អានអត្ថបទ
ផ្សាយ : ២២ កញ្ញា ឆ្នាំ២០២៣ (អាន: ២៦,៨៥០ ដង)
កំណើត ៤ យ៉ាង

|
កំណើត ៤ យ៉ាង
មុននឹងលើកយកបញ្ហានរកមកនិយាយ សូមញាតិញោមបងប្អូនប្រុសស្រី មិត្តអ្នកអានទាំងឡាយ សិក្សាអំពីកំណើតសត្វឲ្យបានចេះដឹងជាមុនសិន។ តាមពិតកំណើតសត្វលោកមានច្រើនប្រភេទណាស់ ដូចដែលព្រះដ៏មានបុណ្យរបស់យើងទ្រង់ត្រាស់សម្ដែងថា (សត្តា-អនន្កា) ប៉ុន្តែក្នុងបញ្ហានេះដែរ ព្រះអង្គក៏ទ្រង់បានបំព្រួញឲ្យខ្លីមកដើម្បីឲ្យយើងទាំងអស់សគ្នាងាយស្រួលសិក្សា គឺមានត្រឹមតែ ៤ ប្រភេទប៉ុណ្ណោះគឺ ទី ១ អណ្ឌជៈ សំដៅយកសត្វទាំងឡាយណា ដែលមកអាស្រ័យក្នុងស៊ុតហើយចោះទំលាយសំបកស៊ុតចេញមក ដូចជា សត្វចាប លលក មាន់ ទា ជាដើម។ ទី ២ ជលាពុជៈ សំដៅយកសត្វទាំងឡាយណា ដែលសម្រាលចេញពីផ្ទៃមេ ឬ ផ្ទៃម្ដាយដូចជា សត្វមនុស្ស គោ ក្របី ឆ្កែ ឆ្មា ដំរី សេះ ជាដើម។ ទី ៣ សំសេទជៈ សំដៅយកសត្វទាំងឡាយណា ដែលកើតចេញពីត្រីស្អុយ សាកសព្វ ឬ ក្នុង វត្ថុជូរផ្អូម ដូចជាៈ សត្វដង្កូវជាដើម។ ទី ៤ ឧបបាតិកៈ សំដៅយកសត្វទាំងឡាយណាដែលកើតឡើងឯងៗ ដូចជាទេវតា នរក ប្រេតជាដើម។ អធិបាយកំណើតសត្វទី ៤
នៅក្នុងព្រះអត្ថកថា បានសម្ដែងថា បណ្ដាសត្វទាំងឡាយសត្វប្រភេទមួយកើតឡើងដោយចោះសំបកស៊ុតចេញមក ប្រភេទមួយកើតឡើងដោយអាស្រ័យវត្ថុស្មោកគ្រោក ប្រភេទមួយកើតឡើងដោយការសម្រាលចេញពីផ្ទៃមេ ឬ ផ្ទៃម្ដាយ។ តែសំរាប់ឧបបាតិកៈកំណើត គឺសំដៅដល់សត្វដែលកើតឡើងដោយពុំបានអាស្រ័យហេតុ ដូចសត្វ ៣ ប្រភេទខាងលើនោះឡើយ។ សត្វពួកនេះ វេលាកើតក៏កើតឡើងឯងៗ មានរូបកាយធំឡើងភ្លាមៗ។ សេចក្ដីអធិបាយយ៉ាងនេះ យើងគប្បីយល់ចូលចិត្តថា ឧបបាតិកៈកំណើត គឺជាកំណើតប្រភេទមួយ ដែលកើតឡើងដោយមិនចាំបាច់មេបាឲ្យកំណើតឡើយ។ អាស្រ័យទៅលើពុទ្ធភាសិតច្រើនកន្លែង ស្ដែងឲ្យឃើញថា ពួកទេវតានិងពួកនរកសុទ្ធតែជាឧបបាតិកៈកំណើត។ ម្យ៉ាងទៀតក្នុងអដ្ឋកថាដដែលបានតួយ៉ាងថា ពួកទេវតាជាឧបបាតិកៈកំណើតនេះ បានដល់ទេវតាក្នុងចាតុម្មហារាជិការហូតដល់ទេវតាឋានខ្ពស់ៗឡើងទៅជាលំដាប់។ ចំណែកភុម្មទេវតា គឺទេវតាដែលស្ថិតនៅលើផែនដីនេះ រមែងប្រព្រឹត្តទៅបានទាំង ៤ កំណើត ហើយលោកបានបញ្ជាក់បន្ថែមថា មនុស្សខ្លះក៏ជាឧបបាតិកៈកំណើតដែរ (ដូចជានាងចិញ្ចាជាដើម) ។ ក្នុងសេចក្ដីនេះខ្ញុំមិនបានអធិបាយឲ្យពិស្ដារទេ បើមិត្តអ្នកអាចចង់យល់ច្បាស់អំពីរឿងឧបបាតិកៈកំណើតនេះ សូមនិមន្តនិងអញ្ជើញតាមដាននៅក្នុងអគ្គញ្ញសូត្រទៀតចុះ។ ដកស្រង់ចេញពីសៀវភៅ តើនរកមានដែរឬទេ ដោយ៥០០០ឆ្នាំ |