20
ថ្ងៃ ព្រហស្បតិ៍ ទី ០៨ ខែ មិថុនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូត្រនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
ព្រះពុទ្ធសាសនានិងសង្គម (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុរស្មីព្រះអង្គខ្មៅ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២៧,៤៦៩
Today
ថ្ងៃម្សិលមិញ ១៦០,៦៩៣
ខែនេះ ១,១៥៥,៣២៨
សរុប ៣២២,៦១០,១៩២
Flag Counter
អ្នកកំពុងមើល ចំនួន
អត្ថបទបិដក
images/articles/3163/2ttt4045tt.jpg
ប្រសិនបើធម៌ទាំង ៣ នេះ មិនមានក្នុងលោកទេ ព្រះតថាគតក៏មិនគប្បីកើតឡើងក្នុងលោកដែរ
ផ្សាយ : ១១ កុម្ភះ ឆ្នាំ២០២៣
តយោធម្មសូត្រ [៧៦] ម្នាលភិក្ខុទាំងឡាយ (ប្រសិនបើ) ធម៌ទាំង ៣ នេះ មិនមានក្នុងលោកទេ ព្រះតថាគតអរហន្តសម្មាសម្ពុទ្ធ ក៏មិនគប្បីកើតឡើង ក្នុងលោកឡើយ ទាំងធម្មវិន័យ ដែលព្រះតថាគតសំដែងហើយ ក៏មិនភ្លឺច្បាស់ក្នុងលោកដែរ។ ធម៌ទាំង ៣ តើដូចម្តេច។ គឺជាតិ ១ ជរា ១ មរណៈ ១។ ម្នាលភិក្ខុទាំងឡាយ (ប្រសិនបើ) ធម៌ទាំង ៣ នេះ មិនមានក្នុងលោកទេ ព្រះតថាគតអរហន្តសម្មាសម្ពុទ្ធ ក៏មិនគប្បីកើតឡើងក្នុងលោក ទាំងធម្មវិន័យ ដែលព្រះតថាគតសំដែងហើយ ក៏មិនភ្លឺច្បាស់ ក្នុងលោកនេះដែរ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៣ នេះ រមែងមានក្នុងលោក ព្រោះហេតុណា ព្រោះហេតុនោះ ទើបព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ កើតឡើងក្នុងលោក ព្រោះហេតុនោះ ទើបធម្មវិន័យ ដែលព្រះតថាគតសំដែងហើយ ភ្លឺច្បាស់ក្នុងលោកដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ ហើយ មិនគួរលះបង់ជាតិ លះបង់ជរា លះបង់មរណៈបានទេ។ ធម៌ទាំង ៣ តើដូចម្តេច។ គឺមិនលះបង់រាគៈ ១ មិនលះបង់ទោសៈ ១ មិនលះបង់មោហៈ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គល កាលមិនលះបង់ធម៌ទាំង ៣ នេះចេញហើយ មិនគួរលះបង់ជាតិ លះបង់ជរា លះបង់មរណៈបានទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនលះបង់ធម៌ទាំង ៣ ចេញហើយ មិនគួរលះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈបានទេ។ ធម៌ទាំង ៣ តើដូចម្តេច។ គឺមិនលះបង់សក្កាយទិដ្ឋិ ១ មិនលះបង់វិចិកិច្ឆា ១ មិនលះបង់សីលព្វតបរាមាសៈ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនលះបង់ធម៌ទាំង ៣ នេះហើយ មិនគួរលះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈបានទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនលះបង់ធម៌ទាំង ៣ ហើយ មិនគួរលះបង់សក្កាយទិដ្ឋិ លះបង់វិចិកិច្ឆា លះបង់សីលព្វតបរាមាសៈបានទេ។ ធម៌ទាំង ៣ តើដូចម្តេច។ គឺមិនលះបង់ នូវការធ្វើទុកក្នុងចិត្តដោយមិនមែនឧបាយ ១ មិនលះបង់នូវកិរិយាសេពគប់នូវផ្លូវខុស ១ មិនលះបង់នូវភាពរួញរានៃចិត្ត ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ នេះចេញហើយ មិនគួរលះបង់សក្កាយទិដ្ឋិ លះបង់វិចិកិច្ឆា លះបង់សីលព្វតបរាមាសៈបានទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ ចេញហើយ មិនគួរលះបង់នូវការធ្វើទុកក្នុងចិត្ត ដោយមិនមែនឧបាយ លះបង់នូវកិរិយាសេពគប់នូវផ្លូវខុស លះបង់នូវភាពរួញរានៃចិត្តបានទេ។ ធម៌ទាំង ៣ តើដូចម្តេច។ គឺមិនលះបង់ការភ្លេចស្មារតី ១ មិនលះបង់សេចក្តីមិនដឹងខ្លួន ១ មិនលះបង់សេចក្តីរវើរវាយនៃចិត្ត ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គល កាលមិនបានលះបង់ធម៌ទាំង ៣ នេះហើយ មិនគួរលះបង់នូវការធ្វើទុកក្នុងចិត្ត ដោយមិនមែនឧបាយ លះបង់នូវកិរិយាសេពគប់នូវផ្លូវខុស លះបង់នូវភាពរួញរានៃចិត្តបានទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ ហើយ មិនគួរលះបង់នូវការភ្លេចស្មារតី លះបង់នូវសេចក្តីមិនដឹងខ្លួន លះបង់នូវសេចក្តីរវើរវាយនៃចិត្តបានទេ។ ធម៌ទាំង ៣ តើដូចម្តេច។ គឺលះបង់នូវភាពនៃសេចក្តីប្រាថ្នា ដើម្បីមិនឃើញនូវព្រះអរិយៈទាំងឡាយ ១ មិនលះបង់នូវភាពនៃសេចក្តីប្រាថ្នា ដើម្បីមិនស្តាប់នូវអរិយធម៌ ១ មិនលះបង់នូវភាពនៃចិត្តប្រកាន់ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ នេះហើយ មិនគួរលះបង់នូវការភ្លេចស្មារតី លះបង់នូវសេចក្តីមិនដឹងខ្លួន លះបង់នូវសេចក្តីរវើរវាយ នៃចិត្តបានទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ ចេញហើយ មិនគួរលះបង់នូវភាពនៃសេចក្តីប្រាថ្នា ដើម្បីមិនឃើញនូវព្រះអរិយៈទាំងឡាយ លះបង់នូវភាពនៃសេចក្តីប្រាថ្នា ដើម្បីមិនស្តាប់នូវអរិយធម៌ លះបង់នូវភាពនៃចិត្តប្រកួតប្រកាន់បានទេ។ ធម៌ទាំង ៣ តើដូចម្តេច។ គឺមិនលះបង់នូវសេចក្តីរវើរវាយ ១ មិនលះបង់នូវសេចក្តីមិនសង្រួម ១ មិនលះបង់នូវភាពទ្រុស្តសីល ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ នេះហើយ មិនគួរលះបង់នូវភាពនៃសេចក្តីប្រាថ្នា ដើម្បីមិនឃើញនូវព្រះអរិយៈទាំងឡាយ លះបង់នូវភាពនៃសេចក្តីប្រាថ្នា ដើម្បីមិនស្តាប់នូវអរិយធម៌ទាំងឡាយ លះបង់នូវភាពនៃចិត្តប្រកួតប្រកាន់បានទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ ហើយ មិនគួរលះបង់នូវចិត្តរវើរវាយ លះបង់នូវសេចក្តីមិនសង្រួម លះបង់នូវភាពទ្រុស្តសីលបានទេ។ ធម៌ទាំង ៣ តើដូចម្តេច។ គឺមិនលះបង់នូវភាពមិនមានសទ្ធា ១ មិនលះបង់នូវភាពមិនដឹងនូវពាក្យពោល ១ មិនលះបង់នូវសេចក្តីខ្ជិល ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ ៣ នេះហើយ មិនគួរលះបង់នូវសេចក្តីរវើរវាយ លះបង់នូវសេចក្តីមិនសង្រួម លះបង់នូវភាពទ្រុស្តសីលបានទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ ចេញហើយ មិនគួរលះបង់នូវភាពមិនមានសទ្ធា លះបង់នូវភាពមិនដឹងពាក្យពោល លះបង់នូវសេចក្តីខ្ជិលបានទេ។ ធម៌ទាំង ៣ តើដូចម្តេច។ គឺមិនលះបង់នូវសេចក្តីមិនអើពើ ១ មិនលះបង់នូវភាពជាអ្នកប្រដៅក្រ ១ មិនលះបង់នូវភាពនៃបាបមិត្រ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ នេះហើយ មិនគួរលះបង់នូវភាពមិនមានសទ្ធា លះបង់នូវភាពមិនដឹងពាក្យពោល លះបង់នូវសេចក្តីខ្ជិលបានទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល កាលមិនបានលះបង់ធម៌ទាំង ៣ ហើយ មិនគួរលះបង់នូវសេចក្តីអើពើ លះបង់ភាពនៃបាបមិត្របានទេ។ ធម៌ទាំង ៣ តើដូចម្តេច។ គឺមិនលះបង់នូវសេចក្តីមិនអៀនខ្មាសនឹងអំពើទុច្ចរិត ១ មិនលះបង់នូវសេចក្តីក្តៅក្រហាយនឹងអំពើទុច្ចរិត ១ មិនលះបង់នូវសេចក្តីធ្វេសប្រហែស ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនបានលះបង់ធម៌ទាំង ៣ នេះហើយ មិនគួរលះបង់នូវសេចក្តីមិនអើពើ លះបង់នូវភាពជាអ្នកប្រដៅក្រ លះបង់នូវភាពនៃបាបមិត្របានទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ ជាអ្នកមិនមានសេចក្តីអៀនខ្មាស មិនមានសេចក្តីក្តៅក្រហាយនឹងអំពើទុច្ចរិត ជាអ្នកប្រមាទ។ កាលបើបុគ្គលនោះ ជាអ្នកប្រមាទហើយ មិនគួរលះបង់នូវសេចក្តីមិនអើពើ លះបង់នូវភាពជាអ្នកប្រដៅក្រ លះបង់នូវភាពនៃបាបមិត្របានទេ។ កាលបើបុគ្គលនោះ មានបាបមិត្រហើយ មិនគួរលះបង់នូវភាពមិនមានសទ្ធា លះបង់នូវភាពមិនដឹងពាក្យពោល លះបង់នូវសេចក្តីខ្ជិលបានទេ។ កាលបើបុគ្គលនោះ មានសេចក្តីខ្ជិលហើយ មិនគួរលះបង់នូវសេចក្តីរវើរវាយ លះបង់នូវសេចក្តីមិនសង្រួម លះបង់នូវភាពទ្រុស្តសីលបានទេ។ កាលបើបុគ្គលនោះ មានភាពជាអ្នកទ្រុស្តសីលហើយ មិនគួរលះបង់ភាពនៃសេចក្តីប្រាថ្នា ដើម្បីមិនឃើញព្រះអរិយៈទាំងឡាយ លះបង់នូវភាពនៃសេចក្តីប្រាថ្នា ដើម្បីមិនស្តាប់នូវអរិយធម៌ លះបង់នូវភាពនៃចិត្តប្រកួតប្រកាន់បានទេ។ កាលបើបុគ្គលនោះ មានភាពនៃចិត្តប្រកួតប្រកាន់ហើយ មិនគួរលះបង់នូវការភ្លេចស្មារតី លះបង់នូវសេចក្តីមិនដឹងខ្លួន លះបង់នូវចិត្តរវើរវាយបានទេ។ កាលបើបុគ្គលនោះ មានចិត្តរវើរវាយហើយ មិនគួរលះបង់នូវការធ្វើទុកក្នុងចិត្ត ដោយមិនមែនឧបាយ លះបង់នូវកិរិយាសេពគប់នូវផ្លូវខុស លះបង់នូវសេចក្តីរួញរានៃចិត្តបានទេ។ កាលបើបុគ្គលនោះ មានចិត្តរួញរា មិនគួរលះបង់នូវសក្កាយទិដ្ឋិ លះបង់នូវវិចិកិច្ឆា លះបង់នូវសីលព្វតបរាមាសៈបានទេ។ កាលបើបុគ្គលនោះ មានវិចិកិច្ឆា មិនគួរលះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈបានទេ។ កាលបើមិនបានលះបង់រាគៈ មិនបានលះបង់ទោសៈ មិនបានលះបង់មោហៈ មិនគួរលះបង់ជាតិ លះបង់ជរា លះបង់មរណៈបានឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់ជាតិ លះបង់ជរា លះបង់មរណៈបាន។ ធម៌ទាំង ៣ តើដូចម្តេចខ្លះ។ គឺលះបង់រាគៈ ១ លះបង់ទោសៈ ១ លះបង់មោហៈ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលលះបង់ធម៌ទាំង ៣ នេះចេញបានហើយ ទើបគួរលះបង់ជាតិ លះបង់ជរា លះបង់មរណៈបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គល កាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈបាន។ ធម៌ទាំង ៣ តើដូចម្តេច។ គឺលះបង់សក្កាយទិដ្ឋិ ១ លះបង់វិចិកិច្ឆា ១ លះបង់សីលព្វតបរាមាសៈ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ នេះបានហើយ ទើបគួរលះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់សក្កាយទិដ្ឋិ លះបង់វិចិកិច្ឆា លះបង់សីលព្វតបរាមាសៈបាន។ ធម៌ទាំង ៣ តើដូចម្តេច។ គឺលះបង់ការធ្វើទុកក្នុងចិត្តដោយមិនមែនឧបាយ ១ លះបង់ការសេពគប់ផ្លូវខុស ១ លះបង់សេចក្តីរួញរានៃចិត្ត ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ នេះបានហើយ ទើបគួរលះបង់សក្កាយទិដ្ឋិ លះបង់វិចិកិច្ឆា លះបង់សីលព្វតបរាមាសៈបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់ការធ្វើទុកក្នុងចិត្ត ដោយមិនមែនឧបាយ លះបង់នូវការសេពគប់នូវផ្លូវខុស លះបង់នូវសេចក្តីរួញរានៃចិត្តបាន។ ធម៌ទាំង ៣ តើដូចម្តេច។ គឺលះបង់នូវការភ្លេចស្មារតី ១ លះបង់នូវសេចក្តីមិនដឹងខ្លួន ១ លះបង់នូវសេចក្តីរវើរវាយនៃចិត្ត ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់នូវការធ្វើទុកក្នុងចិត្ត ដោយមិនមែនឧបាយ លះបង់នូវការសេពគប់នូវផ្លូវខុស លះបង់នូវសេចក្តីរួញរានៃចិត្តបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់នូវការភ្លេចស្មារតី លះបង់នូវសេចក្តីមិនដឹងខ្លួន លះបង់នូវសេចក្តីរវើរវាយនៃចិត្តបាន។ ធម៌ ទាំង ៣ តើដូចម្តេច។ គឺលះបង់នូវសេចក្តីប្រាថ្នា ដើម្បីមិនឃើញនូវព្រះអរិយៈទាំងឡាយ ១ លះបង់នូវសេចក្តីប្រាថ្នា ដើម្បីមិនស្តាប់នូវអរិយធម៌ ១ លះបង់នូវចិត្តប្រកួតប្រកាន់ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ នេះបានហើយ ទើបគួរលះបង់នូវការភ្លេចស្មារតី លះបង់នូវសេចក្តិមិនដឹងខ្លួន លះបង់នូវសេចក្តីរវើរវាយនៃចិត្តបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់សេចក្តីប្រាថ្នា ដើម្បីមិនឃើញនូវព្រះអរិយៈទាំងឡាយ លះបង់នូវសេចក្តីប្រាថ្នា ដើម្បីមិនស្តាប់នូវអរិយធម៌ លះបង់នូវចិត្តប្រកួតប្រកាន់បាន។ ធម៌ទាំង ៣ តើដូចម្តេច។ គឺលះបង់នូវសេចក្តីរវើរវាយ ១ លះបង់នូវសេចក្តីមិនសង្រួម ១ លះបង់នូវភាពទ្រុស្តសីល ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ នេះបានហើយ ទើបគួរលះបង់នូវសេចក្តីប្រាថ្នា ដើម្បីមិនឃើញនូវព្រះអរិយៈទាំងឡាយ លះបង់នូវសេចក្តីប្រាថ្នា ដើម្បីមិនស្តាប់នូវអរិយធម៌ លះបង់នូវចិត្តប្រកួតប្រកាន់បាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់នូវសេចក្តីរវើរវាយ លះបង់នូវសេចក្តីមិនសង្រួម លះបង់នូវភាពទ្រុស្តសីល។ ធម៌ទាំង ៣ តើដូចម្តេច។ គឺលះបង់នូវភាពមិនមានសទ្ធា ១ លះបង់នូវសេចក្តីមិនដឹងនូវពាក្យពោល ១ លះបង់នូវសេចក្តីខ្ជិល ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ នេះបានហើយ ទើបគួរលះបង់នូវសេចក្តីរវើរវាយ លះបង់នូវសេចក្តីមិនសង្រួម លះបង់នូវភាពទ្រុស្តសីលបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់នូវភាពមិនមានសទ្ធា លះបង់នូវសេចក្តីមិនដឹងនូវពាក្យពោល លះបង់នូវសេចក្តីខ្ជិលបាន។ ធម៌ទាំង ៣ តើដូចម្តេច។ គឺលះបង់នូវសេចក្តីមិនអើពើ ១ លះបង់នូវភាពជាអ្នកប្រដៅក្រ ១ លះបង់នូវភាពនៃបាបមិត្ត ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់នូវភាពមិនមានសទ្ធា លះបង់នូវភាពមិនដឹងនូវពាក្យពោល លះបង់នូវសេចក្តីខ្ជិលបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់នូវសេចក្តីមិនអើពើ លះបង់នូវភាពជាអ្នកប្រដៅក្រ លះបង់នូវភាពនៃបាបមិត្តបាន។ ធម៌ទាំង ៣ តើដូចម្តេច។ គឺលះបង់នូវសេចក្តីមិនអៀនខ្មាសនឹងអំពើទុច្ចរិត ១ លះបង់នូវសេចក្តីមិនក្តៅនឹងអំពើទុច្ចរិត ១ លះបង់នូវសេចក្តីធ្វេសប្រហែស ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់នូវសេចក្តីមិនអើពើ លះបង់នូវភាពជាអ្នកប្រដៅក្រ លះបង់នូវភាពនៃបាបមិត្តបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ ជាអ្នកមានសេចក្តីអៀនខ្មាសនឹងអំពើទុច្ចរិត ក្តៅនឹងអំពើទុច្ចរិត មិនប្រមាទ។ កាលបើបុគ្គលនោះ មិនប្រមាទហើយ ទើបគួរដើម្បីលះបង់នូវសេចក្តីមិនអើពើ លះបង់នូវភាពជាអ្នកប្រដៅក្រ លះបង់នូវភាពនៃបាបមិត្តបាន។ កាលបើបុគ្គលនោះ មានកល្យាណមិត្តហើយ ទើបគួរដើម្បីលះបង់នូវភាពមិនមានសទ្ធា លះបង់នូវសេចក្តីមិនដឹងនូវពាក្យពោល លះបង់នូវសេចក្តីខ្ជិលបាន។ កាលបើបុគ្គលនោះ មានសេចក្តីព្យាយាមប្រារព្ធហើយ ទើបគួរដើម្បីលះបង់នូវសេចក្តីរវើរវាយ លះបង់នូវការមិនសង្រួម លះបង់នូវភាពទ្រុស្តសីលបាន។ កាលបើបុគ្គលនោះ មានសីល ទើបគួរដើម្បីលះបង់នូវសេចក្តីប្រាថ្នា ដើម្បីមិនឃើញនូវព្រះអរិយៈទាំងឡាយ លះបង់នូវសេចក្តីប្រាថ្នា ដើម្បីមិនស្តាប់នូវអរិយធម៌ លះបង់នូវចិត្តប្រកួតប្រកាន់បាន។ កាលបើបុគ្គលនោះ មិនមានចិត្តប្រកួតប្រកាន់ហើយ ទើបគួរដើម្បីលះបង់នូវការភ្លេចស្មារតី លះបង់នូវសេចក្តីមិនដឹងខ្លួន លះបង់នូវសេចក្តីរសាប់រសល់នៃចិត្តបាន។ កាលបើបុគ្គលនោះ មិនមានចិត្តរសាប់រសល់ហើយ ទើបគួរដើម្បីលះបង់នូវកិរិយាធ្វើទុកក្នុងចិត្ត ដោយមិនមែនឧបាយ លះបង់នូវការសេពគប់នូវផ្លូវខុស លះបង់នូវសេចក្តីរួញរានៃចិត្តបាន។ កាលបើបុគ្គលនោះ មិនមានចិត្តរួញរាហើយ ទើបគួរដើម្បីលះបង់នូវសក្កាយទិដ្ឋិ លះបង់នូវវិចិកិច្ឆា លះបង់នូវសីលព្វតបរាមាសៈបាន។ កាលបើបុគ្គលនោះ មិនមានវិចិកិច្ឆាហើយ ទើបគួរដើម្បីលះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈបាន។ កាលបើបុគ្គលនោះ លះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈហើយ ទើបគួរដើម្បីលះបង់ជាតិ លះបង់ជរា លះបង់មរណៈបាន។ តយោធម្មសូត្រ ឬ ប្រសិនបើធម៌ទាំង ៣ នេះ មិនមានក្នុងលោកទេ ព្រះតថាគតក៏មិនគប្បីកើតឡើងក្នុងលោកដែរ - បិដក ៥០ ទំព័រ ៣១៣ ឃ្នាប ៧៦ ដោយ៥០០០ឆ្នាំ
images/articles/3222/_________________________________.jpg
បច្ចេកពុទ្ធាបទាន ទី ២
ផ្សាយ : ០៩ កុម្ភះ ឆ្នាំ២០២៣
អ្នកទាំងឡាយ ចូរស្តាប់បច្ចេកពុទ្ធាបទាន ដូចតទៅនេះ នតង្គៈ ជាអ្នកប្រាជ្ញ ជាបុត្រនៃនាងទេវីក្នុងដែនវេទហៈ បានសួរព្រះតថាគត កាលគង់​នៅក្នុងវត្តជេតពនថា ឮថាព្រះ បច្ចេកពុទ្ធទាំងឡាយរមែងមាន តើព្រះបច្ចេកពុទ្ធជាអ្នកប្រាជ្ញ ទាំងនោះ រមែងកើតឡើង ដោយហេតុដូចម្តេចខ្លះ ។ គ្រានោះ ព្រះសព្វញ្ញុពុទ្ធដ៏ប្រសើរ ព្រះអង្គស្វែងរកនូវគុណដ៏ធំ ទ្រង់បែរ ទៅត្រាស់នឹងព្រះអានន្ទដ៏ចម្រើន ដោយព្រះសូរសៀងដ៏ពីរោះ ថា ពួកជនណា មានការកសាងបានធ្វើទុកហើយ ក្នុងសំណាក់នៃព្រះពុទ្ធទាំងពួង តែមិនទាន់បានមោក្ខធម៌ក្នុងសាសនានៃព្រះជិនស្រីទេ ។ ជនទាំងនោះ ជាអ្នកប្រាជ្ញ ជាអ្នកមាន ប្រាជ្ញាមុតថ្លាវៀរលែងតែព្រះពុទ្ធទាំងឡាយ រមែងបាននូវបច្ចេក ពោធិញ្ញាណ ដោយប្រធាន នៃសង្វេគនោះផង ដោយអារម្មណ៍ ដ៏ស្តើងស្តួចនោះផង ក្នុងលោកទាំងមូល វៀរលែងតែតថាគត ចេញ មិនមានបុគ្គលណាស្មើ នឹងព្រះបច្ចេកពុទ្ធឡើយ តថាគត នឹងសម្តែងនូវគុណ ត្រឹមតែសង្ខេបនេះ របស់ព្រះបច្ចេកពុទ្ធទាំង ឡាយនោះ ( អ្នកទាំងឡាយចូរស្តាប់នូវគុណ ) របស់ពួកព្រះ បច្ចេកពុទ្ធ ជាមហាមុនី ដោយប្រពៃចុះ ។ អ្នកទាំងឡាយ កាល ប្រាថ្នានូវភេសជ្ជៈ ដ៏ប្រសើរផុតគឺព្រះនិញ្វន ចូរមានចិត្តជ្រះថ្លា ទាំងអស់គ្នា ស្តាប់នូវពាក្យដ៏ពីរោះ ដូចជាទឹកឃ្មុំផ្លឹត របស់ព្រះ មហាឥសី ដែលត្រាស់ដឹងឯង ។ ព្រះបច្ចេកពុទ្ធទាំងឡាយ ដែលមកប្រជុំគ្នា មានព្យាករណ៍ មានទោស មានវត្ថុ នៃសេចក្តី រសាយចិត្ត ទាំងមានហេតុដែលបានសម្រេច នូវពោធិញ្ញាណ ផ្សេង ៗ គ្នា ។ ( ព្រះបច្ចេកពុទ្ធទាំងនោះ ) មានសេចក្តីសំគាល់ ក្នុងការរសាយចិត្ត ក្នុងវត្ថុដែលប្រកបដោយរាគៈ មានចិត្តរសាយក្នុងលោក ដែលគេត្រេកអាល លះបង់នូវបបញ្ចធម៌ និងកិលេសជាត ដែលញុំាងសត្វឲ្យអន្ទះសារ ហើយបាន សម្រេចនូវពោធិញ្ញាណ ក្នុងទីនោះឯង ។ បុគ្គលទម្លាក់ចោល នូវអាជ្ញា ចំពោះសត្វទាំងពួង មិនបៀតបៀននូវសត្វទាំងនោះ សូម្បីសត្វណា​មួយទេ ទាំងជាអ្នកអនុគ្រោះ ចំពោះប្រយោជន៍ ដោយមេត្តាចិត្ត គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលទម្លាក់ចោលនូវអាជ្ញា ចំពោះពួកសត្វទាំងពួង មិនបៀត បៀន ចំពោះសត្វទាំងនោះ សូម្បីសត្វណាមួយទេ មិនបាន ប្រាថ្នានូវបុត្រ ( ទៅហើយ ) តើនឹងប្រាថ្នានូវសម្លាញ់អំពីណា គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ សេចក្តីស្រលាញ់ របស់សត្វដែលនៅច្រឡូកច្រឡំគ្នា រមែងមាន ឯសេចក្តីទុក្ខនេះមានឡើង ព្រោះអាស្រ័យសេចក្តីស្រឡាញ់ បុគ្គលកាលឃើញ​ទោស ដែលកើតអំពីសេចក្តីស្រលាញ់ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលមានចិត្តជាប់ជំពាក់ កាលអនុគ្រោះចំពោះពួកមិត្តនិងសំឡាញ់ រមែងញុំាងប្រយោជន៍ឲ្យវិនាស បុគ្គលកាលឃើញនូវភ័យ ក្នុងសេចក្តីសិ្នទ្ធស្នាលនុ៎ះ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូច​កុយ​រមាស ។ សេចក្តីស្រឡាញ់ ក្នុងបុត្រនិងភរិយា ដូចជាឫស្សីមានមែកចាក់កណ្តាញ់ បុគ្គល កាលមិនជាប់ជំពាក់ ដូចជាទំពាំងឫស្សី គប្បីប្រព្រឹត្តតែម្នាក់ ឯង ដូចកុយរមាស ។ ម្រឹគក្នុងព្រៃ មិនជាប់ចំណង ដើរទៅ រកចំណីតាមចំណង់បាន យ៉ាងណា វិញ្ញូជនកាលបើប្រាថ្នា សេរីភាព ( យ៉ាងនោះ ) គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ ការហៅរក រមែងមានក្នុងកណ្តាលនៃសម្លាញ់ គឺ ក្នុងលំនៅ ក្នុងទីបំរើ ក្នុងការដើរ ក្នុងការត្រាច់ចារិក បុគ្គល កាលប្រាថ្នានូវសេរីភាព ដែលពួកជនពាលមិនប្រាថ្នា គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស ។ ល្បែងនិងតម្រេក រមែងមាន ក្នុងកណ្តាលនៃសម្លាញ់ ទាំងសេចក្តីស្រលាញ់ដ៏ធំទូលាយ រមែងមានក្នុងបុត្រទាំងឡាយ បុគ្គលកាលខ្ពើមរអើម ចំពោះ ការញ្រត់ប្រាសចាកសត្វនិងសង្ខារជាទីស្រលាញ់ គប្បីប្រព្រឹត្ត តែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលជាអ្នកនៅជាសុខ ក្នុង ទិសទាំង ៤ មិនមានថ្នាំងថ្នាក់ចិត្ត ត្រេកអរក្នុងវត្ថុតាមមាន តាមបាន ជាអ្នកអត់ធន់ ចំពោះអន្តរាយ ជាអ្នកមិនតក់ស្លុត គប្បីប្រព្រឹត្តតែម្នាក់ឯង ដូច​កុយ​​រមាស ។ បព្វជិតពួកខ្លះ ឬពួក គ្រហស្ថ ដែលនៅគ្រប់គ្រងផ្ទះខ្លះ គេសង្រ្គោះបានដោយកម្រ បុគ្គលអ្នកមិនមានសេចក្តីខ្វល់ខ្វាយ ចំពោះពួកកូននៃបុគ្គលដទៃ គប្បីប្រព្រឹត្តតែម្នាក់​ឯង​ ដូចកុយរមាស ។ វីរបុគ្គលលះបង់ នូវវត្ថុទាំងឡាយ ជាគ្រឿងប្រាកដរបស់គ្រហស្ថ កាត់បង់នូវ ចំណង របស់គ្រហស្ថទាំងឡាយ ដូចដើមរលួសផ្អុងជម្រុះ ស្លឹក គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ បើបុគ្គលបាន សម្លាញ់ជាអ្នកប្រាជ្ញ មានបញ្ញាខ្ជាប់ខ្ជួន ជាអ្នកប្រព្រឹត្តត្រូវគ្នា មានធម៌ជាគ្រឿង​នៅដ៏ល្អ គប្បីជាអ្នកមានស្មារតីគ្របសង្កត់ នូវអន្តរាយទាំងពួង ហើយមានចិត្តរីករាយ ប្រព្រឹត្តជាមួយ សម្លាញ់នោះចុះ ។ បើបុគ្គលមិនបានសម្លាញ់ ជាអ្នកប្រាជ្ញ មាន បញ្ញាខ្ជាប់​ខ្ជួន​ ជាអ្នកប្រព្រឹត្តត្រូវគ្នា មានធម៌ជាគ្រឿងនៅដ៏ ល្អទេ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចព្រះរាជាទ្រង់លះបង់នូវដែន ដែលទ្រង់ឈ្នះហើយ ឬដូចដំរីឈ្មោះមាតង្គៈ ( លះបង់នូវហ្វូង កាលត្រាច់ទៅ ) ក្នុងព្រៃ ។ តាមពិតយើងសរសើរនូវការបរិបូណ៌ ដោយសម្លាញ់ហើយ តែបុគ្គលគួរគប់រកសម្លាញ់ ដែល មានគុណប្រសើរជាងខ្លួន ឬសម្លាញ់មានគុណស្មើនឹងខ្លួន បើ រកមិនបានពួកសម្លាញ់ទាំងនុ៎ះទេ គប្បីជាអ្នកបរិភោគនូវចតុប្បច្ច័យដែលមិនទោស ហើយប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលឃើញនូវកងមាសទាំងពីរ ដែលកូនជាងមាស ធ្វើសម្រេចល្អហើយ រណ្តំគ្នាត្រង់កដៃ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ ឯការឆ្លើយឆ្លងដោយវាចាក្តី ការជាប់ជំពាក់ក្តី ជាមួយនឹងបុគ្គលគម្រប់ពីរ របស់អញ ដូចកងមាស មួយគូមានយ៉ាងនុ៎ះ បុគ្គលកាលរំពឹងឃើញ នូវភ័យនុ៎ះ ក្នុង កាលខាងមុខ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ ពិតណាស់ កាមទាំងឡាយដ៏វិចិត្រ មានរសផ្អែម ជាទីរីករាយនៃ ចិត្ត រមែងញាំញីនូវចិត្ត ដោយសភាពដ៏ប្លែក ៗ បុគ្គលឃើញ ទោស ក្នុងកាមគុណទាំងឡាយហើយ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលឃើញនូវភ័យនុ៎ះ ក្នុងកាមគុណទាំង ឡាយថា នេះជាចង្រៃ ជាបូស ជាឧបទ្រព ជារោគ ជាសរ ទាំង ជាភ័យ របស់អញហើយ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលគ្របសង្កត់ នូវសត្រូវទាំងអស់នុ៎ះ គឺ ត្រជាក់ ក្តៅ គម្លាន សម្រេក ខ្យល់និងកំដៅថ្ងៃ របោមនិងសត្វលូន ហើយ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ ដំរីមានខ្លួន សមរម្យមាំមួន មានសម្បុរដូចផ្កាឈូក កាលលះបង់ហ្វូង ហើយនៅក្នុងព្រៃ គួរដល់អធ្យាស្រ័យ យ៉ាងណា បុគ្គលគប្បី ប្រព្រឹត្តតែម្នាក់ ឯងដូចកុយរមាសយ៉ាងនោះឯង ។ បុគ្គលបាន នូវសាមយិកវិមុត្តិ ដោយហេតុណា ហេតុនោះ មិនមែនជាទី តាំងនៃបុគ្គលអ្នកត្រេកអរក្នុងពួកទេ បុគ្គលពិចារណានូវពាក្យ នៃព្រះពុទ្ធជាអាទិច្ចពន្ធុហើយ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលកន្លងចម្រូងគឺទិដ្ឋិ ដល់នូវធម៌ទៀង គឺមគ្គទី ១ មានមគ្គ ( ដ៏សេស ) បានហើយ មិនមានអ្នកដទៃដឹកនាំ ព្រោះ ដឹងថា អាត្មាអញមានញាណកើតឡើងហើយ គប្បីប្រព្រឹត្តតែ ម្នាក់ឯង ដូចកុយរមាស ។ បុគ្គលមិនជាប់ចិត្ត ( ក្នុងអាហារ ) មិនកុហក មិនស្រេកឃ្លាន មិនលុបគុណគេ កម្ចាត់បង់មោហៈ ដូចជាទឹកចត់ មិនមានទីអាស្រ័យនៅគឺតណ្ហា ក្នុងលោកទាំងពួងហើយ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ បុគ្គល គប្បីវៀរស្រឡះ នូវសម្លាញ់អាក្រក់ អ្នកមិនឃើញនូវសេចក្តី វិនាស អ្នកអាស្រ័យនៅ ក្នុងកម្មមិនស្មើ មិនគប្បីគប់រកនូវ សម្លាញ់ ដែលជាប់ជំពាក់ ដែលស្រវឹង ( ក្នុងកាមគុណ ) ដោយខ្លួនឯង គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ បុគ្គល គប្បីគប់រកនូវបុគ្គល ជា​ពហុសូត្រ អ្នកទ្រទ្រង់ធម៌ អ្នកប្រកប ដោយគុណដ៏ក្រៃលែង មានប្រាជ្ញាវាងវៃ បុគ្គលដឹងច្បាស់នូវ ប្រយោជន៍ទាំងឡាយ គួរបន្ទោបង់សេចក្តីសង្ស័យ គប្បីប្រព្រឹត្ត តែម្នាក់ឯង ដូច​កុយ​រមាស ។ បុគ្គលមិនអើពើ មិនអាឡោះ អាល័យ នូវល្បែងផង តម្រេកផង កាមសុខក្នុងលោកផង ជា អ្នកវៀរស្រឡះចាកគ្រឿងស្អិតស្អាង អ្នកពោលនូវពាក្យសច្ចៈ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលលះបង់ នូវ កាមទាំងឡាយតាមចំណែក គឺបុត្រ ភរិយា បិតាមាតា ទ្រព្យ សម្បត្តិ ស្រូវ អង្ករ និងផៅពង្សហើយ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ កាមគុណនេះ ជាគ្រឿងជាប់ជំពាក់ ឯសេចក្តីសុខ ក្នុងកាមនុ៎ះ មានប្រមាណតិច កាមគុណនុ៎ះមាន សេចក្តីត្រេកអរតិច បុគ្គលអ្នកមានគំនិតប្រាជ្ញា លុះដឹងច្បាស់ ថា កាមគុណនុ៎ះ ដូចជាដំបៅពកដូច្នេះហើយ គប្បីប្រព្រឹត្តតែម្នាក់ ឯង ដូចកុយរមាស ។ បុគ្គលទម្លាយនូវសំយោជនៈ ដូចត្រី ក្នុងទឹកទម្លាយនូវសំណាញ់ មិនត្រឡប់មក រកសំយោជនៈ វិញ ដូចភ្លើងឆេះ ( មិនត្រឡប់វិញ ) គប្បីប្រព្រឹត្តតែម្នាក់ឯងដូចកុយ រមាស ។ បុគ្គលមានចក្ខុដាក់ចុះ មានជើងមិនរពឹស ជាអ្នក គ្រប់គ្រងឥន្រ្ទិយ រក្សាចិត្តទុក ( ដោយល្អ ) មិនជោកជាំ មិន រោលរាល ( ដោយកិលេស ) គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយ រមាស ។ បុគ្គលលះបង់នូវភេទគ្រហស្ថ ដូចដើមបារិច្ឆត្តព្រឹក្ស ដែលមានស្លឹកដាច់ហើយ មានសំពត់កាសាយៈ ចេញបួស ហើយ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលមិនធ្វើ នូវ​សេច​​ក្តីប្រាថ្នា ក្នុងរសទាំងឡាយ ជាអ្នកមិនល្មោភ មិនចិញ្ចឹមនូវបុគ្គលដទៃ ជាអ្នកត្រាច់ទៅសព្វច្រក មិនជាប់ចិត្ត ក្នុង ត្រកូលមួយ ៗ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលលះបង់នូវហេតុ ជាគ្រឿងរារាំង ៥ យ៉ាង របស់ចិត្ត បន្ទោបង់នូវឧបក្កិលេសទាំងពួង ទាំងមិនអាស្រ័យ ( ដោយ តណ្ហានិងទិដ្ឋិ ) កាត់បង់នូវទោស នៃសេចក្តីស្រឡាញ់ហើយ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលធ្វើនូវសុខ ទុក្ខ សោមនស្សនិងទោមនស្ស ក្នុងកាលមុន ឲ្យនៅពីក្រោយខ្នង បាននូវឧបេក្ខាជាសមថៈដ៏ស្អាត គប្បីប្រព្រឹត្តតែម្នាក់ឯង ដូច កុយរមាស ។ បុគ្គលប្រារព្ធព្យាយាម ដើម្បីដល់នូវព្រះនិញ្វន មានចិត្តមិនរួញរា មានការប្រព្រឹត្តមិនខ្ជិលច្រអូស មានសេចក្តី ប្រឹងប្រែងដ៏មាំមួន ប្រកបដោយ កម្លាំងកាយនិងកម្លាំងបញ្ញា ហើយ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូច​កុយរមាស ។ បុគ្គលកាល មិនលះបង់នូវឈានដ៏ស្ងប់ស្ងាត់ ( ចាកសត្វនិងសង្ខារ ) ជា អ្នកប្រព្រឹត្ត នូវធម៌ដ៏សមគួរក្នុងធម៌ទាំងឡាយ អស់កាលជានិច្ច ពិចារណានូវទោស ក្នុងភពទាំងឡាយហើយ គប្បីប្រព្រឹត្ត តែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលកាលប្រាថ្នា នូវការអស់ តណ្ហា ជាអ្នកមិនប្រហែល មិនល្ងង់ មានការចេះដឹង មានស្មារតី មានធម៌ពិចារណាហើយ ជាបុគ្គលទៀង មានសេចក្តី ខ្មីឃ្មាត គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលកាល មិនតក់ស្លុត ក្នុងលក្ខណៈ មានមិនទៀងជាដើម ដូចសីហៈមិន តក់ស្លុត ក្នុងសំឡេងទាំងឡាយ មិនជាប់ជំពាក់ ក្នុងធម៌ទាំង ឡាយ មានខន្ធជាដើម ដូចខ្យល់មិនជាប់នឹងសំណាញ់ មិនប្រឡាក់ដោយលោភៈជាដើម ដូចស្លឹកឈូក មិនប្រឡាក់ដោយ ទឹក គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ សីហៈជាសេ្តច សត្វ មានចង្កូមជាកម្លាំង ប្រព្រឹត្តគ្របសង្កត់ កំហែងនូវពួក ម្រឹគ យ៉ាងណា បុគ្គលគប់រកនូវសេនាសនៈដ៏ស្ងាត់ ( មានព្រៃ ជាគ្រឿងអាង ) ក៏យ៉ាងនោះដែរ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូច កុយរមាស ។ បុគ្គលកាលចម្រើន នូវមេត្តា ឧបេក្ខា ករុណា និងមុទិតា ជាហេតុរួចចាកកិលេស ក្នុងកាលដ៏គួរ មិនខឹង សម្បានឹងលោកទាំងពួង គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលលះ​បង់​នូវ រាគៈផង ទោសៈផង មោហៈផង ហើយទំលាយចេញនូវសំយោជនៈ មិនតក់ស្លុត ក្នុងការអស់ ទៅនៃជីវិតហើយ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ ពួកជនមានប្រយោជន៍ជាហេតុ ទើបគប់រកផង បម្រើផង ឯ ពួកមិត្តដែលឥតហេតុ គេរកបានដោយក្រ ក្នុងថ្ងៃនេះ ឯពួក មនុស្សអ្នកមានបញ្ញា ប្រាថ្នាប្រយោជន៍ផ្ទាល់ខ្លួន ឈ្មោះថាជា មនុស្សមិនស្អាត បុគ្គលគប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស ។ ពួកព្រះបច្ចេកពុទ្ធ មានសីលបរិសុទ្ធ មានប្រាជ្ញាបរិសុទ្ធល្អ មានចិត្តតម្កល់មាំ ប្រកបរឿយ ៗ នូវព្យាយាមជា គ្រឿងភ្ញាក់រឭក អ្នកពិចារណានូវសង្ខារ ឃើញនូវធម៌ដ៏វិសេស ដឹងច្បាស់នូវធម៌ ដែលជាអង្គនៃមគ្គនិងពោជ្ឈង្គ ។ ពួក ជនជាអ្នកប្រាជ្ញណា ចម្រើននូវសុញ្ញតវិមោក្ខ អប្បណិហិតវិមោក្ខនិងអនិមិត្តវិមោក្ខ ក្នុងសាសនានៃព្រះជិនស្រីហើយ តែ មិនសម្រេច នូវភាពជាសាវ័កទេ ពួកជនជាអ្នកប្រាជ្ញនោះ គង់ បានជាព្រះបច្ចេកពុទ្ធ ត្រាស់ដឹងឯង ។ ពួកជននោះ ជាអ្នកមាន ធម៌ដ៏ច្រើន មានធម្មកាយដ៏សម្បូណ៌ មានចិត្តជាធំ ឆ្លងនូវទុក្ខ និង ឱឃៈទាំងពួង មានចិត្តខ្ពង់ខ្ពស់ផុត ជាអ្នកឃើញនូវប្រយោជន៍ដ៏ក្រៃលែង គឺព្រះនិញ្វន មានឧបមាដូចសីហៈ ( តែង ប្រព្រឹត្តតែម្នាក់ឯង ) ដូចកុយរមាស ។ ព្រះបច្ចេកពុទ្ធទាំង ឡាយ ជាបុគ្គលមានឥន្រ្ទិយស្ងប់ មានចិត្តស្ងប់ស្ងាត់ មានចិត្ត ជាសមាធិ ប្រព្រឹត្តដោយប្រាជ្ញា ចំពោះ​សត្វ ក្នុងទីបំផុតដែន ដូចប្រទីបឆ្លុះ បំភ្លឺក្នុងលោកខាងមុខ និងលោកនេះ ជាអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ដល់ពួកសត្វ ។ ព្រះបច្ចេកពុទ្ធទាំងឡាយ ជាធំជាងជន លះកិលេស​ជាគ្រឿងរារាំងទាំងពួងហើយ ជា ប្រទីបនៃលោក មានរស្មីដូចមាសដុំ ជាទក្ខិណេយ្យ​បុគ្គលដ៏ល្អ របស់សត្វលោក ដោយឥតសង្ស័យ ជាបុគ្គលសម្រេចដោយ និរោធសមាបត្តិ ជារឿយ ៗ ។ សុភាសិតរបស់ព្រះបច្ចេកពុទ្ធ ទាំងឡាយ រមែងប្រព្រឹត្តទៅ ក្នុងមនុស្សលោក ព្រមទាំងទេវ លោក ពួកជនណាស្តាប់ហើយ តែមិនបានធ្វើតាម សុភាសិត មានសភាពដូច្នោះទេ ពួកជនពាលនោះឯង រមែងធ្លាក់ទៅរង ទុក្ខទាំងឡាយ រឿយ ៗ ។ សុភាសិត របស់ព្រះបច្ចេកពុទ្ធទាំង ឡាយ ផ្អែមល្ហែមដូចទឹកឃ្មុំផ្លិតដែលហូរចុះ ពួកជនណាបាន ស្តាប់ហើយ ប្រកបនូវសេចក្តីប្រតិបត្តិតាមយ៉ាងនោះ ពួកជន នោះ ប្រកបដោយប្រាជ្ញា រមែងឃើញនូវសច្ចធម៌ ។ គាថាដ៏ ខ្ពង់ខ្ពស់ណា ដែលព្រះបច្ចេកពុទ្ធទាំងឡាយ ជាអ្នកឈ្នះកិលេស សម្តែងហើយនោះ ព្រះសម្ពុទ្ធជាសីហៈក្នុងសក្យវង្ស ទ្រង់ខ្ពង់ខ្ពស់ជាងជន ទ្រង់ចេញបព្វជ្ជាហើយ បានប្រកាសទុក ដើម្បី ការដឹងច្បាស់នូវធម៌ ។ សុភាសិតទាំងនេះ ដែលព្រះ បច្ចេកពុទ្ធទាំងនោះ សំដែងផ្សេង ៗ គ្នា ដើម្បីអនុគ្រោះដល់សត្វ លោក ព្រះសយម្ភូដូចជាសីហៈ ទ្រង់ប្រកាសទុកហើយ ដើម្បី ញុំាងសំវេគធម៌ សង្គហធម៌ និងឧបាយប្រាជ្ញា ឲ្យចម្រើនឡើង ។ ចប់ បច្ចេកពុទ្ធាបទាន ។ បិដក ភាគ ៧២ - ទំព័រទី ១៦ ដោយ៥០០០ឆ្នាំ
images/articles/3069/20rrook.jpg
ធម៌ ៧ យ៉ាងនេះ ធ្វើឲ្យសាបសូន្យដល់ឧបាសក
ផ្សាយ : ០៣ កុម្ភះ ឆ្នាំ២០២៣
ទុតិយបរិហានិសូត្រ ទី៩ [២៧] ម្នាលភិក្ខុទាំងឡាយ ធម៌ ៧ យ៉ាងនេះ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ ដល់ឧបាសក។ ៧ យ៉ាង តើអ្វីខ្លះ។ ឧបាសកញុំាងការឃើញនូវភិក្ខុ ឲ្យសាបសូន្យ ១ ប្រហែសនឹងការស្តាប់ព្រះសទ្ធម្ម ១ មិនសិក្សាក្នុងអធិសីល [សីល៥ ឬសីល១០។ អដ្ឋកថា។] ១ ជាអ្នកមិនមានសេចក្តីជ្រះថ្លាច្រើន ក្នុងពួកភិក្ខុចាស់ ថ្មី កណ្តាល ១ ជាអ្នកមានចិត្តរិះគន់ ស្វែងរកទោសស្តាប់ធម៌ ១ ស្វែងរកទក្ខិណេយ្យបុគ្គលខាងក្រៅសាសនានេះ ១ ធ្វើបុព្វការៈក្នុងទក្ខិណេយ្យបុគ្គលខាងក្រៅសាសនានោះ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៧ យ៉ាងនេះឯង រមែងប្រព្រឹត្តទៅ ដើម្បីសាបសូន្យដល់ឧបាសក។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៧ យ៉ាងនេះ រមែងប្រព្រឹត្តទៅ ដើម្បីមិនសាបសូន្យ ដល់ឧបាសក។ ៧ យ៉ាង តើអ្វីខ្លះ។ គឺឧបាសកមិនញុំាងការឃើញភិក្ខុឲ្យសាបសូន្យ ១ មិនប្រហែសនឹងការស្តាប់ព្រះសទ្ធម្ម ១ សិក្សាក្នុងអធិសីល ១ ជាអ្នកមានសេចក្តីជ្រះថ្លាច្រើន ក្នុងពួកភិក្ខុចាស់ ថ្មី កណ្តាល ១ ជាអ្នកមានចិត្តមិនរិះគន់ មិនស្វែងរកទោសស្តាប់ធម៌ ១ មិនស្វែងរកទក្ខិណេយ្យបុគ្គលខាងក្រៅសាសនានេះ ១ ធ្វើបុព្វការៈក្នុងទក្ខិណេយ្យបុគ្គល ក្នុងសាសនានេះ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៧ យ៉ាងនេះឯង រមែងប្រព្រឹត្តទៅ ដើម្បីមិនសាបសូន្យដល់ឧបាសក។ ឧបាសកណា ញុំាងការឃើញនូវពួកភិក្ខុ ដែលមានខ្លួនចំរើនហើយ ឲ្យសាបសូន្យ ១ ប្រហែសនឹងការស្តាប់នូវអរិយធម៌ទាំងឡាយ ១ មិនសិក្សាក្នុងអធិសីល ១ មានសេចក្តីមិនជ្រះថ្លាក្នុងពួកភិក្ខុចំរើនឡើងដោយក្រៃលែង ១ មានចិត្តរិះគន់ប្រាថ្នាស្តាប់ព្រះសទ្ធម្ម ១ ស្វែងរកទក្ខិណេយ្យបុគ្គលដទៃ ខាងក្រៅសាសនានេះ ១ ឧបាសកធ្វើបុព្វការៈចំពោះទក្ខិណេយ្យបុគ្គលនោះ ១ ឧបាសក កាលសេពនូវបរិហានិយធម៌ទាំង ៧ យ៉ាងនេះឯង ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយដោយប្រពៃ រមែងសាបសូន្យចាកព្រះសទ្ធម្ម។ ឧបាសកណា មិនញុំាងការឃើញនូវពួកភិក្ខុ ដែលមានខ្លួនចំរើនហើយ ឲ្យសាបសូន្យ ១ មិនប្រហែសនឹងការស្តាប់នូវអរិយធម៌ទាំងឡាយ ១ សិក្សាក្នុងអធិសីល ១ សេចក្តីជ្រះថ្លាក្នុងពួកភិក្ខុរបស់ឧបាសកនោះ ចំរើនឡើងដោយក្រៃលែង ១ មានចិត្តមិនរិះគន់ ស្តាប់នូវព្រះសទ្ធម្ម ១ មិនស្វែងរកទក្ខិណេយ្យបុគ្គលដទៃខាងក្រៅសាសនានេះ ១ ឧបាសកតែងធ្វើបុព្វការៈ ចំពោះទក្ខិណេយ្យបុគ្គល ក្នុងសាសនានេះ ១ ឧបាសក កាលសេពនូវអបរិហានិយធម៌ទាំង ៧ យ៉ាងនេះឯង ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយដោយប្រពៃ រមែងមិនសាបសូន្យ ចាកព្រះសទ្ធម្មឡើយ។ ទុតិយបរិហានិសូត្រ ទី ៩ ឬ ធម៌ ៧ យ៉ាងនេះ ធ្វើឲ្យសាបសូន្យដល់ឧបាសក បិដក ៤៧ ទំព័រ ៤៦ ឃ្នាប ២៧ ដោយ៥០០០ឆ្នាំ
images/articles/3068/2021uook.jpg
ប្ដីប្រពន្ធចង់ជួបគ្នាគ្រប់ៗជាតិត្រូវមានធម៌ ៤ យ៉ាងនេះ
ផ្សាយ : ០៣ កុម្ភះ ឆ្នាំ២០២៣
បឋមសមជីវឹសូត្រ ទី៥ [៥៦] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងភេសកឡាវន ជាទីឲ្យអភ័យ ដល់សត្វម្រឹគ ទៀបក្រុងសុង្សុមារគិរៈ ក្នុងដែនភគ្គៈ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ស្តេចចូលទៅកាន់និវេសន៍ របស់គហបតី ឈ្មោះនកុលបិតា លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លំដាប់នោះ នកុលបិតាគហបតី និងនកុលមាតាគហបតានី បាននាំគ្នាចូលទៅគាល់ ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ បានថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះនកុលបិតាគហបតី អង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ចាប់ដើមពីខ្ញុំព្រះអង្គ បានប្រសប់គ្នា នឹងនកុលមាតាគហបតានី តាំងពីកំឡោះ ក្រមុំមក មិនដែលប្រព្រឹត្តកន្លងចិត្ត នៃនកុលមាតាគហបតានី សូម្បីដោយចិត្តម្តងទេ មិនបាច់ពោលដល់ទៅការធ្វើដោយកាយឡើយ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គ ប្រាថ្នាឲ្យជួបគ្នា ក្នុងបច្ចុប្បន្ននេះផង ឲ្យជួបគ្នា ក្នុងបរលោកផង។ ចំណែកនកុលមាតាគហបតានី ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះដែរថា បពិត្រព្រះអង្គដ៏ចំរើន ចាប់ដើមពីខ្ញុំម្ចាស់ បានប្រសប់គ្នា នឹងនកុលបិតាគហបតី តាំងអំពីកំឡោះ ក្រមុំមក មិនដែលប្រព្រឹត្តកន្លងចិត្ត នៃនកុលបិតាគហបតី សូម្បីដោយចិត្តម្តងទេ មិនបាច់ពោលដល់ទៅការធ្វើដោយកាយឡើយ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គ ប្រាថ្នាឲ្យជួបគ្នា ក្នុងបច្ចុប្បន្ននេះផង ឲ្យជួបគ្នាក្នុងបរលោកផង។ ព្រះមានព្រះភាគត្រាស់ថា ម្នាលគហបតី និងគហបតានីទាំងឡាយ បើជនទាំងពីរនាក់ប្តីប្រពន្ធ ប្រាថ្នាឲ្យជួបគ្នា ក្នុងបច្ចុប្បន្ននេះផង ឲ្យជួបគ្នា ក្នុងបរលោកផង លុះតែជនទាំងពីរនាក់នោះ មានសទ្ធាស្មើគ្នា មានសីលស្មើគ្នា មាន ចាគៈស្មើគ្នា មានបញ្ញាស្មើគ្នា ទើបជួបគ្នា ក្នុងបច្ចុប្បន្ននេះផង ជួបគ្នាក្នុងបរលោកផង។ ជនទាំងពីរនាក់ ជាអ្នកមានសទ្ធា ជាអ្នកដឹងនូវពាក្យពេចន៍នៃស្មូម ជាអ្នកសង្រួម (ក្នុងសីល) អ្នកចិញ្ចឹមជីវិត តាមគន្លងធម៌ ប្រពន្ធ និងប្តីទាំងនោះ ពោលពាក្យផ្អែមល្ហែមរកគ្នានឹងគ្នា រមែងមានសេចក្តីចំរើនដ៏ច្រើន ទាំងមានការនៅជាសុខ កើតឡើងដល់គ្នានឹងគ្នា ពួកសត្រូវ រមែងអាក់អន់ចិត្ត ចំពោះជនទាំងពីរនាក់ ដែលមានសីលស្មើគ្នា ជនទាំងពីរនាក់ មានសីល និងវត្តស្មើគ្នា លុះ ប្រព្រឹត្តធម៌ ក្នុងលោកនេះហើយ បើមានចំណង់ក្នុងកាម ក៏រមែង ជាអ្នកត្រេកអរ រីករាយ ក្នុងទេវលោកបាន។ បឋមសមជីវឹសូត្រ ទី ៥ ឬ ប្ដីប្រពន្ធចង់ជួបគ្នាគ្រប់ៗជាតិត្រូវមានធម៌ ៤ យ៉ាងនេះដូចគ្នា បិដកភាគ ៤២ ទំព័រ ១៥០ ឃ្នាប ៥៦ ដោយ៥០០០ឆ្នាំ
images/articles/3067/43SDWE3.jpg
ផលរបស់ទាននីមួយៗ
ផ្សាយ : ០៣ កុម្ភះ ឆ្នាំ២០២៣
សប្បុរិសទានសូត្រ ទី៨ [៤៨] ម្នាលភិក្ខុទាំងឡាយ សប្បុរិសទាននេះ មាន ៥ យ៉ាង។ សប្បុរិសទាន ៥ យ៉ាង ដូចម្តេចខ្លះ។ គឺឲ្យទានដោយសទ្ធា ១ ឲ្យទានដោយគោរព ១ ឲ្យទានតាមកាលគួរ ១ ឲ្យទានដោយចិត្តអនុគ្រោះ ១ ឲ្យទានដោយមិនបានបៀតបៀនខ្លួនឯង និងអ្នកដទៃ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលឲ្យទានដោយសទ្ធា ដោយផលទាននោះ កើតក្នុងទីណាៗ ជាបុគ្គលស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើនផង ជាបុគ្គលមានរូបល្អ គួររមិលមើល ជាទីជ្រះថ្លា ប្រកបដោយភាពជាអ្នកមានសម្បុរល្អដ៏ក្រៃលែងផង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលឲ្យទានដោយគោរព ដោយផលទាននោះ កើតក្នុងទីណាៗ ជាបុគ្គលស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើនផង ពួកជនណា ទោះកូនក្តី ប្រពន្ធក្តី ខ្ញុំក្តី អ្នកបម្រើក្តី អ្នកធ្វើការងារក្តី របស់បុគ្គលនោះ ជនទាំងនោះ តែងស្តាប់ដោយល្អ ផ្អៀងស្រោត តាំងចិត្តដើម្បីដឹងផង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលឲ្យទានតាមកាលដ៏គួរ ដោយផលទាននោះ កើតក្នុងទីណាៗ ជាបុគ្គលស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើនផង ប្រយោជន៍ គឺភោគៈដ៏ពោរពេញ រមែងមកតាមកាលដ៏គួរ ដល់បុគ្គលនោះផង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលឲ្យទានដោយចិត្តអនុគ្រោះ ដោយផលទាននោះ កើតក្នុងទីណាៗ ជាបុគ្គលស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើនផង រមែងបង្អោនចិត្តទៅ ដើម្បីបរិភោគក្នុងកាមគុណ ៥ ដ៏លើសលុបផង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលឲ្យទានដោយមិនបានបៀតបៀនខ្លួនឯង និងអ្នកដទៃ ដោយផលទាននោះ កើតក្នុងទីណាៗ ជាបុគ្គលស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើនផង សេចក្តីអន្តរាយនៃភោគៈទាំងឡាយ មិនមានមកអំពីទីណាមួយ គឺអំពីភ្លើង អំពីទឹក អំពីស្តេច អំពីចោរ អំពីហេតុមិនជាទីស្រលាញ់ និងអំពីមនុស្សជាទាយាទ។ ម្នាលភិក្ខុទាំងឡាយ សប្បុរិសទានមាន ៥ យ៉ាងនេះឯង។ សប្បុរិសទានសូត្រ ទី ៨ ឬ ផលរបស់ទាននីមួយៗ បិដក ៤៥ ទំព័រ ៨៨ ឃ្នាប ៤៨ ដោយ៥០០០ឆ្នាំ
images/articles/3066/208ok.jpg
វិបត្តិនិងសម្បត្តិរបស់ឧបាសក ៧ យ៉ាង
ផ្សាយ : ០៣ កុម្ភះ ឆ្នាំ២០២៣
វិបត្តិសូត្រ ទី១០ [២៨] ម្នាលភិក្ខុទាំងឡាយ វិបត្តិរបស់ឧបាសកនេះ មាន៧យ៉ាង ម្នាលភិក្ខុទាំងឡាយ សម្បត្តិរបស់ឧបាសកនេះ មាន៧យ៉ាង។ បរាភវសូត្រ ទី១១ ម្នាលភិក្ខុទាំងឡាយ សេចក្តីវិនាសរបស់ឧបាសកនេះ មាន៧យ៉ាង ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើនរបស់ឧបាសកនេះ មាន៧យ៉ាង។ ៧ យ៉ាង តើអ្វីខ្លះ។ គឺឧបាសក មិនញុំាងការឃើញនូវភិក្ខុ ឲ្យសាបសូន្យ ១ មិនប្រហែសនឹងការស្តាប់នូវព្រះសទ្ធម្ម ១ សិក្សាក្នុងអធិសីល ១ ជាអ្នកមានសេចក្តីជ្រះថ្លាច្រើន ក្នុងពួកភិក្ខុចាស់ ថ្មី កណ្តាល ១ មិនមានចិត្តរិះគន់ មិនស្វែងរកទោសស្តាប់ធម៌ ១ មិនស្វែងរកទក្ខិណេយ្យបុគ្គលខាងក្រៅសាសនានេះ ១ ធ្វើបុព្វការៈ ចំពោះទក្ខិណេយ្យបុគ្គលក្នុងសាសនានេះ ១។ ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើនរបស់ឧបាសក មាន៧យ៉ាងនេះឯង។ ឧបាសកណា ញុំាងការឃើញនូវពួកភិក្ខុ ដែលមានខ្លួនចំរើនហើយ ឲ្យសាបសូន្យ ១ ប្រហែសក្នុងការស្តាប់នូវអរិយធម៌ទាំងឡាយ ១ មិនសិក្សាក្នុងអធិសីល ១ មានសេចក្តីមិនជ្រះថ្លាក្នុងពួកភិក្ខុចំរើនដោយក្រៃលែង ១ ជាអ្នកមានចិត្តរិះគន់ប្រាថ្នាស្តាប់នូវព្រះសទ្ធម្ម ១ ស្វែងរកទក្ខិណេយ្យបុគ្គលដទៃខាងក្រៅសាសនានេះ ១ ឧបាសកធ្វើបុព្វការៈ ចំពោះទក្ខិណេយ្យបុគ្គលខាងក្រៅសាសនានេះ ១ ឧបាសកកាលសេពនូវបរិហានិយធម៌ទាំង ៧ នេះឯង ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយដោយប្រពៃ រមែងសាបសូន្យ ចាកព្រះសទ្ធម្ម។ ឧបាសកណា មិនញុំាងការឃើញ នូវពួកភិក្ខុដែលមានខ្លួនចំរើនហើយ ឲ្យសាបសូន្យ ១ មិនប្រហែសចំពោះការស្តាប់នូវអរិយធម៌ទាំងឡាយ ១ សិក្សាក្នុងអធិសីល ១ សេចក្តីជ្រះថ្លា ក្នុងពួកភិក្ខុរបស់ឧបាសកនោះ ចំរើនដោយក្រៃលែង ១ មិនមានចិត្តរិះគន់ប្រាថ្នាស្តាប់នូវព្រះសទ្ធម្ម ១ មិនស្វែងរកទក្ខិណេយ្យបុគ្គលដទៃខាងក្រៅសាសនានេះ ១ ឧបាសកធ្វើបុព្វការៈចំពោះទក្ខិណេយ្យបុគ្គលក្នុងសាសនានេះ ១ ឧបាសកកាលសេព នូវអបរិហានិយធម៌ទាំង ៧យ៉ាងនេះឯង ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយដោយប្រពៃ រមែងមិនសាបសូន្យ ចាកព្រះសទ្ធម្មឡើយ។ វិបត្តិសូត្រ ទី_ ១០ ឬវិបត្តិនិងសម្បត្តិរបស់ឧបាសក ៧ យ៉ាង បិដកភាគ ៤៧ ទំព័រ ៤៩ ឃ្នាប ២៨ ដោយ៥០០០ឆ្នាំ
images/articles/3064/gle_Search.jpg
យមកវគ្គ ទី ២ ឬ អាហាររបស់ធម៌នីមួយៗ
ផ្សាយ : ០៣ កុម្ភះ ឆ្នាំ២០២៣
១. អវិជ្ជាសូត្រ [៦១] ម្នាលភិក្ខុទាំងឡាយ ទីបំផុតខាងដើមរបស់អវិជ្ជា មិនប្រាកដទេ អវិជ្ជាមិនមានក្នុងកាលមុនអំពីកាលនេះ ឬថា កើតឡើងក្នុងខាងក្រោយឡើយ ហេតុនោះ ម្នាលភិក្ខុទាំងឡាយ ពាក្យថា អវិជ្ជានេះ តថាគតពោលយ៉ាងនេះ តែថា អវិជ្ជា រមែងប្រាកដ ព្រោះមានរបស់នេះជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា អវិជ្ជា ប្រាកដដោយអាហារ មិនបានពោលថា អវិជ្ជាឥតអាហារទេ។ ចុះអ្វីជាអាហាររបស់អវិជ្ជា។ គប្បីឆ្លើយថា នីវរណៈ ៥។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា នីវរណៈ ៥ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហារ របស់នីវរណៈ ៥។ គប្បីឆ្លើយថា ទុច្ចរិត ៣។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ទុច្ចរិត ៣ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហារ របស់ទុច្ចរិត ៣។ គប្បីឆ្លើយថា ការមិនសង្រួមឥន្រ្ទិយ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ការមិនសង្រួមឥន្រ្ទិយ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់ការមិនសង្រួមឥន្រ្ទិយ។ គប្បីឆ្លើយថា ការមិនមានសតិ មិនមានសម្បជញ្ញៈ។ ម្នាលភិក្ខុទាំងឡាយ តថាតគពោលថា ការមិនមានសតិ មិនមានសម្បជញ្ញៈ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហារ របស់ការមិនមានសតិ មិនមានសម្បជញ្ញៈ។ គប្បីឆ្លើយថា អយោនិសោមនសិការៈ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា អយោនិសោមនសិការៈ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហារ របស់អយោនិសោមនសិការៈ។ គប្បីឆ្លើយថា អស្សទ្ធិយៈ (សេចក្តីមិនជឿ)។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា អស្សទ្ធិយៈ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់អស្សទ្ធិយៈ។ គប្បីឆ្លើយថា អស្សទ្ធម្មស្សវនៈ (ការមិនស្តាប់ព្រះសទ្ធម្ម)។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា អស្សទ្ធម្មស្សវនៈ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់អស្សទ្ធម្មស្សវនៈ។ គប្បីឆ្លើយថា អសប្បុរិសសំសេវៈ (ការសេពគប់អសប្បុរស)។ ម្នាលភិក្ខុទាំងឡាយ អសប្បុរិសសំសេវៈ ពេញបរិបូណ៌ រមែងញុំាងអស្សទ្ធម្មស្សវនៈ ឲ្យពេញបរិបូណ៌ អស្សទ្ធម្មស្សវនៈ ពេញបរិបូណ៌ រមែងញុំាងអស្សទ្ធិយៈ ឲ្យពេញបរិបូណ៌ អស្សទ្ធិយៈពេញបរិបូណ៌ រមែងញុំាងអយោនិសោមនសិការៈ ឲ្យពេញបរិបូណ៌ អយោនិសោមនសិការៈ ពេញបរិបូណ៌ រមែងញុំាងការមិនមានសតិ និងមិនមានសម្បជញ្ញៈ ឲ្យពេញបរិបូណ៌ ការមិនមានសតិ មិនមានសម្បជញ្ញៈពេញបរិបូណ៌ រមែងញុំាងការមិនសង្រួមឥន្រ្ទិយ ឲ្យពេញបរិបូណ៌ ការមិនសង្រួមឥន្រ្ទិយ ពេញបរិបូណ៌ រមែងញុំាងទុច្ចរិត ៣ ឲ្យពេញបរិបូណ៌ ទុច្ចរិតទាំង ៣ ពេញបរិបូណ៌ រមែងញុំាងនីវរណៈ ៥ ឲ្យពេញបរិបូណ៌ នីវរណៈ ៥ ពេញបរិបូណ៌ រមែងញុំាងអវិជ្ជាឲ្យពេញបរិបូណ៌ ដោយប្រការដូច្នេះឯង។ អាហាររបស់អវិជ្ជានេះ រមែងមានយ៉ាងនេះ អាហាររបស់អវិជ្ជានេះ ពេញបរិបូណ៌យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ដូចទឹកភ្លៀង មានដំណក់ថ្លោស កាលបង្អោរ កាលរំលា ហូរធ្លាក់លើកំពូលភ្នំ ទឹកនោះក៏ហូរទៅតាមទីទាប រមែងញុំាងជ្រោះភ្នំ ល្អាង និងអូរតូចឲ្យពេញ ជ្រោះភ្នំល្អាង និងអូរតូចពេញហើយ រមែងញុំាងត្រពាំងតូច ឲ្យពេញ ត្រពាំងតូចពេញហើយ រមែងញុំាងត្រពាំងធំ ឲ្យពេញ ត្រពាំងធំពេញហើយ រមែងញុំាងស្ទឹងតូចឲ្យពេញ ស្ទឹងតូចពេញហើយ រមែងញុំាងស្ទឹងធំឲ្យពេញ ស្ទឹងធំពេញហើយ រមែងញុំាងមហាសមុទ្រសាគរឲ្យពេញ អាហារនៃមហាសមុទ្រសាគរនេះ រមែងមានយ៉ាងនេះ មហាសមុទ្រសាគរពេញបរិបូណ៌យ៉ាងនេះ ឧបមា យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ឧបមេយ្យដូចជា អសប្បុរិសសំសេវៈ ពេញបរិបូណ៌ រមែងញុំាងអស្សទ្ធម្មស្សវនៈ ឲ្យពេញបរិបូណ៌ អស្សទ្ធម្មស្សវនៈ ពេញបរិបូណ៌ហើយ រមែងញុំាងអស្សទ្ធិយៈ ឲ្យពេញបរិបូណ៌ អស្សទ្ធិយៈ ពេញបរិបូណ៌ហើយ រមែងញុំាងអយោនិសោមនសិការៈ ឲ្យពេញបរិបូណ៌ អយោនិសោមនសិការៈ ពេញបរិបូណ៌ហើយ រមែងញុំាងការមិនមានសតិ មិនមានសម្បជញ្ញៈ ឲ្យពេញបរិបូណ៌ ការមិនមានសតិ មិនមានសម្បជញ្ញៈ ពេញបរិបូណ៌ហើយ រមែងញុំាងការមិនសង្រួមឥន្រ្ទិយ ឲ្យពេញបរិបូណ៌ ការមិនសង្រួមឥន្រ្ទិយពេញបរិបូណ៌ហើយ រមែងញុំាងទុច្ចរិត ៣ ឲ្យពេញបរិបូណ៌ ទុច្ចរិត ៣ ពេញបរិបូណ៌ហើយ រមែងញុំាងនីវរណៈ ៥ ឲ្យពេញបរិបូណ៌ នីវរណៈ ៥ ពេញបរិបូណ៌ហើយ រមែងញុំាងអវិជ្ជា ឲ្យពេញបរិបូណ៌ ដោយប្រការដូច្នេះ។ អាហាររបស់អវិជ្ជានេះ រមែងមានយ៉ាងនេះ អាហាររបស់អវិជ្ជានេះ ពេញបរិបូណ៌យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា វិជ្ជា និងវិមុត្តិ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់វិជ្ជា និងវិមុត្តិ។ គប្បីឆ្លើយថា ពោជ្ឈង្គ ៧។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ពោជ្ឈង្គ ៧ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់ពោជ្ឈង្គ ៧។ គប្បីឆ្លើយថា សតិប្បដ្ឋាន ៤។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សតិប្បដ្ឋាន ៤ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់សតិប្បដ្ឋាន ៤។ គប្បីឆ្លើយថា សុចរិត ៣។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សុចរិត ៣ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់សុចរិត ៣។ គប្បីឆ្លើយថា ការសង្រួមឥន្រ្ទិយ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ការសង្រួមឥន្រ្ទិយ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់ការសង្រួមឥន្រ្ទិយ។ គប្បីឆ្លើយថា សតិ និងសម្បជញ្ញៈ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សតិ និងសម្បជញ្ញៈ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់សតិ និងសម្បជញ្ញៈ។ គប្បីឆ្លើយថា យោនិសោមនសិការៈ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា យោនិសោមនសិការៈ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់យោនិសោមនសិការៈ។ គប្បីឆ្លើយថា សទ្ធា។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សទ្ធាប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់សទ្ធា។ គប្បីឆ្លើយថា សទ្ធម្មស្សវនៈ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សទ្ធម្មស្សវនៈ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ។ ចុះអ្វីជាអាហាររបស់សទ្ធម្មស្សវនៈ។ គប្បីឆ្លើយថា សប្បុរិសសំសេវៈ។ ម្នាលភិក្ខុទាំងឡាយ សប្បុរិសសំសេវៈ ពេញបរិបូណ៌ រមែងញុំាងសទ្ធម្មស្សវនៈ ឲ្យពេញបរិបូណ៌ សទ្ធម្មស្សវនៈ ពេញបរិបូណ៌ហើយ រមែងញុំាងសទ្ធាឲ្យពេញបរិបូណ៌ សទ្ធា ពេញបរិបូណ៌ហើយ រមែងញុំាងយោនិសោមនសិការៈ ឲ្យពេញបរិបូណ៌ យោនិសោមនសិការៈ ពេញបរិបូណ៌ហើយ រមែងញុំាងសតិ និងសម្បជញ្ញៈ ឲ្យពេញបរិបូណ៌ សតិ និងសម្បជញ្ញៈ ពេញបរិបូណ៌ហើយ រមែងញុំាងការសង្រួមឥន្រ្ទិយឲ្យពេញបរិបូណ៌ ការសង្រួមឥន្រ្ទិយពេញបរិបូណ៌ហើយ រមែងញុំាងសុចរិត ៣ ឲ្យពេញបរិបូណ៌ សុចរិត ៣ ពេញបរិបូណ៌ហើយ រមែងញុំាងសតិប្បដ្ឋាន ៤ ឲ្យពេញបរិបូណ៌ សតិប្បដ្ឋាន ៤ ពេញបរិបូណ៌ហើយ រមែងញុំាងពោជ្ឈង្គ ៧ ឲ្យពេញបរិបូណ៌ ពោជ្ឈង្គ ៧ ពេញបរិបូណ៌ហើយ រមែងញុំាងវិជ្ជា និងវិមុត្តិឲ្យពេញបរិបូណ៌ដោយប្រការដូច្នេះឯង។ អាហាររបស់វិជ្ជា និងវិមុត្តិនេះ រមែងមានយ៉ាងនេះ ពេញបរិបូណ៌យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ដូចទឹកភ្លៀងមានដំណក់ថ្លោស កាលបង្អោរ កាលរំលា ហូរធ្លាក់លើកំពូលភ្នំ ទឹកនោះក៏ហូរទៅតាមទីទាប រមែងញុំាងជ្រោះភ្នំ ល្អាង និងអូរតូច ឲ្យពេញ ជ្រោះភ្នំ ល្អាង និងអូរតូច ពេញហើយ រមែងញុំាងត្រពាំងតូច ឲ្យពេញ ត្រពាំងតូចពេញហើយ រមែងញុំាងត្រពាំងធំឲ្យពេញ ត្រពាំងធំពេញហើយ រមែងញុំាងស្ទឹងតូចឲ្យពេញ ស្ទឹងតូចពេញហើយ រមែងញុំាងស្ទឹងធំឲ្យពេញ ស្ទឹងធំពេញហើយ រមែងញុំាងមហាសមុទ្រសាគរឲ្យពេញ អាហារនៃមហាសមុទ្រសាគរនេះ រមែងមានយ៉ាងនេះ ពេញបរិបូណ៌យ៉ាងនេះ មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ឧបមេយ្យដូចជាសប្បុរិសសំសេវៈ ពេញបរិបូណ៌ រមែងញុំាងសទ្ធម្មស្សវនៈ ឲ្យពេញបរិបូណ៌ សទ្ធម្មស្សវនៈ ពេញបរិបូណ៌ហើយ រមែងញុំាងសទ្ធាឲ្យពេញបរិបូណ៌ សទ្ធាពេញបរិបូណ៌ហើយ រមែងញុំាងយោនិសោមនសិការៈ ឲ្យពេញបរិបូណ៌ យោនិសោមនសិការៈ ពេញបរិបូណ៌ហើយ រមែងញុំាងសតិ និងសម្បជញ្ញៈ ឲ្យពេញបរិបូណ៌ សតិ និងសម្បជញ្ញៈ ពេញបរិបូណ៌ហើយ រមែងញុំាងការសង្រួមឥន្រ្ទិយ ឲ្យពេញបរិបូណ៌ ការសង្រួមឥន្រ្ទិយពេញបរិបូណ៌ហើយ រមែងញុំាងសុចរិត ៣ ឲ្យពេញបរិបូណ៌ សុចរិត ៣ ពេញបរិបូណ៌ហើយ រមែងញុំាងសតិប្បដ្ឋាន ៤ ឲ្យពេញបរិបូណ៌ សតិប្បដ្ឋាន ៤ ពេញបរិបូណ៌ហើយ រមែងញុំាងពោជ្ឈង្គ ៧ ឲ្យពេញបរិបូណ៌ ពោជ្ឈង្គ ៧ ពេញបរិបូណ៌ហើយ រមែងញុំាងវិជ្ជា និងវិមុត្តិឲ្យពេញបរិបូណ៌ ដោយប្រការដូច្នេះ។ អាហាររបស់វិជ្ជា និងវិមុត្តិនេះ រមែងមានយ៉ាងនេះ ពេញបរិបូណ៌យ៉ាងនេះ។ យមកវគ្គ ទី ២ ឬ អាហាររបស់ធម៌នីមួយៗ បិដកភាគ ៥០ ទំព័រ ២៤៦ ឃ្នាប_ ៦១ ដោយ៥០០០ឆ្នាំ
images/articles/3074/fsdwww4ok.jpg
អនត្តលក្ខណសូត្រ ទី ៧
ផ្សាយ : ០៣ កុម្ភះ ឆ្នាំ២០២៣
អនត្តលក្ខណសូត្រ ទី៧ [១២៧] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងឥសិបតនមិគទាយវ័ន ទៀបក្រុងពារាណសី។ ក្នុងទីនោះ ព្រះមានព្រះភាគ ត្រាស់ហៅពួកបញ្ចវគ្គិយភិក្ខុ។បេ។ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ រូបមិនមែនជារបស់ខ្លួនទេ។ ម្នាលភិក្ខុទាំងឡាយ បើរូបនេះ ជារបស់ខ្លួន រូបនេះ នឹងមិនប្រព្រឹត្តទៅ ដើម្បីអាពាធឡើយ បុគ្គល គប្បីបាន (នូវអំណាច) ក្នុងរូបថា រូបរបស់អាត្មាអញ ចូរជាយ៉ាងនេះចុះ រូបរបស់អាត្មាអញ កុំទៅជាយ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ រូបមិនមែនជារបស់ខ្លួន ព្រោះហេតុណា ព្រោះហេតុនោះ បានជារូបចេះតែប្រព្រឹត្តទៅ ដើម្បីអាពាធ បុគ្គល មិនបាន (នូវអំណាច) ក្នុងរូបថា រូបរបស់អាត្មាអញ ចូរជាយ៉ាងនេះចុះ រូបរបស់អាត្មាអញ កុំទៅជាយ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ វេទនា មិនមែនជារបស់ខ្លួនទេ។ ម្នាលភិក្ខុទាំងឡាយ បើវេទនានេះ ជារបស់ខ្លួន វេទនានេះ នឹងមិនប្រព្រឹត្តទៅ ដើម្បីអាពាធឡើយ បុគ្គលគប្បីបាន (នូវអំណាច) ក្នុងវេទនាថា វេទនារបស់អាត្មាអញ ចូរជាយ៉ាងនេះចុះ វេទនារបស់អាត្មាអញ កុំទៅជាយ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ វេទនា មិនមែនជារបស់ខ្លួន ព្រោះហេតុណា ព្រោះហេតុនោះ បានជាវេទនា ចេះតែប្រព្រឹត្តទៅ ដើម្បីអាពាធ បុគ្គល មិនបាន (នូវអំណាច) ក្នុងវេទនាថា វេទនារបស់អាត្មាអញ ចូរជាយ៉ាងនេះចុះ វេទនារបស់អាត្មាអញ កុំទៅជាយ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ សញ្ញា មិនមែនជារបស់ខ្លួនទេ។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនមែនជារបស់ខ្លួនទេ។ ម្នាលភិក្ខុទាំងឡាយ បើសង្ខារនេះ ជារបស់ខ្លួន សង្ខារនេះ នឹងមិនប្រព្រឹត្តទៅ ដើម្បីអាពាធឡើយ បុគ្គលគប្បីបាន (នូវអំណាច) ក្នុងសង្ខារទាំងឡាយថា សង្ខារទាំងឡាយ របស់អាត្មាអញ ចូរជាយ៉ាងនេះចុះ សង្ខារទាំងឡាយ របស់អាត្មាអញ កុំទៅជាយ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនមែនជារបស់ខ្លួន ព្រោះហេតុណា ព្រោះហេតុនោះ បានជាសង្ខារទាំងឡាយ ចេះតែប្រព្រឹត្តទៅ ដើម្បីអាពាធ បុគ្គលមិនបាន (នូវអំណាច) ក្នុងសង្ខារទាំងឡាយថា សង្ខារទាំងឡាយ របស់អាត្មាអញ ចូរជាយ៉ាងនេះចុះ សង្ខារទាំងឡាយ របស់អាត្មាអញ កុំទៅជាយ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណ មិនមែនជារបស់ខ្លួនទេ។ ម្នាលភិក្ខុទាំងឡាយ បើវិញ្ញាណនេះ ជារបស់ខ្លួន វិញ្ញាណនេះ នឹងមិនប្រព្រឹត្តទៅ ដើម្បីអាពាធឡើយ បុគ្គលគប្បីបាន (នូវអំណាច) ក្នុងវិញ្ញាណថា វិញ្ញាណរបស់អាត្មាអញ ចូរជាយ៉ាងនេះចុះ វិញ្ញាណរបស់អាត្មាអញ កុំទៅជាយ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណ មិនមែនជារបស់ខ្លួន ព្រោះហេតុណា ព្រោះហេតុនោះ បានជាវិញ្ញាណ ចេះតែប្រព្រឹត្តទៅ ដើម្បីអាពាធ បុគ្គលមិនបាន (នូវអំណាច) ក្នុងវិញ្ញាណថា វិញ្ញាណរបស់អាត្មាអញ ចូរជាយ៉ាងនេះចុះ វិញ្ញាណរបស់អាត្មាអញ កុំទៅជាយ៉ាងនេះឡើយ។ [១២៨] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរូបណាមិនទៀង រូបនោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរូបណាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា អ្នកទាំងឡាយ គួរយល់ឃើញនូវរូបនោះថា នុ៎ះរបស់អាត្មាអញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អាត្មាអញដែរឬ។ មិនគួរយល់ឃើញយ៉ាងនុ៎ះទេ ព្រះអង្គ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះវិញ្ញាណណា មិនទៀង វិញ្ញាណនោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះវិញ្ញាណណា ដែលមិនទៀងជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា អ្នកទាំងឡាយ គួរយល់ឃើញ នូវវិញ្ញាណនោះថា នុ៎ះរបស់អាត្មាអញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អាត្មាអញដែរឬ។ មិនគួរយល់ឃើញយ៉ាងនុ៎ះទេ ព្រះអង្គ។ [១២៩] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ រូបណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ឬរូបណា ដែលមានក្នុងទីឆ្ងាយក្តី មានក្នុងទីជិតក្តី រូបទាំងអស់នោះ គ្រាន់តែជារូបប៉ុណ្ណោះ បុគ្គលគួរឃើញនូវរូបនុ៎ះ ដោយបញ្ញាដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អាត្មាអញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អាត្មាអញឡើយ។ វេទនាណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន។បេ។ ឬវេទនាណាមួយ ដែលមានក្នុងទីឆ្ងាយក្តី មានក្នុងទីជិតក្តី វេទនាទាំងអស់នោះ គ្រាន់តែជាវេទនាប៉ុណ្ណោះ បុគ្គលគួរឃើញ នូវវេទនានុ៎ះ ដោយបញ្ញា ដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អាត្មាអញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អាត្មាអញឡើយ។ សញ្ញាណានីមួយ។ សង្ខារទាំងឡាយណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន។បេ។ ដែលមានក្នុងទីឆ្ងាយក្តី មានក្នុងទីជិតក្តី សង្ខារទាំងអស់នោះ គ្រាន់តែជាសង្ខារប៉ុណ្ណោះ បុគ្គលគប្បីឃើញ នូវសង្ខារនុ៎ះ ដោយបញ្ញាដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អាត្មាអញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អាត្មាអញឡើយ។ វិញ្ញាណណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ដែលមានក្នុងទីឆ្ងាយក្តី មានក្នុងទីជិតក្តី វិញ្ញាណទាំងអស់នោះ គ្រាន់តែជាវិញ្ញាណប៉ុណ្ណោះ បុគ្គលគួរឃើញនូវវិញ្ញាណនុ៎ះ ដោយបញ្ញាដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អាត្មាអញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អាត្មាអញឡើយ។ [១៣០] ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កជាអ្នកចេះដឹង កាលបើបានឃើញយ៉ាងនេះ រមែងនឿយណាយ ក្នុងរូបផង នឿយណាយ ក្នុងវេទនាផង នឿយណាយ ក្នុងសញ្ញាផង នឿយណាយ ក្នុងសង្ខារទាំងឡាយផង នឿយណាយ ក្នុងវិញ្ញាណផង កាលបើនឿយណាយ រមែងប្រាសចាកតម្រេក តែងផុតស្រឡះ ព្រោះប្រាសចាកតម្រេក។ កាលបើចិត្តផុតស្រឡះហើយ ប្រាជ្ញា ក៏កើតឡើងថា ចិត្តផុតស្រឡះហើយ។ ព្រះអរិយសាវ័កនោះ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ភាសិតនេះហើយ។ ពួកបញ្ចវគ្គិយភិក្ខុ ក៏ពេញចិត្ត ត្រេកអរចំពោះភាសិត នៃព្រះមានព្រះភាគ។ កាលដែលព្រះមានព្រះភាគ ទ្រង់ត្រាស់វេយ្យាករណ៍នេះហើយ ចិត្តរបស់បញ្ចវគ្គិយភិក្ខុ ក៏ផុតស្រឡះចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់។ អនត្តលក្ខណសូត្រ ទី ៧ បិដកភាគ ៣៣ ទំព័រ ១៥៥ ឃ្នាប ១២៧ ដោយ៥០០០ឆ្នាំ
images/articles/3121/20rrmple_W.jpg
ទោសនិងអានិសង្សរបស់ភោគៈ ៥ យ៉ាង
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣
ភោគសូត្រ ទី៧ [១២៧] ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងភោគៈទាំងឡាយ។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺភោគៈសាធារណៈដល់ភ្លើង ១ ភោគៈសាធារណៈដល់ទឹក ១ ភោគៈសាធារណៈដល់ព្រះរាជា ១ ភោគៈសាធារណៈដល់ចោរ ១ ភោគៈសាធារណៈដល់អ្នកទទួលមត៌ក ដែលមិនជាទីស្រឡាញ់ ១។ ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងភោគៈ។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៥ យ៉ាងនេះ រមែងមានក្នុងភោគៈទាំងឡាយ។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ។ គឺអាស្រ័យភោគៈ ហើយញុំាងខ្លួនឲ្យសុខ ឲ្យឆ្អែត រក្សាខ្លួនឲ្យសុខសប្បាយ ១ ញុំាងមាតា និងបិតាឲ្យសុខ ឲ្យឆ្អែត រក្សាមាតាបិតាឲ្យសុខសប្បាយ ១ ញុំាងកូនប្រពន្ធ ខ្ញុំ និងបុរសជាកម្មករ ឲ្យសុខ ឲ្យឆ្អែត រក្សាកូនប្រពន្ធ ខ្ញុំ និងបុរសជាកម្មករ ឲ្យសុខសប្បាយ ១ ញុំាងមិត្រ និងអាមាត្យឲ្យសុខ ឲ្យឆ្អែត រក្សាមិត្រអាមាត្យឲ្យបានសុខសប្បាយ ១ ដំកល់ទុកនូវទាន មានផលដ៏ខ្ពស់ ក្នុងពួកសមណព្រាហ្មណ៍ ជាទានឲ្យនូវអារម្មណ៍ដ៏ប្រសើរល្អ មានផលជាសុខ ប្រព្រឹត្តទៅ ដើម្បីស្ថានសួគ៌ ១។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៥ យ៉ាងនេះ រមែងមានក្នុងភោគៈទាំងឡាយ។ ភោគសូត្រ ទី ៧ ទោសនិងអានិសង្សរបស់ភោគៈ ៥ យ៉ាង បិដកភាគ ៤៥ ទំព័រ ២៥៩ ឃ្នាប ១២៧ ដោយ​៥០០០​ឆ្នាំ​
images/articles/3075/2ttrook.jpg
អស្សទ្ធសំសន្ទនសូត្រ ទី ៧
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣
អស្សទ្ធសំសន្ទនសូត្រ ទី៧ [៤១] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមិនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនមានសទ្ធា ពួកជនមិនខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្មាសបាប ពួកជនមិនខ្លាចបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្លាចបាប ពួកជនមិនចេះដឹង ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនចេះដឹង ពួកជនខ្ជិលច្រអូស ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនខ្ជិលច្រអូស ពួកជនវង្វេងស្មារតី ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនវង្វេងស្មារតី ពួកជនមិនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនមានបញ្ញា។ (ពួកជនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានសទ្ធា ពួកជនមានចិត្តខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានចិត្តខ្មាសបាប ពួកជនមានសេចក្តីខ្លាចបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានសេចក្តីខ្លាចបាប ពួកជនអ្នកចេះដឹងច្រើន ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនអ្នកចេះដឹងច្រើន ពួកជនប្រារព្ធព្យាយាម ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនប្រារព្ធព្យាយាម ពួកជនមានស្មារតីមាំមួន ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានស្មារតីមាំមួន ពួកជនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា)។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអតីតកាល សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមិនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនមានសទ្ធា ពួកជនមិនខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្មាសបាប ពួកជនមិនខ្លាចបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្លាចបាប ពួកជនមិនចេះដឹង ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនចេះដឹង ពួកជនខ្ជិលច្រអូស ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនខ្ជិលច្រអូស ពួកជនភ្លេចស្មារតី ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនភ្លេចស្មារតី ពួកជនឥតបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនឥតបញ្ញា។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអនាគតកាល សត្វទាំងឡាយ នឹងត្រូវគ្នា នឹងសមគ្នា ដោយធាតុ គឺពួកជនមិនមានសទ្ធា នឹងត្រូវគ្នា នឹងសមគ្នា ជាមួយនឹងពួកជនមិនមានសទ្ធា ពួកជនមិនខ្មាសបាប នឹងត្រូវគ្នា នឹងសមគ្នា ជាមួយនឹងពួកជនមិនខ្មាសបាប ពួកជនមិនខ្លាចបាប ជាមួយនឹងពួកជនមិនខ្លាចបាប… ពួកជនមិនចេះដឹង ជាមួយនឹងពួកជនមិនចេះដឹង… ពួកជនខ្ជិលច្រអូស ជាមួយនឹងពួកជនខ្ជិលច្រអូស… ពួកជនវង្វេងស្មារតី ជាមួយនឹងពួកជនវង្វេងស្មារតី… ពួកជនឥតបញ្ញា នឹងត្រូវគ្នា នឹងសមគ្នា ជាមួយនឹងពួកជនឥតបញ្ញា។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងបច្ចុប្បន្នកាលនេះ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមិនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនមានសទ្ធា ពួកជនមិនខ្មាសបាប ជាមួយនឹងពួកជនមិនខ្មាសបាប។បេ។ ពួកជនមិនខ្លាចបាប ជាមួយនឹងពួកជនមិនខ្លាចបាប… ពួកជនមិនចេះដឹង ជាមួយនឹងពួកជនមិនចេះដឹង ពួកជនខ្ជិលច្រអូស ជាមួយនឹងពួកជនខ្ជិលច្រអូស… ពួកជនវង្វេងស្មារតី ជាមួយនឹងពួកជនវង្វេងស្មារតី… ពួកជនឥតបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនឥតបញ្ញា។ [៤២] ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានសទ្ធា ពួកជនមានចិត្តខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានចិត្តខ្មាសបាប ពួកជនមានសេចក្តីខ្លាចបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានសេចក្តីខ្លាចបាប ពួកជនអ្នកចេះដឹងច្រើន ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនអ្នកចេះដឹងច្រើន ពួកជនប្រារព្ធព្យាយាម ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនប្រារព្ធព្យាយាម ពួកជនមានស្មារតីតម្កល់មាំ ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានស្មារតីតម្កល់មាំ ពួកជនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអតីតកាល។បេ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអនាគតកាល។បេ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងបច្ចុប្បន្នកាលនេះ។បេ។ ត្រូវគ្នា សមគ្នា។ ចប់សូត្រទី៧។ អស្សទ្ធសំសន្ទនសូត្រ ទី ៧ បិដកភាគ ៣២ ទំព័រ ៣៩ ឃ្នាប ៤១ ដោយ៥០០០ឆ្នាំ
images/articles/3194/_______________________________________.jpg
វិបស្សនាកថា
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣
បញ្ញាវគ្គ វិបស្សនាកថា សាវត្ថីបរិបុណ្ណនិទាន ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង កាលពិចារណាឃើញនូវសង្ខារនីមួយ ថាទៀង នឹងប្រកបដោយអនុលោមិកខន្តី ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ភិក្ខុនោះ មិនប្រកបដោយអនុលោ​មិក​ខន្តី នឹងចុះកាន់សម្មត្តនិយាមធម៌ ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ភិក្ខុនោះកាល​មិនចុះកាន់សម្មត្តនិយាមធម៌ នឹងធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឬ​សកទា​គាមិផល ​អនា​គា​មិ​ផល អរហត្តផល ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង កាលពិចារណាឃើញនូវសង្ខារទាំងពួង ថាមិនទៀង នឹងប្រកបដោយអនុលោមិកខន្តី ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ ភិក្ខុនោះប្រកបដោយអនុលោមិកខន្តី នឹងចុះកាន់សម្មត្តនិយាមធម៌ ពាក្យ​ដូច្នេះនុ៎ះ ទើបសមហេតុ ភិក្ខុនោះ កាលចុះកាន់សម្មត្តនិយាមធម៌ នឹងធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល អរហត្តផល ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ។ [២០៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង កាលពិចារណាឃើញនូវសង្ខារនីមួយ ថាជាសុខ នឹងប្រកបដោយអនុលោមិកខន្តី ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ភិក្ខុនោះមិនប្រកបដោយអនុលោមិកខន្តី នឹងចុះកាន់សម្មត្តនិយាមធម៌ ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ភិក្ខុនោះ កាលមិនចុះកាន់សម្មត្តនិយាមធម៌ នឹងធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឬ​សកទា​គាមិ​ផល អនាគាមិផល អរហត្តផល ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ​ឯង កាលពិចារណាឃើញនូវសង្ខារទាំងពួង ថាជាទុក្ខ នឹងប្រកបដោយអនុលោមិកខន្តី ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ ភិក្ខុនោះប្រកបដោយអនុលោមិកខន្តី នឹងចុះកាន់សម្មត្តនិយាម​ធម៌ ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ ភិក្ខុនោះ កាលចុះកាន់សម្មត្តនិយាមធម៌ នឹងធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល អរហត្តផល ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ។ [២០៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង កាលពិចារណាឃើញធម៌នីមួយ ថាជាខ្លួន នឹងប្រកបដោយអនុលោមិកខន្តី ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ភិក្ខុនោះមិន ប្រកបដោយអនុលោមិកខន្តី នឹងចុះកាន់សម្មត្តនិយាមធម៌ ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ភិក្ខុនោះកាលមិនចុះកាន់សម្មត្តនិយាមធម៌ នឹងធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឬ​សកទាគា​មិ​ផល អនាគាមិផល អរហត្តផល ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង កាលពិចារណាឃើញធម៌នីមួយ ថាមិនមែនខ្លួន នឹងប្រកបដោយអនុលោមិកខន្តី ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ ភិក្ខុប្រកបដោយអនុលោមិកខន្តី នឹងចុះកាន់សម្មត្តនិយាមធម៌ ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ ភិក្ខុនោះកាលចុះកាន់សម្មត្តនិយាមធម៌ នឹងធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល អរហត្តផល ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ។ [២០៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង កាលពិចារណាឃើញព្រះនិញ្វនថា ជាទុក្ខ នឹងប្រកបដោយអនុលោមិកខន្តី ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ភិក្ខុនោះមិនប្រកបដោយអនុលោមិកខន្តី នឹងចុះកាន់សម្មត្តនិយាមធម៌ ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ភិក្ខុនោះ កាលមិនចុះកាន់សម្មត្តនិយាមធម៌ នឹងធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឬសកទាគាមិ​ផល អនាគាមិផល អរហត្តផល ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង កាលពិចារណាឃើញព្រះនិញ្វនថាជាសុខ នឹងប្រកបដោយអនុលោមិកខន្តី ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ ភិក្ខុនោះប្រកបដោយអនុលោមិកខន្តី នឹងចុះកាន់សម្មត្តនិយាមធម៌ ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ ភិក្ខុនោះ កាលចុះកាន់សម្មត្តនិយាមធម៌ នឹងធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល អរហត្តផល ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ។ [២០៦] ភិក្ខុបាននូវអនុលោមិកខន្តី ដោយអាការប៉ុន្មាន ចុះកាន់សម្មត្តនិយាមធម៌ ដោយអាការប៉ុន្មាន។ ភិក្ខុបាននូវអនុលោមិកខន្តី ដោយអាការ ៤០ ចុះកាន់សម្មត្តនិយាមធម៌ ក៏ដោយអាការ ៤០ ដែរ។ ភិក្ខុបាននូវអនុលោមិកខន្តី ដោយអាការ ៤០ តើដូចម្តេចខ្លះ ចុះកាន់សម្មត្តនិយាមធម៌ ដោយអាការ ៤០ តើដូចម្តេចខ្លះ។ ភិក្ខុពិចារណាឃើញនូវខន្ធ ៥ ថាមិនទៀង ១ ថាជាទុក្ខ ១ ជារោគ ១ ជាបូស ១ ជាសរ ១ ជារបស់លំបាក ១ ជាអាពាធ ១ ជារបស់ដទៃ ១ ជារបស់វិនាស ១ ជាចង្រៃ ១ ជាឧបទ្រព ១ ជាភ័យ ១ ជាឧបសគ្គ ១ ជាគ្រឿងញាប់ញ័រ ១ ជាគ្រឿងបែកធ្លាយ ១ ថាមិនទៀង ១ ថាមិនមានទីជ្រកកោន ១ ថាមិនមាន​ទីពួន ១ ថាមិនមានទីពឹង ១ ថាជាវាល ១ ថាទទេ ១ ថាសោះសូន្យ ១ ថាមិនមែនខ្លួន ១ ថាជា​ទោស ១ ថាមានសេចក្តីប្រែប្រួលជាធម្មតា ១ ថាគ្មានខ្លឹម ១ ថាជាឫសគល់នៃសេចក្តីលំបាក ១ ថាជាអ្នកសម្លាប់ ១ ថាមិនមានសេចក្តីចម្រើន ១ ថាប្រកបដោយអាសវៈ ១ ថាជារបស់ដែលបច្ច័យប្រជុំតាក់តែង ១ ថាជាអាមិសៈនៃមារ ១ ថាមានការកើតជាធម្មតា ១ មាន​ជរា​ជាធម្មតា ១ មានព្យាធិជាធម្មតា ១ មានមរណៈជាធម្មតា ១ មានសោកជាធម្មតា ១ មានការខ្សឹកខ្សួលជាធម្មតា ១ មានសេចក្តីចង្អៀតចង្អល់ជាធម្មតា ១ មានសេចក្តីសៅហ្មងជាធម្មតា ១ គឺថា កាលពិចារណាឃើញថា ខន្ធ ៥ មិនទៀង រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វនដ៏ទៀង រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញថាខន្ធ ៥ ជាទុក្ខ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានសុខ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញថាខន្ធ ៥ ជារោគ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានរោគ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញថាខន្ធ ៥ ជាបូស រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះ​និញ្វន ​ជាឋានមិនមានបូស រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាសរ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជា​ឋានមិនមានសរ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាខន្ធលំបាក រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានទុក្ខ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញនូវខន្ធ ៥ ថាជាអាពាធ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានអាពាធ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជារបស់ដទៃ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន មិនជាបច្ច័យរបស់អ្នកដទៃ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាវិនាស រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាសភាវៈមិនវិនាស រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាចង្រៃ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានចង្រៃ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាឧបទ្រព រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានឧបទ្រព រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាភ័យ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វនជាឋានមិនមានភ័យ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាឧបសគ្គ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានឧបសគ្គ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាគ្រឿងញាប់ញ័រ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានការញាប់ញ័រ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជារបស់បែកធ្លាយ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានការបែកធ្លាយ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមិនទៀង រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វនជាឋានទៀង រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមិនមានទីជ្រកកោន រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វនជាឋានមានទីជ្រកកោន រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមិនមានទីពួន រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វនជាឋានមានទីពួន រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមិនមានទីពឹង រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមានទីពឹង រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាវាល រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានទីវាល រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជារបស់ទទេ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនទទេ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាសូន្យ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថាការរំលត់ខន្ធ ៥ គឺព្រះនិញ្វនជាឋានសូន្យ (ចាកកិលេស) ដ៏ក្រៃលែង រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមិនមែនខ្លួន រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះ​និញ្វន ជាឋានមានអត្ថដ៏ឧត្តម រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញនូវខន្ធ ៥ ថាជាទោស រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះ​និញ្វន ជាឋានមិនមានទោស រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញ ខន្ធ ៥ ថាមានការប្រែប្រួលជាធម្មតា រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានការប្រែប្រួលជាធម្មតា រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមិនមានខ្លឹម រមែងបាននូវអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមានខ្លឹម រមែងចុះកាន់សម្មត្តនិយាមធម៌ កាល​ពិចារណាឃើញខន្ធ ៥ ថាជាឫសគល់នៃការលំបាក រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺ ព្រះនិញ្វន ជាឋានមិនមានឫសគល់នៃសេចក្តីលំបាក រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាអ្នកសម្លាប់ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វនមិនជាទីសម្លាប់ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាប្រាសចាកសេចក្តីចម្រើន រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន មិនមែនជាទីប្រាសចាកសេចក្តីចម្រើន រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាប្រកបដោយអាសវៈ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វនមិនមានអាសវៈ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាបច្ច័យប្រជុំតាក់តែង រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន មិនមានបច្ច័យប្រជុំតាក់តែង រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាអាមិសៈនៃមារ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វនមិនមានអាមិសៈ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមានការកើតជាធម្មតា រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺ ព្រះនិញ្វន ជាឋានឈប់កើត រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមានជរាជាធម្មតា រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន មិនមានជរា រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមានព្យាធិជាធម្មតា រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន មិនមានព្យាធិជាធម្មតា រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមានសេចក្តីស្លាប់ជាធម្មតា រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិន ស្លាប់ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមានសេចក្តីសោកជាធម្មតា រមែងបានអនុលោ​មិក​ខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន មិនមានសេចក្តីសោក រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមានសេចក្តីខ្សឹកខ្សួលជាធម្មតា រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន មិនមានសេចក្តីខ្សឹកខ្សួល រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមានសេចក្តី​ចង្អៀតចង្អល់ជាធម្មតា រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន មិនមានសេចក្តីចង្អៀតចង្អល់ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមានសេចក្តីសៅហ្មងជាធម្មតា រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន មិនមានសេចក្តីសៅហ្មង រមែងចុះកាន់សម្មត្តនិយាមធម៌។ [២០៧] ពាក្យថាមិនទៀង បានដល់អនិច្ចានុបស្សនា។ ពាក្យថាទុក្ខ បានដល់ទុក្ខា​នុប​ស្សនា​។ ពាក្យថារោគ បានដល់ទុក្ខានុបស្សនា។ ពាក្យថាបូស បានដល់ទុក្ខានុបស្សនា។ ពាក្យ​ថា​សរ បានដល់ទុក្ខានុបស្សនា។ ពាក្យថាលំបាក បានដល់ទុក្ខានុបស្សនា។ ពាក្យថាអាពាធ បានដល់​ទុក្ខានុបស្សនា។ ពាក្យថាជារបស់អ្នកដទៃ បានដល់អនត្តានុបស្សនា។ ពាក្យថាវិនាស បានដល់អនត្តានុបស្សនា។ ពាក្យថាចង្រៃ បានដល់ទុក្ខានុបស្សនា។ ពាក្យថាឧបទ្រព​ បានដល់ទុក្ខានុបស្សនា។ ពាក្យថាភ័យ បានដល់ទុក្ខានុបស្សនា។ ពាក្យថាឧបសគ្គ បានដល់ទុក្ខានុបស្សនា។ ពាក្យថាញាប់ញ័រ បានដល់អនិច្ចានុបស្សនា។ ពាក្យថាបែកធ្លាយ បានដល់អនិច្ចានុបស្សនា។ ពាក្យថាមិនទៀង បានដល់អនិច្ចានុបស្សនា។ ពាក្យថាមិនមានទីជ្រកកោន បានដល់ទុក្ខានុបស្សនា។ ពាក្យថាមិនមានទីពួន បានដល់ទុក្ខានុបស្សនា​។ ពាក្យថាមិនមានទីពឹង បានដល់ទុក្ខានុបស្សនា។ ពាក្យថាទីវាល បានដល់ទុក្ខានុបស្សនា ។ ពាក្យថាទទេ បានដល់អនត្តានុបស្សនា។ ពាក្យថាសោះសូន្យ បានដល់អនត្តានុបស្សនា។ ពាក្យថាមិនមែនខ្លួន បានដល់អនត្តានុបស្សនា។ ពាក្យថាទោស បានដល់ទុក្ខានុបស្សនា។ ពាក្យថាមានការប្រែប្រួលជាធម្មតា បានដល់អនិច្ចានុបស្សនា។ ពាក្យថាមិនមានខ្លឹម បានដល់អនត្តានុបស្សនា។ ពាក្យថាមានការលំបាកជាឫសគល់ បានដល់ទុក្ខានុបស្សនា។ ពាក្យថាជាអ្នកសម្លាប់ បានដល់ទុក្ខានុបស្សនា។ ពាក្យថាប្រាសចាកសេចក្តីចម្រើន បានដល់អនិច្ចានុបស្សនា។ ពាក្យថាប្រកបដោយអាសវៈ បានដល់ទុក្ខានុបស្សនា។ ពាក្យថាមានបច្ច័យប្រជុំតាក់តែង បានដល់អនិច្ចានុបស្សនា។ ពាក្យថាជាអាមិសៈនៃមារ បានដល់ទុក្ខា​នុបស្សនា។ ពាក្យថាមានការកើតជាធម្មតា បានដល់ទុក្ខានុបស្សនា។ ពាក្យថាមានជរាជាធម្មតា បានដល់ទុក្ខានុបស្សនា។ ពាក្យថាមានព្យាធិជាធម្មតា បានដល់ទុក្ខានុបស្សនា។ ពាក្យថា​មានសេចក្តីស្លាប់ជាធម្មតា បានដល់អនិច្ចានុបស្សនា។ ពាក្យថាមានសោកជាធម្មតា បានដល់ទុក្ខានុបស្សនា។ ពាក្យថាមានសេចក្តីខ្សឹកខ្សួលជាធម្មតា បានដល់ទុក្ខា​នុបស្សនា​។ ពាក្យថាមានសេចក្តីចង្អៀតចង្អល់ជាធម្មតា បានដល់ទុក្ខានុបស្សនា។ ពាក្យថា មានសេចក្តីសៅហ្មងជាធម្មតា បានដល់ទុក្ខានុបស្សនា។ ភិក្ខុបានអនុលោមិកខន្តី ដោយអាការ ៤០ នេះ ចុះកាន់សម្មត្តនិយាមធម៌ ដោយអាការ ៤០ នេះ។ កាលភិក្ខុបានអនុលោមិកខន្តី ដោយអាការ ៤០ នេះ ចុះកាន់សម្មត្តនិយាមធម៌ ដោយអាការ ៤០ នេះ តើអនិច្ចានុបស្សនា មានប៉ុន្មាន ទុក្ខានុបស្សនា មានប៉ុន្មាន អនត្តានុបស្សនា មានប៉ុន្មាន។ អនត្តានុបស្សនា មាន ២៥ អនិច្ចានុបស្សនា មាន ៥០ វិបស្សនាទាំងឡាយណា ដែលព្រះមានព្រះភាគសំដែងចំពោះទុក្ខានុបស្សនា វិបស្សនានោះ មាន ១២៥។ ចប់ វិបស្សនាកថា។ ខុទ្ទកនិកាយ បដិសម្ភិទាមគ្គ តតិយភាគ (ព្រះត្រៃបិដក ភាគទី៧១) ដោយ៥០០០ឆ្នាំ
images/articles/3196/____________________________________.jpg
ជតុ​កណ្ណិ​កត្ថេ​រាប​ទាន
ផ្សាយ : ២៨ មករា ឆ្នាំ២០២៣
កាលនោះ ខ្ញុំ​កើតជា​សេដ្ឋី​បុត្រ នៅក្នុង​នគរ​ហង្ស​វតី ជា​អ្នក​ឆ្អែត​ស្កប់ស្កល់​ដោយ​កាមគុណ​ទាំងឡាយ ញុំាង​គេ​ឲ្យ​ចោមរោម។ កាលនោះ ខ្ញុំ​ឡើង​កាន់​ប្រាសាទ​ទាំង ៣ ប្រើប្រាស់​ភោគៈ​ច្រើន ញុំាង​គេ​ឲ្យ​ចោមរោម​ដោយ​ការ​រាំច្រៀង ក្នុង​ប្រាសាទ​នោះ។ តូ​រ្យ​តន្រ្តី​ប្រកបដោយ​ការ​ប្រគំ​ដ៏​ពីរោះ ដែលគេ​នាំមក​ដើម្បី​ខ្ញុំ ពួក​ស្រី​ទាំងអស់ កាល​ត្រេកអរ រមែង​ដឹកនាំ​នូវ​ចិត្ត​ខ្ញុំ។ ពួក​ស្រី​កំពុង​ពេញ​ល្បែង ពួក​ស្រី​តឿ ពួក​ស្រី​ពេញ​រូបរាង ពួក​ស្រី​ចំទង់ ពួក​ស្រី​ឡើង​រ៉ាវ និង​ពួក​ស្រី​ត្លុក តែង​ចោមរោម​ខ្ញុំ​សព្វៗ កាល។ ពួក​អ្នក​ប្រគំ ពួក​អ្ន​កដំ​ស្គ ពួក​អ្នករបាំ ជាច្រើន​គ្នា ពួក​របាំ​ប្រុសស្រី តែង​ចោមរោម​ខ្ញុំ​សព្វៗ កាល។ ពួក​ជាង​កំណោរ ពួក​អ្នក​ផ្ងូត​ទឹក ពួក​អ្នក​ដាំ​ស្ល ពួក​អ្នកធ្វើ​ផ្កាកម្រង ពួក​សុ​បាសក​ជន ពួក​អ្នកប្រដាល់ ពួក​អ្នក​ចំបាប់​ទាំងអស់​នោះ តែង​ចោមរោម​ខ្ញុំ​សព្វៗ កាល។ កាល​ពួក​ជន​ទាំង​នុ៎ះ កំពុង​លេង​ក្នុង​ការ​បាញ់​ធ្នូ​ដែល​សិក្សា​ស្ទាត់​ហើយ ខ្ញុំ​ឥត​ស្គាល់​យប់ និង​ថ្ងៃ​ឡើយ ដូចជា​ព្រះ​ឥន្រ្ទ​ឋិតនៅ​ក្នុង​តាវត្តិង្ស​បុរី។ ពួក​អ្នកដើរ​ផ្លូវ ពួក​អ្នក​កំព្រា ពួក​យាចក ពួក​អ្នកដើរ​ជាច្រើន​គ្នា អ្នក​ទាំងអស់​នោះ តែង​ចូល​ទៅ​សុំទាន​ក្នុង​ផ្ទះ​ខ្ញុំ​ជានិច្ច។ ពួក​សមណៈ និង​ព្រាហ្មណ៍​ជា​បុញ្ញក្ខេត្ត​ដ៏​ប្រសើរ ញុំាង​បុណ្យ​ឲ្យ​ចម្រើន​ដល់​ខ្ញុំ តែង​មកកាន់​ផ្ទះ​ខ្ញុំ។ ពួក​និគ្រន្ថ​ទាំងអស់​នោះ គឺ​ពួក​បដកៈ លដុកៈ បុប្ផ​សា​ដកៈ ទណ្ឌិ​កៈ ឯកសិ​ខៈ តែង​មកកាន់​ផ្ទះ​ខ្ញុំ។ ពួក​អ្នក​ប្រព្រឹត្ត​ចិញ្ចឹមជីវិត​ដោយ​ប្រពៃ ពួក​អ្នក​ប្លន់​ដណ្តើម​ទ្រព្យ​គេ ពួក​អ្នក​ប្រព្រឹត្ត​ធម៌​ដូច​គោ ពួក​អ្នក​ប្រព្រឹត្ត​ធម៌​ដូច​ទេវតា ពួក​អ្នក​ទ្រទ្រង់​ល្អងធូលី​ទាំង​នុ៎ះ តែង​មកកាន់​ផ្ទះ​ខ្ញុំ។ ពួក​អ្នក​ប្រព្រឹត្ត​ធម៌ ពួក​អ្នក​ដល់​នូវ​ការសម្រេច​ហេ​តុ​ផ្សេងៗ ពួក​អ្នក​ប្រជុំ​គ្នា​រម្ងាប់​ការ​ក្រោធ ពួក​អ្នកមាន​តបៈ និង​ពួក​អ្នក​ប្រព្រឹត្ត​នៅក្នុង​ព្រៃ​ជាច្រើន តែង​មកកាន់​ផ្ទះ​ខ្ញុំ។ ពួក​ជន​ខ្វាក់ ពួក​ទមិឡ ពួក​អ្នក​ដែន​សា​កុ​ឡៈ ពួក​អ្នក​ដែន​មល​យាល​កៈ ពួក​អ្នក​ដែន​សវ​រៈ និង​ពួក​អ្នក​ដែន​យោន​កៈ តែង​មកកាន់​ផ្ទះ​ខ្ញុំ។ ពួក​អ្នក​ដែន​គន្ធ​កៈ ពួក​អ្នក​ដែន​មុ​ណ្ឌ​កៈ ពួក​អ្នក​ដែ​នកុ​ដ្ឋ​លៈ ពួក​អ្នក​ដែន​សានុ​វិន្ទ​កៈ ពួក​អ្នក​ដែន​អា​រាព និង​ពួក​អ្នក​ដែន​ចិន តែង​មកកាន់​ផ្ទះ​ខ្ញុំ។ ពួក​អ្នក​អាស្រ័យ​នៅ​ភ្នំ​អលស​ន្ទ​កៈ ពួក​អ្នក​អាស្រ័យ​នៅ​ភ្នំ​បល្ល​វៈ ពួក​អ្នក​ឡើង​កំពូលភ្នំ និង​ពួក​ចេត​បុត្ត អ្នក​នៅ​ក្រៅ​ដែន តែង​មកកាន់​ផ្ទះ​ខ្ញុំ។ ពួក​ជន​អ្នក​នៅក្នុង​ដែន​មធុរៈ ពួក​ជន​អ្នក​នៅក្នុង​ដែន​កោសល ពួក​ជន​អ្នក​នៅក្នុង​ដែន​កាសី ពួក​ជន​អ្នក​នៅក្នុង​ដែន​ហត្ថិ​បុរី ពួក​ជន​អ្នក​នៅក្នុង​ដែន​ឥសិ​ន្ទៈ និង​ពួក​ជន​អ្នក​នៅក្នុង​ដែន​មក្ក​លៈ តែង​មកកាន់​ផ្ទះ​ខ្ញុំ។ ពួក​ជន​អ្នក​នៅក្នុង​ដែន​ចេ​លាវ​កៈ ពួក​ជន​អ្នក​នៅក្នុង​ដែន​អា​រម្ពៈ ពួក​ជន​អ្នក​នៅក្នុង​ដែន​ឱភា​សៈ ពួក​ជន​អ្នក​នៅក្នុង​ដែន​មេឃ​លៈ ពួក​ជន​អ្នក​នៅក្នុង​ដែន​ខុទ្ទកៈ និង​ពួក​ជន​អ្នក​នៅក្នុង​ដែន​សុទ្ទ​កៈ​ជាច្រើន តែង​មកកាន់​ផ្ទះ​ខ្ញុំ។ ពួក​ជន​អ្នក​នៅក្នុង​ដែន​រោ​ហកៈ ពួក​ជន​អ្នក​នៅក្នុង​ដែន​សិន្ទវៈ ពួក​ជន​អ្នក​នៅក្នុង​ដែន​ចិត្ត​កៈ ពួក​ជន​អ្នក​នៅក្នុង​ដែន​ឯក​កណ្ណិ​កៈ ពួក​ជន​អ្នក​នៅក្នុង​ដែន​សុ​រដ្ឋៈ និង​ពួក​ជន​អ្នក​នៅក្នុង​ដែន​អបរ​ន្តៈ តែង​មកកាន់​ផ្ទះ​ខ្ញុំ។ ពួក​កុមារ​នៅក្នុង​ដែន​សុ​បារ​កៈ នៅក្នុង​ដែន​មលយៈ នៅក្នុង​សោ​ណភូមិ នៅក្នុង​ដែន​វិជ្ជ​ហារ ពួក​ជន​ទាំងអស់​នោះ តែង​មកកាន់​ផ្ទះ​ខ្ញុំ។ ពួក​ជាង​ផ្កាកម្រង ពួក​ជាងតម្បាញ ពួក​ជាង​ធ្វើ​ស្បែក ពួក​ជាង​ចាំងឈើ ពួក​អ្នកធ្វើការ​ងារ និង​ពួក​ស្មូនឆ្នាំង តែង​មកកាន់​ផ្ទះ​ខ្ញុំ។ ពួក​ជាង​កែវមណី ពួក​ជាង​លោហៈ ពួក​ជាងមាស ពួក​ជាង​ត្បាញសំពត់ និង​ពួក​ជាង​សំណ ទាំងអស់​នោះ តែង​មកកាន់​ផ្ទះ​ខ្ញុំ។ ពួក​ជាង​កូនសរ ពួក​ជាងក្រឡឹង ពួក​ជាងតម្បាញ ពួក​អ្នកធ្វើ​ទឹកអប់ ពួក​ជាង​ជ្រលក់ និង​ពួក​ជាង​ជុល តែង​មកកាន់​ផ្ទះ​ខ្ញុំ។ ពួក​អ្នក​ស្ល​ប្រេង ពួក​អ្នកនាំ​ឧស ពួក​អ្នក​ដងទឹក ពួក​អ្នក​ចិញ្រ្ចាំ​សាច់ ពួក​អ្នក​ដាំ​ស្ល និង​ពួក​អ្នក​ឈ្លាសវៃ​ក្នុង​សំឡេង តែង​មកកាន់​ផ្ទះ​ខ្ញុំ។ ពួក​អ្នកចាំ​ទ្វារ ពួក​អ្នករក្សា​អង្គ ពួក​អ្នក​ក្រងផ្កា ពួក​អ្នក​ចាក់ចោល​ផ្កា ពួក​អ្នក​ជិះដំរី និង​ពួក​គង្វាលដំរី តែង​មកកាន់​ផ្ទះ​ខ្ញុំ។ ខ្ញុំ​បាន​ឲ្យ​សាមគ្គី ដល់​ស្តេច​ឈ្មោះ​អា​នន្ទៈ ខ្ញុំ​បំពេញ​សេចក្តី​ខ្វះខាត​ដោយ​រតនៈ​មាន​ពណ៌ ៧។ ពួក​ជន​ជាច្រើន​ទាំងអស់​ណា មាន​វណ្ណៈ​ផ្សេងៗគ្នា ដែល​ខ្ញុំ​បាន​ពណ៌នា​រួចហើយ ខ្ញុំ​ដឹងចិត្ត​នៃ​ជន​នោះ ហើយ​ឲ្យ​ឆ្អែត​ស្កប់ស្កល់​ដោយ​រតនវត្ថុ។ កាលបើ​គេ​និយាយ​ពាក្យពីរោះ កាលបើ​គេ​ទួងស្គរ​ឡើង កាលបើ​គេ​ផ្លុំស័ង្ខ​ឡើង ខ្ញុំ​ត្រេកអរ​តែ​ក្នុង​ផ្ទះ​របស់​ខ្លួន។ សម័យ​នោះ ព្រះមានព្រះភាគ ព្រះ​នាម​បទុមុ​ត្ត​រៈ ព្រមទាំង​ព្រះ​ខីណាស្រព​មួយ​សែន​អង្គ កើតមានឡើង​ហើយ។ ព្រះសម្ពុទ្ធ​មាន​ចក្ខុ ព្រមដោយ​ភិក្ខុ​ទាំងឡាយ ទ្រង់​ស្តេច​ទៅតាម​ថ្នល់ រុងរឿង​ដូចជា​ដើម​ទីប​ព្រឹក្ស ដែ​លញុំាង​ទិស​ទាំងពួង​ឲ្យ​ភ្លឺ។ កាលបើ​ព្រះ​លោកនាយក​ស្តេច​យាង​ទៅ ស្គរ​ទាំងពួង ក៏​លាន់ឮ​ឡើង រស្មី​របស់​ព្រះពុទ្ធ​ក៏​ផ្សាយ​ចេញទៅ ហាក់ដូច​ព្រះអាទិត្យ​ទើបនឹង​រះ។ ខណៈនោះ ពន្លឺ​ដ៏​ធំ​ទូលាយ ចាំង​ចូល​ទៅ​ក្នុង​ផ្ទះ​ទាំងឡាយ ដោយ​រស្មីផ្សាយ​ចូល​ទៅតាម​ចន្លោះ​សន្ទះទ្វារ។ ខ្ញុំ​បានឃើញ​រស្មី​របស់​ព្រះពុទ្ធ​ហើយ បាន​ប្រាប់​បរិស័ទ​ខ្ញុំ​ថា ព្រះពុទ្ធ​ដ៏​ប្រសើរ ស្តេច​យាង​មក​តាម​ថ្នល់​នេះ​ដោយ​ឥត​សង្ស័យ។ ខ្ញុំ​បាន​ចុះ​អំពី​ប្រាសាទ​ដោយ​រហ័ស ទៅ​រង់ចាំ​ពាក់កណ្តាល​ផ្លូវ ថ្វាយបង្គំ​ព្រះសម្ពុទ្ធ ហើយ​ក្រាបបង្គំទូល​ថា សូម​ព្រះពុទ្ធ ព្រះ​នាម​បទុមុ​ត្ត​រៈ អនុគ្រោះ​ដល់​ខ្ញុំ​ព្រះអង្គ។ ព្រះពុទ្ធ​ជា​អ្នកប្រាជ្ញ​អង្គ​នោះ ទ្រង់​ទទួល​និមន្ត មួយអន្លើដោយ​ពួក​ភិក្ខុ​មួយ​សែន​អង្គ។ លុះ​ខ្ញុំ​និមន្ត​ព្រះសម្ពុទ្ធ​រួចហើយ នាំ​ព្រះអង្គ​ទៅ​ឯផ្ទះ​របស់ខ្ញុំ ញុំាង​ព្រះ​មហាមុនី​ឲ្យ​ឆ្អែត​ស្កប់ស្កល់​ដោយ​បាយ និង​ទឹក ក្នុង​ផ្ទះ​នោះ។ ខ្ញុំ​បានដឹង​កាល​ដ៏​គួរ​នៃ​ព្រះពុទ្ធ​ដ៏​ប្រសើរ ជាតា​ទិ​បុគ្គល ទ្រង់​ឆាន់​រួចហើយ ក៏​បម្រើ​ព្រះពុទ្ធ​ដ៏​ប្រសើរ​ដោ​យតូរ្យ​តន្រ្តី ព្រមទាំង​ចម្រៀង។ ព្រះសម្ពុទ្ធ ទ្រង់ព្រះ​នាម​បទុមុ​ត្ត​រៈ ព្រះអង្គ​ជ្រាប​ច្បាស់​នូវ​លោក គួរ​ទទួល​គ្រឿងបូជា ទ្រង់​គង់នៅ​ខាងក្នុង​ផ្ទះ ហើយ​ត្រាស់​គាថា​ទាំងនេះ​ថាបុគ្គល​ណា បាន​បម្រើ​តថាគត​ដោ​យតូរ្យ​តន្រ្តី​ផង បាន​ថ្វាយ​បាយ និង​ទឹក​ផង ដល់​តថាគត តថាគត​នឹង​សរសើរ​បុគ្គល​នោះ អ្នក​ទាំងឡាយ​ចូរ​ស្តាប់ តថាគត​នឹង​សម្តែង​ដូចតទៅ​នេះ នរៈ​នេះ នឹង​មាន​គ្រឿង​បរិភោគ​ច្រើន ព្រមទាំង​មាសប្រាក់ ភោជន និង​បាន​សោយ​ឯករាជ្យ​ក្នុង​ទ្វីប ៤។ នរៈ​នេះ នឹង​សមាទានសីល ៥ ត្រេកអរ​ក្នុង​កុសលកម្មបថ ១០ ប្រព្រឹត្ត​សមាទាន​កុសលធម៌ ហើយ​នឹង​ញុំាង​បរិស័ទ​ឲ្យ​សិក្សា។ តូ​រ្យ​តន្រ្តី​មួយ​សែន និង​ពួក​នារី​មានខ្លួន​ប្រដាប់​ប្រពៃ តែង​គាល់​បម្រើ​នរៈ​នេះ​ជានិច្ច នេះ​ជា​ផល​នៃ​ការបម្រើ។ នរៈ​នេះ នឹង​ត្រេកអរ​ក្នុង​ទេវលោក អស់ ៣០ ពាន់​កប្ប បាន​ជា​ព្រះ​ឥន្រ្ទ​សោយរាជ្យ​ជា​ស្តេច​ទេវតា អស់ ៦៤ ដង។ នឹង​បាន​ជា​ស្តេច​ចក្រពត្តិ អស់ ៧៤ ដង បាន​សោយ​ប្រទេស​រាជ្យ​ដ៏​ធំ​ទូលាយ រាប់​បាន​មួយ​អសង្ខេយ្យ​កប្ប។ កន្លងទៅ​មួយ​សែន​កប្ប នឹង​មាន​ព្រះ​សាស្តា ព្រះនាម​គោតម កើត​ក្នុង​ត្រកូល​ព្រះបាទ​ឱក្កា​ករាជ្យ ត្រាស់​ដឹង​ក្នុង​លោក។ នរៈ​នេះ បើ​ចូល​ទៅកាន់​កំណើត​ណា ទោះជា​ទេវតា ឬជា​មនុស្ស នឹងជា​អ្នកមាន​ភោគៈ​មិន​ខ្វះខាត ក្នុង​បច្ឆិមជាតិ នឹង​បាន​នូវ​ភាពជា​មនុស្ស។ ក្នុង​កាលនោះ នរៈ​នេះ ជា​អ្នក​ស្វាធ្យាយមន្ត ដល់​នូវ​ត្រើយ​នៃ​វេទ​ទាំង ៣ កាល​ស្វែងរក​ប្រយោជន៍​ដ៏​ឧត្តម នឹង​ត្រាច់​ទៅតាម​ផែនដី។ នរៈ​នោះ លុះ​កាល​ជា​ខាងក្រោយ ក៏​ចេញ​បួស ត្រូវ​កុសល​មូល​ដាស់តឿន នឹង​តេ្រ​កអរ​ក្នុង​សាសនា​នៃ​ព្រះមានព្រះភាគ ព្រះនាម​គោតម។ នរៈ​នេះ នឹង​ញុំាង​ព្រះសម្ពុទ្ធ ព្រះនាម​គោតម ជាស​ក្យៈ​ដ៏​ប្រសើរ ឲ្យ​ប្រោសប្រាណ នឹង​ដុត​កំ​ដៅ​នូវ​កិលេស​ទាំងឡាយ ហើយ​បាន​ជា​ព្រះអរហន្ត។ ថ្ងៃនេះ ខ្ញុំ​នៅក្នុង​សាសនា​នៃ​ព្រះពុទ្ធ​ជា​សក្យ​បុត្រ ខ្ញុំ​ឥត​ភ័យ ដូចជា​ស្តេចខ្លា​ធំ ឬដូច​ជា​កេសរ​រាជសីហ៍ ជា​ស្តេចម្រឹគ​នៅក្នុង​ព្រៃ។ ខ្ញុំ​មិនដែល​ឃើញ​នូវ​កំណើត​របស់ខ្ញុំ​ក្នុង​ទេវលោក​កំសត់ ឬក្នុង​កំណើត​មនុស្ស​កំសត់ ឬក៏​ក្នុង​ទុគ្គតិ​ឡើយ នេះ​ជា​ផល​នៃ​ការបម្រើ។ ខ្ញុំ​ជា​អ្នក​ប្រកប​ក្នុង​វិវេក ជា​អ្នកមាន​ចិត្តស្ងប់ មិន​មាន​ឧបធិ មិន​មាន​អាសវៈ ដូចជា​ដំរី​ដ៏​ប្រសើរ កាត់​ផ្តាច់​នូវ​ទន្លីង។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងពួង ខ្ញុំ​បាន​ដក​ចោល​ហើយ ខ្ញុំ​ជា​អ្នក​មិន​មាន​អាសវៈ ដូចជា​ដំរី​ដ៏​ប្រសើរ កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ដំណើរ​ដែល​ខ្ញុំ​មក​ក្នុង​សំណាក់​ព្រះពុទ្ធ​របស់ខ្ញុំ ល្អ​ណាស់​ហ្ន៎ វិ​ជា្ជ ៣ ខ្ញុំ​បាន​ដល់ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។ បានឮ​ថា ព្រះ​ជតុ​កណ្ណិ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។ ចប់ ជតុ​កណ្ណិ​កត្ថេ​រាប​ទាន។ បិដក ភាគ ៧៤ - ទំព័រទី ២៦០ ជតុ​កណ្ណិ​កត្ថេ​រាប​ទាន ទី៩ ដោយ៥០០០ឆ្នាំ
images/articles/3205/________________________.jpg
ផលនៃការសមាទានឧបេាសថកន្លះថ្ងៃ
ផ្សាយ : ២៨ មករា ឆ្នាំ២០២៣
ព្រះសាស្តាកាលស្តេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធឧបេាសថកម្ម បានត្រាស់ព្រះធម្មទេសនា​នេះ មានពាក្យថា កឹឆន្ទេា កិមធិប្បាយេា ដូច្នេះជាដេីម ។ ថ្ងៃមួយ ព្រះសាស្តាត្រាស់សួរឧបាសក ឧបាសិកាទាំងឡាយជាច្រេីន ដែលជាអ្នករក្សាឧបេាសថ មកដេីម្បីស្តាប់ធម៌ អង្គុយក្នុងធម្មសភាថា ម្នាលឧបាសក ឧបាសិកាទាំងឡាយ អ្នកទាំងឡាយជាអ្នកប្រកប​ដេាយឧបេាសថឬ ? កាលឧបាសក ឧបាសិកាទាំងឡាយទូលថាពិតមែនហេីយ ព្រះអង្គ ។ ព្រះ​មានព្រះភាគត្រាស់ថា ឧបេាសថដែលអ្នកទាំងឡាយបានធ្វេីដេាយរក្សានេះ ល្អប្រពៃ​ហេីយ​ សូម្បីបេារាណជនទាំងឡាយបានទទួលយសដ៏ធំ ក៏ដេាយផលនៃឧបេាសថកម្មកន្លះថ្ងៃដែរ ។ កាលឧបាសក ឧបាសិកាទាំងឡាយ ទូលសូមអារាធនាហេីយ ព្រះសាស្តានាំអតីតនិទាន​មកថា៖ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសេាយរាជសម្បតិ្ត ដេាយធម៌ ក្នុងនគរពារាណសី ព្រះរាជានេាះមានសទ្ធា ជាអ្នកមិនប្រមាទក្នុងទាន សីល និងឧបេាសថកម្ម ។ ព្រះ​រាជា ញ៉ាំងជនដ៏សេសមានអាមាត្យទាំងឡាយជាដេីម ឲ្យសមាទាននូវកុសលមានទានជាដេីម ។ ចំណែកបុរេាហិតរបស់ព្រះអង្គ ជាអ្នកប្រព្រឹត្តសុីសាច់ខ្នងរបស់អ្នកដទៃ ជាអ្នកសុីសំណូក ជាអ្នកវិនិច្ឆ័យក្តីកេាង ។ ក្នុងថ្ងៃឧបេាសថមួយ ព្រះរាជាត្រាស់ឲ្យហៅអាមាត្យទាំង​ឡាយ​មក ហេីយទ្រង់ត្រាស់ថា អ្នកទាំងឡាយចូររក្សាឧបេាសថ ។ បុរេាហិតនេាះមិនបានសមាទានឧបេាសថឡេីយ ។ គ្រានេាះ កាលព្រះរាជាកំពុងសួរពួកអាមាត្យថា អ្នកទាំងឡាយរក្សាឧបេាសថហេីយឬ ? ទេីបត្រាស់សួរបុរេាហិតនេាះដែលទទួលសំណូក និងកាត់ក្តីកេាងក្នុងពេលថ្ងៃ ដែលមកកាន់ទីគាល់ថា លេាកអាចារ្យរក្សាឧបេាសថហេីយឬ ។ បុរេាហិត​នេាះធ្វេីមុសាវាទថា ទូលព្រះបង្គំរក្សាហេីយ រួចទេីបចុះពីប្រាសាទ ។ លំដាប់នេាះ អាមាត្យម្នាក់ចេាទបុរេាហិតនេាះថា លេាកមិនបានរក្សាឧបេាសថមិនមែនឬ ។ បុរេាហិតនិយាយកែថា ខ្ញុំបរិភេាគអាហារតែក្នុងកាលប៉ុណ្ណេាះ ពេលទៅដល់ផ្ទះ ខ្ពុរមាត់ហេីយ អធិដ្ឋានឧបេាសថ ខ្ញុំនឹងមិនបរិភេាគអាហារក្នុងល្ងាចទេ នឹងរក្សាសីលអស់រាត្រី ដេាយអាការយ៉ាងនេះ ឧបេាសថកម្មកន្លះថ្ងៃនឹងមានដល់ខ្ញុំ ។ អាមាត្យម្នាក់នេាះពេាលថា ល្អគ្រាន់ លេាកអាចារ្យ ។ បុរេាហិតនេាះទៅដល់ផ្ទះហេីយ ក៏បានធ្វេីយ៉ាងនេាះ ។ ថ្ងៃមួយ កាលបុរេាហិតនេាះ អង្គុយវិនិច្ឆ័យក្តីក្នុងសាលាវិនិច្ឆ័យ មានស្ត្រីអ្នកមានសីលម្នាក់មកស្តាប់ការកាត់ក្តី នាងមិនបានឱកាសដេីម្បីនឹងទៅផ្ទះ ទេីបគិតថា យេីងនឹងមិនកន្លងនូវឧបេាសថកម្មឡេីយ ដូច្នេះ​ហេីយ កាលដែលវេលាចូលទៅកាន់ទីជិតផុតហេីយ ក៏ប្រារព្ធដេីម្បីនឹងខ្ពុរមាត់ ។ ក្នុងខណៈនេាះ មានគេនាំចំណិតស្វាយទុំមកឲ្យព្រាហ្មណ៍បុរេាហិត ។ បុរេាហិតនេាះដឹងភាពជាអ្នករក្សាឧបេាសថរបស់ស្ត្រីនេាះ ក៏ឲ្យដល់នាង ដេាយពេាលថា នាងចូរបរិភេាគចំណិតស្វាយទុំនេះហេីយ ចូររក្សាឧបេាសថចុះ ។ ស្ត្រីនេាះក៏បានធ្វេីយ៉ាងនេាះ ។ កុសលកម្មរបស់ព្រាហ្មណ៍បុរេាហិតមានត្រឹមតែប៉ុណ្ណឹងឯង ។ ចំណេរកាលតមក បុរេាហិតនេាះធ្វេីកាលកិរិយា បានទៅកេីតលេីអលង្កតសិរិសយនៈក្នុងវិមានមាស លេីភូមិភាគដែលដល់ព្រមដេាយសេាភ័ណភាព ក្នុងព្រៃស្វាយដែលគួរ រីករាយ ដែលមានប្រមាណ ៣ យេាជន៍ នៅនឹងច្រាំងកេាសិកិគង្គានទី ក្នុងហិមវន្តប្រទេស ហាក់ដូចជា ទេីបភ្ញាក់ពីដេក មានរូបដ៏ស្រស់ស្អាត មានទេវកញ្ញា ១៦០០០ ប្រដាប់ដេាយគ្រឿងអលង្ការជាបរិវារ ។ ទេវបុត្រនេាះបានសេាយសិរីសម្បត្តិនេាះតែក្នុងពេលរាត្រីប៉ុណ្ណេាះ ។ ពិតមែនហេីយ ទេវបុត្រនេាះបានសេាយវិបាកដូចគ្នានឹងកម្ម ដែលខ្លួនបានធ្វេីដេាយភាពជាវេមានិកប្រេត ព្រេាះហេតុនេាះ កាលអរុណរះឡេីង ទេវបុត្រចូលទៅកាន់អម្ពវ័ន ក្នុងខណៈដែលចូលទៅនេាះឯង អត្តភាពជាទិព្វក៏អន្តរធានបាត់ទៅ អត្តភាពដែលមានប្រមាណប៉ុនដេីមត្នេាត កម្ពស់ ៨០ ហត្ថ កេីតឡេីង សរីរៈទាំងអស់ឆេះឡេីង ហាក់ដូចជាដេីមចារដែលមានផ្ការីកស្គុះស្គាយ ។ ក្នុងដៃទាំងពីរ ម្រាមដៃនីមួយៗ មានក្រចកធំប្រមាណប៉ុនចបកាប់អាធំ ។ ទេវបុត្រយកក្រចកនេាះខ្វារហែកសាច់ខ្នងខ្លួនឯង មកបរិភេាគ កាលដល់នូវទុក្ខវេទនា ទេីបស្រែកយំខ្លាំងៗ សេាយសេចក្តីទុក្ខយ៉ាងនេះ ។ កាលព្រះអាទិត្យអស្តង្គតទៅ សរីរៈនេាះក៏អន្តរធានទៅ សរីរៈជាទិព្វបានកេីតឡេីង មានស្ត្រីរបាំជាទិព្វដែលប្រដាប់ដេាយគ្រឿងអលង្ការ កាន់គ្រឿងតន្ត្រីផ្សេងៗ មកចេាមរេាម ។ ទេវបុត្រនេាះ កាលនឹងសេាយមហាសម្បត្តិ ក៏ឡេីងកាន់ប្រាសាទជាទិព្វ ក្នុងអម្ពវ័ន ដែលជាទីគួររីករាយ ។ វេមានិកប្រេតនេាះ បានអម្ពវ័នដែលមានទំហំ ៣ យេាជន៍នេះ ដេាយផលនៃការឲ្យផ្លែស្វាយដល់ស្ត្រីអ្នករក្សាឧបេាសថ, ចំណែកការខ្វះហែកសាច់ខ្នង មកបរិភេាគនេះ ដេាយផលកម្មនៃការទទួលសំណូក និងកាត់ក្តីកេាង, ការបានសេាយទិព្វសម្បត្តិក្នុងពេលរាត្រី និងមានស្ត្រីរបាំ ១៦០០០ ចេាមរេាមបម្រេីនេះ ដេាយផលនៃឧបេាសថកន្លះថ្ងៃ ។ ក្នុងកាលនេាះ ព្រះរាជាពារាណសីឃេីញទេាសក្នុងកាមទាំងឡាយ ហេីយបួសជាឥសី សាងបណ្ណសាលា លេីភូមិភាគជាទីរីករាយ នៅចំណែកខាងក្រេាមទន្លេគង្គា ញាុំងអត្តភាពឲ្យប្រព្រឹត្តទៅដេាយឧពា្ឆាចរិយា (ការត្រាច់បិណ្ឌបាតចិពាឹ្ចមជីវិត) ។ ថ្ងៃមួយ ផ្លែស្វាយទុំប៉ុនក្អមអាធំ ដែលនៅក្នុងព្រៃស្វាយនេាះ ធ្លាក់ចុះទន្លេគង្គា ហេីយហូរអណ្តែតតាមខ្សែទឹក មកដល់ទីខាងមុខកំពង់ជាទីបរិភេាគរបស់តាបសនេាះ ។ តាបសកាលជម្រះមុខ បាន​ឃេីញ​ស្វាយកំពុងអណ្តែតមកនៅកណ្តាលទន្លេហេីយ ចុះទៅក្នុងទឹក កាន់យកស្វាយនេាះ នាំមកអាស្រម រក្សាទុកក្នុងផ្ទះភ្លេីង យកកាំបិតមកពុះ ហេីយបរិភេាគមួយចម្អែត ចំណែកដែលនៅសល់ យកស្លឹកចេកមកគ្របទុក បន្តបន្ទាប់មក តាបសឆាន់ផ្លែស្វាយនេាះរាល់ៗ ថ្ងៃ រឿយៗរហូតទាល់តែអស់ ។ កាលស្វាយនេាះអស់ហេីយ តាបសមិនអាចនឹងបរិភេាគផលាផលដទៃ ព្រេាះជាប់ជំពាក់​រស​តណ្ណា ទេីបគិតថា យេីងនឹងបរិភេាគផ្លែស្វាយទុំនេាះ ដូច្នេះ ទេីបទៅកាន់ច្រាំងទន្លេ កាលសម្លឹង​មេីលទន្លេ ធ្វេីសេចក្តីសន្និដ្ឋានថា បេីមិនបានផ្លែស្វាយ យេីងនឹងមិនក្រេាក យ៉ាងនេះហេីយអង្គុយនៅទីនេាះឯង ។ តាបសនេាះ ជាអ្នកមិនមានអាហារក្នុងទីនេាះ សូម្បីអស់ ១ថ្ងៃ ២ថ្ងៃ ៣ថ្ងៃ ៤ថ្ងៃ ៥ថ្ងៃ ៦ថ្ងៃ រហូតរាងកាយរីងស្ងួត ហួតហែង ក្រៀមក្រេាះ ដេាយខ្យល់ និងកម្តៅ អង្គុយសម្លឹងរកមេីលផ្លែស្វាយប៉ុណ្ណេាះ ។ លំដាប់នេាះ ក្នុងថ្ងៃទី ៧ នទីទេវតាកាលពិចារណាឭ បានដឹងហេតុនេាះ ហេីយគិតថា តាបសនេះ ជាអ្នកលុះក្នុងអំណាចតណ្ហា មិនបរិភេាគអាហារអស់ ៧ ថ្ងៃ មកអង្គុយសម្លឹងមេីលទន្លេគង្គា កាលដែលយេីងមិនឲ្យផ្លែស្វាយទុំដល់តាបសនេះ រមែងមិនគួរ កាលតាបសនេហមិនបានផ្លែស្វាយ គេនឹងស្លាប់ ចឹងយេីងនឹងឲ្យដល់គេ ដូច្នេះទេីបមក ហេីយឋិតនៅលេីអាកាសខាងលេីទន្លេគង្គា កាលចរចាមួយអន្លេីដេាយតាបសនេាះ ទេីបពេាលគាថាទី ១ ថា៖ បពិត្រព្រាហ្មណ៍ លេាកពេញចិត្តនឹងអ្វី ប៉ុនប៉ងអ្វី ប្រាថ្នាអ្វី ស្វែងរកអ្វី ទេីបអង្គុយម្នាក់ឯងក្នុងរដូវក្តៅ ដេាយប្រយេាជន៍អ្វី ។ នាងទេពធីតាហៅតាបសនេះថា ព្រាហ្មណ៍ ព្រេាះលេាកបួសហេីយ អធិប្បាយថា ម្នាលព្រាហ្មណ៍ លេាកប្រាថ្នាអ្វី គិតដល់អ្វី ចង់បានអ្វី ស្វែងរកអ្វី ត្រូវការអ្វី លេាកទេីបមកអង្គុយសម្លឹងមេីលទន្លេគង្គាត្រង់ច្រាំងទន្លេនេះ ។ តាបសស្តាប់ពាក្យនេាះហេីយ ក៏ពេាល ៩ គាថា ថា៖ ក្អមដាក់នូវទឹកដ៏ធំ មានទ្រង់ទ្រាយស្អាតបាត មានឧបមាយ៉ាងណា ផ្លែស្វាយទុំដ៏ឧត្តម ដេាយពណ៌ និងក្លិន និងរស ក៏មានឧបមេយ្យយ៉ាងនេាះ ។ ម្នាលនាងមានអវយៈត្រង់កណ្តាល (ចង្កេះ) មិនមានមន្ទិល អាត្មាបានឃេីញផ្លែស្វាយនេាះ អណ្តែតតាមខ្សែទឹក ក៏ចាប់ផ្លែស្វាយនេាះដេាយដៃទាំងពីរ ហេីយនាំយកទៅកាន់រេាងបូជាភ្លេីង ។ លំដាប់នេាះ អាត្មាបានដាក់ផ្លែស្វាយលេីស្លឹកចេកទាំង​ឡាយ​ដេាយខ្លួនឯង ចិតនូវផ្លែស្វាយនេាះដេាយកាំបិតបហេីយ (ឆាន់) ផ្លែស្វាយនេាះ នាំចេញនូវសេចក្តីស្រេកឃ្លានរបស់អាត្មាបាន ។ អាត្មានេាះប្រាសចាកសេចក្តីក្រវល់ក្រវាយ លុះផ្លែស្វាយអស់ហេីយ ក៏អត់ទ្រាំបានដេាយលំបាក មិនបានសេចក្តីត្រេកអរ ក្នុងផ្លែឈេីទាំងឡាយឯទៀតណាមួយ ។ ផ្លែស្វាយនេាះ នឹងនាំមកនូវសេចក្តីស្លាប់ ដល់អាត្មាដេាយពិត ព្រេាះរីងស្គម ព្រេាះផ្លែស្វាយមានរសឆ្ងាញ់ មានរសផ្អែមលេីសលប់ ជាទីពេញចិត្ត ។ អាត្មាស្រង់ផ្លែស្វាយ ដែលកំពុងអណ្តែតក្នុងអន្លង់ដ៏ធំអំពីស្ទឹង អាត្មានៅ (ដេាយសេចក្តីស្រេកឃ្លាន) ព្រេាះហេតុណា ហេតុនេាះទាំងអស់ អាត្មាបានប្រាប់ដល់នាង ។ អាត្មាអង្គុយអាស្រ័យនូវស្ទឹងជាទីរីករាយ ស្ទឹងនេហ ធំទូលាយប្រកបដេាយត្រី នាងកុំអាលរត់ទៅ ចូរប្រាប់ខ្លួននេាះ ដល់អាត្មាសិន ។ ម្នាលនាងកល្យាណី នាងជាអ្វី ម្នាលនាងមានអវយវៈត្រង់កណ្តាល (ចង្កេះ) ដ៏ល្អ នាងមានរូបដូចកតម្បារមាសដ៏រលីង (មានដំណេីរ) ដូចជាកូនខ្លាដែលកេីតក្នុងញកភ្នំ (មកក្នុងទីនេះ) ដេីម្បីអ្វី ។ នាងនារីទាំងឡាយណា ជាអ្នកបម្រេីពួកទេវតា ក្នុងទេវតាទាំងឡាយផង ្រសីទាំងឡាយណាប្រកបដេាយរូប ក្នុងមនុស្សលេាកផង ស្រីទាំងឡាយនេាះ ប្រាកដស្មេីដេាយរូបនៃនាងមិនមាន ក្នុងទេវគន្ធព្វ និងមនុស្សលេាកឡេីយ ម្នាលនាងមានអវយវៈខាងដេីម (ភ្លៅ) ដ៏ល្អ អាត្មាសួរហេីយ ចូរប្រាប់នាម និងគេាត្រផង ផៅពង្សទាំងឡាយផង ។ លំដាប់នេាះ ទេវធីតា ក៏ពេាល ៨ គាថា ថា៖ បពិត្រព្រាហ្មណ៍ លេាកគង់នៅអា្រស័យស្ទឹងឈ្មេាះកេាសិកីជាទីរីករាយណា ខ្ញុំមានលំនៅត្រង់ខ្សែទឹកដ៏កាច មានអន្លង់ជាទីហូរនៅនៃទឹកដ៏ប្រសេីរ អាស្រ័យនៅហេីយ (ក្នុងស្ទឹងនេាះ) ។ ព្រេាះភ្នំដ៏ច្រេីន កុះករដេាយឈេីផ្សេងៗ រមែងមានក្នុងទីចំពេាះមុខខ្ញុំ រមែងហូរទៅ ក្នុងរដូវភ្លៀង ។ ម្យ៉ាងទៀត ស្ទឹងដ៏ច្រេីន មានទឹកហូរចេញអំពីព្រៃ ទ្រទ្រង់នូវគំនរទឹកដ៏ខៀវ ស្ទឹងដ៏ច្រេីនមានរូបភាពដូចជានាគ រមែងញុាំងខ្ញុំឲ្យពេញដេាយទឹក ។ ដេីមស្វាយ ដេីមព្រីង ដេីមខ្នុរសម្ល ដេីមក្ទុម្ព ដេីមត្នេាតនិងដេីមល្វា ផលជាតទាំងឡាយ ដ៏ច្រេីន រមែងចូលទៅកាន់ស្ទឹងទាំងនេាះរឿយៗ ។ ផ្លែឈេីណាមួយ នៅក្បែរមាត់ច្រាំងទាំងពីរ រមែងជ្រុះទៅក្នុងទឹក ផ្លែឈេីនេាះ រសាត់ទៅតាមអំណាចខ្សែទឹកដេាយឥតសង្ស័យ ។ បពិត្រលេាកជាអ្នកប្រាជ្ញ មានប្រាជ្ញាច្រេីន លេាកជ្រាបហេតុនុ៎ះហេីយ សូមស្តាប់ ពាក្យខ្ញុំចុះ បពិត្រព្រះជនាធិបតី សូមលេាកកុំពេញចិត្តឡេីយ ចូរបដិសេធ នូវការជាប់ជំពាក់ដេាយតណ្ហា ។ បពិត្រព្រះរាជិសី អ្នកញាុំងដែនឲ្យចម្រេីន លេាកកំពុងចម្រេីន (ដេាយសាច់និងឈាម) ប្រាថ្នាសេចក្តីស្លាប់ ដេាយហេតុណា ខ្ញុំពុំសំគាល់នូវលេាកថា ជាអ្នកចម្រេីនដេាយប្រាជ្ញាដេាយហេតុនេាះទេ ។ បិតាទាំងឡាយ (ព្រហ្ម) និងគន្ធព្វព្រមទាំងទេវតា រមែងដឹងនូវភាពនៃបុគ្គល​នេាះថាជាអ្នកលុះក្នុងអំណាចនៃតណ្ហា ម្យា៉ងទៀត ឥសីទាំងឡាយណាក្នុងលេាក ជាអ្នកមានចិត្តសង្រួមហេីយ មានតបៈ ឥសីទាំងឡាយនេាះ រមែងដឹងឥតសង្ស័យ (សូម្បី) ពួកអ្នកមានយសជាអ្នកបម្រេី (ឥសីទាំងនេាះក៏ដឹងការនេាះតៗ គ្នាទៀត) ។ កាលនទីទេវធីតា នឹងឲ្យតាបសនេាះ កេីតសេចក្តីសង្វេគទេីបពេាលយ៉ាងនេះថា ព្រហ្មដែលដល់ការរាប់ថាជាបិតា គន្ធព្វព្រមទាំងកាមាវចរទេវតា មួយអន្លេីដេាយព្រហ្មនេាះ និងពួកឥសីដែលមានចក្ខុទិព្វ រមែងដឹងបុគ្គលដែលធ្លាក់ចុះក្នុងអំណាចនៃតណ្ហា ដេាយឥតសង្ស័យ ។ តែ​ការដែលអ្នកមានប្ញទ្ធិទាំងនេាះដឹងថា តាបសឯណេាះជាបុគ្គលធ្លាក់ចុះ ក្នុងអំណាចនៃតណ្ណា មិនជាអស្ចារ្យទេ ។ ចំណែកអ្នកបម្រេី របស់ឥសីដែលតាំងសេចក្តីព្យាយាមជាអ្នកមានយស បានដឹងព្រេាះស្តាប់ពាក្យរបស់ជនទាំងនេាះនិយាយគ្នាម្តងទៀត ។ ឈ្មេាះថា អាថ៌កំបាំងរបស់អ្នកធ្វេីបាបកម្ម រមែងមិនមាន ។ បន្ទាប់ពីនេាះមក តាបសក៏ពេាល ៤ គាថា ថា៖ បេី (នរជនណា) មិនគិតសម្លាប់បុគ្គលនេាះទេ បាបក៏មិនចម្រេីនដល់នរជននេាះ ដែលដឹងច្បាស់នូវធម៌ទាំងពួង របស់អ្នកប្រាជ្ញ យ៉ាងនេះផង ដឹងនូវការបែកធ្លាយនិងច្យុតិនៃជីវិតផង ។ ម្នាលនាងជាធំ ដែលពួកឥសីដឹងច្បាស់​ហេីយ ប្រយេាជន៍នៃសត្វលេាក នាងដឹងច្បាស់ហេីយយ៉ាងនេះ នាងឈ្មេាះថាស្វែងរកនូវបាបកម្ម (ចំពេាះខ្លួន) ព្រេាះប្រទេចពាក្យមិនប្រសេីរ ។ ម្នាលនាងទេវធីតាមានត្រគាក​សាយ​ល្អ បេីយេីងស្លាប់លេីត្រេីយរបស់នាង កាលបេីយេីងស្លាប់ហេីយ តំណិះដំណៀលនឹងបាន​មក​នាងឯង ឥតសង្ស័យឡេីយ ។ ម្នាលនាងមានអវយវៈ ត្រង់កណ្តាលដ៏ល្អ ព្រេាះហេតុនេាះ នាងឯងចូររក្សានូវកម្មអាក្រក់ កាលបេីយេីងស្លាប់ហេីយ កុំឲ្យជនទាំងអស់ជេរប្រទេចនាង ក្នុងកាលជាខាងក្រេាយឡេីយ ។ ទេពធីតាស្តាប់ពាក្យនេាះហេីយ ទេីបពេាល ៥ គាថា ថា៖ ហេតុនេះ ខ្ញុំម្ចាស់ដឹងច្បាស់ហេីយ ធម្មតាសេ្តចនេះ មិនងាយអត់ទ្រាំបានទេ ណ្ហេីយចុះ ខ្ញុំម្ចាស់នឹងប្រគេននូវខ្លួនខ្ញុំម្ចាស់ផង ប្រគេននូវស្វាយនេាះផង ដល់លេាកម្ចាស់ ត្បិតលេាកម្ចាស់បានលះបង់នូវកាមគុណទាំងឡាយ ដែលគេលះបង់បានដេាយក្រ ហេីយបានអធិដ្ឋាននូវសីល ជាគ្រឿងស្ងប់រម្ងាប់ផង នូវសុចរិតធម៌ផង ។ បុគ្គលណា លះបង់នូវចំណង់ខាងដេីម ហេីយឋិតនៅក្នុងចំណង​ខាងចុងផង ប្រព្រឹត្តនូវធម៌ផង បាបតែងចម្រេីនឡេីងដល់បុគ្គលនេាះ ។ សូមលេាកម្ចាស់មកចុះ ខ្ញុំម្ចាស់នឹងនាំលេាកម្ចាស់ទៅឲ្យដល់ព្រៃស្វាយនេាះ សូម​លេាក​ម្ចាស់​មានសេចក្តីខ្វល់ខ្វាយតិចដេាយពិតចុះ ខ្ញុំម្ចាស់នឹងនាំទៅដាក់ក្នុងព្រៃស្វាយដ៏ត្រជាក់​នេាះ សូមលេាកម្ចាស់គង់នៅកុំមានសេចក្តីខ្វល់ខ្វាយ ។ បពិត្រអរិន្ទមៈ ព្រៃស្វាយនេាះ ពួកសត្វបក្សីមានកក្ងក់ ស្រវឹងដេាយរសនៃផ្កាឈេី ស្រែកបន្លឺឡេីងហេីយ ពួកក្រៀល ពួកក្ងេាក ជាទិព្វ ពួកសត្វស្លាបឈ្មេាះកេាលដ្ឋិ និងឈ្មេាះមធុសាឡិកៈ យំជាមួយនឹងពួកហង្ស ពួកតាវៅ ដែលនៅក្នុងព្រៃស្វាយនេាះ ក៏ញាុំងពួកសត្វទាំងនេាះឲ្យភ្ងាក់ឡេីងហេីយ ។ ដេីមស្វាយទាំងឡាយក្នុងព្រៃេនាះ មានចុងមែកដាបចុះ (ព្រេាះទម្ងន់ផ្លែ) ប្រាកដស្មេីដេាយទីលានដែលពេញដេាយកណ្តាប់ស្រូវ ដេីមដកគាំ ស្រល់ និងកទម្ពទាំងឡាយ មានចង្កេាមផ្លែសំយុងចុះ ដូចធ្លាយផ្លែត្នេាតទុំ។ លេាកពេាលអធិប្បាយថា នែតាបសដ៏ចម្រេីន បុគ្គលណាលះបង់រាជសម្បត្តិដ៏ធំហេីយមកជាប់ជំពាក់នឹងរសតណ្ហា ត្រឹមតែផ្លែស្វាយទុំ មិននឹកនាដល់ខ្យល់និងកម្តៅ អង្គុយរីងរៃនៅនឹងច្រាំងទន្លេ បុគ្គលនេាះកាលឆ្លងមហាសមុទ្រ ប្រៀបដូចបុគ្គលដែលអង្គុយនៅទីបំផុតនៃច្រាំង ។ បុគ្គលណាជាអ្នកលុះក្នុងអំណាចនៃតណ្ហា ប្រព្រឹត្តអធម៌ កាលធ្វេីដេាយអំណាចនៃតណ្ហា បាបរមែងចម្រេីនដល់បុគ្គលនេាះ ។ ទេពធីតាកាលតិះដៀលតាបស ទេីបពេាលដូច្នេះ ។ កាលទេវធីតាពណ៌នាហេីយ នាងក៏នាំតាបសទៅដាក់ក្នុងព្រៃស្វាយនេាះ ហេីយពេាលថា លេាកកាលបរិភេាគផ្លែស្វាយក្នុងអម្ពវ័ននេះហេីយ ចូរញាុំតណ្ហារបស់ខ្លួនឲ្យពេញចុះ ថាដូច្នេះហេីយ ទេីបចៀសចេញទៅ ។ តាបសបរិភេាគផ្លែស្វាយ និងញាុំតណ្ហាឲ្យពេញហេីយ ក៏សម្រាក កាលប្រព្រឹត្តនៅក្នុងអម្ពវ័នក៏បានឃេីញវេមានិកប្រេតដែលកំពុងសេាយទុក្ខ តែ​លេាក​មិនអាចនឹងពេាលយ៉ាងណាឡេីយ ។ ក្នុងកាលព្រះសូរិយាអស្តង្គតទៅតាបស​ឃេីញប្រេតសេាយទិព្វសម្បត្តិ ដែលមានស្ត្រីរបាំជាបរិវារ ហេីយទេីបពេាល ៣ គាថា ថា៖ អ្នកទ្រទ្រង់នូវផ្កាកម្រង ទ្រទ្រង់នូវឈ្នូត ប្រដាប់ដេាយគ្រឿងអាភរណៈ ពាក់នូវពាហុរត្ន (កងកន់) ប្រស់ព្រំដេាយខ្លឹមចន្ទន៍ ឲ្យគេបម្រេីក្នុងវេលាយប់ សេាយនូវទុក្ខវេទនាក្នុងវេលាថ្ងៃ ។ ស្ត្រីទាំងឡាយ ១៦០០០ នេះ ជាស្រីបម្រេីរបស់អ្នក អ្នកជាបុគ្គលមានអានុភាពច្រេីនយ៉ាងនេះ អស្ចារ្យគួរឲ្យព្រឺរេាម ។ ក្នុងកាលមុន អ្នកបានធ្វេីអំពេីបាប នាំមកនូវទុក្ខដល់ខ្លួនដូចម្តេច ដែលអ្នកធ្វេីក្នុងមនុស្​សលេាក បានជាសុីនូវសាច់ខ្នង (របស់ខ្លួន) ។ ប្រេតចាំតាបសនេាះបាន ហេីយពេាលថា ព្រះ​អង្គ​មិនស្គាល់ខ្ញុំទេឬ ខ្ញុំជាបុរេាហិតរបស់ព្រះអង្គ ខ្ញុំបានសេាយសេចក្តីសុខក្នុងវេលា​យប់ ព្រេាះផលនៃឧបេាសថកន្លះថ្ងៃ ដែលខ្ញុំបានធ្វេីដេាយអាស្រ័យព្រះអង្គ បាន​សេាយ​សេចក្តី​ទុក្ខក្នុងពេលយប់ ដេាយផលនៃបាបជាប្រក្រតីរបស់ខ្ញុំ ។ ខ្ញុំដែលព្រះអង្គតាំងទុកក្នុងតំណែងជាអ្នកវិនិច្ឆ័យ បានធ្វេីការកាត់ក្តីកេាងទទួលសំណូក ជាអ្នកសុីសាច់ខ្នងអ្នកដទៃ ព្រេាះផលនៃកម្មដែលបានធ្វេីទុកនេាះ ខ្ញុំទេីបសេាយសេចក្តីទុក្ខនេះក្នុងពេលថ្ងៃ ដូច្នេះ​ហេីយ​ ទេីបពេាលគាថា ២ ថា៖ ខ្ញុំបានរៀននូវវេទទាំងឡាយ ហេីយជាប់ជំពាក់ក្នុងកាមទាំងឡាយ បានប្រព្រឹត្តមិនជាប្រយេាជន៍ដល់ជនដទៃ អស់កាលដ៏យូអង្វែង ។ បុគ្គលណា ជាអ្នកសុីនូវសាច់ខ្នង (ញុះញ៉ង់គេ) បុគ្គលនេាះ ក៏ខ្វារសុីនូវសាច់ខ្នងរបស់ខ្លួន ដូចខ្ញុំសុីក្នុងថ្ងៃនេះដែរ ។ វេមានិកប្រេតបានពេាលពាក្យនេះហេីយ ក៏សួរតាបសថា លេាកម្ចាស់មកទីនេះបាន ដេាយប្រការដូចម្តេច ។ តាបសពេាលរឿងរ៉ាវទាំងអស់ ដេាយពិស្តារ ។ ប្រេតសួរទៀតថា បពិត្រ​លេាក​ម្ចាស់ដ៏ចម្រេីន ឥឡូវនេះ លេាកនឹងនៅក្នុងទីនេះ ឬនឹងទៅវិញ ? តាបសពេាលថា យេីង​​មិននៅទេ យេីងនឹងទៅកាន់អាស្រមប៉ុណ្ណេាះ ។ ប្រេតពេាលថា បពិត្រលេាកម្ចាស់ប្រពៃណាស់ ខ្ញុំនឹងទំនុកបម្រុងលេាកម្ចាស់ដេាយផ្លែស្វាយទុំជាប្រចាំ ថាហេីយ ក៏នាំយកតាបសទៅដាក់ចុះក្នុងអាស្រម ដេាយអានុភាពរបស់ខ្លួន រួចឲ្យតាបសកាន់យកបដិញ្ញាថា សូម​លេាកម្ចាស់កុំអផ្សុកអី ចូរនៅក្នុងទីនេះចុះ ដូច្នេះហេីយ ទេីបទៅ ។ ចាប់ពីពេលនេាះមកប្រេតនេាះក៏បានទំនុកបម្រុងតាបសដេាយផ្លែស្វាយទុំជាប់ជានិច្ច ។ តាបសកាលបានបរិភេាគផ្លែស្វាយនេាះ ហេីយធ្វេីកសិណបរិកម្ម ញាុំងឈាននិងអភិញ្ញាឲ្យកេីតឡេីង ជាអ្នកមានព្រហ្មលេាកជាទីទៅខាងមុខ ។ ព្រះសាស្តាបាននាំព្រះធម្មទេសនានេះ ដល់ឧបាសិកាទាំងឡាយហេីយ ទ្រង់ប្រកាសសច្ចធម៌ និងប្រជុំជាតក ក្នុងកាលជាទីបពា្ចប់នៃសច្ចធម៌ បុគ្គលខ្លះបានសម្រេចជាព្រះ​សេាតា​បន្ន បុគ្គលខ្លះបានសម្រេចជាព្រះសកទាគាមី បុគ្គលខ្លះបានជាព្រះអនាគាមី ។ទេព​ធីតាក្នុងកាលនេាះ បានមកជាឧប្បលវណ្ណា ។ ចំណែក តាបស គឺ តថាគតនេះឯង ។ កឹឆន្ទជាតក (ពេាលអំពីផល ឧបេាសថកន្លះថ្ងៃ) សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក នវមភាគ (ព្រះត្រៃបិដក លេខ ៦០) ដោយ៥០០០ឆ្នាំ
images/articles/3102/5twerfsd.jpg
និមោក្ខសូត្រ ទី ២
ផ្សាយ : ១៦ មករា ឆ្នាំ២០២៣
[៤] ទៀបក្រុងសាវត្ថី… គ្រានោះឯង លុះរាត្រីបឋមយាមកន្លងទៅហើយ ទេវតាអង្គមួយ មានរស្មីរុងរឿង ញុំាងវត្តជេតពនទាំងមូល ឲ្យភ្លឺស្វាង ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទើបក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយឈរក្នុងទីដ៏សមគួរ ។ [៥] លុះទេវតាអង្គនោះ ឈរក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលសួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គនិទ៌ុក្ខ ព្រះអង្គទ្រង់ជ្រាប នូវមគ្គជាគ្រឿងរួចចាកកិលេស នូវផលជាគ្រឿងផុតចាកកិលេស និងព្រះនិព្វាន ជាទីស្ងាត់ចាកកិលេស របស់សត្វទាំងឡាយ ដែរឬ។ ម្នាលអ្នកមានអាយុ តថាគត ដឹងនូវមគ្គជាគ្រឿងរួចចាកកិលេស នូវផលជាគ្រឿងផុតចាកកិលេស និងព្រះនិព្វាន ជាទីស្ងាត់ចាកកិលេស របស់សត្វទាំងឡាយ ដែរ។ បពិត្រព្រះអង្គនិទ៌ុក្ខ ចុះព្រះអង្គទ្រង់ជ្រាប នូវមគ្គជាគ្រឿងរួចចាកកិលេស នូវផលជាគ្រឿងផុតចាកកិលេស និងព្រះនិព្វាន ជាទីស្ងាត់ចាកកិលេស របស់សត្វទាំងឡាយ ដោយប្រការដូចម្តេចអេះ ។ [៦] ព្រះមានព្រះភាគត្រាស់តបថា ម្នាលអ្នកមានអាយុ ព្រោះការអស់ទៅនៃកម្ម និងភព ដែលមាននន្ទីជាឫសគល់ និងការអស់ទៅព្រម នៃសញ្ញា និងវិញ្ញាណ ព្រោះរលត់ស្ងប់រម្ងាប់វេទនាទាំងឡាយ យ៉ាងនេះ បានជាតថាគត ដឹងនូវមគ្គជាគ្រឿងរួចចាកកិលេស នូវផលជាគ្រឿងផុតចាកកិលេស និងព្រះនិព្វាន ជាទីស្ងាត់ចាកកិលេស របស់សត្វទាំងឡាយ ។ និមោក្ខសូត្រ ទី ២ បិដកភាគ ២៩ ទំព័រ ៣ ឃ្នាប ៤ ដោយ​៥០០០​ឆ្នាំ​
images/articles/3101/3trwe243.jpg
បណ្ឌិតមានលក្ខណៈជាគ្រឿងសម្គាល់ ៣ យ៉ាង
ផ្សាយ : ១៦ មករា ឆ្នាំ២០២៣
[១៥២] ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិត មានហេតុជាគ្រឿងចំណាំថា ជាបណ្ឌិត មានហេតុជាគ្រឿងសំគាល់ថាជាបណ្ឌិត មានចរិតជាបណ្ឌិត ៣ យ៉ាងនេះ។ ហេតុ៣យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិតក្នុងលោកនេះ ជាអ្នកគិតគំនិតល្អ១ និយាយសំដីល្អ១ ធ្វើអំពើល្អ១។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើជនជាបណ្ឌិតនោះ ជាអ្នកមិនគិតគំនិតល្អផង មិននិយាយសំដីល្អផង មិនធ្វើអំពើល្អផងទេ។ តើពួកអ្នកប្រាជ្ញណា នឹងស្គាល់ជនជាបណ្ឌិតនោះថា អ្នកដ៏ចម្រើននេះ ជាបណ្ឌិត ជាសប្បុរស ដូច្នេះបាន។ ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិត ជាអ្នកគិតគំនិតល្អផង និយាយសំដីល្អផង ធ្វើអំពើល្អផង ព្រោះហេតុណា ហេតុនោះ បានជាពួកអ្នកប្រាជ្ញ ស្គាល់ជនជាបណ្ឌិតនោះថា អ្នកនេះជាបណ្ឌិត ជាសប្បុរស។ ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិតនោះសោត តែងទទួលនូវសេចក្តីសុខ សោមនស្ស ៣យ៉ាង ក្នុងបច្ចុប្បន្ននេះ ។ [១៥៣] ម្នាលភិក្ខុទាំងឡាយ ប្រសិនបើជនជាបណ្ឌិត អង្គុយក្នុងសាលាក្តី អង្គុយក្នុងច្រកក្តី អង្គុយក្នុងផ្លូវបែកជា៤ក្តី ចំណែកអ្នកផង ដែលអង្គុយក្នុងបរិស័ទនោះ តែងប្រឹក្សាពាក្យ (ថ្លែងអំពីទោស) ដែលកើតអំពីអំពើនោះ ដ៏សមគួរដល់អំពើនោះ។ ម្នាលភិក្ខុទាំងឡាយ បើជនជាបណ្ឌិត ជាអ្នកវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកហេតុជាទីតាំង នៃសេចក្តីប្រមាទ គឺផឹកនូវសុរា និងមេរ័យ ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិតនោះ តែងគិតក្នុងពាក្យ ដែលអ្នកផងនិយានោះថា អ្នកផងតែងប្រឹក្សាពាក្យណា ដែលកើតអំពីអំពើនោះ ដ៏សមគួរដល់អំពើនោះ ធម៌ទាំងឡាយនោះ មាននៅក្នុងអញផង ខ្លួនអញសោត ក៏ប្រាកដក្នុងធម៌ទាំងនោះផង។ ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិត តែងទទួលនូវសេចក្តីសុខ សោមនស្ស ទី១នេះ ក្នុងបច្ចុប្បន្ន ។ [១៥៤] ម្នាលភិក្ខុទាំងឡាយ មួយទៀត ជនជាបណ្ឌិតឃើញនូវព្រះរាជាទាំងឡាយ កាលចាប់នូវចោរ ដែលប្រព្រឹត្តអាក្រក់បានហើយ ត្រាស់បង្គាប់ឲ្យធ្វើកម្មករណ៍ផ្សេងៗ គឺឲ្យវាយដោយរំពាត់ខ្លះ ឲ្យវាយដោយផ្តៅខ្លះ ឲ្យវាយដោយដំបងខ្លីខ្លះ ឲ្យកាត់ដៃខ្លះ ឲ្យកាត់ជើងខ្លះ ឲ្យកាត់ទាំងដៃ ទាំងជើងខ្លះ ឲ្យកាត់ស្លឹកត្រចៀកខ្លះ ឲ្យកាត់ច្រមុះខ្លះ ឲ្យកាត់ទាំងស្លឹកត្រចៀក ទាំងច្រមុះខ្លះ ឲ្យធ្វើពិលង្គថាលិកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាឆ្នាំងដាក់ទឹកជ្រក់ខ្លះ [១។ល។ ១៣ មើលនយលក្ខណៈ ក្នុងមហាទុក្ខក្ខន្ធសូត្រ ក្នុងគម្ពីរមជ្ឈិមនិកាយ មូលបណ្ណាសកៈ បឋមភាគ ត្រង់ទំព័រ ៣២០-៣២១។] ឲ្យធ្វើនូវសង្ខមុណ្ឌិកកម្ម គឺអំពើដែលគេធ្វើក្បាល ឲ្យរលីងដូចជាសំបកស័ង្ខខ្លះ [២] ឲ្យធ្វើនូវរាហុមុខកម្ម គឺអំពើដែលគេធ្វើមាត់ ឲ្យដូចជាមាត់រាហុខ្លះ [៣] ឲ្យធ្វើនូវជោតិមាលិកកម្ម គឺអំពើដែលគេធ្វើខ្លួនមនុស្ស ឲ្យដូចជាផ្កាភ្លើងខ្លះ [៤] ឲ្យធ្វើនូវហត្ថប្បជ្ជោតិកកម្ម គឺអំពើដែលគេដុតដៃខ្លះ [៥] ឲ្យធ្វើនូវឯរកវត្តិកកម្ម គឺអំពើដែលគេធ្វើដូចជាពន្លាត់ស្បែកពពែខ្លះ [៦] ឲ្យធ្វើនូវចីរកវាសិកកម្ម គឺអំពើដែលគេធ្វើ ឲ្យដូចជាស្លៀកសំពត់សំបកឈើខ្លះ [៧] ឲ្យធ្វើនូវឯណេយ្យកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាជើងសត្វទ្រាយខ្លះ [៨] ឲ្យធ្វើនូវពលិសមំសិកកម្ម គឺអំពើដែលគេថ្ពក់មាត់ ដោយកាង ឬសន្ទូច [៩] ខ្លះ ឲ្យធ្វើនូវកហាបណកកម្ម គឺអំពើដែលគេធ្វើ ឲ្យខូចសរីរៈប្រមាណប៉ុនកហាបណៈ មួយៗខ្លះ [១០] ឲ្យធ្វើនូវខារាបតច្ឆិកកម្ម គឺអំពើដែលគេយកទឹកផ្សាស្រោចខ្លះ [១១] ឲ្យធ្វើនូវបលីឃបរិវត្តិកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាបង្វិលជើងគុល ឬសសរគោលខ្លះ [១២] ឲ្យធ្វើនូវបលាលបីឋកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាកណ្តាប់ចំបើងខ្លះ [១៣] ឲ្យស្រោចដោយប្រេងដ៏ក្តៅខ្លះ ឲ្យឆ្កែខាំខ្លះ ឲ្យដេកផ្ងាលើឈើអណ្តោតទាំងរស់ខ្លះ ឲ្យកាត់ក្បាលដោយដាវខ្លះ។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតតែងត្រិះរិះ ក្នុងអំពើទាំងនោះ យ៉ាងនេះថា ព្រះរាជាទាំងឡាយ ចាប់ចោរដែលប្រព្រឹត្តអាក្រក់បានហើយ ត្រាស់បង្គាប់ឲ្យធ្វើកម្មករណ៍ផ្សេងៗ គឺឲ្យវាយដោយរំពាត់ខ្លះ ឲ្យវាយដោយផ្តៅខ្លះ ឲ្យវាយដោយដំបងខ្លីខ្លះ ឲ្យកាត់ដៃខ្លះ ឲ្យកាត់ជើងខ្លះ ឲ្យកាត់ទាំងដៃ ទាំងជើងខ្លះ ឲ្យកាត់ស្លឹកត្រចៀកខ្លះ ឲ្យកាត់ច្រមុះខ្លះ ឲ្យកាត់ទាំងស្លឹកត្រចៀក ទាំងច្រមុះខ្លះ ឲ្យធ្វើពិលង្គថាលិកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាឆ្នាំងដាក់ទឹកជ្រក់ខ្លះ ឲ្យធ្វើនូវសង្ខមុណ្ឌិកកម្ម គឺអំពើដែលគេធ្វើក្បាលឲ្យរលីងដូចជាសំបកស័ង្ខខ្លះ ឲ្យធ្វើនូវរាហុមុខកម្ម គឺអំពើដែលគេធ្វើមាត់ឲ្យដូចជាមាត់រាហុខ្លះ ឲ្យធ្វើនូវជោតិមាលិកកម្ម គឺអំពើដែលគេធ្វើខ្លួនមនុស្សឲ្យដូចជាផ្កាភ្លើងខ្លះ ឲ្យធ្វើនូវហត្ថប្បជ្ជោតិកកម្ម គឺអំពើដែលគេដុតដៃខ្លះ ឲ្យធ្វើនូវឯរកវត្តិកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាពន្លាត់ស្បែកពពែខ្លះ ឲ្យធ្វើនូវចីរកវាសិកកម្ម គឺអំពើដែលគេធ្វើ ឲ្យដូចជាស្លៀកសំពត់សំបកឈើខ្លះ ឲ្យធ្វើនូវឯណេយ្យកកម្ម គឺអំពើដែលគេធ្វើ ឲ្យដូចជាជើងសត្វទ្រាយខ្លះ ឲ្យធ្វើនូវពលិសមំសិកកម្ម គឺអំពើដែលគេថ្ពក់មាត់ ដោយកាង ឬសន្ទូចខ្លះ ឲ្យធ្វើនូវកហាបណកកម្ម គឺអំពើដែលគេធ្វើ ឲ្យខូចសរីរៈប្រមាណប៉ុនកហាបណៈមួយៗខ្លះ ឲ្យធ្វើនូវខារាបតច្ឆិកកម្ម គឺអំពើដែលគេយកទឹកផ្សា ស្រោចខ្លះ ឲ្យធ្វើនូវបលីឃបរិវត្តិកកម្ម គឺអំពើដែលគេធ្វើ ឲ្យដូចជាបង្វិលជើងគុល ឬសសរគោលខ្លះ ឲ្យធ្វើនូវបលាលបីឋកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាកណ្តាប់ចំបើងខ្លះ ឲ្យស្រោចដោយប្រេងដ៏ក្តៅខ្លះ ឲ្យឆ្កែខាំខ្លះ ឲ្យដេកផ្ងាលើឈើអណ្តោតទាំងរស់ខ្លះ ឲ្យកាត់ក្បាលដោយដាវខ្លះ ព្រោះហេតុបាបកម្ម មានសភាពយ៉ាងណាៗ។ ធម៌ទាំងឡាយនោះ មិនមានក្នុងអាត្មាអញ ទាំងអាត្មាអញសោត ក៏មិនប្រាកដក្នុងធម៌ទាំងឡាយនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិត រមែងទទួលសេចក្តីសុខ សោមនស្ស ទី២ នេះឯង ក្នុងបច្ចុប្បន្ន ។ [១៥៥] ម្នាលភិក្ខុទាំងឡាយ មួយទៀត ជនជាបណ្ឌិត កាលឡើងកាន់តាំងក្តី ឡើងកាន់គ្រែក្តី ដេកលើផែនដីក្តី អំពើល្អទាំងឡាយ គឺការប្រព្រឹត្តិល្អដោយកាយ ការប្រព្រឹត្តិល្អដោយវាចា ការប្រព្រឹត្តិល្អដោយចិត្តណា ដែលជនជាបណ្ឌិតនោះ ធ្វើទុកក្នុងកាលមុន អំពើល្អទាំងនោះឯង តែងគ្របដណ្តប់ ស្រោចស្រង់ ទំនុកបម្រុងនូវជនជាបណ្ឌិតនោះ ក្នុងសម័យនោះ។ ម្នាលភិក្ខុទាំងឡាយ ស្រមោលនៃកំពូលភ្នំដ៏ធំ តែងក្រាល រាលដាល គ្របលើផែនដី ក្នុងវេលាថ្ងៃរសៀល មានឧបមា យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យ ដូចជនជាបណ្ឌិត កាលឡើងកាន់តាំងក្តី ឡើងកាន់គ្រែក្តី ដេកលើផែនដីក្តី អំពើល្អទាំងឡាយ គឺការប្រព្រឹត្តិល្អដោយកាយ ការប្រព្រឹត្តិល្អដោយវាចា ការប្រព្រឹត្តិល្អដោយចិត្តណា ដែលជនជាបណ្ឌិតនោះ ធ្វើទុកក្នុងកាលមុន អំពើល្អទាំងនោះឯង តែងគ្របដណ្តប់ ស្រោចស្រង់ ទំនុកបម្រុងនូវជនជាបណ្ឌិតនោះ ក្នុងសម័យនោះ ដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិត តែងគិតក្នុងអារម្មណ៍ ដែលប្រាកដក្នុងចក្ខុទ្វារនោះ យ៉ាងនេះថា អើហ្ន៎ អាត្មាអញ មិនបានធ្វើបាប មិនបានធ្វើអំពើអាក្រក់ មិនបានធ្វើអំពើក្តៅក្រហាយទុកទេ អាត្មាអញ ធ្វើតែអំពើល្អ ធ្វើតែអំពើកុសល ធ្វើតែបុណ្យសម្រាប់ការពារភ័យ ពួកជនដែលមិនបានធ្វើបាប មិនបានធ្វើអំពើអាក្រក់ មិនបានធ្វើអំពើក្តៅក្រហាយទុក ជាអ្នកធ្វើតែអំពើល្អ ធ្វើតែកុសល ធ្វើតែបុណ្យសម្រាប់ការពារភ័យ រមែងមានគតិយ៉ាងណា អាត្មាអញ នឹងទៅកាន់គតិនោះ ក្នុងបរលោក។ ជនជាបណ្ឌិតនោះ តែងមិនក្រៀមក្រំចិត្ត មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូងទ្រហោយំ មិនដល់នូវសេចក្តីវង្វេង។ ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិត តែងទទួលសេចក្តីសុខ សោមនស្ស ទី៣ នេះឯង ក្នុងបច្ចុប្បន្ន ។ [១៥៦] ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិតនោះសោត បានប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក។ ម្នាលភិក្ខុទាំងឡាយ អ្នកផងដែលនិយាយតាមហេតុ តែងនិយាយចំពោះទីណា ថាជាទីគួរប្រាថ្នាតែមួយយ៉ាង គួរត្រេកអរតែមួយយ៉ាង គួរពេញចិត្តតែមួយយ៉ាងដូច្នេះ ទីនោះ គឺឋានសួគ៌នោះឯង ដែលអ្នកផងនិយាយតាមហេតុ តែងនិយាយថា ជាទីគួរប្រាថ្នាតែមួយយ៉ាង គួរត្រេកអរតែមួយយ៉ាង គួរពេញចិត្តតែមួយយ៉ាង។ ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មិនងាយនឹងធ្វើឧបមា ឲ្យដល់កម្រិតឋានសួគ៌ ដែលមានសេចក្តីសុខបានឡើយ។ [១៥៧] កាលបើព្រះអង្គត្រាស់យ៉ាងនេះហើយ មានភិក្ខុមួយរូប ក្រាបបង្គំទូលសួរសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ចុះព្រះអង្គ អាចនឹងធ្វើឧបមាបានឬទេ។ ព្រះមានព្រះភាគ ត្រាស់តបថា ម្នាលភិក្ខុ តថាគត អាចនឹងធ្វើបាន ហើយទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ដូចស្តេចចក្រពត្តិ ទ្រង់ប្រកបដោយរតនៈ ៧ប្រការ និង ដោយឫទ្ធិ ៤យ៉ាង ហើយទ្រង់សោយសេចក្តីសុខ សោមនស្ស ព្រោះរតនៈ និង ឫទ្ធិនោះ ជាហេតុ។ រតនៈ ទាំង៧ប្រការ នោះ តើដូចម្តេចខ្លះ។ [១៥៨] ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ ក្សត្រិយ៍ ជាព្រះរាជា បានមុទ្ធាភិសេកហើយ ទ្រង់កក់ព្រះសីរ្ស ក្នុងថ្ងៃ ១៥ ជាថ្ងៃឧបោសថ ហើយរក្សាឧបោសថ គង់នៅលើប្រាសាទដ៏ប្រសើរ ចក្ករតន៍ជាទិព្វ មានកាំមួយពាន់ ព្រមទាំងខ្នងកង់ និងដុំ បរិបូណ៌ដោយអាការសព្វគ្រប់ ក៏កើតប្រាកដឡើង។ ក្សត្រិយ៍ ជាព្រះរាជាបានមុទ្ធាភិសេក ទ្រង់ទតឃើញហើយ ទើបទ្រង់ព្រះតម្រិះ ដូច្នេះថា អើអាត្មាអញ ក៏ធ្លាប់បានឮរឿងនេះមកហើយថា ក្សត្រិយ៍អង្គណា ជាព្រះរាជា បានមុទ្ធាភិសេកហើយ ទ្រង់កក់ព្រះសីរ្ស ក្នុងថ្ងៃ ១៥ ជាថ្ងៃឧបោសថ ហើយរក្សាឧបោសថ គង់នៅលើប្រាសាទដ៏ប្រសើរ ចក្ករតន៍ជាទិព្វ មានកាំមួយពាន់ ព្រមទាំងខ្នងកង់ ទាំងដុំ បរិបូណ៌ដោយអាការទាំងពួង ក៏កើតប្រាកដឡើង ព្រះរាជាអង្គនោះ នឹងបានជាស្តេចចក្រពត្តិ ឱហ្ន៎ អាត្មាអញ បានជាស្តេចចក្រពត្តិហើយតើ ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ក្សត្រិយ៍ ជាព្រះរាជា បានមុទ្ធាភិសេកហើយ ទ្រង់ក្រោកចាកអាសនៈហើយ ទើបយកព្រះហស្តខាងឆ្វេង ចាប់កុណ្ឌី យកព្រះហស្តខាងស្តាំ ប្រស់ព្រំចក្ករតន៍ ហើយត្រាស់ថា ចក្ករតន៍ដ៏ចម្រើន ចូរអណ្តែតទៅ ចក្ករតន៍ដ៏ចម្រើន ចូរមានជ័យជំនះ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ចក្ករតន៍នោះឯង ក៏អណ្តែតត្រសែត ទៅកាន់ទិសខាងកើត ទើបព្រះបាទចក្រពត្តិ ទ្រង់ស្តេចទៅតាមក្រោយ ព្រមដោយចតុរង្គសេនា។ ម្នាលភិក្ខុទាំងឡាយ បើចក្ករតន៍ប្រតិស្ឋាន ក្នុងប្រទេសណា ព្រះបាទចក្រពត្តិ ព្រមទាំងចតុរង្គសេនា ក៏ចូលទៅតាំងព្រះរាជនិវេសន៍ ក្នុងប្រទេសនោះ។ ម្នាលភិក្ខុទាំងឡាយ ចំណែកពួកស្តេចណា ដែលជាសត្រូវ គង់នៅក្នុងទិសខាងកើត ព្រះរាជាទាំងនោះ ក៏ស្តេចចូលទៅគាល់ព្រះបាទចក្រពត្តិហើយ ក្រាបបង្គំទូលយ៉ាងនេះថា បពិត្រមហារាជ សូមព្រះអង្គទ្រង់ស្តេចមកចុះ បពិត្រមហារាជ ទ្រង់ស្តេចមកល្អហើយ បពិត្រមហារាជ រាជសម្បត្តិរបស់ខ្ញុំព្រះអង្គ ជារបស់ព្រះអង្គហើយ បពិត្រមហារាជ សូមព្រះអង្គ ទ្រង់ប្រៀនប្រដៅចុះ។ ព្រះបាទចក្រពត្តិ ក៏មានព្រះបន្ទូល យ៉ាងនេះថា អ្នកទាំងឡាយ មិនត្រូវសម្លាប់សត្វ មិនត្រូវកាន់យកទ្រព្យ ដែលគេមិនបានឲ្យ មិនត្រូវប្រព្រឹត្តខុសក្នុងកាមទាំងឡាយ មិនត្រូវពោលពាក្យមុសាវាទ មិនត្រូវផឹកទឹកស្រវឹងឡើយ អ្នកទាំងឡាយ ចូរបរិភោគតែរបស់ ដែលគួរបរិភោគចុះ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ពួកស្តេចណា ដែលជាសត្រូវ នៅក្នុងទិសខាងកើត ស្តេចទាំងនោះ ក៏ត្រឡប់ជាចុះចូលព្រះបាទចក្រពត្តិវិញ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ចក្ករតន៍នោះ ក៏ចុះកាន់សមុទ្រទិសខាងកើត ហើយឆ្លងឡើង វិលទៅកាន់ទិសខាងត្បូង។បេ។ ចុះកាន់សមុទ្រទិសខាងត្បូង ហើយឆ្លងឡើង វិលទៅកាន់ទិសខាងលិច។បេ។ ចុះកាន់សមុទ្រទិសខាងលិច ហើយឆ្លងឡើង វិលទៅកាន់ទិសខាងជើង ព្រះបាទចក្រពត្តិ ក៏ស្តេចទៅតាមខាងក្រោយ ព្រមដោយចតុរង្គសេនា។ ម្នាលភិក្ខុទាំងឡាយ បើចក្ករតន៍ប្រតិស្ឋាន នៅក្នុងប្រទេសណា ព្រះបាទចក្រពត្តិ ស្តេចក៏ទ្រង់ប្រថាប់នៅក្នុងប្រទេសនោះ ព្រមដោយចតុរង្គសេនា។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ពួកស្តេចណា ជាសឹកសត្រូវ នៅក្នុងទិសខាងជើង ស្តេចទាំងនោះ ក៏នាំគ្នាចូលទៅគាល់ព្រះបាទចក្រពត្តិ ហើយក្រាបបង្គំទូល យ៉ាងនេះថា បពិត្រមហារាជ សូមព្រះអង្គស្តេចមកចុះ បពិត្រមហារាជ ទ្រង់ស្តេចមកល្អហើយ បពិត្រមហារាជ រាជសម្បត្តិរបស់ខ្ញុំព្រះអង្គ ជាព្រះរាជទ្រព្យរបស់ព្រះអង្គហើយ បពិត្រមហារាជ សូមព្រះអង្គ ទ្រង់ប្រៀនប្រដៅចុះ។ ព្រះបាទចក្រពត្តិ ទ្រង់ក៏មានព្រះរាជឱង្ការ យ៉ាងនេះថា អ្នកទាំងឡាយ មិនត្រូវសម្លាប់សត្វ មិនត្រូវកាន់យកទ្រព្យ ដែលគេមិនបានឲ្យ មិនត្រូវប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ មិនត្រូវពោលពាក្យមុសាវាទ មិនត្រូវផឹកទឹកស្រវឹងឡើយ អ្នកទាំងឡាយ ចូរបរិភោគតែរបស់ ដែលគួរបរិភោគចុះ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ពួកស្តេចណា ជាសឹកសត្រូវ ក្នុងទិសខាងជើង ស្តេចទាំងនោះ ក៏ត្រឡប់ជាចុះចូលព្រះបាទចក្រពត្តិវិញ ។ ម្នាលភិក្ខុទាំងឡាយ តពីនោះមក ចក្ករតន៍នោះ បានបង្ក្រាបផែនដី ដែលមានសមុទ្រជាព្រំប្រទល់ រួចត្រឡប់មកកាន់រាជធានីនោះវិញ ហើយឋិតនៅ (ក្នុងរបៀងនៃសាលាវិនិច្ឆ័យ) ទៀបទ្វារ នៃព្រះបរមរាជវាំង របស់ព្រះបាទចក្រពត្តិ (នៅនឹងថ្កល់) ហាក់ដូចជាបាក់ភ្លៅ ហើយបំភ្លឺទ្វារ ក្នុងព្រះបរមរាជវាំង នៃព្រះបាទចក្រពត្តិ (ឲ្យភ្លឺព្រោងព្រាត)។ ម្នាលភិក្ខុទាំងឡាយ ចក្ករតន៍បែបនេះ តែងកើតឡើងប្រាកដ ដល់ស្តេចចក្រពត្តិ ។ [១៥៩] ម្នាលភិក្ខុទាំងឡាយ មួយទៀត ហត្ថិរតន៍ (ដំរីកែវ) ក៏កើតប្រាកដ ដល់ស្តេចចក្រពត្តិ។ (ដំរីកែវនោះ) ជាស្តេចដំរី ឈ្មោះ ឧបោសថ មានសម្បុរសសុទ្ធ មានអវយវៈតូចធំ សមរម្យទាំងអស់។ ជាដំរីមានឫទ្ធិ អាចហោះទៅលើអាកាសបាន។ លុះព្រះបាទចក្រពត្តិ ទ្រង់ទតឃើញហើយ ក៏មានព្រះហឫទ័យជ្រះថ្លាថា អើ យានដំរីល្អណាស់តើហ្ន៎ ប្រសិនបើចូលទៅបង្ហាត់បាន (ជាការប្រពៃ)។ ម្នាលភិក្ខុទាំងឡាយ ឯហត្ថិរតន៍នោះ ក៏ដល់នូវការបង្ហាត់បាន ដូចជាដំរីអាជានេយ្យដ៏ល្អ ដែលគេបង្ហាត់បានរបៀបល្អយូរអង្វែងហើយ។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ កាលទ្រង់នឹងល្បងមើលហត្ថិរតន៍នោះឯង មុនដំបូង ទ្រង់ឡើងគង់ (លើហត្ថិរតន៍នោះ) ក្នុងវេលាព្រឹកព្រហាម ហើយស្តេចទៅត្រួតត្រានូវផែនដី មានសមុទ្រជាព្រំប្រទល់ រួចហើយស្តេចត្រឡប់មកសោយព្រះក្រយារហារ ក្នុងវេលាព្រឹក ឯរាជធានីរបស់ព្រះអង្គនោះវិញទាន់ ។ ម្នាលភិក្ខុទាំងឡាយ ហត្ថិរតន៍ មានសភាពយ៉ាងនេះ តែងកើតឡើងប្រាកដ ដល់ស្តេចចក្រពត្តិ ។ [១៦០] ម្នាលភិក្ខុទាំងឡាយ មួយទៀត អស្សរតន៍ (សេះកែវ) ក៏កើតឡើងប្រាកដ ដល់ស្តេចចក្រពត្តិ ។ (អស្សរតន៍នោះ) ជាស្តេចសេះឈ្មោះ វលាហកៈ មានសម្បុរសសុទ្ធ មានសម្បុរត្រង់ក្បាលខ្មៅ (រលើប) ដូចជាសម្បុរនៃកក្អែក មានសក់ (សក្បុស) ដូចជាបណ្តូលស្មៅយ៉ាប្លង ជាសេះមានឫទ្ធិ អាចហោះទៅលើអាកាសបាន។ លុះស្តេចចក្រពត្តិ ទ្រង់ទតឃើញហើយ ក៏មានព្រះហឫទ័យជ្រះថ្លាថា អើយានសេះ ល្អណាស់ហ្ន៎ ប្រសិនបើចូលទៅបង្ហាត់បាន (ជាការប្រពៃ)។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ អស្សរតន៍នោះ ក៏ដល់នូវការបង្ហាត់បាន ដូចជាសេះអាជានេយ្យដ៏ល្អ ដែលគេបង្ហាត់បានរបៀបល្អយូអង្វែងហើយ ។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ កាលទ្រង់នឹងល្បងមើលអស្សរតន៍នោះឯង មុនដំបូង ទ្រង់ឡើងគង់ (លើអស្សរតន៍) ក្នុងវេលាព្រឹកព្រហាម ហើយស្តេចទៅត្រួតត្រា ផែនដីដែលមានសមុទ្រជាព្រំប្រទល់ រួចហើយស្តេចត្រឡប់មកសោយព្រះស្ងោយ ក្នុងវេលាព្រឹក ឯរាជធានីរបស់ព្រះអង្គនោះវិញទាន់ ។ ម្នាលភិក្ខុទាំងឡាយ អស្សរតន៍មានសភាពយ៉ាងនេះ តែងកើតប្រាកដ ដល់ស្តេចចក្រពត្តិ ។ [១៦១] ម្នាលភិក្ខុទាំងឡាយ មួយទៀត មណិរតន៍ ក៏កើតប្រាកដ ដល់ស្តេចចក្រពត្តិ។ មណិរតន៍នោះ ជាកែវពិទូរ្យ មានជាតិដ៏ល្អ មានជ្រុង៨ ដែលជាងឆ្នៃល្អហើយ។ ម្នាលភិក្ខុទាំងឡាយ មណិរតន៍នោះឯង មានពន្លឺផ្សាយទៅ បានមួយយោជន៍ជុំវិញ។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ កាលទ្រង់នឹងល្បងមើល នូវមណិរតន៍នោះឯង មុនដំបូង ទ្រង់ប្រជុំអស់ចតុរង្គសេនាមក ហើយទ្រង់ស្ទួយកែវមណីឡើង ទៅកាន់ចុងដងទង់ ហើយទ្រង់គ្រវី ទៅក្នុងទីងងឹតអព្ទក្នុងរាត្រី។ ម្នាលភិក្ខុទាំងឡាយ ចំណែកអ្នកស្រុកទាំងឡាយណា ដែលនៅជិតខាង អ្នកស្រុកទាំងនោះ សំគាល់ថាជាវេលាថ្ងៃ ក៏នាំគ្នាប្រកបការងារ ដោយសារពន្លឺ (កែវ) នោះឯង។ ម្នាលភិក្ខុទាំងឡាយ មណិរតន៍ មានសភាពយ៉ាងនេះ តែងកើតប្រាកដ ដល់ស្តេចចក្រពត្តិ ។ [១៦២] ម្នាលភិក្ខុទាំងឡាយ តទៅទៀត ឥត្ថីរតន៍ [មើលមហាសុទស្សនសូត្រ ទីឃនិកាយ មហាវគ្គ ភាគ ១៧ ទំព័រ ១២ ត្រង់នយលក្ខណៈ លេខ១។] (ស្រីកែវ) ក៏កើតប្រាកដ ដល់ស្តេចចក្រពត្តិ។ ស្រីកែវនោះ មានរូបឆោមដ៏ល្អ គួរឲ្យអ្នកផងពិតពិល រមិលមើល គួរជ្រះថ្លា ប្រកបដោយសម្បុរល្អក្រៃលែង មិនខ្ពស់ពេក មិនទាបពេក មិនស្គមពេក មិនធាត់ពេក មិនខ្មៅពេក មិនសពេក លើសលែងកន្លងហួសសម្បុរស្ត្រីមនុស្ស តែមិនដល់សម្បុរទិព្វទេ។ ម្នាលភិក្ខុទាំងឡាយ ឥត្ថីរតន៍នោះឯង មានកាយសម្ផ័ស្ស (ទន់ល្អូក) ដូចជាសំឡីគរ ឬសំឡីកប្បាស។ ម្នាលភិក្ខុទាំងឡាយ ឯឥត្ថីរតន៍នោះឯង ក្នុងរដូវត្រជាក់ មានខ្លួនក្តៅ ក្នុងរដូវក្តៅ មានខ្លួនត្រជាក់។ ម្នាលភិក្ខុទាំងឡាយ មិនតែប៉ុណ្ណោះសោត ឥត្ថីរតន៍នោះឯង មានក្លិនខ្លឹមចន្ទន៍ ផ្សាយចេញអំពីកាយ មានក្លិនផ្កាឧប្បល ផ្សាយចេញអំពីមាត់។ ម្នាលភិក្ខុទាំងឡាយ ឥត្ថីរតន៍នោះឯង ជាស្ត្រីតែងក្រោកឡើងមុន តែងអង្គុយក្រោយ [មើលមហាសុទស្សនសូត្រ ទីឃនិកាយ មហាវគ្គ ភាគ ១៧ ទំព័រ ១២ នយលក្ខណៈ លេខ២។] យកចិត្តទុកដាក់ធ្វើការអ្វីៗ ប្រព្រឹត្តតម្រូវព្រះហឫទ័យ ពោលតែពាក្យជាទីពេញព្រះហឫទ័យ របស់ស្តេចចក្រពត្តិ។ ម្នាលភិក្ខុទាំងឡាយ ឥត្ថីរតន៍នោះឯង សូម្បីតែចិត្ត ក៏មិនប្រព្រឹត្តកន្លងស្តេចចក្រពត្តិទៅហើយ ម្តេចឡើយនឹងប្រព្រឹត្តកន្លងដោយកាយបាន ។ ម្នាលភិក្ខុទាំងឡាយ ឥត្ថិរតន៍ មានសភាពយ៉ាងនេះឯង តែងកើតប្រាកដ ដល់ស្តេចចក្រពត្តិ ។ [១៦៣] ម្នាលភិក្ខុទាំងឡាយ តទៅទៀត គហបតិរតន៍ [មើលមហាសុទស្សនសូត្រ ទីឃនិកាយ មហាវគ្គ ភាគ ១៧ ទំព័រ ១៣ ត្រង់នយលក្ខណៈ លេខ១។] (គហបតីកែវ) ក៏កើតប្រាកដ ដល់ស្តេចចក្រពត្តិ។ ឯគហបតិរតន៍នោះ មានទិព្វចក្ខុ កើតអំពីផលនៃកុសលកម្ម អាចមើលឃើញកំណប់ទ្រព្យ ដែលមានម្ចាស់ និងមិនមានម្ចាស់បាន។ គហបតិរតន៍នោះ ចូលទៅគាល់ស្តេចចក្រពត្តិ ក៏ក្រាបបង្គំទូល យ៉ាងនេះថា បពិត្រព្រះសម្មតិទេព សូមព្រះអង្គ កុំមានសេចក្តីខ្វល់ខ្វាយឡើយ ខ្ញុំព្រះអង្គ នឹងចាត់ចែងការ ដែលគួរធ្វើដោយទ្រព្យថ្វាយ ដោយព្រះរាជទ្រព្យព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ កាលទ្រង់នឹងល្បងមើលគហបតិរតន៍នោះឯង មុនដំបូង ទ្រង់ប្រថាប់លើព្រះទីនាំងនាវា សំដៅទៅកាន់ខ្សែទឹក ក្នុងកណ្តាលទន្លេគង្គា ទើបទ្រង់ត្រាស់នឹងគហបតិរតន៍នោះ យ៉ាងនេះថា ម្នាលគហបតី យើងមានសេចក្តីត្រូវការ ដោយប្រាក់ និងមាស។ គហបតិរតន៍នោះ ក្រាបបង្គំទូលតបថា បពិត្រមហារាជ បើដូច្នោះ សូមទ្រង់អែបនាវាទៅខាងត្រើយច្រាំងម្ខាង។ ទ្រង់មានព្រះរាជឱង្ការថា ឱ គហបតី យើងមានសេចក្តីត្រូវការតែប្រាក់ និងមាសត្រង់ទីនេះឯង។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង គហបតិរតន៍នោះ លូកដៃទាំងពីរចុះទៅក្នុងទឹក ចាប់លើកយកឆ្នាំង ដែលពេញដោយប្រាក់ និងមាស ហើយក្រាបទូលស្តេចចក្រពត្តិថា បពិត្រមហារាជ ល្មមហើយដោយប្រាក់ និងមាសប៉ុណ្ណេះ បពិត្រមហារាជ ប្រាក់ និងមាសប៉ុណ្ណេះ ល្មមធ្វើព្រះរាជកិច្ចបានហើយ បពិត្រមហារាជ ប្រាក់ និងមាសប៉ុណ្ណេះ ខ្ញុំព្រះអង្គថ្វាយហើយ។ ស្តេចចក្រពត្តិ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលគហបតី ប្រាក់ និងមាសប៉ុណ្ណេះ ល្មមហើយ ម្នាលគហបតី ប្រាក់ និងមាសប៉ុណ្ណេះ ល្មមធ្វើកិច្ចបានហើយ ម្នាលគហបតី ប្រាក់ និងមាសប៉ុណ្ណេះ អ្នកឯងថ្វាយយើងហើយ។ ម្នាលភិក្ខុទាំងឡាយ គហបតិរតន៍ មានសភាពយ៉ាងនេះ តែងកើតប្រាកដ ដល់ស្តេចចក្រពត្តិ ។ [១៦៤] ម្នាលភិក្ខុទាំងឡាយ តទៅទៀត បរិនាយករតន៍ [មើលមហាសុទស្សនសូត្រ ទីឃនិកាយ មហាវគ្គ ភាគ ១៧ ទំព័រ ១៤ ត្រង់នយលក្ខណៈ លេខ១។] (បរិនាយកកែវ) ក៏កើតប្រាកដ ដល់ស្តេចចក្រពត្តិ។ (បរិនាយកកែវនោះ) ជាបណ្ឌិតវាងវៃ មានប្រាជ្ញា អង់អាច ដើម្បីញ៉ាំងស្តេចចក្រពត្តិ ដែលខ្លួនគួរឲ្យស្តេចចូលទៅ ឲ្យចូលទៅបាន ដើម្បីញ៉ាំងស្តេចចក្រពត្តិ ដែលខ្លួនគួរឲ្យស្តេចចេញទៅ ឲ្យចេញទៅបាន ដើម្បីញ៉ាំងស្តេចចក្រពត្តិ ឲ្យតាំងងារបុគ្គល ដែលគួរតាំងបាន។ បរិនាយករតន៍នោះ ចូលទៅគាល់ស្តេចចក្រពត្តិហើយ ទើបក្រាបបង្គំទូល យ៉ាងនេះថា បពិត្រព្រះសម្មតិទេព សូមព្រះអង្គ កុំមានសេចក្តីខ្វល់ខ្វាយឡើយ ខ្ញុំព្រះអង្គ នឹងប្រៀនប្រដៅថ្វាយ។ ម្នាលភិក្ខុទាំងឡាយ បរិនាយករតន៍ មានសភាពយ៉ាងនេះ តែងកើតប្រាកដ ដល់ស្តេចចក្រពត្តិ។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ ទ្រង់ប្រកបដោយរតនៈ (៧ប្រការ) នេះឯង ។ ស្តេចចក្រពត្តិ ទ្រង់ប្រកបដោយឫទ្ធិ ៤យ៉ាង តើដូចម្តេចខ្លះ ។ [១៦៥] ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ មានព្រះរូបល្អ គួរឲ្យអ្នកផងពិតពិលរមិលមើល គួរឲ្យជ្រះថ្លា ទ្រង់ប្រកបដោយព្រះឆវីវណ្ណ ដ៏ល្អក្រៃលែង ជាងមនុស្សឯទៀត ក្នុងលោកនេះ។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ ទ្រង់ប្រកបដោយឫទ្ធិ នេះជាឫទ្ធិទី១។ [១៦៦] ម្នាលភិក្ខុទាំងឡាយ មួយទៀត ស្តេចចក្រពត្តិមានព្រះជន្មាយុវែង ទ្រង់ឋិតនៅអស់កាលយូរអង្វែង ក្រៃលែងជាងមនុស្សទាំងឡាយឯទៀត។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ ទ្រង់ប្រកបដោយឫទ្ធិ នេះជាឫទ្ធិទី២។ [១៦៧] ម្នាលភិក្ខុទាំងឡាយ មួយទៀត ស្តេចចក្រពត្តិ ទ្រង់មិនមានអាពាធ មិនមានទុក្ខ ប្រកបដោយភ្លើងធាតុ ដែលកើតអំពីកម្ម មានវិបាកស្មើគ្នា គឺមិនត្រជាក់ពេក មិនក្តៅពេក លើសជាងមនុស្សដទៃ។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ ទ្រង់ប្រកបដោយឫទ្ធិ នេះជាឫទ្ធិទី ៣ ។ [១៦៨] ម្នាលភិក្ខុទាំងឡាយ មួយទៀត ស្តេចចក្រពត្តិ ទ្រង់ជាទីស្រឡាញ់ ជាទីពេញចិត្តនៃព្រាហ្មណ៍ និងគហបតីទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ បិតាជាទីស្រឡាញ់ពេញចិត្ត នៃកូនទាំងឡាយ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ ទ្រង់ជាទីស្រឡាញ់ ជាទីពេញចិត្តនៃព្រាហ្មណ៍ និងគហបតីទាំងឡាយ យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងព្រាហ្មណ៍ និងគហបតីទាំងឡាយ ក៏ជាទីស្រឡាញ់ពេញព្រះហឫទ័យ នៃស្តេចចក្រពត្តិដែរ។ ម្នាលភិក្ខុទាំងឡាយ កូនទាំងឡាយ ជាទីស្រឡាញ់ពេញចិត្ត នៃបិតា យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ព្រាហ្មណ៍ និងគហបតីទាំងឡាយ ក៏ជាទីស្រឡាញ់ ពេញព្រះហឫទ័យ នៃស្តេចចក្រពត្តិ យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ កាលមុនដម្បូង ទ្រង់ស្តេចទៅកាន់ទីឧទ្យាន ដោយចតុរង្គសេនា។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រាហ្មណ៍ និងគហបតីទាំងឡាយ ចូលទៅគាល់ស្តេចចក្រពត្តិ ក្រាបបង្គំទូល យ៉ាងនេះថា បពិត្រព្រះសម្មតិទេព សូមព្រះអង្គ កុំស្តេចទៅ ដោយរួសរាន់ឡើយ សូមឲ្យយើងខ្ញុំព្រះអង្គ ឃើញព្រះអង្គ អស់កាលយូរ។ ម្នាលភិក្ខុទាំងឡាយ ឯស្តេចចក្រពត្តិ ទ្រង់ត្រាស់នឹងសារថីថា ម្នាលសារថី អ្នកកុំបររថទៅ ដោយរួសរាន់ឡើយ។ សុំឲ្យខ្ញុំឃើញព្រាហ្មណ៍ និងគហបតីទាំងឡាយ អស់កាលយូរ។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ ទ្រង់ប្រកបដោយឫទ្ធិនេះ ជាឫទ្ធិទី៤។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ ទ្រង់ប្រកបដោយឫទ្ធិ ៤យ៉ាង នេះឯង។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់នូវហេតុនោះ ថាដូចម្តេច ស្តេចចក្រពត្តិ ប្រកបដោយរតនៈ ទាំង៧ប្រការ នេះផង ដោយឫទ្ធិ ៤យ៉ាង នេះផង តើទ្រង់សោយនូវសេចក្តីសុខ សោមនស្ស ព្រោះរតនៈ និងឫទ្ធិនោះ ជាហេតុដែរឬអ្វី។ ភិក្ខុទាំងឡាយ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ស្តេចចក្រពត្តិ សូម្បីប្រកបដោយរតនៈតែមួយៗ ក៏គង់សោយសេចក្តីសុខ សោមនស្ស ព្រោះរតនៈនោះ ជាហេតុទៅហើយ ចាំបាច់និយាយថ្វី ដល់ទៅប្រកបដោយរតនៈ ទាំង៧ប្រការ និង ឫទ្ធិ ៤ យ៉ាង (នោះ) ។ [១៦៩] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ចាប់នូវដុំថ្មតូច ប្រមាណប៉ុនបាតដៃ ហើយត្រាស់សួរភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច ដុំថ្មតូចប្រមាណប៉ុនបាតដៃ ដែលតថាគត កំពុងកាន់នេះ និងស្តេចភ្នំហិមពាន្ត តើណាធំជាង។ ភិក្ខុទាំងឡាយ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ដុំថ្មតូចប្រមាណប៉ុនបាតដៃ ដែលព្រះអង្គកាន់នេះ តូចពេកណាស់ ប្រៀបផ្ទឹមនឹងស្តេចភ្នំហិមពាន្ត មិនដល់នូវការរាប់ផង មិនដល់មួយចំណិតផង មិនដល់នូវការប្រៀបធៀបផង។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ ប្រកបដោយរតនៈ ទាំង៧ប្រការ និង ឫទ្ធិ៤យ៉ាង ទ្រង់សោយសេចក្តីសុខ សោមនស្សណា ព្រោះរតនៈ និងឫទ្ធិ៍នោះ ជាហេតុ។ សេចក្តីសុខនោះ ប្រៀបផ្ទឹមនឹងសេចក្តីសុខទិព្វ មិនដល់នូវការរាប់ផង មិនដល់មួយចំណិតផង មិនដល់នូវការប្រៀបធៀបផង ក៏ដូច្នោះដែរ ។ [១៧០] ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិតនោះ បើអំណើះកាលយូរអង្វែងទៅម្តងៗ ក៏មកកាន់អត្តភាពជាមនុស្ស ក្នុងកាលជាខាងក្រោយ តែងកើតក្នុងត្រកូលខ្ពស់ គឺត្រកូលខត្តិយមហាសាលខ្លះ ត្រកូលព្រាហ្មណមហាសាលខ្លះ ត្រកូលគហបតីមហាសាលខ្លះ ជាត្រកូលស្តុកស្តម្ភ មាំមួន មានទ្រព្យច្រើន មានគ្រឿងប្រើប្រាស់ច្រើន មានប្រាក់មាសច្រើន មានគ្រឿងឧបករណ៍ច្រើន មានធញ្ញជាតជាទ្រព្យច្រើន។ មួយទៀត ជនជាបណ្ឌិតនោះ មានរូបល្អ គួរពិតពិលរមិលមើល គួរជ្រះថ្លា ប្រកបដោយសម្បុរល្អ ដ៏ក្រៃលែង ជាអ្នកបានបាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាបផ្សេងៗ ទីដេក ទីនៅអាស្រ័យ និងគ្រឿងប្រទីប។ ជនជាបណ្ឌិតនោះ តែងប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត។ លុះជនជាបណ្ឌិតនោះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត ហើយដល់បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក ។ [១៧១] ម្នាលភិក្ខុទាំងឡាយ ដូចអ្នកលេងល្បែងភ្នាល់ បាននូវគំនរទ្រព្យសម្បត្តិច្រើន ដោយការឈ្នះជាដំបូងប៉ុណ្ណោះ។ ម្នាលភិក្ខុទាំងឡាយ ត្រង់ហេតុដែលអ្នកលេងល្បែងភ្នាល់នោះ បាននូវគំនរទ្រព្យសម្បត្តិច្រើន ដោយការឈ្នះជាដំបូងប៉ុណ្ណោះនោះ ឈ្មោះថា ជាការឈ្នះតែបន្តិចបន្តួចទេ ។ ចំណែកជនជាបណ្ឌិតនោះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក នេះឯង ទើបឈ្មោះថា ការឈ្នះធំជាងនោះទៅទៀត។ ម្នាលភិក្ខុទាំងឡាយ នេះឈ្មោះថា បណ្ឌិតភូមិ ដ៏បរិបូណ៌គ្រប់គ្រាន់ ។ លុះព្រះមានព្រះភាគ ត្រាស់ព្រះសូត្រនេះចប់ហើយ ពួកភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ រីករាយ ចំពោះភាសិត របស់ព្រះមានព្រះភាគ ។ ចប់ពាលបណ្ឌិតសូត្រ ទី ៩ ។ បណ្ឌិតមានលក្ខណៈជាគ្រឿងសម្គាល់ ៣ យ៉ាង បិដកភាគ ២៧ ទំព័រ ១៨២ ឃ្នាប ១៥២ ដោយ​៥០០០​ឆ្នាំ​
images/articles/3099/64egedrer.jpg
ពាលបណ្ឌិតសូត្រ ទី៩
ផ្សាយ : ១៦ មករា ឆ្នាំ២០២៣
[១៣៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អាថបណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ កាលព្រះមានព្រះភាគ គង់នៅក្នុងវត្តនោះ បានត្រាស់ហៅពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ [១៣៦] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល មានហេតុជាគ្រឿងចំណាំថា ពាល មានហេតុជាគ្រឿងសំគាល់ថា ពាល មានចរិកជាពាល ៣យ៉ាងនេះ។ ហេតុ៣យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល ក្នុងលោកនេះ ជាអ្នកគិតគំនិតអាក្រក់១ និយាយសំដីអាក្រក់១ ធ្វើអំពើអាក្រក់១។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើបុគ្គលពាល ជាអ្នកមិនគិតគំនិតអាក្រក់ផង មិននិយាយសំដីអាក្រក់ផង មិនធ្វើអំពើអាក្រក់ផងទេ។ តើពួកបណ្ឌិតណា នឹងស្គាល់គេថា អ្នកដ៏ចម្រើននេះ ជាមនុស្សពាល ជាអសប្បុរស ដូច្នេះបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល តែងជាអ្នកគិតគំនិតអាក្រក់ផង និយាយសំដីអាក្រក់ផង ធ្វើអំពើអាក្រក់ផង ព្រោះហេតុណា ហេតុនោះ បានជា បណ្ឌិតទាំងឡាយ ស្គាល់គេថា អ្នកដ៏ចម្រើននេះ ជាមនុស្សពាល ជាអសប្បុរសបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាលនោះឯង តែងទទួលទុក្ខ ទោសមនស្ស ៣យ៉ាង ក្នុងបច្ចុប្បន្ននេះ។ [១៣៧] ម្នាលភិក្ខុទាំងឡាយ បើបុគ្គលពាល អង្គុយក្នុងសាលាក្តី អង្គុយក្នុងច្រកក្តី អង្គុយក្នុងផ្លូវបែកជា៤ក្តី ចំណែកអ្នកផង ដែលអង្គុយក្នុងបរិស័ទនោះ តែងប្រឹក្សាពាក្យ (ថ្លែងអំពីទោស) ដែលកើតអំពីអំពើនោះ សមគួរដល់អំពើនោះ [ប្រឹក្សាអំពីទោសរបស់បញ្ចវេរា ដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្ន និងបរលោក។ អដ្ឋកថា]។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើបុគ្គលពាល ជាអ្នកសម្លាប់សត្វ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ និយាយកុហក ជាអ្នកតាំងនៅក្នុងសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល តែងគិតក្នុងពាក្យ ដែលអ្នកផងនិយាយនោះ យ៉ាងនេះថា អ្នកផង តែងប្រឹក្សាពាក្យណា ដែលកើតអំពីអំពើនោះ សមគួរដល់អំពើនោះ ធម៌ទាំងឡាយនោះ ក៏មាននៅក្នុងអញផង ខ្លួនអញសោត ក៏ប្រាកដក្នុងធម៌ទាំងនោះផង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល តែងទទួលទុក្ខ ទោមនស្ស ទី១នេះ ក្នុងបច្ចុប្បន្ន។ [១៣៨] ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលពាល ឃើញព្រះរាជាទាំងឡាយ កាលចាប់ចោរ ដែលប្រព្រឹត្តអាក្រក់បានហើយ ត្រាស់បង្គាប់ឲ្យធ្វើកម្មករណ៍ផ្សេងៗ គឺឲ្យវាយដោយរំពាត់ខ្លះ ឲ្យវាយដោយផ្តៅខ្លះ ឲ្យវាយដោយដំបងខ្លីខ្លះ ឲ្យកាត់ដៃខ្លះ ឲ្យកាត់ជើងខ្លះ ឲ្យកាត់ទាំងដៃ ទាំងជើងខ្លះ ឲ្យកាត់ស្លឹកត្រចៀកខ្លះ ឲ្យកាត់ច្រមុះខ្លះ ឲ្យកាត់ទាំងស្លឹកត្រចៀក ទាំងច្រមុះខ្លះ ឲ្យធ្វើពិលង្គថាលិកកម្ម [១-១៣មើលនយលក្ខណៈ ក្នុងមហាទុក្ខក្ខន្ធសូត្រ ក្នុងគម្ពីមជ្ឈិមនិកាយមូលបណ្ណាសកៈ បឋមភាគ ទំព័រ ៣២០-៣២១] គឺអំពើដែលគេធ្វើក្បាល ឲ្យដូចជាឆ្នាំងដាក់ទឹកជ្រក់ខ្លះ ឲ្យធ្វើនូវសង្ខមុណ្ឌិកកម្ម [២] គឺអំពើដែលគេធ្វើក្បាល ឲ្យរលីងដូចជាសំបកស័ង្ខខ្លះ ឲ្យធ្វើរាហុមុខកម្ម [៣] គឺអំពើដែលគេធ្វើមាត់ ឲ្យដូចជាមាត់រាហុខ្លះ ឲ្យធ្វើនូវជោតិមាលិកកម្ម [៤] គឺអំពើដែលគេធ្វើខ្លួនមនុស្ស ឲ្យដូចជាផ្កាភ្លើងខ្លះ ឲ្យធ្វើនូវហត្ថប្បជោតិកកម្ម [៥] គឺអំពើដែលគេដុតដៃខ្លះ ឲ្យធ្វើនូវឯរកវត្តិកកម្ម [៦] គឺអំពើដែលគេធ្វើដូចជាគេពន្លាត់ស្បែកពពែខ្លះ ឲ្យធ្វើនូវចីរកវាសិកកម្ម [៧] គឺអំពើដែលគេធ្វើឲ្យដូចជាស្លៀកសំពត់សំបកឈើខ្លះ ឲ្យធ្វើនូវឯណេយ្យកកម្ម [៨] គឺអំពើដែលគេធ្វើឲ្យដូចជាជើងសត្វទ្រាយខ្លះ ឲ្យធ្វើនូវពលិសមំសិកកម្ម [៩] គឺអំពើដែលគេថ្ពក់មាត់ដោយកាង ឬសន្ទូចខ្លះ ឲ្យធ្វើនូវកហាបណកកម្ម [១០] គឺអំពើដែលគេធ្វើឲ្យខូចសរីរៈប្រមាណប៉ុនកហាបណមួយៗខ្លះ ឲ្យធ្វើនូវខារាបតច្ឆិកកម្ម [១១] គឺអំពើដែលគេយកទឹកផ្សាស្រោចខ្លះ ឲ្យធ្វើនូវពលីឃបរិវត្តិកកម្ម [១២] គឺអំពើដែលគេធ្វើឲ្យដូចជាបង្វិលជើងគុល ឬសសរគោលខ្លះ ឲ្យធ្វើនូវបលាលបីឋកកម្ម [១៣] គឺអំពើដែលគេធ្វើឲ្យដូចជាកណ្តាប់ចំបើងខ្លះ ឲ្យស្រោចដោយប្រេងដ៏ក្តៅខ្លះ ឲ្យឆ្កែខាំខ្លះ ឲ្យដេកផ្ងាលើឈើអណ្តោតទាំងរស់ខ្លះ ឲ្យកាត់ក្បាលដោយដាវខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល តែងត្រិះរិះក្នុងអំពើទាំងនោះ យ៉ាងនេះថា ព្រះរាជាទាំងឡាយ ចាប់ចោរដែលប្រព្រឹត្តអាក្រក់បានហើយ ត្រាស់បង្គាប់ឲ្យធ្វើកម្មករណ៍ផ្សេងៗ គឺឲ្យវាយដោយរំពាត់ខ្លះ។បេ។ ឲ្យកាត់ក្បាល ដោយដាវខ្លះ ព្រោះតែបាបកម្ម មានសភាពយ៉ាងណាៗ។ ធម៌ទាំងឡាយនោះ ក៏មាននៅក្នុងអញផង ខ្លួនអញសោត ក៏ប្រាកដក្នុងធម៌ទាំងនោះផង។ បើព្រះរាជាទាំងឡាយ ជ្រាបនូវអញហើយ មុខជាព្រះរាជា នឹងចាប់អញ ហើយត្រាស់បង្គាប់ឲ្យធ្វើកម្មករណ៍ផ្សេងៗមិនខាន គឺឲ្យវាយដោយរំពាត់ខ្លះ។បេ។ ឲ្យដេកផ្ងាលើឈើអណ្តោតទាំងរស់ខ្លះ ឲ្យកាត់ក្បាលដោយដាវខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល តែងទទួលទុក្ខ ទោមនស្ស ទី២ នេះឯង ក្នុងបច្ចុប្បន្ន។ [១៣៩] ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលពាល កាលឡើងកាន់តាំងក្តី ឡើងកាន់គ្រែក្តី ដេកលើផែនដីក្តី អំពើអាក្រក់ទាំងឡាយ គឺការប្រព្រឹត្តអាក្រក់ដោយកាយ ប្រព្រឹត្តិអាក្រក់ដោយវាចា ប្រព្រឹត្តិអាក្រក់ដោយចិត្តណា ដែលគេធ្វើទុកក្នុងកាលមុន អំពើអាក្រក់ទាំងនោះឯង តែងគ្របដណ្តប់ សង្កត់សង្កិន រួបរឹតគេ ក្នុងសម័យនោះ។ ម្នាលភិក្ខុទាំងឡាយ ស្រមោលនៃកំពូលភ្នំដ៏ធំ តែងក្រាលរាលដាល គ្របលើផែនដី ក្នុងវេលាថ្ងៃរសៀល មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យ ដូចបុគ្គលពាល កាលឡើងកាន់តាំងក្តី ឡើងកាន់គ្រែក្តី ដេកលើផែនដីក្តី អំពើអាក្រក់ទាំងឡាយ គឺការប្រព្រឹត្តិអាក្រក់ដោយកាយ ប្រព្រឹត្តិអាក្រក់ដោយវាចា ប្រព្រឹត្តិអាក្រក់ដោយចិត្តណា ដែលធ្វើទុកក្នុងកាលមុន អំពើអាក្រក់ទាំងនោះឯង តែងគ្របដណ្តប់ សង្កត់សង្កិន រួបរឹតគេ ក្នុងសម័យនោះ ដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល តែងគិតក្នុងអារម្មណ៍ ដែលប្រាកដ ក្នុងចក្ខុទ្វារនោះ យ៉ាងនេះថា អើហ្ន៎ អាត្មាអញ មិនបានធ្វើអំពើល្អ មិនបានធ្វើកុសល មិនបានធ្វើបុណ្យ សម្រាប់ការពារភ័យទុកសោះ អាត្មាអញ ធ្វើតែបាប ធ្វើតែអំពើអាក្រក់ ធ្វើតែអំពើក្តៅក្រហាយទុក ពួកជនដែលមិនបានធ្វើអំពើល្អ មិនបានធ្វើកុសល មិនបានធ្វើបុណ្យ សម្រាប់ការពារភ័យទុក ជាអ្នកបានធ្វើតែអំពើបាប ធ្វើតែអំពើអាក្រក់ ធ្វើតែអំពើក្តៅក្រហាយទុក រមែងមានគតិណា អាត្មាអញ នឹងទៅកាន់គតិនោះ ក្នុងបរលោក។ បុគ្គលពាលនោះ តែងក្រៀមក្រំចិត្ត លំបាក ខ្សឹកខ្សួល គក់ទ្រូង ទ្រហោយំ ដល់នូវសេចក្តីវង្វេង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល តែងទទួលទុក្ខ ទោមនស្ស ទី៣ នេះឯង ក្នុងបច្ចុប្បន្ន។ [១៤០] ម្នាលភិក្ខុទាំងឡាយ បុគ្គលពាលនោះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក។ ម្នាលភិក្ខុទាំងឡាយ អ្នកផងដែលនិយាយតាមហេតុ តែងនិយាយចំពោះទីណាថា ជាទីមិនគួរប្រាថ្នាតែមួយយ៉ាង មិនគួរត្រេកអរតែមួយយ៉ាង មិនគួរពេញចិត្តតែមួយយ៉ាង ដូច្នេះ ទីនោះ គឺនរកនុ៎ះឯង ដែលអ្នកផងនិយាយតាមហេតុ តែងនិយាយថា ជាទីមិនគួរប្រាថ្នាតែមួយយ៉ាង មិនគួរត្រេកអរតែមួយយ៉ាង មិនគួរពេញចិត្តតែមួយយ៉ាង។ ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មិនងាយនឹងធ្វើឧបមា ឲ្យដល់កម្រិតនរក ដែលមានទុក្ខបានឡើយ។ [១៤១] កាលបើព្រះអង្គទ្រង់ត្រាស់ យ៉ាងនេះហើយ មានភិក្ខុមួយរូប ក្រាបបង្គំទូលសួរសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ចុះព្រះអង្គ អាចនឹងធ្វើសេចក្តីឧបមាបានឬទេ។ ព្រះមានព្រះភាគត្រាស់តបថា ម្នាលភិក្ខុ តថាគត អាចនឹងធ្វើបាន រួចទ្រង់សំដែងថា ម្នាលភិក្ខុទាំងឡាយ ដូចពួករាជបុរស ចាប់ចោរប្រព្រឹត្តអាក្រក់បានហើយ នាំមកថ្វាយព្រះរាជា ទូលថា បពិត្រព្រះសម្មតិទេព អ្នកនេះជាចោរ ប្រព្រឹត្តអាក្រក់នឹងព្រះអង្គ បើទ្រង់សព្វព្រះហ្ឬទ័យនឹងដាក់អាជ្ញាណា ដល់ចោរនេះ សូមទ្រង់ដាក់អាជ្ញានោះចុះ។ ព្រះរាជា មានព្រះឱង្ការ យ៉ាងនេះថា នែប្រស្តែង ចូរអ្នករាល់គ្នា ទៅយកលំពែងមួយរយ ចាក់បុរសនេះ ក្នុងវេលាព្រឹកព្រហាមចុះ។ ពួករាជបុរស ក៏យកលំពែងមួយរយ ចាក់បុរសនោះ ក្នុងវេលាព្រឹកព្រហាម។ លុះវេលាថ្ងៃត្រង់ ព្រះរាជា មានព្រះឱង្ការសួរ យ៉ាងនេះថា នែប្រស្តែង ចុះបុរសនោះ តើដូចម្តេចទៅ។ ពួករាជបុរស ក្រាបទូលថា បពិត្រព្រះសម្មតិទេព បុរសនោះ រស់នៅឡើយទេ។ ព្រះរាជា ត្រាស់បង្គាប់ យ៉ាងនេះថា នែប្រស្តែង ចូរអ្នករាល់គ្នា ទៅយកលំពែងមួយរយ ចាក់បុរសនោះ ក្នុងវេលាថ្ងៃត្រង់ចុះ។ ពួករាជបុរស យកលំពែងមួយរយ ចាក់បុរសនោះ ក្នុងវេលាថ្ងៃត្រង់។ លុះវេលាថ្ងៃរសៀល ព្រះរាជា ក៏មានព្រះឱង្ការសួរ យ៉ាងនេះថា នែប្រស្តែង ចុះបុរសនោះ តើដូចម្តេចទៅ។ ពួករាជបុរស ក្រាបទូលថា បពិត្រព្រះសម្មតិទេព បុរសនោះ រស់នៅឡើយទេ។ ព្រះរាជា មានព្រះឱង្ការបង្គាប់ យ៉ាងនេះថា នែប្រស្តែង ចូរអ្នករាល់គ្នា ទៅយកលំពែងមួយរយ ចាក់បុរសនោះ ក្នុងវេលាថ្ងៃរសៀលចុះ។ លុះវេលាថ្ងៃរសៀល ពួករាជបុរស ក៏យកលំពែងមួយរយ ចាក់បុរសនោះទៀត។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច បុរសនោះ កាលបើគេចាក់ដោយលំពែងបីរយ តើនឹងទទួលទុក្ខ ទោមនស្ស ព្រោះលំពែងនោះជាហេតុដែរឬទេ។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន បុរសនោះ សូម្បីគេចាក់ដោយលំពែងតែមួយ ក៏ទទួលទុក្ខ ទោមនស្ស ព្រោះលំពែងនោះ ជាហេតុទៅហើយ ចាំបាច់និយាយថ្វី ដល់ទៅចាក់ដោយលំពែងបីរយ។ [១៤២] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ចាប់ថ្មតូច ប្រមាណប៉ុនបាតដៃ ហើយត្រាស់សួរពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច ដុំថ្មប្រមាណប៉ុនបាតដៃ ដែលតថាគតកំពុងកាន់នេះ និងស្តេចភ្នំហិមពាន្ត តើណាធំជាង។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ដុំថ្មតូចប្រមាណប៉ុនបាតដៃ ដែលព្រះអង្គកំពុងកាន់នេះ តូចពេកណាស់ ប្រៀបផ្ទឹមនឹងស្តេចភ្នំហិមពាន្តនោះ មិនដល់នូវការរាប់ផង មិនដល់មួយចំណិតផង មិនដល់នូវការប្រៀបធៀបផង។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមេយ្យ ដូចជាបុរស ដែលគេចាក់ដោយលំពែងបីរយ រមែងរងទុក្ខ ទោមនស្សណា ព្រោះលំពែងនោះជាហេតុ។ ទុក្ខនោះឯង ប្រៀបផ្ទឹមនឹងទុក្ខរបស់នរក ក៏មិនដល់នូវការរាប់ផង មិនដល់មួយចំណិតផង មិនដល់នូវការប្រៀបធៀបផង។ [១៤៣] ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ធ្វើកម្មករណ៍ឈ្មោះ បញ្ចពិធពន្ធន៍ (ចំណង៥ប្រការ) ចំពោះសត្វនរកនោះ។ គឺផ្តេក (សត្វនរកនោះ) ហើយបោះដែកគោលដ៏ក្តៅ ត្រង់ដៃ (ខាងស្តាំ) ១ បោះដែកគោលដ៏ក្តៅ ត្រង់ដៃខាងឆ្វេង១ បោះដែកគោលដ៏ក្តៅ ត្រង់ជើង (ខាងស្តាំ) ១ បោះដែកគោលដ៏ក្តៅ ត្រង់ជើងខាងឆ្វេង១ បោះដែកគោលដ៏ក្តៅ ចំកណ្តាលទ្រូង១។ សត្វនោះ រងទុក្ខវេទនា ក្លាខ្លាំង ខ្លោចផ្សាក្នុងទីនោះ បើបាបកម្មនោះ មិនទាន់អស់ដរាបណា ក៏មិនធ្វើមរណកាលដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល លុះផ្តេកសត្វនរកនោះរួចហើយ ទើបយកដឹងចាំង។ សត្វនោះ ក៏រងទុក្ខវេទនា ក្លាខ្លាំង ក្នុងទីនោះ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ចាប់សត្វនោះ យកជើងឡើងលើ យកក្បាលចុះក្រោម ហើយច្រាសដោយកាំបិតព្រា។ សត្វនោះ ក៏រងទុក្ខវេទនា ក្លាខ្លាំង ក្នុងទីនោះ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ទឹមសត្វនោះនឹងរថ ហើយបរទៅ បរមក លើប្រថពី ដែលភ្លើងកំពុងឆេះសព្វ ភ្លឺសន្ធោសន្ធៅ ច្រាលឆ្អៅ។ សត្វនោះ ក៏រងទុក្ខវេទនា ក្លាខ្លាំង។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ប្រើសត្វនោះ ឲ្យឡើងភ្នំ ឲ្យចុះអំពីភ្នំរងើកភ្លើងដ៏ធំ ដែលកំពុងឆេះក្តៅសព្វ ភ្លឺសន្ធោសន្ធៅ ច្រាលឆ្អៅ។ សត្វនោះ រងទុក្ខវេទនា ក្លាខ្លាំង ខ្លោចផ្សាក្នុងទីនោះ បើបាបកម្មនោះ មិនទាន់អស់ដរាបណា ក៏មិនធ្វើមរណកាលដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ចាប់សត្វនោះ យកជើងឡើងលើ យកក្បាលចុះក្រោម ទំលាក់ទៅក្នុងខ្ទះទង់ដែងដ៏ក្តៅ ដែលភ្លើងកំពុងឆេះក្តៅសព្វ ភ្លឺសន្ធោសន្ធៅ ច្រាលឆ្អៅ។ សត្វនោះ ឆេះនឹងកំសួលពពុះ ក្នុងខ្ទះទង់ដែងនោះ។ កាលសត្វនោះ ឆេះនឹងកំសួលពពុះ ក្នុងខ្ទះទង់ដែងនោះ ចួនកាលអណ្តែតឡើងលើម្តង ចួនកាលអណ្តែតចុះក្រោមម្តង ចួនកាលអណ្តែតទទឹងម្តង។ សត្វនោះ រងទុក្ខវេទនា ក្លាខ្លាំង ខ្លោចផ្សាក្នុងខ្ទះទង់ដែងនោះ បើបាបកម្មនោះ មិនទាន់អស់ដរាបណា ក៏មិនធ្វើមរណកាលដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ក៏ចាប់បោះសត្វនោះ ទៅក្នុងមហានរក។ ម្នាលភិក្ខុទាំងឡាយ មហានរកនោះសោត មានជ្រុងបួន មានទ្វារបួន បែងចែកដោយចំណែកៗ មានរបងដែកព័ទ្ធជុំវិញ គ្របដោយគម្របដែក។ ផ្ទៃក្រោមនៃមហានរកនោះ សុទ្ធតែដែក មានភ្លើងឆេះ ភ្លឺច្រាលរន្ទាល ផ្សាយទៅ បានមួយរយយោជន៍ជុំវិញ តាំងនៅសព្វៗកាល។ ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសម្តែងរៀបរាប់ អំពីនរក ដោយអនេកបរិយាយទៅ ក៏បាន។ ម្នាលភិក្ខុទាំងឡាយ តែដំណើរដែលតថាគតពោលទៅ មិនងាយនឹងដល់កម្រិតនរក ដែលមានទុក្ខបានឡើយ។ [១៤៤] ម្នាលភិក្ខុទាំងឡាយ មានពួកសត្វតិរច្ឆាន (ខ្លះ) មានស្មៅជាអាហារ។ ពួកសត្វតិរច្ឆានទាំងនោះ រមែងស៊ីស្មៅស្រស់ ច្រឹបផ្តាច់ដោយធ្មេញ។ ម្នាលភិក្ខុទាំងឡាយ ចុះពួកសត្វតិរច្ឆាន ដែលមានស្មៅជាអាហារ តើអ្វីខ្លះ គឺ សេះ គោ លា ពពែ ម្រឹគ ឬក៏សត្វតិរច្ឆានណាមួយដទៃទៀត ដែលមានស្មៅជាអាហារដូចគ្នា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាលនោះឯង ជាអ្នកជាប់នឹងរស់អាហារ ក្នុងកាលពីមុន ក្នុងលោកនេះ ហើយធ្វើកម្មដ៏លាមក ក្នុងលោកនេះ លុះបែងធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹងពួកសត្វ ដែលមានស្មៅជាអាហារនោះ។ [១៤៥] ម្នាលភិក្ខុទាំងឡាយ មានពួកសត្វតិរច្ឆាន (ខ្លះ) មានលាមកជាអាហារ។ ពួកសត្វតិរច្ឆានទាំងនោះ គ្រាន់តែធំក្លិនលាមកអំពីចម្ងាយ ក៏ស្ទុះទៅ ដោយគិតថា យើងនឹងស៊ីក្នុងទីនុ៎ះ យើងនឹងស៊ីក្នុងទីនុ៎ះ។ ពួកព្រាហ្មណ៍ តែងស្ទុះទៅតាមក្លិននៃគ្រឿងបូជា ដោយគិតថា យើងនឹងបរិភោគ ក្នុងទីនុ៎ះ យើងនឹងបរិភោគ ក្នុងទីនុ៎ះ សេចក្តីនេះ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ មានពួកសត្វតិរច្ឆាន ដែលមានលាមកជាអាហារ ពួកសត្វតិរច្ឆាននោះ គ្រាន់តែធំក្លិនលាមកអំពីចម្ងាយ ក៏ស្ទុះទៅ ដោយគិតថា យើងនឹងស៊ីក្នុងទីនុ៎ះ យើងនឹងស៊ីក្នុងទីនុ៎ះ ក៏មានឧបមេយ្យ យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ មានពួកសត្វតិរច្ឆាន ដែលមានលាមកជាអាហារ តើអ្វីខ្លះ គឺ មាន់ ជ្រូក ឆ្កែ ចចក ឬក៏សត្វតិរច្ឆានណាមួយ ក្រៅពីនេះទៀត ដែលមានលាមកជាអាហារដូចគ្នា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាលនោះឯង ជាអ្នកជាប់នឹងរសអាហារ ក្នុងកាលមុន ក្នុងលោកនេះ ហើយធ្វើនូវកម្មដ៏លាមកក្នុងលោកនេះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹងពួកសត្វ ដែលមានលាមកជាអាហារនោះ។ [១៤៦] ម្នាលភិក្ខុទាំងឡាយ មានពួកសត្វតិរច្ឆាន កើតក្នុងទីងងឹត ចាស់ក្នុងទីងងឹត ស្លាប់ក៏ក្នុងទីងងឹត។ ម្នាលភិក្ខុទាំងឡាយ ចុះពួកសត្វតិរច្ឆាន កើតក្នុងទីងងឹត ចាស់ក្នុងទីងងឹត ស្លាប់ក៏ក្នុងទីងងឹត តើអ្វីខ្លះ គឺ កន្លាត ទាក ជន្លេន ឬក៏សត្វតិរច្ឆានណាមួយ ក្រៅពីនេះទៀត ដែលកើតក្នុងទីងងឹត ចាស់ក្នុងទីងងឹត ស្លាប់ក៏ក្នុងទីងងឹតដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាលនោះឯង ជាអ្នកជាប់នឹងរសអាហារ ក្នុងកាលមុន ក្នុងលោកនេះ ហើយធ្វើនូវកម្មដ៏លាមក ក្នុងលោកនេះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹងពួកសត្វ ដែលកើតក្នុងទីងងឹត ចាស់ក្នុងទីងងឹត ស្លាប់ក៏ក្នុងទីងងឹតនោះ។ [១៤៧] ម្នាលភិក្ខុទាំងឡាយ មានពួកសត្វតិរច្ឆាន កើតក្នុងទឹក ចាស់ក្នុងទឹក ស្លាប់ក៏ក្នុងទឹក។ ម្នាលភិក្ខុទាំងឡាយ ចុះពួកសត្វតិរច្ឆាន កើតក្នុងទឹក ចាស់ក្នុងទឹក ស្លាប់ក៏ក្នុងទឹក តើអ្វីខ្លះ គឺ ត្រី អណ្តើក ក្រពើ ឬក៏សត្វតិរច្ឆានណាមួយ ក្រៅពីនេះទៀត ដែលកើតក្នុងទឹក ចាស់ក្នុងទឹក ស្លាប់ក៏ក្នុងទឹកដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាលនោះឯង ជាអ្នកជាប់នឹងរសអាហារ ក្នុងកាលមុន ក្នុងលោកនេះ ហើយធ្វើនូវកម្មដ៏លាមក ក្នុងលោកនេះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹងពួកសត្វ ដែលកើតក្នុងទឹក ចាស់ក្នុងទឹក ស្លាប់ក៏ក្នុងទឹកនោះ។ [១៤៨] ម្នាលភិក្ខុទាំងឡាយ មានពួកសត្វតិរច្ឆាន កើតក្នុងទីមិនស្អាត ចាស់ក្នុងទីមិនស្អាត ស្លាប់ក៏ក្នុងទីមិនស្អាត។ ម្នាលភិក្ខុទាំងឡាយ ចុះពួកសត្វតិរច្ឆាន កើតក្នុងទីមិនស្អាត ចាស់ក្នុងទីមិនស្អាត ស្លាប់ក៏ក្នុងទីមិនស្អាត តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលកើតក្នុងត្រីស្អុយក៏មាន ចាស់ក្នុងត្រីស្អុយក៏មាន ស្លាប់ក្នុងត្រីស្អុយក៏មាន ក្នុងសាកសពស្អុយក៏មាន… ក្នុងនំស្អុយក៏មាន … ក្នុងរណ្តៅជ្រាំក៏មាន … កើតក្នុងប្រឡាយបង្ហូរជ្រាំក៏មាន។បេ។ ឬក៏ពួកសត្វតិរច្ឆានណាមួយ ក្រៅពីនេះទៀត ដែលកើតក្នុងទីមិនស្អាត ចាស់ក្នុងទីមិនស្អាត ស្លាប់ក៏ក្នុងទីមិនស្អាតដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាលនោះឯង ជាអ្នកជាប់នឹងរសអាហារ ក្នុងកាលមុន ក្នុងលោកនេះ ហើយធ្វើនូវកម្មដ៏លាមកក្នុងលោកនេះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹងពួកសត្វដែល កើតក្នុងទីមិនស្អាត ចាស់ក្នុងទីមិនស្អាត ស្លាប់ក៏ក្នុងទីមិនស្អាតនោះ។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង រៀបរាប់នូវកំណើត នៃសត្វតិរច្ឆាន ដោយអនេកបរិយាយទៅក៏បាន។ ម្នាលភិក្ខុទាំងឡាយ តែដំណើរដែលតថាគតពោលទៅ ក៏មិនងាយនឹងដល់កម្រិតកំណើតសត្វតិរច្ឆាន ដែលមានទុក្ខបានឡើយ។ [១៤៩] ម្នាលភិក្ខុទាំងឡាយ ដូចបុរសដាក់នឹម ដែលមានច្បោះតែមួយ ទៅក្នុងមហាសមុទ្រ។ ខ្យល់ពីខាងកើត បក់បន្សាត់នឹមនោះទៅខាងលិច ខ្យល់ពីខាងលិច បក់បន្សាត់ទៅខាងកើត ខ្យល់ពីខាងជើង បក់បន្សាត់ទៅខាងត្បូង ខ្យល់ពីខាងត្បូង បក់បន្សាត់ទៅខាងជើង។ ក្នុងមហាសមុទ្រនោះ មានអណ្តើកខ្វាក់មួយ អណ្តើកនោះ អំណើះទៅមួយរយឆ្នាំ ទើបងើបឡើងម្តង។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច អណ្តើកខ្វាក់នោះ តើអាចនឹងច្រកកឲ្យចូលទៅក្នុងនឹម ដែលមានច្បោះតែមួយនោះបានឬទេ។ ភិក្ខុទាំងឡាយ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន មិនបានទេ បពិត្រព្រះអង្គដ៏ចម្រើន បើក្រែងតែកន្លងកាលទៅម្តងៗ យូរអង្វែងណាស់ (ទើបអណ្តើកនោះ ច្រកកចូលទៅក្នុងច្បោះនឹមនោះបាន)។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អណ្តើកខ្វាក់នោះ ច្រកកឲ្យចូលទៅក្នុងនឹម ដែលមានច្បោះតែមួយនោះ ទុកថាជាឆាប់ណាស់ផង។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលពាល ទៅកើតជាវិនិបាតម្តងហើយ កម្រនឹងបានអត្តភាពមកជាមនុស្សវិញ ជាងអណ្តើកខ្វាក់នោះទៅទៀត ដំណើរនោះ តើព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា ក្នុងវិនិបាតនោះ មិនមានការប្រព្រឹត្តិធម៌ដ៏ស្មើ មិនមានការធ្វើកុសល មិនមានការធ្វើបុណ្យទេ ម្នាលភិក្ខុទាំងឡាយ មានតែការខាំស៊ីនូវគ្នា និងគ្នា សម្លាប់គ្នាដែលមានកម្លាំងថយ តែងមាននៅក្នុងវិនិបាតនោះ។ [១៥០] ម្នាលភិក្ខុទាំងឡាយ បុគ្គលពាលនោះឯង ប្រសិនបើអំណើះកាល យូរអង្វែងទៅ ម្តងៗ ទើបបានមកកាន់អត្តភាពជាមនុស្ស ក្នុងកាលជាខាងក្រោយ តែងកើតក្នុងត្រកូលថោកទាប គឺ ត្រកូលចណ្ឌាល ត្រកូលអ្នកនេសាទ ត្រកូលអ្នកត្បាញផែង ត្រកូលអ្នកធ្វើរថ ត្រកូលអ្នកកើបសម្រាម ជាត្រកូលកំសត់ ឥតមានបាយ ទឹក ភោជន ប្រព្រឹត្តរស់នៅដោយលំបាក ជាត្រកូលរកបាយស៊ី និងសំពត់ស្លៀកបានដោយត្រដាបត្រដួស។ បុគ្គលនោះឯង ជាមនុស្សមានសម្បុរអាក្រក់ មិនគួរអ្នកផងមៀងមើល ជាមនុស្សតឿ មានជម្ងឺច្រើន ជាមនុស្សខ្វាក់ ក្ងែង ខ្ចក ខ្វិន ជាអ្នកមិនបានបាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាបផ្សេងៗ ទីដេក ទីនៅអាស្រ័យ គ្រឿងប្រទីបឡើយ។ បុគ្គលនោះ ប្រព្រឹត្តទុច្ចរិត ដោយកាយ ប្រព្រឹត្តទុច្ចរិត ដោយវាចា ប្រព្រឹត្តទុច្ចរិត ដោយចិត្ត។ បុគ្គលនោះ លុះប្រព្រឹត្តទុច្ចរិត ដោយកាយ ប្រព្រឹត្តទុច្ចរិត ដោយវាចា ប្រព្រឹត្តទុច្ចរិត ដោយចិត្តហើយ ដល់បែកធ្លាយរៀងកាយស្លាប់ទៅ តែងទៅកើតក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ នរក។ [១៥១] ម្នាលភិក្ខុទាំងឡាយ ដូចយ៉ាងអ្នកលេងល្បែងភ្នាល់ តែងធ្វើកូនឲ្យហិនហោចទៅផង ធ្វើប្រពន្ធឲ្យហិនហោចទៅផង ធ្វើសម្បត្តិទាំងពួង ឲ្យហិនហោចទៅផង ដោយការចាញ់ជាដំបូង តទៅមុខ ក៏ដល់នូវការជាប់វ័ណ្ឌខ្លួនឯងទៀត។ ម្នាលភិក្ខុទាំងឡាយ ត្រង់ហេតុដែលអ្នកលេងល្បែងភ្នាល់នោះ ធ្វើកូនឲ្យហិនហោចទៅផង ធ្វើប្រពន្ធឲ្យហិនហោចទៅផង ធ្វើសម្បត្តិទាំងពួង ឲ្យហិនហោចទៅផង ដោយការចាញ់ជាដំបូង តទៅមុខ ក៏ដល់នូវការជាប់វ័ណ្ឌខ្លួនឯងទៀតនោះ ឈ្មោះថា ចាញ់បន្តិចបន្តួចទេ។ ចំណែកខាងបុគ្គលពាលនោះ ប្រព្រឹត្តទុច្ចរិត ដោយកាយ ប្រព្រឹត្តទុច្ចរិត ដោយវាចា ប្រព្រឹត្តទុច្ចរិត ដោយចិត្តហើយ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ ក៏ទៅកើតក្នុងកំណើតសត្វតិរច្ឆាន ប្រេត អសុរកាយ នរកនេះឯង ទើបឈ្មោះថា ការចាញ់យ៉ាងធំ ជាងនោះទៅទៀត។ ម្នាលភិក្ខុទាំងឡាយ នេះឯង ឈ្មោះថា ពាលភូមិ ដ៏បរិបូណ៌គ្រប់គ្រាន់។ [១៥២] ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិត មានហេតុជាគ្រឿងចំណាំថា ជាបណ្ឌិត មានហេតុជាគ្រឿងសំគាល់ថាជាបណ្ឌិត មានចរិតជាបណ្ឌិត ៣ យ៉ាងនេះ។ ហេតុ៣យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិតក្នុងលោកនេះ ជាអ្នកគិតគំនិតល្អ១ និយាយសំដីល្អ១ ធ្វើអំពើល្អ១។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើជនជាបណ្ឌិតនោះ ជាអ្នកមិនគិតគំនិតល្អផង មិននិយាយសំដីល្អផង មិនធ្វើអំពើល្អផងទេ។ តើពួកអ្នកប្រាជ្ញណា នឹងស្គាល់ជនជាបណ្ឌិតនោះថា អ្នកដ៏ចម្រើននេះ ជាបណ្ឌិត ជាសប្បុរស ដូច្នេះបាន។ ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិត ជាអ្នកគិតគំនិតល្អផង និយាយសំដីល្អផង ធ្វើអំពើល្អផង ព្រោះហេតុណា ហេតុនោះ បានជាពួកអ្នកប្រាជ្ញ ស្គាល់ជនជាបណ្ឌិតនោះថា អ្នកនេះជាបណ្ឌិត ជាសប្បុរស។ ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិតនោះសោត តែងទទួលនូវសេចក្តីសុខ សោមនស្ស ៣យ៉ាង ក្នុងបច្ចុប្បន្ននេះ។ [១៥៣] ម្នាលភិក្ខុទាំងឡាយ ប្រសិនបើជនជាបណ្ឌិត អង្គុយក្នុងសាលាក្តី អង្គុយក្នុងច្រកក្តី អង្គុយក្នុងផ្លូវបែកជា៤ក្តី ចំណែកអ្នកផង ដែលអង្គុយក្នុងបរិស័ទនោះ តែងប្រឹក្សាពាក្យ (ថ្លែងអំពីទោស) ដែលកើតអំពីអំពើនោះ ដ៏សមគួរដល់អំពើនោះ។ ម្នាលភិក្ខុទាំងឡាយ បើជនជាបណ្ឌិត ជាអ្នកវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកហេតុជាទីតាំង នៃសេចក្តីប្រមាទ គឺផឹកនូវសុរា និងមេរ័យ ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិតនោះ តែងគិតក្នុងពាក្យ ដែលអ្នកផងនិយានោះថា អ្នកផងតែងប្រឹក្សាពាក្យណា ដែលកើតអំពីអំពើនោះ ដ៏សមគួរដល់អំពើនោះ ធម៌ទាំងឡាយនោះ មាននៅក្នុងអញផង ខ្លួនអញសោត ក៏ប្រាកដក្នុងធម៌ទាំងនោះផង។ ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិត តែងទទួលនូវសេចក្តីសុខ សោមនស្ស ទី១នេះ ក្នុងបច្ចុប្បន្ន។ [១៥៤] ម្នាលភិក្ខុទាំងឡាយ មួយទៀត ជនជាបណ្ឌិតឃើញនូវព្រះរាជាទាំងឡាយ កាលចាប់នូវចោរ ដែលប្រព្រឹត្តអាក្រក់បានហើយ ត្រាស់បង្គាប់ឲ្យធ្វើកម្មករណ៍ផ្សេងៗ គឺឲ្យវាយដោយរំពាត់ខ្លះ ឲ្យវាយដោយផ្តៅខ្លះ ឲ្យវាយដោយដំបងខ្លីខ្លះ ឲ្យកាត់ដៃខ្លះ ឲ្យកាត់ជើងខ្លះ ឲ្យកាត់ទាំងដៃ ទាំងជើងខ្លះ ឲ្យកាត់ស្លឹកត្រចៀកខ្លះ ឲ្យកាត់ច្រមុះខ្លះ ឲ្យកាត់ទាំងស្លឹកត្រចៀក ទាំងច្រមុះខ្លះ ឲ្យធ្វើពិលង្គថាលិកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាឆ្នាំងដាក់ទឹកជ្រក់ខ្លះ [១។ល។ ១៣ មើលនយលក្ខណៈ ក្នុងមហាទុក្ខក្ខន្ធសូត្រ ក្នុងគម្ពីរមជ្ឈិមនិកាយ មូលបណ្ណាសកៈ បឋមភាគ ត្រង់ទំព័រ ៣២០-៣២១។] ឲ្យធ្វើនូវសង្ខមុណ្ឌិកកម្ម គឺអំពើដែលគេធ្វើក្បាល ឲ្យរលីងដូចជាសំបកស័ង្ខខ្លះ [២] ឲ្យធ្វើនូវរាហុមុខកម្ម គឺអំពើដែលគេធ្វើមាត់ ឲ្យដូចជាមាត់រាហុខ្លះ [៣] ឲ្យធ្វើនូវជោតិមាលិកកម្ម គឺអំពើដែលគេធ្វើខ្លួនមនុស្ស ឲ្យដូចជាផ្កាភ្លើងខ្លះ [៤] ឲ្យធ្វើនូវហត្ថប្បជ្ជោតិកកម្ម គឺអំពើដែលគេដុតដៃខ្លះ [៥] ឲ្យធ្វើនូវឯរកវត្តិកកម្ម គឺអំពើដែលគេធ្វើដូចជាពន្លាត់ស្បែកពពែខ្លះ [៦] ឲ្យធ្វើនូវចីរកវាសិកកម្ម គឺអំពើដែលគេធ្វើ ឲ្យដូចជាស្លៀកសំពត់សំបកឈើខ្លះ [៧] ឲ្យធ្វើនូវឯណេយ្យកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាជើងសត្វទ្រាយខ្លះ [៨] ឲ្យធ្វើនូវពលិសមំសិកកម្ម គឺអំពើដែលគេថ្ពក់មាត់ ដោយកាង ឬសន្ទូច [៩] ខ្លះ ឲ្យធ្វើនូវកហាបណកកម្ម គឺអំពើដែលគេធ្វើ ឲ្យខូចសរីរៈប្រមាណប៉ុនកហាបណៈ មួយៗខ្លះ [១០] ឲ្យធ្វើនូវខារាបតច្ឆិកកម្ម គឺអំពើដែលគេយកទឹកផ្សាស្រោចខ្លះ [១១] ឲ្យធ្វើនូវបលីឃបរិវត្តិកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាបង្វិលជើងគុល ឬសសរគោលខ្លះ [១២] ឲ្យធ្វើនូវបលាលបីឋកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាកណ្តាប់ចំបើងខ្លះ [១៣] ឲ្យស្រោចដោយប្រេងដ៏ក្តៅខ្លះ ឲ្យឆ្កែខាំខ្លះ ឲ្យដេកផ្ងាលើឈើអណ្តោតទាំងរស់ខ្លះ ឲ្យកាត់ក្បាលដោយដាវខ្លះ។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតតែងត្រិះរិះ ក្នុងអំពើទាំងនោះ យ៉ាងនេះថា ព្រះរាជាទាំងឡាយ ចាប់ចោរដែលប្រព្រឹត្តអាក្រក់បានហើយ ត្រាស់បង្គាប់ឲ្យធ្វើកម្មករណ៍ផ្សេងៗ គឺឲ្យវាយដោយរំពាត់ខ្លះ ឲ្យវាយដោយផ្តៅខ្លះ ឲ្យវាយដោយដំបងខ្លីខ្លះ ឲ្យកាត់ដៃខ្លះ ឲ្យកាត់ជើងខ្លះ ឲ្យកាត់ទាំងដៃ ទាំងជើងខ្លះ ឲ្យកាត់ស្លឹកត្រចៀកខ្លះ ឲ្យកាត់ច្រមុះខ្លះ ឲ្យកាត់ទាំងស្លឹកត្រចៀក ទាំងច្រមុះខ្លះ ឲ្យធ្វើពិលង្គថាលិកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាឆ្នាំងដាក់ទឹកជ្រក់ខ្លះ ឲ្យធ្វើនូវសង្ខមុណ្ឌិកកម្ម គឺអំពើដែលគេធ្វើក្បាលឲ្យរលីងដូចជាសំបកស័ង្ខខ្លះ ឲ្យធ្វើនូវរាហុមុខកម្ម គឺអំពើដែលគេធ្វើមាត់ឲ្យដូចជាមាត់រាហុខ្លះ ឲ្យធ្វើនូវជោតិមាលិកកម្ម គឺអំពើដែលគេធ្វើខ្លួនមនុស្សឲ្យដូចជាផ្កាភ្លើងខ្លះ ឲ្យធ្វើនូវហត្ថប្បជ្ជោតិកកម្ម គឺអំពើដែលគេដុតដៃខ្លះ ឲ្យធ្វើនូវឯរកវត្តិកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាពន្លាត់ស្បែកពពែខ្លះ ឲ្យធ្វើនូវចីរកវាសិកកម្ម គឺអំពើដែលគេធ្វើ ឲ្យដូចជាស្លៀកសំពត់សំបកឈើខ្លះ ឲ្យធ្វើនូវឯណេយ្យកកម្ម គឺអំពើដែលគេធ្វើ ឲ្យដូចជាជើងសត្វទ្រាយខ្លះ ឲ្យធ្វើនូវពលិសមំសិកកម្ម គឺអំពើដែលគេថ្ពក់មាត់ ដោយកាង ឬសន្ទូចខ្លះ ឲ្យធ្វើនូវកហាបណកកម្ម គឺអំពើដែលគេធ្វើ ឲ្យខូចសរីរៈប្រមាណប៉ុនកហាបណៈមួយៗខ្លះ ឲ្យធ្វើនូវខារាបតច្ឆិកកម្ម គឺអំពើដែលគេយកទឹកផ្សា ស្រោចខ្លះ ឲ្យធ្វើនូវបលីឃបរិវត្តិកកម្ម គឺអំពើដែលគេធ្វើ ឲ្យដូចជាបង្វិលជើងគុល ឬសសរគោលខ្លះ ឲ្យធ្វើនូវបលាលបីឋកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាកណ្តាប់ចំបើងខ្លះ ឲ្យស្រោចដោយប្រេងដ៏ក្តៅខ្លះ ឲ្យឆ្កែខាំខ្លះ ឲ្យដេកផ្ងាលើឈើអណ្តោតទាំងរស់ខ្លះ ឲ្យកាត់ក្បាលដោយដាវខ្លះ ព្រោះហេតុបាបកម្ម មានសភាពយ៉ាងណាៗ។ ធម៌ទាំងឡាយនោះ មិនមានក្នុងអាត្មាអញ ទាំងអាត្មាអញសោត ក៏មិនប្រាកដក្នុងធម៌ទាំងឡាយនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិត រមែងទទួលសេចក្តីសុខ សោមនស្ស ទី២ នេះឯង ក្នុងបច្ចុប្បន្ន។ [១៥៥] ម្នាលភិក្ខុទាំងឡាយ មួយទៀត ជនជាបណ្ឌិត កាលឡើងកាន់តាំងក្តី ឡើងកាន់គ្រែក្តី ដេកលើផែនដីក្តី អំពើល្អទាំងឡាយ គឺការប្រព្រឹត្តិល្អដោយកាយ ការប្រព្រឹត្តិល្អដោយវាចា ការប្រព្រឹត្តិល្អដោយចិត្តណា ដែលជនជាបណ្ឌិតនោះ ធ្វើទុកក្នុងកាលមុន អំពើល្អទាំងនោះឯង តែងគ្របដណ្តប់ ស្រោចស្រង់ ទំនុកបម្រុងនូវជនជាបណ្ឌិតនោះ ក្នុងសម័យនោះ។ ម្នាលភិក្ខុទាំងឡាយ ស្រមោលនៃកំពូលភ្នំដ៏ធំ តែងក្រាល រាលដាល គ្របលើផែនដី ក្នុងវេលាថ្ងៃរសៀល មានឧបមា យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យ ដូចជនជាបណ្ឌិត កាលឡើងកាន់តាំងក្តី ឡើងកាន់គ្រែក្តី ដេកលើផែនដីក្តី អំពើល្អទាំងឡាយ គឺការប្រព្រឹត្តិល្អដោយកាយ ការប្រព្រឹត្តិល្អដោយវាចា ការប្រព្រឹត្តិល្អដោយចិត្តណា ដែលជនជាបណ្ឌិតនោះ ធ្វើទុកក្នុងកាលមុន អំពើល្អទាំងនោះឯង តែងគ្របដណ្តប់ ស្រោចស្រង់ ទំនុកបម្រុងនូវជនជាបណ្ឌិតនោះ ក្នុងសម័យនោះ ដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិត តែងគិតក្នុងអារម្មណ៍ ដែលប្រាកដក្នុងចក្ខុទ្វារនោះ យ៉ាងនេះថា អើហ្ន៎ អាត្មាអញ មិនបានធ្វើបាប មិនបានធ្វើអំពើអាក្រក់ មិនបានធ្វើអំពើក្តៅក្រហាយទុកទេ អាត្មាអញ ធ្វើតែអំពើល្អ ធ្វើតែអំពើកុសល ធ្វើតែបុណ្យសម្រាប់ការពារភ័យ ពួកជនដែលមិនបានធ្វើបាប មិនបានធ្វើអំពើអាក្រក់ មិនបានធ្វើអំពើក្តៅក្រហាយទុក ជាអ្នកធ្វើតែអំពើល្អ ធ្វើតែកុសល ធ្វើតែបុណ្យសម្រាប់ការពារភ័យ រមែងមានគតិយ៉ាងណា អាត្មាអញ នឹងទៅកាន់គតិនោះ ក្នុងបរលោក។ ជនជាបណ្ឌិតនោះ តែងមិនក្រៀមក្រំចិត្ត មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូងទ្រហោយំ មិនដល់នូវសេចក្តីវង្វេង។ ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិត តែងទទួលសេចក្តីសុខ សោមនស្ស ទី៣ នេះឯង ក្នុងបច្ចុប្បន្ន។ [១៥៦] ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិតនោះសោត បានប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក។ ម្នាលភិក្ខុទាំងឡាយ អ្នកផងដែលនិយាយតាមហេតុ តែងនិយាយចំពោះទីណា ថាជាទីគួរប្រាថ្នាតែមួយយ៉ាង គួរត្រេកអរតែមួយយ៉ាង គួរពេញចិត្តតែមួយយ៉ាងដូច្នេះ ទីនោះ គឺឋានសួគ៌នោះឯង ដែលអ្នកផងនិយាយតាមហេតុ តែងនិយាយថា ជាទីគួរប្រាថ្នាតែមួយយ៉ាង គួរត្រេកអរតែមួយយ៉ាង គួរពេញចិត្តតែមួយយ៉ាង។ ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មិនងាយនឹងធ្វើឧបមា ឲ្យដល់កម្រិតឋានសួគ៌ ដែលមានសេចក្តីសុខបានឡើយ។ [១៥៧] កាលបើព្រះអង្គត្រាស់យ៉ាងនេះហើយ មានភិក្ខុមួយរូប ក្រាបបង្គំទូលសួរសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ចុះព្រះអង្គ អាចនឹងធ្វើឧបមាបានឬទេ។ ព្រះមានព្រះភាគ ត្រាស់តបថា ម្នាលភិក្ខុ តថាគត អាចនឹងធ្វើបាន ហើយទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ដូចស្តេចចក្រពត្តិ ទ្រង់ប្រកបដោយរតនៈ ៧ប្រការ និង ដោយឫទ្ធិ ៤យ៉ាង ហើយទ្រង់សោយសេចក្តីសុខ សោមនស្ស ព្រោះរតនៈ និង ឫទ្ធិនោះ ជាហេតុ។ រតនៈ ទាំង៧ប្រការ នោះ តើដូចម្តេចខ្លះ។ ....អានបន្តបញ្ចប់អត្ថបទ....
images/articles/3104/756ryergre.jpg
កតិច្ឆិន្ទិសូត្រ ទី ៥
ផ្សាយ : ១៦ មករា ឆ្នាំ២០២៣
[១១] លុះទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ ទើបពោលគាថា សួរព្រះមានព្រះភាគថា ជនត្រូវកាត់បង់ធម៌ប៉ុន្មាន ត្រូវលះបង់ធម៌ប៉ុន្មាន ត្រូវអប់រំធម៌ប៉ុន្មានតទៅ ភិក្ខុកន្លងបង់ នូវធម៌ ជាគ្រឿងចំពាក់ប៉ុន្មាន ទើបហៅថា អ្នកឆ្លងឱឃៈបាន។ [១២] ព្រះមានព្រះភាគ ត្រាស់តបថា ជនត្រូវកាត់សំយោជនៈ ជាចំណែកខាងក្រោម៥ ត្រូវលះបង់សំយោជនៈ ជាចំណែកខាងលើ៥ ត្រូវអប់រំ នូវឥន្ទ្រិយ ទាំង៥ តទៅ ភិក្ខុកន្លងបង់នូវសង្គៈ គឺធម៌ជាគ្រឿងចំពាក់ [សំដៅយក រាគៈ ទោសៈ មោហៈ មានះ ទិដ្ឋិ។] ទាំង៥យ៉ាង ទើបហៅថា អ្នកឆ្លងអន្លង់បាន។ កតិច្ឆិន្ទិសូត្រ ទី ៥ បិដកភាគ ២៩ ទំព័រ ៦ ឃ្នាប ១១ ដោយ​៥០០០​ឆ្នាំ​
images/articles/3103/64rthtgd.jpg
ចង្កមសូត្រ ទី ៥
ផ្សាយ : ១៦ មករា ឆ្នាំ២០២៣
[៣៣] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្បែរភ្នំគិជ្ឈកូដ ជិតក្រុងរាជគ្រឹះ។ ក្នុងសម័យនោះឯង ព្រះសារីបុត្តមានអាយុ កំពុងចង្ក្រមក្នុងទីជិតព្រះមានព្រះភាគ ជាមួយនឹងភិក្ខុទាំងឡាយច្រើនរូប ព្រះមហាមោគ្គល្លានមានអាយុ កំពុងចង្ក្រមក្នុងទីជិតព្រះមានព្រះភាគ ជាមួយនឹងភិក្ខុទាំងឡាយច្រើនរូប ព្រះមហាកស្សបមានអាយុ កំពុងចង្ក្រម ក្នុងទីជិតព្រះមានព្រះភាគ ជាមួយនឹងភិក្ខុទាំងឡាយច្រើនរូប ព្រះអនុរុទ្ធមានអាយុ កំពុងចង្ក្រម ក្នុងទីជិតព្រះមានព្រះភាគ ជាមួយនឹងភិក្ខុទាំងឡាយច្រើនរូប ព្រះបុណ្ណមន្តានីបុត្តមានអាយុ កំពុងចង្ក្រម ក្នុងទីជិតព្រះមានព្រះភាគ ជាមួយនឹងភិក្ខុទាំងឡាយច្រើនរូប ព្រះឧបាលិមានអាយុ កំពុងចង្ក្រម ក្នុងទីជិតព្រះមានព្រះភាគ ជាមួយនឹងភិក្ខុទាំងឡាយច្រើនរូប ព្រះអានន្ទមានអាយុ កំពុងចង្ក្រម ក្នុងទីជិតព្រះមានព្រះភាគ ជាមួយនឹងភិក្ខុទាំងឡាយច្រើនរូប ទេវទត្ត កំពុងចង្ក្រម ក្នុងទីជិតព្រះមានព្រះភាគ ជាមួយនឹងភិក្ខុទាំងឡាយច្រើនរូបដែរ។ [៣៤] គ្រានោះឯង ព្រះមានព្រះភាគ ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញសារីបុត្ត កំពុងចង្ក្រម ជាមួយនឹងពួកភិក្ខុច្រើនរូប ដែរឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងអស់នុ៎ះ ជាអ្នកមានបញ្ញាច្រើន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញមហាមោគ្គល្លាន កំពុងចង្ក្រម ជាមួយនឹងពួកភិក្ខុច្រើនរូប ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងអស់នុ៎ះ ជាអ្នកមានឫទ្ធិច្រើន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញមហាកស្សប កំពុងចង្ក្រម ជាមួយនឹងពួកភិក្ខុច្រើនរូប ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងអស់នុ៎ះ ជាធុតវាទ (អ្នកពោលពាក្យកំចាត់បង់កិលេស) ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញអនុរុទ្ធ កំពុងចង្ក្រម ជាមួយនឹងពួកភិក្ខុច្រើនរូប ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងអស់នុ៎ះ ជាអ្នកបានទិព្វចក្ខុ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញបុណ្ណមន្តានីបុត្ត កំពុងចង្ក្រម ជាមួយនឹងពួកភិក្ខុច្រើនរូប ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងអស់នុ៎ះ ជាធម្មកថិក ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញឧបាលិ កំពុងចង្ក្រម ជាមួយនឹងពួកភិក្ខុច្រើនរូប ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងអស់នុ៎ះ ជាវិនយធរ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញអានន្ទ កំពុងចង្ក្រម ជាមួយនឹងពួកភិក្ខុច្រើនរូប ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងអស់នុ៎ះ ជាពហុស្សូត ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញទេវទត្ត កំពុងចង្ក្រម ជាមួយនឹងពួកភិក្ខុច្រើនរូប ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងអស់នុ៎ះ ជាអ្នកមានសេចក្តីប្រាថ្នាលាមក។ [៣៥] ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា [ស្មើគ្នា ប្រហែលគ្នា។] ដោយធាតុ គឺពួកជនមានអធ្យាស្រ័យថោកទាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យថោកទាប ពួកជនមានអធ្យាស្រ័យល្អ ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យល្អ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអតីតកាល សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមានអធ្យាស្រ័យថោកទាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យថោកទាប ពួកជនមានអធ្យាស្រ័យល្អ ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យល្អ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអនាគតកាល សត្វទាំងឡាយ នឹងត្រូវគ្នា នឹងសមគ្នា ដោយធាតុ គឺពួកជនមានអធ្យាស្រ័យថោកទាប នឹងត្រូវគ្នា នឹងសមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យថោកទាប ពួកជនមានអធ្យាស្រ័យល្អ នឹងត្រូវគ្នា នឹងសមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យល្អ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងបច្ចុប្បន្នកាលនេះ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺ ពួកជនមានអធ្យាស្រ័យថោកទាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យថោកទាប ពួកជនមានអធ្យាស្រ័យល្អ ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យល្អ។ ចប់សូត្រទី៥។ ចង្កមសូត្រ ទី ៥ បិដកភាគ ៣២ ទំព័រ ៣៣ ឃ្នាប ៣៣ ដោយ​៥០០០​ឆ្នាំ​
៥០០០ឆ្នាំ ស្ថាបនាក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿