អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៦,៣៤៤ ដង)
ពាក្យទូន្មានឪពុកខ្ញុំ

|
នៅក្នុងខ្ទមមួយដ៏តូចប្រក់ទៅដោយស្បូវសែនត្រជាក់រហឹមនិងមានខ្យល់បក់ប៉ះឮក្រោក ៗ នឹងមានសំឡេងសត្វតូច ៗ យំជុំវិញផ្ទះរបស់ខ្ញុំ ។ ពេលនោះមានភ្លើងចង្កៀងប្រេងកាតឆេះភ្លឹបភ្លែត ៗ នៅជិតឪពុកខ្ញុំ ស្រាប់តែមានសំឡេងឪពុកខ្ញុំហៅកូនមកថា កូនមាសឪពុក សូមកូនមកអង្គុយទីនេះ ឪពុកនឹងទូន្មានកូន។
កូនមានឪពុក ឪពុកធ្លាប់ជាអ្នកនៅវត្ត ធ្លាប់សិក្សាព្រះពុទ្ធវចនៈនៃព្រះសម្មាសម្ពុទ្ធហើយឃើញថា មានតែព្រះពុទ្ធវចនៈនៃព្រះសម្មាសម្ពុទ្ធទេ ទើបដឹងនាំឪពុកដើរតាមគន្លងល្អ ឥឡូវឪពុកនឹងនាំព្រះពុទ្ធវចនៈនៃព្រះពុទ្ធអង្គនោះ ប្រាប់ដល់កូន។ កូនមាសឪពុក ចូរកូនលះបង់នូវកម្មក្កិលេស គឺអំពើដ៏សៅហ្មង ៤ ប្រការផង មិនធ្វើបាបកម្មអំពើអាក្រក់ ព្រោះហេតុ៤យ៉ាង មិនសេពនូវអបាយមុខគឺប្រធាននៃសេចក្ដីវិនាសនៃភោគៈ ៦ យ៉ាងផង។
កូនមាសឪពុក តើកម្មក្កិលេស ៤ យ៉ាងដូចម្ដេច? គឺការសម្លាប់សត្វ ជាកម្មក្កិលេសទី១ ការលួចទ្រព្យគេជាកម្មក្កិលេសទី២ ការប្រព្រឹត្តខុសក្នុងកាម ជាកម្មក្កិលេសទី៣ ការនិយាយកុហក ជាកម្មក្កិលេសទី៤។ កូនមាសឪពុក ចូរកូនលះបង់ឲ្យបាននូវកម្មក្កិលេសទាំង ៤ ប្រការនេះឲ្យបានណា!។ កូនមាសឪពុកកូនមិនត្រូវធ្វើបាបកម្ម ព្រោះហេតុ ៤ យ៉ាងទេ គឺៈ
១- ឆន្ទាគតិ លុះអគតិព្រោះស្រលាញ់ ក៏ធ្វើបាបកម្ម ២- ទោសាគតិ លុះអគតិព្រោះស្អប់ ក៏ធ្វើបាបកម្ម ៣- មោហោគតិ លុះអគតិព្រោះល្ងង់ ក៏ធ្វើបាបកម្ម ៤- ភយាគតិ លុះអគតិព្រោះខ្លាច ក៏ធ្វើបាបកម្ម។ កូនមាសឪពុក កូនមិនត្រូវសេពធម៌ជាប្រធាននៃសេចក្ដីវិនាស ទ្រព្យ ៦ យ៉ាងទេគឺ៖ ១- ផឹកទឹកស្រវឹង ២- ដើរលេងខុសកាលវេលា ៣- ដើរមើលមហោស្រព ៤- ការលេងល្បែងភ្នាល់ ៥- ការសេពគប់បាបមិត្រ ៦- ការខ្ជិលច្រអូស កូនមាសឪពុក ចូរកូនដឹងថា បុគ្គលផឹកទឹកស្រវឹងមិនមែននាំមកនូវភាពចម្រើនទេ គឺនាំមកនូវការវិនាសសព្វគ្រប់ប្រការរហូតដល់ឃើញបច្ចុប្បន្ន កូនចូរចងចាំថា ទោសនៃការផឹកសុរាមាន ៦ ប្រការគឺ៖ ១- វិនាសទ្រព្យដែលឃើញជាក់ស្ដែងខ្លួនឯង ២- ការកឲ្យកើតជម្លោះ ៣- ហេតុនាំឲ្យកើតរោគគទាំងឡាយ ៤- ការនាំឲ្យខូចឈ្មោះ ៥- ការបង្ហាញកេរ្តិ៍ខ្មាស ៦- ធ្វើឲ្យបញ្ញាមានកម្លាំងថយ កូនមាសឪពុក ចូរកូនដឹងថា មនុស្សដែលដើរលេងតាមច្រកល្ហកខុសកាលវេលា(ពេលយប់)មានទោស ៦ ប្រការគឺ៖ ១- អ្នកនោះឈ្មោះថា មិនគ្រប់គ្រងរក្សាខ្លួន ២- អ្នកនោះឈ្មោះថា មិនគ្រប់គ្រង់រក្សារប្រពន្ធកូន ៣- អ្នកនោះឈ្មោះថា មិនគ្រប់គ្រងរក្សាទ្រព្យសសម្បត្តិ ៤- សេចក្ដីរង្កៀសតែងតែកើតមានដល់កន្លែងខ្លួនទៅដល់ ៥- ពាក្យមិនពិតតែងធ្លាក់មកត្រូវបុគ្គលនោះ ៦- បុគ្គលនោះឈ្មោះថា បំពេញនូវធម៌ជាទុក្ខច្រើនកូនមានឪពុក មនុស្សដែលចូលចិត្តដើរមើលល្បែងមហោស្រពមានទោស ៦ យ៉ាងគឺ៖ ១- របាំក្នុងទីណា ក៏ទៅក្នុងទីនោះ
២- ចម្រៀងក្នុងទីណា ក៏ទៅក្នុងទីនោះ
៣- ការប្រគុំក្នុងទីណា ក៏ទៅក្នុងទៅនោះ ៤- គេប្រជុំរឿងព្រេងឥតប្រយោជន៍ក្នុងទីណាក៏ទៅទីនោះ ៥- ល្បែងវាយគងក្នុងទីណា ក៏ទៅក្នងទីនោះ ៦- ល្បែងវាយរនាតក្នុងទីណា ក៏ទៅក្នងទីនោះ កូនមាសឪពុក មនុស្សដែលចូលចិត្តលេងល្បែងស៊ីសង រមែងមានទោស ៦ ប្រការគឺ៖
១- បុគ្គលនោះបើឈ្មោះគេ រមែងបានពៀរ ២- បើចាញ់គេតែងសោកស្ដាយទ្រព្យសម្បត្តិ ៣- វិនាសទ្រព្យសម្បត្តិដែលឃើញជាក់ស្ដែងទាន់ភ្នែក ៤- កាលទៅសាលាវិនិច្ឆ័យគេ មិនជឿស្ដាប់ពាក្យ ៥- ពួកមិត្រតែងលះបង់ចោល ៦- ជាបុគ្គលដែលគេមិនត្រូវការដណ្ដឹងឬឲ្យកូនស្រីព្រោះគេគិតថា បុរសបុគ្គលអ្នកលេងល្បែងភ្នាល់មិនអាចចិញ្ចឹមប្រពន្ធបានទេ។ កូនមាសឪពុក បុគ្គលដែលជាអ្នកសេពគប់បាបមិត្តមានទោស ៦ ប្រការគឺ៖ ១- ជនណាជាអ្នកលេងល្បែងភ្នាល់ ជាមិត្តនោះ ២- ជនអ្នកលេងស្រី ៣- ជនអ្នកផឹកសុរា ៤- ជនអ្នកបោកប្រាសបញ្ឆោតអ្នកដទៃ ៥- ជនអ្នកបំបាត់ប្រវញ្ចន៍អ្នកដទៃក្នុងទីចំពោះមុខ ៦- ជនអ្នកឆក់ដណ្ដើមទ្រព្យអ្នកដទៃ កូនមាសឪពុកបុគ្គលទាំង ៦ ពួកនេះ តែងតែជាមិត្តរបស់អ្នកនោះឯង។ កូនមាសឪពុក បុគ្គលអ្នកខ្ជិលច្រអូសមិនធ្វើការងារដោយអាងហេតុ ៦ ប្រការគឺ៖ ១- ត្រជាក់ណាស់ ២- ក្ដៅណាស់ ៣- ល្ងាចណាស់ ៤- ព្រឹកណាស់ ៥- ឃ្លានណាស់ ៦- ស្រេកណាស់ កូនមាសឪពុក បុគ្គុលដែលខ្ជិលច្រអូសយ៉ាងនេះ មិនអាចធ្វើឲ្យទ្រព្យសម្បត្តិដែលមានហើយ ឲ្យតាំងនៅបានឡើយ ហើយមិនអាចញ៉ាំងទ្រព្យមិនទាន់មាន ឲ្យមានឡើងទេ។ ដកស្រង់ចេញពីសៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌ ដោយ៥០០០ឆ្នាំ |