អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៣៦១ ដង)
មនុស្សជាមួយនឹងការងារ

|
មនុស្សជាមួយនឹងការងារ
មនុស្សអត់ការងារជាមនុស្សអន់ ជាមនុស្សទ្រមក់ ប៉ុន្តែបើមានការងារអាក្រក់ ទុច្ចរិតទៅវិញនោះ ជាមនុស្សគម្រក់តែម្ដង ដេកលក់វិញប្រសើរជាង។ ការងារបែងចែកមនុស្សលោកឲ្យខ្ពង់ខ្ពស់ ឬថោកទាបដូច្នេះសូមមនុស្សលោកទាំងឡាយ ខំប្រឹងប្រែងលះបង់នូវការងារណាដែលសៅហ្មង ដើម្បីឲ្យខ្លួនឯងបានសណ្ដករបូតរួចផុតអំពីភាពនៃបុគ្គលថោកទាប ហើយខំប្រឹងប្រែងព្យាយាមក្នុងការងារណាដែលបរិសុទ្ធ ប្រាសចាសទោស ឲ្យបានជាមនុស្សឧត្ដុង្គឧត្ដមខ្ពង់ខ្ពស់ រស់នៅដោយក្ដីស្ងប់ រីករាយជានិច្ច ដោយមកអំពីបានពិចារណាឃើញអំពើដ៏បរិសុទ្ធរបស់ខ្លួនឯង។ មនុស្សយើងត្រូវតែយកចិត្តទុកដាក់ចំពោះការងារ ជាពិសេសគឺការងារដែលខ្លួនកំពុងធ្វើ បើការងារនោះប្រាសចាកនូវទោសហើយ ទោះជាការងារអ្វីក៏ដោយ កុំឲ្យមើលងាយថា អន់ឬថោកទាបឲ្យសោះ ត្រូវចេះស្រលាញ់ការងារនោះ ព្រោះមិនមានអ្នកណាម្នាក់គាំទ្រយើងឲ្យខ្ពង់ខ្ពស់ ក្រៅអំពីខ្លួនឯងដែលគោរពនូវការងាររបស់ខ្លួនឯងឡើយ។ ការងារអ្វីក៏ដោយ ក៏ត្រូវចាប់ផ្ដើមពីដំបូងទៅដែរ ហើយរាល់ការងារទាំងអស់ វាតែងតែមាននូវឧបសគ្គមករារាំងជាធម្មតា ប៉ុន្តែថា បើមានការព្យាយាមនិង សេចក្ដីអត់ធន់ហើយ ផ្ទុយមកវិញ មនុស្សដែលមិនយកចិត្តទុកដាក់ក្នុងការងាររបស់ខ្លួន មិនខុសអំពីមនុស្សដែលអត់ការងារឡើយ ហើយមិនយូរប៉ុន្មាន អ្នកនោះនឹងទៅជាមនុស្សបាត់បង់នូវការងារ ក្លាយទៅជាមនុស្សពិការទាំងដែលមានអវយវៈគ្រប់គ្រាន់ ខ្លាចលំបាកហើយខ្ជិលមិនព្យាយាម មិនរួចអំពីសេចក្ដីលំបាកឡើយ ខ្វះខន្តីសេចក្ដីអត់អន់ ការងារមិនបានល្អ ខ្វះការតស៊ូការងារមិនសម្រេច រវល់តែរឿងស្នេហា កាន់ការងារធំមិនបានព្រោះសេចក្ដីប្រហែសធ្វេស ការងារដែលចេះស្ទាត់ហើយនោះក៏ត្រឡប់ទៅជាបរាជ័យដូចបុគ្គលល្ងង់ខ្លៅ។ ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ ដោយ៥០០០ឆ្នាំ |