គ្មានអ្នកណាហ៊ានសម្លឹងមើលមុខកដាហកៈឡើយ ។ ថ្ងៃមួយ ព្រះបរម ពោធិសត្វហៅធីតារបស់សេដ្ឋីមកពោលថា នែកូនស្រី មកនេះ ជួយរកចៃលើក្បាលឲ្យ ពុកបន្តិចដូច្នេះហើយ ពោលពាក្យជាទីស្រឡាញ់ដល់កូនប្រសាដែលឈររកចៃឲ្យ រួចសួរ ថា នែកូនស្រី កូនរបស់ឪពុកមិនប្រមាទក្នុងសុខទុក្ខរបស់កូនទេឬ ? អ្នកទាំងពីរនៅ ស្រឡាញ់គ្នាទេឬ ? នាងឆ្លើយថា បពិត្រលោកឪពុក បុត្ររបស់លោកឪពុកមិនមានចំណុចដទៃដែល គួរឲ្យតិះដៀលទេ គ្រាន់​តែ​រអ៊ូរទាំរឿងអាហារប៉ុណ្ណោះ ។សេដ្ឋីពោលថា នែកូនស្រី កូនពុកម្នាក់នេះ មានប្រក្រតីស៊ីរើសបន្តិច ណ្ហើយ​ចុះ ពុកនឹងឲ្យមន្តសម្រាប់​ចងមាត់វាដល់កូន កូនចូររៀនមន្តនោះឲ្យល្អ កាលកូនរបស់ពុក រអ៊ូរទាំក្នុងពេលបរិភោគ កូនចូរឈរអំពីមុខហើយ ពោលតាមដែលបានរៀនមក ហើយឲ្យធីតារបស់សេដ្ឋីរៀនគាថា​ សម្រាកនៅពីរ-បីថ្ងៃក៏ត្រឡប់ទៅនគរពារាណសីវិញ ។ ចំណែកកដាហកៈ ក៏យកខាទនីយភោជ​នីយា​ហារច្រើនសន្ធឹកសន្ធាប់ តាមព្រះបរម ពោធិសត្វទៅ ជូនទ្រព្យជាច្រើនដល់ព្រះបរមពោធិសត្វ ហើយលាត្រឡប់មកវិញ ។ ចាប់ពី ពេលដែលព្រះបរមពោធិសត្វត្រឡប់ទៅវិញហើយនោះ កដាហកៈក្អេងក្អាង យ៉ាងក្រៃលែង ។ ថ្ងៃមួយ កាលសេដ្ឋីធីតានាំភោជនមានរសប្រណីតៗចូលទៅឲ្យ កាន់ វែករង់ចាំបម្រើ កដាហកៈ​ក៏តិះដៀលអាហារ ។ សេដ្ឋីធីតាក៏សូត្រគាថានោះ តាមទំនង ដែលបានរៀន ហើយក្នុងសម្នាក់ព្រះបរមពោធិសត្វថា ពហុម្បិ សោ វិកត្ថេយ្យ, អញ្ញំ ជនបទំ គតោ; អន្វាគន្ត្វាន ទូសេយ្យ, ភុញ្ជ ភោគេ កដាហកា។ ទាសៈឈ្មោះកដាហកៈនោះ ទៅកាន់ជនបទដទៃ ពោលអួតនូវពាក្យច្រើន សេដ្ឋី ជាម្ចាស់មកតាម ( ម្តងទៀត ) គប្បីប្រទូស្តមិនខាន ម្នាលកដាហកៈ អ្នកចូរបរិភោគនូវ ភោគៈទាំងឡាយទៅ ។ បណ្ណាបទទាំងនោះ បទថា ពហុម្បិ សោ វិកត្ថេយ្យ អញ្ញំ ជនបទំ គតោ សេចក្តីថា អ្នកណាទៅកាន់ជនបទដទៃអំពីជាតិភូមិរបស់ខ្លួន ក្នុងទីដែលមិនមានអ្នកដឹង កំណើតរបស់ខ្លួន អ្នកនោះគប្បីរអ៊ូរទាំ គឺ ពោលអួតនូវពាក្យច្រើនក៏បាន ។ បទថា អន្វាគន្ត្វាន ទូសេយ្យ សេចក្តីថា ព្រោះបានទៅធ្វើកិច្ចរបស់ទាសៈ តាមផ្លូវឲ្យចៅហ្វាយនាយហើយ ទើបអ្នករួចផុតអំពីការវាយដោយរំពាត់ផ្តៅ ដែលនឹង លាត់ស្បែកខ្នងឡើង​ថា​ជាទាសៈ និងការបោះត្រាធ្វើជាគ្រឿងសម្គាល់ ប្រសិនបើអ្នកនៅ តែចចេសធ្វើអាក្រក់ទៀត សេដ្ឋីជា​ម្ចាស់នឹងមកតាមប្រទូស្តមិនខាន គឺតាមមកដល់ ផ្ទះនេះ ហើយគប្បីប្រទូស្ត ធ្វើឲ្យដល់នូវសេចក្តីអន្តរាយម្តងទៀត ដោយការវាយនឹងរំពាត់ផ្តៅ ការបោះត្រាធ្វើជាគ្រឿងសម្គាល់ជាទាសៈ និងដោយការប្រកាសកំណើតក៏បាន ហេតុនោះ កដាហកៈអើយ អ្នកចូរលះបង់ការប្រព្រឹត្តិមិនល្អនេះ ហើយបរិភោគនូវភោគៈ ទាំងឡាយទៅ កុំធ្វើឲ្យភាពជាទាសៈរបស់ខ្លួនបា្រកដឡើង ហើយត្រូវក្តៅក្រហាយស្តាយ ក្នុងកាលជាខាងក្រោយឡើយ នេះជាការអត្ថាធិប្បាយរបស់សេដ្ឋី ។ ចំណែកដសេដ្ឋីធីតាមិនដឹងសេចក្តីនោះ មិនយល់ន័យក្នុងគាថានោះ ពោលបាន តាមគន្លងព្យញ្ជនៈតាមការរៀនប៉ុណ្ណោះ ។ កដាហកៈគិតថា សេដ្ឋីប្រាប់រឿងអាក្រក់របស់ អញហើយ ពិតជាប្រាប់រឿងទាំងអស់ដល់នាងនេះមិនខាន ចាប់តាំងពីពេលនោះមក ឈប់តិះដៀលអាហារទៀត លះបង់មានះ​ចោល បរិភោគអាហារតាមមានតាមបាន ក្រោយអំពីចុតិក៏ទៅតាមយថាកម្ម ។ ព្រះបរមសាស្តា ទ្រង់នាំយកព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថាៈតទា កដាហកោ វិកត្ថកភិក្ខុ អហោសិ កដាហកៈក្នុងកាលនោះ បានមកជាភិក្ខុដែលច្រើនទៅដោយការអួតក្នុងកាលឥឡូវនេះ ។ពារាណសិសេដ្ឋិ បន អហមេវ អហោសិំ ចំណែកពារាណសីសេដ្ឋី គឺ តថាគត នេះឯង ៕ ចប់ កដាហកៈជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ជាតក ឯកកនិបាត កុសនាឡិវគ្គ បិដកលេខ ៥៨ ទំព័រ ៥៥) ដោយ៥០០០ឆ្នាំ
images/articles/2865/cxdscdsds.jpg
កាកជាតក
ផ្សាយ : ០២ កក្តដា ឆ្នាំ២០២៣
(ក្អែកជាសត្វមិនមានខ្លាញ់រាវ) ព្រះបរមសាស្តា កាលទ្រង់គង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ញាតត្ថចរិយា គឺ ការប្រព្រឹត្តជាប្រយោជន៍ដល់ព្រះញាតិ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា និច្ចំ ឧព្វិគ្គហទយា ដូច្នេះជាដើម ។ រឿងក្នុងបច្ចុប្បន្ននឹងមានជាក់ច្បាស់នៅក្នុងភទ្ទសាលជាតក ទ្វាទសកនិបាត ។ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះបរមពោធិសត្វបដិ​សន្ធិ​ក្នុងកំណើតក្អែក ។ ថ្ងៃមួយបុរោហិតរបស់ព្រះរាជាងូតទឹកក្នុងស្ទឹងក្រៅនគរ ផាត់ម្សៅ តែងកាយ ប្រដាប់​កម្រងផ្កា ស្លៀកសំពត់សមនឹងយសសក្តិ កំពុងធ្វើដំណើរចូលនគរ ។ នៅលើចុងសសរបន្ទាយជិត​​នគរ​មានក្អែកពីរទំនៅទីនោះ បណ្តាក្អែកទាំងពីរនោះ ក្អែកមួយនិយាយនឹងក្អែកមួយទៀតថា នែសម្លាញ់ ខ្ញុំនឹងជុះអាចម៍ដាក់ក្បាលព្រាហ្មណ៍នេះ ។ ក្អែកមួយទៀតជំទាស់ថា អ្នកកុំនឹកចង់សប្បាយយ៉ាងនេះឡើយ ព្រាហ្មណ៍នេះជា អ្នកធំ ធម្មតាការបង្ក​ពៀរ​វេរានឹងឥស្សរជន អ្នកនឹងជួបប្រសព្វនឹងផលអាក្រក់ក្រៃលែង ណាស់ ព្រោះថាកាលបើព្រាហ្មណ៍នោះ​ក្រោធហើយ នឹងធ្វើក្អែកទាំងអស់ឲ្យវិនាសបាន ។ក្អែកមួយនោះពោលថា ខ្ញុំមិនអាចផ្លាស់ប្តូរចិត្តបាន ។ ក្អែកមួយទៀតពោលថា បើយ៉ាងនោះ អ្នកនឹងបានដឹងខ្លួនឯង ហើយក៏ហើរចៀសចេញទៅ ។ ក្អែកមួយនោះ ពេលព្រាហ្មណ៍មកដល់ខាងក្រោមសសរបន្ទាយ ក៏ធ្វើជាបន្ទន់ខ្លួនចុះ ហើយជុះអាចម៍ដាក់​ក្បាលព្រាហ្មណ៍នោះ ។ ព្រាហ្មណ៍ក្រោធ ចងពៀរ នឹងហ្វូងក្អែក ។ គ្រានោះ ទាសីបម្រើខាងបុកអង្ករម្នាក់ យកស្រូវហាលនៅក្បែរផ្ទះ អង្គុយយាម រួចក៏ដេកលក់ទៅ ពពែ​រោម​វែង​មួយដឹងថា ទាសីនោះធ្វេសប្រហែស ក៏មកស៊ីស្រូវ ទាសីនោះ ភ្ញាក់ឡើងឃើញពពែក៏ដេញទៅ ពពែលួចមកស៊ីស្រូវ ពេលដែលទាសីនោះដេកលក់ យ៉ាងនោះឯង អស់វារៈពីរបីដង ទាសីនោះក៏​ដេញ​ពពែនោះទៅទាំងបីដង ហើយគិតថា កាលពពែស៊ីរឿយ ៗ នឹងស៊ីស្រូវអស់ពាក់កណ្តាល អញនឹងខាតប្រយោជន៍ជាច្រើន ពេលនេះ ត្រូវធ្វើយ៉ាងណាកុំឲ្យពពែមកបានទៀត ។ នាងក៏កាន់ចន្លុះ (គ្រឿងអុជបំភ្លឺ ធ្វើដោយជ័រនិងស្លឹកឈើ ឬធ្វើដោយសំបកឈើមានជ័រ; មានច្រើនយ៉ាង : ចន្លុះស្លឹក, ចន្លុះក្រាក់, ចន្លុះស្មាច់...។ ) អង្គុយធ្វើដូចជាដេកលក់ កាលពពែចូលមកស៊ីស្រូវក៏ក្រោកឡើងគប់ពពែដោយចន្លុះ ពពែក៏ត្រូវភ្លើងឆេះ កាលរាងកាយត្រូវភ្លើងឆេះ ពពែគិតឲ្យភ្លើង រលត់ ទើបរត់ទៅយ៉ាងលឿន យកខ្លួនត្រដុសនឹងខ្ទមស្មៅមួយដែលនៅជិតរោងដំរី ខ្ទមនោះក៏ឆេះសន្ធោះសន្ធៅ អណ្តាតភ្លើងដែលកើតអំពីខ្ទមនោះ រាលទៅ​ឆេះ​រោង​ដំរី កាលរោងដំរីឆេះ ខ្នងដំរីក៏ឆេះដែរ ដំរីនីមួយ ៗ មានខ្លួនរបួសយ៉ាងដំណំ ។ ពួកហ្មដំរីមិនអាចនឹងព្យាបាល​ឲ្យជាបាន ក៏ក្រាបទូលព្រះរាជា ។ ព្រះរាជាក៏ត្រាស់នឹងបុរោហិតថា លោកអាចារ្យ ហ្មដំរីអស់ថ្វី​ដៃ ​ដែលនឹងរក្សាហ្វូងដំរីហើយ លោកល្មមនឹងស្គាល់ថ្នាំអ្វី ៗ ខ្លះឬ ? បុរោហិតទទួលព្រះរាជតម្រាស់​ថា​ ព្រះករុណាថ្លៃវិសេស ។ ព្រះរាជាត្រាស់សួរថា បានអ្វីទើបគួរ ? បុរោហិតក្រាបទូលថា បពិត្រ​មហារាជ ទាល់​តែ​បានខ្លាញ់ក្អែក ទើបអាចព្យាបាល បាន ។ ព្រះរាជាត្រាស់ថា បើដូច្នោះអ្នកទាំងឡាយ ចូរប្រើមនុស្សឲ្យទៅសម្លាប់ក្អែកយក ខ្លាញ់មកចុះ ។ ចាប់តាំងពីពេលនោះមក មនុស្សទាំងឡាយក៏នាំគ្នាទៅសម្លាប់ក្អែក មិនបានខ្ញាញ់ក៏បោះចោលជាគំនរ ៗ ក្នុងទីនោះ ៗ ។ មហាភ័យបានកើតឡើងដល់ហ្វូងក្អែក ។ គ្រានោះ ព្រះមហាបុរសមានហ្វូងក្អែក ៨ ម៉ឺនជាបរិវារនៅក្នុងព្រៃខ្មោច ។ មានក្អែកមួយមកប្រាប់ព្រះពោធិ​សត្វអំពីភ័យដែលកើតឡើងដល់ហ្វូងក្អែក ។ ព្រះមហាសត្វត្រិះរិះថា វៀរអាត្មាអញចេញហើយ អ្នកដទៃដែលអាចបំបាត់ភ័យ ដែលកំពុងកើតឡើង ដល់ពួកញាតិរបស់អញមិនមានឡើយ អញត្រូវកម្ចាត់​ភ័យ​នោះ ហើយរំពឹងនឹកដល់បារមី ១០ ប្រការ ធ្វើមេត្តាបារមីឲ្យជាបុរេចារិក (ប្រកបដោយកិរិយាប្រព្រឹត្តិទៅក្នុងខាងមុខ, ឱ្យជាចិត្តប្រកបដោយកិរិយាត្រាច់ទៅក្នុងខាមុខ) ហើយហើរទៅម្នាក់ឯងប៉ុណ្ណោះ ចូលទៅតាមប្រហោងបង្អួចដែលគេបើកទុក ចូលទៅលាក់ខ្លួននៅខាងក្រោមរាជាសនៈ ។ ពេលនោះ អាមាត្យម្នាក់ ធ្វើអាកប្បកិរិយា នឹងចាប់ស្តេចក្អែកពោធិសត្វ ព្រះរាជាត្រាស់ហាមឃាត់ថា ក្អែក​ចូលមករកទីពឹង កុំចាប់ក្អែកនោះឡើយ ។ ស្តេចក្អែកសម្រាកនៅទីនោះបន្តិច ហើយរំពឹងនឹកដល់ព្រះ​​បារមី ចេញអំពីអាសនៈ ក្រាបទូលព្រះរាជាថា បពិត្រមហារាជ ធម្មតាព្រះរាជាមិនត្រូវលុះក្នុងអំណាច​អគតិ មានឆន្ទាគតិជាដើម ទើបប្រពៃ កម្មណា ៗ ដែលនឹងត្រូវធ្វើ កម្មនោះ ៗ ត្រូវពិចារណា ឲ្យល្អិត​​ល្អន់ហើយសឹមធ្វើ ទើបប្រពៃ ម៉្យាងទៀត កម្មណាដែលនឹងធ្វើត្រូវបានផល កម្មនោះប៉ុណ្ណោះទើបគួរធ្វើ កម្មក្រៅអំពីនេះមិនគួរធ្វើ ប្រសិនបើព្រះរាជាទាំងឡាយ ទ្រង់ធ្វើកម្មដែលធ្វើទៅមិនសម្រេចផលនោះ មហាភ័យ មានមរណភ័យជាទីបំផុត រមែងកើតឡើងដល់មហាជន ត្បិតបុរោហិតឋិតនៅក្នុងអំណាចនៃការចងពៀរ បានក្រាបទូលកុហក ធម្មតាខ្ញាញ់រាវរបស់ក្អែកទាំងឡាយមិនមានឡើយ ។ ព្រះរាជាទ្រង់ព្រះសណ្តាប់ពាក្យនោះហើយ មានព្រះទ័យជ្រះថ្លា ឲ្យព្រះបរមពោធិសត្វទំនៅលើតាំង ឲ្យរាជបុរសលាបស្លាបដោយប្រេងដែលរម្ងាស់ហើយ ១ សែនដង ឲ្យបរិភោគអាហារដ៏ស្អាតដូចជាព្រះក្រយាហារ ឲ្យផឹកទឹក លុះស្តេចក្អែកសប្បាយចិត្ត បាត់ការហត់នឿយហើយ ទើបត្រាស់ពាក្យនេះថា នែបណ្ឌិត អ្នកពោលថា ធម្មតាខ្ញាញ់រាវរបស់ក្អែកទាំងឡាយមិនមាន ព្រោះហេតុដូចម្តេច ទើបក្អែកទាំងឡាយមិនមានខ្ញាញ់រាវ ? ព្រះមហាសត្វកាលនឹងក្រាបទូល ក៏ពន្យល់ថា បពិត្រមហារាជ ដោយហេតុឈ្មោះនេះ ដោយហេតុឈ្មោះនេះ ធ្វើព្រះរាជវាំងទាំងមូលឲ្យមានសំឡេងតែមួយ សម្តែងធម៌ពោលគាថានេះថា និច្ចំ ឧព្ពិគ្គហទយា, សព្ពលោកវិហេសកា; តស្មា នេសំ វសា នត្ថិ, កាកានម្ហាក ញាតិនំ។ ក្អែកទាំងឡាយ ជាសត្វមានហឫទ័យភ្ញាក់ផ្អើលជានិច្ច ជាសត្វបៀតបៀនមនុស្សលោកទាំងពួង ព្រោះហេតុនោះ បានជាខ្លាញ់រាវនៃពួកក្អែក ជាញាតិរបស់យើងទាំងនោះ មិនចេះមានឡើយ ។ ក្នុងគាថានោះ មានសេចក្តីសង្ខេបដូច្នេះ បពិត្រមហារាជ ធម្មតាហ្វូងក្អែកមានចិត្តភ្ញាក់ផ្លើល គឺធ្លាប់តែតក់​ស្លុតជានិច្ច ។ បទថា សព្វលោកវិហេសកា សេចក្តីថា ក្អែកទាំងឡាយជាសត្វចូលចិត្តបៀតបៀន គម្រាម​កំហែងមនុស្សដែលជាធំ មានក្សត្រជាដើមខ្លះ ស្ត្រីបុរសទូទៅខ្លះ ក្មេងប្រុសក្មេងស្រីជាដើមខ្លះ ហេតុ​នោះ គឺដោយហេតុពីរប្រការនេះ ខ្ញាញ់រាវរបស់ក្អែកទាំងឡាយដែលជាញាតិរបស់ទូលបង្គំទាំងនោះ ទើបមិនមាន សូម្បីក្នុងអតីតក៏មិនធ្លាប់មាន សូម្បីក្នុងអនាគតក៏នឹងមិនមាន ។ ស្តេច​ក្អែកពោធិសត្វចង្អុលបង្ហាញហេតុនេះ ដោយប្រការដូច្នេះហើយ ទូលដាស់តឿនព្រះរាជាថា បពិត្រ​មហា​​រាជ ធម្មតាព្រះរាជាមិនបានពិចារណាហើយ មិនគប្បីបដិបត្តិព្រះរាជកិច្ច ។ ព្រះរាជាទ្រង់ពេញព្រះ​ទ័យ​បូជា​ព្រះបរមពោធិសត្វដោយរាជសម្បត្តិ ។ ព្រះមហាសត្វថ្វាយរាជសម្បត្តិចំពោះព្រះរាជាវិញ ឲ្យព្រះ​រាជា​តាំងនៅក្នុងបញ្ចសីល ទូលសូមព្រះរាជទានអភ័យដល់សត្វទាំងពួង ។ ព្រះរាជាទ្រង់ព្រះសណ្តាប់​នូវព្រះធម្មទេសនាហើយ ទ្រង់ព្រះរាជទានអភ័យដល់សត្វទាំងពួង ទ្រង់តម្កល់និពទ្ធទាន គឺទានដែល​ឲ្យជាប្រចាំដល់ហ្វូងក្អែក ហើយបញ្ជាឲ្យដាំបាយប្រមាណមួយថាំង (ប្រដាប់ធ្វើដោយឈើសម្រាប់​ដង, សម្រាប់រែកទឹក ) លាយដោយវត្ថុដែលមានរសដ៏ប្រណីតផ្សេង ៗ ព្រះរាជទានដល់ហ្វូងក្អែករាល់ ៗ ថ្ងៃ ចំណែកព្រះបរមពោធិសត្វបានទទួលព្រះរាជទានព្រះក្រយាហារនោះឯង ។ ព្រះបរមសាស្តា ទ្រង់នាំយកព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថាតទា ពារាណសិរាជា អានន្ទោ អហោសិ ព្រះរាជានគរពារាណសីក្នុងកាលនោះ បានមកជាអានន្ទ ។កាករាជា បន អហមេវ អហោសិំ ចំណែកស្តេចក្អែក គឺ តថាគតនេះឯង ៕ កាកជាតក ចប់ ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត អសម្បទានវគ្គ បិដកលេខ ៥៨ ទំព័រ ៦១) ដោយ៥០០០ឆ្នាំ
images/articles/2887/_________red.jpg
យុធព្ជាយជាតក
ផ្សាយ : ០២ កក្តដា ឆ្នាំ២០២៣
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធនូវមហាភិនេស្ក្រមណ៍ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា មិត្តាមច្ចបរិព្យូឡ្ហំ ដូច្នេះ (ជាដើម) ។ (សេចក្ដីពិស្ដារថា) ថ្ងៃមួយ ភិក្ខុទាំងឡាយប្រជុំគ្នាក្នុងសាលាធម្មសភាពោលពាក្យសរសើរព្រះគុណរបស់ព្រះសាស្ដាថា ម្នាលអ្នកមានអាយុទាំងឡាយ ប្រសិនបើព្រះទសពលស្ដេចនឹងនៅគ្រប់គ្រងផ្ទះសោត ព្រះអង្គនឹងជាស្ដេចចក្រពត្តិ ក្នុងផ្ទៃនៃសកលចក្រវាឡ ប្រកបដោយរតនៈ ៧ ប្រការ ទ្រង់សម្រេចដោយឫទ្ធិទាំង ៤ មានព្រះឱរស ១០០០ ជាបរិវារ តែព្រះអង្គបានលះរាជសម្បត្តិ ដែលមានសភាពបែបនេះ ទ្រង់ឃើញទោសក្នុងកាមទាំងឡាយ ឡើងកាន់សេះកណ្ដកៈ មាននាយឆន្នអាមាត្យជាមិត្រ ចេញចាកព្រះនគរក្នុងវេលាពាក់កណ្ដាលអធ្រាត្រ ទ្រង់ព្រះផ្នួសត្រង់ច្រាំងស្ទឹងអនោមា ធ្វើនូវទុក្ករការិកអស់ ៦ វស្សា បានដល់នូវសម្មាសម្ពោធិញ្ញាណ ។ ព្រះសាស្ដាស្ដេចយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយសន្ទនាគ្នាដោយរឿងអ្វី កាលភិក្ខុទាំងឡាយនោះក្រាបទូលឲ្យទ្រង់ជ្រាបហើយ ទើបព្រះអង្គត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ ដែលតថាគតចេញ​សាង​មហា​ភិនេស្ក្រមណ៍ សូម្បីក្នុងកាលមុន ក៏ធ្លាប់លះបង់រាជសម្បត្តិក្នុងនគរពារាណសី ដែលមានប្រមាណ ១២ យោជន៍ ចេញបួសដូចគ្នាដែរ ដូច្នេះហើយ ទើបទ្រង់នាំយកអតីតនិទានមកសម្ដែងដូចតទៅថាៈ ក្នុង​អតីត​កាល មានព្រះរាជាមួយព្រះអង្គ ទ្រង់ព្រះនាមថា សព្វទត្ត ក្នុងរម្មនគរ ។ ពិតមែនហើយ នគរពារាណសីនេះ ក្នុងឧទយជាតក មានឈ្មោះថា សុរុន្ធននគរ, ក្នុងចូឡសុតសោមជាតក មានឈ្មោះថា សុទស្សនៈ, ក្នុងសោណនន្ទជាតក មានឈ្មោះថា ព្រហ្មវឌ្ឍនៈ, ក្នុងខណ្ឌហាលជាតក មានឈ្មោះថា បុប្ផវតី ក្នុងសង្ខព្រាហ្មណជាតក មានឈ្មោះថាមោឡិនី តែក្នុងយុធញ្ជយជាតកនេះ មានឈ្មោះថា រម្មនគរ ។ ឈ្មោះរបស់នគរនេះ បានផ្លាស់ប្ដូរក្នុងសម័យខ្លះ ដោយប្រការដូច្នេះ ។ ព្រះបាទសព្វទត្តមានព្រះឱរសមួយពាន់អង្គ ទ្រង់ព្រះរាជទានស្ថាបនាព្រះឱរសច្បង ដែលមានព្រះនាមថា យុធញ្ជ័យ ជាឧបរាជ ។ ឧបរាជនោះបានញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅរាល់ៗថ្ងៃ ។ កាលកន្លងទៅហើយយ៉ាងនេះ ក្នុងថ្ងៃមួយ ព្រះពោធិសត្វបានឡើងជិះលើរថដ៏ប្រសើរអំពីព្រឹក ស្ដេចយាងទៅកាន់ឧទ្យានកីឡា ដោយសិរីសម្បត្តិដ៏ធំ ទតព្រះនេត្រឃើញដំណក់ទឹកសន្សើម ដែលជាប់នៅនឹងអន្ទាក់សំណាញ់ ដែលធ្វើដោយសរសៃអំបោះ ក្នុងទីផ្សេងៗ មានចុងស្លឹកឈើ ចុងស្មៅ ចុងមែកឈើ និងសរសៃពីងពាងជាដើម ទើបត្រាស់សួរថា នែសារថីសម្លាញ់ នេះជាអ្វី ទ្រង់បានស្ដាប់ថា បពិត្រទេវៈ នេះជាដំណក់ទឹកសន្សើមក្នុងហិមសម័យ ។ ព្រះពោធិសត្វបានលេងក្នុងព្រះរាជឧទ្យានរហូតអស់ចំណែកនៃថ្ងៃ ទើបស្ដេចយាងត្រឡប់ក្នុងវេលាល្ងាច ទ្រង់មិនបានឃើញដំណក់ទឹកសន្សើមទាំងនោះឡើយ ក៏ត្រាស់សួរថា ម្នាលសារថីសម្លាញ់ ដំណក់ទឹកសន្សើមទាំងនេះ បាត់ទៅណា ឥឡូវនេះយើងមិនឃើញឡើយ ទ្រង់បានស្ដាប់ថា បពិត្រព្រះអង្គ ដំណក់ទឹកសន្សើមនោះ កាលដួងព្រះអាទិត្យរះឡើង ក៏រលាយធ្លាក់ចុះលើផែនដីអស់ហើយ ដូច្នេះហើយ ទ្រង់ដល់ហើយនូវសេចក្ដីសង្វេគត្រិះរិះថា សូម្បីជីវិតនិងសង្ខាររបស់សត្វទាំងនេះ ក៏ដូចនឹងដំណក់ទឹកសន្សើមលើចុងស្មៅនេះដែរ យើងកាលមិនទាន់ត្រូវជរា ព្យាធិ មរណៈបៀតបៀន គួរនឹងលាព្រះមាតាព្រះបិតាទៅបួស ដូច្នេះហើយ ទ្រង់ទើបធ្វើដំណក់ទឹកសន្សើមនោះឯងឲ្យជាអារម្មណ៍ បានឃើញភ័យក្នុងភពទាំង ៣ ដូចត្រូវភ្លើងឆេះ ។ ស្ដេចមកដល់ព្រះដំណាក់របស់ព្រះអង្គហើយ ទ្រង់យាងទៅសម្នាក់របស់ព្រះរាជបិតា ដែលប្រថាប់នៅក្នុងសាលាវិនិច្ឆ័យ ដែលតាក់តែងល្អហើយ ថ្វាយបង្គំព្រះបិតា ហើយប្រថាប់គង់ក្នុងទីដ៏សមគួរមួយ កាលនឹងទូលសូមអនុញ្ញាតបព្វជ្ជាទើបត្រាស់ព្រះគាថាទី ១ ថាៈ មិត្តាមច្ចបរិព្យូឡ្ហំ, អហំ វន្ទេ រថេសភំ; បព្ពជិស្សាមហំ រាជ, តំ ទេវោ អនុមញ្ញតុ។ បពិត្រព្រះរាជា ជាធំលើរថ ខ្ញុំព្រះអង្គសូមថា្វយបង្គំ (ព្រះអង្គ) ដែលមិត្រ និងអាមាត្រចោមរោមហើយ ខ្ញុំព្រះអង្គនឹងបួស សូមព្រះសម្មតិទេពអនុញ្ញាតផ្នួសនោះ(ដល់ខ្ញុំព្រះអង្គ)។ បណ្ដាបទទាំងនោះ បទថា បរិព្យូឡ្ហំ ប្រែថា ឡោមព័ទ្ធហើយ ។ បទថា តំ ទេវោ សេចក្ដីថា សូមព្រះទេវៈមេត្តាអនុញ្ញាតការបព្វជ្ជាដល់ខ្ញុំព្រះអង្គ ។ លំដាប់នោះ ព្រះរាជាកាលនឹងហាមឃាត់ ទើបត្រាស់ព្រះគាថាទី ២ ថា សចេ តេ ឩនំ កាមេហិ, អហំ បរិបូរយាមិ តេ; យោ តំ ហិំ សតិ វារេមិ, មា បព្ពជ យុធញ្ចយ។ បើបុត្រឯងខ្វះកាមទាំងឡាយ បិតានឹងបំពេញឲ្យគ្រប់គ្រាន់ដល់អ្នក បុគ្គលណាបៀតបៀនអ្នក បិតានឹងឃាត់ (បុគ្គលនោះ) ម្នាលយុធព្ជា័យ អ្នកកុំបួសឡើយ ។ ព្រះរាជកុមារស្ដាប់ព្រះរាជតម្រាស់នោះហើយ ទើបត្រាស់ព្រះគាថាទី ៣ ថា ន មត្ថិ ឩនំ កាមេហិ, ហិំសិតា មេ ន វិជ្ជតិ; ទីបញ្ច កាតុមិច្ឆាមិ, យំ ជរា នាភិកីរតិ។ ខ្ញុំព្រះអង្គមិនមានសេចក្តីខ្វះកាមទាំងឡាយទេ បុគ្គលនីមួយបៀតបៀននូវខ្ញុំព្រះអង្គ ក៏មិនមានដែរ តែថាខ្ញុំព្រះអង្គប្រាថ្នានឹងធ្វើនូវទីពឹង(ដល់ខ្លួន)ដែលជរាកម្ចាត់បង់មិនបាន ។ បណ្ដាបទទាំងនោះ បទថា ទីបញ្ច សេចក្ដីថា បពិត្រព្រះអង្គ សេចក្ដីខ្វះដោយកាមទាំងឡាយរបស់ខ្ញុំព្រះអង្គមិនមានឡើយ អ្នកណាៗដែលនឹងបៀតបៀនខ្ញុំព្រះអង្គ ក៏មិនមានដែរ តែខ្ញុំព្រះអង្គប្រាថ្នានឹងសាងទីពឹងរបស់ខ្លួនដើម្បីដំណើរទៅកាន់បរលោក ។ បទថា យំ ជរា នាភិកីរតិ សេចក្ដីថា ខ្ញុំព្រះអង្គប្រាថ្នានឹងធ្វើកោះដែលជរាគ្របសង្កត់មិនបាន កម្ចាត់មិនបាន គឺនឹងស្វែងរកអមតមហានិព្វាន ខ្ញុំមិនត្រូវការដោយកាមទាំងឡាយ បពិត្រមហារាជ សូមទ្រង់អនុញ្ញាតឲ្យខ្ញុំព្រះអង្គបួសចុះ ។ ព្រះរាជកុមារទូលសូមរឿយៗ ដោយប្រការដូច្នេះ ព្រះរាជាត្រាស់ហាមថា កុំបួសឡើយបុត្រ ។ ព្រះសាស្ដាកាលនឹងប្រកាសសេចក្ដីនោះ ទើបត្រាស់កន្លះថា បុត្តោ វា បិតរំ យាចេ, បិតា វា បុត្តមោរសំ បុត្រអង្វរនូវបិតា បិតាក៏អង្វរនូវបុត្តឱរសដែរ ។ វាអក្សរក្នុងគាថានោះ ជាសម្បិណ្ឌត្ថៈ (មានការប្រមូលមកជាអត្ថ) ។ ចំណុចនេះមាន ពុទ្ធាធិប្បាយថា ម្នាលភិក្ខុទាំងឡាយ ព្រះឱរសអង្វរព្រះរាជបិតា និងព្រះរាជបិតាក៏អង្វរព្រះរាជឱរស ។ ព្រះរាជាត្រាស់កន្លះគាថាដ៏សេសថា នេគមោ តំ យាចេ តាត, មា បព្ពជ យុធញ្ចយ។ ម្នាលកូន ជនអ្នកនៅក្នុងនិគមអង្វរអ្នក ម្នាលយុធព្ជា័យ អ្នកកុំបួសឡើយ ។ ពាក្យនៃគាថាមានអធិប្បាយថា ម្នាលបុត្រ មហាជនដែលរស់នៅក្នុងនិគមនេះ នាំគ្នាអង្វរអ្នក សូម្បីអ្នកនគរក៏នាំគ្នាអង្វរអ្នកថា ព្រះអង្គកុំបួសឡើយ ។ ព្រះកុមារត្រាស់ព្រះគាថាទី ៤ ថា មា មំ ទេវ និវារេហិ, បព្ពជន្តំ រថេសភ; មាហំ កាមេហិ សម្មត្តោ, ជរាយ វសមន្វគូ។ បពិត្រព្រះបិតាជាធំក្នុងរថ សូមព្រះអង្គកុំឃាត់ផ្នួសខ្ញុំព្រះអង្គនោះ កុំឲ្យខ្ញុំព្រះអង្គពោរពេញដោយកាមទាំងឡាយ ឲ្យលុះក្នុងអំណាចជរាឡើយ ។ បណ្ដាបទទាំងនោះ បទថា វសមន្វគូ សេចក្ដីថា ខ្ញុំព្រះអង្គកុំជាមនុស្សពោរពេញដោយកាមទាំងឡាយ បានឈ្មោះថា ដើរទៅកាន់អំណាចរបស់ជរាឡើយ អធិប្បាយថា សូមព្រះអង្គមេត្តាទតទូលព្រះបង្គំដោយឋានៈដែលជាអ្នកញ៉ាំងវដ្ដទុក្ខឲ្យអស់ទៅ ត្រាស់ដឹងនូវព្រះសព្វញ្ញុតញ្ញាណចុះ ។ កាលព្រះពោធសិត្វក្រាបទូលយ៉ាងនេះហើយ ព្រះរាជាក៏ជាអ្នកអស់យោបល់ ។ ចំណែកព្រះរាជមាតារបស់ព្រះពោធិសត្វ បានស្ដាប់ថា បពិត្រព្រះទេវី ព្រះឱរសរបស់ព្រះនាង កំពុងទូលសូមឲ្យព្រះបិតាអនុញ្ញាតការបព្វជ្ជា ព្រះនាងក៏ត្រាស់ថា ពួកអ្នកនិយាយអ្វី ទាំងដែលព្រះភក្ត្រមិនមានសេចក្ដីត្រេកអរ ទ្រង់ប្រថាប់លើសុវណ្ណសិវិកា (គ្រែស្នែងមាស) ប្រញាប់យាងទៅទីវិនិច្ឆ័យ កាលនឹងអង្វរទើបត្រាស់ព្រះគាថាទី ៦ ថា អហំ តំ តាត យាចាមិ, អហំ បុត្ត និវារយេ; ចិរំ តំ ទដ្ឋុមិច្ឆាមិ, មា បព្ពជ យុធញ្ចយ។ ម្នាលកូន យើងសូមអង្វរអ្នក ម្នាលកូន យើងសូមឃាត់អ្នក យើងចង់ឃើញអ្នកអស់កាលយូរ ម្នាលយុធព្ជា័យ ចូរអ្នកកុំបួសឡើយ ។ ព្រះរាជកុមារបានស្ដាប់ព្រះរាជសវនីយ៍នោះហើយ ទើបត្រាស់ព្រះគាថាទី ៧ ថា ឧស្សាវោវ តិណគ្គម្ហិ, សូរិយុគ្គមនំ បតិ; ឯវមាយុ មនុស្សានំ, មា មំ អម្ម និវារយ។ ទឹកសន្សើមលើចុងស្មៅ តែងធ្លាក់ចុះ (លើផែនដី) ក្នុងកាលព្រះអាទិត្យរះឡើង យ៉ាងណាមិញ អាយុរបស់មនុស្សទាំងឡាយ ក៏យ៉ាងនោះដែរ បពិត្រព្រះមាតា សូមព្រះមាតា កុំឃាត់ខ្ញុំឡើយ ។ ពាក្យនៃគាថានោះមានអធិប្បាយថា បពិត្រព្រះមាតា ដំណក់ទឹកសន្សើមលើចុងស្មៅ កាលព្រះអាទិត្យរះឡើងក៏រលាយបាត់ទៅ មិនអាចនឹងតាំងនៅ គឺធ្លាក់ចុះទៅលើផែនដីទាំងអស់ យ៉ាងណាមិញ ជីវិតរបស់សត្វទាំងឡាយក៏យ៉ាងនោះ ជារបស់តិចតួច មិនអាចនឹងតាំងយូរបានឡើយ ក្នុងលោកសន្និវាសដែលមានសភាពបែបនេះ ព្រះមាតានឹងឃើញខ្ញុំព្រះអង្គយូរបានប៉ុណ្ណា សូមព្រះម៉ែម្ចាស់កុំឃាត់ខ្ញុំព្រះអង្គឡើយ ។ សូម្បីកាលព្រះពោធិសត្វក្រាបទូលយ៉ាងនេះហើយ ព្រះនាងក៏នៅតែអង្វរដដែលៗ ជារឿយៗ ។ លំដាប់នោះ ព្រះមហាសត្វ បានក្រាបទូលហៅព្រះរាជបិតា ទើបត្រាស់ព្រះគាថាទី ៨ ថា តរមានោ ឥមំ យានំ, អារោបេតុ រថេសភ; មា មេ មាតា តរន្តស្ស, អន្តរាយករា អហូ’’តិ។ បពិត្រព្រះបិតា ជាធំក្នុងរថ សូមឲ្យ (បុរស) ចម្លងព្រះមាតា (របស់ខ្ញុំព្រះអង្គ) ឲ្យឡើងកាន់ព្រះរាជយាននេះ កុំឲ្យមាតាធ្វើនូវសេចក្តីអន្តរាយ ដល់ខ្ញុំព្រះអង្គ ដែលកំពុងឆ្លង ។ ពាក្យនៃគាថានោះ មានអធិប្បាយថា បពិត្រព្រះបិតាអ្នកជាធំលើរថ សូមទ្រង់បញ្ជាឲ្យមនុស្សយាងព្រះមាតារបស់ខ្ញុំព្រះអង្គនេះ ឲ្យស្ដេចឡើងកាន់ព្រះរាជយាន គឺព្រះសុវណ្ណសិវិកា កុំឲ្យព្រះមាតាធ្វើសេចក្ដីអន្តរាយដល់ខ្ញុំព្រះអង្គ ដែលកំពុងឈានកន្លងដែនកន្តារគឺ ជាតិ ជរា ព្យាធិ និងមរណៈឡើយ ។ ព្រះរាជាស្ដាប់ព្រះតម្រាស់របស់ព្រះឱរសហើយ ត្រាស់ថា ម្នាលនាងដ៏ចម្រើន សូមអូនយាងទៅចុះ ចូរប្រថាប់លើសុវណ្ណសិវិការបស់អូន ហើយឡើងកាន់ប្រាសាទញ៉ាំងសេចក្ដីត្រេកអរឲ្យចម្រើនចុះ ។ ព្រះនាងស្ដាប់ព្រះរាជតម្រាស់របស់ព្រះរាជានោះហើយ កាលមិនអាចនឹងប្រថាប់នៅបាន ទ្រង់ឡោមព័ទ្ធដោយពួកនារី ស្ដេចយាងទៅកាន់ប្រាសាទ ទ្រង់ប្រថាប់ឈរទតមើលសាលាវិនិច្ឆ័យដោយទឹកព្រះទ័យ​ថា បុត្រជាទីស្រឡាញ់របស់យើង នឹងទៅជាយ៉ាងណាហ្ន៎ ។ ចំណែកព្រះពោធិសត្វ កាលព្រះមាតាស្ដេចទៅហើយ ទ្រង់ក៏អង្វរព្រះរាជបិតាម្ដងទៀត ។ ព្រះរាជាកាលមិនអាចនឹងហាមបាន ទ្រង់ក៏អនុញ្ញាតថា ម្នាលបុត្រ បើយ៉ាងនោះ ចូរធ្វើចិត្តរបស់អ្នកឲ្យដល់ទីបំផុត បុត្រចូរបួសចុះ ។ ក្នុងវេលាដែលព្រះរាជាអនុញ្ញាតហើយ ព្រះកនិដ្ឋារបស់ព្រះពោធិសត្វព្រះនាម យុធិដ្ឋិលកុមារ ថ្វាយបង្គំព្រះរាជបិតា ក្រាបទូលសូមអនុញ្ញាតថា បពិត្រព្រះបិតា សូមទ្រង់អនុញ្ញាតការបព្វជ្ជាដល់ខ្ញុំព្រះអង្គផង ។ ព្រះរាជកុមារទាំងពីរថ្វាយបង្គំព្រះរាជបិតាហើយ លះបង់នូវកាមទាំងឡាយ មានមហាជនឡោមព័ទ្ធស្ដេចយាងចេញចាកទីវិនិច្ឆ័យ ។ ចំណែកព្រះទេវីទតព្រះនេត្រមើលព្រះមហាសត្វ ទ្រង់ព្រះកន្សែងបរិទេវនាការថា កាលបុត្ររបស់យើងបួសហើយ រម្មនគរនឹងសោះសូន្យ ទើបត្រាស់ព្រះគាថាទាំង ២ ថា អភិធាវថ ភទ្ទន្តេ, សុញ្ញំ ហេស្សតិ រម្មកំ; យុធញ្ចយោ អនុញ្ញាតោ, សព្ពទត្តេន រាជិនា។ នាងទាំងឡាយចូរស្ទុះទៅ សេចក្តីចម្រើន (នឹងមាន) ដល់នាង នគររម្មកៈ មុខជានឹងសូន្យ (ព្រោះថា) យុធព្ជា័យកុមារ ព្រះរាជាសព្វទត្ត អនុញ្ញាត (ឲ្យបួសហើយ) ។ យោហុ សេដ្ឋោ សហស្សស្ស, យុវា កញ្ចនសន្និភោ; សោយំ កុមារោ បព្ពជិតោ, កាសាយវសនោ ពលិ។ ព្រះរាជកុមារណា នៅក្មេង មានសម្បុរផ្ទឹមនឹងមាស ប្រសើរបំផុតជាងព្រះរាជបុត្រ ១០០០ ព្រះរាជកុមារនោះ ជាអ្នកមានកម្លាំង ស្លៀកសំពត់កាសាយៈ បួសហើយ ។ បណ្ដាបទទាំងនោះ បទថា អភិធាវថ សេចក្ដីថា ព្រះនាងត្រាស់បញ្ជាពួកនារី ដែលឈរឡោមព័ទ្ធព្រះនាងថា នែនាងដ៏ចម្រើនទាំងឡាយ នាងទាំងឡាយចូរស្ទុះទៅចុះ ។ ដោយបទថា ភទ្ទន្តេ ព្រះនាងត្រាស់ថា សេចក្ដីចម្រើនព្រោះការទៅនោះ ចូរមានដល់នាង ។ បទថា រម្មកំ ព្រះនាងត្រាស់សំដៅដល់រម្មនគរ ។ បទថា យោហុ សេដ្ឋោ សេចក្ដីថា ព្រះឱរសរបស់ព្រះរាជាដ៏ប្រសើរជាងឱរសទាំងពាន់នោះ ទ្រង់បួសហើយ ទាំងនេះ ព្រះនាងត្រាស់សំដៅដល់ព្រះមហាសត្វដែលកំពុងយាងទៅដើម្បីបួស ដោយប្រការដូច្នេះ ។ ចំណែកព្រះពោធិសត្វទ្រង់មិនទាន់បួសភ្លាមទេ ព្រះអង្គថ្វាយបង្គំព្រះរាជមាតា ព្រះរាជបិតាហើយ ទ្រង់ដឹកនាំព្រះកនិដ្ឋាយុធិដ្ឋិលកុមារ ស្ដេចចេញចាកព្រះនគរ ឲ្យមហាជននាំគ្នាត្រឡប់ហើយ ព្រះកុមារទាំងពីរអង្គក៏ចូលទៅកាន់ព្រៃហិមពាន្ត ទ្រង់សាងអាស្រមក្នុងស្ថានទីដែលគួររីករាយ ទ្រង់បួសជាឥសី ធ្វើឈាននិងអភិញ្ញាឲ្យកើតឡើង រស់នៅដោយផ្លែឈើ មើមឈើ ក្នុងព្រៃជាដើម រហូតអស់ព្រះជន្មាយុ ជាអ្នកមានព្រហ្មលោកជាទីទៅខាងមុខ។ ព្រះសាស្ដាកាលនឹងប្រកាសសេចក្ដីនោះ ទើបត្រាស់ព្រះគាថាចុងក្រោយថា ឧភោ កុមារា បព្ពជិតា, យុធញ្ចយោ យុធិដ្ឋិលោ; បហាយ មាតាបិតរោ, សង្គំ ឆេត្វាន មច្ចុនោ។ កុមារទាំងពីរអង្គ គឺយុធព្ជា័យ ១ យុធិដ្ឋិលៈ ១ លះបង់នូវព្រះមាតា និងព្រះបិតា ផ្តាច់ចោលនូវគ្រឿងជាប់ចំពាក់របស់មច្ចុ បួសហើយ ។ បណ្ដាបទទាំងនោះ បទថា មច្ចុនោ ប្រែថា នៃមារ មានពុទ្ធាធិប្បាយថា ម្នាលភិក្ខុទាំងឡាយ ព្រះកុមារទាំងពីរអង្គនោះ គឺយុធញ្ជ័យ និង យុធិដ្ឋិលៈ ទ្រង់លះបង់ព្រះរាជមាតា ព្រះរាជបិតា កាត់ផ្ដាច់គ្រឿងចងគឺរាគៈ ទោសៈ និងមោហៈក្នុងសម្នាក់របស់មារ ហើយនាំគ្នាបួស ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចៈទាំងឡាយហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីក្នុងកាលមុន តថាគតក៏ធ្លាប់លះបង់រាជសម្បត្តិហើយបួសដូចគ្នា រួចទើបទ្រង់ប្រជុំជាតកថាតទា មាតាបិតរោ មហារាជកុលានិ អហេសុំ ព្រះរាជមាតាបិតាក្នុងកាលនោះ បានមកជាមហារាជត្រកូល ។ យុធិដ្ឋិលកុមារោ អានន្ទោ យុធិដ្ឋិលកុមារ បានមកជាអានន្ទ ។ យុធញ្ចយោ បន អហមេវ អហោសិំ ចំណែក យុធញ្ជ័យ គឺ តថាគត នេះឯង ។ ចប់ យុធព្ជាយជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកាទសកនិបាត បិដកលេខ ៥៩ ទំព័រ ២២៧)ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2890/______overed.jpg
ធម្មទេវបុត្តជាតក
ផ្សាយ : ០២ កក្តដា ឆ្នាំ២០២៣
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធនូវការចូលទៅកាន់ផែនដីរបស់ភិក្ខុទេវទត្ត បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា យសោករោ បុញ្ញករោហមស្មិ ដូច្នេះ (ជាដើម) ។ មែនពិត ក្នុងពេល​នោះ ពួកភិក្ខុសន្ទនាគ្នាក្នុងសាលាធម្មសភាថា ម្នាលអាវុសោទាំងឡាយ ទេវទត្តខឹងសម្បានឹងព្រះ​តថាគត ហើយត្រូវផែនដីស្រូប ។ ព្រះសាស្ដាស្ដេចយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំង​ឡាយ​ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយសន្ទនាគ្នាដោយរឿងអ្វី កាលភិក្ខុទាំងនោះក្រាបទូលឲ្យទ្រង់ជ្រាបហើយ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ ដែលទេវទត្តឲ្យការប្រហារក្នុងជិនចក្ររបស់តថាគត​ហើយ​​ត្រូវផែនដីស្រូបនោះ សូម្បីក្នុងកាលមុន លោកក៏ធ្លាប់ឲ្យការប្រហារក្នុង ធម្មចក្រ ហើយចូលទៅកាន់ផែនដី កើតក្នុងអវីចិមហានរកជាទីខាងមុខ ទើបទ្រង់នាំអតីតនិទានមកសម្ដែងដូចតទៅថាៈ ក្នុង​អតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតជាទេវបុត្តមានព្រះនាមថា ធម្មៈ ក្នុងកាមាវចរទេវលោក ។ ចំណែកព្រះទេវទត្តជាទេវបុត្ត ឈ្មោះថា អធម្មៈ ។ ​បណ្ដាទេវបុត្តទាំង ២ អង្គនោះ ធម្មទេវបុត្រប្រដាប់ដោយគ្រឿងអលង្ការជាទិព្វ ទ្រង់រថជាទិព្វដ៏ប្រសើរ ជាអ្នកមានពួកទេពតាចោមរោមហើយ ស្ថិតនៅលើអាកាសក្នុងស្រុក និគម ជនបទ និងរាជធានីទាំង​ឡាយ ក្នុងថ្ងៃពេញបូណ៌មីដែលជាថ្ងៃឧបោសថ ដែលមនុស្សទាំយឡាយបរិភោគអាហារពេលល្ងាចរួចហើយ​​ ប្រជុំគ្នាដោយកថាជាសុខត្រង់ទ្វារផ្ទះរបស់ខ្លួនៗ ញ៉ាំងពួកមនុស្សឲ្យសមាទាននូវកុសលកម្ម​បថ ​១០ ប្រការថា អ្នកទាំងឡាយចូរវៀរចាកអកុសលកម្មបថ ១០ ប្រការ មានបាណាតិបាតជា​ដើម​ នាំ​គ្នាបំពេញធម៌ គឺការទំនុកបម្រុងបម្រើមាតាផង ការទំនុកបម្រុងបម្រើបិតាផង និងប្រព្រឹត្តសុចរិតធម៌ ៣ ​ប្រការចុះ កាលធ្វើយ៉ាងនេះ នឹងមានសួគ៌ជាទីទៅខាងមុខ និងបានសោយយសដ៏ធំ ដូច្នេះហើយ ទើបធ្វើប្រទក្សិណជម្ពូទ្វីប (ជាទក្ខិណាវដ្ដ) ។ ចំណែកអធម្មទេវបុត្ត ញ៉ាំងឲ្យមនុស្សទាំងឡាយកាន់យកនូវអកុសលកម្មបទ ១០ ប្រការ ដោយន័យជាដើមថា ពួកអ្នកចូរសម្លាប់សត្វ ដូច្នេះហើយ ទើបធ្វើនូវជម្ពូទ្វីបជា ឧត្តរាវដ្ដ (វិលជុំវិញទៅខាងឆ្វេង) ។ លំដាប់នោះ រថរបស់ទេវបុត្តទាំងពីរនោះ បានជួបគ្នាលើអាកាស ។ បន្ទាប់មកបរិស័ទរបស់ទេវបុត្តទាំងនោះ សួរគ្នាថា ពួកលោកជារបស់ទេវបុត្រណា ពួកលោកជារបស់ទេវបុត្រណា ? នាំគ្នាឆ្លើយថា ពួកយើងជាចំណែកខាងធម្មទេវបុត្ត ពួកយើងជាចំណែកខាងអធម្ម-ទេវបុត្ត ទើបនាំគ្នាញែកផ្លូវចេញជា ២ ចំណែក ។ ចំណែកធម្មទេវបុត្តហៅអធម្មទេវបុត្តមកពោលថា នែសម្លាញ់ លោកជាចំណែកអធម៌ ខ្ញុំជាចំណែកខាងធម៌ ផ្លូវនេះសមគួរដល់ខ្ញុំ លោកចូរបររថរបស់លោកចេញ ចូរឲ្យផ្លូវដល់ខ្ញុំ ហើយពោលគាថាទី ១ ថា យសោករោ បុញ្ញករោហមស្មិ, សទាត្ថុតោ សមណព្រាហ្មណានំ; មគ្គារហោ ទេវមនុស្សបូជិតោ, ធម្មោ អហំ ទេហិ អធម្ម មគ្គំ។ ម្នាលអធម្មទេវបុត្រ ខ្ញុំឈ្មោះធម្មៈ ជាអ្នកធ្វើយស ធ្វើបុណ្យ ខ្ញុំដែលពួកសមណ-ព្រាហ្មណ៍ សរសើរជានិច្ច ដែលទេវតា និងមនុស្សបូជាហើយ គួរបានផ្លូវ អ្នកចូរឲ្យផ្លូវ ។ បណ្ដាបទទាំងនោះ បទថា យសោករោ បានដល់ ខ្ញុំជាសាងយសឲ្យដល់ទេវតានិងមនុស្សទាំងឡាយ ។ សូម្បីក្នុងបទទី ២ ក៏មានន័យដូចគ្នា ។ បទថា សទាត្ថុតោ គឺ បានទទួលការសរសើរជានិច្ច ក្នុងកាលទាំងពួង ។ លំដាប់នោះ អធម្មទេវបុត្រពោលថា អធម្មយានំ ទឡ្ហមារុហិត្វា, អសន្តសន្តោ ពលវាហមស្មិ; ស កិស្ស ហេតុម្ហិ តវជ្ជ ទជ្ជំ, មគ្គំ អហំ ធម្ម អទិន្នបុព្ពំ។ ម្នាលធម្មៈ ខ្ញុំជិះរថ ឈ្មោះអធម្មយានដ៏មាំ ជាអ្នកមិនតក់ស្លុត មានកម្លាំង ខ្ញុំនោះនឹងឲ្យផ្លូវដល់អ្នក ដែលមិនធ្លាប់ឲ្យហើយ ក្នុងថ្ងៃនេះ ព្រោះហេតុអ្វី ។ ធម្មទេវបុត្រពោលថា ធម្មោ ហវេ បាតុរហោសិ បុព្ពេ, បច្ឆា អធម្មោ ឧទបាទិ លោកេ; ជេដ្ឋោ ច សេដ្ឋោ ច សនន្តនោ ច, ឧយ្យាហិ ជេដ្ឋស្ស កនិដ្ឋ មគ្គា។ ធម៌បានកើតមុន អធម៌កើតក្រោយ ក្នុងលោក ខ្ញុំជាច្បងផង ប្រសើរជាងផង មានតាំងពីព្រេងនាយផង ម្នាលប្អូន អ្នកចូរចៀសចេញ អំពីផ្លូវរបស់បង ។ អធម្មទេវបុត្រពោលថា ន យាចនាយ នបិ បាតិរូបា, ន អរហតា តេហំ ទទេយ្យំ មគ្គំ; យុទ្ធញ្ច នោ ហោតុ ឧភិន្នមជ្ជ, យុទ្ធម្ហិ យោ ជេស្សតិ តស្ស មគ្គោ។ ខ្ញុំមិនត្រូវឲ្យផ្លូវដល់អ្នក ដោយសេចក្តីអង្វរ មិនត្រូវឲ្យ ដោយពាក្យសមគួរ មិនត្រូវឲ្យ ព្រោះខ្ញុំគួរបានផ្លូវ យើងទាំងពីរនាក់ ចូរច្បាំងគ្នា ក្នុងថ្ងៃនេះ អ្នកណាឈ្នះក្នុងចម្បាំង ផ្លូវជារបស់អ្នកនោះ ។ ធម្មទេវបុត្រពោលថា សព្ពា ទិសា អនុវិសដោហមស្មិ, មហព្ពលោ អមិតយសោ អតុល្យោ; គុណេហិ សព្ពេហិ ឧបេតរូបោ, ធម្មោ អធម្ម ត្វំ កថំ វិជេស្សសិ។ មា្នលអធម្មៈ ខ្ញុំឈ្មោះធម្មៈ ជាអ្នកល្បីល្បាញសព្វទិស មានកម្លាំងច្រើន មានយសរាប់មិនអស់ មិនមានអ្នកណាផ្ទឹមបាន មានសភាពជាអ្នកប្រកបដោយគុណគ្រប់យ៉ាង អ្នកនឹងឈ្នះ (ខ្ញុំ) ដូចម្តេចបាន ។ អធម្មទេវបុត្រពោលថា លោហេន វេ ហញ្ញតិ ជាតរូបំ, ន ជាតរូបេន ហនន្តិ លោហំ; សចេ អធម្មោ ហញ្ឆតិ ធម្មមជ្ជ, អយោ សុវណ្ណំ វិយ ទស្សនេយ្យំ។ គេតែងដំមាស ដោយដែក គេមិនដែលដំដែកដោយមាសទេ បើអធម្មៈ ដំធម្មៈក្នុងថ្ងៃនេះ ដូចជាដែកដំមាស បុគ្គលគួរមើលដែរ ។ ធម្មទេវបុត្រពោលថា សចេ តុវំ យុទ្ធពលោ អធម្ម, ន តុយ្ហ វុឌ្ឍា ច គរូ ច អត្ថិ; មគ្គញ្ច តេ ទម្មិ បិយាប្បិយេន, វាចាទុរុត្តានិបិ តេ ខមាមិ។ ម្នាលអធម្មៈ បើអ្នកមានកម្លាំងនឹងច្បាំងបុគ្គលចាស់ និងបុគ្គលជាគ្រូ មិនមានដល់អ្នក ខ្ញុំនឹងឲ្យនូវផ្លូវដល់អ្នក ដោយពាក្យជាទីស្រឡាញ់ និងមិនជាទីស្រឡាញ់ផង ខ្ញុំនឹងអត់ទ្រាំនូវពាក្យទ្រគោះបោះបោក របស់អ្នកផង ។ គាថាទាំង ៦ នេះ លោកពោលដោយអំណាចជាពាក្យឆ្លើយឆ្លងរបស់ទេវបុត្រទាំង ២ នោះឯង ។ បណ្តាបទទាំងនោះ បទថា ស កិស្ស ហេតុម្ហិ តវជ្ជ ទជ្ជំ សេចក្ដីថា ខ្ញុំនេះឈ្មោះថា អធម្មៈ ឡើងលើអធម្មយានហើយ មិនខ្លាចអ្នកណាឡើយ ជាអ្នកមានកម្លាំង នែធម្មៈ ហេតុអ្វីក្នុងថ្ងៃនេះ ខ្ញុំនឹងឲ្យផ្លូវ ដែលមិនធ្លាប់ឲ្យ ដល់លោក ។ បទថា បុព្ពេ សេចក្ដីថា ធម៌គឺកុសលកម្មបថ ១០ ប្រការប្រាកដហើយក្នុងលោកនេះ ក្នុងកាលជាបឋមកប្ប អធម៌ កើតឡើងខាងក្រោយ ។ បទថា ជេដ្ឋោ ច នេះ ធម្មៈពោលថា ព្រោះសេចក្ដីដែលធម៌កើតឡើងមុន ខ្ញុំទើបចម្រើនជាង ប្រសើរជាង ចាស់ជាង ចំណែកលោកជាប្អូន ហេតុនោះ លោកចូរគេចចេញទៅ ។ បទថា នបិ បាតិរូបា សេចក្ដីថា ខ្ញុំនឹងមិនឲ្យផ្លូវដល់លោក ដោយពាក្យសូម ក្ដី ដោយពាក្យគួរសមក្ដី ព្រោះខ្ញុំជាអ្នកសមគួរនឹងបានផ្លូវ ។ បទថា អនុវិសដោ សេចក្ដីថា ខ្ញុំជាអ្នកប្រាកដដោយគុណរបស់ខ្លួនដែលផ្សាយទៅសព្វទិស គឺ ទិសធំ ៤ និងទិសតូច ៤ និងជាអ្នកប្រាកដដោយបញ្ញា ។ បទថា លោហេន បានដល់ ដោយដុំដែក ។ បទថាហញ្ឆតិ ប្រែថា នឹងសម្លាប់ ។ បទថា តុវំ យុទ្ធពលោ អធម្ម សេចក្ដីថា នែអធម្មៈ បើលោកជាមានកម្លាំងក្នុងចម្បាំង ។ បទថា វុឌ្ឍា ច គរូ ច សេចក្ដីថា បើយ៉ាងនេះ បុគ្គលចាស់ និងបុគ្គលជាគ្រូ របស់អ្នកមិនមាន ។ បទថា បិយាប្បិយេន សេចក្ដីថា ខ្ញុំកាលឲ្យដោយសេចក្ដីពេញចិត្ត និង មិនពេញចិត្ត រមែងឲ្យផ្លូវដល់លោកដូចឲ្យដោយសេចក្ដីពេញចិត្ត ។ ក្នុងខណៈដែលព្រះពោធសត្វ ពោលគាថានេះចប់ហើយភ្លាម អធម្មៈកាលមិនអាចនឹងតាំងនៅលើរថ ជាអ្នកមានក្បាលសំយុងចុះ ធ្លាក់មកលើផែនដី បានទៅកាន់ចន្លោះនៃផែនដី ហើយកើតក្នុងអវីចិមហានរក ។ កាលព្រះភគវាបានត្រាស់ជាព្រះសម្មាសម្ពុទ្ធហើយ ទ្រង់ក៏សម្ដែងព្រះគាថាដ៏សេសថា ៖ ឥទញ្ច សុត្វា វចនំ អធម្មោ, អវំសិរោ បតិតោ ឧទ្ធបាទោ; យុទ្ធត្ថិកោ ចេ ន លភាមិ យុទ្ធំ, ឯត្តាវតា ហោតិ ហតោ អធម្មោ។ អធម្មទេវបុត្រ ឮពាក្យនេះហើយ មានក្បាលសំយុងចុះ មានជើងឡើងលើ ក៏ធ្លាក់ចុះ ពោលពាក្យថា អញត្រូវការដោយចម្បាំង តែមិនបាននូវការច្បាំងឡើយ អធម្មទេវបុត្រ ក៏ស្លាប់ដោយហេតុត្រឹមប៉ុណ្ណេះឯង ។ ខន្តីពលោ យុទ្ធពលំ វិជេត្វា, ហន្ត្វា អធម្មំ និហនិត្វ ភូម្យា; បាយាសិ វិត្តោ អភិរុយ្ហ សន្ទនំ, មគ្គេនេវ អតិពលោ សច្ចនិក្កមោ។ ធម្មទេវបុត្រ មានខន្តិធម៌ ជាកម្លាំង មានចិត្ត មានកម្លាំងក្រៃពេក មានព្យាយាមដ៏ទៀងទាត់ បានផ្ចាញ់ បានសម្លាប់នូវអធម្មទេវបុត្រ ដែលមានចម្បាំងជាកម្លាំង ទម្លាក់ទៅលើផែនដី ហើយឡើងកាន់រថ (របស់ខ្លួន) បរទៅតាមផ្លូវដដែល ។ មាតា បិតា សមណព្រាហ្មណា ច, អសម្មានិតា យស្ស សកេ អគារេ; ឥធេវ និក្ខិប្ប សរីរទេហំ, កាយស្ស ភេទា និរយំ វជន្តិ តេ; យថា អធម្មោ បតិតោ អវំសិរោ។ បុគ្គលណា មិនបានធ្វើសក្ការៈដល់មាតាបិតា និងសមណព្រាហ្មណ៍ ក្នុងផ្ទះរបស់ខ្លួន បុគ្គលនោះ លុះដាក់ចុះនូវរាងកាយ គឺសរីរៈ បែកធ្លាយរាងកាយ ក្នុងលោកនេះ រមែងទៅកាន់នរក ដូចជាអធម្មទេវបុត្រ ដែលសំយុងក្បាលធ្លាក់ចុះ ។ មាតា បិតា សមណព្រាហ្មណា ច, សុសម្មានិតា យស្ស សកេ អគារេ; ឥធេវ និក្ខិប្ប សរីរទេហំ, កាយស្ស ភេទា សុគតិំ វជន្តិ តេ; យថាបិ ធម្មោ អភិរុយ្ហ សន្ទនំ។ បុគ្គលណា បានធ្វើសក្ការៈ ដល់មាតាបិតា និងសមណព្រាហ្មណ៍ ក្នុងផ្ទះរបស់ខ្លួន បុគ្គលនោះ លុះដាក់ចុះនូវរាងកាយ គឺសរីរៈ បែកធ្លាយរាងកាយ ក្នុងលោកនេះ រមែងទៅកាន់សុគតិ ដូចជាធម្មទេវបុត្រ ឡើងកាន់រថរបស់ខ្លួន ដូច្នោះ ។ បណ្តាបទទាំងនោះ បទថា យុទ្ធត្ថិកោ ចេ បានដល់ ការពិលាបរបស់អធម្មទេវបុត្រនោះ បានឮថា គេកំពុងពិលាបនោះឯង ធ្លាក់ចុះ ចូលទៅហើយកាន់ផែនដី ។ បទថាឯត្តាវតា សេចក្ដីថា ម្នាលភិក្ខុទាំង​ឡាយ អធម្មៈចូលទៅកាន់ផែនដីហើយ អស់កាលត្រឹមណា អធម្មៈឈ្មោះថាត្រូវសម្លាប់ហើយ ត្រឹម​នោះ​ ។ បទថា ខន្តីពលោ សេចក្ដីថា ម្នាលភិក្ខុទាំងឡាយ អធម្មទេវបុត្រចូលទៅកាន់ផែនដីហើយយ៉ាង​នេះ ធម្មទេវបុត្រជាអ្នកមានកម្លាំង គឺអធិវាសខន្តី ឈ្នះហើយនូវយុទ្ធពលនោះ សម្លាប់ហើយ កប់ក្នុងផែនដី ញ៉ាំងអធម្មៈឲ្យធ្លាក់ចុះហើយ ជាអ្នកមានចិត្តជឿជាក់ ព្រោះកើតភាពពិតប្រាកដ ឡើងកាន់​រថរបស់ខ្លួន មានសេចក្ដីព្យាយាមដ៏មាំ បានទៅតាមផ្លូវនោះឯង ។ បទថា អសម្មានិតា ប្រែថា ដែលគេមិនសក្ការៈ ។ បទថា សរីរទេហំ សេចក្ដីថា បានលះបង់កាយពោលគឺសរីរៈក្នុងលោកនេះ។ បទថា និរយំ វជន្តិ សេចក្ដីថា អ្នកសមគួរដល់សក្ការៈដែលមនុស្សអាក្រក់ណាមិនធ្វើក្នុងផ្ទះ មនុស្សអាក្រក់ដែលមានសភាពយ៉ាងនោះ រមែងមានក្បាលសំយុងចុះ ធ្លាក់ទៅកាន់នរក ដូចអធម្មទេវបុត្រមានក្បាលសំយុងចុះធ្លាក់ទៅ ដូច្នោះដែរ ។ បទថា សុគតិំ វជន្តិ សេចក្ដីថា បណ្ឌិតដែលមានសភាពដូច្នោះ ដែលអ្នកណាបានសក្ការៈហើយ អ្នកនោះរមែងទៅកាន់សុគតិ ដូចធម្មទេវបុត្រឡើងកាន់រថបរទៅកាន់ទេវលោក ដូច្នោះដែរ ។ ព្រះសាស្ដា គ្រានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីក្នុងកាលមុន ទេវទត្តក៏បានក្រោធខឹងនឹងតថាគត ហើយចូលទៅកាន់ផែនដីដែរ ដូច្នេះហើយ ទ្រង់ប្រជុំជាតកថា តទា អធម្មោ ទេវបុត្តោ ទេវទត្តោ អហោសិ អធម្មទេវបុត្រក្នុងកាលនោះ បានមកជាទេវទត្ត ។បរិសាបិស្ស ទេវទត្តបរិសា សូម្បីបរិស័ទអធម្មទេវបុត្រនោះ បានមកជាបរិស័ទរបស់ទេវទត្ត ។ ធម្មោ បន អហមេវ ចំណែកធម្មទេវបុត្រ គឺជា តថាគត នេះឯង ។បរិសា ពុទ្ធបរិសាយេវ បរិស័ទរបស់ធម្មទេវបុត្រ បានមកជា ពុទ្ធបរិស័ទនេះឯង ។ ធម្មទេវបុត្តជាតក ចប់ ។ (ជាតកដ្ឋកថា សុត្តន្តបិដក ជាតក ឯកាទសកនិបាត បិដកលេខ ៥៩ ទំព័រ ២១៦) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2893/tetryrepic.jpg
មិគាលោបជាតក
ផ្សាយ : ០២ កក្តដា ឆ្នាំ២០២៣
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធនូវភិក្ខុដែលប្រដៅក្រមួយរូប បានត្រាស់ព្រះធម្មទេសនាមានពាក្យថា ន មេ រុចិ្ច ដូច្នេះជាដើម ។ គ្រានោះ ព្រះសាស្ដាត្រាស់ហៅភិក្ខុនោះមកហើយ ត្រាស់ថា ម្នាលភិក្ខុ បានឮថា អ្នកជាមនុស្សប្រដៅក្រ ពិតមែនឬ ? កាលភិក្ខុនោះទូលថា ពិតមែនហើយ ព្រះអង្គ ។ ព្រះអង្គទើបត្រាស់ថា ម្នាលភិក្ខុ មិនមែនតែក្នុងពេលនេះទេ សូម្បីក្នុងកាលមុន អ្នកក៏ជាមនុស្សប្រដៅក្រដែរ ព្រោះអាស្រ័យភាពជាមនុស្សប្រដៅក្រ មិនស្ដាប់ពាក្យរបស់បណ្ឌិតទាំងឡាយ អ្នកបានដល់សេចក្ដីវិនាស ក្នុងមាត់ខ្យល់វេរម្ភៈ ហើយទ្រង់នាំយកអតីតនិទាន មកសម្ដែងថា ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្ត គ្រងរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងកំណើតសត្វត្មាត មានឈ្មោះថា អបនន្ទៈ ។ ត្មាតពោធិសត្វនោះ មានហ្វូងត្មាតជាបរិវារ នៅលើភ្នំគិជ្ឈកូដ ។ ចំណែកកូនរបស់ព្រះពោធិសត្វមានឈ្មោះថា មិគាលោបៈ ជាអ្នកដល់ព្រមដោយថាមពល ត្មាតនោះហើរខ្ពស់ឡើង កន្លងនូវដែនរបស់ត្មាតដទៃទៀត ។ ត្មាតទាំងឡាយប្រាប់ស្ដេចត្មាតថា បុត្ររបស់ព្រះអង្គហើរឆ្ងាយណាស់ ។ ព្រះពោធិសត្វនោះប្រកាស់ហៅនូវបុត្រនោះថា ម្នាលកូន បានឮថា អ្នកហើរខ្ពស់ណាស់ កាលបើអ្នកហើរខ្ពស់ អ្នកនឹងដល់នូវការអស់ជីវិត ដូច្នេះហើយ ទើបពោលគាថាទាំងឡាយ ៣ ថា ន មេ រុច្ចិ មិគាលោប, យស្ស តេ តាទិសី គតី; អតុច្ចំ តាត បតសិ, អភូមិំ តាត សេវសិ។ ម្នាលមិគាលោបៈ ដំណើររបស់អ្នកប្រាកដដូច្នោះ មិនពេញចិត្តអញទេ ម្នាលកូន ដ្បិតអ្នកហើរទៅខ្ពស់ពេក ម្នាលកូន អ្នកសេពគប់នូវទីមិនមែនផែនដី ។ ចតុក្កណ្ណំវ កេទារំ, យទា តេ បថវី សិយា; តតោ តាត និវត្តស្សុ, មាស្សុ ឯត្តោ បរំ គមិ។ ផែនដីប្រាកដដល់អ្នក ដូចជាស្រែមានជ្រុង ៤ ម្នាលកូន ចូរអ្នកត្រឡប់អំពីទីនោះមកវិញ កុំទៅហួសអំពីទីនេះឡើយ ។ សន្តិ អញ្ញេបិ សកុណា, បត្តយានា វិហង្គមា; អក្ខិត្តា វាតវេគេន, នដ្ឋា តេ សស្សតីសម។ ពួកសកុណជាតិឯទៀត មានស្លាបជាយាន ទៅកាន់អាកាស ពួកសត្វទាំងនោះ សម្គាល់ខ្លួនថា ស្មើដោយវត្ថុដ៏ទៀងទាត់ ត្រូវកម្លាំងខ្យល់បក់បោកវិនាស ។ គប្បីជ្រាបវិនិច្ឆ័យក្នុងបទទាំងនោះ ត្មាតបិតាហៅកូនដោយឈ្មោះថា មិគាលោបៈ ។ បទថា អតុច្ចំ តាត បតសិ សេចក្ដីថា ម្នាលកូន អ្នកកុំហើរខ្ពស់ពេក កន្លងដែនរបស់ត្មាតដទៃឡើយ ។ ត្មាតបិតាប្រាប់ដែនដល់កូន ដោយពាក្យនេះថា ចតុក្កណ្ណំវ កេទារំ គឺដូចស្រែ មាន ៤ ជ្រុង អធិប្បាយថា កូនអើយ កាលផែនដីដ៏ធំនេះហាក់ដូចជាស្រែ ៤ ជ្រុង ដល់អ្នកហើយ គឺប្រាកដដូចជាតូចយ៉ាងនោះ កាលនោះអ្នកគួរត្រឡប់ អំពីឋានៈដែលមានសភាពដូចនោះ អ្នកកុំទៅទៀតឡើយ ។ បទថា សន្តិ អញ្ញេបិ សេចក្ដីថា មិនមែនតែអ្នកប៉ុណ្ណោះសូម្បីត្មាតទាំងឡាយដទៃ ក៏ធ្វើយ៉ាងនោះ ។ បទថា អក្ខិត្តា សេចក្ដីថា សូម្បីត្មាតទាំងនោះ កន្លងនូវដែនរបស់យើង ទៅហើយ ត្រូវកម្លាំងខ្យល់កន្ត្រាក់ហើយ ក៏វិនាស ។ បទថា សស្សតីសមា សេចក្ដីថា ពួកវាសម្គាល់ខ្លួនថា ជាអ្នកស្មើដោយផែនដី និងភ្នំទាំងឡាយដែលជាវត្ថុទៀងទាត់ សូម្បីតែមិនអាចបំពេញនូវអាយុដែលមានបរិមាណ ១០០០ ឆ្នាំរបស់ខ្លួន, បានវិនាសហើយ នៅរវាងនោះ ។ មិគាលោបៈមិនធ្វើនូវពាក្យរបស់បិតាព្រោះភាពជាអ្នកមិនស្ដាប់ឱវាទ កាលហើរទៅ បានឃើញនូវដែនតាមដែលបិតាប្រាប់ហើយ នៅតែហើរកន្លងដែននោះទៅ ក៏ដល់ខ្យល់ កាលវាត (ខ្យល់រដូវកាល) ហើយទន្លុះខ្យល់សូម្បីនោះ ហើរស្ទុះទៅកាន់មុខខ្យល់វេរម្ភៈ លំដាប់នោះ ខ្យល់វេរម្ភៈក៏ប្រហារនូវមិគាលោបៈនោះ ។ មិគាលោបៈគ្រាន់តែត្រូវខ្យល់ វេរម្ភៈនោះប្រហារហើយ ក៏ដាច់ជាបំណែកតូចធំ វិនាសទៅក្នុងអាកាសនោះឯង ។ ដោយហេតុនោះ ព្រះសម្មាសម្ពុទ្ធទើបសម្ដែងថា អកត្វា អបនន្ទស្ស, បិតុ វុទ្ធស្ស សាសនំ; កាលវាតេ អតិក្កម្ម, វេរម្ភានំ វសំ អគា។ មិគលោបៈ មិនធ្វើតាមពាក្យប្រដៅរបស់បិតាចាស់ ឈ្មោះអបនន្ទៈ ហើរកន្លងនូវខ្យល់ រដូវកាល បានទៅដល់អំណាចនៃខ្យល់ព្យុះ ។ តស្ស បុត្តា ច ទារា ច, យេ ចញ្ញេ អនុជីវិនោ; សព្ពេ ព្យសនមាបាទុំ, អនោវាទករេ ទិជេ។ កូនក្តី ប្រពន្ធក្តី ឬសត្វឯទៀត ជាអ្នកចិញ្ចឹមជីវិត តាមមិគាលោបៈនោះ ពួកសត្វស្លាបទំាងអស់ ក៏ដល់នូវសេចក្តីវិនាស ព្រោះទិជជាតិ (សត្វដែលកើតក្នុវារៈពីរដងបានដល់សត្វជាអណ្ឌជកំណើតមានសត្វស្លាបជាដើម) មិនធ្វើតាមឱវាទ ។ ឯវម្បិ ឥធ វុទ្ធានំ, យោ វាក្យំ នាវពុជ្ឈតិ; អតិសីមចរោ ទិត្តោ, គិជ្ឈោវាតីតសាសនោ; សព្ពេ ព្យសនំ បប្បោន្តិ, អកត្វា វុទ្ធសាសនំ។ បុគ្គលណា មិនយល់នូវពាក្យ របស់បុគ្គលចាស់ទុំ ក្នុងលោកនេះ បុគ្គលនោះ (ដល់នូវសេចក្តីវិនាស) ដូចជាត្មាតកន្លងពាក្យប្រៀនប្រដៅ ជាសត្វភ្លើតភ្លើនត្រាច់ទៅ កាន់ទីហួសដែន ជនទាំងអស់ដល់នូវសេចក្តីវិនាស ព្រោះមិនធ្វើតាមពាក្យប្រដៅរបស់ព្រះពុទ្ធ ។ គាថាទាំងឡាយ ៣ នេះ ជាអភិសម្ពុទ្ធគាថា ។ បណ្ដាបទទាំងនោះ បទថា អនុជីវិនោ បានដល់ ត្មាតដែលអាស្រ័យត្មាតមិគាលោបៈនោះ ។ បទថា អនោវាទករេ ទិជេ សេចក្ដីថា កាលត្មាតមិគាលោបៈនោះ មិនធ្វើតាមឱវាទ ត្មាតទាំងនោះហើរទៅជាមួយត្មាតមិគាលោបៈនោះកន្លងនូវដែន ដល់នូវសេចក្ដីវិនាស ។ បទថា ឯវម្បិ សេចក្ដីថា ម្នាលភិក្ខុទាំងឡាយ ត្មាតនោះដល់សេចក្ដីវិនាសហើយយ៉ាងណា សូម្បីអ្នកដទៃណា ជាគ្រហស្ថក្ដី ជាបព្វជិតក្ដី ក៏យ៉ាងនោះដូចគ្នា មិនកាន់នូវពាក្យរបស់បណ្ឌិតទាំងឡាយ ដែលជាអ្នកអនុគ្រោះដល់សេចក្ដីចម្រើន សូម្បីអ្នកនោះនឹងវិនាសដូចត្មាតនេះ ដែលត្រាច់ទៅកន្លងនូវដែន ជាអ្នករឹងរូសនោះឯង ។ ព្រះសាស្ដា កាលនាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចៈទាំងឡាយ ហើយប្រជុំជាតកថា តទា មិគាលោបោ ទុព្ពចភិក្ខុ អហោសិ ត្មាតមិគាលោបៈក្នុងកាលនោះ បានមកជា ភិក្ខុប្រដៅក្រនេះ ។ អបនន្ទោ បន អហមេវ អហោសិំ ចំណែកស្ដេចត្មាតឈ្មោះអបនន្ទៈ គឺ តថាគត នេះឯង ។ ចប់ មិគាលោបជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឆក្កនិបាត អវារិយវគ្គ បិដកលេខ ៥៩ ទំព័រ ៤៣ ) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2898/cew45tpic.jpg
មាតុបោសកជាតក
ផ្សាយ : ០២ កក្តដា ឆ្នាំ២០២៣
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុដែលចិញ្ចឹមមាតា បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា តស្ស នាគស្ស វិប្បវាសេន ដូច្នេះជាដើម ។ បច្ចុប្បន្នវត្ថុ ប្រាកដដូចសាមជាតកវត្ថុនោះឯង ។ ចំណែកព្រះសាស្ដាត្រាស់ហៅឲ្យភិក្ខុទាំងឡាយមកហើយ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយកុំលើកទោសភិក្ខុនេះឡើយ បោរាណបណ្ឌិតទាំងឡាយសូម្បីកើតក្នុងកំណើតសត្វតិរច្ឆាន កាលព្រាត់ប្រាស់ចាកមាតា ក៏ស្គាំងស្គម ព្រោះអត់អាហារអស់ ៧ ថ្ងៃ សូម្បីបានភោជនដែលសមគួរដល់ព្រះរាជា ហើយគិតថា យើងវៀរចាកមាតាហើយ នឹងមិនបរិភោគ ទាល់តែបានឃើញមាតា ទើបកាន់យកនូវអាហារ ដូច្នេះហើយ កាលដែលភិក្ខុទាំងឡាយទូលអង្វរអារាធនា ទើបទ្រង់នាំយកអតីតនិទានមកសម្ដែងថា ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី គ្រានោះ ព្រះពោធិសត្វកើតក្នុងកំណើតដំរី ក្នុងហិមវន្តប្រទេស មានពណ៌សសុទ្ធ មានរូបស្អាត គួរពេចពិលរមិលមើល គួរជាទីជ្រះថ្លា ដល់ព្រមដោយលក្ខណៈ មានដំរី ៨០០០០ ជាបរិវារ ។ ព្រះពោធិសត្វនោះ ចិញ្ចឹមមាតាដែលចាស់ជរា មាតារបស់ព្រះពោធិសត្វជាដំរីខ្វាក់ភ្នែក ។ ព្រះពោធិសត្វបានឲ្យផលាផល ដែលមានរសផ្អែមទាំងឡាយដល់ដំរី ហើយបញ្ជូនទៅកាន់សម្នាក់មាតា ។ ដំរីទាំងឡាយមិនបានឲ្យដល់មេដំរីនោះឡើយ នាំគ្នាបរិភោគដោយខ្លួន ។ ព្រះពោធិសត្វកំណត់ដឹងរឿងនោះហើយ គិតថា យើងលះបង់នូវហ្វូងហើយនឹងទៅចិញ្ចឹមមាតា ពេលដល់ចំណែកនៃរាត្រីហើយ កាលដំរីទាំងឡាយដទៃមិនដឹង ទើបនាំមាតា ទៅកាន់ជើងភ្នំ ឈ្មោះ ចណ្ឌោរណៈ ទុកមាតាក្នុងគុហាភ្នំ ដែលឋិតនៅជាប់តំបន់មួយ ហើយក៏ចិញ្ចឹម ។ លំដាប់នោះ ព្រានព្រៃដែលរស់នៅនគរពារាណសីមួយរូប វង្វេងផ្លូវ មិនអាចនឹងកំណត់នូវទិស បានស្រែកយំដោយសំឡេងដ៏ខ្លាំង ។ ព្រះពោធិសត្វស្ដាប់នូវសំឡេងរបស់ព្រាននោះហើយ គិតថា បុរសនេះជាមនុស្សអនាថា បើគេវិនាសក្នុងទីដែលយើងឋិតនៅនោះ មិនសមគួរឡើយ ដូចនេះហើយ ទើបទៅរកគេ ឃើញគេកំពុងគេចទៅដោយសេចក្ដីភ័យខ្លាច ក៏សួរថា អម្ភោ នែបុរសដ៏ចម្រើន លោកកុំមានភ័យព្រោះអាស្រ័យយើងឡើយ លោកកុំគេចទៅអី ព្រោះហេតុអ្វី លោកទើបស្រែកយំត្រាច់ទៅដូច្នេះ កាលគេពោលថា បពិត្រលោកម្ចាស់ ខ្ញុំវង្វេងផ្លូវ ថ្ងៃនេះជាថ្ងៃទី ៧ ហើយសម្រាប់ខ្ញុំ ។ ព្រះមហាសត្វពោលថា នែបុរសដ៏ចម្រើន លោកកុំភ័យឡើយ យើងដាក់លោកទុកក្នុងផ្លូវមនុស្ស ដូចនេះហើយ ឲ្យគេឡើងជិះលើខ្នងរបស់ខ្លួន នាំចេញអំពីព្រៃហើយទើបត្រឡប់មកវិញ ។ ចំណែកព្រាននោះជាមនុស្សអាក្រក់ គិតថា យើងទៅកាន់នគរហើយនឹងទូលដល់ព្រះរាជា ដូច្នេះហើយ ទើបធ្វើដើមឈើជាគ្រឿងចំណាំ ធ្វើភ្នំជាគ្រឿងចំណាំ បានចេញទៅកាន់នគរពារាណសី ។ ក្នុងពេលនោះ ដំរីមង្គលរបស់ព្រះរាជាបានធ្វើកាលកិរិយា ។ ព្រះរាជាត្រាស់បញ្ជាឲ្យវាយស្គរប្រកាសថា បើអ្នកណា ឃើញដំរីដែលមានរូបដ៏សមគួរ ដើម្បីនឹងធ្វើជាព្រះទីនាំងក្នុងទីណា អ្នកចូរប្រាប់ ។ បុរសនោះចូលគាល់ព្រះរាជាទូលថា បពិត្រព្រះសម្មតិទេព ខ្ញុំព្រះអង្គបានឃើញស្ដេចដំរីដែលមានសីល ពណ៌សសុទ្ធ ជាដំរីប្រកបដោយរូប ដើម្បីនឹងជាព្រះ​ទីនាំងរបស់ព្រះអង្គបាន ខ្ញុំនឹងប្រាប់ផ្លូវ សូមទ្រង់បញ្ជូននាយហត្ថាចារ្យនឹងទូលព្រះបង្គំទៅចាប់ដំរីនោះចុះ ។ ព្រះរាជាទទួលពាក្យនោះ ហើយត្រាស់ថា ពួកលោកចូរធ្វើបុរសនេះឲ្យជាអ្នកនាំផ្លូវ ទៅកាន់ព្រៃ ហើយនាំនូវស្ដេចដំរីដូចដែលបុរសនេះពោល មក ដូច្នេះហើយ ទ្រង់ក៏បញ្ជូននាយហត្ថាចារ្យនឹងបុរសនោះ មួយអន្លើដោយបរិវារដ៏ច្រើន ។ នាយហត្ថាចារ្យទៅជាមួយបុរសនោះ បានឃើញព្រះពោធិសត្វ ដែលកំពុងចូលទៅកាន់ស្រះឈូក ស្វែងរកអាហារ ។ ចំណែកព្រះពោធិសត្វឃើញនាយហត្ថាចារ្យ ហើយអធិដ្ឋានថា ភ័យនេះមិនកើតឡើងអំពីអ្នកដទៃ នឹងកើតឡើងអំពីសម្នាក់បុរសនោះ យើងនេះជាអ្នកមានកម្លាំងខ្លាំង អាចដើម្បីនឹងកម្ចាត់នូវដំរីសូម្បីទាំងពាន់ បើយើងក្រោធហើយ អាចនឹងញ៉ាំងនូវពាហនៈរបស់សេនា ព្រមទាំងដែនឲ្យវិនាស ប្រសិនបើយើងនឹងក្រោធ សីលរបស់យើងនឹងបែកធ្លាយ ព្រោះហេតុនោះ ក្នុងថ្ងៃនេះ សូម្បីគេចាក់យើងដោយលំពែង យើងនឹងមិនក្រោធឡើយ ដូច្នេះហើយ បង្អោនក្បាលចុះ ឈរនៅមិនកម្រើក ។ នាយហត្ថាចារ្យចុះកាន់ស្រះបទុម មើលនូវលក្ខណសម្បត្តិរបស់ដំរីនោះហើយពោលថា ម្នាលបុត្រ ចូរមក ដូចនេះហើយ ចាប់កាន់ប្រម៉ោយដែលប្រាកដដូចខ្សែប្រាក់ (រួចធ្វើដំណើរទៅ) ក្នុងថ្ងៃទី ៧ ទើបដល់នគរពារាណសី ។ ចំណែកមាតាព្រះពោធិសត្វ កាលកូនមិនមក ក៏បរិទេវនាការថា កូនរបស់យើង នឹងត្រូវព្រះរាជា និងរាជមហាមាត្យនាំទៅ ឥឡូវនេះ ព្រៃនេះ នឹងចម្រើនដោយការព្រាត់ប្រាស់ចាកដំរីនោះ ដូច្នេះហើយ ទើបពោលគាថាទាំងឡាយ ២ ថា តស្ស នាគស្ស វិប្បវាសេន, វិរូឡ្ហោ សល្លកី ច កុដជា ច; កុរុវិន្ទករវីរា ភិសសាមា ច, និវាតេ បុប្ផិតា ច កណិការា។ ដើមពោនស្វាផង ដើមខ្លែងគង់ផង ដើមទទឹម និងស្មៅធំ ឈ្មោះករវីរៈផង ក្រអៅឈូក និងស្រងែផង ដុះទ្រុបទ្រុលហើយ ទាំងដើមកណិការជិតជើងភ្នំ ក៏ចេញផ្កាដែរ ព្រោះតែដំរីនោះមិននៅ ។ កោចិទេវ សុវណ្ណកាយុរា, នាគរាជំ ភរន្តិ បិណ្ឌេន; យត្ថ រាជា រាជកុមារោ វា, កវចមភិហេស្សតិ អឆម្ភិតោ។ ក្នុងស្រុក ឬក្នុងក្រុងណាមួយ ព្រះរាជា ឬព្រះរាជកុមារណាមួយ មានគ្រឿងអាភារណៈ ជាវិការនៃមាស រមែងចិញ្ចឹមសេ្តចដំរី ដោយដុំនៃភោជន ដ្បិតដំរីដែលព្រះរាជា ឬព្រះរាជកុមារ (គង់ហើយ) មិនតក់ស្លុត (ក្នុងសង្គ្រាម) អាចនឹងទម្លុះទម្លាយនូវក្រោះ (នៃពួកបច្ចាមិត្របាន) ។ ចំណែកនាយហត្ថាចារ្យ កាលធ្វើដំណើរទៅក្នុងរវាងផ្លូវ បានបញ្ជូនសារទៅដល់ព្រះរាជា ។ ព្រះរាជាបានបញ្ជាឲ្យគេតាក់តែងព្រះនគរ ។ នាយហត្ថាចារ្យនាំព្រះពោធិសត្វដែលប្រោះព្រំដោយរបស់ក្រអូប និងប្រដាប់តាក់តែង ចូលកាន់រោងដំរី ឲ្យគេឡោមព័ទ្ធដោយវាំងននដ៏វិចិត្រ និងឲ្យគេទៅទូលដល់ព្រះរាជា ។ ព្រះរាជាទ្រង់នាំនូវភោជនដែលរស់ដ៏លើសផ្សេងៗ យាងទៅ ញ៉ាំងឲ្យអ្នកបម្រើឲ្យដល់ព្រះពោធិសត្វ ។ ព្រះពោធិសត្វគិតថា យើងកាលវៀរចាកមាតាហើយ នឹងមិនទទួលយកនូវអាហារ ដូច្នេះហើយ ទើបមិនកាន់យកនូវដុំបាយ ។ លំដាប់នោះ ព្រះរាជាកាលនឹងអង្វរព្រះពោធិសត្វទើបត្រាស់ព្រះគថាទី ៣ ថា គណ្ហាហិ នាគ កពឡំ, មា នាគ កិសកោ ភវ; ពហូនិ រាជកិច្ចានិ, តានិ នាគ ករិស្សសិ។ ម្នាលដំរី អ្នកចូរទទួលពំនូតភោជនចុះ ម្នាលដំរី អ្នកកុំស្គមឡើយ ម្នាលដំរី រាជកិច្ចទាំងឡាយ មានច្រើន អ្នកនឹងធ្វើនូវរាជកិច្ចទាំងនោះ ។ ព្រះពោធិសត្វស្ដាប់ពាក្យនោះហើយ ទើបពោលគាថាទី ៤ ថា សា នូនសា កបណិកា, អន្ធា អបរិណាយិកា; ខាណុំ បាទេន ឃដ្ដេតិ, គិរិំ ចណ្ឌោរណំ បតិ។ មេដំរីនោះ ជាសត្វកំព្រា ខ្វាក់ភ្នែក មិនមានគេដឹកនាំ ទង្គិចជើងនឹងដង្គត់ឈើ ហើយបែរមុខទៅរកភ្នំចណ្ឌោរណៈ ដួលនៅ ។ លំដាប់នោះ ព្រះរាជាកាលនឹងសួរ ទើបត្រាស់គាថាទី ៥ ថា កា នុ តេ សា មហានាគ, អន្ធា អបរិណាយិកា; ខាណុំ បាទេន ឃដ្ដេតិ, គិរិំ ចណ្ឌោរណំ បតិ។ មា្នលដំរីប្រសើរ មេដំរីខ្វាក់ភ្នែក មិនមានគេដឹកនាំ ទង្គិចជើងនឹងដង្គត់ឈើ បែរមុខទៅរកភ្នំចណ្ឌោរណៈ ដួលនៅនោះ តើត្រូវជាអ្វីនឹងអ្នកឯង ។ ព្រះពោធិសត្វ ទើបពោលគាថាទី ៦ មាតា មេ សា មហារាជ, អន្ធា អបរិណាយិកា; ខាណុំ បាទេន ឃដ្ដេតិ, គិរិំ ចណ្ឌោរណំ បតិ។ បពិត្រមហារាជ មេដំរីខ្វាក់ភ្នែក មិនមានគេដឹកនាំ ទង្គិចជើងនឹងជង្គត់ឈើ បែរមុខទៅរកភ្នំចណ្ឌោរណៈ ដួលនៅនោះ ត្រូវជាមាតារបស់ទូលព្រះបង្គំជាខ្ញុំ ។ ព្រះរាជាបានស្ដាប់នូវអត្ថនៃគាថាទី ៦ នោះហើយ កាលញ៉ាំងគេឲ្យដោះលែងព្រះពោធិសត្វ ទើបត្រាស់គាថាទី ៧ ថា មុញ្ចថេតំ មហានាគំ, យោយំ ភរតិ មាតរំ; សមេតុ មាតរា នាគោ, សហ សព្ពេហិ ញាតិភិ។ អ្នកទាំងឡាយចូរលែង នូវដំរីប្រសើរនុ៎ះ ជាសត្វចិញ្ចឹមនូវមាតា ចូរឲ្យដំរីបានជួបជុំនឹងមាតា ព្រមទាំងញាតិទាំងពួងចុះ ។ អភិសម្ពុទ្ធគាថាទី ៨ និងទី ៩ ថា មុត្តោ ច ពន្ធនា នាគោ, មុត្តមាទាយ កុញ្ជរោ; មុហុត្តំ អស្សាសយិត្វា, អគមា យេន បព្ពតោ។ ដំរីគ្រាន់តែរួចចាកចំណង ដែលព្រះរាជាកាសី បានបញ្ចូនទៅ សម្រាកខ្លួនតែមួយរំពេច ក៏ដើរសំដៅទៅរកភ្នំ ។ តោ សោ នឡិនិំ គន្ត្វា, សីតំ កុញ្ជរសេវិតំ; សោណ្ឌាយូទកមាហត្វា, មាតរំ អភិសិញ្ចថ។ ដំរីនោះ ចេញទៅអំពីភ្នំនោះ ដើរទៅកាន់ព្រៃ ជាទីពួនសម្ងំដ៏ត្រជាក់ ដែលដំរីធ្លាប់សេព (នៅ) ហើយដងទឹក ដោយប្រមោយ យកមកស្រោចស្រពមាតា ។ បានឮថា ដំរីនោះបានរួចផុតចាកចំណងហើយ សម្រាកបន្តិច ក៏សម្ដែងធម៌ដោយ ទសរាជធម្មគាថា ដល់ព្រះរាជា និងឲ្យឱវាទថា បពិត្រមហារាជ សូមទ្រង់ចូរជាអ្នកកុំប្រមាទឡើយ ដូច្នេះហើយ កាលមហាជនបូជាដោយគ្រឿងក្រអូបនិងផ្កាកម្រងជាដើម ទើបចេញចាកព្រះនគរ ហើយទៅដល់ស្រះបទុមនោះ ។ ក្នុងខណៈនោះឯង ព្រះពោធិសត្វគិតថា យើងនឹងញ៉ាំងមាតារបស់យើង ឲ្យកាន់យកនូវអាហារហើយ ទើបនឹងកាន់យកដោយខ្លួន ដូច្នេះហើយ ទើបកាន់យកក្រអៅឈូកដ៏ច្រើន និងកាន់យកទឹកឲ្យពេញដោយប្រមោយ ហើយចេញចាកគុហាដែលជាទីពួន ទៅកាន់សម្នាក់មាតាដែលអង្គុយទៀបទ្វារគុហា ទើបស្រោចនូវទឹក ដើម្បីត្រឡប់បាននូវសម្ផស្ស លើសរីរៈរបស់មាតាដែលអត់អាហារអស់ ៧ ថ្ងៃ ។ ព្រះសាស្ដាកាលធ្វើឲ្យជាក់ច្បាស់នូវសេចក្ដីនោះ ទើបត្រាស់ព្រះគាថាទាំងឡាយ ២ នេះ ។ សូម្បីមាតារបស់ព្រះពោធិសត្វ កាលនឹងជេរនូវទឹកដែលធ្លាក់មកនោះ ដោយសម្គាល់ថា ភ្លៀវធ្លាក់ ដូច្នេះហើយ ទើបពោលគាថាទី ១០ ថា កោយំ អនរិយោ ទេវោ, អកាលេនបិ វស្សតិ; គតោ មេ អត្រជោ បុត្តោ, យោ មយ្ហំ បរិចារកោ។ ភ្លៀងអ្វីហ្នឹងផ្តេសផ្តាស បង្អុរចុះ ពុំជួកាលសោះ កូនបង្កើតរបស់អញ ដែលជាអ្នកបម្រើអញ ទៅបាត់ហើយតើ ។ លំដាប់នោះ ព្រះពោធិសត្វកាលនឹងលួងលោមមាតា ទើបពោលគាថាទី ១១ ថា ឧដ្ឋេហិ អម្ម កិំ សេសិ, អាគតោ ត្យាហមត្រជោ; មុត្តោម្ហិ កាសិរាជេន, វេទេហេន យសស្សិន។ បពិត្រអ្នកមេ សូមអ្នកក្រោកឡើង សម្រាន្តអ្វី ខ្ញុំជាកូនបង្កើតរបស់លោក ដែលព្រះរាជាកាសី ទ្រង់ប្រកបដោយប្រាជ្ញា មានយស បានលែងមកវិញហើយ ។ មាតាព្រះពោធិសត្វនោះ មានចិត្តត្រេកអរ កាលនឹងធ្វើនូវការអនុមោទនាដល់ព្រះរាជា ទើបពោលគាថាចុងក្រោយថា ចិរំ ជីវតុ សោ រាជា, កាសីនំ រដ្ឋវឌ្ឍនោ; យោ មេ បុត្តំ បមោចេសិ, សទា វុទ្ធាបចាយិកំ។ ព្រះរាជាណា បានលែងកូនរបស់ខ្ញុំ ជាអ្នកកោតក្រែង ចំពោះបុគ្គលចាស់សព្វ ៗ កាល សូមព្រះរាជានោះ ញ៉ាំងដែនរបស់ពួកអ្នកកាសីឲ្យចម្រើន គង់ព្រះជន្មនៅអស់កាលយូរអង្វែងចុះ ។ គ្រានោះ ព្រះរាជាកាលនឹងសរសើនូវគុណរបស់ព្រះពោធិសត្វ ទើបឲ្យគេកសាងនូវស្រុក ក្នុងទីមិនឆ្ងាយអំពីនឡិនិ (កន្លែងព្រះពោធិសត្វ) ហើយបានញ៉ាំងវត្តបដិបត្តិដែលជាប់ជានិច្ចឲ្យតម្កល់ ដល់ព្រះពោធិសត្វនិងមាតានោះ ។ ក្នុងកាលជាចំណែកខាងក្រោយ ព្រះពោធិសត្វកាលមាតាធ្វើកាលកិរិយាហើយ ទើបធ្វើនូវការរក្សាសរីរៈរបស់មាតានោះ ហើយបានទៅកាន់អាស្រមបទឈ្មោះ ការណ្ឌកៈ ។ ក្នុងទីនោះ ឥសីចំនួន ៥០០ ចុះចាកអំពីភ្នំហិមពាន្តមកនៅ ។ ព្រះពោធិសត្វបានថ្វាយវត្តបដិបត្តិនោះដល់ឥសីទាំងនោះ ។ ព្រះរាជា បានញ៉ាំងគេឲ្យកសាងនូវរូបបដិមាថ្ម ដែលដូចរូបរបស់ព្រះពោធិសត្វ និងបានញ៉ាំងនូវមហាសក្ការៈឲ្យប្រព្រឹត្តទៅ ។ អ្នករស់នៅក្នុងជម្ពូទ្វីបទាំងអស់ បានប្រជុំគ្នាជាប្រចាំឆ្នាំ ធ្វើនូវមហោស្រពឈ្មោះ ហត្ថិមហៈ (បុណ្យដំរី) ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចៈទាំងឡាយ និង ប្រជុំជាតក ក្នុងកាលជាទីបញ្ចប់នៃសច្ចៈ មាតុបោសកភិក្ខុ បានតាំងនៅក្នុងសោតាបត្តិផល ។តទា រាជា អានន្ទោ អហោសិ ព្រះរាជាក្នុងកាលនោះបានមកជាអានន្ទ ។បាបបុរិសោ ទេវទត្តោ បុរសបាប បានមកជាទេវទត្ត ។ ហត្ថាចរិយោ សារិបុត្តោ ហត្ថាចារ្យបានមកជាសារីបុត្រ ។មាតា ហត្ថិនី មហាមាយា ដំរីជាមាតាបានមកជាព្រះនាងមហាមាយា ។ មាតុបោសកនាគោ បន អហមេវ អហោសិំ ចំណែកមាតុបោសកនាគ (ដំរីចិញ្ចឹមមាតា) គឺ តថាគត នេះឯង ។ ចប់ មាតុបោសកជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកទសកនិបាត បិដក ៥៩ ទំព័រ ២១០) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2293/Untitled-1-Recovered.jpg
រឿង សេះឈ្មោះបណ្ឌវៈ
ផ្សាយ : ១៨ មិថុនា ឆ្នាំ២០២៣
រឿង សេះឈ្មោះបណ្ឌវៈ ក្នុងអតីតកាល បានមានព្រះរាជា​ទ្រង់​ព្រះនាម​ថា សាមៈ ក្នុងក្រុងពារាណសី។ ព្រះពោធិសត្វបានជាអមាត្យ​អ្នក​បង្រៀន​អត្ថនិងធម៌​របស់ព្រះរាជាអង្គ​នោះ។ ក៏​ព្រះរាជា​ទ្រង់មានសេះ​មង្គល ឈ្មោះបណ្ឌវៈ។ អ្នកគង្វាល​សេះ​របស់​ព្រះអង្គ​ឈ្មោះ គិរិទត្ត ជាមនុស្សខ្ចក។ សេះឃើញ​អ្នក​គង្វាល​សេះ​នោះ​ចាប់​ខ្សែបង្ហៀរ (ដឹក) នាំមុខ​ហើយ ក៏សម្គាល់​ថា "អ្នកគង្វាល​សេះនេះ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.22
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿