អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ២៣,៦០៥ ដង)
ដើមឈើ

|
ដើមឈើពឹងខ្លួនឯងជាមុន ប្រឹងប្រែងតាំងតែអំពីគ្រាប់ពូជតូចមួយរហូតដល់ធំ រួចហើយទើបបានជាទីពឹងឲ្យដល់អ្នកដទៃ។ ធម្មជាតិមនុស្សយើងក៏ដូចគ្នា គឺអាចប្រឹងប្រែងជួយខ្លួនឯង ហ្វឹកហាត់អប់រំទូន្មានខ្លួនរហូតទាល់តែបានដល់នូវសេចក្ដីសម្រេច ធ្វើជាទីពឹងនៃខ្លួនឯងបាន រួចហើយក៏បានធ្វើជាទីពឹងឲ្យដល់អ្នកដទៃដូច្នោះដែរ។
មនុស្ស និង សត្វទាំងឡាយ សុទ្ធតែបានទទួលនូវប្រយោជន៍សន្ធឹកសន្ធាប់អំពីដើមឈើ រាប់តាំងពីគ្រឿងស្លៀកដណ្ដប់ ទីជ្រកនៅអាស្រ័យ ថ្នាំកែរោគ អាហារ បរិភោគ រហូតដល់គ្រឿងប្រើប្រាស់ផ្សេងៗរាប់មុខមិនអស់។ មនុស្សយើង កើតមកដើម្បីសាងខ្លួនឯងឲ្យជាប្រយោជន៍ដល់មនុស្សផងគ្នា និងសត្វលោកទាំងឡាយ។ មនុស្សត្រូវចេះទូន្មានខ្លួន ប្រឹងប្រែងសិក្សាស្រាវជ្រាវ ឲ្យដូចជាឫសឈើចាក់ចុះទៅក្នុងផែនដី ញ៉ាំងដើមឲ្យធំ នឹងមាំមួនរឹងប៉ឹងល្អ ទ្រាំទ្រចំពោះខ្យល់ ចំពោះកម្ដៅថ្ងៃបាន។ មនុស្សយើងបើមិនរឹងប៉ឹងទេ លុះដល់ធំឡើង ក៏ជាមនុស្សទន់ខ្សោយនឹងដួលរលំបានដោយងាយ នៅពេលដែលបានជួបជាមួយនឹងឧបសគ្គផ្សេងៗ គឺជាអ្នកបរាជ័យចាញ់ជីវិតខ្លួនឯង។ ស្លឹកឈើ នៅពេលដែលធំពេញទី ក៏រមែងផ្លាស់ប្ដូរពីពណ៍ខៀវបៃតងមកជាពណ៍លឿង ហើយក៏ជ្រុះចុះមកលើផែនដី ត្រឡប់ក្លាយទៅជាជី។ មនុសុសយើងក៏នឹងដល់ភាពមិនទៀតនៃជីវិត កើត ចាស់ ឈឺ ហើយក៏ស្លាប់ព្រាត់ប្រាសគ្នាទៅ។ ស្លឹកឈើទុំជ្រុះ ដើម្បីឲ្យស្លឹកថ្មីដុះបន្តយ៉ាងណា មនុស្សយើងកាលដល់ពេលហើយ ក៏ត្រូវចាកលោកទៅ ដើម្បីអោយមនុស្សកើតមកក្រោយៗបំពេញកិច្ចការជាបន្តក៏យ៉ាងនោះដែរ។ គ្រប់យ៉ាងមានការប្រែប្រួលជាចិត្ត ឲ្យតែជាសង្ខារធម៌។ ដើមឈើទ្រាំនៅហាលថ្ងៃ ហាលខ្យល់ ហាលភ្លៀង ដើម្បីជាម្លប់ដល់ពួកមនុស្សសត្វទាំងឡាយ។ មនុស្សយើងពេលខ្លះក៏ត្រូវព្រមលំបាកដែរ ដើម្បីធ្វើជាជម្រកឲ្យដល់អ្នកដទៃ។ ដើមឈើជាធម្មជាតិមាននៅឲ្យមនុស្សយើងសិក្សា រៀបចំដំណើរជីវិតឲ្យមានប្រយោជន៍ពិតៗ។ គួរមើលដើមឈើជាតួយ៉ាង បានភ័ស្ដុតាងដាស់តឿនចិត្ត ដើមឈើទ្រាំក្ដៅទ្រាំខ្យល់ពិត ទុកដូចជាមិត្តឲ្យទីជ្រក។ ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍ ដោយ៥០០០ឆ្នាំ |