អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៦៩៨ ដង)
មិនត្រេកអរនៅពេលមិត្តមានសេចក្ដីវិនាស

|
មិនត្រេកអរនៅពេលមិត្តមានសេចក្ដីវិនាស
អភវេនស្ស ន នន្ទតិ មិនត្រេកអរនៅពេលមិត្តមានសេចក្ដីវិនាស សេចក្ដីវិនាស ៥ យ៉ាង បានដល់ - វិនាសញាតិ ១ - វិនាសទ្រព្យសម្បត្តិ ១ - វិនាសសុខភាពព្រោះមានរោគ ១ - វិនាសសីល ១ - វិនាសកាយយល់ត្រូវ ១។ នាងបដាចារា មានការជួបប្រទះនូវសេចក្ដីវិនាសញាតិយ៉ាងខ្លាំង ព្រាត់ចាកជនជាទីស្រឡាញ់ ហើយក៏មានវិបត្តិស្មារតីរហូតដល់ឆ្កួត ប៉ុន្តែត្រូវបានព្រះសម្មាសម្ពុទ្ធជួយស្រោចស្រង់ឲ្យមាននូវសតិឡើងវិញ រហូតដល់ទួលយកបាននូវព្រះធម៌ទេសនាសម្រេចសារិកាដ៏ឆ្នើមមួយរូប ក្នុងព្រះពុទ្ធសាសនា។ វិបត្តិនៅក្នុងជីវិត សុទ្ធតែអាចដោះស្រាយបានទាំងអស់ឲ្យតែខ្លួនឯងជួយខ្លួនឯង និងអាស្រ័យជំនួសអំពិមិត្តល្អផងដូច្នេះធ្វើជាមនុស្សត្រូវតែចេះបណ្ដុះបណ្ដាល ប្រាជ្ញាស្មារតីរបស់ខ្លួនដើម្បីជួយខ្លួនឯង និងជួយដោះស្រាយនូវវិបត្តិឲ្យដល់អ្នកដទៃ កុំបីខាន។ អកុសលនីវរណៈ សុទ្ធតែជាគ្រឿងរារាំងនិងបំផ្លាញសុខភាពស្មារតី ប្រាជ្ញាវាងវៃត្រូវបាត់បង់អស់ ឬមិនចម្រើនឡើងឡើយ ដូចជាការភ្លើតភ្លើនក្នុងកាមគុណ ការបណ្ដោយចិត្តឲ្យទំពាស៊ីនូវកាមារម្មណ៍រឿយៗ គំនុំព្យាបាទ កំហឹងខឹងក្រោធ ការខ្ជិលសំអាតចិត្ត សុខស្រួលតែនឹងដេកដំណេកជ្រូកស្រុក ។ល។ ទាំងអស់ជាដើមនេះសុទ្ធតែជាមេរោគ ជាសត្រូវ ជាគ្រឿងរារាំងផ្លូវមិនឲ្យកុសលធម៌ដទៃចូលមកជួយឧបត្ថម្ភ ទំនុកបំរុងនូវសតិសម្បជញ្ញៈបានឡើយ។ មនុស្សទន់ខ្សោយនូវសតិសម្បជញ្ញៈ រមែងធ្វើការច្របូកច្របល់ មិនគោរពតួនាទីរបស់ខ្លួន ឬគោរពមិនបានល្អ មិនបានសព្វគ្រប់ពេញលេញឡើយ។ មនុស្សយើងកើតមកមានតួនាទីច្រើនណាស់ ក្រៅពីតួនាទីជាមនុស្ស នៅមានតួនាទីជាម៉ែឪ តួនាទីជាបុត្តធីតា តួនាទីជាគ្រូអាចារ្យ តួនាទីជាសិស្ស តួនាទីជាប្ដី តួនាទីជាប្រពន្ធ តួនាទីជាមិត្ត តួនាទីជាចៅហ្វាយនាយ តួនាទីជាទាសកម្មករ តួនាទីជាអ្នកបួស ជាសមណព្រាហ្មណ៍ តួនាទីជាពុទ្ធបរិស័ទ តួនាទីជាអ្នកគ្រប់គ្រងភូមិស្រុកប្រទេសខេត្តខ័ណ្ឌ តួនាទីជាប្រជាពលរដ្ឋ និង ជាពិសេសតួនាទីដោះស្រាយបញ្ហាជីវិត ដែលជីវិតខ្លួនឯងបាននាមកជាមួយនូវបញ្ហាទាំងនោះ។ ជីវិតពិតជាទុក្ខ ទាំងពេលកើត ទាំងពេលចាស់ ទាំងពេលឈឺ ទាំងពេលស្លាប់ ជីវិតជាទុក្ខព្រោះលំបាកលំបិនក្នុងជីវភាពទីទ័លក្រ បើជាអ្នកធូរធារដោយសម្បត្តិ ជីវិតក៏ជាទុក្ខព្រោះលំបាកក្នុងការស្ងួនគ្រងរក្សា ទោះបីមានសេចក្ដីសុខខ្លះក្នុងជីវិតនេះ ក៏សេចក្ដីសុខនេះគ្រាន់តែជាធម្មជាតិម្យ៉ាង សម្រាប់បង្កើតតណ្ហា ដែលជាហេតុនៃសេចក្ដីទុក្ខមិនដាច់តែប៉ុណ្ណោះ សេចក្ដីសុខក្នុងលោក ជាសង្ខតធម៌ ជារបស់មារ ប្រៀបដូចទឹកឃ្មុំលាយឡំទៅដោយថ្នាំពិស។ ធ្វើជាមនុស្ស ត្រូវចេះទទួលស្គាល់គ្នា យ៉ាងហោចណាស់ក៏ចេះទទួលស្គាល់ថា គេជាមនុស្សជាអ្នកបានធ្វើបុណ្យអំពីជាតិមុនមកដែរ គ្រប់គ្នាទាំងអស់បានមកកើតក្នុងលោកនេះ មិនមានអ្វីជារបស់ខ្លួនពិតប្រាកដឡើយ បានត្រឹមតែសន្មតមួយពេលមួយគ្រាតែប៉ុណ្ណោះ ដូច្នេះមិនត្រូវអាស្រ័យវត្ថុក្នុងលោកនេះ ហើយមើលងាយដល់អ្នកដទៃនោះទេ ត្រូវខំពង្រឹងស្មារតី រកឧបាយទប់ស្កាត់នូវកិលេសជាគ្រឿងរារាំងដល់សេចក្ដីស្ងប់ ប្រញាប់រូតរះជម្រះផ្លូវមួយ សម្រាប់ចេញចាកលោកដោយមិនអាល័យ បានដល់អរិយមគ្គអង្គ៨។ ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ ដោយ៥០០០ឆ្នាំ |