អានអត្ថបទ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៤៥៣ ដង)
ស្រ្ដីត្រូវប្រតិបត្តិឱវាទ១០យ៉ាង

|
ស្រ្ដីត្រូវប្រតិបត្តិឱវាទ១០យ៉ាង
ឱវាទជាដំបូន្មានដ៏ល្អរបស់ព្រះសម្ពុទ្ធ ឬ មាតាបិតា គ្រូបាអាចារ្យ ព្រឹទ្ធាចារ្យ ចាស់ ទុំ រៀមច្បង ដែលបានទូន្មានតាមពាក្យប្រៀនប្រដៅល្អៗ អាចជាគន្លងដើរទៅបានសេចក្ដីសុខក្នុងក្រុមគ្រួសាររបស់យើង ជាពិសេសទំនៀមខ្មែរយើងច្រើនលើកយកឱវាទ១០ យ៉ាងរបស់ធនញ្ជយសេដ្ឋីដែលគាត់បានឲ្យឱវាទ ពេលនាងវិសាខាត្រូវរៀបអាពាហ៍ពិពាហ៍ថា៖ ១- មិនត្រូវនាំភ្លើងក្នុងទៅក្រៅ ២- មិនត្រូវនោះភ្លើងក្រៅមកក្នុង ៣- ឲ្យដល់អ្នកគួរឲ្យ ៤- មិនត្រូវឲ្យដល់អ្នកមិនគួរឲ្យ ៥- ឲ្យដល់អ្នកគួរឲ្យខ្លះ មិនគួរឲ្យខ្លះ ៦- អង្គុយជាសុខ ៧- បរិភោគជាសុខ ៨- ដេកជាសុខ ៩- បម្រើភ្លើង ១០- នមស្ការទេវតាខាងក្នុង។ មិនត្រូវនាំភ្លើងក្នុងទៅក្រៅ បានន័យថា រឿងរ៉ាវក្នុងក្រុមគ្រួសារយើងមានការឈ្មោះប្រកែកគ្នាឬវិវាទគ្នាផ្សេងៗ ជារបស់ឪពុកក្មេក ម្ដាយក្មេក ឪពុកម្ដាយបង្កើត ឬ ស្វាមី យើងមិនត្រូវនាំទៅប្រាប់អ្នកជិតខាងឲ្យគេដឹងឮទេ ព្រោះថា នេះសុទ្ធតែជាបញ្ហាក្នុងគ្រួសារយើង កុំឲ្យគេមើលងាយ មើលថោកដល់យើងគ្រួសារយើងឡើយ។ ប្រសិនបើរឿងតិចតួចឬធំដុំក៏ដោយត្រូវដោះស្រាយដោយបញ្ញា មិនត្រូវបង្កើតឲ្យជារឿងធំបានទេ។ ការរស់នៅជាមួយគ្នាតែងតែមានរឿងខ្លះជាមិនខាន ដូចចាននៅក្នុង រាវជាមួយគ្នា រឿងអ្វីមិនប៉ះគ្នានោះ។ កាលបើយ៉ាងនោះត្រូវចេះអនុគ្រោះដល់គ្នានិងគ្នាទៅវិញទៅមក ត្រូវមានមេត្តាដល់គ្នាទៅវិញទៅមក យើងមិនត្រូវស្រលាញ់គ្នាដោយអំណាចរាគៈនោះទេ ព្រោះថា កាលរាគៈគឺ ស្រលាញ់ខ្សោយចុះអស់ ឬជិនណាយ ពេលនោះយើងលែងមានសេចក្ដីស្រលាញ់ចំពោះគ្នា ព្រោះហេតុនោះ សូមកុំស្រលាញ់គ្នា ដោយអំណាចរាគៈតែម្យ៉ាង ត្រូវចេះមានការអាណិតអាសូរដល់គ្នា មានមេត្តាជាទឹកដ៏ត្រជាក់សម្រាប់រំលត់ភ្លើងគឺជម្លោះរវាងគ្នានឹងគ្នា។ ពាក្យទូន្មានក្នុងទីនេះលោកថា អគ្គិ មានន័យ ភ្លើង ដែលអាចឆាបឆេះអ្វី ៗ បានទាំងអស់ យើងក៏ដឹងថា ធម្មតាភ្លើងសូម្បីតូចប៉ុនជើងធូបដ៏ដោយ កាលយកទៅដាក់កន្លែងមានសម្រាម ឬ ទំទេចកំទីផ្សេង ៗ អាចរាលដាលឆេះបាន ដូចជារឿងរ៉ាវក្នុងគ្រួសារ សូម្បីបន្តិចបន្តួច បើយើងបង្កឲ្យកាន់តែខ្លាំងរឿងនោះកាន់តែខ្លាំងឡើង អាចលែងលះគ្នាក៏មាន។ ការនាំភ្លើងក្រៅមកក្នុង មានន័យថា រឿងគេខាងក្រៅផ្ទះ ក៏មិនត្រូវនាំមកឲ្យជាបញ្ហាដល់ក្រុមគ្រួសារយើងឡើយ។ ព្រោះអាចបង្កឲ្យមានបញ្ហាផ្សេងដល់ក្រុមគ្រួសារយើង ព្រោះហេតុនោះ មិនត្រូវនាំភ្លើងខាងក្រៅមកក្នុងផ្ទះរបស់យើងទេ។ ឲ្យដល់អ្នកគួរឲ្យ ធម្មតាការឲ្យដល់ជនដទៃត្រូវមើលឲ្យច្បាស់លាស់ មិនត្រូវចេះតែឲ្យទេ បើយើងឲ្យទៅគេសងមកវិញតាមកាលសន្យា នោះទើបយើងគួរឲ្យ។ មិនត្រូវឲ្យដល់អ្នកមិនគួរឲ្យ បុគ្គលណាឲ្យទៅហើយមិនសងវិញ បុគ្គលនោះ មិនត្រូវឲ្យទេ ព្រោះថា កាលយើងឲ្យទៅហើយ មិនមានឱកាសបានមកវិញជាការខាតបាត់បង់កម្លាំងយើងនិងទ្រព្យយើងច្រើនណាស់។ ឲ្យដល់អ្នកគួរឲ្យខ្លះ មិនគួរឲ្យខ្លះ បើញាតិយើងមានចិត្តសប្បុរសធម៌ធ្លាប់មានឧបការៈចំពោះយើង ឬ មិនមានក៏ដោយ ហើយដល់នូវភាពទល់ក្រលំបាក ទោះយើងឲ្យទៅមិនមានឱកាសសងវិញ ឬ អាចសងវិញ យើងគួរឲ្យដល់ញាតិទាំងនោះ។ អង្គុយជាសុខ បានន័យថា កាលឪពុកក្មេកម្ដាយក្មេកមកជិត ឬ ដើរមកយើងត្រូវធ្វើឥរិយាបថឲ្យសមរម្យត្រូវអង្គុយក្នុងទីគួរអង្គុយ ត្រូវឈរក្នុងទីគួរឈរ។ បរិភោគជាសុខ បានន័យថា មិនត្រូវបរិភោគមុនឪពុកក្មេកម្ដាយក្មេក ត្រូវចាត់ចែងម្ហូបម្ហារគួរឲ្យគាត់ពិសារួច សឹមបរិភោគជាខាងក្រោយ។ ដេកជាសុខ បានន័យថា មិនត្រូវដេកមុនឪពុកក្មេកម្ដាយក្មេកទេ ត្រូវធ្វើវត្តបដិបត្តតូចធំហើយសឹមដេកជាខាងក្រោយ។ បម្រើភ្លើង បានសេចក្ដីថា ត្រូវបម្រើឪពុកក្មេកម្ដាយក្មេក និង ស្វាមី ដូចជាភ្លើង។ នមស្ការទេវតាខាងក្នុង គឺខ្លួនត្រូវធ្វើសេចក្ដីគោរពឪពុកក្មេកម្ដាយក្មេកឲ្យដូចជាទេវតា។
ឱវាទទាំង ១០ ប្រការនេះ ដែលធនញ្ជយសេដ្ឋីបានឲ្យឱវាទចំពោះកូនគឺនាងវិសាខា ហើយប្រពៃណីខ្មែរយើងតែងតែយកមកឲ្យឱវាទដល់ គូស្វាមីភរិយាដែលទើបនឹងរៀបការហើយថ្មីៗ ដើម្បីឲ្យមានការប្រតិបត្តិចំពោះស្វាមីរបស់ខ្លួន។ ដូច្នេះយើងជាភរិយាដ៏ល្អត្រូវប្រតិបត្តិឲ្យសមជាភរិយាដ៏ល្អរបស់ស្វាមីយើង។
ដកស្រង់ចេញពីសៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌ ដោយ៥០០០ឆ្នាំ |
Thai drama, Chinese drama, Korean drama, Khmer dubbed movies and Indian drama are so popular movies series on Television and around the world. Some drama series play up to 3 months or a year period on free TV. it is also popular in Khmer society and was dubbed for broadcasting on Khmer TV and all internet networks such as Phumikhmer, Video4Khmer, 7Khmer, Khmer drama and Phum komsan ect.