images/articles/3127/33eee444.jpg
ផ្សាយ : ២២ ធ្នូ ឆ្នាំ២០២២ (អាន: ៣,៧៤៨ ដង)
កំណើត៖ ថ្ងៃអាទិត្យ ១កើត ខែអស្សុជ ឆ្នាំខាល ព.ស. ២៤៦៩ គ.ស. ១៩២៥ ស្លាប់៖ ថ្ងៃ ២៧ ខែកញ្ញា ឆ្នាំ២០១៥ ក្នុងជន្មាយុ ៩១ឆ្នាំ បិតានាម៖ គាំ អំ (ស្លាប់ ១៩២៦) មាតានាម៖ ជា ទឹន (ស្លាប់ ១៩៦៤) បងប្អូន៖ ចំនួន៧នាក់ ប្រុស៤ ស្រី៣ (អាចារ្យ គាំ អ៊ីវពៅគេ) អាយុ១២ឆ្នាំ រៀនអក្សរសាស្ត្រក្នុងសំណាក់លោកគ្រូ អ៊ឹម ជី វត្តសំបួរមាស ភូមិជើងគ្រាវ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
អាយុ១៧ឆ្នាំ បួសជាសាមណេរ ក្នុងវត្តសំបួរមាសដដែល។ បួសរួច រៀនបាលីក្នុងសំណាក់លោកអាចារ្យ ញ៉ុក ហើយរៀនបាលីក្នុងសំណាក់លោកគ្រូស៊ន និងអាចារ្យ វ៉ន រៀនបាន២ឆ្នាំ ប្រឡងបាលីរង នៅវត្តលង្កា។ ប្រឡងជាប់បាលីរង ក៏ទៅនៅវត្តមហាមន្រ្តី ក្នុងសំណាក់លោកគ្រូអាចារ្យ ទឹត និងសិក្សាព្រះវិន័យក្នុងសំណាក់ លោកគ្រូ ម៉ឹង សែស (ឧបាលិវង្ស)។ បួសជាភិក្ខុ នាវត្តយាយទេព ខេត្តកំពង់ឆ្នាំង ដោយព្រះមេគណជាឧបជ្ឈា ព្រះធម្មវង្សាធិបតី ក្នុងឆ្នាំខាល ព.ស. ២៤៩៣ គ.ស.១៩៥០។
កាលបួសជាភិក្ខុ បានសិក្សាវិន័យក្នុងសំណាក់ លោកគ្រូអាចារ្យ កង វ៉ាន នៅវត្តតានាន់ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ កំពង់ឆ្នាំង ចំនួន៣ឆ្នាំ។ សិក្សាវិន័យក្នុងសំណាក់លោកគ្រូអាចារ្យ កឹម ប៊ិល នៅអាស្រមបុសតាប៉ាង ភូមិជើងគ្រាវ ២ឆ្នាំ។ បន្ទាប់មកទៅនៅអាស្រម អូររាំងឪ ១ឆ្នាំ និងកន្លែងផ្សេងៗទៀត។ លាចាកសិក្ខាបទ នៅថ្ងៃទី៣ មិនា ១៩៥៨ នៅវត្តពោធិ៍សុនស្ស ឃុំបាក់នឹម ស្រុកបាកាន ខេត្តពោធិសាត់។
ត្រឡប់មកស្រុកកំណើតវិញ មាតាបានរៀបចំអោយមានគ្រួសារ ឈ្មោះនាង ម៉ឺន អុន នៅភូមិជើងគ្រាវនោះ។ នៅស្រុកបាន៧ឆ្នាំ ក្នុងឆ្នាំទី៤ បានចេញពីស្រុកកំណើត ឃុំជើងគ្រាវ ទៅនៅបាត់ដំបង នៅឆ្នាំ១៩៦៥ នៅភូមិអូរតាគួន (ខាងលិចភ្នំ ចាក់ឆារ) ឃុំត្រែង ស្រុករតនមណ្ឌល ជាកសិករ។
ឆ្នាំ១៩៧៥ នៅភូមិជាមន្ត្រី ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ជាគ្រូបង្រៀន ក្មេងៗ។ ប្រពន្ធឈ្មោះ ម៉ឺន អុន (ស្លាប់ក្នុងឆ្នាំ ១៩៧៥។ ឆ្នាំ១៩៧៩ បានមកនៅភូមិសំរោងតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ពូកញាតិ បានរៀបចំអោយមានគ្រួសារ ឈ្មោះ ឈិន សួស។ នៅខែកញ្ញា ឆ្នាំ១៩៧៩ ចូលធ្វើការបំរើរដ្ឋ នៅប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តបាត់ដំបង។ បាត់បងពលកម្មនៅត្រីមាសទី៤ ឆ្នាំ១៩៩០។
នៅឆ្នាំ១៩៩០ ថ្ងៃឧបោសថ ជួយដោះស្រាយធម៌វិន័យ និងបង្រៀនវិន័យក្នុងវត្តកំផែង រៀងរាបមក។ ឆ្នាំ១៩៩៣ មន្ទីធម្មការ និងសាសនាខេត្ត លោកប្រធានឌី សុមាលី និងគឹម កាង បានស្នើរអោយជួយបង្រៀនព្រះសង្ឃនៅពុទ្ធិកវិទ្យាល័យ អ៊ឹងធួង បាត់ដំបង ផ្នែកវិន័យ និងអភិធម្ម។ ពេលថ្ងៃណា ដែលសាលាមិនរៀន តែងតែទៅបង្រៀនតាមវត្តនានាជាដរាបមក។ លោកតាព្រឹទ្ធាចារ្យទទួលមរណៈ នៅថ្ងៃអាទិត្យ ពេញបូណ៌មី ខែភទ្របទ ឆ្នាំមមែ ព.ស. ២៥៥៩ ត្រូវនឹងថ្ងៃ ២៧ ខែកញ្ញា ឆ្នាំ២០១៥ ក្នុងជន្មាយុ ៩១ឆ្នាំ ដោយរោគាពាធ នៅមន្ទីរពេទ្យសុវណ្ណខេត្តបាត់ដំបង ពេលវេលា ម៉ោង៨ និង ៤០នាទីព្រឹក។
(ដកស្រង់ទាំងស្រុងដោយ ព្រះមហា ឆន សុវណ្ណដេត វត្តពោធិ័វាល ខេត្តបាត់ដំបង)
ដោយ៥០០០ឆ្នាំ
images/articles/1697/ge5t3egstextd-1.gif
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ១៣,៨៣៤ ដង)
ជីវប្រវត្តិរបស់ឧគ្គតគហបតីឧបាសក
(លោកជាឯតទគ្គៈផ្នែកខាងឧបដ្ឋាកព្រះសង្ឃ)
ឧគ្គតគហបតី ឧបាសក រាប់ថាជាឧបាសកដែលទ្រទ្រង់នូវតំណែងជាឯតទគ្គៈម្នាក់ ក្នុងបណ្តាឧបាសកទាំងឡាយនៅក្នុងព្រះពុទ្ធសាសនានេះ ដូចដែលមានរឿងសម្តែងប្រាកដនៅក្នុង គម្ពីរអង្គុត្តរនិកាយ ឯកនិបាត ដូចមានសេចក្តីថា ៖
ឯតទគ្គំ ភិក្ខវេ មម សាវកានំ ឧបាសកានំ សង្ឃុប្បដ្ឋាកានំ យទិទំ ឧគ្គតោគហបតិ
images/articles/1699/textsdf454gf44235d-1.png
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ២២,៧២៣ ដង)
ជីវប្រវត្តិរបស់អនាថបិណ្ឌិកសេដ្ឋី
(លោកជាឯតទគ្គៈផ្នែកខាងអ្នកឲ្យទាន)
អនាថបិណ្ឌិកសេដ្ឋី លោកជាអវិយឧបាសកដែលជាអ្នកពេញចិត្តក្នុងការបរិច្ចាគទាន រហូតដល់មានអ្នកដទៃស្គាល់លោកជាច្រើន ពីព្រោះលោកមិនធ្លាប់ស្តាយទ្រព្យសម្បត្តិក្នុងការឲ្យទាន ទោះជាអស់ប៉ុន្មានក៏មិនថា ហេតុដូច្នេះហើយ ទើបលោកបានទទួលការលើកតម្កើងពីព្រះសយម្ភូថា
images/articles/1708/12457td-1.gif
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ១៤,៣៦២ ដង)
ជីវប្រវត្តិរបស់ព្រះនាងសុមាវតី
(ដែលជាឯតទគ្គៈផ្នែកខាងជាអ្នកនៅដោយមេត្តា)
ព្រះនាងសាមាវតី ជាព្រះអរិយឧបាសិកា ជាអ្នកទ្រទ្រង់នូវគុណធម៌ផ្នែកខាងរស់នៅដោយមេត្តាចិត្ត ដែលរាប់ថា ជាគុណធម៌ប្រចាំជីវិតរបស់ព្រះនាង រហូតដល់បានទទួលការរាប់អានអំពីមហាជនទាំងឡាយថា អ្នកនៅដោយមេត្តាចិត្ត នេះជាលក្ខណៈរបស់ព្រះនាងដែលមានប្រចាំខ្លួន ។
images/articles/1707/tee44343xtd-1.gif
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ៨,៦៦៦ ដង)
ជីវប្រវត្តិរបស់ឧគ្គគហបតី អ្នកនៅក្នុងក្រុងវេសាលី
(លោកជាឯតទគ្គៈផ្នែកខាងឲ្យភោជនជាទីគាប់ចិត្ត)
ឧគ្គគហបតី រាប់ថាជាឧបាសកម្នាក់ ជាអ្នកប្រសើរជាងឧបាសកទាំងឡាយផ្នែកខាងឲ្យភោជនជាទីគាប់ចិត្ត នៅក្នុងព្រះពុទ្ធសាសនានេះ ចំណែកជីវប្រវត្តិរបស់ឧគ្គគហតីវិញ មានសម្តែងទាំងអតីតជាតិ និងបច្ចុប្បន្នជាតិផងដែរ ។
images/articles/1133/s46bretvestwbygsey.gif
ផ្សាយ : ១៧ វិច្ឆិកា ឆ្នាំ២០២២ (អាន: ១២,០០៨ ដង)
ព្រះរាជជីវប្រវត្តិសង្ខេប
នៃ
សម្ដេចព្រះសុធម្មាធិបតី ព្រះសង្ឃរាជថ្នាក់ទី២
នៃគណៈធម្មយុត្តិកនិកាយ
ព្រះនាម ឥន្ទញ្ញាណោ ភុល ទេស
ព.ស ២៤៩៨~២៥០៩
សម្ដេចទ្រង់សម្ភពនៅថ្ងៃអាទិត្យ ទី១៥កើត ខែស្រាពណ៍ ឆ្នាំថោះ ត្រីស័ក ព.ស ២៤៣៤ (គ.ស ១៨៩១)ក្នុងភូមិ កោះរះ សង្កាត់កោះរះ ស្រុកល្វាឯម ខេត្តកណ្ដាល។ បិតានាម ភុល មាតានាម ទៃ។
images/articles/2015/20_______________.jpg
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ១៤,១៩៣ ដង)
ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន.សែម ប្រសូតនៅថ្ងៃអាទិត្យ ៥ រោច ខែ មិគសិរ ឆ្នាំមមី ចត្វាស័ក ព.ស ២៤៨៥ ត្រូវនឹងថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ១៩៤២ ក្នុងត្រកូល អ្នកកសិករ នៅ ភូមិវត្តបូណ៌ ឃុំសៀមរាប ស្រុកសៀមរាប ខេត្តសៀមរាប ។ បច្ចុប្បន្ននេះគឺបរិវេណដីសណ្ឋាគារ Pansea នៅគល់ស្ពានថ្មវត្តរាជបូណ៌ ជាប់មាត់ស្ទឹង ។ ញោមប្រុស នាម ពិន.ប៉ូយ ញោមស្រីនាម យ៉ោក.សម មានបងប្អូន ៨ នាក់ ប្រុស ៦ ស្រី ២ ។ ព្រះអង្គ ជាបុត្រច្បងបង្អស់ ។ សព្វថ្ងៃនៅ សល់ប្អូនប្រុស ៤ នាក់ ប្អូនស្រី ២នាក់ ។
តាំងតែពីកុមារភាព ព្រះអង្គមានសទ្ធាជ្រះថ្លា ស្រឡាញ់ព្រះពុទ្ធសាសនាខ្លាំងណាស់ សូម្បីល្បែងធម្មតារបស់ក្មេងៗ មានលេងសី លេងហ៊ឹង ក៏ព្រះអង្គមិនចូលចិត្តដែរ គឺព្រះអង្គ មាននិស្ស័យតែរបៀបលេង បែបក្នុងពិធីសាសនា មានដូចជា លេងសូត្រធម៌ លេងធ្វើជាអាចារ្យ លេងធ្វើជាព្រះសង្ឃ ឬក៏លេងធ្វើម្ហូបអាហារ នំចំណី…ជាដើម ។ នៅឆ្នាំ ១៩៥០ ញោមប្រុស បានឱ្យចូលរៀននៅសាលាបឋមសិក្សា សៀមរាបក្រុង ។ បច្ចុប្បន្នគឺ វិទ្យាល័យ ១០មករា ។ ព្រះអង្គ បានរៀនអស់រយះពេល ៧ឆ្នាំ ។ ដល់ឆ្នាំទី ៧ ថ្នាក់សទីវកា គឺអស់ថ្នាក់ រៀនត្រឹមតែប៉ុណ្ណឹង នៅក្នុងខេត្តសៀមរាប នាសម័យនោះ ។ ព្រះអង្គបានសម្រេចចិត្ត ឈប់រៀន មកជួយធ្វើការងារ ផ្ទះសម្បែង ។
នៅឆ្នាំ ១៩៦២ ក្នុងជន្មាយុ២០ឆ្នាំ ព្រះអង្គបានចូលសាងព្រះផ្នូស ជាភិក្ខុភាវៈនៅក្នុង ព័ទ្ធសីមា វត្តរាជបូណ៌ ។ នៅឆ្នាំ ១៩៧៥ ក្រោយពេលដែល ព្រះអង្គសាងព្រះផ្នូសបាន ១៤ព្រះវស្សា សភាពការណ៍ស្រុកទេសប្រែប្រួល ត្រូវខ្មែរក្រហមចូលមក គ្រប់គ្រងប្រទេសកម្ពុជា ហើយព្រះអង្គក៏ត្រូវបានគេជម្លៀសចេញពីវត្តពីភូមិស្រុក ដូចព្រះសង្ឃ និង ប្រជាពលរដ្ធដទៃទៀតដែរ ការធ្វើដំណើរ កាលណោះគឺឆ្ពោះ ទៅទិសខាងកើតក្រុង សៀមរាប តាមបណ្តោយផ្លូវជាតិលេខ៦ ទៅដល់ស្រុកជីក្រែង ដល់ផ្សារភូមិអូរ ឃុំសង្វើយ ហើយគេឱ្យចុះ ចេញពីថ្នល់ជាតិលេខ៦ ទៅតាមផ្លូវលំកាត់តាមភូមិអូរ ភូមិយាង ។ កាលនោះ ព្រះអង្គ បាននិមន្ត ទៅគង់នៅវត្តឫស្សីលក ដែលមានព្រះតេជព្រះគុណព្រះនាម លី ជាព្រះ គ្រូចៅអធិការវត្ត ។ សម័យនោះ ប្រជាពលរដ្ធ ត្រូវបានគេកំហិត ឱ្យធ្វើការ កំណត់របបអាហារ ការរស់នៅស្ថិតក្រោម ការកៀបសង្កត់ ត្រួតពិនិត្យតាមដានរាល់សកម្មភាព គ្រប់វិនាទី ។ ចំណែកព្រះសង្ឃក៏ ត្រូវក្រុមខ្មែរក្រហម បង្ខិតបង្ខំឱ្យលាចាកសិក្ខាបទ តាមកំណត់នៃច្បាប់ មហាជឿនលឿន មហាលោតផ្លោះរបស់ពពួក គេដែរ ។ មានព្រះសង្ឃជា ច្រើនរូប ត្រូវបាន ក្រុមនោះ ធ្វើទារុណកម្មតាមគ្រប់រូបភាព និងពិឃាត យ៉ាងសាហាវព្រៃផ្សៃជាទីបំផុត ។ ក្រោយពីបាន លាចាកសិក្ខាបទដោយការបង្ខិតបង្ខំ ពីពួកខ្មែរក្រហមរួចមក លោកបណ្ឌិត បានអញ្ជើញ ទៅស្នាក់នៅជាមួយម្តាយធំ ដែលមានប្អូនប្រុសបង្កើតពីរនាក់ និងប្អូនស្រី ជីដូនមួយ អាស្រ័យនៅជាមួយគ្នា ។ មិនបានប៉ុន្មានផង ខ្មែរក្រហមបានយកប្អូន ប្រុសទាំងពីរ នោះទៅ សម្លាប់ចោលដោយមិនមានកំហុសអ្វីទាំងអស់ ។ សេចក្តី ក្រៀមក្រំនៅតែមានជាបន្តបន្តាប់ ព្រោះម្តាយធំគាត់មានជំងឺ ហើយបាន ទទួលអនិច្ចកម្មនៅចុង ឆ្នាំ ១៩៧៥ ។ បន្ទាប់មក លោកបណ្ឌិត បានអញ្ជើញទៅរស់នៅជាមួយអ្នកម្តាយ ការរស់ជួបជុំម្តាយ និងកូនមិនទាន់ ទាំងបានប៉ុន្មានផង ក្នុងរវាងឆ្នាំ ១៩៧៧ ត្រូវខ្មែរក្រហម ប្រមូលអ្នកជម្លៀសថ្មី ឱ្យទៅរស់នៅ មូលដ្ធានព្រៃប្រស់ ។
លោកបណ្ឌិត ត្រូវឃ្លាតពីអ្នកម្តាយម្តងទៀតដោយគេប្រាប់ថាចាស់ៗ គេនឹងបញ្ជូន ទៅតាមក្រោយ ។ លើកនេះគឺជាការ ព្រាត់ជាថ្មី ម្តងទៀត ហើយក៏ជាលើកចុងក្រោយបង្អស់ ពីព្រោះអ្នកម្តាយ ដ៏ជាគោរពស្រឡាញ់ របស់លោកបណ្ឌិត ត្រូវពួក ខ្មែរក្រហមសម្លាប់ បំបាត់ ជីវិតគ្មានសេចក្តីមេត្តាឡើយ ។ ចំណែកលោកបណ្ឌិតវិញ ការងារដែលត្រូវធ្វើក្នុង សម័យ នោះគឺគេឱ្យជា អ្នកឃ្វាលគោ ឃ្វាលក្របី អ្នកដាំស្ល និងដោយភាពវៃឆ្លាត សុភាពរាបសារ គួបផ្សំនឺងការចេះដឹងថ្នាំព្យាបាលរោគ គេក៏ដកពីកន្លែងដាំបាយ ឱ្យមកធ្វើជាគ្រូពេទ្យខ្មែរ ផ្សំថ្នាំ ប្ញស្សឈើ មើមឈើជាដើម ដើម្បីព្យាបាលអ្នកនៅក្នុងមូលដ្ឋាន ។ ព្រមទាំងគេបាន ប្រគល់រទេះ ១គ្រឿង និងមនុស្សពីរបីនាក់ទៀតសំរាប់ ជួយរកថ្នាំ ។
នៅថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩ ប្រទេសកម្ពុជាត្រូវបានរំដោះឱ្យមានសេរីភាពឡើងវិញ ដោយគុណបំណាច់របស់ រណសិរ្សសាមគ្គី សង្ក្រោះជាតិ បានមកកំចាត់ពួកខ្មែរក្រហម ឱ្យវិនាសពីទឹកដីកម្ពុជា ។ ពេលនោះហើយ ដែលលោកបណ្ឌិត មានឱកាសបានវិលត្រឡប់ ទៅភូមិកំណើតវិញ ទាំងភាពស្រងេះស្រងោច កណ្តោចកណ្តែង ចំបែងចិត្តព្រោះត្បិត បាត់បង់ ឪពុកម្តាយ បងប្អូនពូជពង្សវង្សាវតា អ្នកប្រាជ្ញបណ្ឌិត ដែលធ្លាប់ស្គាល់គ្នា ។ ឯផ្ទះ សម្បែង ទៀតសោត ក៏ត្រូវគេបំផ្លាញខ្ទេចខ្ទីអស់រលីងគ្មានសល់ទៀត ។ ចំណែកទិដ្ធភាពនៅ ក្នុងបរិវេណវត្តរាជបូណ៌ មានភាព ស្ងាត់ជ្រងំ ដុះសុទ្ធតែព្រៃ ធ្វើឱ្យកើតនូវសេចក្តីសង្វេគ រំជួលចិត្ត យ៉ាងពន់ពេក ។ កាលេនោះរណសិរ្សសង្គ្រោះជាតិកម្ពុជា បានបង្កើតឱ្យ មាន ព្រះពុទ្ធសាសនា ឡើងវិញ ។ ដោយមានសទ្ធាជ្រះថ្លា មុតមាំក្នុងព្រះពុទ្ធសាសនា លោកបណ្ឌិត បានទាក់ទងសុំ បួសនៅក្នុងវត្តភូមិស្រុកកំណើតនេះវិញ ប៉ុន្តែពុំបានការអនុញ្ញាត ។ ដោយសេចក្តីអស់សង្ឃឹម ព្រោះមិនបានសាងព្រះផ្នួសក្នុងវត្តភូមិស្រុក កំណើត លោកបណ្ឌិត ក៏សម្រេចចិត្តលាប្អូន លាបង ផ្សងព្រេងស្វែងរកទីកន្លែង សាងព្រះផ្នួស នៅឯជាយដែនខ្មែរថៃ ។
សូមបញ្ជាក់ ៖ ការដែលលោកបណ្ឌិតចេញទៅជាយដែនហ្នឹង មិនមែនទៅធ្វើបដិវត្ត តស៊ូច្បាំង នឹងនរណា ឬ ធ្វើនយោបាយនោះទេ គឺលោកបណ្ឌិតអញ្ជើញទៅ ក្នុងវត្ថុបំណងសាង ព្រះផ្នួស បួសជាបព្វជិតក្នុង ព្រះពុទ្ធសាសនា តែប៉ុណ្ណោះ ព្រោះលោកបណ្ឌិត បានតាំងចិត្ត អធិដ្ឋានថា ត្រូវធ្វើជាអ្នកបួស ក្នុងព្រះពុទ្ធសាសនា អស់មួយជីវិត ។ ដូច្នេះទាន់មានឱកាស លោកបណ្ឌិត ត្រូវតែបន្តទៅទៀត ។
ដោយព្រះអង្គសព្វព្រះហឫទ័យ ស្មោះស្មគ្រ័ និងព្រះពុទ្ធសាសនា នៅខែ មិនា ឆ្នាំ ១៩៩៨០ ព្រះតេជព្រះគុណបានឧបសម្បទា ជាភិក្ខុភាវៈជាថ្មីម្តងទៀត មាននាមបញ្ញាត្តិថា “សិរីសុវណ្ណោ” ។ សេចក្តីព្យាយាម ភាពអំណត់អត់ធន់ ភាពហ្មត់ចត់ ព្រះបញ្ញាញ្ញាណប្រតិពល ក្លៀវក្លា ចេះចាំធម៌អាថ៌ប្រស្នាវិន័យ ចេះចាំច្បាប់ផ្សេងៗច្រើន មានចំណេះដឹង និងមានចំណេះធ្វើ ក្នុងការងារសាសនា ។ ព្រះតេជព្រះគុណ គឺជាបព្វជិតមួយរូប ដែលប្រជា ពុទ្ធបរិស័ទទាំងក្នុង និង ក្រៅប្រទេស មានសទ្ធាជ្រះថ្លា ឧបត្ថម្ភគ្រាំទ្រ យ៉ាងខ្លាំងក្លា រឹងរិតតែធ្វើឱ្យព្រះពុទ្ធសាសនា រីកសាយផ្សាយចេញទៅ គួរឱ្យមានមោទនភាព ។
ព្រះអង្គបានបង្កើតឱ្យមានកម្មវិធីសិក្សា សំរាប់ព្រះសង្ឃ និងពុទ្ធបរិស័ទ យុវជនយុវតី ព្រមទាំងបានកសាងសាលា ពុទ្ធិកសិក្សា និងបានជំរុញឱ្យសមណសិស្ស សិក្សាបានដល់ ពុទ្ធិកវិទ្យាល័យ ។ ហើយព្រះអង្គកំពុងមាន គម្រោងដឹកនាំ ប្រជាពុទ្ធបរិស័ទ បង្កើតឱ្យមាន ពុទ្ធិកសាកលវិទ្យាល័យ លើទឹកដីសៀមរាបអង្គរ ដើម្បីប្រមូលធនធានមនុស្សសំរាប់ ជួយអភិវឌ្ឍន៍ សង្គមជាតិ និង ផ្សព្វផ្សាយព្រះពុទ្ធសាសនាត ទៅអនាគត ។
ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ! ពុទ្ធបរិស័ទ ជាទីគោរពរាប់អាន!! ទង្វើដ៍ឧដុង្គឧត្តមរបស់ព្រះអង្គ ទាំងអស់នេះហើយ នៅថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ១៩៩៣ ព្រះគ្រូ ត្រូវបានអតីតព្រះមហាវិរក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ស្តេចទ្រង់ ព្រះរាជទាន សមណស័ក្តិ ជាព្រះមហាវិមលធម្ម រាជាគណថ្នាក់ទី ២ ។ ព្រះមហាវិមលធម្ម ព្រះអង្គបានដើរ តាមព្រះពុទ្ធដិកា ដែលទ្រង់សំដែងថា ព្រះសង្ឃ ត្រូវ មានធុរៈចម្បងៗ ពីរយ៉ាងគឺៈ គន្ធធុរៈ និង វិបស្សនាធុរៈ មេរៀននេះហើយ ដែលបណ្តាល ឱ្យព្រះអង្គ មានគោលបំណងសំខាន់ៗ បីយ៉ាងគឺ៖
១- ការកសាងសាលាបាលី
២- ការកសាងស្ថានីយ៍វិទ្យុ
៣- ការកសាងមជ្ឈមណ្ឌលវិបស្សនា
ការកសាងសាលាបាលី និងស្នាព្រះហស្ថ
នៅឆ្នាំ១៩៩៣ ព្រះអង្គបានចាប់ផ្តើមជំរុញឱ្យព្រះសង្ឃមានការសិក្សា ដោយយកកុដិធ្វើជាសាលា រៀនភាសាបាលី និង សាលាធម្មវិន័យ ថ្នាក់ត្រី ទោ ឯក ។
នៅឆ្នាំ១៩៩៤ ព្រះអង្គបានបង្កើតកម្មវិធីអប់រំយុវជន យុវតី ឱ្យមកសិក្សាស្វែងយល់ អំពី ព្រះពុទ្ធសាសនា ដោយបាននិមន្ត និងអញ្ជើញ ធម្មាចារ្យជំនាញៗមកធ្វើធម្មសាកច្ឆា បុច្ឆា វិសជ្ជនា រៀងរាល់សប្តាហ៍ កម្មវិធីនោះ បានបន្តរហូតមកដល់សព្វថ្ងៃ គឺសាលាពុទ្ធិកសិក្សា ផ្នែកអប់រំសីលធម៌ និង ភាសាបរទេស ។
ព្រះអង្គបានបញ្ជូនព្រះសង្ឃ ឱ្យនិមន្តទៅបង្ហាត់បង្រៀន សិស្សានុសិស្សនៅសាលាបឋមសិក្សា ភូមិខ្នារ សាលាបឋមសិក្សា ភូមិជ្រាវ និង សាលាបឋមសិក្សាវត្តបូព៌ ។
នៅឆ្នាំ ១៩៩៥ ព្រះមហាវិមលធម្ម ព្រមដោយសេចក្តីជ្រះថ្លារបស់ ពុទ្ធបរិស័ទ បានចាប់ ផ្តើមសាងសង់ សាលាបាលី ១ខ្នង ដែលមានកំពស់ ២ជាន់ មានចំនួន ៦បន្ទប់ ។ ៤ បន្ទប់ បានបំពាក់ឧបករណ៍សំរាប់ សិក្សាភាសាបាលី និង ចំណេះដឹងទូទៅ ដែលមានកម្មវិធីតាម ក្រសួងអប់រំ ។ ១ បន្ទប់ជាបណ្ណាល័យ និងជាការិយាល័យ ។ ចំណែក ១បន្ទប់ទៀត ជា បន្ទប់សំរាប់សិក្សាផ្នែកកុំព្យូទ័រ ។ សព្វថ្ងៃនេះមាន សមណសិស្សចំនួន ២៥៨រូប កំពុង សិក្សានៅ ពុទ្ធិកវិទ្យាល័យរាជបូណ៌ ។ ក្នុងនោះ ថ្នាក់មធ្យមសិក្សាបឋមភូមិ មាន សមណសិស្សចំនួន ១៤៨ រូប ។ ថ្នាក់មធ្យមសិក្សា ទុតិយភូមិ មានសមណសិស្ស ចំនួន ១១០ រូប ។
បន្ទាប់ពីការកសាងសាលាបាលីរួចមក ព្រះអង្គកំពុងកសាង មហាកុដិ ដើម្បីឧទ្ទិសទុក ក្នុងព្រះពុទ្ធសាសនា និង ជាទីសេនាសនៈសំរាប់ សមណសិស្ស គង់នៅសិក្សារៀនសូត្រ ផងដែរ ។ ការកសាង មហាកុដិនេះត្រូវបានពុទ្ធបរិស័ទ មានសទ្ធាជ្រះថ្លា ជួយឧបត្ថម្ហ ជ្រោមជ្រែង ដោយពេលនេះសំរេចបាន ចំនួន ៧០ ភាគរយហើយ ។ ចំណែកការសាងសង់ កំផែងវត្តរាជបូណ៌ ទើបតែបានមួយជ្រុង តែប៉ុណ្ណោះ ។ ការកសាងស្ថានីយ៍វិទ្យុ បើទោះបីជាមានសាលារៀន មានកម្មវិធីធម្មសាកច្ឆា បុច្ឆា វិសជ្ជនា ឫ ការនិមន្ត ទេសនា ក្នុងពិធីបុណ្យទាន នានាក្តី ក៏ហាក់បីដូចជា ប្រជាពុទ្ធបរិស័ទភាគច្រើន មិនទាន់បាន ទទួល ការចេះដឹង សុជីវធម៌ សីលធម៌ ឬ បានយល់អំពី ព្រះពុទ្ធសាសនា បានទូលំទូលាយ នៅឡើយ ។
ដោយសារមូលហេតុនេះហើយ ដែលព្រះមហាវិមលធម្ម ចាប់ផ្តើមឈានចូលដល់ ជំហាននៃគោលបំណងទី ២ គឺ ៖
នៅឆ្នាំ២០០៧ កសាងស្ថានីយ៍វិទ្យុពុទ្ធសាសនាកម្ពុជរដ្ធ FM 106.25 MHz ដោយមានការ សហការជ្រះថ្លា ពីបណ្តាប្រជាពុទ្ធបរិស័ទ របស់យើង គ្រប់ទិសទី ទើបអាចសាងសង់ រួចរាល់ និង កំពុងដំណើរការផ្សាយជា រៀងរាល់ថ្ងៃ ហើយស្ថានីយ៍វិទ្យុរបស់យើង ទាំងអស់គ្នានេះ ត្រូវការចំណាយ ក្នុងការផ្សព្វផ្សាយជានិច្ច ដូចជា៖ ថ្លៃភ្លើង បុគ្គលិក និង ចំណាយទៅលើសម្ភារៈការិយាល័យ ជាដើម ។
ស្ថានីយ៍វិទ្យុនេះបានធ្វើឱ្យពុទ្ធបរិស័ទ មានការចេះដឹងច្រើនណាស់ ប្រៀបឧបមាដូចជា បរិស័ទមាន សាលារៀន នៅតាមផ្ទះរៀងៗខ្លួន គឺផ្ទះមួយមានសាលារៀនមួយ ។ ដូច្នេះ ស្ថានីយ៍វិទ្យុពុទ្ធសាសនាកម្ពុជរដ្ធ FM 106.25 MHz មានផលប្រយោជន៍សំខាន់ ដែល ពុទ្ធបរិស័ទគ្រប់ៗ រូប ត្រូវជួយឧបត្ថម្ភគាំទ្រ ឱ្យមាន ដំណើរការល្អប្រសើរ ជារៀងរហូត ។
គម្រោងសាងសង់ មជ្ឈមណ្ឌលវិបស្សនា កម្មដ្ធានអន្តរជាតិ ដោយវិរយភាព ពុះពារជំនះគ្រប់ឧបសគ្គ បំណងទី ១-គឺការកសាងសាលាបាលី គោលបំណងទី ២-គឺការកសាងស្ថានីយ៍វិទ្យុ បានសម្រេចជោគជ័យជាស្ថាពរ ។ ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន.សែម ព្រះអង្គមានក៏មានភាពស្ទាត់ជំនាញទាំង ទ្រឹស្តី ទាំងការ បង្ហាត់បង្រៀន សមាធិកម្មដ្ឋាន ដល់សិស្សគណ ឧបាសក ឧបាសិកា និង កំពុងមាន គម្រោងកសាងមជ្ឈមណ្ឌលវិបស្សនាអន្តរជាតិ មួយកន្លែង នៅស្រុកអង្គរធំ ដែលមាន ផ្ទៃដីជាង ៥០ ហិកតារួចហើយ ក្នុងគោលបំណងដឹកនាំ ព្រះសង្ឃ ពុទ្ធបរិស័ទ គ្រប់មជ្ឈដ្ឋាន ទាំងក្នុង និង ក្រៅប្រទេសបានសិក្សា និង បដិបត្តិធម៌ ។
ឆ្លៀតឱកាសដ៏ប្រពៃនេះ ខ្ញុំព្រះករុណា ខ្ញុំបាទ សូមប្រគេន និង ជំរាបជូននូវ៖
របស់ ៤ យ៉ាងដែលព្រះមហាវិមលធម្ម សព្វព្រះហប្ញទ័យ ក្នុងមួយជីវិតគឺៈ
ទី១ ព្រះអង្គសព្វព្រះហឫទ័យ នឹងរុក្ខជាតិ មានដើមឈើ ដែលដាំសំរាប់តុបតែងលំអរ ដើមឈើដាំសំរាប់យកផល និយាយឱ្យខ្លី ឱ្យតែរុក្ខជាតិ គឺព្រះអង្គស្រឡាញ់ទាំងអស់ ។ ព្រះអង្គ និង បានរៀបចំ តុបតែង សួនផ្កា និងការបណ្តុះផ្សាំ ក្នុងទីបរិវេណវត្តរាជបូណ៌ គួរជាទីមនោរម្យក្រៃលែង ។
ទី២ ព្រះអង្គសព្វព្រះហឫទ័យ នឹងសិល្បៈខ្មែរបុរាណ មានដូចជា ស្បែកតូច ស្បែកធំ ភ្លេងប្រពៃណី ភ្លេងមហោរី ភ្លេងពិណពាទ្យ គំនូរគូរវាស ដាប់ឆ្លាក់ថ្ម ឈើ ជាដើម ។
ទី៣ ព្រះអង្គសព្វព្រះហឫទ័យ នឹងវត្ថុបុរាណពិតៗ ដែលធ្វើពីស្ពាន់ ពីសំរឹទ្ធិ ពីដី ពីថ្ម ខួច ក្រឡ ព្រះពុទ្ធរូប ទេវរូប ដែលមាន អាយុរាប់រយរាប់ពាន់ឆ្នាំមកហើយ ។
ទី៤ ព្រះអង្គសព្វព្រះហឫទ័យ នឹងការសាងព្រះផ្នូសអស់មួយជីវិត ក្នុងសំណាក់ ព្រះពុទ្ធសាសនា ។
ព្រះមហាវិមលធម្ម គឺជាសមណដ៏ឆ្នើមមួយរូប ដែលកុលបុត្រទាំងឡាយ គួរយកជាគំរូ ព្រោះរាល់គោលបំណង និងការតាំងចិត្តរបស់ព្រះអង្គ គឺព្រះអង្គបានធ្វើឱ្យសម្រេចតាម សេចក្តីប្រាថ្នា ដោយសេចក្តី ក្លាហាន ដោយការលៈបង់ ការព្យាយាម ការអត់ធ្មត់ និង ប្រកបដោយភាពច្បាស់លាស់ ប្រាកដប្រជា មិនបោះបង់ នូវការសច្ចារបស់ព្រះអង្គ ទោះក្នុងកាលៈទេសៈណាក៏ដោយ ។
សូមគោរពអរគុណ ចំពោះសម្តេច ទ្រង់ ឯកឧត្តម អ្នកឧកញ្ញ៉ា លោកជំទាវ អស់លោក លោកស្រី លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ និងប្អូនៗ ព្រមទាំង ពុទ្ធបរិស័ទទាំងអស់ ដែលបានអានយ៉ាងយកចិត្តទុកដាក់ នូវព្រះជីវប្រវត្តិសង្ខេបនេះ ដោយការយកចិត្តទុកដាក់ខ្ពស់ ក៏សូមឱ្យជួបតែពុទ្ធពរទាំងឡាយបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ រួចផុតចាកទុក្ខ កុំបីឃ្លៀឃ្លាតឡើយ ។
(ដកស្រង់ពីវិទ្យុពុទ្ធសាសនាកម្ពុជរដ្ឋ)
សំឡេង
ដោយ៥០០០ឆ្នាំ
images/articles/902/zfsdrgextd-1.jpg
ផ្សាយ : ២៩ សីហា ឆ្នាំ២០២២ (អាន: ១៧,៥៣២ ដង)
សម្ដេចព្រះមហាសង្ឃរាជ និល ទៀង នៃគណៈមហានិកាយ (ប្រសូត ថ្ងៃសៅរ៍ ៧កើត ឆ្នាំវក ឆស័ក ព.ស.២៣៦៨/គ.ស.១៨២៤ សុគត ថ្ងៃព្រហស្បតិ៍ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ បញ្ចស័ក ព.ស.២៤៥៧/២ តុលា គ.ស.១៩១៣) ជាសម្ដេចព្រះសង្ឃរាជអង្គទី១ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។
images/articles/901/xzsdtd-1.gif
ផ្សាយ : ២០ សីហា ឆ្នាំ២០២២ (អាន: ២២,១២៨ ដង)
សម្ដេចព្រះមហាសុមេធាធិបតី ហួត តាត សម្ដេចព្រះសង្ឃរាជ នៃគណៈមហានិកាយ ជាសម្ដេចព្រះសង្ឃរាជអង្គទី៥ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ហើយត្រូវបានចាត់ទុកជាមហាបុរសខ្មែរទី២។
images/articles/3001/tsextpic.jpg
ផ្សាយ : ១២ កក្តដា ឆ្នាំ២០២២ (អាន: ២៤,៨១៨ ដង)
នៅក្នុងសម័យពុទ្ធកាល មានហេតុការណ៍សំខាន់កើតឡើង៤ប្រការ ប្រារព្ធដល់ អាសាឍបូជា ឬអាសាឡ្ហបូជា ជាថ្ងៃពេញបូណ៌មី ១៥ កើត ខែអាសាឍ ក្នុងហេតុសំខាន់៤យ៉ាងគឺ ៖
១. ថ្ងៃព្រះពោធិសត្វចុះកាន់គក៌នៃព្រះមាតា
២. ថ្ងៃព្រះអង្គចេញសាងមហាភិនេស្ក្រមណ៍
៣. ថ្ងៃទ្រង់សម្តែងធម្មចក្កប្បវត្តនសូត្រ
៤. ថ្ងៃទ្រង់សម្តែងយមកប្បាដិហារ្យ ។
ដោយ៥០០០ឆ្នាំ
images/articles/532/205eerest.jpg
ផ្សាយ : ០២ មិថុនា ឆ្នាំ២០២២ (អាន: ៤៤,០១៩ ដង)
អារ្យធម៌ដែនជម្ពូទ្វីប
តាំងពី ២៦០០-១៥០០ឆ្នាំ មុនគ្រឹះសករាជ ឬ (២០០០ដល់៩០០ឆ្នាំមុនពុទ្ធ
images/articles/540/kasa-1.png
ផ្សាយ : ០២ មិថុនា ឆ្នាំ២០២២ (អាន: ១៤,៦៧៧ ដង)
កីសាគោតមីថេរីមានអត្តនាមដើមថា កីសា, គោតមីជាគោត្តនាមនាងជាធីតារបស់ត្រកូលចាស់ទុំមួយក្នុងក្រុងសាវត្ថី ថ្ងៃមួយនាងបានដើរទៅផ្សារប្រទះឃើញថៅកែម្នាក់យកមាសមកគរជាគំនរ
images/articles/541/nalanda1.png
ផ្សាយ : ០២ មិថុនា ឆ្នាំ២០២២ (អាន: ១២,៤៦៤ ដង)
មហាវិទ្យាល័យនាឡន្ទា ជាមជ្ឈមណ្ឌលសិក្សាព្រះពុទ្ធសាសនាយ៉ាងសំខាន់ នាឡន្ទាជា ក្រុងខ្នាតតូចប៉ុន្តែមានមនុស្សអាស្រ័យនៅកុះករ នាឡន្ទាបានប្រាកដ
images/articles/2929/4pic.jpg
ផ្សាយ : ០១ ឧសភា ឆ្នាំ២០២២ (អាន: ២១,៨៣៩ ដង)
បុណ្យវិសាខបូជា ជាបុណ្យមួយយ៉ាងធំក្នុងព្រះពុទ្ធសាសនា រាប់ថាជាពុទ្ធានុស្សរណកិច្ចដ៏ សំខាន់សម្រាប់ រំលឹកដល់ព្រះពុទ្ធសមណគោត្តមបរមគ្រូ នាថ្ងៃពេញបូណ៌មី ‹‹ គឺថ្ងៃ១៥ កើត ›› ខែ ពិសាខ ដែលពុទ្ធសាសនិក ទាំងព្រះសង្ឃ ទាំងគ្រហស្ថ តែងធ្វើសក្ការបូជា ប្រកបដោយជំនឿថា ជាមហាកុសល ដ៏ប្រសើរ ។ ការប្រារព្ធពិធីបូជានាថ្ងៃ ១៥ កើត ខែវិសាខនេះ អាស្រ័យដោយលោកអ្នកប្រាជ្ញខាង ព្រះពុទ្ធសាសនា បានកំណត់ ទុកក្នុងគម្ពីរបឋមសម្ពោធិថា ជា មហាមង្គលអភិលក្ខិតកាល គឺជាថ្ងៃ មហាមង្គល ត្រូវនឹងថ្ងៃ ព្រះសម្ពុទ្ធបរមគ្រូ៖
១-ទ្រង់ប្រសូតចាកឧទរមាតា
២-ទ្រង់ត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញ្ញាណ
៣-ទ្រង់រំលត់ខ័ន្ធចូលកាន់ព្រះនិព្វាន
***ប្រសូត
*ព្រះសមណគោតមបរមគ្រូ ទ្រង់ប្រសូត នៅថ្ងៃសុក្រ ពេញបូណ៌មី ខែពិសាខ ឆ្នាំច នា ឧទ្យានលុម្ពិនីវន ក្រោមដើមសាលព្រឹក្ស ស្ថិត នៅត្រង់ព្រំប្រទល់ដែនកបិលពស្ដុ និងទេវទហៈ នាវេលាថ្ងៃត្រង់ ។
*ក្នុងថ្ងៃព្រះសិទ្ធត្ថប្រសូត មានសហជាត វត្ថុ៧យ៉ាងកើតក្នុងថ្ងៃនោះដែរគឺព្រះនាង ពិម្ពាយយសោធរា១, អនន្ទ១, ឆន្ទអាមាត្យ ១, កណ្ឌកៈជាអាជានេយ្យ១, កាឡុទាយី អាមាត្យ ១, មហាពោធិព្រឹក្ស១ និងកំណប់ ទ្រព្យទាំង បួន១ ។
*អភិសេក
ព្រះសិទ្ធត្ថ ព្រះជន្ម១៦ព្រះវស្សា ទ្រង់ អភិសេកជាមួយព្រះនាងពិម្ដាយសោធរា នៅ ថ្ងៃអាទិត្យ ពេញបូណ៌មី ខែកត្ដិក ឆ្នាំឆ្លូវ ។ សោយរាជ្យបាន១៣ឆ្នាំ ទ្រង់បានព្រះរាជ បុត្រ មួយព្រះអង្គ ព្រះនាមរាហុលកុមារ ក្នុងព្រះជន្ម គំរប់២៩ព្រះវស្សា ។
*សាងព្រះផ្នួស
ព្រះជន្ម២៩វស្សា ព្រះសិទ្ធត្ថ ទ្រង់ចេញ សាងព្រះផ្នួស នៅថ្ងៃព្រហស្បតិ៍ ពេញបូណ៌មី ខែអាសាធ ឆ្នាំថោះ នាឆ្នេរស្ទឹងអនោមា គឺក្នុងថ្ងៃដែលព្រះរាហុលកុមារប្រសូតនោះឯង ។
***ត្រាស់ដឹង
ព្រះសមណគោតម បានត្រាស់ដឹងអនុត្ដរ សម្មាសម្ពោធិញាណ ក្នុងព្រះជន្មាយុ៣៥ព្រះ វស្សា នៅថ្ងៃពុធ ពេញបូណ៌មី ខែពិសាខ ឆ្នាំ រកា ក្រោមដើមពោធិព្រឹក្ស ១ដើម ខាងលិច ស្ទឹងនេរញ្ចនា នាមណ្ឌលគយា សព្វថ្ងៃហៅ ពុទ្ធគយា ។
*សំដែងធម្មចក្កប្បវត្ដនសូត្រ
ព្រះសម្មាសម្ពុទ្ធទ្រង់សំដែងបឋមទេសនា ធម្មចក្កប្បវត្ដនសូត្រនៅថ្ងៃពេញបូណ៌មី ខែ អាសាធ ឆ្នាំរកា ប្រោសបញ្ចវគ្គិយភិក្ខុនៅឥសិបតនមិគទាយវន ។ ព្រះសម្មាសម្ពុទ្ធ ទ្រង់បំពេញពុទ្ធកិច្ចទាំង ៥យ៉ាងអស់៤៥ព្រះវស្សា គឺ ៖
១-ពេលព្រឹកទ្រង់ត្រាច់ចរបិណ្ឌបាត
២-ពេលរសៀលទ្រង់សំដែងព្រះធម៌ ប្រោសសត្វ
៣-ពេលព្រលប់ ទ្រង់ប្រទានឱវាទដល់ ពួកភិក្ខុ
៤-ពេលអធ្រាត្រទ្រង់ដោះស្រាយបញ្ហា ទេវតា
៥-ពេលបច្ចូសសម័យ ទ្រង់ប្រមើលមើល ឧបនិស្ស័យសព្វសត្វ ។
ព្រះសម្មាសម្ពុទ្ធទ្រង់ដាក់ព្រះជន្មាយុ សង្ខារ ថ្ងៃពេញបូណ៌មី ខែមាឃ ។
***បរិនិព្វាន
ព្រះសម្មាសម្ពុទ្ធ ទ្រង់បរិនិព្វាននៅថ្ងៃ អង្គារ ពេញបូណ៌មី ខែពិសាខ ឆ្នាំម្សាញ់ ក្រោមដើម ពោធិព្រឹក្សទាំងគូនៅខាងលិច កុសិនារា ។ រយៈកាល៤៥ព្រះវស្សា ចាប់ពីក្រោយ បានត្រាស់ដឹងនូវអនុត្ដរសម្មាសម្ពោធិញាណ មក ព្រះសម្មាសម្ពុទ្ធបរមគ្រូ ទ្រង់បានសំដែង ព្រះធម៌ទេសនាប្រោសវេនេយ្យសត្វ បើគិតជា ធម្មក្ខន្ធមាន៨៤.០០០ព្រះធម្មក្ខន្ធ ដែលចែកជា ព្រះសូត្រ ព្រះវិន័យ និងព្រះអភិធម្ម ។
បុណ្យវិសាខបូជាត្រូវបាន រាជរដ្ឋាភិបាល ចាត់ទុកជាថ្ងៃបុណ្យជាតិ របស់ប្រទេសកម្ពុជា ។ នៅឆ្នាំ ១៩៩៩ សមាជិកនៃអង្គការសហប្រជាជាតិ ជិត ២០០ ប្រទេសបានអនុម័តជាឯកច្ឆន្ទទទួល ស្គាល់ និងចាត់ទុកបុណ្យ វិសាខបូជារបស់ ព្រះពុទ្ធសាសនាជាបុណ្យអន្តរជាតិ ។
វិសាខបូជានេះ បុរាណាចារ្យលោកសំដៅយកនក្ខត្តឫក្ស៣ យ៉ាងគឺកំណត់យកត្រង់ថ្ងៃដែល ព្រះសម្ពុទ្ធបរមគ្រូទ្រង់ប្រសូត១, ទ្រង់បានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណ១, ទ្រង់ចូលកាន់ ព្រះនិព្វាន១ ។
អាស្រ័យហេតុនេះហើយ ទើបអ្នកប្រាជ្ញបុរាណលោកកំណត់យក ថ្ងៃពេញបូណ៌មី ខែវិសាខនេះ ទុកជាពិធី ធ្វើសក្ការបូជា ជាដរាបរៀងរាបមកទល់គ្នា នឹងសម័យបច្ចុប្បន្ននេះ ។
ដោយ៥០០០ឆ្នាំ
images/articles/1649/867uyuio98i76ye4.jpg
ផ្សាយ : ០៤ មេសា ឆ្នាំ២០២២ (អាន: ៥១,៥១៥ ដង)
ថ្ងៃនេះជាតិថី ពេញបូណ៌មីនៃខែមាឃ មានព្រះចន្ទពេញវង់ត្រូវនឹងថ្ងៃនៃសាវ័កសន្និបាត របស់ព្រះសក្យមុនីអរហន្តសម្មាសម្ពុទ្ធ ជាបរមគ្រូនៃយើង សាវ័កសន្និបាតនោះប្រកបដោយអង្គ ៤ គឺថ្ងៃពេញបូណ៌មី ខែមាឃ មានព្រះចន្ទចរចូលមាឃនក្ខត្តឫក្ស នេះជាអង្គទី ១ ព្រះភិក្ខុសង្ឃមានចំនួន ១២៥០ អង្គ ឥតមានអ្នកណានិមន្ត ឬណាត់ពេលគ្នាសោះឡើយ ក៏ស្រាប់តែមកប្រជុំគ្នា ក្នុងសំណាក់នៃព្រះបរមគ្រូ នាវត្តវេឡុវ័នកលន្ទកនិវាបស្ថាន ក្រុងរាជគ្រឹះ មគធរដ្ឋនៅវេលាថ្ងៃល្ងាច នេះជាអង្គទី ២ ព្រះភិក្ខុសង្ឃទាំង ១២៥០ អង្គនោះ សុទ្ធតែជាឯហិភិក្ខុដូចគ្នាទាំងអស់ នេះជាអង្គទី ៣ ព្រះភិក្ខុសង្ឃទាំង ១២៥០ អង្គនោះ សុទ្ធតែជាព្រះខីណាស្រពទាំងអស់ នេះជាអង្គទី ៤ ព្រះសព្វញ្ញូពុទ្ធ ទ្រង់ត្រាស់សម្ដែង នូវឱវាទប្បាតិមោក្ខក្នុងទីប្រជុំនៃព្រះភិក្ខុសង្ឃនោះ។
ការប្រជុំសាវ័កបែបនេះ ហៅថាចតុរង្គសន្និបាត គឺការប្រជុំ ប្រកបដោយអង្គ ៤ ក្នុងពុទ្ធកាលនៃព្រះសក្យមុនីបរមគ្រូនៃយើងមានតែម្ដងប៉ុណ្ណោះ។ មួយទៀត កាលដែលព្រះបរមសាស្ដានៃយើងទ្រង់មានព្រះជន្ម បើគិតតាមឈ្មោះខែ នៅខ្វះ ៤ ខែបើគិតតាមចំនួនថ្ងៃ នៅខ្វះ ៨៨ ថ្ងៃទៀត នឹងគ្រប់ ៨០ ឆ្នាំគត់ព្រះអង្គទ្រង់កំណត់នូវព្រះជន្មាយុសង្ខារថា ម្នាលភិក្ខុទាំងឡាយគិតពីថ្ងៃនេះទៅនៅខ្វះតែ ៣ ខែទៀតទេតថាគតនឹងរំលត់ខន្ធចូលកាន់ព្រះនិព្វាន។ កាលកំណត់ជន្មាយុនេះនៅថ្ងៃ ១៥ កើតខែមាឃដែរ តិថីនេះជាឧបលក្ខិតសម័យមួយដ៏ឧត្ដម ក្នុងព្រះពុទ្ធសាសនា គឺជាថ្ងៃសម្រាប់ពុទ្ធមាមកជន ទាំងបព្វជិត និងគ្រហស្ថប្រជុំគ្នាធ្វើសក្ការបូជា ចំពោះព្រះសម្មាសម្ពុទ្ធអង្គនោះព្រមទាំងព្រះធម៌ជាបរមពុទ្ធោវាទ និងព្រះសង្ឃជាសាវ័ករបស់ព្រះអង្គ។
ដកស្រង់ចេញពីសៀវភៅ ក្តីសង្ឃឹមអ្នកមានគុណ
ដោយ៥០០០ឆ្នាំ
images/articles/253/____________________________________.jpg
ផ្សាយ : ០១ មេសា ឆ្នាំ២០២២ (អាន: ៣៩,៤៦០ ដង)
តាមអដ្ឋកថាសំដៅយកព្រះពុទ្ធដីកា ដែលព្រះពុទ្ធទ្រង់បានបញ្ញត្តិទុកមកថាកឋិនគឺការប្រជុំរួមនូវរូបធម៌ និងនាមធម៌ ដែលប្រព្រឹត្តទៅក្នុងអត្ថន័យពីរយ៉ាងគឺៈ
រស់បានដោយកម្រ សមដូចវិគ្គហៈថា “កថតិ កិច្ឆេន ជីវតីតិ កឋិនោ“។ ប្រែថា “សភាវៈឯណារស់បានដោយកម្រ សភាវៈនោះហៅថាកឋិនព្រោះលោកប្រៀបប្រដូចជាឈើស្នឹង ដែលបុគ្គលកាត់ចាកចេញពីដើម ហើយយកទៅបោះភ្ជាប់នឹងដីរមែងដុះលូតលាស់ឬរស់នៅបានដោយកម្រយ៉ាងណាឯកិច្ច ដែលនឹងកើតឡើង ឬតាំងឡើងជាកឋិនពេញទី គឺបានដោយកម្រពន់ពេកណាស់ក៏យ៉ាងនោះដែរ“។
ពោលសរសើរព្រោះចីវរទាន ដែលយើងកសាងជាកឋិននោះ ជាទានវិសេសជាងទានដទៃ ដែលព្រះអរិយទាំងឡាយមានព្រះសម្ពុទ្ធ ជាប្រធានតែងពោលសរសើរថាជាទានដ៏វិសេសអាចរួបរួម ឬក៏សង្គ្រោះនូវអានិសង្ស៥យ៉ាងរបស់ភិក្ខុអ្នកក្រាលគ្រងមិនឱ្យទៅគ្រងនៅទីដទៃបាន។ សមដូចវិគ្គហៈថា “បញ្ច អានិសំសេ អញ្ញត្ថ គន្តុំ អទត្វា កឋិតិ សង្គណ្ហាតីតិ“។ ប្រែថា“ធម្មជាតិឯណាក្រៀកទុកឬសង្គ្រោះនូវអានិសង្សទាំង៥យ៉ាងមិនឱ្យទៅក្នុងទីដទៃបាន ធម្មជាតិនោះឈ្មោះថាកឋិន“ ។
កឋិននេះអាចឱ្យសម្រេចដល់បុគ្គលទាំងពីរផ្នែកគឺៈ ទាយក ឬទាយិកា គឺជាអ្នកឱ្យ។ ជននោះរមែងទទួលអានិសង្សច្រើន ទទួលផលច្រើន ក្នុងអនាគតកាល មានការទទួលនូវសម្បត្តិក្នុងឋានទេវលោកជាដើម ។ បដិគ្គាហកៈ ភិក្ខុ ឬ បុគ្គល ឬ សង្ឃ ជាអ្នកទទួលក្រាលគ្រង និងអនុមោទនាកឋិនត្រូវបានសម្រេចនូវអានិសង្ស ៥យ៉ាងពេញលេញ គ្រប់គ្រាន់ ដរាបដល់រយៈកាលនៃកឋិនខេត្ត។
ពិធីដែលទាយក-ទាយិកា នាំយកសំពត់កឋិនទៅប្រគេនចំពោះភិក្ខុសង្ឃ ដែលបានគង់ចាំវស្សា អស់មួយត្រីមាស (៣ខែ) ក្នុងអាវាស (វត្ត) ណាមួយ និងនៅពេលណាមួយក្នុងកំណាត់ ២៩ថ្ងៃ (ចាប់ពីថ្ងៃ ១រោច ខែអស្សុជរហូតដល់ថ្ងៃ១៥កើតពេញបូណ៌មីខែកត្តិក) ឱ្យលោកក្រាលគ្រងមានឈ្មោះថា“បុណ្យកឋិន“ ឬ “កឋិនទាន“។
ដោយ៥០០០ឆ្នាំ
images/articles/1212/35wter3rtrtyuiyii.jpg
ផ្សាយ : ០១ មេសា ឆ្នាំ២០២២ (អាន: ១៨,៤៤១ ដង)
វិន័យបិដក ភាគ៨ កឋិនក្ខន្ធកៈ បានចែងអំពីបុព្វហេតុនៃបុណ្យកឋិនថា“ក្នុងសម័យពុទ្ធកាល ផផឲផឥឲផព្រះសម្ពុទ្ធ ទ្រង់ពុទ្ធានុញ្ញាតឱ្យភិក្ខុប្រើប្រាស់ តែបង្សុកូលចីវរ ព្រះអង្គពុំទាន់បានពុទ្ធានុញ្ញាតឱ្យប្រើគហបតីចីវរនៅឡើយ“ ។
នាសម័យមួយនោះនៅក្នុងរវាងមជ្ឈិមពោធិកាល ព្រះសម្ពុទ្ធទ្រង់កំពុងតែចាំព្រះវស្សាក្នុងវត្តជេតពន ដែលជាអារាមរបស់អនាថបិណ្ឌិកសេដ្ឋី សាងថ្វាយនៅទៀបក្រុងសាវត្ថី។ គ្រានោះមានភិក្ខុ៣០អង្គ”ភទ្ទវគ្គិយត្ធេរ“ ក្នុងដែនបាឋេយ្យ ជាអ្នកប្រព្រឹត្តធម៌ធុតុង្គរុក្ខមូលនៅក្នុងព្រៃបាននាំគ្នានិមន្តចេញពីទីនោះមកកាន់ក្រុងសាវត្ថី ដើម្បីនឹងចូលក្រាបបង្គំគាល់ព្រះសម្ពុទ្ធ។ ប៉ុន្តែពេលភិក្ខុទាំងអស់បានមកដល់តែត្រឹមសាកេត (ភូមិមួយនៅជាប់នឹងក្រុងសាវត្ថី) ស្រាប់តែថ្ងៃចូលវស្សាក៏មកដល់នឹងស្រូតមកទៀតមិនទាន់ ក៏នាំគ្នាផ្អាកធ្វើដំណើរស្វែងរកទីសេនាសនៈនៅចាំវស្សា៣ខែ នាទីនោះតែម្ដងទៅ។
ភិក្ខុសង្ឃទាំង៣០អង្គនោះមានសេចក្ដីអផ្សុកកើតទុក្ខតូចព្រះទ័យយ៉ាងខ្លាំង ដោយគិតឃើញថាព្រះសម្ពុទ្ធទ្រង់គង់នៅទីនោះចម្ងាយត្រឹមតែ៦យោជន៍ (៩៦គីឡូម៉ែត្រ) ទៀតសោះ មិនសមយើងទាំងឡាយស្កុនដំណើរមិនបានចូលគាល់បម្រើព្រះអង្គដូចបំណង។
លុះដល់ថ្ងៃចេញវស្សាបវារណាស្រេចហើយ ភិក្ខុទាំងអស់ក៏នាំគ្នាប្រញាប់ប្រញាល់ចូលកាន់ក្រុងសាវត្ថី។ លុះដល់ហើយ ភិក្ខុទាំង៣០អង្គ ក៏បានចូលទៅក្រាបថ្វាយបង្គំគាល់ព្រះសម្មាសម្ពុទ្ធ ដោយមានស្បង់ចីវរទទឹកជោក។ ព្រះសម្ពុទ្ធ ក៏មានព្រះភាគទ្រង់មានព្រះបន្ទូលរួសរាយរាក់ទាក់ និងត្រាស់សួរសុខទុក្ខភិក្ខុទាំងនោះថា “ម្នាលភិក្ខុទាំងឡាយ! តើសរីរយន្តរបស់អ្នកទាំងឡាយ ល្មមអត់សង្កត់បានឬទេ? ល្មមប្រព្រឹត្តទៅបានឬទេ? តើអ្នកទាំងឡាយមានសេចក្ដីព្រមព្រៀងស្មោះស្មើឥតមានវិវាទទាស់ទែងគ្នាទេឬ?“។
ភិក្ខុទាំងឡាយនោះក៏ក្រាបបង្គំទូលនូវសេចក្ដីលំបាកខ្លាំងរបស់ខ្លួនក្នុងការធ្វើដំណើរ ដែលមានមកតាមផ្លូវ ដោយសព្វគ្រប់ប្រការ។
លំដាប់នោះ ព្រះសម្មាសម្ពុទ្ធសម្ដែងនូវធម្មកថាប្រារព្ធអំពីសង្សារវដ្ដមិនមានទីបំផុតប្រោសប្រទានដល់ភិក្ខុទាំងនោះ។ លុះចប់ធម៌ហើយ ភិក្ខុទាំងឡាយនោះបានសម្រេចព្រះអរហត្តផលគ្រប់ៗអង្គរួចហើយក៏នាំគ្នាក្រាបថ្វាយបង្គំលាព្រះសម្ពុទ្ធចៀសចេញទៅ។
លំដាប់តអំពីនោះមកព្រះសម្ពុទ្ធទ្រង់ព្រះពុទ្ធចិន្ដាថា “ប្រសិនបើតថាគតបានអនុញ្ញាតនូវកឋិនត្ថារកិច្ចដល់ភិក្ខុទាំងឡាយទុករួចពីគ្រាមុនមកម៉្លេះសមភិក្ខុទាំង៣០អង្គនេះបានលះចីវរមួយទុកនៅកន្លែង ហើយយកជាប់មកជាមួយខ្លួន តែស្បង់មួយប៉ុណ្ណោះមានអត្ថិភាពស្រាលមិនលំបាកតាមផ្លូវយ៉ាងនេះសោះឡើយ។ រីឯកឋិនត្ថារកិច្ចនេះសោត ព្រះពុទ្ធទាំងឡាយគ្រប់ព្រះអង្គក៏ធ្លាប់បានអនុញ្ញាតទុកដល់សាវកពុំដែលលះបង់ផង“។
លុះព្រះសម្ពុទ្ធទ្រង់ព្រះតម្រិះយ៉ាងដូច្នេះហើយ ទើបទ្រង់ត្រាស់ឱ្យប្រជុំភិក្ខុទាំងឡាយរួចហើយ ទ្រង់អនុញ្ញាតនូវកឋិនត្ថារកិច្ចដល់ភិក្ខុទាំងឡាយថា “អនុជានាមិ ភិក្ខវេ វស្សំ វុត្ថានំ ភិក្ខុនំ កឋិនំ អត្ថរិតុំ អត្ថតកឋិនទានំ វោ ភិក្ខវេ បញ្ច កប្បិស្សន្តិ“។ ប្រែថា “ម្នាលភិក្ខុទាំងឡាយ! តថាគតអនុញ្ញាតឱ្យភិក្ខុទាំងឡាយ ដែលនៅចាំវស្សារួចហើយទទួលក្រាលគ្រងកឋិនបាន។ ម្នាលភិក្ខុទាំងឡាយ! អានិសង្ស៥ប្រការនឹងសម្រេចដល់ភិក្ខុទាំងឡាយ ដែលជាអ្នកបានក្រាលគ្រង និងបានអនុមោទនាកឋិនរួចហើយនោះ“។
កឋិនកាល (កាលទាន) ចីវរកឋិនមិនខុសប្លែកគ្នាអំពីចីវរទានដទៃទៀតទេ គ្រាន់តែការធ្វើបុណ្យកឋិនចីវរមានកំណត់កាលបរិច្ឆេទច្បាស់លាស់ និងមានប្រជាប្រិយភាពច្រើន ដែលហៅថា “កឋិនកាល ឬកាលទាន“។
ព្រះសម្ពុទ្ធទ្រង់ពុទ្ធានុញ្ញាតឱ្យភិក្ខុសង្ឃទទួលស្បង់ចីវរអំពីពុទ្ធបរិស័ទ និងគហបតីទាំងឡាយ ក្នុងពេលមួយខែ កំណត់ពីថ្ងៃ១រោច ខែអស្សុជដល់ថ្ងៃ១៥កើតពេញបូណ៌មីខែកត្តិក (ការរវាងពាក់កណ្ដាលខែតុលាដល់ពាក់កណ្ដាលខែវិច្ឆិកា)។ ព្រះសម្ពុទ្ធទ្រង់ព្រះមេត្តាប្រោសអនុញ្ញាត ដល់ភិក្ខុសង្ឃ ជាអ្នកក្រាលគ្រង និងអនុមោទនាកឋិននោះបានទទួលអានិសង្ស៥ប្រការ។
ជនមានសទ្ធាដែលបានធ្វើកឋិនទានឈ្មោះថាជាអ្នកបានគោរពនូវព្រះពុទ្ធដីកា ដែលទ្រង់បានពុទ្ធានុញ្ញាតឱ្យភិក្ខុសង្ឃ បានទទួលអានិសង្ស៥ប្រការផង ជាអ្នកមានចិត្តអាណិតអាសូរ ចំពោះភិក្ខុសង្ឃ ដែលបានគង់ចាំវស្សាអស់ត្រីមាសនោះផង និងជាអ្នកតអាយុព្រះពុទ្ធសាសនា អស់កាលជាយូរអង្វែងទៅផង។
ព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងជាគាថាយ៉ាងនេះថា “សុខស្ស ទាតា មេធាវី សុខំ សោអធិគច្ឆតិ“។ ប្រែថា “ជនដ៏មានប្រាជ្ញា (ណាមួយ) បានធ្វើនូវសេចក្ដីសុខស្រួល (ដល់អ្នកដទៃ) ជននោះឯងរមែងបានជួបប្រទះនឹងសេចក្ដីសុខស្រួល (ជាពិតប្រាកដពុំដែលខានឡើយ)“។
សេចក្ដីអធិប្បាយជាយ៉ាងនេះថា “ជនណាបានធ្វើកឋិនទាន ដែលនាំឱ្យភិក្ខុសង្ឃបានទទួលនូវអានិសង្ស៥យ៉ាងក្នុងរវាង៥ខែបានឈ្មោះថាជាអ្នកឱ្យសេចក្ដីសុខស្រួលដល់អ្នកដទៃក្នុងបច្ចុប្បន្នជាតិ ជននោះឯងតែងបានសុខក្នុងមនុស្សលោក និងទេវលោក ក្នុងអនាគត។
ដោយអំណាចផលានិសង្សនៃកឋិននោះក្នុងអនាគតកាល ជននោះនឹងបានជាឯហិភិក្ខុ មានត្រៃចីវរកើតឡើងឯកឯងដោយឫទ្ធិនៅពេលបព្វជ្ជាជាបព្វជិតនៅក្នុងសាសនា ព្រះពុទ្ធអង្គណាមួយហើយក៏នឹងបានសម្រេចមគ្គផលនិព្វានក្នុងពេលបព្វជ្ជានោះពុំខានឡើយ“។
តាំងពីពេលនោះតរៀងមកបុណ្យកឋិនបានក្លាយជាបុណ្យទំនៀមមួយរបស់ពួកពុទ្ធបរិស័ទ ដើម្បីបំពេញនូវសេផចក្ដីត្រូវការស្បង់ចីវរដ៏វិសេសនេះ។
ដោយ៥០០០ឆ្នាំ
images/articles/2891/tepic.jpg
ផ្សាយ : ០១ មេសា ឆ្នាំ២០២២ (អាន: ១៤,៤៨៨ ដង)
សម័យនោះ ព្រះពុទ្ធមានព្រះភាគគង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯង ពួកភិក្ខុនៅក្នុងដែនបាឋា (យោជនាថា នៅក្នុងដែនបាវាដូច្នេះក៏មាន) ប្រមាណ ៣០ រូប (ភទ្ទវគ្គិយត្ថេរ ៣០ រូបជាបងប្អូនរួមបិតារបស់ព្រះបាទកោសល) សុទ្ធតែជាអ្នកប្រព្រឹត្តនៅក្នុងព្រៃ ជាអ្នកប្រព្រឹត្តបិណ្ឌបាត ជាអ្នកប្រព្រឹត្តប្រើសំពត់បង្សុកូលជាអ្នកប្រព្រឹត្តប្រើតែចីវរ ៣ (មិនមែនសមាទានតែធុតង្គទាំងបីនេះទេ គឺលោកគ្រប់អង្គជាអ្នកសមាទានធុតង្គទាំង១៣តែម្ដង) គ្រប់រូបទាំងអស់ នាំគ្នាទៅកាន់ក្រុងសាវត្ថី ដើម្បីគាល់ព្រះមានព្រះភាគ កាលបើតិថីដែលចូលវស្សាជិតណាស់មកហើយ ក៏មិនអាចនឹងទៅឲ្យទាន់ចូលវស្សា ក្នុងក្រុងសាវត្ថីបានឡើយ ហើយនាំគ្នាចូលទៅចាំវស្សាក្នុងក្រុងសាកេត នាពាក់កណ្ដាលផ្លូវ ។ ភិក្ខុទាំងនោះនៅចាំវស្សា ទាំងមានសេចក្ដីអផ្សុក ព្រោះគិតថា ព្រះមានព្រះភាគព្រះអង្គគង់នៅក្នុងទីជិតយើងទាំងឡាយ ចម្ងាយ ៦ យោជន៍អំពីទីនេះទៅ យើងទាំងឡាយមិនសមបើមិនបានទៅគាល់ព្រះអង្គសោះ ។
គ្រានោះ ពួកភិក្ខុទាំងនោះនៅចាំវស្សាអស់ត្រៃមាសរួចហើយ ក៏នាំគ្នាធ្វើបវារណា (រដូវនោះ) នៅមានទឹកភ្លៀងធ្លាក់ជោកជាំ មានទឹកភក់រអិលនៅឡើយ (ភិក្ខុទាំងនោះ) ក៏មានចីវរទាំងឡាយទទឹកជោក បានសេចក្ដីលំបាកកាយ នាំគ្នាដើរសំដៅទៅកាន់ក្រុងសាវត្ថី ហើយចូលទៅវត្តជេតពនរបស់អនាថបិណ្ឌិកសេដ្ឋីដែលព្រះដ៏មានព្រះភាគគង់នៅ លុះចូលទៅដល់ហើយក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីសមគួរ ។ ការស្រុសស្រួលទទួលជាមួយនឹងពួកភិក្ខុអាគន្តុកៈនេះ ជាទំនៀមរបស់ព្រះពុទ្ធដ៏មានព្រះភាគគ្រប់អង្គ ។
លំដាប់នោះ ព្រះដ៏មានព្រះភាគទ្រង់មានព្រះបន្ទូលនេះនឹងភិក្ខុទាំងនោះថា ម្នាលភិក្ខុទាំងឡាយ អ្នករាល់គ្នាល្មមអត់ទ្រាំបានទេឬ អ្នករាល់គ្នាល្មមប្រព្រឹត្តទៅបានស្រួលទេឬ អ្នកទាំងឡាយមានសេចក្ដីសាមគ្គីស្មោះសរមិនវិវាទទាស់ទែងគ្នា នៅចាំវស្សាស្រួលបួលមិនលំបាកដោយអាហារបិណ្ឌបាតទេឬ ។
ភិក្ខុទាំងនោះក្រាបបង្គំទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គទាំងអស់គ្នាល្មមអត់ទ្រាំបាន បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គទាំងអស់គ្នាល្មមប្រព្រឹត្តទៅបាន បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គទាំងអស់គ្នាសាមគ្គីស្មោះសរឥតមានវិវាទទាស់ទែងគ្នាទេ នៅចាំវស្សាក៏ស្រួលបួលមិនលំបាកដោយអាហារបិណ្ឌបាតទេ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គទាំងឡាយនៅក្នុងដែនបាឋាប្រមាណ ៣០ រូបមកកាន់ក្រុងសាវត្ថីនេះ ដើម្បីគាល់ព្រះអង្គ កាលបើតិថីចូលវស្សាជិតណាស់ហើយ ក៏មិនអាចនឹងមកទាន់ពេលចូលវស្សាក្នុងក្រុងសាវត្ថីបានឡើយ ក៏នៅចាំវស្សាក្នុងក្រុងសាកេតនាពាក់កណ្ដាលផ្លូវ (នោះទៅ) បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គទាំងនោះនៅចាំវស្សាទាំងមានសេចក្ដីអផ្សុក ព្រោះគិតថា ព្រះដ៏មានព្រះភាគព្រះអង្គគង់នៅក្នុងទីជិតយើងទាំងឡាយ ចម្ងាយ ៦ យោជន៍អំពីទីនេះទៅ យើងទាំងឡាយមិនសមបើមិនបានទៅគាល់ព្រះអង្គសោះ បពិត្រព្រះអង្គដ៏ចម្រើន លុះខ្ញុំព្រះអង្គទាំងអស់គ្នានៅចាំវស្សាអស់ត្រៃមាសហើយ ក៏នាំគ្នាធ្វើបវារណា (ព្រោះរដូវនេះ) នៅមានទឹកភ្លៀងធ្លាក់ជោកជាំ មានទឹកភក់រអិលនៅឡើយ ទើបខ្ញុំព្រះអង្គទាំងអស់គ្នាមានចីវរទាំងឡាយទទឹកជោក បានសេចក្ដីលំបាកកាយមកតាមផ្លូវឆ្ងាយ ។
ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគទ្រង់ធ្វើធម្មីកថា (វិនយបិដក មហាវគ្គ កថិនក្ខន្ធកៈ បិដកលេខ ៨ ទំព័រ ១-៣) ថាៈ ម្នាលភិក្ខុទាំងឡាយ សង្សារនេះមានទីបំផុតខាងដើមមិនប្រាកដ គឺទីបំផុតខាងដើមរបស់សត្វទាំងឡាយ ដែលមានអវិជ្ជាជារនាំង មានតណ្ហាជាចំណង អន្ទោលទៅ ត្រាច់រង្គាត់ទៅ មិនប្រាកដឡើយ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសំគាល់សេចត្តីនោះ ថាដូចម្តេច ម្នាលភិក្ខុទាំងឡាយ ត្រង់ដែលអ្នកទាំងឡាយ អន្ទោលទៅ ត្រាច់រង្គាត់ទៅ ត្រូវគេកាត់ក្បាលដោយជាអង្វែងនេះ ឈាមដែលហូរស្រក់ និងទឹកក្នុងមហាសមុទ្រទាំង ៤ បណ្ដាទឹកទាំងពីរនោះ ទឹកណាច្រើនជាង ។
បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គទាំងឡាយយល់ច្បាស់នូវធម៌ តាមដែលព្រះព្រះមានព្រះភាគសំដែងហើយ បពិត្រព្រះអង្គដ៏ចម្រើន កាលដែលខ្ញុំព្រះអង្គទាំងឡាយ អន្ទោលទៅ ត្រាច់រង្គាត់ទៅ ត្រូវគេកាត់ក្បាលដោយជាអង្វែងនេះ ឈាមដែលហូរស្រក់ទៅច្រើនអនេក ឯទឹកក្នុងមហាសមុទ្រទាំង ៤ មិនច្រើនជាងឡើយ ។ ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយយល់ច្បាស់នូវធម៌ តាមដែលតថាគតសំដែងហើយយ៉ាងនេះ ប្រពៃហើយ ម្នាលភិក្ខុទាំងឡាយ កាលដែលអ្នកទាំងឡាយ អន្ទោលទៅ ត្រាច់ទៅត្រូវគេកាត់ក្បាលដោយជាអង្វែងនេះ ឈាមដែលហូរស្រក់ទៅច្រើនអនេក ឯ ទឹកក្នុងមហាសមុទ្រទាំង ៤ មិនច្រើនជាងមែន ។
ម្នាលភិក្ខុទាំងឡាយ កាលអ្នកទាំងឡាយកើតជាគោ មានសភាពជាគោ ត្រូវគេកាត់ក្បាលអស់កាលជាអង្វែង ឈាមដែលហូរស្រក់ទៅច្រើនអនេក ឯទឹកក្នុងមហាសមុទ្រទាំង ៤ មិនច្រើនជាងមែនឡើយ ។ម្នាលភិក្ខុទាំងឡាយ កាលអ្នកទាំងឡាយកើតជាក្របី មានសភាពជាក្របី ត្រូវគេកាត់ក្បាលអស់កាលជាអង្វែង ឈាមដែលហូរស្រក់ទៅច្រើនអនេក ។
ម្នាលភិក្ខុទាំងឡាយ កាលអ្នកទាំងឡាយកើតជាចៀម មានសភាពជាចៀម អស់កាលជាអង្វែង ។បេ។ កើតជាពពែ មានសភាពជាពពែ ។បេ។ កើតជាជ្រូក មានសភាពជាជ្រូក ។បេ។ កើតជាមាន់ មានសភាពជាមាន់ ។បេ។ ម្នាលភិក្ខុទាំងឡាយ កាលដែលអ្នកទាំងឡាយ ត្រូវគេប្រចាប់ថាជាចោរបៀតបៀនអ្នកស្រុក ហើយគេកាត់ក្បាលអស់កាលជាអង្វែង ឈាមដែលហូរស្រក់ទៅច្រើនជាង ។
ម្នាលភិក្ខុទាំងឡាយ កាលដែលអ្នកទាំងឡាយ ត្រូវគេប្រចាប់ថាជាចោរចាប់ស្ទាក់ក្បែរផ្លូវ អស់កាលជាអង្វែង ។បេ។ កាលដែលអ្នកទាំងឡាយ ត្រូវគេប្រចាប់ថាជាចោរលួចប្រពន្ធគេ ហើយគេកាត់ក្បាល ឈាមដែលហូរស្រក់ទៅច្រើនអនេក ឯទឹកក្នុងមហាសមុទ្រទាំង ៤ មិនមែនច្រើនជាងឡើយ សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះសង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន ។បេ។ គួរជិនឆ្អន់ ។
លុះព្រះមានព្រះភាគទ្រង់ត្រាស់សូត្រនេះចប់ហើយ ពួកភិក្ខុនោះជាអ្នកមានសេចក្តីត្រេកអរ បានត្រេកអរចំពោះភាសិតរបស់ព្រះមានព្រះភាគ ។ កាលដែលព្រះមានព្រះភាគទ្រង់ត្រាស់វេយ្យាករណ៍នេះ ចិត្តរបស់បាវេយ្យកភិក្ខុប្រមាណ ៣០ រូប ក៏រួចស្រឡះចាក អាសវៈ ដោយការមិនប្រកាន់ (សុត្តន្តបិដក សំយុត្តនិកាយ និទានវគ្គ អនមតគ្គសំយុត្ត ទុតិយវគ្គ តឹសមត្តសូត្រ បិដកលេខ ៣២ ទំព័រ ៩៧) (ភិក្ខុទាំងនោះបានសម្រេចព្រះអរហត្តហើយហោះទៅកាន់អាកាស ) ។
ដូច្នេះហើយត្រាស់ហៅភិក្ខុទាំងឡាយថាអនុជានាមិ ភិក្ខវេ វស្សំវុដ្ឋានំ ភិក្ខូនំ កថិនំ អត្ថរិតុំ។ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យពួកភិក្ខុដែលបាននៅចាំវស្សារួចហើយក្រាលកឋិនបាន ។ អត្ថតកថិនានំ វោ ភិក្ខវេ បញ្ច កប្បិស្សន្តិ អនាមន្តចារោ អសមាទានចារោ គណភោជនំ យាវទត្ថចីវរំ យោ ច តត្ថ ចីវរុប្បាទោ សោ នេសំ ភវិស្សតិ។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយបានក្រាលកឋិនហើយ នឹងសម្រេចអានិសង្ស ៥ យ៉ាង គឺត្រាច់ទៅ (ណា) មិនបាច់លា (ភិក្ខុផងគ្នា) ១ ត្រេចទៅ (ណា) មិនបាច់យកត្រៃចីវរ (គ្រប់ប្រដាប់) ១ (ឆាន់) គណភោជនបាន ១ (ទុកដាក់) អតិរេកចីវរបានតាមត្រូវការ ១ ចីវរណាដែលកើតឡើងក្នុងអាវាសនោះ ចីវរនោះនឹងមានដល់ភិក្ខុទាំងនោះ ១ ។
ម្នាលភិក្ខុទាំងឡាយ អានិសង្សទាំង ៥ នេះនឹងសម្រេចដល់អ្នកទាំងឡាយដែលបានក្រាលកឋិន ។ម្នាលភិក្ខុទាំងឡាយ ក៏ឯកឋិន (នោះ) ត្រូវអ្នកទាំងឡាយក្រាលយ៉ាងនេះ ។ គឺត្រូវឲ្យភិក្ខុអ្នកឆ្លាសប្រតិពលប្ដឹងសង្ឃឲ្យដឹងថាបពិត្រព្រះសង្ឃដ៏ចម្រើន សូមព្រះសង្ឃស្ដាប់ខ្ញុំ (ដ្បិត) សំពត់កឋិននេះកើតឡើងដល់សង្ឃហើយ ។ បើកម្មមានកាលគួរដល់សង្ឃហើយ គួរសង្ឃឲ្យសំពត់កឋិននោះដល់ភិក្ខុឈ្មោះនេះ ដើម្បីនឹងក្រាលកឋិន ។ នេះជាញត្តិ ។ បពិត្រព្រះសង្ឃដ៏ចម្រើន សូមព្រះសង្ឃស្ដាប់ខ្ញុំ (ដ្បិត) សំពត់កឋិននេះកើតឡើងដល់សង្ឃហើយ ។ (ឥឡូវ) សង្ឃឲ្យសំពត់កឋិននេះដល់ភិក្ខុឈ្មោះនេះ ដើម្បីនឹងក្រាលកឋិន ។ ការឲ្យសំពត់កឋិននេះដល់ភិក្ខុឈ្មោះនេះ ដើម្បីនឹងក្រាលកឋិន (បើ) គួរដល់លោកដ៏មានអាយុអង្គណា ត្រូវលោកដ៏មានអាយុអង្គនោះស្ងៀម (បើ) មិនគួរដល់លោកដ៏មានអាយុអង្គណាទេ ត្រូវលោកដ៏មានអាយុអង្គនោះនិយាយឡើង ។ សំពត់កឋិននេះសង្ឃឲ្យដល់ភិក្ខុឈ្មោះនេះ ដើម្បីនឹងក្រាលកឋិនហើយ ។ ការឲ្យសំពត់កឋិននេះដល់ភិក្ខុឈ្មោះនេះ ទំនងជាគួរដល់សង្ឃហើយ ព្រោះហេតុនេះបានជាសង្ឃស្ងៀម ។ ខ្ញុំសូមចាំទុកនូវការនេះដោយអាការស្ងៀមនៅយ៉ាងនេះ ។
(វិនយបិដក មហាវគ្គ កថិនក្ខន្ធកៈ បិដកលេខ ៨ ទំព័រ ៣-៤)
ដោយខេមរ អភិធម្មាវតារ
ដោយ៥០០០ឆ្នាំ