អានអត្ថបទ
ផ្សាយ : ១៩ មករា ឆ្នាំ២០២០ (អាន: ១៥,២២៤ ដង)
រឿងឧបាសកត្រចៀកខ្មូរ

|
រឿងឧបាសកត្រចៀកខ្មូរ
(ចាក ធ. ខុ.) (អ្នកណារក្សាធម៌ ធម៌តែងរក្សាអ្នកនោះវិញ) សម័យថ្ងៃមួយ ព្រះមហាកច្ចានៈដ៏មានអាយុ លោកគង់នៅលើភ្នំបុវត្តៈក្នុងនគរកុរឃរត្រង់អវន្តិជនបទ មានឧបាសកត្រចៀកខ្មូរម្នាក់ឈ្មោះ សោណៈជ្រះថ្លានឹងធម្មកថារបស់ព្រះថេរៈចង់បួស ព្រះថេរៈឃាត់ថា ម្នាលសោណៈ ការប្រព្រឹត្តធម៌ដ៏ប្រសើរនេះ ជាការលំបាកមានភត្តតែមួយពេល ដេកនៅតែម្នាក់ឯងរហូតអស់មួយជីវិត គាត់មានសេចក្តីជ្រះថ្លាខ្លាំងណាស់ក្នុងផ្នួស អត់ទ្រាំមិនបានក៏ចូលទៅអង្វរករសុំបួសគ្រប់៣ដង នៅក្នុងប្រទេសក្ខិណាបថជាប្រទេសមានភិក្ខុតិច លុះបួសហើយ បាន៤វស្សាចង់ទៅនមស្ការថ្វាយបង្គំព្រះសាស្តា ទើបលាព្រះឧបជ្ឈាយ៍ទៅតាមបណ្តាំរបស់លោកទៅដល់ជេតពន ចូលទៅថ្វាយបង្គំព្រះសាស្តាព្រះអង្គទ្រង់ធ្វើបដិសណ្ឋារកិច្ច ហើយទ្រង់អនុញ្ញាតឲ្យនៅក្នុងគន្ធកុដិជាមួយព្រះអង្គ លុះយប់ជ្រៅបន្តិចកន្លងទៅព្រះសាស្តាទ្រង់អារាធនាឲ្យធ្វើបទសរភញ្ញថ្វាយព្រះអង្គស្តាប់ក្នុងបច្ចូសម័យ ។ លុះចប់បទសរភញ្ញហើយ ព្រះអង្គទ្រង់អនុមោទនាយ៉ាងក្រៃលែងចំពោះសោណភិក្ខុនោះហើយទ្រង់ប្រទានសព្ទសាធុការពរថា សាធុ សាធុ ។ ចាប់តាំងពីពួកទេវតា នាគនឹងគ្រុឌ ដែលឋិតនៅលើដីរហូតដល់ព្រហ្មលោក ក្នុងកុរឃរនគរ ចម្ងាយ ១២០ យោជន៍ពីវត្តជេតពន ក៏បានឲ្យសព្ទសាធុការពរយ៉ាងខ្លាំង ។ គ្រានោះមហាឧបាសិកាសួរថានរណាឲ្យសាធុការពរនេះ? ទេវតាប្រាប់ថាម្នាលប្អូនស្រីខ្ញុំណានាង ចុះលោកជាអ្វី? ខ្ញុំជាទេវតាឋិតក្នុងផ្ទះនេះពីមុនក៏លោកមិនឲ្យសាធុការពរដល់ខ្ញុំ ស្រាប់តែថ្ងៃនេះក៏ឲ្យដូច្នេះ ព្រោះហេតុអ្វី? ទេវតាប្រាប់ថា ខ្ញុំមិនឲ្យសាធុការពរដល់នាងទេ ។ បើដូច្នោះលោកឲ្យដល់នរណា? ខ្ញុំឲ្យដល់កុដិកណ្ណសោនត្ថេរជាបុត្ររបស់នាងចុះកូនខ្ញុំធ្វើអ្វីបានជាលោកឲ្យសាធុការពរ? ។ ទេវតាប្រាប់ថា កូននាងគង់នៅក្នុងគន្ធកុដិជាមួយនឹងព្រះសាស្តាក្នុងថ្ងៃនេះ ហើយសម្តែងធម៌ថ្វាយព្រះអង្គៗទ្រង់ព្រះសណ្តាប់ធម៌កូនរបស់នាង ទ្រង់ជ្រះថ្លាឲ្យសាធុការពរ ព្រោះហេតុនោះហើយ បានជាខ្ញុំឲ្យសាធុការពរនេះដល់កូនរបស់នាងព្រោះថាគ្រប់កន្លែងទាំងអស់ទទួលសាធុការពររបស់ព្រះសម្មាសម្ពុទ្ធតាំងពីទេវតាដែលឋិតនៅលើផែនដីរហូតដល់ព្រហ្មលោក ។ មហាឧបាសិកាសួរថា បពិត្រលោកទេវតា កូនខ្ញុំសម្តែងធម៌ថ្វាយព្រះសាស្តាឬ? ឬថាព្រះអង្គសំដែងធម៌ដល់កូនខ្ញុំ? ទេវតាប្រាប់ថាកូននាងសម្តែងធម៌ថ្វាយព្រះអង្គ។ កាលទេវតាប្រាប់ដូច្នោះ នាងឧបាសិកាកើតបីតិទាំង៥ផ្សាយទៅសព្វសរីរទាំងមូល ។ លំដាប់នោះនាងឧបាសិការគិតត្រិះរិះថា បើកូនរបស់អញនៅក្នុងគន្ធកុដិជាមួយព្រះសាស្តា ហ៊ានសម្តែងធម៌ថ្វាយព្រះអង្គមុខជាអាចសម្តែងធម៌ដល់អញដែរ កាលបើលោកនិមន្តមកវិញ អញនឹងនិមន្តឲ្យសម្តែងមិនខាន ។ ចំណែកព្រះសោណត្ថេរកាលព្រះសាស្តាទ្រង់ប្រទានសាធុការពររួចហើយ គិតថាកាលនេះជាកាលគួរដើម្បីនឹងក្រាបទូលពាក្យបណ្តាំដែលព្រះឧបជ្ឈាយ៍របស់អាត្មាអញផ្តាំមក ហើយក៏ទូលសុំពរ ៥ ប្រការនឹងព្រះមានព្រះភាគ ដើម្បីឧបសម្ប័ទដោយគណះសង្ឃ៥ អង្គ មានព្រះវិន័យធរជាប្រធានក្នុងបច្ចន្តជនបទទាំងឡាយ ព្រះអង្គក៏ទ្រង់ប្រទានពរទាំង៥ប្រការនោះរួចនៅក្នុងសំណាក់ព្រះសាស្តាអស់ពីរបីថ្ងៃ លុះរលឹកព្រះឧប្បជ្ឈាយ៍ ក៏ចូលទៅថ្វាយបង្គំលាព្រហសាស្តាចេញពីវត្តជេតពនត្រឡប់ទៅសំណាក់ព្រះឧប្បជ្ឈាយ៍វិញតាមលំដាប់ ។ លុះដល់ថ្ងៃព្រឹកឡើងព្រះថេរៈនាំសោណត្ថេរទៅបិណ្ហបាត បានទៅឈរនៅត្រង់មុខទ្វារផ្ទះមហាឲ្យបាសិកាជាមាតា ។ គាត់ឃើញកូនមានចិត្តត្រេកអរថ្វាយបង្គំអង្គាសភត្តដោយផ្ចិតផ្ចង់ ហើយសួរថា លោកកូនលោកបាននៅក្នុងគន្ទកុដិជាមួយនឹងព្រះសាស្តា ហើយបានសំដែងធម៌ថ្វាយព្រះអង្គស្តាប់មែនឬទេ? ។ ព្រះថេរៈសួរថា ញោមការនេះនរណានិយាយប្រាប់ញោម? មាតាទូលថា បពិត្រលោកកូន ទេវតាដែលអាស្រ័យនៅក្នុងផ្ទះនេះបានឲ្យសាធុការពរយ៉ាងខ្លាំងៗ ខ្ញុំព្រះករុណាបានសួរថានរណានេះ ? ទេវតាប្រាប់ថា ខ្ញុំជាទេវតានៅក្នុងផ្ទះនេះ ព្រោះហេតុនោះខ្ញុំព្រះករុណា បានគិតថាបើលោកកូនហ៊ានសំដែងធម៌ថ្វាយព្រះអង្គបាន មុខជាអាចហ៊ានសំដែងធម៌ដល់ខ្ញុំព្រះករុណាដែរ ។ លំដាប់នោះមាតានិយាយថា កូនសំដែងធម៌អ្វីថ្វាយព្រះសាស្តា ចូរកូនសំដែងធម៌នោះឲ្យខ្ញុំព្រះករុណាស្តាប់ផងហើយ ឲ្យគេធ្វើរោងមួយធំរួចកំណត់ថ្ងៃនឹងសំដែងធម៌ ។ ព្រះថេរៈក៏ទទួលនិមន្តតាមពាក្យសុំរបស់មាតា គាត់ថ្វាយទានចំពោះភិក្ខុសង្ឃទុកស្រ្តីបំរើម្នាក់ឲ្យនៅចាំផ្ទះ រួចនាំជនជាបរិស័ទទៅស្តាប់ធម៌កូនគាត់ក្នុងបារាំ ដែលកេតាក់តែងធ្វើស្រេចនោះ ។ នៅពេលនោះស្រាប់តែមានពួកចោរ ៩០០ នាក់ ដើរគយគន់ចាំមើលឲ្យតែនាងឧបាសិកានោះ ចេញពីផ្ទះទៅផុតនឹងចូលទៅលួច ។ ចំណែកផ្ទះនាងឧបាសិកានោះមានកំពែងព័ទ្ធ ៧ ជាន់ មានក្លោងទ្វារ៧ជាន់ គេដាក់ឆ្កែកាចៗឲ្យនៅចាំគ្រប់កន្លែងទាំងអស់ រួចជីស្នាមភ្លោះត្រង់កន្លែងដែលទឹកធ្លាក់ចុះពីដំបូលផ្ទះ ដាក់សំណភក់ពេញ ហើយសណនោះត្រូវក្តៅរលាយដូចទឹកពុះ ដល់ពេលយប់រឹងគគ្រាត ថែមទាំងមានចំរូងដែក ដ៏ធំៗបោះដាក់គ្មានសល់កន្លែង ។ មានការរក្សាដូចរៀបរាប់មកនេះពួកចោរមិនអាចនឹងចូលទៅលួចបាន ដោយសារនាងឧបាសិកានៅក្នុងផ្ទះនោះផង ស្រាប់តែក្នុងថ្ងៃនោះ វាដឹងថាមហាឧបាសិកាមិននៅ វាជីករូងទម្លាយចូលទៅក្នុងផ្ទះតាមចំណែកខាងក្រោមសំណភក់ នឹងចំរូងដែកលុះចូលទៅមិនឃើញមហាឧបាសិកា វាប្រើមេចោរម្នាក់ប្រាប់ថា បើមហាឧបាសិកនោះឮដំណឹងថាពួកយើងចូលទៅផ្ទះនេះ គាត់ត្រឡប់មកផ្ទះវិញ ចូរអ្នកឯងសម្លាប់នឹងដារនេះឲ្យស្លាប់ ។ មេចោរនោះទៅឈរនៅក្នុងទីជិតនៃមហាឧបាសិកានោះ ។ ពួកចោរក៏អុធប្រទីបខាងក្នុងផ្ទះហើយបើកទ្វារបន្ទប់ដែលទុកកហាបណះ ។ នាងទាសីឃើញពួកចោរក៏រត់ទៅជម្រាបមហាឧបាសិកាថាមានពួកចោរចូលទៅក្នុងផ្ទះ បើកទ្វារដែលដាក់កហាបណះ ។ មហាឧបាសិកាប្រាប់ថាពួកចោរអញ្ជើញយកវត្ថុដែលពួកអ្នកឯងរកឃើញទៅចុះ ខ្ញុំកំពុងស្តាប់ធម៌ទេសនារបស់កូនខ្ញុំចូរកុំធ្វើសេចក្តីអន្តរាយដល់ធម៌របស់ខ្ញុំ នាងឯងទៅផ្ទះវិញប្រាប់យ៉ាងនេះចុះ ។ ឯពួកចោរបើកបន្ទប់កហាបណះយកអស់រលីង រួចទៅបើកបន្ទប់ដាក់ប្រាក់ទៀត ។ នាងទាសីរត់ទៅជំរាបមហាឧបាសិកានិយាយប្រាប់ដូចពេលមុន ។ វាទៅបើកបន្ទប់ដាក់ប្រាក់យកអស់ទៀត រួចទៅបើកបន្ទប់ដាក់មាសទៀត ។ នាងទាសីរត់ទៅជម្រាបមហាឧបាសិកាម្តងទៀត ។ លំដាប់នោះគាត់ហៅនាងទាសីមកប្រាប់ថា នាងឯងមកកន្លែងអញច្រើនដងហើយ មិនស្តាប់ពាក្យអញសោះ ទោះបីប្រាប់ថាវាចង់យករបស់អ្វី ឲ្យវាយកទៅចុះកុំមកធ្វើឲ្យខូចការស្តាប់ធម៌របស់អញ ឥឡូវនេះនាងឯងត្រឡប់ទៅវិញទៅ បើមកទៀតអញនឹងធ្វើទោសនាងឯង ម្តងនេះអញអត់ទោសអោយ នាងទាសីក៏ទទួលស្តាប់ធ្វើតាមបង្គាប់ ។ មេចោរឮមហាឧបាសិកានិយាយដូច្នោះ ក៏គិតថារន្ទះបាញ់បំបែកក្បាលជនណាដែលយកទ្រព្យស្ត្រីនេះមិនខាន លុះគិតដូច្នេះហើយ ក៏រត់ទៅប្រាប់ពួកចោរទាំងនោះថា នែពួកយើង កុំយកទ្រព្យមហាឧបាសិកានេះ ចូរទុកទៅវិញឲ្យនៅតាមប្រក្រតីឆាប់ៗពួកចោរទាំងនោះក៏ដាក់កហាបណះប្រាក់នឹងមាសតាមកន្លែងដើមវិញតាមពាក្យដែលមេចោរប្រាប់ ។ តាមធម្មតាធម៌តែងរក្សានូវជនអ្នកប្រព្រឹត្តធម៌ ព្រោះហេតុនោះហើយ បានជាព្រះមានព្រះភាគទ្រង់ត្រាស់ថាៈ ធម្មោ ហវេ រក្ខតិ ធម្មចារី ធម្មោ សុចិណ្ណោ សុខមាវហាតិ ឯសានិសំសោ ធម្មេ សុចិណ្ណេ ន ទុក្កតី តច្ឆតិ ធម្មចារី ។ ធម៌ហ្នឹងឯង តែងរក្សាបុគ្គលអ្នកប្រព្រឹត្តធម៌ ធម៌ដែលគេសន្សំដោយល្អរមែងបានសេចក្តីសុខ នេះជាអានិសង្ឃក្នុងធម៌ដែលគេសន្សំដោយល្អ បុគ្គលអ្នកប្រព្រឹត្តធម៌រមែងមិនទៅកាន់ទុគ្គតិភូមិទេ ។ ពួកចោរបានទៅឈរស្តាប់ធម៌ទេសនា ព្រះថេរៈកំពុងសំដែងធម៌លុះដល់ពេលជិតភ្លឺលោកបញ្ចប់ធម៌ទេសនាចុះពីធម្មាសនៈវិញ ។ ខណះនោះមេចោរក្រាបក្បាលទៀបជើងមហាឧបាសិកាសុំខមាទោសនឹងគាត់ៗសួរថាចុះអ្នកមានការណ៍ដូចម្តេច? មេចោរប្រាប់ថាខ្ញុំបានចងគំនុំបម្រុងនឹងសម្លាប់លោកស្រី ។ មហាឧបាសិកានិយាយថា បើដូច្នោះខ្ញុំអភ័យទោសឲ្យ ឯពួកចោរឯទៀតក៏និយាយសុំទោសដូចមេចោរដែរ ហើយនិយាយអង្វរថា បើលោកស្រីអភ័យទោសឲ្យខ្ញុំសូមលោកស្រីមេត្តាអង្វរករឲ្យព្រះថេរៈជាបុត្ររបស់លោកស្រី ឲ្យខ្ញុំសុំបួសក្នុងសំណាក់លោកផង ។ មហាឧបាសិកាថ្វាយបង្គំ ហើយនិយាយថា បពិត្រលោកកូន ពួកចោរទាំងនេះជ្រះថ្លាចំពោះគុណរបស់ខ្ញុំផង ចំពោះធម្មកថារបស់លោកផង ហើយសុំបួស ហេតុនេះសូមលោកកូនបំបួសពួកចោរទាំងនេះផង ។ ព្រះថេរៈពោលថាប្រពៃហើយៗ ប្រាប់ឲ្យកាត់សំពត់ដែលពួកចោរទាំងនោះស្លៀកជ្រលក់ដីស្អិតពណ៌ក្រហម រួចបំបួសពួកចោរទាំងនោះឲ្យតាំងស៊ប់នៅក្នុងសីល ។ តាំងពីបួសរួចហើយព្រះថេរៈឲ្យរៀនកម្មដ្ឋានផ្សេងៗគ្នា ពួកភិក្ខុទាំង៩០០អង្គ រៀនកម្មដ្ឋានផ្សេងៗគ្នា ឡើងទៅលើភ្នំមួយអង្គុយនៅក្រោមម្លប់ឈើមួយដើម ខំស្មឹងស្មាធ៍សមណធម៌ ។ ពេលនោះព្រហសាស្តាកំពុងគង់នៅក្នុងជេតវនមហាវិហារចម្ងាយ១២០ យោជន៍ទ្រង់ប្រមើលឃើញភិក្ខុទាំងនោះ ព្រះអង្គទ្រង់កំណត់ធម្មទេសនាតាមចរិកនៃភិក្ខុទាំងនោះ ហើយផ្សាយពន្លឺរស្មីត្រាស់សម្តែងគាថា ហាក់ដូចជាគង់សម្តែងក្នុងទីចំពោះមុខថាៈ ភិក្ខុណាមានកិរិយានូវប្រកបដោយមេត្តាជ្រហថ្លា ក្នុងព្រះពុទ្ធសាសនា អ្នកនោះរមែងបាននូវព្រះនិព្វានដ៏ស្ងប់ ជាគ្រឿងចូលទៅរម្ងាប់សង្គារហើយនៅជាសុខ ។ ម្នាលភិក្ខុអ្នកចូរស្តារនូវទូកគឺអត្តភាពនេះ ទូកគឺអត្តភាពនេះ បើអ្នកស្តារហើយ រមែងដល់នូវទូកគឺអត្តភាពនេះ ទូកគឺអត្តភាពនេះ បើអ្នកស្តារហើយ រមែងដល់នូវត្រើយ គឺព្រះនិព្វានឆាប់ហេតុនេះចូរអ្នកកាត់រោគៈទោសៈ មោហៈ ចេញតពីនោះទៅអ្នកនឹងបានដល់ព្រះនិព្វានពុំខាន ។ ចូរកាត់ឱរម្ជាគ្គិយសំយោជនះ៥តទៅទៀតផង ចូរលះបង់ឧទ្ធម្ភាគ្គិយសំយ្វោនះ ៥ផងចូរចម្រើនឥន្ទ្រិយ៥តទៅទៀតផង បើអ្នកលះបានហើយ ឈ្មោះថាជាអ្នកកន្លងផុតកិលេសជាគ្រឿងចូលទៅរម្ងាប់សង្ខារហើយនៅជាសុខ ។ ម្នាលភិក្ខុអ្នកចូរស្តារនូវទូកគឺអត្តភាពនេះទូកគឺអត្តភាពនេះ បើអ្នកស្តារហើយ រមែងដល់នូវត្រើយ គឺព្រះនិព្វានឆាប់ហេតុនេះចូរអ្នកកាត់រោគះ ទោសះ មោហះ ចេញតពីនោះទៅអ្នកនឹងបានដល់ព្រះនិព្វានពុំខាន ។ ចូរកាត់ឳរម្ជាគ្គិយសំយោជនះ៥ផង ចូរលះបង់ឧទ្ធម្ភាគ្គិយសំយោ្វនះ៥ផង ចូរចម្រើនឥន្ទ្រិយ៥តទៅទៀតផង បើអ្នកលះបានហើយ ឈ្មោះថាជាអ្នកកន្លងផុតកិលេសជាគ្រឿងជាប់ជំពាក់ទាំង៥តថាគតឲ្យឈ្មោះថា អ្នកមានអន្លុងកន្លងផុតអស់ហើយ ។ ម្នាលភិក្ខុចូរអ្នកពិនិត្យចូរកុំធ្វេសប្រហែស ចិត្តរបស់អ្នកចូរកុំវិលទៅរកកាមគុណវិញអ្នកកុំប្រមាទហើយលេបនូវដុំលោហះនោះឡើយកុំអោយភ្លើងឆេះហើយកន្ទក់កន្ទេញថានេះជាទុក្ខឡើយ ។ ឈានមិនមានដល់បុគ្គលឥតប្រាជ្ញារីបញ្ញាមិនមានដល់បុគ្គលដែលឥតឈាន ឈានក្តី បញ្ញាតិ រមែងមានក្នុងបុគ្គលណា បុគ្គលនោះឈ្មោះថាជាអ្នកឋិតនៅក្នុងទីជិតព្រះនិព្វាន ។ សេចក្តីត្រេកអរមិនមែនជារបស់មនុស្សទេ រមែងមានតែចំពោះតែភិក្ខុដែលចូលទៅនៅក្នុងទីស្ងប់ស្ងាត់ មានចិត្តស្ងប់រម្ងាប់ ព្រោះបានឃើញធម៌ច្បាស់ដោយខ្លួនឯង ។ ភិក្ខុណាពិចារណាការកើតឡើងនឹងការសូន្យទៅវិញនៃខន្ធទាំងឡាយក្នុងពេលណាៗ ភិក្ខុនោះរមែងបានបីតិ នឹងបាមោជ្ជនៅពេលនោះៗ បីតិនឹងបាមោជ្ជនោះជាអមតធម៌របស់អ្នកប្រាជ្ញទាំងឡាយ ។ គុណធម៌ប្រការនេះ គឺការគ្រប់គ្រងនូវឥន្ទ្រីយ១ សេចក្តីសណ្តោស ១នឹងការសង្រួមក្នុងព្រហបាតិមោក្ខ១ ជាខាងដើមក្នុងព្រះនិព្វាននោះ តែងមានចំពោះភិក្ខុដែលមានប្រាជ្ញាក្នុងសាសនានេះ បើដូច្នោះចូរអ្នកគប់រកកល្យាណមិត្ត អ្នកចិញ្ចឹមអាជីពដោយត្រឹមត្រូវ មិនខ្ជិលច្រអូស គប្បីជាអ្នកប្រព្រឹត្តនូវបដិសណ្ឋារក្នុងអាចារះជាអ្នកឈ្លាសក្នុងអាចារះជាអ្នកមានបាមោជ្ជច្រើន អ្នកនឹងធ្វើឲ្យជាក់ស្តែងនូវទីបំផុតនៃសេចក្តីទុក្ខមិនខាន ។ ភិក្ខុ ៩០០ អង្គដែលកំពុងអង្គុយស្មឹងស្មាធ៍សមណធម៌ ក៏បានសម្រេចព្រះអរហត្តផល ព្រមទាំងបដិសម្ភិទាញាណ ក្នុងពេលជាទីបញ្ចប់ ធម៌ទេសនារបស់ព្រះអង្គ ហើយហោះទៅលើអាកាសទាំងអស់បានកន្លងផុតផ្លូវលំបាកចំនួន ១២០ យោជន៍ ហើយពោលសរសើរគុណរបស់ព្រះសម្ពុទ្ធរួចថ្វាយបង្គំទៀបព្រះបាទាព្រហសាស្តា ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |