អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៧,៦៩០ ដង)
ឥទ្ធិពលខាងក្រៅនាំឲ្យកូនខូច

|
កូនខ្លះទោះបីឪពុកម្ដាយខំទូន្មានប្រៀនប្រដៅ អប់រំយ៉ាងណាក៏ដោយ តែនៅអាចខូចបាន ព្រោះឥទ្ធិពលខាងក្រៅអូសទាញ ។ ឥទ្ធិពលគឺកម្លាំងដ៏មានប្រសិទ្ធភាពខាងក្រៅ បានដល់សង្គម សាលាឬមិត្តភ័ក្តិ។ កាលបើក្នុងសង្គមសម្បូរទៅដោយអំពើទុយ៌ស ដូចជា បងធំ ផឹកស៊ី រាំច្រៀង ជាដើម ធ្វើឲ្យកូនបែរងាកទៅតាមសង្គមអូសទាញផងដែរ។ ព្រោះហេតុនោះ ត្រូវប្រុងប្រយ័ត្នជានិច្ច កុំឲ្យកូនសេពគប់បុគ្គលដែលមាននិស្ស័យមិនល្អ ចរិតមិនល្អ ហើយនាំកូនទៅដើរលេងមិនមានខកខាន។ យើងត្រូវខំព្យាយាមហាមឃាត់កូនមិនឲ្យដើរជាមួយបុគ្គលប្រភេទនោះឡើយ។
សម័យឥឡូវជាសម័យទំនើបឬគេថា "សម័យកុំព្យូទ័រ"នេះ មនុស្សមាន រាគៈ ទោសៈ មោហៈច្រើន ឃើញគុណជាទោស ឃើញទោសជាគុណ។ ឥទ្ធិពលខាងក្រៅនាំឲ្យខូចបាន ដូចព្រះរាជកុមារអជាសត្តុគ្រាដំបូង ទ្រង់មិនទាន់ដល់ថ្នាក់ឃោរឃៅយង់ឃ្នងទេ តែអាស្រ័យការសេពគប់ភិក្ខុទេវទត្ត ក៏ហ៊ានធ្វើឃាតព្រះបិតាដែលជាធម្មិករាជបាន។ ដូច្នេះឥទ្ធិពលខាងក្រៅនេះ ត្រូវប្រុងប្រយ័ត្នឲ្យមែនទែន មិនត្រូវធ្វើលំៗ នោះទេ។ មាតាបិតាជាឥទ្ធិពលទី១ របស់កូន កាលបើមាតាបិតាប្រព្រឹត្តធ្វើឲ្យមានកំហុស ធ្វើឲ្យកូនមានចិត្តធ្លាក់លិចចុះក្នុងហេតុមិនប្រក្រតីដូចជាឈឺចុកចាប់ក្នុងចិត្ត ព្រោះទង្វើរបស់មាតាបិតាមិនជាទីពេញចិត្តរបស់ខ្លួន រហូតដល់កូនទៅប្រព្រឹត្តអំពើមិនសមរម្យបាន ។ សាលាក៏ឥទ្ធិពលដ៏មានកម្លាំងខ្លាំងមួយដែរ ព្រោះកាលកូនទៅសាលាជួបជាមួយមិត្តភក្តិមិនល្អ ក៏នាំឲ្យខូចបាន ឃើញកូនទៅបាត់ៗ បើមិនប្រយ័ត្នទេ កូនទៅដើរលេងមិនចូលសាលាក៏មាន។ សម័យយើងនេះ កូនអាងឡេះថាទៅសាលាៗ ទៅរៀនគួរៗ តែជួនកាលកូនទៅដើរលេងមិនបានចូលសាលាបន្តិចសោះក៏មាន។ ព្រោះហេតុនោះត្រូវប្រយ័ត្នប្រយែងចំពោះ ឥទ្ធិពលខាងក្រៅឲ្យមែនទែន កុំធ្វេសប្រហែស។ ដកស្រង់ចេញពីសៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌ ដោយ៥០០០ឆ្នាំ |