អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,៤៩៣ ដង)
ឋានសួគ៌

|
ឋានសួគ៌
គេអាចនិយាយបានថា ឋានសួគ៌ ជាកន្លែងដែលយើងអាចកើតវិញ បន្ទាប់ពីស្លាប់ទៅ។ វាក៏អាចជាសភាពនៃចិត្តមួយផងដែរ។ ឧទាហរណ៍ មនុស្សឆេវឆាវម្នាក់អាចមានអារម្មណ៍អាក្រក់ជានិច្ច ហើយងាយនឹងច្រឡោតខឹងណាស់។ មនុស្សប្រភេទនេះនឹងធ្វើឲ្យអ្នកនៅជុំវិញគាត់ រួមទាំងខ្លួនគាត់រងនូវសេចក្ដីសោកសៅ និងពិបាកចិត្តគ្រប់ពេលវេលា។ ផ្ទុយទៅវិញ បុគ្គលណាម្នាក់ដែលមិនមានចិត្តឆេវឆាវ មានតែចិត្តស្ងប់ ហើយតែងតែរស់នៅជាសុខជាមួយខ្លួនគាត់នឹងអ្នកដទៃ។ ដោយសារតែសភាពនៃចិត្តអាក្រក់របស់គាត់ ជីវិតបុគ្គលឆេវឆាវប្រៀបបីដូចជាឋាននរកសម្រាប់គាត់ និងអ្នកនៅជុំវិញ។ មិនចាំបាច់និយាយថ្វីដល់អ្នកដែលមិនឆេវឆាវ និងអ្នកជុំវិញគាត់នឹងតែងតែរីករាយសប្បាយ ដូចជាជីវិតក្នុងឋានសួគ៌។ ពាក្យទូន្មានរបស់ព្រះសម្មាសម្ពុទ្ធផ្ដល់ឲ្យយើងនូវបទពិសោធន៍នៃឋានសួរនៅលើផែនដីនេះ ដោយបង្ហាញយើងនូវមធ្យោបាយដើម្បីសម្រេចនូវសភាពនៃចិត្តដ៏រីករាយ។ ក្រៅពីសភាវចិត្ត ពុទ្ធសាសនាមានជំនឿថា មានឋានជាច្រើនទៀតនៅក្នុងចក្កវាឡនេះ ហើយកន្លែងទាំងនេះអាចជាកន្លែងនៃសេចក្ដីទុក្ខ ឬសេចក្ដីសុខ។ តាមប្រពៃណី ឋាននៃសេចក្ដីទុក្ខ (ឋានទាប) មានឋាននរកជាដើម ហើយឋាននៃសេចក្ដីសុខ ឬឋានខ្ពស់ មានឋានមនុស្ស និងឋានទេវតាជាដើម។ ឋានណាមួយដែលយើងនឹងចាប់បដិសន្ធិ អាស្រ័យលើកម្មដែលយើងបានសន្សំដោយខ្លួនឯងក្នុងបច្ចុប្បន្នជាតិក៏ដូចជាកម្មដែលយើងបានសន្សំតាំងពីអតីតជាតិ។ កម្មនេះឯងជាផលនៃសកម្មភាព និងឥរិយាបទជាទម្លាប់របស់យើងក្នុងជីវិតប្រចាំថ្ងៃ។ គេមិនអាចកំណត់ ឬធ្វើស្ថិតិទំហំនៃអត្រាប្រជាជននៅលើផែនដីដែលជារង្វង់បិទជិតនោះទេ ព្រោះការចាប់បដិសន្ធិមិនមានកំណត់ថាមានតែក្នុងឋានមនុស្សឡើយ។ ក្រៅពីភពមនុស្ស នៅមានភពជាច្រើនទៀតក្នុងចក្កវាឡនេះ ជាកន្លែងដែលយើងទៅចាប់បដិសន្ធិ ឬជាកន្លែងដែលបដិសន្ធិអាចកើតឡើង។ ប្រសិនបើយើងធ្លាក់ទៅកើតក្នុងឋាននរក តើយើងនឹងនៅទីនោះរហូតឬ? ពុទ្ធសាសនិកមានជំនឿថា រយៈពេលដែលនឹងត្រូវសោយនូវសេចក្ដីទុក្ខនៅក្នុងឋាននរក វាអាស្រ័យលើទម្ងន់នៃអំពើអាក្រក់ដែលបានសន្សំទុកមក។ គ្មានបុគ្គលណាម្នាក់នឹងត្រូវទទួលនូវសេចក្ដីទុក្ខក្នុងឋាននរករហូតឡើយ មិនថាបុគ្គលនោះបានធ្វើអាក្រក់ច្រើនប៉ុណ្ណាក្នុងជីវិតនេះ។ ទោះបីជាសេចក្ដីទុក្ខនេះអាចមានរយៈពេលយូរក៏ដោយ តែសេចក្ដីទុក្ខនេះនឹងត្រូវបញ្ចប់នៅពេលណាអំពើអាក្រក់អស់សុពលភាព។ ដូច្នេះព្រះពុទ្ធសាសនាមិនយល់ស្របចំពោះទស្សនៈមិនសមហេតុផលនៃទណ្ឌកម្មគ្មានកំណត់ ចំពោះការធ្វើនូវអំពើអាក្រក់ដែលមានកំណត់នោះឡើយ។ ព្រះពុទ្ធសាសនាក៏មិនគំរាមកំហែងសាសនិកនៃសាសនាដទៃ ពីទម្រង់នៃការធ្វើទារុណ្ឌកម្មនោះទេ។ បុគ្គលម្នាក់ៗមានសេរីភាពក្នុងការជ្រើសរើសនូវជំនឿ និងមាគ៌ាផ្សេងៗសម្រាប់ខ្លួនឯង។ តើយើងអាចរស់នៅក្នុងឋានសួគ៌ជារៀងរហូតឬ? តើឋានសួគ៌ជាគោលដៅខ្ពស់បំផុតរបស់មនុស្សមែនទេ? មនុស្សសត្វទាំងឡាយដែលបានធ្វើនូវអំពើល្អច្រើន និងសន្សំនូវកុសលកម្មច្រើនអាចទៅកើតក្នុងឋានសួគ៌។ ប្រសិនបើបុគ្គលម្នាក់មិនទាន់សម្រេចព្រះនិព្វានទេនោះ ព្រះសម្មាសម្ពុទ្ធទ្រង់បានក្រើនរំឭកយើងទាំងអស់គ្នា ឲ្យដឹកនាំជីវិតប្រកបដោយសុចរិត និងសីលធម៌ដើម្បីឲ្យយើងបានទៅកើតក្នុងឋានខ្ពង់ខ្ពស់នោះឯង ហើយសំខាន់ជាងនោះទៅទៀត គឺដើម្បីការពារខ្លួនកុំឲ្យទៅក្នុងឋាននរក(ឋានថោកទាប)។ រីឯឋានសួគ៌មានរយៈពេលយូរអនេកអនន្តមែន ប៉ុន្តែវាមិនមែនជាអមតៈនោះដែរ។ សត្វក្នុងឋានសួគ៌នោះក៏នឹងត្រូវស្លាប់ (ចុតិ) ហើយត្រូវចាប់បដិសន្ធិនៅកន្លែងផ្សេងទៀតនៅពេលណាមួយ ពេលកុសលកម្មរបស់ពួកគេអស់សុពលភាព។ ដោយសារហេតុនោះហើយ ទើបពុទ្ធសាសនាមិនបានចាត់ទុកការកើតនៅក្នុងឋានសួគ៌ថា ជាគោលដៅឧត្ដមបំផុត គឺសម្រេចបាននូវព្រះនិព្វាន។ គេបាននិយាយថា នន្ទភិក្ខុដែលត្រូវជាប្អូនប្រុសរបស់ព្រះសម្មាសម្ពុទ្ធបានអាក់អន់ចិត្ត នឿយណាយ និងធុញទ្រាន់នឹងជីវិតផ្នួស ហើយបានទូលប្រាប់ព្រះពុទ្ធថា ព្រះអង្គចង់លះបង់ចោលនូវឧត្ដមភេទនេះ។ នៅពេលមួយព្រះសម្មាសម្ពុទ្ធបាននាំនន្ទភិក្ខុនេះ ទៅកាន់ឋានទេវលោកមួយ ហើយបានបង្ហាញនន្ទភិក្ខុ នូវសេចក្ដីរីករាយត្រេកអររបស់ឋាននោះ។ ព្រះសម្មាសម្ពុទ្ធបានសន្យានឹងនន្ទភិក្ខុថា នន្ទឯងក៏អាចសោយនូវសេចក្ដីសុខសប្បាយរីករាយទាំងអស់នេះបាន ឲ្យតែនន្ទប្រតិបត្តិនូវព្រះធម៌បានល្អប្រពៃ។ រឿងនេះបានដាស់តឿនក្រើនរំលឹកនន្ទភក្ខុ ហើយព្រះអង្គបានប្រតិបត្តិយ៉ាងម៉ត់ចត់ ដើម្បីឲ្យបានទៅកើតនៅក្នុងឋានសួគ៌នោះ។ ខណៈពេលកំពុងប្រតិបត្តិ នន្ទភិក្ខុបានកំណត់ដឹងច្បាស់បន្តិចម្ដងៗថា ព្រះនិព្វានជាសេចក្ដីសុខស្ងប់ដ៏ឧត្ដមបំផុត ជាងសេចក្ដីសុខនៅ ឋានសួគ៌ហើយព្រះអង្គបានរលាស់ចោលនូវសេចក្ដីសន្យាជាមួយព្រះពុទ្ធ។ អ៊ីចឹង! ចុះតើព្រះនិព្វានជាអ្វីដែរ? ប្រសិនបើមិនទាន់បានប្រតិបត្តិព្រះពុទ្ធសាសនា និងមិនទាន់ធ្វើដំណើរតាមមាគ៌ាដែលព្រះសម្មាសម្ពុទ្ធទ្រង់បានសម្ដែងទេ នោះព្រះនិព្វានអាចជាទស្សនៈដ៏លំបាកក្នុងការកាន់យក ឬឈ្វេងយល់ណាស់។ វាមិនខុសអ្វីពីការព្យាយាមពន្យល់អំពីពណ៌ដល់មនុស្សខ្វាក់ ឬសម្លេងដល់មនុស្សថ្លង់នោះទេ។ ភាសាសាមញ្ញមិនអាចពន្យល់រៀបរាប់ដោយសព្វគ្រប់ពីព្រះនិព្វានឡើយ។ មានតែតាមរយះបទពិសោធន៌ប៉ុណ្ណោះទើបអាចឈ្វេងយល់បាន។ ទោះជាយ៉ាងណា ដោយសង្ខេបខ្លី ព្រះនិព្វានគឺការអនុវត្តមាននៃតណ្ហា និងសេចក្ដីទុក្ខទាំងឡាយ។ អ្នកសម្រេចនូវព្រះនិព្វានគឺជាបុគ្គលដែលបានកម្ចាត់បង់នូវសេចក្ដីលោភ (លោភៈ) សេចក្ដីក្រោធ (ទោសៈ) និងសេចក្ដីវង្វេង (មោហៈ) ។ ព្រះនិព្វានជាសភាពនៃបរមសុខតែម្យ៉ាង ដោយមិនមានបដិសន្ធិតទៅទៀត។ ព្រះសម្មាសម្ពុទ្ធទ្រង់បានសម្ដែងប្រាប់យើងនូវរបៀបកាត់បន្ថយ និងបញ្ចប់នូវសេចក្ដីលោភលន់ សេចក្ដីក្រោធខឹង និងសេចក្ដីវង្វេងបន្តិចម្ដងៗ នៅគ្រប់ទម្រង់ផ្សេងៗរបស់វា។ រឿងនេះអាចធ្វើទៅបាន មានតែតាមរយៈការចម្រើននូវសប្បុរសធម៌ និងសេចក្ដីអាណិតអាសូរ ខន្តី និងករុណាធម៌ សីល សមាធិ និងបញ្ញា។ ដូច្នេះឆ្លងកាត់ការប្រតិបត្តិនូវព្រះធម៌ដោយប្រពៃ ក្នុងចំណោមយើងទាំងអស់គ្នានេះ គង់មានបុគ្គលណាមួយអាចសម្រេចនូវសេចក្ដីស្ងប់ និងសេចក្ដីសុខនៃព្រះនិព្វាន សូម្បីតែនៅក្នុងជីវិតបច្ចុប្បន្ននេះ។ ចូរសង្កេតពិនិត្យ និងព្យាយាមប្រតិបត្តិនូវព្រះពុទ្ធវចនៈក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នក តាមលទ្ធភាពដែលអាចធ្វើទៅបាន។ ចូរសោយនូវសេចក្ដីសុខក្នុងឋានសួគ៌ ក្នុងពេលអ្នកនៅរស់ហ្នឹងហើយ មិនចាំបាច់រង់ចាំដល់ថ្ងៃស្លាប់នោះទេ។ ឋានសួគ៌គឺនៅបច្ចុប្បន្នជាតិនេះឯង រីឯរសនៃព្រះនិព្វានក៏នៅក្នុងជាតិនេះដែរ។ ដកស្រង់ចេញពីសៀវភៅ ឋានសួគ៌សម្រាប់មនុស្សល្អ ដោយ៥០០០ឆ្នាំ |