អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៣៩១ ដង)
រឿងស្រីមានគូកំណាន់

|
រឿងស្រីមានគូកំណាន់
(ចាក ធ. ខុ.) (អំណាចកាមរាគនាំឲ្យកើតតម្រេកក្នុងវត្ថុមិនគួរ) សេចក្តីដំណាលថា មានភិក្ខុអ្នកប្រព្រឹត្តបិណ្ឌបាតមួយអង្គ រៀនកម្មដ្ឋានក្នុងសំណាក់ព្រះសាស្តា ហើយចូលទៅកាន់ឱធ្យានចាស់មួយ ដើម្បីធ្វើសមណធម៌ ។ លំដាប់នោះមានស្ត្រីម្នាក់ មានរូបរាងស្រស់ល្អឆើតលើសនារីទាំងអស់ក្នុងនគរ បានណាត់ពេលនឹងបុរសគូកំណាន់ម្នាក់ ឲ្យទៅជួបគ្នាក្នុងទីឈ្មោះឯណោះ ដើម្បីនឹងសប្បាយដោយមគ្គសំវាសប្រព្រឹត្តកន្លងប្រពៃណីវង្សត្រកូល នាងក៏ទៅចាំមុន ។ បុរសនោះបែរជាមិនបានទៅក្នុងពេលដែលណាត់គ្នា ។ កាលនាងលម្ឃដរងចាំមើលផ្លូចគូរកំណាន់យូរពេក កាមរាគក៏ដុតរោលរាលក្នុងសរពាង្គកាយ កើតសេចក្តីអផ្សុកជាអស្ចារ្យ ព្រោះមិនបានគូរគាប់មកប្រឡែងគ្នាលេង ក៏ដើរចុះដើរឡើងច្រាសច្រាលៗដូចមាន់រកពង ទើបចូលទៅក្នុងឧទ្យានឃើញព្រះថេរះកំពុងពែនភ្នែនធ្វើសមណធម៌ ក៏ក្រឡេកមើលនាយអាយក្រែងគេឃើញ លុះមិនមានឃើញអ្នកដទៃក៏គិតថា ភិក្ខុនេះក៏បុរសដែរ អញនឹងប្រលោមលោកឲ្យភាន់ភាំងដោយសារកាមទេពម្តង ទើបទៅឈរចំពីមុខព្រះថេរះអាក្រាតកាយបញ្ចេញស្ត្រីភាពឲ្យច្បាស់ ធ្វើអាការះញ៉េះញ៉ោះៗ រួចទើបស្លៀកវិញ នឹងរំសាយសក់ផ្អៀងផ្អង ធ្វើកទន់ចុះទន់ឡើងបែរផ្ពាល់ឲ្យលោកឃើញ រួចក៏ទះដៃសើចក្អាកក្អាយញញឹមប្រិមប្រិយតែឯងដើម្បីឲ្យព្រហថេរមានតម្រេកតាមវត្ថុបំណងរបស់ខ្លួនជាស្រីអន្ធពាល ដែលកំពុងស្រវឹងដោយកាមរាគ ។តែឥតអំពើសោះ ព្រះថេរះរឹងរឹតតែកើតសង្វេគមានចិត្តនឿយណាយក្នុងកាមគុណទាំង៥ មានរូបជាដើម ជាពន់ពេក ទើបលោកគិតថាហេតុនេះដូចម្តេចហ្ន? ។ កាលព្រះសាស្តាប្រមើលមើភិក្ខុដែលរៀនកម្មដ្ឋានក្នុងសំណាក់ព្រះអង្គ ហើយនៅក្នុងឧទ្យានដើម្បីធ្វើសមណធម៌នោះ តើប្រព្រឹត្តទៅយ៉ាងណា? ក៏បានជ្រាបថា ស្ត្រីនោះកំពុងតែប្រព្រឹត្តអានាចារចែចង់ភិក្ខុនោះផង នឹងសេចក្តីសង្វេគដែលកើតឡើងដល់លោកផងទើបពោលថា ម្នាលភិក្ខុ ទីនោះមិនមែនជាកន្លែងត្រេកត្រអាលសមោសរបស់អ្នកស្វែងរកកាមទាំងឡាយទេ គឺជាំទីសម្រាប់ជន ដែលមានរាគះទៅប្រោសហើយរីករាយទេតើទើបត្រាស់សំដែងថាៈ រមណីយានិ អរញ្ញានិ យត្ថ ន រមតិ ជនោ វីតរាគា រមេស្សន្តិ ន តេ កាមកវេសិនោ ។ ព្រៃណាដែលជនមិនរីករាយ ព្រះខីណាស្រពទាំងឡាយជាអ្នកអស់រាគះមិនមែនជាអ្នកស្វែងរកកាមតែងរីករាយក្នុងព្រៃ នោះ ។ លុះចប់ធម៌ទេសនា ភិក្ខុនោះក៏បានសម្រេចអរហត្ត ព្រមដោយបដិសម្ភិទា ទើបហោះធ្យានមកថ្វាយបង្គំបាទាព្រះតថាគត ។ ឯស្រ្តីលម្ឃដនោះអស់សង្ឃឹមនឹងបានរួមរ័ក្សមេត្រីស្នេហាក៏វិលត្រឡប់ទៅផ្ទះវិញ ។ អត្ថបទនេះដកស្រង់ចេញពីសៀភៅៈ ប្រជុំជាតក វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |