អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៧៤២ ដង)
ភ្លើង

|
ជាធម្មតារបស់ភ្លើង រមែងដុតនូវរបស់ទាំងពួងឲ្យឆេះខ្ទេចខ្ទី យ៉ាងណា ការសិក្សាប្រព្រឹត្តបដិបត្តិ គឺជាភ្លើងដុតនូវកិលេសក៏យ៉ាងនោះដែរ ដូច្នេះទើបពុទ្ធបរិស័ទយើងត្រូវបង្កាត់ភ្លើងកុសលឲ្យបានដល់ព្រម ឲ្យឆេះតគ្នាជានិច្ច រហូតដល់បានសម្រេច រួចផុតពីសេចក្ដីសៅហ្មង ។ ភ្លើងពុំចេះករុណា អាណិតស្រណោះដល់ស្មៅដល់អុស រហូតដល់ផ្ទះសំបែងព្រៃព្រឹក្សាឡើយ ក៏ដូចជាអ្នកប្រព្រឹត្តធម៌ រមែងមិនអាណិតកិលេសដូច្នេះដែរ គឺថាត្រូវតែដុតកម្ទេចចោលដោយភ្លើង គឺញាណ បានដល់ វិបស្សនាញាណ និង មគ្គញ្ញាណ។
ភ្លើងចេះតែពីឆេះ កាលបើមានអ្វីត្រូវឆេះ ភ្លើងមិនញញើត មិនរួញរាឡើយ យ៉ាងណា ការតាំងចិត្តបដិបត្តិធម៌ត្រូវតែឲ្យពិតប្រាកដ បំពេញកិច្ចឲ្យហ្មត់ចត់មិនខ្ជិលមិនរួញរា ហើយក៏មិនរាយមាយពីកិច្ចការតួនាទីរបស់ខ្លួន ក៏យ៉ាងនោះដែរ ។ ភ្លើងកម្ចាត់បង់នូវភាពត្រជាក់រងា ដូចគ្នានឹងការប្រព្រឹត្តធម៌រមែងបាននូវភាពកក់ក្ដៅ បាននូវទីពឹង ប្រាសចាកភ័យ មិនមានសេចក្ដីទុក្ខសោក អាឡោះអាល័យអ្វីឡើយ បីដូចនាងបដាចារាដែលបាននូវភាពកក់ក្ដៅក្នុងព្រះសាសនាដូច្នោះឯង។ ភ្លើងមានភាពភ្លឺស្វាង កម្ចាត់បង់នូវភាពងងឹត ជាការបញ្ជាក់ពិតៗដល់ពន្លឺនៃបញ្ញា ដែលមិនមានពន្លឺអ្វីប្រៀបស្មើទៀតផង ព្រោះពន្លឺនៃបញ្ញាអាចកម្ចាត់នូវភាពងងឹត គឺអវិជ្ជាបាន។ ពន្លឺអ្វីស្មើដោយបញ្ញាមិនមាន ។ ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍ ដោយ៥០០០ឆ្នាំ |