20
ថ្ងៃ អាទិត្យ ទី ១១ ខែ មិថុនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូត្រនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
ព្រះពុទ្ធសាសនានិងសង្គម (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុរស្មីព្រះអង្គខ្មៅ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៣៨,៣៨៣
Today
ថ្ងៃម្សិលមិញ ១៤១,៦០៩
ខែនេះ ១,៦៣៦,០៨៣
សរុប ៣២៣,០៩០,៩៤៧
Flag Counter
អ្នកកំពុងមើល ចំនួន
រឿងនិទានអប់រំចិត្ត
images/articles/3288/_________________________________.jpg
រឿងខន្តីតាបស
ផ្សាយ : ២៧ ឧសភា ឆ្នាំ២០២៣
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធកោធនភិក្ខុ (ភិក្ខុក្រោធ) មួយរូប បានត្រាស់ព្រះជាតកនេះ មានពាក្យថា យោ តេ ហត្ថេ ច បាទេ ច ជាដើម ។រឿងរ៉ាវបច្ចុប្បន្នបានពោលមកក្នុងជាតកខាងក្រោយ ។ ព្រះសាស្ដាត្រាស់នឹងភិក្ខុ ថា ម្នាលភិក្ខុ ព្រោះហេតុអ្វី អ្នកបួសក្នុងសាសនារបស់ព្រះពុទ្ធអ្នកមិនក្រោធ ហើយធ្វើនូវ សេចក្ដីក្រោធទៅវិញ បោរាណកបណ្ឌិតទាំងឡាយ សូម្បីមានខ្លួនត្រូវគេវាយ ១០០០ រំពាត់ និងមានដៃជើងត្រចៀកច្រមុះត្រូវគេកាត់ ក៏មិនធ្វើសេចក្ដីក្រោធ ចំពោះអ្នក ដទៃដែរ ហើយព្រះអង្គនាំអតីតនិទានមកថា ៖ ក្នុងអតីតកាល ព្រះរាជាព្រះនាមកលាពុ សោយរាជសម្បត្តិក្នុងនគរពារាណសី ។ គ្រានោះ ព្រះពោធិសត្វកើតក្នុងព្រាហ្មណត្រកូល ដែលមានទ្រព្យ ៨០ កោដិ លោកជា មាណពឈ្មោះថា កុណ្ឌលកុមារ កាលចម្រើនវ័យឡើង ក៏ទៅនគរតក្កសិលា រៀនសិល្បសាស្ត្រទាំងពួង ហើយទុកដាក់ទ្រព្យ អំណើះឥតពីមាតាបិតាទៅ លោកសម្លឹងមើលគំនរ ទ្រព្យ ហើយគិតថា ពពួកញាតិរបស់យើង ញ៉ាំងទ្រព្យនេះឲ្យកើតឡើងហើយ ស្លាប់ទៅ ឥតយកតាមសោះ ចំណែកអញវិញ គួរណាស់តែយកទ្រព្យនោះទៅតាមឲ្យខាងតែបាន លុះគិតដូច្នេះហើយ លោកចាត់ចែងទ្រព្យទាំងអស់ឲ្យជាទាន បុគ្គលណាយកវត្ថុណា លោកឲ្យវត្ថុនោះ ហើយលោកចូលទៅព្រៃហិមពាន្តសាងផ្នួស ញ៉ាំងជីវិតឲ្យប្រព្រឹត្តទៅ ដោយផលាផល នៅអស់កាលដ៏យូរ ទើបមកកាន់ផ្លូវមនុស្សដើម្បីសេពរសប្រៃនិងជូរ លោកទៅដល់នគរពារាណសីដោយលំដាប់ និងស្នាក់នៅក្នុងរាជឧទ្យាន ដល់ថ្ងៃស្អែក លោកត្រាច់បិណ្ឌបាតក្នុងទីក្រុង ក៏ទៅដល់ទ្វារនិវេសន៍របស់សេនាបតី ។ សេនាបតី ជ្រះថ្លានឹងឥរិយាបថរបស់ព្រះពោធិសត្វ ក៏និមន្តចូលក្នុងផ្ទះ ប្រគេនឲ្យឆាន់នូវភោជន ដែលគេបម្រុងដើម្បីខ្លួន ហើយឲ្យតាបសទទួលសេចក្ដីប្ដេជ្ញាហើយ និមន្តលោកឲ្យគង់ នៅក្នុងរាជឧទ្យាននោះឯង ។ តមកក្នុងថ្ងៃមួយ ស្ដេចកលាពុទ្រង់ស្រវឹងស្រា ហើយយាងទៅឧទ្យានដោយយស ដ៏ធំ ទាំងមានស្រ្ដីរបាំដែលឈ្លាសហែហមទៅផង ព្រះអង្គឲ្យគេក្រាលសយនាលើផ្ទាំង មង្គលសិលា ហើយទ្រង់ផ្ទំកើយភ្លៅស្រ្តីម្នាក់ ដែលជាទីស្រឡាញ់សព្វព្រះហឫទ័យ ។ ស្ត្រីរបាំទាំងឡាយដែលឈ្លាសក្នុងការច្រៀង ការប្រគំ និងការរាំជាដើម នាំគ្នាប្រគំ ចម្រៀងជាដើម មហាសម្បត្តិរបស់ស្ដេចកលាពុ ហាក់ដូចជាសក្កទេវរាជ (បានបន្តិច) ព្រះរាជាផ្ទំលក់ទៅ ។ លំដាប់នោះ ស្ត្រីរបាំទាំងឡាយគិតថា ពួកយើងប្រគំនិងចម្រៀងជាដើម ដើម្បី ព្រះរាជាណា ឥឡូវព្រះរាជានោះផ្ទំលក់ហើយ យើងនៅប្រគំចម្រៀងជាដើមធ្វើអ្វី គិតដូច្នេះហើយ ក៏ចោលគ្រឿងតន្ត្រីមានពិណជាដើមក្នុងទីនោះ ហើយនាំគ្នាដើរលេងក្នុងឧទ្យាន ពួកនាងត្រូវផ្កាឈើ ផ្លែឈើ និងត្រួយឈើជាដើមទាក់ទាញចិត្ត សប្បាយរីករាយក្នុងឧទ្យានយ៉ាងក្រៃលែង ។ គ្រានោះ ព្រះពោធិសត្វគង់នៅជាសុខក្នុងផ្នួស ទៀប គល់សាលព្រឹក្ស ដែលមានផ្ការីកស្គុះស្គាយក្នុងឧទ្យាន មើលទៅដូចជាដំរីមត្តវរៈ ។ ពេលនោះ ស្ត្រីរបាំដែលត្រាច់ក្នុងឧទ្យាន ឃើញតាបសពោធិសត្វ ហើយបបួលគ្នាថា នាងទាំងឡាយចូរមកណេះ នៅជិតគល់ឈើនោះ មានបព្វជិតមួយអង្គគង់នៅ ទាន់ពេល ព្រះរាជាមិនទាន់តើន ពួកយើងនឹងទៅអង្គុយស្ដាប់ធម្មកថាខ្លះ ក្នុងសម្នាក់បព្វជិតនោះ បបួលគ្នាដូច្នេះហើយ ក៏នាំគ្នាទៅថ្វាយបង្គំ អង្គុយចោមរោមតាបស រួចពោលថា សូម លោកម្ចាស់សម្ដែងអ្វីដែលគួរ ដល់ខ្ញុំម្ចាស់ទាំងឡាយ ។ ព្រះពោធិសត្វក៏សម្ដែងធម៌ដល់ពួកនាងទាំងនោះ ។ លំដាប់នោះ ស្ត្រីដែលព្រះរាជាផ្ទំកើយនោះ កម្រើកភ្លៅ បណ្ដាលឲ្យព្រះរាជាភ្ញាក់ ឡើង ។ បន្ទាប់ពីភ្ញាក់ហើយ ព្រះរាជាមិនឃើញស្ត្រីទាំងឡាយ ទ្រង់សួរថា តើពួកមេចង្រៃទៅណា អស់ហើយ ។ស្រ្តីនោះក្រាបទូលថា បពិត្រមហារាជ ស្ត្រីទាំងនោះទៅអង្គុយ ចោមរោមតាបស មួយអង្គ ។ព្រះរាជាក្រោធ ហើយចាប់ព្រះខាន់ យាងទៅយ៉ាងលឿន ដោយត្រាស់ថា អញ នឹងប្រដៅជដិលកោងនោះឲ្យដឹងដៃម្ដង ។ពេលនោះ ស្ត្រីទាំងឡាយឃើញព្រះរាជាយាងមកទាំងកំហឹង បណ្ដាស្រ្តីទាំងនោះ ស្ត្រីដែលស្និទ្ធស្នាលជាងគេ ទៅចាប់ដាវពីព្រះហស្តរបស់ព្រះរាជា លួងលោមព្រះរាជាឲ្យ ស្ងប់កំហឹង ។ព្រះរាជាយាងមកហើយ ឈរក្នុងសម្នាក់ព្រះពោធិសត្វ ត្រាស់សួរថា នែសមណៈ លោកជាវាទីអ្វី (មានវាទៈដូចម្ដេច) ? ព្រះពោធិសត្វទូលថា បពិត្រមហារាជ អាត្មាជាខន្តិវាទី (អ្នកពោលពីខន្តី) ។ព្រះរាជាសួរថា ឈ្មោះថា ខន្តីនោះ ជាអ្វី ?ព្រះមហាសត្វទូលថា សេចក្ដីមិនក្រោធ ក្នុងបុគ្គលដែលជេរ ក្នុងបុគ្គលផ្ដាសា និងក្នុងបុគ្គលដែលវាយប្រហារ (មកលើខ្លួន) ។ស្ដេចកលាពុត្រាស់ថា ឥឡូវនេះ យើងនឹងមើលនូវភាពនៃការមានខន្តីរបស់អ្នក ។ ព្រះរាជាត្រាស់ដូច្នេះហើយបង្គាប់ឲ្យគេហៅចោរឃាតក ។ ពេជ្ឈឃាដនោះ ដោយ ចារិត្តរបស់ខ្លួន គេកាន់ពូថៅ និងរំពាត់ខ្សែតីដែលមានបន្លា ស្លៀកសំពត់កាសាយៈ ទ្រទ្រង់ កម្រងផ្កាក្រហម មកថ្វាយបង្គំព្រះរាជា សួរថា បពិត្រព្រះសម្មតិទេព តើឲ្យទូលបង្គំធ្វើអ្វី? ព្រះរាជាត្រាស់ថា ឯងចូរចាប់តាបសចោរដ៏គម្រក់នេះ ទាញទៅផ្ដួលលើដី យក រំពាត់ខ្សែតី វាយ ២០០០ ខ្វាប់ ក្នុងចំណែកទាំង ៤ គឺពីខាងមុខ ពីក្រោយ និងសងខាង ។អ្នកសម្លាប់ចោរក៏ធ្វើយ៉ាងនោះ ។ ព្រះពោធិសត្វរលាត់ស្បែកសម្បុរថ្ងៃ និងស្បែក ដាច់សាច់ ហូរឈាម ។ព្រះរាជាត្រាស់សួរព្រះពោធិសត្វម្ដងទៀតថា នែភិក្ខុ លោកជាវាទីអ្វី ? ខន្តិវាទីតាបសទូលថា បពិត្រមហារាជ អាត្មាជាខន្តិវាទី ។ ព្រះមហាសត្វពោលទៀតថា ព្រះអង្គសម្គាល់ថា ខន្តីនៅក្នុងចន្លោះស្បែករបស់អាត្មាឬ ខន្តីមិនមានក្នុងចន្លោះ ស្បែករបស់អាត្មាទេ ព្រះអង្គមិនអាចទតឃើញឡើយ ខន្តីនោះឋិតនៅក្នុងចន្លោះបេះដូង អាត្មា ។ ពេជ្ឈឃាដទូលសួរព្រះរាជាទៀតថា តើទូលបង្គំធ្វើដូចម្ដេច ?ព្រះរាជាត្រាស់ថា ឯងចូរ​កាត់​ដៃទាំងពីររបស់ជដិលកោងនេះ ។ ចោរឃាតករនោះកាន់ពូថៅ ចាប់ដៃតាបសដាក់លើកំណាត់ឈើ ហើយកាត់ដៃព្រះពោធិសត្វ ។ បន្ទាប់មក ព្រះរាជាត្រាស់បង្គាប់ទៀតថា ចូរឲ្យកាត់ជើងទាំងពីរ, ចោរឃាតកក៏កាត់ជើង ។ ឈាមហូរចេញពីចុងដៃនិងចុងជើង បីដូចទឹកល័ក្ត (ពណ៌ក្រហម) ហូរ ចេញអំពីប្រហោងឆ្នាំង ។ ស្ដេចកលាពុត្រាស់សួរតាបសម្ដងទៀតថា តើអ្នកជាវាទីអ្វី ? ខន្តិវាទីតាបសពោធិសត្វទូលថា បពិត្រមហារាជ អាត្មាភាពជាខន្តិវាទី ព្រះអង្គ សម្គាល់ថា ខន្តីមាននៅនឹងចុងដៃនិងចុងជើងរបស់អាត្មាឬ ខន្តីមិនមាននៅទីនោះទេខន្តីរបស់អាត្មា ឋិតនៅក្នុងទីជ្រៅណាស់ ។ ព្រះរាជាត្រាស់បញ្ជាពេជ្ឈឃាដថា ឯងចូរកាត់ត្រចៀកនិងច្រមុះតាបសនេះ ។ ចោរឃាតកនោះបានកាត់ត្រចៀកនិងច្រមុះរបស់ព្រះតាបស ។ ខ្លួនប្រាណទាំងអស់ របស់ព្រះពោធិសត្វ ប្រឡាក់ទៅដោយឈាម ។ ព្រះរាជាត្រាស់សួរព្រះមហាសត្វម្ដងទៀតថា តើលោកជាវាទីអ្វី ?ព្រះមហាសត្វទូលថា បពិត្រមហារាជ អាត្មាភាពជាខន្តិវាទី ។ ព្រះអង្គកុំសម្គាល់ ថា ខន្តីនៅចុងត្រចៀកនិងច្រមុះឲ្យសោះ ខន្តីរបស់អាត្មាតាំងនៅក្នុងចន្លោះ បេះដូង ដ៏ជ្រោះ ។ ព្រះរាជាត្រាស់ថា នែជដិលកោង ចូរអង្គុយលើកខន្តីរបស់អ្នកចុះ ត្រាស់ហើយ ព្រះរាជាធាក់ដើមទ្រូងតាបសមួយជើង រួចទ្រង់យាងចេញទៅ ។ ពេលព្រះរាជាយាងទៅហើយ សេនាបតីបានទៅជូតឈាមពីសរីរៈ របស់ ព្រះពោធិសត្វ ដោះសំពត់មករុំរបួសចុងដៃ ចុងជើង ត្រចៀក និងច្រមុះ រួចលើក ព្រះពោធិសត្វឲ្យអង្គុយសន្សឹមៗ ថ្វាយបង្គំតាបសរួច អង្គុយទីដ៏សមគួរមួយ ហើយពោលថា បពិត្រលោកម្ចាស់ដ៏ចម្រើន បើលោកម្ចាស់ប្រាថ្នាក្រោធ សូមលោកម្ចាស់ក្រោធចំពោះតែព្រះរាជាមួយអង្គ ដែលទ្រង់បានធ្វើកំហុសចំពោះលោកម្ចាស់ លោកម្ចាស់កុំ ក្រោធអ្នកដទៃឡើយ ដូច្នេះហើយ កាលនឹងអង្វរតាបស ទើបពោលគាថាទី ១ ថា ៖ យោ តេ ហត្ថេ ច បាទេ ច, កណ្ណនាសញ្ច ឆេទយិ; តស្ស កុជ្ឈ មហាវីរ, មា រដ្ឋំ វិនសា ឥទំ។ បពិត្រលោកមានព្យាយាមធំ ព្រះរាជាណាកាត់ព្រះហស្តទាំងពីរក្ដី កាត់ព្រះបាទទាំងពីរក្ដី កាត់ត្រចៀកនិងច្រមុះក្ដី របស់លោក ខ្ញាល់ចំពោះបុគ្គលនោះចុះ សូមលោកកុំញ៉ាំងដែននេះឲ្យវិនាសឡើយ ។ បទថា មហាវីរ បានដល់ មហាវីរិយៈ ។ បទថា មា រដ្ឋំ វិនសា ឥទំ សេចក្ដីថា សូមលោកកុំញ៉ាំងកាសិរដ្ឋដែលមិនមានកំហុសនេះ ឲ្យវិនាសឡើយ ។ ព្រះពោធិសត្វស្ដាប់ពាក្យនោះហើយ ពោលគាថាទី ២ ថា យោ មេ ហត្ថេ ច បាទេ ច, កណ្ណនាសញ្ច ឆេទយិ; ចិរំ ជីវតុ សោ រាជា, ន ហិ កុជ្ឈន្តិ មាទិស។ ព្រះរាជាណា កាត់ដៃទំាងពីរក្ដី កាត់ជើងទាំងពីរក្ដី កាត់ត្រចៀកនិងច្រមុះក្ដី របស់អាត្មា សូមឲ្យព្រះរាជានោះ ទ្រង់មានព្រះជន្មយឺនយូរ ពួកអ្នកប្រាជ្ញដូចយ៉ាងអាត្មា មិនខឹងឡើយ ។ បទថា មាទិស (ដូចយ៉ាងអាត្មា) សេចក្ដីថា បណ្ឌិតដែលដល់ព្រមដោយខន្តិពលៈ ដូចយ៉ាងអាត្មា រមែងមិនក្រោធ (ដោយអាង) ថា អ្នកនេះបានជេរអញ ផ្ដាសាអញ វាយអញ កាប់អញ ទម្លាយអញ ដូច្នេះឡើយ ។ កាលព្រះរាជាយាងចេញពីឧទ្យាន គ្រាន់តែផុតពីក្រសែភ្នែក របស់ព្រះពោធិសត្វប៉ុណ្ណោះ មហាប្រឹថពីនេះដែលមានកម្រាស់ ២ សែន ៤ ម៉ឺន យោជន៍ បានបែករហែក បីដូចសំពត់ដែលគេដេរភ្លាត់, អណ្ដាតភ្លើងចេញពីអវិចីនរក ឆាបត្របាក់ចាប់យក ព្រះរាជា ហាក់ដូចត្រូវគេរុំដណ្ដប់ដោយសំពត់កម្ពលពណ៌ក្រហម ដែលជាអំណោយរបស់ ត្រកូល ។ ព្រះរាជានោះ ត្រូវផែនដីស្រូបនៅទៀបទ្វារឧទ្យាននោះឯង ហើយឋិតនៅក្នុង អវីចិមហានរក ។ សូម្បីព្រះពោធិសត្វក៏ធ្វើកាលកិរិយាក្នុងថ្ងៃនោះដែរ ។ រាជបរិស័ទ ទាំងឡាយ និងអ្នកនគរទាំងឡាយមានដៃកាន់គ្រឿងក្រអូប ផ្កាកម្រង និងធូប នាំគ្នាមក ហើយធ្វើសរីរកិច្ចរបស់ព្រះពោធិសត្វ ។ ចំណែកអាចារ្យពួកខ្លះពោលថា ព្រះពោធិសត្វ ទៅព្រៃហិមពាន្តវិញ ។ តែពាក្យនោះ មិនពិតទេ ។ ព្រះសាស្ដាត្រាស់អភិសម្ពុទ្ធគាថាពីរនេះថា អហូ អតីតមទ្ធានំ, សមណោ ខន្តិទីបនោ; តំ ខន្តិយាយេវ ឋិតំ, កាសិរាជា អឆេទយិ។ សមណៈ ជាអ្នកសំដែងនូវខន្តី មានហើយក្នុងអតីតកាល ព្រះបាទកាសី ទ្រង់ត្រាស់ឲ្យចោរឃាតកបុរសសម្លាប់សមណៈនោះ អ្នកតាំងនៅក្នុងខន្តី ។ តស្ស កម្មផរុសស្ស, វិបាកោ កដុកោ អហុ; យំ កាសិរាជា វេទេសិ, និរយម្ហិ សមប្បិតោ។ ព្រះបាទកាសី តាំងនៅក្នុងនរក សោយនូវផលនៃកម្មណា ផលនៃកម្មអាក្រក់នោះ ជាផលក្ដៅក្រហាយ ។ បទថា អតីតមទ្ធានំ សេចក្ដីថា ក្នុងអតីតកាលដ៏យូរលង់ណាស់ហើយ ។ បទថា ខន្តិទីបនោ សេចក្ដីថា អ្នកពណ៌នាអំពីអធិវាសនខន្តី (ការប៉ិនអត់ទ្រាំយ៉ាងក្រៃលែង, ខន្តីមានកម្លាំង, ខន្តីយ៉ាងឧក្រិដ្ឋ ) ។ បទថា អឆេទយិ សេចក្ដីថា ឲ្យចោរឃាតកសម្លាប់ ។ ចំណែកអាចារ្យពួកខ្លះពោលថា ដៃ ជើង ត្រចៀក និងច្រមុះរបស់ព្រះពោធិសត្វ ត្រូវបានតភ្ជាប់វិញ ។ សូម្បីពាក្យនោះក៏មិនពិតដែរ ។ បទថា សមប្បិតោ បានដល់ តាំងនៅ ។ ព្រះសាស្ដានាំធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចធម៌ និងប្រជុំជាតក ទីបញ្ចប់នៃសច្ចធម៌ ភិក្ខុអ្នកក្រោធនោះ បានតាំងនៅក្នុងអនាគាមិផល ចំណែកជនដទៃ ច្រើនទៀតបានសម្រេចសោតាបត្តិផលជាដើម ។ តទា កលាពុរាជា ទេវទត្តោ អហោសិ ស្ដេចកលាពុក្នុងកាលនោះបានមក ជាទេវទត្ត សេនាបតិ សារិបុត្តោ សេនាបតីបានមកជាសារីបុត្រ ខន្តិវាទី តាបសោ បន អហមេវ អហោសិំ ចំណែកខន្តិវាទីតាបស គឺតថាគតនេះឯង ។ ខន្តិវាទីជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ចតុក្កនិបាត បុចិមន្ទវគ្គ បិដកលេខ ៥៨ ទំព័រ ១៩៩) ថ្ងៃ ពុធ ១០ កើត ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០ ថ្ងៃទី ១៩ ខែ កញ្ញា ព.ស. ២៥៦២ គ.ស.២០១៨ ដោយស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
images/articles/3284/4564yrtgfdsertytuyiuoiuytre.jpg
កបោតជាតក
ផ្សាយ : ២៧ ឧសភា ឆ្នាំ២០២៣
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធលោលភិក្ខុមួយរូប បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា យោ អត្ថកាមស្ស ដូច្នេះជាដើម ។ សេចក្ដីល្មោភរបស់ភិក្ខុនោះ នឹងមានជាក់ច្បាស់ក្នុងកាកជាតក (ចក្កវាកជាតក) ក្នុង នវកនិបាត ។ ក្នុងគ្រានោះ ភិក្ខុទាំងឡាយក្រាបទូលព្រះសាស្ដាថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុនេះជាមនុស្សល្មោភ ។ លំដាប់នោះ ព្រះសាស្ដាត្រាស់សួរភិក្ខុនោះថា ម្នាលភិក្ខុ បានឮថា អ្នកជាមនុស្សល្មោភឬ ។ ភិក្ខុនោះទូលថា ពិតមែនហើយ ព្រះអង្គ ។ ព្រះសាស្ដាត្រាស់ថា សូម្បីក្នុងកាលមុន អ្នកក៏ជាមនុស្សល្មោភ ព្រោះហេតុនៃសេចក្ដីល្មោភ អ្នកដល់ការអស់ជីវិត សូម្បីបណ្ឌិតទាំងឡាយដោយអាស្រ័យអ្នក ក៏វិនាសចាកទីនៅរបស់ខ្លួន ដូច្នេះហើយ ទើបទ្រង់នាំអតីតនិទានមកថា៖ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងកំណើតសត្វព្រាប ។ ក្នុងគ្រានោះ សេដ្ឋីក្រុងពារាណសីឲ្យគេព្យួរកញ្រ្ចែងដើម្បីការនៅជាសុខរបស់បក្សី ក្នុងទីនោះៗ ព្រោះសេចក្ដីត្រូវការបុណ្យ ។ សូម្បីនាយគ្រួរបស់សេដ្ឋីក្រុងពារាណសី ក៏ព្យួរកញ្ច្រែងមួយ នៅនឹងផ្ទះបាយរបស់ខ្លួន ព្រះពោធិសត្វសម្រេចការនៅក្នុងទីនោះ ។ ព្រាបពោធិសត្វនោះ ចេញទៅអំពីព្រឹក ត្រាច់ស្វែងរកអាហារ ហើយ ត្រឡប់មកក្នុងពេលល្ងាច កាលនៅក្នុងទីនោះ ញ៉ាំងពេលវេលាឲ្យអស់ទៅយ៉ាងនេះ ។ ថ្ងៃមួយ មានក្អែកមួយ កាលមកដល់ដំបូលផ្ទះបាយ បានធុំក្លិនត្រីនិងសាច់ហើយកើតសេចក្ដីល្មោភ គិតថា យើងអាស្រ័យនឹងអ្នកណាហ្ន៎ ទើបបានត្រីនិងសាច់នេះ ដូច្នេះហើយ ក៏ទំលើទីមិនឆ្ងាយ កាលរកមើល ឃើញព្រះពោធិសត្វដែលត្រឡប់មកក្នុងពេលល្ងាចចូលទៅកាន់ផ្ទះបាយ ទើបគិតថា យើងអាស្រ័យព្រាបនេះ នឹងបានត្រីនិងសាច់ គិតយ៉ាងនេះហើយ ក្នុងថ្ងៃស្អែក ក្អែកនោះមកអំពីព្រឹក ក្នុងកាលព្រះពោធិសត្វចេញទៅដើម្បីរកអាហារ ក៏ហើរទៅតាមក្រោយ ។ ព្រះពោធិសត្វពោលនឹងក្អែកថា នែសម្លាញ់ ព្រោះហេតុអ្វី អ្នកហើរតាមខ្ញុំ ។ ក្អែកពោលថា បពិត្រលោកម្ចាស់ ខ្ញុំពេញចិត្តនឹងកិរិយារបស់លោក ចាប់ពីពេលនេះទៅ ខ្ញុំនឹងបម្រើលោក ។ ព្រាបពោលថា នែសម្លាញ់ លោកមានអាហារដទៃ យើងមានអាហារដទៃ លោកមកបម្រើខ្ញុំ នឹងលំបាក ។ ក្អែកពោលថា បពិត្រលោកម្ចាស់ កាលលោកស្វែងរកអាហារ សូម្បីខ្ញុំក៏ស្វែងរកអាហារ ខ្ញុំនឹងទៅជាមួយលោក ។ ព្រាបទទួលថា ល្អហើយចឹង លោកគប្បីមិនប្រមាទអស់កាលទាំងពួងចុះ ។ ព្រះពោធិសត្វឲ្យឱវាទក្អែកយ៉ាងនេះហើយ កាលត្រាច់ទៅកាន់ទីគោចរ បានបរិភោគគ្រាប់ស្មៅជាដើម ។ កាលព្រះពោធិសត្វកំពុងស្វែងរកអាហារ ក្អែកហើរទៅ កកាយដុំអាចម៍គោ ចឹកស៊ីសត្វល្អិត ឆ្អែតពេញផ្ទៃហើយ ទើបមកកាន់សម្នាក់ព្រះពោធិសត្វ រួចពោលថា បពិត្រលោកម្ចាស់ លោកត្រាច់ទៅហួសកាលហើយ មិនគួរជាអ្នកមានឈ្មោះថា ល្មោភក្នុងអាហារឡើយ ដូច្នេះ កាលព្រះពោធិសត្វស្វែងរកអាហារ ហើយមកក្នុងពេលល្ងាច ក្អែក (ក៏ហើរមកតាម) ហើយចូលក្នុងរោងបាយជាមួយនឹងព្រះពោធិសត្វ ។ នាយចុងភៅពោលថា ព្រាបរបស់យើងនាំសត្វដទៃមក ដូច្នេះទើបដាក់កំប្រោង ដើម្បីក្អែកនោះ ។ ចាប់ពីពេលនោះ មកសត្វទាំង ២ ក៏បាននៅក្នុងទីនោះ ។ ថ្ងៃមួយ មានមនុស្សនាំត្រីនិងសាច់ជាច្រើន មកជូនសេដ្ឋី ។ នាយចុងភៅកាន់យកត្រីនិងសាច់នោះ ទៅព្យួរទុកក្នុងផ្ទះបាយ ។ ក្អែកឃើញត្រីនិងសាច់នោះហើយ កើតសេចក្ដីល្មោភចង់ស៊ី ហើយគិតថា ស្អែកនេះ យើងនឹងមិនទៅកាន់ទីគោចរទេ យើងនឹងស៊ីត្រីនិងសាច់នេះ ដូច្នេះទើបដេកថ្ងូរអស់មួយរាត្រី ។ ស្អែកឡើង ព្រះពោធិសត្វកាលទៅស្វែងរកអាហារ បានពោលនឹងក្អែកថា នែក្អែកសម្លាញ់ អ្នកចូរមក ។ ក្អែកពោលថា បពិត្រលោកម្ចាស់ លោកចូរទៅចុះ ខ្ញុំមានរោគឈឺពោះ ។ ព្រាបពោលថា នែសម្លាញ់ ឈ្មោះថា រោគឈឺពោះ មិនធ្លាប់មានដល់ពួកក្អែកក្នុងកាលណាឡើយ បណ្ដាយាមទាំង ៣ នៃរាត្រី សេចក្ដីឃ្លានតែងកើតក្នុងយាមនីមួយៗ សូម្បីកាលលេបប្រឆេះប្រទីប ការឆ្អែតរបស់ក្អែកទាំងនោះ រមែងមានតែមួយភ្លេត អ្នកប្រហែលជាចង់ស៊ីត្រីនិងសាច់នេះទេដឹង អ្នកចូរមក ឈ្មោះថាគ្រឿងបរិភោគរបស់មនុស្ស ជារបស់ដែលអ្នកស៊ីបានដោយក្រ អ្នកកុំធ្វើយ៉ាងនេះឡើយ អ្នកចូរទៅរកចំណីជាមួយនឹងយើង ។ ក្អែកពោលថា បពិត្រលោកម្ចាស់ ខ្ញុំមិនអាចចឹងទេ ។ ព្រាបពោលថា បើយ៉ាងនោះ អ្នកនឹងប្រាកដដោយកម្មរបស់ខ្លួន អ្នកកុំលុះក្នុងអំណាចលោភៈ ចូរជាអ្នកមិនប្រមាទចុះ ព្រះពោធិសត្វឲ្យឱវាទក្អែកដូច្នេះហើយ ក៏ទៅស្វែងរកចំណី ។ នាយចុងភៅតាក់តែងចម្អិនត្រីនិងសាច់ដ៏ប្លែក ដែលមានប្រការផ្សេងៗហើយ បើកភាជនៈបន្តិច ដើម្បីឲ្យចំហាយក្ដៅចេញ និងដាក់វែកសម្លលើគម្របភាជនៈ ហើយគាត់ចេញខាងក្រៅ ឈរជូតញើស ។ ក្នុងខណៈនោះ ក្អែកអើតក្បាលចេញពីកំប្រោង សម្លឹងមើលផ្ទះបាយ ដឹងថា ចុងភៅនោះចេញទៅហើយ ទើបគិតថា ឥឡូវនេះ សេចក្ដីប្រាថ្នារបស់យើងនឹងបានសម្រេច នេះជាកាលដើម្បីនឹងស៊ីសាច់ យើងត្រូវស៊ីសាច់ធំ ឬស៊ីសាច់តូចហ្ន៎ ដូច្នេះហើយក៏គិតឃើញថា ធម្មតាសាច់តូច មិនអាចនឹងឲ្យផ្ទៃពេញដោយឆាប់ឡើយ យើងនាំយកដុំសាច់ធំ មកដាក់ក្នុងកំប្រោងហើយដេកស៊ី គិតយ៉ាងនេះហើយ ក៏ហើរចេញពីកំប្រោង ទៅពួនក្នុងរោងបាយ ។ ក្អែកនោះធ្វើសំឡេងឲ្យលាន់ឮ ក្រិក្រិ ។ នាយចុងភៅស្ដាប់សំឡេងនោះហើយ គិតថា នេះជាសំឡេងអ្វី ទើបចូលទៅ បានឃើញក្អែក ហើយគិតថា ក្អែកអាក្រក់នេះ ចង់ស៊ីសាច់ឆ្អិនរបស់មហាសេដ្ឋី យើងរស់នៅដោយអាស្រ័យនឹងលោកសេដ្ឋី មិនមែនក្អែកពាលនេះទេ ប្រយោជន៍អ្វីដោយក្អែកនេះ ដូច្នេះទើបបិទទ្វារ ចាប់ក្អែកបាន ដករោមទាំងអស់ យកខ្ញីស្រស់បុកជាមួយនឹងអំបិលជាដើម ប្រឡាក់ដោយអម្ពិលនិងទឹកដោះជូរ យកមកលាបសរីរៈទាំងអស់របស់ក្អែក រួចបោះក្អែកនោះទៅក្នុងកំប្រោង ។ ក្អែកនោះត្រូវទុក្ខវេទនាមានប្រមាណដ៏ក្រៃលែងគ្របសង្កត់ ដេកថ្ងួចថ្ងូរ ។ ព្រះពោធិសត្វមកក្នុងវេលាល្ងាច ឃើញក្អែកនោះដល់នូវសេចក្ដីវិនាស ហើយពោលថា នែក្អែកល្មោភ អ្នកមិនធ្វើតាមពាក្យរបស់យើង ព្រោះអាស្រ័យលោភៈរបស់អ្នក ទើបអ្នកដល់នូវសេចក្ដីទុក្ខដ៏ធំ ដូច្នេះហើយ ទើបពោលគាថានេះថា យោ អត្ថកាមស្ស ហិតានុកម្បិនោ, ឱវជ្ជមានោ ន ករោតិ សាសនំ; កបោតកស្ស វចនំ អកត្វា, អមិត្តហត្ថត្ថគតោវ សេតិ។ បុគ្គលណា កាលលោកអ្នកប្រាថ្នាសេចក្តីចម្រើន អនុគ្រោះដោយប្រយោជន៍ ទូន្មាន មិនធ្វើតាមពាក្យប្រៀនប្រដៅ បុគ្គលនោះរមែងដេកសោកសៅ ដូចក្អែកតាំងនៅក្នុងកណ្តាប់ដៃនៃបុគ្គលជាសត្រូវ ព្រោះមិនធ្វើតាមពាក្យនៃសត្វព្រាប ។ បណ្ដាពាក្យទាំងនោះ ពាក្យថា ព្រោះមិនធ្វើ តាមពាក្យនៃសត្វព្រាប សេចក្ដីថា មិនធ្វើតាមពាក្យប្រៀនប្រដៅ ដែលប្រកបដោយប្រយោជន៍របស់ព្រាប ។ ពាក្យថា រមែងដេកសោកសៅ ដូចក្អែកតាំងនៅក្នុងកណ្តាប់ដៃនៃបុគ្គលជាសត្រូវ សេចក្ដីថា បុគ្គលនោះរមែងដល់សេចក្ដីវិនាសធំ ដេកសោយសោក ដូចជាក្អែកនេះដែលតាំងនៅក្នុងដៃសត្រូវ ដែលជាអ្នកធ្វើមិនជាប្រយោជន៍ ជាអ្នកធ្វើសេចក្ដីទុក្ខឲ្យកើតឡើង ។ ព្រះពោធិសត្វពោលគាថានេះហើយ ក៏ពោលទៀតថា ឥឡូវនេះ យើងមិនអាចនឹងនៅក្នុងទីនេះបានទៀតទេ ដូច្នេះទើបហើរទៅកាន់ទីដទៃ ។ ចំណែកក្អែកក៏បានស្លាប់ក្នុងទីនោះឯង ។ លំដាប់នោះ នាយចុងភៅយកកំប្រោងជាមួយនឹងក្អែកនោះ ទៅបោះចោលលើគំនរសំរាម ។ ព្រះសាស្ដាត្រាស់ថា ម្នាលភិក្ខុ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីកាលមុន អ្នកក៏ជាមនុស្សល្មោភដែរ ហើយដោយអាស្រ័យសេចក្ដីល្មោភរបស់អ្នក បណ្ឌិតទាំងឡាយក៏បានសាបសូន្យចាកទីលំនៅដែរ ព្រះពុទ្ធអង្គបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសអរិយសច្ច ក្នុងកាលជាទីបញ្ចប់នៃសច្ចៈ ភិក្ខុនោះបានសម្រេចអនាគាមិផល ។ ព្រះសាស្ដាបន្តអនុសន្ធិ និងប្រជុំជាតកថា តទា កាកោ លោលភិក្ខុ អហោសិ ក្អែកក្នុងកាលនោះ បានមកជាលោលភិក្ខុបារាវតោ បន អហមេវ អហោសិំ ចំណែកព្រាប គឺ តថាគតនេះឯង ។ ចប់ កបោតជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត អត្ថកាមវគ្គ បិដកលេខ ៥៨ ទំព័រ ១៩) ដោយស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
images/articles/3281/_________________________________.jpg
កុក្កុដជាតក 
ផ្សាយ : ២៧ ឧសភា ឆ្នាំ២០២៣
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធឧក្កណ្ឋិតភិក្ខុ (ភិក្ខុអផ្សុកចង់សឹក) បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា សុចិត្តបត្តឆទន ដូច្នេះជាដើម ។ព្រះសាស្ដាត្រាស់សួរភិក្ខុនោះថា ព្រោះហេតុអ្វី បានជាអ្នកអផ្សុក ? កាលភិក្ខុនោះទូលថា បពិត្រព្រះអង្គ ព្រោះអំណាចកិលេស ដោយការបានឃើញស្ត្រីដែលប្រដាប់តាក់តែងមួយ ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ ធម្មតាស្ត្រីទាំងឡាយតែងបោកបញ្ឆោត លួងលោម និងធ្វើអ្នកដែលលុះក្នុងអំណាចរបស់ខ្លួនឲ្យវិនាស ប្រាកដដូចជាសំពោចល្មោភ ដូច្នេះហើយ ទ្រង់នាំយកអតីតនិទានមកថា៖ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងកំណើតមាន់ មានមាន់ច្រើនរយជាបរិវារ រស់នៅក្នុងព្រៃ ។ ក្នុងទីមិនឆ្ងាយពីកន្លែងព្រះពោធិសត្វនោះ មានសំពោចញីមួយរស់នៅ ។ សំពោចញីនោះតែងបោកបញ្ឆោតមាន់ដ៏សេសលើកលែងតែព្រះពោធិសត្វចេញ យកមកស៊ី ។ ព្រះពោធិសត្វមិនទៅកាន់ព្រៃជាកន្លែងរបស់សំពោចញីនោះទេ ។ សំពោចញីគិតថា មាន់នេះពូកែខ្លាំងណាស់ មិនដឹងភាពជាអ្នកបោកប្រាស និងភាពជាអ្នកឈ្លាសក្នុងឧបាយកលរបស់យើង យើងនឹងលួងលោមមាន់នេះថា យើងនឹងជាភរិយារបស់លោក ដូច្នេះយើងនឹងបានស៊ីក្នុងកាលដែលមាន់នេះមក ពេលដែលវាលុះអំណាចរបស់យើង ។ សំពោចញីទៅកាន់គល់ដើមឈើដែលមាន់ពោធិសត្វទំ កាលនឹងសូមមាន់នោះ ដោយវាចាដែលជាការសរសើរខាងដើម ទើបពោលគាថាទី ១ ថា ៖ សុចិត្តបត្តឆទន, តម្ពចូឡ វិហង្គម; ឱរោហ ទុមសាខាយ, មុធា ភរិយា ភវាមិ តេ។ នែអ្នកមានខ្លួនបិទបាំង ដោយស្លាបដ៏វិចិត្រល្អ ជាសត្វមានសិរ្ស៍ក្រហម ទៅកាន់អាកាសបាន ចូរអ្នកចុះអំពីមែកឈើមក ខ្ញុំនឹងជាប្រពន្ធរបស់អ្នក ដោយទទេ ។ ព្រះពោធិសត្វស្ដាប់ពាក្យនោះហើយ គិតថា ញាតិទាំងអស់របស់យើង ត្រូវសំពោចញីនេះស៊ី ឥឡូវនេះ វាមកលួងលោម ដោយចង់ស៊ីយើងទៀត យើងនឹងបណ្ដេញសំពោចញីនេះ ដូច្នេះទើបពោលគាថាទី ២ ថា ចតុប្បទី ត្វំ កល្យាណិ, ទ្វិបទាហំ មនោរមេ; មិគី បក្ខី អសញ្ញុត្តា, អញ្ញំ បរិយេស សាមិកំ។ ម្នាលនាងដ៏ល្អ ជាទីត្រេកអរនៃចិត្ត នាងជាសត្វជើងបួន ខ្ញុំជាសត្វជើងពីរ ពួកម្រឹគ និងសត្វបក្សី មិនសមគ្នាទេ នាងចូរស្វែងរកសត្វឯទៀត ធ្វើជាស្វាមីចុះ ។ សំពោចញីបន្ទាប់ពីស្ដាប់ពាក្យនោះហើយ គិតថា មាន់នេះពូកែខ្លាំងណាស់ យើងនឹងបោកបញ្ឆោតដោយឧបាយយ៉ាងណាមួយ ហើយនឹងស៊ីមាន់នេះឲ្យបាន ដូច្នេះទើបពោលគាថាទី ៣ ថា កោមារិកា តេ ហេស្សាមិ, មញ្ជុកា បិយភាណិនី; វិន្ទ មំ អរិយេន វេទេន, សាវយ មំ យទិច្ឆសិ។ ខ្ញុំនៅជាកុមារី ជាស្រ្តីនិយាយពីរោះ ពោលពាក្យជាទីស្រឡាញ់ នឹងបានជា (ប្រពន្ធ) របស់អ្នក អ្នកចូរបាននូវខ្ញុំ ជាស្រ្តីល្អជាព្រហ្មចារិនី ដោយការបានដ៏ប្រសើរ ។ ពាក្យថា ដោយការបានដ៏ប្រសើរ សេចក្ដីថា សំពោចញីពោលថា ក្នុងកាលមុនអំពីពេលនេះ សូម្បីខ្ញុំក៏មិនស្គាល់សម្ផស្សបុរស ហើយអ្នកក៏មិនស្គាល់សម្ផស្សស្ត្រី ព្រោះហេតុដូច្នេះ លោកជាព្រហ្មចារីនឹងបានខ្ញុំដែលជាព្រហ្មចារី ដោយលាភដែលមិនមានទោសជាប្រក្រតី ។ បើលោកប្រាថ្នាខ្ញុំ តែមិនជឿពាក្យរបស់ខ្ញុំ លោកចូរឲ្យគេត្រាច់វាយស្គរក្នុងនគរពារាណសីដែលទំហំ ១២ យោជន៍ ប្រកាសថា សំពោចញីនេះជាទាសីរបស់ខ្ញុំ និងធ្វើខ្ញុំឲ្យទាសីរបស់ខ្លួន ហើយចូរកាន់យកចុះ ។ បន្ទាប់មក ព្រះពោធិសត្វគិតថា យើងនឹងគំរាមសំពោចញីនេះ ហើយឲ្យវារត់ទៅ ដូច្នេះទើបពោលគាថាទី ៤ ថា កុណបាទិនិ លោហិតបេ, ចោរិ កុក្កុដបោថិនិ; ន ត្វំ អរិយេន វេទេន, មមំ ភត្តារមិច្ឆសិ។ នែនាងជាសត្វស៊ីនូវសាកសព ផឹកនូវឈាម ជាចោរបៀតបៀននូវមាន់ នាងឯងមិនមែនចង់បាននូវអញធ្វើជាប្តី ដោយការបានប្រសើរទេ ។ ពាក្យថា នាងឯងមិនមែនចង់បាននូវអញធ្វើជាប្តី ដោយការបានប្រសើរទេ សេចក្ដីថា ព្រះពោធិសត្វពោលថា នាងមិនប្រាថ្នាយើងធ្វើជាប្ដី ដោយការបានដ៏ប្រសើរទេ នាងបោកបញ្ឆោត ហើយចង់ស៊ីយើង នាងចូរវិនាសទៅ ហើយក៏បានធ្វើសំពោចញីឲ្យរត់ទៅ ។ ចំណែកសំពោចញីក៏រត់បោលទៅ មិនហ៊ានសូម្បីតែក្រឡេកមើល ។ (អភិសម្ពុទ្ធគាថាសំដែងថា) ឯវម្បិ ចតុរា នារី, ទិស្វាន សធនំ នរំ; នេន្តិ សណ្ហាហិ វាចាហិ, ពិឡារី វិយ កុក្កុដំ។ នារីទាំងឡាយ ដែលមានការវាងវៃ ឃើញនូវបុរសដ៏ប្រសើរហើយ រមែងដឹកនំាដោយវាចាដ៏ពីរោះយ៉ាងនេះឯង ដូចជាសំពោចញី ប្រលោមនូវមាន់ឈ្មោល (មកធ្វើជាប្តីរបស់ខ្លួន) ។ យោ ច ឧប្បតិតំ អត្ថំ, ន ខិប្បមនុពុជ្ឈតិ; អមិត្តវសមន្វេតិ, បច្ឆា ច អនុតប្បតិ។ បុគ្គលណា មិនឆាប់យល់នូវប្រយោជន៍ ដែលកើតឡើង បុគ្គលនោះ រមែងលុះអំណាចនៃសត្រូវផង រមែងក្តៅក្រហាយ ក្នុងកាលជាខាងក្រោយផង ។ យោ ច ឧប្បតិតំ អត្ថំ, ខិប្បមេវ និពោធតិ; មុច្ចតេ សត្តុសម្ពាធា, កុក្កុដោវ ពិឡារិយា។ លុះតែបុគ្គលណា ឆាប់យល់ច្បាស់នូវប្រយោជន៍ ដែលកើតឡើង បុគ្គលនោះ រមែងរួចចាកការបៀតបៀន អំពីសត្រូវ ដូចមាន់ឈ្មោល រួចអំពីសំពោចញី ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចធម៌ និងប្រជុំជាតក ក្នុងកាលទីបំផុតនៃសច្ចធម៌ ឧក្កណ្ឋិតភិក្ខុបានតាំងនៅក្នុងសោតាបត្តិផល ។ តទា កុក្កុដរាជា អហមេវ អហោសិំ ស្ដេចមាន់ក្នុងកាលនោះ គឺ តថាគត នេះឯង ។ កុក្កុដជាតក ចប់ ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឆក្កនិបាត អាវារិយវគ្គ បិដកលេខ ៥៩ ទំព័រ ៤៨) ថ្ងៃ សុក្រ ១៤ រោច ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០ ថ្ងៃទី ១០ ខែ សីហា ព.ស. ២៥៦២ គ.ស.២០១៨ ដោយស.ដ.វ.ថ ដោយ៥០០០ឆ្នាំ
images/articles/3249/____________________________________.jpg
កច្ឆបជាតក
ផ្សាយ : ២៧ ឧសភា ឆ្នាំ២០២៣
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធការរម្ងាប់វិវាទ របស់មហាមាត្យ​​ទាំង ២ របស់ព្រះបាទកោសល បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា កោ នុ ឧទ្ធិតភត្តោវ ដូច្នេះជាដើម ។រឿងរ៉ាវបច្ចុប្បន្នបានពោលរួចហើយក្នុង (ឧរគជាតក) ទុកនិបាត ។ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលព្រាហ្មណ៍ ក្នុងដែនកាសី កាលចម្រើនវ័យធំហើយ បានសិក្សារៀនសូត្រសិល្បសាស្ត្រទាំងពួង ហើយលះបង់កាម បួសជាឥសី កសាងអាស្រមបទ ក្បែរច្រាំងទន្លេគង្គា ក្នុងហិមវន្តប្រទេស ញ៉ាំងអភិញ្ញា និងសមាបត្តិឲ្យកើតឡើង លេងឈានកីឡា សម្រេចការនៅក្នុងទីនោះ ។ បានឮមកថា ក្នុងជាតកនេះ ព្រះពោធិសត្វជាអ្នកមានចិត្តកណ្ដាលដ៏ក្រៃលែង បំពេញឧបេក្ខាបារមី ។ មានស្វាច្រឡើសបើសទ្រុស្តសីលមួយ មកធ្វើសលាកបវេសនកម្ម (ការសម្ដែងអាការៈធ្វើដូចជាសេពមេថុនធម្ម) ដោយអង្គជាត តាមប្រហោងត្រចៀក ដល់ព្រះពោធិសត្វ ដែលកំពុងអង្គុយទៀបទ្វារបណ្ណសាលា ។ ព្រះពោធិសត្វហាមឃាត់ហើយ លោកមានចិត្តជាកណ្ដាល អង្គុយនៅស្ងៀម ។ ថ្ងៃមួយ មានអណ្ដើកមួយងើបឡើងមកពីទឹក ដេកហាមាត់ កម្ដៅថ្ងៃនៅនឹងច្រាំងទន្លេគង្គា ។ ស្វាឡេះឡោះឃើញអណ្ដើក ក៏ធ្វើសលាកបវេសនកម្ម ដាក់មាត់អណ្ដើកនោះ ។ ពេលនោះ អណ្ដើកភ្ញាក់ឡើង ខាំអង្គជាតរបស់ស្វា ហាក់ដូចជាដាក់ចូលទៅក្នុងស្មុគ ធ្វើឲ្យស្វាមានទុក្ខវេទនាយ៉ាងខ្លាំង ។ ស្វាកំហូចកាលមិនអាចនឹងអត់ទ្រាំបាន ក៏គិតថា បុគ្គលណាគប្បីដោះយើងពីសេចក្ដីទុក្ខនេះ យើងនឹងទៅកាន់សម្នាក់បុគ្គលណា រួចគិតឃើញថា វៀរចាកព្រះតាបសចេញហើយ បុគ្គលដទៃដែលអាចដោះយើងចេញពីសេចក្ដីទុក្ខនេះ រមែងមិនមាន យើងគួរទៅកាន់សម្នាក់តាបស ដូច្នេះទើបយកដៃលើកអណ្ដើក ទៅកាន់សម្នាក់ព្រះពោធិសត្វ ។ ព្រះពោធិសត្វកាលលលេងនឹងស្វាទ្រុស្តសីលនោះ ទើបពោលគាថាទី ១ ថា កោ នុ ឧទ្ធិតភត្តោវ, បូរហត្ថោវ ព្រាហ្មណោ; កហំ នុ ភិក្ខំ អចរិ, កំ សទ្ធំ ឧបសង្កមិ។ បុគ្គលណាហ្ន៎ ដើរមក ហាក់ដូចជាបុគ្គលមានភត្តដួសស្រេចហើយ ឬដូចជាព្រាហ្មណ៍ មានលាភពេញដៃ អ្នកដើរទៅសូមក្នុងទីណា ឬអ្នកចូរទៅរកបុគ្គលណាដែលមានសទ្ធា ។ ស្វាទ្រុស្តសីលស្ដាប់ពាក្យនោះហើយ ពោលគាថាទី ២ ថា អហំ កបិស្មិ ទុម្មេធោ, អនាមាសានិ អាមសិំ; ត្វំ មំ មោចយ ភទ្ទំ តេ, មុត្តោ គច្ឆេយ្យ បព្ពតំ។ ខ្ញុំជាស្វាឥតប្រាជ្ញា បានប៉ះពាល់នូវវត្ថុទាំងឡាយ ដែលគេមិនគួរប៉ះពាល់ សូមលោកម្ចាស់ដោះខ្ញុំឲ្យរួច សូមសេចក្ដីចម្រើនចូរមានដល់លោក ខ្ញុំនោះបានរួចហើយ នឹងទៅកាន់ភ្នំវិញ ។ ដោយសេចក្ដីអាណិតស្វានោះ ព្រះពោធិសត្វកាលនឹងចរចាជាមួយអណ្ដើក ទើបពោលគាថាទី ៣ ថា កច្ឆបា កស្សបា ហោន្តិ, កោណ្ឌញ្ញា ហោន្តិ មក្កដា; មុញ្ច កស្សប កោណ្ឌញ្ញំ, កតំ មេថុនកំ តយា។ ពួកអណ្ដើកជាកស្សបគោត្ត ពួកស្វាជាកោណ្ឌញ្ញគោត្ត ម្នាលកស្សប អ្នកចូរលែង កោណ្ឌញ្ញ (ស្វាទ្រុស្តសីលនេះ) ដែលធ្វើមេថុនកម្មនឹងអ្នក ។ គាថានោះ មានសេចក្ដីថា ឈ្មោះថា អណ្ដើកទាំងឡាយ រមែងជាកស្សបគោត្រ ស្វាទាំងឡាយរមែងជាកោណ្ឌញ្ញគោត្រ ការចងអាវាហវិវាហៈនូវគ្នានឹងគ្នា របស់កស្សបគោត្រ និងកោណ្ឌញ្ញគោត្រ រមែងមាន ។ មេថុនពោលគឺកម្មទ្រុស្តសីល ដ៏សមគួរដល់មេថុនធម្ម ដែលស្វាឡេះឡោះទ្រុស្តសីលនោះធ្វើជាមួយអ្នក និងដែលអ្នកធ្វើជាមួយស្វានោះ រមែងមាន ព្រោះហេតុនោះ នែកស្សបៈ អ្នកចូរដោះលែងកោណ្ឌញ្ញៈ ។ អណ្ដើកស្ដាប់ពាក្យព្រះពោធិសត្វហើយ ជ្រះថ្លានឹងហេតុផល ក៏លែងអង្គជាតរបស់ស្វា ។ ស្វាគ្រាន់តែរួចភ្លាម ក៏ថ្វាយបង្គំព្រះពោធិសត្វ រួចរត់ចេញទៅ មិនក្រឡេកមើលទីនោះទៀតឡើយ ។ ចំណែកអណ្ដើកថ្វាយបង្គំព្រះពោធិសត្វហើយទៅកាន់លំនៅរបស់ខ្លួនវិញ ។ សូម្បីព្រះពោធិសត្វជាអ្នកមានឈានមិនសាបសូន្យ បានទៅកាន់ព្រហ្មលោក ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចធម៌ និងប្រជុំជាតកថាតទា កច្ឆបវានរា ទ្វេ មហាមត្តា អហេសុំ អណ្ដើកនិងស្វាក្នុងកាលនោះ បានមកជាមហាមាត្យទាំង ២ តាបសោ បន អហមេវ អហោសិំ ចំណែកតាបស គឺតថាគតនេះឯង ។ កច្ឆបជាតក ចប់ ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តិកនិបាត ឧទបានវគ្គ បិដកលេខ ៥៨ ទំព័រ ១៥៨) ថ្ងៃច័ន្ទ ១៣ កើត ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០ ថ្ងៃទី ២២ ខែ តុលា ព.ស. ២៥៦២ គ.ស.២០១៨ ដោយស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
images/articles/3245/_________________________________.jpg
ចេតិយសូត្រ
ផ្សាយ : ២៧ ឧសភា ឆ្នាំ២០២៣
[៤៤៦] ម្នាលភិក្ខុទាំងឡាយ ។ សម័យមួយ ព្រះដ៏មានព្រះភាគ គង់នៅក្នុងកូដាគារសាលា នាមហាវន ជិតក្រុងវេសាលី ។ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ទ្រង់បាត្រនិងចីវរ ក្នុងបុព្វណ្ហសម័យ ស្តេចចូលទៅកាន់ក្រុងវេសាលី ដើម្បីបិណ្ឌបាត ហើយត្រឡប់ពីបិណ្ឌបាតក្នុងបច្ឆាភត្ត ត្រាស់ហៅព្រះអានន្ទដ៏មានអាយុថា ម្នាលអានន្ទ អ្នកចូរកាន់យកនូវសំពត់គឺសីទនៈ តថាគតនិងចូលទៅឯបាវាលចេតិយ ដើម្បីសម្រាកក្នុងវេលាថ្ងៃ ។ ព្រះអានន្ទដ៏មានអាយុ ទទួលព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយក៏កាន់នូវសំពត់សីទនៈដើរតាមក្រោយ ៗ ព្រះដ៏មានព្រះភាគទៅ ។ [៤៤៧] គ្រានោះឯង ព្រះដ៏មានព្រះភាគទ្រង់ចូលទៅបាវាលចេតិយ លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលបុគ្គលតាក់តែងថ្វាយ ។ ព្រះអានន្ទដ៏មានអាយុ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលអានន្ទ ក្រុងវេសាលី គួរជាទីរីករាយ ឧទេនៈចេតិយ គួរជាទីរីករាយ គោតមកចេតិយ គួរជាទីរីករាយ សត្តម្ពចេតិយ គួរជាទីរីករាយ ពហុបុត្តកចេតិយ គួរជាទីរីករាយ សារន្ទទចេតិយ គួរជាទីរីករាយ បាវាលចេតិយ គួរជាទីរីករាយ ។ ម្នាលអានន្ទ បុគ្គលណាមួយបានចម្រើនឥទ្ធិបាទ ៤ បានធ្វើឲ្យរឿយ ៗ ធ្វើឲ្យដូចជាយាន ធ្វើឲ្យជាទីនៅ តាំងទុករឿយ ៗ សន្សំទុក ផ្តើមល្អហើយ កាលបើបុគ្គលនោះប្រាថ្នា អាចស្ថិតនៅអស់មួយអាយុកប្ប ឬជាងមួយអាយុកប្បក៏បាន ។ ម្នាលអានន្ទ ឥទ្ធិបាទ ៤ តថាគតបានចម្រើនហើយ ធ្វើឲ្យរឿយ ៗ ហើយ ធ្វើឲ្យដូចជាយាន ធ្វើឲ្យជាទីនៅ តាំងទុករឿយ ៗ សន្សំទុក ផ្តើមល្អហើយ ។ ម្នាលអានន្ទ បើតថាគតប្រាថ្នា អាចស្ថិតនៅអស់មួយអាយុកប្ប ឬជាងមួយអាយុកប្បក៏បាន ។ [៤៤៨] កាលបើព្រះដ៏មានព្រះភាគទ្រង់ធ្វើនិមិត្ត ជាឱឡារិក ទ្រង់ធ្វើឱកាសជាឱឡារិកយ៉ាងនេះក៏ដោយ ព្រះអានន្ទដ៏មានអាយុ នៅតែមិនអាចនិងយល់សេចក្តីច្បាស់លាស់បានឡើយ មិនបានអារាធនាព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគទ្រង់គង់នៅអស់ ១ អាយុកប្ប សូមព្រះសុគតទ្រង់គង់នៅអស់ ១ អាយុកប្ប ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតានិងមនុស្សទាំងឡាយដូច្នេះឡើយ ព្រោះមារចូលមកជ្រែកចិត្ត ។ [៤៤៩] ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកា (និងព្រះអានន្ទ) ជាគំរប់ពីរដង ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់និងព្រះអានន្ទដ៏មានអាយុជាគំរប់ ៣ ដងថា ម្នាលអានន្ទ ក្រុងវេសាលី គួរជាទីរីករាយ ឧទេនចេតិយ គួរជាទីរីករាយ គោតមកចេតិយ គួរជាទីរីករាយ សត្តម្ពចេតិយ គួរជាទីរីករាយ ពហុមុត្តកចេតិយ គួរជាទីរីករាយ សារន្ទទចេតិយ គួរជាទីរីករាយ បាវាលចេតិយ គួរជាទីរីករាយ ។ ម្នាលអានន្ទ បុគ្គលណាមួយបានចម្រើន ឥទ្ធិបាទ ៤ ធ្វើឲ្យច្រើន ធ្វើឲ្យដូចជាយាន ធ្វើឲ្យជាទីតាំងនៅ តាំងទុករឿយ ៗ សន្សំទុក ផ្តើមទុកល្អហើយ បើបុគ្គលនោះប្រាថ្នា អាចនៅអស់ ១ អាយុកប្ប ឬជាងមួយអាយុកប្បក៏បាន ។ ម្នាលអានន្ទ តថាគតបានចម្រើនឥទ្ធិបាទ ៤ បានធ្វើឲ្យរឿយ ៗ បានធ្វើឲ្យដូចជាយាន បានធ្វើឲ្យជាទីតាំងនៅ បានតាំងទុករឿយ ៗ បានសន្សំទុក បានផ្តើមទុកល្អហើយ ។ ម្នាលអានន្ទ បើតថាគតប្រាថ្នា អាចនៅអស់មួយអាយុកប្ប ឬជាងមួយអាយុកប្បក៏បាន ។ [៤៥០] កាលព្រះដ៏មានព្រះភាគ ទ្រង់ធ្វើនិមិត្តជាឱឡារិក ទ្រង់ធ្វើឱកាលជាឱឡារិកយ៉ាងនេះក៏ដោយ ព្រះអានន្ទដ៏មានអាយុ នៅតែមិនយល់សេចក្តីច្បាស់លាស់ឡើយ មិនបានអាពាធ ព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគទ្រង់គង់នៅអស់មួយអាយុកប្ប សូមព្រះសុគត ទ្រង់គង់នៅអស់មួយអាយុកប្ប ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតា និងមនុស្សទាំងឡាយដូច្នេះឡើយ ព្រោះមារចូលមកជ្រែកចិត្ត ។ [៤៥១] លំដាប់នោះ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់និងព្រះអានន្ទដ៏មានអាយុថា ម្នាលអានន្ទ អ្នកចូរទៅចុះ ចូរសំគាល់នូវកាលគួរក្នុងកាលឥឡូវនេះចុះ ។ ព្រះអានន្ទដ៏មានអាយុទទួលព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ករុណា ព្រះអង្គ រួចក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ដើរប្រទក្សិណ ហើយអង្គុយជិតគល់ឈើមួយដើម ដ៏មិនឆ្ងាយប៉ុន្មាន ។ [៤៥២] (កាលដែលព្រះអានន្ទដ៏មានអាយុចេញទៅមិនយូរប៉ុន្មាន) មារមានចិត្តបាបចូលទៅរកព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ឈរក្នុងទីសមគួរ ។ (លុះមារមានចិត្តបាបឈរក្នុងទីសមគួរហយ) ក៏ក្រាបទូលអារាធនាព្រះដ៏មានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគបរិនិព្វានក្នុងកាលឥឡូវនេះទៅ សូមព្រះសុគតនិព្វានទៅ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ព្រះដ៏មានព្រះភាគល្មមបរិនិព្វានហើយ ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រះដ៏មានព្រះភាគបានត្រាស់វាចានេះថា នែមារមានចិត្តបាប (បើ) ពួកភិក្ខុជាសាវករបស់តថាគតដែលឈ្លាស វាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្របិបត្តិធម៌សមគួរដល់ធម៌ ប្រតិបត្តិដោយកោតក្រែង ប្រព្រឹត្តតាមធម៌នៅមិនទានមាន ទាំងមិនទាន់រៀនវាទៈនៃអាចារ្យរបស់ខ្លួន ហើយនិងប្រាប់ សម្តែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបាន ទាំងមិនទាន់បានសង្កត់សង្កិនបរប្បវាទដែលកើតឡើងហើយ ឲ្យជាកិច្ចដែលខ្លួនបានសង្កត់សង្កិនល្អ តាមពាក្យដែលសមហេតុ ហើយនិងសម្តែងធម៌ប្រកបដោយបាដិហារ្យដរាបណាទេ តថាគតនឹងមិនទាន់បរិនិព្វានដរាបនោះឡើយ ។ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ពួកជាសាវករបស់ព្រះដ៏មានព្រះភាគ បានឈ្លាស វាងវៃ ក្លៀវក្លា ជាពហូស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌សមគួរដល់ធម៌ ប្រតិបត្តិដោយកោតក្រែង ប្រព្រឹត្តតាមធម៌ទាំងបានរៀននូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សម្តែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបានហើយ ទាំងសង្កត់សង្កិនបរប្បវាទដែលកើតឡើងហើយ ឲ្យជាកិច្ចដែលបានសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយសម្តែងធម៌ប្រកបដោយបាដិហារ្យបានហើយ ។ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគបរិនិព្វានក្នុងកាលឥឡូវនេះទៅ សូមព្រះសុគតបរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ជាកាលគួរព្រះដ៏មានព្រះភាគបរិនិព្វានហើយ ។ [៤៥៣] បពិត្រព្រះអង្គដ៏ចម្រើន ព្រោះព្រះដ៏មានព្រះភាគត្រាស់វាចារនេះថា ម្នាលមារមានចិត្តបាប តថាគតនឹងមិនទាន់បរិនិព្វានទេ ព្រោះពួកភិក្ខុនីជាសាវិការបស់តថាគត ឈ្លាស វាងវៃ ក្លៀវក្លា ជាពហុសូ្សត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌សមគួរដល់ធម៌ ប្រតិបត្តិដោយកោតក្រែង ប្រព្រឹត្តតាមធម៌ នៅមិនទាន់មាន ទាំងមិនទាន់រៀននូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយនឹងប្រាប់ សម្តែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបាន ទាំងមិនទាន់សង្កត់សង្កិនបរប្បវាទដែលកើតឡើងហើយ ឲ្យជាកិច្ចដែលខ្លួនបានសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយនិងសម្តែងធម៌ប្រកបដោយបាដិហារ្យទេ ។ បពិត្រព្រះអង្គដ៏ចម្រើន ក៏ក្នុងកាលឥឡូវនេះ ពួកភិក្ខុនីជាសាវិការបស់ព្រះដ៏មានព្រះភាគ បានឈ្លាស វាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌សមគួរដល់ធម៌ ប្រតិបត្តិដោយកោតក្រែង ប្រព្រឹត្តតាមធម៌ហើយ ទាំងបានរៀននូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សម្តែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបានហើយ ទាំងសង្កត់សង្កិននូវបរប្បវាទដែលកើតឡើងហើយ ឲ្យជាកិច្ចដែលខ្លួនសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយសម្តែងធម៌ប្រកបដោយបាដិហារ្យបានហើយ ។ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ សូមព្រះដ៏មានព្រះភាគបរិនិព្វាន ទៅ សូមព្រះសុគតបរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះឥឡូវនេះ ជាកាលគួរល្មមព្រះដ៏មានព្រះភាគបរិនិព្វានហើយ ។ [៤៥៤] បពិត្រព្រះអង្គដ៏ចម្រើន មួយទៀត ព្រះដ៏មានព្រះភាគបានត្រាស់វាចារនេះថា ម្នាលមារមានចិត្តបាប តថាគតនិងមិនទាន់បរិនិព្វានទេ ព្រោះពួកឧបាសក (ជាសាវក) របស់តថាគត ។បេ។ ព្រោះពួកឧបាសិកាជាសាវិការបស់តថាគត ដែលឈ្លាស វាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌សមគួរដល់ធម៌ ប្រតិបត្តិដោយកោតក្រែង ប្រព្រឹត្តតាមធម៌នៅមិនទាន់មាន ទាំងមិនទាន់រៀននូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយនិងប្រាប់ សម្តែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបាន ទាំងមិនទាន់សង្កត់សង្កិន នូវបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ចដែលសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយនិងសម្តែងធម៌ប្រកបដោយបាដិហារ្យទេ ។ បពិត្រព្រះអង្គដ៏ចម្រើន ក៏ឥឡូវនេះ មានពួកឧបាសិកាជាសាវិការបស់ព្រះដ៏មានព្រះភាគ បានឈ្លាស វាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌សមគួរដល់ធម៌ ប្រតិបត្តិដោយកោតក្រែង ប្រព្រឹត្តតាមធម៌ទាំងបានរៀននូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សម្តែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបាន ទាំងសង្កត់សង្កិននូវបរប្បវាទដែលកើតឡើងហើយ ឲ្យជាកិច្ចដែលសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយសម្តែងធម៌ប្រកបដោយបាដិហារ្យបានហើយ ។ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ សូមព្រះដ៏មានព្រះភាគបរិនិព្វានទៅ សូមព្រះសុគតបរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះឥឡូវនេះ ជាកាលគួរល្មមព្រះដ៏មានព្រះភាគបរិនិព្វានហើយ ។ [៤៥៥] បពិត្រព្រះអង្គដ៏ចម្រើន មួយទៀត ព្រះដ៏មានព្រះភាគបានត្រាស់វាចារនេះថា ម្នាលមារមានចិត្តបាប តថាគតនឹងមិនទាន់បរិនិព្វានទេ ព្រោះព្រហ្មចារ្យរបស់តថាគតនេះ នៅមិនទាន់ខ្ជាប់ខ្ជួន មិនទាន់ចម្រើន មិនទាន់ផ្សាយទៅសព្វទិស គេមិនទាន់ដឹងច្រើនគ្នា មិនទាន់ពេញបរិបូណ៌ ពួកទេវតានិងមនុស្ស មិនទានចេះសម្តែងបានដោយប្រពៃទេ ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រហ្មចារ្យរបស់ព្រះដ៏មានព្រះភាគនោះបានខ្ជាប់ខ្ជួនហើយ បានចម្រើនហើយ បានផ្សាយទៅសព្វទិសហើយ គេបានដឹងច្រើនគ្នាហើយ បានពេញបរិបូណ៌ហើយ ពួកទេវតានិងមនុស្សចេះសម្តែងបានដោយល្អហើយ ។ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ សូមព្រះដ៏មានព្រះភាគបរិនិព្វានទៅ សូមព្រះសុគតបរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះឥឡូវនេះជាកាលគួរល្មម ព្រះដ៏មានព្រះភាគបរិនិព្វានហើយ ។ [៤៥៦] កាលបើក្រុងមារក្រាបទូលបង្គំនេះហើយ ព្រះដ៏មានព្រះភាគ ចូរអ្នកមានសេចក្តីខ្វល់ខ្វាយតិចចុះ ការបរិនិព្វានរបស់តថាគតមិនយូរប៉ុន្មានទេ កន្លង ៣ ខែអំពីកាលនេះទៅ តថាគតនឹងបរិនិព្វាន ។ [៤៥៧] លំដាប់នោះឯង ព្រះដ៏មានព្រះភាគទ្រង់មានព្រះសតិសម្បជញ្ញៈ ទ្រង់ដាក់អាយុសង្ខារព្ធដ៏បាវាលចេតិយ ។ លុះព្រះដ៏មានព្រះភាគដាក់អាយុសង្ខារហើយ ក៏កើតកក្រើកផែនដីយ៉ាងធំ គួរឲ្យភ្លូកភ្លឹកព្រឺព្រួចរោម ទាំងផ្គរក៏លាន់ឮឡើង ។ [៤៥៨] គ្រានោះឯង ព្រះដ៏មានព្រះភាគទ្រង់ជ្រាបច្បាស់នូវដំណើរនោះហើយ ក៏បន្លឺនូវឧទាននេះក្នុងវេលានោះថា ៖ ព្រះពុទ្ធជាអ្នកប្រាជ្ញ ពិចារណាឃើញនូវព្រះនិព្វានដែលមានគុណថ្លឹងមិនបានផង នូវភពផង លះបង់នូវសង្ខារដែលនាំសត្វទៅកាន់ ភពហើយ ត្រេកអរចំពោះអារម្មណ៍ខាងក្នុង (ដោយអំណាច វិបស្សនា) មានចិត្តតាំងមាំ (ដោយអំណាចសមថៈ) បានទំលាយហើយនូវបណ្តាញ គឺកិលេសដែលកើតមាននៅក្នុងខ្លួនដូចជាក្រោម ។ ចប់ បាវាលវគ្គទី ១ ។ (បិដក៣៨ ទំព័រ២៧១) ដោយ៥០០០ឆ្នាំ
images/articles/3242/_______________________________________.jpg
ចតុប្បោសថជាតក
ផ្សាយ : ២៧ ឧសភា ឆ្នាំ២០២៣
ចតុប្បោសថជាតកនេះ មានពាក្យថា យោ កោបនេយ្យ ជាដើម នឹងមានជាក់ច្បាស់ ក្នុងបុណ្ណកជាតក (វិធុរជាតក បិដកលេខ ៦៣ ទំព័រ ៣៣) ។ ខាងក្រោមនេះជាសេចក្ដីដែលមានមកក្នុងព្រះបាលី ៖ (ព្រះបាទវរុណនាគរាជពោលថា) យោ កោបនេយ្យេ ន ករោតិ កោបំ, ន កុជ្ឈតិ សប្បុរិសោ កទាចិ; កុទ្ធោបិ សោ នាវិករោតិ កោបំ, តំ វេ នរំ សមណមាហុ លោកេ។ បុគ្គលណាជាសប្បុរស មិនធ្វើនូវសេចក្តីក្រោធ ក្នុងបុគ្គលគួរក្រោធ និងមិនក្រោធ ក្នុងកាលណាមួយ បុគ្គលជាសប្បុរសនោះ បើទុកជាក្រោធ ក៏មិនធ្វើសេចក្តីក្រោធឲ្យប្រាកដ បណ្ឌិតទាំងឡាយ ហៅជននោះឯងថាជាសមណៈ ក្នុងលោក ។ (សុបណ្ណរាជពោលថា) ឩនូទរោ យោ សហតេ ជិឃច្ឆំ, ទន្តោ តបស្សី មិតបានភោជនោ; អាហារហេតុ ន ករោតិ បាបំ, តំ វេ នរំ សមណមាហុ លោកេ។ ជនណា មានពោះធូរ អត់ទាំ្រនូវសេចក្តីស្រេកឃ្លានបាន ទូន្មាននូវឥន្ទ្រិយ ជាអ្នកមានតបធម៌ មានទឹក និងភោជនល្មមប្រមាណ មិនធ្វើនូវបាប ព្រោះហេតុនៃអាហារឡើយ បណ្ឌិតទាំងឡាយ ហៅជននោះថាជាសមណៈ ក្នុងលោក ។ (សក្កទេវរាជ ពោលថា) ខិឌ្ឌំ រតិំ វិប្បជហិត្វាន សព្ពំ, ន ចាលិកំ ភាសសិ កិញ្ចិ លោកេ; វិភូសដ្ឋានា វិរតោ មេថុនស្មា, តំ វេ នរំ សមណមាហុ លោកេ។ ជនណា លះបង់នូវល្បែង (ដោយកាយនិងវាចា) និងសេចក្តីត្រេកអរ (ក្នុងកាមគុណ) ទាំងពួង ទាំងមិនពោលនូវពាក្យឡេះឡោះ តិចតួចក្នុងលោក វៀរចាកហេតុជាទីតាំង នៃការស្អិតស្អាង និងមេថុនធម្ម បណ្ឌិតទាំងឡាយហៅជននោះឯង ថាជាសមណៈ ក្នុងលោក ។ (ព្រះបាទធនព្ជា័យ ពោលថា) បរិគ្គហំ លោភធម្មញ្ច សព្ពំ, យោ វេ បរិញ្ញាយ បរិច្ចជេតិ; ទន្តំ ឋិតត្តំ អមមំ និរាសំ, តំ វេ នរំ សមណមាហុ លោកេ។ ជនណា កំណត់ដឹង ហើយលះបង់នូវទ្រព្យសម្បត្តិផង លោភៈទាំងពួងផង បណ្ឌិតទាំងឡាយ ហៅជនដែលមានខ្លួនទូន្មាន មានសភាពខ្ជាប់ខ្ជួន មិនមានសេចក្តីប្រកាន់ថា អញមិនមានសេចក្តីប្រាថ្នានោះឯង ថាជាសមណៈ ក្នុងលោក ។ (ព្រះរាជាទាំង ៤ ព្រះអង្គនោះ ត្រាស់សួរថា) បុច្ឆាម កត្តារមនោមបញ្ញំ, កថាសុ នោ វិគ្គហោ អត្ថិ ជាតោ; ឆិន្ទជ្ជ កង្ខំ វិចិកិច្ឆិតានិ, តទជ្ជ កង្ខំ វិតរេមុ សព្ពេ។ ម្នាលអ្នកមានប្រាជ្ញាមិនថោកថយ យើងទាំងឡាយ សូមសួរចំពោះអ្នក ជាអ្នកធ្វើ (នូវហេតុដែលគួរធ្វើ) ការជជែកចំពោះពាក្យទាំងឡាយ កើតមានដល់យើង សូមអ្នកកាត់នូវ សេច​ក្តី​ងឿងឆ្ងល់ និងសេចក្តីសង្ស័យចេញ ក្នុងថ្ងៃនេះ យើងទាំងអស់គ្នា គប្បីឆ្លងនូវសេចក្តីសង្ស័យនោះ ក្នុងថ្ងៃនេះ ។ (វិធូរបណ្ឌិតពោធិសត្វ ពោលថា) យេ បណ្ឌិតា អត្ថទសា ភវន្តិ, ភាសន្តិ តេ យោនិសោ តត្ថ កាលេ; កថំ នុ កថានំ អភាសិតានំ, អត្ថំ នយេយ្យុំ កុសលា ជនិន្ទា។ បណ្ឌិតណា ជាអ្នកយល់សេចក្តី បណ្ឌិតនោះ រមែងពោលដោយឧបាយនៃប្រាជ្ញា ក្នុងកាលគួរ ក្នុងពាក្យជជែកនោះ បពិត្រព្រះអង្គជាធំជាងជនទាំងឡាយ ពួកជនអ្នកឈ្លាស គប្បីយល់នូវសេចក្តីនៃពាក្យពោលដែលគេមិនទាន់និយាយ ដោយប្រការដូចម្តេចបាន ។ កថំ ហវេ ភាសតិ នាគរាជា, គរុឡោ បន វេនតេយ្យោ កិមាហ; គន្ធព្ពរាជា បន កិំ វទេសិ, កថំ បន កុរូនំ រាជសេដ្ឋោ។ ស្តេចនាគ ពោលដូចម្តេច ស្តេចគ្រុឌវេនតេយ្យ ពោលដូចម្តេច ស្តេចគន្ធព្វ (ព្រះឥន្ទ) ពោលដូចម្តេច ស្តេចដ៏ប្រសើររបស់អ្នកដែនកុរុ ពោលដូចម្តេច ។ (ព្រះរាជាទាំងឡាយនោះ ឆ្លើយថា) ខន្តិំ ហវេ ភាសតិ នាគរាជា, អប្បាហារំ គរុឡោ វេនតេយ្យោ; គន្ធព្ពរាជា រតិវិប្បហានំ, អកិញ្ចនំ កុរូនំ រាជសេដ្ឋោ។ ស្តេចនាគ ពោលចំពោះខន្តិធម៌តែម្យ៉ាង សេ្តចគ្រុឌវេនតេយ្យ ពោលចំពោះអាហារតិច ស្តេចគន្ធព្វ ពោលចំពោះការលះបង់សេចក្តីត្រេកអរ ស្តេចដ៏ប្រសើររបស់អ្នកដែនកុរុ ពោលចំពោះការមិនមានកង្វល់ ។ (ព្រះវិធូរពោធិសត្វ ពោលថា) សព្ពានិ ឯតានិ សុភាសិតានិ, ន ហេត្ថ ទុព្ភាសិតមត្ថិ កិញ្ចិ; យស្មិញ្ច ឯតានិ បតិដ្ឋិតានិ, អរាវ នាភ្យា សុសមោហិតានិ; ចតុព្ភិ ធម្មេហិ សមង្គិភូតំ, តំ វេ នរំ សមណមាហុ លោកេ។ ពាក្យទាំងអស់នេះ ជាសុភាសិត ពាក្យជាទុពា្ភសិត សូម្បីបន្តិចបន្តួច ក៏មិនមាន ក្នុងប្រស្នានេះទេ ម្យ៉ាងទៀត ពាក្យទាំងនេះ តាំងនៅស៊ប់ ប្រជុំចុះដោយល្អ ក្នុងបុគ្គលណា ដូចជាកាំរទេះ ដែលគេបញ្ចុះស៊ប់ក្នុងដុំ បណ្ឌិតទាំងឡាយ ហៅបុគ្គលដែលព្រមព្រៀង ដោយធម៌ ៤ យ៉ាងនោះឯង ថាជាសមណៈ ក្នុងលោក ។ (ព្រះរាជាទាំង ៤ ព្រះអង្គពោលថា) តុវញ្ហិ សេដ្ឋោ ត្វមនុត្តរោសិ, ត្វំ ធម្មគូ ធម្មវិទូ សុមេធោ; បញ្ញាយ បញ្ហំ សមធិគ្គហេត្វា, អច្ឆេច្ឆិ ធីរោ វិចិកិច្ឆិតានិ; អច្ឆេច្ឆិ កង្ខំ វិចិកិច្ឆិតានិ, ចុន្ទោ យថា នាគទន្តំ ខរេន។ អ្នកជាបុគ្គលប្រសើរ អ្នកជាបុគ្គលមិនមានអ្នកណាវិសេសជាង អ្នកជាបុគ្គលដល់នូវត្រើយនៃធម៌ ចេះដឹងនូវធម៌ មានយោបល់ដ៏ល្អ កំណត់ដឹងនូវប្រស្នាដោយប្រាជ្ញា អ្នកជាអ្នកប្រាជ្ញ បានផ្តាច់សេចក្តីសង្ស័យចេញហើយ អ្នកបានកាត់នូវសេចក្តីសង្ស័យ និងសេចក្តីងឿងឆ្ងល់ ដូចជាគេកាត់នូវភ្លុកនៃដំរី ដោយរណារ ។ (សក្កទេវរាជ ពោលថា) នីលុប្បលាភំ វិមលំ អនគ្ឃំ, វត្ថំ ឥទំ ធូមសមានវណ្ណំ; បញ្ហស្ស វេយ្យាករណេន តុដ្ឋោ, ទទាមិ តេ ធម្មបូជាយ ធីរ។ បពិត្រអ្នកប្រាជ្ញ ខ្ញុំត្រេកអរនឹងការដោះនូវប្រស្នា ហើយជូនសំពត់នេះ មានពន្លឺដូចផ្កាឧប្បលខៀវ មិនមានមន្ទិល ជាសំពត់កាត់ថ្លៃមិនបាន មានពណ៌ស្មើដោយផ្សែង ដើម្បីបូជានូវធម៌របស់អ្នក ។ (សុបណ្ណរាជពោលថា) សុវណ្ណមាលំ សតបត្តផុល្លិតំ, សកេសរំ រត្នសហស្សមណ្ឌិតំ; បញ្ហស្ស វេយ្យាករណេន តុដ្ឋោ, ទទាមិ តេ ធម្មបូជាយ ធីរ។ បពិត្រអ្នកប្រាជ្ញ ខ្ញុំត្រេកអរនឹងការដោះនូវប្រស្នា ហើយជូននូវកម្រងផ្កាមាស ដែលរីកសំពោង ដោយត្របកច្រើនស្រទាប់ ប្រកបដោយលំអង ដ៏ប្រដាប់ដោយកែវដ៏ច្រើន ដើម្បីបូជានូវធម៌របស់អ្នក ។ (វរុណនាគរាជពោលថា) មណិំ អនគ្ឃំ រុចិរំ បភស្សរំ, កណ្ឋាវសត្តំ មណិភូសិតំ មេ; បញ្ហស្ស វេយ្យាករណេន តុដ្ឋោ, ទទាមិ តេ ធម្មបូជាយ ធីរ។ បពិត្រអ្នកប្រាជ្ញ ខ្ញុំត្រេកអរនឹងការដោះស្រាយនូវប្រស្នា ហើយជូននូវកែវមណី ដែលកាត់ថ្លៃមិនបាន ជាកែវដ៏រុងរឿង មានពន្លឺផ្លេក ៗ សម្រាប់ពាក់ព្ធដ៏ក ដែលស្អិតស្អាងដោយកែវមណី ដើម្បីបូជានូវធម៌របស់អ្នក ។ (ព្រះបាទធនញ្ជ័យពោលថា) គវំ សហស្សំ ឧសភញ្ច នាគំ, អាជញ្ញយុត្តេ ច រថេ ទស ឥមេ; បញ្ហស្ស វេយ្យាករណេន តុដ្ឋោ, ទទាមិ តេ គាមវរានិ សោឡស។ ខ្ញុំត្រេកអរនឹងការដោះស្រាយនូវប្រស្នា ហើយជូននូវគោមួយពាន់ ទាំងគោឧសភៈផង ដំរីផង រថ ១០ ដែលទឹមដោយសេះអាជានេយ្យនេះផង ស្រុកសួយ ១៦ ផង ដល់អ្នក ។ (អភិសម្ពុទ្ធគាថា) សារិបុត្តោ តទា នាគោ, សុបណ្ណោ បន កោលិតោ; គន្ធព្ពរាជា អនុរុទ្ធោ, រាជា អានន្ទ បណ្ឌិតោ; វិធុរោ ពោធិសត្តោ ច, ឯវំ ធារេថ ជាតកំ។ អ្នកទាំងឡាយ ចូរចាំទុកនូវជាតក យ៉ាងនេះថា សេ្តចនាគក្នុងកាលណោះ បានមកជាព្រះសារីបុត្ត សេ្តចគ្រុឌ បានមកជាកោលិតភិក្ខុ (មោគ្គល្លាន) សេ្តចគន្ធព្វ បានមកព្រះអនុរុទ្ធ ព្រះបាទធនញ្ជ័យបានមកជាអានន្ទបណ្ឌិត វិធុរបណ្ឌិត គឺតថាគត ។ ចប់ ចតុប្បោសថជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ទសកនិបាត បិដកលេខ ៥៩ ទំព័រ ១៦៧) ដោយ ស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
images/articles/3241/wewe323rewreeww.jpg
ចក្កវាកជាតក
ផ្សាយ : ២៧ ឧសភា ឆ្នាំ២០២៣
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធលោលភិក្ខុ (ភិក្ខុល្មោភ) មួយរូប បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា កាសាយវត្ថេ ដូច្នេះជាដើម ។ បានឮថា ភិក្ខុនោះជាមនុស្សល្មោភ ជាប់ជំពាក់ក្នុងបច្ច័យ លះបង់វត្តទាំងឡាយមានអាចរិយវត្ត និងឧបជ្ឈាយវត្តជាដើម ក្នុងពេលព្រឹក លោកចូលទៅកាន់ក្រុងសាវត្ថី ផឹកយាគូដែលមានខាទនីយៈជាច្រើនជាបរិវារ ក្នុងផ្ទះឧបាសិកាវិសាខា សូម្បីឆាន់បាយស្រូវសាលីដែលមានសាច់និងរសផ្សេងៗហើយ នៅតែមិនឆ្អែត បន្ទាប់មក ក៏សំដៅទៅនិវេសន៍របស់ជនទាំងឡាយ គឺ ចូឡអនាថបណ្ឌិកសេដ្ឋី មហាអនាថបិណ្ឌិកសេដ្ឋី និងព្រះបាទកោសល ទៀត ។ ថ្ងៃមួយ ភិក្ខុទាំងឡាយប្រារព្ធភាពល្មោភរបស់ភិក្ខុនោះ បានញ៉ាំងកថាឲ្យតាំងឡើង ក្នុងធម្មសភា ។ ព្រះសាស្ដាយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយប្រជុំសន្ទានគ្នាដោយរឿងអ្វី ? កាលពួកភិក្ខុទូលថា ដោយរឿងឈ្មោះនេះ ទើបទ្រង់ត្រាស់ឲ្យហៅភិក្ខុនោះមក ហើយសួរលោកថា ម្នាលភិក្ខុ បានឮថា អ្នកជាមនុស្សល្មោភឬ ? កាលភិក្ខុនោះទូលថា ពិតមែងហើយព្រះអង្គ ព្រះសាស្ដាត្រាស់ថា ម្នាលភិក្ខុ ព្រោះហេតុអ្វី អ្នកទើបជាមនុស្សល្មោភ សូម្បីកាលមុន ព្រោះភាពល្មោភ អ្នកបានត្រាច់បរិភោគសាកសពដំរី ក្នុងក្រុងពារាណសី ដោយការមិនឆ្អែតនឹងសាកសពដំរីនោះ អ្នកបានចេញអំពីទីនោះ ត្រាច់ដល់ច្រាំងទន្លេគង្គាហើយចូលកាន់ព្រៃហិមពាន្ត ដូច្នេះហើយ ទ្រង់នាំអតីតនិទានមកថា ៖ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី មានក្អែកល្មោភមួយត្រាច់ស៊ីសាកសពដំរីជាដើម ក្នុងក្រុងពារាណសី កាលមិនឆ្អែតដោយសាកសពដំរីនោះ ក៏គិតថា យើងនឹងស៊ីត្រីងាប់នៅនឹងច្រាំងទន្លេគង្គា ដូច្នេះទើបហើរទៅ កាលស៊ីត្រីងាប់ក្នុងទីនោះ បានស្នាក់នៅអស់ពីរបីថ្ងៃ ហើយចូលទៅកាន់ព្រៃហិមពាន្ត រួចស៊ីផលាផលផ្សេងៗ និងទៅដល់ស្រះបទុមដែលមានត្រីនិងអណ្ដើកច្រើន ក៏បានឃើញសត្វចាក្រ​ពាក ​(សត្វប្រវឹក, ព្រវែក) ២ ពណ៌ដូចមាស កំពុងតែស៊ីសារាយនៅក្នុងស្រះនោះ ហើយគិតថា សត្វទាំងនេះដល់ព្រមដោយពណ៌សម្បុរដ៏ស្អាតយ៉ាងក្រៃលែង ភោជនរបស់សត្វទាំងនេះ នឹងជាទីពេញចិត្ត យើងសួរពីភោជនរបស់សត្វទាំងនេះហើយ សូម្បីយើងបរិភោគភោជននោះហើយ នឹងមានពណ៌ដូចមាសដែរ គិតយ៉ាងនេះហើយ ក្អែកហើរទៅកាន់សម្នាក់សត្វចាក្រពាកទាំងនោះ ធ្វើបដិសណ្ឋារៈ រួចទំលើទីបំផុតមែកឈើមួយ កាលពោលពាក្យដែលប្រកបដោយការសរសើរសត្វចាក្រពាកទាំងនោះ ទើបពោលគាថាទី ១ ថា កាសាយវត្ថេ សកុណេ វទាមិ, ទុវេ ទុវេ នន្ទមនេ ចរន្តេ; កំ អណ្ឌជំ អណ្ឌជា មានុសេសុ, ជាតិំ បសំសន្តិ តទិង្ឃ ព្រូថ។ ខ្ញុំសូមសួរនូវពួកសត្វបក្សី មានសម្បុរដូចសំពត់ ដែលជ្រលក់ដោយទឹកអម្ចត់ ជាសត្វមានចិត្តរីករាយ ត្រាច់ទៅទាំងគូ ៗ ពួកកំណើតជាអណ្ឌជៈ (បក្សី) តែងសរសើរនូវកំណើតអណ្ឌជៈ​ណា ​ក្នុងបណ្ដាមនុស្សទាំងឡាយ អ្នកចូរពោលនូវហេតុនោះ មកមើល ។ ពាក្យថា មានសម្បុរដូចសំពត់ ដែលជ្រលក់ដោយទឹកអម្ចត់ សេចក្ដីថា មានពណ៌ដូចសំពត់កាសាយៈពណ៌មាស ។ ពាក្យថា ពួកកំណើតជាអណ្ឌជៈ (បក្សី) តែងសរសើរនូវកំណើតអណ្ឌជៈណា ក្នុងមនុស្សទាំងឡាយ សេចក្ដីថា នែអ្នកដ៏ចម្រើន ពួកអណ្ឌជៈទាំងឡាយកាលសរសើរពួកលោក ក្នុងមនុស្សទាំងឡាយ តែងពោលថា លោកជាអណ្ឌជៈអ្វី ឈ្មោះថា មានកំណើតអ្វី អធិប្បាយថា រមែងសរសើរពួកលោកក្នុងរវាងមនុស្សទាំងឡាយថា លោកជាបក្សីមានឈ្មោះអ្វី ។ បាលីថា កំ អណ្ឌជំ អណ្ឌជមានុសេសុ ដូច្នេះក៏មាន ។ ពាក្យនោះមានសេចក្ដីថា បក្សីទាំងឡាយរមែងពោលសរសើរថា ពួកលោកជាអណ្ឌជៈអ្វី ក្នុងបណ្ដាអណ្ឌជៈ និងមនុស្សទាំងឡាយ ។ សត្វចាក្រពាកស្ដាប់ពាក្យនោះហើយ ក៏ពោលគាថាទី ២ ថា អម្ហេ មនុស្សេសុ មនុស្សហិំស, អនុព្ពតេ ចក្កវាកេ វទន្តិ; កល្យាណភាវម្ហេ ទិជេសុ សម្មតា, អភិរូបា វិចរាម អណ្ណវេ។ ម្នាលក្អែក ជាសត្វបៀតបៀនមនុស្ស ពួកគេតែងពោលសរសើរយើងជាចាក្រពាកថា ជាសត្វប្រព្រឹត្តសមគួរ ក្នុងចំណោមនៃមនុស្សទាំងឡាយ ទាំងគេបានសន្មតយើងថា ជាសត្វមានភាពល្អ ក្នុងចំណោមនៃសត្វស្លាបទាំងឡាយ (ពួកយើងមានសភាពជាសត្វឥតភ័យ ត្រាច់ទៅផ្សេង ៗ ក្នុងស្រះឈូក) ពួកយើងមិនធ្វើបាប ព្រោះហេតុតែចំណីឡើយ ។ ក្អែកស្ដាប់ពាក្យនោះហើយ ពោលគាថាទី ៣ ថា កិំ អណ្ណវេ កានិ ផលានិ ភុញ្ជេ, មំសំ កុតោ ខាទថ ចក្កវាកា; កិំ ភោជនំ ភុញ្ជថ វោ អនោមា, ពលញ្ច វណ្ណោ ច អនប្បរូបា។ ម្នាលចាក្រពាកទាំងឡាយ ជាអ្នកមិនថោកទាប អ្នកទាំងឡាយបរិភោគផ្លែឈើអ្វី ទំពាស៊ីសាច់អ្វី បរិភោគភោជនអ្វីក្នុងស្រះ បានជាកម្លាំង និងសម្បុរ មានសភាពមិនតិច ។ លំដាប់នោះ ចាក្រពាកពោលគាថាទី ៤ ថា ន អណ្ណវេ សន្តិ ផលានិ ធង្ក, មំសំ កុតោ ខាទិតុំ ចក្កវាកេ; សេវាលភក្ខម្ហ អបាណភោជនា, ន ឃាសហេតូបិ ករោម បាបំ។ ម្នាលក្អែក ផ្លែឈើទាំងឡាយ មិនមានក្នុងស្រះទេ ពួកចាក្រពាកបានសាច់បរិភោគអំពីណា ពួកយើងជាអ្នកបរិភោគសារាយ បរិភោគតែទឹកមិនល្អក់ (ពួកយើងមិនធ្វើបាប ព្រោះហេតុតែចំណីឡើយ) ពួកយើងមានសភាពជាអ្នកឥតភ័យ ត្រាច់ទៅផ្សេង ៗ ក្នុងស្រះ ។ បន្ទាប់មក ក្អែកពោល ២ គាថា ថា ន មេ ឥទំ រុច្ចតិ ចក្កវាក, អស្មិំ ភវេ ភោជនសន្និកាសោ; អហោសិ បុព្ពេ តតោ មេ អញ្ញថា, ឥច្ចេវ មេ វិមតិ ឯត្ថ ជាតា។ ម្នាលចាក្រពាក ភោជននេះ មិនគាប់ចិត្តយើងទេ ខ្លួនអ្នកមានសភាពប្រហែលនឹងភោជនក្នុងលំនៅនេះ កាលដើមខ្ញុំមានសេចក្តីត្រិះរិះ (យ៉ាងនេះ) ខាងក្រោយមក ខ្ញុំមាន សេចក្តីត្រិះរិះផ្សេង សេចក្តីសង្ស័យរបស់ខ្ញុំ ក៏កើតមានក្នុងហេតុនុ៎ះ ដោយប្រការដូច្នេះឯង ។ អហម្បិ មំសានិ ផលានិ ភុញ្ជេ, អន្នានិ ច លោណិយតេលិយានិ; រសំ មនុស្សេសុ លភាមិ ភោត្តុំ, សូរោវ សង្គាមមុខំ វិជេត្វា; ន ច មេ តាទិសោ វណ្ណោ, ចក្កវាក យថា តវ។ ឯខ្លួនយើង តែងបានបរិភោគសាច់ និងផ្លែឈើទាំងឡាយផង នូវចំណីអាហារដែលលាយអំបិល និងប្រេងទាំងឡាយផង ខ្លួនយើងតែងបានបរិភោគនូវរស ក្នុងពួកមនុស្ស ដូចបុគ្គលក្លៀវក្លាបានឈ្នះនូវប្រធាននៃសង្គ្រាម ម្នាលចាក្រពាក ឯសម្បុររបស់ខ្ញុំ មិនដូចជាសម្បុររបស់អ្នកទេ ។ ពេលនោះ ចាក្រពាកកាលនឹងពោលហេតុនៃភាវៈមិនមានវណ្ណសម្បត្តិរបស់ក្អែកនោះ និងហេតុនៃភាវៈរបស់ខ្លួន ទើបពោលគាថាដ៏សេសថា អសុទ្ធភក្ខោសិ ខណានុបាតី, កិច្ឆេន តេ លព្ភតិ អន្នបានំ; ន តុស្សសី រុក្ខផលេហិ ធង្ក, មំសានិ វា យានិ សុសានមជ្ឈេ។ អ្នកជាសត្វមានអាហារមិនស្អាត តែងលបឆក់ក្នុងខណៈ (ដែលគេធ្វេសប្រហែល) អ្នកឯងតែងបាននូវចំណីអាហារ និងទឹកផឹកដោយលំបាក ម្នាលក្អែក អ្នកឯងមិនត្រេកអរដោយផ្លែឈើទាំងឡាយ មួយទៀត សាច់ទាំងឡាយណា ដែលមាននៅក្នុងកណ្តាលនៃព្រៃស្មសាន អ្នកមិនត្រេកអរនឹងសាច់នោះឡើយ ។ យោ សាហសេន អធិគម្ម ភោគេ, បរិភុញ្ជតិ ធង្ក ខណានុបាតី; តតោ ឧបក្កោសតិ នំ សភាវោ, ឧបក្កុដ្ឋោ វណ្ណពលំ ជហាតិ។ ម្នាលក្អែក បុគ្គលណាជាអ្នកលបឆក់ ក្នុងខណៈ (ដែលគេធ្វេសប្រហែស) បាននូវ ភោគៈទាំងឡាយ ដោយអំពើដ៏អាក្រក់ ហើយបរិភោគ ដល់មកខាងក្រោយ អ្នកផងនឹងតិះដៀលបុគ្គលនោះ បុគ្គលដែលត្រូវគេតិះដៀលនោះ រមែងសាបសូន្យចាកសម្បុរ និងកម្លាំង ។ អប្បម្បិ ចេ និព្ពុតិំ ភុញ្ជតី យទិ, អសាហសេន អបរូបឃាតី; ពលញ្ច វណ្ណោ ច តទស្ស ហោតិ, ន ហិ សព្ពោ អាហារមយេន វណ្ណោ។ បុគ្គលបើទុកជាបរិភោគរបស់ត្រជាក់ (ឥតទោស) សូម្បីតិចតួចតែជាអ្នកមិនបៀតបៀនជនដទៃ ដោយអំពើអាក្រក់ កម្លាំង និងសម្បុរ រមែងកើតមាន ដល់បុគ្គលនោះ ព្រោះថា សម្បុរទាំងអស់ មិនមែនសុទ្ធតែសម្រេចមក អំពីអាហារទេ ។ ពាក្យថា សម្បុរទាំងអស់ មិនមែនសុទ្ធតែសម្រេចមក អំពីអាហារទេ សេចក្ដីថា នែក្អែក ឈ្មោះថា សម្បុររមែងមានសមុដ្ឋាន ៤ សម្បុរនោះមិនមែនសម្រេចដោយអាហារតែម្យ៉ាងទេ គឺរមែងសម្រេចសូម្បីដោយ ឧតុ ចិត្ត និង កម្ម ដែរ ។ ចាក្រពាកបានតិះដៀលក្អែកដោយបរិយាយដ៏ច្រើនយ៉ាងនេះ ។ ក្អែកអៀនខ្មាសហើយគិតថា យើងមិនត្រូវការដោយសម្បុររបស់អ្នក ហើយស្រែកឡើងថា កា កា រួចហើរចេញទៅ ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចធម៌ និងប្រជុំជាតក ក្នុងកាលជាទីបញ្ចប់នៃសច្ចធម៌ លោលភិក្ខុបានតាំងនៅក្នុងអនាគាមិផល ។តទា កាកោ លោលភិក្ខុ អហោសិ ក្អែកក្នុងកាលនោះ បានមកជាលោលភិក្ខុ ចក្កវាកី រាហុលមាតា ចាក្រពាកញីបានមកជារាហុលមាតាចក្កវាកោ បន អហមេវ អហោសិំ ចំណែកចាក្រពាកឈ្មោល គឺ តថាគតនេះឯង ។ ចក្កវាកជាតក ចប់ ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក នវកនិបាត បិដកលេខ ៥៩ ទំព័រ ១៥០) ថ្ងៃសុក្រ ៦ កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០ ថ្ងៃទី ១៧ ខែ សីហា ព.ស. ២៥៦២ គ.ស.២០១៨ ដោយស.ដ.វ.ថ ដោយ៥០០០ឆ្នាំ
images/articles/3236/2022-03-25_10_08_46-______________________-_Word.jpg
កបិជាតក
ផ្សាយ : ១៧ ឧសភា ឆ្នាំ២០២៣
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធការចូលទៅកាន់ផែនដី របស់ទេវទត្ត បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា យត្ថ វេរី និវសតិ ដូច្នេះជាដើម ។ កាលទេវទត្តត្រូវផែនដីស្រូប ភិក្ខុទាំងឡាយញ៉ាំងកថាឲ្យតាំងឡើង ក្នុងធម្មសភាថា ម្នាលអាវុសោ ទេវទត្តត្រូវវិនាសមួយអន្លើដោយបរិស័ទ ។ ព្រះសាស្ដាយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយប្រជុំគ្នានិយាយរឿងអ្វី ? កាលភិក្ខុទាំងនោះទូលថា ដោយរឿងនេះ ទ្រង់ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ទេវទត្តវិនាសមួយអន្លើដោយបរិស័ទ មិនមែនក្នុងកាលឥឡូវនេះទេ សូម្បីក្នុងកាលមុន ក៏វិនាសដូចគ្នាដែរ ហើយព្រះអង្គនាំអតីតនិទានមកថា ៖ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងកំណើតសត្វស្វា មានស្វា ៥០០ ជាបរិវារ រស់នៅក្នុងព្រះរាជឧទ្យាន ។ សូម្បីទេវទត្តក៏កើតក្នុងកំណើតស្វា មានស្វា ៥០០ ជាបរិវារ រស់នៅក្នុងទីនោះដែរ ។ថ្ងៃមួយ បុរោហិតទៅកាន់ឧទ្យាន មុជទឹក រួចប្រដាប់តាក់តែង ហើយចេញទៅ (ក្នុងពេលនោះ) មានស្វាឡេះឡោះមួយទៅមុន ហើយអង្គុយលើកំពូលខ្លោងទ្វាររាជឧទ្យាន (ពេលបុរោហិតមកដល់) ក៏បន្ទោរ​បង់វច្ចៈដាក់ក្បាលបុរោហិតនោះ កាលបុរោហិតងើយមើលខាងលើ ស្វាកំហូចក៏បន្ទោរ​បង់ដាក់មុខបុរោហិតថែមមួយទៀត ។ បុរោហិតត្រឡប់ហើយ គំរាមស្វាថា យើងនឹងដឹងនូវកម្មដែល​គប្បីធ្វើដល់ឯង ដូច្នេះហើយគាត់ទៅមុជទឹកម្ដងទៀត រួចចៀសចេញទៅ ។ ពួកស្វាប្រាប់ភាពដែលបុរោហិតនោះចងពៀរដល់ព្រះពោធិសត្វ ។ ព្រះមហាសត្វគិតថា ឈ្មោះ​ថា ការនៅក្នុងលំនៅរបស់សត្រូវ រមែងមិនគួរ ហ្វូងស្វាទាំងអស់ត្រូវរត់ទៅក្នុងទីដទៃ ដូច្នេះទើបញ៉ាំងពួកស្វាឲ្យប្រាប់ដល់ស្វាទាំងមួយពាន់ ។ ស្វាដែលប្រដៅក្រ កាន់យកស្វាជាបរិវាររស់ខ្លួន (មិនចេញទៅដោយគិតថា) យើងនឹងដឹងក្នុងកាលខាងក្រោយ ដូច្នេះទើបអង្គុយ​ក្នុងទីនោះឯង ។ ព្រះពោធិសត្វនាំបរិវាររបស់ខ្លួនចូលទៅកាន់ព្រៃ ។ ថ្ងៃមួយ ទាសីអ្នកបុកស្រូវម្នាក់យកស្រូវមកហាលកម្ដៅថ្ងៃ មានពពែមួយមកស៊ីស្រូវដែលទាសីនោះហាល ហើយត្រូវប្រហារដោយអង្កត់ភ្លើង ពពែមានខ្លួនឆេះរត់ទៅ ហើយត្រដុសខ្លួននឹងខ្ទមស្មៅ ដែលអាស្រ័យនឹងរោងដំរីមួយកន្លែង ។ ភ្លើងក៏ឆេះខ្ទមស្មៅ បន្ទាប់មកឆាប់ឆេះរាលដាលដល់រោងដំរី ធ្វើឲ្យខ្នងដំរីរលាក ហ្មដំរីក៏នាំគ្នាព្យាបាលដំរី ។ ចំណែកបុរោហិតកំពុងតែពិចារណាឧបាយចាប់ស្វា ។ កាលព្រះរាជាត្រាស់សួរគាត់ដែលមកបម្រើ និងដែលបានអង្គុយហើយថា នែអាចារ្យ ដំរីទាំងឡាយរបស់យើងកើតដំបៅ ហ្មដំរីមិនដឹងការព្យាបាលសោះ តើលោកមានដឹងថ្នាំយ៉ាងណានីមួយទេ ? បុរោហិតទូលថា បពិត្រមហារាជ ទូលព្រះបង្គំ ដឹង ។ ព្រះរាជាសួរថា ថ្នាំនោះឈ្មោះអ្វី ? បុរោហិតទូលថា បពិត្រមហារាជ គឺ ខ្លាញ់ស្វា ។ ព្រះរាជាសួរថា ចុះយើងនឹងបានខ្លាញ់ស្វា ក្នុងទីណា ? បុរោហិតទូលថា ស្វាជាច្រើនមានក្នុងឧទ្យាន ។ ព្រះរាជាត្រាស់ថា អ្នកទាំងឡាយចូរសម្លាប់ស្វាក្នុងឧទ្យាន ហើយនាំយកខ្លាញ់មក ។ ពួកនាយខ្នាន់ធ្នូទៅហើយ បាញ់សម្លាប់ស្វាទាំង ៥០០ ។ ស្វាដែលជាប្រធានមួយ កាលរត់ទៅ បានត្រូវគ្រាប់ព្រួញ តែមិនដួលស្លាប់ ក្នុងទីនោះទេ ហើយទៅដល់លំនៅព្រះពោធិសត្វ ទើបដួលស្លាប់ ។ ពួកស្វាប្រាប់នូវការដែលស្វានោះត្រូវប្រហារនិងស្លាប់ហើយ ដល់ព្រះពោធិសត្វថា សត្វនោះមកដល់លំនៅរបស់ពួកយើង រួចក៏ស្លាប់ទៅ ។ ព្រះពោធិសត្វទៅអង្គុយកណ្ដាលហ្វូងស្វា ហើយពោលថា ធម្មតាបុគ្គលដែលមិនធ្វើតាមឱវាទរបស់បណ្ឌិត ហើយនៅក្នុងលំនៅរបស់សត្រូវ រមែងវិនាសយ៉ាងនេះឯង ដូច្នេះហើយ លោកក៏ពោលគាថាទាំងនេះ ដោយអំណាចពាក្យជាឱវាទដល់ហ្វូងស្វាថា យត្ថ វេរី និវសតិ, ន វសេ តត្ថ បណ្ឌិតោ; ឯករត្តំ ទ្វិរត្តំ វា, ទុក្ខំ វសតិ វេរិសុ។ បុគ្គលមានពៀរ អាស្រ័យនៅក្នុងទីណា បណ្ឌិតមិនគប្បីនៅក្នុងទីនោះទេ (ព្រោះ) នៅក្នុងពួកបុគ្គលមានពៀរ មួយយប់ក្តី ពីរយប់ក្តី ជាទុក្ខ ។ ទិសោ វេ លហុចិត្តស្ស, បោសស្សានុវិធីយតោ; ឯកស្ស កបិនោ ហេតុ, យូថស្ស អនយោ កតោ។ បុគ្គលអ្នកមានចិត្តស្រាល គប្បីជាសត្រូវដល់សត្វអ្នកប្រព្រឹត្តតាម សេចក្តីមិនចម្រើន ដែលព្រាហ្មណ៍ធ្វើហើយ ដល់ហ្វូងស្វា ព្រោះហេតុតែស្វាមួយ ។ ពាលោវ បណ្ឌិតមានី, យូថស្ស បរិហារកោ; សចិត្តស្ស វសំ គន្ត្វា, សយេថាយំ យថា កបិ។ បុគ្គលល្ងង់ តែប្រកាន់ខ្លួនឯងថាជាបណ្ឌិត ហើយរក្សាពួកក្រុម ជាអ្នកលុះអំណាចចិត្តរបស់ខ្លួន រមែងដេក (ស្លាប់) ដូចស្វានេះឯង ។ ន សាធុ ពលវា ពាលោ, យូថស្ស បរិហារកោ; អហិតោ ភវតិ ញាតីនំ, សកុណានំវ ចេតកោ។ បុគ្គលល្ងង់មានកម្លាំង ជាអ្នករក្សាពួកក្រុម មិនប្រពៃទេ មិនមានសេចក្តីចម្រើន ដល់ពួកញាតិ ដូចទទាធា្នក់ មិនជាប្រយោជន៍ដល់ពួកសត្វស្លាប (ដែលជាញាតិ) ។ ធីរោវ ពលវា សាធុ, យូថស្ស បរិហារកោ; ហិតោ ភវតិ ញាតីនំ, តិទសានំវ វាសវោ។ ឯបុគ្គលមានប្រាជា្ញ មានកម្លាំង រក្សាពួកក្រុមវិញ ទើបប្រពៃ រមែងចម្រើនដល់ពួកញាតិ ដូចជាវាសវៈ ទេវរាជ (ជាប្រយោជន៍) ដល់ពួកទេវតា ក្នុងឋានត្រៃត្រិង្ស ។ យោ ច សីលញ្ច បញ្ញញ្ច, សុតញ្ចត្តនិ បស្សតិ; ឧភិន្នមត្ថំ ចរតិ, អត្តនោ ច បរស្ស ច។ បុគ្គលណាមួយឃើញថា ខ្លួនឯងមានសីលផង មានបញ្ញាផង មានសុតៈផង (បុគ្គលនោះ) តែងប្រព្រឹត្តប្រយោជន៍ដើម្បីខ្លួន និងអ្នកដទៃ ទាំងពីរ ។ តស្មា តុលេយ្យ មត្តានំ, សីលបញ្ញាសុតាមិវ; គណំ វា បរិហរេ ធីរោ, ឯកោ វាបិ បរិព្ពជេ។ ព្រោះហេតុនោះ អ្នកប្រាជ្ញ កាលបើគ្នេរគ្នាន់មើលខ្លួន មានសីល មានបញ្ញា និងសុតៈហើយ គប្បីថែរក្សាពួកក្រុម ក៏បាន គប្បីប្រព្រឹត្តនៅតែម្នាក់ឯង ក៏បាន ។ ពាក្យថា បុគ្គលល្ងង់តែប្រកាន់ខ្លួនឯងថាជាបណ្ឌិត សេចក្ដីថា បុគ្គលណាជាមនុស្សល្ងង់ តែសម្គាល់ខ្លួនថា អាត្មាអញជាបណ្ឌិត ហើយមិនធ្វើតាមឱវាទបណ្ឌិត លុះក្នុងអំណាចចិត្តរបស់ខ្លួន បុគ្គលនោះកាលលុះក្នុងអំណាចចិត្តរបស់ខ្លួនហើយ រមែងដេកស្លាប់ ដូចស្វាដែលប្រដៅក្រ ដេកស្លាប់នេះឯង ។ ព្រះមហាសត្វជាស្ដេចស្វាពោលកិច្ចដែលជាវិន័យនិងបរិយត្តិយ៉ាងនេះឯង ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថាតទា ទុព្ពចកបិ ទេវទត្តោ អហោសិ ស្វាប្រដៅក្រ ក្នុងកាលនោះ បានមកជាទេវទត្តបរិសាបិស្ស ទេវទត្តបរិសា សូម្បីបរិស័ទរបស់ស្វានោះ បានមកជាបរិស័ទរបស់ទេវទត្ត បណ្ឌិតកបិរាជា បន អហមេវ អហោសិំ ចំណែកស្ដេចស្វាដែលជាបណ្ឌិត គឺ តថាគត នេះឯង ។ កបិជាតក ចប់ ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក សត្តកនិបាត កុក្កុវគ្គ បិដកលេខ ៥៩ ទំព័រ ៨៦) ថ្ងៃ អង្គារ ២ កើត ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០ ថ្ងៃទី ១១ ខែ កញ្ញា ព.ស. ២៥៦២ គ.ស.២០១៨ ដោយស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
images/articles/3240/ertretyuyti67654tr.jpg
វិរិយបណ្ឌិតជាតក
ផ្សាយ : ១៧ ឧសភា ឆ្នាំ២០២៣
រស្មីពណ៌លឿង ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិវិរិយបណ្ឌិត កាលណោះ ព្រះឥន្ទ្រាធិរាជនិម្មិតខ្លួនជាយក្សធ្វើជាជាងមាស ។ វិរិយបណ្ឌិតបានអារសាច់របស់ ខ្លួនឲ្យទៅជាងមាស ដើម្បីផែធ្វើជាមាសបិទព្រះពុទ្ធរូប ។ សេចក្តីលម្អិតមានដូចតទៅនេះ ៖ មានសេចក្តីតំណាលថា ព្រះរាជាដែនបញ្ចាល បានចាត់រាជបម្រើនាំសំពត់រ័ត្នកម្ពល់ មានតម្លៃច្រើន ទៅថ្វាយព្រះបាទមហារដ្ឋរាជ ។ ព្រះបាទមហារដ្ឋរាជទ្រង់ទតឃើញសំពត់ នោះហើយ ទ្រង់ព្រះចិន្តាថា មហាមិត្តអញបានផ្ញើរបស់មានតម្លៃមកឲ្យអញ គួរអញរក រតនវត្ថុដែលមានតម្លៃជាង ផ្ញើតបទៅវិញទើបគួរ ទ្រង់យល់ថា រតនវត្ថុមានតម្លៃ គ្មានអ្វីស្មើ នឹងពុទ្ធរតនៈឡើយ ដូច្នេះគួរអញសាងព្រះពុទ្ធបដិមា ទើបព្រះរាជាចាត់រាជទូតឲ្យនាំ ព្រះពុទ្ធបដិមាទៅថ្វាយព្រះបាទបញ្ជាលរាជ ដោយក្បួនដង្ហែតាមនាវា ។ ព្រះបាទមហារដ្ឋ ទ្រង់ថ្វាយបង្គំព្រះពុទ្ធបដិមា ទ្រង់ត្រាស់ថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះបាទបញ្ចាលរាជជា សម្លាញ់ខ្ញុំព្រះអង្គជាមនុស្សមច្ឆាទិដ្ឋិ សូមព្រះអង្គទ្រង់ព្រះមេត្តាប្រោសសង្គ្រោះ ស្តេចនោះ ឲ្យបានស្ថិតនៅក្នុងផ្លូវសម្មាទិដ្ឋិ បើព្រះអង្គយាងទៅដល់នគរបញ្ចាលហើយ សូមទ្រង់ធ្វើ បាដិហារ្យបង្កើតក្តីជ្រះថ្លាដល់ស្តេចនោះ ដោយក្តីមេត្តាសង្គ្រោះប្រោសប្រណីនៃព្រះអង្គ ។ ព្រះបាទមហារដ្ឋរាជ ទ្រង់បានបួងសួងយ៉ាងនេះ ទ្រង់យាងចុះជូនដំណើរព្រះពុទ្ធបដិមា ត្រាតែដល់ជម្រៅទឹកត្រឹមព្រះសូរង (ក) ។ ខណៈនោះ ផ្ទៃសមុទ្រមានធ្នារទឹករាបសាល្អ មានផ្កាបទុមបញ្ចពណ៌ធំផុស លេច ឡើងលើផ្ទៃទឹក ធ្វើសក្ការបូជាព្រះពុទ្ធបដិមា ។ ពួកនាគរាជក៏នាំគ្នាបូជាដោយគន្ធមាលា ផ្សេងៗ ហើយហក់ហែលចោមរោមជាបរិវារ ។ ពួកអាកាសទេវតា ក៏រោយរាយបាចសាច ទិព្វបុប្ផាផ្សេងៗ អំពីអាកាស ប្រគំតូរ្យតន្រ្តីឮសូររងំពីរោះល្វេងល្វើយគួរជាទីអស្ចារ្យ ។ រាជទូតទាំងឡាយ បានបើកភេត្រាដ៏មានសិរីដរាបដល់ទៅនគរបញ្ចាល នាំគ្នាចូល គាល់ក្រាបទូលតំណាលពីហេតុអស្ចារ្យផ្សេងៗ ។ ព្រះរាជាទ្រង់មានព្រះទ័យសោមនស្សក្រៃ លែង ទ្រង់បានចាត់ចែងគ្រឿងសក្ការបូជាជាអនេកប្រការ ស្តេចព្រមដោយអាមាត្យមន្ត្រី ចោមរោមជាបរិវារ និងមហាជនទៅទទួលព្រះពុទ្ធបដិមាអំពីភេត្រា ទ្រង់បានថ្វាយបង្គំ ទ្រង់ បានបូជាដោយទៀនធូបគន្ធមាលា ដោយសេចក្តីគោរព ទ្រង់ត្រាស់ថា “បពិត្រព្រះដ៏មាន បុណ្យអើយ ទូលព្រះបង្គំជាឧបាសកគោរពព្រះរតនត្រ័យតាំងអំពីថ្ងៃនេះជាដើមទៅ” ។ ព្រះពុទ្ធបដិមាទ្រង់បានសម្តែងបាដិហារ្យយ៉ាងអស្ចារ្យ អណ្តែតឡើងព្ធដ៏អាកាស បាន បញ្ចេញឆព្វណ្ណរង្សីរស្មីទាំងប្រាំមួយពណ៌ គឺ ខៀវ លឿង ក្រហម ស ហង្សបាទ និងពណ៌ ចម្រុះផ្សាយចេញឆ្វៀលឆ្វាត់ ភ្លឺព្រោងព្រាយ ពណ្ណរាយ ផ្សព្វផ្សាយចេញទៅសព្វទិស ទាំងពួង ។ ពួកទេពតានាំគ្នាធ្វើសក្ការបូជាឋិតព្ធដ៏អាកាស ។ ពួកមនុស្សម្នាមហាជនចេញ ពីទីតំបន់ផ្សេងៗ បានមើលគ្នាទៅវិញទៅមកដោយជាក់ច្បាស់ ។ ព្រះរាជាបានក្រាបទូលនិមន្តសូមឲ្យព្រះពុទ្ធបដិមាយាងចុះ មកលើសុពណ៌សិវិកា ដែលទ្រង់បានចាត់ចែងបម្រុងទុក លុះព្រះពុទ្ធបដិមាយាងចុះមកហើយ ទ្រង់ព្រមដោយ ចតុរង្គសេនា អាមាត្យមុខមន្ត្រី និងមហាជនបានដង្ហែចូលព្រះនគរ ។ ទ្រង់បានឲ្យជាងឆ្លាក់ ព្រះពុទ្ធរូបមួយទៀតធ្វើពីខ្លឹមច័ន្ទន៍ ហើយទ្រង់ឲ្យតម្កល់ទុកក្នុងសាលា ទ្រង់ឲ្យប្រកាស ផ្សាយដំណឹងថា “ជនណាមួយមានមាសតិចក្តី ច្រើនក្តី ចូរយកមកទិបព្រះពុទ្ធបដិមា ជាមួយនឹងយើង តាមសទ្ធាជ្រះថ្លារៀងខ្លួនចុះ” ។ កាលនោះ មានបុរសកម្សត់ម្នាក់ ឈ្មោះ វិរិយបណ្ឌិត ជាអ្នកមានសទ្ធាជ្រះថ្លាខ្លាំង មានបំណងនឹងលក់ខ្លួនទិញមាសទិបព្រះពុទ្ធរូបនោះ តែប្រពន្ធកូនពុំយល់ព្រមឲ្យស្វាមី និង បិតាធ្វើដូច្នោះទេ គឺអ្នកទាំងពីរក៏សុខចិត្តលក់ខ្លួនប្រាណជំនួស បានប្រាក់ប្រគល់ជូនស្វាមី ខ្លួន ឲ្យយកទៅទិញមាសទិបព្រះពុទ្ធបដិមា ។ គាត់បានមាសហើយចូលទៅក្នុងសាលា ប្រាថ្នានឹងទិបព្រះពុទ្ធរូប តែអ្នកយាមពុំយល់ព្រម ដោយអះអាងថា ព្រះរាជាពុំទាន់យាង មកទេ អ្នកដទៃទិបពុំបានឡើយ ដ្បិតខុសនឹងទំនៀមទម្លាប់ ។ វិរិយបណ្ឌិតនិយាយអង្វរ ខ្លាំងពេក អ្នកយាមរក្សាក៏ប្រាប់ថា ឲ្យអ្នកឯងចូលទៅក្រាបទូលសូមព្រះរាជានុញ្ញាតសិន ។ គាត់បានសុំចូលគាល់ក្រាបទូលយាងដំណើរ ។ ព្រះរាជាត្រាស់ថា “បើព្រះពុទ្ធបដិមាមាន ព្រះពុទ្ធដីកាអនុញាតឲ្យអ្នកឯង អ្នកចូរទិបចុះ” ។ វិរិយបណ្ឌិតក៏ក្រាបថ្វាយបង្គំលាព្រះរាជា រលះលាំងមកកាន់សាលាវិញ ហើយគាត់ តាំងចិត្តអធិដ្ឋាន ដោយពោលអាងពាក្យសច្ចៈផ្សេងៗ ដើម្បីសូមឲ្យព្រះពុទ្ធបដិមាបើកព្រះ ឱស្ឋមានព្រះពុទ្ធដីកា ឲ្យបានឃើញជាក់ស្តែងប្រាកដ ។ គ្រានោះ ទេវតារក្សាព្រះនគរបានចូលជ្រែកក្នុងអង្គព្រះពុទ្ធបដិមា ធ្វើឲ្យព្រះបដិមា ខ្លឹមច័ន្ទន៍ មានជីវិតរស់រវើកឡើងយ៉ាងអស្ចារ្យ បញ្ចេញព្រះពុទ្ធដីកាថា “នែវិរិយបណ្ឌិត ចូរអ្នក ទិបតថាគតតាមប្រាថ្នាចុះ” ហើយបានបញ្ចេញរស្មីទាំង ៦ ពណ៌ ដូចព្រះពុទ្ធបដិមា អង្គមុននោះដែរ ។ វិរិយបណ្ឌិតក៏បានទិបព្រះពុទ្ធបដិមាដោយមាស ដែលខ្លួនមានទាំង ប៉ុន្មាននោះ ។ ព្រះរាជាទ្រង់បានជ្រាបព័ត៌មាននោះ ក៏ឲ្យហៅវិរិយបណ្ឌិតមក ហើយទ្រង់ បានព្រះរាជទានសម្បត្តិផ្សេងៗច្រើនអនេក ។ អ្នកនគរក៏នាំមាស ប្រាក់ សំពត់ជាដើមមក ជូនយ៉ាងកកកុញ ។ គាត់បានរស់នៅរួបរួមជាមួយនឹងគ្រួសារជាសុខ ក្សេមក្សាន្ត ដរាបដល់ ក្ស័យជីវិត ។ ចប់ វិរិយបណ្ឌិតជាតក ៕ (ចាកបញ្ញាសជាតក របស់ជនជាតលាណា) ញ៉ុក-ថែម កំណាព្យឆព្វណ្ណរង្សីពណ៌លឿង រស្មីពណ៌លឿងភ្លឺថ្លា កាលដែលទ្រង់អារសាច់ផែរធ្វើមាស បិទពុទ្ធរូបភ្លឺល្អឱភាស ព្រះឥន្ទជាងមាសទ្រង់វៃបណ្ឌិត ។ កំណាព្យមួយបែបទៀត ពណ៌លឿងកាលអារសាច់ធ្វើមាស បិទលន់អង្គព្រះពុទ្ធបដិមា ព្រះឥន្ទជាជាងឆ្នៃរចនា ថ្វាយសាធុការពេញផែនដី ។ ដោយ៥០០០ឆ្នាំ
images/articles/3237/____________________________________.jpg
កច្ឆបជាតក
ផ្សាយ : ១៦ ឧសភា ឆ្នាំ២០២៣
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធការរួចផុតពីអហិវាតករោគ (រោគកើតអំពីខ្យល់មានពិសដូចជាពិសនៃពស់) មួយ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា ជនិត្តំ មេ ភវិត្តំ មេ ដូច្នេះជាដើម ។ បានឮមកថា ក្នុងក្រុងសាវត្ថី មានអហិវាតករោគកើតឡើងក្នុងត្រកូលមួយ ។ មាតាបិតាពោលនឹងបុត្រថា នែកូន អ្នកកុំនៅក្នុងផ្ទះនេះអី ចូរទម្លាយជញ្ជាំង ហើយរត់ទៅកាន់ទីណាមួយ រក្សាជីវិត ក្នុងកាលជាខាងក្រោយ សឹមមកចុះ កំណប់ដ៏ធំមានក្នុងទីនេះឯង ចូរគាស់កំណប់នោះ រក្សាទុកដាក់ទ្រព្យ រស់នៅដោយសេចក្ដីសុខចុះ ។ បុត្រទទួលពាក្យរបស់មាតាបិតាហើយ ក៏ទម្លាយជញ្ជាំង រត់ទៅ កាលរោគស្ងប់ហើយ ទើបមកវិញ គាស់កំណប់ធំ ទុកដាក់រក្សាទ្រព្យ រស់នៅគ្រប់គ្រងផ្ទះ ។ ថ្ងៃមួយ បុរសនោះឲ្យគេកាន់សប្បិ ប្រេងជាដើម និងសំពត់ជាដើម ទៅកាន់វត្តជេតពន ថ្វាយបង្គំព្រះសាស្ដា ហើយអង្គុយ ។ ព្រះសាស្ដាធ្វើបដិសណ្ឋារៈ ហើយត្រាស់សួរថា បានឮថា អហិវាតករោគកើតឡើងក្នុងផ្ទះរបស់អ្នកឬ អ្នកធ្វើដូចម្ដេច ទើបរួចផុត ? បុរសនោះក៏ប្រាប់រឿងនោះ ។ ព្រះសាស្ដាត្រាស់ថា ម្នាលឧបាសក សូម្បីកាលមុន ពេលភ័យកើតឡើង សត្វដែលធ្វើសេចក្ដីអាល័យក្នុងទីនៅរបស់ខ្លួន មិនទៅកាន់ទីដទៃ ក៏បានដល់ការអស់ជីវិត សត្វដែលមិនធ្វើសេចក្ដីអាល័យ បានទៅកាន់ទីដទៃ ក៏បានជីវិត ដូច្នេះហើយ កាលបុរសនោះទូលអារាធនា ទើបព្រះអង្គនាំអតីតនិទានមកថា ៖ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលស្មូនឆ្នាំង ក្នុងស្រុកកាសី ធ្វើឆ្នាំងចិញ្ចឹមកូននិងប្រពន្ធ ។ គ្រានោះមានស្រះដ៏ធំមួយជាស្រះកើតឯង ជាប់នឹងមហាទន្លេ ក្នុងក្រុងពារាណសី ។ ក្នុងកាលដែលមានទឹកច្រើន ស្រះនោះជាផ្លូវទឹកតែមួយជាមួយនឹងទន្លេ ដល់ពេលមានទឹកតិច ក៏ដាច់ផ្សេងពីគ្នា ។ ពួកត្រីនិងអណ្ដើកដឹងថា ក្នុងឆ្នាំនេះ នឹងមានភ្លៀងបរិបូណ៌ ក្នុងឆ្នាំនេះនឹងមានភ្លៀងដាច់ ។ ពេលនោះ ពួកត្រីនិងអណ្ដើកដែលកើតក្នុងស្រះនោះដឹងថា ក្នុងឆ្នាំនេះនឹងមានភ្លៀងមិនបរិបូណ៌ ហើយក៏ចេញអំពីស្រះនោះទៅកាន់ទន្លេ ក្នុងពេលដែលទឹកនៅជាប់គ្នា ។ មានអណ្ដើកមួយមិនបានទៅទន្លេនឹងគេទេ ព្រោះគិតថា ទីនេះជាភូមិកំណើតរបស់យើង ជាទីចម្រុងចម្រើនរបស់យើង ជាទីដែលមេបាយើងធ្លាប់នៅ យើងមិនអាចលះបង់ទីនេះទេ ។ លំដាប់នោះ ក្នុងនិទាឃសម័យ (រដូវក្ដៅ) ទឹកស្រះនោះក៏រីងស្ងួត ។ អណ្ដើកនោះវារចូលទៅក្រាំងក្នុងដី ត្រង់ទីដែលពោធិសត្វជីកយកដីស្អិត ។ ពោធិសត្វគិតថា យើងនឹងយកដីស្អិត ហើយក៏ទៅកាន់ទីនោះ រួចជីកដីដោយចបធំ ទម្លាយស្នូកអណ្ដើក គាស់អណ្ដើកនោះដោយចប ហាក់ដូចជាគាស់ដុំដីស្អិត ហើយដាក់លើគោក ។ អណ្ដើកនោះរងទុក្ខវេទនា ពោលថា កាលយើងមិនលះសេចក្ដីអាល័យក្នុងទីនៅ បានជាដល់សេចក្ដីវិនាសយ៉ាងនេះ ថាហើយ កាលខ្សឹកខ្សួលបរិទេវនាការ ទើបពោលគាថាទាំងនេះថា ជនិត្តំ មេ ភវិត្តំ មេ, ឥតិ បង្កេ អវស្សយិំ; តំ មំ បង្កោ អជ្ឈភវិ, យថា ទុព្ពលកំ តថា; តំ តំ វទាមិ ភគ្គវ, សុណោហិ វចនំ មម។ ខ្ញុំនៅក្នុងភក់ដោយគិតថា ខ្ញុំកើតហើយ ខ្ញុំចម្រើនហើយ (ក្នុងទីនេះ) ភក់បានកប់សង្កត់ខ្ញុំនោះធ្វើឲ្យទុព្វលភាព បពិត្រភគ្គវៈ ខ្ញុំសូមពោលនូវហេតុនោះនឹងអ្នក អ្នកចូរស្ដាប់នូវពាក្យខ្ញុំចុះ ។ គាមេ វា យទិ វារញ្ញេ, សុខំ យត្រាធិគច្ឆតិ; តំ ជនិត្តំ ភវិត្តញ្ច, បុរិសស្ស បជានតោ; យម្ហិ ជីវេ តម្ហិ គច្ឆេ, ន និកេតហតោ សិយា។ បុគ្គលបានសេក្ដីសុខក្នុងទីណា ទោះក្នុងស្រុក ឬក្នុងព្រៃ ទីនោះហើយ ជាទីកើត ជាទីចម្រើន របស់បុរសជាអ្នកដឹង (នូវប្រយោជន៍និងមិនមែនប្រយោជន៍) បុគ្គលគប្បីរស់នៅក្នុងទីណា គប្បីទៅក្នុងទីនោះចុះ កុំគប្បីឲ្យទីដែលធ្លាប់នៅ សម្លាប់ខ្លួនបានឡើយ ។ អណ្ដើកកាលនិយាយជាមួយព្រះពោធិសត្វយ៉ាងនេះហើយ ក៏ស្លាប់ទៅ ។ ព្រះពោធិសត្វកាន់យកអណ្ដើកនោះ ហើយឲ្យអ្នកស្រុកទាំងអស់ប្រជុំគ្នា ពោលទូន្មានមនុស្សទាំងនោះយ៉ាងនេះថា អ្នកទាំងឡាយចូរមើលអណ្ដើកនេះ អណ្ដើកនេះ កាលពួកត្រីនិងអណ្ដើកដទៃទៅកាន់មហាទន្លេ មិនអាចកាត់សេចក្ដីអាល័យក្នុងទីនៅរបស់ខ្លួន មិនទៅជាមួយនឹងគេ បានវារចូលទៅដេកក្នុងទីដែលខ្ញុំយកដីស្អិត លំដាប់នោះ ខ្ញុំកាលយកដីស្អិត បានទម្លាយស្នូកវាដោយចបធំ ដាក់វានៅលើគោក ហាក់ដូចជាទម្លាក់ដុំដីស្អិត អណ្ដើកនេះរលឹកអំពើដែលខ្លួនធ្វើ រួចខ្សឹកខ្សួលដោយគាថា ២ ហើយស្លាប់ទៅ អណ្ដើកនេះធ្វើសេចក្ដីអាល័យក្នុងទីនៅ របស់ខ្លួន ក៏បានដល់សេចក្ដីស្លាប់ សូម្បីអ្នកទាំងឡាយសោត ក៏កុំដូចអណ្ដើកនេះ ចាប់តាំងអំពីពេលនេះទៅ អ្នកទាំងឡាយកុំប្រកាន់ដោយអំណាចតណ្ហា និងដោយអំណាចគ្រឿងឧបភោគថា រូបរបស់អញ សំឡេងរបស់អញ ក្លិនរបស់អញ រសរបស់អញ ផោដ្ឋព្វៈរបស់អញ បុត្ររបស់អញ ធីតារបស់អញ ពួកទាសាទាសីរបស់អញ មាសប្រាក់របស់អញ សត្វតែមួយៗ ប៉ុណ្ណោះ វិលវល់ក្នុងភពបី ។ ព្រះពោធិសត្វឲ្យឱវាទដល់មហាជនដោយទំនងដូចជាពុទ្ធលីលាយ៉ាងនេះហើយ ឱវាទនោះសាយភាយទៅក្នុងសកលជម្ពូទ្វីប តាំងនៅអស់កាល ៦០០០០ ឆ្នាំ ។ មហាជនតាំងនៅក្នុងឱវាទរបស់ព្រះពោធិសត្វ ធ្វើបុណ្យមានទានជាដើម កាលអស់អាយុ ក៏បានបំពេញក្នុងសគ្គបុរី ។ ចំណែកព្រះពោធិសត្វធ្វើបុណ្យដូចគ្នាហើយ ក៏បានបំពេញក្នុងសគ្គបុរីដែរ ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចធម៌ និងប្រជុំជាតក ក្នុងកាលចប់សច្ចធម៌ កុលបុត្រនោះបានតាំងនៅក្នុងសោតាបត្តិផល ។ តទា កច្ឆបោ អានន្ទោ អហោសិ អណ្ដើកក្នុងកាលនោះ បានមកជាអានន្ទកុម្ភការោ បន អហមេវ អហោសិំ អ្នកធ្វើឆ្នាំង គឺតថាគតនេះឯង ។ ចប់ កច្ឆបជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ទុកនិបាត កល្យាណវគ្គ បិដកលេខ ៥៨ ទំព័រ ៨៥) ថ្ងៃសៅរ៍ ១១ កើត ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០ ថ្ងៃទី ២០ ខែ តុលា ព.ស. ២៥៦២ គ.ស.២០១៨ ដោយស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
images/articles/3238/45trteryrtyew4343.jpg
ព្រះបាទសិវិពោធិសត្វបរិច្ចាគភ្នែកជាទាន
ផ្សាយ : ១៦ ឧសភា ឆ្នាំ២០២៣
ព្រះសាស្ដាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធអសទិសទាន ត្រាស់ ធម្មទេសនានេះ មានពាក្យថា ទូរេ អបស្សំ ថេរោវា ដូចនេះជាដើម ។ រឿងរ៉ាវជាបច្ចុប្បន្ននិទាននោះ បានពោលពិស្ដារហើយក្នុងសិវិជាតក ក្នុង អដ្ឋកនិបាតនោះឯង ។ ក្នុងកាលនោះ ព្រះបាទបសេនទិកោសល ទ្រង់ថ្វាយបរិក្ខារគ្រប់យ៉ាង ក្នុងថ្ងៃទី ៧ ទូលសូមនូវការអនុមោទនា ។ ព្រះសាស្ដាមិនបានត្រាស់អ្វីឡើយ ស្ដេចទៅកាន់វិហារ ។ ព្រះរាជាទ្រង់យាងទៅកាន់វិហារកក្នុងវេលានៃភោជនគឺបុគ្គលគប្បីបរិភោគក្នុងវេលាព្រឹក (ក្នុងវេលាអាហារពេលព្រឹក) ហើយត្រាស់សួរថា បពិត្រព្រះអង្គដ៏ចម្រើន ព្រោះហេតុអ្វី ព្រះអង្គទើបមិនធ្វើការអនុមោទនា ? ព្រះសាស្ដាត្រាស់ថា បពិត្រមហារាជ ព្រោះបរិសទ្យមិនបរិសុទ្ធ ហើយទ្រង់សម្ដែងព្រះធម្មទេសនាដោយព្រះគាថាថា ន វេ កទរិយា ទេវលោកំ វជន្តិបុគ្គលកំណាញ់ស្វិតស្វាញមិនបានទៅកាន់ទេវលោកទេ ជាដើម ។ ព្រះរាជាទ្រង់ជ្រះថ្លាបានបូជាព្រះតថាគតដោយសំពត់ឧត្តរាសង្គៈ (សំពត់ដណ្ដប់) ដែលជាសីវេយ្យកពស្ត្រមានតម្លៃ ១ សែន ហើយស្ដេចត្រឡប់ ទៅព្រះនគរ ។ ក្នុងថ្ងៃស្អែក ភិក្ខុទាំងឡាយសន្ទនាគ្នា ក្នុងសាលាធម្មសភាថា ម្នាលអាវុសោទាំងឡាយ ព្រះរាជាក្នុងដែនកោសល ទ្រង់ថ្វាយអសទិសទាន ហើយនៅមិនឆ្អែតស្កប់ស្កល់ ដោយទានសូម្បីមានសភាពដូច្នោះ កាលព្រះ ទសពលទ្រង់សម្ដែងធម៌ហើយ បានថ្វាយសំពត់​សីវេ​យ្យកៈដែលមានតម្លៃ ១ សែនទៀត ម្នាលអាវុសោទាំងឡាយ រហូតវេលាដែលទ្រង់ថ្វាយទាននៅមិនឆ្អែតស្កប់ស្កល់ព្រះទ័យឡើយ ។ ព្រះសាស្ដាស្ដេចមកហើយ ត្រាស់សួរថា ម្នាល ភិក្ខុទាំងឡាយ ឥឡូវនេះ ពួកអ្នកសន្ទនាគ្នាដោយរឿងអ្វី ? កាលភិក្ខុទាំងនោះ ក្រាបទូលហើយ ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ដែលឈ្មោះថា ពាហិរភណ្ឌ គឺជាទានដែលបុគ្គលឲ្យហើយដោយល្អ បោរាណកបណ្ឌិតទាំងឡាយធ្វើជម្ពូទ្វីបទាំងអស់ឲ្យជាទីទួល ហើយឲ្យទានបរិច្ចាគទ្រព្យ ៦ សែន រាល់ ៗ ថ្ងៃ នៅមិនឆ្អែតស្កប់ស្កល់ដោយពាហិរទានឡើយ ហើយត្រាស់ទៀតថា អ្នកឲ្យរបស់ដែលជាទីស្រឡាញ់ រមែងបានរបស់ដែលជាទីស្រឡាញ់ ដូច្នេះ បណ្ឌិតទាំងឡាយទើបបានឆ្កៀលហើយនូវភ្នែកទាំង ២ ឲ្យដល់យាចកដែលមកដល់ចំពោះមុខ ហើយទ្រង់នាំអតីតនិទានមកសម្ដែងថា ៖ ក្នុងអតីតកាល ព្រះបាទសិវិមហារាជ សោយរាជ្យសម្បត្តិក្នុងអរិដ្ឋបុរនគរ ក្នុងដែនសិវិរដ្ឋ ព្រះមហាសត្វទ្រង់កើតជាព្រះឱរស របស់ព្រះបាទសិវិមហារាជនោះ ។ ព្រះញាតិវង្សទាំងឡាយ បានថ្វាយព្រះនាមថា សិវិកុមារ ។ ព្រះរាជកុមារចម្រើបវ័យហើយ បានទៅកាន់នគរតក្កសិលា សិក្សាសិល្បសាស្ត្រចប់ សព្វគ្រប់ហើយ ត្រឡប់មកសម្ដែងសិល្បសាស្ត្រថ្វាយព្រះរាជបិតាទត ហើយបានទទួលព្រះរាជទានយសជាមហាឧបរាជ ក្នុងវេលាបន្តបន្ទាប់មក កាលព្រះ រាជបិតាទ្រង់ចូលទីវង្គតហើយ ក៏បានជាព្រះរាជា ទ្រង់លះការលុះក្នុងអគតិ មិនញ៉ាំងនូវទសរាជធម៌ឲ្យកម្រើក សោយរាជ្យសម្បត្តិប្រកបដោយធម៌ ទ្រង់បានឲ្យសាងសាលទានទុក ៦ កន្លែង គឺត្រង់ទ្វារព្រះនគរ ៤ កន្លែង កណ្ដាលព្រះនគរ ១ កន្លែង និងត្រង់ទ្វារព្រះរាជនិវេសន៍ ១ កន្លែង ហើយទ្រង់ញ៉ាំង មហាទានឲ្យប្រព្រឹត្តទៅ ដោយទ្រង់បរិច្ចាគទ្រព្យ ៦ សែន រាល់ ៗ ថ្ងៃ ។ ក្នុងថ្ងៃ អដ្ឋមី ចាតុទ្ទសី បន្នរសី គឺថ្ងៃ ៨ ១៤១៥ ព្រះរាជាស្ដេចយាងទៅកាន់រោងទាន ទ្រង់ត្រួតពិនិត្យមើលការឲ្យទាន ជាព្រះរាជករណីយកិច្ចជាប្រចាំ ។ គ្រាមួយ ជាថ្ងៃពេញបូរមី មានតិថី ១៥ កើត ក្នុងពេលព្រឹក ព្រះបាទសិវិ ប្រថាប់លើរាជបល្ល័ង្កខាងក្រោមសមុស្សិតស្វេតច្ឆត្រ ទ្រង់ត្រិះរិះដល់ទានដែល ព្រះអង្គបានបរិច្ចាគ មិនបានឃើញពាហិរវត្ថុណាមួយដែលព្រះអង្គនៅធ្លាប់ឲ្យ ឡើយ ទើបទ្រង់ព្រះចិន្តាថា ពាហិរវត្ថុដែលឈ្មោះថា យើងនៅមិនបានបរិច្ចាគ មិនមាន ពាហិរទាននៅមិនបានញ៉ាំងយើងឲ្យត្រេកអរឡើយ យើងប្រាថ្នានឹងឲ្យអជ្ឈត្តិកទានឱហ៎្ន! ក្នុងថ្ងៃនេះ វេលាដែលយើងទៅរោងទាន យាចកណានីមួយប៉ុណ្ណោះ កុំសូមពាហិរវត្ថុឡើយ គប្បីកាន់យកនូវឈ្មោះនៃអជ្ឈត្តិកទានចុះពិតមែន ប្រសិនបើអ្នកណានីមួយ គប្បីកាន់យកនូវឈ្មោះនៃសាច់បេះដូង របស់យើងសោត យើងនឹងពុះទ្រូងដោយច្បូក នាំយកបេះដូងដែលជាទីហូរចេញនៃដំណក់ឈាមហើយឲ្យ បីដូចជា កាលដកឡើងនូវបទុមជាតិទាំងដើម ចេញអំពីទឹកដ៏ថ្លាដូច្នោះ បើអ្នកណាមួយ ចេញមាត់សូមសាច់ក្នុងសរីរៈរបស់យើង យើងនឹងពន្លះសាច់ក្នុងសរីរៈហើយឲ្យ បីដូចជាកាលឆូតនូវចន្ទន៍ក្រហម ដោយសត្រាសម្រាប់ឆូតដូច្នោះ ប្រសិនបើអ្នកណាសូមលោហិត យើងនឹងចូល ទៅក្នុងយន្តមុខ (អាវុធ) ញ៉ាំងភោជនដែលមនុស្សនាំចូលទៅហើយឲ្យពេញ ហើយឲ្យនូវលោហិត ។ ម្យ៉ាងទៀត ប្រសិនបើអ្នកណាមួយនិយាយនឹងយើងថា ការងារក្នុងផ្ទះរបស់ខ្ញុំមិនប្រព្រឹត្តទៅ ព្រះអង្គចូរធ្វើនូវការងារនៃទាសៈ ក្នុងផ្ទះ របស់ខ្ញុំ ដូច្នេះ យើងនឹងលះការតែងខ្លួនជាក្សត្រ ធ្វើខ្លួនឲ្យតាំងនៅក្នុងចំណែកខាងក្រៅតំណែង ហើយប្រកាសខ្លួនធ្វើការងាររបស់ទាសៈ ។ បើអ្នកណាសូមកែវភ្នែករបស់យើង យើងឆ្កៀលកែវភ្នែកទាំងគូឲ្យ ហាក់បីដូចជាកាលនាំចេញ នូវសាច់ត្នោត ដូច្នោះ ។ ព្រះរាជាទ្រង់ត្រិះរិះតទៅទៀតថា យំកិញ្ចិ មានុសំ ទានំ អទិន្នំ មេ ន វិជ្ជតិ យោបិ យាចេយ្យ មំ ចក្ខុំ ទទេយ្យំ អវិកម្បិតោ ។ ទានណាមួយជារបស់មនុស្ស ទាននោះ គឺអញមិនដែលឱ្យហើយ មិនមានឡើយ បើមានយាចកណាមកសូមភ្នែកអញ អញនឹងមិនញាប់ញ័រ ត្រូវតែឱ្យ (ដល់យាចកនោះ) ។ ដូចនេះហើយ ទ្រង់ស្រងដោយទឹកក្រអូប ១៦ ក្អម ទ្រង់ប្រដាប់តាក់តែងហើយដោយគ្រឿងអលង្ការទាំងពួង សោយព្រះក្រយាហារ ដែលមានរសដ៏ប្រណីតផ្សេងៗ ហើយស្ដេចប្រថាប់លើដំរីមង្គល ដែលប្រដាប់តាក់តែងហើយ ស្ដេចបានទៅកាន់រោងទាន ។ សក្កទេវរាជទ្រង់ជ្រាបអធ្យាស្រ័យរបស់ព្រះមហាសត្វ ទើបត្រិះរិះថា ថ្ងៃនេះ ព្រះបាទសិវិរាជទ្រង់ត្រិះរិះថា នឹងឆ្កៀលព្រះនេត្រព្រះរាជទានដល់យាចក ដែលមកដល់ចំពោះមុខ ព្រះអង្គនឹងអាចព្រះរាជទាន ឬមិនអាច ? កាលនឹងទ្រង់សាកល្បងព្រះបាទសិវិ ទើបទ្រង់ក្លែងភេទជាព្រាហ្មណ៍ចាស់ជរា មានភ្នែកងងឹត ក្នុងវេលាព្រះរាជាស្ដេចទៅកាន់រោងទាន បានឈរក្នុងទីខ្ពស់ មួយ លាតនូវដៃថ្វាយជយមង្គលដល់ព្រះរាជា ។ ព្រះរាជាឲ្យបញ្ឈប់ដំរីចំពោះ មុខព្រាហ្មណ៍នោះ ហើយត្រាស់សួរថា ម្នាលព្រាហ្មណ៍ លោកនិយាយអ្វី ? លំដាប់នោះ សក្កទេវរាជត្រាស់ថា បពិត្រមហារាជ លោកសន្និវាសទាំងអស់ ផ្សាយទៅដោយកិត្តិសព្ទ ដែលទៅហើយក្នុងចំណែកខាងលើ អស់កាលជានិច្ច ព្រោះអាស្រ័យអធ្យាស្រ័យ បង្អោនទៅក្នុងទានរបស់ព្រះអង្គ ចំណែកខ្ញុំព្រះ ករុណាជាមនុស្សខ្វាក់ ព្រះអង្គមានព្រះនេត្រទាំងពីរ ដូចនេះហើយ កាលនឹង ទូលសុំកែវភ្នែក ទើបត្រាស់ព្រះគាថាទី ១ ថា ទូរេ អបស្សំ ថេរោវ ចក្ខុំ យាចិតុមាគតោ កនេត្តា ភវិស្សាម ចក្ខុំ មេ ទេហិ យាចិតោ។ ខ្ញុំព្រះអង្គជាបុគ្គលចាស់ជរា មើលមិនឃើញឆ្ងាយ មកដើម្បីសុំនូវព្រះនេត្រ ខ្ញុំព្រះអង្គជាអ្នកមានភ្នែកម្ខាង កាលបើខ្ញុំសុំហើយ សូមព្រះអង្គប្រទាននូវព្រះនេត្រដល់ខ្ញុំព្រះអង្គ ។ បណ្ដាបទទាំងនោះ បទថា ទូរេ សេចក្ដីថា នៅឆ្ងាយអំពីទីនេះ ។ បទថា ថេរោ សេចក្ដីថា ជាមនុស្សចាស់ អ្នកចូលដល់សេចក្ដីគ្រាំគ្រាព្រោះជរា ។ បទថា ឯកនេត្តា សេចក្ដីថា សូមព្រះអង្គទ្រង់ព្រះរាជទានព្រះនេត្រ ១ ដល់ខ្ញុំ ខ្ញុំព្រះករុណាជាអ្នកមានភ្នែកម្ខាង នឹងមានទាំងពីរខាងបានដោយវិធីនេះ ។ ព្រះមហាសត្វទ្រង់ស្ដាប់ពាក្យនោះហើយ បានត្រិះរិះថា យើងអង្គុយគិត លើប្រាសាទ ឥឡូវមកទាន់ពេលតែម្ដង នេះជាលាភរបស់យើង មនោរថរបស់យើង នឹងដល់ទីបំផុតក្នុងថ្ងៃនេះពិត យើងនឹងបរិច្ចាគទានដែលមិនធ្លាប់ បរិច្ចាគក្នុងកាលមុន ហើយទ្រង់មានព្រះហឫទ័យរីករាយសោមនស្ស ត្រាស់ ព្រះគាថាទី ២ ថា កេនានុសិដ្ឋោ ឥធ មាគតោសិ វនិព្ពក ចក្ខុបថានិ យាចិតុំ សុទុច្ចជំ យាចសិ ឧត្តមង្គំ យមាហុ នេត្តំ បុរិសេន ទុច្ចជំ។ នែស្មូម អ្នកណាប្រាប់អ្នក ទើបអ្នកមកក្នុងទីនេះ បម្រុងសុំនូវភ្នែកទាំងឡាយ ជនទាំងឡាយពោលនូវភ្នែកណា ថាជារបស់ដែលបុរសលះបានដោយក្រ អ្នកសុំនូវភ្នែក ជាអវយវៈដ៏ខ្ពង់ខ្ពស់នោះ ដែលគេលះបានដោយក្រក្រៃលែង ។ ក្នុងព្រះគាថានោះ ព្រះបាទសិវិរាជ ត្រាស់ហៅសក្កទេវរាជថា វនិព្វកៈ ។ បទថា ចក្ខុបថានិ នេះ ជាឈ្មោះនៃចក្ខុទាំងពីរខាង ។ បទថា យមាហុសេចក្ដីថាបណ្ឌិតទាំងឡាយពោលដួងភ្នែកណាដែលបុរសលះបានដោយក្រ ។ ខាងមុខអំពីនេះទៅ គប្បីជ្រាបសម្ព័ន្ទគាថាងាយៗ ដោយន័យដែលមក ហើយក្នុងព្រះបាលីដូចតទៅ ព្រាហ្មណ៍ទូលតបថា យមាហុ ទេវេសុ សុជម្បតីតិ មឃវាតិ នំ អាហុ មនុស្សលោកេ តេនានុសិដ្ឋោ ឥធ មាគតោស្មិ វនិព្ពកោ ចក្ខុបថានិ យាចិតុំ។ ពួកទេវតាបានពោលនូវទេវតាវិសេសណា ថាសុជម្បតិ ក្នុងទេវលោក ពួកជនបានពោលនូវទេវតាវិសេសនោះថាមឃវៈ ក្នុងមនុស្សលោក ខ្លួនខ្ញុំជាស្មូម ដែលទេវតាវិសេសនោះប្រាប់ ទើបមកក្នុងទីនេះបម្រុងសុំព្រះនេត្រទាំងឡាយ ។ វនិព្ពតោ មយ្ហ វនិំ អនុត្តរំ ទទាហិ តេ ចក្ខុបថានិ យាចិតោ ទទាហិ មេ ចក្ខុបថំ អនុត្តរំ យមាហុ នេត្តំ បុរិសេន ទុច្ចជំ។ ខ្លួនខ្ញុំជាស្មូម ការសូមជាកិច្ចឧត្តម របស់ខ្ញុំ កាលបើខ្ញុំសូមព្រះនេត្រទាំងឡាយ សូមព្រះអង្គប្រទាន ពួកជនបានពោលនូវភ្នែកណា ថាជារបស់ដែលបុរសលះបានដោយក្រ សូមព្រះអង្គប្រទាននូវព្រះនេត្រដ៏ប្រសើរនោះដល់ខ្ញុំព្រះអង្គ ។ ព្រះបាទសិវិត្រាស់តបថា យេន អត្ថេន អាគច្ឆិ យមត្ថមភិបត្ថយំ តេ តេ ឥជ្ឈន្តុ សង្កប្បា លភ ចក្ខូនិ ព្រាហ្មណ។ ខ្លួនអ្នកមកដោយប្រយោជន៍ណា ប្រាថ្នានូវប្រយោជន៍ណា ម្នាលព្រាហ្មណ៍ អ្នកចូរបាននូវភ្នែកទាំងឡាយ ។ ឯកំ តេ យាចមានស្ស ឧភយានិ ទទាមហំ ស ចក្ខុមា គច្ឆ ជនស្ស បេក្ខតោ យទិច្ឆសេ ត្វំ តទតេ សមិជ្ឈតុ។ កាលបើ អ្នកសូមភ្នែកមួយ យើងនឹងឲ្យភ្នែកទាំងពីរ កាលជនកំពុងមើល សូមអ្នកនោះជា បុគ្គលមានភ្នែកទៅចុះ អ្នកប្រាថ្នានូវរបស់ណា របស់នោះចូរសម្រេចដល់អ្នក ។ បណ្ដាបទទាំងនោះ បទថា វនិព្វតោ បានដល់ យាចក ។ បទថា វនិំ សេចក្ដីថា ការសូម ។ បទថា តេ តេ សេចក្ដីថា សេចក្ដីត្រិះរិះដើម្បីត្រូវការរបស់ នោះរបស់លោកចូរសម្រេច ។ បទថា ស ចក្ខុមា សេចក្ដីថា អ្នកនោះ ចូរជាអ្នកមានចក្ខុដោយចក្ខុរបស់យើងទៅចុះ ។ បទថា យទិច្ឆសេ ត្វំ តទតេ សមិជ្ឈតុ សេចក្ដីថា លោកប្រាថ្នា វត្ថុណាអំពីយើង សូមវត្ថុនោះចូរសម្រេចដល់លោកចុះ ។ ព្រះរាជាត្រាស់ត្រឹមតែប៉ុណ្ណេះ ហើយទ្រង់ត្រិះរិះថា ការដែលយើងនឹង ឆ្កៀលភ្នែកឲ្យដល់ព្រាហ្មណ៍ក្នុងទីនេះឯង ជាការមិនសមគួរ ទើបនាំព្រាហ្មណ៍ ទៅក្នុងបុរី ហើយប្រថាប់លើរាជាសនៈ ត្រាស់បង្គាប់ឲ្យហៅពេទ្យឈ្មោះសីវកៈ មក ហើយត្រាស់ថា អ្នកចូរជម្រះភ្នែករបស់យើងឲ្យស្អាត ។ សំឡេងគឹកកងបានមានក្នុងនគរទាំងមូលថា បានឮថា ព្រះរាជារបស់យើង មានព្រះរាជបំណងនឹងឆ្កៀលព្រះនេត្រទាំងពីរ ព្រះរាជទានដល់ព្រាហ្មណ៍ ។ លំដាប់នោះ រាជវល្លភៈទាំងឡាយ (អ្នកស្និទ្ធស្នាលនឹងព្រះរាជា) មានសេនាបតីជាដើមផង អ្នកនគរទាំងឡាយផង ស្រីស្នំទាំងឡាយផង មកប្រជុំគ្នា កាលនឹងក្រាបទូលឃាត់ទានរបស់ព្រះរាជា បានពោលគាថាទាំងឡាយ ៣ ថា មា នោ ទេវ អទា ចក្ខុំ មា នោ សព្ពេ បរាករិ ធនំ ទេហិ មហារាជ មុត្តា វេឡុរិយា ពហូ។ បពិត្រព្រះសម្មតិទេព សូមទ្រង់កុំប្រទាននូវព្រះនេត្រ សូមទ្រង់កុំលះបង់ នូវពួកយើងទាំងអស់គ្នាឡើយ បពិត្រមហារាជ សូមទ្រង់ប្រទាននូវព្រះរាជទ្រព្យ គឺកែវមុត្តា និងកែវវិទូរ្យដ៏ច្រើន វិញចុះ ។ យុត្តេ ទេវ រថេ ទេហិ អាជានីយេ ចលង្កតេ នាគេ ទេហិ មហារាជ ហេមកប្បនវាសសេ។ បពិត្រសម្មតិទេព សូមទ្រង់ប្រទាននូវរថ ដែលទឹមដោយសេះអាជានីយ ដែលប្រថាប់ហើយ បពិត្រមហារាជ សូមព្រះអង្គប្រទាននូវដំរីទាំងឡាយ ប្រកបដោយគ្រឿងប្រដាប់ក្បាល គឺបណ្តាញមាសវិញចុះ ។ យថា តំ សិវយោ សព្ពេ សយោគ្គា សរថា សទា សមន្តា បរិកិរេយ្យុំ ឯវំ ទេហិ រថេសភា។ វទាំងពួងព្រមទាំងខ្សែ ព្រមទាំងរាជរថចោមរោមព្រះអង្គដោយជុំវិញ គ្រប់កាល ដោយប្រការៈណា បពិត្រព្រះអង្គដ៏ប្រសើរក្នុងរថ សូមព្រះអង្គប្រទានដោយប្រការៈនោះចុះ ។ បណ្ដាបទទាំងនោះ បទថា បរាករិ ប្រែថា លះបង់ហើយ អធិប្បាយថា អ្នកដែនសិវិទាំងឡាយនាំគ្នាក្រាបទូលដោយសេចក្ដីប្រាថ្នាដូចគ្នាថា កាលព្រះអង្គព្រះរាជទានព្រះនេត្រហើយ ព្រះអង្គនឹងគ្រប់គ្រងរាជសម្បត្តិមិនបាន មនុស្សដទៃនឹងគ្រប់គ្រងជំនួស កាលជាយ៉ាងនេះ ខ្ញុំព្រះករុណាទាំងឡាយ នឹង ឈ្មោះថា ជាអ្នកដែលព្រះអង្គលះបង់ហើយ ។ បទថា ប្រែថា បរិកិរេយ្យុំ គប្បីឡោមព័ទ្ធ ។ បទថា ឯវំ ទេហិ សេចក្ដីថា អ្នកដែនសិវិទាំងឡាយនឹងគប្បីចោមរោមព្រះអង្គអ្នកព្រះនេត្រមិនវិកល ដោយវិធីយ៉ាងណា សូមព្រះអង្គព្រះរាជទានដោយវិធីយ៉ាងនោះចុះ គឺព្រះអង្គចូរព្រះរាជទានត្រឹមតែទ្រព្យដល់ ព្រាហ្មណ៍ប៉ុណ្ណោះ កុំព្រះរាជទានព្រះនេត្រទាំងពីរឡើយ ព្រោះកាលព្រះអង្គ ព្រះរាជទានព្រះនេត្រទាំងពីរហើយ ប្រជារាស្ត្រអ្នកដែនសិវិទាំងឡាយ នឹងមិន ចោមរោមព្រះអង្គតទៅ ។ លំដាប់នោះ ព្រះរាជាបានត្រាស់ព្រះគាថាទាំងឡាយ ៣ ថា យោ វេ ទស្សន្តិ វត្វាន អទានេ កុរុតេ មនោ ភូម្យំ សោ បតិតំ បាសំ គីវាយំ បដិមុញ្ចតិ។ បុគ្គលណាពោលថាអាត្មាអញនឹងឲ្យ ហើយធ្វើនូវចិត្ត ក្នុងការមិនឲ្យវិញ បុគ្គលនោះ ឈ្មោះថាយកអន្ទាក់ដែលធ្លាក់លើផែនដីមកពាក់ឰដ៏ក ។ យោ វេ ទស្សន្តិ វត្វានំ អទានេ កុរុតេ មនោ បាបា បាបតរោ ហោតិ សម្បត្តោ យមសាធនំ។ បុគ្គលណាពោលថាអាត្មាអញនឹងឲ្យ ហើយធ្វើនូវចិត្តក្នុងការមិនឲ្យវិញ បុគ្គលនោះ ឈ្មោះថាជាបុគ្គលលាមកក្រៃលែងជាងបុគ្គលលាមក ហើយដល់នូវឋាននរកជាទីសម្រេចរបស់យមរាជ ។ យញ្ហិ យាចេ តញ្ហិ ទទេ យំ ន យាចេ ន តំ ទទេ ស្វាហំ តមេវ ទស្សាមិ យំ មំ យាចតិ ព្រាហ្មណោ។ ស្មូមសូមនូវរបស់ណា បុគ្គលគួរតែឲ្យនូវរបស់នោះ មិនសូមនូវរបស់ណា មិនត្រូវឲ្យរបស់នោះទេ ព្រាហ្មណ៍សូមនូវរបស់ណានឹងអាត្មាអញ អាត្មាអញនោះនឹងឲ្យនូវរបស់នោះឯង ។ បណ្ដាបទទាំងនោះ បទថា បដិមុញ្ចតិ សេចក្ដីថា ឲ្យចូលទៅ ។ បទថា បាបា បាបតរោសេចក្ដីថា រមែងឈ្មោះថា ជាបុគ្គលអាក្រក់លាមកជាងបុគ្គលអាក្រក់លាមក ។ បទថា សម្បត្តោ យមសាធនំ សេចក្ដីថា រមែងជាអ្នកឈ្មោះថាដល់ឧស្សទនរក ដែលជាស្ថានទីមានអាជ្ញានៃស្ដេចយមរាជដោយពិត ។ បទថា យញ្ហិ យាចេ សេចក្ដីថា ព្រះបាទសិវិត្រាស់ថា បើយាចកគប្បីសូមរបស់ណា សូម្បីទាយកក៏ត្រូវឲ្យរបស់នោះ ក៏ព្រាហ្មណ៍នេះសូមចក្ខុនឹងយើង មិនមែនសូមទ្រព្យមានកែវមុក្តាជាដើម យើងនឹងឲ្យចក្ខុដល់ព្រាហ្មណ៍ប៉ុណ្ណោះ ។ លំដាប់នោះ កាលអាមាត្យទាំងឡាយ កាលទូលសួរព្រះរាជាថា ព្រះអង្គ នឹងព្រះរាជទានព្រះនេត្រ ព្រោះប្រាថ្នាអ្វី ? ទើបពោលគាថាថា អាយុំ នុ វណ្ណំ នុ សុខំ ពលំ នុ កិំ បត្ថយានោ នុ ជនិន្ទ ទេសិ កថញ្ហិ រាជា សិវិនំ អនុត្តរោ ចក្ខូនិ ទជ្ជា បរលោកហេតុ។ បពិត្រព្រះអង្គជាធំជាងជន ព្រះអង្គប្រាថ្នានូវរបស់អ្វី គឺអាយុ ឬពណ៌សម្បុរ ឬសេចក្តីសុខ ឬក៏កម្លាំង ទើបព្រះអង្គប្រទាន (ព្រះនេត្រ) ព្រះរាជាទ្រង់ប្រសើរជាងជន អ្នកនៅក្នុងដែនសិវិទាំងឡាយ មិនសមបើប្រទានព្រះនេត្រទាំងឡាយ ព្រោះហេតុនៃប្រយោជន៍ក្នុងបរលោក ។ បណ្ដាបទទាំងនោះ បទថា បរលោកហេតុ សេចក្ដីថា បពិត្រមហារាជ ឈ្មោះថាបុរសជាបណ្ឌិតដូចព្រះអង្គ ចាំបាច់លះឥស្សរិយយសជាចំណែកបច្ចុប្បន្នហើយ ព្រះរាជទានព្រះនេត្រ ព្រោះហេតុនៃបរលោកឬ ? លំដាប់នោះ ព្រះរាជាកាលនឹងត្រាស់តបអាមាត្យទាំងនោះ ទើបត្រាស់ ព្រះគាថា ថា ន វាហមេតំ យសសា ទទាមិ ន បុត្តមិច្ឆេ ន ធនំ ន រដ្ឋំ សតញ្ច ធម្មោ ចរិតោ បុរាណោ ឥច្ចេវ ទានេ រមតេ មនោ មម។ អញមិនមែនឲ្យចក្ខុនេះ ព្រោះយសទេ មិនមែនប្រាថ្នាកូន មិនមែនប្រាថ្នាទ្រព្យ មិនមែនប្រាថ្នានូវដែនទេ ធម៌គឺប្រវេណីនៃការឲ្យទានជាផ្លូវបុរាណ ដែលពួកសប្បុរសធ្លាប់ប្រព្រឹត្តមកហើយ ចិត្តរបស់អញតែងរីករាយក្នុងការឲ្យ ដោយប្រការដូច្នេះឯង ។ បណ្ដាបទទាំងនោះ បទថា ន វាហំ កាត់បទជា ន វេ អហំ ។ បទថា យសសា សេចក្ដីថា ព្រោះហេតុនៃយសដែលជាទិព្វ ឬជារបស់មនុស្ស ក៏រកមិនបាន ។ បទថា ន បុត្តមិច្ឆេ សេចក្ដីថា យើងមិនមែនប្រាថ្នាបុត្រ មិនប្រាថ្នាទ្រព្យ មិនប្រាថ្នាដែន ព្រោះផលនៃចក្ខុទាននេះឡើយ តែថាអំពើនេះ ឈ្មោះថា បោរាណកមគ្គ ដែលសប្បុរសគឺបណ្ឌិតទាំងឡាយ ដែលជាព្រះសព្វញ្ញុពោធិសត្វ សន្សំមកហើយ គឺសន្សំដល់ព្រមហើយ ។ ពិតមែន ព្រះពោធិសត្វ មិនបំពេញនូវបារមីទាំងឡាយហើយ ឈ្មោះថា អាចដើម្បីបន្លុះសព្វញ្ញុតញ្ញាណលើពោធិបល្ល័ង្ក មិនមានឡើយក៏ឯយើងបំពេញបារមីទាំងឡាយ ប្រាថ្នាឲ្យបានជាព្រះពុទ្ធ ។ បទថា ឥច្ចេវ ទានេ រមតេ មនោ មម សេចក្ដីថា ព្ររាជាត្រាស់ថា ព្រោះហេតុនេះ ចិត្តរបស់យើងទើបត្រេកអរស៊ប់ហើយ ក្នុងទានប៉ុណ្ណោះ ។ សូម្បីព្រះសម្មាសម្ពុទ្ធ កាលទ្រង់សម្ដែងចរិយាបិដក ដល់ព្រះធម្មសេនាបតីសារីបុត្រ ដើម្បីសម្ដែងថា សព្វញ្ញុតញ្ញាណប៉ុណ្ណោះជាទីស្រឡាញ់ជាងព្រះនេត្រទាំងពីររបស់យើង ទើបត្រាស់ថា ន មេ ទេស្សា ឧភោ ចក្ខូ អត្តានំ មេ ន ទេស្សិយំ សព្ពញ្ញុតំ បិយំ មយ្ហំ តស្មា ចក្ខុំ អទាសហំ។ ភ្នែកទាំងពីរ មិនជាទីស្អប់ របស់តថាគតទេ តថាគតមិនមែនស្អប់ខ្លួនរបស់តថាគតទេ សព្វញ្ញុតញ្ញាណជាទីស្រឡាញ់របស់តថាគត ព្រោះហេតុនោះ បានជាតថាគតឲ្យនូវភ្នែក ។ កាលអាមាត្យទាំងឡាយ បានស្ដាប់ព្រះតម្រាស់របស់ព្រះមហាសត្វហើយ មិនអាចនឹងទូលឃាត់ ត្រូវអង្គុយស្ងៀម ព្រះមហាសត្វបានត្រាស់នឹង សីវិកពេទ្យដោយគាថាថា សខា ច មិត្តោ ច មមាសិ សីវិក សុសិក្ខិតោ សាធុ ករោហិ មេ វចោ ឧទ្ធរិត្វា ចក្ខូនិ មមំ ជិគីសតោ ហត្ថេសុ ឋបេហិ វនិព្ពកស្ស។ ម្នាលពេទ្យឈ្មោះសីវិកៈ ខ្លួនអ្នកជាសំឡាញ់ ជាមិត្តរបស់យើង អ្នកមានវិជ្ជាពេទ្យសិក្សាល្អហើយ ចូរធ្វើតាមសំដីរបស់យើង ដោយប្រពៃចុះ កាលយើងកំពុងប្រាថ្នា អ្នកចូរឆ្កៀលនូវភ្នែកទាំងឡាយ (របស់យើង) ហើយដាក់លើដៃរបស់ស្មូមចុះ ។ ព្រះគាថានេះមានអត្ថាធិប្បាយថា ម្នាលសីវិកពេទ្យ អ្នកជាសំឡាញ់ និង ជាមិត្ររបស់យើង អ្នកមានវិជ្ជាពេទ្យដែលសិក្សាមកល្អហើយ ចូរធ្វើតាមរបស់ យើងឲ្យសម្រេចប្រយោជន៍ កាលយើងពិចារណាគឺថាសម្លឹងមើលនោះឯង អ្នកចូរឆ្កៀលនូវភ្នែកទាំងឡាយរបស់យើង ដូចជាសាច់ត្នោត ហើយដាក់ទុកក្នុងដៃ ទាំងឡាយរបស់យាចកនេះចុះ ។ លំដាប់នោះ សីវិកពេទ្យទូលនឹងព្រះរាជាថា ដែលឈ្មោះថាការឲ្យភ្នែកជាទាន ជាកម្មធ្ងន់ សូមព្រះសម្មតិទេព ចូរពិចារណាឲ្យល្អ ។ ព្រះរាជាត្រាស់ថា ម្នាលសីវិកពេទ្យ យើងពិចារណាល្អហើយ លោកកុំធ្វើឲ្យយឺតយូរឡើយ កុំនិយាយច្រើននឹងយើងឡើយ ។ សីវិកពេទ្យគិតថា ការដែលពេទ្យអ្នកមានការសិក្សាល្អដូចយើង នឹងយកសត្រាដាក់ចុះព្រះនេត្ររបស់ព្រះរាជា មិនសមគួរឡើយ ។ ពេទ្យនោះទើបត្រដុសឱសថផ្សេងៗ យកផ្កាឧប្បលខៀវលាយលម្អិត​ឱសថ​ ហើយថ្វាយឲ្យទ្រង់ជូតព្រះនេត្រខាងស្ដាំ ព្រះនេត្រក៏ប្រែប្រួល ទុក្ខវេទនា ក៏កើតឡើង ។ ពេទ្យក្រាបទូលថា បពិត្រមហារាជ សូមព្រះអង្គចូរកំណត់ព្រះទ័យចុះ ការធ្វើព្រះនេត្រឲ្យជាប្រក្រតី ជាភារៈរបស់ខ្ញុំព្រះករុណា ។ ព្រះរាជាត្រាស់ថា ម្នាលពេទ្យ អ្នកចូរកុំធ្វើដំណើរយឺតយូរឡើយ ។ ពេទ្យទើប ផ្សំឱសថបង្អោនចូលទៅថ្វាយ ឲ្យទ្រង់ជូតព្រះនត្រខាងឆ្វេងទៀត ព្រះនេត្រក៏ របេះចាករណ្ដៅភ្នែក ទុក្ខវេទនាដ៏ខ្លាំងរមែងកើតឡើង ។ ពេទ្យក្រាបទូលថា បពិត្រមហារាជ សូមព្រះអង្គកំណត់ព្រះទ័យចុះ ការធ្វើព្រះនេត្រឲ្យជាប្រក្រតី ជាភារៈរបស់ខ្ញុំព្រះករុណា ។ ម្នាលពេទ្យ អ្នកចូរកុំធ្វើដំណើរយឺតយូរឡើយ ។ ក្នុងវារៈទី ៣ ពេទ្យនោះផ្សំឱសថឲ្យខ្លាំងជាងមុន ហើយបង្អោនថ្វាយ ។ ព្រះនេត្រវិលទៅហើយដោយកម្លាំងនៃឱសថ របូតចាកហើយពីរណ្ដៅព្រះនេត្រ ព្យួរសំយុងចុះដោយសរសៃ ។ ពេទ្យនោះទើបក្រាបទូលទៀតថា បពិត្រព្រះអង្គ ជាធំជាជន សូមព្រះអង្គកំណត់ព្រះទ័យពិចារណាចុះ ការធ្វើព្រះនេត្រឲ្យជា ប្រក្រតីជាភារៈរបស់ខ្ញុំព្រះករុណា ។ ព្រះរាជាត្រាស់ថា អ្នកចូរកុំធ្វើដំណើរឲ្យយឺតយូរឡើយ ។ ទុក្ខវេទនាមានប្រមាណដ៏ក្រៃលែង ក៏កើតឡើងលោហិត ហូរចេញព្រះភូសាទទឹកហើយដោយលោហិត ។ នាងស្នំនិងពួកអាមាត្យទាំងឡាយ ក្រាបចុះទៀបព្រះបាទនៃព្រះរាជា នាំគ្នាទួញសោក បរិវេទនាការដ៏ធំថា បពិត្រព្រះសម្មតិទេព សូមព្រះអង្គកុំឲ្យនូវព្រះនេត្រទាំងឡាយឡើយ ។ ព្រះរាជាទ្រង់អត់សង្កត់នូវទុក្ខវេទនា ត្រាស់ថា ម្នាលពេទ្យ អ្នកកុំធ្វើឲ្យយឺតយូរ ឡើយ ។ ពេទ្យ​នោះពោលថា សាធុ ទេវៈ ប្រពៃហើយ ព្រះអង្គ ហើយទ្រនូវព្រះនេត្រដោយដៃឆ្វេង ចាប់សត្រាកាត់សរសៃដែលតភ្ជាប់នឹងភ្នែកដោយដៃស្ដាំ កាន់យកព្រះនេត្រដាក់ទុកលើព្រះហស្ដរបស់ព្រះមហាសត្វ ។ ព្រះរាជាទតព្រះនេត្រខាងស្ដាំដោយព្រះនេត្រខាងឆ្វេង ទ្រង់អត់​សង្កត់​នូវទុក្ខវេទនា ត្រាស់ហៅព្រាហ្មណ៍ថា ម្នាលព្រាហ្មណ៍ អ្នកចូរមក ហើយត្រាស់ថា ភ្នែក​គឺ​សព្វញ្ញុតញ្ញាណប៉ុណ្ណោះ ជាទីស្រឡាញ់ជាងភ្នែករបស់យើង ដោយរយនៃគុណ ដោយពាន់នៃគុណ ដោយសែននៃគុណ សូមចក្ខុទានរបស់យើងនេះ ចូរជាបច្ច័យ នៃសព្វញ្ញុតញ្ញាណនោះចុះ ហើយបានព្រះរាជទានព្រះនេត្រដល់ព្រាហ្មណ៍ ។ ព្រាហ្មណ៍នោះលើកឡើងនូវព្រះនេត្រនោះ ដាក់ទុកក្នុងភ្នែករបស់ខ្លួន ។ ដោយអានុភាពនៃព្រះបាទសិវិនោះ ភ្នែកនោះក៏បានប្រតិស្ឋានទុក ហាក់ដូចជា ផ្កាឧប្បលខៀវដែលរីកហើយ ។ ព្រះមហាសត្វបានឃើញភ្នែកនោះរបស់ព្រាហ្មណ៍នោះ ដោយព្រះនេត្រខាងឆ្វេង ហើយទ្រង់ព្រះតម្រិះថា ឱ! អក្ខិទាន គឺយើងបានឲ្យហើយដោយល្អ ទ្រង់សោយបីត ដែលជ្រួតជ្រាបទៅខាងក្នុង ព្រះហឫទ័យជានិច្ច ទើបបានព្រះរាជទានព្រះនេត្រឆ្វេងទៀត ។ សក្កទេវរាជ ក៏ប្រតិស្ឋានសូម្បីព្រះនេត្រឆ្វេងនោះក្នុងភ្នែករបស់ព្រះអង្គ ហើយស្ដេចចេញចាកព្រះរាជនិវេសន៍ កាលមហាជនកំពុងក្រឡេកមើលនោះឯង បានចេញចាកព្រះនគរ ទៅកាន់ទេវលោក ។ ព្រះសាស្ដាកាលប្រកាសសេចក្ដីនោះ ទើបត្រាស់ ១ គាថាកន្លះថា ចោទិតោ សិវិរាជេន សីវិកោ វចនំករោ រញ្ញោ ចក្ខូនុទ្ធរិត្វា ព្រាហ្មណស្សូបនាមយិ សចក្ខុ ព្រាហ្មណោ អាសិ អន្ធោ រាជា ឧបាវិសិ។ ពេទ្យឈ្មោះសីវិកៈ លុះព្រះរាជាទ្រង់ព្រះនាមសិវិ តឿន (យ៉ាងនេះហើយ) ក៏ធ្វើតាមព្រះបន្ទូល ហើយឆ្កៀលនូវព្រះនេត្រទាំងពីររបស់ព្រះរាជា បង្អោនទៅឲ្យព្រាហ្មណ៍ ចំណែកព្រាហ្មណ៍ក៏ទៅជាបុគ្គលមានភ្នែក ព្រះរាជាទៅជាបុគ្គលខ្វាក់ ។ មិនយូរប៉ុន្មានឡើយ ព្រះនេត្ររបស់ព្រះរាជាក៏ដុះឡើង កាលដុះឡើង មិនបានដល់ភាពជារណ្ដៅ ពេញដោយដុំសាច់ដែលទៅខាងលើ ហាក់បីដូជា ឆ្នុកសំពត់កម្ពល ភ្នែកទាំងឡាយបានមានហើយ ហាក់ដូចជារូបវិចិត្តកម្ម ទុក្ខវេទនា ក៏ដាច់សូន្យទៅ ។ គ្រានោះ ព្រះមហា​សត្វប្រថាប់នៅលើប្រាសាទពីរបីថ្ងៃ ទ្រង់ត្រិះរិះថា ប្រយោជន៍អ្វីដោយរាជសម្បត្តិរបស់មនុស្សខ្វាក់ ព្រោះហេតុនោះ យើងនឹងប្រគល់រាជសម្បត្តិ ដល់អាមាត្យទាំងឡាយ ហើយទៅកាន់ឧទ្យាន បួសហើយ យើងនឹងសមណធម៌ចុះ ដូចនេះហើយ ត្រាស់បង្គាប់ឲ្យអាមាត្យទាំងឡាយចូលគាល់ ត្រាស់ប្រាប់សេចក្ដីនោះ ដល់អាមាត្យទាំងនោះ ហើយបញ្ជាថា កប្បិយការកៈម្នាក់ប៉ុណ្ណោះ សម្រាប់ឲ្យរបស់របរ មានទឹកលុបមុខជាដើម នឹងនៅក្នុងសំណាក់យើង អ្នកទាំងឡាយចូរចងនូវខ្សែទុកក្នុងទីធ្វើ សរីរកិច្ចដល់យើង ហើយត្រាស់ហៅនាយសារថីមកបញ្ជាថា អ្នកចូរទឹមរថ ។ ចំណែកអាមាត្យទាំងឡាយ មិនឲ្យព្រះអង្គទៅដោយរថ នាំព្រះអង្គទៅដោយ សុវណ្ណសីវិកា (គ្រែស្នែងមាស) ហើយឲ្យប្រថាប់នៅជិតច្រាំងនៃស្រះបោក្ខរណី ចាត់ចែងកម្លាំងថែរក្សា ហើយទើបត្រឡប់ទៅ ។ ព្រះរាជាប្រថាប់លើបល្ល័ង្ក ទ្រង់ពិចារណាដល់ទានរបស់ព្រះអង្គ ។ ក្នុងខណៈនោះ អាសនៈរបស់ស្ដេច សក្កៈមានអាការៈក្ដៅ ។ ស្ដេចសក្កៈនោះ ពិចារណាមើលបានឃើញនូវហេតុនោះ ទ្រង់ត្រិះរិះថា យើងនឹងឲ្យពរដល់សិវិមហារាជ ហើយនឹងធ្វើព្រះនេត្រឲ្យប្រក្រតី ដូចនេះហើយ ស្ដេចមកត្រង់ច្រាំងនៃស្រះបោក្ខរណីនោះ ស្ដេចយាងទៅយាងមក ក្នុងទីមិនឆ្ងាយពីព្រះមហាសត្វ ។ ព្រះសាស្ដាកាលទ្រង់ប្រកាសសេចក្ដីនោះ ទើបត្រាស់ថា តតោ សោ កតិបាហស្ស ឧបរូឡ្ហេសុ ចក្ខុសុ សូតំ អាមន្តយី រាជា សិវីនំ រដ្ឋវឌ្ឍនោ។ តអំពីនោះមក ប្រមាណពីរបីថ្ងៃ លុះដល់ព្រះនេត្រទាំងពីរដុះឡើង ព្រះរាជា ជាអ្នកញ៉ាំងដែនឲ្យចម្រើនដល់ពួកជនអ្នកសិវិ ។ យោជេហិ សារថិ យានំ យុត្តញ្ច បដិវេទយ ឧយ្យានភូមិំ គច្ឆាម បោក្ខរញ្ញោ វនានិ ច។ ទ្រង់ត្រាស់បង្គាប់នាយសារថីថា នែនាយសារថី អ្នកចូរទឹមយាន លុះទឹមហើយចូរប្រាប់យើង យើងនឹងទៅកាន់ទីឧទ្យាន ដែលមានស្រះបោក្ខរណីនិងព្រៃព្រឹក្សា ។ សោ ច បោក្ខរណីតីរេ បល្លង្កេន ឧបាវិសិ តស្ស សក្កោ បាតុរហុ ទេវរាជា សុជម្បតិ។ ព្រះបាទសិវិនោះ ទ្រង់បានចូលទៅគង់ពែនភ្នែន ប្របឆ្នេរស្រះបោក្ខរណី ទេវរាជឈ្មោះសក្កៈ ជាសុជម្បតិ ក៏មកដល់ចំពោះព្រះអង្គ ។ ចំណែកសក្កទេវរាជ ដែលព្រះមហាសត្វទ្រង់ស្ដាប់សំឡេងនៃព្រះបាទ ហើយត្រាស់សួរថា អ្នកណាហ្នឹង ? ទើបត្រាស់ព្រះគាថាថា សក្កោហមស្មិ ទេវិន្ទោ អាគតោស្មិ តវន្តិកេ វរំ វរស្សុ រាជីសិ យំ កិញ្ចិ មនសិច្ឆសិ។ ខ្ញុំជាទេវរាជឈ្មោះសក្កៈ ជាធំជាងទេវតា មកក្នុងសំណាក់ព្រះអង្គ បពិត្រសេ្តចឥសី ព្រះអង្គប្រាថ្នាក្នុងព្រះទ័យចំពោះពរណាមួយ សូមត្រេកអរនឹងពរនោះចុះ ។ កាលសក្កទេវរាជត្រាស់យ៉ាងនេះហើយ ព្រះរាជាបានត្រាស់ព្រះគាថាថា បហូតំ មេ ធនំ សក្ក ពលំ កោសោ ចនប្បកោ អន្ធស្ស មេ សតោ ទានិ មរណញ្ញេវ រុច្ចតិ។ បពិត្រសក្កៈ ទ្រព្យនិងពលរបស់ខ្ញុំមានច្រើនហើយ ទាំងឃ្លាំងរបស់ខ្ញុំ មិនមែនមានតិចទេ កាលបើខ្ញុំនៅតែខ្វាក់ ក្នុងកាលឥឡូវនេះ ខ្ញុំពេញចិត្តចំពោះសេចក្តីស្លាប់តែម្យ៉ាង ។ បណ្ដាបទទាំងនោះ បទថា មរណញ្ញេវ រុច្ចតិ សេចក្ដីថា បពិត្រទេវរាជ ឥឡូវនេះ សេចក្ដីស្លាប់តែម្យ៉ាងប៉ុណ្ណោះ ដែលខ្ញុំពេញចិត្តព្រោះភាពជាមនុស្សខ្វាក់ភ្នែក សូមព្រះអង្គចូរឲ្យសេចក្ដីស្លាប់ដល់ខ្ញុំចុះ ។ អានបន្ត
images/articles/3246/________________________________________________.jpg
ចូឡបទុមជាតក
ផ្សាយ : ១៦ ឧសភា ឆ្នាំ២០២៣
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុអផ្សុកមួយរូប បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា អយមេវ សា អហមបិ សោ អនញ្ញោ ដូច្នេះជាដើម ។ រឿងរ៉ាវបច្ចុប្បន្ននឹងមានជាក់ច្បាស់ក្នុង ឧម្មាទន្តីជាតក (សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក បញ្ញាសនិបាត បិដកលេខ ៦១ ទំព័រ ១៤) ។ភិក្ខុនោះត្រូវព្រះសាស្ដាសួរថា ម្នាលភិក្ខុ បានឮថា អ្នកអផ្សុកពិតមែនឬ ?លោកឆ្លើយថា បពិត្រព្រះមានព្រះភាគ ពិតមែនហើយ ។ ព្រះសាស្ដាសួរថា អ្នកណាធ្វើឲ្យអ្នកអផ្សុក ?លោកឆ្លើយថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គឃើញមាតុគ្រាមដែលប្រដាប់តាក់តែងដ៏ស្អាតមួយរូប ទើបជាអ្នកបណ្ដោយតាមកិលេស ទៅជាអផ្សុកបែបនេះ ។ គ្រានោះ ព្រះសាស្ដាត្រាស់ថា ម្នាលភិក្ខុ ឈ្មោះថា មាតុគ្រាម ជាមនុស្សអកតញ្ញូ ជាមនុស្សទ្រុស្តមិត្រ មានមាយាច្រើន, សូម្បីបោរាណកបណ្ឌិតសុខចិត្តលះបង់ជីវិត ឲ្យផឹកឈាមដែលហូរចេញពីជង្គង់ខាងស្ដាំរបស់ខ្លួនហើយក៏ដោយ ក៏បានមិនចិត្ត (ស្មោះ) របស់មាតុគ្រាមដែរ ដូច្នេះហើយ ទ្រង់នាំយកអតីតនិទានមកថា ៈ បពិត្រអើយ ក្នុងកាលដ៏ខណ្ឌខាំងកំបាំងស្ងាត់កន្លង រំលងយូរណាស់ទៅហើយ ឰដ៏កាលនោះ ព្រះចៅក្រុងពារាណសី មានព្រះរាជបុត្រ ៧ អង្គ ។ បណ្ដាព្រះរាជឱរសទាំង ៧ អង្គនោះ បទុមរាជកុមារពោធិសត្វជាបងច្បងលើរាជកុមារទាំងអស់ ។ កាលនោះព្រះចៅក្រុងពារាណសីជាព្រះវររាជបិតា ទ្រង់ព្រះចិន្ដាថាៈ ព្រះរាជកុមារទាំងនេះតទៅ មុខជានឹងនាំគ្នាសម្លាប់អញ ហើយដណ្ដើមយករាជសម្បត្តិតែសព្វ ៗ ខ្លួនពុំខានឡើយ, លុះទ្រង់ព្រះចិន្ដាឈ្វេងយល់ដូច្នេះហើយ ក៏កើតសេចក្ដីរង្កៀសសង្ស័យចំពោះព្រះរាជបុត្រាទាំងនោះ ទើបមានព្រះបន្ទូលថាៈ ហៃបុត្រស្ងួនសម្លាញ់មាសឪពុកទាំងឡាយអើយ ! បាកុំនៅក្នុងទីនេះឡើយ ចូរបានាំគ្នាចេញទៅនៅក្នុងទីដទៃសិនទៅ ទម្រាំតែដល់គ្រាដែលអំណើះឥតអំពីបិតាទៅ សឹមបានាំគ្នាទទួលយករាជសម្បត្តិជាខាងក្រោយចុះ ។ ឯព្រះរាជកុមារទាំងនោះ ព្រមទាំងភរិយារបស់ខ្លួន ក៏នាំគ្នាថ្វាយបង្គំលាព្រះវរមាតាបិតាហើយចេញទៅអំពីនគរ ។ លុះដើរ ៗ ទៅបានទៅដល់ផ្លូវដាច់ស្រយាល ក៏ដាច់បាយដាច់ទឹកនៅក្នុងកណ្ដាលអធ្វ័ន រកស្បៀងអាហារបរិភោគពុំបាន ក៏បបួលគ្នាកាប់សម្លាប់ភរិយានៃព្រះរាជកុមារពៅជាមុន ចែកសាច់ជា ១៣ ចំណែកហើយបរិភោគសាច់ ដែលជាចំណែករបស់ខ្លួនតែរៀង ៗ ខ្លួន ។ នឹងថ្លែងឯព្រះបរមពោធិសត្វអគ្គមហាបុរសរ័ត្ន ព្រះអង្គត្រូវបានពីរចំណែក គឺព្រះអង្គ ១ ចំណែក ភរិយារបស់ព្រះអង្គ ១ ចំណែក ។ បណ្ដាចំណែកពីរដែលខ្លួននិងប្រពន្ធបានមកនោះព្រះអង្គបានតម្កល់ទុក ១ ចំណែក ៗ រៀងរាល់ថ្ងៃមិនបរិភោគឡើយ បរិភោគតែ ១ ចំណែកជាមួយនឹងភរិយា ។ ឯកុមារទាំងនោះ ក៏សម្លាប់ស្រ្ដីទាំង ៦ នាក់ ក្នុង ១ ថ្ងៃមួយ ៗ យកសាច់មកចែកគ្នាបរិភោគតាមន័យនេះរៀងរាល់ថ្ងៃ រហូតមកដល់ថ្ងៃជាគម្រប់ ៦ ។ ចំណែកព្រះបរមពោធិសត្វអគ្គមហាបុរសរ័ត្នហេតុតែព្រះអង្គមានប្រាជ្ញាឈ្លាសវៃ បានរំលែកទុកចំណែកដែលត្រូវបានខ្លួនមួយចំណែក ៗ តែរាល់ ៗ ថ្ងៃ ទើបដល់មកថ្ងៃទី ៧ ដែលត្រូវវេនសម្លាប់ភរិយារបស់ខ្លួននោះ ព្រះអង្គនៅសល់ចំណែកទាំង ៦ ដែលបានរំលែកលាក់ទុកពីថ្ងៃមុន ៗ មក ។ ព្រះអង្គក៏បានចំណែកទាំង ៦ ដល់ព្រះរាជកុមារទាំងឡាយ ដែលមានប្រាថ្នាដើម្បីនឹងសម្លាប់ភរិយារបស់ព្រះអង្គ ហើយទ្រង់ពោលថាៈ ម្នាលអ្នកទាំងឡាយ ក្នុងថ្ងៃនេះ អ្នកទាំងឡាយចូរបរិភោគចំណែកទាំងនេះសិនចុះ ចាំដល់ថ្ងៃស្អែកសឹមយើងនឹងគិតលៃលកតទៅទៀត ។ លុះដល់វេលារាត្រី កាលព្រះរាជកុមារទាំងលក់កំពុងដេកលក់ស៊ប់ ព្រះអង្គក៏នាំភរិយារបស់ព្រះអង្គរត់គេចទៅអំពីទីនោះ ។ លុះដើរឆ្ងាយបន្តិចទៅភរិយាអស់កម្លាំងមិនអាចដើរទៅទៀតបាន ទើបព្រះអង្គក៏លើកភរិយាបញ្ជិះលើស្មាហើយខំប្រឹងដើរទៅ, កាលព្រះអាទិត្យរះឡើងពេញពន្លឺ ក៏បានឆ្លងផ្លូវឆ្ងាយដាច់ស្រយាលនោះផុត ។ ឯភរិយាបាននិយាយថាៈ បពិត្រអ្នកជាស្វាមី ខ្ញុំស្រេកទឹកខ្លាំងណាស់ ។ ព្រះបរមពោធិសត្វ កាលណាបើរកទឹកពុំបានឲ្យភរិយាផឹក ក៏ចោះជង្គង់ខ្លួនដោយព្រះខាន់ដ៏មុត យកឈាមឲ្យភរិយាផឹក ។ ជនទាំងពីរនាក់ ស្វាមីភរិយានោះ ដើរជាលំដាប់ទៅ បានដល់មហាគង្គា ១ ក៏ធ្វើបណ្ណសាលា ១ នៅក្បែរទន្លេគង្គានោះ ហើយក៏នាំគ្នានៅក្នុងទីនោះទៅ ។ កាលនោះមានពួកមនុស្សជាច្រើន ចាប់បានចោរម្នាក់ដែលមានទោសកំហុសចំពោះព្រះរាជាហើយនាំយកទៅកាត់ដៃ-ជើង-ត្រចៀក និងច្រមុះឲ្យកំបុតអស់ ហើយដាក់នៅក្នុងពោង​ពាយ​បណ្ដែតចោលទៅក្នុងទន្លេគង្គានោះទៅ ។ ឯបុរសកំបុតក៏ស្រែកថ្ងូរដោយសម្រែកដ៏ខ្លាំង ហើយអណ្ដែតទៅដល់ទីនោះ ។ ព្រះបរមពោធិសត្វបានឮសំឡេងនោះហើយក៏ទៅស្រង់លើកបុរសកំបុតនោះ ដោយសេចក្ដីករុណាអាណិតអាសូរ នាំយកទៅកាន់បណ្ណសាលា បានធ្វើ វណបដិកម្ម គឺករិយាបិទរុំដំបៅ ដោយកិច្ចទាំងឡាយមានលាងនិងលាបរុំ ដោយសំពត់ជាដើម ។ ឯភរិយាព្រះបរមពោធិសត្វមហាបុរសរ័ត្ន ខ្ពើមរអើមបុរសកំបុតនោះពន់ពេក ចេះតែខាកស្ដោះ ៗ រាល់ ៗថ្ងៃ ។ កាលនោះ ព្រះបរមពោធិសត្វតែងទុកបុរសកំបុតនោះ ឲ្យនៅក្នុងអាស្រមជាមួយនឹងភរិយា ហើយទ្រង់ចេញទៅស្វែងរកផលាផលដោយព្រះអង្គឯង នាំយកមកចិញ្ចឹមរក្សា ទ្រង់ថែរក្សាបុរសកំបុតរៀងរាល់ថ្ងៃ ទាល់តែបានសះជារបួសនោះដោយស្រួលបួល ។ ឯនាងជាស្រីអប្រិយមានចិត្តគំនិតអាក្រក់ ក្បត់ចិត្តស្វាមីកាលបានឱកាសស្ងាត់ហើយ ក៏លបលួចចងចិត្តប្រតិព័ទ្ធនឹងអាកំបុតឥតមានចិត្តកោតក្រែងដល់ស្វាមីបន្តិចបន្តួចឡើយ ហើយក៏បានប្រព្រឹត្ត កាមេមិច្ឆាចារជាមួយនឹងអាកំបុតនោះទៅ, មិនតែប៉ុណ្ណោះសោត គិតរកកលឧបាយនឹងសម្លាប់ព្រះពោធិសត្វជាស្វាមីរបស់ខ្លួនចោល ហើយក៏ធ្វើជាក្លែងនិយាយថាៈ បពិត្រអ្នកស្វាមី កាលដែលខ្ញុំជិះលើស្មាអ្នកចេញផុតអំពីផ្លូវឆ្ងាយដាច់ស្រយាលនោះមក បានឃើញភ្នំ ១ ធំ ហើយខ្ញុំក៏បានតាំងសច្ចាប្រណិធានបួងសួងបន់ស្រន់ថាៈ បពិត្រលោកទេវតារក្សាភ្នំជាម្ចាស់ខ្ញុំអើយ ! បើសិនណាជាខ្ញុំព្រមទាំងស្វាមីរបស់ខ្ញុំជាបុគ្គលឥតមានជំងឺតម្កាត់អ្វី ហើយបានរស់រួចជីវិតកាលណា ខ្ញុំនឹងត្រឡប់មកធ្វើពលិកម្មបូជាដល់លោកក្នុងកាលនោះពុំខាន, ឥឡូវនេះដល់ពេលដែលខ្ញុំនឹងត្រូវធ្វើពលិកម្មបូជាដល់ទេវតានោះ ។ នាងថាតែប៉ុណ្ណេះហើយ ក៏នាំព្រះពោធិសត្វទៅឯភ្នំនោះ លុះដល់ហើយទើបនិយាយនឹងព្រះពោធិសត្វជាស្វាមីថាៈ បពិត្រអ្នកជាស្វាមី, ខ្លួនអ្នកជាទេវតាដ៏ឧត្ដមបំផុត ខ្ញុំនឹងដើរប្រទក្សិណអ្នក ៣ ជុំ ហើយថ្វាយបង្គំអ្នកជាមុនសិន រួចហើយសឹមធ្វើពលិកម្មបូជាដល់ទេវតាក្នុងកាលជាខាងក្រោយ ។ ស្រីអប្រិយពោលពាក្យយ៉ាងនេះហើយ ក៏ឲ្យព្រះពោធិសត្វឈរបែរមុខឈមទៅរកជ្រោះភ្នំ ហើយធ្វើអាការហាក់ដូចជាស្រីមានប្រាថ្នា ដើម្បីថ្វាយបង្គំបូជាដោយផ្កាភ្ញីទាំងឡាយ ឈរនៅពីខាងក្រោយខ្នងហើយច្រានព្រះពោធិសត្វទម្លាក់ទៅក្នុងជ្រោះភ្នំនោះទៅ ។ រួចហើយក៏ម្នីម្នាត្រឡប់វិលទៅកាន់សំណាក់បុរសកំបុតនោះវិញដោយប្រញាប់ប្រញាល់ ។ ឯព្រះពោធិសត្វមហាបុរសរ័ត្ន កាលដែលធ្លាក់ចុះទៅក្នុងជ្រោះនោះ ហេតុតែបុណ្យសម្ភារព្រះបារមីដែលព្រះអង្គបានកសាងទុកមកពីបុព្វជាតិ ក៏ធ្លាក់ទៅទើរលើគុម្ពឈើស៊ុមទ្រុំ ១ លើចុងឧទុម្ពរ ( ដើមល្វា ) ១ ដើម ដែលជាឈើឥតបន្លាតែទ្រង់មិនអាចដើរចុះទៅក្នុងទីដទៃបានឡើយ ក៏បេះផ្លែឧទុម្ពរអង្គុយបរិភោក្ដានៅលើប្រគាបមែកឈើនោះឯង ។ ជួនជាពេលនោះ មានស្ដេចទន្សង ១ មានសរីរាវយវៈដ៏ធំ ជាសត្វធ្លាប់ឡើងអំពីជើងភ្នំទៅរកស៊ីផ្លែល្វានោះ ។ សត្វទន្សោងនោះ កាលឡើងមកស៊ីផ្លែឈើនោះស្រាប់តែក្រឡេកមើលទៅឃើញព្រះបរមពោធិសត្វ ក៏មានសេចក្ដីវិស្សាសៈស្និទ្ធស្នាលនឹងព្រះអង្គ ទើបសួររកហេតុដែលព្រះពោធិសត្វមកក្នុងទីនោះ, កាលបានស្ដាប់ដឹងនូវសេចក្ដីនោះសព្វគ្រប់ហើយ ក៏ឲ្យព្រះបរមពោធិសត្វអគ្គមហាបុរសរ័ត្នអង្គុយនៅលើខ្នងរបស់ខ្លួន ហើយវារឡើងអំពីជ្រោះភ្នំនាំចេញទៅដាក់នៅនាមហាមគ៌ា ហើយក៏ត្រឡប់វិលចូលទៅកាន់ព្រៃបាត់ទៅវិញ ។ ឯព្រះបរមពោធិសត្វទ្រង់ទៅកាន់បច្ចន្តគ្រាមហើយនៅក្នុងស្រុកនោះ, លុះអំណើះឥតអំពីព្រះវររាជបិតាទៅក៏បានទទួលសោយរាជ្យជាស្ដេចទ្រង់ព្រះនាមថា ព្រះបាទបទុមរាជ គ្រប់គ្រងរាជសម្បត្តិជាដំណតវង្សមក ព្រះអង្គបានសាងសាលាសម្រាប់ឲ្យទាន ៦ ខ្នង ហើយចំណាយទ្រព្យក្នុង ១ ថ្ងៃ ៦ សែនកហាបណៈឲ្យទានតែរាល់ ៗ ថ្ងៃឥតមានលោះថ្ងៃណាមួយឡើយ ។ កាលនោះ ស្រីបាបអប្រិយកាឡកណ្ណីជួជាតិឥតល័ក្ខណ៍នោះ បានបញ្ជិះអាកំបុតលើស្មាដើរចេញមកអំពីព្រៃ ត្រាច់ដើរទៅស្វែមរកសូមទានបាយចំណីគេសព្វច្រកល្ហកឥតមានសោះចន្លោះ ក្នុងផ្លូវជាលំនៅនៃមនុស្សម្នាមហាជនផង យកមកចិញ្ចឹមរក្សាបុរសពិការនោះជាធម្មតាកាលបើមានគេសួរថាៈ បុរសនេះត្រូវជាអ្វីនឹងនាង វាក៏តាំងពោលថ្លែងរៀបរាប់ប្រាប់ថា យើងទាំងពីរនាក់ជាបងប្អូនជីដូនមួយនឹងគ្នា គឺខ្លួនខ្ញុំជាធីតាខាងឪពុកខាងឪពុកធំខាងម្ដាយនៃបុរសនេះ, ឯបុរសនេះ ជាកូនរបស់ម្ដាយមីងខ្ញុំ ពួកចាស់ទុំបានផ្សុំផ្គុំខ្ញុំឲ្យជាភរិយានៃបុរសពិការនេះ ។ ខ្លួនខ្ញុំក៏ស៊ូតែខំប្រឹងថែរក្សាស្វាមីរបស់ខ្លួន សូម្បីមានទោសធ្ងន់ដល់ថ្នាក់ ដែលគេត្រូវសម្លាប់ចោលយ៉ាងនេះក៏ដោយ ចេះតែខំត្រេចស្វះស្វែងរកសូមទានបាយចំណីគេយកមកចិញ្ចឹមរក្សាគ្នាទៅ ។ ពួកមនុស្សបានឮសំដីសារស័ព្ទរៀបរាប់កុហកប្រាប់ដូច្នេះហើយក៏គិតថាៈ នាងនេះជាមានសេចក្ដីគោរពប្រតិបត្តិប្ដីណាស់តើ ក៏នាំគ្នាឲ្យបាយបបរជាច្រើន បានឲ្យទាំងកញ្រ្ចែងផ្ដៅ ១ យ៉ាងជាប់មាំ ហើយប្រាប់ថាៈ នាងឯងចូរដាក់ប្ដីរបស់នាងឲ្យអង្គុយនៅក្នុងកញ្រ្ចែងនេះ ហើយទូលដើរទៅចុះ ដើម្បីកុំឲ្យលំបាកនឹងបញ្ជិះលើស្មាពេក ។ នាងនោះក៏ធ្វើតាមបង្គាប់ដែលគេប្រាប់ ដូច្នោះហើយទូលដើររៀង ៗ ទៅដល់ក្រុងពារាណសី ក៏ដាក់អាកំបុតចុះអំពីក្បាលឈប់សម្រាកបរិភោគអាហារចំណី ក្នុងសាលាសម្រាប់ឲ្យទាននោះ រួចហើយនឹងត្រាច់រង្គាត់ទៅដើរទៅមុខទៀត ។ គាប់ជួនជាពេលនោះព្រះបរមពោធិសត្វ ព្រះអង្គចេញទៅក្នុងរោងទាន ដើម្បីព្រះរាជទានម្ហូបចំណីដល់ពួកមនុស្សម្នាមហាជនផងទាំងឡាយ ដោយផ្ទាល់ព្រះហស្ដព្រះអង្គឯង រួចហើយត្រឡប់ចូលទៅកាន់ព្រះរាជនិវេសន៍វិញ ។ ស្រាប់តែឃើញស្រ្ដីនោះត្រង់ផ្លូវ ដែលទ្រង់យាងចូលទៅ ហើយក៏ត្រាស់សួរអស់សួរអស់មនុស្សម្នាមហាជនទាំងឡាយថាៈ អ្វីនេះហ្នឹង ! អស់ពួកមនុស្សទាំងនោះក៏ក្រាបបង្គំទូលថាៈ បពិត្រព្រះសម្មតិទេព នាងនេះជាស្រ្ដីមានសេចក្ដីគោរពកោតក្រែងដល់ប្ដីរបស់ខ្លួន ។ ព្រះបរមពោធិសត្វ ព្រះអង្គក៏ទ្រង់ប្រើរាជបម្រើឲ្យទៅហៅនាងនោះមកហើយទ្រង់ជ្រាបច្បាស់ថាជាភរិយារបស់ព្រះអង្គពីដើម ទើបទ្រង់ឲ្យគេលើកបុរសពិកលពិការនោះចេញមកអំពីខាងក្នុងកញ្រ្ចែង ហើយត្រាស់សួរសព្វគ្រប់អន្លើ ។នាងនោះក៏បានថ្លែងសារស័ព្ទសេចក្ដី ក្រាបទូលសព្វគ្រប់សព្វគ្រប់តាមន័យ ដែលបានថ្លែងរួចមកហើយក្នុងខាងដើម ។ព្រះរាជទ្រង់ត្រាស់សួរបញ្ជាក់ថាៈ នាងឯងក្រែងជាភរិយារបស់បទុមកុមារជាធីតារបស់ស្ដេចឯណោះមែនឬ ? ហើយជាស្រីមានឈ្មោះយ៉ាងនេះបានផឹកឈាមក្នុងជង្គង់របស់អញ ហើយនាងឯងផិតក្បត់ចិត្តអញទៅលបលួចចងចិត្តប្រដិព័ទ្ធ ស្រឡាញ់អាកំបុតនេះ បានច្រានអញទម្លាក់ទៅក្នុងជ្រោះភ្នំមែនឬ ? ឥឡូវនេះ នាងឯងងងើលពកថ្ងាសមកក្នុងទីនេះដោយស្មានថាអញស្លាប់បាត់ក្នុងជ្រោះភ្នំនោះទៅហើយ ។ រួចទ្រង់ត្រាស់គាថាទាំងនេះថា អយមេវ សា អហមបិ សោ អនញ្ញោ, អយមេវ សោ ហត្ថច្ឆិន្នោ អនញ្ញោ; យមាហ ‘កោមារបតី មម’ន្តិ, វជ្ឈិត្ថិយោ នត្ថិ ឥត្ថីសុ សច្ចំ។ ស្រ្តីទ្រុស្តសីលនោះគឺមេនេះឯង បទុមកុមារនោះ មិនមែនអ្នកដទៃឡើយ គឺអញនេះឯង (ស្រ្តីនោះ) និយាយចំពោះបុរសណាថា ជាប្ដីអំពីក្មេងរបស់អញ បុរសនោះ មានដៃកំបុតមិនមែនអ្នកដទៃឡើយ គឺអាកំបុតនោះឯង ស្ត្រីទាំងឡាយត្រូវគេសម្លាប់ចោល ព្រោះស្រ្តីទាំងឡាយមិនមានពាក្យសច្ចៈ ។ ឥមញ្ច ជម្មំ មុសលេន ហន្ត្វា, លុទ្ទំ ឆវំ បរទារូបសេវិំ; ឥមិស្សា ច នំ បាបបតិព្ពតាយ, ជីវន្តិយា ឆិន្ទថ កណ្ណនាសំ។ អ្នកទាំងឡាយ ចូរសំពងបុរសលាមកអាក្រក់ ប្រាកដស្មើដោយសាកសព ដែលសេពនូវប្រពន្ធ នៃបុគ្គលដទៃនេះ ដោយអង្រែផង ហើយកាត់ត្រចៀកនិងច្រមុះ នៃស្រ្តីដែលរស់នៅគោរពប្ដីអាក្រក់នេះផង ។ ព្រះពោធិសត្វធ្វើអាការៈគំរាមកំហែងយ៉ាងនេះ ដើម្បីបង្អន់សេចក្ដីក្រោធប៉ុណ្ណោះទេ ប៉ុន្តែព្រះអង្គមិនបានឲ្យគេធ្វើដូច្នោះឡើយ ។ រួចហើយព្រះអង្គប្រើរាជអាមាត្យឲ្យចងកញ្រ្ចែងលើក្បាលនាងនោះ ដូចដើមវិញយ៉ាងណែន ធ្វើមិនឲ្យនាងស្រាយចេញពីក្បាលបាន ហើយឲ្យដាក់អាកំបុតទៅក្នុងកញ្រ្ចែងនោះ ឲ្យនាងទូលដរាបអស់ជីវិត ហើយទ្រង់ត្រាស់ឲ្យអាមាត្យនាំចេញយកទៅចោល ឲ្យផុតអំពីព្រំប្រទល់ដែនរបស់ព្រះអង្គ ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចធម៌ កាលចប់សច្ចធម៌ ភិក្ខុដែលអផ្សុកបានតាំងនៅក្នុងសោតាបត្តិផល រួចទ្រង់ប្រជុំជាតកថា តទា ឆ ភាតរោ អញ្ញតរា ថេរា អហេសុំ បងប្អូនទាំង ៦ ក្នុងកាលនោះបានមកជាព្រះថេរៈ ៦ អង្គភរិយា ចិញ្ចមាណវិកា ភរិយាបានមកជានាងចិញ្ចមាណវិកាកុណ្ឋោ ទេវទត្តោ បុរសកំបុតបានមកជាទេវទត្ត គោធរាជា អានន្ទោ ស្ដេចទន្សងបានមកជាអានន្ទ បទុមរាជា បន អហមេវ អហោសិំ ចំណែកព្រះបាទបទុមរាជ គឺតថាគតនេះឯង ។ ចូឡបទុមជាតក ចប់ ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ទុកនិបាត រុហកវគ្គ ចូឡបទុមជាតក) ឃុនសោភ័ណភក្ដី អិម – ភន ប្រែនិងរៀបរៀង ប្រែបន្ថែម (សេចក្ដីផ្ដើម និងសេចក្ដីបញ្ចប់) និងពិនិត្យឡើងវិញ ដោយសដវថ ដោយ៥០០០ឆ្នាំ
images/articles/1080/Untitled-1-Recovered.jpg
រឿង​នាង​ចូឡសុភទ្ទា
ផ្សាយ : ០៦ ឧសភា ឆ្នាំ២០២៣
រឿង​នាង​ចូឡសុភទ្ទា (ចាក ធ. ខុ.) កាល​ព្រះ​បរម​គ្រូ គង់​នៅ​វត្ត​ជេតពន​ទ្រង់​សម្តែង​ធម៌​បា្ររព្ធ​នឹង​នាង​ចូឡ​សុភទ្ទា ជា​ធីតា​របស់​អនាថ​បិណ្ឌក​សេដ្ឋី ។ មាន​សេចក្តី​ដំណាល​ថា សេដ្ឋី​បុត្រ​ឈ្មោះ​ ឧគ្គៈ នៅ​ឧគ្គនគរ​ជា​មិត្ត​សម្លាញ់​នឹង​អនាថបិណ្ឌិក តាំង​ពី​កាល​នៅ​ក្មេង​ៗ ម្ល៉េះ ។ ជន​ទាំង​ពីរ​នាក់​នោះ កាលនៅ​រៀន​មន្ត​ក្នុង​សំណាក់​អាចារ្យ​ជា​មួយ​គ្នា
images/articles/1081/Untitled-1-Recovered.jpg
រឿង​ភរិយា​គោ​បាល និង សាហាយ​ពីរ​នាក់
ផ្សាយ : ០៦ ឧសភា ឆ្នាំ២០២៣
រឿង​ភរិយា​គោ​បាល និង សាហាយ​ពីរ​នាក់ (ចាក គ.ប) (ការ​វៃ​ឆ្លាត​របស់​ស្ត្រី​ក្បត់​ប្តី) នៅ​ក្នុង​បុរីទ្ធា​រាវតី មាន​ស្រ្តី​ម្នាក់​ជា​ភរិយា​គោបាល ជា​ស្រ្តី​ចិត្ត​​ហើរ​ហីយ ទៅ​ចង​ចិត្ត​រីក​រាយ​ដោយ​ផ្លូវ​កាម​លោកិយ​នឹង​មន្ត្រី​កាន់​ការ​ទណ្ឌ​នាយក ព្រម​ទាំង​បុត្រ​កំលោះ​គាត់​ផងនៅ​ក្នុង​ក្រុង​នោះ ។ ថ្ងៃ​មួយ ភរិយា​គោបាល​នោះ​អង្គុយ​ប្រឡែង​លេង​ជា​ទីរីករាយ​ជា​មួយ​នឹង​បុត្រ​ទណ្ឌ​នាយក​ដោយ​តាម​តណ្ហា ។
images/articles/1088/Untitled-1-Recovered.jpg
រឿង​សក្កទេវរាជ
ផ្សាយ : ០៦ ឧសភា ឆ្នាំ២០២៣
រឿង​សក្កទេវរាជ (ចាក . ធ. ខុ.) (ហេតុ​ដែល​នាំ​ឲ្យ​ផ្សាយ​ផល​បុណ្យ​ដល់​ទេព្តា និង​ពួក​សត្វ​ទាំង​អស់) មាន​សេចក្តី​ដំណាល​ថា ក្នុង​ថ្ងៃ​មួយ​ទេវតា​ក្នុង​តាវតឹង្ស​ទេវលោក បាន​ប្រជុំ​លើក​យក​ប្រស្នា ៤ ខ មក​ពិភាក្សា​សួរ​ដេញ​ដោល​គ្នា​ថា បណ្តា​ការ​ឲ្យ​ទាំង​អស់ ការ​ឲ្យ​អ្វី​ចាត់​ជា​ច្បង​គេ បណ្តារស​ទាំង​អស់ រស​អ្វី​ចាត់​ជា​ច្បង​គេ បណ្តាសេចក្តី​ត្រេចកអរ​ទាំង​អរ​ទាំង​អស់
images/articles/1094/Untitled-1-Recovered.jpg
រឿង​ឧបនន្ទសក្យបុត្តត្ថេរ
ផ្សាយ : ០៦ ឧសភា ឆ្នាំ២០២៣
រឿង​ឧបនន្ទសក្យបុត្តត្ថេរ (ធ. ខុ.) (មុន​នឹង​ប្រដៅ​គេ ត្រូវ​ប្រដៅ​ខ្លួន​ឯង​ជា​មុន​សិន) សេចក្តី​ដំណាល​ថា ព្រះ​ឧបនន្ត​ជា​អ្នក​ជំនាញ​ខាង​ការ​សម្តែង​ធម្មទេសនា ។ ពួក​ភិក្ខុ​ជា​ច្រើន​អង្គ បាន​ស្តាប់​ធម្មទេសនា ដែល​សម្តែង​ពី​អប្បិច្ឆិតា​គុណ (សេចក្តី​ប្រាថ្នា​តិច) របស់​ព្រះ​ថេរះ​អង្គ​នោះ ក៏​បាន​បូជា​ត្រៃ​ចីវរ និង​សមាទាន​ធុគង្គ​ក្នុង​សំណាក់​លោក ក្នុង​សម័យ​មួយ ជា​សម័យ​ជិត​ចូឡ​ព្រះ​វស្សា ព្រះ​ឧបនន្ត
images/articles/1095/Untitled-1-Recovered.jpg
រឿង​ស្រ្តី​ពីរ​នាក់​ចង​ពៀរ​នឹង​គ្នា
ផ្សាយ : ០៦ ឧសភា ឆ្នាំ២០២៣
រឿង​ស្រ្តី​ពីរ​នាក់​ចង​ពៀរ​នឹង​គ្នា (ចាក ធ. ខុ.) (អ្នក​ធ្វើ​បាប​គេ ត្រូវ​គេ​ធ្វើ​បាប​ខ្លួន​វិញ) មាន​ស្រ្តី​ម្នាក់​ជា​ស្រី​អាឥត​កូន ខ្លាច​ក្រែង​ប្តី​យក​ប្រពន្ធ​មួយ​ទៀត នឹង​ត្រួត​ត្រា​លើ​ខ្លួន ក៏​ទៅ​ដណ្តឹង​ស្រ្តី​ម្នាក់​មក​ឲ្យ​ជា​ប្រពន្ធ​របស់​ប្តី​ដោយ​ខ្លួន​ឯង​ដើម្បី​ឲ្យ​ប្រពន្ធ​ក្រោយ​នៅ​ក្រោម​អំណាច​ខ្លួន ។ លុះ​គេ​មាន​គ៌ភ​ក៏​ផ្សំ​ថ្នាំ​ឲ្យ​គេ​ស៊ី​រលូត​គ៌ភ​ដល់​ពីរ​ដង ម្តង​ក្រោយ​ទៀត​ជា​គំរប់​បី​ប្រពន្ធ​ចុង
images/articles/1018/Untitled-1.jpg
រឿង​បុរស​ចាញ់​បោក​ចោរ
ផ្សាយ : ០៦ ឧសភា ឆ្នាំ២០២៣
រឿង​បុរស​ចាញ់​បោក​ចោរ ( ចាក ម. វា. ) ( កុំ​ជឿ​ពាក្យ​មិត្ត​សម្លាញ់ ដូច​ជឿ​ពាក្យ​ឪពុក​ម្តាយ ) កាល​ពី​ព្រង​នាយ មាន​បុរស​ពីរ​នាក់​ជា​សម្លាញ់​នឹង​គ្នា ដល់​ពេល​ខាង​ក្រោយ​មក បុរស​ម្នាក់​ទាល់​ក្រ​រក​អ្វី​ចិញ្ចឹម​ជីវិត​មិន​បាន ក៏​រត់​ចូល ទៅ​ក្នុង​ព្រៃ​ប្រព្រឹត្ត​ធ្វើ​ចោរ​កម្ម ពួក​រាជ​បុរស​ចាប់​បាន​យក​ទៅ​ដាក់​គុក​អស់ ១២ ឆ្នាំ ។
៥០០០ឆ្នាំ ស្ថាបនាក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿