អានអត្ថបទ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៩៦៧ ដង)
ប្រឹងខ្លួនឯងឲ្យដល់

|
កូនជាទីស្រឡាញ់!
គោលធម៌ សម្រាប់ប្រព្រឹត្តដើម្បីកសាងខ្លួនប្រការទី៣ គឺ( ប្រឹងខ្លួនឯងឲ្យដល់) ដោយសេចក្តីថា មនុស្សយើងចូលចិត្តឲ្យអ្នកដទៃមកលើកតម្កើងខ្លួណ ប៉ុន្តែមនុស្សដែលនឹងមានគេមកស្រឡាញ់រាប់អាន និងលើកតម្កើងនោះ គឺត្រូវតែជាមនុស្សមានមន្តស្នេហ៍ នឹងមានអ្នកណាមកស្រឡាញ់មករាប់អានទៅ ។ វិធីម្យ៉ាងសម្រាប់សាងស្នេហ៍ឲ្យមនុស្សស្រឡាញ់គឺប្រឹងខ្លួនឯងឬប្រើខ្លួនឯង ។ ការប្រឹងខ្លួនឯងឬប្រើខ្លួនឯងគឺការដាស់តឿនខ្លួនឯងឲ្យធ្វើការងារ គិតធ្វើការដោយខ្លួនឯង គិតជួយអ្នកដទៃ ដោយខ្លួនឯងនឹងធ្វើខ្លួនជាប្រយោជន៍ ។ ចំពោះការងារមិនចាំបាច់ឲ្យអ្នកណាមកប្រើមកបង្គាប់ឡើយ ឃើញសមគួរយ៉ាងណាហើយក៏ធ្វើទៅដោយខ្លួនឯង គ្រាន់តែការងារខ្លះត្រូវសួរអ្នកដទៃ ដើម្បីឲ្យត្រូវតាមបំណងរបស់គេផងប៉ុណ្ណោះ ។ មនុស្សដែលប្រើខ្លួនឯងបានពូកែយ៉ាងនេះគឺឃើញការងារដែលជាការងារល្អ ជាការងារត្រឹមត្រូវ និងជាការងារមានប្រយោជន៍ហើយនោះក៏ប្រើខ្លួនឯងឲ្យធ្វើគេហៅថាជាមនុស្សមាននូវអត្តសម្បទា គឺមានខ្លួនចម្រើនដល់ព្រមដោយទឹកចិត្ត ។ មនុស្សដូចពោលមកនេះ គេមិនព្រមនៅស្ងៀម មិនព្រមដោយទឹកចិត្ត ។ មនុស្សដូចពោលមកនេះគេមិនព្រមនៅស្ងៀម មិនព្រមនៅទំនេរឡើយ ឃើញអ្នកដទៃធ្វើការអ្វី គេអាចជួយបានក៏ជួយភា្លម ។ បើកូនត្រូវការឲ្យបានដល់សេចក្តីសម្រេច និងត្រូវការឲ្យខ្លួនជាមនុស្សមានមន្តស្នេហ៍ កូនត្រូវចេះប្រើខ្លួនឯងតាមដូចដែលបានពោលហើយ ។ កូនកុំនៅស្ងៀម កុំធ្វើព្រងើយក្នុងការដែលត្រូវជួយអ្នកដទៃ កូនត្រូវជួយដោយទឹកចិត្តកុំជាមនុស្សអត់ទឹកចិត្តឲ្យសោះ ។ កូនកុំជាមនុស្សឃើញតែពីខាងបាននូវសម្បត្តិក្រៅខ្លួននោះព្រោះមនុស្សដែលអត់ទឹកចិត្ត គិតតែពីខ្លួនឯង ចង់បានតែសម្បត្តិទ្រព្យក្រៅខ្លួនប៉ុណ្ណោះ គេហៅថាមនុស្សមានស្លៀក មិនមែនមានស្នេហ៍ទេ មិនគួរឲ្យរាប់អានឡើយ គឺជាមនុស្សដែលគួរឲ្យរង្កៀសចំពោះមនុស្សទូទៅ ។ កូនអើយ សាងស្នេហ៍ល្អជាងសាងស្នៀត សាងស្នេហ៍នោះវាមិនមែនលំបាកខ្លាំងណាស់នោះទេ គ្រាន់តែព្យាយាមដាស់តឿនចិត្តខ្លួនឯង កុំឲ្យជាមនុស្សសម្ពឹកអត់ទឹកចិត្តប៉ុណ្ណឹងទៅសមគួរហើយ ។ ទីឃា ជាករតោ រត្តិ ទីឃំ សន្តស្ស យោជនំ ទីឃោ ពលានំ សំសារោ សទ្ធម្មំ អវិជានតំ ។ យប់យូរ សម្រាប់អ្នកដែលដេកមិនលក់ យោជន៍ឆ្ងាយដាច់ស្រយាល សម្រាប់អ្នកដែលស្បើយកម្លាំងហើយវដ្តសង្សារវែងឆ្ងាយ សម្រាប់បុគ្គលពាលទាំងឡាយ ដែលមិនដឹងច្បាស់នូវព្រះសទ្ធម្ម ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |