អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៩២៤ ដង)
តួនាទីសិស្ស ៥ សិក្ខាបទ

|
តួនាទីសិស្ស ៥ សិក្ខាបទ
សិក្ខាបទទី១ : សិស្សគប្បីសិក្សាថាអាត្មាអញត្រូវកោកគោរពទទួលលោកគ្រូអាចារ្យ។ បដិសណ្ឋារកិច្ចដោយសេចក្ដីគោរព ដោយចិត្តជ្រះថ្លាប្រារព្ធចំពោះគុណដែលមានក្នុងគ្រូអាចារ្យ គឺជាសិរីសួស្ដីរបស់សិស្ស។ ក្នុងសិក្ខាបទទី១របស់សិស្សនោះ មិនចំពោះតែការក្រោកឈរទទួលប៉ុណ្ណោះទេ កិច្ចការដែលត្រូវទទួលនៅមានច្រើនទៀត រួមសេចក្ដីគោរពទាំងអស់មកហៅថា អបចាយនៈជាពូជនៃត្រកូលខ្ពង់ខ្ពស់ ជាគុណធម៌ដ៏ស្រស់បស់ក្នុងសន្ដាន។ មនុស្សឆ្លាតរមែងទុកនូវភាពរឹងប៉ឹង ការចេះដឹង និង គុណធម៌របស់ខ្លួនខាងក្នុង ប៉ុន្តែខាងក្រៅបញ្ចេញនូវភាពទន់ភ្លន់ឱនលំទោន នេះគឺមនុស្សទន់ក្រៅតែរឹងប៉ឹងខាងក្នុង ខុសអំពីមនុស្សល្ងង់ ដែលចូលចិត្តអួតអាងរឹងក្រញាងចេញមកក្រៅ តែខាងក្នុងវិញគ្មានសមត្ថភាពអ្វីសោះ ទន់ជ្រាវដូចដីភក់ប៉ប៉ិចប៉ប៉ាច់មិនមានអ្វីពិត ពាក្យសម្ដីមិនទៀងទាត់ ប្រាកដដូចជាផ្គរអត់ភ្លៀង ឬ រ៉ូងរ៉ាងដូចប៉ោតអត់ទឹង។ ការគោរពគុណគឺមហាកុសលដែលជាធម្មជាតិឆ្លាតឈ្លាស បែងចែកគុណទោសឲ្យផ្សេងពីគ្នា ជាធម៌ទន់ភ្លន់មួយគុណតែរឹងប៉ឹងជាមួយទោស។ សិក្ខាបទទី២ : សិស្សគប្បីសិក្សាថាអាត្មាអញត្រូវឧបដ្ឋាកលោកគ្រូអាចារ្យ។ ការគាល់បម្រើគ្រូអាចារ្យ ជាការចុះទុកបន្ដិចបន្តួចបន្ទាប់បន្សំ ប៉ុន្តែផលកម្រៃវិញគឺសេចក្ដីល្អជាបុណ្យផង ចំណេះដឹងសម្រាប់ដោះស្រាយបញ្ហាជីវិតផង សរុបរួមច្រើនក្រៃកន្លង ជាការងារចម្រើនកើតប្រយោជន៍ដោយពិត។ មនុស្សយើងត្រូវខំប្រញ៉ាប់ធ្វើសេចក្ដីល្អនៅក្នុងថ្ងៃនេះ គឺឥឡូវនេះឯង និង ធ្វើរឿយៗតទៅទៀត ត្រូវសន្សំបុណ្យឲ្យបានច្រើន ត្រូវចាំទុកថា ពេលវេលាមិនសូវសម្បូរទេ បើចេះតែបង្អែបបង្អង់រ៉ែរ៉ម៉ោងពេលយប់ថ្ងៃក៏អស់ទៅ អាយុក៏កន្លងទៅ ចំណែកបុណ្យកុសលអំពើល្អមិនចម្រើនឡើងសោះអីចឹង ជីវិតនឹងមានតម្លៃនៅត្រង់ណា ព្រោះថាតម្លៃនៃជីវិតវាស្ថិតនៅត្រង់បុណ្យគឺអំពើល្អដែលខ្លួនបានធ្វើទុកនោះឯង រឿងនេះពិតមែនតែបរលោកមិនមែនជាការទិញដូរ ប៉ុន្តែបរលោកនៃជីវិតជាផលរបស់ការងារ បើការងារល្អជីវិតក៏ថ្លៃ បរលោករមែងរុងរឿង។ មនុស្សយើងមានជីវិតគឺមានការងារ មនុស្សល្អធ្វើតែការងារណាដែលប្រាស់ចាកទោស ស្វែងរកទ្រព្យផង ស្វែងរកគុណធម៌បុណ្យកុសលមកដាក់ខ្លួនផង។ សិក្ខាបទទី៣ : សិស្សគប្បីសិក្សាថាអាត្មាអញត្រូវស្ដាប់ឱវាទអំពីគ្រូអាចារ្យដោយល្អ។ ពាក្យថាស្ដាប់ដោយល្អគឺស្ដាប់ឲ្យយល់ ហើយពិចារណាតាមហេតុ និង ផល យ៉ាងនេះរមែងបាននូវបញ្ញា សូមឲ្យសិស្សទាំងឡាយស្រឡាញ់គ្រូដោយស្មោះគោរពការចេះដឹង និង គុណធម៌ ម្យ៉ាងទៀត ត្រូវចេះសិក្សាអំពីធម្មជាតិជុំវិញខ្លួន ចំពោះតែមនុស្ស ឬ សត្វ ឬ រុក្ខជាតិឡើយ ព្រោះថា ធម្មជាតិគ្រប់យ៉ាងអាចបង្រៀនយើងបាន ឬអាចជាកញ្ចក់សម្រាប់ស្អិតស្អាងខ្លួនយើងឲ្យបានល្អ គឺជាកញ្ចក់ដែលមានតម្លៃពិសេស។ សិស្សមិនត្រូវខឹងក្រោធចំពោះឱវាទរបស់គ្រូហើយក៏មិនត្រូវបដិបក្ខជាមួយនឹងរបស់ជុំវិញខ្លួន ត្រូវមានស្មារតីអត់ធន់ចម្រើនបញ្ញាសិក្សាអំពីធម្មជាតិ ចូលរៀនក្នុងសាលាលោក៦ គឺលោកភ្នែក លោកត្រចៀក លោកច្រមុះ លោកអណ្ដាត លោកកាយ និង លោកចិត្តឲ្យជានិច្ចជាប្រចាំ ហើយត្រូវសិក្សាកុំឲ្យក្រៅអំពីហេតុនិងផល ព្រោះហេតុនិងផល ជាច្បាប់របស់ធម្មជាតិ ជាសច្ចធម៌ មានហេតុទើបមានផលកើតឡើង ហេតុយ៉ាងនោះកែប្រែពុំបានជាដាច់ខាត់ បើអត់ហេតុអត់បច្ច័យទេ មិនមានអ្វីមកបង្គាប់បញ្ជាឲ្យមានធម្មជាតិក្នុងលោកបានឡើយ។ សិក្ខាបទទី៤ : សិស្សគប្បីសិក្សាថាអាត្មាអញត្រូវប្រណិប័តន៍គ្រូដោយធ្វើការងារ ទោះបីការងារនោះតូចតាចបន្តិចបន្តួចក៏ដោយ ក៏មិនត្រូវទុកឲ្យលោកគ្រូអាចារ្យធ្វើខ្លួនឯងដែរ។ ការជ្រោមជ្រែងការគាំទ្រ ការសម្ដែងសេចក្ដីគោរពបម្រើការងារ ជាការអនុមោទនាចំពោះគុណបុណ្យ ជាការបំរើដ៏ប្រសើរដោយចិត្តទន់ភ្លន់ លើកស្ទួយរបស់ធ្ងន់ដើម្បីប្រយោជន៍ដល់ជនទាំងពួង។ មនុស្សឆ្លាតរមែងស្វែងរកគុណធមមកទុកក្នុងខ្លួន សាងគុណចម្រើនប្រយោជន៍ឲ្យដល់សង្គមមនុស្ស សង្គមសត្វ ប្តេជ្ញាតាំងចិត្តមិនដុតសង្គម ពោលគឺមិនធ្វើឲ្យសង្គមសត្វលោកក្ដៅក្រហាយ ដោយសារខ្លួនម្នាក់ឯងឡើយ ហើយគោរពស្រលាញ់គាំទ្រនូវបុគ្គលណាដែលមានសមត្ថភាព អាចផ្ដល់ប្រយោជន៍ឲ្យសង្គមតូចធំបានសុខក្សេមក្សាន្ត។ សូមមនុស្សលោកគ្រប់គ្នា លើកនូវទង់ជ័យរបស់មនុស្សលោកគឺគុណធម៌ តាមពិតមានតែគុណធម៌ប៉ុណ្ណោះដែលធ្វើឲ្យមនុស្សយើង មានជីវិតប្រសើរជាងពួកសត្វតិរច្ឆាន។ សិក្សាបទទី៥ : សិស្សគប្បីសិក្សាថា អាត្មាអញត្រូវរៀនសិល្បវិជ្ជាអំពីលោកគ្រូអាចារ្យដោយសេចក្ដីគោរព។ មិនចំពោះតែវិជ្ជាអ្វីនោះទេ បើសិស្សមានសមត្ថភាពចេះបានច្រើនមុខវិជ្ជាគឺរឹងតែល្អ គុណទោសរបស់មុខវិជ្ជានៅលើអ្នកប្រើជាសំខាន់ បើប្រើក្នុងផ្លូវត្រូវគឺជាគុណ តែបើប្រើក្នុងផ្លូវខុសគឺជាទោស។ ការប្រកបនូវមុខវិជ្ជាអ្វីមួយដើម្បីចិញ្ចឹមជីវិតក្ដីដើម្បីជាប្រយោជន៍ដល់សង្គមក្ដី ត្រូវមើលឆន្ទៈខ្លួនឯងឲ្យជាក់ច្បាស់ ព្រោះឆន្ទៈគឺសេចក្ដីពេញចិត្តក្នុងការងារជាកម្លាំងចិត្ត អាចញ៉ាំងសេចក្ដីព្យាយាមឲ្យព្រឹត្តជាប់តមិនដាច់ ជាហេតុឲ្យសម្រេចនូវប្រយោជន៍ បើមិនដូច្នេះវានឹងជួបប្រទះនូវការអស់ពេលឥតប្រយោជន៍ អស់ទាំងទុនក្នុងរឿងផ្សេងៗទៀតផង។ ម្យ៉ាងទៀត ការចាប់នេះចាប់នោះមិនឆ្ពោះត្រង់ណា វាអាចមិនបានការទាំងអស់ផងដែរ មុខវិជ្ជាសូម្បីតែម្យ៉ាងគត់ឲ្យតែចេះស្ទាត់ ប្រព្រឹត្តមិនដាច់ដោយសេចក្ដីប្រមាទ ប្រៀបបាននឹងកំណប់ទ្រព្យ។ ដកស្រង់ចេញពីសៀវភៅ សិក្ខាបទមនុស្សល្អ ដោយ៥០០០ឆ្នាំ |