អានអត្ថបទ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១៩,៦៣៧ ដង)
គិតអ្វីឲ្យវែងកុំបែងខ្លី

|
កូនជាទីស្រឡាញ់! ពាក្យចាស់បុរាណបានពោលហើយ គឺថា (គិតធ្វើឲ្យវែង) បានសេចក្តីថាធ្វើអ្វីក៏ដោយឲ្យមើលទៅមុខ មើលឲ្យវែងឆ្ងាយ ពោលគឺឲ្យសម្លឹងមើលអនាគតកាល ។ ពាក្យនេះមានន័យសំខាន់ណាស់ ព្រោះមនុស្សដែលសម្លឹងមើលកិច្ចការក្នុងកាលវែងឆ្ងាយនោះ រមែងនឹងបានទទួលនូវសេចក្តីសម្រេចក្នុងកិច្ចការផ្សេងៗ ដែលខ្លួនធ្វើក្នុងរយៈកាលយូរ ។
ពាក្យថា (កុំបែងខ្លី) គឺកុំគិតខ្លី ។ មនុស្សដែលមើលអ្វីខ្លីក្រញុច មើលឃើញអ្វីនៅតែនឹងមុខ មើលផងក្នុងរយៈខ្លី ប្រុសស្រីដូចនេះគេហៅថាមនុស្សគំនិតខ្លី ឬគំនិតអុសមួយបាយ រមែងបានទទួលផលសម្រេចក្នុងមួយពេលយ៉ាងខ្លីតែប៉ុណ្ណោះ មិនមានអ្វីជាសំខាន់ ឡើយរួចហើយក៏ត្រូវដួលចុះអស់ពីទីពឹង ។ ម្យ៉ាងទៀត មនុស្សគិតខ្លី រមែងធ្វើអ្វីៗ ដោយសេចក្តីប្រមាទ ធ្វើដោយប្រញាប់មិនគិតមុខគិតក្រោយ ធ្វើទៅតាមតែចំណែង រមែងក្តៅក្រហាយក្នុងកាលជាខាងក្រោយអស់មួយជីវិត ។ មនុស្សខ្លះគិតខ្លីពេកក៏ក្លាយទៅជាឃាតកៈ មនុស្សខ្លះទៀតធ្វើអត្តឃាត ។ ល។ កាលកូននឹង ធ្វើនូវកិច្ចការអ្វីក៏ដោយកូនត្រូវសម្លឹងឲ្យវែងឆ្ងាយ ដូចពាក្យថា (បិទភ្នែកឲ្យជិត សម្លឹងឲ្យឆ្ងាយ) បើការងារនោះរឹតតែធំដុំ និងសំខាន់បំផុតក្នុងជីវិតកូនក៏ត្រូវតែគិតឲ្យវែងឆ្ងាយ ជាទីបំផុត ក្នុងជីវិតកូនក៏ត្រូវតែគិតឲ្យវែងឆ្ងាយជាទីបំផុតផងដែរ ហើយត្រូវមានស្មារតីរក្សាឲ្យខ្ជាប់ខ្ជួន ។ កូនមានគិតឃើញទេថា មានការងារខ្លះ មានតម្លៃជាងជីវិតរបស់យើងរាប់ដងមិនអស់ទៅទៀត ។ ជាមួយនឹងការងារកូនត្រូវចាំទុកថាៈ - ខ្លាចលំបាកតែខ្ជិល មិនព្យាយាម មិនរួចពីសេចក្តីលំបាកឡើយ ។ - ខ្វះសេចក្តីអត់ធន់ ការងារមិនបានល្អ ។ - ខ្វះការតស៊ូ ការងារមិនសម្រេច ។ -រវល់តែរឿងស្នេហា កាន់ការងារធំមិនបាន ។ -ព្រោះសេចក្តីប្រហែសធ្វេស ការងារដែលចេហស្ទាត់ហើយនោះ ត្រឡប់ទៅជាទទួលបរាជ័យដូចបុគ្គលល្ងង់ខ្លៅ ។ - រស់នៅដើម្បីធ្វើការមិនមែនធ្វើការដើម្បីត្រឹមតែរស់នោះទេ ។ - មិនមានអ្នកណាគាំទ្រយើងឲ្យខ្ពង់ខ្ពស់ ក្រៅអំពីខ្លួនឯង ដែលគោរពនូវការងាររបស់ខ្លួននោះឡោះយ ។ - កុំជាមនុស្សពិការទាំងដែលមាននូវអវយវះគ្រប់គ្រាន់ឲ្យសោះ ។ - ការងារអាក្រក់នាំទៅរកភាពងងឹត ឯការងារល្អនាំទៅរកភាពភ្លឺស្វាង ។ - ការងារដែលប្រាសចាកទោសជាមង្គលដ៏ឧត្តម ។ - ការងារជាអាយុជីវិត ជាកិត្តិយស ។ ល។ ការងារមានតម្លៃជាងអ្វីៗទាំងអស់ ព្រោះការងារនាំឲ្យរួចផុតចាកទុក្ខទាំងពួង ។ សេចក្តីទាំងប៉ុន្មាន ដែលបានពោលហើយនេះសម្រាប់ឲ្យកូនរៀនគិតឲ្យវែងក្នុងជិវិត ។ កាព្យបុរាណ គិតអ្វីឲ្យវែងកុំបែងខ្លី វិស័យចង់ស្រីមើលឬកពា ផ្គាប់ស្តេចតោងតាមព្រះហទយា ផ្គាប់រាស្ត្រដូចគ្នាតោងមើលចិត្ត ។ ភ្ញៀវមកតោងមើលអាការចេញ ពោលពាក្យម្តេចមិញគង់ឃើញពិត ពាក្យស្លែងក្រែងស្លូតជូនជាមិត្ត ពាក្យពិតជូនពាលមាលមិញ ។ ល ។ ស្លៀកសសាងព្រតចិត្តនៅខ្មៅ ចោលប្រាជ្ញតាមខ្លៅចង់ចៀសបាប យកវែកឲ្យដឹងរសប្រៃសាប យកខ្សាច់មកគាបបានប្រេងឬ ។ ឬស្សីធ្វើក្លាក់ដាក់គ្មានថ្នាំង គងស្គរគាំងវាយមិនឮ សុរិយាមិនយកជាពន្លឺ ជឿធឹអំពិលអំពែកសត្វ ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |