អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,៧២៥ ដង)
អ្នកមានប្រាជ្ញាអាចញ៉ាំងអ្នកដទៃឲ្យសម្លាប់សត្រូវខ្លួនបាន

|
រឿងក្អែកញីឈ្មោលនឹងពស់
(ចាក គ.ប.) (អ្នកមានប្រាជ្ញាអាចញ៉ាំងអ្នកដទៃឲ្យសម្លាប់សត្រូវខ្លួនបាន) មានក្អែកញីឈ្មោលមួយគូ អាស្រ័យនៅលើដើមឈើមួយដើមក្នុងព្រងដើមឈើនោះមានពស់វែកមួយ ។ ពស់នោះវាតែងតែចាប់កូនក្អែកស៊ីជាចំណីអាហារ ។ តមក ក្អែកញីរកកល់ពងទៀត និយាយទៅកាន់ប្តីថាៈ " អ្នកបងជាទីពឹង! គួរយើងលះបង់ចោលដើមឈើនេះទៅ ហើយហើរទៅរកដើមឈើឯទៀតអាស្រ័យនៅវិញព្រោះដើមឈើរជាទីលំនៅយើងនេះប្រកបដោយភ័យអំពីពស់វែកចង្រៃ វាចេះតែចាប់កូនយើងស៊ីញយៗ តទៅយើងអស់មានកូនចៅតពូជពង្សទៀតហើយ ក្អែកឈ្មោលនិយាយតបវិញថាៈ " នែប្អូនសំឡាញ់! ប្អូនកុំថប់អ្វី ទុកងារឲ្យបងរឿងនេះឲ្យបងខំទ្រាំទល់ទុក្ខវេទនា ចំពោះកំហុសធំនៃពស់វែកនេះមកជាច្រើនដងច្រើនគ្រាណាស់មកហើយ ឥឡូវនេះបងអត់ទ្រាំទៅទៀតមិនបានទេ" ។ ក្អែកញីនិយាយនឹងក្អែកឈ្មោលថាៈ "ចុះអ្នកបងធ្វើដូចម្តេចទៅបើពស់វែកនោះមានកម្លាំងខ្លាំងច្រើនជាងយើងម្ល៉េះ? អ្នកបងអាចហ៊ានទៅតនឹងវាបានឬទេ"? ក្អែកឈ្មោលនិយាយប្រាប់ថាៈ "នៅស្រះបោក្ខរណីតឹកថ្លាយល់ដី ជិតទីឋានយើងនេះ មានព្រះរាជបុត្រទាំងឡាយ តែងយាងចូលមកប្រពាតក្រសាលស្រង់ ឧទកវារីលេងសប្បាយរាល់ថ្ងៃ ក្នុងស្ថានសម័យស្តេចតែងដោះខ្សែព្រះសូរងជាវិការនៃមាសសម្រាប់តែងព្រះអង្គ ទុកលើផែនថ្មនាឆ្នេរស្រះហើយទើបចុះទៅស្រង់ ។ ចូរប្អូនហើរចុះទៅឆក់លួចយកនូវខ្សែព្រះសូរងជាវិការះនៃមាសនោះដោយចំពុះ ហើយនាំយកមកទម្លាក់ទុកក្នុងព្រង់ ដែលពស់ចង្រៃវាអាស្រ័យនៅ" ។ ថ្ងៃមួយព្រះរាជបុត្រទាំងឡាយ ស្តេចយាងមកស្រង់ក្រសាលឧទកវារី មេក្អែកក៏បានធ្វើដូចបានគិតគ្នាទុកមុន ។ គ្រានោះឯងព្រហរាជបុត្រទាំងឡាយ បានទតឃើញមេក្អែកលបឆក់យកខ្សែព្រះសូរងដូច្នេះ ស្តេចដេញតាមក្អែក ដើម្បីដណ្តើមយកខ្សែព្រះសូរងរហូតទៅដល់ព្រង់ទៅប្រទះឃើញពស់វែកនោះ ហើយក៏បបួលគ្នាវាយសម្លាប់ចោលបង់សៀតទៅហោង ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |