អានអត្ថបទ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៣៦,៣៨៣ ដង)
បុនព្វសុសូត្រ

|
បុនព្វសុសូត្រ
បិដកលេខ ៣០ ទំព័រ ២១៨ សម័យ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពនរបស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯងព្រះមានព្រះភាគទ្រង់ពន្យល់ណែនាំពួកភិក្ខុឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មិកថា ប្រកបដោយព្រះនិព្វាន ។ ពួកភិក្ខុនោះ ក៏ធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្តប្រមូឡមកនូវចិត្តទាំងពួង ផ្ទៀងសោតប្បសាទប្រុងស្តាប់ធម៌ ។ គ្រានោះឯង យក្ខិនីឈ្មោះ បុនព្វសុមាតា លួងកូនតូចយ៉ាងនេះថា តុណ្ហី ឧត្តរិកេ ហោហិ តុណ្ហី ហោហិ បុនព្វសុ យាវាហំ ពុទ្ធសេដ្ឋស្ស ធម្មំ សោស្សាមិ សត្ថុនោ ។
ម្នាលនាងឧត្តរា ចូរកូនស្ងៀមទៅ ម្នាលបុនព្វសុ ចូរកូនស្ងៀមទៅ ម៉ែនឹងស្តាប់នូវព្រះធម៌ របស់ព្រះសាស្តាជាព្រះពុទ្ធ ដ៏ប្រសើរសិន ។ និព្វានំ ភគវា អាហ សព្វគន្ថប្បមោបនំ អតិវេលា ច មេ ហោតិ អស្មី ធម្មេ បិយាយនា ។ ព្រះមានព្រះភាគ បានសម្តែងនូវព្រះនិព្វាន ថា ជាគ្រឿងរួចចាកគន្ថធម៌ទាំងពួង ម្យ៉ាងទៀត សេចក្តីប្រាថ្នា ក្នុងធម៌ នោះរបស់ម៉ែខ្លាំងហួសប្រមាណ ។ បិយោ លោកេ សកោ បុត្តោ បិយោ លោកេ សកោ បតិ តតោ បិយតរំ អស្ស ធម្មស្ស មគ្គនា ។ កូនរបស់ខ្លួន ក៏ជាទីស្រឡាញ់ក្នុងលោក ប្តីរបស់ខ្លួណក៏ជាទីស្រឡាញ់ក្នុងលោក តែសេចក្តីប្រាថ្នាក្នុងធម៌នោះ ជាទីស្រឡាញ់របស់ម៉ែក្រៃលែងជាងនោះទៅទៀត ។ ន ហិ បុត្តោ បតិ វាបិ បិយោ ទុក្ខា បមោចយេ យថា សទ្ធម្មស្សវនំ ទុក្ខា មោចេតិ បាណិនំ ។ កូនក្តី ប្តីក្តី ដែលជាទីស្រឡាញ់ មិនមែនរំដោះម៉ែឲ្យរួចចាកទុក្ខបានទេ មានតែការស្តាប់នូវព្រះធម៌ ទើបរំដោះសត្វទាំងឡាយឲ្យរួចចាកទុក្ខបាន ។ លោកេ ទុក្ខបរេតស្មី ជរាមរណសំយុត្តេ ជរាមរណមោក្ខាយ យំ ធម្មំ អតិសម្ពុធំ តំ ធម្មំ សោតុមិច្ឆាមិ តុណ្ហី ហោហិ បុនព្វសូតិ ។ កាលបើសត្វលោកត្រូវសេចក្តីទុក្ខគ្របសង្កត់ ប្រកបដោយជារានិង មរណៈហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ ដឹងហើយនូវធម៌ណា ម៉ែចង់ស្តាប់ធម៌នោះ ដើម្បីរួចចាកជរានិងមរណៈ ម្នាលបុនព្វសុ ចូរកូនស្ងៀមទៅ ។ បុនព្វសុកុមារ តបថាៈ អម្ម ន ព្យាហរិស្សាមិ តុណ្ហីតូតាយមុត្តរា ធម្មមេវ និសាមេហិ សទ្ធម្មស្សវនំ សុខំ ។ បពិត្រអ្នកម៉ែស្តាប់ធម៌ចុះ ការស្តាប់ព្រះសទ្ធម្ម នាំមកនូវសេចក្តីសុខ ។ សទ្ធម្មស្ស អនញ្ញាយ អម្ម ទុក្ខំ ចរាមសេ ឯស ទេវមនុស្សានំ សម្មូឡានំ បភង្ករោ ពុទ្ធោ អន្តិមសារីរោ ធម្មំ ទេសេតិ ចក្ខុមាតិ ។ បពិត្រអ្នកម៉ែ យើងដើរទាំងទុក្ខ ព្រោះមិនបានដឹងនូវព្រះសទ្ធម្ម ព្រះពុទ្ធអង្គនោះ ជាអ្នកធ្វើនូវពន្លឺដល់ទេវតានិងមនុស្សទាំងឡាយដែលវង្វេង ព្រះអង្គមានព្រះសរីរៈជាទីបំផុត មានបញ្ញាចក្ខុ ទ្រង់កំពុងសម្តែងធម៌ ។ (ម៉ែនិងកូនប្រុសបានសម្រេចសោតាបត្តិផល ឯនាងឧត្តរា ជាកូណស្រីក៏មានឧបនិស្ស័យដែរ តែមិនទាន់បានសម្រេច ព្រោះនៅតូចពេក ទទួលធម្មទេសនាមិនបាន ។ អដ្ឋកថា ។ បុនព្វសុមាតាពោលថាៈ សាធុ ខោ បណ្ឌិតោ នាម បុត្តោ ជាតោ ឧរេ សយោ បុត្តោ មេ ពុទ្ធសេដ្ឋស្ស ធម្មសុទ្ធំ បិយាយតិ ។ ប្រពៃណាស់ហ្ន៎ កូនកើតហើយដោយនៅនាទ្រូងម៉ែ គឺជាបណ្ឌិត កូនរបស់ម៉ែស្រឡាញ់ធម៌ដ៏បរិសុទ្ធរបស់ព្រះពុទ្ធដ៏ប្រសើរ ។ បុនព្វសុ សុខី ហោហិ អាជ្ជាហម្ហិ សុមគ្គតា ទិដ្ឋានិ អរិយសច្ចានិ ឧត្តរាបិ សុណាតុ មេតិ ។ ម្នាលបុនព្វសុ ចូរកូនបានសុខស្រួល ម៉ែបានខ្ពង់ខ្ពស់( ក្នុងសាសនា) តាំងពីថ្ងៃនេះហើយ ទាំងនាងឧត្តរា ក៏ចូរស្តាប់អរិយសច្ច ទាំងឡាយ ដែលម៉ែនឹងកូនបានឃើញហើយចុះ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ ជំនួយសតិ រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |