អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៨១៦ ដង)
គួរត្រេកអរចំពោះទណ្ឌកម្ម ដែលអ្នកមានគុណដាក់ឲ្យ

|
រឿងព្រហ្មទត្តរាជកុមារ
(ចាក តិ. តិ.) (គួរត្រេកអរចំពោះទណ្ឌកម្ម ដែលអ្នកមានគុណដាក់ឲ្យ) កាលព្រះសម្តុទ្ធបរមគ្រូ គង់នៅព្រះជេតពនសុគន្ធកុដីស្រីមហាវិហារ. កាលថ្ងៃមួយ ព្រះអង្គទ្រង់សំដែងធម៌ប្រារព្ធនឹងភិក្ខុមួយអង្គ ជាអ្នកខឹងច្រើនឈ្នោះទុព្វចភិក្ខុ ដែលភិក្ខុជាថេរៈស្តីប្រដៅមិនបាន ទ្រង់លើកយកតិលមុដ្ឋិជាតកមកសំដែងប្រាប់ភិក្ខុនោះថាៈ អតីត កាលកន្លងទៅហើយមានព្រះរាជាមួយព្រះអង្គព្រះនាមព្រហ្មទត្ត សោយរាជ្យក្នុងនគរពារាណសី មានព្រះរាជបុត្រមួយព្រះអង្គព្រះនាមព្រហ្មទត្តរាជកុមារ ។ កាលព្រះរាជបុត្រនោះចំរើនព្រះជន្មបាន ១៦ វស្សាទំនៀមខក្តិយត្រកូលសម័យនោះ ត្រូវតែបញ្ជូនឲ្យទៅរៀនសិល្បសាស្ត្រនៅនគរដទៃ ដើម្បីឲ្យដឹងសុខទុក្ខសព្វគ្រប់ ។ ព្រះបាទព្រហ្មទត្ត ត្រាស់ហៅព្រះរាជកុមារឲ្យចូលគាល់ទ្រង់រំលឹកដាស់តឿន សព្វគ្រប់ឲ្យយល់ច្បាប់មនុស្សធម៌ ហើយទ្រង់ព្រះរាជទានប្រាក់ ១ សែនកហាបណះ និងបង្វិចចំណីអាហារមួយ បញ្ជូនទៅក្រុងតក្កសិលាតែមួយព្រះអង្គឯង ។ ព្រះរាជកុមារថ្វាយបង្គំលាព្រះរាជបិតា. មាតា យាងចេញទៅមិនយូរប៉ុន្មានបានដល់ក្រុងតក្កសិលា ស៊ើបសួររកផ្ទះអាចារ្យទិសាបាមោក្ខ បានឃើញចូលទៅថ្វាយបង្គំ សុំរៀនសិល្បសាស្ត្រ ។ អាចារ្យទិសាបាមោក្ខសួរថា មករៀននេះមានឈ្នួលឬឥតឈ្នួល បើមានរៀនទាំងយប់ទាំងថ្ងៃឥតធ្វើការអ្វីទេ បើឥតឈ្នួលរៀនបានតែយប់ថ្ងៃធ្វើការនេះជាទំនៀមអ្នកមកនៅរៀនក្នុងសំណាក់ខ្ញុំ ។ព្រះរាជកុមារទ្រង់ព្រះសណ្តាប់ដូច្នោះហើយ លើកយកថង់ប្រាក់១ សែន ទៅបូជាអាចារ្យប្រាប់ថានេះជាថ្លៃឈ្នួល ។ អាចារ្យទិសាបាមោក្ខ កាលបើបានទទួលរង្វាន់ហើយ ក៏ខំបង្រៀនដរាបដល់ចេះសិល្បសាស្រ្តសព្វគ្រប់ ។ ថ្ងៃមួយនាំព្រះរាជកុមារ ទៅស្រង់ទឹកក្នុងស្ទឹងទៅដល់ពាក់កណ្តាលផ្លូវ ព្រះរាជកុមារទតឃើញយាយចាស់ម្នាក់ កំពុងហាលល្ង ក៏ទ្រង់កើបយក១ ក្តាប់ធំ សោយហើយយាងហួសទៅដល់ត្រទ្បប់មកវិញយក១ ក្តាប់ធំទៀត ទ្រង់យាងកើបល្ងយាយចាស់យ៉ាងនេះជារាល់ពេល យាយចាស់ខឹង ក៏ស្រែកជេរដៀលដល់អាចរ្យទិសាមោក្ខថា មិនចេះប្រដៅសិស្ស ។ លោកអាចារ្យរំលឹក ប្រដៅព្រះរាជកុមារអស់វារៈបីដង ព្រះរាជកុមារនៅតែប្រព្រឹត្តដូច្នេះ ។ លោកអាចារ្យក៏ឲ្យសិស្ស ដទៃចាប់ ព្រះរាជកុមារចង ហើយវាយប្រដៅបីរំពាត់ ប្រដៅទូន្មាន អំពីទោសការលួចទ្រព្យគេសព្វគ្រប់ ។ ព្រះរាជកុមារ ទ្រង់ក្រោធពិរោធ ស្រក់ទឹកព្រះនេត្រចងគំនុំ ក្នុងព្រះទ័យថា បើបានសោយរាជ្យពេលណានឹងឲ្យរាជ បុរសហៅលោកអាចារ្យនេះ ទៅវាយធ្វើទោសដល់ជីវិតវិញ ។ សម័យក្រោយមក ព្រះរាជកុមារលាអាចារ្យត្រទ្បប់ទៅព្រះនគរវិញ បានផ្តាំនឹងលោកអាចារ្យនោះថាបើខ្ញុំបានសោយរាជ្យ ខ្ញុំឲ្យរាជបុរសមកអញ្ជើញលោកអាចារ្យទៅជប់លៀង តបស្នងសងគុណ សូមលោកអាចារ្យអញ្ជើញកុំខាន ។ លោកអាចារ្យ ដឹងឧបាយកល ជាចង់ចងពៀរនឹងខ្លួនហើយ ទទួលថាចាំទៅលេង ។ ព្រះរាជកុមារ ក៏យាងត្រទ្បប់ទៅ នគរពារាណសីទៅ ទៅសំដែងសិល្បសាស្រ្តថ្វាយព្រះបិតាសព្វគ្រប់ ព្រះបិតាទ្រង់សព្វព្រះរាជហឬទ័យចង់ទតឃើញរាជសម្បត្តិរបស់ព្រះរាជបុត្រ ទាន់ព្រះអង្គទ្រង់ព្រះជន្មនៅ ក៏លើករាជសម្បត្តិថ្វាយព្រះរាជបុត្រអភិសេកជាក្សត្រក្នុងក្រុងពារាណសីនោះឯង. ថ្វាយព្រះនាមថា ព្រះបាទព្រហ្មទត្តរាជកុមារ ។ ព្រះបាទព្រហ្មទត្តរាជកុមារនោះ កាលបើបានសោយរាជ្យហើយ ទ្រង់រលឹកឃើញគំនុំចំពោះអាចារ្យទិសាមោក្ខក៏ត្រាស់បង្គាប់រាជបុរស ឲ្យទៅអញ្ជើញលោកអាចារ្យនោះមក ។ លោកអាចារ្យបានទទួលសេចក្តីអញ្ជើញហើយ គិតពិចារណាថា ព្រះរាជាវ័យនៅក្មេងណាស់ អាត្មាអញទៅទូន្មានមិនទាន់បានទេ ចាំដល់ពាក់កណ្តាលវ័យចាំទៅ. គិតដូច្នេះហើយ ក៏ផ្តាំនឹងរាជបុរសឲ្យទៅក្រាបទូលព្រះរាជាវិញថាមានកិច្ចរវល់ចាំហើយកិច្ច នឹងមកក្រាបបង្គំគាល់ជាពុំខាន ព្រោះនឹករលឹកព្រះរាជាណាស់ ។ដល់ព្រះរាជាស្ថិតនៅក្នុងមជ្ឈិមវ័យហើយ អាចារ្យទសាមោក្ខ ក៏ចូលទៅក្រាបបង្គំគាល់ ។ ព្រះរាជាទតឃើញ ទ្រង់ធ្វើបដិសណ្ឋារកិច្ច ហើយ ហៅរាជបុរសមកប្រាប់ថា នែរាជបុរសខ្នងអញឈឺពើកខ្លាំងណាស់ ព្រោះលោកអាចារ្យវាយអញបីរំពាត់ជាយូរហើយ កាលអញនៅរៀននឹងគាត់ ឥទ្បូវត្រូវឯងររៀបប្រគល់មច្ចុរាជដល់គាត់វិញ ជាការតបស្នងសងគុណរបស់អញ ។ អាចារ្យទិសាមោក្ខ ទូលសុំព្រះរាជវរោកាសសំដែងធម៌ថ្វាយថា " បើបុគ្គលណាមួយ ឃើញកូនប្រុសស្រីក្តី កូនសិស្សក្តី ធ្វើនូវអំពើអាក្រក់ មានសម្លាប់សត្វ. លួចទ្រព្យគេ។. ផឹកស្រាជាដើម ហើយជេរស្តីវាយប្រដៅឲ្យលះបង់អំពើអាក្រក់នោះចេញ បុគ្គលនោះឈ្មោះថាប្រសើរព្រោះអាចញ៉ាំងកូនប្រុសស្រី កូនសិស្សនោះ ឲ្យដល់នូវសេចក្តីប្រសើរទាំង៤ យ៉ាងគឺ ប្រសើរដោយមារយាទ ១. ដោយលំអរ ១. ដោយភេទ១. ដោយត្រាស់ដឹង១. ។ ដូចជាព្រះរាជា បើកុំបានទទួលព្រះបង្គំបង្រៀន រំលឹកទូន្មានវាយប្រដៅ ធ្វើម្តេចនឹងបានសោយរាជ្យ ដោយឆាប់រហ័សដូច្នេះ" ។ក្នុងពេលនោះពួកអាមាត្យ នាម៉ឺនសព្វមុខមន្ត្រីដែលអង្គុយគាល់ទាំងប៉ុន្មាន ក៏លាន់មាត់ក្រាបទូលថាបពិត្រសម្មតិទេព ពាក្យលោកអាចារ្យសំដែងនោះពិតណាស់ ៗ រាជសម្បត្តិដែលព្រះករុណាគ្រប់គ្រងនេះគឺពិតជាកើតមកអំពីអាចារ្យទិសាបាមោក្ខនេះឯង ។ ព្រះរាជាក៏ភ្ញាក់ព្រះហឬទ័យរលឹកឃើញគុណ គ្រូអាចារ្យ ៗ ថ្វាយទៅវិញ សូមតែសេចក្តីសុខ ។ ព្រះរាជាក៏ឲ្យរាជបុរស ទៅនាំយកគ្រួសារលោកអាចារ្យទាំងអស់មកចិញ្ចឹម ទំនុកបំរុងឲ្យនៅក្នុងព្រះរាជវាំងដូចជាព្រះជនក ព្រះជននីរបស់ព្រះអង្គដរាបដល់ព្រះជន្មាវសាន ។ ប្រជុំជាតក ព្រះបាទព្រហ្មទត្តរាជកុមារក្នុងកាលនោះគឺ ទុព្វចភិក្ខុអ្នកខឹងច្រើននេះឯង. ឯអាចារ្យទសាបាមោក្ខគឺ ព្រះតថាគតជាបរមគ្រូ ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |