អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១០,០០៥ ដង)
ឧទយសូត្រ និង អដ្ឋកថា

|
ឧទយសូត្រ និង អដ្ឋកថា
(បិដកលេខ ៣០ ទំព័រ ១១៨ ដល់ ១២០) សាវត្ថីនិទាន ។ គ្រានោះឯង ព្រះដ៏មានព្រះភាគទ្រង់ស្បង់ប្រដាប់បាត្រចីវរ ក្នុងបុព្វណ្ហសម័យ ស្តេចចូលទៅកាន់លំនៅរបស់ឧទយព្រាហ្មណ៍ ។ អដ្ឋកថាៈ ព្រះដ៏មានព្រះភាគ ទ្រង់ត្រួតមើលសត្វលោកនៅវេលាជិតភ្លឺ ។ ឧទយព្រាហ្មណ៍បានចូលក្នុងសំណាញ់ញាណនៃព្រះអង្គ ។ ព្រះអង្គទ្រង់បដិបត្តិព្រះសរីរៈនៅព្រឹកព្រលឹមស្តេចយាងចូលព្រះគន្ធកុដិ ទ្រង់បិទទ្វារហើយគង់ប្រថាប់ព្រះអង្គទ្រង់ទតឃើញភោចនដែលគេលើកចូលទៅទុកជិតព្រាហ្មណ៍ ។ តែមួយព្រះអង្គឯង ប៉ុណ្ណោះ ទ្រង់ស្តាយបាត្រនឹងព្រះអង្គកូដ ស្តេចយាងចេញអំពីព្រះគន្ធកុដិដល់ខ្លោងទ្វារព្រះនគរ ទ្រង់នាំបាត្រចេញហើយ ស្តេចយាងចូលក្នុងព្រះនគរ ព្រះអង្គព្រះដំណើរទៅតាមលំដាប់ទ្រង់ប្រថាប់ឈរនៅត្រង់ស៊ុមទ្វារផ្ទះរបស់ព្រាហ្មណ៍ ។ ព្រាហ្មណ៍បានឃើញព្រះដ៏មានព្រះភាគហើយ បានថ្វាយភោជនដែលគេចាត់ចែងមកដើម្បីខ្លួន ដាក់ពេញបាត្រនៃព្រះដ៏មានព្រះភាគ ដូចព្រះបាលីបានសម្តែងថា អថខោ ឧទយោ ព្រាហ្មណោ តគវតោ បត្តំ ឱទនេន បូរេសិ (លំដាប់នោះឯង ឧទយព្រាហ្មណ៍បាត្រនិងចីវរក្នុងបុព្វណ្ហសម័យ ស្តេចចូលទៅកាន់លំនៅរបស់ឧទយព្រាហ្មណ៍ អស់វារៈពីរដង ។ឧទយព្រាហ្មណ៍ក៏យកបាយដាក់ពេញបាត្រព្រះដ៏មានព្រះភាគ ជាគម្រប់ពីរដង ។ អដ្ឋកថាៈ បទថា ទុតិយម្បិ បានដល់ក្នុងថ្ងៃទី២ ។ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រនិងចីវរក្នុងបុព្វណ្ហសម័យ ស្តេចចូលទៅកាន់លំនៅរបស់ឧទយព្រាហ្មណ៍ ជាគម្រប់បីដង ។ អដ្ឋកថាៈ បទថា តតិយម្បិបានដល់ក្នុងថ្ងៃទី៣ ។ ក្នុងរវាងដែលព្រះដ៏មានព្រះភាគស្តេចយាងទៅកាន់ទ្វារផ្ទះរបស់ព្រាហ្មណ៍ ជាប់ៗ គ្នារហូត៣ ថ្ងៃមិនមានអ្នកណាៗ ដែលនឹងអាចក្រោកឡើងទទួលបាត្របានឡើយមហាចនបានត្រឹមតែឈរមើលប៉ុណ្ណោះ ។ តាមពិត ព្រាហ្មណ៍សូម្បីថ្វាយដល់ទៅពេញបាត្រ រហូត៣ ថ្ងៃ ក៏មិនបានថ្វាយដោយសទ្ធាឡើយ ។ ព្រាហ្មណ៍បរិភោគដោយមិនបានថ្វាយសូម្បីត្រឹមតែភិក្ខាដល់បព្វជិតដែលបានមកឈរនៅនឹងទ្វារផ្ទះ តែបានថ្វាយព្រោះខ្លាចត្រូវគេគរហានិន្ទាថា បព្វជិតមកឈរដល់ទ្វារផ្ទះហើយសូម្បីត្រឹមតែភិក្ខាក៏មិនថ្វាយ ស៊ីតែឯង ដូច្នេះ ។ កាលដែលថ្វាយ ២ ថ្ងៃដំបូង ថ្វាយហើយមិនបាននិយាយអ្វីៗ ឡើយ ត្រឡប់ចូលផ្ទះ ទាំងព្រះដ៏មានព្រះភាគ ក៏មិនបានត្រាស់អ្វីៗ ដូចគ្នា ទ្រង់យាងចេញមក ប៉ុន្តែ ក្នុងថ្ងៃទី ៣ ព្រាហ្មណ៍មិនអាចអត់ទ្រាំបាន ទើបបានពោលដូចក្នុងព្រះបាលីថា ភគវន្តំ ឯតទវោច បកដ្ឋកាយំ សមណោ គោតមោ បុនប្បុនំ អាគច្ឆតីតិ (ព្រាហ្មណ៍បានពោលពាក្យនេះ នឹងព្រះដ៏មានព្រះភាគថា ព្រះសមណគោតមនេះ ជាអ្នកជាប់ចិត្តក្នុងរស ទើបនិមន្តមករឿយៗ) ។បទថា បកដ្ឋកោ បានដល់ជាប់ជំពាក់ក្នុងរស ។ សូម្បីព្រះដ៏មានព្រះភាគ ព្រះអង្គយាងទៅរហូតដល់ទៅ៣ ដងក៏ដើម្បីឲ្យព្រាហ្មណ៍បន្លឺវាចានោះៗ ឯង។ ព្រះបរមសាស្តា ទ្រង់ព្រះសណ្តាប់ពាក្យរបស់ព្រាហ្មណ៍ហើយ ទើបព្រះអង្គទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍អ្នកថ្វាយបិណ្ឌបាតរហូត៣ ថ្ងៃ នៅតិចដងនៅឡើយ ក្នុងលោកនេះ មានធម៌ ១៦ ប្រការ ដែលគួរធ្វើរឿយ ៗ ។ ព្រះដ៏មានព្រះភាគទ្រង់សម្តែងព្រះធម៌ទេសនា ដូចតទៅថាៈ បុនប្បនំ ចេវ វបន្តិ ពីជំ បុនប្បុនំ វស្សតិ ទេវរាជា បុនប្បុនំ ខេត្តំ កសន្តិ កស្សកា បុនប្បុនំ ធញ្ញមុបេន្តិ រដ្ឋំ ។ ភ្លៀងបង្អុរចុះរឿយៗ ជនទាំងឡាយក៏ព្រោះពូជរឿយៗ អ្នកភ្ជួររាស់ទាំងឡាយ ភ្ជួររាស់ស្រែរឿយៗតែងនាំស្រូវទៅកាន់ដែនក៏រឿយៗ ។ បុនប្បុនំ យាចកា យាចយន្តិ បុនប្បុនំ ទានបតី ទទន្តិ បុនប្បុនំ ទានបតី ទទិត្វា បុនប្បុនំ សគ្គមុបេន្តិ ឋានំ ។ ស្មូមទាំងឡាយ សូមរឿយៗ ម្ចាស់ទានទាំងឡាយក៏ឲ្យរឿយៗ លុះម្ចាស់ទានទាំងឡាយ ឲ្យរឿយៗហើយរមែងទៅកាន់ឋានសួគ៌ក៏រឿយៗ ។ បុនប្បុនំ ខីរណីកា ទុហន្តិ បុនប្បុនំ វច្ឆោ ឧបេតិ មាតរំ បុនប្បុនំ កិលមតិ ផន្ទតិ ច បុនប្បុនំ គព្ភមុបេតិ មន្ទោ បុនប្បុនំ ជាយតិ មិយ្យតិ ច បុនប្បុនំ សីវថិកំ ហរន្តិ ។ អ្នករឹតទឹកដោះគោទាំងឡាយ រឹតរឿយៗ កូនគោក៏ចូលទៅរកមេគោរឿយ ៗ អ្នកល្ងង់ខ្លៅលំបាកផង ញាប់ញ័រផងរឿយៗ តែងចូលទៅកាន់គភ៌ក៏រឿយៗ ទាំងកើតទាំងស្លាប់ក៏រឿយៗ គេនាំទៅកាន់ទីស្មសានក៏រឿយៗ ។ មគ្គញ្ច លទ្ធា អបុនព្ភវាយ បុនប្បុនំ ជាយតិ ភូរិបញ្ញេតិ ។ ចំណែកអ្នកមានបញ្ញា ដូចជាផែនដី ទោះជាធ្លាប់កើតរឿយៗ លុះបាននូវមគ្គហើយ មិនកើតក្នុងភពថ្មីទៀតឡើយ ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ ទានកថា រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |