អានអត្ថបទ
ផ្សាយ : ៣១ តុលា ឆ្នាំ២០២២ (អាន: ៤៣,៨៣២ ដង)
រឿងព្រះមាល័យ

|
រឿងព្រះមាល័យ
ព្រះមាល័យ ជាអង្គព្រះអរហន្តមានមហិទ្ធិឬទ្ធិប្រហាក់ប្រហែលនឹងព្រះមោគ្គល្លាន។ ថ្ងៃមួយព្រះមាល័យប្រារព្ធចុះទៅឋាននរក ផ្កាឈូកដុះឡើងប៉ុនកង់រទេះទទួលលោក ហើយលោកអធិដ្ឋានដោយឬទ្ធិក៏អណ្ដែតចុះទៅដល់ឋាននរក ពេលបានឃើញសត្វនរកកំពុងរងទុក្ខសែនមហាខ្លោចផ្សា ទើបលោកប្រើថាមពលបដិហារ្យសំដែងឬទ្ធិ ធ្វើឲ្យកើតជាភ្លៀងរលត់ភ្លើងនរកគ្រប់កន្លែងឲ្យត្រជាក់ស្រួល ធ្វើខ្ទះទង់ដែងឲ្យបែកខ្ចាត់ខ្ចាយ ធ្វើភ្នំភ្លើងឲ្យរលាយ ធ្វើរកាដែកឲ្យបាក់ខ្ទេចខ្ទី ធ្វើស្ទឹងប្រៃឲ្យផ្អែមជាដើម។ ពួកសត្វនរកមានចិត្តសប្បាយរីករាយជាខ្លាំងដោយធូរស្បើយអំពីសេចក្ដីទុក្ខដ៏សែនខ្លោចផ្សា បាននាំគ្នាក្រឡេកឡើងមើលឃើញព្រះមាល័យ ក៏ចូលទៅកុះករ លើកដៃប្រណម្យថ្វាយបង្គំរួចទូលសួរថា ព្រះតេជគុណនិមន្តមកអំពីណា?។ ព្រះមាល័យតបថា អាត្មាមកពីជម្ពូទ្វីបជាទីនៅនៃមនុស្សលោក។ សត្វនរកនិយាយទាំងយំស្រែកថា បពិត្រព្រះគុណម្ចាស់ យើងខ្ញុំឃើញលោកម្ចាស់ជាលាភធំដុំណាស់ ចាត់ជាទស្សនានុត្តរិយៈយ៉ាងប្រសើរ។ កាលពីថ្ងៃមុន ព្រះមហាមោគ្គល្លានបាននិមន្តមកប្រោសពួកយើងខ្ញុំឲ្យបានសេចក្ដីសុខសប្បាយយ៉ាងអស្ចារ្យម្ដងរួចមកហើយ ឥឡូវបានព្រះតេជគុណនិមន្តមកប្រោសពួកយើងខ្ញុំជាលើកទី ២ ជាភ័ព្វព្រេងល្អណាស់ សូមអង្វរព្រះតេជគុណមេត្តានិមន្តយាងស្ដេចយមរាជឲ្យឃាត់ពួក នាយនិរយបាលកុំឲ្យធ្វើបាបពួកយើងពេក។ ម្យ៉ាងទៀត លោកម្ចាស់ត្រឡប់ទៅជម្ពូទ្វីបវិញសូមផ្ដាំញាតិមិត្តរបស់យើងខ្ញុំផង ឲ្យពួកគេខំប្រឹងប្រែងធ្វើបុណ្យកុសល និងឧទ្ទិសកុសលកម្មឲ្យពួកយើងខ្ញុំផង ហើយសូមព្រះតេជគុណជួយហាមប្រាមដល់ពួកញាតិរបស់យើងខ្ញុំផង កុំឲ្យគេធ្វើអំពើអាក្រក់ឲ្យសោះ ហេតុដែលនាំឲ្យពួកយើងធ្លាក់មកកាន់នរកសោយទុក្ខធ្ងន់សម្បើមអស្ចារ្យយ៉ាងនេះ ព្រោះកាលនៅជាមនុស្សយើងបានប្រព្រឹត្តអំពើអាក្រក់ទាំងឡាយ ច្រើនប្រការ មានការសម្លាប់សត្វជាដើម។ ព្រះមាល័យបានស្ដាប់ពាក្យអង្វរកររបស់សត្វនរកដូច្នេះហើយក៏មានព្រះទ័យករុណាកើតឡើង ទើបចូលឈានមានអភិញ្ញាជាទីតាំងហោះសំដៅទៅរកស្ដេចយមរាជ បានដល់ប្រាសាទយ៉ាងលឿនប្រហែលផ្ទាត់ម្រាមដៃម្ដង។ គ្រានោះអាមាត្យ ឈ្មោះ សរិគុត្ត អ្នកឈរយាមទ្វារ ដឹងអធ្យាស្រ័យរបស់ព្រះថេរៈ ហើយក៏ចូលទៅក្រាបទូលដំណឹងដល់ស្ដេចយមរាជៗ បានទ្រង់រាជានុញ្ញាតិឲ្យព្រះថេរៈចូលមកជួបដោយសេរី។ ព្រះថេរៈចូលទៅក្នុងប្រាសាទបានគង់លើអាសនៈដ៏សមគួរ ហើយស្ដេចយមរាជព្រមទាំងបរិវារក៏ក្រាបបង្គំដោយគោរព រួចត្រាស់សួរថា កុតោ អាគច្ឆថ ភន្តេ បពិត្រព្រះគុណម្ចាស់ដ៏ចំរើន តើព្រះគុណម្ចាស់និមន្តមកពីទីណាហ្ន៎? ចង់ជួបនិងញោម តើមានថេរកិច្ចយ៉ាងណាខ្លះ? ព្រះមាល័យថ្វាយព្រះពរថា អាត្មាភាពធ្វើដំណើរមកពីជម្ពូទ្វីប ប្រាថ្នាមកជួបនឹងព្រះអង្គ។ យមរាជ : ព្រះតេជគុណម្ចាស់ព្រះនាមអ្វី? មាល័យ : អាត្មាភាពព្រះនាមមាល័យទេវថេរៈ។ យមរាជ : ញោមសង្ស័យណាស់ព្រះនាមរបស់ព្រះគុណម្ចាស់វែងអ្វីម្លេះ? តើបានសេចក្ដីថាដូចម្ដេចទៅ? មាល័យ : ថ្វាយព្រះពរ បើស្ដេចមានប្រាថ្នាចង់ជ្រាបអំពីសេចក្ដីនៃនាមរបស់អាត្មាភាពៗ នឹងថ្វាយសេចក្ដីប្រាប់។ ដែលឈ្មោះថា មាល័យ ព្រោះអាត្មាភាពតែងគង់នៅក្នុងកោះមាល័យដែលមានដើមខ្លឹមចន្ទន៍ក្រហមច្រើន បានជាអ្នកផងទាំងពួងហៅអាត្មាថា មាល័យ ដូច្នេះ ជាប់ជាហូរហែមក។ ពាក្យថា ទេវៈ ពីព្រោះអាត្មាភាពជាវិសុទ្ធិទេពដ៏ប្រសើរជាងទេព្តានិងមនុស្សទាំងឡាយ។ ពាក្យថា ថេរៈ ពីព្រោះអាត្មាភាពជាអ្នកមាំមួនខ្ជាប់ខ្ជួនដោយសីល សមាធិ បញ្ញា។ រួមទាំងពាក្យថា មាល័យ ទេវថេរៈ បានសេចក្ដីថា ព្រះមាល័យជាវិសុទ្ធិទេពខ្ជាប់ខ្ជួនដោយសីល សមាធិ បញ្ញា។
យមរាជ : តាមដែលព្រះគុណវិសជ្ជនាមកនេះ ញោមស្ដាប់យល់ចូលចិត្តហើយ ប៉ុន្តែតើព្រះគុណម្ចាស់និមន្តមកនេះមានកិច្ចការអ្វី? មាល័យ : អាត្មាភាពធ្វើដំណើរមកកាន់សំណាក់របស់ព្រះអង្គក្នុងថ្ងៃនេះមានបំណងចង់សន្ទនាសាកច្ឆាការពិតថា បណ្ដាសត្វនរកទាំងឡាយដែលបានរង់ទុក្ខវេទនារួចហើយ និងកំពុងរងទុក្ខព្រមទាំងបំរុងនឹងមករងទុក្ខក្នុងសំណាក់របស់ព្រះអង្គជាបន្តបន្ទាប់គ្នានេះ តើអំពើគ្រប់បែបយ៉ាងព្រះអង្គជាអ្នកបង្គាប់បញ្ជាឬ? ឬមួយនាយ និរយបាលធ្វើដោយចិត្តឯងទៅទេ? យមរាជ : ញោមមិនបានចេញពាក្យបង្គាប់ដោយខ្លួនឯងទេ។
មាល័យ : បើដូច្នេះទេ តើអ្នកណាជាអ្នកបង្គាប់បញ្ជាទៅ? យមរាជ : អំពើដែលសត្វលោកកាលនៅជាមនុស្សធ្វើដោយ កាយទុច្ចរិត វិចីទុច្ចរិត មនោទុច្ចរិត ហ្នឹងហើយ ដែលបណ្ដាលឲ្យធ្លាក់មកទទួលផលបាបរបស់ខ្លួនយ៉ាងនេះ។ មាល័យ : ស្ដេចត្រាស់ថា មិនបានបង្គាប់ទេ គឺផលកម្មជាអ្នកបង្គាប់ អាត្មាភាពចូលចិត្តហើយ ប៉ុន្តែគួរដែរឬ? បើព្រះអង្គគង់នៅស្ងៀម កន្តឹមកន្តើយ មិនរវល់ មិនហាមប្រាមនាយនិរយបាល ឲ្យបន្ធូរបន្ថយបន្ថើរដៃខ្លះផង បណ្ដោយឲ្យធ្វើបាបគេទទេៗយ៉ាងនេះមិនសំណំសំនួនទាល់តែសោះ។ យមរាជ : ព្វយ៉ា ! ព្រះមាល័យកិនញោមដូចគេកិនអង្ករហើយតើ! រឿងនេះសូមពិតថា ញោមបន្ធូរបន្ថយមិនបានជាដាច់ខាត។ ពីព្រោះញោមមិនមែនជាម្ចាស់បាបកម្មរបស់សត្វនរកនោះឯណា សត្វណាធ្វើបាបច្រើនក៏ត្រូវមកទទួលទោសធ្ងន់ សត្វណាធ្វើបាបតិចក៏ត្រូវទទួលទោសស្រាល។ បើព្រះគុណម្ចាស់ចង់ជ្រាប ចាំញោមពិតឲ្យជ្រាបថា មនុស្សមានបាប កាលបើដល់ពេលស្លាប់ ត្រូវចុះមកកាន់ឋាននរកតាមកម្មរបស់ខ្លួនដែលនាំមកពួកនាយនិរយបាលបានបណ្ដើរមកឲ្យញោមៗ ឃើញហើយក៏មានចិត្តអាណិតស្ទើរបែកប្រមាត់។ កាលនាយនិរយបាលសូត្របញ្ជីទោសអាក្រក់ឲ្យស្ដាប់ហើយ ញោមរឹតតែអាសូរឡើង រួចញោមក៏បានសួរនូវទេវទូតទាំង៥ប្រការក្នុងទីចំពោះមុខសត្វនោះដើម្បីឲ្យសត្វទាំងឡាយនោះមានស្មារតីឆ្លើយរួចនូវបញ្ហាណាមួយញោមនឹងលើកលែងទោសឲ្យឡើងទៅកាន់ឋានសួគ៌បាន។ ប៉ុន្តែកុំងាយមានឃើញសត្វណាមួយឆ្លើយរួចសោះ ថែមទាំងពោលពាក្យទ្រគោះបោះបោកមកលើញោមទៀតផង។ ញោមទ័លគំនិតក៏បង្គាប់ឲ្យនាយនិរយបាលនាំខ្លួនទៅទម្លាក់ក្នុងរណ្ដៅនរក ឲ្យសោយទុក្ខតាមកម្មរបស់ខ្លួន ដើម្បីឲ្យរាងចាល។ មាល័យ : យីអើ! មកពីនោះមកដល់នេះ គឺសង្វាតមកសួរការទេតើ បើមិនកិនម្ដេចនឹងបានអង្ករ បើមិនសួរធ្វើម៉េចនឹងបានដឹងខុសត្រូវ។ តើមហាបពិត្រសួរនូវទេវទូតនោះយ៉ាងដូចម្ដេចទៅ? ទេវទូតទាំង ៥ ប្រការនោះ គឺអ្វីខ្លះទៅ? យមរាជ : បពិត្រព្រះគុណម្ចាស់! បន្ទាប់ពីនាយនិរយបាលបានអានបញ្ជីទោសកំហុសរបស់សត្វនោះហើយ ញោមក៏សួរទេវទូតទាំង ៥ ប្រការដោយសំដីទន់ភ្លន់ ផ្អែមល្ហែមថា ទេវទូតទី១
យមរាជ = អម្ភោ ន ត្វំ អន្ទស មនុស្សេសុ បឋមំ ទេវទូតំ បាតុភូតន្តិ ម្នាលបុរសដ៏ចម្រើន អ្នកឯងមិនបានឃើញនូវទេវទូតទី ១ ដែលកើតប្រាកដក្នុងមនុស្ស លោកទេឬ? បុរស = នាទ្ទសំ ភន្តេតិ សូមទ្រង់ព្រះមេត្តាប្រោសខ្ញុំព្រះអង្គមិនបានឃើញទេ។ យមរាជ = អម្ភោ បុរិស ។ល។ សេមានន្តិ ម្នាលបុរសដ៏ចម្រើន អ្នកឯងមិនបានឃើញកូនខ្ចីកំពុងដេកផ្ងារ ដេកត្រាំក្នុងទឹកមូត្រ និង លាមករបស់ក្នុងមនុស្ស លោកទេឬ? បុរស = សទ្ទសំ ភន្តេតិ សូមទ្រង់ព្រះមេត្តាប្រោសខ្ញុំព្រះអង្គបានឃើញ។ យមរាជ = អម្ភោ បុរិស តស្ស ។ល។ មនសាតិ ម្នាលបុរសដ៏ចម្រើន តាំងតែពីអ្នកធំដឹងក្ដីរហូតដល់ខ្លួនចាស់ តើធ្លាប់មានគំនិតថា អាត្មាអញនេះឯង មានជាតិគឺការកើតជាធម្មតាមិនអាចកន្លងនូវជាតិបានឡើយ កាលបើអាត្មាអញស្លាប់ទៅនឹងត្រូវត្រឡប់មកកើតដេកនៅច្រឡំដោយទឹកមូត្រនិងលាមកខ្លួនឯងទៀតមិនខាន បើដូច្នោះគួរតែអាត្មាអញធ្វើនូវអំពើល្អ ដោយកាយ ដោយវាចា ដោយចិត្តដូច្នេះ ដែរឬ? បុរស = នាសក្ខិស្សំ ភន្តេ បមាទស្សំ ភន្តេតិ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គមិនអាចនឹងគិតឃើញដូច្នោះបានឡើយ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គជាមនុស្សប្រមាទ (ខ្ញុំព្រះអង្គគិតតែពីការរកស៊ី ចិញ្ចឹមជីវិតតែប៉ុណ្ណោះ)។ យមរាជ = អម្ភោ បុរិស បមាទវតាយ ។ល។ បដិសំវេទស្សសីតិ ម្នាលបុរសដ៏ចម្រើន ព្រោះតែសេចក្ដីប្រមាទ បានជាអ្នកឯងមិនបានធ្វើអំពើល្អ ដោយកាយ ដោយវាចា ដោយចិត្ត។ អើបុរស បើអ្នកឯងមានសេចក្ដីប្រមាទយ៉ាងណា ពួកនិរយបាលនឹងធ្វើ (ទារុណកម្មដល់អ្នកឯង) យ៉ាងនោះ ព្រោះបាបកម្មរបស់អ្នកឯងនោះ មិនមែនមាតាធ្វើឲ្យទេ មិនមែនបិតាធ្វើឲ្យទេ មិនមែនបងប្អូនប្រុសធ្វើឲ្យទេ មិនមែនបងប្អូនស្រីធ្វើឲ្យទេ មិនមែនពួកមិត្តអាមាត្យធ្វើឲ្យទេ មិនមែនពួកញាតិសាលោហិតធ្វើឲ្យទេ មិនមែនពួកសមណព្រាហ្មធ្វើឲ្យទេ មិនមែនទេវតាទាំងឡាយធ្វើឲ្យទេ ឯបាបកម្មនុះ គឺអ្នកឯងធ្វើខ្លួនឯង អ្នកឯងនឹងត្រូវទទួលនូវវិបាកនៃកម្មនោះវិញ។ ទេវទូតទី ២
កាលបើបុរសនោះ ឆ្លើយថាខ្លួនឯងមិនបានស្គាល់នូវទេវទូតទី១ ព្រោះហេតុតែខ្លួនជាមនុស្សប្រមាទដូច្នេះហើយ ស្ដេចយមរាជក៏តាំងសួរដេញដោល សួរឈ្លេចឈ្លីនូវទេវទូតទី ២ ទៀតថា យមរាជ = អម្ភោ បរិស ន ត្វំ អទ្ទស មនុស្សេសុ ទុតិយំ ទេវទូតំ បាតុភូតន្តិ ម្នាលបុរសដ៏ចម្រើនអ្នកឯងមិនបានឃើញនូវទេវទូតទី២ ដែលកើតប្រាកដក្នុងមនុស្សលោកទេឬ? បុរស = នាទ្ទសំ ភន្តេតិ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គមិនបានឃើញទេ។ យមរាជ = អម្ភោ បុរិស ។ល។ តិលកាហតគត្តន្តិ នែបុរសដ៏ចម្រើន ចុះអ្នកឯងមិនបានឃើញស្ត្រី ឬបុរស មានអាយុ ៨០ឆ្នាំ ៩០ឆ្នាំ ១០០ឆ្នាំ ដែលចាស់គ្រាំគ្រាមានឆ្អឹងជំនីកោងដូចជាបង្កង់ផ្ទះ មានកាយកោងកាន់ឈើច្រត់ដើរទៅញ័ររន្ធត់ក្ដៅអន្ទះសារ មានធ្មេញបាក់ មានសក់ស្កូវ មានក្បាលឆក មានក្បាលទំពែក មានស្បែកជ្រីវជ្រួញ មានខ្លួនសៅហ្មងដោយប្រជ្រុយ ក្នុងមនុស្សលោកទេឬ? បុរស = អទ្ទសំ ភន្តេតិ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គបានឃើញ។ យមរាជ អម្ភោ បរិស ។ល។ មនសាតិ ម្នាលបុរសដ៏ចម្រើន ចាប់តាំងពីអ្នកឯងធំដឹងក្ដីរហូតដល់ចាស់ តើអ្នកធ្លាប់មានគំនិតថា អាត្មាអញមានសេចក្ដីចាស់គ្រាំគ្រាជាធម្មតា មិនអាចគេជវេះអំពីសេចក្ដីចាស់គ្រាំគ្រាទៅបានឡើយ បើដូច្នេះ (មុនពេលដែលអាត្មាអញ ក្លាយទៅជាមនុស្សចាស់ជរា) អាត្មាអញគួរតែធ្វើអំពើល្អ ដោយកាយ ដោយវាចា និងដោយចិត្ត (ឲ្យបានច្រើន) ដូច្នេះដែរឬ?
បុរស = នាសក្ខិស្សំ ភន្តេ បមាទស្សំ ភន្តេតិ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គមិនអាច (នឹងគិតឃើញទេ) សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គជាមនុស្សប្រមាទ។ យមរាជ = អម្ភោ បុរិស បមាទវតាយ ។ល។ បដិសំវេទិស្សសីតិ ម្នាលបុរសដ៏ចម្រើន ព្រោះតែសេចក្ដីប្រមាទ បានជាអ្នកឯងមិនបានធ្វើអំពើល្អ ដោយកាយ ដោយវាចា ដោយចិត្ត។ អើ បុរស បើអ្នកឯងមានសេចក្ដីប្រមាទ (ហើយធ្វើនូវអំពើបាបកម្ម) យ៉ាងនោះវិញ ត្បិតបាបកម្មរបស់អ្នកនោះ មិនមែនមាតា ធ្វើឲ្យទេ ។ល។ មិនមែនទេវតាទាំងឡាយធ្វើឲ្យទេ ឯបាបកម្មនុះគឺអ្នកឯងបានធ្វើដោយខ្លួនឯង អ្នកឯងនឹងត្រូវទទួលនូវវិបាកនៃបាបកម្មនោះវិញ។ ទេវទូតទី ៣
ស្ដេចយមរាជក៏បន្តសួរដេញដោល សួរឈ្លេចឈ្លីនូវទេវទូតទី ៣ បន្តទៀត យមរាជ = អម្ភោ បុរិស ន ត្វំ អន្ទស មនុស្សេសុ តតិយំ ទេវទូតំ បាតុភូតន្តិ ម្នាលបុរសដ៏ចម្រើន អ្នកឯងមិនបានឃើញនូវទេវទូតទី ៣ ដែលកើតប្រាកដក្នុងមនុស្សលោកទេឬ?
បុរស = នាទ្ទសំ ភន្តេតិ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គមិនបានឃើញទេ។ យមរាជ = អម្ភោ បុរិស ន ត្វំ ។ល។ ប វេសិយមានន្តិ នែបុរសដ៏ចម្រើន អ្នកឯងមិនធ្លាប់បានឃើញស្ត្រី ឬបុរសដេលមានជម្ងឺដល់នូវសេចក្ដីលំបាក កំពុងដេកត្រាំក្នុងទឹកមូត្រលាមករបស់ខ្លួន(មានការលំបាក់យ៉ាកយ៉ាប់ដោយជម្ងឺទាំងឡាយដូចជាគ្រុនក្ដៅ គ្រុនចាញ់ រោគថ្លើម រោគខ្យល់ រោគធ្លាក់ឈាមជាដើម ដេកថ្ងូររហ៊ឹះ) លុះតែមានពួកជនដទៃជួយគ្រាហ៍ ទើបក្រោកឡើងរួច ក្នុងមនុស្សលោកដែរឬ? បុរស = អទ្ទសំ ភន្តេតិ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គធ្លាប់បានឃើញ។ យមរាជ = អម្ភោ បុរិស តស្ស ។ល។ មនសាតិ ម្នាលបុរសដ៏ចម្រើន តាំងតែពីអ្នកធំដឹងក្ដីរហូតដល់ចាស់ តើធ្លាប់មានគំនិតថា អាត្មាអញនេះមានជម្ងឺជាធម្មតាមិនអាចបង់នូវជម្ងឺទៅបានឡើយ បើដូច្នេះ (មុនពេលដែលរោគទាំងឡាយចូលមកយាយឺរុករានរូបកាយរបស់អាត្មាអញ) គួរណាស់តែអាត្មាអញធ្វើនូវអំពើល្អ ដោយកាយ ដោយវាចា ដោយចិត្ត ដូច្នេះដែរឬទេ? បុរស = នាសក្ខិស្សំ ភន្តេ បមាទស្សំ ភន្តេតិ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គមិនអាច (ដឹងគិតឃើញ) ទេ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គជាមនុស្សប្រមាទ។ យមរាជ = អម្ភោ បុរិស បមាទ វតាយ ។ល។ បដិសំវេទិស្សសីតិ ម្នាលបុរសដ៏ចម្រើន ព្រោះតែសេចក្ដីប្រមាទបានជាអ្នកឯង មិនបានធ្វើអំពើល្អ ដោយកាយ ដោយវាចា ដោយចិត្ត។ អើបុរស បើអ្នកឯងមានសេចក្ដីប្រមាទ(ប្រព្រឹត្តិធ្វើនូវបាបកម្ម) យ៉ាងណា នាយនិរយបាលនឹងធ្វើ (នូវទោសដល់អ្នក) យ៉ាងនោះវិញ ត្បិតថាបាបកម្មរបស់អ្នកឯងនោះមិនមែនមាតាធ្វើឲ្យទេ មិនមែនបិតាធ្វើឲ្យទេ ។ល។ មិនមែនទេវតាទាំងឡាយធ្វើឲ្យទេ បាបកម្មនុះគឺអ្នកឯង បានប្រព្រឹត្តិធ្វើដោយខ្លួនឯង អ្នកឯងនឹងត្រូវទទួលនូវវិបាកនៃបាបកម្មនេះវិញ។ ទេវទូតទី ៤
បន្ទាប់មកស្ដេចយមរាជក៏បន្តសួរ ឈ្លេចឈ្លីនូវទេវទូត ទី ៤ ជាបន្តទៀតថា យមរាជ = អម្ភោ បុរិស ន ត្វំ អន្ទសំ មនុស្សស្សេសុ ចតុត្ថំ ទេវទូតំ បាតុភូតន្តិ តែបុរសដ៏ចម្រើន តើអ្នកឯងធ្លាប់បានឃើញទេវទូតទី ៤ ដែលប្រាកដក្នុងមនុស្សលោកទេឬ?
បុរស = នាទ្ទសំ ភន្តេតិ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គមិនបានឃើញទេ។ យមរាជ = អម្ភោ បុរិស ន ត្វំ ។ល។ ឆិន្ទន្តេតិ ម្នាលបុរសដ៏ចម្រើន ចុះអ្នកឯងធ្លាប់បានឃើញនូវព្រះរាជាទាំងឡាយ កាលចាប់ចោរដែលប្រព្រឹត្តអាក្រក់បានហើយ តែងត្រាស់បង្គាប់ឲ្យគេធ្វើទោសទាំងឡាយច្រើនប្រការដល់ចោរនោះ ដូចជាឲ្យគេវាយដំច្រំធាក់ ឲ្យកាត់ដៃ កាត់ជើង កាត់ស្លឹកត្រចៀក កាត់ច្រមុះ ដាក់គុក ដាក់ច្រវាក់ ។ល។ រហូតដល់សម្លាប់ដោយការព្យួរក ឬកាត់កជាដើម ដូច្នេះដែរឬទេ? បុរស = អន្ទសំ ភន្តេតិ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គធ្លាប់បានឃើញ។ យមរាជ = អម្ភោ បុរិស តស្ស ។ល។ មនសាតិ នែបុរសដ៏ចម្រើន ការប្រព្រឹត្តនូវអំពើលាមក អំពើបាប អំពើអកុសល សូម្បីតែក្នុងបច្ចុប្បន្ននេះ ក៏ត្រូវគេធ្វើទោស ដាក់ទារុណកម្មយ៉ាងនេះទៅហើយ ចាំបាច់និយាយថ្វីដល់ទៅទុក្ខទោសនៅក្នុងបរលោកបើដូច្នេះគួរណាស់តែអាត្មាអញប្រញាប់ប្រញាល់ធ្វើនូវអំពើល្អដោយការ ដោយវាចា ដោយចិត្ត ដូច្នេះដែរឬទេ? បុរស = នាសក្ខិស្សំ ភន្តេ បមាទស្សំ ភន្តេតិ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គមិនអាច (ដឹងគិតឃើញ) ទេ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គជាមនុស្សប្រមាទ។ យមរាជ = អម្ភោ បុរិស បមាទ វតាយ ។ល។ បដិសំវេទិស្សសីតិ ម្នាលបុរសដ៏ចម្រើន ព្រោះតែសេចក្ដីប្រមាទបានជាអ្នកឯង មិនបានធ្វើអំពើល្អ ដោយកាយ ដោយវាចា ដោយចិត្ត។ អើបុរស បើអ្នកឯងមានសេចក្ដីប្រមាទ(ប្រព្រឹត្តិធ្វើនូវបាបកម្ម) យ៉ាងណា នាយនិរយបាលនឹងធ្វើ (នូវទោសដល់អ្នក) យ៉ាងនោះវិញ ត្បិតថាបាបកម្មរបស់អ្នកឯងនោះមិនមែនមាតាធ្វើឲ្យទេ មិនមែនបិតាធ្វើឲ្យទេ ។ល។ មិនមែនទេវតាទាំងឡាយធ្វើឲ្យទេ បាបកម្មនុះគឺអ្នកឯង បានប្រព្រឹត្តិធ្វើដោយខ្លួនឯង អ្នកឯងនឹងត្រូវទទួលនូវវិបាកនៃបាបកម្មនេះវិញ។ ទេវទូតទី ៥
បុរសនោះ បើទោះបីជាស្ដេចយមរាជសួរដេញដោលទាំងពីទេវទូតទី ១ រហូតដល់ទេវទូតទី ៤ ក៏នៅតែមិនជាអ្នកមិនមានស្មារតីដដែល ព្រោះភាវៈនៃខ្លួនជាមនុស្សធ្លាប់មានសេចក្ដីប្រមាទប្រកបដោយមច្ឆាទិដ្ឋិ មិនជឿបុណ្យបាប មិនដឹងគុណទោសស្ដេចយមរាជក៏ចាប់ផ្ដើម សួរទេវទូត ទី ៥ ជាលើកចុងក្រោយ យមរាជ = អម្ភោ បុរិស ន ត្វំ អន្ទសំ មនុស្សេសុ បញ្ចមំ ទេវទូតំ បាតុភូតន្តិ ម្នាលបុរសដ៏ចម្រើន អ្នកឯងមិនធ្លាប់ឃើញនូវទេវទូតទី ៥ ដែលកើតប្រាកដក្នុងមនុស្សលោកទេឬ? បុរស = នាទ្ទសំ ភន្តេតិ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គមិនធ្លាប់ឃើញទេ។ យមរាជ = អម្ភោ បុរិស ន ត្វំ ។ល។ វិបុព្វកជាតន្តិ នែបុរសដ៏កំសត់ បើអ្នកឯងមិនធ្លាប់បានឃើញស្ត្រី ឬបុរសដែលស្លាប់អស់មួយថ្ងៃ ឬស្លាប់អស់ពីរថ្ងៃ ឬស្លាប់អស់បីថ្ងៃ កំពុងហើម ប៉ោង មានសម្បុរខៀវ ច្រើនមានខ្ទុះឈាមហូរចេញតាមទ្វារងផ្សេងៗឬទេ? បុរស = អន្ទសំ ភន្តេតិ = សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គធ្លាប់បានឃើញ។ យមរាជ = អម្ភោ បុរិស តស្ស ។ល។ មន_សាតិ ម្នាលបុរសដ៏ចម្រើន ចាប់តាំងពីកាលដែលអ្នកឯងធំដឹងក្ដីរហូតដល់ចាស់ តើធ្លាប់មានគំនិតថា (ទីបំផុតអាត្មាអញនឹងក្លាយទៅជាសាកសពមានសភាពហើមប៉ោង មានខ្ទុះនឹងឈាមហូរចេញតាមទ្វារទាំងឡាយ ដូចជាសាកសពដែលកំពុងប្រាកដក្នុងទីចំពោះមុខរបស់អាត្មាអញនេះ ដូច្នេះដែរមិនខាន) អាត្មាអញមានសេចក្ដីស្លាប់ជាធម្មតា មិនអាចគេចផុតពីសេចក្ដីស្លាប់បានឡើយ បើដូច្នេះ មុនពេលសេចក្ដីស្លាប់មកដល់អាត្មាអញត្រូវធ្វើអំពើល្អ ជាបុណ្យកុសលដោយកាយ ដោយវាចា ដោយចិត្ត ដូច្នេះដែរឬទេ? បុរស = នាសក្ខិស្សំ ភន្តេ បមាទស្សំ ភន្តេតិ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គមិនអាច (ដឹងគិតឃើញ) ទេ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គជាមនុស្សប្រមាទ។ យមរាជ = អម្ភោ បុរិស បមាទវតាយ ។ល។ បដិ_សំវេទិស្សសីតិ ម្នាលបុរស ព្រោះតែសេចក្ដីប្រមាទ (មិនស្គាល់នូវទេវទូតទាំងឡាយនោះហើយ) បានជាអ្នកឯងមិនបានធ្វើនូវអំពើល្អ ដោយកាយ ដោយវាចា ដោយចិត្ត។ អើបុរស បើអ្នកឯងមានសេចក្ដីប្រមាទយ៉ាងណា ពួកនាយនិរយបាលនិងធ្វើទោសដល់អ្នកឯងយ៉ាងនោះវិញ ត្បិតថាបាបកម្មរបស់អ្នកឯងនោះ មិនមែនមាតាធ្វើឲ្យទេ មិនមែនបិតាធ្វើឲ្យទេ។ល។ មិនមែនទេវតាទាំងឡាយធ្វើឲ្យទេ ឯបាបកម្មនោះ គឺអ្នកឯងថ្វើដោយខ្លួនឯង អ្នកឯងនឹងត្រូវទទួលនូវវិបាកនៃបាបកម្មនៃដោយខ្លួនឯង។ បពិត្រព្រះមាល័យដ៏ចម្រើន សូមព្រះគុណម្ចាស់ស្ដាប់មើលចុះ សូម្បីតែញោមសាកសួរដេញដោល សួរឈ្លេចឈ្លីនូវទេវទូតជាគម្រប់៥យ៉ាងនេះហើយ សត្វទាំងនោះនៅតែរកគិតដល់បុណ្យកុសលមិនឃើញដដែល ដូចដែលព្រះគុណម្ចាស់ទ្រង់ជ្រាបស្រាប់ហើយ ធម្មតាគ្រូក្ដី មាតាបិតាក្ដី តែងហាមប្រាមកូនចៅរបស់ខ្លួនមិនឲ្យប្រព្រឹត្តខុសទុកជាញយៗ លុះកូននោះប្រព្រឹត្តកន្លងនូវដំបូន្មានរបស់ខ្លួន គ្រូឬមាតាបិតាតែងចាប់កំហុស ហើយធ្វើទោសដាក់ទណ្ឌកម្ម មានការវាយនិងជេរជាដើម ក៏ព្រោះតែសេចក្ដីអាណិតស្រឡាញ់កូន ចង់ឲ្យកូននោះល្អ យ៉ាងណាមិញញោមក៏មានមេត្តាសត្វនរកនោះដូច្នោះដែរ បានសួរនូវទេវទូត៥ដង បញ្ជាក់ជាមុនញយៗ ឲ្យមានស្មារតីភ្ញាក់រលឹកឡើង បើសិនជាសត្វណាឆ្លើយរួចនូវ ខ ណាមួយ ក៏ទុកជាបានការ នឹងឲ្យរួចទោស។ ដល់សួរទៅថា មិនដឹងមិនយល់គ្រប់តែទាំងអស់ដូច្នេះឃើញថាសត្វនេះប្រមាទហើយស្រវឹងពេញទីចំពោះមុខទុក្ខទាំង ៥ ប្រការ មិនសមនឹងឲ្យបានឋានខ្ពស់នៅទេ ព្រោះហេតុដូច្នោះឯងបានជាញោមបង្គាប់ឲ្យនាយនិរយបាល នាំយកទៅទំលាក់ក្នុងរណ្ដៅនរកតាមផលកម្មទៅ។ បើម្លឹងៗ តើព្រះមាល័យយល់ដូចម្ដេចដែរ? តើឲ្យញោមធ្វើដូចម្ដេចទៀត? ព្រះមាល័យបានសន្ទនាផ្ទាល់ជាមួយស្ដេចយមរាជ អស់រយៈពេលយ៉ាងយូរ ក៏ឃើញថា ស្ដេចយមរាជមានអធ្យាស្រ័យអនុគ្រោះដល់សត្វនរកល្អដែរ ទើបថ្វាយព្រះពរថា សាធុ! សាធុ! ហើយព្រះមាល័យលាស្ដេចយមរាជ ត្រឡប់មកកាន់ឋានមនុស្សវិញ ហើយព្រះមាល័យបាននិមន្តទៅប្រាប់ញាតិមិត្តរបស់សត្វនរកគ្រប់ច្រកល្ហកតាមបណ្ដាំរបស់សត្វនរក។
ពួកប្រជាជនបានឮហើយ មានចិត្តភ័យខ្លាចចំពោះទុក្ខទោសក្នុងនរកជាខ្លាំង ហើយក៏បាននាំគ្នាទំលាក់ចោលនូវបាបគ្រប់បែបយ៉ាង និងនាំគ្នាធ្វើបុណ្យឲ្យទានរក្សាសីល ចម្រើនភាវនាប្រមូលផ្គុំប្រជុំកុសល ឧទ្ទិសមគ្គផលទៅដល់នរកប្រេតជាញាតិរបស់ខ្លួន នៅចំពោះព្រះភ័ក្រព្រះមាល័យ។ ពួសត្វនរកប្រេតខ្លះដែលមានបាបកម្មស្រាលៗ ក៏បានទទួលនូវការអនមោទនាបុណ្យកុសល ហើយបានរួចរបូតចាកស្ថាននរកប្រេតទៅទីស្ថានសុខក្សេមក្សាន្តទៅ។ ដកស្រង់ចេញពីសៀវភៅ តើនរកមានដែរឬទេ ដោយ៥០០០ឆ្នាំ |