images/articles/2946/xdswwc.jpg
ចូឡធម្មបាលជាតក
ផ្សាយ : ១៣ មីនា ឆ្នាំ២០២៣
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តវេឡុវ័ន ទ្រង់ប្រារព្ធការព្យាយាមសម្លាប់របស់ទេវទត្ត បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា អហមេវ ទូសិយា ភូនហតា ដូច្នេះជាដើម ។
ក្នុងជាតកទាំងឡាយដទៃ ទេវទត្តមិនអាចនឹងធ្វើ សូម្បីតែសេចក្ដីតក់ស្លុត ដល់ព្រះពោធិសត្វឡើយ ចំណែកក្នុងចូឡធម្មបាលជាតកនេះ ទេវទត្តក្នុងកាលនោះបានបញ្ជាឲ្យ ជេជ្ឈឃាដកាត់ដៃ ជើង និងសីសៈរបស់ព្រះពោធិសត្វ និងឲ្យធ្វើអសិមាលកកម្ម (បោះសាកសពឡើងលើ ហើយយកដាវគ្រវីកាប់ចិញ្ច្រាំឲ្យសាកសព បំបែកជាបំណែកតូចៗ) ក្នុងកាលដែលទ្រង់មានព្រះជន្មត្រឹមតែ ៧ ខែ ។ ក្នុងទទ្ទរជាតក ទេវទត្តបានចាប់ច្របាច់កសម្លាប់ព្រះពោធិសត្វ ហើយអាំងសាច់លើជើងក្រាន រួចបរិភោគ ។
ក្នុងខន្តីវាទីជាតក ទេវទត្តបានឲ្យគេវាយប្រហារព្រះពោធិសត្វ ២ ពាន់រំពាត់ និងឲ្យគេកាត់ដៃ ជើង ត្រចៀក ច្រមុះ ហើយឲ្យគេចាប់ផ្នួងសក់អូសទាញ ឲ្យដេកផ្ញារ និងប្រហារទ្រូងដោយជើង រួចទើបចេញទៅ ។ ព្រះពោធិសត្វក៏អស់អាយុក្នុងថ្ងៃនោះឯង ។ សូម្បីក្នុងចូឡនន្ទិយជាតក និងមហាកបិជាតក ទេវទត្តក៏បានព្យាយាមសម្លាប់ព្រះពោធិសត្វ ។
ទេវទត្តនោះព្យាយាមសម្លាប់ព្រះពោធិសត្វអស់កាលយូរដោយប្រការយ៉ាងនេះ សូម្បីក្នុងសម័យពុទ្ធកាល ក៏ព្យាយាមដូចគ្នាដែរ ។ ថ្ងៃមួយ ភិក្ខុទាំងឡាយញ៉ាំងកថាឲ្យតាំងឡើងក្នុងធម្មសភាថា ម្នាលអាវុសោ ទេវទត្តធ្វើឧបាយដើម្បីធ្វើឃាតព្រះពុទ្ធ ទេវទត្តគិតថា យើងឲ្យគេសម្លាប់ព្រះសម្មាសម្ពុទ្ធ ដូច្នេះហើយ ប្រកបនាយខ្នាន់ធ្នូ ប្រមៀលថ្ម និងឲ្យគេលែងដំរីនាឡាគិរី ។
ព្រះសាស្ដាយាងមកហើយសួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយប្រជុំគ្នាដោយរឿងអ្វី ? ភិក្ខុទាំងឡាយទូលថា ដោយរឿងឈ្មោះនេះ ដូច្នេះហើយ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីក្នុងកាលមុន ទេវទត្តក៏បានព្យាយាមដើម្បីនឹងសម្លាប់តថាគតដែរ ប៉ុន្តែឥឡូវនេះ ទេវទត្តមិនអាចនឹងធ្វើសូម្បីតែសេចក្ដីតក់ស្លុត ក្នុងកាលមុន កាលតថាគតនៅជាចូឡធម្មបាលកុមារ ទេវទត្តបានញ៉ាំងតថាគត ដែលជាបុត្ររបស់ខ្លួនឲ្យអស់ជីវិត ហើយឲ្យគេធ្វើអសិមាលកកម្ម ដូច្នេះហើយ ទ្រង់ទើបនាំអតីតនិទានមកថា
ក្នុងអតីតកាល ព្រះរាជាព្រះនាម មហាបតាបៈ សោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វបានកើតក្នុងផ្ទៃ នៃព្រះនាងចន្ទាទេវី ដែលជាអគ្គមហេសីរបស់ព្រះរាជានោះ ព្រះញាតិទាំងឡាយថ្វាយព្រះនាមថា ធម្មបាល ។ ក្នុងវេលាដែលធម្មបាលកុមារមានអាយុបាន ៧ ខែ ព្រះមាតាងូតទឹកក្រអូបឲ្យព្រះពោធិសត្វ និងប្រដាប់តាក់តែងហើយ ទើបអង្គុយប្រលែងលេងនឹងព្រះរាជកុមារ ។ ព្រះរាជាបតាបៈស្ដេចយាងមកដំណាក់របស់ព្រះនាង ។
ព្រះនាងចន្ទាទេវីនោះ កាលនឹងឲ្យបុត្រលេង ព្រោះភាពជាអ្នកមានសេចក្ដីស្រឡាញ់បុត្រ ទោះឃើញព្រះរាជាយាងមកហើយ ក៏មិនបានក្រោកទទួល ។ ព្រះរាជាគិតថា ឥឡូវនេះ នាងចន្ទាទេវីនេះធ្វើនូវមានះដោយអាស្រ័យបុត្រ មិនសម្គាល់យើងថាជាអ្វីឡើយ ចុះទម្រាំតែបុត្រនោះធំ នឹងមិនសម្គាល់យើងសូម្បីតែជាមនុស្ស យើងនឹងសម្លាប់បុត្រនោះឥឡូវនេះឯង ។
ព្រះរាជាបតាបៈយាងត្រឡប់ទៅអង្គុយលើរាជាសនៈ ហើយត្រាស់ហៅអ្នកសម្លាប់ចោរមកថា ពេជ្ឈឃាដចូរមក ដោយការតាក់តែងរបស់ខ្លួន ។ ពេជ្ឈឃាដនោះស្លៀកដណ្ដប់សំពត់ជ្រលក់ដោយទឹកអម្ចត់ ទ្រទ្រង់កម្រងផ្កាក្រហម លីពូថៅលើស្មា កាន់យកឈើសម្រាប់តម្កល់ដៃនិងជើង ដែលមានពកជាគ្រឿងទទួល មកហើយថ្វាយបង្គំព្រះរាជាទូលថា បពិត្រព្រះសម្មតិទេព ព្រះអង្គឲ្យទូលព្រះបង្គំធ្វើអ្វី ? ព្រះរាជាត្រាស់ថា អ្នកចូរទៅកាន់បន្ទប់ដ៏មានសិរីរបស់ព្រះទេវី រួចនាំធម្មបាលកុមារមក ។
ចំណែកព្រះទេវីជ្រាបថា ព្រះរាជាក្រោធនិងយាងត្រឡប់ទៅវិញដូច្នេះ ក៏ឲ្យព្រះពោធិសត្វដេកនៅនឹងទ្រូង ហើយអង្គុយយំ ។ ពេជ្ឈឃាដទៅហើយ បានប្រហារនូវខ្នងព្រះទេវីដោយដៃ ចាប់ទាញព្រះកុមារឲ្យដាច់ចេញអំពីដៃ របស់ព្រះនាង ហើយមកកាន់សម្នាក់ព្រះរាជា ពោលថា បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំនឹងធ្វើអ្វីទៀត ? ព្រះរាជាបញ្ជាឲ្យនាំផែនក្ដារមួយមក ឲ្យដាក់ចុះខាងមុខ រួចត្រាស់ថា អ្នកចូរឲ្យកុមារនេះដេកលើទីនេះ ។ ពេជ្ឈឃាដក៏បានធ្វើយ៉ាងនោះ ។
ព្រះនាងចន្ទាទេវីយំ យាងមកតាមខាងក្រោយបុត្រ ។ ពេជ្ឈឃាដពោលម្ដងទៀតថា បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំនឹងធ្វើអ្វីទៀត ? ព្រះរាជាត្រាស់ថា អ្នកចូរកាត់ដៃធម្មបាល ព្រះនាងចន្ទាទេវីពោលថា បពិត្រមហារាជ បុត្ររបស់ខ្ញុំម្ចាស់នេះ មានអាយុត្រឹមតែ ៧ ខែ នៅក្មេងតូច មិនដឹងអ្វីឡើយ ទោសមិនមានដល់បុត្ររបស់ខ្ញុំម្ចាស់ទេ ទោសនោះគប្បីមានដល់ខ្ញុំម្ចាស់ប៉ុណ្ណោះ ព្រោះហេតុនោះ សូមទ្រង់ឲ្យពេជ្ឈឃាដកាត់ដៃរបស់ខ្ញុំម្ចាស់ចុះ ដូច្នេះហើយ កាលនឹងប្រកាសសេចក្ដីនោះ ព្រះនាងទើបពោលគាថាទី ១ ថា
អហមេវ ទូសិយា ភូនហតា, រញ្ញោ មហាបតាបស្ស;
ឯតំ មុញ្ចតុ ធម្មបាលំ, ហត្ថេ មេ ទេវ ឆេទេហិ។
ខ្ញុំម្ចាស់ជាស្រីប្រទូស្ត ជាអ្នកបំផ្លាញនូវសេចក្តីចម្រើន ដល់សេ្តចឈ្មោះមហាបតាបៈ បពិត្រព្រះសម្មតិទេព សូមលែងនូវធម្មបាល (ជាកូនខ្ញុំ) នេះចេញ សូមកាត់នូវដៃទាំងឡាយ របស់ខ្ញុំម្ចាស់វិញចុះ ។
បណ្ដាបទទាំងនោះ បទថា ទូសិយា សេចក្ដីថា អ្នកប្រទូស្ត អធិប្បាយថា ខ្ញុំម្ចាស់បានឃើញព្រះអង្គហើយ កាលមិនបានក្រោកទទួល គឺជាអ្នកបានធ្វើទោស ។ បាឋៈថា ទូសិកា យ៉ាងនេះ ក៏មាន ។ បទថា ភូនហតា សេចក្ដីថា អ្នកបំផ្លាញសេចក្ដីចម្រើន អធិប្បាយថា ជាអ្នកសម្លាប់ប្រយោជន៍ ។ បទថា រញ្ញោ នេះ គប្បីប្រកបដោយបទថា ទូសិយា ។ លោកអធិប្បាយថា ខ្ញុំម្ចាស់ជាស្ត្រីធ្វើនូវកំហុសដល់ព្រះរាជាមហាបតាបៈ កុមារនេះមិនបានធ្វើទេ ព្រោះហេតុនោះ ធម្មបាលដែលនៅតូច និងមិនមានកំហុសនេះ ចូររួចផុត បពិត្រព្រះសម្មតិទេព ប្រសិនបើព្រះអង្គប្រាថ្នានឹងឲ្យពេជ្ឈឃាដកាត់ដៃ ចូរឲ្យកាត់ដៃរបស់ខ្ញុំម្ចាស់ ដែលជាស្ត្រីធ្វើនូវទោសចុះ ។
ព្រះរាជាសម្លឹងមើលមុខពេជ្ឈឃាដ ។ ពេជ្ឈឃាដពោលថា បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំនឹងធ្វើអ្វី ? ព្រះរាជាត្រាស់ថា កុំធ្វើយឺតយូរឡើយ អ្នកចូរកាត់ដៃ ។ ក្នុងខណៈនោះ ពេជ្ឈឃាដបានកាន់យកពូថៅដ៏មុតកាត់ដៃទាំងពីររបស់ព្រះរាជកុមារ ហាក់ដូចជាកាត់ឈើខ្ចី ។ ធម្មបាលកុមារនោះសូម្បីត្រូវកាត់ដៃទាំង ២ ហើយ ក៏មិនស្រែកយំឡើយ ទ្រង់ធ្វើខន្តី និងមេត្តាឲ្យជាបុរេចារិក (ឲ្យប្រព្រឹត្តទៅខាងមុខ) ហើយអត់សង្កត់ ។
ចំណែកព្រះនាងចន្ទាទេវីកាន់យកចុងដៃដែលដាច់ហើយនោះ សៀតទុកនឹងចង្កេះ មានព្រះកាយប្រឡាក់ដោយលោហិត យំខ្សឹកខ្សួល ។ ពេជ្ឈឃាដសួរព្រះរាជាម្ដងទៀតថា បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំនឹងធ្វើអ្វី ? ព្រះរាជាត្រាស់ថា ចូរកាត់ជើងទាំងពីរ ។ ព្រះនាងចន្ទាទេវីស្ដាប់ពាក្យនោះហើយ ទើបពោលគាថាទី ២ ថា
អហមេវ ទូសិយា ភូនហតា, រញ្ញោ មហាបតាបស្ស;
ឯតំ មុញ្ចតុ ធម្មបាលំ, បាទេ មេ ទេវ ឆេទេហិ។
ខ្ញុំម្ចាស់ជាស្រីប្រទូស្ត ជាអ្នកបំផ្លាញនូវសេចក្តីចម្រើន ដល់សេ្តចឈ្មោះមហាបតាបៈ បពិត្រព្រះសម្មតិទេព សូមព្រះអង្គ លែងនូវធម្មបាលនេះចេញ សូមកាត់នូវជើងទាំងឡាយ របស់ខ្ញុំវិញចុះ ។
សេចក្ដីអធិប្បាយក្នុងគាថានេះ គប្បីជ្រាបតាមន័យដែលពោលហើយក្នុងគាថាទី ១ នោះចុះ ។
ចំណែកព្រះរាជាមហាបតាបៈ បញ្ជាពេជ្ឈឃាដម្ដងទៀត ។
ពេជ្ឈឃាដនោះក៏កាត់ជើងទាំងពីរ ។ ព្រះនាងចន្ទាទេវីកាន់យកនូវចុងជើងហើយសៀតទុកនឹងថ្នក់ចង្កេះ មានព្រះកាយប្រឡាក់ដោយលោហិត យំបរិទេវនាការ ពោលថា បពិត្រមហាបតាបៈជាម្ចាស់ ទារកឈ្មោះថា មានដៃជើងដាច់ហើយ គឺមាតាត្រូវចិញ្ចឹម ខ្ញុំម្ចាស់នឹងធ្វើការស៊ីឈ្នួល ហើយចិញ្ចឹមបុត្ររបស់ខ្ញុំម្ចាស់ សូមព្រះអង្គប្រទានបុត្រនោះដល់ខ្ញុំម្ចាស់ ។
ពេជ្ឈឃាដសួរព្រះរាជាបន្តទៀតថា បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំធ្វើតាមព្រះរាជបញ្ជាហើយ កិច្ចរបស់ទូលព្រះបង្គំដល់ទីបំផុតហើយឬ ? ព្រះរាជាត្រាស់ថា នៅមិនទាន់សម្រេចទេ ។ ពេជ្ឈឃាដសួរថា បពិត្រព្រះសម្មតិទេព បើយ៉ាងនោះ ទូលព្រះបង្គំនឹងធ្វើអ្វីទៀត ? ព្រះរាជាត្រាស់ថា អ្នកចូរកាត់ក្បាលរបស់ធម្មបាលកុមារ ។ ព្រះនាងចន្ទាទេវីស្ដាប់ពាក្យនោះហើយ ទើបពោលគាថាទី ៣ ថា
ហមេវ ទូសិយា ភូនហតា, រញ្ញោ មហាបតាបស្ស;
ឯតំ មុញ្ចតុ ធម្មបាលំ, សីសំ មេ ទេវ ឆេទេហិ។
ខ្ញុំម្ចាស់ជាស្រីប្រទូស្ត ជាអ្នកបំផ្លាញនូវសេចក្តីចម្រើន ដល់សេ្តចឈ្មោះមហាបតាបៈ បពិត្រព្រះសម្មតិទេព សូមព្រះអង្គលែងនូវធម្មបាលនេះចេញ សូមកាត់នូវក្បាល របស់ខ្ញុំវិញចុះ ។
កាលព្រះនាងពោលយ៉ាងនេះហើយ ក៏បង្អោនក្បាលរបស់ខ្លួនចូលទៅ ។ ចំណែកពេជ្ឈឃាដសួរព្រះរាជាម្ដងទៀតថា បពិត្រព្រះសម្មតិទេព តើទូលព្រះបង្គំនឹងធ្វើដូចម្ដេច ? ព្រះរាជាត្រាស់ថា ចូរកាត់ក្បាលរបស់ធម្មបាល ។ ពេជ្ឈឃាដក៏កាត់ក្បាលរបស់ព្រះកុមារ រួចហើយទូលសួរព្រះរាជាថា បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំបានធ្វើតាមព្រះរាជបញ្ជាហើយឬ ? ព្រះរាជាត្រាស់ថា នៅមិនទាន់សម្រេចទេ ។
ពេជ្ឈឃាដសួរថា បពិត្រព្រះសម្មតិទេព បើយ៉ាងនោះ ទូលព្រះបង្គំនឹងធ្វើដូចម្ដេចទៀត ? ព្រះរាជាត្រាស់ថា អ្នកចូរយកចុងដាវទទួលរាងកាយធម្មបាលនោះ ចូរធ្វើនូវអសិមាលកកម្ម ។ ពេជ្ឈឃាដនោះក៏បោះរាងកាយរបស់ធម្មបាលកុមារទៅលើអាកាស ហើយទទួលដោយចុងដាវ ធ្វើនូវកម្មឈ្មោះ អសិមាលកៈ ឲ្យរាងកាយធម្មបាលរោយរាយលើផ្ទៃបាតខាងក្រោម ។
ព្រះនាងចន្ទាទេវីប្រមូលសាច់ របស់ព្រះពោធិសត្វដាក់ទុកក្នុងថ្នក់ចង្កេះ កាលយំខ្សឹកខ្សួល បរិទេវនាការលើផ្ទៃបាតខាងក្រោម បានពោលគាថាទាំងនេះថា
ន ហិ នូនិមស្ស រញ្ញោ, មិត្តាមច្ចា ច វិជ្ជរេ សុហទា;
យេ ន វទន្តិ រាជានំ, មា ឃាតយិ ឱរសំ បុត្តំ។
ពួកមិត្តអាមាត្យ និងជនអ្នកមានហឫទ័យល្អ របស់សេ្តចនេះ មិនមានទេឬ បានជាមិននិយាយឃាត់សេ្តចថា សូមព្រះអង្គ កុំសម្លាប់បុត្តជាឱរស ។
ន ហិ នូនិមស្ស រញ្ញោ, ញាតី មិត្តា ច វិជ្ជរេ សុហទា;
យេ ន វទន្តិ រាជានំ, មា ឃាតយិ អត្រជំ បុត្តំ។
ពួកមិត្ត ញាតិ និងជនអ្នកមានហឫទ័យល្អ របស់សេ្តចនេះ មិនមានទេឬ បានជាមិននិយាយឃាត់សេ្តចថា សូមព្រះអង្គកុំសម្លាប់បុត្ត ដែលកើតអំពីខ្លួន ។
បណ្ដាបទទាំងនោះ បទថា មិត្តាមច្ចា ច វិជ្ជរេ សុហទា សេចក្ដីថា ជនជាមិត្រជិតស្និទ្ធរបស់ស្ដេចនេះ ឬ អាមាត្យអ្នករួមក្នុងការងារទាំងពួង ឬអ្នកមានចិត្តល្អ ព្រោះមានចិត្តទន់ភ្លន់ នឹងមិនមាន ដោយពិត ។ បទថា យេ ន វទន្តិ សេចក្ដីថា ជនពួកណាមកក្នុងកាលឥឡូវនេះ (មកទាន់ពេល) តែមិនពោល គឺមិនហាមឃាត់ព្រះរាជានេះថា សូមព្រះអង្គកុំសម្លាប់បុត្រជាទីស្រឡាញ់របស់ខ្លួន ដូច្នេះ យើងយល់ថា ជនទាំងនោះ នឹងមិនមាន ដោយពិតប្រាកដ ។ បទថា ញាតី ក្នុងគាថាទី ២ នេះ បានដល់ ញាតិទាំងឡាយ ។
ចំណែកព្រះនាងចន្ទាទេវី កាលពោលគាថាទាំងពីរនេះហើយ យកដៃទ្រទ្រង់សាច់ទ្រូង (យកដៃរឺតទ្រូង) ពោលគាថាទី ៣ ថា
ចន្ទនសារានុលិត្តា, ពាហា ឆិជ្ជន្តិ ធម្មបាលស្ស;
ទាយាទស្ស បថព្យា, បាណា មេ ទេវ រុជ្ឈន្តិ។
ដើមដៃទាំងឡាយ ដែលលាបដោយខ្លឹមចន្ទន៍ របស់ធម្មបាល អ្នកជាទាយាទផែនដីដាច់ បពិត្រព្រះសម្មតិទេព ជីវិតរបស់ខ្ញុំម្ចាស់នឹងរលត់ ។
បណ្ដាបទទាំងនោះ បទថា ទាយាទស្ស បថព្យា សេចក្ដីថា ព្រះនាងចន្ទាទេវីពោលរៀបរាប់ ត្អូញត្អែរ ពិលាបមានពាក្យជាដើមយ៉ាងនេះថា ដៃទាំងឡាយរបស់កុមារជាទាយាទនៃផែនដីដែលមានមហាសមុទ្រទាំង ៤ ជាទីបំផុត ដែលជារបស់ព្រះបិតា ដាច់ហើយ ជើងទាំងឡាយដាច់ហើយ និងក្បាលរបស់កុមារនោះក៏ដាច់ដែរ រាងកាយរបស់កុមារនោះត្រូវធ្វើដោយអសិមាលកកម្ម ឥឡូវនេះ ព្រះអង្គកាត់ផ្ដាច់វង្សរបស់ខ្លួន សូមទ្រង់ទៅចុះ ។ បទថាបាណា មេ ទេវ រុជ្ឈន្តិ សេចក្ដីថា បពិត្រព្រះសម្មតិទេព កាលខ្ញុំម្ចាស់មិនអាចនឹងទ្រទ្រង់សេចក្ដីសោកនេះបាន ជីវិតរបស់ខ្ញុំម្ចាស់នឹងរលត់ ។
កាលព្រះនាងចន្ទាទេវីយំរៀបរាប់ បរិទេវនាការយ៉ាងនេះហើយ ព្រះហឫទ័យក៏បែកទៅ ដូចជាឫស្សីដែលត្រូវភ្លើងឆេះក្នុងព្រៃឫស្សីដូច្នោះ ព្រះនាងបានដល់នូវការអស់ព្រះជន្មក្នុងទីនោះឯង ។ ចំណែកព្រះរាជាមហាបតាបៈមិនអាចនឹងឋិតនៅលើបល្ល័ង្កឡើយ ទ្រង់ធ្លាក់ចុះមកលើផ្ទៃបាតខាងក្រោម ហើយផែនក្ដាររនាបក៏បែកជាពីរ ព្រះអង្គក៏ធ្លាក់ចុះមកលើផែនដី ។
លំដាប់នោះ ផែនប្រឹថពីសូម្បីមានកម្រាស់ ២ សែន ៤ ម៉ឺនយោជន៍ ក៏មិនអាចនឹងទ្រទ្រង់អគុណរបស់ព្រះរាជានោះបានឡើយ បែកជាពីរ ធ្វើឲ្យមានចន្លោះ សំណាញ់ភ្លើងអំពីអវីចិ-នរកបានតាំងឡើង ចាប់យកព្រះរាជានោះ បោះទៅក្នុងអវីចិនរក ដូចជារួបរឹតដោយសំពត់កម្ពលដែលត្រកូលប្រគល់ឲ្យ ដូច្នោះ ។ ពួកអាមាត្យទាំងឡាយធ្វើសរីរកិច្ចរបស់ព្រះនាងចន្ទាទេវី និងព្រះពោធិសត្វ ។
ព្រះសាស្ដាបាននាំធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថា តទា រាជា ទេវទត្តោ អហោសិ ព្រះរាជាក្នុងកាលនោះ បានមកជាទេវទត្ត ។ ចន្ទាទេវី មហាបជាបតិគោតមី ព្រះនាងចន្ទាទេវីបានមកជាព្រះនាងមហាបជា-បតិគោតមី ។ ធម្មបាលកុមារោ បន អហមេវ អហោសិំ ចំណែកធម្មបាលកុមារ គឺតថាគតនេះឯង ។ ចប់ ចូឡធម្មបាលជាតក ៕
(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក បញ្ចកនិបាត មណិកុណ្ឌលវគ្គ បិដកលេខ ៥៩ ទំព័រ ១១) ដោយខេមរ អភិធម្មាវតារ ។ ព.ស. ២៥៦១ ។
ដោយ៥០០០ឆ្នាំ
images/articles/2953/wssqss21pic.jpg
ព្រះបាទសិវិបរមពោធិសត្វ
ផ្សាយ : ១៣ មីនា ឆ្នាំ២០២៣
គ្រាមួយ ជាថ្ងៃពេញបូណ៌មី មានតិថី ១៥ កើត ក្នុងពេលព្រឹក ព្រះបាទសិវិ ប្រថាប់លើរាជបល្ល័ង្កខាងក្រោមសមុស្សិតស្វេតច្ឆត្រ ទ្រង់ត្រិះរិះដល់ទានដែលព្រះអង្គបានបរិច្ចាគ មិនបាន ឃើញពាហិរវត្ថុណាមួយដែលព្រះអង្គនៅធ្លាប់ឲ្យឡើយ ទើបទ្រង់ព្រះចិន្តាថា ពាហិរវត្ថុដែលឈ្មោះថា យើងនៅមិនបានបរិច្ចាគ មិនមាន ពាហិរទាននេះ មិនបានញ៉ាំងយើងឲ្យត្រេកអរឡើយ យើងប្រាថ្នានឹងឲ្យអជ្ឈត្តិកទាន ។
ឱហ៎្ន ! ក្នុងថ្ងៃនេះ វេលាដែលយើងទៅរោងទាន យាចកណានីមួយប៉ុណ្ណោះ កុំសូមពាហិរវត្ថុឡើយ គប្បីកាន់យកនូវឈ្មោះនៃអជ្ឈត្តិកទានចុះ, ពិតមែន ប្រសិនបើអ្នកណានីមួយ គប្បីកាន់យកនូវឈ្មោះនៃសាច់បេះដូង របស់យើងសោត យើងនឹងពុះទ្រូងដោយច្បូក នាំយកបេះដូងដែលជាទីហូរចេញនៃដំណក់ឈាមហើយឲ្យ បីដូចជា កាលដកឡើងនូវបទុមជាតិទាំងដើម ចេញអំពីទឹកដ៏ថ្លា ។
ដូច្នោះ បើអ្នកណាមួយ ចេញមាត់សូមសាច់ក្នុងសរីរៈរបស់យើង យើងនឹងពន្លះសាច់ក្នុងសរីរៈហើយឲ្យ បីដូចជាកាលឆូតនូវ ចន្ទន៍ក្រហម ដោយសត្រាសម្រាប់ឆូតដូច្នោះ ប្រសិនបើអ្នកណាសូមលោហិត យើងនឹងចូលទៅក្នុងយន្តមុខ (អាវុធ) ញ៉ាំងភោជនដែលមនុស្សនាំចូលទៅហើយឲ្យពេញ ហើយឲ្យនូវលោហិត ។
ម្យ៉ាងទៀត ប្រសិនបើអ្នកណាមួយនិយាយនឹងយើងថា ការងារក្នុងផ្ទះរបស់ខ្ញុំមិនប្រព្រឹត្តទៅ ព្រះអង្គចូរធ្វើនូវការងារនៃទាសៈ ក្នុងផ្ទះ របស់ខ្ញុំ ដូច្នេះ យើងនឹងលះការតែងខ្លួនជាក្សត្រ ធ្វើខ្លួនឲ្យតាំងនៅក្នុងចំណែកខាងក្រៅតំណែង ហើយប្រកាសខ្លួនធ្វើការងាររបស់ទាសៈ ។ បើអ្នកណាសូមកែវភ្នែករបស់យើង យើងនឹងឆ្កៀលកែវភ្នែកទាំងគូឲ្យ ហាក់បីដូចជាកាលនាំចេញ នូវសាច់ត្នោត ដូច្នោះ ។ ដោយស.ដ.វ.ថ. ។
ដោយ៥០០០ឆ្នាំ
images/articles/3036/2021-04-14_10_09_12-9_403_BEST_Buddha_Drawing_IMAGES__STOCK_PHOTOS___VECTORS___Adobe_Stock.jpg
រឿងវិរិយបណ្ឌិត
ផ្សាយ : ១៣ មីនា ឆ្នាំ២០២៣
រស្មីពណ៌លឿងៈ ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិវិរិយបណ្ឌិត កាល ណោះព្រះឥន្ទ្រាធិរាជ បាននិម្មិតខ្លួនជាយក្ស ធ្វើជាជាងមាស ។ វិរិយបណ្ឌិត បានអាសាច់ ខ្លួនឲ្យទៅជាងមាស ដើម្បីផែធ្វើជាមាសបិទព្រះពុទ្ធរូប ។
សេចក្តីលំអិតមានដូច តទៅនេះ ។ មានសេចក្តីដំណាលថា ព្រះរាជាដែនបញ្ចាលរដ្ឋ បានចាត់រាជបម្រើនាំសំពត់រ័ត្ន កម្ពល់មានតម្លៃច្រើន ទៅថ្វាយព្រះបាទមហារដ្ឋរាជៗទ្រង់ទតឃើញសំពត់នោះហើយ ទ្រង់ ព្រះចិន្តាថា មហាមិត្តអញបានផ្ញើរបស់មានតម្លៃមកឲ្យអញ គួរអញរករតនវត្ថុដែលមាន តម្លៃជាងផ្ញើតបទៅវិញទើបគួរ ទ្រង់យល់ថា រតនវត្ថុមានតម្លៃគ្មានអ្វីស្មើនឹងពុទ្ធរតនៈឡើយ ដូច្នេះគួរអញសាងព្រះពុទ្ធបដិមា ទើបព្រះរាជាចាត់រាជទូតឲ្យនាំព្រះពុទ្ធបដិមាទៅថ្វាយព្រះបាទបញ្ជាលរាជ ដោយក្បួនដង្ហែតាមនាវា ។
ព្រះរាជាទ្រង់ទ្រង់ថ្វាយបង្គំ ព្រះពុទ្ធបដិមា ទ្រង់ត្រាស់ថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះបាទបញ្ចាលរាជជាសម្លាញ់ខ្ញុំព្រះអង្គជាមនុស្ស មច្ឆាទិដ្ឋិ សូមព្រះអង្គទ្រង់ព្រះមេត្តាប្រោសសង្គ្រោះស្តេចនោះឲ្យបានស្ថិតនៅក្នុងផ្លូវសម្មាទិដ្ឋិ បើព្រះអង្គយាងទៅដល់នគរបញ្ចាលហើយ សូមទ្រង់ធ្វើបដិហារ្យបង្កើតក្តីជ្រះថ្លាដល់ស្តេច នោះដោយក្តីមេត្តាសង្គ្រោះប្រោសប្រណីនៃព្រះអង្គ “ ។ ព្រះបាទមហារដ្ឋរាជទ្រង់បានបួង សួងយ៉ាងនេះ ទ្រង់យាងចុះជូនដំណើរព្រះពុទ្ធបដិមា ត្រាតែដល់ជម្រៅទឹកត្រឹមព្រះសូរង ។
ខណៈនោះផ្ទៃសមុទ្រមានធ្នារទឹករាបសាល្អ មានបទុមបញ្ចពណ៌ធំផុស លេចឡើងលើផ្ទៃ ទឹក ធ្វើសក្ការបូជាព្រះពុទ្ធបដិមា ។ ពួកនាគរាជក៏នាំគ្នាបូជាដោយគន្ធមាលាផ្សេងៗ ហើយ ហក់ហែលចោមរោមជាបរិវារ ។ ពួកអាកាសទេវតា ក៏រោយរាយបាចសាច ទិព្វបុប្ផាផ្សេងៗ អំពីអាកាស ប្រគុំតូរ្យតន្រ្តីឮសូររងំពិរោះល្វេងល្វើយគួរជាទីអស្ចារ្យ ។ រាជទូតទាំងឡាយ បានបើកនេត្រាដ៏មានសេរីដរាបដល់ទៅនគរបញ្ចាល នាំគ្នាចូល គាល់ក្រាទូលដំណាលពីហេតុអស្ចារ្យផ្សេងៗ ។
ព្រះរាជាទ្រង់មានព្រះទ័យសោមនស្សក្រៃ លែង ទ្រង់បានចាត់ចែងគ្រឿងសក្ការបូជាជាអនេកប្រការ ស្តេចព្រមដោយអាមាត្យមន្ត្រី ចោមរោមជាបរិវារ និងមហាជនទៅទទួលព្រះពុទ្ធបដិមាអំពីភេត្រាទ្រង់បានថ្វាយបង្គំ ទ្រង់ បានបូជាដោយទៀនធូបគន្ធមាលា ដោយសេចក្តីគោរព ទ្រង់ត្រាស់ថា “បពិត្រព្រះដ៏មាន បុណ្យអើយ ទូលព្រះបង្គំជាឧបាសកគោរពព្រះរតនត្រ័យតាំងអំពីថ្ងៃនេះជាដើមទៅ” ។ ព្រះពុទ្ធបដិមាទ្រង់បានសម្តែងបដិហារ្យយ៉ាងអស្ចារ្យអណ្តែតឡើងព្ធដ៏អាកាសបាន បញ្ចេញ ឆព្វណ្ណរង្សីរស្មីទាំងប្រាំមួយពណ៌ គឺ ខៀវ លឿង ក្រហម ស ហង្សបាទ និងពណ៌ ចំរុះផ្សាយចេញឆ្វៀលឆ្វាត់ ភ្លឺព្រោងព្រាយពណ្ណរាយ ផ្សព្វផ្សាយចេញទៅសព្វទិសទាំងពួង ។
ពួកទេពតានាំគ្នាធ្វើសក្ការបូជាឋិតព្ធដ៏អាកាស ។ ពួកមនុស្សម្នាមហាជនចេញពីទីតំបន់ ផ្សេងៗ បានមើលគ្នាទៅវិញទៅមកដោយជាក់ច្បាស់ ។ ព្រះរាជា បានក្រាបទូលនិមន្តសូមឲ្យព្រះពុទ្ធបដិមាយាងចុះមកលើសុពណ៌សិវិកា ដែលទ្រង់បានចាត់ចែងបំរុងទុក លុះព្រះពុទ្ធបដិមាយាងចុះមកហើយ ទ្រង់ព្រមដោយចតុ-រង្គសេនា អាមាត្យមុខមន្ត្រី និងមហាជនបានដង្ហែចូលព្រះនគរ ។ ទ្រង់បានឲ្យជាងឆ្លាក់ព្រះ ពុទ្ធរូបមួយទៀតធ្វើពីខ្លឹមច័ន្ទន៍ហើយទ្រង់ឲ្យ តម្កល់ទុកក្នុងសាលា ទ្រង់ឲ្យប្រកាសផ្សាយ ដំណឹងថា “ជនណាមួយមានមាសតិចក្តី ច្រើនក្តី ចូរយកមកទឹបព្រះពុទ្ធបដិមាជាមួយនិង យើងតាមសទ្ធាជ្រះថ្លារៀងខ្លួនចុះ” ។
កាលនោះមានបុរសកំសត់ម្នាក់ ឈ្មោះវិរិយបណ្ឌិតជាអ្នកមានសទ្ធាជ្រះថ្លាខ្លាំង មាន បំណងនឹងលក់ខ្លួនទិញមាសទឹបព្រះពុទ្ធរូបនោះ តែប្រពន្ធកូនពុំយល់ព្រមឲ្យស្វាមី និងបិតា ធ្វើដូច្នោះទេ គឺអ្នកទាំងពីរក៏សុខចិត្តលក់ខ្លួនប្រាណជំនួស បានប្រាក់ប្រគល់ជូនស្វាមីខ្លួន ឲ្យ យកទៅទិញមាសទឹបព្រះពុទ្ធបដិមា ។ អ្នកបានមានហើយចូលទៅក្នុងសាលាប្រាថ្នានឹងទឹប ព្រះពុទ្ធរូប តែអ្នកយាមពុំយល់ព្រម ដោយអះអាងថា ព្រះរាជាពុំទាន់យាងមកទេ អ្នកដទៃ ទឹបពុំបានឡើយ ដ្បិតខុសនឹងទំនៀមទម្លាប់ ។
វិរិយបណ្ឌិតនិយាយអង្វរខ្លាំងពេក អ្នកយាម រក្សាក៏ប្រាប់ថា ឲ្យអ្នកឯងចូលទៅក្រាបទូលសូមព្រះរាជានុញ្ញាតសិន ។ អ្នកបានសុំចូលគាល់ក្រាបទូលយាងដំណើរ ។ ព្រះរាជាត្រាស់ថា “បើព្រះពុទ្ធបដិមា មានព្រះពុទ្ធដីកាអនុ-ញាតឲ្យអ្នកឯងទឹបចុះ” ។ វិរិយបណ្ឌិតក៏ក្រាបថ្វាយបង្គំលាព្រះរាជា រលះលាំងមកកាន់សាលាវិញ ហើយអ្នក តាំងចិត្តអធិដ្ឋានដោយពោលអាងនូវពាក្យសច្ចៈផ្សេងៗ ដើម្បីសូមឲ្យព្រះពុទ្ធបដិមាបើកព្រះ ឱស្ឋមានព្រះពុទ្ធដីកា ឲ្យបានឃើញជាក់ស្តែងប្រាកដ ។
គ្រានោះ ទេវតារក្សាព្រះនគរបានចូលជ្រែកក្នុងអង្គព្រះពុទ្ធបដិមា ធ្វើឲ្យព្រះបដិមា ខ្លឹមច័ន្ទន៍ មានជីវិតរស់រវើកឡើងយ៉ាងអស្ចារ្យ បញ្ចេញព្រះពុទ្ធដីកាថា “វិរិយបណ្ឌិត ចូរអ្នក ទឹបតថាគតតាមប្រាថ្នាចុះ” ហើយបានបញ្ចេញរស្មីទាំងមួយពណ៌ដូចព្រះពុទ្ធបដិមាអង្គមុន នោះដែរ ។ វិរិយបណ្ឌិតក៏បានទឹបព្រះពុទ្ធបដិមាដោយមាសដែលខ្លួនមានទាំងប៉ុន្មាននោះ ។ ព្រះរាជាទ្រង់បានជ្រាបព៌តមាននោះ ក៏ឲ្យហៅវិរិយបណ្ឌិតមក ហើយទ្រង់បានព្រះរាជទាន សម្បត្តិផ្សេងៗច្រើនអនេក ។ អ្នកនគរក៏នាំមាសប្រាក់សំពត់ជាដើមមកជូនយ៉ាងកកកុញ ។ អ្នកបានរស់នៅរួបរួមជាមួយនឹងគ្រួសារជាសុខក្សេមក្សាន្តដរាបដល់ក្ស័យជីវិត ។
ដោយ៥០០០ឆ្នាំ
images/articles/2955/32srertpic.jpg
ឧលូកជាតក
ផ្សាយ : ១៣ មីនា ឆ្នាំ២០២៣
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធជម្លោះរបស់ក្អែក និងមៀម បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា សព្ពេហិ កិរ ញាតីហិ ដូច្នេះជាដើម ។ ក្នុងកាលនោះ ក្អែកទាំងឡាយតែងតែបរិភោគមៀមក្នុងវេលាថ្ងៃ ចំណែកឯមៀមទាំងឡាយវិញ ចាប់ពីព្រះអាទិត្យអស្ដង្គតទៅ តែងកាត់ក្បាលក្អែកដែលដេកនៅក្នុងទីនោះៗ ធ្វើឲ្យពួកក្អែកទាំងនោះដល់នូវការអស់ជីវិត ។
លំដាប់នោះ ក្បាលក្អែកជាច្រើនមានប្រមាណ ៧-៨ នាឡិ ដែលធ្លាក់អំពីដើមឈើ ភិក្ខុមួយរូបដែលនៅក្នុងបរិវេណមួយខាងចុងវត្តជេតពន ក្នុងវេលាបោសសម្អាត ក៏បានយកទៅចោល ។ ភិក្ខុនោះ បានប្រាប់សេចក្ដីនោះ ដល់ភិក្ខុទាំងឡាយ ។ ភិក្ខុទាំងឡាយញ៉ាំងកថាឲ្យតាំងឡើងក្នុងសាលាធម្មសភាថា ម្នាលអាវុសោ បានឮមកថា ក្បាលក្អែកទាំងឡាយមានប្រមាណប៉ុណ្ណេះ ដែលធ្លាក់ក្នុងលំនៅរបស់ភិក្ខុរូបនោះ កាលលោកបោសសម្អាត បានយកទៅចោលរាល់ៗថ្ងៃ ។ ព្រះសាស្ដាស្ដេចយាងមក ហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយប្រជុំគ្នាដោយរឿងអ្វី ។
ភិក្ខុទាំងឡាយទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គទាំងឡាយអង្គុយប្រជុំគ្នាដោយរឿងឈ្មោះនេះ ដូច្នេះហើយ ទើបសួរព្រះមានព្រះភាគថា បពិត្រព្រះអង្គ ពៀរវេរារបស់ក្អែកនិងមៀមទាំងឡាយដល់គ្នានឹងគ្នា តើកើតឡើងក្នុងកាលណាមក ? ព្រះសាស្ដា ត្រាស់ថា ចាប់តាំងអំពីបឋមកប្បមក រួចហើយទ្រង់ក៏បាននាំអតីតនិទានមកសម្ដែងថា៖
ក្នុងអតីតកាលដ៏យូរលង់ណាស់មកហើយ មនុស្សទាំងឡាយដែលកើតក្នុងបឋមកប្ប (ក្នុងកាលដែលកប្បតាំងឡើងជាដំបូង) បានប្រជុំគ្នាជ្រើសរើសបុរសមួយ ដែលមានរូបស្អាត ដល់នូវភាពល្អឯក ដល់ព្រមដោយអាចារសម្បត្តិ បរិបូណ៌ដោយអាការៈទាំងពួង ធ្វើជាព្រះរាជា ។
ចំណែកសត្វចតុប្បាទទាំងឡាយក៏ប្រជុំគ្នា ហើយជ្រើសរើសសត្វសីហៈមួយ ធ្វើជាព្រះរាជា ។ សូម្បីត្រីទាំងឡាយក្នុងមហាសមុទ្រ ក៏បានធ្វើត្រីឈ្មោះអានន្ទ ឲ្យជាព្រះរាជា ។ លំដាប់នោះ ពួកបក្សីទាំងឡាយបានប្រជុំគ្នាលើខ្នងថ្មមួយក្នុងហិមវន្តប្រទេស ប្រឹក្សាគ្នាថា ក្នុងពួកមនុស្ស គេមានព្រះរាជា សូម្បីក្នុងពួកសត្វជើងបួន និងពួកត្រី គេក៏មានព្រះរាជាដែរ។ ចំណែកក្នុងរវាងពួកយើង មិនទាន់មានព្រះរាជា ធម្មតាការនៅដោយមិនមានទីពឹង រមែងមិនគួរ សូម្បីពួកយើងក៏គួរនឹងបានព្រះរាជា ពួកយើងចូរកំណត់បក្សីមួយរូបដែលសមគួរតាំងក្នុងតំណែងព្រះរាជា ។
បក្សីទាំងឡាយនោះ កាលសម្លឹងរកមើលបក្សីមួយ ដែលមានសភាពដូចនោះ ក៏ពេញនឹងមៀមមួយ ហើយពោលថា មៀមនេះគាប់ចិត្តដល់ខ្ញុំ ។ លំដាប់នោះ មានបក្សីមួយប្រកាស ៣ ដង ដើម្បីនឹងកាន់យកអធ្យាស្រ័យរបស់បក្សីទាំងពួង ។
កាលបក្សីនោះប្រកាស ២ ដង បានសង្កត់ពាក្យរបស់បក្សីទាំងឡាយ ក្នុងវេលាប្រកាសគ្រាទី ៣ ក្អែកមួយ ក្រោកឡើង ហើយពោលថា អ្នកទាំងឡាយចូរឈប់សិន មុននឹងកាលអភិសេកមៀមនេះជាព្រះរាជា មុខរបស់មៀមនេះដែលនៅមិនទាន់ក្រោធ មានសភាពយ៉ាងនេះហើយ ចុះបើមៀននេះក្រោធ មុខនឹងមានសភាពយ៉ាងណាទៅ ក៏ពួកយើងដែលត្រូវមៀមនេះក្រោធហើយសម្លឹងមើលនឹងបែកក្នុងទីនោះៗ ដូចជាអំបិលដែលដាក់ចុះក្នុងអំបែងក្ដៅ កាលឲ្យមៀមនេះជាព្រះរាជា មិនពេញចិត្តដល់ខ្ញុំ ដូច្នេះហើយ ទើបពោលគាថាទី ១ ថា
សព្ពេហិ កិរ ញាតីហិ, កោសិយោ ឥស្សរោ កតោ;
សចេ ញាតីហនុញ្ញាតោ, ភណេយ្យាហំ ឯកវាចិកំ។
ឮថា ពួកញាតិទាំងអស់ បានលើកកោសិយៈ (មៀម) ឲ្យធ្វើជាធំ ប្រសិនបើពួកញាតិអនុញ្ញាតខ្ញុំសូមនិយាយនូវពាក្យមួយម៉ាត់ ។
គាថានេះមានសេចក្ដីថា សាវនានោះណាកំពុងប្រព្រឹត្តទៅ ខ្ញុំបានស្ដាប់សាវនានោះហើយ សូមពោល ។ បានឮមកថា សមាគមពួកញាតិទាំងឡាយទាំងពួងនេះ ធ្វើកោសិយៈនេះ ឲ្យជាព្រះរាជា ។ ប្រសិនបើ ពួកញាតិអនុញ្ញាតហើយ ខ្ញុំនឹងសូមពោលពាក្យមួយក្នុងសមាគមនេះ ។
លំដាប់នោះ បក្សីទាំងឡាយកាលនឹងអនុញ្ញាតដល់ក្អែកនោះ ទើបពោលគាថាទី ២ ថា
ភណ សម្ម អនុញ្ញាតោ, អត្ថំ ធម្មញ្ច កេវលំ;
សន្តិ ហិ ទហរា បក្ខី, បញ្ញវន្តោ ជុតិន្ធរា។
ម្នាលសម្លាញ់ យើងអនុញ្ញាតហើយ អ្នកចូរនិយាយនូវហេតុ និង ពាក្យដែលជាប់ទាក់ទងដោយបវេណីប៉ុណ្ណោះ ដ្បិតពួកបក្សីក្មេងៗ ដែលមានប្រាជ្ញា ទ្រទ្រង់នូវសេចក្ដីរុងរឿងនៅមាន ។
បណ្ដាបទទាំងនោះ បទថា ភណ សម្ម អនុញ្ញាតោ សេចក្ដីថា ម្នាលសម្លាញ់ ពួកយើងអនុញ្ញាត លោកចូរនិយាយពាក្យដែលគួរនិយាយចុះ ។ បទថា អត្ថំ ធម្មញ្ច កេវលំសេចក្ដីថា កាលលោកនិយាយ ចូរនិយាយឲ្យតាមហេតុ និងពាក្យដែលមានមកតាមបវេណី។ បទថា បញ្ញវន្តោ ជុតិន្ធរា សេចក្ដីថា ពួកបក្សីសូម្បីនៅកំលោះដែលដល់ព្រមដោយបញ្ញា និងទ្រទ្រង់នូវពន្លឺបញ្ញា រមែងមានប្រាកដ ។
ក្អែកនោះ ដែលពួកបក្សីអនុញ្ញាតហើយ ទើបពោលគាថាទី ៣ ថា
ន មេ រុច្ចតិ ភទ្ទំ វោ, ឧលូកស្សាភិសេចនំ;
អក្កុទ្ធស្ស មុខំ បស្ស, កថំ កុទ្ធោ ករិស្សតិ។
សូមឲ្យអ្នកទាំងឡាយ មានសេចក្ដីចម្រើន ការដែលអភិសេកមៀម មិនពេញចិត្តខ្ញុំទេ អ្នកទាំងឡាយចូរមើលមុខមៀម ដែលមិនទាន់ខឹង (បែបនេះទៅហើយ) ចំណង់បើខឹងហើយ តើវាធ្វើមុខ ដូចម្ដេចទៅ ។
គាថានេះមានសេចក្ដីថា សេចក្ដីចម្រើនសូមមានដល់អ្នកទាំងឡាយ ដែលដែលអ្នកទាំងឡាយធ្វើការអភិសេកមៀមនេះដោយការប្រកាសសាវនា ៣ ដងនោះ មិនពេញចិត្តខ្ញុំ អ្នកទាំងឡាយចូរមើលមុខ របស់មៀមនេះដែលនៅមិនទាន់ក្រោធ (បែបនេះទៅហើយ) ចំណង់បើក្រោធហើយ តើវាធ្វើមុខ ដូចម្ដេចទៅ ការធ្វើមៀមនេះជាធំ ទើបមិនពេញចិត្តខ្ញុំ ដោយប្រការយ៉ាងនេះ ។
កាលក្អែកពោលយ៉ាងនេះហើយ ក៏ហើរឡើងទៅក្នុងអាកាសពោលថា ខ្ញុំមិនពេញចិត្តទេ ខ្ញុំមិនពេញចិត្តទេ ។ ចំណែកមៀមក៏ក្រោកឡើង ហើរដេញតាមក្អែកនោះទៅ ។ ចាប់តាំងពីពេលនោះមក ក្អែកនិងមៀមនោះក៏ចងនូវពៀរដល់គ្នានឹងគ្នា ។ ពួកបក្សីទាំងឡាយ បានធ្វើសុវណ្ណហង្សឲ្យជាព្រះរាជា រួចទើបគេចទៅ ។
ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចៈទាំងឡាយ និងប្រជុំជាតក ក្នុងកាលជាទីបញ្ចប់នៃសច្ចៈ ភិក្ខុទាំងឡាយបានតាំងនៅក្នុងសោតាបត្តិផលជាដើម ។
តទា រជ្ជេ អភិសិត្តហំសបោតោ អហមេវ អហោសិំ សុវណ្ណហង្សដែលបានទទួលការអភិសេកឲ្យព្រះរាជាក្នុងកាលនោះ គឺ តថាគត នេះឯង ។ ឧលូកជាតក ចប់ ៕
(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តិកនិបាត បទុមវគ្គ បិដកលេខ ៥៨ ទំព័រ ១៥៥) ដោយខេមរ អភិធម្មាវតារ ។ ព.ស. ២៥៦១ ។
ដោយ៥០០០ឆ្នាំ
images/articles/3050/54YESRFGSZDR.jpg
គុណអ្នកមិនពោលពាក្យកុហក
ផ្សាយ : ១៣ មីនា ឆ្នាំ២០២៣
បុគ្គលអ្នកមិនពោលពាក្យមុសាវាទហើយ ជាគុណនឹងឱ្យរួចអំពីមរណភ័យបាន ដូចសត្វកិន្នរមួយគូរញីឈ្មោល ដែលមានសចក្ដីមកក្នុងគម្ពីរតេរសនិបាត តក្ការិយជាតក ។
មានរឿងដំណាលថា គ្រាកាលនោះមានព្រានព្រៃម្នាក់នៅក្នុងក្រុងពារាណសី ដើរទៅព្រៃហេមពាន្តដើម្បីបាញ់ម្រឹគ ព្រាននោះបានចាប់យកសត្វកិន្នរមួយគូញីឈ្មោល នាំមកថ្វាយព្រះបាទពារាណសី ៗ ទ្រង់ត្រាស់សួរថា កិន្និរនេះមានគុណដូចម្ដេចខ្លះ ព្រានព្រៃក្រាបទូលថា កិន្នរនេះចេះរាំផង ចេះច្រៀងផង រាំក៏ល្អមើល ច្រៀងក៏ពីរោះស្ដាប់ មនុស្សយើងចេះមិនដូចឡើយ ស្ដេចទ្រង់ព្រះសណ្ដាប់កិត្តិគុណដូច្នោះហើយ មានព្រះទ័យត្រេកអរទ្រង់ប្រទានទ្រព្យសម្បត្តិដល់ព្រានព្រៃមានប្រមាណច្រើន ហើយទ្រង់ត្រាស់ប្រើឱ្យកិន្នរទាំងពីរឱ្យច្រៀងរាំនិងទតកម្សាន្តព្រះទ័យ ។
ទើបកិន្នរទាំងពីរគិតថា កាលយើងច្រៀងក៏មិនពីរោះពីសាអ្វីកាលរាំសោតក៏មិនល្អមើលអ្វី នឹងទៅជារាំជាច្រៀងតែផ្ដេសផ្ដាស ទោសមុសាវាទក៏នឹងកើតមានដល់យើង ព្រោះតែពោលច្រើន ព្រោះតែធ្វើច្រើន សុទ្ធតែមិនពិត ។
កិន្នរទាំងពីរគិតដូច្នោះហើយ ក៏មិនច្រៀងមិនរាំ ស្ដេចប្រើហើយប្រើទៀត សត្វកិន្នរទាំងពីរនៅតែមិនច្រៀងមិនរាំទើបទ្រង់ខ្ញាល់ប្រើគេឱ្យយកទៅសម្លាប់ មេកិន្នរបានស្ដាប់ព្រះរាជឱង្ការដឹងថា ស្ដេចទ្រង់ខ្ញាល់នឹងឱ្យសម្លាប់អាត្មាដូច្នោះ ក៏មិនគិតថា គួរអញនឹងពោលពាក្យល្អក្នុងកាលឥឡូវនេះចុះ មេកិន្នរគិតហើយទើបសូត្រជាបទគាថាថា សតំ សហស្សានំទុព្ភាសិតានំ កល្លម្បិនាគ្ឃតិសុភាសិតស្ស ទុព្ភាសិតំ សង្កមានោ កិលេសេ តស្មា តុណ្ហី កឹ បុរិសោ ន ពាល្យាតិ ប្រែថា រយពាន់គុណន័យវាចាជាទុព្ភាសិត គង់មិនដល់មួយចំណិតនៃវាចាជាសុភាសិត កាលបុគ្គលពោលពាក្យឱ្យយាងចុះកាន់គន្លងទុព្ភាសិតហើយ នឹងបានសោយទុក្ខលំបាកនិងសៅហ្មងមិនលែងឡើយ ។
ហេតុនោះបានជាកិន្នរឈ្មោលនៅស្ងៀមមិនច្រៀងមិនរាំ ព្រោះខ្លាចទុព្ភាសិត មិនមែនស្ងៀមនៅដោយការល្ងង់ខ្លៅទេ ។ ព្រះបាទពារាណសី ទ្រង់ព្រះសណ្ដាប់ពាក្យមេកិន្នរហើយ មានព្រះទ័យរីករាយ ក៏ទ្រង់មានព្រះរាជឱង្ការបង្គាប់ឱ្យនាំមេកិន្នរទៅលេងឯព្រៃហិមពាន្ត ទ្រង់ព្រះបង្គាប់ឱ្យយកកិន្នរឈ្មោលទៅសម្លាប់ធ្វើព្រះស្ងោយក្នុងពេលព្រឹក ។
កិន្នរឈ្មោលបានឮហើយនឹកក្នុងចិត្តថា ទំនងជាស្ដេចឱ្យសម្លាប់អញដោយពិត បើដូច្នោះគួរអញនឹងពោលពាក្យពីរោះខ្លះក្នុងកាលឥឡូវនេះចុះ កិន្នរឈ្មោលគិតហើយ ក៏ពោលពាក្យជាវេយ្យាករណ៍ថា បណ្ដាសត្វទ្វេបាទទាំងអស់ តែងបរិភោគស្មៅជាចំណីមានផ្ទៃមេឃជាទីពឹងពំនាក់ បណ្ដាមនុស្សទាំងអស់ មានសត្វចិញ្ចឹមជាទីពឹងទីពំនាក់ ព្រោះថា មនុស្សតែងរស់នៅបាន ក៏អាស្រ័យនឹងបញ្ចគោរសចំណែកខ្លួនខ្ញុំមានព្រះអង្គជាទីពឹងទីពំនាក់ ប្រពន្ធខ្ញុំមានជាទីពឹងទីពំនាក់ កាលខ្ញុំទាំងពីរនាក់មានជីវិតរស់នៅដរាបណា នឹងមិនបានលះចោលគ្នាដរាបនោះ ហេតុដូច្នោះ បើព្រះអង្គប្រាថ្នានឹងលែងមេកិន្នរ ឱ្យមេកិន្នរឱ្យទៅឯព្រៃហិមពាន្ត ត្រូវតែព្រះអង្គឱ្យសម្លាប់ខ្ញុំឱ្យហើយជាមុនទៅ សឹមលែងមេកិន្នរឱ្យទៅជាខាងក្រោយចុះ ។
ព្រះបាទពារាណសី បានទ្រង់ស្ដាប់សម្ដីនៃសត្វទាំងពីរ ពីរោះដូច្នោះ ក៏ត្រឡប់ជាស្រួលព្រះទ័យ ទ្រង់ប្រើព្រានព្រៃឱ្យនាំយកកិន្នរទាំងពីរទៅលេងឯព្រៃហិមពាន្ត ហើយទ្រង់ហាមមិនឱ្យអ្នកណាមួយសម្លាប់កិន្នរទាំងពីរ ចាប់ដើមតាំងពីរថ្ងៃនោះទៅ សត្វកិន្នរទាំងពីរបានរួចពីមរណភ័យ ព្រោះខ្លាចមុសាវាទ មិនហ៊ានពោលពាក្យទុព្ភាសិតតាំងនៅនឹងតែក្នុងពាក្យជាសុភាសិតតែម្យ៉ាង សមដូចបតគាថាថា តស្មា មរណតោ មោក្ខំ បត្ថយន្តេន ជន្តុនា បហាយ អលិកំ សច្ចំ ភាសិតព្វំ សុធិមតា ប្រែថា ជនជាបណ្ឌិតអ្នកមានបញ្ញា កាលប្រាថ្នាចង់ឱ្យរួចចាកមរណភ័យនោះ គប្បីលះចោលពាក្យកុហក ហើយពោលតែពាក្យសច្ចៈ មួយផ្នែកប៉ុណ្ណោះ ។
ព្រះវង្គីសត្ថេរលោកដឹងសេចក្ដីនេះពិតហើយ ទើបលោកសម្ដែងជាបទគាថាដរាបចូលក្នុងសុភាសិតសូត្រដូច្នេះថា សច្ចំ វេ អមតា វាចា ឯស ធម្មោ សនន្តនោ សច្ចេ អត្ថេ ច ធម្មេ ច អហុ សន្តោ បតិដ្ឋិតា ប្រែថា វចីសច្ចជាវាចាមិនស្លាប់ពិត វចីសច្ចនេះជាធម៌គឺអ្នកប្រាជ្ញទាំងឡាយតែងសន្សំហើយពីមុនៗ អ្នកប្រាជ្ញទាំងឡាយមានព្រះពុទ្ធជាដើម តែងស្ថិតនៅក្នុងសច្ចធម៌ គឺធម៌ជាប្រយោជន៍ខ្លួនផង ប្រយោជន៍អ្នកដទៃផង តាមធម្មតាមិនឃ្លៀងឃ្លាតឡើយ ។ ចប់រឿងកិន្នរ ។
ដោយ៥០០០ឆ្នាំ
images/articles/3049/2021-08-03_10_29_58-buddha_painting_-_Google_Search.jpg
ទោសការពោលនូវពាក្យរាយមាយឥតប្រយោជន៍
ផ្សាយ : ១៣ មីនា ឆ្នាំ២០២៣
ទោសសម្ផប្បលាប (ពោលនូវពាក្យរាយមាយឥតប្រយោជន៍) សេចក្ដីថា បុគ្គលឯណាពោលពាក្យឥតប្រយោជន៍ឥតផល បុគ្គលនោះឯងឈ្មោះថា អធម្មវាទី អធម្មវាទីបុគ្គលនោះឈ្មោះថា ជាអ្នកធ្វើព្រះសទ្ធម្មគឺសាសនាព្រះពុទ្ធឱ្យវិនាសទៅឆាប់ ។
ហេតុដូច្នោះ បានជាព្រះដ៏មានព្រះភាគទ្រង់សម្ដែងកបិលសូត្រក្នុងគម្ពីរឯកនិបាតង្គុត្តរដូច្នេះថា យេបិ តេ ភិក្ខវេភិក្ខ អធម្មំ ធម្មោតិ ទីបេន្តិ តេបិ ភិក្ខវេ ភិក្ខូ ពហុជនាហិតាយ បដិបន្នា ពហុជនាសុខាយ ពហុនោ ជនស្ស អនត្ថាយ អហិតាយ ទុក្ខាយ ទេវមនុស្សានំ ពហុញ្ច តេ ភិក្ខវេ ភិក្ខូ អបុញ្ញំ បសវន្តិ តេបិ មំ សទ្ធម្មំ អន្តរធាបេន្តិ ប្រែថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាសម្ដែងសភាវៈមិនមែនធម៌ថាជាធម៌(សម្ដែងធម៌ពិតថាមិនមែនជាធម៌វិញ) ម្នាលភិក្ខុទាំងឡាយភិក្ខុទាំងនោះឈ្មោះថា ជាអ្នកប្រតិបត្តិដើម្បីមិនឱ្យជាប្រយោជន៍នឹងសេចក្ដីសុខដល់ជនច្រើន ឈ្មោះថា ជាអ្នកប្រតិបត្តិដើម្បីមិនឱ្យជាប្រយោជន៍នឹងមិនបានជាគុណដល់ជនច្រើន (គ្រាន់តែជាអ្នកប្រតិបត្តិ) ដើម្បីសេចក្ដីទុក្ខដល់ទេវតានិងមនុស្សទាំងឡាយ ម្នាលភិក្ខុទាំងឡាយភិក្ខុនោះតែងសោយនូវទោសមានប្រមាណច្រើន (មិនតែប៉ុណ្ណោះសោត) ភិក្ខុនោះឈ្មោះថា ធ្វើព្រះសទ្ធម្មគឺសាសនារបស់តថាគតឱ្យសាបសូន្យទៅ ។
ដូចរឿងកបិលភិក្ខុដែលនាំមកសម្ដែងក្នុងគម្ពីរធម្មបទនោះ ។ សេចក្ដីថា កាលក្នុងសាសនាព្រះពុទ្ធព្រះនាមកស្សបៈ មានភិក្ខុមួយរូបឈ្មោះកបិលភិក្ខុ អ្នកចេះចាំព្រះត្រៃបិដកមានបរិវារច្រើនផង មានលាភច្រើនផង ក៏មានចិត្តស្រវឹងដោយការនៃខ្លួនជាពហុស្សូត ប្រកាន់មានះរឹងត្អឹង ព្រោះតណ្ហាគ្របសង្កត់ក៏ពោលពាក្យញាំញីបង្កាច់បង្កិនរបស់គួរក្នុងធម៌វិន័យ ត្រឡប់ថាមិនគួរ របស់មិនគួរក្នុងធម៌វិន័យ ត្រឡប់ថាគួរវិញ ភិក្ខុដែលត្រឹមត្រូវក្នុងវិន័យ ពោលហាមប្រាមក៏មិនស្ដាប់ ប្រែជាជេរប្រទេចដល់ភិក្ខុទាំងនោះវិញ ដោយពាក្យផរុសវាទ លុះច្យុតអំពីមនុស្សលោកនេះ ក៏ទៅឆេះក្នុងអវិចីនរកអស់កាលដ៏យូររវាងមួយពុទ្ធន្តរ សេសផលពីនោះមកកើតជាត្រីឆ្ពិនមាសក្នុងស្ទឹងអចិរវតី មានមាត់ស្អុយអាក្រក់ ព្រោះជេរប្រទេចភិក្ខុផងគ្នា មានសម្បុរល្អដូចមាស ព្រោះទ្រទ្រង់ព្រះត្រៃបិដកក្នុងកាលនោះ ។
ហេតុដូច្នេះពាក្យពោលជាសម្ផប្បលាប ដែលអ្នកប្រាជ្ញមិនរាប់ថាជាធម៌ បុគ្គលគប្បីលះចោលចេញ ពាក្យពោលជាអសម្ផប្បលាបដែលអ្នកប្រាជ្ញរាប់ថាជាធម៌ បុគ្គលគប្បីពោលចុះ ។ ចប់រឿងកបិលភិក្ខុ
ដោយ៥០០០ឆ្នាំ
images/articles/3051/674534ttwrww.jpg
គុណបិយវាចា (សម្តីគួរឲ្យស្រឡាញ់, សម្តីសុភាព)
ផ្សាយ : ១៣ មីនា ឆ្នាំ២០២៣
សេចក្ដីថា កាលក្នុងអតីតកាលកន្លងទៅយូរហើយ ក្នុងក្រុងពារាណសី មានសេដ្ឋីបុត្រ៤នាក់នាំគ្នាចេញទៅពីផ្ទះអង្គុយជុំគ្នាក្រោមដើមឈើមួយដើម ក្រឡេកឃើញព្រានម្រឹគម្នាក់ផ្ទុកសាច់ក្នុងរទេះដឹកទៅលក់ ក៏នាំគ្នាសូមសាច់អំពីព្រាននោះ សេដ្ឋីបុត្រជាបឋមពោលសូមថានែចៅព្រានចង្រៃ អ្នកឯងដឹកសាច់ទៅលក់ឯណា ឱ្យមកអញមួយដុំ ព្រានម្រឹកគិតថា អ្នកនេះសូមអញ គួរតែពោលពាក្យល្អ គិតហើយទើបតបថា អើសម្ដីអ្នកនេះជាផរុសវាចា មិនឆ្ងាញ់ពិសាប្រហែលដូចសាច់វាវ បើដូច្នោះ ខ្ញុំនឹងឱ្យសាច់វាវដល់អ្នក ថាហើយក៏ឱ្យសាច់វាវមួយដុំទៅ ។
សេដ្ឋីបុត្រជាគម្រប់ពីរ ពោលសូមថា អើអ្នកបង អ្នកដឹកសាច់ទៅលក់ឯណា ចូរឱ្យខ្ញុំសូមមួយដុំ ព្រានម្រឹគគិតថា អើសម្ដីអ្នកនេះគួរសមហ៊ានហៅអាត្មាអញថាបង ហាក់ដូចជាបងប្អូនរបស់ខ្លួន សម្ដីនេះពីរោះប្រហែលដូចសាច់ចំឡកដ៏ឆ្ងាញ់ គិតហើយទើបតបថា អើសម្ដីរបស់អ្នកគួរហើយ ប្រហែលដូចសាច់ចំឡក បើដូច្នោះ ខ្ញុំនឹងឱ្យសាច់ចំឡកដល់អ្នក ថាហើយក៏ឱ្យសាច់ចំឡកមួយដុំទៅ ។
សេចដ្ឋីបុត្រជាគម្រប់បីពោលសូមថា បពិត្របិតាអ្នកដឹកសាច់ទៅលក់ឯណា ចូរអ្នកឱ្យសាច់ខ្ញុំមួយដុំផង ព្រានម្រឹគគិតថា សម្ដីដែលហៅថាបពិត្របិតាដូច្នេះ មានតែកូនហៅឪពុក ញ៉ាំងបេះដូងនៃឪពុកឱ្យញាប់ញ័រ គិតហើយទើបតបថា អើសម្ដីរបស់អ្នកពីរោះហើយ ប្រហែលដូចសាច់បេះដូង បើដូច្នោះ ខ្ញុំនឹងឱ្យសាច់បេះដូងដល់អ្នក ថាហើយក៏ឱ្យសាច់បេះដូងមួយដុំទៅព្រមទាំងសាច់ឆ្ងាញ់ឯទៀតខ្លះផង ។
សេចដ្ឋីបុត្រជាគម្រប់៤ ពោលសូមថា នែសម្លាញ់ អ្នកដឹកសាច់ទៅលក់ឯណា ចូរសម្លាញ់ឯងចែកឱ្យយើងខ្លះផង ព្រានម្រឹគគិតថាមនុស្សប្រុស បើគ្មានមិត្រសម្លាញ់ក្នុងស្រុកនឹងគេហើយ ក៏ដូចជាគ្មានស្រុកនៅ ឧបមាដូចព្រៃមិនមានមនុស្សជ្រកពួននៅដូច្នោះដែរ ឥឡូវអ្នកនេះ គាត់នៅអាត្មាអញថា សម្លាញ់ ៗ ហាក់ដូចជាស្និទ្ធស្នាលនឹងគ្នាមកយូរហើយ គិតហើយទើបតបថា អើសម្ដីរបស់អ្នកដែលពោលមកនេះ ប្រហែលដោយសម្បត្តិរបស់ខ្លួនទាំងអស់នេះ បើដូច្នោះ ខ្ញុំនឹងឱ្យសាច់ព្រមទាំងរទេះរបស់ខ្ញុំនេះទាំងអស់ដល់អ្នកជាសម្លាញ់ ថាហើយក៏បររទេះដឹកសាច់ទៅឱ្យសេដ្ឋីបុត្រជាគម្រប់៤នោះទៅ ។
សេដ្ឋីបុត្រនោះក៏រាប់អានស្មោះស្មើ ប្រាប់ប្រពន្ធកូនឱ្យរាប់អានស្មើទៅ ហើយហាមលែងឱ្យធ្វើអំពើបាណាតិបាតតទៅទៀត ឱ្យនៅដោយសម្បត្តិរបស់ខ្លួនដរាបដល់អស់ជីវិត សេដ្ឋីបុត្រមានលាភបានសាច់ច្រើនជាងសេដ្ឋីបុត្រឯទៀតៗ ក៏ព្រោះគុណគឺពោលបិយវាចារនោះឯង ។ ព្រះវង្គីសត្ថេរលោកដឹងសេចក្ដីនេះពិតហើយ ទើបលោកសម្ដែងជាបទគាថាថា បិយវាចមេវ ភាសេយ្យ យា វាចា បដិនន្ទិតា យំ អនាទាយ បាបានិ បរេសំ ភាសតេ បិយំ ប្រែថា សម្ដីឯណាដែលគេត្រេកអររីករាយហើយ បុគ្គលគប្បីពោលសម្ដីជាបិយវាចានោះកុំខាន ។
មួយវិញទៀត បុគ្គលបើពោលពាក្យឯណាក្ដី កុំកាន់ពាក្យដ៏លាមកដែលជាផរុសវាចាមិនជាទីស្រឡាញ់នោះឡើយ ត្រូវពោលតែពាក្យជាបិយវាចាដែលជាទីស្រឡាញ់នៃអ្នកទាំងឡាយ ។ ចប់រឿងសេដ្ឋីបុត្រ៤នាក់ ។
ដោយ៥០០០ឆ្នាំ
images/articles/3052/644yetherte3.jpg
គុណប្រយោជន៍របស់អ្នកស្ដាប់សុភាសិតចំពោះព្រះភក្រ្តព្រះសម្មាសម្ពុទ្ធ
ផ្សាយ : ១៣ មីនា ឆ្នាំ២០២៣
សេចក្ដីថា ពុទ្ធភាសិតដែលព្រះពុទ្ធទ្រង់សម្ដែងទាំងប៉ុន្មាន អ្នកប្រាជ្ញតែងរាប់ថាជាសុភាសិតាវាចាទាំងអស់ ព្រោះថា ព្រះអង្គពោលសំដៅសេចក្ដីក្សេមក្សាន្តគឺព្រះនិព្វាន សំដៅសេចក្ដីផុតចាកវដ្ដទុក្ខ គឺព្រះនិព្វាន សំដៅសេចក្ដីមិនកើតមិនចាស់ មិនឈឺមិនស្លាប់ គឺព្រះនិព្វាន ។
បានជាព្រះវង្គីសត្ថេរលោកដឹងសេចក្ដីនេះពិតហើយ ទើបលោកសម្ដែងជាបទគាថាដូច្នេះថា យំ ពុទ្ធោ ភាសតី វាចំ ខេបំ និព្វានបត្តិយា ទុក្ខស្សន្តកិរិយាយ សា វេវាចានមុត្តមា ប្រែថា ព្រះពុទ្ធជាម្ចាស់ទ្រង់សម្ដែងនូវវាចាណាជាក្សេមក្សាន្ត វាចានោះហើយខ្ពស់វិសេសផុតជាងវាចាទាំងឡាយនានា ព្រោះសំដៅសេចក្ដីដែលដល់នូវព្រះនិព្វាន ជាដែនធ្វើឱ្យអស់ទុក្ខទៅបាន ។
ឯអ្នកស្ដាប់សុភាសិតចំពោះព្រះភក្រ្តហើយ បានលុះមគ្គផលដូចមានសេចក្ដីទៅនេះ កាលទ្រង់សម្ដែងព្រះធម្មចក្កប្បវត្តនសូត្រ ព្រះអញ្ញាកោណ្ឌញ្ញត្ថេរនិងព្រហ្ម១៨កោដិ បានក្រេបផឹកអម្រឹតរស គឺរសក្នុងព្រះនិព្វាន ។
កាលទ្រង់សម្ដែងអនត្តលក្ខណសូត្រ បញ្ចវគ្គិយភិក្ខុទាំង៥រូប បានតម្កល់នៅក្នុងទីជាព្រះអរហន្ត ។ ថ្ងៃជាខាងក្រោយទៀត បុរស៥៥នាក់ មានយសកុលបុត្រជាដើម បានលុះព្រះអរហត្តផល ក៏ព្រោះបានស្ដាប់ទេសនានេះ ។ កាលទ្រង់សម្ដែងអាទិត្តបរិយាយសូត្រ ក្នុងគយាសីសប្រទេស ជដិលមួយពាន់នាក់ បានលុះព្រះអរហត្តផល ។
កាលទ្រង់សម្ដែងតិរោកុឌ្ឌសូត្រ ពួកជន៨ម៉ឺន៤ពាន់នាក់ បានក្រេបផឹកអម្រឹតរស គឺរសក្នុងព្រះនិព្វាន ។ កាលទ្រង់សម្ដែងខទិរង្គារជាតក សត្វ៨ម៉ឺន៤ពាន់ បានក្រេបផឹកអម្រឹតរស គឺរសក្នុងព្រះនិព្វាន ។
កាលទ្រង់សម្ដែងបារាយនសូត្រ សត្វ១៤កោដិ បានក្រេបផឹកអម្រឹតរស គឺរសក្នុងព្រះនិព្វាន ។ កាលទ្រង់សម្ដែងព្រះអភិធម្ម សត្វ៨០កោដិ បានក្រេបផឹកអម្រឹតរស គឺរសក្នុងព្រះនិព្វាន ។
កាលទ្រង់សម្ដែងសក្កបញ្ហាសូត្រ ទេវតា៨ម៉ឺន បានក្រេបផឹកអម្រឹតរស គឺរសក្នុងព្រះនិព្វាន ។ នៅមានច្រើនជាងនេះ ដោយសែនកោដិ លើសកម្លាំងបញ្ញានឹងរាប់សត្វទាំងនោះបាន ។ គុណអ្នកស្ដាប់សុភាសិតចំពោះព្រះភក្ត្រចប់ ។
ដោយ៥០០០ឆ្នាំ
images/articles/2911/2022-12-02_15_33_00_Pinterest.jpg
កាមគុណ ទាំង ៥
ផ្សាយ : ១៨ កុម្ភះ ឆ្នាំ២០២៣
[២២] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកទាំងឡាយ កុំត្រាច់ទៅ ក្នុងទីមិនមែនជាទីគោចរ ជាដែននៃបុគ្គលដទៃឡើយ។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ ត្រាច់ទៅក្នុងទីមិនមែនជាទីគោចរ ជាដែននៃបុគ្គលដទៃ មារតែងបាននូវចន្លោះ មារតែងបាននូវអារម្មណ៍។ មា្នលភិក្ខុទាំងឡាយ ចុះទីមិនមែនជាទីគោចរ ជាដែននៃបុគ្គលដទៃ តើដូចម្តេច។ គឺកាមគុណ ទាំង ៥ នេះឯង។ កាមគុណ ទាំង ៥ តើអ្វីខ្លះ។
គឺរូបទាំងឡាយ ដែលគប្បីដឹង ដោយចក្ខុ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម គួរដល់តម្រេក ១។ សម្លេងទាំងឡាយ ដែលគប្បីដឹងដោយត្រចៀក ១។ ក្លិនទាំងឡាយ ដែលគប្បីដឹង ដោយច្រមុះ ១។ រសទាំងឡាយ ដែលគប្បីដឹងដោយអណ្តាត ១។ ផោដ្ឋព្វៈទាំងឡាយ ដែលគប្បីដឹងដោយកាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម គួរដល់តម្រេក ១។ ម្នាលភិក្ខុទាំងឡាយ នេះជាទីមិនមែនជាទីគោចរ របស់ភិក្ខុ ជាដែនរបស់បុគ្គលដទៃ។
បិដក ភាគ ៣៨ - ទំព័រទី ១៧
ដោយ៥០០០ឆ្នាំ
images/articles/3239/45trteryrtyew4343.jpg
ព្រះបាទសិវិពោធិសត្វបរិច្ចាគភ្នែកជាទាន តចប់
ផ្សាយ : ២៨ មករា ឆ្នាំ២០២៣
អានខាងដើមអត្ថបទ
លំដាប់នោះ សក្កទេវរាជបានត្រាស់នឹងព្រះរាជាថា បពិត្រព្រះបាទសិវិ ព្រះអង្គប្រាថ្នាសេចក្ដីស្លាប់ ទើបពេញចិត្តសេចក្ដីស្លាប់ ឬប្រាថ្នាសេចក្ដីស្លាប់ព្រោះភាពជាមនុស្សខ្វាក់ ? ព្រះបាទសិវិរាជទូលតបថា បពិត្រទេវៈ ខ្ញុំប្រាថ្នាសេចក្ដីស្លាប់ព្រោះភាពជាមនុស្សខ្វាក់ ។ សក្កទេវរាជត្រាស់តបថា បពិត្រមហារាជ ឈ្មោះថាទាន មិនមែនឲ្យផលតែក្នុងសម្បរាយភពប៉ុណ្ណោះទាំងអស់ទេ រមែងជាបច្ច័យសូម្បីក្នុងប្រយោជន៍បច្ចុប្បន្ន ព្រះអង្គដែលយាចកទូលសូមព្រះនេត្រម្ខាង បានព្រះរាជទានទាំងពីរខាង ហេតុនោះ ព្រះអង្គមេត្តាធ្វើសច្ចកិរិយាចុះ ហើយត្រាស់ថា
យានិ សច្ចានិ ទ្វិបទិន្ទ តានិ ភាសស្សុ ខត្តិយ
សច្ចំ តេ ភណមានស្ស បុន ចក្ខុ ភវិស្សតិ។
បពិត្រក្សត្រិយ៍ជាធំជាងជនមានជើងពីរ សូមព្រះអង្គពោលនូវពាក្យទាំងឡាយដែលជាសច្ចៈចុះ កាលបើព្រះអង្គពោលនូវពាក្យសច្ចៈ ព្រះនេត្រនឹងមានឡើងវិញ ។
ព្រះមហាសត្វស្ដាប់ពាក្យនោះហើយត្រាស់ថា បពិត្រសក្កទេវរាជ ប្រសិន បើព្រះអង្គប្រាថ្នាប្រទានចក្ខុដល់ខ្ញុំ សូមកុំធ្វើឧបាយដទៃឡើយ ចក្ខុចូរកើតឡើងដល់ខ្ញុំ ដោយផលនៃទានរបស់ខ្ញុំប៉ុណ្ណោះ កាលសក្កទេវរាជត្រាស់ថា បពិត្រមហារាជ យើងជាសក្កៈ សូម្បីជាស្ដេចនៃទេវតា ក៏មិនអាចដើម្បីនឹងឲ្យនូវចក្ខុដល់អ្នកដទៃឡើយ ចក្ខុនឹងកើតឡើងដល់ព្រះអង្គដោយផលនៃទាន ដែលព្រះអង្គបានឲ្យហើយប៉ុណ្ណោះ ព្រះបាទសិវិត្រាស់ថា ពិតមែនហើយ ទានគឺយើងបានហើយឲ្យដោយល្អ កាលធ្វើសច្ចកិរិយា ទើបពោលគាថាថា
យេ មំ យាចិតុមាយន្តិ នានាគោត្តា វនិព្ពកា
យោបិ មំ យាចតេ តត្ថ សោបិ មេ មនសោ បិយោ
ឯតេន សច្ចវជ្ជេន ចក្ខុ មេ ឧបបជ្ជថ។
ពួកស្មូមណាមានគោត្រផ្សេងៗគ្នា មកដើម្បីសូមចំពោះយើង បណ្តាស្មូមទាំងនោះ ស្មូមណាសូមយើង ស្មូមនោះជាទីស្រឡាញ់ នៃចិត្តរបស់យើង សូមឲ្យភ្នែកកើតមានដល់យើង ដោយការពោលនូវពាក្យសច្ចៈនេះ ។
បណ្ដាបទទាំងនោះ បទថា យេ មំ សេចក្ដីថា ស្មូមទាំងឡាយណាមកសូមនឹងយើង កាលស្មូមទាំងនោះមកសូមនឹងយើង សូម្បីស្មូមនោះរមែងជាទីស្រឡាញ់ពេញចិត្តរបស់យើង ។ បទថា ឯតេន សេចក្ដីថា ប្រសិនបើ យាចកសូម្បីទាំងអស់ជាទីស្រឡាញ់របស់យើង នេះជាសច្ចវាចាដែលយើងបានពោលហើយ ដោយការពោលសច្ចវាចានេះ សូមចក្ខុម្ខាងរបស់យើងចូរកើតឡើងចុះ។
លំដាប់នោះ ចក្ខុទី ១ ក៏កើតឡើងក្នុងរវាងនៃព្រះតម្រាស់របស់ព្រះរាជានោះឯង ។ តអំពីនោះ ព្រះរាជាក៏ត្រាស់ព្រះគាថាទាំងឡាយ ២ ដើម្បីប្រយោជន៍ដល់ការកើតនៃចក្ខុទី ២ ថា
យំ មំ សោ យាចិតុំ អាគា ទេហិ ចក្ខុន្តិ ព្រាហ្មណោ
តស្ស ចក្ខូនិ បាទាសិំ ព្រាហ្មណស្ស វនិព្ពតោ។
ព្រាហ្មណ៍នោះមក ដើម្បីសូមនូវភ្នែកណានឹងយើងថា សូមព្រះអង្គ ប្រទាននូវភ្នែក យើងក៏បានឲ្យនូវភ្នែកទាំងឡាយនោះ ដល់ព្រាហ្មណ៍ដែលសូមនោះហើយ ។
ភិយ្យោ មំ អាវិសី បីតិ សោមនស្សញ្ចនប្បកំ
ឯតេន សច្ចវជ្ជេន ទុតិយំ មេ ឧបបជ្ជថ។
បីតិនិងសោមនស្សដ៏ច្រើនក៏កើតឡើងដល់យើង ដោយក្រៃលែង សូមឲ្យភ្នែកជាគម្រប់ពីរកើតមានដល់យើង ដោយពោលពាក្យសច្ចៈនេះ ។
បណ្ដាបទទាំងនោះ បទថា យំ មំ សេចក្ដីថា ព្រាហ្មណ៍មកសូមនឹង យើង ។ បទថា សោ សេចក្ដីថា ព្រាហ្មណ៍នោះអ្នកមានចក្ខុពិការមកដើម្បីសូមយើងថា សូមព្រះអង្គមេត្តាប្រទានចក្ខុដល់ខ្ញុំ ។ បទថា វនិព្វតោ សេចក្ដីថាដល់ព្រាហ្មណ៍អ្នកមកសូម ។ បទថា ភិយ្យោ មំ អាវិសិ សេចក្ដីថា គ្រាឲ្យចក្ខុ ទាំងពីរដល់ព្រាហ្មណ៍ហើយ រាប់តាំងតែអំពីកាលនោះមកក៏ជាមនុស្សខ្វាក់ មិនអើពើនូវទុក្ខវេទនាដែលមានសភាពដូចនោះ ក្នុងកាលងងឹតនោះឡើយ បីតីដ៏ខ្លាំងក្លាផ្សាយទៅ គឺចូលទៅកាន់ហឫទ័យរបស់យើង អ្នកពិចារណាថា ឱ !ទាន គឺយើងបានឲ្យដោយល្អ ទាំងសេចក្ដីសោមនស្សដ៏អបរិមាណជាអនន្តក៏កើតដល់យើង ។ បទថា ឯតេន សេចក្ដីថា ប្រសិនបើបីតិសោមនស្សមិនមែនតិចកើតឡើងដល់យើង ក្នុងកាលនោះសោត នេះជាសច្ចវាចាដែលយើងបានពោលហើយ ដោយការពោលសច្ចវាចានេះ ចក្ខុសូម្បីទី ២ ចូរកើតឡើងដល់ យើងចុះ ។
ក្នុងខណៈនោះឯង ព្រះនេត្រដួងទី ២ ក៏កើតឡើង ។ តែព្រះនេត្ររបស់ ព្រះបាទសិវិនោះ មិនមែនជាព្រះនេត្រធម្មតា ហើយក៏មិនមែនជាព្រះនេត្រទិព្វ ។ ព្រោះព្រះនេត្ររបស់ព្រះអង្គទ្រង់ប្រទា នដល់សក្កព្រាហ្មណ៍ហើយ ទាំងសក្កព្រាហ្មណ៍ក៏មិនអាចធ្វើព្រះនេត្រ ឲ្យជាប្រក្រតីដូចដើមឡើយ ម្យ៉ាងទៀត ឈ្មោះថា ចក្ខុជាទិព្វរមែងមិនកើតដល់វត្ថុដែលវិនាសហើយឡើយ ព្រោះហេតុនោះ ព្រះនេត្រទាំងនោះ របស់ព្រះបាទសិវិនោះ ត្រូវហៅថា សច្ចបារមិតាចក្ខុ គឺចក្ខុដែលកើតឡើងដោយអានុភាពនៃសច្ចបារមី ។ ក្នុងកាលព្រះនេត្រទាំងនោះកើតឡើង ព្រមគ្នានោះឯង រាជបរិវារទាំងពួងបានមកប្រជុំគ្នាហើយ ដោយអានុភាពរបស់ សក្កទេវរាជ ។ លំដាប់នោះ កាលសក្កទេវរាជធ្វើនូវការសរសើរព្រះបាទសិវិក្នុង កណ្ដាលមហាជននោះឯង ទើបត្រាស់ព្រះគាថាទាំងឡាយ ២ ថា
ធម្មេន ភាសិតា គាថា សិវីនំ រដ្ឋវឌ្ឍន
ឯតានិ តវ នេត្តានិ ទិព្ពានិ បដិទិស្សរេ។
បពិត្រក្សត្រិយ៍ អ្នកញ៉ាំងដែនរបស់អ្នកដែនសីវិឲ្យចម្រើន គាថាដែលព្រះអង្គពោលតាមធម៌ សូមឲ្យព្រះនេត្រទាំងពីរ របស់ព្រះអង្គនេះប្រាកដដូចជា ទិព្វ ។
តិរោកុដ្ដំ តិរោសេលំ សមតិគ្គយ្ហ បព្ពតំ
សមន្តា យោជនសតំ ទស្សនំ អនុភោន្តុ តេ។
ព្រះនេត្រទាំងពីររបស់ព្រះអង្គនោះ សូមឲ្យបាននូវការឃើញធ្លុះធ្លាយ ទៅខាងក្រៅជញ្ជាំង ខាងក្រៅភ្នំថ្ម អស់ទីចំនួនមួយរយយោជន៍ ដោយជុំវិញ ។
បណ្ដាបទទាំងនោះ បទថា ធម្មេន ភាសិតា សេចក្ដីថា បពិត្រមហារាជ គាថាទាំងឡាយនេះ ព្រះអង្គពោលហើយតាមធម៌ គឺតាមសភាវៈ ។ បទថា ទិព្វានិ សេចក្ដីថា ប្រកបដោយអានុភាពដែលជាទិព្វ ។ បទថា បដិទិស្សរេ ប្រែថា នឹងប្រាកដ ។ បទថា តិរោកុដ្ដំ សេចក្ដីថា បពិត្រមហារាជ ព្រះនេត្រទាំងនោះរបស់ព្រះអង្គ មើលឃើញចាក់ធ្លុះ កន្លងផុតខាងក្រៅជញ្ជាង គំនរនៃភ្នំ សូម្បីភ្នំយ៉ាងណានីមួយ ហាក់បីដូចជាភ្នែកនៃទេវតាទាំងឡាយ រមែងសោយ គឺសម្រេចនូវការឃើញរូប អស់ទីចំនួន ១០០ យោជន៍ អំពីទិសទាំងឡាយ ១០ ដោយជុំវិញ ។
សក្កទេវរាជ ប្រថាប់ឈរលើអាកាស ត្រាស់ព្រះគាថាទាំងនេះ ក្នុងកណ្ដាលមហាជនហើយ ទ្រង់ប្រទានឱវាទព្រះមហាសត្វថា សូមព្រះអង្គកុំប្រមាទ ហើយស្ដេចទៅកាន់ទេវលោក ។ ចំណែកមហាសត្វ ទ្រង់ឡោមព័ទ្ធដោយមហាជនស្ដេចចូលកាន់ព្រះនគរ ដោយសក្ការៈធំ ហើយស្ដេចឡើងកាន់សុចន្ទកប្រាសាទ ។ ភាពដែលព្រះបាទសិវិបាននូវចក្ខុទាំងគូដូចដើមវិញ បានប្រាកដក្នុងដែនសិវិទាំងមូល ។ លំដាប់នោះ អ្នកដែនសិវិទាំងអស់ កាន់គ្រឿងបណ្ណាការជាច្រើន មកហើយដើម្បីចូលគាល់ព្រះបាទសិវិ ។
ព្រះមហាសត្វទ្រង់ត្រិះរិះថា យើងពណ៌នានូវទានរបស់ក្នុងមហាសន្និបាតនេះ ទើបត្រាស់ឲ្យសាងមហាមណ្ឌប ត្រង់ទ្វារព្រះរាជនិវេសន៍ ទ្រង់ប្រថាប់លើរាជបល្ល័ង្ក ខាងក្រោមសមុស្សិតស្វេតច្ឆត្រ ត្រាស់ឲ្យវាយស្គរប្រកាសក្នុងព្រះនគរ ឲ្យសេនាទាំងពួងប្រជុំគ្នាហើយត្រាស់ថា ម្នាលអ្នកដែនសិវិដ៏ចម្រើនទាំងឡាយ អ្នកទាំងឡាយបានឃើញព្រះនេត្រដែលដូចជាទិព្វរបស់យើងនេះ ចាប់អំពីនេះតទៅ បើមិនទាន់បានឲ្យទានជាមុន អ្នកទាំងឡាយកុំបរិភោគឡើយ កាលទ្រង់សម្ដែងធម្មទេសនា បានត្រាស់ព្រះគាថា ទាំងឡាយ ៤ ថា
កោ នីធ វិត្តំ ន ទទេយ្យ យាចិតោ អបិ វិសិដ្ឋំ សុបិយម្បិ អត្តនោ
តទិង្ឃ សព្ពេ សិវយោ សមាគតា ទិព្ពានិ នេត្តានិ មមជ្ជ បស្សថ។
អ្នកណាមួយក្នុងលោកនេះ ដែលគេសូម ហើយមិនឲ្យនូវទ្រព្យដ៏ពេញចិត្ត ឬទ្រព្យដ៏ថ្លៃថ្លា ជាទីស្រឡាញ់ ដ៏ក្រៃលែងរបស់ខ្លួន នែអ្នកដែនសីវិទាំងអស់ដែលមកប្រជុំគ្នា ចូរអ្នកទាំងឡាយមើល នូវភ្នែកទាំងពីររបស់អញ ដែលដូចជាទិព្វ ក្នុងថ្ងៃនេះចុះ ។
តិរោកុដ្ដំ តិរោសេលំ សមតិគ្គយ្ហ បព្ពតំ
សមន្តា យោជនសតំ ទស្សនំ អនុភោន្តិ មេ។
ចក្ខុទាំងពីររបស់យើង រមែងបាននូវការឃើញធ្លុះធ្លាយ ទៅខាងក្រៅជញ្ជាំង ខាងក្រៅភ្នំថ្ម អស់ទីចំនួនមួយរយយោជន៍ដោយជុំវិញ ។
ន ចាគមត្តា បរមត្ថិ កិញ្ចិ មច្ចានំ ឥធ ជីវិតេ
ទត្វាន មានុសំ ចក្ខុំ លទ្ធំ មេ ចក្ខុំ អមានុសំ។
(វត្ថុណាមួយ) ក្នុងជីវិត របស់សត្វទាំងឡាយនេះ រមែងមិនប្រសើរជាង ចាគៈទេ (ខ្លួនយើង) បានឲ្យនូវចក្ខុជារបស់មនុស្សហើយបាននូវចក្ខុទិព្វ ដែលមិនមែនជារបស់មនុស្ស ។
ឯតម្បិ ទិស្វា សិវយោ ទេថ ទានានិ ភុញ្ជថ
ទត្វា ច ភុត្វា ច យថានុភាវំ អនិន្ទិតា សគ្គមុបេថ ឋាន។
ម្នាលអ្នកដែនសីវិទាំងឡាយ អ្នកទាំងឡាយបានឃើញហេតុនេះហើយ ចូរឲ្យទាន ចូរបរិភោគ លុះឲ្យហើយបរិភោគហើយ តាមសមគួរដល់អនុភាព សូមឲ្យជាអ្នកមិនមានអ្នកណាតិះដៀលបាន ហើយចូរទៅកាន់ឋានសួគ៌ចុះ ។
បណ្ដាបទទាំងនោះ បទថា កោ នីធ កាត់បទថា កោ នុ ឥធ ប្រែថា អ្នកណាក្នុងលោកនេះ ។ បទថា អបិ វិសិដ្ឋំ សេចក្ដីថា សូម្បីជារបស់វិសិដ្ឋ ។ បទថា ចាគមត្តា សេចក្ដីថា ឈ្មោះថារបស់ដទៃដែលនឹងប្រសើរជាងប្រមាណនៃទានរបស់យើងមិនមាន ។ បទថា ឥធ ជីវិតេ សេចក្ដីថា ក្នុងជីវលោកនេះ ។ បទថា អមានុសំ សេចក្ដីថា ចក្ខុដូចជាទិព្វដែលយើងបានហើយដោយហេតុនេះទើបគួរជ្រាបសេចក្ដីនេះថា ឈ្មោះថាវត្ថុដែលប្រសើរជាការបរិច្ចាគមិនមាន ។ បទថា ឯតម្បិ ទិស្វា សេចក្ដីថា អ្នកទាំងឡាយសូម្បីឃើញនូវចក្ខុដែលដូចជាទិព្វដែលយើងបានហើយ (ចូរឲ្យទានមុនទើបបរិភោគជាក្រោយ) ។
ព្រះបាទសិវិទ្រង់សម្ដែងធម៌ដោយគាថាទាំង ៤ នេះដោយប្រការដូច្នេះហើយ ចាប់ផ្ដើមអំពីនោះមក ក្នុងថ្ងៃបន្នរសុបោសថ (ឧបោសថថ្ងៃទី១៥) រាល់កន្លះខែទ្រង់ឲ្យមហាជនប្រជុំគ្នា ទ្រង់សម្ដែងធម៌ដោយគាថាទាំងនេះជាប្រចាំ ។ មហាជនស្ដាប់ព្រះធម៌នោះហើយ នាំគ្នាធ្វើបុណ្យទាំងឡាយ មានឲ្យទានជាដើម កាលធ្វើឲ្យពេញនូវទេវលោក បានទៅកាន់ហើយទេវលោក ។
ព្រះសាស្ដាគ្រាទ្រង់នាំព្រះធម្មទេសនានេះហើយ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បោរាណកបណ្ឌិតទាំងឡាយ មិនត្រេកអរដោយពាហិរទាន បានឆ្កៀលនូវភ្នែកទាំងពីររបស់ខ្លួនឲ្យជាទាន ដល់យាចកអ្នកមកដល់ចំពោះមុខ ដោយអាការៈយ៉ាងនេះ ហើយទ្រង់ប្រកាសចតុរារិយសច្ច ប្រជុំជាតកថា
តទា សីវិកវេជ្ជោ អានន្ទោ អហោសិ សីវិកពេទ្យក្នុងកាលនោះបានមកជាអានន្ទ ។
សក្កោ អនុរុទ្ធោ អហោសិ សក្កទេវរាជបានមកជាអនុរុទ្ធ ។
សេសបរិសា ពុទ្ធបរិសា រាជបរិសទ្យដ៏សេសបានមកជាពុទ្ធបរិស័ទ ។
សិវិរាជា បន អហមេវ អហោសិំ ចំណែកព្រះបាទសិវិរាជ បានមកជាតថាគត ដូច្នេះឯង ។
ចប់ សិវិជាតក ។
ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយជាតក វីសតិនិបាត បិដកលេខ ៦០ ទំព័រ ៧៤
ដោយ៥០០០ឆ្នាំ
images/articles/2850/_________xtpic.jpg
គប្បីហាមឃាត់អំពើអាក្រក់តាំងពីនៅតិចតួច
ផ្សាយ : ២១ មករា ឆ្នាំ២០២៣
តិលមុដ្ឋិជាតក
(គប្បីហាមឃាត់អំពើអាក្រក់តាំងពីនៅតិចតួច)
ព្រះបរមសាស្តា កាលដែលព្រះអង្គទ្រង់គង់ប្រថាប់នៅនាមហាវិហារព្រះជេតពន ទ្រង់ប្រារព្ធភិក្ខុមួយ អង្គដែលច្រើនទៅដោយសេចក្តីក្រោធ ទើបត្រាស់រឿងនេះ មានព្រះបាលីថា អជ្ជាបិ មេ តំ មនសិ ដូច្នេះជាដើម ។ បានស្តាប់មកថា មានព្រះភិក្ខុ ១ អង្គ លោកច្រើនទៅដោយសេចក្តីក្រោធ និងសេចក្តីចង្អៀតចង្អល់ចិត្ត គ្រាន់តែអ្នកដទៃថាអ្វីឲ្យបន្តិចបន្តួច ក៏ខឹងក្រោធភ្លាម ធ្វើការប្រទូសរ៉ាយ និងការអន់ចិត្តឲ្យប្រាកដ ។
ក្រោយមកថ្ងៃមួយ ភិក្ខុទាំងឡាយគង់អង្គុយសន្ទនាគ្នាក្នុងសាលាធម្មសភាថា លោកដ៏មានអាយុទាំងឡាយ ភិក្ខុអង្គនោះ ជាបុគ្គលច្រើនដោយសេចក្តីក្រោធ និងសេចក្តីចង្អៀតចង្អល់ចិត្ត ពេលក្រោធម្តងៗ មានសភាពដូចអំបិលដែលគេបាចក្នុងភ្លើងចង្ក្រាន ដូច្នោះឯង ។ លោកបួសក្នុងព្រះសាសនា ដែលប្រដៅមិនឲ្យក្រោធ ជាសាសនានាំសត្វឲ្យរួចផុតចាកពីសេចក្តីសៅហ្មងគ្រប់យ៉ាង ប៉ុន្តែសូម្បីគ្រាន់តែសេចក្តីក្រោធប៉ុណ្ណោះ ក៏មិនអាចគ្របសង្កត់បាន។
ព្រះបរមសាស្តាស្តេចយាងមកកាន់សាលាធម្មសភា ទ្រង់ជ្រាបអំពីការសន្ទនារបស់ភិក្ខុទាំងឡាយ ព្រះអង្គត្រាស់ឲ្យភិក្ខុ ១ អង្គទៅនិមន្តភិក្ខុដែលច្រើនទៅ ដោយសេចក្តីក្រោធនោះមក កាលដែលលោកនិមន្តមកដល់ហើយ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ មានដំណឹងថា លោកជាបុគ្គលក្រោធងាយ ពិតមែនឬ ? កាលដែលភិក្ខុអង្គនោះ ក្រាបទូលការពិតហើយ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីក្នុងកាលមុន ភិក្ខុនេះក៏បានជាអ្នកច្រើនទៅដោយសេចក្តីក្រោធដូចគ្នាដែរ។ កាលដែលភិក្ខុទាំងឡាយទូលអារាធនា ទើបព្រះភគវា នាំយករឿងក្នុងអតីតកាលមកសម្តែងតទៅ ៖
ក្នុងអតីតកាល គ្រាដែលព្រះបាទព្រហ្មទត្តគ្រងរាជសម្បត្តិក្នុងក្រុងពារាណសី ឱរសរបស់ព្រះបាទព្រហ្មទត្តនោះ មាននាមថា ព្រហ្មទត្តកុមារ។ ក្នុងការអប់រំនិងបណ្តុះបណ្តាលបុត្រ ព្រះរាជាក្នុងគ្រាមុនៗ សូម្បីមានអាចារ្យទិសាបាមោក្ខក្នុងនគររបស់ខ្លួនក៏ដោយ ក៏នៅតែបញ្ជូនបុត្ររបស់ព្រះអង្គឲ្យទៅរៀនសិល្ប៍សាស្រ្តនៅទីឆ្ងាយ ក្រៅពីនគររបស់ខ្លួនដែរ ។ ដែលធ្វើយ៉ាងនេះ មកអំពីព្រះរាជាមានសេចក្តីសង្ឃឹមថា ព្រះរាជបុត្រទាំងនោះ នឹងកម្ចាត់នូវភាពក្រអឺតក្រអោងដោយមានះផង និងជាអ្នកចេះមានសេចក្តីអត់ធន់ចំពោះក្តៅរងាផង ព្រមទាំងនឹងបានដឹងនូវប្រពៃណី ទំនៀមទម្លាប់របស់មនុស្ស ក្នុងលោកផងដែរ ។
ព្រោះហេតុដូច្នោះ ទើបព្រះបាទព្រហ្មទត្ត ត្រាស់ហៅព្រហ្មទត្តកុមារជាព្រះរាជបុត្រ ដែលមានព្រះជន្មវស្សា ១៦ ឆ្នាំ ឲ្យចូលមកគាល់ ហើយព្រះរាជទាននូវស្បែកព្រះបាទមួយគូ ឆត្រស្លឹកឈើមួយ និងទ្រព្យ ១ ពាន់កហាបណៈ ព្រមទាំងត្រាស់ប្រាប់ថា បុត្រចូរទៅកាន់នគរតក្កសិលា ប្រឹងប្រែងសិក្សាយកនូវសិល្ប៍សាស្ត្រមក ។ ព្រហ្មទត្តកុមារទទួលព្រះរាជឱង្ការហើយថ្វាយបង្គំព្រះរាជមាតាបិតាលាចេញទៅ ។ ព្រហ្មទត្តកុមារ ក៏បានសួររកផ្ទះលោកអាចារ្យឃើញហើយ ក៏ដោះស្បែកព្រះបាទ និងដោះឆត្រ ចូលទៅសំពះលោកអាចារ្យ រួចឈរក្នុងទីដ៏សមគួរ ។
កាលដែលលោកអាចារ្យធ្វើបដិសណ្ឋារៈ និងសាកសួរដឹងហេតុការណ៍សព្វគ្រប់ហើយ ក៏ទទួលបង្ហាត់បង្រៀននូវសិល្ប៍៍សាស្ត្រដល់ព្រហ្មទត្តកុមារដោយពិស្តារ ចំណែកព្រះរាជកុមារ ក៏រៀនយកនូវសិល្ប៍សាស្ត្រដោយការតាំងចិត្ត ។ ថ្ងៃមួយ ព្រហ្មទត្តកុមារ និងសិស្សទាំងឡាយ ទៅងូតទឹកព្រមជាមួយនឹងលោកអាចារ្យ គ្រានោះមានស្ត្រីចាស់ជរាម្នាក់បកសំបកគ្រាប់ល្ងហើយយកមកហាល ទាំងដែលនៅអង្គុយចាំមើលទៀតផង ព្រហ្មទត្តកុមារ ឃើញគ្រាប់ល្ងដែលយាយហាល ក៏នឹកចង់បរិភោគ ទើបចាប់យកមួយក្តាប់ដៃមកទំពាបរិភោគ ស្ត្រីចាស់ជរាគិតថា មាណពនេះចង់បរិភោគ ទើបអង្គុយស្ងៀមមិនបានពោលអ្វីឡើយ ។ ថ្ងៃបន្ទាប់មកទៀត ព្រះរាជកុមារនោះ ក៏បានធ្វើយ៉ាងនោះទៀត សូម្បីស្ត្រីចាស់ជរាក៏មិនបានពោលថាអ្វីដែរ នៅស្ងៀមជាលើកទី ២ ។
លុះដល់ថ្ងៃទី ៣ ព្រះរាជកុមារក៏នៅតែចាប់យកល្ងរបស់ស្ត្រីចាស់ជរានោះដដែលទៀត លើកនេះ ស្ត្រីចាស់ជរាមិនអាចទ្រាំបាន គាត់ស្រែកយំហើយពោលរៀបរាប់ថា អាចារ្យទិសាបាមោក្ខ ប្រើឲ្យសិស្សរបស់ខ្លួនប្លន់យើង ។ អាចារ្យត្រឡប់មកសួរថា តើមានរឿងអ្វីលោកយាយ ។ ស្ត្រីចាស់ជរាពោលថា លោកអាចារ្យ សិស្សរបស់លោកបរិភោគគ្រាប់ល្ងខ្ញុំថ្ងៃនេះមួយក្តាប់ ម្សិលមិញ មួយក្តាប់ ម្សិលម្ង៉ៃមួយក្តាប់ បើសិស្សលោកអាចារ្យ ស៊ីល្ងរបស់ខ្ញុំយ៉ាងនេះ ទោះជាគ្រាប់ល្ងរបស់ខ្ញុំមាន ប៉ុន្មានក៏មិនសល់ដែរ ។ អាចារ្យទិសាបាមោក្ខពោលថា សូមលោកយាយ ឈប់យំទៅណ៎ា! ចាំខ្ញុំសងតម្លៃល្ងដល់លោកយាយ ។
ស្ត្រីចាស់ជរាពោលថា ខ្ញុំមិនត្រូវការតម្លៃអ្វីទេ ខ្ញុំត្រូវការឲ្យលោកប្រដៅសិស្សរបស់លោក កុំឲ្យថ្ងៃក្រោយធ្វើអ៊ីចឹងទៀត ។ អាចារ្យពោលថា មិនអីទេលោកយាយ សូមលោក យាយកុំព្រួយ លោកយាយចាំមើលណ៎ា! ភ្លាមនោះ លោកអាចារ្យបានឲ្យមាណពពីរនាក់ ចាប់ដៃព្រះរាជកុមារម្ខាងម្នាក់ ហើយទើបយករំពាត់ឫស្សីមកវាយកណ្តាលខ្នងព្រះរាជកុមារ ៣ រំពាត់ ព្រមទាំង ពោលប្រដៅថា អ្នកកុំធ្វើយ៉ាងនេះតទៅទៀត ។ ព្រះរាជកុមារក្រោធចំពោះលោកអាចារ្យ មានភ្នែកក្រហមសម្លឹងមើលលោកអាចារ្យតាំងពីខ្នងជើងរហូតដល់ចុងសក់ ។
ព្រះរាជកុមារ ប្រឹងប្រែងរៀនសិល្ប៍សាស្ត្ររហូតដល់ចប់ ទាំងមានគំនុំទុកក្នុងហឫទ័យ ដោយចងអាឃាតថា យើងនឹងសម្លាប់អាចារ្យនេះ នៅពេលដែលយើងបានសោយរាជ្យ ។ ដល់ពេលដែលត្រូវចាកចេញទៅកាន់ព្រះនគរវិញ ព្រះរាជកុមារបានក្រាបសំពះលោកអាចារ្យ ធ្វើដូចជាមានសេចក្តីស្រឡាញ់ និងដឹងគុណគ្រូអាចារ្យណាស់ បានពោលផ្តាំថា បពិត្រលោកអាចារ្យ កាលណាដែលខ្ញុំបាននូវរាជសម្បត្តិក្នុងព្រះនគរពារាណសី ខ្ញុំនឹងបញ្ជូនដំណឹងមក កាលនោះសូមលោកអាចារ្យអញ្ជើញទៅ កុំខានឲ្យសោះ ពោលផ្តាំរួចហើយក៏ចាកចេញទៅ ។
ព្រហ្មទត្តកុមារ ធ្វើដំណើរដល់ក្រុងពារាណសី បានចូលទៅថ្វាយបង្គំព្រះជនកព្រះជននី ហើយសម្តែងសិល្ប៍សាស្ត្រឲ្យទ្រង់ទាំងពីរបានទតព្រះនេត្រ ។ ព្រះរាជាត្រាស់ថា យើងមានជីវិតនៅទាន់បុត្ររបស់យើងហ្ន៎ ! ដែលបុត្ររបស់យើងរុងរឿងក្នុងរាជសម្បត្តិ ទើបទ្រង់ស្ថាបនាព្រះរាជបុត្រ ឲ្យជាព្រះរាជាគ្រប់គ្រងព្រះនគរតទៅ ។ កាលបានគ្រងសិរីរាជសម្បត្តិហើយ ក៏រលឹកដល់រឿងដែលលោកអាចារ្យបានធ្វើមកលើព្រះអង្គ កាលដែលទ្រង់នៅជាសិស្សក្នុងនគរតក្កសិលា ស្តេចទ្រង់វិរោធឆួលឆេះក្នុងព្រះឱរា ទើបចាត់ការបញ្ជួនទូតទៅ ដោយតាំងព្រះហឫទ័យថា យើងនឹងសម្លាប់អាចារ្យនោះ ។
លោកគ្រូអាចារ្យ បានទទួលការអញ្ជើញពីព្រះរាជាក្រុងពារាណសីហើយ ក៏គិតថា ក្នុងពេលដែលព្រះរាជានៅក្មេង ដូច្នេះ យើងមិនអាចឲ្យទ្រង់យល់បានឡើយ គិតហើយ គាត់ក៏មិនបានទៅក្នុងពេលនោះដែរ ។ លុះដល់វេលាដែលព្រះរាជានោះ ចូលដល់មជ្ឈិមវ័យហើយ ទើបលោកគ្រូអាចារ្យគិតថា ឥឡូវនេះ យើងអាចធ្វើឲ្យព្រះរាជាក្រុងពារាណសីយល់បាន ទើបធ្វើដំណើររហូតចូលដល់ក្រុងពារាណសី ហើយឈរនៅនាខ្លោងទ្វារព្រះរាជវាំង ឲ្យគេក្រាបទូលថា អាចារ្យពីនគរតក្កសិលាមកហើយ ។
ព្រះរាជាទ្រង់សោមនស្សត្រេកអរ បង្គាប់ឲ្យនាំលោកគ្រូអាចារ្យចូលមក គ្រាន់តែទ្រង់ទតព្រះនេត្រឃើញលោកគ្រូអាចារ្យដែលចូលមកគាល់ភ្លាម ទ្រង់ពិរោធរហូតដល់ព្រះនេត្រទាំងពីរឡើងក្រហម ហើយត្រាស់ហៅអាមាត្យទាំងឡាយមកថា នែអាមាត្យទាំងឡាយ ! អាចារ្យនេះហើយវាយយើងឲ្យបែកខ្នង នៅស្នាមរហូតដល់សព្វថ្ងៃ ឥឡូវគេមករកសេចក្តីស្លាប់ដោយមិនដឹងខ្លួនថា អាត្មាអញ នឹងស្លាប់ក្នុងថ្ងៃនេះ ។
រួចហើយព្រះរាជាបានត្រាស់ទៅរកលោកគ្រូអាចារ្យ ដោយគាថា ដែលមានសេចក្តីថា អ្នកឲ្យគេចាប់យើងត្រង់ដើមដៃ ហើយអ្នកវាយយើងដោយរំពាត់ ព្រោះហេតុតែល្ងមួយក្តាប់ ការវាយយើងដោយរំពាត់ ព្រោះហេតុតែល្ងមួយក្តាប់ ការវាយនោះ ប្រាកដក្នុងចិត្តរបស់យើងដរាបដល់ថ្ងៃនេះ។ ម្នាលព្រាហ្មណ៍ អ្នកមិនត្រេកអរក្នុងជីវិតរបស់អ្នកហើយឬ ទើបបានជាមករកយើងដល់ទីនេះ អំពើដែលអ្នកឲ្យគេចាប់ដៃយើងម្ខាងម្នាក់ ហើយអ្នកបានវាយយើងដល់ទៅ ៣ រំពាត់នោះ នឹងតបស្នងដល់អ្នកវិញក្នុងថ្ងៃនេះឯង ។ លោកគ្រូអាចារ្យបានស្តាប់ហើយ ទើបពោលគាថា ដូច្នេះថា ៖
អរិយោ អនរិយំ កុព្ពន្តំ យោ ទណ្ឌេន និសេធតិ
សាសនំ តំ ន តំ វេរំ ឥតិ នំ បណ្ឌិតា វិទូ។
អរិយជនណា ហាមឃាត់នូវបុគ្គលមិនប្រសើរ មានការដាក់ទោសដល់អ្នកដែលប្រព្រឹត្តអាក្រក់ អំពើរបស់អរិយជននោះ រាប់ថាជាការប្រៀនប្រដៅ គឺមិនមែនជាពៀរឡើយ បណ្ឌិតទាំងឡាយ រមែងដឹងច្បាស់នូវហេតុនោះ ដូច្នេះឯង ។
បពិត្រមហារាជ ព្រោះហេតុនោះ សូម្បីព្រះអង្គក៏សូមទ្រង់ជ្រាបយ៉ាងនេះចុះ ព្រះអង្គមិនគួរសាងកម្មពៀរក្នុងសភាពបែបនេះឡើយ ។ ប្រសិនបើក្នុងកាលនោះ ទូលព្រះបង្គំ មិនបានទូន្មានប្រៀនប្រដៅព្រះអង្គទេ បន្តមកទៀត ទ្រង់នឹងលួចនំ លួចស្ករក្រួសនិងផ្លែឈើជាដើម ម៉្លោះហើយទ្រង់នឹងធ្លាក់ក្នុងចោរកម្មផ្សេងៗ រហូតដល់លួចប្លន់សម្លាប់មនុស្សតាមផ្លូវ សម្លាប់អ្នកស្រុកទីបំផុត ត្រូវគេចាប់បានព្រមទាំងព័ស្តុតាងទូលដល់ព្រះរាជា ទ្រង់នឹងទទួលនូវភ័យគឺអាជ្ញា ដោយព្រះតម្រាស់ថា ពួកអ្នកចូរដាក់អាជ្ញា ឲ្យសមគួរដល់ទោសរបស់ចោរនេះ ដូច្នោះ តើសម្បត្តិមានសភាពបែបនេះ នឹងសម្រេចដល់ព្រះអង្គបានដូចម្តេចទៅ តាមពិត ទ្រង់បានដល់នូវសភាពជាធំយ៉ាងរៀបរយដូច្នេះ ក៏ព្រោះអាស្រ័យទូលព្រះបង្គំជាខ្ញុំហ្នឹងឯង មិនមែនទេឬ ? លោកគ្រូអាចារ្យបានធ្វើឲ្យព្រះរាជាទទួលព្រមដោយប្រការដូចពោលមកនេះឯង ។
ក្នុងពេលនោះ អាមាត្យទាំងឡាយ ដែលឈរនៅជុំវិញ បានស្តាប់ពាក្យលោកគ្រូអាចារ្យហើយ ទើបក្រាបទូលថា ព្រះករុណាថ្ងៃវិសេស ពាក្យដែលលោកអាចារ្យពោលនេះជាការពិតណាស់ ភាពជាធំនេះ គឺជារបស់លោកអាចារ្យរបស់ព្រះអង្គដោយពិត ។ ខណៈនោះ ព្រះរាជាទ្រង់កំណត់បាន ទ្រង់ដឹងគុណលោកគ្រូអាចារ្យទើបត្រាស់ថា បពិត្រលោកអាចារ្យ ខ្ញុំសូមជូននូវភាពជាធំនេះដល់លោក សូមលោកទទួលនូវរាជសម្បត្តិនេះចុះ ។ លោកគ្រូអាចារ្យបដិសេធថា ទូលព្រះបង្គំជាខ្ញុំមិនត្រូវការនូវរាជសម្បត្តិឡើយ ។
ព្រះរាជាទ្រង់បានបញ្ជូនដំណឹងទៅកាន់នគរតក្កសិលា ឲ្យនាំបុត្រនិងភរិយារបស់លោកគ្រូអាចារ្យមក ហើយទ្រង់ប្រទានឥស្សរិយយសដ៏ធំ ដោយទ្រង់តែងតាំងលោកគ្រូអាចារ្យនោះឯង ក្នុងតំណែងជាបុរោហិត និងតាំងទុកក្នុងឋានៈជាបិតា ។ ព្រះរាជាតាំងនៅក្នុងឱវាទរបស់បុរោហិត បំពេញបុណ្យទាំងឡាយមានទានជាដើម និងមានសុគតិភពប្រព្រឹត្តទៅខាងមុខ ។
ព្រះបរមសាស្តា កាលដែលព្រះអង្គទ្រង់នាំយកនូវព្រះធម៌ទេសនានេះ មកសម្តែងរួចហើយ ព្រះអង្គទ្រង់ប្រកាសចតុរារិយសច្ច និងប្រជុំជាតក ។ ក្នុងវេលាចប់សច្ចកថា ភិក្ខុដែលច្រើនទៅដោយសេចក្តីក្រោធ បានតាំងនៅក្នុងអនាគាមិផល បរិស័ទដទៃៗ បានជាព្រះសោតាបន្ន និងព្រះសកទាគាមី ។ព្រះរាជាក្នុងគ្រានោះ បានមកជាភិក្ខុដែលច្រើនទៅដោយសេចក្តីក្រោធនេះឯង
ចំណែកលោកគ្រូអាចារ្យ គឺបានមកជា តថាគត ៕
(អដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តិកនិបាត សង្កប្បវគ្គ បិដកលេខ ៥៨ ទំព័រ ១៣៩)
ដោយ៥០០០ឆ្នាំ
images/articles/2838/thjxtpic.jpg
មោនេយ្យបដិបទា ឬនាលកបដិបទា
ផ្សាយ : ២១ មករា ឆ្នាំ២០២៣
ព្រះនាលកត្ថេរបានស្ដាប់ដូចនោះហើយ ក៏ជាអ្នកមានសេចក្ដីប្រាថ្នាតិចក្នុងឋានៈ ៣ គឺ ការក្នុងឃើញ ១ ក្នុងការស្ដាប់ ១ ក្នុងការសួរ ១ ។ កាលចប់ព្រះធម្មទេសនា ព្រះនាលកៈមានចិត្តជ្រះថ្លា ថ្វាយបង្គំព្រះមានព្រះភាគ ហើយចូលទៅកាន់ព្រៃ មិនញ៉ាំងការប្រាថ្នាច្រើនឲ្យកើតឡើងថា ធ្វើយ៉ាងណាហ៎្ន ទើបយើងបានគាល់ព្រះមានព្រះភាគទៀត នេះគឺជាភាពជាអ្នកប្រាថ្នាតិចក្នុងការឃើញរបស់ព្រះនាលកៈ ។ មួយទៀត មិនញ៉ាំងការប្រាថ្នាច្រើនឲ្យកើតឡើងថា ធ្វើយ៉ាងណាហ៎្ន យើងគប្បីបានស្ដាប់ព្រះធម្មទេសនាទៀត នេះគឺភាពជាអ្នកប្រាថ្នាតិក្នុងការស្ដាប់របស់ព្រះនាលកៈ ។ មួយទៀត មិនញ៉ាំងការប្រាថ្នាច្រើនឲ្យកើតឡើងថា ធ្វើដូចម្ដេចហ៎្ន យើងគប្បីបានសាកសួរក្នុងមោនេយ្យបដិបទាទៀត នេះគឺ ភាពជាអ្នកប្រាថ្នាតិក្នុងការសួររបស់ព្រះនាលកៈនោះ ។
ព្រះនាលកៈនោះ ជាអ្នកមានសេចក្ដីប្រាថ្នាតិចយ៉ាងនេះ ចូលទៅកាន់ជើងភ្នំហើយ មិននៅអស់ ២ ថ្ងៃក្នុងព្រៃមួយ, មិនអង្គុយអស់ ២ ថ្ងៃ នៅក្រោមដើមឈើមួយ, មិនចូលទៅបិណ្ឌបាតក្នុងស្រុកមួយ អស់ ២ ថ្ងៃ ។ ព្រះនាលកៈត្រាច់ពីព្រៃមួយទៅព្រៃមួយ ពីដើមឈើមួយទៅដើមឈើមួយ ពីស្រុកមួយទៅស្រុកមួយ បដិបត្តិបដិបទាដ៏សមគួរ ហើយតាំងនៅក្នុងអរហត្តផល ។ ភិក្ខុអ្នកបំពេញមោនេយ្យបដិបទាយ៉ាងឧក្រិដ្ឋ នឹងមានជីវិតរស់នៅបាន ៧ ខែប៉ុណ្ណោះ ។ បំពេញយ៉ាងកណ្ដាល នឹងមានជីវិតរស់នៅបាន ៧ ឆ្នាំ ។ បើបំពេញកម្រិតស្រាល នឹងមានជីវិតរស់នៅបាន ១៦ ឆ្នាំ ។
ព្រះនាលកត្ថេរនេះ លោកបដិបត្តិយ៉ាងឧក្រិដ្ឋ ដូច្នោះលោករស់នៅបានត្រឹមតែ ៧ ខែ ដឹងថា ខ្លួននឹងអស់អាយុ ទើបស្រង់ទឹក ស្លៀកបណ្ដប់សំពត់ ក្រវ៉ាត់វត្ថពន្ធចង្កេះ ដណ្ដប់សង្ឃាដិ ២ ជាន់ បែរមុខទៅទិសដែលព្រះទសពលគង់នៅ ថ្វាយបង្គំដោយបញ្ចង្គបត្រិស្ថាន ផ្គងអញ្ជលី ឈរត្រង់ចង្កេះភ្នំហិង្គុលិកៈ បរិនិព្វានដោយអនុបាទិសេសនិព្វានធាតុ ។
ព្រះមានព្រះភាគទ្រង់ជ្រាបថា ព្រះនាលកៈបរិនិព្វានហើយ ទើបស្ដេចយាងទៅកាន់ភ្នំនោះព្រមដោយភិក្ខុសង្ឃ ធ្វើឈាបនកិច្ច ឲ្យកាន់យកព្រះធាតុយកទៅបញ្ចុះនៅចេតិយ ហើយស្ដេចយាងត្រឡប់ ។
(បរមត្ថជោតិកា សុត្តន្តបិដក ខុទ្ទកនិកាយ សុត្តនិបាត មហាវគ្គ នាលកសូត្រ)
ដោយខេមរ អភិធម្មាវតារ
ដោយ៥០០០ឆ្នាំ
images/articles/2871/____________pic.jpg
មច្ឆជាតក
ផ្សាយ : ២១ មករា ឆ្នាំ២០២៣
រឿងស្ដេចត្រីពោធិសត្វប្រកាសសច្ចវាចាហៅភ្លៀងឲ្យធ្លាក់ចុះ
ព្រះបរមសាស្តា កាលស្ដេចគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភ្លៀងដែលទ្រង់ បណ្តាលឲ្យធ្លាក់មក បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា អភិត្ថនយ បជ្ជុន្ន ដូច្នេះជាដើម ។ បានឮថា សម័យមួយ ក្នុងដែនកោសលមិនមានភ្លៀងសោះ សន្ទូងទាំងឡាយ ហួតហែង អណ្តូងទឹក ស្រះបោក្ខរណី និងស្រះក្នុងទីនោះៗ ក៏រីងស្ងួត សូម្បីស្រះ បោក្ខរណីជេតពនដែលនៅជិតខ្លោងទ្វារវត្តជេតពនក៏ដាច់ទឹកដែរ ។ ហ្វូងក្អែកនិងហ្វូង បក្សីជាដើម នាំគ្នាចោមរោមយកចំពុះចឹកត្រីនិងអណ្តើកដែលកប់ចូលទៅក្នុងភក់ ចេញ មកស៊ីទាំងដែលកំពុងរើបម្រះ ។
ព្រះបរមសាស្តា ទ្រង់ទតឃើញសេចក្តីវិនាសរបស់ត្រី និងអណ្តើក ត្រូវព្រះមហាករុណាដាស់តឿនព្រះទ័យឲ្យទ្រង់មានឧស្សាហៈទើបទ្រង់ព្រះ តម្រិះថា ថ្ងៃនេះតថាគតគួរបណ្តាលភ្លៀងឲ្យធ្លាក់ចុះមក ។ លុះរាត្រីកន្លងទៅ (ភ្លឺ) ទ្រង់បដិបត្តិសរីរៈស្រេចហើយ ទ្រង់កំណត់វេលាភិក្ខាចារ មានភិក្ខុសង្ឃមួយពួកធំ ហែហម ស្តេចចូលទៅបិណ្ឌបាតក្នុងនគរសាវត្ថីដោយព្រះពុទ្ធលីលា ក្រោយភត្តទ្រង់ ត្រឡប់មកអំពីបិណ្ឌបាតហើយ កាលទ្រង់ត្រឡប់មកអំពីនគរសាវត្ថីចូលកាន់ព្រះវិហារ ទ្រង់ប្រថាប់ឈរក្បែរជណ្តើរស្រះបោក្ខរណីជេតពន ត្រាស់ហៅព្រះអានន្ទថា ម្នាល អានន្ទ អ្នកចូរយកសំពត់ងូតទឹកមក តថាគតនឹងស្រង់ទឹកក្នុងស្រះបោក្ខរណីជេតពន ។
ព្រះអានន្ទកា្របទូលថា បពិត្រព្រះអង្គដ៏ចម្រើន ទឹកក្នុងស្រះបោក្ខរណីជេតពន រីងស្ងួតអស់ហើយ នៅសល់ត្រឹមតែសើមដីប៉ុណ្ណោះមិនមែនឬ ព្រះអង្គ ?ព្រះសាស្តាត្រាស់ថា ម្នាលអានន្ទ ធម្មតាកម្លាំងរបស់ព្រះពុទ្ធខ្លាំង អ្នកចូរទៅយក សំពត់ងូតទឹកមកចុះ ។ ព្រះអានន្ទក៏ទៅយកមកថ្វាយ ព្រះបរមសាស្តាទ្រង់ស្លៀកសំពត់ ឧទកសាដកដោយជាងម្ខាង ជាយម្ខាងទៀតទ្រង់ដណ្តប់ព្រះសរីរៈ ទ្រង់ប្រថាប់ឈរនៅ ក្បែរជណ្តើរ ទ្រង់តាំងព្រះទ័យថា តថាគតនឹងស្រង់ទឹកក្នុងស្រះបោក្ខរណីជេតពន ។
ភ្លាមនោះឯង បណ្ឌុកម្ពលសិលាសនៈរបស់សក្កទេវរាជ ក៏សម្តែងអាការៈក្តៅ សក្ក ទេវរាជទ្រង់ពិចារណាថា តើមានហេតុអ្វីហ្ន៎ ? ទ្រង់ជ្រាបហេតុនោះ ទើបមានទេវបញ្ជា ហៅវលាហកទេវរាជ ម្ចាស់ភ្លៀងមកគាល់ហើយត្រាស់ថា នែទេវបុត្រ ព្រះបរមសាស្តា ទ្រង់តាំងព្រះទ័យថា តថាគតនឹងស្រង់ទឹកក្នុងស្រះបោក្ខរណីជេតពន ទ្រង់ប្រថាប់ឈរ នៅក្បែរជណ្តើរស្រះ អ្នកចូរធ្វើដែនកោសលទាំងមូលឲ្យមានភ្លៀងធ្លាក់ជោកជាំ បណ្តាល ឲ្យភ្លៀងធ្លាក់ចុះមកឆាប់ៗចុះ ។
វលាហកទេវរាជទទួលទេវបញ្ជាហើយ ស្លៀកដុំពពក មួយដុំ ដណ្តប់មួយដុំ ច្រៀងបទចម្រៀងដែលមានឈ្មោះថា មេឃសង្គីត បែរមុខទៅរក លោកធាតុខាងកើត ហោះទៅកាន់ទិសខាងកើត ក៏ប្រាកដដុំពពកមួយដុំប៉ុនលានបញ្ជាន់ ស្រូវ ត្រួតលើគ្នាជាជាន់ៗទាំងរយជាន់ ពាន់ជាន់ ផ្គរលាន់ទ្រហឹងអឺងកង ផ្លេកបន្ទោរដាល ច្រវាត់ ភ្លៀងក៏ធ្លាក់ចុះមកដូចគេផ្កាប់ឆ្នាំង ដែនកោសលទាំងមូលជន់លិចដូចជំនន់ ទឹកហូរមក ភ្លៀងបង្អុរចុះមកមិនដាច់ខ្សែ មួយភ្លែតប៉ុណ្ណោះ ក៏ពេញស្រះបោក្ខរណី ជេតពន ទឹកលិចរហូតដល់មាត់ជណ្តើរ ។
ព្រះបរមសាស្តា ទ្រង់ស្រង់ទឹកក្នុងស្រះបោក្ខរណីជេតពនហើយ ទ្រង់គ្រងសំពត់ ពីរជាន់ពណ៌ក្រហម ក្រវាត់វត្ថពន្ធចង្កេះ ទ្រង់គ្រងព្រះសុគតចីវរឆៀងស្មាម្ខាង ហែហម ដោយភិក្ខុសង្ឃ ស្តេចយាងទៅ ទ្រង់គង់លើបវរពុទ្ធាសនៈ ដែលក្រាលទុកហើយក្នុង បរិវេណព្រះគន្ធកុដិ កាលភិក្ខុសង្ឃសម្តែងវត្តបដិបត្តិហើយ ស្តេចឧដ្ឋាការទ្រង់ប្រថាប់ ឈរលើផ្ទៃជណ្តើរកែវមណី ប្រទានឱវាទដល់ភិក្ខុសង្ឃ ហើយទ្រង់បញ្ជូនភិក្ខុសង្ឃឲ្យ ត្រឡប់ទៅវិញ ស្តេចយាងចូលកាន់ព្រះគន្ធកុដិដែលមានក្លិនជាប់ចិត្ត ទ្រង់ផ្ទំសីហសេយ្យាដោយបែរទៅខាងស្តាំ ។
លុះដល់ពេលរសៀល ពួកភិក្ខុអង្គុយប្រជុំគ្នាក្នុងធម្មសភាលើករឿងឡើងសន្ទនាគ្នាថា អ្នកមានអាយុទាំងឡាយ អ្នកទាំងឡាយចូរមើល ព្រះគុណសម្បត្តិ គឺ ខន្តី មេត្តា និងព្រះករុណារបស់ព្រះទសពល កាលសន្ទូងទាំងឡាយ កំពុងតែស្វិតស្រពោន ជលាល័យគ្រប់កន្លែងក៏រីងស្ងួត ហ្វូងត្រីនិងអណ្តើកជួបប្រសព្វ ទុក្ខធំ ទ្រង់អាស្រ័យព្រះករុណា ទ្រង់ស្លៀកសំពត់ឧទកសាដក ដោយព្រះពុទ្ធបំណង នឹងឲ្យមហាជនផុតចាកទុក្ខ ទ្រង់ប្រថាប់ឈរនៅក្បែរជណ្តើរនៃស្រះបោក្ខរណីជេតវន ទ្រង់បណ្តាលឲ្យភ្លៀងបង្អុរចុះមក ដូចជំនន់ទឹកធំហូរមក ជន់លិចកោសលរដ្ឋគ្រប់កន្លែង ដោយវេលាត្រឹមតែមួយភ្លែត ទ្រង់ដោះមហាជនឲ្យរួចផុតអំពីទុក្ខតាមផ្លូវកាយ ទុក្ខតាម ផ្លូវចិត្តហើយ ស្ដេចយាងចូលកាន់វិហារ ។
ព្រះបរមសាស្ដា ស្ដេចយាងចេញអំពីព្រះគន្ធ កុដិមកកាន់ធម្មសភាទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នក ទាំងឡាយអង្គុយប្រជុំសនន្ទនាគ្នាដោយរឿងអ្វី ? កាលភិក្ខុទាំងឡាយក្រាបទូលឲ្យទ្រង់ ជ្រាបហើយ ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះ ប៉ុណ្ណោះទេ ដែលតថាគតធ្វើឲ្យភ្លៀងបង្អុរចុះមក ក្នុងកាលមហាជនកំពុងតែជួបការ លំបាកដោយទឹកភ្លៀងនោះ សូម្បីក្នុងកាលមុន គឺ តថាគតកើតក្នុងកំណើតសត្វតិរច្ឆាន ក្នុងកាលជាស្ដេចនៃហ្វូងត្រី ក៏បានធ្វើភ្លៀងឲ្យបង្អុរចុះមកដែរ ហើយទ្រង់នាំយករឿងក្នុង អតីតមកសម្ដែងដូចតទៅនេះថាក្នុងអតីតកាល មានត្រពាំងមួយព័ទ្ធជុំវិញដោយព្រៃកា្រស់នៃវល្លិត្រង់ស្រះ បោក្ខរណីជេតពន នាក្រុងសាវត្ថីដែនកោសលនេះឯង ។
គ្រានោះ ព្រះបរមពោធិសត្វ បដិសន្ធិក្នុងកំណើតត្រី មានហ្វូងត្រីជាបរិវារនៅក្នុងត្រពាំងនោះ សូម្បីក្នុងកាលនោះ ដែននោះក៏គ្មានភ្លៀងធ្លាក់ចុះមកដូចពេលនេះដែរ សន្ទូងរបស់ពួកអ្នកស្រុកក្រៀមស្វិត ខូចខាតអស់ ក្នុងបឹងជាដើមគ្មានទឹក ហ្វូងត្រីនិងអណ្តើកនាំគ្នាត្បុរចូលភក់ ។ សូម្បីអូរ នោះ ហ្វូងត្រីក៏នាំគ្នាត្បុរចូលភក់ជ្រកក្នុងទីនោះៗ ហ្វូងក្អែកជាដើមក៏នាំគ្នាចឹកចេញមកស៊ី ដោយចំពុះ ។ ព្រះពោធិសត្វឃើញការវិនាសនៃពួកញាតិក៏ត្រិះរិះថា អ្នកដទៃវៀរអាត្មា អញចេញហើយ មិនមានអ្នកណាអាចជួយដោះទុក្ខពួកត្រីទាំងនេះបានឡើយ អញនឹង ធ្វើសច្ចកិរិយាឲ្យភ្លៀងបង្អុរចុះមក ដោះពួកញាតិអំពីទុក្ខគឺសេចក្តីស្លាប់ឲ្យទាល់តែបាន ហើយញែកភក់ពណ៌ខ្មៅចេញមក ស្តេចត្រីធំមានពណ៌ដូចត្របកផ្កាអញ្ជ័ន បើកភ្នែក ទាំងគូដែលប្រៀបបាននឹងកែវមណី មានពណ៌ក្រហមសម្លឹងមើលអាកាស បន្លឺសំឡេង ពោលទៅកាន់ទេវរាជឈ្មោះបជ្ជុន្នថា បពិត្រព្រះបជ្ជុន្នដ៏ចម្រើន ខ្ញុំអាស្រ័យពួកញាតិ បានក្តៅក្រហាយហើយ កាលខ្ញុំជាអ្នកទ្រទ្រង់សីល ដល់នូវសេចក្តីលំបាកយ៉ាងនេះ ហេតុដូចម្តេចលោកមិនជួយឲ្យភ្លៀងធ្លាក់ចុះមក ខ្ញុំកើតក្នុងឋានៈដែលអាចខាំសត្វដទៃស៊ី ប៉ុន្តែខ្ញុំមិនធ្លាប់មានឈ្មោះថាស៊ីមច្ឆជាតិ តាំងពីត្រីតូចប៉ុនគ្រាប់អង្ករ សូម្បីសត្វដទៃៗ ខ្ញុំក៏ មិនធ្លាប់ផ្តាច់ជីវិតដែរ ដោយសច្ចវាចានេះ សូមលោកញ៉ាំងភ្លៀងឲ្យធ្លាក់ចុះមកដោះពួក ញាតិរបស់ខ្ញុំឲ្យរួចផុតចាកទុក្ខចុះ កាលនឹងហៅទេវរាជឈ្មោះបជ្ជុន្ន ដូចប្រើបម្រើ ក៏ពោលគាថានេះថា
អភិត្ថនយ បជ្ជុន្ន និធឹ កាកស្ស នាសយ
កាកំ សោកាយ រន្ធេហិ មញ្ច សោកា បមោចយ ។
បពិត្រមេឃ សូមអ្នកញ៉ាំងផ្គរឲ្យលាន់ឡើង សូមបំផ្លាញកំណប់របស់ក្អែកឲ្យ វិនាស សូមធ្វើទុក្ខក្អែកឲ្យសោកសៅ សូមញ៉ាំងខ្ញុំ ( និងពួកញាតិខ្ញុំ ) ឲ្យរួចចាកសេចក្តី សោក ។
បណ្តាបទទាំងនោះ បទថា អភិត្ថនយ បជ្ជុន្ន សេចក្តីថា មេឃ ហៅថា ស្តេច បជ្ជុន្ន ក៏ស្តេចត្រីនេះហៅវលាហកទេវរាជថាជាម្ចាស់ភ្លៀង អ្នកមានឈ្មោះដោយ អំណាចនៃមេឃ ។ បានឮថា ស្តេចត្រីនោះមានបំណងដូច្នេះថា ធម្មតាភ្លៀងមិនគ្រហឹម មិនឲ្យមានផ្លេកបន្ទោរ សូម្បីបង្អុរចុះមកក៏មិនល្អ ព្រោះដូច្នោះ អ្នកចូរគ្រហឹម ចូរឲ្យមាន ផ្លេកបន្ទោរ ហើយញ៉ាំងភ្លៀងឲ្យបង្អុរមកចុះ ។
បទថា និធឹ កាកស្ស នាសយ សេចក្តីថា ហ្វូងក្អែកនាំគ្នាចឹកហ្វូងត្រីដែលត្បុរ ចូលភក់ដើម្បីជ្រក ចេញមកដោយចំពុះស៊ីជាអាហារ ព្រោះហេតុនោះ ទើបហ្វូងត្រីដែល ត្បុរចូលភក់នោះ ហៅថាកំណប់ទ្រព្យរបស់ក្អែកជាដើមនោះ កាលលោកបណ្តាលឲ្យ ភ្លៀងបង្អុរចុះមកជាប្រក្រតីហើយ ក៏ជាការទម្លាយកំណប់ទ្រព្យរបស់ហ្វូងក្អែកនោះ ។
បទថា កាកំ សោកាយ រន្ធេហិ សេចក្តីថា ហ្វូងក្អែក កាលត្រពាំងមានទឹក ពេញហើយ មិនបានហ្វូងត្រីជាអាហារក៏ត្រូវសោកសៅ កាលអ្នកធ្វើឲ្យត្រពាំងនេះពេញ ប្រៀបដោយទឹក ក៏ជាការទម្លាយហ្វូងក្អែកនោះ ដោយសេចក្តីសោក អ្នកចូរញ៉ាំងភ្លៀងឲ្យ បង្អុរចុះមក ដើម្បីរម្ងាប់សេចក្តីសោក គឺដើម្បីការស្រឡះចិត្តរបស់ត្រីទាំងឡាយ ។ អធិប្បាយថា ហ្វូងក្អែកនឹងដល់នូវសេចក្តីសោកសៅ ដែលមានលក្ខណៈខ្លោចផ្សាខាង ក្នុងបានដោយវិធីណា អ្នកចូរធ្វើវិធីនោះចុះ ។
ច អក្សរក្នុងបទគាថា មញ្ច សោកោ បមោចយ នេះ មានការប្រមូលមកជា អត្ថ មានន័យថា អ្នកមេត្តាឲ្យខ្ញុំនិងពួកញាតិទាំងអស់រួចផុតអំពីសោក ដែលកើតអំពី សេចក្តីស្លាប់នេះចុះ ។ព្រះពោធិសត្វហៅស្តេចបជ្ជុន្នដូចប្រើបម្រើយ៉ាងនេះ ឲ្យបណ្តាលភ្លៀងមួយមេធំ ធ្លាក់ចុះមក ទូទៅពេញដែនកោសល ធ្វើឲ្យមហាជនរួចផុតអំពីមរណទុក្ខ ក្នុងបរិយោសាននៃជីវិតក៏បានទៅតាមយថាកម្ម ។
ព្រះបរមសាស្តាទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលដែលតថាគតបណ្តាល ឲ្យភ្លៀងបង្អុរចុះមកនោះ មិនមែនមានតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ សូម្បីក្នុងកាល មុន កាលដែលតថាគតកើតក្នុងកំណើតត្រីក៏បណ្តាលភ្លៀងបង្អុរចុះមកដែរ ។ លុះទ្រង់នាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថាតទា មច្ឆគណា ពុទ្ធបរិសា អហេសុំ ហ្វូងត្រីក្នុងកាលនោះ បានមកជា ពុទ្ធបរិស័ទក្នុងកាលឥឡូវនេះ បជ្ជុន្នទេវរាជា អានន្ទោ បជ្ជុន្នទេវរាជបានមកជាអានន្ទ មច្ឆរាជា បន អហមេវ អហោសិំ ចំណែកស្តេចត្រី គឺ តថាគត នេះឯង ៕
ចប់ មច្ឆជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត វរុណវគ្គ បិដកលេខ ៥៨ ទំព័រ ៣២)
ដោយ៥០០០ឆ្នាំ
images/articles/898/Untitled-1.jpg
រឿងសីលវរាជកុមារ
ផ្សាយ : ១៤ មករា ឆ្នាំ២០២៣
រឿងសីលវរាជកុមារ
( ចាក ម. ឯ. )
( ការមិនប្រទុស្តតប តែងមានជ័យជំនះជាផល )
កាលកន្លងទៅហើយ ព្រះបាទព្រហ្មទត្តសោយរាជ្យសម្បត្តិក្នុងនគរពារាណសី កាលនោះព្រះពោធិសត្វទ្រង់សោយព្រះជាតិជារាជ្យបុត្រ ព្រះនាមសីលវកុមារ កាលទ្រង់មានព្រះជន្មវស្សា ១៦ ឆ្នាំ ទ្រង់បានទៅដល់ទីបំផុតនៃការសិក្សាវិជ្ជាទាំងពួង លុះអំណេះអំពីព្រះរាជបិតាទីវង្គតទៅ
images/articles/615/Untitled-1.jpg
រឿងបញ្ចបក្ខី
ផ្សាយ : ០៥ មករា ឆ្នាំ២០២៣
រឿងបញ្ចបក្ខី
( ចាក លោ. ជា. )
( ការច្រណែន ជាពូជរបស់ពៀរក្នុងលោក )
កាលពីបឋមកប្បនេះ មានសត្វបក្សី ៥ គឺ៖ ហង្ស គ្រុឌ សេក ក្អែក មៀម ។ សត្វទាំង ៥ នេះជាប្រមុខរបស់បក្សីទាំងឡាយក្នុងពេលនោះ ឯសត្វទាំង
images/articles/619/Untitled-1.jpg
រឿងយក្ខិនីមុខសេះ
ផ្សាយ : ០៥ មករា ឆ្នាំ២០២៣
រឿងយក្ខិនីមុខសេះ
( ចាក ម. អ. )
( ទោសផឹកសុរា និយាយកុហក និងក្បត់ចិត្តស្វាមី )
ក្នុងកាលកន្លងទៅហើយ មានអគ្គមហេសីនៃព្រះរាជាមួយព្រះអង្គសោយរាជក្នុងក្រុងពារាណសី ជាអ្នកផឹកសុរា និយាយកុហកនិងប្រព្រឹត្តក្បត់ចិត្តស្វាមី ។ អគ្គមហេសីនោះ
images/articles/620/Untitled-1.jpg
រឿងទិសាបាមោក្ខព្រាហ្មណ៍
ផ្សាយ : ០៥ មករា ឆ្នាំ២០២៣
រឿងទិសាបាមោក្ខព្រាហ្មណ៍
( ចាក អ. ឯ. )
( ការមិនប្រាកដ មិនស្គាល់កាល ជាថ្នាំពិសក្នុងលោក )
កាលកន្លងទៅហើយ ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងក្រុងពារាណសី។ កាលនោះព្រះសម្ពុទ្ធបរមគ្រូរបស់យើង
images/articles/628/Untitled-1.jpg
រឿងនាងសេសវតី
ផ្សាយ : ០៥ មករា ឆ្នាំ២០២៣
រឿងនាងសេសវតី
( ចាក វិ. ខុ. )
( លទ្ធផលនៃការបូជាព្រះសារីរិកធាតុ )
ក្នុងសាសនាព្រះសម្ពុទ្ធកស្សបៈ ព្រះអង្គបរិនិព្វានទៅហើយ