images/articles/1066/Untitled-1-Recovered.jpg
ព្រះធម៌អាចរម្ងាប់សេចក្តីសោកបានឆាប់រហ័ស
ផ្សាយ : ១៥ មេសា ឆ្នាំ២០២៣
រឿងសុជាតមាណព
(ចាក បេ.ខុ.)
(ព្រះធម៌អាចរម្ងាប់សេចក្តីសោកបានឆាប់រហ័ស)
កាលព្រះបរមសាស្តាសារពេជ្ញតាញាណ ព្រះអង្គគង់សម្រាន្តព្រះឥរិយាបធនៅក្នុងសុគន្ធកុដិនៃវត្តជេតពន មានកុដុម្ពីម្នាក់នៅក្នុងក្រុងសាវត្ថីបិតាអិច្ចកម្មទៅ កុដុម្ពីនោះមានសេចក្តីសោយសោកស្រែកយំដំឳរាយាត្រាទៅដូចជាមនុស្សឆ្កួត បានឃើញបុគ្គលណា ក៏សួរបុគ្គលនោះថាបានឃើញបិតាខ្ញុំដែរ ឬទេ?
images/articles/1065/Untitled-1-Recovered.jpg
រឿងរុថកាប្រេត
ផ្សាយ : ១៥ មេសា ឆ្នាំ២០២៣
រឿងរុថកាប្រេត
(ចាក ធ. ខុ.)
(ផលល្អនិងអាក្រក់តែងជ្រៀតជ្រែកឲ្យផលតាមកម្លាំងរបស់ខ្លួន)
មានសេចក្តីដំណាលថា ក្នុងសាសនាព្រះពុទ្ធព្រះនាមកស្សបៈមានស្រ្តីម្នាក់មានសទ្ធាជ្រះថ្លាក្នុងព្រះរតនត្រ័យ បានកសាងអារាម១ ប្រគេនព្រះភិក្ខុសង្ខឲ្យគង់នៅជាសប្បាយ ព្រមទាំងចង្ហាន់ដ៏ត្រកាលជាប្រក្រតី ។
លុះចំណេរចីរកាលតទៅ នាងក៏ធ្វើកាលកិរិយាដោយផលកម្មអកុសល ដែលនាងបានធ្វើបីជាតិមុន
images/articles/1064/Untitled-1-Recovered.jpg
រឿងអគ្គិទត្តបុរោហិត
ផ្សាយ : ១៥ មេសា ឆ្នាំ២០២៣
រឿងអគ្គិទត្តបុរោហិត
(ចាក ធ. ខុ.)
(បុព្វសិក្ខា នឹងបុព្វចរិយាទុលជាសរសរកទីដៅនៃដំណើរ ប៉ុន្តែបុគ្គលណាក៏ដោយ កាលបើគ្មានបច្ច័យវិសេសជួយបង្ហើបមុខ នៃឧត្តមគតិផងទេមិនអាចនឹងស្វែងរកឃើញទីបំផុតនៃជាតិបានឡើយ )
មានសេចក្តីដំណាលថា មានបុរោហិតម្នាក់ឈ្មោះអគ្គិទត្តជាសហសេវិករបស់ព្រះបាទកោសល នៅក្នុងដែនកោសល ។
images/articles/1074/Untitled-1-Recovered.jpg
រឿងអម្ពដ្ឋមាណព
ផ្សាយ : ១៥ មេសា ឆ្នាំ២០២៣
រឿងអម្ពដ្ឋមាណព
(ចាក អ.ទី.)
(ខត្តិយត្រកូល ជាត្រកូលខ្ពស់បំផុតក្នុងលោកតាមវណ្ណះ)
សម័យមួយព្រះមានព្រះភាគ គង់ក្នុងព្រៃឥច្ឆានង្គលជាមួយភក្ខុសង្ឃចំនួន៥០០ អង្គ ។
កាលនោះមានមាណពម្នាក់ឈ្មោះអម្ពដ្ឋ ជាបញ្ញវ័ន្តបានចេះដឹងនូវត្រៃវេទ និងវេយ្យាករណ៍ស្ទាត់ជំនាញ ជាសិស្សរបស់ព្រាហ្មណ៍ឈ្មោះបោក្ខសោតិ ។
images/articles/1073/_____________________________________________.jpg
រឿងនាងចិញ្ចមាណវិកា
ផ្សាយ : ១៥ មេសា ឆ្នាំ២០២៣
រឿងនាងចិញ្ចមាណវិកា
(ចាក ធ. ខុ.)
(ការពោលដាក់ទោសកំហុសទៅលើអ្នកដទៃរមែងត្រូវត្រឡប់បានមកខ្លួនវិញ)
សេចក្តីថា ក្នុងបឋមពោធិកាល ព្រះកិត្តិនាមនៃព្រះមរមសាស្តាល្បីល្បាញខ្ចរខ្ចាយសព្វទិសទី ពួកទេវតា នឹងមនុស្សទាំងឡាយបានសម្រេចនូវអរិយធម៌ ដោយបានស្តាប់ធម្មទេសនាព្រះអង្គម្លោះហើយលាភសក្ការះកើតឡើងដល់ព្រះអង្គប្រៀបដូចទឹកដែលហូរចូលកាន់មហាសមុទ្រ រីឯពួកនិគ្រណ្ឋតិរ្ថិយត្រូវសាបសូន្យចាកលាភសក្ការះ ប្រៀបដូចជាអំពឹលអំពែកចេញរស្មីនៃព្រះអាទិត្យ ។
ដោយលាភសក្ការះសាបសូន្យយ៉ាងនេះ ពួកតិរិ្ថយទៅជាអាក់អន់ស្រពន់តូចចិត្ត ទើបប្រជុំគ្នាក្បែរ ផ្លូវធំមួយពិភាក្សារកមធ្យោបាយ ដើម្បីបន្តុះបង្អាប់ព្រះកិត្តិនាម នៃព្រះបរមសាស្តាដោយសេចក្តីថា " ព្រះសមណគោតម ជាព្រះពុទ្ធអ្នកត្រាស់ដឹងនូវសព្វញ្ញតញ្ញាណ ឯពួកយើងក៏ត្រាស់ដឹងដូចគ្នាដែរ ទានដែលគេឲ្យដល់ព្រះសមនគោតមឈ្មោះថាបានផលានិសង្សច្រើន បើឲ្យដល់យើងផង ក៏មានផលានិសង្សច្រើនដូចគ្នាចុះហេតុដូចម្តេច បានជាគេឲ្យតែព្រះសមណគោតមគេមិនឲ្យពួកយើង?
បើដូច្នេះយើងគិតរកមធ្យោបាយយ៉ាងណាដើម្បីបំផ្លាញព្រះកិត្តិនាមព្រះសមណគោតមគា្រនេះម្តង" ទើបសម្រចចិត្តគិតឃើញឧបាយមួយថា " អើ ! អ៎ា ! នៅក្រុងសាវត្ថីមានស្រ្តីម្នាក់ឈ្មោះចិញ្ចមានវិកា មានរូបសម្បុរល្អះល្អឆើតឆាយគួរជាទីប្រតិព័ទ្ធសេ្នហានៃជនទាំងពួង មានរស្មីចេញពីខ្លួនដូចទេពកញ្ញា ទាំងប្រាជ្ញាក៏ឈ្លាសវៃ ល្មមឲ្យយើងពឹងពាក់យកជាការបាន បើអញ្ចឹងពួកយើងត្រូវជួលនាង ព្រមទាំងប្រាប់ឧបាយកលផ្សេងៗឲ្យនាងធ្វើតាម ។ លុះគិតគ្នាសេ្រចហើយ ក៏ចាត់ការតាមសេចក្តីសម្រេចចិត្តនោះនាងចិញ្ចមាណវិកាកាលបើបានទទួលវង្វាន់ពីពួកតិរ្ថិយហើយ ក៏ទទួលភារៈធ្វើតាមបញ្ជាពួកតិរ្ថិយ ដោយសម្តែងមាយាដូចតទៅនេះ ៖
ថ្ងៃមួយ ក្នុងពេលដែលព្រះបរមសាស្តាកំពុងសម្តែងធម្មទេសនាក្នុងវត្តជេតពន ប្រោសពុទ្ធបរិស័ទ នាងចិញ្ចមាណវិកាដណ្តប់សំពត់ពណ៌ដូចមេភ្លៀង ដើរតម្រង់ទៅកាន់វត្តនោះ សម្តែងអាការៈហាក់ដូចជានាងមានទីលំនៅតែក្នុងវត្តហ្នឹងឯង ។ កាលបើមានមហាជនសួរ នាងប្រាប់ថា ខ្ញុំជាមហេសីព្រះសមណគោតម " ។ នាងចិញ្ចមាណវិកាតែងដើរចេញចូលក្នុងវត្តជេតពនអស់វារៈ ២ទៅ៣ខែ លុះដល់ខែទី៤ ទៅទី៥ នាងយកកំណាត់សំពត់រុំពោះនាងរួចទទូសំពត់ក្រហម សម្តែងអាការៈហាក់ដូចជាមានផ្ទៃពោះ ដើរឃោសនាប្រាប់ពួកជនអន្ធពាលថា នាងមានផ្ទៃពោះជាមួយព្រះសមណគោតម ពួកជនអន្ធពាលល្ងង់ខ្លៅ ដែលមានប្រាជ្ញាស្តួចស្តើងក៏ជឿថាជារឿងពិតមែន ។
លុះដល់ខែរទី៨ទី៩ ជួលជាងឲ្យឆ្លាក់ឈើឲ្យមានសណ្ឋានមូល រួចចងភ្ជាប់នឹងផ្ទៃពោះ ធ្វើហាក់ដូចជាពោះកាន់តែធំឡើងៗ ជិតគ្រប់ខែហើយ នាងជួលឲ្យគេដំសាច់ខ្នងជើងឲ្យមានសាច់ដូចជាស្ត្រីមានផ្ទៃពោះ រួចដើរសន្សឹមៗចូលទៅក្នុងចំណោមពុទ្ធបរិស័ទដែលកំពុងស្តាប់ធម៌ស្រែកប្រកាសឡើងថានែសមណគោតម! លោកនៅសម្តែងធម៌យ៉ាងម៉េចទៀត? ខ្ញុំមានកូនព្រោះលោករួមរស់មេត្រីប្រពៃណីជាមួយខ្ញុំ ម្តេចក៏លោកមិនរកផ្ទះសម្បែងអុសភ្លើងទុកឲ្យខ្ញុំប្រសូតកូន បើមិនធ្វើខ្លួនឯងទេ គួរតែប្រើអ្នកណាធ្វើក៏បានដូចជាអនាថបណ្ឌិក ឬនាងវិសាខាជាដើម លោកបានតែរួមរស់ត្រេកត្រអាលកាមរោគជាមួយខ្ញុំ តែដល់ខ្ញុំមានផ្ទៃពោះ លោកមិនចេះថែរក្សាទេ នែ! នៅសំដែងធម៌ដល់ណាទៀត! "
គ្រានោះព្រះសាស្តាបង្អាក់ធម្មទេសនា រួចទ្រង់មានពុទ្ធដិកាថា " អើនាង! យើងទាំងពីរនាក់គត់តែដឹងថា" រឿងនេះជារឿងពិត ឬ ពុំពិតនៅថ្ងៃក្រោយ " ចូរនាងជ្រាបតែប៉ុណ្ណោះចុះ ។ លំដាប់នោះដោយអំណាចបារមីនៃព្រះសាស្តា ក៏ក្តៅដល់អាសនារបស់ព្រះឥន្ទ្រ ព្រះឥន្ទ្រក៏តំណែងខ្លួនជាបុរសមួយឈរកាន់ផ្លិតបក់ថ្វាយព្រះសាស្តា ហើយបក់ខ្លាំងៗ ត្រាតែសំពត់រុំពោះនាងចិញ្ចមាណវិកាបើកប៉ើងអស់ពីខ្លួន ។ ពួកមហាជនឃើញដូច្នេះ កជេរប្រទេចផ្តាសាថា" នែមេកឡកណ្ណី ! មេចោឆន្ទា ! ហងឯងបានតែបង្ខូចកិត្តិនាមព្រះសាស្តាយើង" រួចយកដំបងដេញឲ្យចេញពីទីប្រជុំនោះភ្លាម ។
ចិញ្ចមាណវិកា គ្រាន់តែចេញផុតពីព្រះភ័ក្ត្រព្រះសាស្តាមក ស្រាប់តែផែនដីស្រូបទម្លាក់ ទៅក្នុងគំនរភ្លើងអវិចីរមហានរក ។ ឯពួកតិរ្ថិយរឹតតែលិបរស្មីថែមទៀត ឯលាភសក្ការះរឹតតែកើតឡើងៗ ដល់ព្រះសាស្តា ។ក្នុងពេលជាមួយនោះព្រះសាស្តាទ្រង់សំដែងថា" អ្នកណាក៏ដោយ បើមិនទាន់ឃើញទោសកំហុសតូចធំរបស់អ្នកដទៃទេ មិនត្រូវទំលាក់កំហុសផ្តេសផ្តាសដល់គេទេ ត្រូវពិចារណាមើល ឬយកការណ៍ឲ្យច្បាស់សិន "រួចសម្តែងរឿងមហាបទុមកុមារដូចតទៅ៖
សេចក្តីថា ក្នុងកាលនោះ នាងចិញ្ចមាណវិកានេះ ជាស្ត្រីរួមប្តីជាមួយមាតាមហាបុទុមកុមារ (ជាទេពីចុង) នៃព្រះរាជាមួយអង្គ ។ ថ្ងៃមួយ ក្នុងពេលដែលព្រះរាជាយាងទៅក្រសាលព្រៃផុតទៅ នាងបានលួងលោមមហាបុទុមកុមារឲ្យធ្វើសន្ថវកិច្ចជាមួយនាង តែមហាបុទុមកុមារពុំព្រម ។ នាងក៏សម្តែងអាការៈហាក់ដូចជាអាក់អន់ស្រពន់ចិត្តក្លែងទោសថា មហាបុទុកុមារសង្កត់សង្កិនបង្ខំខ្លួនដោយអសទ្ធម្ម ថ្វាយស្វាមីក្នុងគ្រាដែលយាងមកដល់ ។ ក្នុងខណះនោះព្រះរាជាទ្រង់ពិរោធ ក៏ចាត់ប្រើពេជ្ឈឃាតឲ្យចាប់បទុមកុមារទៅទម្លាក់ក្នុងជ្រោះ សម្រាប់ទម្លាក់ចោរ តែទេវតាដែលអាស្រ័យនៅក្បែរជ្រោះបីទ្រ ហើយយកទៅដាក់ឲ្យគង់ឯពិភពនាគ ។
នៅក្នុងពិភពនាគមិនយូរប៉ុន្មាន បទុមកុមារក៏ទៅបួសជាឥសីនៅក្នុងព្រៃហេមពាន្ត បានសម្រេចឈាន នឹងអភិញ្ញ ។ ថ្ងៃមួយថ្មើរព្រៃម្នាក់បានជួបនឹងបទុមតាបស ក៏នាំដំនឹងនោះទៅថ្វាយព្រះមហាក្សត្រ ។ ព្រះមហាក្សត្រទ្រង់មានព្រះទ័យអាល័យបុត្រទ្រង់យាងទៅនិមន្តបទុតាបសឲ្យមកសោយរាជ្យវិញ តែបទុមតាបសនាទូន្មានឲ្យព្រះបិតាគ្រប់គ្រងរាជ្យ ដោយទសពិធរាជធម៌ចុះ កុំឲ្យប្រកាន់អគតិដោយមិនបានពិចារណាជាមុន ។
ឯព្រះមហាក្សត្រយាងត្រឡប់មកនគរវិញមានព្រះឳង្ការជាមួយមហាមាត្យថា កូនយើងមានអចារៈសមរម្យយ៉ាងនេះ មិនគួរបើយើងធ្វើដូច្នេះសោះ អ្នកណាធ្វើឲ្យកូនយើងមានទោសដល់ម្លឹង ? មហាមាត្យក្រាបទូលថា មានតែព្រះទេពីចុងទេ ! " ។ព្រះរាជាទ្រង់បញ្ជាឲ្យចាប់ទេពីចុង យកទៅប្រហារជីវិតក្នុងគ្រានោះហើយសោយរាជ្យដោយធម៌រហូតមក ព្រោះហេតុនោះមុននឹងទម្លាក់កំហុសទៅលើនរណាមួយបុគ្គលត្រូវស៊ើបយកការណ៍ ឬពិចារណាមើលឲ្យសព្វគ្រប់គ្រាន់ ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1072/Untitled-1-Recovered.jpg
រឿងវង្គីសព្រាហ្មណ៍
ផ្សាយ : ១៥ មេសា ឆ្នាំ២០២៣
រឿងវង្គីសព្រាហ្មណ៍
(ចាក ធ. ខុ..)
(ចេះឯងមិនក្រែងចេះគេ)
បានឮថា មានព្រាហ្មណ៍ម្នាក់ឈ្មោះវង្គីសៈនៅក្នុងនគររាជគ្រឹះចេះគោះក្បាលខ្មោច ហើយដឹងថា " នេះជាក្បាលខ្មោចដែលស្លាប់ទៅកើតក្នុងនរក នេះជាក្បាលខ្មោចដែលស្លាប់ទៅ កើតក្នុងកំណើតសត្វតិរិច្ឆាន ក្បាលខ្មោចនេះកើតក្នុងកំណើតប្រេត ក្បាលខ្មោចនេះកើតក្នុងមនុស្សលោក ក្បាលខ្មោចនេះកើតក្នុងទេវលោក " ។
images/articles/2042/Untitled-1-Recovered.jpg
រឿងសូករប្រេត
ផ្សាយ : ៣០ មីនា ឆ្នាំ២០២៣
រឿងសូករប្រេត
(ព្រះនារទត្ថេរសួរថា) កាយទាំងមូលរបស់អ្នក មានសម្បុរដូចមាស មានរស្មីភឺ្លស្វាង សព្វទិស តែមាត់របស់អ្នកដូចមាត់ជ្រូក តើអំពីភពមុន អ្នកបានធ្វើអំពើ ដូចម្តេច ។
(ប្រេតតបថា) បព្រិតព្រះនារទៈ ខ្ញុំជាបុគ្គលបានសង្រួមកាយ តែមិនសង្រួមវាចា ព្រោះហេតុនោះ បានជាខ្ញុំមាសម្បុរបែបនោះ ដូចលោកម្ចាស់បានឃើញស្រាប់ហើយ បពិត្រព្រះនារទៈ ខ្ញុំសូមទូលរឿងនោះ
images/articles/2275/Untitled-1-Recovered.jpg
រឿងដំរីឈ្មោះមហិឡាមុខ
ផ្សាយ : ៣០ មីនា ឆ្នាំ២០២៣
រឿងដំរីឈ្មោះមហិឡាមុខ
ក្នុងអតីតកាល ព្រះរាជាព្រះបាទព្រហ្មទត្ត ក្នុងព្រះនគរពារាណសី បានមានដំរីមង្គល ឈ្មោះមហិឡាមុខ ជាសត្វមានសីល បរិបូរណ៍ដោយមាយាទ មិនចេះបៀតបៀនអ្នកណាម្នាក់ឡើយ។
ក្រោយមក ថ្ងៃមួយ ក្នុងពេលរាត្រី ពួកចោរមកហើយបានអង្គុយប្រឹក្សាគ្នា នៅក្បែររោងដំរីរបស់ព្រះរាជាអង្គនោះ ថា "ពួកយើង ត្រូវទំលាយឧម្មង្គ (រូង) យ៉ាងដូច្នេះ,
images/articles/2401/5eeby55evrthb5gyhge45ryb65vrtdftgn5brtdfy.jpg
រឿងប្រេតអ្នកពោលតិះដៀលការបូជាព្រះសារីរិកធាតុ
ផ្សាយ : ៣០ មីនា ឆ្នាំ២០២៣
រឿងប្រេតអ្នកពោលតិះដៀលការបូជាព្រះសារីរិកធាតុ
(បិដកលេខ៥៦ ទំព័រ៨៨ និងអដ្ឋកថា)
កាលព្រះមានព្រះភាគ ស្ដេចទ្រង់បរិនិព្វាន ទៅចន្លោះដើមសាលព្រឹក្សទាំងគូក្នុងសាលវ័ន នៃពួកមល្លក្សត្រ ដែលជាទីឆៀងចូលទៅក្នុងក្រុងកុសិនារា (ក្រោយមក ទោណព្រាហ្មណ៍) និងធ្វើការចែកព្រះធាតុ។ ព្រះបានអជាតសត្តុ បានទទួលចំណែកនៃព្រះធាតុចំនួន២នាឡិ បានកសាងព្រះស្ដូប បញ្ចុះព្រះបរមសារីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធ នៅនាក្រុងរាជគ្រិះ។
សួរថា តើធ្វើយ៉ាងណា?
ឆ្លើយថា គឺព្រះរាជា បានដង្ហែតាំងតែអំពីក្រុងកុសិនារារហូតដល់ក្រុងរាជគ្រិះ ក្នុងចម្ងាយផ្លូវ២៥យោជន៍។ ក្នុងចន្លោះផ្លូវនោះ ទ្រង់បានឲ្យឈប់រវាងផ្លូវ៨ឧសភៈ(ម្ដងៗ) ដើម្បីឲ្យមហាជនបានបូជា គ្រប់កន្លែងដែលបានឈប់នោះ។ ដោយការនឹករលឹកដល់ព្រះពុទ្ធគុណ ទើបធ្វើការបូជា យ៉ាងឱឡារិកគគ្រឹកគគ្រេងឲ្យប្រព្រឹត្តទៅ រហូត៧ឆ្នាំ ៧ខែ ៧ថ្ងៃ។ ពួកមនុស្សក្នុងទីនោះ រាប់ប្រមាណមិនបាន នាំគ្នាធ្វើចិត្តឲ្យជ្រះថ្លាក្នុងព្រះបរមសារីរិកធាតុ ក្រោយពីស្លាប់ បានចូលទៅកើតក្នុងឋានសួគ៌ ដោយអំណាចនៃការបូជាចំពោះព្រះសារីរិកធាតុ។ ចំណែកពួកជនដែលជាមិច្ឆាទិដ្ឋិ មានចិត្តវិបល្លាស ព្រោះជាបុគ្គលមិនមានសទ្ធា ដោយការយល់ខុសរបស់ខ្លួន បាននាំគ្នាតិះដៀលថា តាំងតែអំពីព្រះសមណគោតមបរិនិព្វានទៅ ពួកយើងរវល់តែលេងនូវគ្រឿងប្រគំ ការងាររបស់ពួកយើងវិនាសអស់ហើយ ក៏មានចិត្តប្រទូសរ៉ាយកើតឡើង សូម្បីក្នុងវត្តដែលគួរឲ្យកើតសេចក្ដីជ្រះថ្លា បែរជាតិះដៀល ពួកជនមានប្រមាណ៨៦០០០នាក់ ក្នុងទីនោះ បានទៅកើតក្នុងអបាយភូមិ (ដោយការតិះដៀលព្រះបរមធាតុ)។ (ក្នុងកាលនោះ មាន) ភរិយា កូនស្រី និងកូនប្រសារស្រីរបស់កុដុម្ពិកៈម្នាក់ ដែលបរិបូរណ៌ដោយទ្រព្យសម្បត្តិក្នុងក្រុងរាជគ្រឹះនោះឯង មានចិត្តជ្រះថ្លា នាំគ្នាគិតថា ពួកយើងនឹងធ្វើការបូជាព្រះធាតុ ទើបកាន់យកនូវសក្ការៈទាំងឡាយ មានផ្កាកម្រង និងគ្រឿងក្រអូបជាដើម ប្រុងដើម្បីនឹងទៅកាន់ទីតម្កល់ព្រះធាតុ។ កុដុម្ពិៈនោះគិតថា កឹ អដ្ឋិកានំ បូជនេន ប្រយោជន៍អ្វីដោយការបូជាឆ្អឹងទាំងឡាយ (នោះ) ទើបជេរពួកស្ត្រីទាំងនោះ ដោយពោលតិះដៀលចំពោះការបូជាព្រះសារីរិកធាតុ។ តែស្ត្រីទាំងនោះ មិនបានអើពើនឹងពាក្យរបស់គាត់ទេ ក៏នាំគ្នាទៅក្នុងទីនោះ ធ្វើការបូជាព្រះសារីរិកធាតុហើយ ទើបត្រឡប់មកផ្ទះ មិនយូរប៉ុន្មាន ក៏ធ្វើមរណកាល ហើយទៅកើតក្នុងទេវលោក។ ចំណែកកុដុម្ពិកៈនោះត្រូវសេចក្ដីក្រោធគ្របសង្កត់ មិនយូរប៉ុន្មាន ស្លាប់ហើយ ទៅកើតក្នុងពួកប្រេត ព្រោះបាបកម្មនោះ។
ក្រោយមក ថ្ងៃមួយ ព្រះមហាកស្សបៈមានអាយុ បានសម្ដែងនូវឥទ្ធាភិសង្ខារ(គឺសម្ដែងឫទ្ធិ) ដោយប្រការដែលពួកមនុស្សអាចឃើញប្រេតទាំងនោះ និងទេវតាទាំងនោះបាន លុះធ្វើយ៉ាងនេះហើយ ក៏ឈរត្រង់ទីលានព្រះចេតិយ សួរប្រេតអ្នកដែលពោលតិះដៀលព្រះសារីរិកធាតុនោះ ទាំងនេះថា
អ្នកឋិតនៅព្ធដ៏អាកាស មានក្លិនអាក្រក់ស្អុយផ្សាយចេញឯពួកដង្កូវក៏នាំគ្នារុកស៊ីមាត់របស់អ្នកដែលមានក្លិនស្អុយ តើអ្នកបានធ្វើអំពើអ្វីក្នុងកាលមុន?
ព្រោះកាលផ្សាយទៅនៃក្លិនស្អុយ និងមាត់ដែលមានកដង្កូវរុកស៊ីនោះ (បានជាពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្ម) កាន់យកគ្រឿងសស្ត្រា មកវះ (មាត់ដំបៅ) រឿយៗ ហើយស្រោចដោយទឹកខារ (ទឹកក្រុត) ថែមទៀត។
អំពើអាក្រក់អ្វី ដែលអ្នកបានធ្វើដោយកាយ វាចា ចិត្ត? ព្រោះវិបាកនៃកម្មអ្វី អ្នកទើបបានទទួលសេចក្ដីទុក្ខយ៉ាងនេះ? ប្រេតនោះ ក៏បានទូលប្រាប់ដល់លោកថា
បពិត្រលោកអ្នកនិរទុក្ខ (កាលមុខ) ខ្ញុំជាឥស្សរៈ លើទ្រព្យ និងស្រូវអង្ករច្រើនណាស់ នៅក្នុងក្រុងរាជគ្រឹះ ដែលគួររីករាយ មានភ្នំឡោមព័ទ្ធជុំវិញ។
(កាលពីជាតិមុន) ស្រីនេះជាភរិយារបស់ខ្ញុំ ស្រីនេះជាកូនស្រីរបស់ខ្ញុំ ស្រីនេះជាកូនប្រសាររបស់ខ្ញុំ ខ្ញុំបានហាមឃាត់ពួកគេ ដែលនាំគ្នាកាន់យកកម្រងផ្កា ផ្កាឧប្បល និងគ្រឿងលាបស្រលាបដែលមានតម្លៃ ទៅកាន់ព្រះស្ដូប (ដើម្បីបូជាព្រះធាតុ) បាបកម្មនោះ គឺខ្ញុំបានធ្វើទុក្ខហើយ។
ពួកខ្ញុំមានចំនួន ៨៦០០០នាក់ បានទទួលទុក្ខវេទនាចំពោះខ្លួន ដែលបានតិះដៀលនូវការបូជាព្រះស្ដូបហើយ ទើបឆេះនៅក្នុងប្រេតវិស័យ ដែលដូចជានរក ព្រោះមានការលំបាកយ៉ាងខ្លាំង។
នាកាលបុណ្យដង្ហែ ដែលគេបូជាឧទ្ទិស្ដូបនៃព្រះអរហន្តសម្មាសម្ពុទ្ធ កំពុងតែប្រព្រឹត្តទៅ ពួកជនណាប្រកាសទោសក្នុងការបូជាព្រះស្ដូប(ដូចជាខ្ញុំ) ពួកជននោះ តែងងាកចេញចាកបុណ្យ (តែម្យ៉ាង)។
លោកម្ចាស់ សូមទតមើល នូវពួកទេពអប្សរទាំងនេះដែលទ្រទ្រង់ផ្កាកម្រង តាក់តែងកាយ កំពុងតែហោះមក (តាមអាកាស) ទេពអក្សរទាំងនោះ ដែលបានសម្រេច (ដោយសម្បត្តិទិព្វ) មានយសបរិវារ កំពុងតែសោយនូវផលនៃការបូជា (ព្រះសារីរិកធាតុ) ដោយកម្រងផ្កា។
(បពិត្រលោកម្ចាស់កស្សបៈ) ពួកនាង ជាអ្នកមានបញ្ញាបានឃើញផលដ៏អស្ចារ្យ ដ៏ចម្លែក ដែលគួរព្រឺរោម (នៃបុណ្យដ៏តិចតួចនោះ) តែងធ្វើការនមស្ការ ពោលថា (នមោ នមោ) ចំពោះព្រះមហាមុនីអង្គនោះ។
(លំដាប់នោះ) ប្រេតនោះមានចិត្តតក់ស្លុត កាលសម្ដែងកម្មដែលខ្លួនគប្បីធ្វើតទៅ ទើបពោលថា
ខ្ញុំទៅអំពីបេតលោក (នេះ) ហើយ (បើ)បានកំណើតជាមនុស្ស ខ្ញុំនឹងជាអ្នកមិនប្រមាទ ហើយនឹងធ្វើការបូជាព្រះស្ដូប(ដែលតម្កល់នូវព្រះសារីរិកធាតុ) រឿយៗដោយពិត។
ព្រះមហាកស្សបៈ ដែលប្រេតពោលប្រាប់យ៉ាងនេះហើយ ទើបធ្វើរឿងនោះឥ្យជាអត្ថុប្បត្តិហេតុ សម្ដែងធម៌ដល់បរិស័ទដែលមកប្រជុំគ្នាព្រមហើយ។
ដកស្រង់ចេញពីសៀវភៅ សារីរិកធាតុបូជានិសំសោ
រៀបរៀងដោយ លោក ង៉ែត សុផាន
ដោយ៥០០០ឆ្នាំ
images/articles/2341/23rfas.jpg
រាជកុមារគ្មានបិតា
ផ្សាយ : ៣០ មីនា ឆ្នាំ២០២៣
កាលពីព្រេងនាយ មានព្រះមហាក្សត្រមួយអង្គសោយរាជ្យនៅនគរណារាណសី ទ្រង់បានចេញទៅប្រពាតព្រៃមួយ ។ សោភ័ណភាពស្រស់ឆើតឆាយនៃបុផ្ឆាជាតិ រុក្ខជាតិ នឹងផ្លែឈើផ្សេង ៗ បានធ្វើឲ្យទ្រង់សព្វព្រះទ័យជាខ្លាំង ។ សោយសេចក្តីសោមនស្សរីករាយជាមួយនឹងសោភ័ណភាពទាំងនោះ ទ្រង់ក៏បានយាងកំសាន្តចូលជ្រៅទៅ ៗ ក្នុងទ្រូងព្រៃ ។
images/articles/2402/57by546gfy5y6ybh76v5urty5h6grtfydg.jpg
រឿងព្រះបច្ចុបដ្ឋានសញ្ញកត្ថេរ
ផ្សាយ : ៣០ មីនា ឆ្នាំ២០២៣
រឿងព្រះបច្ចុបដ្ឋានសញ្ញកត្ថេរ
(បិដកលេខ ៧៣ ទំព័រ២៨ និងអដ្ឋកថា)
ព្រះបច្ចុបដ្ឋានសញ្ញកត្ថេរនេះ លោកធ្លាប់បានបំពេញកុសលមកហើយ ក្នុងកាលនៃព្រះសម្មាសម្ពុទ្ធអង្គមុនៗ ការសន្សំបុណ្យទាំងឡាយ ក្នុងកាលនៃព្រះសម្មាសម្ពុទ្ធអង្គមុនៗ ការសន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃវិវដ្ដៈ ក្នុងភពមួយនោះ លោកបានកើតក្នុងកំណើតយក្ស ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមអត្ថទស្សី កាលខាងក្រោយមក ព្រះអង្គក៏ទ្រង់បរិនិព្វានទៅ ព្រោះតែការមិនបានឃើញ ពេលដែលព្រះអង្គទ្រង់គង់ព្រះជន្មនៅ ទើបមានសេចក្ដីសោកស្ដាយយ៉ាងខ្លាំង។ ក្នុងកាលនោះ អគ្គសាវករបស់ព្រះសម្មាសម្ពុទ្ធអត្ថទស្សីមានព្រះនាមថា សាគរ កាលទូន្មាន (យក្សនោះ) ទើបពោលថា ការបូជាព្រះសារីរិកធាតុ របស់ព្រះមានព្រះភាគ រមែងមានផលច្រើន ដូចការបូជាដែលគេធ្វើហើយក្នុងកាលព្រះមានព្រះភាគទ្រង់គង់ព្រះជន្មនៅ ព្រោះអំណាចនៃចិត្តដែលជ្រះថ្លា (ហេតុដូច្នេះ) អ្នកចូលកសាងព្រះស្ដូបចុះ!។ យក្សបានស្ដាប់ហើយ កើតសេចក្ដីជ្រះថ្លា ទើបបបួលគ្នាកសាងស្ដូប (ព្រះចេតិយ) រួចបញ្ចុះព្រះបរមសារីរិកធាតុ និងបានបូជាព្រះស្ដូបដែលតម្កល់ ព្រះសារីរិកធាតុនោះហើយ ចុតិអំពីកំណើតយក្ស បានសោយសម្បត្តិព្រះឥន្ទ្រក្នុងទេវលោក និងសម្បត្តិស្ដេចចក្រពត្តិក្នុងមនុស្សលោក។ ក្នុងពុទ្ធុប្បាទនេះ បានកើតក្នុងត្រកូលដែលមានទ្រព្យច្រើនក្នុងនគរសាវត្ថី ដឹងក្ដីហើយ ជ្រះថ្លាក្នុងព្រះពុទ្ធសាសនា បានចេញបួស មិនយូរប៉ុន្មាន ក៏បានជាព្រះអរហន្ត។
ក្នុងកាលជាខាងក្រោយមក លោករលឹកឃើញនូវបុព្វកម្មរបស់ខ្លួន ក៏កើតសោមនស្ស កាលប្រកាសនូវអំពើនោះឲ្យប្រាកដច្បាស់ ដែលខ្លួនប្រព្រឹត្តហើយក្នុងកាលមុន ទើបពោលគាថាទាំងនេះថា
កាលព្រះសុគតព្រះនាមអត្ថទស្សី ទ្រង់បរិនិព្វានទៅ ខ្ញុំបានកើតកំណើតយក្ស ក្នុងលំដាប់ស្មើគ្នា កាលនោះ ខ្ញុំបានដល់នូវយស។
(ខ្ញុំគិតថា) ឱហ្ន៎! យស ដែលអាត្មាអញបានហើយ មិនល្អសោះ ពន្លឺភ្លឺស្វាងក្នុងរាត្រីមិនល្អ ការរះឡើងនៃព្រះអរុណក៏មិនល្អ ព្រោះថា កាលដែលភោគអាត្មាអញនៅមានព្រះសម្ពុទ្ធមានចក្ខុទ្រង់បរិនិព្វានទៅ។
សាវកឈ្មោះ សាគរៈ បានដឹងច្បាស់ នូវតម្រិះរបស់ខ្ញុំលោកមានប្រាថ្នានឹងស្រង់ខ្ញុំឡើង ទើបនិមន្តមកកាន់សំណាក់ខ្ញុំ (ហើយប្រាប់ថា) នែបុរសអ្នកមានប្រាជ្ញាល្អ អ្នកយំសោកធ្វើអ្វី អ្នកកុំខ្លាចឡើយ អ្នកចូរប្រព្រឹត្តធម៌ចុះ ការបរិបូណ៌ដោយពូជ គឺកុសលរបស់សត្វទាំងអស់ ព្រះពុទ្ធទ្រង់បានប្រគល់ឲ្យហើយ។
បុគ្គលណា បូជាព្រះសម្ពុទ្ធជាំលោកនាយក ដែលទ្រង់គង់ព្រះជន្មនៅក្ដី បូជាព្រះសារីរិកធាតុរបស់ព្រះជិនស្រី សូម្បីប៉ុនគ្រាប់ស្ពៃ ដែលទ្រង់បរិនិព្វានទៅហើយក្ដី កាលបើមានចិត្តសេចក្ដីជ្រះថ្លាស្មើ បុណ្យដែលដល់នូវភាពដ៏ធំ ក៏ស្មើគ្នា ព្រោះហេតុនោះ អ្នកចូលកសាងព្រះស្ដូប ហើយបូជាព្រះជិនធាតុទាំងឡាយចុះ!។
ខ្ញុំបានស្ដាប់នូវព្រះវាចា នៃព្រះសាគរៈហើយ បានធ្វើពុទ្ធស្ដូប (គឺព្រះចេតិយតម្កល់នូវព្រះសារីរិកធាតុ) ព្រមទាំងបានបម្រើព្រះស្ដូបដ៏ប្រសើររបស់ព្រះពុទ្ធមុនីអស់៥ឆ្នាំ។
បពិត្រព្រះអង្គជាធំជាងសត្វទ្វេបាទ ជាចម្បងក្នុងលោកទ្រង់ប្រសើរបំផុតជាងនរជន ខ្ញុំបានសោយនូវសម្បត្តិ ហើយបានសម្រេចព្រះអរហន្ត ព្រោះកុសលកម្មនោះ។
ក្នុងកប្បទី៧០០ អំពីភទ្ទកប្បនេះទៅ ខ្ញុំបានជាស្ដេចចក្រពត្តិ៤ដង មានប្រាជ្ញាក្រាស់ដូចផែនដី បរិបូណ៌ដោយរតនៈ៧ប្រការ មានកម្លាំងច្រើន។
បដិសម្ភិទា ៤ វិមោក្ខ៨ និងអភិញ្ញា៦ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងព្រះពុទ្ធសាសនា ក៏ខ្ញុំបានប្រតិបត្តិហើយ។
បានឮមកថា ព្រះបច្ចុបដ្ឋានសញ្ញកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
បច្ចុបដ្ឋានសញ្ញកត្ថេរាបទាន
និងអដ្ឋកថា ឈ្មោះវិសុទ្ធជនវិលាសិនី ចប់
ដកស្រង់ចេញពីសៀវភៅ សារីរិកធាតុបូជានិសំសោ
រៀបរៀងដោយ លោក ង៉ែត សុផាន់
ដោយ៥០០០ឆ្នាំ
images/articles/2457/2016-06-14_10_21_13-_____________________________________pdf_-_Adobe_Acrobat_Pro_DC.jpg
វលាហកស្សជាតក
ផ្សាយ : ៣០ មីនា ឆ្នាំ២០២៣
នឹងសម្ដែងអំពីវលាហកស្សជាតក តាមបទបាឡីថា យេន កាហន្តិ ឱវាទន្តិ ដូច្នេះជាដើម ។ សេចក្ដីក្នុងបាឡីជាតកនោះថា ក្នុងវេលាមួយនោះព្រះបរមសាស្តាជាគ្រូនៃយើងព្រះអង្គទ្រង់គង់នៅវត្តជេតវនរាម បានសម្ដែងនូវធម៌ទេសនា ១ បទនោះថា យេន កាហន្តិ ឱវាទន្តិ ដូច្នេះជាដើមចំពោះនឹងភិក្ខុម្នាក់ជាអ្នកអប្សុកចាកធម៌វិន័យក្នុងព្រះពុទ្ធសាសនា ។
គ្រានោះព្រះសម្មាសម្ពុទ្ធទ្រង់ហៅភិក្ខុនោះចូលមកគល់ លុះចូលមកដល់ហើយព្រះអង្គក៏ត្រាស់សួរថា នែភិក្ខុអ្នកឯងមានចិត្តរាយមាយរវើរវាយ មិនសប្បាយក្នុងធម៌នឹងវិន័យរបស់តថាគតមែនឬអ្វី ភិក្ខុនោះក៏ក្រាបបង្គំទូលថា ពិតមែនដូចព្រះដ៏មានព្រះភាគទ្រង់ជ្រាបនោះហើយ ទើបព្រះសម្មាសម្ពុទ្ធទ្រង់សួរតទៅទៀតថា ចុះហេតុអ្វីក៏អ្នកមិនសប្បាយក្នុងសាសនាតថាគតនេះ ភិក្ខុនោះទូលថា ឯហេតុដែលខ្ញុំព្រះករុណាមិនសប្បាយនោះព្រោះខ្ញុំព្រះករុណាបានជួបប្រទះនូវស្រីម្នាក់ មានរូបរាងល្អព្រមទាំងមានគ្រឿងអលង្កា ប្រដាប់កាយដ៏រុងរឿងផង ហើយខ្ញុំព្រះករុណា ក៏មានសេចក្ដីស្នេហាកើតឡើងដោយអំណាចនៃកិលេសធម៌នោះឯង ។ អានទាំងស្រុង ចុចទីនេះ
ដោយ៥០០០ឆ្នាំ
images/articles/2702/32s55stpic.jpg
នាងពិម្ពាយសោធរារាហុលមាតា
ផ្សាយ : ៣០ មីនា ឆ្នាំ២០២៣
នាងពិម្ពាយសោធរារាហុលមាតា ជាកន្សៃសារពេជ្ញ នៃព្រះសិទ្ធត្ថជាសព្វញ្ញុបរមពោធិសត្វ
កន្សៃសារពេជ្ញ (ន.) ស្រីជាអគ្គមហេសីរបស់ព្រះបរមពោធិសត្វជាបច្ឆិមជាតិ ក្នុងកាលដែលនៅជាគ្រហស្ថ ឬដែលបានត្រាស់ហើយ ក៏គង់នៅហៅស្រីនោះថា កន្សៃសារពេជ្ញ :
កាលនោះ ព្រះអង្គជាព្រាហ្មណ៍ ឈ្មោះសុមេធៈ តាក់តែង ផ្លូវសម្រាប់ថ្វាយព្រះពុទ្ធទីបង្ករ ទ្រង់ឃើញ ធម៌ទាំងពួង កាលស្ដេចមកដល់ ខ្ញុំជាកញ្ញា កើតក្នុងត្រកូល ព្រាហ្មណ៍ ឈ្មោះនាងសុមិត្តា បានចូលទៅកាន់ទីប្រជុំ ។
ខ្ញុំយកផ្កាឧប្បល ៨ ក្ដាប់ ដើម្បីបូជាព្រះសាស្ដា បានឃើញឥសីដ៏ឧត្ដម ក្នុងកណ្ដាលនៃជន ។ កាលនោះ ខ្ញុំបានឃើញព្រះសម្ពុទ្ធ ទ្រង់ខានយាងមកអស់កាលយូរ ទ្រង់មានព្រះទ័យ ប្រកបដោយ ករុណា ក៏បណ្ដាលឲ្យចិត្តត្រេកអរក្រៃលែង ហើយសំគាល់ថា ជីវិតរបស់អាត្មាអញប្រកបដោយផល ។កាលនោះ ខ្ញុំបានឃើញសេចក្ដីព្យាយាមប្រកបដោយផល របស់ឥសី នោះ ទាំងចិត្តរបស់ខ្ញុំ ក៏ជ្រះថ្លាក្នុងព្រះពុទ្ធ ដោយកុសលកម្ម មានក្នុងកាលមុន ។
ខ្ញុំញ៉ាំងចិត្តឲ្យជ្រះថ្លាក្រៃ លែង ក្នុងឥសីមានចិត្តខ្ពង់ខ្ពស់ ហើយទូលថា បពិត្រឥសី ខ្ញុំ មិនឃើញវត្ថុដទៃ ដែលគួរថ្វាយទេ ខ្ញុំសូមថ្វាយផ្កាទាំងឡាយ ដល់លោក ។បពិត្រឥសី ផ្កា ៥ ក្ដាប់ ចូរមានដល់លោក ផ្កា ៣ ក្ដាប់ ចូរមានដល់ខ្ញុំ បពិត្រឥសី ផ្កាទាំងឡាយ ចូរជារបស់ស្មើ គ្នា មួយអន្លើដោយឥសីនោះ ដើម្បីប្រយោជន៍ដល់ ពោធិញ្ញាណរបស់ព្រះអង្គ ។
(វចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត , សុត្តន្តបិដក ខុទ្ទកនិកាយ អបទាប ថេរិយាបទាន កុណ្ឌលកេសវគ្គ យសោធរាថេរិយាបទាន បិដកលេខ ៧៦ ទំព័រ ១៨០)
ដោយខេមរ អភិធម្មាវតារ
ដោយ៥០០០ឆ្នាំ
images/articles/2705/te765pic.jpg
ជវនហំសជាតក
ផ្សាយ : ៣០ មីនា ឆ្នាំ២០២៣
ព្រះសាស្ដា កាលស្ដេចគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រះធម្មទេសនាទឡ្ហធម្មធនុគ្គហសូត្រ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា ឥធេវ ហំស និបត ដូច្នេះ ( ជាដើម ) ។( សេចក្ដីក្នុងសំយុត្តនិកាយ និទានវគ្គ ធនុគ្គហសូត្រនោះថា )
ម្នាលភិក្ខុទាំងឡាយ ដូចជាខ្មាន់ធ្នូ ៤ នាក់ មានកម្លាំងមាំមួន បានសិក្សាដោយប្រពៃ មានសិល្បៈស្ទាត់ក្នុងដៃ បានសម្តែងសិល្បៈរួចហើយ ឈរនៅក្នុងទិសទាំង ៤ ។ គ្រានោះ មានបុរសម្នាក់ ដើរដល់គិតថា កាលបើខ្មាន់ធ្នូទាំង ៤ នាក់នេះ ដែលមានកម្លាំងមាំមួន បានសិក្សាដោយប្រពៃ មានសិល្បៈស្ទាត់ក្នុងដៃ បានសម្តែងសិល្បៈរួចហើយ បានបាញ់សរទៅក្នុងទិសទាំង ៤ មិនទាន់ធ្លាក់ដល់ផែនដីនៅឡើយ អាត្មាអញនឹងចាប់នាំយកសរទាំងនោះមកឲ្យបាន ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសំគាល់ហេតុទាំងនោះ ដូចម្តេច បុរសដែលមានសំទុះ (នោះ) គេគួរនឹងនិយាយថា ជាអ្នកប្រកបដោយសំទុះ លឿនក្រៃលែលបានឬទេ ។
ភិក្ខុទាំងឡាយទូលថា យ៉ាងហ្នឹងហើយព្រះអង្គ ។ ព្រះមានព្រះភាគទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សំទុះនៃបុរសនោះយ៉ាងណាក្ដី សំទុះនៃព្រះចន្ទ្រនិងព្រះអាទិត្យដែលលឿនជាងសំទុះបុរសនោះយ៉ាងណាក្តី ម្នាលភិក្ខុទាំងឡាយ សំទុះនៃបុរសនោះយ៉ាងណាក្តី សំទុះនៃព្រះចន្ទ្រនិងព្រះអាទិត្យយ៉ាងណាក្តី សំទុះនៃទេវតាទាំងឡាយ ដែលស្ទុះទៅពីមុខព្រះចន្ទ្រ និងព្រះអាទិត្យនោះ លឿនជាងសំទុះនៃព្រះចន្ទ្រនិងព្រះអាទិត្យនោះទៅទៀតយ៉ាងណាក្តី ។ ម្នាលភិក្ខុទាំងឡាយ សំទុះនៃបុរសនោះយ៉ាងណាក្តី សំទុះនៃព្រះចន្ទ្រនិងព្រះអាទិត្យទាំងឡាយយ៉ាងណាក្តី សំទុះនៃទេវតាទាំងឡាយ ដែលស្ទុះទៅអំពីខាងមុខព្រះចន្ទ្រនិងព្រះអាទិត្យយ៉ាងណាក្តី អាយុសង្ខារទាំងឡាយ រមែងអស់ទៅឆាប់រហ័សជាងសំទុះទាំងនោះទៅទៀត ។ ម្នាលភិក្ខុទំាឡាយ ហេតុដូច្នេះ ក្នុងសាសនានេះ អ្នកទាំងឡាយគប្បីសិក្សាយ៉ាងនេះថា យើងទាំងឡាយជា អ្នកមិនប្រមាទ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសិក្សាយ៉ាងនេះចុះ ។
ក្នុងថ្ងៃទីពីរបន្ទាប់អំពីថ្ងៃ ដែលព្រះមានព្រះភាគសម្ដែងនូវព្រះសូត្រនេះ ភិក្ខុទាំងឡាយសន្ទនាគ្នាក្នុងសាលាធម្មសភាថា ម្នាលអ្នកមានអាយុទាំងឡាយ ព្រះសាស្ដាទ្រង់តាំងនៅក្នុងពុទ្ធវិស័យរបស់ព្រះអង្គ កាលពន្យល់ណែនាំ ទ្រង់បានសម្ដែងដល់អាយុសង្ខាររបស់សត្វទាំងឡាយនេះ ជារបស់លឿនរហ័ស ជារបស់ទុព្វល ធ្វើឲ្យភិក្ខុជាបុថុជ្ជនទាំងឡាយស្ញប់ស្ញែង ចិត្តយ៉ាងខ្លាំងថា អហោ ពុទ្ធពលំ នាម ឱហ៎្ន ! កម្លាំងរបស់ព្រះពុទ្ធ (អស្ចារ្យពេកណាស់) ។ ព្រះសាស្ដាស្ដេចយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញ អ្នកទាំងឡាយសន្ទានគ្នាអំពីរឿងអ្វី ? ភិក្ខុទាំងឡាយក្រាបទូលថា (យើងខ្ញុំព្រះអង្គសន្ទនាគ្នា) អំពីរឿងនេះ ព្រះអង្គ ដូច្នេះហើយ ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនជាអស្ចារ្យឡើយ ដែលឥឡូវនេះ តថាគតបានដល់នូវសព្វញ្ញុតញ្ញាណ ហើយសម្ដែងដល់អាយុសង្ខារ របស់សត្វទាំងឡាយជារបស់លឿនរហ័ស នឹងសម្ដែងធម៌ឲ្យភិក្ខុទាំងឡាយសង្វេគនោះ ពីព្រោះក្នុងកាលមុន តថាគតបានយោនយកកំណើតជាសត្វហង្ស ដែលអហេតុសត្វ (សត្វដែលបដិសន្ធិមិនប្រកបដោយហេតុទាំងបី គឺ អលោភៈ អទោសៈ អមោហៈ) ក៏ធ្លាប់សម្ដែងអំពីសង្ខារទាំងឡាយជាសភាវៈលឿនរហ័ស ហើយបានសម្ដែងធម៌ឲ្យបរិស័ទទាំងអស់ រួមទាំងព្រះរាជាដែនពារាណសីជាដើមស្លុតសង្វេគចិត្តដែរ ទ្រង់ក៏នាំអតីតនិទាននោះមកសម្ដែងដូចតទៅថា៖
ក្នុងអតីតកាល ព្រះបាទព្រហ្មត្តធ្វើរាជសម្បត្តិក្នុងនគរពារាណសី កាលនោះ ព្រះពោធិសត្វបានកើតហើយក្នុងកំណើតជវនហង្ស មានងហង្ស ៩ ម៉ឺនជាបរិវារ អាស្រ័យនោះនឹងកំពូលភ្នំចិត្រកូដ (ក្នុងព្រៃហិមពាន្ត) ។ ថ្ងៃមួយព្រះពោធិសត្វនោះ ព្រមទាំងបរិវារទំពាស៊ីស្រូវសាលី ដែលដុះឯងក្នុងស្រះមួយ ក្នុងផ្ទៃដីរបស់ជម្ពូទ្វីប ហើយហើរទៅកាន់កំពូលភ្នំចិត្រកូដ ដោយដំណើរវិលាសៈយ៉ាងទន់ភ្លន់ កាត់តាមផ្លូវជាចំណែកខាងលើនៃនគរពារាណសី មួយអន្លើដោយបរិវារដេ៏ច្រើន ហាក់ដូចជាកម្រាលមាសដែលគេក្រាលលើអាកាស ។
គ្រានោះ ព្រះចៅក្រុងពារាណសីទ្រង់ឃើញព្រះពោធិសត្វនោះ ហើយបានត្រាស់នឹងពួកអាមាត្យងថា ហង្សសូម្បីនេះ គប្បីជាព្រះរាជា ប្រាកដូចយើង ដូច្នេះហើយ ទ្រង់កើតសេចក្ដីស្រឡាញ់ក្នុងព្រះពោធិសត្វនោះ ទ្រង់បានកាន់យកកម្រងផ្កាឈើ របស់ក្រអូប និងគ្រឿងលាប ហើយសម្លឹងមើលព្រះពោធិសត្វនោះ និងបានញ៉ាំងឲ្យគេផ្គងឡើងនូវគ្រឿងតន្ត្រីទាំងពួង ។ ព្រះមហាសត្វបានឃើញនូវការធ្វើសក្ការ របស់ព្រះរាជាដល់ខ្លួន ទើបបានសួរនូវពួកហង្សថា ព្រះរាជាទ្រង់បានធ្វើសក្ការៈមានសភាពបែបនេះដល់យើង ទ្រង់ប្រាថ្នាអ្វីហ៎្ន ?ពួកហង្សនាំគ្នាឆ្លើយថា បពិត្រព្រះសម្មតិទេព ព្រះរាជានោះប្រាថ្នាការរាប់អានជាមួយនឹងព្រះអង្គ ។
ព្រះពោធិសត្វពោលថា ប្រសិនបើយ៉ាងនោះ មិត្តភាពរបស់ពួកយើងចូរមានដល់ព្រះរាជាចុះ ដូច្នេះហើយព្រះពោធិសត្វក៏បានធ្វើមិត្តភាពជាមួយនឹងព្រះរាជា ហើយទើបចៀសចេញទៅ ។ថ្ងៃមួយ ក្នុងវេលាដែលព្រះរាជាយាងទៅកាន់ព្រះរាជឧទ្យាន ក្នុងកាលនោះ ព្រះពោធិសត្វបានហើរទៅកាន់ស្រះអនោតត្តៈ ហើយនាំយកទឹកដោយស្លាបម្ខាង និងកាន់យកនូវលម្អិតខ្លឹមចន្ទន៍ដោយស្លាបម្ខាងទៀត មកឲ្យព្រះរាជាស្រង់ដោយទឹកនោះ និងឲ្យរោយរាយដោយលម្អិតចន្ទន៍នោះផង កាលមហាជនកំពុងមើលនោះឯង ព្រះពោធិសត្វនិង បរិវារ បានចេញទៅកាន់ភ្នំចិត្រកូដនោះវិញ ។
ចាប់តាំងអំពីពេលនោះមក ព្រះរាជាបានជាអ្នកប្រាថ្នានឹងជួបព្រះមហាសត្វ ហើយបានប្រថាប់ឈរសម្លឹងមើលផ្លូវដែលព្រះពោធិសត្វមក ដោយទ្រង់ធ្វើអាភោគថា ក្នុងថ្ងៃនេះ សម្លាញ់របស់យើងនឹកមក ! ក្នុងថ្ងៃនេះ សម្លាញ់របស់យើងនឹកមក ។ គ្រានោះ កូនហង្ស ២ ជាប្អូនរបស់ព្រះមហាសត្វ បាននិយាយគ្នាថា យើងនឹងហើរប្រណាំងនឹងព្រះអាទិត្យ ដូច្នេះហើយ បានប្រាប់ដល់ព្រះមហាសត្វថា ពួកយើងនឹងហើរប្រណាំងនឹងព្រះអាទិត្យ ។ ព្រះពោធិសត្វពោលថា ម្នាលប្អូន ឈ្មោះថាល្បឿនរបស់ព្រះអាទិត្យលឿនខ្លាំងណាស់ អ្នកទាំងឡាយចូរកុំសាកល្បងដើម្បីនឹងប្រណាំងនឹងព្រះអាទិត្យឡើយ កុំនាំគ្នាទៅអី ។ ហង្សទាំងនោះ បានសូមអង្វរព្រះពោធិសត្វ ជាគម្រប់ពីរដងផង ជាគម្រប់បីដងផង ព្រះពោធិសត្វក៏បានហាមឃាត់ដរាបដល់លើកទីបី ។
ហង្សទាំងពីរនោះ កាលមិនដឹងនូវកម្លាំង របស់ខ្លួនដោយអំណាចនៃមានះរឹងត្អឹង ហើយមិនបានប្រាប់ព្រះមហាសត្វ គិតថា យើងនឹងហើរប្រណាំងនឹងព្រះអាទិត្យ ដូច្នេះហើយ បានហើរទៅ អង្គុយលើកំពូលភ្នំយុគន្ធរ ក្នុងវេលាដែលព្រះអាទិត្យនៅមិនទាន់រះ ។
ព្រះមហាសត្វមិនឃើញនូវហង្សទាំងពីរនោះ ទើបសួរ (បរិវារ) ថា ហង្សទាំងនោះទៅណា ? ពេលបានស្ដាប់ដំណឹងនោះហើយ ទ្រង់គិតថា ហង្សទាំងពីរនោះ មិនអាចនឹងប្រណាំងនឹងព្រះអាទិត្យឡើយ នឹងវិនាសក្នុងរវាងផ្លូវ យើងនឹងឲ្យជីវិតដល់ហង្សទាំងពីរនោះ ។ សូម្បីព្រះពោធិសត្វ ក៏បានទៅ ហើយអង្គុយលើកំពូលភ្នំយុគន្ធរនោះដែរ ។
លំដាប់នោះ កាលដួងព្រះអាទិត្យរះឡើង កូនហង្សទាំងពីរហោះឡើងហើយហើរទៅជាមួយនឹងព្រះអាទិត្យ សូម្បីព្រះមហាសត្វក៏បានហើរទៅមួយអន្លើដោយពួកគេ ។ បងប្អូនហង្សទាំងពីរហើរបានត្រឹមបុព្វណ្ហសម័យ ក៏ចុករោយ ហាក់ជាត្រូវភ្លើងឆេះឡើងក្នុងថ្នាំងនៃស្លាបទាំងពីរ ។ ហង្សប្អូនពៅនោះបានឲ្យសញ្ញាដល់ព្រះពោធិសត្វឲ្យជ្រាបថា បពិត្របង ខ្ញុំមិនអាចហើរបានទេ ។
លំដាប់នោះ ព្រះមហាសត្វលួងលោមគេថា កុំខ្លាយឡើយ យើងនឹងឲ្យជីវិតដល់អ្នក ដូច្នេះហើយ ក៏ព័ន្ធព័ទ្ធគេដោយស្លាប ញ៉ាំគេឲ្យធូរចិត្តហើយ បាននាំគេទៅកាន់កំពូលភ្នំ ចិត្រកូដ ទៅតម្កល់ទុកក្នុងកណ្ដាលហង្សទាំងឡាយ ហើយក៏ហើរទាន់ព្រះអាទិត្យម្ដងទៀត ។ សូម្បីប្អូនកណ្ដាល ហើរប្រណាំងជាមួយនឹងព្រះអាទិត្យ ហើយចុករោយ ហាក់ដូចជាត្រូវភ្លើងឆេះត្រង់ថ្នាំងនៃស្លាបទាំងពីរ ។ គ្រានោះ ហង្សនោះបានឲ្យសញ្ញាដល់ព្រះពោធិសត្វថា បពិត្របង ខ្ញុំមិនអាចហើយទៀតបានទេ ។ ព្រះមហាសត្វបានញ៉ាំងគេឲ្យធូរចិត្តហើយកាន់យកគេដោយស្លាប ហើយមកកាន់កំពូលភ្នំចិត្រកូដ ។ ក្នុងខណៈនោះ ព្រះសូរិយា ក៏បានមកដល់កណ្ដាលអាកាស ។
លំដាប់នោះ ព្រះមហាសត្វគិតថា ថ្ងៃនេះ យើងនឹងសម្ដែងនូវកម្លាំងនៃសរីរៈរបស់យើង ដូច្នេះហើយ ព្រះអង្គក៏ហើរទៅដោយល្បឿនយ៉ាងលឿន ទៅអង្គុយលើកំពូលភ្នំយុគន្ធរ ហើយបានហោះឡើងអំពីទីនោះ ទៅទាន់ព្រះអាទិត្យដោយកម្លាំងស្ទុះទៅយ៉ាងលឿន ពេលខ្លះក៏ហើរទៅអំពីខាងមុខ ពេលខ្លះក៏ហើរទៅអំពីខាងក្រោយ ទ្រង់បានគិតថា ការហើរប្រណាំងជាមួយនឹងព្រះអាទិត្យ របស់យើងនឹងមានប្រយោជន៍អ្វី ជាការកើតអយោនិសោមនសិការ យើងត្រូវការអ្វី យើងនឹងទៅកាន់នគរពារាណសី ហើយពោលនូវកថាដែលប្រកបដោយធម៌ ប្រកបដោយប្រយោជន៍ដល់ព្រះរាជាដែលជាសម្លាញ់របស់យើងវិញ ។
ព្រះពោធិសត្វបនោះបានត្រឡប់វិញ ក្នុងកាលព្រះអាទិត្យមិនទាន់កន្លងកណ្ដាលអាកាស ទ្រង់បានហើរសរសៀរតាមកណ្ដាប់ចក្រវាឡទាំងអស់ ដោយចំណែកទីបំផុត ដល់ទីបំផុត ហើរសៀសៀរតាមជម្ពូទ្វីបទាំងអស់ ដោយទីបំផុតខ ដល់ទីបំផុត ហើយក៏បានដល់នគរពារាណសី ។ ព្រះនគរទាំងអស់មកានបវេណ ១២ យោជន៍ ហាក់បីដូចត្រូវបាំងដោយសត្វហង្ស ឈ្មោះថា រយៈផ្លូវរមែងមិនប្រាកដ កាលល្បឿនត្រូវអស់ទៅដោយលំដាប់ រយៈចន្លោះទើបប្រាកដក្នុងអាកាស ។ ព្រះមហាសត្វញ៉ាំងល្បឿនឲ្យសាបសូន្យហើយ ក៏ចុះអំពីអាកាស ហើយឋិតនៅក្នុងទីខាងមុខនៃសីហបញ្ជរ ។ ព្រះរាជាដល់នូវសេចក្ដីសោមនស្សដោយគិតថា សម្លញ់របស់យើងមកហើយ ដូច្នេះហើយ ក៏ឲ្យគេតម្កល់នូវតាំងមាស ដើម្បីប្រយោជន៍ដល់ការអង្គុយរបស់ព្រះពោធិសត្វ ហើយទ្រង់ត្រាស់ថា ម្នាលសម្លាញ់ ចូរមក នេះទីអង្គុយ ហើយត្រាស់នូវគាថាដំបូងថានែហង្ស ឯងចូរទំលើតាំងមាសនេះចុះ ការឃើញឯង ជាទីពេញចិត្តរបស់អញ ឯងសមគួរជាធំហើយ របស់ណាមានក្នុងទីនេះ ឯងចូរប្រាប់មកចុះ ។
បណ្ដាបទទាំងនោះ បទថា ឥធ ប្រែថា ក្នុងទីនេះ ព្រះរាជាត្រាស់សំដៅដល់តាំងមាស។បទថា និបត ប្រែថា សូមអង្គុយ ។ ដោយបទថា ឥស្សរោសិ នេះ ព្រះរាជាត្រាស់ថា អ្នកជាឥស្សរ ជាម្ចាស់របស់ទីនេះមកហើយ ។ បទថា យំ ឥធត្ថិ សេចក្ដីថា វត្ថុណាដែលមានក្នុងនិវេសន៍នេះ លោកមិនត្រូវក្រែងចិត្ត ចូរប្រាប់ខ្ញុំនូវវត្ថុនោះ ។
ព្រះមហាសត្វទំលើតាំងមាស ។ ព្រះរាជាបញ្ជាលាបនូវស្លាបទាំងឡាយរបស់ព្រះមហាសត្វនោះដោយប្រេងដែលមានតម្លៃច្រើនរយច្រើនពាន់ និងឲ្យគេចានមានដាក់ទឹកឃ្មុំ និង ស្ករក្រួស ធ្វើសក្ការៈដល់ព្រះពោធិសត្វ ហើយសួរថា ម្នាលសម្លាញ់ អ្នកមកតែម្នាក់ឯងទេ និង អ្នកមកអំពីទីណា ? ព្រះពោធិសត្វបានប្រាប់នូវដំណើររឿងនោះដោយពិស្ដារ ។
លំដាប់នោះ ព្រះរាជាត្រាស់នឹងព្រះពោធិសត្វថា ម្នាលសម្លាញ់ សូមលោកសម្ដែងនូវសន្ទុះដ៏លឿនរហ័សដែលជាការប្រណាំងជាមួយនឹងព្រះអាទិត្យឲ្យខ្ញុំមើលផង ។ ព្រះមហាសត្វទើបទូលថា បពិត្រមហារាជ ខ្ញុំមិនអាចនឹងសម្ដែងនូវភាពលឿនរហ័សនោះបានទេ ។ ព្រះរាជាត្រាស់ថា បើយ៉ាងនោះ សូមលោកសម្ដែងត្រឹមតែសេចក្ដីប្រហាក់ប្រហែលគ្នាដល់ខ្ញុំចុះ ។ ព្រះមហាសត្វទូលថា ល្អណាស់ មហារាជ ខ្ញុំនឹងសម្ដែងសេចក្ដីប្រហាក់ប្រហែលគ្នាបាន ព្រះអង្គចូរឲ្យនាយខ្នាន់ធ្នូដែលពូកែបាញ់ប្រជុំគ្នាចុះ ។ ព្រះរាជាក៏បានឲ្យនាយខ្នាន់ធ្នូប្រជុំគ្នា ។
ព្រះមហាសត្វជ្រើសរើសនាយខ្នាន់ធ្នូ ៤ នាក់ អំពីរាជនិវេសន៍ ហើយឲ្យគេជីកដាំសសរក្នុងប្រលានហ្វួង ឲ្យនាយខ្នាន់ស្ពាយសសរកូនសរនៅនឹងករបស់ខ្លួន ហើយព្រះពោធិសត្វទៅអង្គុយលើកំពូលសសរ ហើយឲ្យនាយខា្នន់ធ្នូទាំង ៤ នោះ បែរមុខទៅទិសទាំង ៤ យឹតកូនសរ ដូច្នេះហើយ ទើបទូលព្រះរាជាថា បពិត្រមហារាជ នាយខ្នាន់ធ្នូចូរយឹតកូនសរទាំង ៤ តម្រង់ទៅទិសទាំង ៤ ហើយបាញ់ឲ្យព្រមគ្នាចុះ ខ្ញុំនឹងចាប់នូវកូនសរទាំងនោះ ដោយមិនឲ្យធ្លាក់ដល់ដីឡើយ ហើយនឹងឲ្យកូនសរធ្លាក់ចុះត្រង់ជើងរបស់នាយខ្នាន់ធ្នូទាំងនោះវិញ ។
ព្រះអង្គនឹងដឹងការដែលខ្ញុំទៅចាប់កូនសរដោយសញ្ញានៃសំឡេងកូនសរ តែព្រះអង្គនឹងមិនឃើញនូវខ្ញុំឡើយ ហើយខ្ញុំនឹងនាំយកនូវកូនសរដែលនាយខ្នាន់ធ្នូបាញ់ព្រមគ្នាមកតម្កល់ទុកទៀបជើងរបស់ពួកគេ ហើយទើបសម្លែងខ្លួនដេកលើកំពូលសសរនោះ ពោលថា បពិត្រមហារាជ ព្រះអង្គឃើញហើយ នេះជាសន្ទុះដ៏លឿនរបស់ខ្ញុំ ហើយព្រះពោធិសត្វពោលទៀតថា បពិត្រមហារាជ នេះមិនមែនសន្ទុះដ៏ប្រសើររបស់ខ្ញុំ មិនមែនជាសន្ទុះយ៉ាងកណ្ដាល បពិត្រមហារាជ នេះគឺជាសន្ទុះលឿនយ៉ាងថោកថយរបស់ខ្ញុំប៉ុណ្ណោះ ។
លំដាប់នោះ ព្រះរាជាសួរថា ម្នាលសម្លាញ់ ភាពលឿនរហ័សដ៏ក្រៃលែងយ៉ាងដទៃជាងល្បឿនរបស់លោកមានទៀតឬ ? ព្រះពោធិសត្វពោលថា បពិត្រមហារាជ ត្រូវហើយ មានទៀត អាយុសង្ខាររបស់សត្វទាំងឡាយ រមែងអស់ទៅ រមែងបែកធ្លាយទៅ ដល់នូវការអស់ទៅ រមែងលឿនជាងល្បឿនដ៏ឧត្តមរបស់ខ្ញុំដោយរយនៃគុណ ដោយពាន់នៃគុណ ដោយសែននៃគុណ ។ ព្រះមហាសត្វសម្ដែងការរលត់ទៅនៃរូបធម៌ និងនាមធម៌ ដោយអំណាចនៃការរលត់ជាខណៈ ។
ព្រះរាជាស្ដាប់កថារបស់ព្រះមហាសត្វ ទ្រង់ស្លុតព្រះទ័យ មិនអាចតម្កល់នូវសតិចំពោះមរណភ័យ ក៏ដួលចុះលើផែនដី មហាជននាំគ្នាដល់នូវសេចក្ដីរន្ធត់ ។ ពួកបានយកមកស្រពព្រះភក្ត្ររបស់ព្រះរាជា ញ៉ាំងព្រះរាជាបាននូវសតិវិញ ។ លំដាប់នោះ ព្រះមហាសត្វឲ្យឱវាទព្រះរាជាថា បពិត្រមហារាជ សូមទ្រង់កុំភ័យឡើយ ព្រះអង្គចូរចម្រើននូវមរណានស្សតិ ចូរប្រព្រឹត្តធម៌ និងធ្វើនូវបុណ្យទាំងឡាយមានឲ្យទានជាដើម ហើយសូមទ្រង់ចូរជាអ្នកមិនប្រមាទចុះ ។
លំដាប់នោះ ព្រះរាជាកាលទ្រង់សូមអង្វរព្រះពោធសិត្វទើបត្រាស់ថា បពិត្រអ្នកជាម្ចាស់ ខ្ញុំមិនអាចដើម្បីនឹងនៅបែកផ្សេងអំពីអាចារ្យ ដែលដល់ព្រមដោយកម្លាំងនៃបញ្ញា ដែលមានសភាពដូចជាលោក សូមលោកមិនទៅកាន់ភ្នំចិត្រកូដ នៅសម្ដែងធម៌ដល់យើង ជាអាចារ្យអ្នកឲ្យឱវាទ ចូរស្នាក់នៅក្នុងទីនេះចុះ ដូច្នេះហើយទើបត្រាស់នូវគាថាទាំង ២ ថា បុគ្គលខ្លះ គ្រាន់តែឮហើយស្រឡាញ់ក៏មាន ខ្លះគ្រាន់តែឃើញគ្នាហើយអស់សេចក្តីស្រឡាញ់ក៏មាន ខ្លះឃើញផងឮផង ទើបស្រឡាញ់ក៏មាន ចុះព្រះអង្គគ្រាន់តែឃើញ តើស្រឡាញ់ខ្ញុំដែរឬទេ ។
អញគ្រាន់តែបានឮ ស្រឡាញ់ឯងទៅហើយ លុះបានឃើញ អញរឹតតែស្រឡាញ់ឡើង នែហង្ស ឯងអញឃើញហើយស្រឡាញ់យ៉ាងនេះ ឯងចូរនៅក្នុងសម្នាក់អញចុះ ។ គាថានោះ មានអត្ថាធិប្បាយថា ម្នាលស្ដេចហង្សសម្លាញ់ បុគ្គលខ្លះរមែងស្រឡាញ់ដោយការស្ដាប់ គឺជាអ្នកមានចិត្តស្រឡាញ់ដោយការបានស្ដាប់ ព្រោះបានឮថា មានគុណយ៉ាងនេះ តែពេលបានឃើញប៉ុណ្ណោះ ក៏អស់សេចក្ដីស្រឡាញ់ សេចក្ដីពេញចិត្តក៏ប្រាសទៅ ហាក់ដូចជាយក្សដែលមកដើម្បីស៊ី ។ បុគ្គលខ្លះជាអ្នកស្រឡាញ់ដោយចំណែកទាំងពីរ គឺ បានឃើញផង បានឮផង ហេតុនោះ ខ្ញុំសូមសួរលោក ព្រោះឃើញខ្ញុំ លោកទើបស្រឡាញ់ឬ ជាអ្នកស្រឡាញ់ដោយាការបានស្ដាប់ ? តែសម្រាប់ខ្ញុំ ជាអ្នកស្រឡាស់ព្រោះបានឃើញ សូមលោកកុំទៅកាន់ភ្នំចិត្រកូដ ចូរនៅក្នុងសំណាក់របស់ខ្ញុំចុះ ។
ព្រះពោធិសត្វក្រាបទូលថា ខ្ញុំនៅក្នុងដំណាក់របស់ព្រះអង្គ ព្រះអង្គធ្វើសក្ការបូជា អស់កាលជានិច្ចហើយ តែក្រែងពេលណាមួយ ព្រះអង្គស្រវឹងដោយទឹកស្រវឹងហើយ ទ្រង់ត្រាស់បង្គាប់ថា នាយពិសេស ចូរ ចម្អិនសាច់សេ្តចហង្ស យកមកឲ្យយើង ។ បណ្ដាបទទាំងនោះ បទថា មត្តោ ច ឯកទា សេចក្ដីថា បពិត្រមហារាជ យើងខ្ញុំបានទទួលការបូជាជានិច្ច នៅក្នុងព្រះរាជវាំងរបស់ព្រះអង្គ ក្រែងមានថ្ងៃមួយព្រះអង្គសោយសុរាហើយ គប្បីត្រាស់ថា ចូរចម្អិនស្ដេចហង្សឲ្យយើងដូច្នេះ ដើម្បីនឹងបានសោយសាច់ នៅពេលដែលពួកខ្ញុំមកចូលគាល់ព្រះអង្គ ទ្រង់នឹងឲ្យសម្លាប់នូវខ្ញុំ ហើយឲ្យគេចម្អិន ពេលនោះខ្ញុំនឹងធ្វើយ៉ាងណា ?
លំដាប់នោះ ព្រះរាជាដើម្បីប្រទានបដិញ្ញាដល់ព្រះពោធិសត្វនោះថា បើយ៉ាងនោះ ខ្ញុំនឹងមិនផឹកសុរាជាដាច់ខាត ទើបត្រាស់ព្រះគាថានេះថា ថ្វឺយ ! ខ្ពើមការផឹកទឹកស្រវឹង ដែលជាទីស្រឡាញ់របស់អញជាងឯង បើឯងនៅក្នុងដំណាក់អញដរាបណា អញនឹងមិនផឹកទឹកស្រវឹងដរាបនោះ ។ តអំពីនេះទៅ ព្រះពោធិសត្វពោលគាថា ៦ ថា សំដីរបស់ពួកចចក និងពួកបក្សី យល់បានងាយ បពិត្រមហារាជ សំដីរបស់ពួកមនុស្ស កម្រដឹងបាន ជាងសំដីសត្វនោះទៅទៀត ។ មួយទៀត បើបុរសណា កាលពីដើម មានចិត្តល្អ គេសម្គាល់ថា ជាញាតិ ជាមិត្រ ឬជាសម្លាញ់ តែលុះដល់ពេលខាងក្រោយមក បុរសនោះ ត្រឡប់ជាសត្រូវនឹងគ្នាទៅវិញ ក៏មាន ។
បុគ្គលណាមានចិត្តស្មោះស្មើ ដោយសារសេចក្តីស្រឡាញ់ បុគ្គលនោះ ឈ្មោះថា នៅជិតជាមួយគ្នា បុគ្គលណា មានចិត្តមិនស្មោះស្មើ បុគ្គលនោះ ទោះនៅក្នុងទីជិត ក៏ហាក់ដូចជានៅក្នុងទីឆ្ងាយ ។ សម្លាញ់ណា ជាអ្នកមានចិត្តជ្រះថា្លរកគ្នា បើទុកជានៅឯត្រើយសមុទ្ទខាងនាយ សម្លាញ់ដែលមានចិត្តជ្រះថា្លរកគ្នានោះ ក៏ឈ្មោះថានៅក្នុងសមុទ្ទជាមួយគ្នា សម្លាញ់ណាមានចិត្តប្រទូស្តរកគ្នា បើទុកជានៅក្នុងសមុទ្ទជាមួយគ្នា សម្លាញ់ដែលមានចិត្តប្រទូស្តគ្នានោះ ក៏ឈ្មោះថា នៅត្រើយសមុទ្ទខាងនាយវិញ ។
បពិត្រព្រះអង្គជាបុគ្គលប្រសើរលើរថ បុគ្គលទាំងឡាយណាជាសត្រូវនឹងគ្នា បើទុកជានៅជាមួយគ្នា បុគ្គលទាំងនោះ ក៏ឈ្មោះថា នៅផ្សេងគ្នា បពិត្រព្រះអង្គ ជាបុគ្គលចម្រើនក្នុងដែន ពួកសប្បុរសទោះបីនៅក្នុងទីឆ្ងាយ ក៏ឈ្មោះថា នៅក្នុងទីជាមួយ ដោយចិត្ត ។ បុគ្គលជាទីស្រឡាញ់ រមែងមិនស្រឡាញ់វិញ ព្រោះតែនៅជាមួយគ្នាយូរពេក ខ្ញុំសូមថា្វយបង្គំលាព្រះអង្គទៅវិញ មុនពេលដែលខ្ញុំមិនជាទីស្រឡាញ់របស់ព្រះអង្គ ។
បណ្ដាបទទាំងនោះ បទថា វស្សិតំ សេចក្ដីថា បពិត្រមហារាជ សេចក្ដីពិត ពួកសត្វតិរច្ឆានមានត្រង់ ព្រោះហេតុនោះ សម្ដីរបស់របស់ពួកសត្វតិរច្ឆាននោះ ទើបយល់បានងាយ តែពួកមនុស្សអាក្រក់ ហេតុនោះ សម្ដីរបស់មនុស្សនោះ ទើបយល់បានលំបាកជាង ។
បទថា យោ បុព្វេ សេចក្ដីថា បុគ្គលណា មានចិត្តល្អដំបូង ក៏ល្មមនឹងរាប់អានគ្នាយ៉ាងនេះថា លោកជាញាតិរបស់ខ្ញុំ ជាមិត្ររបស់ខ្ញុំ ជាសម្លាញ់ស្មើដោយជីវិតរបស់ខ្ញុំ ខាងក្រោយមក មនុស្សនោះឯងក្លាយជាសត្រូវ ជាមនុស្សអ្នកចង់ពៀរនឹងគ្នា ក៏បាន ចិត្តរបស់មនុស្សពិបាកយល់ណាស់ ដូចនេះ ។ បទថា និវិសតិ សេចក្ដីថា បពិត្រមហារាជ ចិត្តរមែងតាំងមាំដោយសេចក្ដីស្រឡាញ់ក្នុងបុគ្គលណា គេនោះ សូម្បីនៅឆ្ងាយគ្នាយ៉ាងក្ដី ក៏ឈ្មោះថា នៅក្នុងទីជិតគ្នាដែរ ។ តែចិត្តដែលមិនតាំងមាំ ដោយអំណាចនៃសេចក្ដីស្រឡាញ់ ក្នុងបុគ្គលណាហើយ គេនោះ សូម្បីនៅក្នុងទីជិត ក៏ដូចជានៅឆ្ងាយពីគ្នាអ៊ីចឹងដែរ ។ បទថា អន្តោបិ សោ ហោតិ សេចក្ដីថា បពិត្រមហារាជ សម្លាញ់ណា មានចិត្តជ្រះថ្លា សម្លាញ់នោះ សូម្បីនៅត្រើយខាងនាយនៃ សមុទ្រ ក៏ឈ្មោះថានៅខាងក្នុងសមុទ្រនោះឯង ព្រោះជាអ្នកមានចិត្តស្អិតជាប់គ្នា ។
បុគ្គលណា ជាអ្នកមានចិត្តប្រទូស្ត បុគ្គលនោះសូម្បីនៅខាងក្នុងសមុទ្រ ក៏ឈ្មោះថា នៅត្រើយនាយនៃសមុទ្រនោះឯង ព្រោះជាអ្នកមានចិត្តមិនស្អិតជាប់គ្នា ។ បទថា យេ ទិសា តេ សេចក្ដីថា មនុស្សពួកណាជាអ្នកមានពៀរ ជាសត្រូវ មនុស្សពួកនោះ សូម្បីនៅជាមួយគ្នា ក៏ឈ្មោះថា នៅក្នុងទីឆ្ងាយពីគ្នា ។ បណ្ឌិតទាំងឡាយអ្នកស្ងប់រម្ងាប់ សូម្បីឋិតនៅក្នុងទីឆ្ងាយ ក៏ឈ្មោះថា នៅក្នុងទីជិត ព្រោះចិត្តតែងរ៉ាវរកគ្នាដោយការចម្រើននូវមេត្តា ។ បទថា បុរា តេ ហោម សេចក្ដីថា ខ្ញុំនៅមិនទាន់ជាជនដែលព្រះអង្គមិនស្រឡាញ់ដរាបណា ខ្ញុំសូមថ្វាយបង្គំលាដរាបនោះ ។
សំដាប់នោះ ព្រះរាជាត្រាស់នឹងព្រះពោធិសត្វនោះថាកាលបើយើងអង្វរយ៉ាងនេះ អ្នកមិនទទួលដឹងនូវអញ្ជលី មិនធ្វើតាមពាក្យយើង ជាអ្នកបម្រើទេ យើងសូមអង្វរអ្នកយ៉ាងនេះថា អ្នកគប្បីធ្វើនូវការត្រឡប់មកទៀត ។ បណ្ដាបទទាំងនោះ បទថា ឯវំ ចេ សេចក្ដីថា ម្នាលស្ដេចហង្ស បើលោកនឹងមិនព្រមតាមពាក្យអង្វររបស់ខ្ញុំ ដែលធ្វើអញ្ជលីសូមដូចនេះ មានបានធ្វើតាមពាក្យរបស់ខ្ញុំ ជាអ្នកប្រតិបត្តិលោក កាលដូចនោះ ពួកយើងទើបសូមលោកយ៉ាងនេះ ។ បទថា បុន កយិរាសិ បរិយាយំ សេចក្ដីថា លោកគប្បីកំណត់វារៈនៃការមកក្នុងទីនេះ តាមកាលសមគួរផង ។
លំដាប់នោះ ព្រះពោធិសត្វទឹបទូលថាបពិត្រមហារាជ ជាអ្នកមានសេចក្តីចម្រើនក្នុងដែន កាលបើយើងនៅយ៉ាងនេះសេចក្តីអន្តរាយនឹងមិនមានដល់ព្រះអង្គ ទាំងដល់នូវទូលព្រះបង្គំជាខ្ញុំ សូមឲ្យយើង បានជួបគ្នាក្នុងកាលកន្លងទៅនៃថ្ងៃនិងយប់ ។ បណ្ដាបទទាំងនោះ បទថា ឯវំ ចេ នោ សេចក្ដីថា បពិត្រមហារាជ សូមទ្រង់កុំគិតឡើយ ប្រសិនបើ អន្តរាយនៃជីវិតនឹងមិនមានដល់ខ្ញុំដែលនៅសូម្បីយ៉ាងនេះ ពួកយើងទាំងពីរនឹងជួបគ្នាតែបន្តិចបន្តួចចុះ ព្រះអង្គចូរតាំងនៅក្នុងឱវាទ ដែលខ្ញុំបានថ្វាយនោះទុកក្នុង ឋានៈរបស់ខ្ញុំ ទ្រង់ចូរជាអ្នកមិនប្រមាទ ក្នុងលោកសន្និវាស ដែលជាជីវិតថោកទាបយ៉ាងនេះ សូមទ្រង់ចូរធ្វើបុណ្យទាំងឡាយមានឲ្យទានជាដើម មិនធ្វើនូវទសរាជធម៌ឲ្យកម្រើក ចូរគ្រងរាជប្រកបដោយធម៌ចុះ កាលព្រះអង្គធ្វើតាមឱវាទរបស់ខ្ញុំយ៉ាងនេះ ទ្រង់រមែងនឹងឃើញនូវខ្ញុំ ។
ព្រះមហាសត្វឲ្យឱវាទដល់ព្រះរាជាយ៉ាងនេះហើយ ទើបទៅកាន់ភ្នំចិត្រកូដវិញហោង។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងកាលមុន តថាគតបានយោនយកកំណើតជាសត្វតិរច្ឆាន ក៏ធ្លាប់សម្ដែងនូវភាពទុព្វលរបស់អាយុសង្ខារ ហើយសម្ដែងធម៌ដែរ ដូច្នេះហើយ ទ្រង់ក៏ប្រជុំជាតកថា តទា រាជា អានន្ទោ អហោសិ ព្រះរាជាក្នុងកាលនោះ បានមកជាអានន្ទ កនិដ្ឋោ មោគ្គល្លានោ ហង្សប្អូនពៅ បានមកជាមោគ្គល្លាន មជ្ឈិមោ សារិបុត្តោ ហង្សកណ្ដាលបានមកជាសារីបុត្រ សេសហំសគណា ពុទ្ធបរិសា ពួកហង្សដ៏សេស បនជាមកពុទ្ធបរិស័ទជវនហំសោ បន អហមេវ អហោសិ ចំណែកជវនហង្ស បានជាមកជាតថាគត។ ចប់ ជវនហំសជាតក ។
សូមថ្លែងអំណរគុណយ៉ាងខ្លាំងដល់វិចិត្តការិនីដែលបានគូរគំនូរដាក់ក្នុងអត្ថបទនេះ ។ ថ្ងៃសុក្រ ១១ កើត ខែភទ្របទ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ម.ស. ១៩៣៩ ច.ស. ១៣៧៨ ត្រូវនឹងថ្ងៃទី ០១ ខែកញ្ញា គ.ស. ២០១៧ ។ ដោយ ខេមរ អភិធម្មាវតារ ។
ដោយ៥០០០ឆ្នាំ
images/articles/2706/7555tpic.jpg
នាមសិទ្ធិជាតក
ផ្សាយ : ៣០ មីនា ឆ្នាំ២០២៣
នាមសិទ្ធិជាតក
(ប្រយោជន៍ និងសេចក្ដីប្រាថ្នា ឬ សេចក្ដីល្អ និងសេចក្ដីអាក្រក់មិនមែនសម្រេចមកដោយឈ្មោះ)
ព្រះសាស្ដាកាលស្ដេចគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធនាមសិទ្ធិកភិក្ខុ (ភិក្ខុដែល មានការប្រកាន់ថា សេចក្ដីសម្រេចបានមកដោយឈ្មោះ) មួយរូប បានត្រាស់ ព្រះធម្មទេសនានេះថា ជីវកញ្ច មតំ ទិស្វា ដូច្នេះ (ជាដើម)។
បានឮថា កុលបុត្រមួយរូប ដោយនាមបញ្ញិ មានឈ្មោះថា បាបកៈ (មនុស្សគម្រក់) ។ កុលបុត្រនោះ បានបួស ថ្វាយជីវិតក្នុងព្រះសាសនា កាលភិក្ខុទាំងឡាយហៅដោយពាក្យថាឯហាវុសោ, បាបក ម្នាលអាវុសោបាបកៈ អ្នកចូរមក, តិដ្ឋាវុសោ, បាបក ម្នាលអាវុសោបាបកៈ អ្នកចូរឋិតនៅហើយ ។
ភិក្ខុឈ្មោះបាបកៈនោះគិតថា ក្នុងលោកនេះ អ្នកមានឈ្មោះថាបាបកៈ ត្រូវគេចាត់ទុកថា ជា លាមក ជាកាឡកណ្ណី យើងនឹងឲ្យឧបជ្ឈាយ៍ និងអាចារ្យដាក់ឈ្មោះដទៃដែលប្រកបដោយមង្គល ។
ភិក្ខុនោះក៏ចូលទៅរកឧបជ្ឈាយ៍និងអាចារ្យហើយពោលថា បពិត្រលោកម្ចាស់ដ៏ចម្រើនអើយ ឈ្មោះរបស់ខ្ញុំនេះជាអពមង្គល សូមលោកម្ចាស់មេត្តាដាក់ឈ្មោះដទៃដល់ខ្ញុំផង ។
លំដាប់នោះ ឧបជ្ឈាយ៍និងអាចារ្យទាំងឡាយបានពោលយ៉ាងនេះថា ម្នាលអាវុសោ ឈ្មោះនេះគ្រាន់តែជាបញ្ញត្តិប៉ុណ្ណោះ សេចក្ដីសម្រចជាប្រយោជន៍យ៉ាងណាមួយ នឹងបានមកដោយ ឈ្មោះនេះ មិនមានឡើយ អ្នកចូរជាអ្នកត្រេកអរមានសន្ដោសនឹងឈ្មោះរបស់ខ្លួនចុះ ។
ភិក្ខុឈ្មោះបាបកៈនោះក៏ចេះតែសូម (ឲ្យឧបជ្ឈាយ៍និងអាចារ្យដាក់ឈ្មោះថ្មី) ជារឿយៗ ។ភាពជាអ្នកមានការប្រកាន់ថា សេចក្ដីសម្រេចរមែងបានមកដោយឈ្មោះនេះ របស់ភិក្ខុនោះ ក៍កើតប្រាកដដល់ភិក្ខុសង្ឃទាំងឡាយ ។
ក្នុងថ្ងៃមួយ ភិក្ខុទាំងឡាយអង្គុយ (ប្រជុំគ្នា) ក្នុងធម្មសភា បានញ៉ាំងកថា (ដែលទាក់ទិននឹង រឿងនោះ) ឲ្យតាំងឡើងថា ម្នាលអាវុសោទាំងឡាយ បានឮថា ភិក្ខុឯណោះជាអ្នកមានសេចក្ដី សម្រេចដោយឈ្មោះ បានញ៉ាំងឧបជ្ឈាយ៍និងអាចារ្យដាក់ឈ្មោះដែលជាមង្គលឲ្យ ។
លំដាប់នោះ ព្រះបរមសាស្ដាចារ្យស្ដេចយាងមកកាន់ធម្មសភា បានត្រាស់សួរថា ម្នាកភិក្ខុទាំងឡាយ ប្រជុំនិយាយគ្នាដោយរឿងអ្វី ? ភិក្ខុទាំងឡាយទូលថា ដោយរឿងយ៉ាងនេះ ព្រះអង្គ ។ ព្រះមានព្រះភាគត្រាស់ថា ម្នាកភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីក្នុង កាលមុន ភិក្ខុនោះក៏ជាអ្នកមានការយល់ថា សេចក្ដីសម្រចតែងបានមកដោយឈ្មោះដែរ ហើយទ្រង់ បាននាំអតីតនិទានមកសម្ដែង (ប្រាប់ភិក្ខុទាំងឡាយថា) ៖
ក្នុងអតីតកាលដ៏យូរលង់ណាស់មកហើយ ព្រះបរមពោធិសត្វជាអាចារ្យទិសាបាមោក្ខ (អាចារ្យជាប្រធានក្នុងទិស ឬអាចារ្យជាប្រធាននៃសិស្សគ្រប់ទិស គឺអាចារ្យធំដែលចេះវិជ្ជាច្រើនប្រភេទ សម្រាប់ប្រើតាមជាន់ តាមសម័យ, ជាអ្នកអាចបង្ហាត់បង្រៀនពួកសិស្សដែលកាត់មកពីគ្រប់ទិស គ្រប់ប្រទេស) បង្ហាត់បង្រៀននូវមន្តវិជ្ជាទាំងឡាយដល់ មាណពចំនួន ៥០០ នាក់ ក្នុងក្រុងតក្កសិលា ។ បណ្ដាមាណពជាសិស្សទាំងនោះមានមាណពម្នាក់ឈ្មោះ បាបកៈ ។ មាណពឈ្មោះបាបកៈនោះ កាលមាណពទាំងឡាយហៅថា នែបាបកៈ ចូរមក នែបាបកៈ ចូរទៅ ដូច្នេះក៏គិតថា ឈ្មោះរបស់យើងជាអពមង្គល យើងនឹងឲ្យអាចារ្យដាក់ឈ្មោះដទៃ ។
មាណពឈ្មោះបាបកៈនោះបានចូលទៅរកអាចារ្យហើយពោលថា បពិត្រលោក អាចារ្យ ឈ្មោះរបស់ខ្ញុំជាអពមង្គល សូមលោកមេត្តាដាក់ឈ្មោះដទៃដល់ខ្ញុំផង ។ លំដាប់នោះ លោកអាចារ្យបានពោលថា នែអ្នក អ្នកចូរត្រាច់ចារិកទីកាន់ជនបទ ហើយកាន់យកឈ្មោះដែលជាមង្គលនិងដែលជាទីពេញចិត្តរបស់ខ្លួនមួយមក ហើយអ្នកចូរ មកចុះ យើងនឹងបានប្ដូរឈ្មោះដល់អ្នកដែលមកហើយនឹងដាក់ឈ្មោះដទៃ ។
មាណពឈ្មោះបាបកៈនោះទទួលថា សាធុ ដូច្នេះហើយ បានកាន់យកវត្ថុដែលជា ប្រយោជន៍ កាលធ្វើដំណើរចេញទៅ បានត្រាច់ទៅកាន់ស្រុកដោយលំដាប់ហើយក៏បានដល់ នគរមួយ ។ក្នុងពេលនោះ មានបុរសម្នាក់ឈ្មោះជីវិកៈ (ប្រែអ្នកមានជីវិត ឬលោករស់) បានធ្វើ កាលកិរិយា ។ មាណពបាបកៈនោះ ឃើញជនជាញាតិកំពុងនាំសាកសពនោះទៅកាន់ទី ប៉ាឆា ក៏បានសួរគេថា កិំ នាមកោ ឯស បុរិសោ បុរសនោះឈ្មោះអ្វី ? ជនជាញាតិបានប្រាប់ថា ជីវកោ នាមេសោ បុរសនោះឈ្មោះជីវិកៈ ។ សូម្បីឈ្មោះជីវិកៈក៏ត្រូវស្លាប់ សូម្បីឈ្មោះអជីវិកៈក៏ត្រូវស្លាប់ ឈ្មោះគ្រាន់តែជាបញ្ញត្តិ ប៉ុណ្ណោះ អ្នកឯងនេះ ល្ងង់មែន ។ មាណពបាបកៈស្ដាប់ពាក្យនោះហើយ បានជាអ្នកមានចិត្តកណ្ដាលក្នុងឈ្មោះ ហើយបានចូលទៅកាន់ខាងក្នុងនគរ ។
លំដាប់នោះ ពួកនាយទុនកំពុងចាប់នាងទាសីម្នាក់ដែលមិនធ្វើនូវការងារឲ្យអង្គុយ ត្រង់ទ្វារហើយវាយដោយខ្សែ នាងទាសីនោះមានឈ្មោះថា ធនបាលី (ស្ត្រីរក្សានូវទ្រព្យ) ។ មាណពបាបកៈកាលទៅកាន់ចន្លោះនៃផ្លូវបានឃើញនាយទុនកំពុងវាយនូវនាងទាសីនោះ ហើយសួរគេថា នែអ្នក អ្នកវាយស្ត្រីនេះព្រោះហេតុអ្វី ? ពួកនាយទុនប្រាប់ថា ស្ត្រីនេះមិនធ្វើនូវការងារ ។ មាណពបាបកៈសួរទៀតថា ហើយស្ត្រីហ្នឹងមានឈ្មោះអ្វី ? នាយទុនប្រាប់ថា ស្ត្រីនេះឈ្មោះធនបាលី ។ សូម្បីមានឈ្មោះធនបាលីក្ដី អធនបាលីក្ដី ឲ្យតែមិនអាចនឹងធ្វើនូវការងារ រមែងជាអ្នកមានសេចក្ដីលំបាក ដូចជា នាងធនបាលីនេះចឹង ឈ្មោះគ្រាន់តែជាបញ្ញត្តិប៉ុណ្ណោះ អ្នកឯងនេះពិតជាល្ងង់មែន ។
មាណពបាបកៈ (ស្ដាប់ដូច្នេះហើយ) បានជាអ្នកមានចិត្តកណ្ដាលយ៉ាងខ្លាំង ហើយក៏ចេញចាកនគរ ដើរទៅកាន់ផ្លូវ បានជួបបុរសដែលវង្វេងផ្លូវ ក្នុងផ្លូវជាចន្លោះ ហើយក៏សួរគេថា នែអ្នកដ៏ចម្រើន អ្នកកាលធ្វើអ្វី ទើបបានត្រាច់ទៅ ? បុរសនោះប្រាប់ថា បពិត្រអ្នកអើយ ខ្ញុំវង្វេងផ្លូវហើយ ។
បាបកៈមាណពសួរទៀតថា ហើចុះអ្នកមានឈ្មោះអ្វីដែរ ? បុរសនោះប្រាប់ថា ខ្ញុំឈ្មោះបន្ថកៈ (អ្នកដើរផ្លូវ) ។ សូម្បីឈ្មោះបន្ថកៈក្ដី ក៏ជាអ្នកវង្វេងផ្លូវ សូម្បីឈ្មោះអបន្ថកៈក្ដីក៏ជាអ្នកវង្វេង ឈ្មោះគ្រាន់តែជាបញ្ញត្តិប៉ុណ្ណោះ អ្នកឯងនេះពិតជាល្ងង់មែន ។
មាណពបាបកៈនោះ បានជាអ្នកមានចិត្តកណ្ដាលយ៉ាងក្រៃលែងហើយក៏ទៅកាន់ សំណាក់អាចារ្យ ។ លោកអាចារ្យសួរថា ម្នាលសិស្ស អ្នកបានឈ្មោះដែលជាទីពេញចិត្ត ហើយឬ ទើបត្រឡប់មក ? បាបកៈមណពពោលថា បពិត្រលោកអាចារ្យ សូម្បីជនទាំងឡាយឈ្មោះជីវិកៈក្ដី អជីវិកៈក្ដី ក៏នៅតែស្លាប់, សូម្បីស្ត្រីទាំងឡាយឈ្មោះធនបាលីក្ដី អធនបាលីក្ដី ក៏នៅតែជា មានសេចក្ដីលំបាក, សូម្បីបុរសទាំងឡាយឈ្មោះបន្ថកៈក្ដី អបន្ថកៈក្ដី ក៏នៅតែវង្វេងផ្លូវ, ឈ្មោះគ្រាន់តែជាបញ្ញត្តិប៉ុណ្ណោះ សេចក្ដីសម្រេចនឹងបានដោយឈ្មោះ រមែងមិនមាន សេចក្ដីសម្រេចរមែងបានមកដោយកម្មប៉ុណ្ណោះ ។ ណ្ហើយចុះលោកអាចារ្យ លោកមិនបាច់ ដាក់ឈ្មោះដទៃឲ្យខ្ញុំឡើយ ខ្ញុំយកឈ្មោះរបស់ខ្ញុំដូចដើមនោះឯងចុះ ។ ព្រះពោធិសត្វប្រៀបធៀបនូវរឿងដែលគេបានឃើញ និងកម្មដែលគេបានធ្វើ ហើយក៏ពោលនួវគាថានេះថា
ជីវកញ្ច មតំ ទិស្វា ធនបាលិញ្ច ទុគ្គតំ
បន្ថកញ្ច វនេ មូឡ្ហំ បាបកោ បុនរាគតោ ។
មាណពឈ្មោះបាបកៈបានឃើញបុរសរស់ហើយស្លាប់ផង ឃើញទាសីឈ្មោះនាង រក្សាទ្រព្យហើយខ្សត់ទ្រព្យផង ឃើញបុរសអ្នកដើរផ្លូវ ហើយវង្វេងក្នុងព្រៃផង មកវិញ ហើយ ។
បណ្ដាបទទាំងនោះ បទថា បុនរាគតោ សេចក្ដីថា មាណពបាបកៈបានឃើញនូវ ហេតុទាំង ៣ នេះហើយ ក៏ត្រឡប់មកវិញ រអក្សរ លោកពោលដោយអំណាចសន្ធិ ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ត្រាស់ថា ន, ភិក្ខវេ, ឥទានេវ, បុព្ពេបេស នាមសិទ្ធិកោយេវ ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាល ឥឡូវនេះទេ សូម្បីក្នុងកាលមុន ភិក្ខុនេះក៏ជាអ្នកមានការប្រកាន់ថា សេចក្ដីសម្រេចតែង បានមកដោយឈ្មោះដែរ ក្នុងកាលទីបញ្ចប់នៃជាតក ទ្រង់ប្រជុំជាតកថា តទា នាមសិទ្ធិកោ ឥទានិបិ នាមសិទ្ធិកោយេវ មាណពបាបកៈ ដែលជា អ្នកប្រាថ្នាសេចក្ដីសម្រេចដោយឈ្មោះក្នុងកាលនោះ បានមកជាភិក្ខុអ្នកប្រាថ្នាសេចក្ដី សម្រេចដោយឈ្មោះក្នុងកាលនេះ ។ អាចរិយបរិសា ពុទ្ធបរិសា បរិស័ទអាចារ្យក្នុងកាលនោះ បានមកជាពុទ្ធបរិស័ទ ក្នុងពេលនេះ ។ អាចរិយោ បន អហមេវ អហោសិ ចំណែក អាចារ្យក្នុងកាលនោះ បានមកជា តថាតតនេះឯង ។
(អដ្ឋកថា ខុទ្ទកនិកាយ ជាតក ឯកកនិបាត លិត្តវគ្គទី ១០ នាមសិទ្ធិជាតកទី ៧ បិដកលេខ ៥៨ ទំព័រ ៤៣)
បទពិចារណា
នាមំ នាម វោហារមត្តំ ឈ្មោះត្រឹមតែជាវោហារសម្រាប់ហៅប៉ុណ្ណោះ ។ ន តំ បណ្ឌិតា បមាណំ ករោន្តិ បណ្ឌិតទាំងឡាយមិនធ្វើនូវឈ្មោះនោះឲ្យជា ប្រមាណ ។ សុតមង្គលិកេន នាម ភវិតុំ ន វដ្ដតិ មិនគួរជាមនុស្សដែលជឿថា ការស្ដាប់ពាក្យល្អជា មង្គល ។
ដោយខេមរ អភិធម្មាវតារ
ដោយ ៥០០០ឆ្នាំ
images/articles/2707/tex_________tpic.jpg
កាឡកណ្ណិជាតក
ផ្សាយ : ៣០ មីនា ឆ្នាំ២០២៣
កាឡកណ្ណិជាតក
(មនុស្សឈ្មោះកាឡកណ្ណិមិនមែនសុទ្ធតែអាក្រក់ទាំងអស់នោះទេ)
ព្រះបរមសាស្តា កាលស្ដេចគង់នៅក្នុងវត្តជេតវន ទ្រង់ប្រារព្ធមិត្តរបស់អនាថបិណ្ឌិកសេដ្ឋីម្នាក់ បានត្រាស់ព្រះធម្មទេសនានេះ (ដែលមានពាក្យផ្តើមថា) មិត្តោ ហវេ សត្តបទេន ហោតិ ដូច្នេះ (ជាដើម) ។ បានឮមកថា បុរសនោះធ្លាប់ជាសម្លាញ់លេងដីជាមួយនឹងអនាថបិថបិណ្ឌិកសេដ្ឋី តាំងពីកាលនៅរៀនសិល្បៈក្នុងសម្នាក់អាចារ្យជាមួយគ្នា ដោយឈ្មោះគេមានឈ្មោះថា កាឡកណ្ណី ។ កាឡកណ្ណីនោះក្រោយមកក៏ធ្លាក់ខ្លួនក្រ មិនអាចចិញ្ចឹមជីវិតបាន ក៏ទៅកាន់សម្នាក់អនាថបិណ្ឌិកសេដ្ឋី ។
លោកសេដ្ឋីអនាថបិណ្ឌិកក៏លួងលោមមិត្រសម្លាញ់នោះ ហើយឲ្យស្បៀង និងញ៉ាំងគេឲ្យបិទបាំងនូវទ្រព្យសម្បត្តិ របស់ខ្លួន ។ កាឡកណ្ណីនោះជាអ្នកធ្វើឧបការៈចំពោះលោកសេដ្ឋី គេតែងធ្វើកិច្ចគ្រប់យ៉ាង ។ ពេលដែលគេមកកាន់សម្នាក់របស់អនាថបិណ្ឌិកសេដ្ឋី មនុស្សទាំងឡាយតែងនាំគ្នាពោលហៅគេថា ឈប់សិន កាឡកណ្ណី ! អង្គុយចុះកាឡកណ្ណី ! បរិភោគសិនចុះកាឡកណ្ណី ។
ថ្ងៃមួយ មិត្តនិងអាមាត្យរបស់លោកសេដ្ឋីនាំគ្នាចូលទៅរកលោកសេដ្ឋីហើយនិយាយយ៉ាងនេះថា បពិត្រមហាសេដ្ឋី ! សូមលោកកុំធ្វើនូវកាឡកណ្ណីនោះឲ្យនៅក្នុងសំណាក់របស់លោកឡើយ (កុំចិញ្ចឹមគេឡើយ) ព្រោះសូម្បីតែយក្សក៏ត្រូវចៀសចេញទៅដោយសម្លេងនេះថា ឈប់សិនកាឡកណ្ណី ! អង្គុយសិនចុះ កាឡកណ្ណី ! បរិភោគសិនចុះ កាឡកណ្ណី ! គេនោះក៏មិនស្មើនឹងលោក ធ្លាក់ខ្លួនក្រហើយ លោកចិញ្ចឹមមនុស្សបែបនេះធ្វើអ្វី ?
អនាថបិណ្ឌិកសេដ្ឋីពោលថា នាមំ នាម វោហារមត្តំ, ន តំ បណ្ឌិតា បមាណំ ករោន្តិ, សុតមង្គលិកេន នាម ភវិតុំ ន វដ្ដតិ, ន សក្កា មយា នាមមត្តំ និស្សាយ សហបំសុកីឡិកំ សហាយំ បរិច្ចជិតុំ ធម្មតាឈ្មោះគ្រាន់តែជាវោហារ (សម្រាប់ហៅប៉ុណ្ណោះ) បណ្ឌិតទាំងឡាយមិនកាន់យកនូវឈ្មោះនោះឲ្យជាប្រមាណឡើយ មិនគួរជាប្រភេទមនុស្សដែលមានឈ្មោះថា សុតមង្គលិក (អ្នកប្រកាន់មង្គលតាមសម្លេងដែលបានឮ) អាត្មាអញមិនអាចអាស្រ័យហេតុត្រឹមតែឈ្មោះ ហើយបោះបង់សម្លាញ់ដែលធ្លាប់លេងដីជាមួយគ្នាចោលនោះឡើយ លុះគិតដូច្នេះហើយ លោកសេដ្ឋីគាត់មិនបានកាន់យកពាក្យសម្តីរបស់មនុស្សទាំងនោះទេ ។
ថ្ងៃមួយ កាលនឹងទៅស្រុកសួយរបស់ខ្លួន បាន ប្រគល់កាឡកណ្ណីនោះឲ្យជាអ្នករក្សានូវគេហដ្ឋាន ។ ពួកចោរគិតគ្នាថា បានឮថា លោកសេដ្ឋីទៅស្រុកសួយរបស់គាត់ហើយ ពួកយើងប្លន់នូវផ្ទះរបស់លោកសេដ្ឋីនោះ ដូច្នេះហើយ នាំគ្នាកាន់អាវុធផ្សេងៗ មកក្នុងវេលាអធ្រាត្រហើយឡោមព័ទ្ធផ្ទះលោកសេដ្ឋី ។ ចំណែកកាឡកណ្ណីសង្ស័យខ្លាចពួកចោរមកប្លន់ ទើបអង្គុយយាមមិនព្រមដេក ។
កាឡកណ្ណីនោះលុះដឹងថាពួកចោរមកហើយ ដើម្បីនឹងដាស់ពួកមនុស្សទើបស្រែកឡើងថា អ្នកទាំងឡាយ ចូរផ្លុំស័ង្ខ ចូរវាយស្គរ លុះស្រែកដូច្នេះហើយ ក៏ធ្វើឲ្យដូចជាមានរោងមហោស្រពធំ ធ្វើវេសន៍ទាំងអស់ឲ្យមានសម្លេង កងរំពងទូទៅ ។ ពួកចោរនិយាយប្រាប់គ្នាថា ពួកយើងបានឮថា ផ្ទះគ្មានអ្នកណានៅ ពួកយើងបានស្តាប់មកមិនល្អហើយ (ស្ដាប់ខុសហើយ) សេដ្ឋីគ្មានធ្វើដំណើរទៅណាទេ គឺនៅក្នុងផ្ទះនេះឯង ហើយម្នាក់ៗក៏បោះដុំថ្ម និងអន្លូងជាដើមចោលក្នុងទីនោះឯង រួចរត់ចៀសចេញទៅ ។
លុះព្រឹកឡើង មនុស្សទាំងឡាយឃើញដុំថ្ម និងអន្លូងជាដើម ដែលពួកចោរបោះចោលនៅទីនោះៗ ម្នាក់ៗ ក៏តក់ស្លុតហើយនិយាយថា ប្រសិនបើថ្ងៃនេះ មិនមានអ្នកយាមផ្ទះដែលសម្បូរដោយការចេះដឹង និងឈ្លាសវៃបែបនេះទេ ពួកចោរនឹងចូលតាមការពេញចិត្ត ប្លន់ផ្ទះបានទាំងអស់ជាប្រាកដ ព្រោះអាស្រ័យអ្នកដែលមោះមុតអង់អាចក្លាហានបែបនេះ ទើបសេចក្តីចម្រើនកើតមានដល់លោកសេដ្ឋី ម្នាក់ៗ នាំគ្នាសរសើរកាឡកណ្ណី ។
ពេលដែលសេដ្ឋីមកអំពីស្រុកសួយ ក៏នាំ គ្នាប្រាប់រឿងរ៉ាវនោះឲ្យជ្រាបគ្រប់ប្រការ ។ គ្រានោះ សេដ្ឋីបាននិយាយទៅកាន់មនុស្សទាំងនោះថា អ្នកទាំងឡាយប្រើយើងឲ្យដេញមិត្តអ្នករក្សាផ្ទះយ៉ាងនេះ ចេញអំពីផ្ទះរបស់យើង ប្រសិនបើយើងបណ្តេញឲ្យចេញអំពីផ្ទះតាមពាក្យរបស់អ្នកទាំងឡាយនោះ ថ្ងៃនេះទ្រព្យរបស់យើងនឹងមិនសេសសល់ឡើយ ហើយលោកសេដ្ឋីអនាថបិណ្ឌិកពោលតាស់តឿនថា នាមំ នាម អប្បមាណំ, ហិតចិត្តមេវ បមាណំ ធម្មតាឈ្មោះមិនជាប្រមាណទេ ចិត្តដែលគិតជួយប៉ុណ្ណោះ ទើបជាប្រមាណ លុះពោលដូច្នោះហើយក៏ឲ្យទ្រព្យដើមទុនដល់កាឡកណ្ណីច្រើនឡើងៗ ។
លោកសេដ្ឋីបានត្រិះរិះថា ពេលនេះ អញបានរឿងដែលជាប្រធាន ល្មមក្រាបទូលព្រះមានព្រះភាគហើយ ក៏ធ្វើដំណើរទៅកាន់សម្នាក់របស់ព្រះសាស្ដា គាត់បានក្រាបទូលរឿងរ៉ាវនោះតាំងអំពីដើម រហូតដល់ចប់ចំពោះព្រះអង្គ ។ ព្រះបរមសាស្តាទ្រង់ត្រាស់ថា ម្នាលគហបតី មិនមែនតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ ដែលមិត្តឈ្មោះកាឡកណ្ណី បានរក្សាទ្រព្យក្នុងផ្ទះមិត្តរបស់ខ្លួន សូម្បីក្នុងកាលមុន មិត្តឈ្មោះកាឡកណ្ណីក៏បានរក្សាដូចគ្នាដែរ ។ កាលសេដ្ឋីក្រាបទូលអារាធនា ទើបទ្រង់នាំយករឿងក្នុងអតីតមកសម្តែង (ដូចតទៅនេះ) ថាៈ
ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះ បរមពោធិសត្វបានជាសេដ្ឋីមានយសដ៏ធំក្រៃលែង ។ សេដ្ឋីនោះមានមិត្តម្នាក់ឈ្មោះកាឡកណ្ណី ។ រឿងរ៉ាវទាំងអស់ក្នុងពេលនោះ ក៏ដូចគ្នារឿងរ៉ាវបចុប្បន្ន (របស់អនាថបិណ្ឌិកសេដ្ឋី)នេះឯង ។ ព្រះបរមពោធិសត្វមកអំពីស្រុកសួយហើយ ស្តាប់ដំណើររឿងនោះរួចពោលថា ប្រសិនបើយើងបណ្តេញមិត្តមានសភាពដូច្នេះចេញអំពីផ្ទះរបស់យើង តាមពាក្យរបស់អ្នកទាំងឡាយនោះ ម៉្លេះសមថ្ងែនេះទ្រព្យសម្បត្តិរបស់យើងនឹងមិនសល់ឡើយ ហើយពោលគាថានេះថាៈ
មិត្តោ ហវេ សត្តបទេន ហោតិ សហាយោ បន ទ្វាទសកេន ហោតិ
មាសឌ្ឍមាសេន ច ញាតិ ហោតិ តតុត្តរិំ អត្តសមោបិ ហោតិ
សោហំ កថំ អត្តសុខស្ស ហេតុ ចិរសន្ថុតំ កាឡកណ្ណិំ ជហេយ្យំ។
បុគ្គលដែលជាមិត្តបាន ដោយ (ហេតុត្រឹមតែដើរជាមួយគា្ន) ប្រាំពីជំហាន, បុគ្គលជាសម្លាញ់បាន ដោយ (ហេតុត្រឹមតែដើរជាមួយគ្នា) ដប់ពីរជំហាន, បុគ្គលដែលជាញាតិបាន ដោយ (ការនៅជាមួយគ្នា) មួយខែ ឬ កន្លះខែ, បុគ្គលដែលទុកសើ្មនីងខ្លួន ព្រោះនៅលើអំពីកាលនោះទៅទៀត ខ្មុំនឹងលះបង់នូវសម្លាញ់ឈ្មោះកាឡកណ្ណី ដែលធ្លាប់ស្និទ្ធស្នាល អស់កាលយូរ ព្រោះហេតុនៃសេចក្ថីសុខរបស់ខ្លួន ដូចម្ដេចបាន ។
បណ្តាបទទាំងនោះ បទថា ហវេ ត្រឹមតែជានិបាតប៉ុណ្ណោះ ។ ដែលឈ្មោះថា មិត្ត ព្រោះអត្តថា ប្រព្រឹត្តដោយមេត្រី អធិប្បាយថា អ្នកដែលចូលទៅតាំងទុកនូវមេត្រីចិត្ត គឺធ្វើនូវសេចក្តីស្នេហាស្រឡាញ់រាប់អាន ។ បុគ្គលដែលបានឈ្មោះជាមិត្ត ដោយហេតុត្រឹមតែដើរជាមួយគ្នាបានប្រាំពីរជំហាន ។
បទថា សហាយោ បន ទ្វាទសកេន ហោតិ (បុគ្គលដែលបានឈ្មោះថាជាសម្លាញ់ ដោយហេតុត្រឹមតែដើរជាមួយគ្នាបានដប់ពីរជំហាន) មានសេចក្តីថា ដែលឈ្មោះថា សហាយ (សម្លាញ់) ព្រោះ អត្ថថា រួមគ្នាក្នុងឥរិយាបទទាំងពួងដោយអំណាចនៃការធ្វើកិច្ចគ្រប់យ៉ាងរួមគ្នា អធិប្បាយថា បុគ្គលដែលបានឈ្មោះថាជាសម្លាញ់ ដោយហេតុត្រឹមតែដើរជាមួយគ្នាបានដប់ពីរជំហាន ។
បទថា មាសឌ្ឍមាសេន សេចក្តីថា នៅរួមគ្នាមួយខែ ឬកន្លះខែ ។
បទថា ញាតិ ហោតិ សេចក្តីថា រមែងមានឈ្មោះ ជាអ្នកស្មើនឹងញតិ ។
បទថា តតុត្តរឹ សេចក្តីថា ព្រោះការនៅរួមគ្នាលើសអំពីកាលនោះ រមែងរាប់ថា ជាអ្នកស្មើនឹងខ្លួន ។
បទថា ជហេយ្យំ សេចក្តីថា ខ្ញុំនឹងបោះបង់នូវសម្លាញ់ដូច្នោះ ដូចម្តេចបាន ។
ព្រះបរមពោធិសត្វពោលដល់គុណនៃមិត្តនោះ ដោយប្រការដូច្នេះឯង ។ តាំងអំពីនោះមក គ្មានអ្នកណាហ៊ានប្រព្រឹត្តល្មើសនឹងកាឡកណ្ណីទៀតឡើយ ។ ព្រះបរមសាស្តា ទ្រង់នាំយកព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថាតទា កាឡកណ្ណី អានន្ទោ អហោសិ កាឡកណ្ណី ក្នុងកាលនោះ បានមកជាអានន្ទ ។ ពារាណសិសេដ្ឋិ បន អហមេវ អហោសិំ ចំណែកពារាណសីសេដ្ឋី គឺ តថាគត នេះឯង ៕ ចប់ កាឡកណ្ណីជាតក ។
(អដ្ឋកថាជាតក ខុទ្ទកនិកាយ ជាតក ឯកកនិបាត អបាយិម្ហវគ្គ បិដកលេខ ៥៨ ទំព័រ ៣៦)
កំណត់ចំណាំ
ក្នុងកាឡកណ្ណិជាតកនេះ ព្រះសម្មាសម្ពុទ្ធសម្ដែងបុគ្គល ៤ ពួក គឺ មិត្តបុគ្គល (បុគ្គលគឺមិត្ត) ១ សហាយបុគ្គល (បុគ្គលគឺសម្លាញ់) ១ ញាតិបុគ្គល (បុគ្គលគឺញាតិ) អត្តសមបុគ្គល (បុគ្គលគឺអ្នកដែលស្មើនឹងខ្លួន) ១ ។
សេចក្ដីអធិប្បាយ
១. មិត្តោ ហវេ សត្តបទេន ហោតិ បុគ្គលណាដើរជាមួយគា្នបានប្រាំពីជំហានបុគ្គលនោះ ឈ្មោះថា មិត្តបុគ្គល ។
២. សហាយោ បន ទ្វាទសកេន ហោតិ បុគ្គលណាដើរជាមួយគ្នាបានដប់ពីរជំហាន បុគ្គលនោះ ឈ្មោះថា សហាយបុគ្គល ។
៣. មាសឌ្ឍមាសេន ច ញាតិ ហោតិ បុគ្គលណាការនៅជាមួយគ្នាមួយខែ ឬ កន្លះខែ បុគ្គលនោះ ឈ្មោះថា ញាតិបុគ្គល ។
៤. តតុត្តរិំ អត្តសមោបិ ហោតិ បុគ្គលណានៅលើសអំពីកាលនោះទៅទៀត (លើសមួយខែទៅ) បុគ្គលនោះ ឈ្មោះថា អត្តសមបុគ្គល ។
ដោយ៥០០០ឆ្នាំ
images/articles/2763/texssswtpic.jpg
កណ្ហាវត្ថុ
ផ្សាយ : ៣០ មីនា ឆ្នាំ២០២៣
អតីតេ កិរ បានឮមកថា ក្នុងអតីតកាលដ៏យូរលង់ណាស់មកហើយ ព្រះបាទ ព្រហ្មទត្តជាព្រះរាជាក្នុងដែនកាសី ស្ដេចទៅរឹបយករាជសម្បត្តិក្នុងដែនកោសល ព្រោះភាពជាអ្នកដល់ព្រមដោយពលនិងពាហនៈ បានសម្លាប់ស្ដេចកោសល ហើយចាប់យកព្រះអគ្គមហេសីដែលដល់ព្រមដល់គភ៌របស់ព្រះបាទកោសលនោះ នាំព្រះនាងទៅកាន់នគរពារាណសី ហើយតែងតាំងធ្វើជាអគ្គមហេសីរបស់ខ្លួន ។
ក្នុងកាលជាខាងក្រោយមក ព្រះអគ្គមហេសីនោះក៏ប្រសូតបានព្រះធីតាមួយអង្គ ។ ដោយប្រក្រតីព្រះរាជាព្រហ្មទត្តពុំទាន់មានព្រះឱរស និងព្រះធីតា ព្រះអង្គមានព្រះទ័យត្រេកអរហើយទ្រង់ត្រាស់ថា ម្នាលនាងដ៏ចម្រើន នាងចូរកាន់យកនូវពរចុះ ។ ព្រះអគ្គមហេសីទ្រង់កាន់យកនូវពាក្យនោះទុក ។ ប្រយូរវង្សទាំងឡាយបានដាក់ព្រះនាមឲ្យកុមារីនោះថា កណ្ហា ។ កាលនាងចម្រើនវ័យធំពេញក្រមុំហើយ ព្រះមាតាទើបប្រាប់នាងថា ព្រះរាជបិតារបស់បុត្រីប្រទានពរទុក មាតាបានកាន់យកជាពាក្យសម្គាល់ទុកហើយ បុត្រីចូរកាន់យកនូវពរតាមសេចក្ដីពេញចិត្តរបស់ខ្លួនចុះ ។
នាងកណ្ហានោះបានបែកធ្លាយនូវហិរិនិងឱត្តប្បៈហើយ ព្រោះភាពជាអ្នកមានកិលេសច្រើន ក៏ទូលព្រះមាតាថា បពិត្រព្រះមាតា ទ្រព្យសម្បត្តិដទៃដែលថានឹងមិនមានដល់ខ្ញុំនោះ រមែងមិនមាន ព្រះមាតាចូរធ្វើនូវពរដោយខ្លួនឯងដល់ខ្ញុំដើម្បីប្រយោជន៍ដល់ការកាន់យកព្រះស្វាមីផងចុះ ។ ព្រះមាតានោះក៏ប្រាប់សេចក្ដីនោះដល់ព្រះរាជា ។ ព្រះរាជាត្រាស់ថា នាងចូរកាន់យកស្វាមីតាមសេចក្ដីពេញចិត្តចុះ ហើយឲ្យគេប្រកាសហៅបុរសមក ។ បុរសទាំងឡាយជាច្រើនបានប្រដាប់តាក់តែងដោយគ្រឿងអលង្ការទាំងពួងហើយមកប្រជុំគ្នាត្រង់ព្រះលានហ្លួង ។ នាងកណ្ហាបានកាន់យកនូវស្មុគផ្កា ហើយឋិតនៅត្រង់សីហបញ្ជរដ៏ខ្ពស់ កាលសម្លឹងមើលនូវបុរសទាំងឡាយ មិនពេញចិត្តសូម្បីតែម្នាក់ ។
ក្នុងពេលនោះ មានព្រះរាជកុមារ ៥ អង្គដែលជាបុត្ររបស់ព្រះបាទបណ្ឌុរាជអំពី បណ្ឌុរាជត្រកូល មានព្រះនាមថា អជ្ជុន នកុល ភីមសេន យុធិដ្ឋិល សហទេព ដែលនាំគ្នាមករៀននូវសិល្បសាស្ត្រ ក្នុងសម្នាក់អាចារ្យទិសាបាមោក្ខ ក្នុងនគរតក្កសិលាសម្រេចហើយ កាលគិតថា ពួកយើងនឹងដឹងនូវការប្រព្រឹត្តទៅនៃប្រទេស ទើបនាំគ្នាទៅដល់នគរពារាណសី បានស្ដាប់នូវកោលាហលខាងក្នុងនគរ ក៏សួរគេ ដឹងនូវសេចក្ដីនោះហើយ គិតថា សូម្បីពួកយើងនឹងទៅ ព្រះរាជកុមារទាំង ៥ អង្គជាអ្នកមានរូបស្អាតដូចមាស បានទៅក្នុងទីនោះ ហើយដល់ដោយលំដាប់ ។
ចំណែកនាងកណ្ហាបានឃើញនូវព្រះរាជកុមារទាំងនោះហើយ ក៏មានចិត្តប្រតិព័ទ្ធស្នេហាឡើងក្នុងព្រះរាជកុមារទាំងនោះ ទើបបោះនូវរង្វេលផ្កាទៅលើសីសៈរបស់ព្រះរាជកុមារទាំង ៥ នោះ ហើយពោលនឹងព្រះមាតាថា បពិត្រព្រះមាតា ខ្ញុំម្ចាស់យកជនទាំង ៥ នាក់នេះ ។ ព្រះមាតាក៏ទៅប្រាប់ដល់ព្រះបាទព្រហ្មទត្ត ។
ព្រះរាជាមិនពេញព្រះទ័យ តែទ្រង់មិនអាចនឹងត្រាស់ថា មិនបានទេ ព្រោះព្រះអង្គបានព្រះរាជទានពរទុកហើយ ទើបសួររាជកុមារទាំងនោះថា អ្នកមានជាតិដូចម្ដេច ជាបុត្ររបស់អ្នកណា ? គ្រាទ្រង់បានដឹងនូវភាវៈដែលរាជកុមារទាំងនោះ ជាបុត្ររបស់ព្រះបាទ បណ្ឌុរាជ ទើបធ្វើសក្ការៈដល់កុមារទាំងនោះ ហើយប្រទាននូវនាងកណ្ហានោះធ្វើជាបាទបរិចារិកា (ស្ត្រីអ្នកបម្រើនូវជើង គឺប្រពន្ធ) ។ នាងកណ្ហាក៏បម្រើនូវរាជកុមារទាំងនោះ ដោយអំណាចកិលេស លើប្រាសាទ ៧ ជាន់ ។
នាងកណ្ហានោះមានបុរសគមខ្វិនរូបរាងអាក្រក់ម្នាក់នៅបម្រើ ។ កាលនាងកណ្ហាបម្រើព្រះរាជកុមារទាំងនោះដោយអំណាចកិលេសតណ្ហាហើយ ក្នុងពេលដែលកុមារទាំងនោះចេញទៅក្រៅអស់ហើយ បានឱកាសស្ងាត់ នាងកាលរោលរាលដោយកិលេស បានធ្វើនូវអំពើបាប (លបលួចស្រឡាញ់គ្នា) ជាមួយនឹងបុរសគមខ្វិននោះ ។ កាលព្រះនាងកណ្ហាចរចានឹងបុរសគមខ្វិន ព្រះនាងបានពោលថា បុរសដទៃជាទីស្រឡាញ់របស់អូនឲ្យក្រៃលែងជាបងមិនមាន អូននឹងសម្លាប់ព្រះរាជកុមារទាំង ៥ យកឈាមពីបំពង់កមកលាងជើងបង ។
សូម្បីព្រះរាជកុមារដទៃៗ កាលព្រះនាងច្រឡូកច្រឡំដោយព្រះរាជកុមារបង ក៏ព្រះនាងពោលថា ព្រះរៀមបងប៉ុណ្ណោះជាទីស្រឡាញ់របស់ម្ចាស់អូនជាងរាជកុមារទាំង ៤ នោះ ជីវិតរបស់ម្ចាស់អូនលះបង់ដើម្បីប្រយោជន៍ដល់ព្រះរៀមបងហើយ បន្ទាប់អំពីព្រះបិតាទៅ ម្ចាស់អូននឹងយករាជសម្បត្តិជូនម្ចាស់បងប៉ុណ្ណោះ ។ សូម្បីព្រះនាងកាលនៅច្រឡូកច្រឡំនឹងព្រះរាជកុមារដទៃទៀត ព្រះនាងក៏ពោលយ៉ាងនេះ ។ ព្រះរាជកុមារទាំង ៥ អង្គត្រេកអរនឹងនាងកណ្ហាដ៏ក្រៃលែងដោយគិតថា ព្រះនាងកណ្ហានេះស្រឡាញ់យើង ហើយឥស្សរិយយសរបស់យើងកើតឡើងដោយអាស្រ័យនូវនាងកណ្ហានោះ ។
ក្នុងថ្ងៃមួយ នាងកណ្ហានោះមានជំងឺ ។ លំដាប់នោះ ព្រះរាជកុមារទាំងនោះ នៅអង្គុយឡោមព័ទ្ធព្រះនាង មួយអង្គអង្គុយច្របាច់ក្បាល បួនអង្គដ៏សេសអង្គុយច្របាច់ដៃ និងជើង ។ ចំណែកបុរសគមខ្វិនអង្គុយនៅក្បែរជើង ។ ព្រះនាងកណ្ហានោះ កាលឲ្យនូវសញ្ញាដោយក្បាល ដល់អជ្ជុនកុមារដែលជាព្រះរាជបុត្រច្បងដែលកំពុងច្របាច់ក្បាលថា ព្រះរៀមបងប៉ុណ្ណោះជាទីស្រឡាញ់របស់ម្ចាស់អូនជាងរាជកុមារទាំង ៤ នេះ ជីវិតរបស់ម្ចាស់អូនលះបង់ដើម្បីប្រយោជន៍ដល់ព្រះរៀមបងហើយ បន្ទាប់អំពីព្រះបិតាទៅ ម្ចាស់អូននឹងយករាជសម្បត្តិជូនម្ចាស់បងប៉ុណ្ណោះ ។ ព្រះនាងក៏បានឲ្យនូវសញ្ញាយ៉ាងនោះដោយដៃនិងជើងទាំងឡាយសូម្បីដល់ព្រះរាជកុមារដទៃ ។ ចំណែកបុរសគមខ្វិនព្រះនាងបានឲ្យសញ្ញាដោយអណ្ដាតដោយន័យថា បងប៉ុណ្ណោះជាទីស្រឡាញ់របស់អូន អូននឹងរស់នៅដើម្បីប្រយោជន៍ដល់បង ។
សូម្បីព្រះរាជកុមារទាំងអស់នោះ ក៏បានដឹងនូវសេចក្ដីនោះដោយសញ្ញានោះ ដែលនាងធ្លាប់ពោលក្នុងពេលមុន ។ ក្នុងបណ្ដាព្រះរាជកុមារទាំងនោះ រាជកុមារដ៏សេសបានដឹងហើយក្នុងសញ្ញាដែលនាងឲ្យហើយដល់ខ្លួនប៉ុណ្ណោះ ។ ចំណែកអជ្ជុនកុមារបានឃើញនូវវិការដៃ ជើង និងអណ្ដាតរបស់នាង ទើបគិតថា សញ្ញាដែលនាងកណ្ហាឲ្យហើយដល់យើងយ៉ាងណា សញ្ញានោះនាងកណ្ហាបានឲ្យហើយដល់ជនសូម្បីដ៏សេសក៏យ៉ាងនោះ នាងនេះប្រាកដជាបានធ្វើសន្ថវៈជាមួយនឹងបុរសគមខ្វិននេះ ដូច្នេះហើយទើបនាំនូវប្អូនៗទាំងឡាយចេញទៅក្រៅហើយសួរថា អ្នកទាំងឡាយបានឃើញនូវវិការៈនៃសីលៈដែលនាងកណ្ហាបានឲ្យហើយដល់យើងឬទេ ? ពួករាជបុត្រឆ្លើយថា ឃើញ ។ អជ្ជុនកុមារសួរទៀតថា ចុះអ្នកទាំងឡាយបានដឹងនូវហេតុនោះអត់ ? រាជកុមារប្អូនពោលថា ពួកយើងមិនដឹងទេ ។
អជ្ជុនកុមារទើបសួរថា ចុះពេលដែលនាងកណ្ហាឲ្យសញ្ញាដល់ពួកលោកដោយដៃ និងជើងទាំងឡាយ អ្នកទាំងឡាយដឹងនូវហេតុនោះឬទេ ? រាជកុមារឆ្លើយថា ពួកយើងដឹង ។ អជ្ជុនកុមារត្រាស់ថា នាងឲ្យសញ្ញាដល់ពួកយើងដោយរឿងដូចគ្នា ហើយអ្នកទាំងឡាយបានដឹងនូវហេតុនៃសញ្ញាដែលនាងបានឲ្យហើយដល់បុរសគមខ្វិនដោយវិការៈនៃអណ្ដាតឬទេ ? ពួករាជកុមារពោលថា ពួកយើងមិនបានដឹងទេ ។ ទើបអជ្ជុនកុមារប្រាប់សេចក្ដីនោះដល់ប្អូនថា នាងកណ្ហាបានធ្វើនូវអំពើបាបជាមួយនឹងបុរសគមខ្វិននោះហើយ ។ អជ្ជុនកុមារកាលប្អូនទាំងឡាយមិនជឿ ទើបហៅបុរសគមខ្វិនមកសួរ ។ បុរសគមខ្វិននោះ ក៏ពោលប្រាប់នូវការប្រព្រឹត្តទៅនោះទាំងអស់ ។
ពួករាជកុមារបានស្ដាប់ពាក្យរបស់បុរសគមខ្វិននោះហើយ បានជាអ្នកលែងមាន ឆន្ទរាគៈគឺសេចក្ដីតម្រេកត្រេកត្រអាលនឹងនាងកណ្ហានោះ ហើយពោលទោសតិះដៀលមាតុគ្រាមដោយអនេកបរិយាយថា ឱហ្ន៎ ឈ្មោះថាមាតុគ្រាមជាបុគ្គលបាប ទ្រុស្តសីល បានលះបង់សូម្បីនូវពួកយើងជាអ្នកដល់ព្រមដោយជាតិ និងភាពស្រស់សង្ហាយ៉ាងនេះហើយ ធ្វើនូវអំពើបាបជាមួយនឹងបុរសគមខ្វិនដែលមានរូបអាក្រក់គួរខ្ពើមយ៉ាងនេះ ឈ្មោះថា បុគ្គលមានជាតិជាបណ្ឌិតណា នឹងត្រេកអរមួយអន្លើដោយស្ត្រីទាំងឡាយ ដែលមានធម៌ដ៏លាមក មិនមានសេចក្ដីអៀនខ្មាសយ៉ាងនេះ ដូច្នេះហើយ ជនទាំង ៥ នាក់ គិតថា ការគ្រប់គ្រងផ្ទះមិនគួរមានដល់យើង ហើយបានចូលទៅកាន់ព្រៃហិមពាន្ត បួសជាបព្វជិត បានធ្វើនូវបរិកម្មកសិណ ក្នុងទីបំផុតនៃអាយុក៏បានទៅតាមយថាកម្ម ។
កុណាលោ បន សកុណរាជា តទា អជ្ជុនកុមារោ អហោសិ ក្នុងកាលនោះ ស្ដេចកុណាល គឺជា អជ្ជុនកុមារ ។ ព្រោះហេតុនោះ កាលសម្ដែងហេតុដែលខ្លួនបានឃើញមកហើយទើបពោលថានែបុណ្ណមុខៈ សម្លាញ់ កុមារីឈ្មោះនាងកណ្ហា មានបិតាពីរ មានប្តី ៥ នាក់ ជាប់ជំពាក់ ចិត្តក្នុងបុរសទី ៦ គឺក្នុងបុរសខ្វិនគម ( ដូចខ្មោចកំបុតក ) ក៏ខ្ញុំបានឃើញហើយ ។ពាក្យក្នុងរឿងនោះ មានដូចតទៅនេះ ស្រី្តប្រព្រឹត្តកន្លងប្តីទាំង ៥ នាក់នុ៎ះគឺ អជ្ជុនរាជកុមារ ១ នកុលរាជកុមារ ១ ភីមសេនរាជកុមារ ១ យុធិដ្ឋិលរាជកុមារ ១ សហទេវរាជកុមារ ១ ធ្វើនូវអំពើដ៏លាមកគឺ សេពមេថុនធម្មជាមួយបុរសគមទាបតឿ ។
(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៦៣) ដោយខេមរ អភិធម្មាវតារ
ដោយ៥០០០ឆ្នាំ
images/articles/2764/teeeeeetpic.jpg
សច្ចតបាបីវត្ថុ
ផ្សាយ : ៣០ មីនា ឆ្នាំ២០២៣
អតីតេ កិរ បានឮមកថា ក្នុងអតីតកាល មានសេតសមណី (ដូនជីស្លៀកស) ឈ្មោះ សច្ចតបាបី (ច្បាប់ខ្លះថា បញ្ចតបាវី) អាស្រ័យនឹងនគរពារាណសី នាងបានឲ្យគេកសាងបណ្ណសាលាក្នុងព្រៃស្មសាន កាលនៅក្នុងទីនោះ នាងញ៉ាំងនូវភត្តទាំងឡាយ ៤ ឲ្យកន្លងផុតទៅទើបបរិភោគ (រំលង ៤ ថ្ងៃបរិភោគ ១ ដង) (កិត្តិគុណ) ក៏បានប្រាកដឡើងទូទាំងព្រះនគរ ដូចជាព្រះចន្ទ្រ និងព្រះអាទិត្យ ។
អ្នកនគរពារាណសីសូម្បីកណ្ដាស់ សូម្បីភ្លាត់តែងតែពោលថា នមោ សច្ចតបាបិយា សូមនមស្ការនាងសច្ចតបាបី ។ លំដាប់នោះ ក្នុងថ្ងៃមួយ ជាវេលាលេងមហោស្រព ក្នុងថ្ងៃដំបូង ពួកជាងមា ទាំងឡាយនាំគ្នាជាក្រុមធ្វើនូវមណ្ឌបក្នុងស្ថានទីមួយ ហើយនាំមកនូវត្រី សាច់ សុរា គ្រឿងក្រអូប និងកម្រងផ្កាជាដើម ទើបប្រារព្ធនឹងផឹកនូវសុរា ។
លំដាប់នោះ ជាងមាសម្នាក់ កាលចោលនូវពែងសុរាក៏ពោលថា នមោ សច្ចតបាបិយា សូមនមស្ការនាងសច្ចតបាបី ។ ក្នុងទីនោះមានបុរសឆ្លាតម្នាក់និយាយថា អម្ភោ អន្ធពាល, ចលចិត្តាយ ឥត្ថិយា នមោ ករោសិ, អហោ ពាលោ នៃលោក អន្ធពាល លោកធ្វើនូវការនមស្ការនូវស្ត្រីដែលជាអ្នកមានចិត្តកម្រើក ឱហ្ន៎បុគ្គលពាល ។ ជាងមាសនោះឆ្លើយថា ម្នាលសម្លាញ់ លោកកុំនិយាយយ៉ាងនេះឡើយ កុំធ្វើកម្មដែលនាំទៅកាន់នរក ។ បុរសដែលឆ្លាតនោះពោលថា អ្នកមិនមានបញ្ញាទេ លោកចូរនៅស្ងៀមចុះ អ្នកចូរធ្វើការភ្នាល់គ្នាដោយទ្រព្យមួយពាន់ តអំពីនេះទៅ ៧ ថ្ងៃ យើងនឹងទៅនាំនាងសច្ចតបាបីមក ឲ្យតែងខ្លួនយ៉ាងស្អាតហើយ ឲ្យមកអង្គុយក្នុងទីនេះ ឲ្យកាន់យកនូវពែងសុរា ហើយយើងនឹងផឹកសុរា ឈ្មោះថា មាតុគ្រាមជាអ្នកមានសីលជានិច្ចនោះ មិនមានឡើយ ។ ជាងមាសនោះតបថា លោកមិនអាចនឹងធ្វើបានឡើយ ដូច្នេះហើយ ទើបធ្វើការភ្នាល់នឹងបុរសនោះ ។
បុរសអ្នកឆ្លាតនោះប្រាប់នូវការភ្នាល់គ្នានោះដល់ជាងមាសដទៃ ក្នុងថ្ងៃបន្ទាប់ បុរសនោះក៏ចូលទៅក្នុងព្រៃស្មសាន កាលនមស្ការនូវព្រះអាទិត្យក្នុងទីមិនឆ្ងាយអំពីលំនៅរបស់នាងសច្ចតបាបីនោះ ហើយក៏នៅទីនោះ ។ កាលសច្ចតបាបីត្រាច់ទៅដើម្បីភិក្ខាក្នុងព្រះនគរ ពេលត្រឡប់មកបានឃើញបុរសនោះ ក៏គិតថា មហិទ្ធិកោ តាបសោ ភវិស្សតិ, អហំ តាវ សុសានបស្សេ វសាមិ, អយំ មជ្ឈេ សុសានស្ស វសតិ, ភវិតព្ពមស្សព្ភន្តរេ សន្តធម្មេន, វន្ទិស្សាមិ នំ តាបសនេះជាអ្នកមានឫទ្ធិច្រើន យើងរស់នៅក្នុងចំណែកខាងនៃព្រៃស្មសានអស់កាលត្រឹមប៉ុណ្ណេះ តាបសនេះ (ហ៊ាន) នៅក្នុងទីកណ្ដាលនៃព្រៃស្មសាន ប្រាកដជាមានធម៌ជាគ្រឿងស្ងប់រម្ងាប់នៅខាងក្នុង យើងនឹងចូលទៅធ្វើសេចក្ដីគោរពតាបសនោះ ដូច្នេះហើយ នាងក៏ចូលទៅថ្វាយបង្គំ ។ តាបសប្លម មិនបានក្រឡេងមើល មិនបានហៅរក (មិនបាននិយាយជាមួយ) ។
ក្នុងថ្ងៃទីពីរ ក៏ធ្វើយ៉ាងនោះទៀត ។ តែដល់ថ្ងៃទីបី កាលនាងសច្ចតបាបីថ្វាយបង្គំ តាបសប្លមធ្វើជាអ្នកមានមុខបែរចុះក្រោមពោលថា អើ នាងចូរទៅចុះ ។ ក្នុងថ្ងៃទីបួន តាបសធ្វើនូវបដិសណ្ឋារៈថា កច្ចិ ភិក្ខាយ ន កិលមសិ នាងមិនលំបាកដោយភិក្ខាហារទេឬ ?នាងសច្ចតបាបីនោះមានចិត្តត្រេកអរដោយគិតថា ការបដិសណ្ឋារៈគឺយើងបានហើយ ទើបចៀសចេញទៅ ។ ក្នុងថ្ងៃទីប្រាំ នាងបានទទួលពាក្យបដិសណ្ឋារៈច្រើនជាងនោះ ហើយបានអង្គុយក្នុងទីទាបមួយ ទើបចេញទៅ ។
ក្នុងថ្ងៃទីប្រាំមួយ នាងបានចូលមកថ្វាយបង្គំតាបសនោះ តាបសប្លមក៏ពោលនឹងនាងដែលបានអង្គុយរួចហើយថា ម្នាលប្អូនស្រី ថ្ងៃនេះ សំឡេងនៃការច្រៀងនិងការប្រគំដ៏ធំ មានក្នុងក្រុងពារាណសីឬ ? នាងសច្ចតបាបីឆ្លើយថា បពិត្រអ្នកដ៏ចម្រើន លោកមិនដឹងទេឬ គេលេងមហោស្រពក្នុងនគរ នោះជាសំឡេងដែលគេលេងនៅក្នុងទីនោះ ។ តាបសប្លមក្លែងធ្វើជាមិនដឹងដោយពោលថា សំឡេងនោះនៅក្នុងទីនោះហ្ន៎ ហើយសួរនាងថា ម្នាលប្អូនស្រី នាងញ៉ាំងភត្តឲ្យកន្លងទៅប៉ុន្មានថ្ងៃ (នាងប្រព្រឹត្តដោយការវៀរអាហារប៉ុន្មានថ្ងៃ) ? នាងឆ្លើយថា បពិត្រអ្នកដ៏ចម្រើន បួនថ្ងៃ ហើយសួរទៅតាបសវិញថា ចុះលោកម្ចាស់ ញ៉ាំងភត្តឲ្យកន្លងទៅប៉ុន្មានថ្ងៃដែរ ? តាបសប្លមពោលថា ប្រាំពីរ ប្អូនស្រី ។ ឥទំ សោ មុសា អភាសិ តាបសប្លមនោះបានពោលនូវពាក្យកុហកនេះ ។ តាមពិត តាបសនោះបរិភោគក្នុងពេលយប់រាល់ៗថ្ងៃ ។
តាបសសួរតទៅថា ម្នាលប្អូនស្រី នាងបួសប៉ុន្មានឆ្នាំហើយ ? នាងសច្ចតបាបីឆ្លើយថា អស់ ១២ ឆ្នាំ ហើយនាងសួរវិញថា ចុះលោកម្ចាស់បួសបានប៉ុន្មានឆ្នាំដែរ ? តាបសពោលថា ឆ្នាំនេះជាឆ្នាំទីប្រាំមួយរបស់យើង (យើងបួសបាន ៦ ឆ្នាំ) ។ លំដាប់នោះ តាបសក៏សួរតទៅថា ម្នាលប្អូនស្រី តើនាងបានសម្រេចនូវសន្តធម៌ដែរឬនៅ ? នាងឆ្លើយថា បពិត្រអ្នកដ៏ចម្រើន នៅទេ ហើយលោកម្ចាស់វិញ សន្តធម៌មានដល់លោកនៅ ? តាបសពោលថា សត្តធម៌មិនមានដល់យើងទេ ។ តាបសនោះទើបពោលទៀតថា ម្នាលប្អូនស្រី ពួកយើងមិនបាននូវកាមសុខ និងមិនបាននូវនេក្ខម្មសុខ នរកក្ដៅ (មើលទៅមិនមែន) សម្រាប់តែយើងពីរទេ ពួកយើងនឹងធ្វើនូវកិរិយារបស់មហាជនវិញ ខ្ញុំនឹងសឹកជាគ្រហស្ថ ហើយទ្រព្យក្នុងសម្នាក់នៃមាតារបស់ខ្ញុំមាន ខ្ញុំមិនអាចនឹងនៅទទួលរងទុក្ខវេទនាតទៅទៀតឡើយ ។
នាងសច្ចតបាបីបានស្ដាប់ដូចនោះហើយ ក៏កើតចិត្តប្រតិព័ទ្ធក្នុងតាបសនោះ ព្រោះភាពជាអ្នកមានចិត្តកម្រើករបស់ខ្លួន ក៏បានពោលថា បពិត្រលោកម្ចាស់ ខ្ញុំក៏ជាអ្នកអផ្សុកចង់សឹកដែរ ប្រសិនបើលោកម្ចាស់មិនចោលខ្ញុំទេ ខ្ញុំនឹងសឹកជាគ្រហស្ថ ។ លំដាប់នោះ តាបសនោះបានពោលនឹងនាងថា មកចុះអូន បងមិនបោះបង់អូនទេ អូននឹងជាភរិយារបស់បង ដូច្នេះហើយ បុរសនោះក៏បាននាំនាងសច្ចតបាបីចូលទៅកាន់នគរ ហើយក៏រួមសមគ្គសង្វាស រស់នៅជាមួយគ្នា ហើយនាំនាងទៅកាន់កន្លែងផឹកសុរា បានឲ្យនាងសច្ចតបាបីនោះកាន់នូវពែងសុរា (ឲ្យចាក់ស្រា) ហើយក៏ផឹកនូវសុរា ។
ចំណែកជាងមាសក៏ចាញ់អស់ទ្រព្យមួយពាន់ ។ នាងសច្ចតបាបីនោះបានអាស្រ័យនូវបុរសនោះ ក៏ជាអ្នកចម្រើនដោយបុត្រនិងធីតាទាំងឡាយ ។តទា កុណាលោ សុរាធុត្តកោ អហោសិ ក្នុងកាលនោះ កុណាលសកុណៈ គឺជាអ្នកលេងសុរានោះ ។ កាលប្រកាសនូវរឿងដែលខ្លួនឃើញមក ទើបពោលថា
(នែបុណ្ណមុខៈសម្លាញ់ នាងសមណីឈ្មោះសច្ចតបាបី កាលនៅកណ្តាលព្រៃស្មសាន រំលងចោលនូវបាយ ៤ ដង បានធ្វើនូវអំពើដ៏លាមកជាមួយនឹងអ្នកលេងសុរា ខ្ញុំបានឃើញហើយ) ។
(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៦៣-១៦៤)ដោយខេមរ អភិធម្មាវតារ
ដោយ៥០០០ឆ្នាំ