អានអត្ថបទ
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ៣៣,៦៧៤ ដង)
តស៊ូអត់ធន់ទោះធ្ងន់ឬស្រាល

|
កូនជាទីស្រឡាញ់! មនុស្សដែលខំប្រឹងប្រែងធ្វើការសុចរិត ដើម្បីលើកស្ទួយជីវភាពរបស់ខ្លួននិងគ្រួសារ រហូតដល់សម្រេចសមរម្យនោះ ជារឿងដែលគួរឲ្យសរសើរណាស់ ។ តាមពិតក្នុងលោកនេះ អ្នកដែលបានទទួលនូវទ្រព្យមរតក ស្រេចស្រាប់តែម្តងដោយខ្លួនឯងមិនបាច់ប្រឹងប្រែងអ្វីនោះ មានតិចនាក់ទេ ។ ដោយច្រើន គឺចាប់ផ្តើមពីការលំបាកទៅមុន ឯទ្រព្យមរតក បានត្រឹមតែកម្លាំងស្មង កម្លាំងចិត្ត និងចំណេះដឹងក្នុងមុខវិជ្ជាផ្សេងៗ ប៉ុណ្ណោះពោលគឺ មិនបានទទួលនូវមរតកអ្វីជាទ្រព្យសម្បតិ្ត មាសប្រាក់ឲ្យធំដុំនោះឡើយ ។
សំខាន់ណាស់ទោហើយ ដែលមរតកនោះគឺជាជីវិត កម្លាំងកាយចិត្ត និងចំណេះវិជ្ជា។ មរតកម៉ែឪគឺជីវិតកម្លាំងកាយ និងចំណេះវិជ្ជា កូនល្មមយល់បានហើយ ឯចំណែកមរតកគឺកម្លាំងចិត្ត បានដល់ទឹកចិត្តតស៊ូវព្យាយាមដែលម៉ែឪបានបង្ហាត់បង្រៀន អប់រំទូន្មាន និងធ្វើជាគំរូរហូតមក ។ កូនត្រូវពង្រឹងកម្លាំងចិត្តឲ្យមានខ្លឹមសារ។ ការប្រើកម្លាំងស្មង និងទឹកចិត្តប្រឹងប្រែង តស៊ូក្នុងជីវិតអត់ធន់ចំពោះការងារ មិនរួញរាចំពោះឧបសគ្គ ទើបអាចបានដល់នូវឋានៈដ៏ប្រសើរ មានជីវភាពធូរធារដោយទ្រព្យសម្បត្តិ ។ ដូចដែលកូនបានឃើញហើយ អ្នកខ្វះការតស៊ូរព្យាយាម ចង់តែស្រណុក ចូលចិត្តតែសប្បាយ និងថ្នមខ្លួនប្រភេទមនុស្សជាន់អាចម៍មាន់មិនពៀចនោះ គឺមិនមានឱកាសសាងនូវឋានៈឲ្យខ្ពង់ខ្ពស់ និងឲ្យជីវិតរស់នៅបានសុខស្រួលឡើយ សូម្បីមានមរតកច្រើនសន្ធឹកសន្ធាប់យ៉ាងណា ក៏មិនយូរឡើយ នឹងបំផ្លាញអស់មិនខាន ។ កូនអើយ (ជីវិតគឺការតស៊ូ) ពាក្យនេះធ្លាប់មានមកយូរហើយ ដូច្នេះឧបសគ្គក្នុងជីវិត កូនត្រូវចាត់ទុកជាថ្នាំកម្លាំង ។ កាលបើមនុស្សយើងមានការតស៊ូក្នុងជីវិតក៏រមែងជួបប្រទះនូវឧបសគ្គ គឺសេចក្តីលំបាកជាធម្មតាតែសូមឲ្យកូនគិតថា សេចក្តីលំបាកនោះជាថ្នាំកម្លាំង ដែលនឹងជំរុញឲ្យកូនប្រឹងប្រែង ព្យាយាមតស៊ូ ដើម្បីយកឈ្នះសេចក្តីលំបាកនោះ រហូតបានដល់ទិសដៅ គឺភាពប្រសើរនៃជីវិត ។ ម៉ែឪ មិនមាននូវមរតកដែលជាទ្រពសម្បត្តិអ្វីច្រើនទុកឲ្យកូននោះទេ តែកូនក៏បាននូវជីវិត កម្លាំងកាយកម្លាំងចិត្ត និងចំណេះវិជ្ជា ព្រមល្មមសព្វគ្រប់ហើយ កូនត្រូវប្រើរបស់ទាំងនេះ ឲ្យបានសម្រេចតាមបំណងរបស់កូនទៅចុះ ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |