អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,១៥៩ ដង)
និពា្វនហើយទៅណា?

|
តែងតែមានមនុស្សសួរជានិច្ចថា ក្រោយពីនិរវាណៈហើយ តើនឹងមានអ្វីកើតឡើង ? សំនួរនេះគឺមិនត្រឹមត្រូវទាល់តែសោះ ព្រោះថា និរវាណៈជាបរមសច្ចៈ ហើយពេលដែលជាបរមសច្ចៈដូច្នេះ ក៏មិនមានអ្វីទៀតឡើយ បន្ទាប់ពីនិរវាណៈ ។ ភិក្ខុមួយរូបមាននាមថារាធៈ បានទូលសួរនូវបញ្ហាតាមបែបមួយផ្សេងទៀតដល់ព្រះពុទ្ធអង្គថា " បពិត្រព្រះអង្គដ៏ចម្រើន! អ្វីទៅគឺគោលបំណង (គោលដៅ) របស់និរវាណៈ? " ។ បានសួរដូច្នេះ ព្រោះលោកគិតថាប្រហែលជាមានអ្វីម៉្យាង បន្ទាប់អំពីនិរវាណៈ ។ ព្រះពុទ្ធអង្គទ្រង់ត្រាស់តបថា " ម្នាលរាធៈ! សំនួរនេះមិនត្រឹមត្រូវឡើយ (មិនចំបញ្ហា) បុគ្គលដែលប្រព្រឹត្តនូវព្រហ្មចរិយធម៌ មាននិរវាណៈជាវត្ថុបំណង ជាគោលដៅដ៏ខ្ពង់ខ្ពស់បំផុត " ។
មានឃ្លាខ្លះដែលមនុស្សជាច្រើននាំគ្នាប្រើ ទាំងដែលមិនត្រឹមត្រូវសោះឡើយ ដូចយ៉ាង " ព្រះពុទ្ធជាម្ចាស់សេ្តចយាងចូលកាន់និរវាណៈ ឬបរិនិរវាណៈ បន្ទាប់ពីទ្រង់អស់ព្រះជន្មហើយ " ដែលតាមរយៈឃ្លាទាំងនេះបានបង្កឲ្យមានការភាន់ច្រឡំ ទាក់ទិនទៅនឹងនិរវាណៈ ។ ពេលអ្នកបានឮឃ្លាថា " ព្រះពុទ្ធជាម្ចាស់ស្តេចយាងចូលកាន់និរវាណៈ ក្នុងលក្ខណៈនៃអារម្មណ៍ដែលកើតចេញពីពាក្យថា " ជានេះឬជានោះ " តាមដែលអ្នកធ្លាប់ដឹងមក ។ ឃ្លាដែលប្រើថា " ស្តេចយាងចូលកាន់ព្រះនិព្វាន " នេះ គឺមិនស្របទៅនឹងគម្ពីរជាន់ដើម ព្រោះនៅក្នុងគម្ពីរជាន់ដើម មិនមានពាក្យដូចដែលថា " កាន់ចូលកាន់និរវាណៈក្រោយការស្លាប់ " មានតែពាក្យថា " បរិនិព្វុតោ " ដែលប្រើក្នុងន័យថាស្លាប់ សម្រាប់ព្រះពុទ្ធជាម្ចាស់ឬព្រះអរហន្ត ដែលជាអ្នកដឹងច្បាស់នូវនិរវាណៈ តែមិនមែនសំដៅដល់ " ការចូលកាន់និរវាណៈ " ។ ពាក្យថា " បរិនិព្វុតោ " សំដៅដល់ការចេញផុតស្រឡះ (ពីតណ្ហាជាគ្រឿងទាក់ឆ្វាក់) ការរំលត់ (តណ្ហា) ការរលាស់ចោល (នូវបញ្ចក្ខន្ធ ) ព្រោះថាព្រះពុទ្ធជាម្ចាស់ ឬព្រះអរហន្ត មិនបានត្រឡប់មកកើតទៀតឡើយ បន្ទាប់អំពីសេចក្តីស្លាប់ទៅហើយនោះ ។ នៅមានសំនួរមួយទៀតថា " មានអ្វីកើតឡើងជាមួយនឹងព្រះពុទ្ធជាម្ចាស់ឬព្រះអរហន្ត បន្ទាប់ពីលោកអស់ជីវិត ឬបរិនិព្វានទៅហើយនោះ ? " ។ សំនួរនេះចាត់ចូលទៅក្នុងប្រភេទសំនួរ ដែលមិនអាចឆ្លើយបាន (អវយាកត) សូម្បីពេលព្រះពុទ្ធជាម្ចាស់ត្រាស់ទៅដល់បញ្ហានេះ ក៏ទ្រង់ត្រាស់ថាមិនមានពាក្យពេចន៍ណាមួយក្នុងភាសារបស់មនុស្ស ដែលអាចនឹងនាំមកសម្តែងបានថា មានអ្វីកើតឡើងដល់ព្រះអរហន្ត បន្ទាប់ពីលោកអស់ជីវិតទៅនោះ ។ ពេលព្រះអង្គឆ្លើយសំនួររបស់វច្ឆបរិព្វាជក ព្រះពុទ្ធជាម្ចាស់ទ្រង់ត្រាស់ថា ពាក្យផ្សេងៗដូចជា " កើត " ឬ " មិនកើត " មិននាំមកប្រើក្នុងករណីព្រះអរហន្តបានឡើយ ព្រោះថាសភាវៈផ្សេងៗដូចជា រូប វេទនា សញ្ញា សង្ខារ និងវិញ្ញាណ ដែលជាសភាវៈពាក់ព័ន្ធទៅនឹងពាក្យផ្សេងៗដូចជា " កើត " និង " មិនកើត " បានត្រូវបំផ្លាញនិងត្រូវកម្ចាត់ចោល ដោយឥតមានសេសសល់ ហើយនឹងមិនកើតឡើងទៀតក្រោយពេលដែលព្រះអរហន្តបានស្លាប់ទៅ (បរិនិព្វាន) ។ ព្រះអរហន្តក្រោយពេលស្លាប់ តែងតែត្រូវប្រៀបប្រដូចទៅនឹងភ្លើងដែលរលត់ នៅពេលដែលអស់អុស ឬដូចភ្លើងចង្កៀងដែលរលត់ពេលដែលអស់ប្រេងនិងប្រឆេះយ៉ាងដូច្នោះដែរ ។ រឿងនេះចាំបាច់ត្រូវយល់ឲ្យបានច្បាស់ ដោយប្រាសចាកនូវភាពមនិ្ទលថា អ្វីដែលប្រៀបប្រដូចនឹងអណ្តាតភ្លើងដែលរលត់ទៅនោះ មិនមែនជានិរវាណៈ (និព្វាន) នោះឡើយ តែជាបុគ្គលដែលប្រកបទៅដោយខន្ធ ៥ ដែលជាអ្នកដឹងច្បាស់ឃើញច្បាស់នូវនិរវណៈ ។ បានជាត្រូវលើកយកមកបញ្ជាក់យ៉ាងដូច្នេះ ព្រោះមានមនុស្សជាច្រើន (រួមទាំងអ្នកប្រាជ្ញមួយចំនួនផង) នៅយល់និងបកស្រាយខុសថា ជាការប្រៀបធៀបជាមួយនិរវាណៈ ។ តាមពិតនិរវាណៈ មិនអាចប្រៀបធៀបបាន ជាមួយនឹងភ្លើង ឬអណ្តាតភ្លើងដែលរលត់ទៅនោះបានឡើយ ។ ដកស្រង់ចេញពីសៀវភៅ " ព្រះពុទ្ធទ្រង់បង្រៀនអ្វី ? " ប្រែសម្រួលដោយ លីន កុសល ។ ដោយ៥០០០ឆ្នាំ |