30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៩៧,៣១៧
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,០៩៥,១១៨
សរុប ៣៨៥,៣៨១,៨១១
រឿងនិទានអប់រំចិត្ត
images/articles/1072/Untitled-1-Recovered.jpg
ផ្សាយ : ១៥ មេសា ឆ្នាំ២០២៣ (អាន: ៣៣,២៨១ ដង)
រឿង​វង្គីស​ព្រាហ្មណ៍ (ចាក ធ. ខុ..) (ចេះ​ឯង​មិន​ក្រែង​ចេះ​គេ) បាន​ឮ​ថា មាន​ព្រាហ្មណ៍​ម្នាក់​ឈ្មោះ​វង្គីសៈ​នៅ​ក្នុង​នគររាជ​គ្រឹះ​ចេះ​គោះ​ក្បាល​ខ្មោច ហើយ​ដឹង​ថា " នេះ​ជា​ក្បាល​ខ្មោច​ដែល​ស្លាប់​ទៅ​កើត​ក្នុង​នរក នេះ​ជា​ក្បាល​ខ្មោច​ដែល​ស្លាប់​ទៅ​ កើត​ក្នុង​កំណើត​សត្វ​តិរិច្ឆាន ក្បាល​ខ្មោច​នេះ​កើត​ក្នុង​កំណើត​ប្រេត ក្បាល​ខ្មោច​នេះ​កើត​ក្នុង​មនុស្ស​លោក ក្បាល​ខ្មោច​នេះ​កើត​ក្នុង​ទេវលោក " ។
images/articles/2042/Untitled-1-Recovered.jpg
ផ្សាយ : ៣០ មីនា ឆ្នាំ២០២៣ (អាន: ៩២,៥១៩ ដង)
រឿង​សូ​ក​រប្រេត​ (​ព្រះ​នារទ​ត្ថេរ​សួរ​ថា​) កាយ​​ទាំង​មូល​របស់​អ្នក​ មាន​សម្បុរ​ដូច​មាស​ មាន​រស្មី​ភឺ្ល​ស្វាង​ សព្វ​ទិស​ តែ​មាត់​របស់​អ្នក​ដូច​មាត់​ជ្រូក តើ​អំពី​ភព​មុន​ អ្នក​បាន​ធ្វើ​អំពើ​ ដូច​ម្តេច ។ (​ប្រេត​តប​ថា​) បព្រិត​ព្រះ​នារ​ទៈ ខ្ញុំ​ជា​បុគ្គល​បាន​សង្រួម​កាយ​ តែ​មិន​សង្រួម​វា​ចា​ ព្រោះ​ហេតុ​នោះ​ បាន​ជា​ខ្ញុំ​មា​សម្បុរ​បែ​ប​នោះ ដូច​លោក​ម្ចាស់​បាន​ឃើញ​ស្រាប់​ហើយ បពិត្រ​ព្រះ​នារ​ទៈ ខ្ញុំ​សូម​ទូល​រឿង​នោះ
images/articles/2275/Untitled-1-Recovered.jpg
ផ្សាយ : ៣០ មីនា ឆ្នាំ២០២៣ (អាន: ២២,១០១ ដង)
រឿងដំរីឈ្មោះមហិឡាមុខ ក្នុងអតីតកាល ព្រះរាជា​ព្រះបាទព្រហ្មទត្ត ក្នុង​ព្រះនគរពារាណសី បាន​មាន​ដំរីមង្គល ឈ្មោះមហិឡាមុខ ជាសត្វ​មានសីល បរិបូរណ៍​ដោយមាយាទ មិនចេះបៀតបៀន​អ្នកណាម្នាក់​ឡើយ។ ក្រោយ​មក ថ្ងៃមួយ ក្នុងពេលរាត្រី ពួកចោរមកហើយបានអង្គុយ​ប្រឹក្សាគ្នា នៅក្បែររោងដំរីរបស់​ព្រះរាជា​អង្គ​នោះ ថា "ពួកយើង ត្រូវទំលាយឧម្មង្គ (រូង) យ៉ាងដូច្នេះ,
images/articles/2401/5eeby55evrthb5gyhge45ryb65vrtdftgn5brtdfy.jpg
ផ្សាយ : ៣០ មីនា ឆ្នាំ២០២៣ (អាន: ៣២,៥០៣ ដង)
រឿងប្រេតអ្នកពោលតិះដៀលការបូជាព្រះសារីរិកធាតុ (បិដកលេខ៥៦ ទំព័រ៨៨ និងអដ្ឋកថា) កាលព្រះមានព្រះភាគ ស្ដេច​ទ្រង់​បរិនិព្វាន ទៅ​ចន្លោះ​ដើម​សាលព្រឹក្ស​ទាំង​គូ​ក្នុង​សាលវ័ន នៃ​ពួក​មល្លក្សត្រ ដែល​ជា​ទីឆៀង​ចូល​ទៅ​ក្នុង​ក្រុង​កុសិនារា (​ក្រោយ​មក ទោណព្រាហ្មណ៍) និង​ធ្វើ​ការ​ចែក​ព្រះធាតុ។ ព្រះបាន​អជាតសត្តុ បាន​ទទួល​ចំណែក​នៃ​ព្រះធាតុ​ចំនួន​២​នាឡិ បាន​កសាង​ព្រះស្ដូប បញ្ចុះ​ព្រះបរមសារីរិកធាតុ​របស់​ព្រះសម្មាសម្ពុទ្ធ នៅ​នា​ក្រុង​រាជគ្រិះ។ សួរ​ថា តើ​ធ្វើ​យ៉ាង​ណា? ឆ្លើយថា គឺ​ព្រះរាជា បាន​ដង្ហែ​តាំង​តែអំពី​ក្រុង​កុសិនារា​រហូត​ដល់​ក្រុង​រាជគ្រិះ ក្នុងចម្ងាយ​ផ្លូវ​២៥​យោជន៍។ ក្នុង​ចន្លោះផ្លូវ​នោះ ទ្រង់​បានឲ្យ​ឈប់​រវាង​ផ្លូវ​៨ឧសភៈ(ម្ដងៗ) ដើម្បី​ឲ្យ​មហាជន​បាន​បូជា គ្រប់​កន្លែង​ដែល​បាន​ឈប់​នោះ។ ដោយ​ការ​នឹក​រលឹក​ដល់​ព្រះពុទ្ធគុណ ទើប​ធ្វើ​ការ​បូជា យ៉ាង​ឱឡារិក​គគ្រឹកគគ្រេង​ឲ្យ​ប្រព្រឹត្ត​ទៅ រហូត​៧ឆ្នាំ ៧ខែ ៧ថ្ងៃ។ ពួក​មនុស្ស​ក្នុងទីនោះ រាប់​ប្រមាណ​មិនបាន នាំគ្នា​ធ្វើ​ចិត្ត​ឲ្យ​ជ្រះថ្លា​ក្នុងព្រះបរមសារីរិកធាតុ ក្រោយ​ពីស្លាប់ បាន​ចូល​ទៅ​កើត​ក្នុង​ឋានសួគ៌ ដោយ​អំណាច​នៃ​ការ​បូជា​ចំពោះ​ព្រះសារីរិកធាតុ។ ចំណែក​ពួកជន​ដែល​ជា​មិច្ឆាទិដ្ឋិ មានចិត្ត​វិបល្លាស ព្រោះ​ជា​បុគ្គល​មិន​មាន​សទ្ធា ដោយ​ការ​យល់​ខុស​របស់ខ្លួន បាន​នាំគ្នាតិះដៀល​ថា តាំង​តែ​អំពី​ព្រះសមណគោតម​បរិនិព្វាន​ទៅ ពួក​យើង​រវល់​តែលេង​នូវ​គ្រឿង​ប្រគំ ការងារ​របស់​ពួក​យើង​វិនាស​អស់​ហើយ ក៏​មាន​ចិត្ត​ប្រទូស​រ៉ាយ​កើត​ឡើង សូម្បី​ក្នុង​វត្ត​ដែល​គួរ​ឲ្យ​កើត​សេចក្ដី​ជ្រះថ្លា បែរ​ជា​តិះដៀល ពួក​ជន​មាន​ប្រមាណ​៨៦០០០នាក់ ក្នុងទី​នោះ បាន​ទៅ​កើត​ក្នុង​អបាយភូមិ (ដោយ​ការ​តិះដៀល​ព្រះបរមធាតុ)។ (ក្នុង​កាល​នោះ មាន) ភរិយា កូនស្រី និង​កូនប្រសារស្រី​របស់​កុដុម្ពិកៈម្នាក់ ដែល​បរិបូរណ៌ដោយ​ទ្រព្យសម្បត្តិ​ក្នុង​ក្រុង​រាជគ្រឹះ​នោះ​ឯង មាន​ចិត្ត​ជ្រះថ្លា នាំ​គ្នា​គិត​ថា ពួក​យើង​នឹង​ធ្វើ​ការបូជា​ព្រះធាតុ ទើប​កាន់​យក​នូវ​សក្ការៈ​ទាំងឡាយ មាន​ផ្កាកម្រង និងគ្រឿងក្រអូប​ជាដើម ប្រុង​ដើម្បី​នឹង​ទៅ​កាន់​ទីតម្កល់​ព្រះធាតុ។ កុដុម្ពិៈនោះ​គិត​ថា កឹ អដ្ឋិកានំ បូជនេន ប្រយោជន៍​អ្វី​ដោយ​ការ​បូជា​ឆ្អឹង​ទាំង​ឡាយ (នោះ) ទើប​ជេរ​ពួក​ស្ត្រី​ទាំង​នោះ ដោយ​ពោល​តិះដៀល​ចំពោះ​ការ​បូជា​ព្រះសារីរិកធាតុ។ តែស្ត្រី​ទាំង​នោះ មិន​បាន​អើពើ​នឹង​ពាក្យ​របស់​គាត់​ទេ ក៏​នាំ​គ្នា​ទៅ​ក្នុងទីនោះ ធ្វើការ​បូជា​ព្រះសារីរិកធាតុ​ហើយ ទើប​ត្រឡប់​មក​ផ្ទះ មិនយូរ​ប៉ុន្មាន ក៏​ធ្វើ​មរណកាល ហើយ​ទៅកើត​ក្នុងទេវលោក។ ចំណែក​កុដុម្ពិកៈនោះ​ត្រូវ​សេចក្ដីក្រោធ​គ្របសង្កត់ មិនយូរ​ប៉ុន្មាន ស្លាប់​ហើយ ទៅកើត​ក្នុងពួក​ប្រេត ព្រោះ​បាបកម្មនោះ។ ក្រោយ​មក ថ្ងៃ​មួយ ព្រះមហាកស្សបៈ​មាន​អាយុ បាន​សម្ដែង​នូវ​ឥទ្ធាភិសង្ខារ(គឺសម្ដែងឫទ្ធិ) ដោយ​ប្រការ​ដែល​ពួក​មនុស្ស​អាច​ឃើញ​ប្រេត​ទាំង​នោះ និង​ទេវតា​ទាំង​នោះ​បាន លុះ​ធ្វើ​យ៉ាង​នេះ​ហើយ ក៏​ឈរ​ត្រង់​ទីលាន​ព្រះចេតិយ សួរ​ប្រេត​អ្នក​ដែល​ពោល​តិះដៀល​ព្រះសារីរិកធាតុ​នោះ ​ទាំង​នេះ​ថា អ្នក​ឋិត​នៅ​ព្ធដ៏អាកាស មានក្លិន​អាក្រក់​ស្អុយ​ផ្សាយ​ចេញ​ឯពួកដង្កូវ​ក៏​នាំ​គ្នា​រុក​ស៊ី​មាត់របស់​អ្នក​ដែល​មាន​ក្លិន​ស្អុយ តើ​អ្នក​បាន​ធ្វើ​អំពើ​អ្វី​ក្នុង​កាល​មុន? ព្រោះកាល​ផ្សាយ​ទៅ​នៃ​ក្លិន​ស្អុយ និង​មាត់​ដែល​មាន​កដង្កូវ​រុក​ស៊ី​នោះ (បាន​ជា​ពួក​សត្វ ដែល​ប្រព្រឹត្ត​ទៅ​តាម​កម្ម) កាន់​យកគ្រឿង​សស្ត្រា មក​វះ (មាត់​ដំបៅ) រឿយៗ ហើយស្រោច​ដោយទឹកខារ (ទឹកក្រុត) ថែមទៀត។ អំពើ​អាក្រក់​អ្វី ដែល​អ្នក​បាន​ធ្វើ​ដោយ​កាយ វាចា ចិត្ត? ព្រោះ​វិបាក​នៃ​កម្ម​អ្វី អ្នក​ទើប​បាន​ទទួល​សេចក្ដី​ទុក្ខ​យ៉ាង​នេះ? ប្រេត​នោះ ក៏​បាន​ទូល​ប្រាប់​ដល់​លោក​ថា បពិត្រ​លោក​អ្នក​និរទុក្ខ (កាល​មុខ) ខ្ញុំ​ជា​ឥស្សរៈ លើ​ទ្រព្យ និង​ស្រូវអង្ករ​ច្រើន​ណាស់ នៅ​ក្នុង​ក្រុង​រាជគ្រឹះ ដែល​គួរ​រីករាយ មាន​ភ្នំឡោមព័ទ្ធជុំវិញ។ (កាល​ពីជាតិ​មុន) ស្រី​នេះ​ជាភរិយា​របស់ខ្ញុំ ស្រីនេះ​ជាកូន​ស្រីរបស់​ខ្ញុំ ស្រី​នេះ​ជាកូនប្រសារ​របស់​ខ្ញុំ ខ្ញុំ​បាន​ហាម​ឃាត់​ពួក​គេ ដែល​នាំ​គ្នាកាន់​យក​កម្រង​ផ្កា ផ្កាឧប្បល និង​គ្រឿង​លាបស្រលាប​ដែល​មាន​តម្លៃ ទៅ​កាន់​ព្រះស្ដូប (ដើម្បី​បូជា​ព្រះធាតុ) បាបកម្ម​នោះ គឺ​ខ្ញុំ​បាន​ធ្វើ​ទុក្ខ​ហើយ។ ពួក​ខ្ញុំ​មាន​ចំនួន ៨៦០០០នាក់ បាន​ទទួល​ទុក្ខវេទនា​ចំពោះ​ខ្លួន ដែល​បាន​តិះដៀល​នូវ​ការបូជា​ព្រះស្ដូប​ហើយ ទើប​ឆេះ​នៅ​ក្នុង​ប្រេត​វិស័យ ដែល​ដូច​ជានរក ព្រោះមានការ​លំបាក​យ៉ាង​ខ្លាំង។ នាកាល​បុណ្យ​ដង្ហែ ដែល​គេបូជា​ឧទ្ទិស្ដូប​នៃ​ព្រះអរហន្តសម្មាសម្ពុទ្ធ កំពុង​តែ​ប្រព្រឹត្ត​ទៅ ពួក​ជន​ណា​ប្រកាស​ទោស​ក្នុងការ​បូជាព្រះស្ដូប​(ដូចជាខ្ញុំ) ពួក​ជន​នោះ តែង​ងាក​ចេញចាក​បុណ្យ (តែម្យ៉ាង)។ លោកម្ចាស់ សូមទតមើល នូវ​ពួកទេពអប្សរ​ទាំង​នេះ​ដែល​ទ្រទ្រង់​ផ្កា​កម្រង តាក់តែង​កាយ កំពុង​តែ​ហោះ​មក (តាម​អាកាស) ទេពអក្សរ​ទាំង​នោះ ដែល​បាន​សម្រេច (​ដោយ​សម្បត្តិ​ទិព្វ) មាន​យសបរិវារ កំពុង​តែ​សោយ​នូវ​ផល​នៃ​ការបូជា​ (ព្រះសារីរិកធាតុ) ដោយ​កម្រងផ្កា។ (បពិត្រ​លោកម្ចាស់កស្សបៈ) ពួក​នាង ជាអ្នក​មាន​បញ្ញា​បាន​ឃើញ​ផល​ដ៏អស្ចារ្យ ដ៏ចម្លែក ដែលគួរព្រឺរោម (នៃបុណ្យ​ដ៏តិចតួច​នោះ) តែង​ធ្វើ​ការ​នមស្ការ ពោល​ថា (នមោ នមោ) ចំពោះ​ព្រះមហាមុនីអង្គ​នោះ។ (លំដាប់​នោះ) ប្រេត​នោះ​មាន​ចិត្តតក់ស្លុត កាល​សម្ដែង​កម្មដែល​ខ្លួន​គប្បី​ធ្វើ​តទៅ ទើប​ពោល​ថា ខ្ញុំ​ទៅ​អំពី​បេតលោក (នេះ) ហើយ (បើ)បានកំណើត​ជាមនុស្ស ខ្ញុំ​នឹង​ជាអ្នក​មិនប្រមាទ ហើយនឹង​ធ្វើការបូជា​ព្រះស្ដូប​(ដែលតម្កល់​នូវ​ព្រះសារីរិកធាតុ) រឿយៗ​ដោយពិត។ ព្រះមហាកស្សបៈ ដែល​ប្រេត​ពោល​ប្រាប់​យ៉ាង​នេះ​ហើយ ទើប​ធ្វើ​រឿង​នោះ​ឥ្យ​ជា​អត្ថុប្បត្តិ​ហេតុ សម្ដែងធម៌ដល់​បរិស័ទដែល​មក​ប្រជុំ​គ្នា​ព្រម​ហើយ។ ដកស្រង់ចេញពីសៀវភៅ សារីរិកធាតុបូជានិសំសោ រៀប​រៀង​ដោយ លោក ង៉ែត សុផាន ដោយ៥០០០ឆ្នាំ
images/articles/2341/23rfas.jpg
ផ្សាយ : ៣០ មីនា ឆ្នាំ២០២៣ (អាន: ៦៩,៩៨៤ ដង)
កាលពី​ព្រេង​នាយ មាន​ព្រះ​មហា​ក្សត្រ​មួយ​អង្គ​សោយ​រាជ្យ​នៅ​នគរ​ណា​រាណ​សី ទ្រង់​បា​ន​ចេញ​ទៅ​ប្រ​ពាត​ព្រៃ​មួយ ។ សោ​ភ័ណ​ភាព​ស្រស់​ឆើត​ឆាយ​នៃ​បុផ្ឆា​ជាតិ រុក្ខ​ជាតិ នឹង​ផ្លែ​ឈើ​ផ្សេង ៗ បាន​ធ្វើ​ឲ្យ​ទ្រង់​សព្វ​ព្រះ​ទ័យ​ជា​ខ្លាំង ។ សោយ​សេច​ក្តី​សោមនស្ស​រីក​រាយ​ជា​មួយ​នឹង​សោ​ភ័ណ​ភាព​ទាំង​នោះ ទ្រង់​ក៏បាន​យាង​កំ​សាន្ត​ចូល​ជ្រៅ​ទៅ ៗ ក្នុង​ទ្រូងព្រៃ ។
images/articles/2402/57by546gfy5y6ybh76v5urty5h6grtfydg.jpg
ផ្សាយ : ៣០ មីនា ឆ្នាំ២០២៣ (អាន: ១៩,៨៧៤ ដង)
រឿងព្រះបច្ចុបដ្ឋានសញ្ញកត្ថេរ (បិដកលេខ ៧៣ ទំព័រ២៨ និងអដ្ឋកថា) ព្រះបច្ចុបដ្ឋានសញ្ញកត្ថេរនេះ លោក​ធ្លាប់​បាន​បំពេញ​កុសល​មក​ហើយ ក្នុងកាល​នៃ​ព្រះសម្មាសម្ពុទ្ធ​អង្គ​មុនៗ ការ​សន្សំបុណ្យ​ទាំង​ឡាយ ក្នុងកាល​នៃ​ព្រះសម្មាសម្ពុទ្ធ​អង្គ​មុនៗ ការសន្សំបុណ្យ​ទាំងឡាយ ដែល​ជាឧបនិស្ស័យនៃវិវដ្ដៈ ក្នុងភព​មួយ​នោះ លោក​បាន​កើត​ក្នុង​កំណើត​យក្ស ក្នុងកាល​នៃ​ព្រះមានព្រះភាគ​ព្រះនាម​អត្ថទស្សី កាល​ខាង​ក្រោយ​មក ព្រះអង្គ​ក៏​ទ្រង់បរិនិព្វាន​ទៅ ព្រោះ​តែ​ការ​មិនបាន​ឃើញ ពេល​ដែលព្រះអង្គ​ទ្រង់​គង់​ព្រះជន្ម​នៅ ទើប​មាន​សេចក្ដី​សោកស្ដាយ​យ៉ាង​ខ្លាំង។ ក្នុងកាល​នោះ អគ្គសាវក​របស់​ព្រះសម្មាសម្ពុទ្ធ​អត្ថទស្សីមានព្រះនាមថា សាគរ កាល​ទូន្មាន (យក្សនោះ) ទើប​ពោល​ថា ការបូជា​ព្រះសារីរិកធាតុ របស់​ព្រះមានព្រះភាគ រមែង​មាន​ផល​ច្រើន​ ដូច​ការ​បូជា​ដែល​គេ​ធ្វើ​ហើយ​ក្នុង​កាល​ព្រះមានព្រះភាគ​ទ្រង់​គង់​ព្រះជន្មនៅ ព្រោះអំណាច​នៃ​ចិត្ត​ដែល​ជ្រះថ្លា (ហេតុ​ដូច្នេះ) អ្នក​ចូល​កសាង​ព្រះស្ដូប​ចុះ!។ យក្ស​បាន​ស្ដាប់​ហើយ កើត​សេចក្ដី​ជ្រះថ្លា ទើប​បបួល​គ្នាកសាង​ស្ដូប (ព្រះចេតិយ) រួច​បញ្ចុះ​ព្រះបរមសារីរិកធាតុ និង​បាន​បូជា​ព្រះស្ដូប​ដែល​តម្កល់ ព្រះសារីរិកធាតុ​នោះហើយ ចុតិ​អំពី​កំណើត​យក្ស បាន​សោយ​សម្បត្តិ​ព្រះឥន្ទ្រក្នុងទេវលោក និង​សម្បត្តិ​ស្ដេចចក្រពត្តិ​ក្នុងមនុស្សលោក។ ក្នុងពុទ្ធុប្បាទ​នេះ បានកើត​ក្នុងត្រកូល​ដែលមានទ្រព្យ​ច្រើន​ក្នុងនគរ​សាវត្ថី ដឹងក្ដីហើយ ជ្រះថ្លា​ក្នុងព្រះពុទ្ធ​សាសនា បាន​ចេញបួស មិនយូរប៉ុន្មាន​ ក៏បាន​ជាព្រះអរហន្ត។ ក្នុងកាលជាខាងក្រោយ​មក លោករលឹក​ឃើញ​នូវបុព្វកម្មរបស់ខ្លួន ក៏កើតសោមនស្ស កាល​ប្រកាស​នូវអំពើ​នោះឲ្យ​ប្រាកដ​ច្បាស់ ដែល​ខ្លួន​ប្រព្រឹត្ត​ហើយ​ក្នុងកាល​មុន ទើបពោល​គាថា​ទាំងនេះ​ថា កាលព្រះសុគតព្រះនាមអត្ថទស្សី ទ្រង់បរិនិព្វាន​ទៅ ខ្ញុំ​បានកើត​កំណើត​យក្ស ក្នុងលំដាប់​ស្មើ​គ្នា កាល​នោះ ខ្ញុំ​បាន​ដល់​នូវ​យស។ (ខ្ញុំ​គិត​ថា) ឱហ្ន៎! យស ដែល​អាត្មា​អញ​បាន​ហើយ មិនល្អ​សោះ ពន្លឺ​ភ្លឺស្វាង​ក្នុងរាត្រី​មិន​ល្អ ការរះ​ឡើង​នៃ​ព្រះអរុណ​ក៏​មិន​ល្អ ព្រោះ​ថា កាល​ដែល​ភោគអាត្មា​អញ​នៅ​មានព្រះសម្ពុទ្ធ​មានចក្ខុ​ទ្រង់​បរិនិព្វាន​ទៅ។ សាវក​ឈ្មោះ សាគរៈ បានដឹងច្បាស់ នូវតម្រិះ​របស់ខ្ញុំ​លោកមានប្រាថ្នា​នឹងស្រង់​ខ្ញុំ​ឡើង ទើប​និមន្ត​មក​កាន់​សំណាក់​ខ្ញុំ (ហើយប្រាប់ថា) នែ​បុរស​អ្នក​មាន​ប្រាជ្ញាល្អ អ្នកយំសោក​ធ្វើអ្វី អ្នក​កុំខ្លាច​ឡើយ អ្នក​ចូរប្រព្រឹត្ត​ធម៌​ចុះ ការ​បរិបូណ៌ដោយពូជ គឺ​កុសល​របស់​សត្វ​ទាំង​អស់ ព្រះពុទ្ធ​ទ្រង់​បានប្រគល់​ឲ្យ​ហើយ។ បុគ្គល​ណា បូជា​ព្រះសម្ពុទ្ធ​ជាំលោក​នាយក ដែល​ទ្រង់​គង់​ព្រះជន្ម​នៅ​ក្ដី បូជា​ព្រះសារីរិកធាតុ​របស់​ព្រះជិនស្រី សូម្បីប៉ុន​គ្រាប់ស្ពៃ ដែល​ទ្រង់​បរិនិព្វាន​ទៅហើយ​ក្ដី កាល​បើ​មាន​ចិត្ត​សេចក្ដី​ជ្រះថ្លា​ស្មើ បុណ្យ​ដែល​ដល់​នូវ​ភាព​ដ៏ធំ ក៏ស្មើគ្នា ព្រោះហេតុ​នោះ អ្នក​ចូល​កសាង​ព្រះស្ដូប ហើយបូជា​ព្រះជិនធាតុ​ទាំងឡាយចុះ!។ ខ្ញុំបានស្ដាប់​នូវ​ព្រះវាចា នៃ​ព្រះសាគរៈហើយ បាន​ធ្វើ​ពុទ្ធស្ដូប (គឺ​ព្រះចេតិយតម្កល់​នូវ​ព្រះសារីរិកធាតុ) ព្រម​ទាំងបានបម្រើ​ព្រះស្ដូប​ដ៏ប្រសើរ​របស់​ព្រះពុទ្ធ​មុនី​អស់៥ឆ្នាំ។ បពិត្រ​ព្រះអង្គ​ជាធំ​ជាងសត្វ​ទ្វេបាទ ជាចម្បង​ក្នុង​លោក​ទ្រង់ប្រសើរបំផុត​ជាងនរជន ខ្ញុំបាន​សោយនូវសម្បត្តិ ហើយបានសម្រេច​ព្រះអរហន្ត ព្រោះកុសលកម្មនោះ។ ក្នុងកប្បទី៧០០ អំពីភទ្ទកប្បនេះទៅ ខ្ញុំ​បាន​ជាស្ដេច​ចក្រពត្តិ៤ដង មានប្រាជ្ញាក្រាស់​ដូច​ផែនដី បរិបូណ៌ដោយរតនៈ៧ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ៨ និងអភិញ្ញា៦ ខ្ញុំ​បាន​ធ្វើ​ឲ្យជាក់ច្បាស់ហើយ ទាំងព្រះពុទ្ធសាសនា ក៏ខ្ញុំ​បានប្រតិបត្តិ​ហើយ។ បានឮមកថា ព្រះបច្ចុបដ្ឋាន​សញ្ញកត្ថេរមានអាយុ បានសម្ដែងនូវគាថា​ទាំងនេះ ដោយប្រការ​ដូច្នេះ។ បច្ចុបដ្ឋានសញ្ញកត្ថេរាបទាន និងអដ្ឋកថា ឈ្មោះវិសុទ្ធជនវិលាសិនី ចប់ ដកស្រង់ចេញពីសៀវភៅ សារីរិកធាតុបូជានិសំសោ រៀប​រៀង​ដោយ លោក ង៉ែត សុផាន់ ដោយ៥០០០ឆ្នាំ
images/articles/2457/2016-06-14_10_21_13-_____________________________________pdf_-_Adobe_Acrobat_Pro_DC.jpg
ផ្សាយ : ៣០ មីនា ឆ្នាំ២០២៣ (អាន: ៤,៣៥៥ ដង)
នឹងសម្ដែងអំពីវលាហកស្សជាតក តាមបទបាឡីថា យេន កាហន្តិ ឱវាទន្តិ ដូច្នេះជាដើម ។ សេចក្ដីក្នុងបាឡីជាតកនោះថា ក្នុងវេលាមួយនោះព្រះបរមសាស្តាជាគ្រូនៃយើងព្រះអង្គទ្រង់គង់នៅវត្តជេតវនរាម បានសម្ដែងនូវធម៌ទេសនា ១ បទនោះថា យេន កាហន្តិ ឱវាទន្តិ ដូច្នេះជាដើមចំពោះនឹងភិក្ខុម្នាក់ជាអ្នកអប្សុកចាកធម៌វិន័យក្នុងព្រះពុទ្ធសាសនា ។ គ្រានោះព្រះសម្មាសម្ពុទ្ធទ្រង់ហៅភិក្ខុនោះចូលមកគល់ លុះចូលមកដល់ហើយព្រះអង្គក៏ត្រាស់សួរថា នែភិក្ខុអ្នកឯងមានចិត្តរាយមាយរវើរវាយ មិនសប្បាយក្នុងធម៌នឹងវិន័យរបស់តថាគតមែនឬអ្វី ភិក្ខុនោះក៏ក្រាបបង្គំទូលថា ពិតមែនដូចព្រះដ៏មានព្រះភាគទ្រង់ជ្រាបនោះហើយ ទើបព្រះសម្មាសម្ពុទ្ធទ្រង់សួរតទៅទៀតថា ចុះហេតុអ្វីក៏អ្នកមិនសប្បាយក្នុងសាសនាតថាគតនេះ ភិក្ខុនោះទូលថា ឯហេតុដែលខ្ញុំព្រះករុណាមិនសប្បាយនោះព្រោះខ្ញុំព្រះករុណាបានជួបប្រទះនូវស្រីម្នាក់ មានរូបរាងល្អព្រមទាំងមានគ្រឿងអលង្កា ប្រដាប់កាយដ៏រុងរឿងផង ហើយខ្ញុំព្រះករុណា ក៏មានសេចក្ដីស្នេហាកើតឡើងដោយអំណាចនៃកិលេសធម៌នោះឯង ។ អានទាំងស្រុង ចុចទីនេះ ដោយ៥០០០ឆ្នាំ
images/articles/2764/teeeeeetpic.jpg
ផ្សាយ : ៣០ មីនា ឆ្នាំ២០២៣ (អាន: ៥,៦៩១ ដង)
អតីតេ កិរ បានឮមកថា ក្នុងអតីតកាល មានសេតសមណី (ដូនជីស្លៀកស) ឈ្មោះ សច្ចតបាបី (ច្បាប់ខ្លះថា បញ្ចតបាវី) អាស្រ័យនឹងនគរពារាណសី នាងបានឲ្យគេកសាងបណ្ណសាលាក្នុងព្រៃស្មសាន កាលនៅក្នុងទីនោះ នាងញ៉ាំងនូវភត្តទាំងឡាយ ៤ ឲ្យកន្លងផុតទៅទើបបរិភោគ (រំលង ៤ ថ្ងៃបរិភោគ ១ ដង) (កិត្តិគុណ) ក៏បានប្រាកដឡើងទូទាំងព្រះនគរ ដូចជាព្រះចន្ទ្រ និងព្រះអាទិត្យ ។ អ្នកនគរពារាណសីសូម្បីកណ្ដាស់ សូម្បីភ្លាត់តែងតែពោលថា នមោ សច្ចតបាបិយា សូមនមស្ការនាងសច្ចតបាបី ។ លំដាប់នោះ ក្នុងថ្ងៃមួយ ជាវេលាលេងមហោស្រព ក្នុងថ្ងៃដំបូង ពួកជាងមា ទាំងឡាយនាំគ្នាជាក្រុមធ្វើនូវមណ្ឌបក្នុងស្ថានទីមួយ ហើយនាំមកនូវត្រី សាច់ សុរា គ្រឿងក្រអូប និងកម្រងផ្កាជាដើម ទើបប្រារព្ធនឹងផឹកនូវសុរា ។ លំដាប់នោះ ជាងមាសម្នាក់ កាលចោលនូវពែងសុរាក៏ពោលថា នមោ សច្ចតបាបិយា សូមនមស្ការនាងសច្ចតបាបី ។ ក្នុងទីនោះមានបុរសឆ្លាតម្នាក់និយាយថា អម្ភោ អន្ធពាល, ចលចិត្តាយ ឥត្ថិយា នមោ ករោសិ, អហោ ពាលោ នៃលោក អន្ធពាល លោកធ្វើនូវការនមស្ការនូវស្ត្រីដែលជាអ្នកមានចិត្តកម្រើក ឱហ្ន៎បុគ្គលពាល ។ ជាងមាសនោះឆ្លើយថា ម្នាលសម្លាញ់ លោកកុំនិយាយយ៉ាងនេះឡើយ កុំធ្វើកម្មដែលនាំទៅកាន់នរក ។ បុរសដែលឆ្លាតនោះពោលថា អ្នកមិនមានបញ្ញាទេ លោកចូរនៅស្ងៀមចុះ អ្នកចូរធ្វើការភ្នាល់គ្នាដោយទ្រព្យមួយពាន់ តអំពីនេះទៅ ៧ ថ្ងៃ យើងនឹងទៅនាំនាងសច្ចតបាបីមក ឲ្យតែងខ្លួនយ៉ាងស្អាតហើយ ឲ្យមកអង្គុយក្នុងទីនេះ ឲ្យកាន់យកនូវពែងសុរា ហើយយើងនឹងផឹកសុរា ឈ្មោះថា មាតុគ្រាមជាអ្នកមានសីលជានិច្ចនោះ មិនមានឡើយ ។ ជាងមាសនោះតបថា លោកមិនអាចនឹងធ្វើបានឡើយ ដូច្នេះហើយ ទើបធ្វើការភ្នាល់នឹងបុរសនោះ ។ បុរសអ្នកឆ្លាតនោះប្រាប់នូវការភ្នាល់គ្នានោះដល់ជាងមាសដទៃ ក្នុងថ្ងៃបន្ទាប់ បុរសនោះក៏ចូលទៅក្នុងព្រៃស្មសាន កាលនមស្ការនូវព្រះអាទិត្យក្នុងទីមិនឆ្ងាយអំពីលំនៅរបស់នាងសច្ចតបាបីនោះ ហើយក៏នៅទីនោះ ។ កាលសច្ចតបាបីត្រាច់ទៅដើម្បីភិក្ខាក្នុងព្រះនគរ ពេលត្រឡប់មកបានឃើញបុរសនោះ ក៏គិតថា មហិទ្ធិកោ តាបសោ ភវិស្សតិ, អហំ តាវ សុសានបស្សេ វសាមិ, អយំ មជ្ឈេ សុសានស្ស វសតិ, ភវិតព្ពមស្សព្ភន្តរេ សន្តធម្មេន, វន្ទិស្សាមិ នំ តាបសនេះជាអ្នកមានឫទ្ធិច្រើន យើងរស់នៅក្នុងចំណែកខាងនៃព្រៃស្មសានអស់កាលត្រឹមប៉ុណ្ណេះ តាបសនេះ (ហ៊ាន) នៅក្នុងទីកណ្ដាលនៃព្រៃស្មសាន ប្រាកដ​ជាមាន​ធម៌ជាគ្រឿងស្ងប់រម្ងាប់នៅខាងក្នុង យើងនឹងចូលទៅធ្វើសេចក្ដីគោរពតាបសនោះ ដូច្នេះហើយ នាងក៏ចូលទៅថ្វាយបង្គំ ។ តាបសប្លម មិនបានក្រឡេងមើល មិនបានហៅរក (មិនបាននិយាយជាមួយ) ។ ក្នុងថ្ងៃទីពីរ ក៏ធ្វើយ៉ាងនោះទៀត ។ តែដល់ថ្ងៃទីបី កាលនាងសច្ចតបាបីថ្វាយបង្គំ តាបសប្លមធ្វើជាអ្នកមានមុខបែរចុះក្រោមពោលថា អើ នាងចូរទៅចុះ ។ ក្នុងថ្ងៃទីបួន តាបសធ្វើនូវបដិសណ្ឋារៈថា កច្ចិ ភិក្ខាយ ន កិលមសិ នាងមិនលំបាកដោយភិក្ខាហារទេឬ ?នាងសច្ចតបាបីនោះមានចិត្តត្រេកអរដោយគិតថា ការបដិសណ្ឋារៈគឺយើងបានហើយ ទើបចៀសចេញទៅ ។ ក្នុងថ្ងៃទីប្រាំ នាងបានទទួលពាក្យបដិសណ្ឋារៈច្រើនជាងនោះ ហើយបានអង្គុយក្នុងទីទាបមួយ ទើបចេញទៅ ។ ក្នុងថ្ងៃទីប្រាំមួយ នាងបានចូលមកថ្វាយបង្គំតាបសនោះ តាបសប្លមក៏ពោលនឹងនាងដែលបានអង្គុយរួចហើយថា ម្នាលប្អូនស្រី ថ្ងៃនេះ សំឡេងនៃការច្រៀងនិងការប្រគំដ៏ធំ មានក្នុងក្រុងពារាណសីឬ ? នាងសច្ចតបាបីឆ្លើយថា បពិត្រអ្នកដ៏ចម្រើន លោកមិនដឹងទេឬ គេលេងមហោស្រពក្នុងនគរ នោះជាសំឡេងដែលគេលេងនៅក្នុងទីនោះ ។ តាបសប្លមក្លែងធ្វើជាមិនដឹងដោយពោលថា សំឡេងនោះនៅក្នុងទីនោះហ្ន៎ ហើយសួរនាងថា ម្នាលប្អូនស្រី នាងញ៉ាំងភត្តឲ្យកន្លងទៅប៉ុន្មានថ្ងៃ (នាងប្រព្រឹត្តដោយការវៀរអាហារប៉ុន្មានថ្ងៃ) ? នាងឆ្លើយថា បពិត្រអ្នកដ៏ចម្រើន បួនថ្ងៃ ហើយសួរទៅតាបសវិញថា ចុះលោកម្ចាស់ ញ៉ាំងភត្តឲ្យកន្លងទៅប៉ុន្មានថ្ងៃដែរ ? តាបសប្លមពោលថា ប្រាំពីរ ប្អូនស្រី ។ ឥទំ សោ មុសា អភាសិ តាបសប្លមនោះបានពោលនូវពាក្យកុហកនេះ ។ តាមពិត តាបសនោះបរិភោគក្នុងពេលយប់រាល់ៗថ្ងៃ ។ តាបសសួរតទៅថា ម្នាលប្អូនស្រី នាងបួសប៉ុន្មានឆ្នាំហើយ ? នាងសច្ចតបាបីឆ្លើយថា អស់ ១២ ឆ្នាំ ហើយនាងសួរវិញថា ចុះលោកម្ចាស់បួសបានប៉ុន្មានឆ្នាំដែរ ? តាបសពោលថា ឆ្នាំនេះជាឆ្នាំទីប្រាំមួយរបស់យើង (យើងបួសបាន ៦ ឆ្នាំ) ។ លំដាប់នោះ តាបសក៏សួរតទៅថា ម្នាលប្អូនស្រី តើនាងបានសម្រេចនូវសន្តធម៌ដែរឬនៅ ? នាងឆ្លើយថា បពិត្រអ្នកដ៏ចម្រើន នៅទេ ហើយលោកម្ចាស់វិញ សន្តធម៌មានដល់លោកនៅ ? តាបសពោលថា សត្តធម៌មិនមានដល់យើងទេ ។ តាបសនោះទើបពោលទៀតថា ម្នាលប្អូនស្រី ពួកយើងមិនបាននូវកាមសុខ និងមិនបាននូវនេក្ខម្មសុខ នរកក្ដៅ (មើលទៅមិនមែន) សម្រាប់តែយើងពីរទេ ពួកយើងនឹងធ្វើនូវកិរិយារបស់មហាជនវិញ ខ្ញុំនឹងសឹកជាគ្រហស្ថ ហើយទ្រព្យក្នុងសម្នាក់នៃមាតារបស់ខ្ញុំមាន ខ្ញុំមិនអាចនឹងនៅទទួលរងទុក្ខវេទនាតទៅទៀតឡើយ ។ នាងសច្ចតបាបីបានស្ដាប់ដូចនោះហើយ ក៏កើតចិត្តប្រតិព័ទ្ធក្នុងតាបសនោះ ព្រោះភាពជាអ្នកមានចិត្តកម្រើករបស់ខ្លួន ក៏បានពោលថា បពិត្រលោកម្ចាស់ ខ្ញុំក៏ជាអ្នកអផ្សុកចង់សឹកដែរ ប្រសិនបើលោកម្ចាស់មិនចោលខ្ញុំទេ ខ្ញុំនឹងសឹកជាគ្រហស្ថ ។ លំដាប់នោះ តាបសនោះបានពោលនឹងនាងថា មកចុះអូន បងមិនបោះបង់អូនទេ អូននឹងជាភរិយារបស់បង ដូច្នេះហើយ បុរសនោះក៏បាននាំនាងសច្ចតបាបីចូលទៅកាន់នគរ ហើយក៏រួមសមគ្គសង្វាស រស់នៅជាមួយគ្នា ហើយនាំនាងទៅកាន់កន្លែងផឹកសុរា បានឲ្យនាងសច្ចតបាបីនោះកាន់នូវពែងសុរា (ឲ្យចាក់ស្រា) ហើយក៏ផឹកនូវសុរា ។ ចំណែកជាងមាសក៏ចាញ់អស់ទ្រព្យមួយពាន់ ។ នាងសច្ចតបាបីនោះបានអាស្រ័យនូវបុរសនោះ ក៏ជាអ្នកចម្រើនដោយបុត្រនិងធីតាទាំងឡាយ ។តទា កុណាលោ សុរាធុត្តកោ អហោសិ ក្នុងកាលនោះ កុណាលសកុណៈ គឺជាអ្នកលេងសុរានោះ ។ កាលប្រកាសនូវរឿងដែលខ្លួនឃើញមក ទើបពោលថា (នែបុណ្ណមុខៈសម្លាញ់ នាងសមណីឈ្មោះសច្ចតបាបី កាលនៅកណ្តាលព្រៃស្មសាន រំលងចោលនូវបាយ ៤ ដង បានធ្វើនូវអំពើដ៏លាមកជាមួយនឹងអ្នកលេងសុរា ខ្ញុំបានឃើញហើយ) ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៦៣-១៦៤)ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2765/cxxdde444tpic.jpg
ផ្សាយ : ៣០ មីនា ឆ្នាំ២០២៣ (អាន: ៥,៧២៦ ដង)
អតីតេ ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តបានសម្លាប់ព្រះបាទកោសល ហើយកាន់យករាជ្យ និងនាំ​យក​ព្រះអគ្គមហេសីដែលកំពុងមានគភ៌ របស់ព្រះបាទកោសលនោះ ទៅកាន់នគរពារាណសី សូម្បីកាលទ្រង់ដឹងនូវភាវៈនៃគភ៌របស់ព្រះនាងនោះក៏ដោយ ទ្រង់នៅតែតែងតាំងព្រះនាងទុកក្នុងតំណែងអគ្គមហេសី ។ ពេលដែលគភ៌ព្រះនាងចាស់ហើយក៏ប្រសូតព្រះឱរសដែលស្អាតដូចជាមាសមួយអង្គ ព្រះនាងគិតថា កាលព្រះកុមារនេះធំហើយ ព្រះបាទពារាណសីទ្រង់នឹងឲ្យគេសម្លាប់ដោយគិតថា នេះជាបុត្ររបស់សត្រូវ មិនមានប្រយោជន៍ដែលត្រូវចញ្ចឹមឡើយ (ដើម្បី) មិនឲ្យបុត្ររបស់យើងស្លាប់ក្នុងដៃរបស់បុគ្គលដទៃ ទើបព្រះនាងពោលនឹងភីលៀងថា នែនាង នាងចូរក្រាលនូវសំពត់ចាស់រុំទារកនេះ ហើយចូរយកទៅដាក់ឲ្យដេក ក្នុងព្រៃជាទីចោលនូវសាកសពស្រស់ហើយសឹមចូរត្រឡប់មកចុះ ។ នាងភីលៀងបានធ្វើយ៉ាងនោះ មុជទឹកហើយ ទើបត្រឡប់មក ។ ចំណែកព្រះបាទកោសលដែលស្លាប់នោះបានកើតជាអារក្ខទេវតារបស់បុត្រ ។ ដោយអានុភាពរបស់អារក្ខទេវតានោះ កាលមេពពែរបស់អ្នកគង្វាលពពែម្នាក់ ត្រាច់ទៅក្នុងកន្លែងនោះ ក៏ញ៉ាំងមេពពែមួយឲ្យឃើញនូវកុមារនោះ ញ៉ាំងនូវសេចក្ដីស្នេហាហើយឲ្យផឹកនូវទឹកដោះ ទើបត្រាច់ទៅ បានឲ្យកុមារនោះផឹកនូវទឹកដោះ អស់វារៈពីរបីបួនដង ។ នាយគង្វាលពពែឃើញនូវកិរិយារបស់មេពពែនោះ ទើបទៅកាន់ទីនោះ បានឃើញនូវទារក ហើយបានញ៉ាំងសេចក្ដីស្រឡាញ់ហាក់ដូចជាកូន ទើបនាំទៅ ប្រគល់ឲ្យភរិយារបស់ខ្លួន ។ ភរិយានោះជាបុគ្គលមិនមានបុត្រ មិនមានទឹកដោះឲ្យទារកនោះបៅ ទើបឲ្យទារកនោះផឹកនូវទឹក​ដោះ​ពពែនោះឯង ។ បន្ទាប់មក មេពពែទាំងឡាយក៏ស្លាប់ទៅអស់ពីរបីក្បាលរាល់ៗថ្ងៃ ។ នាយគង្វាលពពែគិតថា បើយើងនៅចិញ្ចឹមទារកនេះទៀត មេពពែនឹងស្លាប់ទាំងអស់ នឹងចិញ្ចឹមទារកនេះធ្វើអ្វី ដូច្នេះហើយទើបញ៉ាំងទារកឲ្យដេកក្នុងភាជនៈដីមួយ ហើយបិទបាំងខាងមុខខាងក្រោយ យកទៅបណ្ដែតក្នុងទន្លេ ។ មានមនុស្សចណ្ឌាលដែលជាអ្នកជួសជុលរបស់ចាស់ម្នាក់ ដែលអាស្រ័យនៅក្នុងរាជនិវេសន៍ ពេលចុះទៅលាងធ្មៃនៅកំពង់ខាងក្រោម ជាមួយនឹងម្ចាស់ បានឃើញនូវភាជន៍ដែលអណ្ដែតមក បានទៅនាំយកមកដោយរហ័ស ដាក់ទុកលើច្រាំង កាលមើលទើបបើកដោយគិតថា នេះជាអ្វីហ្ន៎ ពេលបើកហើយបានឃើញទារក ។ ភរិយារបស់មនុស្សចណ្ឌាលជាបុគ្គលមិនមានបុត្រ បានស្រឡាញ់ទារកនោះទុកដូចជាកូន ទើបនាំទៅចិញ្ចឹមទុកក្នុងផ្ទះ ។ បន្ទាប់ពីពេលដែលកុមារមានអាយុប្រាំពីរប្រាំបីឆ្នាំ កាលមាតាបិតាជាមនុស្សចណ្ឌាលទៅកាន់រាជត្រកូល បាននាំយកនូវកុមារនោះទៅដែរ ។ បន្ទាប់ពីពេលដែលកុមារនោះមាន វ័យបាន ១៦ ឆ្នាំហើយ បានទៅកាន់រាជត្រកូលអស់ជាច្រើនដង (ដើម្បី) ធ្វើការជួសជុលរបស់ចាស់ ។ ព្រះអគ្គមហេសី (ត្រូវជាមាតារបស់កុមារនោះ) របស់ព្រះរាជាពារាណសី មានព្រះរាជធីតាមួយអង្គព្រះនាម កុរុង្គទេវី ជាស្រីមានរូបល្អស្អាត ។ ព្រះនាងកុរុង្គទេវីនោះ បន្ទាប់ពីបានឃើញកុមារនោះ ក៏មានចិត្តប្រតិព័ទ្ធស្នេហាក្នុងកុមារនោះ ហើយបានទៅកាន់កន្លែងធ្វើការរបស់កុមារនោះ ព្រោះភាវៈជាអ្នកមិនមានសេចក្ដីត្រេកអរក្នុងទីដទៃ ។ អជ្ឈាចារគឺការប្រព្រឹត្តកន្លងល្មើស (រាជប្រវេណី) បានប្រព្រឹត្តហើយក្នុងឱកាសដែលស្ងាត់កំបាំងក្នុងព្រះរាជត្រកូលខាងក្នុងនោះឯង របស់ព្រះរាជធីតាកុរុង្គទេវីនិងកុមារនោះ ដែលជាអ្នកមានចិត្តប្រតិព័ទ្ធស្នេហានូវគ្នានឹងគ្នាដោយការឃើញគ្នារឿយៗ ។ កាលព្រះនាងកុរុង្គទេវីទៅធ្វើដូច្នេះ អ្នកបម្រើទាំងឡាយបានដឹង ហើយក្រាបទូលដល់ព្រះរាជា ។ ព្រះរាជាទ្រង់ពិរោធហើយ បានហៅអាមាត្យទាំងឡាយឲ្យប្រជុំគ្នា ហើយត្រាស់ថា កូនរបស់មនុស្សចណ្ឌាលនេះបានធ្វើនូវទង្វើនេះ ពួកលោកនឹងធ្វើយ៉ាងណាដល់គេ ? ពួកអាមាត្យក៏ក្រាបទូលថា ទោសនេះធំណាស់ ព្រះអង្គ សមគួរនឹងធ្វើទារុណកម្មផ្សេងៗ ទើបសម្លាប់តាមក្រោយ ។ ក្នុងខណៈនោះ អារក្ខទេវតាដែលជាបិតារបស់កុមារនោះ បានចូលសណ្ឋិតក្នុងសរីរៈរបស់ព្រះមាតារបស់កុមារនោះឯង ។ ព្រះនាងនោះក៏បានចូលទៅគាល់ព្រះរាជាដោយអានុភាពរបស់ទេវតាហើយពោលថា បពិត្រមហារាជ កុមារនេះមិនមែនជាកូនមនុស្សចណ្ឌាលទេ កុមារនេះកើតក្នុងផ្ទៃរបស់ខ្ញុំម្ចាស់​ ជាបុត្ររបស់ព្រះបាទកោសល ខ្ញុំម្ចាស់បានទូលមុសាវាទនឹងព្រះអង្គថា ព្រះឱរសរបស់ខ្ញុំម្ចាស់ស្លាប់ហើយ ដោយគិតថា ជាបុត្ររបស់ព្រះរាជាដែលសត្រូវនឹងព្រះអង្គ ទើបបញ្ជាឲ្យនាងភីលៀងយកទៅចោលក្នុងព្រៃស្មសាន លំដាប់នោះ នាយគង្វាលពពែម្នាក់ក៏បានចិញ្ចឹមនូវកុមារនេះ ពេលកើតហេតុមេពពែស្លាប់ជាច្រើនក្បាល គេទើបយកទៅបណ្ដែតក្នុងទន្លេ គ្រានោះ មនុស្សចណ្ឌាលដែលជាជួស​ជុល​របស់ចាស់ក្នុងព្រះរាជវាំង របស់ព្រះអង្គបានឃើញកុមារនេះដែលអណ្ដែតមក ហើយគេក៏យកទៅចិញ្ចឹម បើព្រះអង្គមិនជឿទេ សូមទ្រង់ឲ្យហៅមនុស្សទាំងអស់នោះមកសួរចុះ ។ ព្រះរាជាបានឲ្យហៅអ្នកទាំងអស់នោះ ធ្វើតាំងតែនាងភីលៀងជាដើមហើយសួរ ទ្រង់បានស្ដាប់ការប្រព្រឹត្តទៅយ៉ាងនោះហើយ មានចិត្តត្រេកអរថា កុមារនេះជាអ្នកដល់ព្រមដោយជាតិ ទើបឲ្យគេងូតទឹកកុមារនោះ ហើយឲ្យប្រដាប់តាក់តែង ទើបទ្រង់ប្រគល់ព្រះធីតាដល់កុមារនោះ ។ ព្រោះភាវៈនៃមេពពែទាំងឡាយស្លាប់មានដល់កុមារនោះ មនុស្សទាំងឡាយទើបធ្វើនូវឈ្មោះកុមារនោះថា ឯឡិកកុមារ (កុមារពពែ) ។ លំដាប់នោះ ព្រះរាជាបានប្រគល់សេនានិងពាហនៈដល់ឯឡិកកុមារនោះ ហើយបញ្ជូនគេដោយត្រាស់ថា អ្នកចូរទៅគ្រប់គ្រងរាជសម្បត្តិរបស់ព្រះបិតារបស់ខ្លួនចុះ ។ ឯឡិកកុមារក៏នាំនាងកុរុង្គទេវីទៅគ្រប់គ្រងរាជសម្បត្តិ ។ គ្រានោះ ព្រះរាជាពារាណសីទ្រង់គិតថា ឯឡិកកុមារនេះ មិនបានសិក្សាសិល្បសាស្ត្រ ទើបទ្រង់បញ្ជូនអាចារ្យឈ្មោះ ឆឡង្គកុមារ ឲ្យទៅបង្រៀនឯឡិកកុមារ ។ ឯឡិកកុមារនោះក៏បានតែងតាំងឆឡង្គកុមារឲ្យជាសេនាបតីដោយគិតថា គេជាអាចារ្យរបស់ខ្លួន ។ ក្នុងកាលជាខាងក្រោយមកទៀត ព្រះនាងកុរុង្គទេវីបានធ្វើអនាចារៈ មួយអន្លើដោយ ឆឡង្គកុមារសេនាបតី​នោះ ។ លោកសេនាបតីគាត់អ្នកបម្រើម្នាក់ឈ្មោះ ធនន្តេវាសី ។ ឆឡង្គកុមារសេនាបតីនោះ បានប្រើនាយធនន្តេវាសីនោះ ឲ្យនាំយកនូវរបស់របរមានសំពត់ និងគ្រឿងអលង្ការជាដើមទៅឲ្យព្រះនាងកុរុង្គទេវី ។ នាងកុរុង្គទេវីនោះ ក៏បានធ្វើនូវអំពើបាបសូម្បីមួយអន្លើដោយនាយធនន្តេវាសីនោះទៀត ។ កុណាលសកុណៈពោលថា ទិដ្ឋា មយា, សម្ម បុណ្ណមុខ, កុរុង្គទេវី នាម លោមសុទ្ទរី ឯឡិកកុមារំ កាមយមានា ឆឡង្គកុមារធនន្តេវាសិនា បាបមកាសិ នែបុណ្ណមុខៈសម្លាញ់ ព្រះអគ្គមហេសីមានព្រះលោមាល្អ ព្រះនាមកុរុង្គទេវី កាលប្រាថ្នាឯឡិកកុមារហើយ បានធ្វើនូវអំពើដ៏លាមកជាមួយនឹងឆឡង្គកុមារសេនាបតី និងបុរសអ្នកនៅដោយទ្រព្យរបស់ឆឡង្គកុមារនោះទៀត ខ្ញុំក៏បានឃើញហើយ ។ បណ្ដាបទទាំងនោះ បទថា លោមសុទ្ទរី (ព្រះអគ្គមហេសីមានព្រះលោមាល្អ) បានដល់ រោមរបស់ព្រះរាជិនីដែលកើតត្រង់ទ្រូង ។ បទថា ឆឡង្គកុមារធនន្តេវាសិនា សេចក្ដីថា សូម្បីប្រាថ្នានូវឯឡិកកុមារហើយ ព្រះនាងក៏ធ្វើនូវអំពើបាបមួយអន្លើដោយឆឡង្គកុមារសេនាបតីនោះផង និងអ្នកបម្រើឈ្មោះ​ធនន្តេវាសីនោះផង ។ ស្រីទាំងឡាយតែងប្រព្រឹត្តអនាចារយ៉ាងនេះ ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក ព្រោះហេតុនោះ យើងទើបមិនពោលសរសើរស្ត្រីទាំងនោះ ព្រះមហាសត្វបាននាំអតីតនិទាននេះមកសម្ដែងហើយ ។ សោ ហិ តទា ឆឡង្គកុមារោ អហោសិ, តស្មា អត្តនា ទិដ្ឋការណំ អាហរិ ។ ពិតមែនហើយ ក្នុងកាលនោះ ព្រះមហាសត្វនោះ គឺ ឆឡង្គកុមារ ព្រោះហេតុនោះ ព្រះអង្គទើបនាំនូវហេតុដែលទ្រង់ឃើញដោយខ្លួនឯង ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៦៤) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2766/wewwwxtpic.jpg
ផ្សាយ : ៣០ មីនា ឆ្នាំ២០២៣ (អាន: ៥,៨៩៤ ដង)
កុណាលសកុណពោលថា សេចក្តីពិត រឿងដូចគ្នានេះ ខ្ញុំដឹងហើយយ៉ាងនេះថា ព្រះវរមាតារបស់ព្រះបាទព្រហ្មទត្ត លះបង់ព្រះបាទកោសល ទៅធ្វើអំពើដ៏លាមកជាមួយនឹងព្រាហ្មណកុមារ ឈ្មោះបញ្ចាលចណ្ឌៈ ។ វិត្ថារនិទាន អតីតេ ក្នុងអតីតកាលដ៏យូរលង់ណាស់មកហើយ ព្រះបាទកោសលបានកាន់យករាជសម្បត្តិរបស់ព្រះបាទពារាណសី ទ្រង់បានតែងតាំងព្រះអគ្គមហេសីរបស់ព្រះចៅក្រុង ពារាណសីដែលកំពុងមានគភ៌ជាអគ្គមហេសីរបស់ព្រះអង្គ ហើយស្ដេចយាងទៅនគររបស់ព្រះអង្គ ។ ក្នុងកាលជាបន្តបន្ទាប់មកទៀត ព្រះអគ្គមហេសីនោះក៏ប្រសូតបានព្រះឱរស ។ ចំណែកព្រះបាទកោសល ហេតុតែជាទ្រង់មិនមានបុត្រ ក៏បានចិញ្ចឹមព្រះឱរសនោះទុកដោយសេចក្ដីស្រឡាញ់ដូចបុត្ររបស់ខ្លួន ហើយបានញ៉ាំងព្រះកុមារដែលមានវ័យចម្រើនហើយនោះឲ្យសិក្សាសិល្បសាស្ត្រ ហើយទ្រង់បញ្ជូនទៅថា អ្នកចូរគ្រប់គ្រងនូវដែនក្នុងសម្នាក់បិតារបស់ខ្លួនចុះ ។ ព្រះរាជកុមារនោះក៏បានទៅគ្រប់គ្រងរាជសម្បត្តិ ។ ចំណេរកាលមកទៀត ព្រះមាតារបស់ព្រះរាជកុមារបានចូលទៅទូលលាព្រះបាទកោសលថា ខ្ញុំម្ចាស់មានសេចក្ដីប្រាថ្នានឹងឃើញនូវបុត្រ (ទៅលេងបុត្រ) ដូច្នេះហើយក៏នាំបរិវារជាច្រើនទៅកាន់ក្រុងពារាណសី ព្រះនាងបានកាន់នូវទីអាស្រ័យ (ដើម្បីឈប់សម្រាក)នៅក្នុងនិគមមួយដែលនៅរវាងនគរទាំងពីរ ។ មានព្រាហ្មណកុមារម្នាក់ដែលមានរូបរាងស្រស់សង្ហា ឈ្មោះ បញ្ចាលចណ្ឌៈ នៅក្នុងនិគមនោះ ។ បញ្ចាលចណ្ឌៈបាននាំបណ្ណាការមកថ្វាយព្រះនាង ។ ព្រះនាងពេលបានឃើញបញ្ចាលចណ្ឌៈនោះ ក៏មានចិត្តប្រតិព័ទ្ធស្នេហា ហើយបានធ្វើនូវអំពើបាប (ស្រឡាញ់គ្នា) ជាមួយនឹងបញ្ចាលចណ្ឌៈនោះ ហើយបានស្នាក់នៅក្នុងទីនោះអស់ពីរបីថ្ងៃ ទើបធ្វើដំណើរទៅកាន់ក្រុងពារាណសី (បន្ត) បានជួបបុត្រហើយ ក៏ប្រញាប់ត្រឡប់មកវិញ ហើយបានកាន់យកទីនៅ (ស្នាក់នៅ) ក្នុងនិគមនោះម្ដងទៀត ព្រះនាងបានប្រព្រឹត្តអនាចារជាមួយនឹងបញ្ចាលចណ្ឌៈនោះអស់បីរបីថ្ងៃ ទើបទៅកាន់នគរ កោសលវិញ ។ តាំងតែអំពីពេលនោះមក មិនយូរប៉ុន្មាន ព្រះនាងក៏ចូលទៅទូលនូវហេតុនោះៗ ប្រាប់ព្រះបាទកោសលថា ខ្ញុំម្ចាស់នឹងទៅកាន់សម្នាក់បុត្រ កាលទៅក្ដី កាលមកវិញក្ដី តែងប្រព្រឹត្តអនាចារជាមួយនឹងបញ្ចាលចណ្ឌៈក្នុងនិគមនោះអស់កាលកន្លះខែ ។ម្នាលបុណ្ណមុខសម្លាញ់ ដែលឈ្មោះថា ស្ត្រីទាំងឡាយគឺជាអ្នកទ្រុស្តសីល មានប្រក្រតីពោលពាក្យមុសា កាលព្រះមហាសត្វសម្ដែងអតីតនិទាននេះហើយ ពោលពាក្យថា ជាសេចក្ដីពិតដែលយើងឃើញមក យ៉ាងនេះជាដើម ។ បណ្ដាបទទាំងនោះ បទថា ព្រះមាតារបស់ព្រះបាទព្រហ្មទត្ត បានដល់ ព្រះជននីរបស់ព្រហ្មទត្តកុមារដែលបានសោយរាជ្យក្នុងនគរពារាណសី ។ បានឮថា ក្នុងកាលនោះកុណាលបានជាព្រាហ្មណ៍ឈ្មោះចញ្ចាលចណ្ឌៈនោះ ព្រោះហេតុនោះ កាលនឹងសម្ដែងហេតុដែលខ្លួនបានដឹងមកនោះ ទើបទ្រង់ពោលយ៉ាងនេះ ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៦៤) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2886/______red.jpg
ផ្សាយ : ១៣ មីនា ឆ្នាំ២០២៣ (អាន: ៨,០៩២ ដង)
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ សម័យនោះឯង ព្រះសារីបុត្តដ៏មានអាយុ និងព្រះមហាមោគ្គល្លានដ៏មានអាយុ ​នៅក្នុងវត្តកបោតកន្ទរា ។ សម័យនោះ ព្រះសារីបុត្តដ៏មានអាយុមានសក់ទើបកោរថ្មី ។ អង្គុយក្នុង​ទីវាល ចូលកាន់សមាធិណាមួយ ក្នុងរាត្រីខាងខ្នើត ។ សម័យនោះ មានយក្ខពីរនាក់ជាសម្លាញ់នឹងគ្នា មកអំពីទិសខាងជើង ទៅទិសខាងត្បូង ដោយកិច្ចណា​មួយ ។ យក្ខទាំងនោះ បានឃើញព្រះសារីបុត្តដ៏មានអាយុ មានសក់ទើបកោរថ្មី ៗ អង្គុយក្នុងទីវាល ក្នុង​រាត្រីខាងខ្នើត លុះយក្ខម្នាក់បានឃើញហើយ និយាយប្រាប់យក្ខម្នាក់ទៀតថា ម្នាលសម្លាញ់ ចិត្តរបស់​ខ្ញុំកើតប្រាកដ ដើម្បីប្រហារក្បាលសមណៈនេះ ។ កាលបើយក្ខម្នាក់ និយាយយ៉ាងនេះហើយ យក្ខ​នោះក៏និយាយទៅនឹងយក្ខម្នាក់ទៀតនោះថា កុំសម្លាញ់ អ្នកកុំប្រហារសមណៈឡើយ ម្នាលសម្លាញ់​ សមណៈនោះមានគុណដ៏លើសលុបមានឫទ្ធិច្រើន មានអានុភាពច្រើន ។ យក្ខម្នាក់នោះ បាននិយាយនឹងយក្ខនោះជាគម្រប់ពីរដងទៀតថា ម្នាលសម្លាញ់ ចិត្តរបស់ខ្ញុំកើតប្រាកដ ​ដើម្បីប្រហារក្បាលសមណៈនេះ ។ យក្ខនោះ និយាយទៅនឹងយក្ខម្នាក់ទៀតនោះ ជាគម្រប់ពីរ ដង​ទៀត​ថា កុំសម្លាញ់ អ្នកកុំប្រហារសមណៈឡើយ ម្នាលសម្លាញ់ សមណៈនោះមានគុណដ៏​លើស​លុប​ មាន​ឫទ្ធិច្រើន មានអានុភាពច្រើន ។ យក្ខម្នាក់នោះ និយាយទៅនឹងយក្ខនោះ ជាគម្រប់បីដងទៀត​ថា ម្នាលសម្លាញ់ ចិត្តរបស់ខ្ញុំកើតប្រាកដ ដើម្បីប្រហារក្បាលសមណៈនេះ ។ យក្ខនោះនិយាយទៅនឹងយក្ខម្នាក់ទៀតនោះ ជាគម្រប់បីដងទៀតថា កុំសម្លាញ់ អ្នកកុំប្រហារសមណៈឡើយ ម្នាលសម្លាញ់សមណៈនោះ មានគុណដ៏លើសលុប មានឫទ្ធិច្រើន មានអានុភាពច្រើន ។ លំដាប់នោះ យក្ខម្នាក់នោះ មិនអើពើនឹងយក្ខនោះឡើយ ហើយប្រហារចំព្រះសិរ្សៈ ព្រះសារីបុត្តត្ថេរដ៏មានអាយុ ។ មានសេចក្តីដំណាលថា យក្ខនោះអាចពន្លិចដំរីមានកម្ពស់ ៧ ហត្ថ ឬ ៨ ហត្ថ (ឲ្យស្រុតទៅ​ក្នុងផែនដី) ក៏បាន អាចធ្វើកំពូលភ្នំធំ ឲ្យបែកខ្ទេចខ្ទីក៏បាន ដោយការប្រហារនោះ ។ លំដាប់នោះ ស្រាប់​តែយក្ខនោះពោលថា ខ្ញុំក្តៅណាស់ដូច្នេះ ហើយធ្លាក់ទៅកាន់មហានរក ត្រង់ទីនោះឯង ។ ព្រះមហាមោគ្គល្លានដ៏មានអាយុ បានឃើញយក្ខនោះ កំពុងប្រហារចំព្រះសិរ្សៈ ព្រះសារីបុត្តដ៏មានអាយុ ដោយទិព្វចក្ខុ ដ៏បរិសុទ្ធកន្លងចក្ខុរបស់មនុស្សធម្មតា លុះឃើញហើយ ក៏ចូលទៅរកព្រះសារីបុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏និយាយនឹងព្រះសារីបុត្តដ៏មានអាយុថា ម្នាលអាវុសោ លោកល្មមអត់ធន់បានដែរឬ ល្មមប្រព្រឹត្តទៅ បានដែរឬ មិនមាន សេច​ក្តី​ទុ​ក្ខតិចតួចទេឬ ។ ព្រះសារីបុត្តដ៏មានអាយុ ប្រាប់ថា ម្នាលអាវុសោមោគ្គល្លាន ខ្ញុំល្មមអត់ធន់បាន ម្នាលអាវុសោមោគ្គ​ល្លាន​ ខ្ញុំល្មមប្រព្រឹត្តទៅបាន តែថា មានសេចក្តីទុក្ខបន្តិច ត្រង់ក្បាលរបស់ខ្ញុំ ។ ម្នាលអាវុសោសារីបុត្ត អស្ចារ្យ​ណាស់ ម្នាលអាវុសោសារីបុត្ត ចម្លែកណាស់ ព្រោះថា សារីបុត្តដ៏មានអាយុ មានឫទ្ធិច្រើន មានអានុភាពច្រើន ។ ម្នាលអាវុសោសារីបុត្ត ក្នុងទីនេះ មានយក្ខមួយប្រហារ ចំព្រះសិរ្សៈនៃលោក (ការប្រហារនោះ) ពេញជាការ​ប្រហារខ្លាំង ឯយក្ខនោះអាចពន្លិចដំរី មានកម្ពស់ ៧ ហត្ថ ឬ ៨ ហ្ថ (ឲ្យស្រុតទៅក្នុងផែនដីបាន) អាច​ធ្វើកំពូលភ្នំធំឲ្យបែកខ្ទេចខ្ទីបាន ដោយការប្រហារនោះ ។ ហេតុអ្វីក៏ព្រះសារីបុត្តដ៏មានអាយុ និយាយ​យ៉ាងនេះថា ម្នាលអាវុសោមោគ្គល្លាន ខ្ញុំល្មមអត់ធន់បាន ម្នាលអាវុសោមោគ្គល្លាន ខ្ញុំល្មមប្រព្រឹត្ត​ទៅបាន តែថា មានសេចក្តីទុក្ខបន្តិច ត្រង់ក្បាលរបស់ខ្ញុំ ។ ម្នាលអាវុសោមោគ្គល្លាន អស្ចារ្យណាស់ ម្នាលអាវុសោមោគ្គល្លាន ចម្លែកណាស់ ព្រោះថា មហាមោគ្គ​ល្លាន​ដ៏ មានអាយុ មានឫទ្ធិច្រើន មានអានុភាពច្រើន មើលយក្សឃើញបាន ចំណែកខាងយើង មិនឃើញ​សូម្បី​បិសាច ដែលអាស្រ័យនឹងអាចម៍ដីសោះឡើយ ។ ព្រះមានព្រះភាគ ទ្រង់ព្រះសណ្តាប់ពាក្យចរចា មានសភាពយ៉ាងនេះ របស់ព្រះមហានាគត្ថេរទាំងពីរអង្គនោះ ដោយទិព្វសោតធាតុដ៏បរិសុទ្ធ កន្លងសោតធាតុ របស់ មនុស្សធម្មតា ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបបន្លឺឧទាននេះ ក្នុងវេលានោះថា យស្ស សេលូបមំ ចិត្តំ ឋិតំ នានុបកម្បតិ វិរត្តំ រជនីយេសុ កោបនេយ្យេ ន កុប្បតិ យស្សេវំ ភាវិតំ ចិត្តំ កុតោ តំ ទុក្ខមេស្សតិ។ ចិត្តរបស់បុគ្គលណា មានឧបមាដោយថ្មតាន់ នៅនឹង មិនញាប់ញ័រ ប្រាស់ចាកតម្រេក ក្នុងហេតុគួររីករាយទាំងឡាយ មិនក្រោធក្នុងវត្ថុគួរក្រោធ ចិត្តដែលបុគ្គលណា បានចម្រើនយ៉ាងនេះហើយ សេចក្តីទុក្ខនឹងមានមកដល់បុគ្គលនោះ អំពីណាបាន ។ (សុត្តន្តបិដក ខុទ្ទកនិកាយ ឧទាន មេឃិយវគ្គ បិដកលេខ ៥២ ទំព័រ ២០៥) ព្រះសារីបុត្រដ៏មានអាយុមានសម្បុរដូចមាស ព្រះមហាមោគ្គល្លានដ៏មានអាយុមានសម្បុរដូចផ្កាឧប្បល​ខៀវ ។ ព្រះថេរៈទាំងអង្គនោះឯង មានជាតិជាព្រាហ្មណ៍ ដល់ព្រមដោយអភិនីហារអស់ ១ អសង្ខេយ្យ និង ១ សែនកប្ប ជាអ្នកបាន សម្រេចអភិញ្ញា៦ និង បដិសម្ភិទា ជាព្រះមហាខីស្រព បាន​សមា​បត្តិគ្រប់យ៉ាង ដល់ទីបំផុត សាវកបារមីញាណ ៦៧ ប្រការ ធ្វើកបោតកន្ទរវិហារនោះឲ្យស្វាង​ស្វៃ​​ជាមួយគ្នា ដូចសីហៈពីរនៅល្អាងមាសតែមួយជាមួយគ្នា ដូចខ្លាធំពីរទម្រេតខ្លួនលើផែនដីតែមួយជា​មួយ​គ្នា ដូចស្ដេចដំរីឆទ្ទន្តពីរចូលព្រៃសាលវ័ន ដែលមានផ្ការីកស្គុះស្គាយ តែមួយជាមួយគ្នា ដូចស្ដេចគ្រុឌពីរ​នៅព្រៃសិម្ពលី តែមួយជាមួយគ្នា ដូចស្ដេចវេស្សវ័ណពីរអង្គឡើងយាន ដែលនាំ ដោយមនុស្សតែមួយ​ជាមួយគ្នា ដូចស្ដេចសក្កៈពីរអង្គ ប្រថាប់អង្គុយលើបណ្ឌុកម្ពល សិលាសនៈតែមួយជាមួយគ្នា ដូចស្ដេច​មហាព្រហ្មពីរអង្គនៅក្នុងវិមានតែមួយ ជាមួយគ្នា ដូចដួងចន្ទពីរដួង និង ព្រះអាទិត្យពីរដួងនៅក្នុងផ្ទៃអាកាសតែមួយជាមួយគ្នា ដូច្នេះ ។ បណ្ដាព្រះថេរៈទាំងអង្គនោះ ព្រះមហាមោគ្គល្លានដ៏អាយុបានគង់នៅស្ងៀម ចំណែកព្រះសារីបុត្រដ៏មានអាយុចូលសមាបត្ដិ ។ ពាក្យថា ចូលកាន់សមាធិណាមួយ បានដល់ ឧបេក្ខាព្រហ្មវិហារសមាបត្តិ ។ កេចិអាចារ្យទាំងឡាយពោលថាជា សញ្ញាវេទយិតនិរោធសមាបត្តិ ។’ ចំណែកអាចារ្យមួយពួកទៀតពោលថាជា ផលសមាបត្តិ ។ ពិតមែន សមាបត្តិទាំងឡាយ ៣ នេះ អាចដើម្បីនឹងរក្សានូវកាយបាន ។ (បរមត្ថទីបនី អដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ឧទាន មេឃិយវគ្គ យក្ខបហារសុត្ត) ដោយ៥០០០ឆ្នាំ
images/articles/2899/texewe3tpic.jpg
ផ្សាយ : ១៣ មីនា ឆ្នាំ២០២៣ (អាន: ៦,៧៦១ ដង)
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធនូវសិរិចោរព្រាហ្មណ៍ម្នាក់ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា យំ ឧស្សុកា សង្ឃរន្តិ ដូច្នេះជាដើម ។ បច្ចុប្បន្នវត្ថុក្នុងជាតកនេះ មានពិស្ដារហើយក្នុងខទិរង្គារជាតក (សុត្តន្តបិដក ខុទ្ទក-និកាយ ជាតក ឯកកនិបាត កុលាវកវគ្គ បិដកលេខ ៥៨ ទំព័រ១៨) នោះឯង ។ ចំណែកក្នុងក្នុងជាតកនេះ មិច្ឆាទិដ្ឋិទេវតាដែលនៅនឹងខ្លោងទ្វារទីបួន ក្នុងផ្ទះរបស់អនាថបិណ្ឌិកសេដ្ឋីនោះ កាលធ្វើនូវទណ្ឌកម្ម បាននាំទ្រព្យ ៥៤ កោដិ មកបំពេញក្នុងឃ្លាំង ហើយបានក្លាយជាសម្លាញ់នឹងអនាថបិណ្ឌិកសេដ្ឋី ។ លំដាប់នោះ អនាថបិណ្ឌិកសេដ្ឋីបាននាំនូវទេវតានោះទៅកាន់សម្នាក់របស់ព្រះសាស្ដា ។ ព្រះសាស្ដាសម្ដែងធម៌ដល់ទេវតានោះ ទេវតានោះបានស្ដាប់ធម៌ហើយ ក៏បានជាព្រះសោតាបន្ន ។ ចាប់តាំងពីពេលនោះមក យសដូចដើមក៏កើតមានដល់លោកសេដ្ឋីវិញ ។ គ្រានោះ មានព្រាហ្មណ៍អ្នកដឹងនូវសិរីលក្ខណៈដែលរស់នៅក្នុងក្រុងសាវត្ថីមួយរូប គិតថា អនាថបិណ្ឌិកសេដ្ឋីធ្លាក់ខ្លួនក្រ ហើយមានឥស្សរៈវិញទៀត បើដូច្នោះ យើងនឹងទៅធ្វើអាការៈដូចជាប្រាថ្នានឹងឃើញនូវគាត់ ហើយលួចនូវសិរីអំពីផ្ទះរបស់គាត់ រួចនឹងត្រឡប់មក ។ ព្រាហ្មណ៍នោះទៅកាន់ផ្ទះរបស់លោកសេដ្ឋី កាលលោកសេដ្ឋីធ្វើសក្ការៈនិងសម្មានៈហើយពោលពាក្យជាទីរលឹកថា លោកមកដើម្បីប្រយោជន៍អ្វី ? ព្រាហ្មណ៍ក៏ ពិនិត្យមើលថា សិរីឋិតនៅទីណាហ៎្ន ។ សេដ្ឋីមានមាន់ពណ៌សសុទ្ធប្រៀបដូចស័ង្ខដែលគេខាត់ហើយ ដាក់ក្នុងទ្រុងមាស សិរីតាំងនៅលើជុកមាន់នោះ ។ ព្រាហ្មណ៍កាលក្រឡេកមើល បានដឹងភាពនៃសិរីដែលតាំងនៅក្នុងទីនោះ ទើបពោលថា បពិត្រមហាសេដ្ឋី ខ្ញុំញ៉ាំងនូវមាណព ៥០០ ឲ្យពោលនូវមន្ត, ព្រោះអាស្រ័យមាន់មួយដែលរងាវខុសកាល មាណពនិងខ្ញុំទើបលំបាក, បានឮថា មាន់នេះរងាវត្រូវកាល ខ្ញុំដើម្បីត្រូវការមាន់នេះ លោកមេត្តាឲ្យមាន់នេះដល់ខ្ញុំផង ។ សេដ្ឋីពោលថា នែព្រាហ្មណ៍ លោកចូរចាប់យកចុះ យើងឲ្យមាន់នេះដល់លោក ។ ក្នុងខណៈដែលលោកសេដ្ឋីពោលថា ឲ្យ ប៉ុណ្ណោះ សិរីក៏ឃ្លាតចាកជុកមាន់ មកឋិតនៅលើដួងកែវមណី ដែលនៅលើក្បាលដំណេក ។ ព្រាហ្មណ៍បានដឹងនូវភាពនៃសិរីដែលតាំងនៅក្នុងកែវមណី ទើបសូមកែវមណីនោះ។ក្នុងខណៈដែលលោកសេដ្ឋីពោលថា យើងឲ្យសូម្បីនូវកែវមណី ដូច្នេះ សិរីក៏ផ្លាស់ចេញអំពីកែវមណី ទៅតាំងនៅលើឈើច្រត់ដែលរក្សាទុកលើក្បាលដំណេក ។ ព្រាហ្មណ៍បានដឹងនូវភាពនៃសិរីដែលតាំងនៅនឹងឈើច្រត់នោះ ទើបសូម្បីនូវឈើច្រត់នោះទៀត ។ លោកសេដ្ឋីពោលថា លោកចូរកាប់យកចុះ ដូច្នេះ ក្នុងខណៈដែលលោកសេដ្ឋីពោលនោះឯង សិរីក៏គេចចេញអំពីឈើច្រត់ ទៅប្រតិស្ឋាននៅលើក្បាលភរិយារបស់សេដ្ឋីដែលឈ្មោះថា បុញ្ញលក្ខណទេវី ។ សិរិចោរព្រាហ្មណ៍ដឹងភាពនៃសិរីដែលតាំងនៅក្នុងទីនោះ គិតថា នោះជាភណ្ឌៈដែលសេដ្ឋីលះមិនបាន ទើបមិនអាចនឹងសូមនូវរបស់នោះ ដូច្នេះហើយ ក៏ប្រាប់នូវការមកដល់សេដ្ឋីថា បពិត្រមហាសេដ្ឋី ខ្ញុំមកដើម្បីនឹងលួចសិរីក្នុងផ្ទះរបស់លោក ប៉ុន្តែសិរីដែលតាំងនៅនឹងជុកមាន់របស់លោក បានប្រាសចេញអំពីទីនោះ ក្នុងពេលដែលលោកឲ្យដល់ខ្ញុំ មកតាំងនៅនឹងកែវមណី, ពេលលោកឲ្យកែវមណី ក៏មកតាំងនៅនឹងឈើច្រត់, ពេលលោកឲ្យឈើច្រត់ សិរីក៏ប្រាសចេញអំពីនោះ មកតាំងនៅលើក្បាលរបស់បុញ្ញលក្ខណទេវី ខ្ញុំគិតថា នេះជាភណ្ឌៈដែលលោកលះឲ្យមិនបាន ភណ្ឌៈនេះក៏ខ្ញុំមិនគួរកាន់យក ខ្ញុំមិនអាចនឹងលួចសិរីរបស់លោកបាន, សិរីរបស់លោកចូរនៅក្នុងសម្នាក់លោកចុះ ថាហើយ ទើបក្រោកឡើយ ចៀសចេញទៅ ។ អនាថបិណ្ឌិកសេដ្ឋីគិតថា នឹងក្រាបទូលហេតុការណ៍នេះដល់ព្រះមានព្រះភាគ ទើបទៅកាន់ព្រះវិហារ (វត្តអារាម) បូជាព្រះសាស្ដា និងថ្វាយបង្គំហើយអង្គុយក្នុងទីដ៏សមគួរមួយ បានក្រាបទូលរឿងរ៉ាវទាំងអស់ដល់ព្រះតថាគត ។ ព្រះសាស្ដាស្ដាប់រឿងនោះហើយ ត្រាស់ថា ម្នាលគហបតី មិនមែនតែក្នុងកាលឥឡូវនេះទេ ដែលសិរីរបស់មនុស្សដទៃ ទៅក្នុងទីដទៃសូម្បីក្នុងកាលមុន សិរីដែលកើតឡើងដល់មនុស្សអ្នកឥតបុណ្យ ហើយបានទៅកាន់បាទមូលរបស់មនុស្សអ្នកមានបុណ្យ ដូច្នេះហើយ ទ្រង់ដែលអនាថបិណ្ឌិកសេដ្ឋីទូលអង្វរអារាធនា ទើបនាំយកអតីតនិទានមកសម្ដែងថាៈ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរនគរពារាណសី ។ ព្រះពោធិសត្វកើតក្នុងត្រកូលព្រាហ្មណ៍ កាលមានវ័យចម្រើនឡើងហើយ បានសិក្សានូវសិល្បៈក្នុងនគរតក្កសិលា រួចក៏នៅគ្របគ្រងផ្ទះ កាលមាតាបិតាធ្វើកាលកិរិយាហើយ ជាអ្នកមានសេចក្ដីសង្វេគ បានចេញចាកផ្ទះ បួសជាឥសីក្នុងហិមវន្តប្រទេស បានញ៉ាំងអភិញ្ញា និងសមាបត្តិឲ្យកើតឡើង ។ ដោយកាលកន្លងទៅអស់កាលយូរ ព្រះពោធិសត្វក៏ទៅកាន់ជនបទដើម្បីប្រយោជន៍ដល់ការសេពនូវរសជូរនិងប្រៃ ហើយបាននៅក្នុងឧទ្យាន របស់ព្រះរាជា ពារាណសី ក្នុងថ្ងៃស្អែកឡើង កាលត្រាច់ភិក្ខា ព្រះពោធិសត្វក៏បានទៅកាន់ទ្វារផ្ទះរបស់ហត្ថាចារ្យ ។ នាយហត្ថាចារ្យនោះជ្រះថ្លាក្នុងអាចារៈ និងវិហារធម៌របស់តាបសនោះ ក៏ថ្វាយនូវភិក្ខា ហើយឲ្យតាបសគង់នៅក្នុងឧទ្យាន និងទំនុកបម្រុងអស់កាលជានិច្ច ។ គ្រានោះ មានមនុស្សអ្នករកឧសចិញ្ចឹមជីវិតមួយរូប នាំឈើទាំងឡាយមកអំពីព្រៃ មិនអាចនឹងទៅដល់ទ្វារនគរ ។ ក្នុងវេលាល្ងាប ទើបធ្វើនូវគំនរឈើជាក្បាលដំណេក ដេកក្នុងខ្ទមទេវតាមួយ ។ (នៅទីនោះ) មានមាន់ជាច្រើនដែលអ្នកស្រុកលែងទុកក្នុងខ្ទមទេវតា នាំគ្នាដេកលើដើមឈើមួយដែលនៅមិនឆ្ងាយពីទីនោះ ។ បណ្ដាមាន់ទាំងនោះ ក្នុងវេលាជិតភ្លឺ មាន់ដែលដេកខាងលើគេ បានញ៉ាំងអាចម៍ឲ្យធ្លាក់ចុះលើសរីរៈរបស់មាន់ដែលដេកខាងក្រោម ។ មាន់ខាងក្រោមសួរថា អ្នកណាជុះអាចម៍ដាក់សរីរៈរបស់យើង ? មាន់ខាងលើឆ្លើយថា គឺ យើង ។ មាន់ខាងក្រោមពោលថា ព្រោះហេតុអ្វី ? មាន់ខាងលើពោលថា ព្រោះមិនបានពិចារណា (បានបន្តិច) ក៏ជុះអាចម៍ម្ដង ។ បន្ទាប់មក មាន់សូម្បីទាំងពីរក៏ក្រោធដាក់គ្នានឹងគ្នា ហើយធ្វើនូវជម្លោះថា កម្លាំងរបស់អ្នកប៉ុណ្ណា កម្លាំងរបស់អ្នកប៉ុណ្ណា ។ លំដាប់នោះ មាន់ដែលដេកខាងក្រោមថា ក្នុងព្រឹកនេះ អ្នកបានសម្លាប់យើង ហើយស៊ីសាច់ដែលចម្អិនដោយរងើកភ្លើង នឹងបានទ្រព្យមួយពាន់ ។ មាន់ដែលដេកខាងលើពោលថា អម្ភោ នែអ្នកដ៏ចម្រើន អ្នកកុំនិយាយដោយអាងអានុភាពមានប្រមាណប៉ុណ្ណេះឡើយ ព្រោះថា អ្នកណាបានស៊ីសាច់ដ៏ធាត់របស់យើងនឹងបានជាព្រះរាជា, អ្នកស៊ីសាច់ខាងក្រៅ បើបុរសនឹងបានតំណែងជាសេនាបតី, បើស្ត្រីនឹងបានតំណែងជាអគ្គមហេសី ។ ចំណែកអ្នកដែលបានស៊ីសាច់និងឆ្អឹងរបស់យើង បើជាគ្រហស្ថនឹងបានជានាយឃ្លាំង, បើជាបព្វជិតនឹងបានជាជីតុនរបស់រាជត្រកូល ។ បុរសអ្នករកឧសបានស្ដាប់ពាក្យរបស់មាន់ទាំងនោះហើយ គិតថា កាលយើងបានរាជសម្បត្តិហើយ កិច្ចដោយទ្រព្យមួយពាន់រមែងមិនមាន ដូច្នេះហើយ ទើបឡើងសន្សឹមៗទៅចាប់មាន់ដែលដេកខាងលើ យកមកសម្លាប់ ធ្វើនូវថ្នក់ ដោយគិតថា យើងនឹងជាព្រះរាជា ដូច្នេះហើយ ទើបដើរទៅ ចូលកាន់ព្រះនគរក្នុងវេលាទ្វារបើកនោះឯង ធ្វើនូវមាន់ឲ្យមិនមានស្បែក លាងទឹកឲ្យស្អាត បានឲ្យមាន់បជាបតី (ប្រពន្ធ) ដោយពោលថា សាច់មាន់នេះ អូនចូរតាក់តែង (ចម្អិន) ឲ្យល្អ ។ ភរិយានោះតាក់តែងសាច់មាន់ និងភត្តរួចក៏បង្អោនជូនដល់បុរសជាប្ដីនោះថា បពិត្រសាមិ បងចូរបរិភោគចុះ ។ ស្វាមីនាងពោលថា ហៃអូនសម្លាញ់ដ៏ចម្រើនអើយ សាច់នេះមានអានុភាពធំណាស់ បងបរិភោគសាច់នេះ បងនឹងជាព្រះរាជា អូននឹងបានជាអគ្គមហេសី យើងកាន់យកភត្ត និងសាច់នោះ ទៅកាន់ច្រាំងទន្លេគង្គា មុជហើយ យើងនឹងបរិភោគ ដូច្នេះហើយ ទើបដាក់ភាជនៈដែលដាក់ភត្តនៅនឹងច្រាំង រួចក៏ចុះទៅមុជទឹក ។ ក្នុងខណៈនោះ រលកទឹកត្រូវខ្យល់បក់មក ក៏កៀរយកភាជនៈភត្តហូរទៅ ។ ភាជនៈភត្តត្រូវក្រសែទឹកបន្សាត់នាំទៅ ពេលនោះ មហាមាត្យដែលជាហត្ថាចារ្យមួយរូប កំពុងញ៉ាំងដំរីឲ្យមុជទឹក ក្នុងទន្លេដែលនៅខាងក្រោមក្រសែទឹក បានឃើញហើយឲ្យគេរើសឡើងមក បើកមើល ហើយសួរថា អ្វីហ្នឹង ? ពួកបរិវារឆ្លើយថា បពិត្រលោកម្ចាស់ គឺភត្ត និងសាច់មាន់ ។ មហាមាត្យនោះទើបឲ្យគេបិទភាជនៈភត្តនោះ ហើយឲ្យបោះត្រា រួចបញ្ជូនទៅឲ្យភរិយាដោយពោលថា នាងកុំបើកភត្តនេះ ដរាបដល់យើងមក ។ ចំណែកបុរសអ្នករកឧសនោះ មានផ្ទៃពោះហើមប៉ោង ព្រោះត្រូវទឹកនិងខ្សាច់ដែលចូលតាមមាត់ ទើបគេចទៅ ។ លំដាប់នោះ ទិព្វចក្ខុកតាបសដែលជាកុលូបកៈរបស់នាយហត្ថាចារ្យនោះ កាលពិចារណា (មើល) ដោយទិព្វចក្ខុបានឃើញថា ឧបដ្ឋាករបស់យើង មិនផុតពីតំណែង ហត្ថាចារ្យ កាលណាហ៎្ន នឹងបាននូវសម្បត្តិ ដូច្នេះហើយ បានឃើញនូវបុរសនោះ និងដឹងនូវហេតុនោះ ទើបប្រញាប់ទៅកាន់ផ្ទះ ហើយអង្គុយលើអាសនៈរបស់នាយហត្ថាចារ្យ ។ នាយហត្ថាចារ្យមកហើយ ថ្វាយបង្គំតាបស រួចអង្គុយក្នុងទីសមគួរមួយ ទើបឲ្យគេនាំភាជនៈភត្តនោះមកហើយពោលថា អ្នកទាំងឡាយចូរអង្គាសព្រះតាបសដោយសាច់និងបាយ ។ តាបសកាន់យកនូវតែភត្ត មិនកាន់យកសាច់ដែលគេថ្វាយ ដោយពោលថា យើងនឹងចាត់ចែងនូវសាច់នេះ ។ កាលនាយហត្ថាចារ្យពោលថា ចូរចាត់ចែងចុះ លោកម្ចាស់ ។ តាបសក៏ឲ្យគេធ្វើជាចំណែកមួយ ៗ មានសាច់ធាត់ជាដើម ហើយឲ្យសាច់ធាត់ដល់នាយហត្ថាចារ្យ, សាច់ខាងក្រៅឲ្យដល់ភរិយារបស់គាត់, ឆ្អឹងនិងសាច់ តាបសឆាន់ដោយខ្លួនឯង ។ តាបសនោះ កាលទៅក្នុងវេលាដែលបញ្ចប់នូវភត្តកិច្ចហើយ ទើបពោលថា អ្នកនឹងបានជាព្រះរាជាក្នុងថ្ងៃទីបីអំពីថ្ងៃនេះ ចូរអ្នកកុំប្រមាទ ដូច្នេះហើយ ក៏ចៀសចេញទៅ ។ ក្នុងថ្ងៃទីបី ព្រះរាជាក្នុងសាមន្តរដ្ឋមួយព្រះអង្គ (លើកទ័ព) មកឡោមព័ទ្ធនគរ ពារាពណី ។ ស្ដេចពារាណសីឲ្យនាយហត្ថាចារ្យកាន់យកភេទជាព្រះរាជា ហើយបញ្ជាឲ្យឡើងលើដំរីដើម្បីប្រយុទ្ធ ។ ព្រះរាជាអង្គឯង ក្លែងភេទដែលមិនមានអ្នកណាស្គាល់ ត្រាច់ទៅក្នុងពួកសេនា ទ្រង់បានត្រូវដោយកូនសរដែលមានកម្លាំងខ្លាំងមួយ ស្ដេចក៏ចូលទិវង្គតក្នុងពេលនោះឯង ។ នាយហត្ថាចារ្យបានដឹងនូវភាពដែលព្រះរាជាចូលទិវង្គតហើយ ទើបឲ្យគេនាំយកកហាបណៈដ៏ច្រើន ឲ្យត្រាស់វាយស្គរប្រកាសថា អ្នកណាត្រូវការទ្រព្យចូលច្បាំងនៅខាងមុខ ។ ពលកាយបានញ៉ាំងនូវជីវិតរបស់ព្រះរាជាសាមន្តរដ្ឋ ឲ្យអស់ទៅក្នុងពេលមួយរំពេចនោះឯង ។ អាមាត្យទាំងឡាយធ្វើនូវសរីរកិច្ចរបស់ព្រះរាជាហើយ កាលប្រជុំប្រឹក្សាគ្នាថា យើងនឹងធ្វើអ្នកណាឲ្យជាព្រះរាជា ក៏ពោលថា ព្រះរាជារបស់យើង កាលមានព្រះជន្ម បានប្រទាននូវភេទរបស់ខ្លួនឲ្យដល់នាយហត្ថាចារ្យ នាយហត្ថាចារ្យនេះធ្វើនូវចម្បាំង បានរក្សានូវរាជសម្បត្តិនេះ ពួកយើងនឹងឲ្យរាជសម្បត្តិនេះដល់គាត់ ដូច្នេះហើយ បានអភិសេកនាយហត្ថាចារ្យនោះដោយរាជសម្បត្តិ និងធ្វើនូវភរិយារបស់គាត់ឲ្យជាអគ្គមហេសី ។ ព្រះពោធិសត្វបានជារាជកុលូបកៈ ។ ព្រះសាស្ដាបាននាំអតីតនិទាននេះមកហើយ កាលទ្រង់ត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធ ទើបព្រះអង្គត្រាស់ព្រះគាថាទាំងឡាយ ២ ថា យំ ឧស្សុកា សង្ឃរន្តិ, អលក្ខិកា ពហុំ ធនំ; សិប្បវន្តោ អសិប្បា ច, លក្ខិវា តានិ ភុញ្ជតិ។ ពួកបុគ្គលឥតបុណ្យ ខ្វល់ខ្វាយ ប្រមូលទ្រព្យណាដ៏ច្រើន ចំណែកខាងបុគ្គល អ្នកមានបុណ្យ ទោះមានសិល្បៈក្ដី មិនមានសិល្បៈក្ដី ក៏រមែងបានបរិភោគនូវទ្រព្យទាំងនោះ ។ សព្ពត្ថ កតបុញ្ញស្ស, អតិច្ចញ្ញេវ បាណិនោ; ឧប្បជ្ជន្តិ ពហូ ភោគា, អប្បនាយតនេសុបិ។ ភោគៈទាំងឡាយច្រើន រមែងកន្លងនូវពួកបុគ្គលឥតបុណ្យ កើតឡើងសម្រាប់បុគ្គល អ្នកមានបុណ្យធ្វើហើយ ក្នុងទីទាំងពួងសូម្បីក្នុងទីមិនមែនជាកន្លែងសម្រាប់កើត ។ បណ្ដាបទទាំងនោះ បទថា យំ ឧស្សុកា សេចក្ដីថា បុគ្គលដែលមិនមានបុណ្យ ដល់សេចក្ដីខ្វល់ខ្វាយក្នុងកាប្រមូលទ្រព្យ គឺកើតឆន្ទៈប្រមូលទ្រព្យដ៏ច្រើនដោយការងារ ។ បាលីថា យេ ឧស្សុកា ដូច្នេះក៏មាន អធិប្បាយថា បុរសទាំងឡាយណា ព្យាយាមប្រមូលទ្រព្យ នឹងមានសិប្បៈ ដោយអំណាចនៃសិល្បៈដំរីជាដើម ឬមិនមានសិល្បៈក៏ដោយ ដោយហោចទៅ គ្រាន់តែធ្វើការដោយតម្លៃឈ្លួលក៏រមែងប្រមូលទ្រព្យដ៏ច្រើនទុកបាន ។ បទថា លក្ខិវា តានិ ភុញ្ជតិ សេចក្ដីថា បុរសដែលមានបុណ្យកាលនឹងបរិភោគនូវផលនៃបុណ្យរបស់ខ្លួន សូម្បីនឹងមិនធ្វើនូវការងារអ្វី ក៏រមែងបានប្រើប្រាស់ទ្រព្យ ដែលពោលថា ទ្រព្យច្រើន ។ បទថា អតិច្ចញ្ញេវ បាណិនោ សេចក្ដីថា កន្លងនូវសត្វទាំងឡាយដទៃនោះឯង ។ ឯវអក្សរគប្បីប្រកបដោយបទខាងដើមនោះ មានសេចក្ដីថា បុគ្គលដែលបានធ្វើបុណ្យ រមែងកន្លងពួកសត្វដែលមិនបានធ្វើបណ្យដទៃ ក្នុងទីទាំងពួង ។ បទថា អប្បនាយតនេសុបិ សេចក្ដីថា ពិតមែនហើយ ភោគៈទាំងឡាយដ៏ច្រើន ទាំងជាសវិញ្ញាណកៈនិងអវិញ្ញាណកៈរមែងកើតឡើង សូម្បីក្នុងទីដែលមិនមែនជាកន្លែងកើត គឺ រតនៈទាំងឡាយរមែងកើតឡើងក្នុងទីដែលមិនមែនជាកន្លែងធ្វើរតនៈ, មាសទាំងឡាយរមែងកើត ក្នុងទីមិនមែនកន្លែងកើតមាស, ដំរីទាំងឡាយរមែងកើតក្នុងទីមិនមែនកន្លែងកើតដំរីជាដើម ។ ក្នុងបណ្ដាទ្រព្យទាំងនោះ កែវមុក្ដានិងកែវមណីជាដើមរមែងកើតក្នុងទីមិនមែនកន្លែងកើត គប្បីសម្ដែងរឿងរបស់ព្រះបាទទុដ្ឋគាមណិមហារាជ ។ ចំណែកព្រះសាស្ដាកាលត្រាស់ព្រះគាថា ២ នេះហើយ ទើបត្រាស់តទៅថា ម្នាលគហបតី ឈ្មោះថា ទីកើតដទៃដែលស្មើដោយបុណ្យរបស់សត្វទាំងឡាយនេះ រមែងមិនមាន, ព្រោះរតនៈទាំងឡាយ រមែងកើតឡើងសូម្បីក្នុងទីមិនមែនកន្លែងកើត ដល់អ្នកមានបុណ្យទាំងឡាយប៉ុណ្ណោះ ដូច្នេះហើយ ព្រះអង្គទើបសម្ដែងព្រះធម៌ថា ឯស ទេវមនុស្សានំ, សព្ពកាមទទោ និធិ; យំ យទេវាភិបត្ថេន្តិ, សព្ពមេតេន លព្ភតិ។ កំណប់ទ្រព្យ គឺបុណ្យណា ជាប់តាមខ្លួនទៅបាន អ្នកប្រាជ្ញ ធ្វើនូវកំណប់ទ្រព្យគឹបុណ្យនោះ កំណប់ទ្រព្យ គឺបុណ្យនុ៎ះ ឲ្យនូវសេចក្តីប្រាថ្នា គ្រប់យ៉ាងដល់ទេវតា និងមនុស្សទាំងឡាយ ពួកទេវតា និងមនុស្សទាំងឡាយប្រាថ្នានូវផលណា ៗ ផលទាំងពួងនោះៗ រមែងបានដោយកំណប់ទ្រព្យ គឺបុណ្យនុ៎ះ ។ សុវណ្ណតា សុសរតា, សុសណ្ឋានា សុរូបតា; អាធិបច្ចបរិវារោ, សព្ពមេតេន លព្ភតិ។ ភាពជាអ្នកមានសម្បុរផូរផង់ មានសំឡេងពីរោះ ទ្រង់ទ្រាយល្អ រូបល្អ ជាអធិបតី មានយស បរិវារ ផលទាំងអស់ រមែងបានដោយកំណប់ទ្រព្យគឺបុណ្យនុ៎ះ ។ បទេសរជ្ជំ ឥស្សរិយំ, ចក្កវត្តិសុខំ បិយំ; ទេវរជ្ជម្បិ ទិព្ពេសុ, សព្ពមេតេន លព្ភតិ។ ភាពជាស្តេចប្រទេសរាជ ឥស្សរិយយស សេចក្តីសុខរបស់ស្តេចចក្រពត្តិជាទីស្រឡាញ់ ភាពជាស្តេចនៃទេវតាក្នុងទេពនិកាយទាំងឡាយ ផលទាំងអស់រមែងបានដោយកំណប់ទ្រព្យគឺបុណ្យនុ៎ះ។ មានុស្សិកា ច សម្បត្តិ, ទេវលោកេ ច យា រតិ; យា ច និព្ពានសម្បត្តិ, សព្ពមេតេន លព្ភតិ។ សម្បត្តិជារបស់មនុស្សណាផង សេចក្តីត្រេកអរ ក្នុងទេវលោកណាផង សម្បត្តិគឺព្រះនិព្វានណាផង សម្បត្តិទាំងអស់ រមែងបានដោយកំណប់ទ្រព្យគឺបុណ្យនុ៎ះ ។ មិត្តសម្បទមាគម្ម, យោនិសោវ បយុញ្ជតោ; វិជ្ជាវិមុត្តិវសីភាវោ, សព្ពមេតេន លព្ភតិ។ ភាពនៃបុគ្គលកាលអាស្រ័យមិត្តសម្បទា បើប្រកបសេចក្តីព្យាយាម ដោយឧបាយ ដែលត្រូវ ជាអ្នកស្ទាត់ក្នុងវិជ្ជានិងវិមុត្តិ ឥដ្ឋផលទាំងអស់ បានដោយកំណប់ទ្រព្យគឺបុណ្យនុ៎ះ ។ បដិសម្ភិទា វិមោក្ខា ច, យា ច សាវកបារមី; បច្ចេកពោធិ ពុទ្ធភូមិ, សព្ពមេតេន លព្ភតិ។ បដិសម្ភិទា វិមោក្ខ សាវកបារមីញាណ បច្ចេកពោធិញាណ និងភូមិណាៗ ឥដ្ឋផលទាំងអស់ រមែងបានដោយកំណប់ទ្រព្យគឺបុណ្យនុ៎ះ ។ ឯវំ មហត្ថិកា ឯសា, យទិទំ បុញ្ញសម្បទា; តស្មា ធីរា បសំសន្តិ, បណ្ឌិតា កតបុញ្ញតំ។ បុញ្ញសម្បទានេះ ឲ្យសម្រេចប្រយោជន៍ដ៏ធំ ដោយប្រការដូច្នេះ ព្រោះហេតុនោះ អ្នកប្រាជ្ញទាំងនោះ ជាធីរជន ទើបសរសើរនូវភាពនៃបុគ្គលជាអ្នកមានបុណ្យធ្វើទុកហើយ ។ (សុត្តន្តបិដក ខុទ្ទកនិកាយ ខុទ្ទកបាឋ និធិកណ្ឌសូត្រ បិដកលេខ ៥២ ទំព័រ ១៥) ឥឡូវនេះ កាលនឹងទ្រង់សម្ដែងរតនៈទាំងឡាយនោះ ដែលជាទីតាំងនៅនៃសិរីរបស់អនាថបិណ្ឌិកសេដ្ឋី ព្រះមានព្រះភាគទើបត្រាស់ថា កុក្កុដោ ដូច្នេះជាដើម ។ (ពាក្យថាពេញថា ) កុក្កុដោ មណយោ ទណ្ឌោ, ថិយោ ច បុញ្ញលក្ខណា; ឧប្បជ្ជន្តិ អបាបស្ស, កតបុញ្ញស្ស ជន្តុនោ។ មាន់ឈ្មោលក្ដី កែវមណីក្ដី ឈើច្រត់ក្ដី នាងបុញ្ញលក្ខណាទេវី ជាប្រពន្ធ (របស់សេដ្ឋី) ក្ដី រមែងកើតឡើងដល់អនាថបណ្ឌិកសេដ្ឋី អ្នកមិនមានបាប ជាអ្នកមានបុណ្យធ្វើហើយ ។ បណ្ដាបទទាំងនោះ បទថា ទណ្ឌោ លោកពោលសំដៅយក ឈើច្រត់, បទថា ថិយោ បានដល់ បុញ្ញលក្ខណទេវីដែលជាភរិយារបស់លោកសេដ្ឋី ។ ពាក្យដ៏សេស ងាយស្រួលហើយ ។ព្រះសាស្ដាបានត្រាស់គាថានេះហើយ ទ្រង់ប្រជុំជាតកថាតទា រាជា អានន្ទោ អហោសិ ព្រះរាជាក្នុងកាលនោះ បានមកជា អានន្ទ ។ កុលូបកតាបសោ បន អហមេវ សម្មាសម្ពុទ្ធោ អហោសិំ ចំណែក កុលូបកតាបស គឺ តថាគតជាព្រះសម្មាសម្ពុទ្ធ នេះឯង ។ ចប់ សិរីជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តិកនិបាត អព្ភន្តរវគ្គ បិដកលេខ ៥៨ ទំព័រ ១៥៩) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2900/_________pic.jpg
ផ្សាយ : ១៣ មីនា ឆ្នាំ២០២៣ (អាន: ៦,៣២៥ ដង)
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុទាំងឡាយដែលបូជាដោយកម្រងផ្កាដល់អានន្ទពោធិ៍ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា យថា កេសា ច មស្សូ ច ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ជាតកនេះ នឹងមានក្នុងកាលិង្គពោធិជាតក ។ ពោធិព្រឹក្សនោះ បានឈ្មោះថា អានន្ទពោធិ៍ ព្រោះជាដើមពោធិ៍ដែលព្រះអានន្ទដាំ ។ ពិតមែនហើយ សេចក្ដីដែលព្រះថេរៈដាំដើមពោធិ៍ ត្រង់ខ្លោង​ទ្វារវត្តជេតពន បានផ្សព្វផ្សាយទៅទូទាំងសកលជម្ពូទ្វីប ។ គ្រានោះ ភិក្ខុទាំងឡាយដែលរស់នៅជន​បទ គិតថា ពួកយើងធ្វើការបូជាកម្រងផ្កាដល់ អានន្ទពោធិ៍ ដូច្នេះហើយ នាំគ្នាមកកាន់វត្តជេតពន ថ្វាយ​បង្គំព្រះសាស្ដា ក្នុងថ្ងៃស្អែក បានចូលទៅកាន់ក្រុងសាវត្ថី ទៅកាន់ផ្លូវដែលមាន (គេលក់) ផ្កាឧប្បល មិនបានផ្កា ទើបប្រាប់ព្រះអានន្ទត្ថេរថា ម្នាលអាវុសោ ពួកខ្ញុំគិតថា នឹងធ្វើការបូជាកម្រងផ្កាដល់ដើមពោធិ៍ ទើបទៅកាន់ផ្លូវដែលមានផ្កាឧប្បល តែពួកខ្ញុំមិនបានផ្កាសូម្បីមួយកម្រងឡើយ ។ ព្រះថេរៈពោលថា ម្នាលអ្នកមានអាយុទាំងឡាយ ខ្ញុំនឹងនាំមក ដូច្នេះហើយ ទើបទៅកាន់ឧប្បលវិថី ហើយឲ្យលើកឡើងនូវបាច់ផ្កាឧប្បលខៀវដ៏ច្រើន មកហើយ បានឲ្យដល់ភិក្ខុទាំងនោះ ។ ភិក្ខុទាំងនោះ កាន់យកផ្កាឧប្បលខៀវទាំងនោះហើយ នាំគ្នាធ្វើការបូជាដល់ដើមពោធិ៍ ។ ភិក្ខុទាំងឡាយស្ដាប់រឿងនោះហើយ បានមកប្រជុំគ្នាក្នុងធម្មសភា ញ៉ាំងគុណកថារបស់ព្រះថេរៈឲ្យកើតឡើងថា ម្នាលអាវុសោ ភិក្ខុជនបទទាំងឡាយជាអ្នកមិនមានបុណ្យ ទៅកាន់ឧប្បលវិថី មិនបាននូវកម្រងផ្កា ចំណែកព្រះថេរៈគ្រាន់តែទៅប៉ុណ្ណោះ បានឲ្យគេនាំមក ។ ព្រះសាស្ដាយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ ពួកអ្នកអង្គុយប្រជុំគ្នាដោយកថាអ្វី ? ភិក្ខុទាំងឡាយទូលថា ដោយកថាឈ្មោះនេះ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ ដែលអ្នកឈ្លាសក្នុងការពោល ឈ្លាសក្នុងកថា ហើយបានកម្រងផ្កានោះ សូម្បីក្នុងកាលមុន មានអ្នកឈ្លាសហើយបានកម្រងផ្កាដូចគ្នា ទើបទ្រង់នាំអតីតនិទានមកសម្ដែងថា ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វបានជាសេដ្ឋីបុត្រ ។ មានផ្កាបទុមទាំងឡាយរីកស្រស់ ក្នុងស្រះមួយដែលនៅខាងក្នុងនគរនេះ ។ បុរសដែលដាច់ច្រមុះម្នាក់រក្សាស្រះនោះ ។ លំដាប់នោះ ថ្ងៃមួយ កាលគេវាយស្គរប្រកាសការសម្ដែងមហោស្រពក្នុងនគរពារាណសី សេដ្ឋីបុត្រ ៣ នាក់ ប្រាថ្នានឹងប្រដាប់តាក់តែងនូវកម្រងផ្កា ដើម្បីលេងនូវមហោស្រព ទើបគិតថា យើងនឹងពណ៌នាគុណដែលមិនមានពិតរបស់បុរសដាច់ច្រមុះ ហើយនឹងសូមនូវកម្រងផ្កា ដូច្នេះហើយ ក្នុងវេលាដែលបុរសដាច់ច្រមុះកាច់ផ្កាបទុម បានទៅជិតស្រះ ហើយឈរនៅនឹងកន្លែងមួយ ។ បណ្ដាសេដ្ឋីបុត្រទាំង ៣ នោះ សេដ្ឋីបុត្រម្នាក់ កាលនឹងហៅបុរសនោះ ទើបពោលគាថាទី ១ ថា យថា កេសា ច មស្សូ ច, ឆិន្នំ ឆិន្នំ វិរូហតិ; ឯវំ រុហតុ តេ នាសា, បទុមំ ទេហិ យាចិតោ។ សក់ក្ដី ពុកមាត់ក្ដី ដែលគេកោរ កាត់ចោលហើយ រមែងដុះឡើងវិញ យ៉ាងណា សូមឲ្យច្រមុះ របស់អ្នកដុះឡើងវិញ យ៉ាងនោះដែរ យើងសូមផ្កាឈូកហើយ អ្នកចូរឲ្យ ។ បុរសក្រហតច្រមុះនោះក្រោធខឹងហើយ ទើបមិនឲ្យផ្កាបទុម ។ លំដាប់នោះ សេដ្ឋីបុត្រទី ២ ក៏ពោលគាថាទី ២ ថា យថា សារទិកំ ពីជំ, ខេត្តេ វុត្តំ វិរូហតិ; ឯវំ រុហតុ តេ នាសា, បទុមំ ទេហិ យាចិតោ។ ពូជក្នុងសរទកាល (រដូវរងាហើយ) ដែលគេព្រោះក្នុងស្រែ រមែងលូតលាស់ យ៉ាងណាមិញ សូមឲ្យច្រមុះរបស់អ្នកដុះឡើងវិញ យ៉ាងនោះដែរ យើងសូមផ្កាឈូកហើយ អ្នកចូរឲ្យ ។ បណ្ដាបទទាំងនោះ បទថា សារទិកំ សេចក្ដីថា ពូជដែលបរិបូណ៌ដោយសាច់ ដែលបុគ្គលកាន់យកក្នុងសរទសម័យ ហើយរក្សាទុក ។ បុរសដាច់ច្រមុះនោះក្រោធខឹងហើយ ទើបមិនឲ្យផ្កាបទុម សូម្បីដល់សេដ្ឋីបុត្រនោះ ។ លំដាប់នោះ សេដ្ឋីបុត្រទី ៣ បានពោលគាថាទី ៣ ថា ឧភោបិ បលបន្តេតេ, អបិ បទ្មានិ ទស្សតិ; វជ្ជុំ វា តេ ន វា វជ្ជុំ, នត្ថិ នាសាយ រូហនា; ទេហិ សម្ម បទុមានិ, អហំ យាចាមិ យាចិតោ។ ជនទាំងពីរនាក់នេះ និយាយកុហក ដោយគិតថា ធ្វើដូចម្ដេចហ្ន៎ (បុរសនេះ) នឹងឲ្យផ្កាឈូកទាំងឡាយខ្លះ ទោះជនទាំងពីរនាក់នោះ ពោលក្ដី មិនពោលក្ដី ការដុះឡើងនៃច្រមុះគ្មានទេ ម្នាលសម្លាញ់ សូមអ្នកឲ្យផ្កាឈូកទាំងឡាយ យើងសូមហើយ សូមអ្នកឲ្យផ្កាឈូកទាំងឡាយ ។ បណ្ដាបទទាំងនោះ បទថា ឧភោបិ បលបន្តេតេ សេចក្ដីថា សូម្បីបុរសទាំង ២ នេះ ពោលមុសា ។ បទថា អបិ បទ្មានិ សេចក្ដីថា បុរសទាំង ២ នោះគិតថា បុរសដាច់ច្រមុះនឹងឲ្យផ្កាបទុមដល់យើង ទើបពោលយ៉ាងនោះ ។ បទថា វជ្ជុំ វា តេ ន វា វជ្ជុំ សេចក្ដីថា បុរសទាំងនោះ នឹងគប្បីពោល ឬមិនពោលយ៉ាងនេះថា ច្រមុះរបស់អ្នកនឹងដុះឡើង ឈ្មោះថា ពាក្យរបស់បុរសទាំងនោះ មិនជាប្រមាណ ច្រមុះមិនមានការដុះ សូម្បីដោយប្រការទាំងពួង ចំណែកយើងនឹងមិនពោលដោយអាស្រ័យច្រមុះរបស់អ្នក យើងនឹងសូមតែម្យ៉ាង ម្នាលសម្លាញ់ អ្នកដែលយើងសូមហើយ ចូរឲ្យផ្កាបទុមដល់យើង ។ បុរសដែលរក្សាស្រះបទុមនោះស្ដាប់ពាក្យនោះហើយ ទើបពោលថា សេដ្ឋីបុត្រទាំង ២ នេះ ពោលមុសាវាទ ចំណែកលោកពោលតាមសភាពពិត ផ្កាបទុមទាំងឡាយនេះសមគួរដល់លោក ដូច្នេះហើយកាន់យកបាច់ផ្កាបទុមដ៏ធំឲ្យដល់សេដ្ឋីបុត្រទី ៣ នោះ រួចទើបទៅកាន់ស្រះបទុមរបស់ខ្លួនវិញ ។ ព្រះសាស្ដា បាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថា តទា បទុមលាភី សេដ្ឋិបុត្តោ អហមេវ អហោសិំ សេដ្ឋីបុត្រដែលបានផ្កាបទុមក្នុងកាលនោះ បានមកជា តថាគត នេះឯង ។ ចប់ បទុមជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តិកនិបាត បទុមវគ្គ បិដកលេខ ៥៨ ទំព័រ ១៤៨) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2909/6rpic.jpg
ផ្សាយ : ១៣ មីនា ឆ្នាំ២០២៣ (អាន: ៨,៤៦៤ ដង)
ព្រះបរមសាស្តាទ្រង់ទេសនាប្រារឰព្រះថេរៈ ឈ្មោះចក្ខុបាល ។ កាលពីព្រះថេរៈឣង្គនេះ លោកនៅជាគ្រហស្ថ មិនទាន់បានសាងផ្នួសនោះ លោកបានទៅស្តាប់នូវព្រះធម៌ទេសនា របស់ព្រះពុទ្ធជាម្ចាស់ហើយ កើតសេចក្តីជ្រះថ្លា ក្នុងព្រះធម៌ទេសនានោះ យ៉ាងក្រៃលែង មានចិត្តប្រាថ្នាចង់បួសជាភិក្ខុ ក្នុងព្រះពុទ្ធសាសនា លុះត្រឡប់មកផ្ទះវិញ ក៏បានប្រគល់ទ្រព្យសម្បត្តិទាំងឣស់ ឲ្យដល់ប្អូនប្រុស របស់ខ្លួនស្រេចហើយ ទើបសុំលាប្អូនទៅបួស ក្នុងសំណាក់ព្រះបរមសាស្តា លុះបួសបាន ៥ ព្រះវស្សាហើយ លោកក៏បានចូលទៅ ក្រាបថ្វាយ បង្គំសុំរៀនព្រះកម្មដ្ឋាន ជាមួយនឹងព្រះសម្មាសម្ពុទ្ធ បន្ទាប់មក ក៏បានក្រាបថ្វាយបង្គំលាព្រះឣង្គទៅ បំពេញសមណធម៌ នៅក្នុងទីកន្លែងមួយដ៏ស្ងាត់ ព្រមជាមួយនឹងភិក្ខុសង្ឃ ៦០ រូប ជាបរិវារ ។ ព្រះថេរៈ លោកមានសេចក្តីព្យាយាម យ៉ាងខ្លាំងក្លាបំផុត ក្នុងការប្រតិបត្តិធម៌ លោកបានតាំងចិត្ត សច្ចាធិដ្ឋានថា “ឣាត្មាឣញ នឹងមិនសិង រហូត ៣ ខែ នៅក្នុងរដូវភ្លៀងនេះ” ។ ក្នុងវស្សានោះ រោគក្នុងភ្នែក ក៏បានកើតឡើង ដល់ព្រះថេរៈ ។ គ្រូពេទ្យ បានមកជួយព្យាបាលរោគប្រគេនព្រះថេរៈ ហើយឲ្យព្រះ ថេរៈសិងបន្តក់ថ្នាំតាមភ្នែក ។ តែព្រះថេរៈ មិនព្រមសិងបន្តក់ថ្នាំ តាមលោកគ្រូពេទ្យប្រាប់សោះ ព្រោះលោកបានតាំងចិត្តស្រេចហើយ ថា នឹងមិនសិង រហូត ៣ ខែ ។ ព្រោះហេតុនោះ រោគក្នុងភ្នែក ក៏រឹងរឹតតែរកាំធ្ងន់ខ្លាំងឡើងៗ ជារៀងរាល់ថ្ងៃ ។ មិនយូរប៉ុន្មាន ភ្នែក ទាំងទ្វេ របស់ព្រះថេរៈ ក៏បានបែកធ្លាយ ខ្វាក់ងងឹតឈឹង មើលអ្វីលែងឃើញទាំងឣស់ហើយ ព្រមគ្នាជាមួយនឹងការបានសម្រេចជាព្រះឣរហន្ត- សុក្ខវិបស្សកៈ ។ លុះដល់ថ្ងៃបវារណា ចេញវស្សាហើយ ព្រះចក្ខុបាលត្ថេរ បាន ចម្រើនពរ លាពួកញាតិញោម ឧបាសក ឧបាសិកា ដើម្បីនឹងទៅគាល់ព្រះបរមសាស្តា ដែលព្រះឣង្គប្រថាប់គង់នៅ ក្នុងវត្តជេតពនមហាវិហារ ទៀបក្រុងសាវត្ថី ។ នៅក្នុងរាត្រី នៃបច្ឆិមយាម ក្រោយពេលដែលភ្លៀងរាំងហើយ, ព្រះថេរៈ បានដើរចង្ក្រមទៅមកៗ ជាន់សត្វមេភ្លៀងស្លាប់ឣស់ ជាច្រើន ព្រោះលោកមើលមិនឃើញ ហើយក៏មិនមានចេតនាគិតនឹងធ្វើឲ្យសត្វមេភ្លៀងទាំងនោះស្លាប់ផងដែរ ។ ស្អែកឡើង ពេលព្រឹកព្រលឹម ក៏ស្រាប់តែមានឣាគន្តុកភិក្ខុ ជាច្រើនរូប បានចូលទៅមើលកន្លែងព្រះចក្ខុបាលត្ថេរ ហើយបានឃើញសត្វមេភ្លៀង ជាច្រើនស្លាប់ ពាសពេញទីចង្ក្រមន៍ របស់ព្រះថេរៈ ក៏បានត្មះតិះដៀលលោក ដោយប្រការផ្សេងៗ ស្រេចហើយ ក៏នាំយករឿងនេះ ទៅក្រាបទូលថ្វាយ ដល់ព្រះបរមសាស្តាទ្រង់ជ្រាប ។ ព្រះបរមសាស្តាទ្រង់ត្រាស់ពន្យល់ដល់ភិក្ខុទាំងនោះថា “ម្នាល ភិក្ខុទាំងឡាយ មរណចេតនា គឺ ចេតនាគិតនឹងសម្លាប់ មិនមានសោះឡើយ ដល់ព្រះថេរៈ ដែលជាព្រះឣរហន្តខីណាស្រព” ។ ឣាគន្តុកភិក្ខុទាំងនោះ ងឿងឆ្ងល់ បានក្រាបទូលសួរព្រះពុទ្ធជាម្ចាស់ថា “បពិត្រព្រះឣង្គដ៏ចម្រើន ព្រះចក្ខុបាលត្ថេរ ជាព្រះឣរហន្តខីណាស្រព ចុះហេតុអ្វី បានជាខ្វាក់ភ្នែក?” ។ ព្រះសាស្តា ទ្រង់ត្រាស់សម្តែងឣតីតនិទាន ថា “កាលពីឣតីតកាល ព្រះចក្ខុបាលត្ថេរ ធ្លាប់បានធ្វើជាគ្រូពេទ្យ ព្យាបាលជម្ងឺភ្នែក ។ សម័យថ្ងៃមួយ លោកគ្រូពេទ្យនោះ បានទៅព្យាបាលភ្នែក ដល់ស្រ្តីម្នាក់នៅជនបទ ។ ស្ត្រីនោះ បានសន្យាជាមួយគ្រូពេទ្យថា “បើលោកគ្រូពេទ្យឣាចព្យាបាលជម្ងឺភ្នែកនាងខ្ញុំ ឲ្យបានជាស្បើយ ដូចដើមវិញនោះ, នាងខ្ញុំ ព្រមទាំងបុត្រ នឹងធ្វើជាទាសីឣ្នកបម្រើរបស់លោកគ្រូ” ។ គ្រូពេទ្យនោះ បានព្យាបាលភ្នែកនាង ឲ្យជាដូចដើមវិញហើយ, ព្រោះតែនាងមិនចង់ទៅ នៅបម្រើគ្រូពេទ្យនោះឯង ទើបនាងបែរជានិយាយកុហកគ្រូពេទ្យនោះថា “លោកគ្រូ ឥឡូវនេះ ភ្នែករបស់នាងខ្ញុំ វាមិនបានជាទេ វា រឹតតែឈឺលើសដើមទៅទៀត” ។ ចំណែកគ្រូពេទ្យ បានដឹងថា នាងពិតជានិយាយកុហក ដូច្នេះហើយ ក៏មានចិត្តក្រោធខឹងយ៉ាងខ្លាំង ហើយមានចេតនា ចង់ធ្វើឲ្យនាងវិនាស ទើបផ្សំថ្នាំពិសឲ្យនាងលាប ធ្វើឲ្យភ្នែករបស់នាង ខ្វាក់ទាំងគូ មើលអ្វីលែងឃើញទាំងឣស់ ។ ព្រោះបាបកម្មដែលព្រះចក្ខុបាលត្ថេរ បានធ្វើឲ្យស្ត្រីនោះខ្វាក់ភ្នែកទាំងទ្វេ ដោយចេតនានោះឯង បានជាព្រះថេរៈ ត្រូវតែទទួលនូវបាបកម្មនោះវិញ គឺ ត្រូវតែខ្វាក់ភ្នែក នៅក្នុងជាតិនេះ” ដូច្នេះហើយ ទើបទ្រង់ត្រាស់នូវព្រះគាថានេះថា ៖ មនោបុព្វង្គមា ធម្មា មនោសេដ្ឋា មនោមយា មនសា ចេ បទុដ្ឋេន ភាសតិ វា ករោតិ វា តតោ នំ ទុក្ខមន្វេតិ ចក្កំវ វហតោ បទំ ។ ធម៌ទាំងឡាយ មានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត សម្រេចមកឣំពីចិត្ត, បើបុគ្គលមានចិត្ត ត្រូវទោសៈប្រទូសរ៉ាយហើយ ទោះបីនិយាយក្តី ធ្វើក្តី ក៏ឣាក្រក់ដែរ, ព្រោះឣំពើឣាក្រក់នោះឯង សេចក្តីទុក្ខ រមែងដេញជាប់ តាមក្រោយបុគ្គលនោះ ដូចជាកង់រទេះ វិលតាមដានជើងគោដែលឣូសនឹមរទេះ យ៉ាងដូច្នោះឯង ។ ប្រភពដកស្រង់ ដោយ៥០០០ឆ្នាំ
images/articles/2908/te_________pic.jpg
ផ្សាយ : ១៣ មីនា ឆ្នាំ២០២៣ (អាន: ៩,៨៣៤ ដង)
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធនូវពរដែលព្រះអានន្ទត្ថេរបានទទួល ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា សុណោហិ មយ្ហំ វចនំ ជនិន្ទ ដូច្នេះជាដើម ។ ពិតមែនហើយ ក្នុងបឋមពោធិកាល ព្រះមានព្រះភាគមិនមានអ្នកឧបដ្ឋាកឲ្យជាប់ជានិច្ច អស់កាល ២០ ​វស្សា ។ ជួនកាល ព្រះថេរនាគសមាលៈ, ជួនកាល ព្រះនាគិតៈ, ជួនកាល ព្រះឧបវាណៈ, ជួន​កាល​ ព្រះសុនក្ខត្តៈ, ជួនកាល ព្រះចន្ទៈ, ជួនកាល ព្រះនន្ទៈ, ជួនកាល ព្រះសាគតៈ, ជួនកាល ព្រះមេឃិយៈ ជាអ្នកឧបដ្ឋាកព្រះមានព្រះភាគ ។ ក្នុងថ្ងៃមួយ ព្រះមានព្រះភាគត្រាស់ហៅភិក្ខុទាំង​ឡាយ​មក​ថា ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ តថាគតចាស់ហើយ ភិក្ខុទាំងឡាយខ្លះ កាលតថាគតពោលថា យើងនឹងទៅដោយផ្លូវនេះ ក៏នាំគ្នាទៅដោយផ្លូវដទៃ ភិក្ខុពួកខ្លះដាក់ចុះនូវបាត្រនិងចីវររបស់តថា​គត​លើផែនដី អ្នកទាំងឡាយចូរដឹងនូវភិក្ខុមួយរូបឲ្យជាអ្នកឧបដ្ឋាករបស់តថាគតជាប់ជានិច្ច ។ ព្រះមានព្រះភាគ ទ្រង់ហាមព្រះថេរៈទាំងឡាយមានព្រះសារីបុត្រជាដើម ដែលក្រោកឡើង ផ្គងអញ្ជលី ដោយសិរសា ទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គនឹងឧបដ្ឋាក ខ្ញុំព្រះអង្គនឹងឧបដ្ឋាក ដោយព្រះតម្រាស់ថា កុំឡើយអ្នកទាំងឡាយ សេចក្ដីប្រាថ្នារបស់អ្នកទាំងឡាយដល់បំផុតហើយ ។ លំដាប់នោះ ភិក្ខុទាំងឡាយពោលនឹងព្រះអានន្ទត្ថេរថា ម្នាលអាវុសោ អ្នកចូរសូមតំណែងជាអ្នកឧបដ្ឋាក ។ ព្រះអានន្ទត្ថេរសូមពរទាំងឡាយ ៨ នេះគឺ ការបដិសេធ ៤ ការសូមអង្វរ ៤ គឺថា ១. សចេ មេ ភន្តេ ភគវា អត្តនា លទ្ធចីវរំ ន ទស្សតិ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគកុំប្រទានចីវរ ដែលព្រះអង្គបានមក ដល់ខ្ញុំព្រះអង្គ ។ ២. បិណ្ឌបាតំ ន ទស្សតិ សូមព្រះមានព្រះភាគកុំប្រទានបិណ្ឌបាតដល់ខ្ញុំព្រះអង្គ ។ ៣. ឯកគន្ធកុដិយំ វសិតុំ ន ទស្សតិ សូមព្រះមានព្រះភាគកុំប្រទានការនៅក្នុងព្រះគន្ធកុដិតែមួយជាមួយនឹងខ្ញុំព្រះអង្គ ។ ៤. មំ គហេត្វា និមន្តនំ ន គមិស្សតិ សូមព្រះមានព្រះភាគកុំកាន់យកខ្ញុំព្រះអង្គ ទៅកាន់ទីនិមន្ត ។ ៥. សចេ បន ភគវា មយា គហិតំ និមន្តនំ គមិស្សតិ សូមព្រះមានព្រះភាគយាងទៅកាន់ទីនិមន្តដែលព្រះខ្ញុំអង្គបានទទួល ។ ៦. សចេ អហំ តិរោរដ្ឋា តិរោជនបទា ភគវន្តំ ទដ្ឋុំ អាគតំ បរិសំ អាគតក្ខណេយេវ ទស្សេតុំ លភិស្សាមិ ប្រសិនបើខ្ញុំព្រះអង្គនាំបរិស័ទដែលមកគាល់ព្រះមានព្រះភាគ ដែលមកអំពីខាងកៅដែន អំពីខាងក្រៅជនបទ ខ្ញុំព្រះអង្គនឹងបានដើម្បីនឹងសម្ដែងនូវបរិស័ទនោះ ក្នុងខណៈដែលនាំមកនោះឯង ។ ៧. យទា មេ កង្ខា ឧប្បជ្ជតិ, តស្មិំ ខណេយេវ ភគវន្តំ ឧបសង្កមិតុំ លភិស្សាមិ សេចក្ដីសង្ស័យនឹងកើតឡើងដល់ខ្ញុំព្រះអង្គក្នុងកាលណា ខ្ញុំព្រះអង្គនឹងបានដើម្បីចូលគាល់ព្រះមានព្រះភាគ ក្នុងខណៈនោះឯង ។ ៨. សចេ យំ ភគវា មម បរម្មុខា ធម្មំ កថេតិ, តំ អាគន្ត្វា មយ្ហំ កថេស្សតិ បើព្រះមានព្រះភាគសម្ដែងធម៌ណាក្នុងទីកំបាំងរបស់ខ្ញុំព្រះអង្គ ហើយយាងមក សូមទ្រង់សម្ដែងធម៌នោះដល់ខ្ញុំព្រះអង្គ ។ ខ្ញុំព្រះអង្គនឹងឧបដ្ឋាកព្រះមានព្រះភាគ ដោយអាការៈយ៉ាងនេះ ចំណែកព្រះមានព្រះភាគក៏បានប្រទានហើយដល់ព្រះអានន្ទ ។ ចាប់តាំងអំពីពេលនោះមក ព្រះអានន្ទនោះក៏បានជាអ្នកឧបដ្ឋាកជាប់ជានិច្ច អស់កាល ២៥ វស្សា ។ ព្រះអានន្ទដល់នូវការតាំងទុកក្នុង ឋានៈជាឯតទគ្គៈ ៥ និងប្រកបដោយសម្បទា ៧ នេះ គឺ អាគមសម្បទា (ដល់ព្រមដោយបរិយត្តិ) ១ អធិគមសម្បទា (ដល់ព្រមដោយការចាក់ធ្លុះ) ១ បុព្ពហេតុសម្បទា (ដល់ព្រមដោយហេតុជាខាងដើម) ១ អត្តត្ថបរិបុច្ឆាសម្បទា (ដល់ព្រមដោយការសួរដើម្បីប្រយោជ៍ដល់ខ្លួន) ១ តិត្ថវាសសម្បទា (ដល់ព្រមដោយការនៅដោយឧបាយ) ១យោនិសោមនសិការសម្បទា (ដល់ព្រមដោយការធ្វើទុកក្នុងដោយឧបាយនៃប្រាជ្ញា) ១ ពុទ្ធូបនិស្សយសម្បទា (ដល់ព្រមដោយឧបនិស្ស័យនៃការត្រាស់ដឹង) ១ ហើយបានទទួលមត៌កគឺពរ ៨ ប្រការក្នុងសម្នាក់នៃព្រះពុទ្ធ លោកប្រាកដ (ល្បីល្បាញ) ក្នុងព្រះពុទ្ធសាសនា ប្រាកដដូចជាព្រះចន្ទ្រក្នុងកណ្ដាលអាកាស ។ ថ្ងៃមួយ ភិក្ខុទាំងឡាយញ៉ាំងកថាឲ្យតាំងឡើងក្នុងធម្មសភាថា ម្នាលអាវុសោ ព្រះតថាគតបានឲ្យព្រះអានន្ទត្ថេរត្រេកអរដោយការប្រទានពរ ។ ព្រះសាស្ដាស្ដេចយាងហើយ ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយប្រជុំគ្នាដោយកថាអ្វី កាលភិក្ខុទាំងឡាយទូលថា ដោយកថាឈ្មោះនេះ ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីក្នុងកាលមុន តថាគតក៏បានឲ្យអានន្ទត្រេកអរដោយពរដែរ សូម្បីពរណាៗដែលអានន្ទសូមហើយ តថាគតក៏បានឲ្យពរនោះៗ ដូច្នេះហើយ ទើបព្រះអង្គនាំអតីតនិទានមកថា ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី គ្រានោះ ព្រះពោធិសត្វបានជាបុត្ររបស់ព្រះរាជានោះ ទ្រង់មានព្រះនាមថា ជុណ្ហកុមារ ស្ដេចបានសិក្សាសិល្បសាស្ត្រក្នុងនគរតក្កសិលា ព្រះអង្គឲ្យការប្រកបរឿយៗដល់អាចារ្យ ក្នុងវេលាងងឹតដែលជាចំណែកនៃរាត្រី ទើបចេញអំពីផ្ទះរបស់អាចារ្យ ទៅកាន់លំនៅរបស់ខ្លួនដោយរហ័ស ។ កាលមិនឃើញព្រាហ្មណ៍ណាមួយ ដែលត្រាច់បិណ្ឌបាត មកកាន់លំនៅរបស់ខ្លួន បានប្រហារ (ពេលរត់ទៅបានកៀរ) ភាជនៈភត្តរបស់ព្រាហ្មណ៍នោះដោយដើមដៃឲ្យបែក ព្រាហ្មណ៍ដួលចុះហើយស្រែក​យំ ។ ព្រះកុមារបានត្រឡប់មកវិញដោយសេចក្ដីករុណា កាន់ដៃព្រាហ្មណ៍នោះឲ្យងើបឡើង ។ ព្រាហ្មណ៍ពោលថា នែអ្នក អ្នកធ្វើភាជនៈភិក្ខារបស់យើងឲ្យបែកហើយ អ្នកចូរឲ្យតម្លៃនៃភត្តដល់យើង ។ ព្រះកុមារពោលថា បពិត្រព្រាហ្មណ៍ ឥឡូវនេះ ខ្ញុំមិនអាចឲ្យតម្លៃនៃភត្តដល់លោកបានទេ ខ្ញុំជាបុត្ររបស់ព្រះរាជាដែនកាសី ឈ្មោះ ជុណ្ហកុមារ ចាំខ្ញុំបានតាំងនៅក្នុងរាជសម្បត្តិសិន សូមលោកមកសូមទ្រព្យនឹងខ្ញុំចុះ ដូច្នេះហើយ កាលសិក្សាសិប្បៈចប់ហើយ ព្រះកុមារថ្វាយបង្គំលាអាចារ្យ ទៅកាន់នគរពារាណសី ហើយសម្ដែងសិប្បៈដល់ព្រះរាជបិតា ។ ព្រះរាជបិតាគិតថា យើងកាលមានជីវិតនឹងឃើញបុត្រ យើងនឹងឃើញនូវបុត្រនោះបានជាស្ដេច គិតដូច្នេះហើយ ទើបអភិសេកបុត្រក្នុង រាជសម្បត្តិ ។ ព្រះរាជបុត្រនោះបានជាព្រះរាជា មានព្រះនាមថា ជុណ្ហរាជ ហើយធ្វើរាជប្រកបដោយធម៌ ។ ព្រាហ្មណ៍បានស្ដាប់រឿងនោះហើយ គិតថា ឥឡូវនេះ យើងនឹងទៅនាំយកតម្លៃភត្តរបស់យើង ដច្នេះហើយ ទើបទៅកាន់នគរពារាណសី គាត់បានឃើញព្រះរាជា កំពុងប្រទក្សិណនគរដែលប្រដាប់តាក់តែងហើយ ក៏ឈរនៅលើទីខ្ពស់មួយ លាតដៃ ញ៉ាំងនូវសម្រែក​ជ័យ ​។ លំដាប់នោះ ព្រះរាជាស្ដេចមិនបានក្រឡេកមើលព្រាហ្មណ៍នោះឡើយ ហើយកន្លងទៅ ។ ព្រាហ្មណ៍ដឹងថា ព្រះរាជាមិនបានឃើញ កាលញ៉ាំងកថាឲ្យតាំងឡើង ទើបពោលគាថាទី ១ ថា សុណោហិ មយ្ហំ វចនំ ជនិន្ទ, អត្ថេន ជុណ្ហម្ហិ ឥធានុបត្តោ; ន ព្រាហ្មណេ អទ្ធិកេ តិដ្ឋមានេ, គន្តព្ពមាហុ ទ្វិបទិន្ទ សេដ្ឋា។ បពិត្រព្រះអង្គធំជាងជន សូមព្រះអង្គស្តាប់ពាក្យរបស់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គមកក្នុងទីនេះ ដោយសេចក្តីត្រូវការចំពោះព្រះអង្គ ទ្រង់ព្រះនាមជុណ្ហៈ បពិត្រព្រះអង្គប្រសើរបំផុត ជាងពួកសត្វជើងពីរ បណ្ឌិតទាំងឡាយពោលថា កាលព្រាហ្មណ៍ជាអ្នកដំណើរ កំពុងឈរ (សូម) បុគ្គលមិនត្រូវដើរ (ហួស) ទេ ។ ព្រះរាជាស្ដាប់ពាក្យរបស់ព្រាហ្មណ៍នោះហើយ ទើបបញ្ឈប់ដំរីដោយកង្វេរពេជ្រ រួចពោលគាថាទី ២ ថា សុណោមិ តិដ្ឋាមិ វទេហិ ព្រហ្មេ, យេនាសិ អត្ថេន ឥធានុបត្តោ; កំ វា ត្វមត្ថំ មយិ បត្ថយានោ, ឥធាគមោ ព្រហ្មេ តទិង្ឃ ព្រូហិ។ ម្នាលព្រាហ្មណ៍ យើងឮ យើងឈប់នៅ អ្នកចូរនិយាយចុះ អ្នកមកក្នុងទីនេះ ដោយប្រយោជន៍ណា ឬប្រាថ្នានូវប្រយោជន៍អ្វី ចំពោះយើង ទើបមកក្នុងទីនេះ ម្នាលព្រាហ្មណ៍ អ្នកចូរប្រាប់នូវប្រយោជន៍នោះចុះ ។ បន្ទាប់ពីនេះទៅ ទើបពោលគាថាដ៏សេស ដោយអំណាចនៃពាក្យសួរ និងពាក្យឆ្លើយ របស់ព្រះរាជា និងព្រាហ្មណ៍នោះ ។ (ព្រាហ្មណ៍ពោលថា) ទទាហិ មេ គាមវរានិ បញ្ច, ទាសីសតំ សត្ត គវំសតានិ; បរោសហស្សញ្ច សុវណ្ណនិក្ខេ, ភរិយា ច មេ សាទិសី ទ្វេ ទទាហិ។ សូមព្រះអង្គប្រទានស្រុកសួយ ៥ ទាសី ១០០ គោ ៧០០ និងមាសឆ្តោរ ជាង ១០០០ ដល់ទូលព្រះបង្គំ សូមប្រទានភរិយា ២ នាក់ មានរូបសណ្ឋានដូចគ្នា ដល់ទូលព្រះបង្គំផង ។ (ព្រះរាជាត្រាស់ថា) តបោ នុ តេ ព្រាហ្មណ ភិំសរូបោ, មន្តា នុ តេ ព្រាហ្មណ ចិត្តរូបា; យក្ខា នុ តេ អស្សវា សន្តិ កេចិ, អត្ថំ វា មេ អភិជានាសិ កត្តំ។ ម្នាលព្រាហ្មណ៍ ក្រែងអ្នកមានតបៈដ៏ខ្លាំងដែរឬ ម្នាលព្រាហ្មេណ៍ ក្រែងអ្នកមានមន្តទាំងឡាយ មានសភាពដ៏វិចិត្រដែរឬ ក្រែងអ្នកមានពួកយក្សខ្លះ ជាអ្នកស្តាប់ដែរឬ ម្យ៉ាងទៀត អ្នកដឹងច្បាស់នូវប្រយោជន៍ ដែលអ្នកធ្វើហើយ ចំពោះយើងឬ ។ (ព្រាហ្មណ៍ពោលថា) ន មេ តបោ អត្ថិ ន ចាបិ មន្តា, យក្ខាបិ មេ អស្សវា នត្ថិ កេចិ; អត្ថម្បិ តេ នាភិជានាមិ កត្តំ, បុព្ពេ ច ខោ សង្គតិមត្តមាសិ។ ទូលព្រះបង្គំជាខ្ញុំមិនមានតបៈ មិនមានមន្តទេ ទូលព្រះបង្គំជាខ្ញុំមិនមានពួកយក្សខ្លះ ជាអ្នកស្តាប់ទេ ទូលព្រះបង្គំជាខ្ញុំ មិនដឹងច្បាស់នូវប្រយោជន៍ ដែលទូលព្រះបង្គំជាខ្ញុំធ្វើហើយ ចំពោះព្រះអង្គទេ ក្នុងកាលមុន (ទូលព្រះបង្គំជាខ្ញុំ នឹងព្រះអង្គ) គ្រាន់តែបានជួបគ្នាប៉ុណ្ណោះ ។ (ព្រះរាជាត្រាស់ថា) បឋមំ ឥទំ ទស្សនំ ជានតោ មេ, ន តាភិជានាមិ ឥតោ បុរត្ថា; អក្ខាហិ មេ បុច្ឆិតោ ឯតមត្ថំ, កទា កុហិំ វា អហុ សង្គមោ នោ។ តាមខ្ញុំដឹង នេះជាការឃើញដំបូង យើងមិនស្គាល់អ្នកមុន អំពីកាលនេះទេ យើងសួរហើយ អ្នកចូរប្រាប់សេចក្តីនុ៎ះ យើងបានជួបគ្នា ក្នុងកាលណា ឬក្នុងទីណា ។ (ព្រាហ្មណ៍ពោល ២ គាថា ថា) គន្ធាររាជស្ស បុរម្ហិ រម្មេ, អវសិម្ហសេ តក្កសីលាយំ ទេវ; តត្ថន្ធការម្ហិ តិមីសិកាយំ, អំសេន អំសំ សមឃដ្ដយិម្ហ។ បពិត្រព្រះសម្មតិទេព ពួកយើងនៅក្នុងក្រុងតក្កសិលា ជាបុរីគួរឲ្យត្រេកអរ របស់សេ្តចគន្ធារៈ ក្នុងទីនោះ ពួកយើងខ្ញុំ បានទង្គិចស្មានឹងស្មា ក្នុងទីងងឹត ក្នុងរាត្រីមានអ័ព្ទដ៏ក្រាស់ ។ តេ តត្ថ ឋត្វាន ឧភោ ជនិន្ទ, សារាណិយំ វីតិសារយិម្ហ តត្ថ; សាយេវ នោ សង្គតិមត្តមាសិ, តតោ ន បច្ឆា ន បុរេ អហោសិ។ បពិត្រព្រះអង្គជាធំជាងជន យើងខ្ញុំទាំងពីរនាក់នោះ ឈរក្នុងទីនោះ បានបព្ចាប់ពាក្យគួរឲ្យរឭកក្នុងទីនោះ នោះឯងឈ្មោះថា ការជួបគ្នានៃយើងខ្ញុំ (ឯការជួបគ្នា) ខាងក្រោយ និងខាងមុខ អំពីកាលនោះ មិនមានឡើយ ។ (ព្រះរាជាត្រាស់ ៤ ព្រះគាថា ថា) យទា កទាចិ មនុជេសុ ព្រហ្មេ, សមាគមោ សប្បុរិសេន ហោតិ; ន បណ្ឌិតា សង្គតិសន្ថវានិ, បុព្ពេ កតំ វាបិ វិនាសយន្តិ។ មា្នលព្រាហ្មណ៍ ការជួបនឹងសប្បុរស ក្នុងពួកមនុស្ស ក្នុងកាលណា ពួកបណ្ឌិតមិនដែលបំបាត់ការជួប និងសេចក្តីស្និទ្ធស្នាល ឬគុណដែលគេធ្វើហើយ ក្នុងកាលមុនទេ ។ ពាលាវ ខោ សង្គតិសន្ថវានិ, បុព្ពេ កតំ វាបិ វិនាសយន្តិ; ពហុម្បិ ពាលេសុ កតំ វិនស្សតិ, តថា ហិ ពាលា អកតញ្ញុរូបា។ ចំណែកខាងពួកពាល តែងបំបាត់ការជួប និងសេចក្តីស្និទ្ធស្នាល ឬគុណដែលគេធ្វើ ហើយក្នុងកាលមុន គុណសូម្បីច្រើន ដែលគេធ្វើហើយ ចំពោះពួកពាល រមែងបាត់ទៅ ពិតដូច្នោះមែន ពួកពាលមានសភាព ជាមនុស្សអកតញ្ញូ ។ ធីរា ច ខោ សង្គតិសន្ថវានិ, បុព្ពេ កតំ វាបិ ន នាសយន្តិ; អប្បម្បិ ធីរេសុ កតំ ន នស្សតិ, តថា ហិ ធីរា សុកតញ្ញុរូបា។ ចំណែកខាងពួកបណ្ឌិត មិនបំបាត់ការជួប និងសេចក្តីស្នទិ្ធស្នាល ឬគុណដែលគេធ្វើហើយ ក្នុងកាលមុនទេ គុណសូម្បីតិច ដែលគេធ្វើហើយ ចំពោះពួកបណ្ឌិត រមែងមិនបាត់ ពិតដូច្នោះមែន ពួកបណ្ឌិតមានសភាព ជាមនុស្សកតញ្ញូល្អ ។ ទទាមិ តេ គាមវរានិ បញ្ច, ទាសីសតំ សត្ត គវំសតានិ; បរោសហស្សញ្ច សុវណ្ណនិក្ខេ, ភរិយា ច តេ សាទិសី ទ្វេ ទទាមិ។ យើងនឹងឲ្យស្រុកសួយ ៥ ទាសី ១០០ នាក់ គោ ៧០០ មាសឆ្តោរជាង ១០០០ ដល់អ្នក ម្យ៉ាងទៀត យើងនឹងឲ្យភរិយាពីរ ដែលមានរូបសណ្ឋានដូចគ្នា ដល់អ្នក ។ (ព្រាហ្មណ៍ពោលគាថាចុងក្រោយថា) ឯវំ សតំ ហោតិ សមេច្ច រាជ, នក្ខត្តរាជារិវ តារកានំ; អាបូរតី កាសិបតី តថាហំ, តយាបិ មេ សង្គមោ អជ្ជ លទ្ធោ។ បពិត្រព្រះរាជា ការជួបជុំសប្បុរស តែងមានយ៉ាងនេះ បពិត្រព្រះអង្គជាម្ចាស់នៃដែនកាសី ដូចយ៉ាង (ព្រះចន្ទឋិតនៅក្នុងកណ្តាល) នៃពួកផ្កាយ រមែងពេញឡើង យ៉ាងណាមិញ ទូលព្រះបង្គំជាខ្ញុំ (ពេញប្រៀបបដោយស្រុកជាដើម ដែលព្រះអង្គប្រទានក្នុងថ្ងៃនេះ ក៏យ៉ាងនោះដែរ) ព្រោះការជួបនឹងព្រះអង្គ ខ្ញុំបានហើយ ក្នុងថ្ងៃនេះ ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីកាលមុន តថាគតក៏បានឲ្យអានន្ទត្រេកអរដោយពរដែរ ដូច្នេះហើយ ព្រះអង្គប្រជុំជាតកថា តទា ព្រាហ្មណោ អានន្ទោ អហោសិ ព្រាហ្មណ៍ក្នុងកាលនោះ បានមកជា អានន្ទ ។ រាជា បន អហមេវ អហោសិំ ចំណែកព្រះរាជា គឺ តថាគត នេះឯង ។ ចប់ ជុណ្ហជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ជាតក ឯកាទសកនិបាត បិដកលេខ ៥៩ ទំព័រ ២១២) ដោយខេមរ អភិធម្មាវតារ ព.ស. ២៥៦១ ដោយ៥០០០ឆ្នាំ
images/articles/2907/______pic.jpg
ផ្សាយ : ១៣ មីនា ឆ្នាំ២០២៣ (អាន: ៧៧,៦៣៤ ដង)
ទសជាតក គឺ​ជា​ និទាន​សំខាន់​ៗ ក្នុង​ពុទ្ធសាសនា​និកាយ​ថេរវាទ ស្តី​អំពី​អតីតជាតិ​ ១០ ជាតិ​ចុង​ក្រោយ ​ដែល​ព្រះ​ពោធិសត្វ​​​ទាំង​ឡាយ​ខាង​និកាយ​ថេរវាទ​ បាន​សាង​សន្សំ​បារមី​ទាំង ១០ មុន​នឹង​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ​ គោតម ។ ទសជាតក និង​ ជាតក ដទៃ​ទៀត​ដែរ គឺ​ជា​បណ្តុំ​រឿង​និទាន ​​​ដែល​អ្នក​ចេះ​ដឹង​សម័យ​បុរាណ​ បាន​តាក់តែង​ឡើង ​ក្នុង​គោលបំណង​បង្រៀន​មនុស្ស​ជំនាន់​ក្រោយ ​ឲ្យ​ចេះ​រស់​នៅ​ចុះ​សម្រុង​ជា​មួយ​នឹង​សង្គម​មនុស្ស​ តាម​រយៈ​ការ​អនុវត្តន៍​តាម​ក្រម​សីលធម៌​ល្អ​ទាំង​ឡាយ​ ដែល​បង្កប់​នៅ​ក្នុង​រឿង​និទាន​ទាំង​នោះ ។ អ្នក​អាន ឬ អ្នក​សិក្សា​គួរ​អាន​រឿង​ទាំង​នោះ​ដោយការ​​វិភាគ​ពិចារណា ​ដើម្បី​ស្រង់​យក​ន័យ​សំខាន់​ៗ​ ដែល​លាក់​បង្កប់​ក្នុង​​សាច់​រឿង​ទាំង​នោះ ពោល​គឺ​មិន​មែន​​ចេះ​តែ​ជឿ​តាម​ទាំង​ស្រុង​ថា សត្វ​នេះ​ចេះ​និយាយ, សត្វ​នេះ​បូជា​ជីវិត​ដើម្បី​សត្វ​នោះ, ឬ ព្រះ​ពោធិសត្វ​នេះ​ហោះ​ចុះ​ហោះ​ឡើង​ នោះ​ទេ ។​ ការ​អាន​ ជាតក​ ទាំង​អស់ ​ក្នុង​ព្រះ​ត្រៃ​បិដក ឬ រឿង​និទាន​ទាំង​ឡាយ​របស់​សាសនា​​ទាំង​អស់​ ដូច​ជា​​​គម្ពីរ​លទ្ធិព្រាហ្មណ៍ ឬ​ គម្ពីរ​​គ្រិស្តសាសនា​ អ្នក​អាន​មិន​គួរ​ជឿ​តាម​ទាំង​ស្រុង ​ដោយ​ខ្វះ​ការ​ពិចារណា​ឡើយ ។ ​រឿង​និទាន​គ្រាន់​តែ​​ជា​យាន​សម្រាប់​នាំ​សារ ​ដែល​បង្កប់​អត្ថន័យ​សម្រាប់​បង្រៀន​ក្រមសីលធម៌​ប្រភេទ​ណា​មួយ​ប៉ុណ្ណោះ ។ ហើយ​ការ​បង្រៀន​ទាំង​អស់​មិន​មែន​សុទ្ធ​តែ​ល្អ ឬ​ មាន​ប្រយោជន៍​សម្រាប់​មនុស្ស​សម័យ​ទំនើប​ទាំង​ស្រុង​នោះ​ទេ ។ មាន​ក្រម​សីលធម៌​ខ្លះ ឬ​ ទ្រឹស្តី​មួយ​ចំនួន ​ដែល​មនុស្ស​សម័យ​ដើម​យល់​ថា​ល្អ​នោះ ​មនុស្ស​សម័យ​ទំនើប​គិត​ថា​គ្មាន​ប្រយោជន៍ ឬ លែង​ត្រឹមត្រូវ​ហើយ ។ ឧទាហរណ៍ ការ​បូជាយញ្ញ​ក្នុង​លទ្ធិព្រហ្មណ៍, ការ​បូជា​សត្វ​នៅ​ក្នុង​គម្ពីរ​សញ្ញាចាស់​នៃ​គ្រិស្តសាសនា, ព្រះ​យេស៊ូ​ដើរ​លើ​ទឹក កើត​ពី​ម្តាយ​នៅ​ក្រមុំ​ព្រហ្មចារី ឬ​​ក្រោក​ពី​ស្លាប់, ទ្រឹស្តី​​សំសារៈ, ទ្រឹស្តី​​វិល​កើត​វិល​ស្លាប់, ទ្រឹស្តី​ស្ថាន​នរក ប្រេត ទេវតា ព្រហ្ម សួគ៌ ។ល។​ លែង​មាន​ការ​ពេញ​និយម ឬ គ្មាន​ការ​​ពិត​ ឬ​ លែង​ផ្តល់​ប្រយោជន៍​អ្វី​ សម្រាប់​​អូស​ទាញ​មនុស្ស​សម័យ​ទំនើប​ឲ្យ​ដើរ​តាម​​ហើយ ។ ព្រោះ​​មនុស្ស​សម័យ​វិទ្យាសាស្ត្រ​​ទំនើប​លែង​ត្រូវ​ការ​ សេចក្តី​​​​អធិប្បាយ​​រាល់​​បាតុភូត​ធម្មជាតិ​​ដោយ​សំអាង​លើ​​អាទិទេព ឬ ទ្រឹស្តី​សាសនា​​ទាំង​ឡាយ ។ បើ​គេ​ចង់​ដឹង​ចម្លើយ​ចំពោះ​បាតុភូត​ធម្មជាតិ​ណា​មួយ​ គេ​​​ពិគ្រោះ​ឯកសារ​វិទ្យាសាស្ត្រ គេ​មិន​​ពិគ្រោះ​ឯកសារ​ខាង​សាសនា​ទេ ។ រីឯ​ ឯកសារ​សាសនា​​​​បាន​​ពន្យល់​មនុស្ស​ឲ្យ​រស់​នៅ​ស្រប​តាម​ក្រម​សីលធម៌​នៃ​ក្រុម​មនុស្ស​មួយ​ក្រុម ​ដែល​កាន់​តាម​សាសនា​នោះ​ប៉ុណ្ណោះ វា​មិន​ត្រឹម​ត្រូវ​សម្រាប់​ក្រុម​មនុស្ស​នៃ​សាសនា​ដទៃ​ទៀត​សោះ ។ មក​ដល់​ដំណាក់​កាល​នេះ យើង​ត្រូវ​ការ​ក្រម​សីលធម៌​សកល​មួយ ​ដែល​មិន​ប្រកាន់​តាម​ស្តង់ដារ​របស់​ព្រះ​នេះ ឬ របស់​ព្រះ​នោះ​​ ពោល​គឺ​ជា​ក្រម​សីលធម៌​ដែល​ឲ្យ​តម្លៃ​លើ​​មនុស្សធម៌​បែប​សកល និង ​ឯករាជ​ពី​​ឥទ្ធិពល​សាសនាទាំង​ឡាយ ។​ ដោយ៥០០០ឆ្នាំ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.67
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿